និយាយទៅ ម៉ូដសម្លៀកបំពាក់សម័យរបស់បុរសៗ គឺនៅតែមិនឈ្នះម៉ូដសម្លៀកបំពាក់បែបសាមញ្ញ តែបង្កប់នូវភាពស្រស់សង្ហា និងទាន់សម័យនោះទេ ទោះជារដូវភ្លៀងចូលមកដល់ក៏ដោយ។ អ្នកគ្រាន់តែធ្វើការជ្រើសរើសម៉ូដស្បែកជើង អាវសម្រាប់ពាក់ពីខាងក្រៅ ដើម្បីផ្តល់នូវភាពកក់ក្តៅដល់រាងកាយ នៅពេលដែលដំណក់ទឹកភ្លៀងចាប់ផ្តើមបង្អុលចុះមក រួមជាមួយនឹងសម្ភារការពារខ្លួនមួយចំនួន ដូចជា មួក ឆ័ត្រ ឬអាវភ្លៀងជាដើម ដើម្បីការពារភាពសើមជាការស្រេច។ តោះ! សូមក្រឡេកមកមើលម៉ូដសម្លៀកបំពាក់សម្រាប់បុរសៗអាចលែងម៉ូដយ៉ាងស្រស់សង្ហាញនៅក្នុងក្រសែភ្នែកនារីៗនៅតាមដងវិថីនេះមើល៎ ស្រស់ស្អាតទេ?
ទោះជាម៉ូដទាំងនេះមើលទៅរាងសាមញ្ញបន្តិចមែន តែក៏នៅតែមើលទៅពេញចិត្ត និងកក់ក្តៅខ្លាំងណាស់ ហើយម៉ូដទាំងនេះក៏ជាទីចាប់អារម្មណ៍របស់នារីសម័យថ្មីនេះផងដែរ ព្រោះថា សាមញ្ញ តែសង្ហាបែបនេះ នាងពិតជាពេញចិត្តមិនខាន គ្រាន់តែអ្នកបន្ថែមជាមួយនឹងការយកចិត្តទុកដាក់ និងការថែរក្សាសុខភាពរួមបញ្ចូលជាមួយនឹងម៉ូដសម្លៀកបំពាក់របស់អ្នក ក៏អាចឱ្យនារីៗទាំងអស់ដឹងបានដែរថា អ្នកគឺជាបុរសដែលមានការប្រុងប្រយ័ត្ន និងមានភាពកក់ក្តៅបំផុត៕
Category: សង្គម និងសេដ្ឋកិច្ច

ម៉ូដសាមញ្ញៗនៅតែជាជម្រើសដ៏ល្អរបស់បុរសសម័យថ្មី

The Classic Cambodia ក្រុមខ្លាំង២ នៅលីគកំពូលកម្ពុជា បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ
ជំនួបបាល់ទាត់លីគកំពូលកម្ពុជា សប្តាហ៏ទី១៤ រវាង ភ្នំពេញក្រោន និង បឹងកេត កាលពីយប់មិញ នេះត្រូវបានគេអោយរហ័សនាមថាជាការប្រកួត The Classic Cambodia នឹងបានធ្វើឡើងនៅលើទឹកដីកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន។

ជាលទ្ធផល ក្រុមទាំង២មិនអាចយក៣ពិន្ទុបានឡើយ ដោយរកបានម្នាក់១ពិន្ទុ ក្រោយស្មើគ្នា ៤ ទល់នឹង ៤ ដោយក្នុងនោះ វឌ្ឍនាកា របស់បឹងកេត និង Booysen របស់ភ្នំពេញក្រោន រកបានម្នាក់២គ្រាប់។
ជំនួបនេះ The Classic Cambodia ត្រូវបានគេប្រៀបប្រដូចទៅនឹងជំនួបរបស់ក្រុមខ្លាំង២នៅលីគអេស្ប៉ាញដែរ គឺរវាងក្រុម Real Mardrid និង Bacelona៕

José Mourinho ប្រកាសដាច់ខាតមិនទៅដឹកនាំក្រុមនៅចិនឡើយ
អតីតអ្នកចាត់ការក្រុម Manchester United លោក José Mourinho បានបញ្ជាក់ពីជំហររបស់លោក ដោយមិនព្រមទៅដឹកនាំក្លិបនៅប្រទេសចិនឡើយនៅពេលនេះ ទោះបីជាក្លិបផ្តល់ទឹកប្រាក់អោយលោកយ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ។
លោកបានបន្ថែមថា លោកមានគម្រោងត្រឹមត្រូវ ដោយលោកថានឹងព្យាយាមរកក្លិបមកដឹកនាំអោយបាននៅអង់គ្លេស ក្នុងរដូវក្តៅនេះអោយទាល់តែបាន។គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកិច្ចពិភាក្សាជាមួយតំណាងក្លិបដែលជាម្ចាស់អចលនទ្រព្យ Evergrande Real Estate Group លោក Mourinho បានច្រានចោលការងារនេះ ពីព្រោះលោកយល់ថាលោកមិនចង់ធ្វើឱ្យគ្រួសារមានការពិបាកក្នុងការផ្លាស់មកកាន់ប្រទេសចិន ហើយលោកនៅចង់ដឹកនាំក្រុមនៅអ៊ឺរ៉ុបបន្តិចទៀតសិន៕
កក្រើក IQUEZANG ប៉ះ កែវ រំចង់ លើកទី៣ រកជើងខ្លាំងពិតប្រាកដ!
តាមការប្រកាសពីសង្វៀន ឯកភ្ណំ របស់កម្ពុជា ដែលស្ថិតនៅខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា កីឡាករ២រូបដែលជាដៃគូចាស់ គឺ កែវ រំចង់ របស់កម្ពុជា និង IQUEZANG របស់ថៃ នឹងត្រូវណាត់ជួបគ្នាជាលើកទី៣លើសង្វៀន នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

កីឡាករ កែវ រំចង់ ធ្លាប់ប៉ះអ្នកលេងគុនថៃ IQUEZANG នេះ២ដងរួចមកហើយ។ លើកទី១នៅប្រទេសវៀតណាម កែវ រំចង់ ចាញ់ពិន្ទុ ខណៈលើកទី២ កែវ រំចង់ ឈ្នះពិន្ទុ IQUEZANG វិញនៅឯប្រទេសថៃ។ រង់ចាំមើលតើការប៉ះគ្នាលើកទី៣ នរណាជាម្ចាស់ជ័យជម្នះនាជំនួបមិត្តភាពអន្តរជាតិមួយនេះ៕


តោះមកសាកភ្លក្សអាហារប៊ូហ្វេនៅភោជនីយដ្ឋាន Samba
សម្រាប់លោកអ្នកដែលជាសិស្ស-និសិ្សត ឬអ្នកធ្វើការ ដែលចង់ស្វែងរកកន្លែងទទួលទានអាហារពេលថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសា អាហារសម្បូរបែប ជាលក្ខណៈប៊ូហ្វេ ដែលមានតម្លៃសមរម្យ និងមានច្រើនជម្រើស រសជាតិដើមពីប្រទេសប្រេស៊ីលនោះ ឡារ៉ែន សូមណែនាំភោជនីយដ្ឋានមួយកន្លែង នោះគឺ ភោជនីយដ្ឋាន Samba។

