Category: សង្គម និងសេដ្ឋកិច្ច

  • កម្ពុជា ស្ថិតនៅក្នុងពូល A ពានរង្វាន់ AFF Futsal Championship

    កម្ពុជា ស្ថិតនៅក្នុងពូល A ពានរង្វាន់ AFF Futsal Championship

    កាលពីឆ្នាំមុន ក្រុមបាល់ទាត់ហ្វ៊ុតសាលជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិលើកដំបូងក្នុងពានរង្វាន់​ AFF Futsal Championship  ដោយបានប្រកួតមិនដែលឈ្នះសោះឡើយក្នុងពូល ពោលគឺចាញ់រហូត និងមិនបានស៊ុតបញ្ចូលទីក្រុមគូប្រកួតបានសោះឡើយសូម្បីតែ 1គ្រាប់។
    ចំពោះការប្រកួត AFF Futsal Championship ឆ្នាំ2019 នេះវិញ នឹងត្រូវធ្វើឡើងរយៈពេល1សប្តាហ៍ ចាប់ពីថ្ងៃទី21 ដល់ថ្ងៃទី27 ខែតុលា ឆ្នាំ2019 នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមជាម្ចាស់ផ្ទះ ហើយកម្មវិធីការប្រកួតត្រូវបានចែកចេញជា​ 2ពូល ដែលក្នុង 1ពូលមានចំនួន 4ប្រទេស។

    ដោយឡែកឆ្នាំនេះ តាមលទ្ធផលនៃការចាប់ឆ្នោត កម្ពុជាបានស្ថិតនៅក្នុងពូល A រួមជាមួយក្រុមជើងឯក 14សម័យកាលថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត៕

  • Keith Thurman ទទួលស្គាល់លទ្ធផលចាញ់ Pacquiao តែសុំសងសឹក

    Keith Thurman ទទួលស្គាល់លទ្ធផលចាញ់ Pacquiao តែសុំសងសឹក

    កាលពីពេលថ្មីៗនេះ កីឡាករ Keith Thurman បានបង្ហាញខ្លួនក្នុងសន្និសីទកាសែតមួយ និយាយអំពីការប្រកួតរបស់ខ្លួនជាមួយនឹងកីឡាករស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ថា ខ្លួនពិតជាចង់សងសឹកខ្លាំងណាស់ប្រសិនបើមានឱកាស ច្បាស់ណាស់គេនឹងសងសឹក និងយកឈ្នះឱ្យបាន។Thurman បាន​សរសើរ​វីរបុរស​របស់​ហ្វីលីពីន​​ថា ជា​អ្នក​ប្រដាល់​ដែលវាយ​ចេញ​មិន​ចេះ​ខ្ជិល ហើយ​គេ​ក៏​ពេញ​ចិត្ត​ចំពោះ​ការ​កាត់សេចក្ដី​នេះ​ដោយ​មិន​តវ៉ា​អ្វី​ដែរ។ ជា​ពិសេស​កីឡាករ​ដែល​ទើប​តែ​ចាញ់​ជាលើក​ដំបូង​ក្នុង​អាជីពរបស់ខ្លួននេះ​​​ក៏បាន​អរគុណ​ Pacquiao ដែលបាន​ផ្ដល់​មេរៀន​នេះ​ដល់​គេ។គួររំឭកផងដែរថា កីឡាករ Manny Pacquiao បានយកឈ្នះកីឡាករ Keith Thurman កាលពីថ្ងៃអាទិត្យកន្លងទៅបន្ទាប់ពីបានប្តូរកណ្តាប់ដៃគ្នាទៅវិញទៅមករហូត 12ទឹកពេញដោយពិន្ទុមិនឯកច្ឆន្ទ៕

  • ASEAN School Games នៅឥណ្ឌូនេស៊ីឆ្នាំនេះ កម្ពុជាស្ថិតនៅបាតតារាងគ្មានមេដាយមួយពាក់នឹងគេ…

    ASEAN School Games នៅឥណ្ឌូនេស៊ីឆ្នាំនេះ កម្ពុជាស្ថិតនៅបាតតារាងគ្មានមេដាយមួយពាក់នឹងគេ…

