Category: សង្គម និងសេដ្ឋកិច្ច

  • ការវិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០២៤ ធ្លាក់ចុះប្រមាណ ១៥.១៧ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣

    ការវិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០២៤ ធ្លាក់ចុះប្រមាណ ១៥.១៧ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣

    ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤​នេះ គម្រោង​វិនិយោគ​ក្នុងវិស័យសំណង់​ទូទាំង​ប្រទេស​មានចំនួន ២ ៦៣៣​គម្រោង មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុប​ចំនួនជាង​១០​លាន​ម៉ែត្រ​ក្រឡា និងមានតម្លៃប៉ាន់​ស្មាន​ទុន​វិនិយោគ​ប្រមាណ​៤,៣៣ពាន់​លានដុល្លារអាមេរិក ។

    របាយការណ៍ដដែល​បានឱ្យដឹងថា ទាំងចំនួន​គម្រោ​ងវិនិយោគ ទុនវិនិយោគ និង​ផ្ទៃក្រឡា​សាងសង់​ដែលអនុម័ត​សម្រាប់ឆ្នាំ ២០២៤​នេះ មានការ​ថយចុះ​ប្រមាណ ​១៥,១៧​ភាគរយ​ ធៀបនឹង​ឆ្នាំ ២០២៣​​ ដោយក្នុ​ង​នោះ​ដែរ គម្រោង​វិនិយោគ​ក្នុងឆ្នាំ២០២៣​មានចំនួន ២ ៩២៤គម្រោង​ មានផ្ទៃក្រឡា​សំណង់​ចំនួន​ជាង​ ១២​លាន​ម៉ែត្រក្រឡា និង​មាន​ទុន​វិនិ​យោគ​​​ប្រមាណ ៥,១ពាន់លានដុល្លារអាមេរិក ។

    នៅក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង​២ ៦២២គម្រោង​ ឃើញថា ​ក្នុង​ដែនសមត្ថកិច្ច​របស់ក្រសួង​មានចំនួន ២៩៣គម្រោង មានផ្ទៃក្រឡា​សំណង់សរុប​ជាង​៩,២លាន​ម៉ែត្រក្រឡា និង​មានតម្លៃប៉ាន់​ស្មាន​ប្រមាណ​ ៨៨០​លាន​ដុល្លារអាមេរិក ធៀបនឹង​ឆ្នាំ ២០២៣​មានថយចុះ​ប្រមាណ១៧,២៦​ភាគរយ ។ ដោយឡែក​គម្រោង​វិនិយោគដែលស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​រាជធានី/ខេត្ត​ មានចំនួន ២ ៣២៩​គម្រោង ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន ១,១៦ ​លាន​ម៉ែត្រ​ក្រឡា មានទុនវិនិយោគ​ប្រមាណ ៤៥៣លាន​ដុល្លា​​រ​អាមេ​រិ​ក​ ​ធៀបនឹង​ឆ្នាំ ២០២៣​មានការកើនឡើង​៨,៣១​ភាគរយ ។

    សូមជម្រាបថា គិត​ចាប់​ពី​ឆ្នាំ ២០០​០​ ដល់​ឆ្នាំ ២០២៤​ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បាន​ចេញលិខិត​អនុញ្ញាតសាងសង់​នៅទូទាំង​ប្រទេស​ចំនួន ៦៧ ៦៩៦គម្រោង​ មានផ្ទៃ​ក្រឡា​កម្រាលសំណង់​សរុបចំនួន​ជាង ១៩៧​លាន​ម៉ែត្រ​ក្រឡា និងមានតម្លៃ​ប៉ាន់​ស្មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៧៨ ៩៦៩លាន​ដុល្លារ​អាមេរិក ។ ដោយឡែក សម្រាប់គម្រោងអគារ​ខ្ពស់​ៗ ចាប់ពី៥ជាន់​ឡើង​​នៅទូទាំង​ប្រទេស​មានចំនួន ២ ៩០៣អគារ ដោយនៅ​រាជ​ធានី​ភ្នំ​ពេញ​មា​ន​ចំនួន ១ ៨២៤អគារ ខេត្ត​ព្រះ​សីហនុ មានចំនួន​៧៣៨​អគារ ខេត្ត​បន្ទាយ​មានជ័យមានចំនួន ២៧២​អគារ និង​បណ្ដាខេត្ត​និងតំបន់​ផ្សេង​ទៀត​មានចំនួន ៦៩​អគារ៕

  • អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តការងារសំខាន់ៗចំនួន៥

    អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តការងារសំខាន់ៗចំនួន៥

    ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តអនុវត្តការងារតាមតួនាទី និងភារកិច្ច ដើម្បីធ្វើយ៉ាងណាអាចសម្រេចបានចក្ខុវិស័យដែលបានកំណត់។

    ការងារ និងភារកិច្ចដែលកំពុងអនុវត្តយ៉ាងសកម្មទាំង៥ រួមមានដូចខាងក្រោម ៖

    ១. ការបង្កើនសមត្ថភាពមន្ត្រី៖ ដោយបានធ្វើការបណ្តុះបណ្តាលផ្ទៃក្នុងដល់មន្ត្រីរាជការនៅទីស្ដីការក្រសួង និងមន្ទីរ ដ.ន.ស.ស.រាជធានី ខេត្ត និងការផ្សព្វផ្យាយអំពីនីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់។

