Category: សង្គម និងសេដ្ឋកិច្ច

  • ឆាប់​ៗខាងមុខនេះ​ កម្ពុជា​អាច​នឹង​មាន​មជ្ឈ​មណ្ឌល​ដែល​ផ្តល់​ការអប់រំ​ផ្នែក​កែសម្ផស្ស​

    ឆាប់​ៗខាងមុខនេះ​ កម្ពុជា​អាច​នឹង​មាន​មជ្ឈ​មណ្ឌល​ដែល​ផ្តល់​ការអប់រំ​ផ្នែក​កែសម្ផស្ស​

    ដោយសារតែ​កំណើន​សេដ្ឋកិច្ច​ និង​ភាព​ប្រសើរ​ឡើង​នៃ​ការរស់នៅ​របស់​ប្រជាជន​ បច្ចុប្បន្ន​នេះ​ការ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​រូប​សម្ផស្ស​ និង​សោភណភាព​រាងកាយ​បាន​កើនឡើង​។ និន្នាការ​នេះ​ត្រូវ​បាន​គេ​កត់សម្គាល់​តាមរយៈ​ការ​រីក​ដុះដាល​នៃ​ការនាំចូល​គ្រឿងសម្អាង​ រួម​ទាំង​មជ្ឈមណ្ឌល​កែសម្ផស្ស​ព្រោងព្រាត​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​អតិថិជន​។

    ថ្មី​ៗនេះ​ ដោយ​មើលឃើញ​ពី​តម្រូវការ​នៃ​សេវាកម្ម​រក្សា​សម្ផស្ស​នេះ​ សមាគម​ដ៏​ធំ​មួយ​របស់​សាធារណរដ្ឋ​កូរ៉េ​ បាន​បង្ហាញ​គោលបំណង​ចង់​បង្កើត​មជ្ឈមណ្ឌល​ស្តង់​ដា​ជាតិ​ផ្នែក​វិទ្យាសាស្ត្រ​សម្ផស្ស​នៅ​កម្ពុជា​ ដើម្បី​ផ្តល់​ការអប់រំ​ជំនាញ​កែសម្ផស្ស​ដល់​ប្រជាជន​ខ្មែរ​។ ការ​បណ្តុះបណ្តាល​ពីសំណាក់​អ្នកជំនាញ​កូរ៉េ​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ អាច​នឹង​ធ្វើ​ឱ្យ​សិស្ស​ និស្សិត​ខ្មែរ​ដែល​មានបំណង​ចង់​សិក្សា​ផ្នែក​កែសម្ផស្ស​នេះ​ទទួល​បាន​ចំណេះដឹង​ដែល​មានគុណ​ភាព​ និង​សុវត្ថិភាព​សម្រាប់​ប្រកប​ជា​អាជីព​នៅ​ថ្ងៃ​អនាគត​។

    លោក​ Lee​ Sung​ Yeob​ តំណាង​សមាគម​អន្តរជាតិ​អប់រំ​ក្នុង​វិស័យ​កែសម្ផស្ស​កូរ៉េ​ បានឱ្យ​ដឹង​ថា​ គោលបំណង​សំខាន់​ដែល​នាំ​ឱ្យ​មានបំណង​ចង់​បង្កើត​មជ្ឈមណ្ឌល​ស្តង់​ដា​ជាតិ​ផ្នែក​វិទ្យាសាស្ត្រ​សម្ផស្ស​នេះ​ ដោយ​សារ​តែ​លោក​មើលឃើញ​ពី​សក្តា​នុ​ពល​លើ​វិស័យ​សម្ផស្ស​នៅ​កម្ពុជា​ដែល​កំពុង​មាន​ភាព​ផុសផុល​ និង​អាចប​ង្កើត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជា​អន្តរជាតិ​លើ​វិស័យ​នេះ​ថែមទៀត​ផង​។ លោក​ថ្លែង​ថា​ សមាគម​របស់​លោក​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុង​វិស័យ​កែ​សម្ផស្ស​នៅ​ជុំវិញ​ពិភពលោក​ ដោយ​ស្ថាប័ន​នេះ​មាន​សមាជិក​ជាច្រើន​ប្រទេស​ ដូចជា​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ជប៉ុន​ អូស្ត្រាលី​ កាណាដា​ អាមេរិក​ និង​ទីក្រុង​ហុងកុង​ជាដើម​។

    លោក​ Lee​ Sung​ Yeob​ បាន​និយាយ​ថា​៖ “នៅ​ពេល​គម្រោង​នេះ​អាច​ដំណើរការ​បាន​នៅ​កម្ពុជា​ ប្រជាជន​ខ្មែរ​ និង​ប្រជាជន​ក្នុង​តំបន់​នឹង​ទទួល​បាន​សេវា​កែសម្ផស្ស​ប្រកបដោយ​គុណភាព​ ប្រសិទ្ធភាព​ និង​សុវត្ថិភាព​ខ្ពស់​ ព្រោះ​ស្ថាប័ន​របស់​លោក​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ដោយមាន​អ្នកជំនាញ​មក​ពី​ប្រទេស​កូរ៉េ​ និង​ដៃគូ​ជំ​នាញៗ​ជាច្រើន​ផ្សេងទៀត​”។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ឯកឧត្តម​ស្វាគមន៍​ និង​គាំទ្រ​គម្រោង​នៃ​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នេះ​ ហើយក៏​គ្រោង​នឹង​ចេញ​អាជ្ញាប័ណ្ណ​ជូន​មជ្ឈមណ្ឌល​ដើម្បី​ប្រតិបត្តិ​ការ​ស្របច្បាប់​នៅ​កម្ពុជា​។

    ឯកឧត្តម​រំពឹង​ថា​ ការ​បើក​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​ស្តង់​ដា​ជាតិ​ផ្នែក​វិទ្យាសាស្ត្រ​សម្ផស្ស​នៅ​កម្ពុជា​ នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ ព្រោះ​ឆ្លើយតប​នឹង​ទីផ្សារ​សេវាកម្ម​កែសម្ផស្ស​នា​ពេល​បច្ចុប្បន្ន​ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​នៅតែ​មាន​ភាព​រីកចម្រើន​ ដែល​ធ្វើ​ឱ្យ​កំណើន​ជីវភាព​របស់​ប្រជាជន​កាន់តែ​ធូរធារ​ ធ្វើ​ឱ្យ​ពួកគាត់​មាន​ឱកាស​ច្រើន​ក្នុង​ការ​កែសម្ផស្ស​ដោយ​សុវត្ថិភាព​ និង​គុណភាព​ខ្ពស់​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ មើលឃើញ​ថា​ គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ និង​កូរ៉េ​ សម្រេច​បាន​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ថ្មី​មួយទៀត​ដែល​អាច​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុង​ការ​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​កូរ៉េ​៕

  • បែកធ្លាយ កីឡាករជម្រើសជាតិព័រទុយហ្គាល់ម្នាក់ សុំមកលេងនៅក្រុមមួយនៃលីគកំពូលវៀតណាម

    បែកធ្លាយ កីឡាករជម្រើសជាតិព័រទុយហ្គាល់ម្នាក់ សុំមកលេងនៅក្រុមមួយនៃលីគកំពូលវៀតណាម

    កាលពីយប់មិញ Ricardo Quaresma បានផ្ញើរសារមកកាន់ប្រអប់សំបុត្រនៃក្លិប Hanoi FC ដែលជាក្លិបជើងឯកលីគកំពូលវៀតណាម កាលពីរដូវកាលមុន ដោយសុំមកចូលរួមរស់ជាមួយនឹងក្លិបមួយនេះ ប្រសិនបើមានចំណាប់អារម្មណ៍មកលើរូបគេ។