    ការប្រកួតកីឡាសិស្សអាស៊ីអាគ្នេយ៍ (11th ASEAN School Games 2019) លើកទី11 នៅប្រទេសឥណ្ឌូនេស៊ីសម្រាប់កម្ពុជា គិតត្រឹមថ្ងៃទី22 ខែកក្កដា គឺបានបញ្ចប់ការប្រកួតហើយ។
    កម្ពុជាបានបញ្ជូន 5ប្រភេទកីឡារួមមានកីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយកូនបាល់ទៅចូលរួមប្រកួតដែលមានប្រតិភូសរុប 56នាក់។បើតាមការឲ្យដឹងពីលោក​ ព្រំ ប៊ុណ្ណយី ដែលជានាយបេសកកម្មរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍នេះកីឡាករ-កីឡាការិនីត្រូវមានអាយុក្រោម 18ឆ្នាំគិតត្រឹមថ្ងៃប្រកួត។ នេះជាការប្រកួតលើកទី11 តែសម្រាប់កម្ពុជាទើបតែចូលរួមបាន 4លើកទាំងលើកនេះប៉ុណ្ណោះ ហើយជាលទ្ធផល ឆ្នាំនេះកម្ពុជាមិនបានទទួលមេដាយឡើយពីកម្មវិធីនេះ និងបានឈរនៅចំណាត់ថ្នាក់ចុងក្រោយគេទៀតផង៕

  • រឿង​ត្រូវ​ប្រយ័ត្ន 5យ៉ាង ពេល​នាំ​កូន​ ដើរ​ក្នុងហាង​ ឬ ផ្សា​ទំនើប

    រឿង​ត្រូវ​ប្រយ័ត្ន 5យ៉ាង ពេល​នាំ​កូន​ ដើរ​ក្នុងហាង​ ឬ ផ្សា​ទំនើប

    តាម​រយ:ឧប្បត្តិហេតុ​ជាច្រើន​ដង​ដែល​តែងតែ​កើតឡើង​នៅក្នុង​ហាង​ ផ្សារ​ទំនើប​ធំៗ​ និង​ភាគច្រើន​ច្រើន​កើតឡើង​ចំពោះ​កុមា​រតូចៗ​ ដោយសារតែ​ស្ថិត​ក្នុង​វ័យ​ដ៏​សែន​រពឹស​ និង​ឪពុក​ម្តាយ​មិនបាន​ប្រុងប្រយ័ត្ន​ផង​នោះ​ ទើប​ធ្វើ​ឱ្យ​កើត​ឧប្បត្តិហេតុ​ដែល​មិន​នឹកស្មាន​ដល់​ឡើង​បាន​។ ដូច្នេះ​ការ​បង្ហាត់​ ឬប្រាប់​កូន​ឱ្យ​ចេះ​ប្រុងប្រយ័ត្ន​ជា​មុន​នោះ​ គឺជា​វិធីការ​ពារ​បញ្ហា​ជាមុន​ដ៏​ល្អ​បំផុត​មួយ​។ នៅ​ក្នុង​ទស្សនាវដ្តី​ ឡា​រ៉ែ​ន លេខ​នេះ​ យើង​នាំគ្នា​មក​មើល​ថា​ នៅពេល​ដែល​ចង់​នាំ​កូន​ៗទៅលេង​ផ្សារ​ទំនើប​តើមាន​រឿង​អ្វីខ្លះ​ដែល​លោកឪពុក​អ្នកម្តាយ​ត្រូវ​ប្រយ័ត្ន​?

    1. ជណ្តើរ​យន្ត​
    ត្រូវ​ធ្វើ​
    -ចាប់កាន់​ដៃ​កូនតូច​ជាប់​ជានិច្ច​ ខណ:ពេល​ឡើង​ជណ្តើរ​យន្ត​។ ឱ្យ​កូន​ឈរ​បែរមុខ​ទៅ​រក​ទិស​ស្របគ្នា​នឹង​ការ​រំកិល​(ឡើង​ ឬចុះ​)របស់​ជណ្តើរ​។
    -ពិនិត្យមើល​ភាព​រៀបរយ​របស់​សម្លៀក​បំពាក់​កូន​ ដូចជា​ ជាយ​អាវ​ ជើងខោ​ ឬជាយ​សំពត់​ ខ្សែចង​ស្បែកជើង​ -ល- ថា​តើមាន​ផ្នែក​ណាមួយ​ត្រូវ​កៀប​ជាប់​នៅក្នុង​ធ្មេញ​របស់​កាំជណ្តើរ​យន្ត​ឬអត់​?
    -នៅពេល​កើតហេតុ​បន្ទាន់​ ដូចជា​ជណ្តើរ​យន្ត​កំពុង​កៀប​កូន​ ឬទាញ​ជាយ​ខោអាវ​ ឬខ្សែ​ស្បែកជើង​កូន​ចូល​ទៅ​នោះ​ ចូរ​ចុច​កុងតាក់​បញ្ឈប់​ជណ្តើរ​យន្ត​ជាបន្ទាន់​(នៅ​ជាប់នឹង​បង្កាន់ដៃ​នៃ​កាំ​ទី1​)ភ្លាម​។ បើ​ស្ថិតនៅ​ឆ្ងាយ​មិន​អាច​ចុច​ដោយ​ខ្លួនឯង​បាន​ ត្រូវ​ប្រញាប់​ប្រាប់​បុគ្គលិក​របស់​ហាង​ឬអ្នក​ឡើង​ជណ្តើ​យន្ត​ជាមួយគ្នា​ ឱ្យ​គេ​ជួយ​ចុច​ឱ្យ​ក៏បាន​។

