Category: សង្គម និងសេដ្ឋកិច្ច

  • បន្លែ​ផ្លែ​ត្រប់វែង​-ត្រប់​ចាន​ នៅតែ​មាន​ទីផ្សារ​ជាប្រចាំ​

    បន្លែ​ផ្លែ​ត្រប់វែង​-ត្រប់​ចាន​ នៅតែ​មាន​ទីផ្សារ​ជាប្រចាំ​

    បន្លែ​ និង​ផ្លែឈើ​លក់​នៅ​តាម​ទីផ្សារ​បច្ចុប្បន្ន​ ដែល​ភាគច្រើន​នាំចូល​ពី​ប្រទេសជិតខាង​ ត្រូវ​បាន​ក្រសួង​កសិកម្ម​ផ្សព្វផ្សាយ​ជា​រឿយ​ៗ ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​អំពី​បន្លែ​ និង​ផ្លែឈើ​ទាំងនោះ​ដែល​អាច​ប្រើជា​តិ​គីមី​ខ្ពស់​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ ដូច្នេះ​ប្រជាកសិករ​ ត្រូវតែ​ខិតខំ​ជំរុញ​ការ​ដាំដុះ​បន្លែ​សុវត្ថិភាព​ ដែល​អាច​ជួយ​ជំរុញ​ផ្នែក​កសិកម្ម​ផង​ និង​ជួយ​បង្កើន​បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ ថែម​ទាំង​ទប់ស្កាត់​ការនាំចូល​នូវ​បន្លែ​មាន​ជាតិគីមី​ផង​ដែរ​។

    យ៉ាងណាមិញ​កសិផល​ក្នុង​ស្រុក​ ដែល​ប្រជាកសិករ​មានការ​យល់ដឹង​អំពី​ការ​ដាំដុះ​មិន​ប្រើជា​តិ​គីមី​ ឬបន្លែ​សុវត្ថិភាព​ ក៏​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ជាច្រើន​ប្រភេទ​រួមមាន​បន្លែ​ប្រភេទ​ស្ពៃ​សាលាដ​ខាត់ណា​ ស្ពៃ​ក្តោប​ ស្ពៃចង្កឹះ​ ត្រឡាច​ ននោង​ ត្រសក់​ម្រះ​ ប៉េងប៉ោះ​ ត្រប់​ និង​ម្ទេស​ជាដើម​ ពិសេស​ដំណាំ​ត្រប់វែង​ ត្រប់​ចាន​(ត្រប់ក្រាំងរមាស​) ដែល​នៅតែ​មាន​តម្រូវការ​ទីផ្សារ​ជាប្រចាំ​ គួរ​ឱ្យ​កត់សម្គាល់​។

    លោក​ ទួត​ សេង​ហ័ង​ ជា​អ្នក​ទីផ្សារ​របស់​“សហគមន៍​ ត្រសក់ផ្អែម​សៀមរាប​មានជ័យ​”បាន​ ប្រាប់​កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ​ឱ្យ​ដឹង​ថា​៖“សហគមន៍​ខ្ញុំ​ដែល​មាន​ទីតាំង​ក្នុង​ភូមិ​តាព្រហ្ម​ ឃុំ​សង្វើយ​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​មានការ​ដាំ​បន្លែ​គ្រប់​ប្រភេទ​ គឺ​ដូចជា​ដាំ​បន្លែ​ឆៃថាវ​ ត្រសក់​ ស្ពៃ​ ត្រឡាច​ ល្ហុង​ ត្រប់​ ម្ទេស​គ្រប់​ប្រភេទ​ ជាពិសេស​គឺ​ ដំណាំ​ត្រប់វែង​ ត្រប់​ចាន​ នេះ​តែម្តង​ ព្រោះ​វា​នៅតែ​មាន​តម្រូវការ​ទៅតាម​ទីផ្សារ​ច្រើន​ ដោយ​ការ​ដាំ​មាន​រយៈពេល​ខ្លី​ និង​ងាយ​ឆាប់​បាន​ទទួលផល​ទៀតផង​។

    លោក​បាន​បន្ត​ឱ្យ​ដឹង​ថា​ការ​ដាំ​ត្រប់វែង​ និង​ត្រប់​ចាន​នេះ​គឺ​ប្រើ​រយៈពេល3​-3ខែ​កន្លះ​ទាំង​ការ​សាបព្រោះ​ និង​ដាំ​កូន​។ ការ​ព្រោះ​គ្រាប់ពូជ​ត្រប់​ ត្រូវ​បាន​ប្រជាកសិករ​យើង​ ជ្រើសរើស​យក​គ្រាប់ពូជ​ណា​ ដែល​សុទ្ធ​ល្អ​ ជ្រើសរើស​ពី​ផ្លែ​ត្រប់​ណា​ដែល​ទុំ​ល្អ​ និង​ប្រភេទ​ពូជ​ ដែល​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​។ ដោយ​ដាក់​បណ្តុះ​គ្រាប់ពូជ​ក្នុង​កន្ទោង​សម្រាប់​យក​ដាំ​ និង​បន្ទាប់មក​ជ្រើសរើស​កូន​ ដែល​ថ្លោស​ៗល្អ​មក​ដាំ​។

    លោក​បាន​បញ្ជាក់​ថា​ មុន​ពេល​ដាំ​យើង​ភ្ជួរ2ទៅ​3ដង​ ដើម្បី​កម្ចាត់​ស្មៅ​ និង​ឱ្យ​ដីធូរ​ដោយ​លើក​ជា​រង​ ទទឹង​ប្រមាណ​ 6តឹក​ កម្ពស់​ 2តឹក​ បណ្តោយ​តាម​ទំហំ​ដី​ ហើយ​ត្រូវ​កាប់​រណ្តៅ​ដាំ​ដែល​មាន​ទំហំ​ 2តឹក4​ជ្រុង​ ជម្រៅ​ 2តឹក​ ចន្លោះ​ពីដើម​នី​មួយ​ៗកន្លះ​ម៉ែត្រ​ ។ពេល​ដាំ​ត្រូវ​ដាក់ជី​កំ​ប៉ុស​ ជីលា​មក​សត្វ​ស្ងួត​ និង​កម្ទេច​ស្លឹកឈើ​ចូល​ រួច​យក​ដី​លុប​រណ្តៅ​។

    ការ​ដាំដុះ​ យកកូន​ត្រប់​ដែល​ថ្លោស​ល្អ​ និង​មាន​សុខភាព​ល្អ​ដែល​មាន​ស្លឹក​ដុះ4​-5មក​ដាក់ដាំ​ក្នុង​រណ្តៅ​រួច​ស្រោចទឹក​ឱ្យ​សើម​ល្មម​។ ចំ​ណេ​កនៅក្នុង​ការថែទាំ​វិញ​ ត្រូវ​ស្រោចទឹក​រាល់​ 3ថ្ងៃ​ម្តង​ បើ​មាន​ភ្លៀង​ញឹកញាប់​មិន​ស្រោច​ក៏បាន​។

    រដូវ​ដាំ​ត្រប់​ គឺ​គេ​ដាំ​ចាប់ពី​ខែឧសភា​ ដល់​ខែធ្នូ​ ពេញ1រដូវ​ ដែល​ជា​អាយុកាល​របស់​វា​។ នៅក្នុង​ផ្ទៃដី​ទំហំ20×50ម៉ែត្រ​អាច​ដាំ​ត្រប់វែង​ និង​ត្រប់​ចាន​បាន​បរិមាណ​ចាប់ពី​ 20គីឡូ​ឡើង​ទៅដល់​ 90គីឡូ​ ដោយ​បេះ​ផ្លែ​វា​ក្នុង​ 1អាទិត្យ​ 3ដង​ ហើយ​បរិមាណ​នេះ​ នៅពេល​ដែល​ដើម​វា​ចាស់​ អាច​នឹង​ទទួល​ទិន្នផល​ថយ​ចុះ​វិញ​។

    លោក​សេង​ហ័ង​បានឱ្យ​ដឹង​ថា​ការ​ដាំ​ត្រប់វែង​ និង​ត្រប់​ចាន​តែ​រយៈពេល3ខែ​កន្លះ​ នឹង​ទទួលផល​ហើយ​ បើ​តាម​បទ​ពិសោធ​ ក្រោយពេល​ដាំ​ រយៈ​-ពេល​ពី​ 3ខែ​ ទៅ​ 3ខែ​កន្លះ​ យើង​ទទួលផល​ និង​បេះ​ជាប្រចាំ​រហូតដល់​ 3ទៅ​ 5ខែ​។

    លោក​បានឱ្យ​ដឹង​ទៀត​ថា​ មន្ត្រី​កសិកម្ម​បាន​ជួយ​ណែនាំ​ក្នុង​ការ​ដាំ​ឱ្យ​ទទួល​បានផល​ល្អ​ និង​មិនសូវ​នឿយ​ ហើយ​ដំណាំ​ត្រប់​នេះ​ បាន​ធ្វើ​ឱ្យ​ជីវភាព​ធូរធារ​ ដោយ​ការ​ដាំ​ប្រើ​រយៈពេល​ខ្លី​ ​ចំណេញពេលវេលា​ ដូច្នេះហើយ​ទើប​ លោក​សេង​ហ័ង​បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ​ខ្មែរ​ ងាក​មក​ដាំ​បន្លែ​ត្រប់វែង​ និង​ត្រប់​ចាន​នេះ​វិញ​ ព្រោះ​ផ្លែ​ត្រប់​ ជា​ប្រភេទ​បន្លែ​សម្រាប់​ចម្អិន​ជា​សម្ល​ និង​ជា​អន្លក់​ក៏បាន​ដែរ​។ ត្រប់វែង​ និង​ត្រប់​ចាន​ ជា​ប្រភេទ​បន្លែ​ដែល​វា​ងាយ​ទទួលផល​ មាន​តម្រូវការ​ជាប្រចាំ​ក្នុង​ទីផ្សារ​ និង​ជួយ​លើកស្ទួយ​ទៅដល់​ជីវភាព​ប្រចាំថ្ងៃ​។

