Category: សង្គម និងសេដ្ឋកិច្ច

  • អ្នកជំនាញ​កសិកម្ម​ចង់ឱ្យ​ពលរដ្ឋ​ដាំ​បន្លែ​តាម​ផ្ទះ​ដើម្បី​លើកកម្ពស់​សុខភាព​ខ្លួនឯង​

    អ្នកជំនាញ​កសិកម្ម​ចង់ឱ្យ​ពលរដ្ឋ​ដាំ​បន្លែ​តាម​ផ្ទះ​ដើម្បី​លើកកម្ពស់​សុខភាព​ខ្លួនឯង​

    ដោយ​ជាប់​បំពេញការងារ​នៅ​តាម​ការិយាល័យ​ ការងារ​ជួញដូរ​ ក៏ដូចជា​ការ​ធ្វើអាជីវកម្ម​ប្រកបរបរ​ចិញ្ចឹម​ជីវិ​តផ្សេង​ៗ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ឃ្លាត​ចេញពី​ការងារ​កសិកម្ម​កាន់តែ​ច្រើន​ឡើង​ៗពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ដោយ​មិនដឹង​ខ្លួន​ នេះ​បើ​តាម​ការ​លើកឡើង​របស់​ស្ថាបនិក​អង្គការ​សេដា​ក។

    លោក​ យ៉ង​ សាំង​កុមារ​ ទីប្រឹក្សា​កសិកម្ម​ និង​ជា​ស្ថាបនិក​អង្គការ​សេដា​កមានប្រសាសន៍​ថា​ និន្នាការ​នៃ​ការ​ចាកចេញ​ពី​ការងារ​កសិកម្ម​កាន់តែ​ច្រើន​នេះ​ មិនមែន​មានតែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នោះ​ទេ​ តែ​ជា​និន្នាការ​សកល​នៅ​ទូទាំង​ពិភពលោក​តែម្តង​ ដោយហេតុថា​ការងារ​កសិកម្ម​ កសិករ​មិនសូវ​រក​ប្រាក់កម្រៃ​បាន​ច្រើន​ ខណៈ​ដែល​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​ មនុស្ស​ចេះតែ​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ​ ទៅតាម​ការិយាល័យ​ ការងារ​សំណង់​ ក៍​ដូចជា​ការ​ប្រកបរបរ​ជួញ​ដូរ​ផ្សេង​ៗទៀត​។

    ទោះជា​មានការ​ងារ​ធ្វើ​ ទទួល​បាន​ប្រាក់កម្រៃ​ច្រើន​ក៏ដោយ​ ប៉ុន្តែ​ពលរដ្ឋ​គួរ​ចំណាយពេល​រៀបចំ​សួន​ដាំ​បន្លែ​នៅ​តាម​ផ្ទះ​ ឱ្យ​បាន​គ្រប់​គ្នា​ៗ បើសិនជា​មាន​ដី​សេសសល់​ឬអាច​រៀបចំ​សួន​ដាំ​លើដំបូល​ផ្ទះ​ក៏បាន​។ ការ​ដាំ​បន្លែ​នៅ​តាម​ផ្ទះ​ វា​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​គ្រួសារ​នី​មួយ​ៗ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​។ អត្ថ​ប្រយោជន៍​នៅ​ត្រង់ថា​ នៅពេល​គាត់​ឆ្លៀតពេល​មួយ​ម៉ោង​ ក្រោយ​ពេល​ចេញពី​ធ្វើការ​ឬមុន​ពេល​ទៅ​ធ្វើការ​ មក​រៀបចំ​សួន​នៅ​តាម​ផ្ទះ​សម្រាប់​ដាំ​បន្លែ​ គឺ​យើង​បាន​បញ្ចេញ​កម្លាំង​ពលកម្ម​ បញ្ចេញ​ញើស​បញ្ចេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ ប្រៀប​ដូច​ការ​ធ្វើលំ​ហាត់ប្រាណ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ផង​ដែរ​ ហើយ​ចំណាយពេល​មួយថ្ងៃ​កន្លះម៉ោង​ ឬមួយ​ម៉ោង​សម្រាប់​ធ្វើការ​ថែទាំ​ដាក់ជី​ស្រោចទឹក​រៀងរាល់ថ្ងៃ​ ភ្លេច​ៗខ្លួន​យើង​ទទួល​បាន​បន្លែ​ហូប​នៅផ្ទះ​ខ្លួនឯង​ មិនបាច់​ចំណាយ​លុយ​ទិញ​នៅ​ផ្សារ​ អស់​លុយ​ហើយ​ចង់​មិន​ចង់​ ទិញ​ចំ​បន្លែ​មិន​មាន​សុវត្ថិភាព​ ឬទិញ​មិនបាន​បន្លែ​សរីរាង្គ​មក​ទទួលទាន​ អស់​លុយ​ហើយ​បន្លែ​មិន​ឆ្ងាញ់​ ឬប៉ះ​ចំ​បន្លែ​គីមី​ប៉ះពាល់​សុខភាព​ទៀតផង​។

    ប្រាកដ​ណាស់​ បើសិនជា​ទិញ​បន្លែ​តាម​ផ្សារ​ខាង​ក្រៅ​នានា​ ក្នុង​ក្រុងភ្នំពេញ​ ភាគច្រើន​ជា​បន្លែ​មាន​សារធាតុគីមី​ បន្លែ​មិន​មាន​សុវត្ថិភាព​ នាំចូល​មក​ពីទី​ផ្សារ​ក្រៅប្រទេស​ ជាពិសេស​នាំចូល​ពី​ប្រទេសជិតខាង​ ដូចជា​ប្រទេស​ថៃ​ និង​វៀតណាម​ជាដើម​ ឬជា​បន្លែ​ផលិត​ក្នុង​ស្រុក​ដែល​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​កសិកម្ម​។ បន្លែ​សុវត្ថិភាព​ឬបន្លែ​សរីរាង្គ​ ត្រូវ​គេ​រក​ទិញ​បាន​នៅ​តាមតែ​ផ្សារ​បន្លែ​សរីរាង្គ​ ឬផ្សារ​ទំនើប​មួយចំនួន​ប៉ុណ្ណោះ​នៅក្នុង​ក្រុងភ្នំពេញ​។ លោក​ថា​ដើម្បី​ចៀសវាង​ការ​ចំណាយ​ប្រាក់​ទិញ​បន្លែ​នៅ​ខាងក្រៅ​ ប្រជាពលរដ្ឋ​គួរ​លៃលក​ដី​នៅសល់​ក្បែរ​ផ្ទះ​ រៀបចំ​សួន​បន្លែ​ ហើយ​រក​ល្បាយ​ដី​ពីជ​នប​ទមក​ដាំ​នៅ​លើដំបូល​ផ្ទះ​ដោយខ្លួនឯង​ក៏បាន​ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​គ្រួសារ​ ទទួល​បានផល​ចំណេញ​ច្រើន​នឹកស្មាន​មិនដល់​។ អត្ថ​ប្រយោជន៍​គ្រួសារ​ដូចជា​ មិន​ចំណាយ​ប្រាក់​ទិញ​ បន្លែ​នៅ​ផ្សារ​ ហើយ​ទទួល​បាន​បន្លែ​ឆ្ងាញ់​បន្លែ​ធម្មជាតិ​ពិ​តៗ​ ជួយ​ឱ្យ​សុខភាព​យើង​ល្អ​ប្រសើរ​ឡើង​ទៀតផង​។

    ដោយ​មើលឃើញ​តម្រូវការ​បន្លែ​ធម្មជាតិ​ ទទួលទាន​សម្រាប់​សុខភាព​ល្អ​ ស្ថាបនិក​អង្គការ​សេដា​កខាងលើ​ បាន​រៀបចំ​ដី​កសិកម្ម​ចំនួន45ហិ​កតា​ នៅ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ដើម្បី​ពុះ​ឡូត៍​លក់​ទៅ​ឱ្យ​អតិថិជន​ នៅក្នុង​ក្រុងភ្នំពេញ​។ ពុះ​ឡូត៍​នោះ​មិនមែន​សម្រាប់​សាងសង់​ផ្ទះ​រស់នៅ​ដូច​ដី​ឡូត៍​ នៅ​ជាយក្រុង​នោះ​ទេ​ ការ​ពុះ​ឡូត៍​នោះ​មាន​ទំហំ​ 20×40ម៉ែត្រ​ បង់​រំលស់​មួយ​ខែ120ទៅដល់150ដុល្លារ​ សម្រាប់​រៀបចំ​សួន​ដាំ​បន្លែ​ ដោយមាន​អ្នកថែទាំ​នៅ​ទីនោះ​ស្រាប់​។គ្រាន់តែ​ទិញ​ដី​ពុះ​ឡូត៍​នោះ​ អតិថិជន​ចំណាយ​ប្រាក់​បង់​ប្រចាំខែ​ប្រហែល​មួយឆ្នាំ​ប៉ុណ្ណោះ​ នឹង​បានផល​ជា​បន្លែ​ត្រឡប់មកវិញ​ ពោល​គឺ​បន្ទាប់ពី​មួយឆ្នាំ​ក្រោយ​មក​ បន្លែ​នឹង​ចាប់ផ្តើម​ឱ្យ​ផល​ អាច​បេះ​យក​មក​ទទួលទាន​គ្រួសារ​ផ្ទាល់ខ្លួន​ផង​ ប្រមូល​ផល​យក​មក​លក់​បន្ត​ឱ្យ​អ្នកជិតខាង​យើង​បាន​ផង​។

