Category: សង្គម និងសេដ្ឋកិច្ច

  • នំបញ្ចុកខ្មែរបង្ហាញខ្លួននៅទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក

    នំបញ្ចុកខ្មែរបង្ហាញខ្លួននៅទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​សម្ដែង​នូវ​ការរីករាយ ដែលនំបញ្ចុកខ្មែរបានបង្ហាញខ្លួននៅទី​ស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោ(World Trade Organization-WTO) នៅក្នុងកម្មវិធី​សង្គម​ និងវប្បធម៌ នារាត្រីថ្ងៃទី 03 ខែកក្កដា ឆ្នាំ2019 នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះ។​នេះ​បើ​តាម​សរសេរនៅលើ បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់សម្ដេច​តេ​ជោ ហ៊ុន សែន នាថ្ងៃ​ទី 04 ខែកក្កដា ឆ្នាំ2019 ។

    ​សម្ដេច​តេ​ជោបានបញ្ជាក់ថា៖» ខ្ញុំពិតជារីករាយ ដែលនំបញ្ចុកខ្មែរបានមកដល់​ទីស្នាក់​ការ​អង្គ​ការពាណិជ្ជ​កម្ម​ពិភពលោក (WTOកាលពីយប់មិញ នៅក្នុងកម្មវិធីសង្គម និ​ង​វប្បធម៌។ ដូច​យើង​ដឹង​ហើយថា នំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិ​យើង ដែលបង្ហាញ​ពី​សា​មគ្គីភាពស្អិត​រមួត​វេញ​ត្របាញ់​ចូលគ្នាដូចជាចង្វាយនំបញ្ចុក ដែល​មាន​គ្រឿងផ្សំជា​ច្រើន​នាំ​មក​នូវក្លិនដ៏ឈ្ងុយ និងរសជាតិ​ដ៏ឆ្ងាញ់ពិសាដែលនាំមកនូវសុខភាពពិតៗ»។

    សម្ដេចតេជោបានបន្ថែមថា៖» យើងចូល​រួម​ឱ្យ​ត​ម្លៃ​ លើក​តម្កើងម្ហូបអាហារ និងនំចំណី​ខ្មែរ​ឱ្យបានកាន់តែទូលំទូលាយនៅក្នុងពិធីសំខាន់ៗតូច ​ធំ ​ទាំងក្នុង និងក្រៅប្រទេស។ សម្ដេច​តេជោ​ក៏សូមអរគុណ និងជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និង​សំណាងល្អគ្រប់​ទីកន្លែង»។

    គួរបញ្ជាក់ដែរថា ក្នុងខណៈដឹកនាំគណៈ​ប្រតិភូទៅចូលរួម​កិ​ច្ច​​ប្រជុំ «ត្រួត​ពិ​និ​ត្យ​ឡើង​វិញជា​ស​​ក​ល​ លើជំ​នួ​​យសម្រា​ប់​ពា​​ណិជ្ជកម្ម ឆ្នាំ2019 » នារាត្រីថ្ងៃទី 03  ខែកក្កដា ឆ្នាំ2019 សម្តេចអគ្គ​    ម​ហា​​សេនា​ប​តី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិប​តី​ដ៏​ខ្ពង់ខ្ពស់ ក្នុ​ង​ពិធីបើកកម្មវិធីព្រឹត្តិការណ៍សង្គម និងវប្បធម៌ ដែល ប្រារព្វធ្វើឡើងនៅទី​ស្នាក់​ការ​កណ្តាល អ​ង្គ​​ការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។

    ក្នុងពីធីនោះ  ក៏មានការអញ្ជើញ​ចូ​​លរួមពី ឯកឧត្តម រ៉ូប៊ែរតូ អាហ្សេ​វ៉េឌូ អគ្គនាយ​កអង្គការ​ពាណិ​ជ្ជក​ម្មពិភ​ព​លោ​ក ព្រម​ទាំង​វត្ត​មា​ន​ ឯកឧត្តម លោកជំទាវ អនុប្រធា​នាធិបតី និងតំណាង​ប្រទេស​នៃ​សមា​ជិក​អង្គ​ការពា​ណិ​ជ្ជ​កម្ម​ពិភពលោកជាច្រើនរូប។