អាហារប៊ូហ្វេពេលថ្ងៃត្រង់នៅភោជនីយដ្ឋាន Samba ពិតជាសម្បូរបែបអស្ចរ្យណាស់ ដោយចំណាយអស់ត្រឹមតែ9.90+ តែប៉ុណ្ណោះ លោកអ្នកនឹងអាចរីករាយជាមួយនឹងអាហារក្តៅត្រជាក់ចំនួន10មុខ បែបអាស៊ី និងបែបអឺរ៉ុប ព្រមទាំងសាលាដ និងស៊ុបផងដែរ ហើយនៅក្នុងអាហារប៊ូហ្វេនេះ ក៏មានផ្តល់ជូនលោកអ្នកនូវសាច់បាប៊ីឃ្យូចំនួន4មុខ គឺ ស្តេកសាច់គោជាប់ខ្លាញ់ Sirloin ស្លាបមាន់បាប៊ីឃ្យូ សាច់ជ្រូកសាស៊ីវ និងត្រីដូរីហ្វីលេ ដោយចម្អិតតាមបែបបុរាណរបស់ប្រជាជនប្រេស៊ីល គឺចម្អិតដោយប្រើធ្យូងធម្មជាតិ ដែលផ្តល់នូវរសជាតិឆ្ងាញ់ រសជាតិដើមរបស់ប្រទេសប្រេស៊ីលពិតៗតែម្តង។ អាហារប៊ូហ្វេពេលថ្ងៃត្រង់បើកបម្រើជូនពីម៉ោង11:30ព្រឹកដល់ម៉ោង3រសៀល រៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ។ ពិតជាពិសេស និងផ្តល់នូវភាពងាយស្រួលដល់សិស្សនិស្សិត និងបុគ្គលិកបម្រើការងារនៅតាមការិយាល័យផ្សេងៗ សម្រាប់ការទទួលទានអាហារពេលថ្ងៃត្រង់នៅភោជនីយដ្ឋាន Samba ព្រោះថា ពេលខ្លះលោកអ្នកមិនដឹងជាទៅទទួលទានអាហារពេលថ្ងៃត្រង់នៅកន្លែងណានោះទេ ព្រោះតែពេលវេលាសម្រាប់ទទួលទានអាហារពេលថ្ងៃត្រង់មានរយៈពេលខ្លី ហើយអាហារក៏មានលក្ខណៈដដែលៗ រហូតធ្វើឱ្យលោកអ្នកត្រូវមកអង្គុយគិតយ៉ាងយូរ ថាគួរតែទៅទទួលទានអាហារនៅទីណា គួរទទួលទានម្ហូបអ្វីទៅនៅថ្ងៃនេះ? តែជាមួយនឹងអាហារប៊ូហ្វេនៅភោជនីយដ្ឋាន Samba លោកអ្នកមិនចាំបាច់គិតច្រើននោះទេ គឺតែងតែស្រស់ ថ្មី និងប្លែកជារៀងរាល់ថ្ងៃតែម្តង ដែលធានាថា លោកអ្នកពិតជាពេញចិត្ត។ ចំណែកទីតាំងអង្គុយទទួលទានក៏ប្រកបដោយផាសុកភាពថែមទៀតផង ពិសេសខ្លាំងណាស់ ដោយភោជនីយដ្ឋាន Samba មានចំនួន2សាខា គឺ សាខាទី1 គឺសាខា Elite ស្ថិតនៅ ផ្ទះលេខ 87 ផ្លូវ 315 សង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 023-880-008 / 023-880-822 / 023 880 421 និងសាខាទី2 គឺសាខាវិមានឯករាជ្យ ស្ថិតនៅផ្ទះលេខ 64 មហាវិថីព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការម៉ន រាជធានីភ្នំពេញ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 023-222-599 / 023-218-082។

សូមមកសាកភ្លក្សអាហារប្រេស៊ីលរសជាតិដើម នៅភោជនីយដ្ឋាន Samba៕

៣ “ប” ដើម្បីសេចក្តីស្នេហា និងសុភមង្គលគ្រួសារយូរអង្វែង
3 “ប” ដែលថានេះគឺ “បន្ថយ បញ្ចៀស បញ្ឈប់”។ ទាំងអស់នេះ គឺជាពាក្យដែលយើងតែងបានឮជាញឹកញាប់ ដែលពេលខ្លះយើងគួរតែ បន្ថយ បញ្ចៀស និងបញ្ឈប់ទង្វើមួយចំនួន ដើម្បីសេចក្តីស្នេហា និងសុភមង្គលដ៏ល្អប្រសើររបស់យើង។
បន្ថយទិដ្ឋិ (ឬមានះ) ជារឿងរបស់កិត្តិយស និងទិដ្ឋិដែលមាននៅក្នុងមនុស្សគ្រប់រូប។ ហេតុ និងផលរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ គំនិតដែលអ្នកគិតថាត្រឹមត្រូវ អាចជាភាពត្រឹមត្រូវដែលអ្នកយល់ឃើញតែម្នាក់ឯង ក៏អាចថាបានដែរ។ នៅក្នុងរឿងរបស់សេចក្តីស្នេហាវិញ ការកាត់បន្ថយទិដ្ឋិ និងការទទួលយកគំនិតរបស់គូស្នេហ៍របស់អ្នកគឺជារឿងសំខាន់ រឹតតែពេលឈ្លោះប្រកែកតវ៉ាគ្នាផងនោះ សេចក្តីក្រេវក្រោធនឹងធ្វើឱ្យរឿងរ៉ាវល្អៗ ឬអារម្មណ៍ល្អៗរវាងអ្នកទាំងពីរបាត់បង់អស់ ហើយទិដ្ឋិនឹងធ្វើឱ្យរឿងនោះកាន់តែអាក្រក់ឡើង ដោយសារតែម្នាក់ៗមិនព្រមចុះញ៉មគ្នា។

បញ្ចៀសភាពឆាប់ខឹងឆេវឆាវ ចូលចិត្តស្រែកឡូឡា មនុស្សយើងគ្រប់គ្នាសុទ្ធតែមានភាពអត្មានិយមទាំងអស់ គ្រាន់តែវាស្ថិតនៅត្រង់ថា តើនឹងត្រូវបញ្ចេញមកច្រើនតិចប៉ុនណា និងអាចគ្រប់គ្រងវាបានល្អប៉ុនណាតែប៉ុណ្ណោះ។ បើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សឆាប់ខឹងឆេវឆាវ ពេលកើតអាការមិនពេញចិត្តនឹងរឿងអ្វីមួយ ឬនឹងនរណាម្នាក់នោះ អ្នកនឹងបញ្ចេញអភិនីហារ ស្រែកជេរឡូឡា រហូតដល់គ្មាននរណាហ៊ានចូលក្បែរ។ ទង្វើទាំងនេះ បើប្រើជាមួយអ្នកដែលគេកេងប្រវ័ញ្ចយកប្រៀបលើរូបអ្នកនោះ មើលទៅវាមិនគួរឱ្យស្អប់ខ្ពើមអីប៉ុន្មានទេ តែសម្រាប់គូស្នេហ៍ ស្វាមី ឬភរិយារបស់ខ្លួនវិញ អាការទាំងនេះ គឺជាអាការដែលអ្នកគួរតែបញ្ចៀសវាចោលជាដាច់ខាត ព្រោះគ្មានអ្នកណាអាចទ្រាំនឹងភាពឆាប់មួម៉ៅក្រេវក្រោធរបស់អ្នកបានយូរឡើយ។

បញ្ឈប់ភាពខិលខូចផិតក្បត់ (មិនថាស្រ្តី ឬបុរសឡើយ) អាការខិលខូចផិតក្បត់ពេលដែលលោកអ្នកនៅលីវ វាមិនអីទេ ល្មមអាចទទួលយកបានខ្លះ តែនៅពេលមានគូស្នេហ៍ មានស្វាមី ឬភរិយាហើយនោះ បញ្ហានឹងកើតមានឡើងជាមិនខាន។ តឱ្យអ្នកណាក៏ដោយដែលនិយាយថា ចូលចិត្តតែអ្នកខិលៗក៏ដោយ ទីបំផុត គ្មានឃើញនរណាម្នាក់ទ្រាំបានសោះ។ ភាពខិលខូចផិតក្បត់ គឺជាទង្វើដែលគួរតែបញ្ឈប់នៅពេលលោកអ្នកមានគូគ្រងច្បាស់លាស់ហើយ ព្រោះភាពស្មោះត្រង់ គឺជាគុណសម្បត្តិសំខាន់មួយរបស់សេចក្តីស្នេហា ឯភាពខូចខិលផិតក្បត់វិញ គឺជាភាពរលំរលាយរបស់ជីវិតអពាហ៍ពិពាហ៍៕