    មិន​ត្រូវ​ធ្វើ​
    -កុំឱ្យ​កូន​អង្គុយ​ ឬលេង​ ខណ:ពេល​កំពុង​ឡើង​ជណ្តើរ​យន្ត​ (សូម្បីតែ​ការ​ឈរ​បែរខ្នង​ដាក់​ជណ្តើរ​ក៏​មិន​គួរ​ធ្វើ​ដែរ​) ព្រោះ​វា​អាច​ប្រថុយ​នឹង​ការ​ត្រូវ​កៀបដៃ​ ឬជើង​បាន​យ៉ាង​ងាយ​។
    -ចៀសវាង​ការ​យក​រទេះ​កូនក្មេង​ឡើង​តាម​ជណ្តើរ​យន្ត​ តែ​ត្រូវ​ឡើង​តាម​ជណ្តើរ​យន្ត​ប្រអប់​ជំនួស​វិញ​ ព្រោះ​វា​អាច​នឹង​កើត​ឧប្បត្តិហេតុ​ ដូចជា​រទេះរុញ​កូន​អាច​នឹង​របូតពីដៃ​ រអិល​ធ្លាក់​ទៅ​ក្រោម​ នាំ​ឱ្យ​កើតមាន​គ្រោះថ្នាក់​ដល់​កូន​បាន​។

    2. ជណ្តើរ​យន្ត​ប្រអប់​
    ត្រូវ​ធ្វើ​
    -ការ​រង់ចាំ​ឡើង​ជណ្តើរ​យន្ត​ប្រអប់​យ៉ាង​មាន​សុជីវធម៌​ និង​មាន​សុវត្ថិភាព​នោះ​គឺ​ ឈរ​តម្រង់​ជួរ​គ្នា​មុខ​ក្រោយ​។ បើ​មាន​មនុស្ស​រង់ចាំ​ច្រើន​ពេក​ អាណាព្យាបាល​ដែល​មានកូន​តូច​គួរ​រង់ចាំ​ឡើង​ ឬចុះ​លើកក្រោយ​(បន្ទាប់​ទៀត​)ក៏បាន​ ព្រោះ​ការ​ចូល​ទៅ​ប្រជ្រៀតគ្នា​ណែន​នៅក្នុង​ប្រអប់​ជណ្តើរ​យន្ត​នោះ​ អាច​ធ្វើ​ឱ្យ​ជណ្តើរ​យន្ត​គាំង​នៅ​មួយ​កន្លែង​ ឬអាច​បង្ក​ជាហេតុ​គ្រោះថ្នាក់​អ្វី​ផ្សេង​ៗបាន​។
    -អ្នកម្តាយ​ត្រូវ​ចាំ​សង្កេតមើល​ និង​ប្រាប់​កូន​កុំឱ្យ​ឈរផ្អែក​ទ្វារ​ប្រអប់​ជណ្តើរ​យន្ត​។
    -នៅពេល​កើតហេតុ​រអាក់​រអួល​ផ្សេង​ៗ ដូចជា​ ជណ្តើរ​យន្ត​ប្រអប់​គាំង​នៅ​មួយ​កន្លែង​ជាដើម​លោកឪពុក​អ្នកម្តាយ​ត្រូវ​តាំងស្មារតី​ ពិនិត្យមើល​ផ្ទាំង​សញ្ញាបញ្ជា​(នៅ​ជិត​មាត់ទ្វារ​ជណ្តើរ​យន្ត​)ដែល​តែង​មាន​កុងតាក់​មួយ​ដែល​សរសេរ​ថា​ Emergency​ Call​ ចូរ​ចុច​កុងតាក់​មួយ​នោះ​ ដើម្បី​ប្រាប់​ទៅ​បុគ្គលិក​របស់​ហាង​ឱ្យ​ដឹង​ និង​ជា​ការ​សុំ​ជំនួយ​។