    កីឡាករ​វ័យ​៣៥​ឆ្នាំ ​ធ្លាប់​បាន​ជួយ​ក្រុម​ព័រទុយហ្គាល់​លើក​ពាន Euro ​កាល​ឆ្នាំ​២០១៦ ​ដោយ​គ្រា​នោះ​រូបគេ​ប្ដូរ​​ចូល​ជំនួស Cristiano Ronaldo ​ដែល​រង​របួស។ ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ ​ធ្លាប់​លេង​ជា​ច្រើន​ក្លឹប​នៅ​អឺរ៉ុប​ដូចជា Sporting Porto , Barcelona , Inter Milan , Chelsea , Al Ahli និង Besiktas ​ជា​ដើម។

    ​ដោយ​៖ ឃូរ៉ា

  • ជើងទី២ជំនួបដកស្រង់បច្ចេកទេស U15 កម្ពុជា ចាញ់ចិន ក្នុងលទ្ធផល អាចទទួលយកបាន

    ជើងទី២ជំនួបដកស្រង់បច្ចេកទេស U15 កម្ពុជា ចាញ់ចិន ក្នុងលទ្ធផល អាចទទួលយកបាន

    ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំ កម្ពុជា បានបន្តចាញ់ ក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំចិន ដោយលទ្ធផល ២ ទល់នឹង ០ ក្នុងជំនួបជើងទី២របស់ខ្លួនជា នៅកីឡដ្ឋាន RSN Stadium ដែលជាទឹកដីរបស់ក្លិបភ្នំពេញក្រោន។

    ដូច​ដែល​គ្រប់​គ្នា​បាន​ដឹង​ហើយ ​ចិន​ជា​ប្រទេស​កំពុង​វិវត្ត​ខ្លួន​យ៉ាង​លឿន​ក្នុង​វិស័យ​បាល់ទាត់ ​ហើយ​ក៏​អាច​ចាត់​ទុក​ថា​ជា​ក្រុម​ខ្លាំង​នៅ​អាស៊ី​ផង​ដែរ។ ​ខណៈ​ដែល​កម្ពុជា​វិញ ​ក៏​មិន​រំពឹង​លទ្ធផល​ល្អ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ពោល​គឺ​វា​ជា​ការ​ប្រកួត​មួយ​ដែល​ដក​ស្រង់​បច្ចេកទេស ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ដូចជា​ចិន​នេះ។

    គួរបញ្ជាក់ផងដែរថា កាលពីជើងទី១ កន្លងទៅ ក្រុមចិន បានយកជ័យជម្នះយ៉ាងត្រចះត្រចង់ ដោយបានលត់កម្ពុជា ដល់ទៅ ៧ ទល់នឹង ០៕

  • 6 វិធីមើលថែ និងព្យាបាលខ្លួនឯងនៅពេលកើតជំងឺស្ទះសរសៃឈាមបេះដូង

    6 វិធីមើលថែ និងព្យាបាលខ្លួនឯងនៅពេលកើតជំងឺស្ទះសរសៃឈាមបេះដូង

    មាន​មនុស្ស​ភាគច្រើន​កំពុង​ប្រឈម​នឹង​ការ​កើតជំងឺ​លើសឈាម​ ទឹកនោមផ្អែម​ និង​ជំងឺមិនឆ្លង​ផ្សេងទៀត​ ដូចជា​ ជំងឺមហារីក​ និង​ជំងឺ​វិបត្តិ​ចិត្ត​ជាដើម​។ ក្នុងចំណោម​ជំងឺ​នានា​ ដែល​ជា​ប្រភេទ​ជំងឺមិនឆ្លង​ តែ​ក៏អាច​ជា​កត្តា​ធ្វើ​ឱ្យ​ស្លាប់​ និង​ពិការ​ភាព​ច្រើនជាង​គេ​ជាពិសេស​គឺ​ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​ ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​ និង​កំពុង​កើនឡើង​ខ្ពស់​។