កន្ធាយចិញ្ចឹមក្នុងស្រុក មានទីផ្សារល្អ តែត្រូវប្រកួតប្រជែងជាមួយកន្ធាយនាំចូល
ការចិញ្ចឹមសត្វកន្ធាយ គឺជាមុខរបរថ្មីមួយរបស់កសិករមួយចំនួននៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងមុខរបរចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ឬមុខរបរកសិកម្មផ្សេងទៀត។ របរចិញ្ចឹមកន្ធាយនេះ ត្រូវបានគេអះអាងថា មានតម្រូវការទីផ្សារខ្ពស់ដែរ ដោយសារតែវាជាម្ហូបពេញនិយមនៅតាមភោជនីយដ្ឋាន ឬអាហារដ្ឋានមួយចំនួន តែស្របពេលជាមួយគ្នាក៏មានការប្រកូតប្រជែងខ្លាំងនៅលើទីផ្សារដែរ ដោយសារមានការនាំចូលសត្វកន្ធាយពីប្រទេសជិតខាងមកលក់ដូចគ្នា។
លោក ហេង ម៉ាទីនេ ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយវិហារសួគ៌ បានឱ្យដឹងថា បន្ទាប់ពីបានរៀនជំនាញខាងចិញ្ចឹមសត្វកន្ធាយពីប្រទេសថៃមក លោកចាប់ផ្តើមធ្វើការសាកល្បងចិញ្ចឹមសត្វនេះតាំងពីឆ្នាំ2005 មកដោយដាក់កូនកន្ធាយចិញ្ចឹមសាកល្បងចំនួន 5,000ក្បាល ជាប្រភេទពូជកន្ធាយតៃវ៉ាន់។ ប៉ុន្តែការចិញ្ចឹមដំបូងៗ ពុំទទួលបានជោគជ័យទេ ដោយតែកន្ធាយកើតជំងឺរលាកស្បែក និងខ្វះថ្នាំព្យាបាលបន្ទាន់។ លោកថា នៅពេលដែលសត្វកន្ធាយកើតជំងឺរលាកស្បែក គឺយើងត្រូវការថ្នាំព្យាបាលភ្លាមៗ ប៉ុន្តែកាលណោះលោកពុំអាចរកទិញថ្នាំនៅតាមឱសថស្ថានក្នុងប្រទេសកម្ពុជាបានទេ លុះត្រាតែធ្វើដំណើរទៅទិញដល់ប្រទេសថៃ ដែលត្រូវចំណាយពេល2 ទៅ 3ថ្ងៃ ទើបទិញថ្នាំត្រឡប់មកព្យាបាលកន្ធាយវិញបាន ធ្វើឱ្យហួសពេលក្នុងការព្យាបាល។
ទោះជាជួបការបរាជ័យលើរបរចិញ្ចឹមកន្ធាយលើកដំបូងក៏ដោយ ក៏លោកមិនអស់សង្ឃឹមនិងមិនបោះបង់របរនេះចោលឡើយ ដោយលោកអះអាងថា ការបរាជ័យ ហើយបោះបង់ គឺនឹងបរាជ័យជារៀងរហូត ប៉ុន្តែសម្រាប់រូបលោក លោកចាត់ទុកការបរាជ័យជាបទពិសោធល្អមួយដែលធ្វើឱ្យយើងបានត្រៀមខ្លួនចំពោះហានិភ័យដែលអាចនឹងកើតមាននៅពេលចិញ្ចឹមលើកក្រោយៗទៀត។ ដូច្នេះលោកបានទិញកូនកន្ធាយចំនួន 5,000ក្បាលមកដាក់ចិញ្ចឹមបន្តទៀត ហើយក៏បានទិញថ្នាំត្រៀមទុកសម្រាប់ព្យាបាលឱ្យទាន់ពេលវេលារួចជាស្រេចផងដែរ។
ដូចអ្វីដែលលោកបានទុកគិតមែន បន្ទាប់ពីចិញ្ចឹមបានមួយរយៈ កន្ធាយក៏ចាប់ផ្ដើមកើតមានជំងឺសើស្បែកជាបន្តបន្ទាប់ទៀត ប៉ុន្តែដោយសារមានថ្នាំសង្កូវបម្រុងទុកជាស្រេចហើយនោះ លោកក៏បានព្យាបាលសត្វកន្ធាយទាំងនោះបានដោយជោគជ័យដោយមិនលំបាកឡើយ និងគ្រាន់តែព្យាយាមចិញ្ចឹមមើលថែឱ្យបានរៀងរាល់ថ្ងៃប៉ុណ្ណោះ កន្ធាយក៏ចាប់ផ្តើមធំធាត់ឡើងបន្តិចម្តងៗ រហូតដល់អាយុបាន 1ឆ្នាំ ទៅ 1ឆ្នាំកន្លះ កន្ធាយទាំងនោះក៏អាចចាប់លក់បាន ដែលមួយៗមានទម្ងន់ចន្លោះពី 1គីឡូក្រាម ដល់2គីឡូក្រាម ដែលមានតម្លៃចាប់ពី 10-20ដុល្លារក្នុង 1គីឡូក្រាម និងតម្លៃនេះអាស្រ័យទៅលើកន្ធាយតូចឬធំទៀតផង បើកន្ធាយកាន់តែធំ កាន់តែបានថ្លៃ ដែលកាលនោះមិនខ្វះហាងចាំទទួលយកទេ ពោលគឺផ្គត់ផ្គង់មិនគ្រប់គ្រាន់នៅលើទីផ្សារអ្នកបរិភោគផង។
ក្រោយពីចិញ្ចឹមបានជោគជ័យលើកទី1 លោកបានបង្កើតស្រះមួយបន្ថែមទៀត បង្កើនការចិញ្ចឹមរហូតដល់10,000ក្បាល លុះការចិញ្ចឹមលើកទី2 ទទួលបានជោគជ័យបន្ត លោកក៏បានពង្រីកស្រះកាន់តែច្រើនថែមទៀត និងចិញ្ចឹមបានរហូតដល់ 50,000ក្បាល និងបានសហការជាមួយកសិករនៅតំបន់នោះឱ្យចិញ្ចឹមបានច្រើនគ្រួសារថែមទៀត ដោយលោកជាអ្នកផ្តល់បច្ចេកទេស និងធានាទទួលទិញពីកសិករក្នុងតម្លៃសមរម្យទៀតផង ធ្វើឱ្យកសិករនៅតំបន់នោះមានការត្រេកអរជាខ្លាំង ដោយសារតែពួកគាត់មានមុខរបរថ្មីមួយទៀតដែលអាចរកចំណូលចូលគ្រួសារច្រើនគួរសមដែរ។ មិនតែប៉ុណ្ណោះរបរចិញ្ចឹមកន្ធាយបានផ្តល់ចំណូលដល់អ្នករកខ្យងថៃ(ជាចំណីរបស់កូនកន្ធាយ)លក់ទៀតផង ដោយកាលនោះលោកបានទទួលទិញក្នុងតម្លៃ300រៀលក្នុង 1គីឡូក្រាម ហើយក្នុង1ថ្ងៃលោកទិញបានចន្លោះពី 7-10តោន ជារៀងរាល់ថ្ងៃផងដែរ។