    ២. ការកសាងរដ្ឋបាលទំនើប៖ ដោយបានធ្វើការកសាងបទដ្ឋានបច្ចេកទេស និងបទប្បញ្ញាត្តិបច្ចេកទេសក្នុងវិស័យសំណង់ និងការធ្វើឌីជីថលូបនីយកម្មក្នុងវិស័យសំណង់។

    ៣. ការកសាងលិខិតបទដ្ឋានគតិយុត្ត៖ ដើម្បីគាំទ្រការអនុវត្តច្បាប់ស្ដីពីសំណង់ក្នុងគោលដៅពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ ការលើកកម្ពស់សោភណភាពសំណង់និងបរិស្ថាន និងការលើកតម្កើងស្ថាបត្យកម្មខ្មែរសហសម័យ និងរចនាបថខ្មែរទំនើប។

    ៤. ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ និងអ្នកប្រកបអាជីវកម្ម៖ ដោយបានធ្វើការពិនិត្យសមត្ថភាពវិជ្ជាជីវៈក្នុងការផ្ដល់អាជ្ញាបណ្ណប្រកបអាជីវកម្មក្នុងវិស័យសំណង់ ស្ថាបត្យករនិងវិស្វករ និងការបណ្តុះបណ្តាលវិជ្ជាជីវៈជាបន្តបន្ទាប់ដល់អ្នកវិជ្ជាជីវៈ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការងារសំណង់។

    ៥. ការផ្តល់សេវាសាធារណៈក្រោមបរិយាកាសនៃការផ្តល់សេវាគាប់ចិត្ត៖ ដោយបានផ្ដល់លិខិតអនុញ្ញាតសាងសង់សរុបចំនួន ២ ៦២២គម្រោង ការចុះត្រួតពិនិត្យការដ្ឋានសរុបចំនួន ១ ៨៧១ការដ្ឋាន រួមទាំងការដោះស្រាយវិវាទសំណង់។

    នេះបើយោងតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបន្តធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ៕

  • ទំនាស់ និងបញ្ហាអភិវឌ្ឍន៍ផ្សារ CTT ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយបញ្ចប់រួចរាល់

    ទំនាស់ និងបញ្ហាអភិវឌ្ឍន៍ផ្សារ CTT ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយបញ្ចប់រួចរាល់

    ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ផ្សារ TCC របស់ ក្រុហ៊ុន យុនណាន សេងម៉ៅ អ៊ិនវេសមិន ឯ.ក ដែលជាប់គាំងអស់រយៈពេលប៉ុន្មានឆ្នាំ មកហើយនោះ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសពីភាពជោគជ័យក្នុងការរកឃើញដំណោះស្រាយ ជូនអតិថិជន ដោយក្រុម ហ៊ុន អភិវឌ្ឍន៍ផ្សារនេះ បាន ផ្ទេរគម្រោងទៅជាគម្រោងថ្មី និងអភិវឌ្ឍន៍បន្ត ។

    យោងតាមសេចក្ដីប្រកាសព័ត៌មានរ បស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ២០២៤ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ដឹក នាំ សម្របសម្រួល ស្វែង រក ដំណោះ ស្រាយជា បន្តបន្ទាប់ពាក់ព័ន្ធ ករណីរបស់ គម្រោងផ្សារ TCC មានទីតាំង ស្ថិតនៅភូមិ បឹង ស្រឡាង សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

    ជា លទ្ធផល លោកចិន ថៃអាន ( Chen Tai An ) ដែលជា ម្ចាស់ភាគហ៊ុននៅក្នុង ក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ិន វេស មិន ឯ.ក បានឯកភាព ក្នុងការលក់ ភាគហ៊ុន របស់ខ្លួន ទាំងអស់ ជូន លោកស្រី នូវ គន្ធា ដើម្បីក្លាយជា ម្ចាស់ ភាគហ៊ុន បន្តនៅក្នុងក្រុមហ៊ុន យុនណា ន សេង ម៉ៅ អ៊ិន វេសមិន ឯ.ក និងក្លាយជា ម្ចាស់ គម្រោងផ្សារ TCC និង អនុញ្ញាតឱ្យ ក្រុមហ៊ុន ហ្សេង ឈី អ៊ិន វេ ស មិន មេនេចមិន ( ខេមបូឌា  ឯ.ក ចូលសាងសង់ បន្ត គម្រោងផ្សារ TCC ដើម្បីឈានទៅ បញ្ចប់ បញ្ហា ជា ស្ថាពរ ។

    ក្រសួ ង រៀបចំដែនដី ន គរូបនីយកម្ម និងសំណង់ ក៏បានស្នើសុំឱ្យ ភាគី ពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ស ម្រ បសម្រួល ដើម្បីបង្ក លក្ខណៈងាយស្រួលដល់ ការងារ សាងសង់ បញ្ចប់ គម្រោង ផ្សារ TCC ឱ្យបាន រលូន ទៅ តាម ផែនការ ដែល បានកំណត់ ។ ក្នុង ឆ្នាំ២០២៤ នេះ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ខិតខំដោះស្រាយ បញ្ហា នានា រប ស់ គម្រោងអភិវឌ្ឍ ន៍ ដែលជួបបញ្ហា ដូចជា គម្រោង អភិវឌ្ឍន៍ ដីឡូត៍ គម្រោង អ ភិ វឌ្ឍន៍ លំនៅឋាន របស់ ក្រុមហ៊ុន ម៉ន ដានី, គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន VIP ខេត្តព្រះសីហនុ, ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាដើម ។