    អ្នកជំងឺ​ស្លាប់​ដោយសារ​ស្ទះ​សរសៃឈាម​បេះដូង​មាន​ចំនួន​មិន​តិច​ជាង128នាក់​ក្នុង​មួយ​ឆ្នាំ​ៗនៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ ដោយសារតែ​មូលហេតុ​ខាងលើ​នេះ​ហើយ​បាន​ជា​ការ​តាមដាន​ ​និង​ការស្វែងរក​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​នៅ​ដំណាក់កាល​ដំ​បូងៗ​ តាម​គ្រប់​វិធីសាស្ត្រ​ដែល​មាន​ ​ជាពិសេស​ដោយមាន​ជំនួយ​ពី​គ្រូពេទ្យ​ឯកទេស​បេះដូង​ ជាមួយនឹង​សមត្ថភាព​ជំនាញ​វិភាគ​រូបភាព​វេជ្ជសាស្ត្រ​សរសៃឈាម​បេះដូង​ តាមរយៈ​ម៉ា​ស៊ីន​ស្កែ​នប​ច្ចេ​កវិទ្យា​ចុង​ក្រោយ​ Multislice​ CT​ Scan​ ពិតជា​មាន​សារ​ប្រយោជន៍​ខ្លាំង​ណាស់​ ចំពោះ​អ្នក​ដែល​មាន​រោគសញ្ញា​នៃ​ជំងឺ​នេះ​។
    តែ​យ៉ាងណាមិញ​ អ្នកជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ ក៏​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ឱ្យ​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​ផ្ទាល់ខ្លួន​មួយចំនួន​ក្នុង​ការ​មើលថែ​រក្សាខ្លួន​ និង​ធ្វើការ​ព្យាបាល​ដោយខ្លួនឯង​ជា​បណ្តោះអាសន្ន​ មុន​ពេល​អាការ​ជំងឺ​កាន់តែ​កម្រើក​ឡើង​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​។ ឡា​រ៉ែ​ន នឹង​បង្ហាញ​ជូន​នូវ​វិធីសាស្ត្រ​ 6ចំណុច​ដូច​ខាងក្រោម​ ដើម្បី​ជា​ជំនួយស្មារតី​របស់​អ្នក​ក្នុង​ការ​ទប់ទល់​ជាមួយនឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។
    1. ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ឱ្យ​បាន​ត្រឹមត្រូវ​។ សូមកុំ​ឈប់​ប្រើប្រាស់​ថ្នាំ​ដោយ​ការសម្រេច​ចិត្ត​របស់​ខ្លួនឯង​ ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​ បើ​ទោះបីជា​មាន​អារម្មណ៍​ថា​ អាការ​បាន​ជាសះស្បើយ​ល្អ​ប្រសើរ​ឡើងវិញ​ក្ដី​ ឬមិន​ឃើញ​ភាព​ខុសប្លែក​ពី​អាការ​ជំងឺ​កន្លងមក​ក៏ដោយ​ ​ក៏​មិន​ត្រូវ​បញ្ឈប់​ការ​ទទួល​ទាន​ថ្នាំ​ដោយខ្លួនឯង​ជាដាច់ខាត​។ អ្នក​គប្បី​ទទួល​បានការ​ណែនាំ​ពី​គ្រូពេទ្យប្រចាំ​ខ្លួន​ ដែល​បាន​តាមដាន​ប្រវត្តិ​ជំងឺ​របស់​អ្នក​ និង​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​បេះដូង​ ចង្វាក់​បេះដូង​ជាប្រចាំ​ថ្ងៃ​ ឬប្រចាំ​សប្ដាហ៍​។
    2. អ្នក​ត្រូវ​គ្រប់គ្រង​លើក​ត្តា​ផ្សេង​ៗ ដែល​អាច​បណ្ដាល​ឱ្យ​អាការ​ជំងឺ​កម្រើក​ឡើង​មកវិញ​ដូចជា​ គ្រប់គ្រង​លើ​អាការ​សម្ពាធ​ឈាម​ និង​ជំងឺលើសឈាម​ជាដើម​ ដើម្បី​ជួយ​ឱ្យ​ចង្វាក់​បេះដូង​ និង​លំហូរ​ឈាម​ស្ថិតនៅ​ក្នុង​លំដាប់​ឈាម​ធម្មតា​។ ត្រូវ​គ្រប់គ្រង​អាការ​ជំងឺ​ទឹកនោម​ផ្អែម​ កុំឱ្យ​លើស​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ត្រូវ​គ្រប់គ្រង​បរិមាណ​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​កុំឱ្យ​លើស​ដូចគ្នា​ដែរ​។
    3. ត្រូវ​ធ្វើការ​ណាត់ជួប​គ្រូពេទ្យ​ជា​រៀងរាល់​1សប្ដាហ៍​ម្ដង​ ឬមួយ​ខែ​ម្ដង​ ដើម្បី​ពិនិត្យ​សុខភាព​បេះដូង​។
    4. ធ្វើលំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​។ តែ​ប្រសិនបើ​អ្នក​មិន​ច្បាស់​នៅក្នុង​ចិត្ត​អំពី​របៀប​ហាត់ប្រាណ​យ៉ាងណា​ ដើម្បី​កុំឱ្យ​ឆាប់​នឿយហត់​នោះ​ ​ឬអ្នកមាន​បញ្ហា​ខ្លាច​ហាត់ប្រាណ​លើស​ពី​កម្លាំង​របស់​ខ្លួន​នោះ​ អ្នក​គប្បី​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​ មុន​ពេល​ធ្វើលំ​ហាត់​ដោយខ្លួនឯង​។ គ្រូពេទ្យ​នឹង​ធ្វើការ​វាស់​សម្ពាធ​ឈាម​ ចង្វាក់​បេះដូង​ ដើម្បី​បញ្ជាក់​ពី​ការ​ចាប់ផ្ដើម​ធ្វើលំ​ហាត់ប្រាណ​ដោយ​វិធីសាស្ត្រ​ណាមួយ​ ​ក្នុង​កម្រិត​ណាមួយ​ដែល​ស័ក្ដិសម​ជាមួយ​អ្នក​ និង​ប្រាប់​ពី​ភាព​ខុសប្រក្រតី​នៃ​ការ​ធ្វើលំ​ហាត់ប្រាណ​ និង​គួរ​បញ្ឈប់​ ឬបន្ត​ទៀត​។
    5. តម​ជក់បារី​ និង​ទទួលទាន​គ្រឿងស្រវឹង​គ្រប់​ប្រភេទ​។
    6. កម្ចាត់​អារម្មណ៍​តានតឹង​របស់​អ្នក​ចេញពី​ក្នុង​ខ្លួន​ កុំឱ្យ​មាន​អារម្មណ៍​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ឱ្យ​សោះ​ ព្រោះថា​ ប្រសិនបើ​អ្នកដឹង​ខ្លួនឯង​កំពុងតែ​កើត​អារម្មណ៍​តានតឹង​ គួរតែ​បញ្ឈប់​ការ​គិត​រឿង​នោះ​ភ្លាម​ៗ ហើយ​គួរ​ស្វែងរក​វិធីសាស្ត្រ​ ឬក៏​កន្លែង​បន្ធូរ​អា​រម្ម​ណ៍​ភ្លាម​ៗដូចជា​ ការ​ធ្វើការងារ​ហត្ថកម្ម​ ទៅ​មើលកុន​ ស្ដាប់​ចម្រៀងទៅ​មាត់សមុទ្រ​ ឬកន្លែង​មាន​ខ្យល់អាកាស​ត្រ​ជា​ក់ៗ​ ដើម្បី​ជួយ​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ឱ្យ​ធូរស្បើយ​ឡើងវិញ​។
    បើ​ទោះបីជា​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​មិន​អាច​ព្យាបាល​ឱ្យ​ជាសះស្បើយ​បាន100​% តែ​អ្នកជំងឺ​គួរតែ​ដឹង​អំពី​វិធី​បង្ការ​ និង​គ្រប់គ្រង​ស្ថានភាព​នៃ​អាការ​ជំងឺ​បាន​ដោយខ្លួនឯង​ បន្ទាប់​ពី​ទទួលការ​ណែនាំ​ពី​គ្រូពេទ្យ​។ អ្នកជំងឺ​គួរតែ​បញ្ឈប់​ទង្វើ​នានា​ ដែល​ជា​កត្តា​ហុច​ឱកាស​ដល់​ការ​កម្រើក​នៃ​ជំងឺ​ឡើង​បាន​។ អ្នកជំងឺ​គួរតែ​មិន​នៅក្នុង​ទីកន្លែង​ដែល​ស្ងប់ស្ងាត់​ ហើយ​ដាច់​ដោយឡែក​តែម្នាក់ឯង​ឡើយ​ ព្រោះថា​ខណៈ​បើ​អាការ​កម្រើ​កភ្លាម​ៗ នោះ​នឹង​មាន​អ្នកចាំ​ជួយ​អ្នក​ និង​បញ្ចូន​អ្នក​ទៅ​មន្ទីរពេទ្យ​ទាន់ពេល​វេលា​៕

  • អ្នកគ្រូ​ ​សរ​ ​កេសា​រ៉ា​ ​យក​ថ្ងៃខួបកំណើត​ធ្វើ​រឿង​មួយ​ជូន​សិល្បករ​ខ្មែរ​ទាំងអស់​ ​ ​

    អ្នកគ្រូ​ ​សរ​ ​កេសា​រ៉ា​ ​យក​ថ្ងៃខួបកំណើត​ធ្វើ​រឿង​មួយ​ជូន​សិល្បករ​ខ្មែរ​ទាំងអស់​ ​ ​

    ​អ្នកគ្រូ​ ​សរ​ ​កេសា​រ៉ា​ ​ត្រូវ​បាន​មហាជន​ជាច្រើន​ស្គាល់​ថា​ ​ជាតា​រា​សម្ដែង​ជើងចាស់​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ ​និង​ជា​ម្ចាស់​ផលិតកម្ម​ភាពយន្ដ​ផង​ដែរ​។​ ​អ្នកគ្រូ​ត្រូវ​បាន​តារា​សិល្បករ​ជាច្រើន​គោរព​ស្រឡាញ់​និង​ឱ្យ​តម្លៃ​អ្នកគ្រូ​ ​ក្នុង​ការសម្ដែង​ ​ដែល​ក្រៅពីនោះ​ ​អ្នកគ្រូ​ក៏​ជា​សាស្ត្រា​ចារ្យ​សិល្បៈ​មួយ​រូប​បាន​ជួយ​តម្រង់​ទិស​ដល់​តា​រា​ក្មេង​ៗ​ជាច្រើន​ទៀតផង​ដែរ​។​

    ​តែ​ពេល​ថ្មី​នេះ​ៗ​ ​ពិធី​ខួបកំណើត​របស់​អ្នកស្រី​ ​សរ​ ​កេសា​រ៉ា​ ​នៅក្នុង​ឆ្នាំនេះ​ ​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ភាគច្រើន​ជា​អ្នកមាន​មុខមាត់​ ​ដោយ​ក្នុង​កម្ម​វិ​ធី​ក៍​មាន​សកម្មភាព​ដើរ​ម៉ូត​ ​និង​បកស្រាយ​បទចម្រៀង​របស់​ក្រុម​សិល្បៈ​មួយ​ក្រុម​នោះ​ផង​។​ ​ខុសពី​ម្ចាស់​ខួបកំណើត​ភាគច្រើន​ ​ដែល​តែង​បួងសួង​សុំ​ឱ្យ​ខ្លួន​មាន​សុខភាព​ល្អ​ ​មាន​សម្រស់​ស្រស់​ស្អាត​ ​និង​មានជោគ​ជ័យ​ក្នុង​ជីវិត​ ​សម្រាប់​អ្នកគ្រូ​សរ​ ​កេសា​រ៉ា​ ​ម្ចាស់​ផលិតកម្ម​ ​កេសា​រ៉ា​ភាពយន្ត​ ​បែរជា​បួងសួង​ផ្សេង​ ​ក្នុង​ពិធី​ខួបកំណើត​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ​១៤​ ​កក្កដា​ ​ឆ្នាំ២០១៩​។​