    អ្នក​ទីផ្សារ​សហគមន៍​រូប​នេះ​បានឱ្យ​ដឹង​ថា​៖“សហគមន៍​ត្រសក់ផ្អែម​សៀមរាប​មានជ័យ​របស់​ខ្ញុំ​ភាគច្រើន​ ដែល​មាន​ដី​ទំ​ហំ​តូច​ៗត្រឹម​កន្លះ​ហិ​កតា​ ក្នុង1គ្រួសារ​ប៉ុណ្ណោះ​ តែ​ពួកគាត់​បាន​រួមគ្នា​ដាំ​ត្រប់វែង​ និង​ត្រប់​ចាន​ មានផ្ទៃ​ដី​សរុប​ប្រមាណ​ជាង1០ហិ​កតា​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ តែ​ក៏​មានការ​ដាំ​ត្រឡាច​ក្នុង​ចន្លោះ​នៃ​បន្លែ​នោះ​ផង​ដែរ​”។

    លោក​បញ្ជាក់​ថា​៖“បើ​ថែទាំ​បាន​ល្អ​ ក្នុង​ទំហំ​ដី​ដាំ​ត្រប់​ជាង10ហិ​កតា​នេះ​ គឺ​ក្នុង1ថ្ងៃ​ទទួលផល​បាន​ពី700​-800គីឡូក្រាម​ដែរ​ ពោល​គឺ​ក្នុង1ខែ​ថវិកា​បាន​ពី​ការ​លក់​បន្លែ​ត្រប់វែង​ និង​ត្រប់​ចាន​ ក្នុង​ទឹកប្រាក់​ប្រមាណ​ 36លាន​រៀល​ ដោយ​លក់​ក្នុង1​គីឡូក្រាម​ តម្លៃ​ពី​ 1000ទៅ​ 1500រៀល​ ហើយ​ឈ្មួញ​ទៅ​ទទួល​ទិញ​ដល់ទី​តាំងតែ​ម្តង​។កាលពី​រដូវ​ខ្សត់​បន្លែ​ត្រប់​នេះ​ កសិករ​យើង​អាច​លក់​បាន​តម្លៃ​ដល់ទៅ​ 2000រៀល​ឯណោះ​ក្នុង​ 1គីឡូក្រាម​”។

    លោក​បាន​បន្ត​ថា​ ត្រប់វែង​ និង​ត្រប់​ចាន​ របស់​លោក​បច្ចុប្បន្ន​ មានតែ​ការចែកចាយ​តាម​ទីផ្សារ​ក្នុង​ស្រុក​ និង​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប​(ផ្សារ​សាមគ្គី​)ផ្សារ​រលួស​ ផ្សារ​កំពង់​ក្តី​។

    នៅក្នុង​មហិច្ឆតា​ នៃ​ការ​ធ្វើចម្ការ​ដំណាំ​បន្លែ​ត្រប់​នេះ​ លោក​ សេង​ ហ័ង​ បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​៖“សហគមន៍​របស់​លោក​ ពុំ​ទាន់​មានបំណង​ពង្រីក​ការ​ដាំដុះ​បន្លែ​ត្រប់វែង​ និង​ត្រប់​ចាន​ បន្ថែម​ទៀត​នៅឡើយ​ទេ​ ដោយ​ពុំ​ទាន់​មានផ្ទៃ​ដី​សម្រាប់​ពង្រីក​ដំណាំ​នេះ​”៕

  • កុំឱ្យ​ខកខាន​!​!​ ​ទស្សនា​រឿង​ ​មនុស្ស​ពីងពាង​ឆ្ងាយ​ពី​ផ្ទះ​ ​«​Spider​ ​Man​ ​Far​ ​From​ ​Home​»​ ​នៅ​វគ្គ​ចុងក្រោយ​មាន​ព័ត៌មាន​បែកធ្លាយ​

    កុំឱ្យ​ខកខាន​!​!​ ​ទស្សនា​រឿង​ ​មនុស្ស​ពីងពាង​ឆ្ងាយ​ពី​ផ្ទះ​ ​«​Spider​ ​Man​ ​Far​ ​From​ ​Home​»​ ​នៅ​វគ្គ​ចុងក្រោយ​មាន​ព័ត៌មាន​បែកធ្លាយ​

    ​អ្វី​ដែល​លោកអ្នក​មិន​អាច​ខកខាន​បាន​ក្នុង​ការ​ទស្សនា​រឿង​ ​មនុស្ស​ពីងពាង​ឆ្ងាយ​ពី​ផ្ទះ​ ​«​Spider​ ​Man​ ​Far​ ​From​ ​Home​»​ ​គឺ​វគ្គ​ក្រេ​ឌីត​ស៊ីន​ដែល​បានឱ្យ​ដឹងពី​ព័ត៌មាន​បែកធ្លាយ​ ​មាន​វីដេអូ​មួយ​ចេញពី​បុរស​ម្នាក់​បាន​ប្រកាស​ឱ្យ​មនុស្ស​លើ​ពិភពលោក​បានដឹង​ថា​ ​ការពិត​ ​មនុស្ស​ពីងពាង​ ​ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​ ​Spider​ ​man​ ​គឺជា​ ​Peter​ ​Parker​។​

    ​ជា​ការពិត​ណាស់​ ​មនុស្ស​ពី​ពាង​ ​ត្រូវ​បាន​គេ​ទម្លាយ​ឈ្មោះ​ ​Peter​ ​Parker​ ​ដែល​ជា​វិរៈ​បុរស​សង្គ្រោះ​ពិភពលោក​មាន​អាយុ​ក្រោម​ ​២១ឆ្នាំ​ ​តែ​អ្វី​ដែល​គ្រប់គ្នា​បាន​ទស្សនា​និង​មិនទាន់​បាន​ទស្សនា​ ​គឺ​អាច​ផ្ទុយពី​ការពិត​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់​អារម្មណ៍​ខ្លាំង​ ​និង​ហួសចិត្ត​រក​និយាយ​អ្វី​មិនបាន​ឡើយ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​រឿង​«​Spider​ ​Man​ ​Far​ ​From​ ​Home​»​ ​ត្រូវ​បាន​បង្កប់​រឿងរ៉ាវ​នៃ​វគ្គ​បន្ដ​ទៀត​តាមរយៈ​ ​ក្រេ​ឌីត​ស៊ីន​ ​ដល់ទៅ​ពីរ​ដែល​ធ្វើ​ឱ្យ​ហួសចិត្ត​ខ្លាំង​ ​។​ ​កុំឱ្យ​ខកខាន​ទស្សនា​ភាពយន្ដ​ល្អមើល​ ​មនុស្ស​ពីងពាង​ឆ្ងាយ​ពី​ផ្ទះ​ ​ពិតជា​មាន​ចំណុច​ភ្ញោច​ច្រើនណាស់​ ​ដែល​មាន​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ដ​ទំនើប​ ​Major​ ​Cineplex​ ​ចាប់​បី​ថ្ងៃទី​ ​៥​ ​ខែកក្កដា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​តទៅ​ហើយ​ ​តែ​កុំ​ភ្លេច​កក់​សំបុត្រ​ទុកមុន​ណា៎​ ​ព្រោះថា​ប្រយ័ត្ន​រក​កន្លែង​អង្គុយ​មិន​៕​ ​

    https://youtu.be/JbnX6YpqDnU

    https://youtu.be/qOzgEj8JeSU

  • របរ​លក់​ដើមផ្កា​ និង​កូនឈើ​លម្អ​តាម​គេហ​ដ្ឋាន​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ​

    របរ​លក់​ដើមផ្កា​ និង​កូនឈើ​លម្អ​តាម​គេហ​ដ្ឋាន​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ​

    ស្រប​ពេល​ដែល​សំណង់ផ្ទះ​ល្វែង​កំពុង​រីក​ដុះ​ដាល់​កាន់តែ​ច្រើន​ឡើង​ៗនៅក្នុង​ទីក្រុង​ភ្នំពេញ​ ក៏ដូចជា​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ គេ​សង្កេត​ឃើញថា​ របរ​លក់​កូនឈើ​ និង​លក់​ដើមផ្កា​សម្រាប់​ដាំ​តាំង​លម្អ​តាម​គេហដ្ឋាន​ ក៏ដូចជា​លម្អ​តាម​សួនច្បារ​សាធារណៈ​នានា​ កំពុង​មាន​តម្រូវការ​កាន់តែ​ច្រើន​ឡើង​ៗ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

    អ្នកស្រី​ ឈួន​ សុផល​ ម្ចាស់ហាង​លក់​ដើមផ្កា​ និង​កូនឈើ​ឈ្មោះ​ “ចំរើនផល​” ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ1​ ក្នុង​ភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ថា​ កាលពី​ប្រមាណ​ជា10ឆ្នាំមុន​ អ្នកស្រី​គឺជា​អាជីវករ​ម្នាក់​នៅ​ក្នុង​ផ្សារ​បឹងកេងកង​ដែល​រកចំណូល​បាន​សមរម្យ​ម្នាក់​ដែរ​ ប៉ុន្តែ​ដោយសារ​មាន​ឈាមជ័រ​ឪពុក​ម្តាយ​ជា​អ្នកលក់​ដើមផ្កា​ និង​លក់​កូនឈើ​នៅផ្ទះ​ដែល​អាច​រកចំណូល​បាន​ខ្ពស់​ជាង​ជាង​របរ​លក់ដូរ​ក្នុង​ផ្សារ​ អ្នកស្រី​ និង​គ្រួសារ​បាន​ពិភាក្សា​គ្នា​ជួល​ដី​ទីតាំង​ខាងលើ​សម្រាប់​លក់​កូនឈើ​ និង​កូន​ផ្កា​នៅ​ក្បែរ​ផ្ទះ​ឪពុក​ម្តាយ​វិញ​កាលពី​ជិត​ 10ឆ្នាំមុន​។

    អ្នកស្រី​អះអាង​ថា​ របរ​លក់​ដើមផ្កា​ និង​លក់​កូន​ឈើ​នេះ​ហាក់​មានការ​នឿយហត់​បន្តិច​ ព្រោះ​ពេល​ខ្លះ​ត្រូវ​ដឹកនាំ​កម្មករ​រៀបចំ​សួន​ដាំ​ផ្កា​ ដាំ​ដើមឈើ​ឱ្យ​ម៉ូយ​ទាំង​កណ្តាល​ថ្ងៃ​ ឬកណ្តាល​ភ្លៀង​ក្តៅ​-ត្រជាក់​ ប៉ុន្តែ​នៅតែ​សប្បាយចិត្ត​ ដ្បិត​រកចំណូល​បាន​ខ្ពស់​គួរសម​ មិនចាញ់​របរ​លក់ដូរ​នៅក្នុង​ផ្សារ​ឡើយ​។ អ្នកស្រី​ សុផល​ បាន​បន្ត​ថា​ ទោះជា​ពេលខ្លះ​ក្តៅ​រងា​រស្បែ​កមិន​សភ្លឺ​ថ្លា​ដូច​របរ​លក់ដូរ​ក្នុង​ផ្សារ​ក៏​ពិតមែន​ ក៏​ប៉ុន្តអ្នកស្រី​ និង​គ្រួសារ​មានការ​សប្បាយចិត្ត​ជាង​មុន​ ដោយសារតែ​អាច​រកចំណូល​បាន​ខ្ពស់​គួរសម​ មានលទ្ធភាព​បញ្ជូន​កូន​ទៅរៀន​នៅ​សា​លា​ល្អ​ៗ មានលទ្ធភាព​ទិញ​ផ្ទះ​ក្នុង​បុរី​ និង​សល់​លុយកាក់​ខ្លះ​ទិញ​ដី​ទុក​លក់​យកចំណេញ​បាន​ខ្លះ​ៗទៀតផង​។