    ក្នុង​បរិមាណ​ដី​ទំហំ20ម៉ែត្រ​គុណ​នឹង40ម៉ែត្រ​នោះ​ អតិថិជន​អាច​ជ្រើសរើស​បន្លែ​ដែល​ខ្លួន​ពេញចិត្ត​សម្រាប់​ដាំ​ តិច​បំផុត​ឱ្យ​បាន​ចាប់ពី10មុខ​ឡើង​ទៅ​ ដោយ​នៅ​តាម​រង​សងខាង​ភាគច្រើន​គេ​ដាំ​ស្តៅ​ និង​ម្រុំ​ ល្ហុង​ ចេក​ ស្រកានាគ​ ត្រសក់​ សណ្តែក​កួរ​ ដើម​ពោត​បារាំង​ឬហៅ​ថា​ដើម​អូ​ក្រា​ ស្លឹកគ្រៃ​ រំដេង​ រមៀត​ ខ្ញី​ ខ្ទឹម​ជាដើម​។ល។ ក្រោយពី​ដំណាំ​ទាំងនេះ​ទទួល​បានផល​ហើយ​ លោក​បាន​រៀបចំ​រថយន្ត​ដឹក​យក​មក​ដាក់​ ទុក​នៅ​ផ្សារ​សេដា​ក ក្នុង​ខណ្ឌទួលគោក​ក្រុងភ្នំពេញ​ជា​រៀងរាល់​សប្តាហ៍​ ដើម្បី​ឱ្យ​ម្ចាស់​សួន​បន្លែ​នី​មួយ​ៗទៅ​យក​មក​ទទួលទាន​ ឬសម្រាប់​លក់​បន្ត​ទៅ​ឱ្យ​អ្នកជិតខាង​ ឬលក់​នៅ​តាម​ផ្សារ​បន្លែ​សរីរាង្គ​ផ្សេង​ៗក៏បាន​។

    ហើយ​លើស​ពីនេះ​ លោក​តែង​រៀបចំ​ដំណើរ​កម្សាន្ត​កសិ​ទេសចរណ៍​ ជាមួយ​សមាជិក​សហគមន៍​ជា​រៀងរាល់​ខែ​ ដោយ​ជួល​រថយន្តក្រុង​ ដឹក​សមាជិក​ទាំងអស់​ទៅលេង​ចម្ការ​ បេះ​បន្លែ​ផ្លែឈើ​ ស្ទូចត្រី​ធ្វើម្ហូប​អាហារ​ទទួលទាន​លក្ខណៈ​ជា​ក្រុម​ ជា​រៀងរាល់​ខែ​ទៀតផង​។ ព្រោះថា​បរិមាណ​ដី​ទំ​ហុំ45​ហិ​កតា​នេះ​ លោក​កាត់​យក​ពាក់កណ្តាល​ប៉ុណ្ណោះ​សម្រាប់​ពុះ​ឡូត៍​ លក់​ជូន​អតិថិជន​សម្រាប់​ធ្វើ​ដំណាំ​កសិកម្ម​នេះ​ នៅសល់​ពាក់កណ្តាល​ លោក​ទុក​សម្រាប់​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ មាន​ទាំង​ត្រី​ធម្មជាតិ​ មាន​ទាំង​ត្រី​ផ្តល់​ចំណី​ធម្មជាតិ​ថែមទៀត​ ដែល​សមាជិក​អាច​ទៅ​ស្ទូច​យក​មក​ធ្វើម្ហូប​បាន​ ដោយ​មិន​គិតលុយ​ ហើយ​សម្រាប់​អ្នក​មិនមែន​ជាស​មា​ជិ​កក៏​ទៅ​ស្ទូច​បាន​ដែរ​ តែ​ត្រូវ​បង់លុយ​ខ្លះ​ឱ្យ​ថ្លៃ​ពលកម្ម​អ្នក​ថែទាំ​ទីនោះ​។ នៅសល់​ពី​ការ​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី​ លោក​ទុក​ដី​ដាំ​ព្រៃឈើ​បន្ថែម​ពី​ព្រៃ​ធម្មជាតិ​ ធ្វើ​ផ្លូវកាត់​ព្រៃ​នី​មួយ​ៗឱ្យ​ស្អាត​ សម្រាប់​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ព្រៃ​ ដោយ​ដាំ​ដើមឈើ​អម​សងខាង​ផ្លូវ​ ផ្លូវ​ខ្លះ​ដាំ​ដើម​ក្ងោក​សុទ្ធ​ ផ្លូវ​ខ្លះ​ដាំ​ដើម​អង្គា​បុស្ស​សុទ្ឋ​ ដើម​រំដួល​ដើម​លឿង​រាជ​ ដើមក​កោះ​ បេង​ ក្រញូង​ និង​ដើម​ឈើ​រផ្សេង​ៗទៀត​។

    គួរ​បញ្ជាក់​ថា​ សម្រាប់​គម្រោង​នេះ​បាន​ចាប់ផ្តើម​ប្រមាណ​ជា2ទៅ3ខែ​ប៉ុណ្ណោះ​ មាន​អតិថិជន​គ្រាំ​ទ្រ​ទិញ​អស់​ប្រមាណ​ជា​ 100ឡូត៍​រួច​ទៅ​ហើយ​ ហើយ​នៅសល់​ប្រមាណ​ជា50ឡូត៍​ទៀត​ប៉ុណ្ណោះ​។ ដើម្បី​ឱ្យ​គ្រួសារ​មាន​សុខភាព​ល្អ​ ពលរដ្ឋ​គួរ​ទិញ​សួន​បន្លែ​នេះ​ ទុក​ដាំដំណាំ​ ព្រោះថា​យើង​ចំណាយ​ប្រាក់​តែមួយ​ឆ្នាំ​ដំបូង​ប៉ុណ្ណោះ​ ចាប់ពី​ឆ្នាំទី2យើង​ អាច​បាន​បន្លែ​ទទួលទាន​ខ្លួនឯង​ ហើយ​លក់​បាន​ប្រាក់កម្រៃ​ សម្រាប់​បង់ថ្លៃ​ដី​ប្រចាំខែ​វិញ​ហើយ​៕

  • ទោះ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ក្ដី​ ​ក៏​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់​របស់​ ​Huawei​ ​នៅតែ​លក់ដាច់​ខ្លាំង​នៅ​អឺរ៉ុប​

    ទោះ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ក្ដី​ ​ក៏​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់​របស់​ ​Huawei​ ​នៅតែ​លក់ដាច់​ខ្លាំង​នៅ​អឺរ៉ុប​

    ​ស្មា​ត​ហ្វូ​ន​ស៊េរី​ ​P30​ ​Series​ ​ដែល​មាន​ដូចជា​ ​P30​,​ ​P30​ ​Lite​ ​និង​ ​P30​ ​Pro​ ​ត្រូវ​បាន​លក់ដាច់​អស់​ជាង​ ​10លាន​គ្រឿងក្នុង​រយៈពេល​តែ​ ​85ថ្ងៃ​ប៉ុណ្ណោះ​នៅ​លើទឹក​ដី​តំបន់​អឺរ៉ុប​ខាងកើត​ ​គិត​ចាប់ពី​ខែមីនា​ ​ដល់​ខែឧសភា​ ​2019​។​

    ​ចំនួន​លក់​បាន​ដ៏​ច្រើន​សម្បើម​ ​និង​ប្រើ​ពេល​ដ៏​ខ្លី​មួយ​នេះ​ ​បាន​បំបែក​កំណត់ត្រា​ ​P20​ ​Series​ ​ដោយ​កាលពី​ឆ្នាំ2018​ ​ស្មា​ត​ហ្វូ​ន​ ​P20​ ​Series​ ​ត្រូវ​ចំណាយពេល​លើស​ ​85​ ​ថ្ងៃ​ ​ទើប​អាច​លក់​បាន​ ​10លាន​គ្រឿង​។​ ​នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ផ្លូវការ​ពី​គេហទំព័រ​ ​Huawei​ ​។​