    ​អ្នកស្រី​ ​កេសា​រ៉ា​ ​បញ្ជាក់​ថា​ ​ខួបកំណើត​ឆ្នាំនេះ​ ​អ្នកស្រី​មិនសូវ​ផ្ដោត​លើ​ការ​ជូនពរ​ខ្លួនឯង​នោះ​ទេ​ ​ដោយ​អ្នកស្រី​មានបំណង​ជូនពរ​ឱ្យ​ភ្ញៀវ​កិត្តិយស​ ​និង​អ្នក​សិល្បៈ​មាន​សុខភាព​ល្អ​ ​និង​កាន់តែ​ជោគជ័យ​នៅក្នុង​សិល្បៈ​។​ ​អ្នកស្រី​ថា​ ​អ្នកស្រី​ចង់​ឃើញ​តារា​សិល្បៈ​ទាំងអស់​កាន់តែ​ជោគជ័យ​ទ្វេរ​ដង​ ​និង​កាន់តែ​មានការ​រីក​ចំរើន​កុំឱ្យ​ចាញ់​ប្រទេសជិតខាង​។​ ​អ្នកស្រី​នឹង​បន្ត​ដើរតួ​ជា​អ្នកចូលរួម​លើកស្ទួយ​សិល្បៈ​ ​តាមរយៈ​ការផលិត​ភាព​យន្ត​ថ្មី​ៗ​ ​និង​បណ្ដុះបណ្ដាល​អ្នក​ជំនាន់​ក្រោយ​ឱ្យ​មាន​ជំនាញ​សិល្បៈ​តាម​លទ្ធភាព​ ​ខណៈ​ដែល​អ្នកស្រី​ក៏​នឹង​បង្កើន​សមត្ថភាព​ក្នុង​ការទាក់ទង​ផលិតករ​ ​និង​អ្នក​រៀបចំ​កម្មវិធី​នៅ​ក្រៅប្រទេស​ ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​តារា​ខ្មែរ​បាន​កាន់តែ​ច្រើន​ផង​ដែរ​ ​ខណៈ​ដែល​អ្នកស្រី​ធ្លាប់​បាន​ស្វះស្វែង​ឱ្យ​ផលិតករ​ខ្មែរ​ ​និង​តារា​ខ្មែរ​ ​បាន​ចូលរួម​ក្នុង​មហោស្រព​អន្តរជាតិ​នានា​ ​និង​បាន​សម្ដែង​ជាមួយ​ផលិតករ​បរទេស​ជាហូរហែ​រម​ក​ហើយ​។​ ​យ៉ាងណាមិញ​ ​អ្នក​ស្រី​ក៍​សម្ដែង​អារម្មណ៍​ខកចិត្ត​ ​ចំពោះ​ស្នាដៃ​ផលិត​កុន​កន្លងមក​ ​ដែល​ទទួល​បានការ​គាំទ្រ​តិចតួច​។​

    ​អ្នកស្រី​ ​សរ​ ​កេសា​រ៉ា​ ​បន្ត​ថា​ ​អ្នកស្រី​ធ្វើ​ខួបកំណើត​រាល់​ឆ្នាំ​ ​គ្រាន់តែ​ចង់​ជួបជុំ​មិត្ត​ភ័ក្ត្រ​ ​និង​ផលិតករ​តែប៉ុណ្ណោះ​។​ ​នៅក្នុង​ពិធី​នោះ​ ​អ្នកស្រី​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ​ជាតា​រា​សម្ដែង​ជើងចាស់​មួយ​រូប​ ​បាន​តែង​ឈុត​ជានា​រី​ខ្មែរ​ ​ដោយ​លម្អ​ជាមួយនឹង​ផ្កាភ្ញី​លើ​សក់​ផង​។​ ​អ្នកស្រី​ថា​ ​ពិធី​ខួបកំណើត​ឆ្នាំនេះ​ ​អ្នកស្រី​សប្បាយចិត្ត​បំផុត​គឺ​បាន​ជូនពរ​បងប្អូន​អ្នក​សិល្បៈ​គ្រប់រូប​ ​ដោយ​អ្នកស្រី​បញ្ជាក់​ថា​សារ​ជូនពរ​របស់​អ្នកស្រី​ ​មិនមែន​សម្រាប់​តែ​តារា​សិល្បៈ​ ​និង​ផលិតករ​ដែល​ចូលរួម​ប៉ុណ្ណោះទេ​ ​តែ​ក៏​ជូនពរ​ចំពោះ​តារា​សិល្បៈ​ទាំងអស់​ ​តាមរយៈ​បណ្ដាញ​សារព័ត៌មាន​ផង​ដែរ​៕​

  • គ្មាន​ទេពាក្យ​ថា​ ​បន្ធូរបន្ថយ​!​ ​វិទ្យាល័យ​ទូទាំង​ប្រទេស​ប្រជុំ​ព្រមគ្នា​កម្រិត​វិន័យ​ពេល​ប្រឡង​បាក់ឌុប​

    គ្មាន​ទេពាក្យ​ថា​ ​បន្ធូរបន្ថយ​!​ ​វិទ្យាល័យ​ទូទាំង​ប្រទេស​ប្រជុំ​ព្រមគ្នា​កម្រិត​វិន័យ​ពេល​ប្រឡង​បាក់ឌុប​

    ​ទោះបីជា​មានការ​ធ្វើ​កំណែទម្រង់​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ជាច្រើន​ឆ្នាំ​ហើយក៏​ដោយ​ ​ក៏​ឆ្នាំនេះ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​នៅតែ​រឹត​បន្តឹង​ ​និង​គ្មាន​ការ​បន្ធូរបន្ថយ​ណាមួយ​ចំពោះ​បេក្ខជន​ឡើយ​ ​ដើម្បី​ធានា​បាន​នូវ​គុណភាព​អប់រំ​ប្រកបដោយ​ប្រសិទ្ធភាព​។​

    ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​ក្រសួង​អប់រំ​បាន​ជំរុញ​ឱ្យ​នៅ​តាម​វិទ្យាល័យ​ទាំងអស់​ទូទាំង​ប្រទេស​រៀបចំ​កិច្ចប្រជុំ​សំណេះសំណាល​ ​និង​ផ្សព្វផ្សាយ​ ​និង​កម្រិត​វិន័យ​ជូន​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី12​ ​ដែល​កំពុង​ត្រៀមខ្លួន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។​ ​ការ​ប្រឡង​បាក់ឌុប​នឹង​ឈាន​ចូល​មកដល់​នៅ​ថ្ងៃទី19​ ​ខែសីហា​ ​ឆ្នាំ2019​ ​ហើយ​ការ​ផ្សព្វផ្សាយ​នេះ​ ​គឺ​ដើម្បី​ឱ្យ​សិស្ស​ដែល​ជា​បេក្ខជន​ប្រឡង​ ​បានដឹង​ច្បាស់លាស់​អំពី​ព័ត៌មាន​សំ​ខាន់​ៗ​ ​លក្ខខណ្ឌ​នានា​ជុំវិញ​ការ​ប្រឡង​ ​និង​ជាពិសេស​ប្រការ​ដែល​សិស្ស​គួរ​ប្រព្រឹត្ត​ ​និង​មិន​គួរ​ប្រព្រឹត្តទៅ​តាម​បទប្បញ្ញត្តិ​ ​និង​កម្រិត​វិន័យ​។​ ​

    ​ដើម្បី​ត្រៀមប្រឡង​ឱ្យ​បាន​ល្អ​ ​សិស្ស​គួរ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ដោយខ្លួនឯង​ ​ព្រោះ​គ្មាន​ការ​អន្តរាគមន៍​ ​ឬ​ការ​លួច​ចម្លង​ណាមួយ​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​ក្នុង​បន្ទប់​ប្រឡង​ ​ឬ​ក្នុង​មណ្ឌល​ប្រឡង​។​ ​ការ​ប្រឡង​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​សមត្ថភាព​ខ្លួនឯង​ដោយ​ផ្ទាល់​ដើម្បី​ទទួល​បាន​ជោគជ័យ​៕​ ​