    របរ​ខាងលើ​ត្រូវ​បាន​គេ​ចែកចេញជា​ 3ប្រភេទ​ រួម​មាន1​ របរ​លក់​ដើមផ្កា​ ដូចជា​ផ្កាសារិកា​កែវ​ ផ្កាអ័រគីដេ​ ផ្កាចំប៉ី​ ចំប៉ា​ និង​ផ្កា​ច្រើន​ប្រភេទ​ទៀត​ ចំណែក​ប្រភេទ​ទី2​ គឺ​កូនឈើ​ហូប​ផ្លែ​ ដូចជា​ស្វាយ​ ដូង​តឿ​ ដូងក្រអូប​ ដើម​ជម្ពូ​ បំពេញរាជ្យ​ និង​ដើមឈើ​ហូប​ផ្លែ​ផ្សេង​ៗទៀត​ជាច្រើន​មុខ​ និង​ទី3​ ជា​ប្រភេទ​ដើម​ឈើ​ព្រៃភ្នំ​កម្រ​ ដូចជា​ដើម​គគីរ​ កកោះ​ ផ្ចឹក​ សុក្រំ​និង​ក្រញូង​ជាដើម​ ដែល​ប្រភេទ​ដើមឈើ​ទាំងនេះ​ អ្នកស្រី​បាន​ទិញ​ពី​កសិករ​បណ្តុះ​កូនឈើ​លក់​នៅ​តាម​បណ្តា​ខេត្ត​ និង​នៅ​ជាយក្រុង​ភ្នំពេញ​ ចំណែក​ដើមផ្កា​ និង​ដើមឈើ​ហូប​ផ្លែ​ភាគច្រើន​ត្រូវ​បាន​គេ​នាំចូល​ពី​ប្រទេសជិតខាង​ ដូចជា​ប្រទេស​ថៃ​ វៀតណាម​ ចិន​ និង​ម៉ាឡេស៊ី​ជាដើម​។ អ្នកស្រី​បានឱ្យ​ដឹង​ទៀត​ថា​ របរ​នេះ​ក៏អាច​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កសិករ​បាន​មួយ​ចំណែក​ផង​ដែរ​ តាមរយៈ​ការ​បណ្តុះ​កូនឈើ​លក់​រកចំណូល​បន្ថែម​ពី​ការងារ​ប្រចាំថ្ងៃ​របស់​ពួកគាត់​ ហើយ​អាច​ផ្តល់​ការងារ​ដល់​កូនខ្មែរ​យើង​ប្រមាណ​ 4-5នាក់​ផង​ដែរ​។ អ្នកស្រី​បញ្ជាក់​ថា​ បើសិន​មនុស្សម្នាក់​អាច​មានលទ្ធភាព​ផ្តល់​ការងារ​ឱ្យ​កូនខ្មែរ​បានតែ​ 5នាក់​ នោះ​ប្រទេស​យើង​នឹង​មិន​ខ្វះ​ការងារ​ធ្វើ​ទេ​។

    ដោយសារ​មាន​តម្រូវការ​កូនឈើ​ និង​កូន​ផ្កា​សម្រាប់​ដាំ​លម្អ​តាម​គេហដ្ឋាន​ និង​តាម​សួនច្បារ​សាធារណៈ​កាន់តែ​ច្រើន​ឡើង​ៗនោះ​ ទើប​ម្ចាស់​ហាង​ដើមផ្កា​ខាងលើ​បាន​ចំណាយ​ប្រាក់​ចំនួន​ជិត​5ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ ដើម្បី​បង្កើត​សាខា​ទី2​ របស់​ខ្លួន​ឈ្មោះថា​ “ចំរើនផល2​” នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ1​ មាន​ចម្ងាយ​ប្រមាណ​ជាង​ 13គីឡូម៉ែត្រ​ពី​ស្ពាន​ច្បារអំពៅ​បន្ថែម​ទៀត​ ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​កាន់តែ​សម្បូរ​បែប​ឡើង​។

    ដូចគ្នា​នេះ​ដែរ​ ម្ចាស់ហាង​ផ្កា​ “ម៉ី​លីន​”ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទួលសាលា​ ឃុំ​ព្រៃពួច​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ស្ថិតនៅ​តាមផ្លូវ​ជាតិ​លេខ4​ ត្រង់​គីឡូ​លេខ29​-30​ ក៏បាន​មានប្រសាសន៍​ដែរ​ថា​ដោយសារតែ​ស្រឡាញ់​ធម្មជាតិ​ ស្រឡាញ់​បរិស្ថាន​ អ្នកស្រី​ និង​គ្រួសារ​បាន​ជួល​ដី​គេ​ទំហំ​ធំ​មួយ​កន្លែង​ជាប់​ផ្លូវជាតិ​លេខ4​ ត្រង់​គីឡូម៉ែត្រ​លេខ29​-30​ ដើម្បី​បើក​ទីតាំង​លក់​កូន​ផ្កា​ និង​កូនឈើ​ដាំ​លម្អ​អស់​រយៈពេល​ជាង​ 3ឆ្នាំ​មក​ហើយ​។ កាល​លក់​ដំ​បូងៗ​មិនសូវ​មាន​ដើមទុន​ដាក់​កូន​ផ្កា​ និង​កូនឈើ​ច្រើន​ប៉ុន្មាន​ទេ​ តែ​ដោយសារ​ខំ​សន្សំ​បន្តិច​ម្តង​ៗទើប​ទីតាំង​របស់​អ្នកស្រី​រីក​ធំ​មកទល់​សព្វថ្ងៃ​ ដែល​មា​នភ្ងៀ​វម​កទិញ​ជាហូរហែ​មិនដែល​ដាច់​ម៉ូយ​ទេពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​។

    កាលពី​ឆ្នាំ​កន្លង​មុន​ៗ មិនសូវ​មាន​តម្រូវការ​ដាំ​ដើមផ្កា​ ឬកូនឈើ​តាំង​លម្អ​តាម​ផ្ទះ​ ច្រើន​ប៉ុន្មាន​ទេ​ប៉ុន្តែ​ទើបតែ​អាកាសធាតុ​ប្រែប្រួល​កាន់តែ​ក្តៅ​ឡើង​ៗពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​ចុងក្រោយ​នេះ​ ទើប​ធ្វើ​ឱ្យ​តម្រូវការ​ដាំ​ដើមផ្កា​ និង​កូនឈើ​តាម​ផ្ទះ​កើន​ច្រើន​ឡើង​ៗ ដោយសារតែ​មនុស្ស​មានការ​យល់ដឹង​កាន់តែ​ច្រើនឡើង​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ដាំ​ដើមឈើ​ដើម្បី​ទាក់ទាញ​ធាតុ​ត្រជាក់​នៅ​តាម​ផ្ទះ​របស់​ខ្លួន​។ តែ​យ៉ាង​ណាក៏ដោយ​ ក៏​ម្ចាស់​ទីតាំង​លក់​កូន​ផ្កា​ខាងលើ​បាន​អះអាង​ដែរ​ថា​ ការ​លក់​កូន​ផ្កា​មិនសូវ​បាន​ចំណេញ​ច្រើន​ទេ​ 1ដើម​ចំណេញ​ប្រហែល​តែ2​ ទៅ3ពាន់​រៀល​ប៉ុណ្ណោះ​ ប៉ុន្តែ​បើ​កូនឈើ​វិញ​ អាច​រកបាន​ប្រាក់​ចំណេញ​ច្រើន​គួរសម​ជាង​ បើ​ប៉ះចំ​គេ​យក​ទៅ​ដាំ​តាម​សួនច្បារ​ ឬដាំ​តាំង​លម្អ​តាម​បុរី​ ផ្ទះល្វែង​ ឬដី​ឡូ​ត៍​ផ្សេង​ៗនោះ​ គឺ​គេ​អាច​កុម្ម៉ង់​ទិញ​ម្ដង​ច្រើន​ៗ ទទួល​បាន​ប្រាក់កម្រៃ​ច្រើន​គួរសម​ និង​អាច​ផ្តល់​ការងារ​បាន​កាន់តែ​ច្រើន​ដល់​កម្មករ​ទៀតផង​។

    ម្ចាស់​ទីតាំង​លក់​កូន​ផ្កា​ខាងលើ​បាន​អះអាង​ថា​ របរ​លក់​កូនឈើ​ និង​កូន​ផ្កា​នៅ​តាម​ជាយក្រុង​ មិន​សូវ​បាន​ថ្លៃ​ខ្ពស់​ដូច​នៅក្នុង​ទីក្រុង​ នៅ​តាម​ផ្សារ​ទំនើប​ឬបាន​ថ្លៃ​ដូច​នៅ​ក្រុង​កំពង់សោម​ទេ​ ដោយសារ​ទីនោះ​មាន​ចិន​សង់​ខុន​ដូ​ និង​ផ្ទះ​ច្រើន​ ធ្វើ​ឱ្យ​មាន​តម្រូវការ​ច្រើន​ ហើយ​លក់​បាន​ថ្លៃ​ខ្ពស់​ស្ទើរតែ​ 1គុណ​នឹង2​ ទៀតផង​ ហើយ​អ្នកស្រី​ប្រាប់​ថា​ ប្រជាពលរដ្ឋ​គួរ​ដាំ​ដើម​ឈើ​រនៅ​តាម​ផ្ទះ​ឱ្យ​បាន​ច្រើន​ ដើម្បី​ទាញ​អាកាសធាតុ​ត្រជាក់​នៅ​ជុំវិញ​ផ្ទះ​របស់​ខ្លួន​ដើម្បី​ឱ្យ​សុខភាព​របស់​កូនចៅ​ និង​សមាជិក​ក្នុង​គ្រួសារ​បាន​ល្អ​ប្រសើរ​ មាន​ខ្យល់​បរិសុទ្ធ​ និង​ត្រជាក់​ត្រជុំ​ក្នុង​ក្រុម​គ្រួសារ​ ទោះជា​មាន​ដី​នៅសល់​តិចតួច​ ឬធំ​ទូលាយ​ក្តី​។