    ​តែ​ទោះ​យ៉ាងណាក៏ដោយ​ ​របាយការណ៍​នេះ​ក៏បាន​ចេញផ្សាយ​ផង​ដែរ​ពី​ការ​លក់​នៅក្នុង​សហរដ្ឋអាមេរិក​ដែល​បាន​ ​ធ្លាក់ចុះ​ ​40ភាគរយ​ ​ខណៈ​ដែល​ប្រទេស​បណ្ដា​ក្នុង​សហភាព​អឺរ៉ុប​បាន​សម្រុក​ទិញ​ ​P30​ ​Pro​ ​យ៉ាង​សន្ធឹក​សន្ធាប់​។​

    ​ថ្មី​ៗ​នេះ​ផង​ដែរ​ ​រដ្ឋាភិបាល​អាមេរិក​ហាក់​បាន​បន្ទន់ឥរិយាបថ​វិញ​ ​ដោយ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ខ្លួន​ ​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ដូចមុន​។​ ​ដូច្នេះ​ ​គេ​រំពឹង​ថា​ ​ទីផ្សារ​អ្នកប្រើ​ប្រាស់​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​នៅ​សហរដ្ឋអាមេរិក​ ​អាច​នឹង​កើតឡើងវិញ​៕​

    ​ទស្សនា​វីដេអូ​ខាងក្រោម​៖​ ​

  • ប្រើ​កុំព្យូទ័រ​តម្លៃ​ ​35ដុល្លារ​ ​Hack​ ​ចូល​ប្រព័ន្ធ​របស់​អង្គការ​ ​NASA​ ​បាន​

    ប្រើ​កុំព្យូទ័រ​តម្លៃ​ ​35ដុល្លារ​ ​Hack​ ​ចូល​ប្រព័ន្ធ​របស់​អង្គការ​ ​NASA​ ​បាន​

    ​កាលពី​ថ្ងៃទី18​ ​មិថុនា​កន្លងទៅ​នេះ​ ​អង្គការ​ណា​សាបាន​បង្ហាញ​ឱ្យ​សាធារណជន​ដឹង​ថា​ ​ប្រព័ន្ធ​ ​Network​ ​របស់​ខ្លួន​ត្រូវ​បាន​ ​Hacker​ ​ម្នាក់​ចូលលុក​លុយ​។​

    ​Network​ ​ដែល​ត្រូវ​គេ​លុកលុយ​នោះ​ ​គឺ​ស្ថិតនៅ​ផ្នែក​បន្ទប់​ពិសោធន៍​ ​Jet​ ​Propulsion​ ​របស់​ណា​សា​ផ្ទាល់​តែម្ដង​។​ ​ការលុកលុយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ខាង​ ​Hacker​ ​បាន​ប្រើប្រាស់​កូន​កុំព្យូទ័រ​តូច​មួយ​ ​ម៉ូដែល​ ​Raspberry​ ​Pi​ ​ដែល​មានតម្លៃ​ត្រឹម​ ​35ដុល្លារ​ប៉ុណ្ណោះ​។​

    ​Hacker​ ​ប្រើប្រាស់​គណនី​ផ្ទៃក្នុង​មួយ​ ​និង​បាន​ចូល​ទៅកាន់​ ​Network​ ​រយៈពេល​ប្រមាណ​ ​10ខែ​មក​ហើយ​។​ ​ពេល​ស្ថិតនៅ​ក្នុង​ ​Network​ ​នេះ​ ​Hacker​ ​រូប​នោះ​បាន​ធ្វើការ​ស្វែងរក​ឯកសារ​ចំនួន​ ​23សំណុំរឿង​ ​ដែល​មាន​ ​2សំណុំរឿង​មាន​ផ្ទុក​នូវ​ព័ត៌មាន​អំពី​បេសកកម្ម​នៅ​ពិភព​ផ្កាយ​ព្រះអង្គារ​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ​ការលុកលុយ​នេះ​កើតមានឡើង​តាំងពី​ខែមេសា​ ​ឆ្នាំ2018​ ​មក​ម្ល៉េះ​ ​ហើយ​ទាល់តែ​ពេលនេះ​ ​ទើប​ណា​សា​ ​ចេញផ្សាយ​ជា​ផ្លូវការ​ឱ្យ​មហាជន​បានដឹង​ ​និង​ ​Hacker​ ​បាន​លួច​យក​ទិន្នន័យ​ដែល​មាន​ទំហំ​ប្រមាណ​ ​500MB​ ​បាត់​ទៅ​ហើយ​៕​

  • វិនិយោគិន​បរទេស​កំពុង​ចាប់​យក​ឱកាស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ សំណង់​ និង​ទីផ្សារ​ស្ថាបត្យកម្ម​

    វិនិយោគិន​បរទេស​កំពុង​ចាប់​យក​ឱកាស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ សំណង់​ និង​ទីផ្សារ​ស្ថាបត្យកម្ម​

    ស្រប​ពេល​ប្រទេស​កម្ពុជា​កំពុង​ទទួល​បានការ​អភិវឌ្ឍ​យ៉ាង​លោត​ផ្លោះ​លើ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ វិនិយោគិន​ដែល​កំពុង​ចាប់​យក​ឱកាស​វិនិយោគ​លើ​វិស័យ​នេះ​កំពុង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​ រួម​ទាំង​រួមចំណែក​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ និង​ការ​កើនឡើង​នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ ដែល​ជា​ចលករ​ជួយ​ជំរុញ​ការ​វិនិយោគ​លើ​គម្រោង​នានា​ឱ្យ​នៅតែ​បន្ត​ធ្វើ​ឱ្យ​ការពង្រីក​មូលដ្ឋាន​អាជីវកម្ម​របស់​ពួកគេ​លើ​វិស័យ​នេះ​ (Investment​ Fund​) កាន់តែ​មាន​ភាពរឹងមាំ​ខ្លាំង​ឡើង​។

    ជាមួយគ្នា​នេះ​ដែរ​នៅ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ2019​ នេះ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​អ្នក​វិនិយោគ​អន្តរជាតិ​ចូល​មក​សិក្សា​ និង​រក​ឱកាស​វិនិយោគ​កាន់តែ​ច្រើន​ ដែល​ក្នុង​នោះ​មាន​ ដូចជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ ជប៉ុន​ និង​កូរ៉េ​ជាដើម​ ដែល​គេ​រំពឹង​ថា​ នឹង​មាន​វត្តមាន​ក្រុមហ៊ុន​បរ​ទេស​ថ្មី​ៗចូល​មក​បន្ថែម​ទៀត​នៅ​កម្ពុជា​ និង​កាន់តែ​ជួយ​ជំរុញ​ឱ្យ​វិស័យ​មួយ​នេះ​មានការ​អភិវឌ្ឍ​កាន់​ខ្លាំងក្លា​។

    របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​បង្ហាញថា​ សំណង់​លំនៅឋាន​សរុប​ក្នុង​ឆ្នាំ2018​ មាន​ចំនួន​ 2,420គម្រោង​ មាន​ផ្ទៃក្រឡា​សរុប​ចំនួន​ 4,682,565ម៉ែត្រការ៉េ​ មាន​ទុន​វិនិយោគ​ 1,835,416,912ដុល្លារ​ ស្មើនឹង18,471ខ្នង​ផ្ទះ​ ចំណែក​គម្រោង​អគារ​ខ្ពស់​ៗចាប់ពី5ជាន់ឡើង​ទៅ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ2018​ មាន​ចំនួន​ 110​អគារ​ និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ2018​ ចំនួន​ 28ទីតាំង​។

    ឯកឧត្តម​ ឡៅ​ ទិព្វ​សីហា​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​ ឱ្យ​ដឹង​ថា​ ការ​ផ្តល់​ទស្សនទាន​ថ្មី​លើ​វិស័យ​ស្ថាបត្យកម្ម​និង​សំណង់​អគារ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ឱ្យ​មាន​សំណង់​អគារ​ទំនើប​ខ្ពស់​ៗនៅ​លើ​ទីតាំង​នានា​ដែល​សមស្រប​ ដូចជា​នៅ​ភ្នំពេញ​អគារ​ខ្ពស់​ៗដែល​មាន​កម្ពស់​ចាប់ពី​ 5ជាន់ឡើង​ទៅ​មាន​ចំនួន​ 1,241អគារ​ ការ​បើកទូលាយ​នៃ​ផ្ទៃដី​រាជធានី​ភ្នំពេញ​ជាង​ 678គីឡូម៉ែត្រ​ការ៉េ​ និង​ការ​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​ និង​បុរី​លំនៅឋាន​ ឬបណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​ចំនួន​ 257ទីតាំង​ ដើម្បី​បន្ថែម​កន្លែង​រស់នៅ​ កន្លែង​ធ្វើការងារ​ និង​ការ​ផ្លាស់​ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ​ ទីក្រុង​ និង​ជនបទ​ឱ្យ​ក្លាយជា​ទីក្រុង​ទំនើប​។