  • នៅចាំគាត់បានទេ?? បាត់មុខ2ឆ្នាំ តារាសម្ដែង សុវណ្ណ​ ​គីរី​ សម្ញំថតសម្រៀងនៅអាមេរិក

    នៅចាំគាត់បានទេ?? បាត់មុខ2ឆ្នាំ តារាសម្ដែង សុវណ្ណ​ ​គីរី​ សម្ញំថតសម្រៀងនៅអាមេរិក

    ​​បាត់មុខអស់រយៈពេល 2 ឆ្នាំខណៈដែលកំពុងឡើង​កូដ​ក្នុង​អាជីព​សម្ដែង​ ​និង​ពិធីករ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​តារា​សម្ដែង​ក្រ​មុិ​ចក្រ​ម៉ើមកា​រ៉ា​តេ​ដូ​ ​លោក​ ​សុវណ្ណ​ ​គីរី​ ​ស្រាប់តែត្រូវ​គេ​ដឹង​ថា​ ​បាន​ចេញទៅ​សិក្សា​ជំនាញ​ផលិតកម្ម​វិធី​យ៉ាង​ព្រងើយ​នៅ​លើទឹក​ដីស​ហរ​ដ្ឋ​អាមេរិក​។​

    ​យ៉ាងណាមិញ​ ​លោក​មិនបាន​ផ្ដាច់ខ្លួន​ពី​ការងារ​សិល្បៈ​នោះ​ទេ​ ​ដោយ​ក្រៅពី​បង្ហាញ​ទំនាក់ទំនង​យ៉ាង​ស្អិត​រមួត​ជាមួយ​តារា​សិល្បៈ​មួយចំនួន​នៅ​លើទឹក​ដី​អាមេរិក​ ​លោ​ក​ក៍​ទើប​បញ្ចេញ​បទ​ចម្រៀង​ក្ដៅ​ៗ​ ​ដែល​ជា​ស្នាដៃ​រួមគ្នា​ជាមួយ​តារា​ជើងចាស់២រូប​ ​យ៉ាង​គួរ​ឱ្យចាប់អារម្មណ៍​ផង​ដែរ​។​

    ​លោក​ ​សុវណ្ណ​ ​គីរី​ ​បាប​ថ្លែង​ពី​ទឹកដី​អាមេរិក​ថា​ ​លោក​បាន​បាត់មុខ​ពី​ប្រទេស​កម្ពុជា​ប្រមាណ2ឆ្នាំ​មក​ហើយ​ ​ក្រោយពី​លោក​សម្រេចចិត្ត​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ​ដើម្បី​សិក្សា​ភាសាអង់គ្លេស​ ​និង​ជំនាញ​ផលិតកម្ម​វិធី​។​ ​លោក​ថា​ខ្លួន​នឹង​ត្រលប់​មកវិញ​យ៉ាង​យូរ4ឆ្នាំក្រោយ​ ​ដើម្បី​ត្រលប់​មក​សម្ដែង​ ​និង​ផលិតកម្ម​វិធី​។​ ​អុីចឹង​ហើយ​ ​ទើប​លោក​រិះរក​ស្នា​ដៃ​ថ្មី​ៗ​ ​ដើម្បី​កុំ​អោយ​ស្ងប់ស្ងាត់​នៅក្នុង​អាជីព​សិល្បៈ​។​ ​លោក​បាន​ថត​ច្រៀង​បទ​ថ្មី​មួយ​បទ​ ​ថ្មីស្រឡាង​ក្រោម​ចំណងជើង​ថា​”​Time​ ​Is​ ​Not​ ​Importan​”​ ​ដែល​នេះ​ជា​បទ​បើកឆាក​ក្នុង​អាជីព​ចម្រៀង​របស់​ខ្លួន​ ​ហើយ​ជា​ស្នាដៃ​រួន​គ្នា​ ​ដែល​មានការ​ជួយ​សម្រួល​តន្ត្រី​ ​និង​ទំនុកច្រៀង​ ​ដោយ​លោក​ ​ម៉េ​ង​ ​ប៑ុន​ឡូ​ ​និង​តារា​ជើងចាស់​ ​លោក​ ​សុវណ្ណ​ ​មុ​ន្នី​។​ ​លោក​ថា​សប្បាយចិត្ត​ ​ដែល​ស្នាដៃ​បទចម្រៀង​របស់​ខ្លួន​ ​គឺជា​ស្នាដៃ​ប្រឹងប្រែង​រួមគ្នា​រវាង​លោក​ ​លោក​ ​ម៉េ​ង​ ​ប៑ុន​ឡូ​ ​និង​ ​លោក​ ​សុវណ្ណ​ ​មុ​ន្នី​។​

    ​លោក​ ​សុវណ្ណ​ ​គីរី​ ​បញ្ជាក់​ថា​ ​បទ​”​Time​ ​Is​ ​Not​ ​Important​”​ ​គឺជា​បទ​ដែល​លោក​និពន្ធ​ចេញពី​ការយល់ឃើញ​របស់​លោក​ ​តែ​មានការ​សម្រួល​ថែមថយ​ ​ដោយ​លោក​ ​ម៉េ​ង​ ​ប៑ុន​ឡូ​ ​និង​ ​លោក​ ​សុវណ្ណ​ ​មុ​ន្នី​ ​ហើយ​សំដៅ​ទៅលើ​ជីវិត​ស្នេហា​មួយ​ ​បើ​ទោះជា​ស្គាល់ចិត្ត​ថ្លើម​គ្នា​ ​និង​សារភាព​ថា​ស្រលាញ់​គ្នា​ ​ក៍​មិន​ប្រាកដ​ថា​អាច​រស់នៅ​ជាមួយគ្នា​អស់មួយជីវិត​នោះ​ទេ​ ​ហើយ​ស្នេហា​មួយ​ដែល​ទើប​ស្រលាញ់​គ្នា​ ​ដោយ​មិន​ប្រើ​ពេល​យូរ​ ​ក៍​មិន​ប្រាកដ​ថា​ ​មិន​អាច​រួមរស់​នឹង​គ្នា​ប​សន​យូរអង្វែង​នោះ​ដែរ​។​ ​សរុប​មក​លោក​ថា​ ​មនុស្ស​ពីរ​នាក់​បើ​មានឱកាស​បង្ហាញ​ការ​ស្រលាញ់​គឺ​គួរតែ​ធ្វើ​ ​ដោយ​កុំ​រង់ចាំ​ពេលវេលា​។​ ​លោក​គ្រោង​នឹង​ថត​ ​MV​ ​បទ​នេះ​ ​នៅ​លើទឹក​ដី​អាមេរិក​ ​ដោយ​អ្នក​ថតMV​ ​របស់​លោក​ ​ក៏​សុទ្ធតែ​ជា​អ្នកឯកទេស​ ​ខណៈ​ដែល​បទ​ចម្រៀង​ថ្មី​ៗ​នឹង​ចេញ​បន្តបន្ទាប់​។​


  • រឿង​ងាយៗ ជួយ​ឱ្យ​បបូរមាត់ ស្រស់​ស្អាតដូចបំណង

    រឿង​ងាយៗ ជួយ​ឱ្យ​បបូរមាត់ ស្រស់​ស្អាតដូចបំណង

    អ្ន​កណាៗ​ក៏​ចង់​គេច​ឱ្យ​ផុត​ពី​បញ្ហា​មួយ​ចំនួន​ដែល​មាននៅ​លើ​បបូរមាត់​ដែរ​ដូចជា​ បបូរមាត់​ខ្មៅ​ ក្រៀម​ ស្រអាប់​ មិន​រលោង​ស្រស់​ស្អាត​ និង​មាន​សភាព​គ្រើម​ជាដើម​។ តើមាន​វិធីការ​ពារ​បបូរមាត់​ពី​បញ្ហា​អស់ទាំង​នេះ​ដែរ​ឬទេ​? ពិតជា​មាន​! ហើយ​ថែមទាំង​មិន​ពិបាក​ទៀតផង​ បើ​អ្នក​អនុវត្ត​បាន​តាមវិធី​ងាយ​អស់ទាំង​នេះ​ឱ្យ​បាន​ជាប់លាប់​នោះ​ ធានា​ថា​មិនយូរ​ទេ​ ក្តី​បារម្ភ​បែបនេះ​នឹង​ត្រូវ​រត់​ទៅ​ឈរ​នៅ​ជួរ​ក្រោយ​បំផុត​មិនខាន​ឡើយ​។ តោះ​! មក​មើល​បន្តិច​មើល៍​ថា​ ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ​?