    គួរ​បញ្ជាក់​ថា​ របរ​លក់​កូន​ផ្កា​ និង​កូនឈើ​តាំង​លម្អ​តាម​ផ្ទះ​បាន​រីក​ដុះដាល​កាន់តែ​ច្រើន​ឡើង​ៗនៅ​តាម​គ្រប់​បណ្ដោយ​ផ្លូវជាតិ​ ដូចជា​ផ្លូវជាតិ​លេខ1​ ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ​ និង​ស្រុក​កៀនស្វាយ​។ ផ្លូវជាតិ​លេខ2​ នៅ​ជិត​គល់​ស្ពាន​ព្រែកហូរ​។ ផ្លូវជាតិ​លេខ3​ នៅ​ជិត​ស្ពាន​ 7មករា​។ ផ្លូវជាតិ​លេខ4​ នៅ​ម្តុំ​វត្ត​ទួលសាលា​។ ផ្លូវជាតិ​លេខ5​ នៅ​ជិត​ផ្សារ​ព្រែក​-ព្នៅ​ និង​ផ្លូវជាតិ​លេខ6​ នៅ​ជិត​ផ្សារ​ព្រែកអញ្ចាញ​ ជាដើម​។ល៕

  • តារាចម្រៀង​ ​កញ្ញា​ ​វុទ្ធ​ ​សុ​គន្ធា​ ​ត្រៀម​ទៅ​អង្រួន​នៅ​លើទឹក​ដី​អូ​ស្រា​លី​

    តារាចម្រៀង​ ​កញ្ញា​ ​វុទ្ធ​ ​សុ​គន្ធា​ ​ត្រៀម​ទៅ​អង្រួន​នៅ​លើទឹក​ដី​អូ​ស្រា​លី​

    ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​នា​ពេល​ថ្មី​ៗ​នេះ​ ​គេ​បានឃើញ​ថា​ ​តារាចម្រៀង​ ​កញ្ញា​ ​វុទ្ធ​ ​សុ​គន្ធា​ ​គ្រោង​នឹង​ទៅ​បង្ហាញខ្លួន​នៅ​លើទឹក​ដី​ប្រទេស​អូ​ស្រា​លី​ ​នៅ​អំឡុង​ចុងខែ​កក្កដា​ ​នេះ​ហើយ​ ​ខណៈ​ដែល​សាមីខ្លួន​ ​ក៏​បញ្ជាក់​ប្រាប់​ថា​ ​ខ្លួន​ពិតជា​មាន​គម្រោង​ចាកចេញ​ទៅ​មែន​ ​ប៉ុន្តែ​ទៅ​រហូតដល់២ប្រទេស​ឯណោះ​។​ ​

    ​តារាចម្រៀង​ ​កញ្ញា​ ​វុទ្ធ​ ​សុ​គន្ធា​ ​និយាយ​ថា​ ​នឹង​ពិត​ចាកចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី​មែន​ ​ដោយដំណើរ​របស់​នាង​ ​នឹង​ចាកចេញ​នៅ​ថ្ងៃទី​ ​៣១​ ​កក្កដា​ ​នេះ​ហើយ​ ​ដើម្បី​ទៅ​ច្រៀង​នៅ​លើទឹក​ដី​មួយ​នេះ​ ​រយៈពេល៦សប្ដាហ៍​។​ ​កញ្ញា​ថា​ ​ខ្លួន​នឹង​បើកឆាក​ច្រៀង​នៅ​តាម​បណ្ដា​រដ្ឋ​ជាច្រើន​របស់​ប្រទេស​អូស្ត្រាលី​ ​អម​ដោយ​វត្តមាន​តារា​មួយចំនួន​ពី​ស្រុកខ្មែរ​ផង​ដែរ​ ​ដូចជា​លោក​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​ជាដើម​។​ ​កញ្ញា​នឹង​បន្ត​បេសកកម្ម​ទៅ​ច្រៀង​នៅក្នុង​ប្រទេស​ញូ​ហ្សេ​ឡិន​រយៈពេល២សប្ដាហ៍​បន្ថែម​ទៀត​ ​ដែល​មានន័យថា​ ​ដំណើរ​ចាកចេញ​ទៅ​ច្រៀង​នៅ​ក្រៅប្រទេស​លើក​នេះ​ ​គឺ​ទៅ​រយៈពេល២ខែ​ ​គឺ​មួយ​ខែ​កន្លះ​នៅ​ប្រទេស​អូស្ត្រាលី​ ​និង​ ​កន្លះ​ខែ​នៅ​ ​លើទឹក​ដី​ប្រទេស​ញូ​ហ្សេ​ឡិន​។​ ​

    ​កញ្ញា​ ​វុទ្ធ​ ​សុ​គន្ធា​ ​និយាយ​ថា​ ​នាង​មិន​ត្រៀម​អ្វី​ច្រើន​សម្រាប់​ការ​ចាកចេញ​នេះ​ទេ​ ​ដោយសារតែ​នាង​គឺជា​តារាចម្រៀង​ប្រចាំ​ក្រុម​ដែល​មានឈ្មោះ​បោះ​សំលេង​ស្រាប់ហើយ​ ​ដែល​អាច​ច្រៀង​បាន​ទាំង​ប្រភេទ​បទ​បុរាណ​ ​សម័យ​ ​និង​បទ​បែប​រាំ​សប្បាយ​ៗ​។​ ​នេះ​ជា​អាជីព​ដែល​នាង​ប្រឡូក​មក​ច្រើន​ឆ្នាំ​មក​ហើយ​ ​ទើប​នាង​មិនសូវ​មានការ​បារម្ភ​ពី​ការ​គាំទ្រ​ ​ដោយសារតែ​នាង​គឺជា​តារា​អាជីព​ស្រាប់​ ​ដែល​អាច​បត់បែន​បាន​គ្រប់​ប្រភេទ​បទ​។​ ​យ៉ាងណាមិញ​ ​នាង​ក៍​បាន​ត្រៀមខ្លួន​បកស្រាយ​បទ​ពិ​រោះ​ៗ​ ​និង​មានការ​សម្ដែង​អោយ​ប្លែកភ្នែក​ផង​ ​ដើម្បីអោយ​បងប្អូន​បាន​ទស្សនា​នៅ​ទីនោះ​ ​សប្បាយចិត្ត​ផង​ដែរ​ ​សម្រាប់​ការសម្ដែង​ទាំង២ប្រទេស​របស់​ខ្លួន​។​

  • ការ​បើក​ជើងហោះហើរ​ត្រង់​ថ្មី​ៗមក​កម្ពុជា​ ជា​ការជំរុញ​វិស័យ​សេដ្ឋកិច្ច​ និង​ទេសចរណ៍​

    ការ​បើក​ជើងហោះហើរ​ត្រង់​ថ្មី​ៗមក​កម្ពុជា​ ជា​ការជំរុញ​វិស័យ​សេដ្ឋកិច្ច​ និង​ទេសចរណ៍​

    ការ​បើក​ជើងហោះហើរ​អន្តរជាតិ​ដើម្បី​គាំទ្រ​វិស័យ​អាកាសចរណ៍​ជាមួយនឹង​ស្តង់​ដា​ពិភពលោក​ទាក់ទង​នឹង​សុវត្ថិភាព​ និង​និរន្តរភាព​ គឺជា​ការជំរុញ​ទំនាក់ទំនង​អាជីវកម្ម​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ការ​ធ្វើវិនិយោគ​ រួម​ទាំង​បង្កើន​ជើងហោះហើរ​សម្រាប់​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរ​ និង​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​។

    ឯកឧត្តម​ ជា​ អូន​ រដ្ឋលេខាធិការ​រដ្ឋលេខាធិការ​អាកាសចរ​ស៊ីវិល​បាន​ថ្លែង​ថា​ កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សេវាកម្ម​អាកាសចរណ៍​ដូច​តាម​ការ​គ្រោងទុក​។ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ Citilink​ បាន​ចុះចត​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដែល​ជា​ចំណុច​សំខាន់​ថ្មី​មួយ​ក្នុង​ការ​តភ្ជាប់​ដោយ​ត្រង់​រវាង​ប្រទេស​កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​តពីលើ​កដំបូង​នៅ​ឆ្នាំ1969​ ហើយ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​នៃ​ប្រទេស​ទាំង2​ បាន​ចុះ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ការ​តភ្ជាប់​តាមផ្លូវអាកាស​ជាថ្មី​នៅក្នុង​ឆ្នាំ2006​។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“កិច្ច​ព្រមព្រៀង​សេវា​អាកាសចរណ៍​ និង​ MoU​ រវាង​ប្រទេស​ទាំង2​ បាន​ជួយ​យើង​ឱ្យ​ចរចា​ និង​បង្កើត​ជើងហោះហើរ​ដោយ​ត្រង់នេះ​។ ដោយ​ផ្អែកលើ​អង្គការ​អាកាសចរណ៍​ស៊ីវិល​ អន្តរជាតិ​ និង​តម្រូវការ​នៅ​កម្ពុជា​ យើង​ក៏បាន​ពិនិត្យមើល​រចនាសម្ព័ន្ធ​ក្រុម​-ហ៊ុន​ ឯកសារ​ និង​ទិដ្ឋភាព​ច្បាប់​ផ្សេង​ៗទៀត​ ដើម្បី​ធានា​ថា​ ការហោះហើរ​មក​ប្រទេស​កម្ពុជា​បាន​បំពេញ​តាម​ស្តង់​ដា​ជាតិ​ និង​អន្តរជាតិ​”។

    ឯកឧត្តម​បាន​បន្ថែម​ថា​៖ “យើង​ គឺជា​អាជ្ញាធរ​ដែល​ធ្វើ​ឱ្យ​ការហោះហើរ​មាន​សុវត្ថិភាព​ និង​មាន​ស្ថិរភាព​”។ យើង​ក៏បាន​ចេញ​វិញ្ញាបនបត្រ​ប្រតិបត្តិ​ការ​យន្តហោះ​បរទេស​ទៅ​ឱ្យ​ក្រុមហ៊ុន​ Citilink​ ផង​ដែរ​”។