    ក្រៅពី ដោះស្រាយបញ្ហាទាំងនេះ ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានដោះស្រាយបញ្ហា ទំនាស់ ដីធ្លី បានជាច្រើន ករណីមកហើយដែរ ដោយករណីខ្លះ បាន កើ ត ឡើងរា ប់ឆ្នាំ មកហើយ និងមិនមានដំណោះស្រាយនោះ ក៏ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះ ស្រាយ បញ្ចប់ជាស្ថាពរដែរ។
    យុទ្ធសាស្ត្រ បន្ត របស់ ក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ នឹង បញ្ចប់បញ្ហា ទំនាស់ដីធ្លី និង បញ្ចប់ ការ វា ស់វែង ដីធ្លី ឱ្យរួចរាល់ ក្នុង ដំណាក់ កាល ដំបូង និងឈានទៅ កាន់ ការរៀបចំ ដីធ្លីទីក្រុង ឱ្យកាន់ តែ មាន សណ្ដាប់ធ្នាប់ ប្រកបដោយ សោភណ្ឌ ភាព ទាំង នៅ ទីប្រជុំជន និងទីជន បទ ៕

  • និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

    និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

    ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន ក៏​ដូចជា​កង្វះ​ភាព​ទាក់ទាញ និង​គ្មាន​ផាសុកភាព​ជាដើម។ យុវជន​មួយ​ក្រុម​ដែល​ជា​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​បង្ហាញ​ពី​គម្រោង​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ដោយ​បង្កើត​ជា​លំហបៃតង​សម្រាប់​សហគមន៍ ដាក់បញ្ចូល​រចនាបទសិល្បៈ ភាព​ច្នៃប្រឌិត​ដែល​បង្កប់​លក្ខណៈ​ខ្មែរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ថែម​ទៀត។

    គំនិតកែប្រែ​សួនច្បារ​ផ្សារចាស់​របស់​ក្រុម​និស្សិត ​ដែល​ដាក់​ឈ្មោះថា ITC003 នេះ បាន​ទទួល​ជ័យ​លាភី​លេខ១ ក្នុងការប្រកួត​ប្រជែង​ស្នាដៃ​រចនា​សហគមន៍​ឆ្នាំ២០២៤ ប្រធានបទ «ភូមិ១ សហគមន៍១» សម្រាប់​ការ​រចនា​ទីតាំង​សួនផ្សារចាស់ ដែល​រៀប​ចំដោយ សមាគម​អ្នក​វិនិយោគ អ្នក​សាងសង់ និង​ស្ថាបត្យករ​កម្ពុជា (CICAA) ដែល​គាំទ្រ​ដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាល​ពី​ពេលថ្មីៗ​នេះ។

    លោក រៀម សភាថិរវន្ត និស្សិតឆ្នាំទី៥ ដេប៉ាតឺម៉ង់​ទេពកោសល្យ​ស្ថាបត្យកម្ម នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ជា​សមាជិក​ក្រុម ICT 003 បាន​លើក​ឡើង​ថា សួន​ផ្សារ​ចាស់ គឺជា​ទីកន្លែង​ដែល​ប្រជាជន​អាច​នឹង​ធ្វើ​សកម្មភាព​ជា​សហគមន៍​បានច្រើន ហើយ​ក៏​ជា​តំបន់​ទេសចរណ៍​ដែល​ភ្ជាប់​ភ្ញៀវទេសចរ​ពីវត្តភ្នំ ទៅ​សួន​ច្បារ​មាត់ទន្លេ​ផងដែរ។ ជាមួយ​គ្នា​សួន​នេះ ក៏​ជា​តំបន់​ស្នូល​នាពេល​អនាគត​ដែល​ភ្ជាប់​ប្រជាជន​ពីក្រុង​អារិយ្សត្រ ជ្រោយចង្វា និង​រាជធានី​ភ្នំពេញ។ ដូច្នេះ គំនិត​ក្នុង​ការ​គិតគូរ​រៀបចំ​សួន​ច្បារផ្សារចាស់​ឡើងវិញ គឺត្រូវ​បំពេញ​ចំណុច​ខ្វះខាត និង​បង្កើត​ឱ្យ​មាន​សកម្មភាព​ទំនាក់ទំនង​ផ្សេងៗ​ក្នុងតំបន់ ក្នុងនោះ​មាន​ដូចជា ប្រព័ន្ធផ្លូវ ចំណត លំហបៃតង សំណង់​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម​សហសម័យ សកម្មភាព​សាធារណៈផ្សេងៗ ហើយ​ការ​តភ្ជាប់​ទាំងអស់​នេះ គឺដើម្បី​ឱ្យអ្នក​ទស្សនា​ទទួល​អារម្មណ៍ប្លែក និងបទពិសោធន៍​ថ្មី​ក្នុង​ការរស់នៅ​ពីមួយជំនាន់​ទៅមួយជំនាន់ និងធានា​បានការថែ​រក្សានូវ​អត្តសញ្ញាណ្ណ​របស់ខ្លួន។