    ឯកឧត្តម​លើកឡើង​ថា​ ការ​តាំង​បង្ហាញ​ផលិតផល​សេវាកម្ម​ និង​បច្ចេក​វិទ្យា​ថ្មី​ៗពាក់ព័ន្ធ​វិស័យ​ស្ថាបត្យកម្ម​ និង​សំណង់​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការបង្កើត​ទីផ្សារ​ថ្មី​នៃ​សំណង់​ ហើយក៏​ជួយ​ទាក់ទាញ​វិនិយោគិន​បរទេស​មក​វិនិយោគ​ក្នុង​វិស័យ​សំណង់​ និង​ស្ថាបត្យកម្ម​នៅ​កម្ពុជា​ផង​ដែរ​។

    កត្តា​នេះ​បាន​ផ្តល់​កាលានុវត្ត​ភាព​ និង​ជា​កម្លាំង​ចលករ​ថ្មី​មួយ​ថែមទៀត​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ស្ថាបត្យកម្ម​ និង​សំណង់​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ និង​ជា​សញ្ញា​មួយ​នៃ​ការ​ទាក់ទាញ​ កៀរគរ​អ្នកវិនិយោគទុន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​មក​ធ្វើការ​បណ្តាក់​ទុន​លើ​វិស័យ​ស្ថាបត្យកម្ម​ និង​សំណង់​។

    ឯកឧត្តម​ក៏​ធ្លាប់​បាន​លើកឡើង​ដែរ​ថា​ នៅក្នុង​ឆ្នាំនេះ​ យើង​សង្កេតឃើញ​មាន​គម្រោង​វិនិយោគ​ថ្មី​ៗពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មានការ​កើនឡើង​។ ឯកឧត្តម​បាន​ឱ្យ​ដឹង​ថា​ នៅ​ត្រឹម​ដំណាច់ឆ្នាំ2019នេះ​ អាច​មាន​គម្រោង​សំណង់​អគារ​ពាណិជ្ជកម្ម​មួយចំនួន​ ក៏ដូចជា​គម្រោង​អគារ​ផ្សារ​ទំនើប​ផង​ដែរ​នឹង​បញ្ចប់​គម្រោង​របស់​ខ្លួន​ ដែល​ជា​កត្តា​មួយ​ជំរុញ​ឱ្យ​វិស័យ​នេះ​មាន​ការ​កើនឡើង​ជាលំដាប់​។

    ជាមួយគ្នា​នេះ​ដែរ​ ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ទាក់ទាញ​ឱ្យ​មាន​ក្រុមហ៊ុន​ផ្នែក​ស្ថាបត្យកម្ម​ និង​រចនា​ទាំង​ក្នុង​ស្រុក​ និង​បរទេស​លេចឡើង​យ៉ាងច្រើន​នា​ពេល​បច្ចុប្បន្ន​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកជំនាញ​។

    លោក​ ស៊ិន​ សុ​ជាតិ​ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ចំនួន​ក្រុមហ៊ុន​ និង​អ្នកជំនាញ​ក្នុង​វិស័យ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​បាន​កើនឡើង​យ៉ាងច្រើន​នា​ពេល​បច្ចុប្បន្ន​ ដែល​កំណើន​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​។ លោក​លើកឡើង​ថា​ គ្រប់​ការងារ​ទាំងអស់​សូម្បីតែ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​ក៏​មាន​ទំនាក់ទំនង​ជាមួយនឹង​ការងារ​ស្ថាបត្យកម្ម​ដែរ​។ លោក​ថ្លែង​ថា​៖“វិស័យ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​កំពុង​មានដំណើរ​ការ​ល្អជា​លំដាប់​ តែ​ការ​រីកចម្រើន​នេះ​ក៏​ត្រូវការ​រួមចំណែក​ពី​បច្ចេកវិទ្យា​ផង​ដែរ​”។

    លោក​ ថង​ លិន​ថោង​ ប្រធាន​ក្រុមហ៊ុន​សិក្សា​ប្លង់​ស្ថាបត្យកម្ម​ និង​សាងសង់​ A-SmileArt​ Architecture​​ &​ Construction​ បាន​លើកឡើង​ថា​ ទីផ្សារ​ស្ថាបត្យកម្ម​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុងរយៈពេល​ប្រហែល​ 10ឆ្នាំ​ចុងក្រោយ​នេះ​។ ប្រជាជន​កម្ពុជា​យល់​កាន់តែ​ច្រើន​ពីសា​រៈ​ប្រយោជន៍​ប្លង់​ដែល​រចនា​ឡើង​ដោយ​អ្នកជំនាញ​។

    លោក​បន្ត​ថា​ ការងារ​ស្ថាបត្យកម្ម​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​លើកកម្ពស់​មុខមាត់​សំណង់​របស់​ប្រទេស​ ហើយ​ការរចនា​ដែល​ត្រឹមត្រូវ​ល្អ​ក៏​នឹង​ជួយ​ធ្វើ​ឱ្យ​កាត់បន្ថយ​ថវិកា​សម្រាប់​ចំណាយ​លើ​ការសាងសង់​ផង​ដែរ​។

    លោក​ថ្លែង​ថា​៖ “ពីមុន​មក​ការងារ​ស្ថាបត្យកម្ម​មិន​សូវ​មាន​គេ​ឱ្យ​តម្លៃ​ប៉ុន្មាន​ទេ​ រហូតដល់​មាន​អ្នកខ្លះ​គិតថា​ ជា​ការងារ​របស់​វិស្វករ​ទៀតផង​ តែ​នៅពេល​នេះ​មាន​ម្ចាស់​សំណង់​ជាច្រើន​បាន​មករ​កស្ថាបត្យករ​ឱ្យ​ជួយ​ ទោះជា​ត្រូវ​ចំណាយ​លុយ​ច្រើន​ក៏ដោយ​។ ទីផ្សារ​ការងារ​ស្ថាបត្យកម្ម​កំពុង​មានដំណើរ​ការ​ល្អ​”។

    ទោះ​យ៉ាងណា​ លោក​ លិន​ថោង​ ក៏បាន​លើក​ឡើង​ដែរ​ថា​ ភាព​រីកចម្រើន​នា​ពេលនេះ​ ក៏បាន​ទាក់ទាញ​ឱ្យ​ក្រុមហ៊ុន​បរទេស​ជាច្រើន​ចូល​មករ​កស៊ី​នៅ​កម្ពុជា​ផង​ដែរ​ ដែល​ការណ៍​នេះ​ទាមទារ​ឱ្យ​ស្ថាបត្យករ​ក្នុង​ស្រុក​ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​៕

  • ក្រុមហ៊ុន​ ​Huawei​ ​នៅតែ​អាច​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​បាន​ដូចមុន​

    ក្រុមហ៊ុន​ ​Huawei​ ​នៅតែ​អាច​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​បាន​ដូចមុន​

    ​ក្រោយ​កើតមាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ ​និង​អាមេរិក​ ​រហូតដល់​បាន​បិទ​មិន​ឱ្យ​ក្រុមហ៊ុន​ ​Huawei​ ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​អាមេរិក​បាន​ ​ឧទាហរណ៍​ ​គឺ​សេវាកម្ម​ ​Google​ ​កាលពីដើម​ខែមុន​នោះ​។​ ​ពេលនេះ​រដ្ឋាភិបាល​អាមេរិក​ ​ហាក់​បាន​បន្ទន់ឥរិយាបថ​វិញ​ ​ដោយ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ខ្លួន​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ដូចមុន​។​ ​
    ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​លើក​ពី​បញ្ហា​ខាងលើ​នេះ​ឡើង​ ​នៅក្នុង​ជំនួប​កិច្ចប្រជុំ​កំពូល​ ​G20​ ​នៅ​ទីក្រុង​អូ​សា​កា​ ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី29​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​

    ​លោក​ត្រាំ​ ​បាន​ថ្លែង​ថា​ ​”​ក្រុមហ៊ុន​អាមេរិក​ជា​អ្នកបង្កើត​ផលិតផល​ ​ហើយក៏​ជា​ប្រទេស​តែមួយគត់​ដែល​នាំមុខ​ផ្នែក​បច្ចេកវិទ្យា​។​ ​លោក​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ ​Huawei​ ​នៅ​បន្ត​ការ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ដដែល​ដូចមុន​ ​ហើយ​យើង​នឹង​បន្ត​លក់​សេវាកម្ម​ ​ឬ​ផលិតផល​នោះ​ឡើងវិញ​”​ ​។​