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖“ជើងហោះហើរ​ត្រង់​នឹង​បង្កើន​លំហូរ​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង2​។ ការហោះហើរ​ត្រង់នេះ​ និង​ការ​កែ​លម្អ​សម្ភារ​នៅក្នុង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​របស់​កម្ពុជា​កំពុង​ក្លាយជា​ច្រក​ទ្វារ​ចូល​ដ៏​មានប្រសិទ្ធភាព​នឹង​ជួយ​បង្កើន​វិស័យ​ទេសចរណ៍​រវាង​ឥណ្ឌូ​នេ​ស៊ី​ និង​កម្ពុជា​។ ខ្ញុំ​រំពឹង​ថា​ ភ្ញៀវ​ទេសចរ​កម្ពុជា​ជាច្រើន​នឹង​ធ្វើដំណើរ​ទៅកាន់​កោះ​បាលី​ បូ​ឡូ​ប៊ូ​ឌួ​ និង​កន្លែង​ដ៏​ស្រស់​ស្អាត​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​”។

    ស្រប​ជាមួយគ្នា​នេះ​ ក្នុង​ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ជាមួយ​គណៈប្រតិភូ​ចិន​មក​ពី​ខេ​ត្ត​ជឺ​ជាំ​ង ដឹកនាំ​ដោយ​លោក​ចាង​ សឺ​ស៊ី​ (Zhang​ Zexi​) អនុប្រធាន​សភា​ប្រឹក្សា​យោបល់​ខេ​ត្ត​ជឺ​ជាំ​ងក៏បាន​បង្ហាញ​ពី​គោលបំណង​ចង់​មក​វិនិយោគ​បង្កើត​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​ ជាពិសេស​សម្រាប់​ទេសចរ​វ័យ​ចំណាស់​ ខណៈ​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ខេត្ត​មួយ​នេះ​ត្រូវ​បាន​បញ្ជាក់​ថា​ គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ2019​ នេះ​។

    គណៈប្រតិភូ​ចិន​បាន​បញ្ជាក់​ថា​ នៅ​ខេ​ត្ត​ជឺ​ជាំ​ងសម្បូរទៅដោយ​ប្រជាជន​ច្រើន​ ហើយ​នៅ​ឆ្នាំ2018​ ទេសចរ​ចិន​នៅ​ខេ​ត្ត​ជឺ​ជាំ​ងដែល​បាន​ចេញ​ដើរកម្សាន្ត​នៅ​ក្រៅប្រទេស​មាន​ចំនួន​ 2លាន​ 8 សែន​នាក់​ ក្នុង​នោះ​មក​កម្ពុជា​ប្រមាណ​ 8ម៉ឺន​នាក់​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឱ្យ​ភាគី​ចិន​ជួយ​ជំរុញ​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ខេ​ត្ត​ជឺ​ជាំ​ងមក​កម្ពុជា​ឱ្យ​បាន​ឆាប់រហ័ស​ ដើម្បី​ជំរុញ​កំណើន​ទេសចរ​ពី​ខេត្ត​មួយ​នេះ​ឱ្យ​បាន​កាន់តែ​ច្រើនឡើង​។ លោក​ ចាង​ សឺ​ស៊ី​ បាន​ឆ្លើយតប​ថា​ ខេ​ត្ត​ជឺ​ជាំ​ងរ​បស់​លោក​ក៏បាន​ខិតខំ​ជំរុញ​ការងារ​នេះ​ដែរ​ ហើយ​នៅ​អំឡុង​ឆ្នាំ2019នេះ​ ជើងហោះហើរ​ត្រង់​ពី​ខេ​ត្ត​ជឺ​ជាំ​ងមក​កម្ពុជា​នឹង​ត្រូវ​ដំណើរការ​ឡើងជា​ផ្លូវការ​។

    ដោយឡែក​គណៈប្រតិភូ​នៃ​ក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​កូរ៉េ​ក៏បាន​អះអាង​ឱ្យ​ដឹង​ដែរ​ថា​ ខ្លួន​ក៏​មានបំណង​វិនិយោគ​ និង​ធ្វើ​សហប្រតិបត្តិ​ការ​វិនិយោគ​លើ​វិស័យ​ចំនួន6​ នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។

    លោក​ Maeng​ Gyeong​ Jae​ នាយក​នៃ​ការិយាល័យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​នៃ​ខេត្ត​មួយ​របស់​កូរ៉េ​បាន​បញ្ជាក់​ថា​ គម្រោង​វិនិយោគ​ទាំង6​ នោះ​គឺ​ Bio​ Industry​, Solar​ Power​ and​ New​ Energy​ Industry​, Cosmetic​ and​ Beauty​ Industry​, Organic​ and​Food​ Industry​, New​ Transportation​ and​ Aviation​ Industry​ និង​ ICT​ Convergence​ Industry​ ដែល​ក្នុង​នោះ​ក៏​មាន​គម្រោង​វិនិយោគ​ផ្នែក​អាកាសចរណ៍​ផង​ដែរ​។

    ឯកឧត្តម​ ស៊ិន​ ចាន់​សេ​រី​វុត្ថា​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ផ្នែក​អាកាសចរណ៍​ស៊ីវិល​បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖ “វិស័យ​អាកាសចរណ៍​ជា​រៀងរាល់​ឆ្នាំ​ យើង​សង្ឃឹមថា​ នឹង​មាន​កំណើន​ ចំណុច​ទី1​-(ការ​កើនឡើង​នូវ​ជើងហោះហើរ​ កំណើន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ និង​កំណើន​ផ្លូវ​ហោះ​ថ្មី​)នេះ​យើង​គិតថា​ នឹង​មាន​កំណើន​។ ទី2​-ខ្ញុំ​គិតថា​ អ្វី​ជា​អត្ថ​ប្រយោជន៍​ យើង​ត្រូវ​គិតថា​ អាកាសចរណ៍​មិន​មែន​កើនឡើង​ដោយខ្លួនឯង​ទេ​ វា​ជា​កតា​លី​ករ​មួយ​ប៉ុណ្ណោះ​ ប៉ុន្តែ​ដែល​មាន​កំណើន​បាន​ គឺ​ដោយសារ​វិស័យ​ទេសចរណ៍​ វិស័យ​វិនិយោគ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​”។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​៖“ជាដើម​ចម​ គឺ​ចេញពី​វិស័យ3​ ខាងលើ​នេះ​ បាន​ធ្វើ​ឱ្យ​ផ្នែក​អាកាសចរណ៍​កើនឡើង​។ ខ្ញុំ​លើក​ឧទាហរណ៍​ថា​ បើ​អ្នក​វិនិយោគ​មក​ប្រទេស​យើង​ចង់​វិនិយោគ​ គាត់​ត្រូវការ​ជិះ​យន្តហោះ​ យើង​មាន​កំណើន​ជើងហោះហើរ​។ បើ​គាត់​មក​ធ្វើ​ពាណិជ្ជកម្ម​ គាត់​ត្រូវ​ធ្វើ​ចរាចរណ៍​ ធ្វើការ​ទាក់ទងគ្នា​ យើង​មានការ​កើន​អ្នកដំណើរ​ និង​ពាណិជ្ជកម្ម​រួម​ទាំង​កំណើន​ភ្ញៀវ​ទេសចរ​ផង​ដែរ​”។

    សម្រាប់​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វិនិយោគ​លើ​វិស័យ​អាកាស​ចរ​ណ័​នេះ​ដែរ​ ឯកឧត្តម​ ស៊ិន​ ចាន់​សេ​រី​វុត្ថា​ បាន​បញ្ជាក់​ថា​៖“បើ​និយាយ​ពី​កំណើន​ជើង​ហោះហើរ​ថ្មី​ដែល​ចូល​មក​ស្រុកខ្មែរ​ យើង​បាន​ធ្វើការ​សិក្សា​រួចហើយ​ពី​អាកាសយាន​ដ្ឋាន​ដែល​ធ្វើការ​អភិវឌ្ឍ​រហូតដល់​ឆ្នាំ2022​ នឺង​មាន​ជើងហោះហើរ​ថ្មី​ៗសម្រាប់​អាកាសយាន​ដ្ឋាន​សំខាន់​ទាំង3​ គឺ​អាកាសយាន​ដ្ឋាន​ភ្នំពេញ​នឹង​មាន​ 19ក្រុមហ៊ុន​ នៅ​ខេត្តសៀមរាប​នឹង​មាន​ 17ក្រុមហ៊ុន​ និង​នៅ​ខេត្ត​ព្រះសីហនុ​នឹង​មាន​ 10ក្រុមហ៊ុន​”។

    ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា​៖ “ដូច្នេះ​ គឺ​ផ្នែក​អភិវឌ្ឍន៍​អាកាសយាន​ដ្ឋាន​យើង​បាន​ត្រៀម​រៀបចំ​ខ្លួន​សម្រាប់​ត្រៀម​ដើម្បី​ពង្រឹង​ និង​ពង្រីក​សមត្ថភាព​ខ្លួនឯង​ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទទួល​ជើងហោះហើរ​ អ្នកដំណើរ​ និង​អ្នកទេសចរ​ ហើយក៏​អាច​ដូច​នឹង​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​ដែរ​ពីព្រោះ​គាត់​បាន​សិក្សា​លម្អិត​ដែរ​ ដោយ​យើង​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ទទួល​នូវ​កំណើន​នេះ​។ ពោល​គឺ​យើង​អាច​ទទួលយក​បាន​នូវ​កំណើន​នេះ​ដោយ​យើង​នឹង​គ្មាន​ការ​លំបាក​ យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដោយ​ពុំ​មាន​បញ្ហា​”៕

  • ឥណ្ឌូ​នេ​ស៊ី​ ​និង​អូស្ត្រាលី​មានបំណង​ធ្វើ​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​2034​ ​រួមគ្នា​

    ឥណ្ឌូ​នេ​ស៊ី​ ​និង​អូស្ត្រាលី​មានបំណង​ធ្វើ​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​2034​ ​រួមគ្នា​

    ​ឥណ្ឌូ​នេ​ស៊ី​ ​និង​អូស្ត្រាលី​បាន​ជួបគ្នា​ពិភាក្សា​អំពី​គម្រោង​ត្រៀម​ធ្វើ​សហ​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​ ​World​ ​Cup​ ​2034​ ​ក្នុង​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​មួយ​ក្នុង​ការប្រជុំ​ប្រទេស​បាល់ទាត់​នៃ​តំបន់​អាស៊ាន​។​ ​