    លោក រៀម សភាថិរវន្ត និស្សិតឆ្នាំទី៥ ដេប៉ាតឺម៉ង់ទេពកោសល្យស្ថាបត្យកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
    និស្សិតឆ្នាំទី៥ ដេប៉ាតឺម៉ង់​ទេពកោសល្យ​ស្ថាបត្យកម្ម នៃ​វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា រូបនេះ បញ្ជាក់​បន្ថែម​ថា លក្ខណៈពិសេស​នៃ​គម្រោង​រចនា​ផ្សារ​ចាស់ រហូត​គណៈកម្មការ​បាន​ផ្តល់ជ័យលាភី​ឯក​ក្នុង​ការ​ប្រកួត​ស្នាដៃ​រចនា​សហគមន៍​ឆ្នាំ២០២៤ គឺគំនិត​ផ្ដោតលើ​ការដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​ទីតាំងផ្សារចាស់ និង​ការ​រចនា​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ។ បើ​តាម​លោក សភាថិរវន្ត សម្រាប់​គម្រោង​រចនា​សួនផ្សារចាស់​នេះ ក្រុម​ខ្លួន​បាន​គិតគូរ​ដំណាក់​កាល​នៃការៀបចំ​សម្រាប់​៥ឆ្នាំខាងមុខ គឺការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ករណី​មាន​គម្រោង​ស្ពាន​អាកាសឆ្លង​កាត់ចូល​ទីក្រុង, លើស​ពីនេះ ក៏​មានការ​បំផុស​គំនិត​បន្ថែម​មុខងារ​អាជីវកម្ម ដូចជា ផ្សារ​ទំនើប Apple Store ដែល​ជា​កន្លែង​មាន​កក្កដានុពល អាច​មានភ្ញៀវទេសចរ​ច្រើន និងអាច​រក​ប្រាក់​ចំណូល​សម្រាប់​ជាតិ។ ជាពិសេស បង្កើត​ឱ្យ​មាន​លំហបៃតង សកម្មភាព​សហគមន៍ កន្លែង​កម្សាន្ត កន្លែង​ហាត់ប្រាណ កន្លែង​សម្រាប់​លក់ដូរ​តិចតួច ក៏ដូចជា​កន្លែង​សម្ដែង​ផ្សេងៗ។

    ឯកឧត្តម ជា ច័ន្ទថែបរ៉ាស អគ្គលេខាធិការ​រង​គណៈស្ថាបត្យករកម្ពុជា និង​ជាគណៈកម្មការ​ដាក់ពិន្ទុ មាន​ប្រសាសន៍​ថា ការ​ដែល​គណៈកម្មការ​សម្រេច​ផ្ដល់​ជ័យលាភី​ដល់​ក្រុម ICT003 សម្រាប់​គម្រោង​សួនច្បារ​ផ្សារចាស់ គឺ​ដោយ​សារ​គម្រោង​ដែលប្អូនៗ​និស្សិតធ្វើឡើង​នោះ គឺសមស្រប​ទៅនឹងការ​យកទៅប្រើ​ក្នុងការ​អនុវត្ត​ជាក់ស្ដែង ងាយស្រួល និង​សមហេតុ​សមផល​ជាងគេ។

    កញ្ញា នួន សុលីតា សមាជិក​ក្រុម ICT003 លើក​ឡើង​ថា សម្រាប់​គម្រោង​សួនច្បារ​ផ្សារចាស់​ដែល​ក្រុម​របស់​នាង​បាន​ធ្វើនេះ នឹង​រំពឹងថា​​អាច​ដោះស្រាយ​បញ្ហា​ចរាចរណ៍​យ៉ាង​ពិតប្រាកដ ដោយ​ក្នុង​ការ​គណនា​គម្រោងនោះ គឺមាន​ចំណត​គ្រប់គ្រាន់​សម្រាប់​សាធារណៈជន ជាពិសេស​ផ្តល់​ដំណោះស្រាយ​បញ្ហា​សំរាម​ អនាម័យ បរិស្ថាន​ក្នុងទីក្រុង និង​លើក​កម្ពស់​ជីវភាព​ប្រជាជន។ កញ្ញា សុលីតា ក៏​រំពឹងដែរ​ថា ភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន នឹង​យក​គម្រោង​កែលម្អ​សួនផ្សារចាស់​របស់​ក្រុម​ខ្លួន ទៅ​អនុវត្ត​ឱ្យ​ចេញ​ជា​រូបរាង ដោយ​ថា គម្រោង​មួយ​នេះ ក្រុម​ខ្លួន​បានសិក្សា​យ៉ាង​ល្អិតល្អន់​ទាក់ទង​នឹង​ការ​អភិវឌ្ឍថ្មីៗ​នៅ​ក្នុងទីក្រុង ដូចជា​ការ​សាងសង់​ស្ពានថ្មី ដោយ​គិតគូរ​អំពី​បញ្ហា​ចរាចរណ៍​ដែល​អាច​កើតមាន​នៅ​ទីក្រុង​ភ្នំពេញ​នា​ពេល​អនាគត។

    គួរជំរាប​ជូន​ដែរ​ថា ក្រៅ​ពីគម្រោង​រចនា​សួនច្បារ​ផ្សារ​ចាស់​ដែល​បាន​ជាប់ជ័យលាភី​នេះ ក្រុម​និស្សិត​ស្ថាបត្យកម្ម នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ដែល​មាន​សមាជិក​ក្រុម​ចំនួន៥នាក់​នេះ ក៏ធ្លាប់​បាន​សិក្សា​គម្រោង​កែលម្អ​សួនច្បារ​មាត់ទន្លេ ចាប់ពី​ផ្សារ​រាត្រី​មក​ដល់​វត្តឧណ្ណាឡោម ក៏​ដូចជា​ធ្លាប់​បាន​ធ្វើ​ការ​បំផុសគំនិត​ឱ្យមាន​ការកែ​លម្អផ្លូវរទេះភ្លើង​ក្នុង​ខណ្ឌសែនសុខ ឱ្យកាន់​តែមាន​ភាពទាក់ទាញ​ជាងមុន និង​មាន​សកម្មភាព​សហគមន៍​ជាងមុន។ លើស​ពីនេះ កាលពី​ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ​ក្រុម​មួយ​នេះ ក៏​បានធ្វើ​គម្រោង​បណ្ណាល័យ​សាធារណៈ និង​កែលម្អ​ហេដ្ឋរចនា​សម្ព័ន្ធ​នានានៅក្នុង​សួនច្បារ​ខេត្តឧត្តរមានជ័យ​ទៀត​ផង៕

  • ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

    ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា (JCA) នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

    តាមប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថា នេះជាលើកទី៤ហើយដែលសមាគមជប៉ុន-កម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ដោយបច្ចុប្បន្ននេះ លោកសង្កេតឃើញថាកម្ពុជាបានអភិវឌ្ឍជឿនលឿនជាងមុនលើការវិនិយោគពីបណ្តាប្រទេសនានា ក្នុងនោះក៏មានជប៉ុនផងដែរ។ លោកបានបញ្ជាក់ថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការវិនិយោគពីក្រុមហ៊ុននានារបស់ប្រទេសជប៉ុននៅក្នុងប្រទេសកម្ពុជា។

    ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូ JCA មកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមបានចាត់ទុកថា នេះជាពេលវេលាដែលខុសប្លែកពីទស្សនកិច្ចលើកមុន ហើយក៏ជាទស្សនកិច្ចដែលប្រកបដោយឱកាសជាច្រើនសំរាប់សមាគមជប៉ុន-កម្ពុជា។ នេះក៏ជាឱកាសដ៏ល្អសម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលគ្រោងនឹងរៀបចំសន្និបាតប្រចាំឆ្នាំនាសប្តាហ៍ក្រោយ ដែលនឹងមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺជាពេលវេលាប្រកបដោយមោទនភាពរបស់ឯកឧត្តមផ្ទាល់ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាផងដែរ។

    នាឱកាសនោះ ឯកឧត្តមក៏បានលើកឡើងពីលទ្ធផលការងារជាអាទិភាពរបស់ក្រសួងដែលបានអនុវត្តកន្លងមក ក្នុងនោះរួមមានការចុះបញ្ជីដីធ្លីដែលមកដល់ពេលនេះនៅទូទាំងប្រទេសសម្រេចបានជាង ៣លានក្បាលដី និងនៅសល់ត្រឹមតែប្រមាណជា ៥០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់រួចរាល់ជាស្ថាពរ ហើយនេះជាលើកទី១ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ដែលបានបញ្ចប់ការងារចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស។

    ចំពោះបញ្ហាវិវាទដីធ្លីមកដល់ពេលនេះ គឺបានដោះស្រាយជាច្រើនករណី ដែលនៅសល់ត្រឹមក្រោម ១ ០០០ករណីប៉ុណ្ណោះ ខណៈកាលពីមុនមានរហូតដល់ជាង ១ម៉ឺន ៥ពាន់ករណី។ រីឯសេវាសុរិយាដី និងសេវាសំណង់ គឺបានប្រែក្លាយមកជាប្រព័ន្ធឌីជីថល ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។

    ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមផងដែរថា ការងារដែលក្រសួងបានធ្វើនាពេលនេះ បានបង្កើតបរិយាកាសគ្មានវិវាទជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្រោយពីបានរួចរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ឯកឧត្តម ក៏បានលើកឡើងពីឱកាសវិនិយោគថ្មីសំរាប់ជប៉ុនលើវិស័យមួយចំនួន ដូចជានៅខេត្តព្រះសីហនុនឹងមានការពង្រីកផែទឹកជ្រៅ ដោយមានមហិច្ឆតាប្រែក្លាយផែនេះឱ្យក្លាយជាផែធំទី២ បន្ទាប់ពីផែនៅប្រទេសសិង្ហបុរី។

    ជាមួយនេះ ឯកឧត្តមក៏បានលើកឡើងអំពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលជាកន្លែងដ៏សំខាន់មួយសំរាប់បង្កើតការងារដល់ប្រជាជនកម្ពុជា ព្រមទាំងទិសដៅវិនិយោគសំខាន់ៗមួយចំនួនទៀតដែលជប៉ុនអាចចូលរួមសហការក្នុងការជួយជំរុញដល់ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា អ្វីៗដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានខិតខំប្រឹងប្រែងធ្វើសព្វថ្ងៃនេះគឺដើម្បីជំរុញឱ្យដំណើរការសេដ្ឋកិច្ចកម្ពុជាប្រព្រឹត្តទៅដោយរលូន ហើយសង្ឃឹមថានឹងរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ជារៀងរាល់ឆ្នាំ៕

  • កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

    កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

    ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី ១១ វិច្ឆិកា ២០២៤​ ដោយ​សហ​គ្រិន​ចំ​នួន៧៥​រូបមកពី​១៩​ប្រទេស ត្រូវ​បានជ្រើសរើស​សម្រាប់​ការផ្ដល់ជូន​ពានរង្វាន់​​ដ៏អស្ចារ្យ​មួយនេះ ។