    មិន​ត្រូវ​ធ្វើ
    ​-មិន​ត្រូវ​បណ្ដោយ​ឱ្យ​កូនតូច​ហក់លោត​ រត់​លេង​ប្រឡែង​គ្នា​នៅក្នុង​ប្រអប់​ជណ្តើរ​យន្ត​ ឬចុច​កុងតាក់​ឡើង​ចុះ​លេង​នោះ​ទេ​ ព្រោះ​អាច​បណ្ដាល​ឱ្យ​ជណ្តើរ​យន្ត​មាន​បញ្ហា​ និង​អាច​គាំងដំណើរ​ការ​។
    -ខណ:ពេល​រង់ចាំ​ មិន​គួរ​នាំ​កូនតូច​ទៅ​ឈរ​នៅ​ជិត​មាត់ទ្វារ​ពេក​ទេ​ ព្រោះ​អាច​នឹង​ត្រូវ​បុក​ដោយ​អ្នក​ដែល​នៅ​ខាងក្នុង​ពេល​ដែល​ទ្វារ​ជណ្តើរ​យន្ត​បើក​ឡើង​ ដែល​នឹង​ធ្វើ​ឱ្យ​ដួល​ និង​ទទួលគ្រោះ​ថ្នាក់​បាន​។-រឿង​ដែល​ត្រូវ​ដឹង​ និង​ចាំទុក​នោះ​គឺ​ ពេល​មាន​ទឹក​លិច​ ផ្លេកបន្ទោរ​ រន្ទះ​ រញ្ជួយ​ផែនដី​ និង​អគ្គិភ័យ​ មិន​ត្រូវ​ប្រើ​ជណ្តើរ​យន្ត​ប្រអប់​ជាដាច់ខាត​។

    3. ទ្វារ​ និង​កម្រាលឥដ្ឋ​
    ត្រូវ​ធ្វើ
    ​-ពេល​ដើរចេញ​ ឬចូល​តាម​មាត់ទ្វារ​ ត្រូវ​ឱ្យ​កូន​នៅ​ចំ​កណ្តាល​មាត់ទ្វារ​ ដោយមាន​លោកឪពុក​ ឬអ្នកម្តាយ​នៅ​ក្បែរ​ចាប់ដៃ​កូន​ ឬលើក​កូ​នព​ក៏បាន​ដែរ​។
    -ពេល​ដើរ​នៅក្នុង​ហាង​ នៅក្នុង​ទីកន្លែង​ដែល​ស្រ​ឡះៗ​ក៏​មិន​អាច​ធ្វេសប្រហែស​បាន​ដែរ​ ព្រោះ​អាច​នឹង​មាន​វត្ថុ​ដែល​ដាក់​ពាំង​ពីមុខ​ដែល​យើង​មិនបាន​មើលឃើញ​ ឬក៏​មាន​ទឹកដក់​នៅ​លើ​កម្រាលឥដ្ឋ​ជាដើម​ ដែល​អាច​ធ្វើ​ឱ្យ​កូន​ដើរ​បុក​ ឬរអិលដួល​បាន​។

    មិន​ត្រូវ​ធ្វើ​
    -មិនថា​កន្លែងណា​ក៏ដោយ​នៅក្នុង​ហាង​ សូម​កុំ​បណ្តោយ​ឱ្យ​កូន​រត់​លេង​ស្រេចតែចិត្ត​តែម្នាក់​ឯង​ឱ្យ​សោះ​ ជាពិសេស​នៅមុខ​មាត់ទ្វារ​ចេញ​ចូល​ ព្រោះ​បើសិនជា​ទ្វារ​ដែល​បើក​បិទ​ដោយ​ស្វ័យប្រវត្តិ​ផង​នោះ​ អាច​នឹង​ធ្វើ​ឱ្យ​កូន​ត្រូវ​ទ្វារ​កៀប​បាន​។

    4. ទូ​ថ្នា​ក់ៗ​ដាក់​ទំនិញ​
    ត្រូវ​ធ្វើ
    ​-ក្នុង​ពេល​ដែល​អ្នកម្តាយ​កំពុង​ដើរ​រើស​ទិញ​ទំនិញ​នៅក្នុង​ផ្សារ​ទំនើប​ បើ​មាន​មនុស្ស​ធំ​ទៅ​ជាមួយ​ដែរ​ អ្នកម្ដាយ​អាច​ឱ្យ​អ្នក​មក​ជាមួយ​នោះ​នាំ​ក្មេង​ៗទៅលេង​នៅកន្លែង​រង់ចាំ​ ឬក្នុង​ភោជនីយដ្ឋាន​ណាមួយ​ រង់ចាំ​ឱ្យ​អ្នកម្តាយ​ទិញ​ឥវ៉ាន់​រួច​សិន​ សឹម​ជួបគ្នា​វិញ​។ តែបើ​សិន​គ្មាន​អ្នកជួយ​មើល​ទេ​នោះ​ គួរ​ឱ្យ​កូនតូច​អង្គុយ​នៅក្នុង​រទេះ​សម្រាប់​កូនក្មេង​ ឬរទេះ​ដើរ​ទិញ​ឥវ៉ាន់​ទៅជាមួយ​គ្នា​ក៏បាន​ដែរ​។