    ក្នុង​ព្រឹត្តិការណ៍ដ៏មាន​អត្ថន័យជា​ប្រវត្តិសាស្រ្ត និង​ក្នុងនាម​ជា​ប្រ​ទេ​សម្ចាស់ផ្ទះ ដែលរៀបចំ ព្រឹត្តិ​ការណ៍សង្គម និងវប្បធម៌ សម្តេចអគ្គមហា​សេនា​ប​តី​តេជោ ហ៊ុន សែ​​ន និងថ្នាក់ដឹកនាំ​ទាំងអស់​នៃ​ប្រទេស​ជា​ស​មា​ជិ​ក​ អង្គការពាណិជ្ជកម្ម​ពិភ​ព​​លោក អញ្ជើញពិសារនំបញ្ចុក និង​បង្អែម​ប្រពៃណី​ជាតិខ្មែរ ដែល​រៀ​ប​​ចំ​ដោយអ្នកចុង​ភៅ​មក​ពីប្រទេសកម្ពុជា និងប្រជាពលរដ្ឋ​នៅសហភាពអឺរ៉ុប។

    ជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ថ្នាក់ដឹកនាំ នៃអង្គការពាណិជ្ជ​កម្មពិ​ភព​លោ​ក និង​ថ្នាក់​ដឹកនាំនៃប្រ​ទេ​ស​ជា​សមា​ជិក អង្គការពាណិជ្ជកម្មពិភពលោកដែលមានវត្ត​មា​ន​​ក្នុង​ព្រឹត្តិ​ការ​ណ៍​​​ស​ង្គ​​ម និងវប្បធម៌ គឺសុទ្ធតែសម្ដែងនូវការកោតសរសើរចំពោះ​រស់​ជាតិ​ នៃម្ហូបប្រពៃណីជាតិខ្មែរគឺ​«នំបញ្ចុក​»​ដែលមានរស់ជាត់ឈ្ងុយឆ្ងាញ់​ពិសានេះផងដែរ៕

  • ករណីជំងឺប៉េស្តជ្រូកអាហ្រ្វិក ASF ត្រូវបានរកឃើញក្នុងទីតាំងថ្មី

    ករណីជំងឺប៉េស្តជ្រូកអាហ្រ្វិក ASF ត្រូវបានរកឃើញក្នុងទីតាំងថ្មី

    រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងឱ្យដឹងថា ក្រសួងរបស់លោកបានសម្រេចកំណត់តំបន់ផ្ទុះ​ជំងឺ​ប៉េស្ត​​ជ្រូក​អាហ្រ្វិក ASF នៅក្នុងភូមិចំនួន2 ក្នុងខេត្តត្បូងឃ្មុំនៅជិតព្រំដែនប្រទេសវៀតណាម ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យមានការរីករាលដាលទៅដល់តំបន់ដទៃទៀតនៅកម្ពុជា។ នេះបើយោងតាម​ប្រកាស​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះថ្ងៃទី2 ខែកក្កដា ឆ្នាំ2019។

    ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងថា ការរកឃើញករណីនេះបាន​ជំរុញ​ឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មស្បៀងត្រូវធ្វើ«សកម្មភាពជាបន្ទាន់» នៅក្នុងភូមិ​កំពង់​សេ​រី​ និង​ភូមិសោយ ​ក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

    ក្នុងសេចក្តីប្រកាស ឯកឧត្តម វេង សាខុន បានបញ្ជាឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវចាត់វិធានការបសុព្យាបាលជាបន្ទាន់នៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះនៅ តំបន់ខាងលើ ក្នុងនោះត្រូវបំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល។

    ជាមួយគ្នានេះ ត្រូវផ្អាកលើការទិញ ការលក់ និងការដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និង ផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ ចូល-ចេញ ឬឆ្លងកាត់ និងដាក់តំបន់នេះជា តំបន់ត្រួតពិនិត្យ និងតាមដាន។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានឱ្យផ្អាកជាបណ្តោះអាសន្នចំពោះការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ នៅក្នុងតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះផងដែរ។

    ឯកឧត្តមបានមានប្រសាសន៍ថា៖«ខ្ញុំបានប្រាប់មន្រ្តីក្រសួងដើម្បីកំណត់អត្តសញ្ញាណ​សត្វ ជ្រូកឆ្លង​មេរោគ ត្រូវផ្អាកការជួញដូរសាច់ជ្រូកនៅជុំវិញ​តំបន់​ដែលរងផលប៉ះពាល់ ហើយតំបន់ទាំង​នេះត្រូវតែបង្កើនការត្រួតពិនិត្យ និងត្រូវចាត់វិធានការ​ថែម​ទៀត​ ដើម្បីតាមដាន និងរារាំង​ការដឹក​ជញ្ជូន​ជ្រូកនៅចម្ងាយ 10គីឡូម៉ែត្រពីភូមិទាំង2» ។

    ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ​បាន​លើក​ឡើងថា ដោយសារតែការរីករាលដាលនៃជំងឺនេះក្រុមការងារមួយកំពុងតាមដានព្រំដែនកម្ពុជា -វៀតណាមដើម្បី​ពិនិត្យ​​មើលថា តើសត្វជ្រូកឆ្លងចូលមកក្នុងប្រទេសកម្ពុជាយ៉ាងដូចម្តេច?