ទើបតែចិញ្ចឹមបានប៉ុន្មានឆ្នាំប៉ុណ្ណោះ ឈ្មួញក៏បាននាំចូលកន្ធាយពីប្រទេសវៀតណាមមកដែរ ជាប្រភេទកន្ធាយចិញ្ចឹមដូចគ្នា តែគេផ្តល់ចំណីអ័រម៉ូន ដែលធ្វើឱ្យសត្វកន្ធាយនោះឆាប់ធំ តែប៉ះពាល់សុខភាពអ្នកទទួលទាន ដែលនាំចូលមកដើម្បីលក់ក្នុងតម្លៃទាបនៅលើទីផ្សារកម្ពុជា។ លោកបានឱ្យដឹងថា កន្ធាយក្នុងស្រុករបស់យើងផ្តល់ចំណីធម្មជាតិ ជាប្រភេទកូនត្រីកិនលាយជាមួយខ្យងក្រហម(ខ្យងថៃ) មិនប្រើថ្នាំអ័រម៉ូនដូចសត្វកន្ធាយនាំចូលទេហើយលក់ក្នុងតម្លៃ 10ដុល្លារ ចំណែកគេលក់តែ9ដុល្លារប៉ុណ្ណោះក្នុង 1គីឡូក្រាមដូចគ្នា។ ដល់កសិករខ្មែរយើងលក់ក្នុងតម្លៃ 9ដុល្លារក្នុង 1គីឡូក្រាម ស្រាប់តែគេលក់ 8ដុល្លារ ដែលធ្វើឱ្យម្ចាស់ភោជនីយដ្ឋានភាគច្រើនងាកទៅរកការផ្គត់ផ្គង់ពីប្រទេសជិតខាងវិញ ជាហេតុធ្វើឱ្យកសិករយើងខាតបង់ និងលែងមានប្រាក់ចំណេញ និងផ្អាកការចិញ្ចឹមអស់មួយចំនួនទៅវិញយ៉ាងគួរឱ្យសោកស្តាយបំផុត។ ករណីនេះ លោកធ្លាប់បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋានទាំងឡាយ សូមកុំទិញកន្ធាយអ័រម៉ូនធ្វើម្ហូបឱ្យភ្ញៀវពិសាអី ដោយសារតែវាប៉ះពាល់សុខភាពអ្នកទទួល-ទាន ម្យ៉ាងទិញផលិតផលគេ ដូចយកលុយទៅឱ្យគេអុីចឹង សូមងាកមកទិញកន្ធាយកសិករខ្មែរយើងវិញ មិនប៉ះពាល់សុខភាពអ្នកទទួលទាន ហើយថែមទាំងជួយឱ្យកសិករយើងមានជីវភាពធូរធារទៀតផង។
ងាកខាងបច្ចេកទេសចិញ្ចឹមកន្ធាយវិញម្ដង…លោកបានប្រាប់ពីបទពិសោធក្នុងការចិញ្ចឹមសត្វកន្ធាយនេះថា មុននឹងទិញកូនកន្ធាយមកចិញ្ចឹម កសិករគួរជីកស្រះទុកជាមុនដែលជាស្រះមានទឹកទាំងរដូវប្រាំង និងរដូវវស្សា ក្នុងទំហំទទឹង 30ម៉ែត្រនិងបណ្តោយ 40ម៉ែត្រ និងជម្រៅ 1.5ម៉ែត្រ ដែលអាចដាក់កន្ធាយបានរហូតដល់ចំនួន 10,000ក្បាល។
បន្ទាប់ពីដាក់កូនកន្ធាយទៅក្នុងស្រះហើយ កសិករគ្រាន់តែរកទិញកូនត្រី ឬខ្យងមកកិនធ្វើជាចំណីសម្រាប់ឱ្យពួកវាស៊ីជាការស្រេច ដែលវាមានភាពងាយស្រួលជាងការចិញ្ចឹមត្រី ជាពិសេសកន្ធាយវាស៊ីចំណីតិចជាងត្រីឆ្តោ ឬត្រីប្រា ហើយធន់នឹងជំងឺជាងត្រីទៀតផង។ សម្រាប់ចំណីវិញ ពេលនៅតូចវាស៊ីត្រឹមតែ 2គីឡូប៉ុណ្ណោះក្នុង 1ថ្ងៃ លុះធំពេញវ័យវាស៊ីអស់ 60គីឡូក្នុង 1ថ្ងៃ សម្រាប់កន្ធាយ10,000ក្បាលនេះ។
សម្រាប់កសិករដែលមានបំណងចង់បង្កាត់ពូជដោយខ្លួនឯង និងមិនចង់ទិញកូនពីគេ សូមកុំយកពូជកន្ធាយជាន់ឈាម(មានន័យថា កូនកន្ធាយដែលកើតចេញពីមេ និងបាដែលនៅក្នុងស្រះតែមួយ) ត្រូវយកពូជកន្ធាយឈ្មោលធំល្អដែលនៅក្នុងស្រះផ្សេងគ្នា និងមេកន្ធាយណាដែលមានសុខភាពល្អនៅក្នុងស្រះផ្សេងគ្នាដែរ មកដាក់ឱ្យបង្កាត់ពូជជាមួយគ្នា ទើបយើងបានកូនកន្ធាយល្អ មិនសូវឈឺ មិនសូវកាច។តែបើពូជឈាន់ឈាម កូនកន្ធាយនឹងមិនសូវធំធាត់ល្អ ហើយកាច ចូលចិត្តខាំគ្នា បង្កឱ្យកើតជំងឺដំបៅផ្សេងៗទៀតផង។ ជាទូទៅ មុននឹងយកទៅដាក់ក្នុងស្រះធំគេត្រូវផ្សុំាំកូនកន្ឋាយនៅស្រះតូចដែលមានទឹករាក់ជាមុនសិន ដើម្បីឱ្យវាធំបន្តិចមានអាយុប្រមាណ 1ខែ ទើបគេយកទៅដាក់ក្នុងស្រះធំ។បច្ចុប្បន្ននៅក្នុងឃុំវិហារសួគ៌ នៅសល់តែកសិដ្ឋានរបស់លោក ហេង ម៉ាទីនេ និងកសិករប្រមាណជា 20គ្រួសារប៉ុណ្ណោះដែលនៅចិញ្ចឹមកន្ធាយលក់ ក្រៅពីនោះបានបោះបង់អស់មួយចំនួនធំទៅហើយ មូលហេតុគឺដោយការប្រកួតប្រជែងតម្លៃពីការនាំចូល។ ចំណែកកសិករដែលចិញ្ចឹមកន្ធាយដែលជាសាខារបស់កសិដ្ឋានចិញ្ចឹមកន្ធាយវិហារសួគ៌នេះមានដូចជា កសិករនៅខេត្តព្រៃវែង កំពង់ធំ ពោធិ៍សាត់ និងបាត់ដំបង ជាដើម។ល។
លោក ហេង ម៉ាទីនេ សូមអំពាវនាវដល់មន្ត្រីពាក់ព័ន្ធ សូមមេត្តាជួយទប់ស្កាត់ការនាំចូលកន្ធាយពីក្រៅប្រទេសផង ដើម្បីជួយលើកកម្ពស់ផលិតផលក្នុងស្រុក ជួយដល់កំណើនសេដ្ឋកិច្ចគ្រួសាររបស់កសិករ ក៏ដូចជាជួយដល់សុខភាពអ្នកទទួលទានផងដែរ៕