    មិន​ត្រូវ​ធ្វើ
    ​-មិន​គួរ​នាំ​កូន​ដើរ​នៅកន្លែង​ដែល​មានការ​សម្តែង​អ្វី​ម្យ៉ាង​ កន្លែង​ដាក់​តាំង​ ឬកន្លែង​ដាក់​លក់ទំនិញ​ ឬផលិតផល​ណា​ដែល​ងាយ​បែកបាក់​ឡើយ​ ជាពិសេស​គ្រឿង​កែវ​ចាន​។-ចូរ​ប្រយ័ត្ន​កន្លែងណា​ដែល​មាន​ទូ​ថ្នា​ក់ៗ​ដាក់​ទំនិញ​ច្រើនជ្រុល​ពេក​ និង​ខ្ពស់​ៗ ដោយ​មិន​ត្រូវ​ឱ្យ​កូន​ដើរទៅ​ជិត​ទីនោះ​ឡើយ​។

    5. រទេះ​ដាក់​ឥវ៉ាន់
    ​-ការប្រើ​ប្រាស់​រទេះ​ដាក់​ឥវ៉ាន់​ គឺ​ជួយ​សម្រាល​បន្ទុក​ក្នុង​ការ​យួរ​ ឬកាន់​របស់​របរ​ផ្សេង​ៗងាយស្រួល​ក្នុង​ការ​ដើរ​រើស​ទិញទំនិញ​ តែ​ជា​ញឹកញាប់​ណាស់​ដែល​យើង​សង្កេតឃើញ​ថា​ រទេះ​ដាក់​ឥវ៉ាន់​ បាន​ក្លាយជា​រទេះដឹក​កូនក្មេង​តូច​ៗ ដូច្នេះ​អ្វី​ដែល​ត្រូវ​ប្រយ័ត្ន​ឱ្យ​បាន​ខ្លាំង​បំផុត​នោះ​គឺ​ ការ​ប្រយឹតប្រតោង​លេង​ លោត​ឡើងចុះ​ និង​ក្រោកឈរ​ដើម្បី​ស្រវា​ចាប់​យក​ឥវ៉ាន់​ ឬរបស់​របរ​ផ្សេង​ៗរបស់​កូន​ៗ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កើត​ឧប្បត្តិហេតុ​បាន​យ៉ាង​ងាយ​។
    ដូច្នេះ​ គោល​កា​រណ៍​ងាយ​ៗដែល​គួ​រប្រ​ត្តិ​បត្តិ​នោះ​គឺ​ កុំឱ្យ​កូន​របូត​ផុត​ពី​ខ្សែភ្នែក​យើង​ឱ្យ​សោះ​ ព្រោះ​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ឧប្បត្តិហេតុ​អាច​នឹង​កើតឡើង​បាន​ជានិច្ច​។ ពេល​នាំ​កូន​ៗទៅលេង​ហាង​ ឬផ្សារ​ទំនើប​ លោកឪពុក​អ្នកម្តាយ​ត្រូវតែ​ធ្វើជា​អ្នកសង្កេតការណ៍​ ភ្នែក​រហ័ស​ ត្រចៀក​រហ័ស​ ដឹង​ជាមុន​ ប្រយ័ត្ន​ជាមុន​ ដើម្បី​សុវត្ថិភាព​របស់​កូន​ជាទីស្រឡាញ់​៕

  • កូរ៉េ-កម្ពុជា ជំរុញការបង្កើនកូតាសម្រាប់ពលករកម្ពុជា នៅឆ្នាំបន្តបន្ទាប់

    កូរ៉េ-កម្ពុជា ជំរុញការបង្កើនកូតាសម្រាប់ពលករកម្ពុជា នៅឆ្នាំបន្តបន្ទាប់

    សាធារណរដ្ឋ​កូរ៉េ​ នឹង​បន្ត​បង្កើន​កូតា​សម្រាប់​ពលករ​កម្ពុជា​បន្ថែម​ទៀត​ នៅក្នុង​ឆ្នាំ​បន្តបន្ទាប់​ ដោយសារតែ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ បាន​អនុវត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ​ និង​កិច្ចសហការ​ល្អ​ រវាង​ប្រទេស​ទាំង2​ កម្ពុជា​-កូរ៉េ​។ នេះ​ជា​ការ​លើកឡើង​របស់​លោក​បណ្ឌិត​ KIM​ DONG​ MAN​ ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ​ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ ឯកឧត្តម​បណ្ឌិត​ អ៊ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នា​ព្រឹក​ថ្ងៃទី​22​ ខែកក្កដា​ ឆ្នាំ​2019​ ស្តី​ពី​ប្រព័ន្ធ​អនុគ្រោះ​ការងារ​(EPS​) នៅ​ទី​ស្តី​ការក្រ​សួង​។