    ឯកឧត្តមបានកត់សម្គាល់ថា លទ្ធផលបឋមនៃដំណើរការតាមដានបានបង្ហាញថា ការបង្ក​រោគ​​អាចមក​ពីផលិតផលសាច់ជ្រូកដែលត្រូវបានលក់នៅលើម៉ូតូតាមបណ្តោយ​ព្រំដែនជា​មួយវៀត​ណាម។

    សូមជម្រាបជូនថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះមិនឆ្លងទៅមនុស្សទេ យោងតាមក្រសួងបានឱ្យដឹងថា ទោះ​បី​ជាមានវត្តមានរបស់ ASF នៅខេត្តត្បូងឃ្មុំក៏ដោយ​ ក៏ជំងឺ​នេះ​​មិនអាចចម្លង និងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែជំងឺនេះបណ្តាលឱ្យសត្វជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់100% ដែលបង្កការ​ខាតបង់​យ៉ាង​ធ្ងន់​ធ្ងរដល់អ្នក​ចិញ្ចឹមជ្រូកតែប៉ុណ្ណោះ។ គេបានកត់សម្គាល់ថា ក្រសួងមាន​ការព្រួយបារម្ភខ្លាំង​អំពី​ផល​ប៉ះពាល់ខាងសេដ្ឋកិច្ច។

    បច្ចុប្បន្ន មិនមានវិធីព្យាបាលជំងឺនេះ​ឱ្យជាសះ​ស្បើយ និងមិនទាន់មានថ្នាំបង្ការ ឬការព្យាបាលណាមួយដែលមានប្រសិទ្ធភាពនៅឡើយទេ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធាន ការ​តែ​មួយគត់ គឺកម្ទេចហ្វូង​ជ្រូកដែលមានមេរោគទាំងនោះចោលតែម្ដង។

    កាលពីខែមេសា ក្រសួងកសិកម្មបានឱ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះឡើងជាលើក ដំបូងនៅក្នុងភូមិសោមកានិញ ឃុំ​សោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បន្ទាប់ពីមានសត្វជ្រូកប្រហែល 400ក្បាលបានងាប់​កាលពីថ្ងៃទី22 ខែមីនា ឆ្នាំ2019 ខណៈជ្រូក ​193ក្បាល​ផ្សេង​ទៀតត្រូវបានកម្ទេចក្រោយ​រកឃើញ​ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។​

    ហេតុការណ៍នេះបាន​ជំរុញឱ្យ​មន្ត្រី​កសិ​កម្ម​​នៅតាមខេត្តជាប់​ព្រំ​ដែន​ជាមួយវៀតណាម​បង្កើនការការពារការនាំចូលផលិតផលសាច់ជ្រូក និងបានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុង​កសិ​ដ្ឋានចិញ្ចឹម​ជ្រូកផងដែរដោយភ័យខ្លាចការរីករាលដាលនៃមេរោគ ASF៕

  • Joao Felix ក្លាយជាកីឡាករវ័យក្មេងថ្លៃជាងគេលើលោកទី២ ប​ន្ទាប់ពី Kylian Mbappe

    Joao Felix ក្លាយជាកីឡាករវ័យក្មេងថ្លៃជាងគេលើលោកទី២ ប​ន្ទាប់ពី Kylian Mbappe

    កាលពីពេលថ្មីៗនេះ Joao Felix ដែលជាខ្សែប្រយុទ្ធរបស់ក្លិប Benfica បានទៅដល់ទឹកដីអេស្ប៉ាញ និងក្លាយជាកីឡាកររបស់ Atletico Madrid ជាផ្លូវការហើយ។

    កីឡាករសញ្ជាតិព័រទុយហ្គាល់ វ័យ១៩ឆ្នាំរូបនេះ បានផ្ទេរទៅកាន់ក្លិបថ្មីក្នុងតម្លៃខ្លួន ១២៦​លានអ៊ឺរ៉ូ ក្លាយជាកីឡាករវ័យក្មេងថ្លៃបំផុតលើលោកបន្ទាប់ពី កីឡាករសញ្ជាតិបារាំង Kylian Mbappe។