    គ្រឿងផ្សំ​៖
    ប្រទាល​កន្ទុយក្រពើ​ ម្សៅ​ទឹកដោះគោ​ ទឹកក្រូច​ឆ្មារ​ ទឹកឃ្មុំ​ ប្រេង​អាល់​ម៉ុន​ ទឹក​ដំឡូងបារាំង​ឆៅ​ រួម​ទាំង​សារធាតុ​ផ្សំ​មួយចំនួន​ទៀត​ ដើម្បី​ភាព​ស្រស់ស្រាយ​ ទន់​រលោង​ កាត់បន្ថយ​ភាព​ខ្មៅ​ស្រអាប់​ បន្ថែម​ពណ៌​ផ្កាឈូក​ដល់​បបូរមាត់​។

    វិធី​អនុវត្ត​
    1. សម្រាប់​ការអនុវត្ត​ជាមួយនឹង​ប្រទាល​កន្ទុយក្រពើ​ វា​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ ចាញ់​ក្លិន​របស់​វា​បន្តិច​ ប៉ុន្តែ​មិនបាច់​បារម្ភ​ខ្លាច​វា​ប៉ះពាល់​អ្វី​ឡើយ​ ផ្ទុយ​មកវិញ​វា​នឹង​ធ្វើ​ឱ្យ​បបូរមាត់​ខ្មៅ​ក្រៀម​របស់​អ្នក​ នឹង​ប្រែ​មក​ជា​ស្រស់ស្រាយ​ជាង​មុន​ជាមិនខាន​។ ងាយ​បំផុត​គ្រាន់តែ​យក​ប្រទាល​កន្ទុយ​ក្រ​ពើ​ស្រស់​ៗកាត់​វា​ជា​កំណាត់​ រួច​យក​វា​មក​លាប​លើ​បបូរមាត់​របស់​អ្នក​ឱ្យ​បាន​ញឹកញាប់​ជាការស្រេច​។
    2. បើ​អ្នក​មិន​ចូលចិត្ត​ប្រទាល​ប្រភេទ​នេះ​ទេ​នោះ​ សូម​ក្រឡេកមក​មើល​វិធី​មួយ​ទៀត​ ដែល​អាច​ឱ្យ​អ្នក​អនុវត្ត​បាន​នោះ​គឺ​ ការ​លាយ​ចូលគ្នា​នៃ​ម្សៅ​ទឹកដោះគោ​ ទឹកក្រូច​ឆ្មារ​ ទឹកឃ្មុំ​ និង​ប្រេង​អាល់​ម៉ុន​ (ប្រើ​ក្នុង​បរិមាណ​ស្មើគ្នា​) រួច​យក​មក​បំពោក​នៅ​លើ​បបូរមាត់​របស់​អ្នក​ រួច​ទុក​វា​ចោល​បែបនេះ​ ឱ្យ​បាន​យូរ​តាមដែល​អ្នក​អាច​ធ្វើ​បាន​។ បន្ទាប់មក​ក៏​លាង​សម្អាត​ចេញ​វិញ​ជាការស្រេច​។ សូម​ធ្វើ​វា​ឱ្យ​បាន​ពីរ​ដង​ក្នុង​មួយថ្ងៃ​ នោះ​បំណង​ដែល​ចង់បាន​បបូរមាត់​ស្រស់​ស្អាត​នឹង​ក្លាយជា​ការពិត​ជាមិនខាន​។
    3. កាន់តែ​ពិសេស​ និង​ងាយស្រួល​ជាង​នេះ​ទៀត​ ដែល​អ្នក​មិនទាន់​ដឹង​នោះ​គឺ​ ទឹក​ដំឡូងបារាំង​ឆៅ​ ក៏​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​បបូរមាត់​ដែល​មាន​សភាព​ពណ៌​ខ្មៅ​បាន​ ដើម្បី​ឱ្យ​អ្នកទទួល​បាន​នូវ​បបូរមាត់​ស្រស់​ស្អាត​ ទន់​រលោង​ ដោយ​យក​ទឹក​ដំឡូង​បារាំង​ឆៅ​មក​លាប​ពីលើ​បបូរមាត់​របស់​អ្នក​រួច​ផ្អាប់​ទុក​មួយសន្ទុះ​ ហើយក៏​លាង​ចេញ​តាម​ធម្មតា​ជាការស្រេច​។ កុំ​ភ្លេច​អនុវត្ត​បែបនេះ​ឱ្យ​បាន​ញឹកញាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ឬ3ដង​ក្នុង​មួយ​សប្តាហ៍​ ដើម្បី​ជួយ​កែ​បញ្ហា​បបូរមាត់​ខ្មៅ​ស្រអាប់​របស់​អ្នក​ចេញ​ឱ្យ​ឆ្ងាយ​ពី​ក្តី​បារម្ភ​របស់​អ្នកជា​រៀង​រហូត​។
    4. ចំណែក​ឯស​កម្ម​ភាព​មួយចំនួន​ទៀត​ដែល​អាច​ចាត់ទុកថា​ ជា​ការ​ជួយ​ឱ្យ​បបូរ​មាត់​មានសភាពល្អ​ស្អាត​ដែរ​នោះ​ រួម​មាន​ដូចជា​ ការ​សម្អាត​បបូរមាត់​របស់​អ្នកជា​រៀងរាល់​យប់​ឱ្យ​បាន​ស្អាត​ជាមួយនឹង​ទឹក​ត្រជាក់​មុន​ពេល​ចូលគេង​ ដើម្បី​កម្ចាត់​ភាព​កខ្វក់​ទាំង​ឡាយ​ ឬលាយ​មើម​ឆៃថាវ​ ម្សៅ​រមៀត​ជាមួយ​នឹង​ម្សៅ​ទឹកដោះគោ​យក​មក​លាប​លើ​បបូរមាត់​ក៏បាន​ ឬដាក់​ស្ករស​បន្តិច​នៅ​លើ​ចំណិត​ក្រូចឆ្មារ​មួយ​ចំណិត​ ហើយ​យក​មក​ត្រ​ដុស​ថ្នម​ៗនៅ​លើ​បបូរមាត់​របស់​អ្នក​ គឺ​សុទ្ធតែ​ជា​គន្លឹះ​នៃ​ការ​ព្យា​បាល​បបូរមាត់​ដែល​មាន​បញ្ហា​យ៉ាង​មាន​ប្រសិទ្ធ​ភាព​បំផុត​៕

  • តារា​សម្ដែង​សង្ហា​ ​ធី​ ​លុច​ ​នាំ​អំ​ណោយ​សប្បុ​រ​ធម៌​ចែក​ជូន​កុមារ​កំពុង​ខ្វះខាត​នៅ​ទី​ជនបទ​ ​

    តារា​សម្ដែង​សង្ហា​ ​ធី​ ​លុច​ ​នាំ​អំ​ណោយ​សប្បុ​រ​ធម៌​ចែក​ជូន​កុមារ​កំពុង​ខ្វះខាត​នៅ​ទី​ជនបទ​ ​