    ឯកឧត្តម​ អ៊ិ​ត សំ​ហេង​ បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ HRD​-KOREA​ ដែល​បន្ត​ជួយ​ជ្រើសរើស​កម្លាំង​ពលកម្ម​បរទេស​ ជាពិសេស​បងប្អូន​ពលករ​-ពល​ការិនី​កម្ពុជា​។ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា​ ក្នុង​អាណត្តិ​ការងារ​របស់​លោក​បណ្ឌិត​ KIM​ DONG​ MAN​ រយៈពេល​ 3ឆ្នាំនេះ​ នឹង​កាន់តែ​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​គណៈកម្មាធិការ​បណ្តុះបណ្តាល​ និង​បញ្ជូន​ពលករ​ទៅបរទេស​ នៃ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​(MTOSB​) និង​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ​ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ​ (HRD​-KOREA​) នឹង​កាន់តែ​ប្រសើរ​ឡើង​បន្ត​ទៀត​។

    ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ​ ប្តេជ្ញា​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ លើ​វិស័យ​នៃ​ការ​បញ្ជូន​ពលករ​នេះ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ ដើម្បី​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង2​។

    ក្នុង​ឱកាស​នោះ​ដែរ​ ភាគី​កូរ៉េ​នឹង​ផ្តល់​ជូន​នូវ​អ្នកបច្ចេកទេស​ ដើម្បី​ជួយ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​បម្រើការ​ងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ ឱ្យ​ទទួល​បាន​ជំនាញ​ខាង​បច្ចេកវិទ្យា​នេះ​កាន់តែ​ប្រសើរ​ ខណៈ​ពួកគេ​ត្រឡប់​មក​ស្រុកកំណើត​វិញ​ នឹង​មាន​ជំនាញ​មួយ​ច្បាស់លាស់​បន្ថែម​ទៀត​។

    សូម​បញ្ជាក់​ថា​ ចាប់ពី​ឆ្នាំ​2007​មក​ ការ​ប្រឡង​តេ​ស្ត​សមត្ថភាព​កូរ៉េ​(EPS​-TOPIK​) រៀបចំ​បាន​ចំនួន​ 16​លើក​មក​ហើយ​(លើក​ទី​16​ កំពុង​អនុវត្ត​) ដែល​អនុវត្ត​ដោយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ​ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ​ (HRD​-Korea​) រួម​សហការ​ជាមួយ​គណៈកម្មាធិការ​បណ្តុះបណ្តាល​ និង​បញ្ជូន​ពលករ​ទៅបរទេស​(MTOSB​) ដែល​មាន​បេក្ខជន​ដាក់ពាក្យសុំ​សិទ្ធិ​ប្រឡង​សរុប​ចំនួន​ 434,054​នាក់​ ហើយ​បេក្ខជន​ប្រឡងជាប់​សរុប​ចំនួន​ 89,393​នាក់​។

    ចាប់ពី​ឆ្នាំ​2018​ ការ​ជ្រើសរើស​បេក្ខជន​ដើម្បី​ដាក់ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ​ EPS​ ដោយ​ផ្អែកលើ​កត្តា​ 3យ៉ាង​ជាចាំបាច់​៖ ទី​1-តេ​ស្ត​ភាសា​កូរ៉េ​ EPS​-TOPIK​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ ទី​2-តេ​ស្ត​ជំនាញ​ និង​ទី​3-ការវាយតម្លៃ​សមត្ថភាព​។

    មានន័យថា​ បេក្ខជន​ដែល​ប្រឡងជាប់​តេ​ស្ត​សមត្ថភាព​កូរ៉េ​ ត្រូវ​ប្រឡងជាប់​តេ​ស្ត​ជំនាញ​ និង​ការវាយតម្លៃ​សមត្ថភាព​ ទើប​ក្លាយជា​បេក្ខជន​ជាប់​ជាស្ថាពរ​ មាន​សិទ្ធិ​ដាក់ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​(ដែល​កន្លងមក​ បេក្ខជន​ប្រឡងជាប់​តេ​ស្ត​សមត្ថភាព​កូរ៉េ​ គឺ​អាច​ដាក់ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​បានតែ​ម្តង​)។

    បច្ចុប្បន្ន​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​4 សម្រាប់​រយៈពេល​នៃ​ការ​បញ្ជូន​នេះ​ តែបើ​ធៀប​ជាមួយ​ប្រទេស​ធំៗ​វិញ​ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​1។ ពោល​គឺ​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​1 ដែល​បាន​បញ្ជូន​ពលករ​ច្រើនជាង​គេ​ក្នុងចំណោម​ 16​ប្រទេស​ ក្នុង​ឆ្នាំ​2019​នេះ​ (លេខ​2 ប្រទេស​នេប៉ាល់​ លេខ​3 វៀតណាម​ លេខ​4 ឥណ្ឌូ​នេ​ស៊ី​ និង​លេខ​5 ប្រទេស​ថៃ​)៕