    នៅក្នុងឱកាស​នៃពិធីប្រគល់​ពានរង្វាន់​នេះដែរ លោក​ហ៊ាង វុទ្ធា​ ប្រធានក្លិប​ G​lobal Entrepreneur 1% Club បានមានប្រសាសន៍ឱ្យដឹងដែរថា ពានរង្វាន់​​អាស៊ាន សម្រាប់​អាជីវកម្ម​ និងធុរកិច្ច ដែលបានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ២០២៤នេះ បាន​ឆ្លុះបញ្ចាំង​យ៉ាងជ្រាល​ជ្រៅ​ជាមួ​យនឹង​ទំនួល​ខុស​ត្រូវ​សង្គម​រួមរបស់យើង ចំពោះកិច្ច​ការជួយ​សង្គម ។ ម្យ៉ាងវិញទៀត វា​មិន​ត្រឹមតែលើក​កម្ពស់​​ដំណើរការ​អាជីវកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់មនុស្សជុំវិញយើង​ផងដែរ ។  ការជួបជុំ​ នៅក្នុង​ថ្ងៃនេះ ក៏ឆ្លុះបញ្ចាំ​ងពីជំហាន​សំខាន់ៗ ដែលយើង​ធ្វើ​ក្នុងនាមយើងជា​ផ្នែក​មួយ​ក្នុងកា​រជំរុញការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ លើ​កកម្ពស់ជីវិត និង​រួម​ចំណែកដល់សុខុមាលភាព​នៃសង្គម​នៃតំបន់អាស៊ានទាំង​មូល ។

    លោក​បន្តថា កម្មវិធី​ពាន​រង្វាន់​នេះ ត្រូវ​បានរៀបចំឡើងអស់​រយៈ​ពេល​៨០​ថ្ងៃ​ដែល​មានអ្នកចូលរួម​ដាក់ពាក្យ​ចំនួន ៣.៧៦០​នាក់ មកពី​បណ្ដា​ប្រទេស​ចំនួន៣៩​​ប្រទេស ​។ ក្នុងនោះ​​គណៈកម្មាធិការ​បានជ្រើសរើស​​អ្នកមាន​សក្ដានុពល​ចំនួន ៤៨០​នាក់​ ហើយឈានទៅដល់​វាយតម្លៃជាផ្លូវការ​ចំនួន  ២៨០​នាក់ មកពី៣០​ប្រទេស ។​ ជាចុងក្រោយ​ គណៈកម្មាធិការ បានសម្រេចជ្រើសរើស​ យកម្ចាស់ជ័យលាភីសរុប​ចំនួន​៧៥រុប​មកពី​ប្រទេស​ចំនួន​១៩​​ ដើម្បី​ផ្ដល់ជូន​ពានរង្វាន់​នៅក្នុងថ្ងៃនេះ​ ។

    លោក​បណ្ឌិត​គង់ វិចិត្រា​ ស្ថាបនិក​អង្គការ​ KPF និងជាអនុ​ប្រធាន​ក្លិប​​ G​lobal Entrepreneur 1% Club ( កិច្ចការ​ងារ​សង្គម​ ) បានមានប្រសាសន៍ថា ព្រឹត្តិការ​ណ៍​ដ៏អស្ចារ្យនេះ បាន​បង្ហាញ​ពីកា​រ​ប្ដេជ្ញា​ចិត្ត​ក្នុង​ចក្ខុវិស័យ​របស់​​សមាគម​ ដែលមិន​គិត​ត្រឹម​តែ​រក​ប្រាក់​ចំណេញ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្ដល់​​ត្រលប់មកវិញ​ដល់​សង្គម​ផងដែរ ។

    លោក​បន្តថា ការទទួល​ខុសត្រូវ​សង្គម មិនគ្រាន់តែ​ជាកា​រផ្ដល់​ត្រលប់មកវិញទេ វាគឺជា​ការ​កសាង​​អនាគត​​ប្រកបដោយ​ចីរភាព​សម្រាប់មនុស្ស​គ្រប់រូប ។ ក្នុងនាម​ជាអ្នក​ទទួល​ខុសត្រូវ​លើ​ការទទួល​ខុស​ត្រូវ​សង្គម​មួយ​រូបរបស់​សមាគម​ក្លិប លោក​ក៏បានអំពាវនាវ​ដល់ម្ចាស់អាជីវកម្ម និង​សហគ្រិន​ជាច្រើន​ផ្សេងទៀត បន្ត​គាំទ្រ​​សង្គម​របស់យើង ដោយសារវា​មាន​សារសំខាន់​ណាស់​សម្រាប់​អភិវឌ្ឍ​ប្រទេស​យើង​ ។​

    តាមរយៈពាន​រង្វាន់​មួយនេះដែរ ក្លឹបអ្នកវិនិយោគនេះនឹងរំពឹង​ថា​នឹងមាន​សហគ្រិន​ជាច្រើនទៀត​ ចូលរួមក្នុងកិច្ច​ការ​សង្គម​បាន​កាន់​តែ​​ច្រើន​ ហើយក៏រំពឹង​ថា​នឹងមានការ​រៀបចំពានរង្វាន់​ដ៏​អស្ចារ្យមួយនេះ និងមានការ​ចូលរួមគាំទ្រ​ពី​សំណាក់​បណ្ដា​ក្រុមហ៊ុន​ និងម្ចាស់អាជីវកម្ម​ទៅលើ​ការរៀបចំកម្មវិធី​ប្រគល់​ពាន​រង្វាន់​កាន់តែធំនិងអស្ចារ្យ​ជាង​ពេល​នេះ ។​

    នៅក្នុង​កម្មវិធីប្រគល់ពានរង្វាន់នេះដែរ​កាលពី​រាត្រីថ្ងៃទី១១ វិច្ឆិកា ២០២៤ ក៏មានកា​រចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័នសំខាន់​ៗ មួយចំនួនរួមមាន ​តំណាង​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា​នុវត្តន៍ តំណាង​មកពីក្រសួងពាណិជ្ជកម្ម​ ប្រធាន​សភាពាណិជ្ជកម្ម​សិង្ហបុរី​ប្រចាំប្រទេស​កម្ពុជា និងប្រធានសមាគម​វិនិយោគកម្ពុជា​សិង្ហបុរីជាដើម ។