    ​តែ​ទោះជា​យ៉ាងនេះ​ក្ដី​ ​លោក​មិនបាន​យល់ស្រប​ទាំងស្រុង​ឱ្យ​បើកចំហ​ដូចមុន​ទេ​ ​ពោល​គឺ​បាន​បន្ថែម​លក្ខខណ្ឌ​ខ្លះ​ត្រង់ថា​ ​សំដៅ​ទៅលើ​ឧបករណ៍​របស់​ ​Huawei​ ​ដែល​កន្លងមក​មានការ​សង្ស័យ​ថា​ ​អាច​ពាក់ព័ន្ធ​ ​ឬ​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខជាតិ​អាមេរិក​ ​ឧទាហរណ៍​ដូចជា​ ​ឧបករណ៍​ដែល​អាច​ប្រើ​ ​5G​ ​បាន​ជាដើម​ ​ដូចនេះ​បើសិន​រក​ឃើញថា​ ​មិន​មាន​បញ្ហា​ ​នោះ​អាមេរិក​នឹង​នៅតែ​រីករាយ​បន្ត​ការ​រកស៊ី​ដដែល​ ​លើស​ពីនេះ​ទៀត​ ​លោក​ត្រាំ​ ​បង្គាប់​ឱ្យ​ចិន​បើកទ្វារ​ទទួល​(​ទិញ​)​ផលិតផល​អាមេរិក​វិញ​ផង​ ​ជាជាង​ការ​លក់​ចេញ​តែ​ម្ខាង​៕​ ​

  • គិលានុបដ្ឋាយិកា​ ​1ក្រុម​ ​ថត​វីដេអូ​លេងសើច​ ​រួច​ផូស្​ត​ក្នុង​ ​TikTok​ ​កំពុង​ភ័យ​ខ្លួន​.​.​.​

    គិលានុបដ្ឋាយិកា​ ​1ក្រុម​ ​ថត​វីដេអូ​លេងសើច​ ​រួច​ផូស្​ត​ក្នុង​ ​TikTok​ ​កំពុង​ភ័យ​ខ្លួន​.​.​.​

    ​គិលានុបដ្ឋាយិកា​ ​1ក្រុម​មាន​គ្នា​ ​4នាក់​បាន​ថត​វីដេអូ​ ​រួច​ផូស្​ត​លើ​ ​TikTok​ ​នៅក្នុង​មន្ទីរពេទ្យ​ធំ​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា​ ​Special​ ​neonatal​ ​care​ ​unit​ ​(​SNCU​)​ ​ដែល​ស្ថិតនៅ​តំបន់​ ​Odisha​ ​ប្រទេស​ឥណ្ឌា​ ​ត្រូវ​បាន​ពិន័យ​ឱ្យ​ផ្អាក​ពី​ការងារ​មួយ​រយៈ​ធំ​។​

    យោង​តាម​ប្រភព​ព័ត៌មាន​ពី​ ​NDTV​ ​ឥណ្ឌា​បាន​បញ្ជាក់​ថា​ ​គណៈ​គ្រប់គ្រង​ក្នុង​មន្ទីរពេទ្យ​នោះ​ ​បានសម្រេច​ឱ្យ​គិលានុបដ្ឋាយិកា​ទាំង​ ​4នាក់​នោះ​ផ្អាក​ពី​ការងារ​ ​ក្រោយពេល​រក​ឃើញថា​ ​ពួកគេ​គ្មាន​ភាព​ទទួលខុសត្រូវ​ក្នុង​ពេល​កំពុងតែ​ជួយ​ស្ត្រី​ម្នាក់​សម្រាលកូន​ខ្ចី​ ​និង​ថែមទាំង​ថត​វីដេអូ​លេងសើច​សប្បាយ​ក្នុង​ម៉ោង​ការងារ​ទៀតផង​។​

    ​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា​ ​ពួកគេ​ទាំង​ ​4នាក់​មិនទាន់​ត្រូវ​បាន​បណ្ដេញចេញ​ពី​ការងារ​នៅឡើយ​ទេ​ ​គ្រាន់តែ​ឱ្យ​សម្រាក​សិន​ ​និង​រង់ចាំ​ដំណោះស្រាយ​ពី​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​ដែល​កំពុងតែ​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​៕​ ​

     

  • តិច​និក​ ក្នុងការ​ស្ងោរ​ម្ហូបអាហារ​ សម្រាប់​បងៗស្ត្រី​មេផ្ទះ

    តិច​និក​ ក្នុងការ​ស្ងោរ​ម្ហូបអាហារ​ សម្រាប់​បងៗស្ត្រី​មេផ្ទះ

    ឡា​រ៉ែ​ន ជឿ​ថា​ បងៗ​ស្ត្រី​មេផ្ទះ​ទាំងឡាយ​ច្បាស់ជា​ធ្លាប់​ចម្អិនម្ហូប​អាហារ​បែប​ស្ងោរ​មក​ជាច្រើន​ដង​ហើយ​ ដែល​ជួនកាល​ក៏​ឆ្ងាញ់​ និង​ជួនកាល​ទៀត​ក៏ដូចជា​មិនសូវ​ត្រូវ​មាត់​សមាជិក​ក្នុង​ផ្ទះ​ ជាពិសេស​លោក​ប្ដី​ប៉ុន្មាន​ឡើយ​ ដូច្នេះ​ខាងក្រោម​នេះ​ គឺជា​តិចនិក​ល្អ​ៗក្នុង​ធ្វើម្ហូប​ ឬចម្អិន​អាហារ​បែប​ស្ងោរ​ដែល​ ឡា​រ៉ែ​ន យក​មក​ជម្រាប​ជូន​ដូចតទៅ​ ៖

    តិចនិក​ស្ងោរ​បន្លែ​ផ្សេង​ៗឱ្យ​ឆ្ងាញ់​ពិសា​1. ព្យាយាម​ប្រើ​ទឹក​ឱ្យ​តិច​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​ស្ងោរ​បន្លែ​។
    2. មុននឹង​យក​បន្លែ​មក​ដាក់​ស្ងោរ​ គួរ​រង់ចាំ​ឱ្យ​ទឹកពុះ​ជាមុន​សិន​ សឹម​ដាក់​បន្លែ​ចូល​ទៅ​ មិន​គួរ​ដាក់​ត្រាំ​ស្ងោរ​នៅក្នុង​ឆ្នាំង​តាំងពី​ដំបូង​ទី​ឡើយ​។
    3.បន្លែ​ពណ៌បៃតង​គួរ​ធ្វើ​ឱ្យ​ឆ្អិន​ដោយ​វិធី​ស្រុស​ ឬដាក់​ចូល​ទៅ​ក្នុងទឹក​ពុះ​ ហើយ​ពេល​ទឹក​ពុះ​ម្តង​ទៀត​ចូរ​លើក​ចុះ​ភ្លាម​តែម្ដង​។
    4. បន្លែ​មើម​ ដូចជា​ មើម​ស្ពៃ​ មើម​ឆៃថាវ​ មើម​ការ៉ុត​ គួរ​ស្ងោរ​នៅក្នុង​ទឹក​ពុះ​តិច​ៗ និង​គួរ​ស្ងោរ​ទាំងមូល​ វា​នឹង​ជួយ​រក្សា​គុណប្រយោជន៍​ខាង​អាហារ​បាន​ច្រើនជាង​ការ​ហាន់​ជា​ដុំ​ៗរួច​ដាក់​ស្ងោរ​។
    5. រាល់ពេល​ស្ងោរ​បន្លែ​ គួរ​បិទ​គម្របឆ្នាំង​ ដើម្បី​ឱ្យ​ទឹក​ឆាប់​ពុះ​ និង​បន្លែ​កាន់តែ​ឆាប់​ឆ្អិន​ព្រោះ​បន្លែ​កាន់តែ​នៅក្នុង​ទឹក​ក្តៅ​យូរ​ គុណប្រយោជន៍​ខាង​អាហារ​កាន់តែ​ថយ​ចុះ​។ធ្វើតាម​តិចនិក​ដ៏​ងាយ​ៗខាងលើ​នេះ​ ក្រៅ​ពី​បងៗ​ទទួល​បាន​បន្លែ​ស្ងោរ​ដែល​ឆ្ងាញ់​ជាង​អ្នកដទៃ​ហើយ​ នៅ​បាន​ទទួលគុណ​ប្រយោជន៍​ខាង​អាហារ​យ៉ាង​ពេញ​បរិបូរណ៍​ទៀតផង​។

    វិធី​ស្ងោរត្រី​មិន​ឱ្យ​ធំុ​ក្លិនឆ្អាប​វិ​ធី​ងាយ​ៗក្នុង​ការ​ស្ងោរត្រី​មិន​ឱ្យ​មាន​ក្លិនឆ្អាប​ក្នុងទឹក​ស្ងោរ​នោះ​គឺ​ ចូរ​ដាក់​ស្លឹក​តែ​ចិន​ចូល​ទៅ​ក្នុង​ឆ្នាំង​ស្ងោរ​ប្រមាណ6​-7សន្លឹក​ ហើយ​បើ​បាន​ដំ​មើម​ខ្ទឹមក្រហម​ 2-3 មើម​ឱ្យ​បែក​ រួច​ដាក់​ចូល​ទៅ​ផង​នោះ​ នឹង​រឹតតែ​បង្កើន​រសជាតិ​សម្ល​ស្ងោរត្រី​របស់​បងៗ​ឱ្យ​កាន់តែ​ឈ្ងុយឆ្ងាញ់​ បាត់​អស់​ក្លិនឆ្អាប​ និង​ទទួលទាន​កាន់តែ​ស្និទ្ធ​ទៀតផង​។