    គួរបញ្ជាក់ផងដែរថា Felix ទើប​ជាប់​ឈុត​ធំ​ របស់ក្លិប Benfica ដំបូង​កាល​ពី​ខែ​សីហា​ឆ្នាំ​កន្លទៅ​តែប៉ុណ្ណោះ តែ​ស៊ុត​បញ្ចូល​ទី​១៥​គ្រាប់ និង​ជួយ​ Benfica ឈ្នះ​ជើងឯក​លីគ​នៅ​រដូវ​កាល​មុន​៕

  • កីឡាករ៨នាក់ របស់កម្ពុជា ចូលរួមប្រកួតពានរង្វាន់ Homless World Cup នៅអង់គ្លេស

    កីឡាករ៨នាក់ របស់កម្ពុជា ចូលរួមប្រកួតពានរង្វាន់ Homless World Cup នៅអង់គ្លេស

    កម្មវិធី Homless World Cup ២០១៩ ដែលគ្រោងនឹងធ្វើឡើងនៅអង់គ្លេស បានផ្តល់សិទ្ធអោយកម្ពុជាចូលរួម ដោយមានកីឡាករ៨រូបទៅចូលរួម។

    កីឡាករកម្ពុជា៨នាក់នឹងត្រូវចេញទៅចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក គ្មានទីពឹង ( Homless World Cup ២០១៩) នៅចក្រភពអង់គ្លេស ដែលនឹងត្រូវចេញដំណើរនាថ្ងៃទី២៥ ខែកក្កដា ខាងមុខ។ ចំនួន៧២ក្រុម មកពី៤៨ប្រទេសចួលរួមប្រកួត ដែលការប្រកួតត្រូវបានបែងចែកជាពូល ហើយមានពានរង្វាន់ជាច្រើនក្នុងកម្មវិធីនេះ ។

    គួរបញ្ជាក់ផងដែរថាកម្ពុជា បានចូលរួមប្រកួតក្នុងកម្មវិធីដែលបង្កើតឡើងតាំងពីឆ្នាំ២០០៣នេះ ជាច្រើនលើកមកហើយ និង ធ្លាប់ឈ្នះជើងឯកទឿតផង។

  • AFF U18 Championship​ កម្ពុជា ស្ថិតក្នុងពូលជាមួយ អូស្រ្តាលី ថៃ វៀតណាម និង​ ម្ចាស់ជើងឯកចាស់

    AFF U18 Championship​ កម្ពុជា ស្ថិតក្នុងពូលជាមួយ អូស្រ្តាលី ថៃ វៀតណាម និង​ ម្ចាស់ជើងឯកចាស់

    ការប្រកួតជើងឯកយុវជនអាយុក្រោម១៨ឆ្នាំប្រចាំតំបន់អាស៊ាន AFF U18 Championship 2019 ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៦ សីហា ឆ្នាំ២០១៩ ដល់១៩ សីហា ឆ្នាំ២០១៩ បានបញ្ចប់ការចាប់ឆ្នោតចែកពូលហើយ។

    ការប្រកួតត្រូវបែងចែកចេញជា២ពូល ក្នុងមួយពូលមាន៦ប្រទេស ជាលទ្ធផលកម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយ អូស្ត្រាលី ថៃ វៀតណាម សិង្ហបូរី ម៉ាឡេស៊ី ខណៈពូល A មានមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ទីម័រ ភីលីពីន និង ព្រុយណេ។

    គួរបញ្ជាក់ផងដែរថា ពានរង្វាន់នេះកាលពីឆ្នាំមុនជាពានរង្វាន់ AFF U-19 Youth Championship ដែលជាកម្រិតយុវជនអាយុក្រោម១៩ឆ្នាំ ហើយម៉ាឡេស៊ីដែលរួមពូលជាមួយកម្ពុជា គឺជាជើងឯក៕

  • ភ្ញាក់ផ្អើល​!​!​ ​ពីអ​តី​ត​អ្នក​រាំ​អម​ឆាក​ដ៏​ល្បី​ប្រចាំ​ប៉ុស្តិ៍​លេខ៣​ ​ក្លាយជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ធំ​

    ភ្ញាក់ផ្អើល​!​!​ ​ពីអ​តី​ត​អ្នក​រាំ​អម​ឆាក​ដ៏​ល្បី​ប្រចាំ​ប៉ុស្តិ៍​លេខ៣​ ​ក្លាយជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ធំ​