    គួរបញ្ជាក់ថាកម្មវិធី “ពានរង្វាន់អាស៊ានសម្រាប់អាជីវកម្មនិងធុរកិច្ចដែលជួយកិច្ចការសង្គម”ត្រូវបានបែងចែកទៅជាពានរង្វាន់មាន៥ប្រភេទដែលក្នុងនោះពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ពាន់សហគមន៍និងធុរកិច្ចដែលជួយកិច្ចការសង្គមមានចំនួន១០រូបពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ពានសិល្បករ/សិល្បការីនីនិងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន៣រូបពានរង្វាន់អាស៊ានសម្រាប់អាជីវកម្មនិងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន១២រូបពានរង្វាន់អាស៊ានសម្រាប់ពានសហគ្រិន និងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន ៣៤រូប និងពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ដឹកនាំ និងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន ១៣រូប៕

  • ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

    ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

    ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ ដោយក្រសួងពាណិជ្ជកម្មកម្ពុជាបាននឹងកំពុងរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ក្រោមមូលបទនៃ “យុគសម័យថ្មីនៃពាណិជ្ជកម្ម” នាថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។

    យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងរៀបចំឡើងក្រោមមូលបទ យុគសម័យថ្មីនៃពាណិជ្ជកម្ម (Trade Renaissance) ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ល្ខោនហល បុរីប៉េងហួតបឹងស្ងោ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិង វិនិយោគ ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។

    នៅក្នុងកម្មវិធីលំដាប់អន្តរជាតិនេះផងដែរ ក៏នឹងមានរៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ ដូចជា ផលិតផលដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ផលិតផលឧស្សាហកម្ម សេវាកម្ម ធនាគារ និងវិនិយោគ ព្រមទាំងមានកម្មវិធីអមសំខាន់ៗដូចជា វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-សាធារណរដ្ឋកូរ៉េ ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញ និងការប្រគំតន្ត្រីជាដើម។

    នៅក្នុងឱកាសនោះដែរ ក៏នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា អញ្ជើញជាអធិបតីនៅក្នុងពិធីបើកជាផ្លូវការនៃពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ផងដែរ។

    ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាមានការរំពឹងទុក និងមានជំនឿយ៉ាងមុតមាំថា ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ពាណិជ្ជករ ផលិតករ អ្នកវិនិយោគ និងសាធារណជនទាំងអស់នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ និងចាប់យកឱកាសដ៏ល្អនេះ ដើម្បីពង្រឹង និងពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត៕

    សូមចូលរួមទាំងអស់គ្នា!

  • អាមេរិក បន្តជួយ និងគាំទ្រប្រជាជនកម្ពុជាតាមរយៈការវិនិយោគ និងជំនួយជាថវិកាទៅលើវិស័យសំខាន់ៗមួយចំនួន

    អាមេរិក បន្តជួយ និងគាំទ្រប្រជាជនកម្ពុជាតាមរយៈការវិនិយោគ និងជំនួយជាថវិកាទៅលើវិស័យសំខាន់ៗមួយចំនួន

    ភ្នំពេញ ៖ កាលពីសប្ដាហ៍កន្លងទៅនេះ នៅទីក្រុងភ្នំពេញ នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID អ្នកស្រី Samantha Power បានប្រកាសអំពីការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិកដើម្បីគាំទ្រដល់ប្រជាជនកម្ពុជាលើវិស័យសំខាន់ៗរួមមាន៖ សន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងការងារ។

    ក្រៅពីការគាំទ្រជីវភាពប្រជាជនកម្ពុជាតាមរយៈការវិនិយោគដូចបានលើកឡើងខាងលើ អាមេរិកក៏បានផ្តល់ជំនួយសំខាន់ៗបន្ថែមទៀត រួមមានថវិកាជំនួយស​ម្រាប់កម្មវិធី “ស្បៀងដើម្បីភាពជឿនលឿន” ជាង ២៩លានដុល្លារ ផ្តល់ពីក្រសួងកសិកម្មសហរដ្ឋអាមេរិកដើម្បីពង្រឹងវិស័យសុខភាព និងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាតាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុ និងការកែលម្អទំនាក់ទំនងទីផ្សារ។

    បន្ថែមពីលើនេះ កិច្ចខិតខំប្រឹងប្រែងថ្មីត្រូវបានប្រកាសដើម្បីការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម ព្រមទាំងថវិកា ជាង ៦ លានដុល្លារពីទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីគាំទ្រដល់សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅកម្ពុជា។

    ទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈការផ្តល់ថវិកាចំនួន ៣ លានដុល្លារពីក្រសួងការងារសហរដ្ឋអាមេរិក នឹងបន្តគាំទ្រដល់ពលរដ្ឋខ្មែរដែលធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិកវិញ ព្រមទាំងដោះស្រាយឧបសគ្គសម្រាប់ជនមានពិការភាព។ ជំនួយទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ឆ្ពោះទៅរកគោលដៅរួមសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលប្រកបទៅដោយវិបុលភាព និងបរិយាបន្ន៕

  • គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រជូនដំណឹងពីដំណើរព្យុះទីហ្វុងដែលអាចជះសម្ពាធ និងឥទ្ធិពលមកលើខេត្តមួយចំនួននៅកម្ពុជា

    គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រជូនដំណឹងពីដំណើរព្យុះទីហ្វុងដែលអាចជះសម្ពាធ និងឥទ្ធិពលមកលើខេត្តមួយចំនួននៅកម្ពុជា

    ភ្នំពេញ : យោងតាមការព្យាករណ៍ធាតុអាកាស នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាព្យុះទីហ្វុង យីន ស៊ីង (Yinxing) បានកំពុងតែស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងល្បឿនចន្លោះពី(១០០ណត -១២៥ណត) = (១៦០គម/ម- ២០១គម/ម) ដោយមានទិសដៅទៅកាន់ទីក្រុងដាណាំង ប្រទេសវៀតណាម និងតំបន់ភាគឦសាននៃប្រទេសកម្ពុជា មានខេត្តរតនគីរី និងខេត្តមណ្ឌលគីរី។

    ព្យុះទីហ្វុងនេះនឹងថមថយល្បឿនទៅវិញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

    បញ្ជាក់៖ ព្យុះទីហ្វុងនេះនឹងជះឥទ្ធិពលមកលើប្រទេសកម្ពុជា ដូច្នេះសូមបងប្អូនទាំងអស់ជាពិសេសបងប្អូនប្រជានេសាទនិងអ្នកដំណើរតាមផ្លូវសមុទ្រទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប ដែលមានតម្លៃជាង១០លានដុល្លារ បានមានប្រសាសន៍បញ្ជាក់ថា វិថីមួយខ្សែនេះ គឺជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍។

    បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» បម្រើប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋប្រមាណ ៦ពាន់គ្រួសារ ហើយ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» នេះ បានតភ្ជាប់ផ្ទៃក្នុងរបស់ខេត្តកែប ក៏ដូចជាតភ្ជាប់ទៅព្រំដែនជាមួយវៀតណាម។

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ គឺជាខ្សែផ្លូវទេសចរណ៍ ប្របមាត់ទឹករបស់កែប ដែលបាននឹងកំពុងដើរតួនាទី ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗ របស់ប្រជាពលរដ្ឋ​ ជាង៦ពាន់គ្រួសារ»។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងក្តីរីករាយ ដែលអញ្ជើញចូលរួមសម្ពោធ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ហើយសូមចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋខេត្តកែប ដែលទទួលបានសមិទ្ធផលថ្មី «វិថីតេជោសន្តិភាពឆ្នេរអង្កោល»។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតី ជានាយក​រដ្ឋមន្ត្រី។

    «វិថីតេជោសន្តិភាពឆ្នេរអង្កោល» មានប្រវែងសរុប ១២,៦៤៥ម៉ែត្រ ស្ថិតនៅ ភូមិកែប និង​ភូមិ​អង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​​ទេសចរណ៍ ​សម្រាប់កំណើនប្រកបដោយ បរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គជំហាន​ទី២ ដែល​គ្រប់គ្រងដោយក្រសួងទេសចរណ៍។

    «វិថីតេជោសន្តិភាពឆ្នេរអង្កោល» គឺជាខ្សែផ្លូវលាតសន្ធឹងប្របមាត់ឆ្នេរទេសចរណ៍នៃសមុទ្រ ខេត្តកែប ដែលតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទ នៅក្នុងឃុំអង្កោល និងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង។

    វិថីនេះ ក៏តភ្ជាប់ជាមួយផ្លូវខេត្ត លេខ​១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា- វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធ ខ្សែផ្លូវមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែបផងដែរ។

    បច្ចុប្បន្នវិថីនេះ បាននិងកំពុងជួយសម្រួលប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ប្រមាណជាង៦,០០០​គ្រួសារ ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗ បានឆាប់រហ័ស និងមានសុវត្ថិភាព ជាពិសេសជួយទាក់ទាញសក្តានុពលទេសចរណ៍ និងជំរុញ ការអភិវឌ្ឍផ្សេងៗនៅតាមតំបន់ឆ្នេរ​មាត់​​សមុទ្រទាំងមូល ឱ្យកាន់តែរីកចម្រើន និងល្អប្រសើរ។

    លើសពីនេះ វិថីនេះ ក៏បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែប ឱ្យកាន់​តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវ​ថ្មើរ​ជើងសម្រាប់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។

    សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ប្រសិទ្ធនាមខ្សែផ្លូវនេះថាជា «វិថីតេជោ​សន្តិភាពឆ្នេរអង្កោល» ដើម្បីជាការសម្ដែងនូវការចង់ចាំចំពោះស្នាដៃ និងគុណូបការៈ ដ៏ធំធេងរបស់​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានខិតខំពុះពារគ្រប់​ឧប​សគ្គ​ឆ្លងកាត់ភ្លើង​សង្គ្រាមរាប់ មិនអស់។

    ជាពិសេសការតស៊ូរំដោះប្រទេសជាតិ ចេញពីរបបប៉ុលពត និងការដាក់​ចេញ​នយោបាយ ឈ្នះ-ឈ្នះបញ្ចប់សង្គ្រាមផ្ទៃក្នុងដោយជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិពេញលេញ និងភាពល្បីល្បាញស្មើ​មុខស្មើ​មាត់លើឆាកអន្តរជាតិ រួមទាំងការរីកចម្រើនលើគ្រប់វិស័យ ដូចនាពេលបច្ចុប្បន្ននេះ៕