សហគ្រាសក្នុងស្រុក រួមចំណែកដោះស្រាយទីផ្សារបន្លែ-ផ្លែឈើកសិករ
សហគ្រាសក្នុងស្រុកមួយដែលគេស្គាល់ឈ្មោះថា ក្រុមហ៊ុនលីលីផលិតនំស្រួយបានប្រមូលទិញបន្លែ-ផ្លែឈើពីកសិករ ក្នុងគោលបំណងរួមចំណែកដោះស្រាយបញ្ហាគ្មានទីផ្សារ និងការធ្លាក់តម្លៃនៃផលិតផលបន្លែ-ផ្លែឈើរបស់ប្រជាកសិករដោយការបង្កើតជានំ និងផលិតផលអាហារថ្មីៗជាច្រើនប្រភេទដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារ។
លោកជំទាវ កែវ មុំ អគ្គនាយិកាក្រុមហ៊ុនលីលីផលិតនំស្រួយបានឱ្យដឹងថា៖“ក្រុមហ៊ុនបានកែច្នៃបន្លែមួយចំនួន រួមនឹងផ្លែឈើក្នុងចន្លោះពី 3 ទៅ 5តោនក្នុង 1ថ្ងៃ ដើម្បីធ្វើជានំក្រៀមប្រភេទថ្មី បន្ទាប់ពីមើលឃើញថា នៅរដូវប្រមូលផលម្តងៗ ប្រជាកសិករតែងជួយប្រទះបញ្ហាកង្វះទីផ្សារ និងបញ្ហាតម្លៃកសិផលធ្លាក់ចុះ ដែលធ្វើឱ្យកសិករខាតបង់ប្រាក់ចំណេញ និងឈានដល់បោះបង់ការដាំដុះ ហើយធ្វើចំណាកស្រុក”។
លោកជំទាវបន្តថា៖“គម្រោងកែច្នៃបន្លែផ្លែឈើក្រៀម ត្រូវបានគាំទ្រថវិកាមួយចំនួនដោយ អង្គការអាយ អេ ភី(អង្គការប្រឆាំងនឹងភាពក្រីក្រ ឬ Inovations Against Poverty(IAP) សហការជាមួយអង្គការ អេស អិន វី (SNV) (អង្គការអភិវឌ្ឍន៍ប្រទេសហូឡង់) ដើម្បីឱ្យក្រុមហ៊ុនលីលី អនុវត្តគម្រោងកែច្នៃបន្លែផ្លែឈើក្រៀមដើម្បីជួយដល់កសិករ និងកម្មករឱ្យមានការងារធ្វើកាន់តែច្រើន និងចូលរួមចំណែកជួយដោះស្រាយបញ្ហាដែលកសិករខ្មែរកំពុងជួបប្រទះ”។|
លោកជំទាវបានបន្ដទៀតថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយកសិករនៅខេត្តកំពត កោះកុង ព្រះវិហារ មណ្ឌលគិរី និងខេត្ដកំពង់ចាម ដើម្បីឱ្យពួកគាត់បង្កើនការផលិតឱ្យច្រើន ឡើងសម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនតាមការកំណត់ ដើម្បីផលិតតាមតម្រូវការទីផ្សារ។
បើតាមអ្នកជំនាញផ្នែកផលិតកម្មរបស់សហគ្រាសនំស្រួយលីលី បានបញ្ជាក់ថា៖“នំបន្លែ ផ្លែឈើក្រៀមទាំងនេះត្រូវបានផលិតឡើងតាមបច្ចេកវិទ្យាទំនើបសម្រាប់ក្មេងៗដែលខ្វះជីវជាតិបំប៉ន និងជាមួយគ្នានេះដែរ ក្មេងៗដែលមិនចូលចិត្តញ៉ាំបន្លែ ឪពុកម្តាយអាចឱ្យពួកគេញ៉ាំនំនេះជំនួស ក៏បាន ដោយសាររសជាតិរបស់វានឹងធ្វើឱ្យក្មេងចូលចិត្ត ព្រោះវាមានបន្លែផ្លែឈើគ្រប់ពណ៌ចម្រុះគ្នា ដូចជាចេក ល្ពៅ ការ៉ុត ឆៃថាវប៉ិគក់ សណ្តែកកួរ ពោតបារាំង និងអូក្រា ជាដើម”។
លោកជំទាវ កែវ មុំ បានបន្ថែមឱ្យដឹងទៀតថា៖“នំបន្លែផ្លែឈើក្រៀមនេះ យើងផលិតឡើងគឺយើងគិតគូរពីសុខភាពប្រជាពលរដ្ឋ ទាំងខ្វះអាហារូបបត្ថម្ភ ជួយដល់សុខភាពរាងកាយ ចំពោះអ្នកសម្រកទម្ងន់ក៏អាចហូបបាន អ្នកហូបអាហារបួសក៏អាចហូបបាន ហូបបានគ្រប់វ័យ ទាំងពីក្មេងដល់ចាស់ អុីចឹងវាមានគ្រប់ជីវជាតិនៅក្នុងហ្នឹង ហើយយើងក៏បានចូលរួមជួយដល់សេដ្ឋកិច្ចរបស់កសិករ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចទាំងមូលផងដែរ”។
គួរបញ្ជាក់ថា បច្ចុប្បន្នទីផ្សារនំស្រួយលីលី ក្តោបបានចំណែកទីផ្សារក្នុងស្រុកប្រមាណ 35% ពោលគឺគិតទាំងការប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូល និងក្នុងស្រុកទាំងមូលផងដែរ ហើយ នំស្រួយលីលីក៏បាននិងកំពុងចរាចរណ៍នៅលើទីផ្សារមួយចំនួននៅក្នុងប្រទេសជាសមាជិកអាស៊ាន ដូចជា ប្រទេសមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាមជាដើម ព្រមទាំងនៅទីផ្សារប៉ែកខាងសហរដ្ឋអាមេរិក កាណាដា និងកូរ៉េផងដែរ។
បើតាមតំណាងអ្នកជំនាញផ្នែកផលិតកម្មបានបញ្ជាក់ឱ្យដឹងថា៖“សម្រាប់គម្រោងថា នឹងត្រៀមដាក់លក់នំបន្លែផ្លែឈើក្រៀមលើទីផ្សារជាផ្លូវការរបស់ក្រុមហ៊ុនលីលីផលិតនំស្រួយពុំទាន់មានកាលបរិច្ឆេទច្បាស់លាស់ទេ។ ដោយហេតុថា ក្រុមហ៊ុនយើងនៅពិចារណាទៅលើកញ្ចប់ ប្រអប់វេចខ្ចប់ ឬកែវដោយពុំទាន់ធ្វើការពិភាក្សាជាក់លាក់ ហើយយើងបានចេញចរាចរណ៍នៅលើទីផ្សារជាប្រភេទនំបន្លែក្រៀម តែប្រអប់វេចខ្ចប់ពុំមានភាពទាក់ទាញនៅឡើយ ហើយក៏នៅមានប្រភេទនំផ្លែឈើក្រៀមចំនួន8ប្រភេទដែលបានផលិតហើយ តែនៅពុំទាន់សម្រេចថា នឹងយកប្រភេទវេចខ្ចប់ ណាមួយនៅឡើយដែរ”។
ចំពោះលោក ឡាក់ ហាក់ ជាសហគមន៍ដែលត្រូវនាំផលិតផលសម្រាប់ផ្គត់ផ្គង់សហគ្រាសលីលីផលិតនំស្រួយ បានបញ្ជាក់ប្រាប់ ឡារ៉ែន ពាណិជ្ជតាមទូរស័ព្ទថា៖“បច្ចុប្បន្នសហគមន៍ខ្ញុំមានតែដំណាំចេកដែលត្រូវផ្គត់ផ្គង់ទៅឱ្យសហគ្រាសនំស្រួយ ដោយ 1អាទិត្យត្រូវផ្ញើ 1ដង ឯចំនួនក្នុង 1លើកៗ ប្រមាណជា300Kg”។
លោក ហាក់ បានឱ្យដឹងទៀតថា៖“ចំពោះតម្លៃវិញ គឺបានខ្ពស់ជាងតម្លៃនៅលើទីផ្សារបន្តិច ដោយលោកជំទាវនាយិកាបានបញ្ជាក់ថា គាត់ចង់លើកទឹកចិត្តដល់កសិករអ្នកផលិត”។
លោក ហាក់ បានបន្ថែមទៀតថា៖“បើតាមការបញ្ជាទិញ គឺខាងក្រុមហ៊ុនបានបញ្ជាទិញច្រើន គឺតម្រូវឱ្យខ្ញុំផ្ញើ 1អាទិត្យ 4លើក តែខាងសហគមន៍ខ្ញុំមិនមានកសិផលឱ្យគ្រប់តាមចំនួននៅឡើយ ហើយសហគមន៍យើងបាននិងកំពុងពង្រីកទៅតាមទំហំនៃតម្រូវការនេះហើយ។ ចំពោះការលក់ក្នុង 1លើក ខ្ញុំទទួលបានប្រាក់នៅសល់តែ 30ម៉ឺនរៀលទេ ដូច្នេះខ្ញុំត្រូវប្រឹងផលិតឱ្យគ្រប់ចំនួនដែលបានបញ្ជាទិញ នោះខ្ញុំនឹងទទួលបានប្រាក់កម្រៃកើនឡើង ហើយវានឹងបានទទួលក្នុងពេលឆាប់ៗខាងមុខនេះ ដោយសហគ្រាសក៏បានបញ្ជាទិញនូវផលិតផលផ្សេងទៀតផងដែរ”។
លោក ហាក់ បានបញ្ជាក់ដែរថា៖“ខ្ញុំយល់ថា វាជាការល្អប្រសើរណាស់ដែលមានសហគ្រាសបានមកបញ្ជាទិញផលិតផលពីកសិកបែបនេះ ព្រោះវាជាការជួយដល់កសិករដែលប្រកបរបរកសិកម្ម ស្របពេលដែលកសិករពិបាកក្នុងការរកទីផ្សារ ហើយលក់ក៏មិនបានថ្លៃ និងមិនទៀងទាត់ទៀតផង ហើយការដែលមានសហគ្រាសក្នុងស្រុកមកបញ្ជាទិញបែបនេះ គឺជាការគាំទ្រផលិតផលក្នុងស្រុក ធានាសុវត្ថិភាព និងទប់ស្កាត់ការនាំចូលពីខាងក្រៅ និងជួយលើកទឹកចិត្តឱ្យកសិករខំប្រឹងផលិតថែមទៀត”៕