    នៅ​រសៀល​ថ្ងៃទី៤​ ​កក្កដា​ ​ឆ្នាំ២០១៩​ ​គេ​ស្រាប់តែ​ឃើញ​ ​អតីត​អ្នក​រាំ​អម​ឆាក​ប្រចាំ​នៅ​ប៉ុស្តិ៍​លេខ​ ​៣​ ​,​ ​បាយ័ន​ ​និង​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពីមុន​ ​គឺ​អ្នកនាង​ ​ឆិល​ ​ពេជ្រ​ពណ្ណរាយ​ ​បង្ហាញ​វត្តមាន​កាត់ខ្សែបូ​ក្រុមហ៊ុន​លក់​ផលិតផល​ថែ​រក្សា​សម្ភស្ស​ធំ​នៅ​ក្នុ​បរិវេណ​សណ្ឋាគារ​ណា​ហ្កាវើល​។​

    ​អ្នកនាង​ ​ឆិល​ ​ពេជ្រ​ពណ្ណរាយ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ជា​ស្ថាបនិក​ក្រុមហ៊ុន​ល្អ​ពិត​ពេជ្រចរណៃ​ខូ​អិល​ធី​ឌី​ ​ដែល​អ្នក​សិល្បៈ​ភាគច្រើន​ស្គាល់​ថា​ ​ស្រី​ពេជ្រ​ៗ​ ​បាន​រៀបរាប់​ប្រវត្តិ​ថា​ ​ជីវិត​របស់​អ្នកនាង​បាន​ហែល​ឆ្លង​ការងារ​ជា​អ្នក​រាំ​ប្រចាំ​ក្រុម​មួយ​ ​ដើម្បី​រកលុយ​រ៉ាប់រង​គ្រួសារ​យ៉ាង​លំបាក​មុន​ក្លាយជា​មេក្រុម​រាំ​ ​ក្នុង​ការចាត់ចែង​ក្រុម​រាំ​ប្រចាំ​ប៉ុស្តិ៍​បាយ័ន​ ​និង​ ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។​ ​អ្នកនាង​ថា​ ​ជីវិត​កាន់តែ​លំបាក​ ​នៅពេល​បន្ទុក​គ្រួសារ​រាប់មិនអស់​ហើយ​ ​ស្រាប់តែ​ធ្លាក់ខ្លួន​បាក់​សម្រស់​ ​អា​លែ​ហ្ស៊ីប្​រតិកម្ម​ស្បែក​មុខ​ឡើង​ខ្ទេចខ្ទី​។​ ​យ៉ាងណាមិញ​អ្នកនាង​ ​បាន​ទទួល​ជីវិត​មួយ​ថ្មី​ ​ក្រោយពេល​ម្ចាស់​ផលិតផល​ប្រចាំ​ប្រទេស​ថៃ​ណែនាំ​ឱ្យ​ប្រើប្រាស់​ផលិតផល​សុខភាព​ ​P.Nice​ ​(​ ​ភី​ណៃ​)​ ​ហើយ​ធ្វើ​ឱ្យ​អ្នកនាង​មាន​សម្រស់​ស្អាត​ឡើងវិញ​ ​ដើម្បី​តស៊ូ​ក្នុង​ការ​រក​ប្រាក់​។​

    ​ជាមួយនឹង​ឱកាស​បាន​ជា​ជាថ្មី​នោះ​ហើយ​ ​ហើយដោយ​មានការ​ជ្រោមជ្រែង​ពី​ម្ចាស់​ប្រេន​ធំ​របស់​ប្រទេស​ថៃ​ផង​ ​ទើប​ធ្វើ​ឱ្យ​អ្នកនាង​មានលទ្ធភាព​នាំចូល​ផលិតផល​មួយ​នេះ​ ​មក​លក់ផ្ដាច់មុខ​ ​ក្រោយពេល​ប្រកាស​លក់​លើ​អន​ឡាញ​មួយ​រយៈ​ ​ហើយ​ទទួល​បានការ​គាំទ្រ​។​ ​អ្នកនាង​បន្ត​ថា​ ​ផលិតផល​នេះ​ ​លោកស្រី​កាន់តែ​ជឿជាក់​ខ្លាំង​ ​នៅពេល​ពិសោធន៍​ព្យាបាល​អតិថិជន​កន្លងមក​ ​ហើយ​សុទ្ធតែ​មាន​លទ្ធផល​សះស្បើយ​ដូចគ្នា​។​