    ​មួយ​រយៈ​កន្លងមក​នេះ​ ​គេ​បានតែ​ឃើញ​តារា​សម្ដែង​ ​ធី​ ​លុច​ ​ម​មារ​ញឹក​ជាមួយ​ការ​រកស៊ី​ជំនួញ​នៅ​លើ​អន​ឡា​ញន៍​ ​ច្រើន​ជា​កា​រស​ម្ញំ​កើប​លុយ​ពី​សិល្បៈ​។​ ​ទន្ទឹម​នឹង​ការ​ជោគជ័យ​សម្រាប់​ការ​បន្ថែម​អាជីព​ក្រៅ​សិល្បៈ​នេះ​ ​តារា​សម្ដែង​ប្រុស​រូប​សង្ហា​ ​ក៏​មិន​ភ្លេច​សកម្មភាព​ជួយ​សង្គម​តាមរយៈ​ទង្វើ​សប្បុរសធម៌​ផង​ដែរ​។​ ​ជាក់ស្ដែង​នៅ​ពេល​ថ្មី​ៗ​នេះ​ ​លោក​បាន​បង្ហោះ​រូបភាព​សកម្មភាព​ជាមួយ​ក្នុង​ការ​នាំ​យក​អំ​ណោយ​ជា​សម្ភារៈ​សិក្សា​ ​ទៅ​ចែក​ជូន​កុមារ​ក្រីក្រ​ដែល​កំពុង​ខ្វះខាត​ខ្លាំង​ក្នុង​ការសិក្សា​នៅក្នុង​ខេត្តសៀមរាប​។​

    លោក​ ​ធី​ ​លុច​ ​បាន​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​ ​«​មក​ចែករំលែក​សម្ភារៈ​សិក្សា​ ​សម្លៀកបំពាក់​ ​នំចំណី​និង​ថ​វិការ​មួយចំនួន​ដល់​ក្មេង​ៗ​ដែរ​គាត់​កំពុង​ខ្វះខាត​នូវ​សម្ភារៈ​សិក្សា​ជាចាំបាច់​ ​ចំនួន140នាក់​នៅ​ ​ភូមិ​ស្វាយលើ​ ​ឃុំ​ស្វាយលើ​ ​ខេត្តសៀមរាប​ ​ដែល​ជា​សាលា​ដាច់ស្រយាល​ចូល​ដល់​ក្នុង​ព្រៃ​ជ្រៅ​ ​ដែល​មានការ​ខ្វះខាត​ខ្លាំង​មែនទែន​។​ ​ដូច្នេះ​ខ្ញុំបាទ​និង​ក្រុមការងារ​បាន​ចូល​មក​ចែករំលែក​ដល់​ពួកគាត់​ ​តាម​ការ​ប្រមូល​ជា​ថ​វិកា​ជាច្រើន​និង​សម្ភារៈ​ចាំបាច់​ដល់​ពួកគាត់​នៅ​សាលា​ ​រលំ​រោទ៍​។​ ​សូម​ជូន​បុ​ណ្យ​កុសល់​ដល់​អ្នក​ទាំងអស់គ្នា​ផង​ ​!​ ​»​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ទឹកចិត្ត​និង​ក្ដី​ស្រឡាញ់​ចែករំលែក​ដល់​ប្អូន​កុមារ​ជាង​ ​140​ ​នាក់​នេះ​ ​ត្រូវ​បាន​មហាជន​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​តារា​ប្រុស​រូប​នេះ​ ​និង​ទទូច​ថា​ ​បើ​មាន​ពេល​ក្រោយ​ៗ​ទៀត​នៃ​សកម្មភាព​ជួយ​សង្គម​បែបនេះ​ ​ពួកគាត់​ក៏​សុំ​ចូលរួម​ចំណែក​ផង​ដែរ​។​ ​បច្ចុប្បន្ន​នេះ​ ​លោក​ ​ធី​ ​លុច​ ​កំពុងតែ​ជោគជ័យ​ខ្លាំង​ក្នុង​ការ​នាំ​យក​ផលិតផល​ថែរក្សា​សម្ផស្ស​ស្របច្បាប់​ ​និង​មានទំនុក​ចិត្ត​មិន​ប៉ះពាល់​ដល់​សុខភាព​ ​មក​ចែកចាយ​ដល់​អតិថិជន​បាន​ប្រើប្រាស់​ ​និង​ធ្វើជា​តំណាង​ចែកចាយ​នៅ​លើ​ទីផ្សារ​ផង​ដែរ​៕​

  • រឿងធម្មតា 10 យ៉ាងដែលយើងច្រើនតែភ្លេចក្នុងការតុបតែងផ្ទះ

    រឿងធម្មតា 10 យ៉ាងដែលយើងច្រើនតែភ្លេចក្នុងការតុបតែងផ្ទះ

    តើ​ប្រិយមិត្ត​អ្នកអាន​ធ្លាប់​ដែរ​ឬទេ​ តុបតែង​ផ្ទះ​យ៉ាងណា​ ក៏​នៅតែ​មិន​ស្អាត​ដូច​នៅក្នុង​ទស្សនាវដ្តី​ដែរ​ មាន​អារម្មណ៍​ថា​ ដូចជា​ រាង​ទើសភ្នែក​ ខ្វះ​នេះ​ លើស​នោះ​ យ៉ាងម៉េច​ក៏​មិនដឹង​? ទោះជា​ផ្ទះ​របស់​លោកអ្នក​ទំនើប​ និង​មានតម្លៃ​ថ្លៃ​ប៉ុនណា​ក៏ដោយ​ តែ​រឿង​ការ​តុបតែង​លម្អ​មិនមែន​ជា​រឿង​ងាយស្រួល​ដូច​ការ​គិត​នោះ​ទេ​… ខាងក្រោម​នេះ​ គឺជា​ឧទាហរណ៍​ខ្លះ​ៗដែល​យើង​ច្រើនតែ​ភ្លាត់ភ្លាំង​ក្នុង​ការ​តុបតែង​ផ្ទះ​ ដូច្នេះ​បើ​អ្នកណា​មិន​ចង់​ខុសឆ្គង​ក្នុង​ការ​តុបតែង​ផ្ទះ​ សូម​តាមដាន​ដូចតទៅ​។