    ទិច​និក​ស្ងោរ​ផ្លែ​ពោត​ឱ្យ​ទន់​ ផ្អែម​ ឆ្ងាញ់​ផ្លែ​ពោត​គឺជា​បន្លែ​ផ្លែឈើ​ដែល​ងាយ​ឆ្អិន​ជាទីបំផុត​ ដូច្នេះ​យើង​មិន​គួរ​ប្រើ​ពេលវេលា​ក្នុង​ការ​ស្ងោរ​យូរ​ពេក​ឡើយ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​សាច់​គ្រាប់់​ផ្លែ​ពោត​ឡើង​ស្វិត​ជ្រួញ​ញ៉ាំ​លែង​ឆ្ងាញ់​។តិចនិក​ក្នុង​ការ​ស្ងោរ​ពោត​ឱ្យ​ញ៉ាំ​ឆ្ងាញ់​គឺ​ ៖
    – ចូរ​ដាក់​ទឹកដោះគោឆៅ​ 1កូនចាន​ទឹកជ្រលក់​ទៅ​ក្នុងទឹក​ស្ងោរ​ពោត​។
    – ដាក់​ស្ករស​ចូល​ទៅ​ 1ស្លាបព្រា​កាហ្វេ​។
    – ដាំទឹក​ឱ្យ​ពុះ​ដោយ​ប្រើ​ភ្លើង​ខ្លាំង​។
    – រង់ចាំ​ឱ្យ​ទឹក​នៅក្នុង​ឆ្នាំង​ពុះ​ខ្លាំង​ជាមុន​សិន​ សឹម​យក​ផ្លែ​ពោត​ដាក់​ចូល​ទៅ​ដោយ​តម្រៀប​គ្នា​នៅក្នុង​ឆ្នាំង​ស្ងោរ​នោះ​។
    – បន្ទាប់មក​ស្ងោរ​បន្ត​ទៀត​រយៈពេល​ 3នាទី​ទៀត​។
    – ពេលនោះ​ផ្លែ​ពោត​នឹង​ឆ្អិន​ល្អ​។
    – ចូរ​ស្រង់​ផ្លែ​ពោត​ឡើង​មក​ ហើយ​យក​អំបិល​-សម​កលាប​ពីលើ​បន្តិច​។ តែ​ប៉ុណ្ណឹង​ អ្នក​នឹង​បាន​ផ្លែ​ពោត​ស្ងោរ​ដែល​ទន់​ផ្អែម​ ឈ្ងុយឆ្ងាញ់​សម្រាប់​ទទួលទាន​ហើយ​។

    វិធី​ស្ងោរ​ស៊ុត​មិន​ឱ្យ​សាច់​ស៊ុត​ហៀរ​ចេញ​តាម​សម្បក​ដែល​ប្រេះ​បែក​សម្បក​ស៊ុត​ប្រេះ​បែក​ក្នុងអំឡុងពេល​ស្ងោរ​ក៏​ជា​បញ្ហា​មួយ​ដែរ​ ជាពិសេស​ពេល​ស្ងោរ​ស៊ុត​ម្តង​ៗច្រើន​គ្រាប់​ដើម្បី​បក​ដាក់​ក្នុង​ខសាច់​ជ្រូក​ជាដើម​ ដែល​ធ្វើ​ឱ្យ​ស៊ុតស្ងោរ​ចេញ​មក​មាន​រូបរាង​មិន​ស្អាត​។ យើង​មាន​វិ​ធី​ល្អ​ៗដើម្បី​ការពារ​មិន​ឱ្យ​សាច់​ស៊ុត​ហៀរ​ចេញ​តាម​សម្បក​ស៊ុត​ដែល​ប្រេះ​បែក​នោះ​មក​ជម្រាប​ជូន​ ៖
    ដំបូង​បង្អស់​បងៗ​ស្ត្រី​មេផ្ទះ​ត្រូវ​ជ្រើសរើស​យក​ស៊ុត​ណា​ដែល​ថ្មី​ សម្បក​គ្មាន​ស្នាមប្រេះ​ និង​ស្អាត​។ ពេល​ស្ងោរ​ចូរ​ដាក់​ទឹក​ឱ្យ​លិច​ស៊ុត​ទាំងអស់​តាំងពី​ដំបូង​ ឯតិចនិក​សំខាន់​ គឺ​ស្ថិតនៅ​លើ​ការ​ដាក់​ទឹកក្រូច​ឆ្មារ​បន្តិច​ចូល​ទៅ​ក្នុងទឹក​ស្ងោរ​នោះ​ ដោយ​ទឹកក្រូច​ឆ្មារ​នេះ​វា​នឹង​ជួយ​មិន​ឱ្យ​សាច់​ស៊ុត​ហៀរ​ចេញពី​សម្បក​ ឬក៏​ដាក់​អំបិល​ចូល​ទៅ​ក្នុងទឹក​ស្ងោរ​នោះ​ប្រហែល​ 1ស្លាបព្រាបាយ​ក៏បាន​ដូចគ្នា​ ព្រោះ​អំបិល​វា​នឹង​ជួយការ​ពារ​មិន​ឱ្យ​សាច់​ស៊ុត​ហៀរ​ចេញ​មក​តាម​ស្នាមប្រេះ​នៅ​លើ​សម្បក​ហ្នឹងឯង​។
    តិចនិក​ទាំងអស់​ខាងលើ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន មិន​មាន​ចុះបញ្ជី​កម្មសិទ្ធិ​បញ្ញា​ទេ​ ហេតុ​នេះ​បងៗ​ស្ត្រី​មេផ្ទះ​អាច​ចែក​រំ​លែ​កតៗ​គ្នា​បាន​សូម​អរគុណ​៕

  • សើច​ចុកពោះ​!​!​ ​ជំនួប​ហ្វេ​នៗ​ម្ដងនេះ​ ​តៅ​ ​និង​ ​ប៉​ប​ពី​ ​ខំប្រឹង​និយាយ​ភាសាខ្មែរ​យ៉ាង​កំប្លែង​ស្ងួត​ ​

    សើច​ចុកពោះ​!​!​ ​ជំនួប​ហ្វេ​នៗ​ម្ដងនេះ​ ​តៅ​ ​និង​ ​ប៉​ប​ពី​ ​ខំប្រឹង​និយាយ​ភាសាខ្មែរ​យ៉ាង​កំប្លែង​ស្ងួត​ ​

    ​ថ្ងៃអាទិត្យ​កន្លងទៅ​ម្សិលមិញ​នេះ​ ​គេ​បានឃើញ​ថា​ ​តារា​សម្ដែង​ថៃ​ពីរ​ដួង​ទៀ​ហើយ​ ​បង្ហាញ​វត្តមាន​នៅ​លើទឹក​ដី​ប្រទេស​កម្ពុជា​ ​ក្នុង​ការ​សម្ពោធ​ភាពយន្ដ​ថ្មី​របស់​ខ្លួន​ ​ខណៈ​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​តៅ​ ​(​ ​Tao​ ​)​ ​និង​ ​ប៉ប់​ពី​ ​(​Poppy​)​ ​ពិតជា​តុបតែង​ខ្លួន​យ៉ាង​ស្រស់​សង្ហា​ស្រស់​ស្អាត​បែប​សាមញ្ញ​ៗ​ធម្ម​ជា​តិៗ​ ​ធ្វើដំណើរ​មក​ជួប​អ្នកគាំទ្រ​នៅ​ព្រលា​នយន្​ត​ហោះ​។​ ​ពួកគេ​បាន​បង្ហាញ​នូវ​ស្នាមញញឹម​ទៅកាន់​អ្នកគាំទ្រ​នៅក្នុង​ប្រទេស​កម្ពុជា​។​

    ជំនួប​អ្នកគាំទ្រ​ ​ឬ​ហ្វេ​នៗ​ ​ត្រូវ​បាន​ធ្វើឡើង​នា​វេលា​ម៉ោង​ប្រហែល​ជិត7​ ​យប់​ ​ក្នុង​បរិវេណ​រោង​ភាពយន្ដ​ ​Major​ ​Cineplex​ ​AEon​ ​1​ ​ពិតជា​ធ្វើ​ឱ្យ​កក្រើក​អស់​រោង​ភាពយន្ដ​ទំនើប​នេះ​ទាំងមូល​។​ ​សម្រាប់​ការ​បទសម្ភាសន៍​ជាមួយ​តារា​ឯក​ប្រុស​ ​តៅ​ ​និង​ ​ប៉ប់​ពី​ ​គឺ​ពិតជា​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ពួក​ទប់​សំណើច​មិន​ជាប់​ ​និង​ពោល​ឡើង​ថា​ ​អ្នក​ទាំងពីរ​ពិតជា​គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង​បំផុត​ ​ដែល​ខំប្រឹង​និយាយ​ពាក្យ​ ​និង​ឃ្លា​មួយ​ប្រយោគ​ៗ​ជា​ភាសាខ្មែរ​។​ ​តៅ​ ​បាន​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ខ្លួន​និង​តារា​ស្រី​ ​ប៉ប់​ពី​ ​គឺ​ពិតជា​រំភើប​ ​ដែល​ខំប្រឹង​និយាយ​ភាសាខ្មែរ​ទាំង​ពិបាក​ស្ដាប់​ ​និង​មិនសូវ​ត្រូវ​សំឡេង​។​ ​បើ​ទោះបីជា​សាមី​ខ្លូន​អាច​និយាយ​ភាសាអង់គ្លេស​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ហ្វេ​នបា​នយ៉ាង​ប្រសើរ​យ៉ាងណាក៏ដោយ​ ​ក៏ប៉ុន្ដែ​ ​តៅ​ ​និង​ប៉ប់​ពី​ ​នៅតែ​ខំ​និយាយ​ភាសា​ជា​មួយ​ហ្វេ​នៗដ​ដែរ​ ​បើ​ទោះបីជា​ត្រូវ​ខ្លះ​ខុស​ខ្លះ​ ​។​