    យ៉ាងណាមិញ​អ្នកនាង​ថា​ ​ទោះជា​ក្លាយជា​ម្ចាស់​ក្រុ​ហ៊ុន​ធំ​មួយ​នេះ​ ​តែ​អ្នកនាង​មិន​ចោល​សិល្បៈ​នោះ​ទេ​ ​គឺ​នៅតែ​បន្ត​ដឹកនាំ​ក្រុម​រាំ​ប្រចាំ​ប៉ុស្តិ៍​បាយ័ន​ ​និង​អាស៊ី​អាគ្នេយ៍​មិនឈប់​នោះ​ឡើយ​។​ ​អ្នកស្រី​ ​ឆិល​ ​ពេជ្រ​ពណ្ណរាយ​ ​បន្ត​ថា​ ​អ្នកស្រី​នឹង​ពង្រីក​ក្រុមហ៊ុន​របស់​ខ្លួន​អោយ​ក្លាយជា​ក្រុ​ហ៊ុន​ធំ​មួយ​ ​ដោយ​ក្រៅ​លក់​ ​និង​ចែកចាយ​ក្នុង​ភ្នំពេញ​ ​ក៏​នឹង​វាយលុក​ទីផ្សារ​នៅ​គ្រប់​បណ្ដា​ខេត្ត​ផង​ដែរ​៕​

  • អីយ៉ា​!​!​ ​ក្រោយ​ថត​ឈុត​សម្អាងការ​តួឯក​ក្មេង​ ​ដាវ​ណ្ណ​ ​រី​គី​ ​ស្រាប់តែ​អ្នកនាង​ ​តូច​ ​ស្រីពេជ្រ​ ​បង្ហើប​ពី​ទំនាក់ទំនង​ពិសេស​មួយ​.​.​.​

    អីយ៉ា​!​!​ ​ក្រោយ​ថត​ឈុត​សម្អាងការ​តួឯក​ក្មេង​ ​ដាវ​ណ្ណ​ ​រី​គី​ ​ស្រាប់តែ​អ្នកនាង​ ​តូច​ ​ស្រីពេជ្រ​ ​បង្ហើប​ពី​ទំនាក់ទំនង​ពិសេស​មួយ​.​.​.​

    ​សកម្មភាព​ថត​សម្អាង​របស់​ ​អ្នកនាង​ ​តូច​ ​ស្រីពេជ្រ​ ​មិន​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ​ ​តែ​ម្នា​ក់ៗ​ផ្ដោត​ការចាប់អារម្មណ៍​ពី​សកម្មភាព​ថត​ម៉ូដ​របៀប​កូនកំលោះ​កូនក្រមុំ​ ​រវាង​កញ្ញា​ ​មរកត​ ​កូនស្រី​អ្នកនាង​ ​និង​ ​តួឯក​ក្មេង​ ​ដាវ​ណ្ណ​ ​រី​គី​ ​ដែល​កូនកំលោះ​របស់​តារា​សម្ដែង​អ្នកនាង​ ​ចាន់​ ​សោភ័ណ្​ឌ​ ​ហៅ​ ​រ៉េ​ត​រ៉ូស​ ​ច្រើនជាង​។​ ​

    ​រូបថត​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ត្រូវ​បាន​ម្នា​ក់ៗ​លាន់មាត់​និយាយ​ថា​ ​ចាស់ទុំ​ទាំងសងខាង​កំ​ពុង​ផ្គូ​រ​ផ្គង​ឱ្យ​ក្មេង​ទាំងពីរ​បន្សល់ទុក​អនុស្សាវរីយ៍​ទោះ​រស់នៅ​ឆ្ងាយ​គ្នា​។​ ​យ៉ាងណាមិញ​ ​ប្រភព​ពី​ចាស់ទុំ​ទាំង​សង​បាន​អះអាង​ថា​ ​រវាង​កូនស្រី​អ្នកនាង​ ​តូច​ ​ស្រីពេជ្រ​ ​និង​ ​ដាវ​ណ្ណ​ ​រី​គី​ ​ធ្លាប់​ថត​ជាមួយគ្នា​តាំងពី​នៅក្មេង​វ័យ​ម៉្លេះ​ ​ដោយពេល​ពួកគេ​ម្នា​ក់ៗ​ពេញវ័យ​ ​ក៏​នៅតែ​ចូលចិត្តគ្នា​។​ ​ជាក់ស្ដែង​ ​គឺ​សកម្មភាព​ថត​សម្អាងការ​ដែល​បាន​ធ្វើឡើង​ ​គឺ​សមី​ខ្លួន​កញ្ញា​ ​មរកត​ ​ជា​អ្នក​ពេញចិត្ត​ ​ស្រប​ជាមួយ​ភាគី​កូនប្រុស​តែម្ដង​ ​ដោ​យម្ដាយៗ​ទាំងសងខាង​អត់មាន​ជំរុញ​នោះ​ទេ​។​ ​