    ​ជំនួប​ប្រជុំ​នេះ​ហាក់​ធ្វើ​ឱ្យ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល​មិនសូវ​ជា​សប្បាយចិត្ត​ប៉ុន្មាន​ឡើយ​ ​ដោយសារ​តែ​ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែរ​ ​តែ​មិនបាន​ចូលរួម​ជាមួយ​ប្រទេស​ក្នុង​តំបន់​ ​ដោយ​បែរជា​ទៅ​ចូលដៃ​សហការ​ជាមួយនឹង​ប្រទេស​ផ្សេង​ក្នុង​ការ​ដាក់ពាក្យ​ធ្វើ​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​2034​ ​នេះ​ទៅវិញ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ថៃ​បាន​បបួល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​2034​ ​ដោយ​ក្នុង​នោះ​កម្ពុជា​ក៏បាន​យល់ព្រម​ផង​ដែរ​៕​


  • មាស​ ​ម៉ើ​ ​ប្តូរ​អាជីព​មក​រត់ឡាន​ឈ្នួល​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​វិញ​

    មាស​ ​ម៉ើ​ ​ប្តូរ​អាជីព​មក​រត់ឡាន​ឈ្នួល​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​វិញ​

    កីឡាករ​ប្រដាល់​ក្បាច់គុន​ចម្រុះ​ដែល​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​របស់​កម្ពុជា​ ​លោក​ ​មាស​ ​ម៉ើ​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​កំពុងតែ​រត់ឡាន​ឈ្នួល​ ​ខណៈ​ដែល​បច្ចុប្បន្ន​បាន​ឈប់​ហ្វឹកហាត់​ប្រដាល់​ហើយ​។​

    ​ចំពោះ​ការ​ប្តូរ​អាជីព​មក​រត់ឡាន​ឈ្នួល​វិញ​បែបនេះ​ ​ត្រូវ​បាន​កីឡាករ​រូប​នេះ​បញ្ជាក់​ថា​ ​មក​ពី​ខ្លួន​មិន​មានការ​ប្រកួត​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​ ​ខណៈ​ដែល​ការប្រកួត​ចុងក្រោយ​បង្អស់​របស់​គេ​ ​គឺ​វាយ​ជាមួយនឹង​កីឡាករ​សញ្ជាតិ​ឥណ្ឌូ​នេ​ស៊ីលើ​សង្វៀន​ធំជាង​គេ​បង្អស់​របស់​ទ្វីបអាស៊ី​ ​ONE​ ​FC​។​

    ​ទោះជា​បែបនេះ​ក្តី​ ​មាស​ ​ម៉ើ​ ​បាន​និយាយ​ថា​ ​គេ​នៅតែ​ស្រឡាញ់​អាជីព​ជា​អ្នកប្រដាល់​ ​តែ​នេះ​ដោយសារតែ​ជីវភាព​គ្រួសារ​ព្រោះ​ត្រូវ​ចិញ្ចឹម​ប្រពន្ធ​ ​និង​កូន​ទាំងអស់​ ​4នាក់​ ​ទើបត្រូវ​តែ​ខឹ​ត​ខំ​ ​តែ​ប្រសិនបើ​គេ​នៅ​ខ្លួន​មួយ​វិញ​ ​ប្រាកដ​ណាស់​គេ​នឹង​នៅ​ស៊ូ​ជាមួយ​កីឡា​មួយ​នេះ​ដើម្បី​មុខមាត់​ប្រទេសជាតិ​មិនខាន​៕​

  • កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​ការប្រកួត​ហែលទឹក​ជើងឯក​យុវជន​អាស៊ាន​ ​មិនបាន​ឈ្នះ​មេដាយ​សូម្បីតែ1​

    កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​ការប្រកួត​ហែលទឹក​ជើងឯក​យុវជន​អាស៊ាន​ ​មិនបាន​ឈ្នះ​មេដាយ​សូម្បីតែ1​

    ការប្រកួត​កីឡាហែលទឹក​ជើងឯក​យុវជន​អាស៊ាន​ប្រចាំឆ្នាំ2019​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​បំផុត​ ​ត្រូវ​បាន​បិទ​បញ្ចប់​ជាស្ថាពរ​ហើយ​កាលពី​ម្សិលមិញ​នេះ​ ​នៅ​ទីលាន​ហែលទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​។​

    ​ការប្រកួត​ដែល​បញ្ចប់​កាលពី​ថ្ងៃទី30​ ​ខែមិថុនា​កន្លងទៅ​នេះ​បង្ហាញ​ឱ្យ​ឃើញថា​ ​យុវជន​វៀតណាម​ធ្វើ​បាន​ល្អ​ជាងគេ​ក្នុងចំណោម​ ​10ប្រទេស​ ​គឺ​ឈ្នះ​បាន​មេដាយមាស​ចំនួន43​ ​ប្រាក់41​ ​និង​សំរឹទ្ធ25​ ​សរុប​ចំនួន​ ​109គ្រឿង​ ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ1​ ​តាម​ពីក្រោយ​ដោយ​ថៃ​ ​សិង្ហបុរី​ ​ឥណ្ឌូ​នេ​ស៊ី​ ​ហ្វីលីពីន​ ​និង​ម៉ាឡេស៊ី​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ម្ចាស់ផ្ទះ​កម្ពុជា​ ​និង​ប្រទេស​ចំនួន​ ​3ផ្សេងទៀត​ ​រួមមាន​ឡាវ​ ​មីយ៉ាន់ម៉ា​ ​និង​ប្រ៊ុយណេ​ ​មិនបាន​ទទួល​ចំណាត់ថ្នាក់​ក្នុង​ការប្រកួត​នេះ​ឡើយ​ ​ដោយ​មិនបាន​ឈ្នះ​មេដាយ​សូម្បីតែ១គ្រឿង​ពី​ការប្រកួត​នេះ​៕​


  • Leaderland​ English​ Academy​ នឹង​ក្លាយជា​សាលា​ឆ្លាតវៃ​ដំបូង​បំផុត​ដើម្បី​ជួយយុវជន​កម្ពុជា​ឱ្យ​មានចំណេះ​ដឹង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម4.0​

    Leaderland​ English​ Academy​ នឹង​ក្លាយជា​សាលា​ឆ្លាតវៃ​ដំបូង​បំផុត​ដើម្បី​ជួយយុវជន​កម្ពុជា​ឱ្យ​មានចំណេះ​ដឹង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម4.0​

    បដិវត្តន៍​ឧស្សាហកម្ម​ នឹង​ចូល​មក​ដល់​កម្ពុជា​កាន់តែ​ស៊ី​ជម្រៅ​ទៅៗ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ដែល​ធ្វើ​ឱ្យ​តម្រូវការ​ទីផ្សារ​ការងារ​មានការ​ប្រែប្រួល​យ៉ាងច្រើន​។កត្តា​នេះ​ក៏​ចាំបាច់​ត្រូវ​មានការ​កែប្រែ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​នូវ​របត់​នៃ​ការអប់រំ​ ដើម្បី​ឱ្យ​ក្មេង​ៗជំនាន់​ក្រោយ​របស់​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតបទៅនឹង​បរិបទ​ថ្មី​ទាំងអស់​នេះ​ ទាំង​ផ្នែក​បច្ចេកវិទ្យា​ ភាពជា​អ្នកដឹកនាំ​ និង​ជំនាញ​នវានុវត្តន៍​ជាដើម​។

    ថ្ងៃនេះ​ អ្នកយកព័ត៌មាន​នៃ​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​បាន​ជួប​សម្ភាស​ជាមួយនឹង​លោក​ Paul​ Urbano​ នាយក​សាលា​ Leaderland​ English​ Academy​ ដើម្បី​បង្ហាញ​ពី​របស់​ថ្មី​នៃ​ការអប់រំ​ ដើម្បី​ជំរុញ​សិស្សានុសិស្ស​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​ជា​អន្តរជាតិ​ សម្រាប់​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ​នា​ពេល​អនាគត​។

    លោក Paul Urbano នាយក​សាលា Leaderland English Academy

    1. តើ​មូលហេតុ​អ្វី​ទើប​នាំ​ឱ្យ​មានការ​បង្កើត​សាលា​ Leaderland​ English​ Academy​ នេះ​ឡើង​?
    មូលហេតុ​សំខាន់​ដែល​នាំ​ឱ្យ​មានការ​បង្កើត​សាលា​Leaderland​ English​ Academy​ នេះ​ឡើង​ គឺ​យើង​មាន​ចក្ខុវិស័យ​ និង​បេសកកម្ម​សំខាន់​ដើម្បី​ជំរុញ​សិស្សានុសិស្ស​ជំនាន់​ថ្មី​របស់​កម្ពុជា​ឱ្យ​ក្លាយជា​មនុស្ស​មាន​សមត្ថភាព​ខ្ពស់​ទាំង​ផ្នែក​ភាសា​សម្រាប់​ទំនាក់ទំនង​ ផ្នែក​ភាពជា​អ្នកដឹកនាំ​ មានទំនុក​ចិត្ត​ខ្ពស់​ និង​បច្ចេកវិទ្យា​។

    យើង​មិន​ត្រឹមតែ​បណ្តុះបណ្តាល​ជំនាញ​សម្រាប់​តែ​នៅ​កម្ពុជា​នោះ​ទេ​ តែ​យើង​បណ្តុះបណ្តាល​សម្រាប់​សិស្ស​នៅ​ទ្វីបអាស៊ី​ឱ្យ​មាន​ជំនាញ​សំ​ខាន់​ៗទាំងអស់​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ជំរុញ​ពួកគេ​ឱ្យ​ក្លាយជា​អនាគត​អ្នកដឹកនាំ​ដ៏​ល្អ​សម្រាប់​បន្តវេន​លើ​គ្រប់​វិស័យ​ទាំងអស់​។