5ខែដើមឆ្នាំ ទុនវិនិយោគវិស័យសំណង់កើនឡើង ទោះស្ថិតក្នុងបញ្ហាជាមួយក្របខ័ណ្ឌច្បាប់ក្ដី
ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល 5ខែដើមឆ្នាំនេះ មានទំហំទឹកប្រាក់សរុបចំនួនរហូតដល់ជិត 3ពាន់លានដុល្លារ ដែលបើគិតតាមតួលេខនេះ គឺមានការកើនឡើងប្រមាណ 60% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2018។ នេះបើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា៖“គិតត្រឹមរយៈពេល 5ខែដើមឆ្នាំ2019កន្លងទៅនេះ ទុនវិនិយោគសរុបលើវិស័យសំណង់នៅកម្ពុជាបានបន្តកើនឡើងរហូតដល់ 2,894,357,266 ដុល្លារអាមេរិក កើនប្រមាណ60% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2018 ដែលមានត្រឹមជាង 1,777ដុល្លារសហរដ្ឋអាមេរិក”។
ឯកឧត្តម បានបន្តថា៖“តាមរយៈការកើនឡើងនូវចំនួនទុនវិនិយោគសរុបខាងលើនេះ យើងអាចធ្វើការសន្និដ្ឋានបានថា នៅដំណាច់ឆ្នាំ2019 វិស័យសំណង់នៅកម្ពុជានឹងកាន់តែមានភាពល្អប្រសើរខ្លាំងជាងឆ្នាំកន្លងទៅ”។
ឯកឧត្ដមបានបន្តទៀតថា៖“ដោយសារតែវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានៅតែមានភាពរីកចម្រើន និងអភិវឌ្ឍន៍ឥតឈប់ឈរនេះហើយ បានធ្វើឱ្យបណ្តាអ្នកវិនិយោគមកពីប្រទេសចិនជាច្រើន ក៏ដូចជាក្រុមហ៊ុនសំណង់ធំៗនៅប្រទេសកូរ៉េ ងាកមកចាប់អារម្មណ៍ជាមួយនឹងការមកស្វែងយល់ពីឱកាសវិនិយោគ និងសហការជាដៃគូជាមួយបណ្តាក្រុមហ៊ុនក្នុងស្រុកដែលកំពុងតែមានប្រតិបត្តិការនៅកម្ពុជានាពេលបច្ចុប្បន្ននេះ”។
អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា លោក ង៉ែត ជូ បានមានប្រសាសន៍ថា៖“ជាមួយនឹងភាពរីកចម្រើនលើវិស័យសំណង់នៅកម្ពុជានាពេលបច្ចុប្បន្ន វាជារឿងល្អនៅពេលមានរូបភាពបែបនេះ ព្រោះការធ្វើទស្សនកិច្ចសិក្សាអំពីឱកាសវិនិយោគជាដៃគូ វាជាចំណុចចាប់ផ្តើមដ៏ល្អមួយ”។ លោកក៏បានបង្ហាញពីសុទិដ្ឋិនិយម និងគាំទ្រឱ្យមានការចូលរួមពីសំណាក់បណ្តាក្រុមហ៊ុនបរទេសធំៗមកកាន់កម្ពុជាឱ្យកាន់តែច្រើន”។
លោកបានបន្តថា៖“បច្ចុប្បន្នវិស័យសាងសង់សំណង់ និងអចលនទ្រព្យនៅកម្ពុជា ភាគច្រើនជាការវិនិយោគរបស់ក្រុមហ៊ុនចិន ប៉ុន្តែបើមានក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ឬប្រទេសដទៃទៀតវាកាន់តែប្រសើរ និងជំរុញឱ្យវិស័យមួយនេះរីកចម្រើនខ្លាំង”។
ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងនាពេលថ្មីៗនេះថា៖“ក្នុងគោលនយោបាយ ជួយលើកស្ទួយគុណភាព ក្នុងវិស័យសំណង់នាពេលបច្ចុប្បន្ន ពាក់ព័ន្ធនឹងភាពរីកចម្រើន និងការអភិវឌ្ឍក្នុងវិស័យសំណង់នេះ ក្រសួងមានឯកសារក្របខ័ណ្ឌគតិយុត្ត សមល្មមជាមួយការគ្រប់គ្រងនៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។ ជាពិសេស ដើម្បីឆ្លើយតបទៅនឹងកំណើនសំណង់អគារដែលកើនឡើងឥតឈប់ឈរ និងការធានាគុណភាព ជាមួយនឹងគុណភាពសុវត្ថិភាពសំណង់ទាំងនោះ យើងមានប្រកាសលិខិតបទដ្ឋាន មួយចំនួនទៀតដែលយើងបានអនុវត្តកន្លងមក ហើយក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កំពុងតែរៀបចំច្បាប់សំណង់ថ្មីមួយ ក្នុងនោះក៏យើងពង្រឹងបានគុណភាពតាមរយៈផ្តោតជាសំខាន់ទៅលើការពង្រឹងសុវត្ថិភាពនៃគ្រឿងផ្គុំសំណង់ និងបញ្ហាអគ្គិភ័យ”។