    ​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​ទៅកាន់​តារា​ថៃ​ពីរ​ដួង​នេះ​ ​បាន​ធ្វើ​ឱ្យ​ហ្វេ​នកាន់​តែ​មិន​ចង់​ចាកចេញ​ពីមុខ​ឆាក​របស់​ ​Major​ ​Cineplex​ ​ពោល​គឺ​ ​នៅ​ទាល់​គេ​ដេញ​.​.​.​(​ ​ហិ​ហិ​ហិ​ ​មិនមែនទេ​ ​គាំទ្រ​ដល់​ចប់​ទេតើ​!​ ​)​។​ ​ជា​ចំណងដៃ​នៃ​ការ​ផ្ដល់​ក្ដី​ស្រឡាញ់​និង​ស្នាមញញឹម​ដល់​អ្នកគាំទ្រ​ ​តៅ​ ​និង​ ​ប៉​ប​ពី​ ​បាន​បង្ហាញ​ក្បាច់​រាំ​ ​អម​ដោយ​ចម្រៀង​នៅក្នុង​ភាពយន្ដ​ថែមទៀត​ផង​។​ ​អ្នក​ទាំងពីរ​ផ្ដាំ​ថា​ ​កុំ​ភ្លេច​ទៅ​ទស្សនា​ភាពយន្ដ​រឿង​ ​«​ ​មួយ​ណា​ទៅ​គូព្រេង​ខ្ញុំ​»​ ​ក្នុង​រោង​ភាពយន្ដ​ ​Major​ ​Cineplex​ ​គ្រប់​សាខា​ ​ចាប់ពី​ថ្ងៃនេះ​តទៅ​ហើយ​៕​

  • 5ហេតុផល ដែល​នារី​ខ្លះ​មិន​រៀបការ

    5ហេតុផល ដែល​នារី​ខ្លះ​មិន​រៀបការ

    មិនមែន​មនុស្ស​ស្រី​គ្រប់គ្នា​សុទ្ធតែ​ត្រូវការ​ ឬប្រាថ្នា​ក្នុង​ការ​និយាយ​ថា​ “ចាស​ យល់ព្រម​” នោះ​ទេ​… តើ​ព្រោះ​ហេតុ​អី​ទៅ​?

    1. ព្រោះ​ការ​មិន​រៀបការ​ មិនមែន​បានន័យ​ថា​ អ្នក​នឹង​ត្រូវ​នៅ​ម្នាក់ឯង​នោះ​ទេ​
    នៅពេល​រៀបការ​ យ៉ាងហោចណាស់​ក៏​អ្នក​នឹង​មាន​មនុស្សម្នាក់​នៅ​ក្បែរ​កាយ​ជានិច្ច​ តែ​ខ្ញុំ​ចង់​ប្រាប់​ថា​ តឱ្យ​មិនបាន​រៀបការ​ ក៏​អ្នក​នៅតែ​មាន​មនុស្សម្នាក់​នៅ​ក្បែរ​កាយ​បាន​ដែរ​ មាន​មនុស្ស​ឱ្យ​ស្រឡាញ់​… ឱ្យ​ជឿ​ទុកចិត្ត​… ឱ្យ​សើច​ជាមួយគ្នា​… ឱ្យ​ឈ្លោះ​គ្នា​… ឱ្យ​នឹក​គ្នា​… រួម​ទាំង​ពឹងពាក់​គ្នា​ទៅវិញទៅមក​ទៀតផង​។ ដោយសារតែ​ការ​មិន​រៀបការ​មិនបាន​មានន័យថា​ អ្នក​ត្រូវតែ​នៅ​ម្នាក់ឯង​នោះ​ទេ​ តែ​អ្នក​នៅ​មាន​ពួកម៉ាក​ មិត្តភក្តិ​ មាន​មនុស្ស​ស្រឡាញ់​ បងប្អូន​ អ្នកជិតខាង​ និង​មិត្ត​រួមការ​ងារ​ គ្រាន់តែ​អ្នក​មិនបាន​នៅជា​មួយគូ​គ្រង​ប៉ុណ្ណោះ​ឯង​។ ជួនកាល​អ្នក​អាច​កំពុង​សេពគប់​មើលចិត្ត​មើល​ថ្លើម​គ្នា​ 2ឆ្នាំ​ ឬ5ឆ្នាំ​ ក៏​តាម​ហ្នឹង​ទៅ​ ឬអ្នក​អាច​មិនបាន​ត្រូវការ​គូស្នេហ៍​ អ្នក​និយម​ចូលចិត្ត​ក្នុង​ការ​សប្បាយរីករាយ​ជាមួយ​បណ្ដា​ពួក​មិត្តភក្តិ​ច្រើនជាង​ ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​ និង​ជួប​មនុស្សម្នា​ថ្មី​ប្លែក​ៗ និង​ចូលចិត្ត​ធ្វើការងារ​ដើម្បី​ជួយ​សង្គម​ជាដើម​… ដូច្នេះ​ឃើញ​ហើយ​ឬនៅ​ថា​ អ្នក​មិន​ចាំបាច់​ត្រូវ​រៀបការ​ ក៏បាន​ដែរ​…។

    2. ព្រោះ​ស្នេហា​ គឺជា​ប្រស្នា​ដ៏​អាថ៌កំបាំង​មួយ​
    ការ​រៀបការ​ គឺជា​កិច្ចសន្យា​ដែល​មាន​ចំណង​រវាង​គ្នា​។ មាន​អត្ថ​ន័យ​សាមញ្ញ​ៗ ងាយ​ៗ ហើយ​ខ្ញុំ​ក៏​មិន​ត្រូវការ​និយមន័យ​ស្នេហា​ក្នុង​ន័យ​របស់​ធុរកិច្ច​ ឬច្បាប់​ទម្លាប់​អ្វី​ៗទាំងអស់​។ ភាព​ស្រស់​ស្អាត​របស់​ស្នេហា​គ្មាន​និយមន័យ​មួយ​ដោយឡែក​តែឯង​នោះ​ទេ​ ហើយ​តែងតែ​ប្រែប្រួល​ជានិច្ច​ទៀតផង​។

    3. ព្រោះ​ភាព​ស្ថិតស្ថេរ​គង់វង្ស​ដ៏​ពិតប្រាកដ​ចេញ​មក​ពី​ការ​ដឹង​ថា​ ខ្លួនឯង​ជា​អ្នកណា​ និង​ត្រូវការ​អ្វី​?
    នៅពេល​អ្នកមាន​អារម្មណ៍​ខកបំណង​ជាមួយនឹង​រឿងរ៉ាវ​ផ្សេង​ៗដែល​កើតឡើង​នៅក្នុង​ជីវិត​ ចូរ​កុំ​គិតថា​ ការ​រៀបការ​នឹងអាច​បញ្ឈប់​អ្វី​ៗទាំងអស់​នោះ​បានឱ្យ​សោះ​។ ការ​មាន​មនុស្ស​ដែល​ស្រឡាញ់​ និង​បារម្ភ​អំពី​យើង​ ដូចជា​ ឪពុកម្ដាយ​ បងប្អូន​ សាច់​ញាត់​ មិត្ត​រួមការ​ងារ​ និង​មិត្តភក្តិ​ជិតស្និទ្ធ​ទៅវិញ​ទេ​ ដែល​ជា​ភាព​ស្ថិតស្ថេរ​គង់វង្ស​ដ៏​ធំធេង​បំផុត​លើស​អ្វី​ៗទាំងអស់​ ដែល​អ្នក​មិន​ចាំបាច់​ត្រូវ​បាន​មក​ពី​គូ​អាពាហ៍​ពិពាហ៍​នោះ​ឡើយ​។