    2. តើ​ Leaderland​ English​ Academy​ មាន​ចំណុចខ្លាំង​អ្វីខ្លះ​ក្នុង​ការអប់រំ​ធនធានមនុស្ស​ជំនាន់​ថ្មី​របស់​កម្ពុជា​?
    ដូច​ខ្ញុំ​បាន​បញ្ជាក់​រួចមក​ហើយ​ថា​ យើង​មាន​ចំណុច​ខ្លាំង​លើ​ការ​បណ្តុះបណ្តាល​ផ្នែក​ភាសាអង់គ្លេស​ដែល​ជា​ភាសា​សំខាន់​សម្រាប់​ការ​ទំនាក់ទំនង​ និង​ជា​ស្ពាន​ដ៏​សំខាន់​ក្នុង​ការសម្រេច​បាន​នូវ​ការងារ​ជាច្រើន​ទៀត​នៅ​ថ្ងៃ​អនាគត​។ នៅពេល​ដែល​សិស្ស​មានចំណេះ​ដឹង​ភាសា​ល្អ​ មានការ​ប្រាស្រ័យ​ទាក់ទង​ល្អ​ ពួកគេ​នឹងអាច​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ចាប់​យក​ការងារ​ល្អ​ ឬប្រកួតប្រជែង​ជា​លក្ខណៈ​សកល​ មិនមែន​ប្រកួតប្រជែង​តែ​ក្នុង​ទីផ្សារ​កម្ពុជា​នោះ​ទេ​។

    ក្រៅពី​នេះ​ យើង​ក៏​មានកម្ម​វិធី​បណ្តុះបណ្តាល​លើ​ភាពជា​អ្នកដឹកនាំ​ និង​នវានុវត្តន៍​ ឬការបង្កើត​ថ្មី​ ដែល​ជា​ជំនាញ​មាន​តម្រូវការ​ខ្ពស់​នៅ​ថ្ងៃ​អនាគត​។ ការសិក្សា​នៅ​ទីនេះ​ គឺ​ផ្តល់​ឱកាស​ច្រើន​ដល់​សិស្ស​ដើម្បី​អនុវត្ត​ជាក់ស្តែង​នូវ​បំណិន​ជីវិត​ជាច្រើន​ដែល​ជា​ជំនាញ​ទន់​ សម្រាប់​ឱ្យ​ពួកគេ​អាច​សម្រប​ខ្លួន​បាន​ល្អជា​មួយ​នឹង​ការដឹកនាំ​ជីវិត​ជាក់ស្តែង​នៅ​ថ្ងៃ​អនាគត​ ព្រោះថា​ ក្រោយ​បញ្ចប់​ការសិក្សា​នៅ​ទីនេះ​ សិស្ស​ខ្លះ​គាត់​អាច​ធ្វើការងារ​ ហើយ​សិស្ស​ខ្លះ​អាច​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​ ហេតុនេះ​ជំនាញ​ទាំងអស់​នេះ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ជំរុញ​ឱ្យ​ពួកគេ​ក្លាយជា​បុគ្គលិក​ ឬសិស្ស​ឆ្នើម​។

    លើស​ពីនេះ​ទៅទៀត​ យើង​ក៏​ផ្តល់​ឱ្យ​ពួកគេ​នូវ​មេរៀន​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ដើម្បី​ឱ្យ​ពួកគេ​មានឱកាស​ច្រើន​ក្នុង​ការសិក្សា​ដោយ​រីករាយ​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​។ ចំណុច​នេះ​នឹង​ធ្វើ​ឱ្យ​ពួកគេ​មាន​ភាព​ស្ទាត់ជំនាញ​ក្នុង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​ និង​ការ​ធ្វើការងារ​ទាំង​បច្ចុប្បន្ន​ និង​អនាគត​។

    3. បច្ចុប្បន្ន​នេះ​កម្ពុជា​ ក៏ដូចជា​បណ្តា​ប្រទេស​នានា​ដែរ​ កំពុង​ចាប់អារម្មណ៍​ និង​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ដែល​នឹង​ចូល​មកដល់​ក្នុង​ពេល​ឆាប់​ៗនេះ​។ តើ​សាលា​មានកម្ម​វិធី​ ឬបាន​ត្រៀមខ្លួន​ល្អ​ប៉ុនណា​ដែរ​ ដើម្បី​បណ្តុះបណ្តាល​សិស្ស​ឱ្យ​ឆ្លើយតប​នឹង​របត់​ថ្មីនេះ​?
    យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការជំរុញ​ឱ្យ​សិស្សរបស់​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ចំពោះ​ជំនាញ​សតវត្សរ៍​ទី21​ ឬជំនាញ​ដែល​ពិភពលោក​ត្រូវការ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​។ យើង​មាន​ជំនាញ​ភាពជា​អ្នកដឹកនាំ​ ដូចជា​ជំនាញ​ទម្លាប់​ទាំង7​ សម្រាប់​បុគ្គល​មានប្រសិទ្ធភាព​ខ្ពស់​ជាដើម​ ជា​ជំនាញ​ដែល​ពិភពលោក​ត្រូវការ​។ យើង​ផ្តល់​ឱ្យ​ពួកគេ​នូវ​កម្មវិធី​សម្រាប់​អនុវត្ត​ និង​ទទួលយក​នូវ​មេ​រៀន​ល្អ​ៗទាំងអស់​នោះ​ពី​អ្នក​ជំ​នាញៗ​ ព្រោះ​យើង​មាន​សាល​សម្រាប់​ធ្វើ​បទ​បង្ហាញ​ រៀបចំ​សិក្ខាសាលា​ ឬការចែក​រំលែកគំនិត​ទំនើប​ដែល​អាច​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ជាច្រើន​ដែល​សំខាន់​សម្រាប់​ការរស់នៅ​របស់​សិស្ស​។ យើង​មាន​សាល​ធំ​ទូលាយ​ ប្រៀប​ដូចជា​រោងកុន​ ដែល​អាច​ធ្វើ​ឱ្យ​សិស្ស​រីករាយ​នឹង​ទទួលយក​ និង​ចែករំលែក​នូវ​គំ​និ​តល្អ​ៗប្រកបដោយ​ប្រសិទ្ធភាព​ និង​ទាក់ទាញ​ ដែល​ធ្វើ​ឱ្យ​សិស្ស​សិក្សា​ដោយ​ភាព​រីករាយ​។

    ក្រៅពី​នេះ​ យើង​ក៏​មាន​សម្ភារ​បរិក្ខារ​ទំនើប​ៗដើម្បី​ឱ្យ​ពួកគេ​សិក្សា​ដោយ​ភ្ជាប់​ខ្លួន​ជាមួយនឹង​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​វិជ្ជមាន​ ដូចជា​ការរៀបចំ​សៀវភៅ​សិក្សា​ដោយមាន​ភ្ជាប់​ជាមួយ​នូវ​កម្មវិធី​ (software​) ដែល​អាច​ដាក់​បង្ហាញ​ជាមួយនឹង​ទូរទស្សន៍​ឆ្លាតវៃ​ (smart​ TV​) ដែល​យើង​បាន​បំពាក់​នៅ​គ្រប់​បន្ទប់​សិក្សា​ទាំងអស់​។ ក្រៅពី​នេះ​យើង​ក៏​មា​នក្តា​ខៀន​ឆ្លាតវៃ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​សម្រាប់​គ្រូ​ និង​សិស្ស​ធ្វើ​បទ​បង្ហាញ​ពី​មេរៀន​របស់​ពួកគេ​ ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​។ ម្យ៉ាងវិញទៀត​យើង​ក៏​មានការ​ផ្តល់​ឱ្យ​ពួកគេ​នូវ​បទ​ពិសោធ​ពិត​ជាក់ស្តែង​នៃ​ការសិក្សា​ដោយ​ការ​ចុះ​ធ្វើ​កម្មសិក្សា​ទៅកាន់​ក្រុម​ហ៊ុន​ធំៗ​នៅ​កម្ពុជា​ ដូចជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាដើម​ ដើម្បី​ឱ្យ​ពួកគេ​បាន​យល់​កាន់តែ​ច្បាស់​ពី​ការ​អប់រំ​ដែល​ផ្សារភ្ជាប់​ជាមួយនឹង​ការ​ធ្វើការងារ​ពិតប្រាកដ​និង​បទ​ពិសោធ​អប់រំ​ដ៏​ជក់ចិត្ត​ជា​មួយ​បចេ្ច​កវិទ្យា​ (virtual​reality​ experience​) សម្រាប់​សិស្ស​ផង​ដែរ​។

    សាលា​ Leaderland​ English​ Academy​ ផ្តល់​ការអប់រំ​ដ៏​ពិតប្រាកដ​ ដែល​ផ្តល់​ឱ្យ​ចំណេះដឹង​ដែល​សិស្ស​ត្រូវការ​សម្រាប់​ការរស់នៅ​ជាក់ស្តែង​ស្រប​ជាមួយ​ទេពកោសល្យ​របស់​សិស្ស​ មិនមែន​រៀន​ដើម្បី​តែ​ឡើង​ថ្នា​ក់​នោះ​ទ។ កត្តា​ទាំងអស់​នេះ​ ជា​ចំណុចខ្លាំង​ដែល​អាច​ធ្វើ​ឱ្យ​យើង​បណ្តុះបណ្តាល​ធនធានមនុស្ស​ខ្លាំង​ស្របតាម​អ្វី​ដែល​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ត្រូវការ​។

    4. តើ​សាលា​ Leaderland​ English​ Academy​ មានកម្ម​វិធី​អ្វីខ្លះ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អាណាព្យាបាល​ ដែល​នាំ​ឱ្យ​ការអប់រំ​របស់​សិស្ស​កាន់តែ​គ្រប់ជ្រុងជ្រោយ​ និង​ប្រសើរ​ឡើង​?
    សម្រាប់​ការ​ទំនាក់ទំនង​ជាមួយ​អាណាព្យាបាល​ យើង​មានកម្ម​វិធី​ (Apps​) រួម​ទាំង​គេហទំព័រ​ដែល​អាច​ធ្វើ​ឱ្យ​អាណាព្យាបាល​តាមដាន​ការសិក្សា​របស់​កូន​ៗបាន​យ៉ាង​ងាយស្រួល​។ ក្រៅពី​នេះ​យើង​ក៏​មានកម្ម​វិធី​ឱ្យ​សិស្ស​ប្រើ​កាត​អេឡិចត្រូនិក​ (electronic​ ID​ system​)ដែល​អាច​ឱ្យ​អាណាព្យាបាល​ដឹង​គ្រប់ពេល​ដែល​កូន​ស្គែ​នកា​តចូល​សាលា​ និង​ចេញពី​សាលា​។