ឯកឧត្តមបានបញ្ជាក់ថា៖“និយាយរួម គុណភាពសំណង់នៅក្នុងច្បាប់ថ្មីយើងនេះ គឺយើងពង្រឹងលើគ្រឿងផ្គុំសំណង់ និងសុវត្ថិភាពអគ្គិភ័យ ហើយក៏មានបទដ្ឋានគតិយុត្តមួយចំនួនទៀតនៅក្រោមច្បាប់សំណង់ រហូតទៅដល់32 បន្ថែមទៀត រួមមានក្រឹត្យ អនុក្រឹត្យ ប្រកាស និងប្រកាសអន្តរក្រសួងជាច្រើនទៀត”។
ឯកឧត្តមថ្លែងថា៖“មន្ត្រីជំនាញជាន់ខ្ពស់របស់ក្រសួងកំពុងតែពិនិត្យ និងសរសេរ រៀបចំតាក់តែងបន្ថែមនូវចំណុចសំខាន់ៗ ដើម្បីឱ្យទាន់ការអនុវត្ត វិស័យសំណង់នៅកម្ពុជា ដោយសង្ឃឹមថា នៅឆ្នាំខាងមុខនេះ ច្បាប់ រួមទាំងលិខិតបទដ្ឋាន ព្រមទាំងអនុក្រឹត្យទាំងនោះនឹងបានអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ”។
គួររំឭកដែរថា បច្ចុប្បន្នប្រទេសកម្ពុជាមិនមានបទប្បញ្ញត្តិ ស្តីពីសុវត្តិភាពអគ្គិភ័យនោះទេ ហើយប្រព័ន្ធពន្លត់អគ្គិភ័យជាច្រើន ដែលបានបំពាក់នៅក្នុងអគារខ្ពស់ៗ មិនបានបំពេញទៅតាមស្តង់ដាសុវត្ថិភាព ឬខ្លះត្រូវបានរចនាឡើងដោយមិនត្រឹមត្រូវទៀតផង។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទថា៖“ការវិនិយោគលើវិស័យអចលនទ្រព្យមានកំណើននេះ វាជារឿងធម្មតា ជារួម គម្រោងវាមានការវិវឌ្ឍទៅតាមការគ្រោងទុក ពុំមានឧបសគ្គអ្វីធំដុំទេ ខ្ញុំគិតថា បើគិតទៅដល់ព្រឹត្តិការណ៍ដែលកើតឡើងនៅខេត្តព្រះសីហនុ វាពុំប៉ះពាល់ដល់វិស័យនេះទាំងមូលទេ។ ខ្ញុំមើលឃើញថា វិស័យនេះនៅតែមានស្ថិរភាព ប្រព្រឹត្តទៅតាមចង្វាក់ផលិតកម្មរបស់វាជាធម្មតាចំពោះបញ្ហាដែលកើតឡើងក្នុងវិស័យសំណង់នេះ”។
លោកប្រធានសមាគមក៏បានបញ្ជាក់ថា៖“ពាក់ព័ន្ធនឹងការរីកចម្រើន វាត្រូវពឹងពាក់ ឬអាស្រ័យទៅដល់ប្រព័ន្ធផ្លូវច្បាប់ ដែលជួយឱ្យវាជួយដល់វិស័យនេះទទួលផលកាន់តែប្រសើរថែមទៀត អុីចឹងទេ វាអាចកើតឡើងនូវភាពប្រឈមនឹងបញ្ហាខ្លះក្នុងវិស័យរបស់យើង ចំពោះអ្នកដែលប្រើប្រាស់ និងអ្នកដែលកំពុងតែធ្វើការងារក្នុងវិស័យអចលនទ្រព្យ ជាពិសេសអ្នកវិនិយោគវិស័យនេះតែម្តង”។
លោក ច្រឹក សុខនីម បានមានគំនិតយ៉ាងដូច្នេះថាការវិនិយោគលើវិស័យអចលនទ្រព្យមានកំណើន ក៏យើងចង់ឱ្យវាប្រកបទៅដោយភាពរលូន ពោលគឺ វាមានកំណើនឱ្យស្របទៅតាមក្របខ័ណ្ឌច្បាប់ គឺកាន់តែប្រសើរ ព្រោះថា គ្រប់វិស័យដែលអាចរីកចម្រើនទៅបាន តែងមានច្បាប់គ្រប់គ្រងដើម្បីជាជំនួយដ៏ចាំបាច់ក្នុងការដោះស្រាយបញ្ហាដែលអាចកើតមានឡើង។
ក៏ប៉ុន្តែជាមួយគ្នានេះដែរ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា៖“ព្រឹត្តិការណ៍នៃការបាក់ស្រុតសំណង់អគារដែលកំពុងតែដំណើរការសាងសង់កម្ពស់ 7ជាន់ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួសនោះ គឺគ្រាន់តែជាហេតុការណ៍នៃគ្រោះថ្នាក់ឧបទ្ទវហេតុបច្ចេកទេសសំណង់សុទ្ធសាធ ហើយព្រឹត្តិការណ៍នេះក៏មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិយាកាសនៃការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យសំណង់ និងទីផ្សារអចលនទ្រព្យទូទៅនៅកម្ពុជានោះទេ”។
សេចក្ដីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ថា៖“ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានៅតែរីករាយទទួលស្វាគមន៍ជានិច្ច នូវរាល់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យមកកាន់កម្ពុជា ជាពិសេសលើវិស័យអចលនទ្រព្យ និងសំណង់ ដែលកំពុងតែមានភាពរីកចម្រើនយ៉ាងល្អប្រសើរ”៕