    – តុបតែង​ផ្ទះ​ច្រើនពេក​ ឡើង​ស៊ុបទ្រុប​កុំ​គិតតែពី​តុបតែង​ផ្ទះ​ដោយ​របស់​តុបតែង​ច្រើន​ពោរពាស​ រហូត​មើលទៅដូចជា​ចង្អៀត​ហប់​នោះ​។ បើ​លោកអ្នក​ត្រូវ​ដើរចៀស​របស់​នេះ​ ឬគេច​របស់​នោះ​ ពេល​ដើរចេញ​ចូលក្នុង​ផ្ទះ​នោះ​ ហ្នឹង​បញ្ជាក់​ថា​ លោកអ្នក​មាន​របស់របរ​ច្រើន​ជ្រុល​ពេក​ហើយ​ ដូច្នេះ​គួរ​ទុកដាក់​ និង​រៀបចំ​ឱ្យ​មាន​កន្លែង​ទំនេរ​គ្រាន់នឹង​សម្រាក​ខ្សែភ្នែក​ ខ្លះ​ផង​។
    – ពេញ​ទៅ​ដោយ​របស់​ប្រមូល​សន្សំទុក​ផ្ទះ​ដែល​ពោរពេញ​ទៅ​ដោយ​របស់​ប្រមូល​សន្សំ​ដែល​ជា​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​នោះ​ អ្នក​អាច​មើលឃើញ​ថា​ វា​ស្អាត​ តែ​អ្នកជឿ​ទេ​ថា​ ភ្ញៀវ​ដែល​មកលេង​ គេ​មិនបាន​គិត​បែបហ្នឹង​ទេ​ ហើយ​គេ​ថែមទាំង​មាន​អារម្មណ៍​ថា​ គួរ​ឱ្យ​រំខាន​ទៀតផង​។ ដូច្នេះ​ចូរ​សាកល្បង​តុបតែង​ផ្ទះ​បែប​ស្ទីល​ធម្ម​តាៗ​វិញ​ ប្រហែលជា​គួរ​ឱ្យ​គយគន់​ជាង​ មើលទៅ​…។
    – ទិញ​តុ​ ទូ​ កៅអី​ ឬគ្រឿងសង្ហារិម​ខុស​ទំហំ​បន្ទប់​ទំហំ​របស់​វត្ថុ​ប្រើប្រាស់​ គួរ​ឱ្យ​សមល្មមនឹង​ទំហំ​របស់​បន្ទប់​ មិន​គួរ​តូច​ ឬធំ​ជ្រុល​ពេក​ឡើយ​ ដូច្នេះ​សូមកុំ​ភ្លេច​វាស់​ទំហំ​ទីកន្លែង​ដែល​ត្រូវ​ដាក់​តាំង​ជាមុន​ មុននឹង​ចេញទៅ​រក​ទិញ​របស់​ ទាំងនោះ​។
    – Wall​ Papers​ (ក្រដាស​រូបភាព​បិទ​ជញ្ជាំង​) មាន​រូបភាព​ និង​ក្បាច់ក្បូរ​គួរ​ឱ្យ​ខ្លាច​វ៉ល​ផេ​ភើរ៍​ រូប​ដូច​សត្វ​ពស់​ ដូច​សត្វ​ចម្លែក​ គួរ​ឱ្យ​ខ្លាចញញើត​… សូម​សាកល្បង​គិតទៅ​មើល​ថា​ បើ​មាន​ភ្ញៀវ​មកលេង​ផ្ទះ​តើ​គេ​ហ៊ាន​ឈានជើង​ចូល​មក​ក្នុង​ផ្ទះ​យើង​ដែរ​ឬទេ​? ដូច្នេះ​ចូរ​កុំ​តុបតែង​ផ្ទះ​ដោយ​វ៉ល​ផេ​ភើ​រ៍​បែបនេះ​ជា​ ដាច់ខាត​។
    – ដើមផ្កា​ជ័រ​ពិតប្រាកដ​ហើយ​ថា​ ដើមឈើ​ និង​ផ្កា​ អាច​ជួយ​ឱ្យ​ផ្ទះ​មើលទៅ​ស្រស់​ស្អាត​ តែ​ដើមផ្កា​ក្លែងក្លាយ​ ឬដើមឈើ​ជ័រ​ អាច​នឹង​ធ្វើ​ឱ្យ​ផ្ទះ​របស់​អ្នក​មើលទៅ​មានតម្លៃ​ថោក​ ឬបង្ហាញ​ឱ្យ​ឃើញ​ពី​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ស្នាក់នៅ​នោះ​អន់​ ជាដើម​ ដូច្នេះ​គួរ​ចំណាយ​ប្រាក់​ទិញ​ដើមផ្កា​មែនទែន​ ដែល​ទោះជា​ថ្លៃជាង​មែន​ តែ​ក៏​មើល​ទៅ​ល្អ​ស្រស់បំព្រង​ និង​ធម្មជាតិ​ខ្លាំង​ជាង​ច្រើន​ណាស់​។
    – បន្ទប់គេង​ប្រើ​ពណ៌​ផ្កាឈូក​ពេញទាំង​បន្ទប់​តើ​អ្នក​គិត​យ៉ាងណា​ដែរ​ ពេល​បាន​ជួប​មនុស្ស​ដែល​តុបតែង​ខ្លួន​ដោយ​ពណ៌​តែមួយ​តាំងពី​ក្បាល​ដល់​ចុងជើង​នោះ​? ការ​តុបតែង​បន្ទប់​ឱ្យ​អ្វី​ៗគ្រប់យ៉ាង​មាន​ពណ៌​ផ្កាឈូក​ទាំងអស់​ ទោះ​ជា​មើល​យ៉ាងម៉េច​ក៏​នៅតែ​ដូចជា​មនុស្ស​ដែល​គ្មាន​សិល្ប:ក្នុង​ការ​តុបតែង​ដែរ​ ដូច្នេះ​ចូរ​សាកល្បង​រក​របស់​តុបតែង​ណា​ដែល​មាន​ពណ៌​ស៊ីគ្នា​នឹង​ពណ៌​ផ្កាឈូក​ខ្លះ​ទើប​ប្រសើរ​ជាង​។
    – មិនព្រម​បក​ថង់​ប្លាស្ទិក​ ឬស្រោម​ចេញ​មាន​វិ​ធី​ផ្សេង​ៗទៀត​ជាច្រើន​ក្នុង​ការថែទាំ​របស់របរ​ប្រើប្រាស់​ឱ្យ​នៅ​ថ្មី​ ជាប់​ធន់​បាន​យូរ​ និង​មិន​ប្រឡាក់​ តែ​មិនមែន​ជា​វិធី​បែបនេះ​ទេ​…។
    – ព្យួរ​រូបភាព​លើ​ជញ្ជាំង​ខ្ពស់​ជ្រុល​ពេក​មើលទៅដូចជា​ស្អាត​ តែ​តើ​វា​នឹង​រួយ​-កទេ​ពេល​ងើយមើល​រូបភាព​នោះ​? រូបភាព​ ឬរូបថត​ផ្សេង​ៗមិន​គួរ​ព្យួរ​ខ្ពស់​ជ្រុល​ពេក​ដល់​ថ្នាក់​ត្រូវ​ងើយ​មុខ​ឡើង​មើល​នោះ​ទេ​ គួរ​ព្យួរ​នៅក្នុង​កម្ពស់​ដែល​យើង​អង្គុយ​ ឬឈរ​ក៏អាច​មើលឃើញ​បាន​ដែរ​ វា​ស្រួល​ជាង​។
    – ខ្សែ​ភ្លើង​ច្រ​វេ​តច្រវាត់​ រញ៉េរញ៉ៃ​ គ្មាន​របៀប​ខ្សែភ្លើង​របស់​ទូរទស្សន៍​ កង្ហារ​ ឬគ្រឿង​ប្រើប្រាស់​អគ្គិសនី​ទាំងអស់​ដែល​មាននៅ​ក្នុង​ផ្ទះ​ មិន​ថា​តែ​ក្នុង​បន្ទប់​ណាក៏ដោយ​ គួរ​រៀបចំ​ប្រមូល​ចង​ ឬរុំ​បញ្ចូល​គ្នា​ជា​ខ្សែ​តែមួយ​ ដាក់​ទៅ​កៀនជញ្ជាំង​ ទើប​មើលទៅ​មិន​កេក​កាក​ រញ៉េរញ៉ៃ​ និង​មាន​សណ្តាប់​ធ្នាប់​ល្អ​ផង​ ។
    – ដាក់​កៅអីសាឡុង​ឃ្លាតឆ្ងាយ​ពីគ្នា​ជ្រុល​ពេក​នេះ​គឺជា​ចំណុច​ខុសឆ្គង​មួយ​ដែល​មិន​អាច​ទទួលយក​បាន​ជាទីបំផុត​ មិន​ចាំបាច់​ដាក់​កៅអី​សាឡុង​ទៅ​ជាប់​ជញ្ជាំង​ពេក​ទេ​ តែ​គួរ​រៀបចំ​ឱ្យ​មាន​កន្លែង​សមរម្យ​ និង​មាន​រយ:ឆ្ងាយ​ពីគ្នា​សម​ល្មម​។

    បញ្ជាក់​ ៖ សិល្ប:ក្នុង​ការ​តុបតែង​ផ្ទះ​ គ្មាន​ច្បាប់​វិន័យ​កំណត់​ជាក់លាក់​ឡើយ​ គ្រាន់តែ​ជា​ពាក្យណែនាំ​ប៉ុណ្ណោះ​… ស្អាត​ ឬមិន​ស្អាត​អាស្រ័យ​លើ​ការ​និយម​ និង​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ម្នា​ក់ៗ​៕