    លើស​ពីនេះ​ទៅទៀត​ យើង​ក៏​មានកម្ម​វិធី​ជួបជុំ​ជាមួយ​អាណាព្យាបាល​ 2 ដង​ក្នុង​ 1ឆ្នាំ​ និង​កម្មវិធី​ជាច្រើន​ផ្សេងទៀត​ដែល​អនុញ្ញាត​ឱ្យ​អាណាព្យាបាល​កាន់តែ​ជិតស្និទ្ធ​ជា​មួ​យកូនៗ​ ក៏ដូចជា​បាន​ចូលរួម​ក្នុង​សកម្មភាព​នៃ​ការអប់រំ​ឱ្យ​កាន់តែ​រស់រវើក​ដែរ​។

    5. តើ​សាលា​ចាប់​ទទួល​សិស្ស​ពី​អាយុ​ប៉ុន្មាន​ឡើង​ទៅ​? ហើយ​ចាប់ផ្តើម​បើក​បវេសនកាល​នៅពេល​ណា​?
    សាលា​ Leaderland​ English​ Academy​ ចាប់​ទទួល​សិស្ស​ពី​អាយុ​ 13ឆ្នាំ​ឡើង​ទៅ​ ដែល​យើង​នឹង​គ្រោង​បើក​បវេសនកាល​ថ្មី​នៅ​ខែសីហា​ខាងមុខនេះ​ដែល​សិស្សានុសិស្ស​ទាំងអស់​អាច​ចុះឈ្មោះ​ចូលរៀន​បាន​ ក្នុង​នោះ​សិស្សានុសិស្ស​នៃ​សា​លា​វ៉េស្ទឡា​ញន៍​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​ផង​ដែរ​។

    6. តើ​លោក​មាន​យោបល់​អ្វី​បន្ថែម​សម្រាប់​ការអប់រំ​នៅ​សាលា​ Leaderland​ English​ Academy​?
    សម្រាប់​ខ្ញុំ​ ខ្ញុំ​រំពឹង​ទុក​ថា​ សិស្ស​នៅ​សាលា​ Leaderland​ English​ Academy​ នឹងអាច​ក្លាយជា​មនុស្ស​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ ហើយ​ក្លាយជា​ប្រជាជន​សកល​ ដែល​មាន​សមត្ថភាព​ក្នុង​ការប្រកួត​ប្រជែង​ជា​លក្ខណៈ​សកល​។ យើង​មិនមែន​ត្រឹមតែ​ចង់ឱ្យ​សិស្ស​ខ្លាំង​ក្នុង​លក្ខខណ្ឌ​ក្នុង​ប្រទេស​ប៉ុណ្ណោះទេ​ តែ​យើង​ចង់​ឱ្យ​គាត់​មាន​សមត្ថភាព​ដើម្បី​ចាប់​យក​អាហារូបករណ៍​ ឬការប្រកួត​ប្រជែង​ជាច្រើន​ផ្សេងទៀត​ជា​លក្ខណៈ​សកល​ផង​ដែរ​។ យើង​ចង់ឱ្យ​សិស្ស​មក​សិក្សា​នៅ​ទី​នេះ​ គឺ​អាច​រៀន​(Learn​) ហើយ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំងពូកែ​នៅ​ទីនេះ​(Excel​) និង​សម្រេច​បាន​នូវ​សមិទ្ធ​ផលល្អៗ​ (Achieve​)ពីទី​នេះ​ ដើម្បី​ឱ្យ​អនាគត​កាន់តែ​ប្រសើរ​៕

    បន្ទប់សិក្សានៃសាលា Leaderland English Academy
  • រដ្ឋសភា​ ​អនុម័ត​គម្រោង​ថាមពល​វារីអគ្គិសនី​ ​និង​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​

    រដ្ឋសភា​ ​អនុម័ត​គម្រោង​ថាមពល​វារីអគ្គិសនី​ ​និង​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​

    ​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា​ ​បានសម្រេច​អនុម័ត​យល់ព្រម​លើ​គម្រោង​សាងសង់​វារីអគ្គិសនី​របស់​ក្រុមហ៊ុន​ ​SPHP​ ​(​ខេម​បូ​ឌា​)​ ​ក្នុង​ការប្រើ​ប្រាស់​ទុន​វិនិយោគ​ប្រមាណ​ជាង​ ​200លាន​ដុល្លារ​ ​សាងសង់​វារីអគ្គិសនី​មួយ​កន្លែង​ ​នៅក្នុង​ខេត្តពោធិ៍សាត់​ដែល​មាន​ទំហំ​ ​80មេ​ហ្គា​វ៉ាត់​ ​ដោយ​គម្រោង​នេះ​នឹង​អនុញ្ញាត​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ2023​ ​ខាងមុខ​។​

    ​ឯកឧត្តម​ ​ជាម​ ​យៀប​ ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ ​និង​សវន​កម្ម​នៃ​រ​រដ្ឋសភា​ ​បានឱ្យ​ដឹង​នៅក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី2​ ​នីតិកាល​ទី6​ ​នៅ​ថ្ងៃទី1​ ​ខែក​ក្ដ​ដា​ ​2019​ ​នេះ​ថា​ ​រាជរដ្ឋាភិបាល​បានសម្រេច​ឱ្យ​ក្រុមហ៊ុន​ ​អេ​ស​ភី​អេច​ភី​ ​(​ខេម​បូ​ឌា​)​ ​ឯ.ក​ ​មានឈ្មោះ​ដើម​ ​KTC​ ​Cable​ ​Co.Ltd​ ​សិក្សា​អភិវឌ្ឍន៍​គម្រោង​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់1​ ​កម្លាំង​អានុភាព​ ​80មេ​ហ្គា​វ៉ាត់​ ​ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រមោយ​ ​ស្រុក​វាលវែង​ ​ខេត្តពោធិ៍សាត់​។​

    ​ឯកឧត្តម​បន្ត​ថា​៖​«​ការ​វិនិយោគទុន​សាងសង់​គម្រោង​វារី​អ​គ្គិ​សនីស្ទឺង​ពោធិ៍សាត់1​ ​នេះ​ត្រូវ​ចំណាយ​ថវិកា​សរុប​ ​231.10លាន​ដុល្លា​អាមេរិក​ ​ក្នុងរយៈពេល​សម្បទាន​ ​39ឆ្នាំ​ ​ដោយ​រយៈពេល​សាងសង់​ ​4ឆ្នាំ​ ​និង​ ​35ឆ្នាំ​សម្រាប់​ធ្វើអាជីវកម្ម​»​។​

    ​សូម​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​បាន​អនុម័ត​ឱ្យ​ក្រុមហ៊ុន​ ​SPHP​ ​(​Cambodia​)​ ​Co​.​,​ ​Ltd​ ​ធ្វើការ​វិនិយោគ​លើ​គម្រោង​សាងសង់​ស្ថានីយ​វារីអគ្គិសនី​ ​1កន្លែងនៅ​តាម​ស្ទឹង​ពោធិ៍សាត់​ ​ក្នុង​ស្រុក​វាលវែង​ ​ខេត្តពោធិ៍សាត់​ ​ក្រោម​រូបភាព​សាងសង់​-​ដំណើរការ​-​ផ្ទេរ​ ​(​BOT​)​ ​ដោយ​ចំណាយ​ទុន​វិនិយោគ​ ​231.10លាន​ដុល្លារ​ ​សម្រាប់​រយៈពេល​សម្បទាន​ ​39ឆ្នាំ​។​

    ​ឯកឧត្តម​ ​ផៃ​ ​ស៊ី​ផាន​ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​ការពង្រីក​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​នេះ​អាច​និយាយ​ថា​ ​ជារ​បត់​ថ្មី​មួយ​របស់​កម្ពុជា​ក្នុង​ការ​ឈាន​ឆ្ពោះទៅ​រក​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៃ​ការប្រើ​ប្រាស់​ថាមពល​ដ៏​ច្រើន​ពេល​បច្ចុប្បន្ន​។​

    ​ឯកឧត្តម​បញ្ជាក់​ថា​ ​យើង​កំពុង​រៀបចំ​ពង្រឹង​ខ្លួនឯង​ដើម្បី​ធានា​សន្តិសុខ​ថាមពល​ដោយខ្លួន​ ​ឯង​ ​ដោយ​មិន​ពឹងពាក់​ទាំងស្រុង​ទៅលើ​ថាមពល​ដែល​ទទួល​បាន​ពី​ប្រទេសជិតខាង​នោះ​ទេ​។​

    ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​រដ្ឋសភា​ជាតិ​ក៏បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ចំពោះ​គម្រោង​វិនិយោគ​ក្នុង​វិស័យ​អគ្គិសនី​ចំនួន2​ ​ផ្សេងទៀត​ដូច​ខាងក្រោម​៖​

    ​1​-​ ​គម្រោង​វិយោគ​បន្ថែម​សមត្ថភាព​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ​អានុភាព​ ​20មេ​ហ្កា​វ៉ាត់​ថែម​ពីលើ​គម្រោង​ចាស់​ ​60មេ​ហ្កា​វ៉ាត់​ ​នៅ​ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​ ​សរុប​ទាំងអស់​ ​80មេ​ហ្កា​វ៉ាត់​។​
    ​2​-​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ថ្មី​ ​2កន្លែង​ ​មាន​អានុភាព​ ​120មេ​ហ្កា​វ៉ាត់​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​មាន​អានុភាព​ ​60មេ​ហ្កា​វ៉ាត់​ ​និង​នៅ​ខេត្តពោធិ៍សាត់​ ​មាន​អានុភាព​ ​60មេ​ហ្កា​វ៉ាត់​។​
    ​គោលដៅ​នៃ​គម្រោង​ទាំង3​ ​ខាងលើ​ ​គឺ​ដើម្បី​ជួយ​បន្ថែម​សមត្ថភាព​ប្រភព​អគ្គិសនី​ ​ទប់ទល់​នឹង​កំណើន​នៃ​សេចក្តី​ត្រូវការ​អគ្គិសនី​នៅ​ឆ្នាំ2021​ ​ឆ្នាំ2022​ ​និង​ឆ្នាំ2023​។​ ​គម្រោង​អភិវឌ្ឍន៍​មួយ​ ​ចំនួន​ទៀត​នឹង​ដាក់​ជូន​សភា​ដើម្បី​ធ្វើការ​ពិនិត្យ​ ​និង​អនុម័ត​ជាបន្តបន្ទាប់​។​

    ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ2018​ ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​កម្ពុជា​គ្រោង​នឹង​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ ​2,870មេ​ហ្គា​វ៉ាត់​ ​នៅ​ឆ្នាំ2019​ ​ដែល​កើនឡើង​ពី​ ​2650.26មេ​ហ្គា​វ៉ាត់​ក្នុង​ឆ្នាំ2018​៕​