    ​យ៉ាងណាមិញ​ ​អ្នកនាង​ ​តូច​ ​ស្រីពេជ្រ​ ​និយាយ​ថា​ ​អ្នកនាង​បង្កើត​បានតែ​រូបកាយ​កូនស្រី​ប៉ុណ្ណោះ​ ​ចំណែក​ទឹកចិត្ត​គឺ​អត់​បង្ខំ​ទេ​។​ ​អ្នកនាង​ថា​រវាង​កូនស្រី​របស់​ខ្លួន​ ​និង​ ​ដាវ​ណ្ណ​ ​រី​គី​ ​ពួកគេ​ទាំងពីរ​ធ្លាប់​បាន​សម្ដែង​ជាមួយគ្នា​តាំង​ពី​តូច​ៗ​មក​ម្លេះ​ ​ហើយដោយ​សារ​តែ​អ្នក​ទាំងពីរ​ក៏​នៅតែ​រត់រក​គ្នា​ ​ទើប​អ្នកនាង​ទាក់ទង​ឱ្យ​ថត​ជា​កូនកំលោះ​កូនក្រមុំ​រួមគ្នា​ ​មុន​ពេល​អ្នកនាង​ ​និង​កូនស្រី​ត្រលប់​ទៅ​អាមេរិក​វិញ​។​ ​អ្នកនាង​ថា​ ​មិនទាន់​ដឹង​ថា​ទំនាក់ទំនង​រាប់គ្នា​រវាង​កូនស្រី​ ​និង​ ​ដាវ​ណ្ណ​ ​រី​គី​ ​ឈាន​ដល់​ចំណុច​នោះ​ទេ​ ​ប៉ុន្តែ​បើ​ក្មេង​ៗ​ទាំង​រាប់គ្នា​ជា​មិត្ត​ ​ឬ​ ​លើស​ពីនេះ​ ​គឺ​អ្នកនាង​រីករាយ​ទទួលយក​។​

    ​ទន្ទឹម​ជាមួយនឹង​ការ​បង្ហើប​របស់​ ​អ្នកនាង​ ​តូច​ ​ស្រីពេជ្រ​ ​កាន់តែ​មានការ​ចាប់អារម្មណ៍​ ​ដោយសារ​តែ​ក្មេង​ៗ​ទាំងពីរ​សុទ្ធតែ​ជា​តួសម្ដែង​ធ្លាប់​មាន​អនុស្សាវរីយ៍​ជាមួយគ្នា​ ​ហើ​យម្ដាយៗ​ទាំងសងខាង​គឺ​រាប់គ្នា​ដូចជា​គ្រួសារ​តែមួយ​ទៀត​ ​ថ្វី​ដ្បិតថា​ ​ម្ខាង​នៅ​អាមេរិក​ ​ហើយ​ម្ខាង​នៅ​កម្ពុជា​។​ ​កាន់តែ​ចាប់អារម្មណ៍​ទៅទៀត​ ​គឺ​ក្មេង​ៗ​ទាំងពីរ​ក្រោយពេល​ពេញរូបពេញរាង​ ​គឺ​សង្ហា​និង​ស្រស់​ស្អាត​សមគ្នា​គ្មាន​ពីរ​ ​ប្រសិនបើ​ក្លាយជា​គូស្នេហ៍​ដូច​ការ​ប៉ាន់ស្មាន​៕​

  • Park Hang-Seo ត្រៀមបន្តដឹកនាំវៀតណាម ២ឆ្នាំបន្តទៀត ជាមួយប្រាក់ខែ១០មុឺនដុល្លាក្នុងមួយខែ

    Park Hang-Seo ត្រៀមបន្តដឹកនាំវៀតណាម ២ឆ្នាំបន្តទៀត ជាមួយប្រាក់ខែ១០មុឺនដុល្លាក្នុងមួយខែ

    គ្រូបង្វឹកជម្រើសជាតិវៀតណាម Park Hang-Seo សញ្ជាតិកូរ៉េខាងត្បូង នៅពេលនេះកំពុងតែស្ថិតនៅក្នុងការចរចារបន្តកុងត្រាជាមួយនឹងក្រុមជម្រើសជាតិវៀតណាម ដោយសហព័ន្ធកីឡាបាល់ទាត់វៀតណាម ត្រៀមនឹងបន្តកុងត្រាដល់លោកករយៈពេល២ឆ្នាំបន្តទៀត។

    ជាមួយគ្នានេះផងដែរ ភ្នាក់ងាររបស់លោក Park Hang-Seo បានដាក់សំណើរស្នើរសុំប្រាក់ខែ ១០មុឺនដុល្លាក្នុងមួយខែ សម្រាប់កុងត្រាថ្មីនេះ ដោយលើពីប្រាក់ខែចាស់ចំនួន៥ដង (ប្រាក់ខែពីមុន ២មុឺនដុល្លា) មិនតែប៉ុណ្ណោះសហព័ន្ធកីឡាបាល់ទាត់វៀតណាមក៏គ្រោងនឹងចំណាយលុយប្រហែល២លានដុល្លា ប្រាក់រង្វាន់ ផ្ទះ និងឡាន​ សម្រាប់លោកក្នុងការដឹកនាំនេះ៕