    4. ព្រោះ​អ្នក​អាច​លែងលះ​វិញ​បាន​…
    នាងខ្ញុំ​ និង​គូស្នេហ៍​ សេពគប់​គ្នា​មក10ឆ្នាំ​ហើយ​ ហើយ​នៅពេល​ណា​យើង​មាន​បញ្ហា​នឹងគ្នា​ (មិន​ខុសពី​គូស្នេហ៍​ដទៃ​ទេ​) យើង​ក៏​មាន​សេរីភាព​ក្នុង​ការ​បញ្ចប់​សម្ពន្ធភាព​បាន​គ្រប់ពេលវេលា​។ ក្នុងអំឡុងពេល​ដែល​អស់សង្ឃឹម​ និង​សោកសៅ​បំផុត​នោះ​ នាងខ្ញុំ​បែរជា​មាន​អារម្មណ៍​សប្បាយចិត្ត​ ដោយសារតែ​នាងខ្ញុំ​អាច​សម្រេចចិត្ត​គ្រប់យ៉ាង​ដើម្បី​ខ្លួនឯង​បាន​យ៉ាង​ពេញលេញ​។

    5. ព្រោះ​អ្នក​អាច​រៀបការ​នៅពេល​ណា​ក៏បាន​ មិន​ចាំបាច់​ត្រូវ​ប្រញាប់​ទេ​…
    នាងខ្ញុំ​មិនមែន​ជា​មនុស្ស​ពពួក​ប្រឆាំង​នឹង​ការ​រៀប​អាពាហ៍​ពិពាហ៍​ទេ​ ហើយរឿង​ហ្នឹង​ក៏​មិនមែន​ជា​បញ្ហា​ដែរ​… វា​គ្រាន់តែ​ជា​កម្មវិធី​មួយ​ប៉ុណ្ណោះ​។ ចំណុច​សំខាន់​គឺ​ យើង​នៅតែ​បើកចំហ​ទាំង​ក្នុង​រឿង​ការ​រៀបការ​ និង​សម្ពន្ធភាព​។ យើង​ត្រៀម​រួចរាល់​ជានិច្ច​ក្នុង​ការ​បើក​ទទួលយក​ផ្នត់គំនិត​ អារម្មណ៍​ និង​បទ​ពិ​សោ​ធផ្សេង​ៗ ទាំង​របស់​យើង​ និង​របស់​អ្នកដទៃ​។ មិន​សំខាន់​ថា​ អ្នក​ស្ថិតនៅ​ក្នុង​សម្ពន្ធភាព​រយៈពេល​វែង​ ឬសម្ពន្ធភាព​បញ្ចប់​បែប​ឈឺចាប់​ ឬទើប​ចាប់ផ្ដើម​ស្នេហា​ជាថ្មី​ ឬពេញចិត្ត​ក្នុង​ការ​នៅតែ​ម្នាក់ឯង​នោះ​ទេ​ គ្មាន​អ្នកណា​ដឹង​ឡើយ​ថា​ អា​នាគ​តនឹង​ទៅជា​យ៉ាងណា​? ដូច្នេះ​ ទុក​ឱ្យ​វា​ក្លាយជា​ការសម្រេច​ចិត្ត​របស់​យើង​ផ្ទាល់​ក្នុង​ការ​ឈានទៅមុខ​ឆ្ពោះទៅ​រក​ការផ្សងព្រេង​ជាថ្មី​ទៀត​៕

  • បង្ហាត់ជំនាញ ចាំបាច់ខ្លះដល់កូន មុនចូលរៀន…

    បង្ហាត់ជំនាញ ចាំបាច់ខ្លះដល់កូន មុនចូលរៀន…

    បន្ទាប់ពី​កូនតូច​បាន​រៀន​យល់​ដឹង​ខ្លះ​ៗជាបន្តបន្ទាប់​ក្នុងអំឡុងពេល1ឆ្នាំ​ដំបូង​ហើយ​ ពេល​ឆ្លង​ចូល​ដល់​ឆ្នាំទី2​-3 យើង​អាច​និយាយ​បាន​ថា​ ជា​អំឡុង​ពេល​នៃ​ការ​សន្សំ​ចំណេះ​-ដឹង​ផ្សេង​ៗ និង​រំលាយ​ចំណេះដឹង​ទាំងនោះ​ឱ្យ​ចូល​ជាមួយ​នឹង​សមត្ថភាព​របស់​កុមារ​ និង​បង្ក​ឱ្យ​កើតជា​ជំ​នាញ​ផ្សេង​ៗដែល​ចាំបាច់​ត្រូវ​ប្រើ​ពេល​ចូល​សាលារៀន​លើកដំបូង​បំផុត​ក្នុង​ជីវិត​របស់​គេ​។

    នៅក្នុង​វ័យ​នេះ​ គឺជា​អំឡុង​ពេល​មួយ​សំខាន់ណាស់​ដែល​អ្នកម្តាយ​ត្រូវ​បង្ហាត់បង្រៀន​រឿង​ជាច្រើន​ដល់​កូន​ ជាពិសេស​បំផុត​ជំ​នាញ​ផ្សេង​ៗដែល​ត្រូវ​ប្រើ​ពេល​នៅក្នុង​សាលា​… តើមាន​អ្វីខ្លះ​នោះ​? សូម​តាមដាន​ដូចតទៅ​ ៖
    – ការចែក​រំលែក​ : ដើម្បី​ឱ្យ​កូន​បាន​ស្គាល់​ពី​ភាព​មាន​ទឹកចិត្ត​ និង​ចេះ​ចែករំលែក​ការ​លេង​ជាមួយ​មិត្តភក្តិ​យ៉ាង​មាន​សេចក្តី​សុខ​ និង​ប្រកបដោយ​សុវត្ថិភាព​។
    – ការ​ចេះ​ជួយ​ខ្លួនឯង​ : ដូចជា​ការ​ចេះ​ស្លៀកពាក់​ខោអាវ​ ពាក់​ស្រោមជើង​ ពាក់​ស្បែកជើង​ដោយខ្លួនឯង​ ជាដើម​។
    – ការ​ធ្វើ​បាន​តាម​បញ្ជា​ស្រួល​ៗរបស់​អ្នកគ្រូ​ : ដូចជា​យក​សៀវភៅ​ទៅ​ដាក់លើ​តុ​ ប្រមូល​សៀវភៅ​ដាក់​ចូល​កាបូប​-ល-។
    – ការហាត់​ឆ្លើយតប​ : ពេល​មាន​សិស្ស​ដទៃ​មក​និយាយ​ជាមួយ​។
    – បង្ហាត់​ឱ្យ​ចេះ​ស្តាប់​គ្រូ​ និង​ឆ្លើយតប​។
    – អាច​នៅជា​មួយ​សាច់ញាតិ​ ឬអ្នកមើល​ថែ​បាន​ដោយ​មិន​ស្រែកយំ​ ក្នុងអំឡុងពេល​ដែល​ម្តាយ​មិន​នៅ​។
    – ចេះ​ថែទាំ​ និង​សម្អាត​រាងកាយ​បាន​ដោយខ្លួនឯង​។
    – ចេះ​ប្រាប់​ ពេល​ចង់​ចូលបន្ទប់​ទឹក​ ឬចង់​បត់ជើងធំ​។
    – ចេះ​ប្រាប់​ឈ្មោះ​ពិត​ និង​ឈ្មោះ​លេង​របស់​ខ្លួនឯង​បាន​ រួម​ទាំង​ស្គាល់ឈ្មោះ​របស់​ឪពុក​ម្តាយ​ទៀតផង​។
    – អាច​អង្គុយ​ធ្វើ​កិច្ចការ​របស់​សាលា​យ៉ាង​ស្ងាត់ស្ងៀម​បាន​ច្រើន​នាទី​។

    ជំនាញ​ទាំងអស់​ខាងលើ​នេះ​ គឺជា​អ្វី​ដែល​អ្នកម្តាយ​ត្រូវ​បង្ហាត់​ឱ្យ​កូន​ចេះ​ និង​ដឹង​តាំងពី​ពេល​នៅផ្ទះ​ឱ្យ​ហើយ​ជាស្រេច​ ដោយ​ត្រូវ​ចាប់ផ្តើម​បង្ហាត់​ម្តង​បន្តិច​ៗ ប្រមាណ​ជា​ 3-4 ខែមុន​ពេល​ដែល​កូន​ត្រូវ​ចូល​សាលារៀន​លើកដំបូង​ ដើម្បី​ពេល​ដល់​ថ្ងៃ​កូន​ចូលរៀន​មែនទែន​ កូន​នឹង​បាន​ដើរចូល​សាលា​យ៉ាង​ពើងទ្រូង​ និង​ជឿជាក់​លើ​ខ្លួនឯង​យ៉ាង​ខ្លាំង​ថា​ ច្បាស់ជា​គ្មាន​បញ្ហា​អ្វី​ទាំងអស់​ ហើយ​អ្នកម្ដាយ​ខ្លួនឯង​ក៏​សប្បាយចិត្ត​ និង​មិន​មានការ​បារម្ភ​៕