សហគមន៍គាំទ្រកសិកម្ម CSA ជាកម្មវិធីថ្មី ជួយជំរុញទីផ្សារកសិផលសរីរាង្គ
កម្មវិធីថ្មីមួយដែលមានឈ្មោះថាCSA(Community Supported Agriculture) ឬជាភាសាខ្មែរហៅថា“សហគមន៍គាំទ្រកសិកម្ម”ត្រូវបានបង្ហាញខ្លួននៅក្នុងសិក្ខាសាលាមួយ របស់អង្គការសេដាក CEDAC ដែលកសិករភាគច្រើនបានស្គាល់ថា ជាអង្គការមួយដែលអនុវត្តផលិតផលសរីរាង្គនៅក្នុងប្រព័ន្ធកសិកម្ម។
លោកស្រី តុង ចាន់ធាង នាយិកាអង្គការសេដាកបានឱ្យដឹងថា CSA នៅក្នុងប្រទេសកម្ពុជាគេមិនសូវបានឮ និងស្គាល់ច្រើនទេ គឺវាជាប្រព័ន្ធមួយដែលកសិករ ឬអ្នកផលិត លក់ផលិតផលទៅដល់អតិថិជន ឬអ្នកបរិភោគដោយផ្ទាល់ហើយអ្នកបរិភោគជួយគាំទ្រទៅកសិករវិញ តាមរយៈការទិញផលិតផលដោយបង់លុយមុន។ ហើយកសិករយកលុយនោះទៅធ្វើការដាំដុះ ឬក៏ផលិតអាហារសម្រាប់លក់មកឱ្យអតិថិជនវិញ។
លោកស្រីនាយិកាអង្គការសេដាក បានប្រាប់ឡារ៉ែនពាណិជ្ជថា៖ “គោលបំណងនៃសិក្ខាសាលានេះ គឺចង់បង្កើនការយល់ដឹងដល់អ្នកពាក់ព័ន្ធ ឬប្រជាសហគមន៍ ដែលមិនមែនតែសហគមន៍ដែលធ្វើការជាមួយសេដាក តែយើងចង់បង្កើតបណ្តាញមួយដើម្បីឱ្យគាត់គាំទ្រទៅកសិករតាមរយៈការសម្របសម្រួលទីផ្សារ។ ដោយសារគេដាក់ការងារច្រើនទាក់ទងនឹងសហគមន៍ យើងចង់ឱ្យដៃគូផ្សេងទៀតដែលចាប់អារម្មណ៍ចង់ចូលរួមការងារនេះ យើងស្វាគមន៍រីករាយសហការ”។
លោកស្រីនាយិកាអង្គការសេដាកបានឱ្យដឹងថា៖“តាមពិតយើងចង់រៀបចំកម្មវិធីហ្នឹង យើងរៀបយ៉ាងម៉េចឱ្យដំណើរការល្អ ឱ្យកសិករមានទីផ្សារ មានដើមទុន ពីព្រោះបេសកកម្មរបស់ CSAគឺការគាំ-ទ្រសហគមន៍កសិករ ហើយបើយើងគាំទ្រកសិករ យើងត្រូវជួយគាត់ដោយបណ្តុះបណ្តាលលើការ-ផលិត បានផលិតផលត្រូវជួយរកទីផ្សារល្អ ដើម្បីឱ្យគាត់មានចំណូលល្អប្រសើរ កុំឱ្យធ្វើកសិកម្មយូរទៅជំពាក់គេ រួចធ្វើចំណាកស្រុកជាដើម”។
លោកស្រីបញ្ជាក់ឱ្យដឹងថា៖“ប្រព័ន្ធ(CSA)ហ្នឹង គឺខាងតំណាងសាកលវិទ្យាល័យ គាត់មកធ្វើការសិក្សា គាត់មកបង្ហាញបទពិសោធដល់យើងពីកម្មវិធីនេះ ព្រោះCSA គឺជាប្រព័ន្ធទីផ្សារមួយ ដែលជួយគាំទ្រទៅដល់កសិករ ជាពិសេសកសិករខ្នាតតូចដូចនៅក្នុងប្រទេសកម្ពុជាអុីចឹង។ ព្រោះសហគមន៍កសិករខ្នាតតូច គឺគាត់មានការលំបាកក្នុងការរកទីផ្សារលក់ផលិតផលរបស់គាត់ ហើយអ្នកបរិភោគក៏មានការលំបាកក្នុងការរកផលិតផលដែលមានគុណភាពល្អសម្រាប់គាត់យកទៅបរិភោគដែរ ដូច្នេះកសិករ ហើយនិងអ្នកបរិភោគធ្វើការសហការគ្នាក្នុងការផលិត និងទិញផលិតផលរបស់កសិករ”។
លោកស្រីបញ្ជាក់ទៀតថា កន្លងមកអង្គការសេដាក បានអនុវត្តកម្មវិធីនេះយូរមកហើយដែរ ប៉ុន្តែមិនមែនជាទម្រង់ CSAហ្នឹងសុទ្ធសាធទេ។ ព្រោះសេ-ដាកកន្លងមកបានសម្របសម្រួលទីផ្សារឱ្យកសិករលក់កសិផលមកទីផ្សារជាមួយអតិថិជនដែលជាប្រភេទអតិថិជនគាំទ្រផលិតផលសរីរាង្គ ដែលគាត់ស្រឡាញ់សុខភាព ស្រឡាញ់បរិស្ថាន។ ប៉ុន្តែពុំមានការបង់លុយមុនទេ អុីចឹងការធ្វើកន្លងមក សេដាកមិនបានធ្វើលក្ខណៈប្រព័ន្ធ CSA ពេញលេញទេ ដោយបានអនុវត្តកម្មវិធីនេះជាង10ឆ្នាំមកហើយ ដោយតាំងពីឆ្នាំ2004 មកម៉្លេះ។
លោក Jack លោក Ravael Julio Loho និងកញ្ញា Sarah ជាតំណាងសាកលវិទ្យាល័យ Virginia សហរដ្ឋអាមេរិក ផ្នែកវិទ្យាសាស្ត្រកសិកម្ម បានថ្លែងឱ្យដឹងដែរថា គោលបំណងរបស់ CSA គឺចង់ឱ្យមានទំនាក់ទំនងរវាងក្រុមអ្នកផលិតទៅក្រុមអ្នកទិញ ហើយធ្វើយ៉ាងណាឱ្យមានការជឿជាក់ពីអ្នកទិញ ហើយធ្វើយ៉ាងណាឱ្យកសិករនោះគាត់មានថវិកាក្នុងការផលិត។
នៅសហរដ្ឋអាមេរិក ការអនុវត្តប្រព័ន្ធ CSA នេះ គឺមានភាពជោគជ័យណាស់ ដោយសារមានមនុស្សជាច្រើនយល់ដឹងពីប្រព័ន្ធនេះ។ ពួកគាត់យល់ថា នេះជាគំនិតមួយថ្មី ប៉ុន្តែមនុស្សជាច្រើនយល់ដឹងពីគំនិតទាំងអស់ហ្នឹង ហើយគាត់ចាប់អារម្មណ៍គំនិតទាំងអស់ហ្នឹង។ ដូច្នេះវាពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឱ្យអ្នកទាំងអស់នោះគាត់យល់អំពី CSA ថាតើ CSA មានដំណើរការរបៀបយ៉ាងម៉េច?។
“សារៈសំខាន់ចម្បងមួយ ដែលអ្នកបរិភោគទទួលបានពី CSA នោះ គឺគាត់ទទួលបានផលិតផលដែលមានគុណភាព ហើយផ្តល់នូវសុខភាពល្អ មិនប៉ះពាល់ដល់សុខភាពរបស់គាត់ ហើយ CSA ផងដែរក៏ផ្តល់ឱ្យអ្នកបរិភោគជឿជាក់អំពីប្រភពនៃផលិតផលដែលគាត់បរិភោគហ្នឹង។ ជាគោលការណ៍ CSAគាំទ្រ ឬក៏ធ្វើការផ្តោតសំខាន់ទៅលើផលិតផលសរីរាង្គ ដោយសារផលិតផលសរីរាង្គ វាផ្តល់នូវគុណប្រយោជន៍ដែលធ្វើឱ្យសុខភាពល្អ ហើយមួយវិញទៀត CSA គឺផ្តោតសំខាន់ និងឱ្យតម្លៃយ៉ាងខ្លាំងលើការងារធ្វើការនៅក្នុងតំបន់សម្រាប់ក្រុមកសិករ។ ដូច្នេះសម្រាប់កម្ពុជា អង្គការសេដាក មានបណ្តាញ មានសហគមន៍ដែលចងក្រងគ្នារួចជាស្រេច និងអនុវត្តផលិតតែដំណាំកសិកម្មសរីរាង្គ ជាការងាយស្រួលសម្រាប់ការអនុវត្តCSA”។ នេះជាការបញ្ជាក់បន្ថែមពីតំណាង សាកលវិទ្យាល័យ Virginia។
លោក ស៊ន សឿត ជាតំណាងសហគមន៍របស់អង្គការសេដាក នៅខេត្តកំពង់ស្ពឺ បានប្រាប់ឡារ៉ែនពាណិជ្ជ ពីការយល់ដឹងអំពីSCA ដែលជាកម្មវិធីមួយគាំទ្រដល់ការផលិតស្បៀងអាហារតាមបែបលក្ខណៈសរីរាង្គ ពិតជាមានចំណុចល្អច្រើន ដោយសារតែសហគមន៍យើងជាអ្នកផលិត ដំណាំកសិកម្មសរីសង្គ តែងមានផលលំបាកពីការរកទីផ្សារ និងដើមទុន។
លោកបានបញ្ជាក់ថា៖“ប្រសិនបើកម្មវិធីនេះទទួលយកមកអនុវត្តនៅកម្ពុជា ជាការល្អប្រសើរណាស់ ពីព្រោះថា បច្ចុប្បន្នយើងមានដើមទុនតិច ត្រូវបណ្តាក់ដើមទុនធ្វើកសិកម្ម ហើយបើកម្មវិធីនេះបានផ្តល់ទុនមុន វាជាធាតុផ្សំមួយជូយជំរុញកម្លាំងចិត្ត ដែលរឹតតែធ្វើឱ្យកសិករមានការតាំងចិត្ត ខិតខំប្រឹងប្រែងក្នុងកិច្ចការនេះឱ្យទទួលបានលទ្ធផលល្អ”៕