    កុង​ត្រា​របស់លោក Park ផុតកំណត់​នៅ​ថ្ងៃ​ទី៣១ខែ​មករាឆ្នាំ​២០២០។​អំឡុង​ពេល​នេះ​គាត់​បាន​ជួយជម្រើស​ជាតិ​វៀតណាម​បាន​ជើង​ឯក​រង​ពាន AFC U23 Championship កាល​ពី​ខែ​មករា​ឆ្នាំ​២០១៨ បាន​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ព្រឹត្តិកាណ៍ Asian Games លើក​ពាន 2018 AFF Cup​និង​ឡើង​ដល់​វគ្គ​៨ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ 2019

  • ថៃ តែងតាំងអតីតគ្រូបង្វឹកជម្រើសជាតិជប៉ុន ជាគ្រូបង្គោលសម្រាប់ត្រៀម វគ្គជម្រុះ World Cup

    ថៃ តែងតាំងអតីតគ្រូបង្វឹកជម្រើសជាតិជប៉ុន ជាគ្រូបង្គោលសម្រាប់ត្រៀម វគ្គជម្រុះ World Cup

    កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ថៃ បានចាត់តាំងលោក Akira Nishino ដែលជាអតីតគ្រូបង្វឹកជម្រើសជាតិជប៉ុន ជាគ្រូបង្វឹកជម្រើសជាតិថៃ ក្នុងព្រឹត្តិការណ៍វគ្គជម្រុះ World Cup ខាងមុននេះ។

    តំណែងជម្រើសជាតិថៃនេះ ត្រូវបានគ្រូបង្វឹកចំនួន២រូបហើយបានលាលែងពីតំណែង ក្រោយពីពានរង្វាន់ AFC ASIAN CUP និង ពានរង្វាន់ King’s Cup ២០១៩ ដែលធ្វើជាម្ចាស់ផ្ទះ។

    គួរបញ្ជាក់ផងដែរថា លោក Akira Nishino ជាអតីតគ្រូបង្វឹកជម្រើសជាតិជប៉ុន ដែលបានដឹកនាំក្រុមសាំម៉ូរ៉ៃខៀវជប៉ុន ក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី៕

  • វិសាខា សម្រេចបញ្ចប់កុងត្រា លោក ហុក សុជីវ័ន មុនការប្រកួតជើងទី២ចូលមកដល់

    វិសាខា សម្រេចបញ្ចប់កុងត្រា លោក ហុក សុជីវ័ន មុនការប្រកួតជើងទី២ចូលមកដល់

    ក្លិបវិសាខា ដែលកំពុងឈរនៅលំដាប់លេខ៥ នៃតារាងការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៩នេះ បានសម្រេចចិត្តបញ្ចប់កុងត្រាគ្រូបង្វឹករបស់ខ្លួន លោក ហុក សុជីវ័ន ជាស្ថាពរហើយ នេះបើតាមការបញ្ជាក់របស់ក្លិបក្នុងបណ្តាញសង្គមរបស់ក្លិបផ្ទាល់។

    ទោះជាបែបនេះក្តី ខាងក្លិបមិនទាន់បញ្ជាក់ពីអ្នកដែលនឹងត្រូវចូលមកជំនួសតំណែងរបស់ លោក ហុក សុជីរ័ន ឡើយដោយខាងក្លិបប្រហែលជាអាចបង្ហាញជាមួយនឹងការបង្ហាញកីឡាករសម្រាប់ជើងទី២ ក្នុងសន្និសិតកាសែតមួយ។
    គួរបញ្ជាក់ផងដែរថា លោក ហុក សុជីវ័ន ​ត្រូវ​បាន​ក្លិប​ប្រកាស​សម្រេច​បញ្ចប់​កុងត្រា ​ដែល​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​វិសាខា ​ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ។ ទន្ទឹម​នឹង​ការ​សម្រេច​បញ្ចប់​នេះ​ដែរ ក្លឹប​វិសាខា ​ក៏​ជូន​ពរ​គ្រូ​បង្វឹក​រូប​នេះ​ឱ្យ​ជោគជ័យ​ក្នុង​ការ​បំពេញ​ភារកិច្ច​ក្នុង​ថ្ងៃ​មុខ​ផង​ដែរ។៕