  • ក្រសួងមហាផ្ទៃ​ជំរុញ​ឱ្យ​កងកម្លាំង​យកចិត្ត​ទុកដាក់​លើ​បញ្ហា​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ការ​ប្រឡង​បាក់ឌុប​ ​ព្រោះ​មាន​បេក្ខជន​ច្រើន​

    ក្រសួងមហាផ្ទៃ​ជំរុញ​ឱ្យ​កងកម្លាំង​យកចិត្ត​ទុកដាក់​លើ​បញ្ហា​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ការ​ប្រឡង​បាក់ឌុប​ ​ព្រោះ​មាន​បេក្ខជន​ច្រើន​

    ​ចាប់តាំងពី​ការ​ធ្វើ​កំណែទម្រង់​ ​និង​ប្រព័ន្ធ​អប់រំ​បាន​រឹត​បន្តឹង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​មក​ ​ការ​ប្រឡង​បាក់ឌុប​បាន​ក្លាយ​ប្រធានបទ​ដែល​គ្រប់​ភាគី​យកចិត្ត​ទុកដាក់​។​

    ​ក្រៅពី​បញ្ហា​រឹត​បន្តឹង​វិន័យ​ក្នុង​ការ​ប្រឡង​ហើយ​ ​ថ្មី​ៗ​នេះ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ​បាន​ណែនាំ​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ ​អភិបាល​រាជធានី​-​ខេត្ត​ ​និង​ស្នងការ​រាជធានី​-​ខេត្ត​ទាំងអស់​ចាំបាច់​ត្រូវ​ពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាប់​ឱ្យ​បាន​ល្អ​នៅ​ថ្ងៃ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ ​2019​ ​នេះ​។​

    ​សម្តេច​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​នៅ​ឆ្នាំនេះ​មាន​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សរុប​រហូតដល់​ទៅ​ ​119,217នាក់​ ​ក្នុង​នោះ​មាន​នារី​ចំនួន​ជាង​ ​6ម៉ឺន​នាក់​ ​ដែល​ឆ្នាំនេះ​មាន​ចំនួន​បេក្ខជន​កើនឡើង​ប្រមាណ​ ​5,852នាក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ​2018​។​ ​ចំពោះ​មណ្ឌល​ប្រឡង​វិញ​ក៏​មានការ​កើនឡើង​ច្រើនជាង​ឆ្នាំមុន​ផង​ដែរ​៕​ ​

  • រាជរដ្ឋាភិបាលកំណត់យកថ្ងៃ២០-២២ ខែធ្នូ រៀបចំបុណ្យសមុទ្រ លើកទី៨ នៅខេត្តកំពត

    រាជរដ្ឋាភិបាលកំណត់យកថ្ងៃ២០-២២ ខែធ្នូ រៀបចំបុណ្យសមុទ្រ លើកទី៨ នៅខេត្តកំពត

    (កំពត)៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩ រៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

    ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំ ប្រចាំឆ្នាំនេះ ប្រកបដោយភាពជោគជ័យ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានជួបប្រជុំជាមួយគ្នាជារឿយៗ ជាក់ស្ដែងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួង ស្ថាប័នមន្ទីរ អង្គភាពពាក់ព័ន្ធបានជួបប្រជុំគ្នាជាលើកទី២ នៅសាលាខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត ដើម្បីត្រួតពិនិត្យ និងកំណត់ការងារសម្រាប់អនុវត្តបន្តទៀត។

    បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត ជាវ តាយ និងតំណាងផ្នែកទទួលបន្ទុកនីមួយៗរាយការណ៍ពីការងាររៀងៗខ្លួនរួចមក ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីការងារមួយចំនួនដែលត្រូវរួមគ្នាអនុវត្តបន្ត ក្នុងនោះរួមមាន៖
    * កំណត់យកខេត្តកំពត ជាខេត្តគំរូក្នុងការរៀបចំឱ្យមាន «វិថីម្ហូបអាហារ ឬហៅថា Street Food» ឱ្យបានលេចធ្លោរឡើង។* ជំរុញឱ្យមានការផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅខេត្តកំពតឱ្យបានទូលំទូលាយ ពិសេសរមណីយដ្ឋានឋានសួគ៌បូកគោ តំបន់កសិទេសចរណ៍កូនសត្វ ចម្ការម្រេច និងផលិផលម្រេចកំពត ភ្នំកំពង់ត្រាច រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ជាច្រើនទៀត។
    * ត្រូវត្រៀមរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ដែលជាផលិតផលកសិកម្មនាំចេញនៅនឹងកន្លែង ដូចជា ធូរេន ចេក សាវម៉ាវ ដូង ស្រកានាគជាដើម។
    * ត្រូវត្រៀមរៀបចំព្រឹត្តិការណ៍សិល្បៈ ទស្សនីយភាព របាំ តន្ត្រី និងត្រូវអញ្ជើញក្រុមសិល្បៈរបស់ប្រទេសជិតខាង និងខេត្តដែលជាសម្ពន្ធមេត្រីរបស់ខេត្តកំពត ឱ្យចូលរួមក្នុងព្រឹត្តិការណ៍ខាងមុខនោះ។* ជំរុញឱ្យរដ្ឋបាលខេត្តកំពត គប្បីរៀបចំឆ្នេរខ្សាច់ថ្មីទៀត ដើម្បីបង្កើតជាផលិតផលទេសចរណ៍ទាក់ទាញបន្ថែម។
    * ស្នើឱ្យក្រុមហ៊ុនសុខាបូកគោ គប្បីរៀបចំព្រឹត្តិការណ៍កម្សាន្តផ្សេងៗតាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែមក្នុងព្រឹត្តិការណ៍ធំនេះ ដូចជាព្រឹត្តិការណ៍ដើរកម្សាន្តក្នុងព្រៃ រត់ម៉ារ៉ាតុន ប្រណាំងកង់ ប្រណាំងទូក និងទស្សនាកម្សាន្តនៅតាមតំបន់ទាក់ទាញមួយចំនួនទៀតនៅលើភ្នំបូកគោ។
    * លោករដ្ឋមន្ត្រីបានគាំទ្រឱ្យមានព្រឹត្តិការណ៍កីឡាឱ្យបានច្រើន ពិសេសប្រភេទកីឡាដែលនឹងត្រូវដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដូចជា ជិះកង់ រត់ប្រណាំង កីឡាលើទឹក លើឆ្នេរ និងលើគោក។* ជំរុញឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្ម អនាម័យចំណីអាហារ ត្រូវបានបដិសណ្ឋារកិច្ចល្អ ត្រូវមានឯកសណ្ឋានឱ្យបានត្រឹមត្រូវ និងត្រូវមានការលើកទឹកចិត្តចំពោះមូលដ្ឋានអាជីវកម្មណា ដែលអនុវត្តបានត្រឹមត្រូវតាមនីតិវិធីនៃការត្រួតពិនិត្យ វាយតម្លៃរបស់ក្រសួងទេសចរណ៍។
    * ចំពោះការងារពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងរមណីយដ្ឋាននានានៅខេត្តកំពត កែប និងខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាកម្ម អនាម័យចំណីអាហារ សុវត្ថិភាពភ្ញៀវទេសចរ ពិសេសត្រូវផ្សព្វផ្សាយឱ្យបានឆាប់រហ័ស អំពីកញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់ខេត្តកំពត និងតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជាទាំងមូល តាមរយៈកម្មវិធីនៅលើទូរស័ព្ទវៃឆ្លាត (Mobile App)។
    * ត្រូវរៀបចំការតុបតែងលម្អឱ្យមានសោភ័ណភាពល្អ ពិសេសគឺការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ធ្វើឱ្យយ៉ាងណាឱ្យទូទាំងខេត្ត និងក្រុងកំពតមានភាពស្អាត និងត្រូវមានបង្គន់អនាម័យឱ្យបានគ្រប់គ្រាន់ ត្រូវធ្វើឱ្យមានការប្រែប្រួលគួរជាទីមោទនៈ។ រីឯបង្គន់អនាម័យ និងបន្ទប់ទឹកនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ស្ថានីយប្រេងឥន្ទនៈ ទីសាធារណៈទៀតសោត ក៏ត្រូវតែស្អាតជានិច្ច៕

  • អីយ៉ា!! ពេលនេះ Salah វ៉ាដាច់ Sanchez រឿងប្រាក់ខែច្រើនជាងគេនៅលីកកំពូលអង់គ្លេស

    អីយ៉ា!! ពេលនេះ Salah វ៉ាដាច់ Sanchez រឿងប្រាក់ខែច្រើនជាងគេនៅលីកកំពូលអង់គ្លេស

    Mohamad Salah កីឡាករខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ ​Liverpool ដែលកំពុងប្រកបអាជីពនៅលីកកំពូលអង់គ្លេស ​English Premier League បានយល់ព្រមធ្វើការបន្តកិច្ចសន្យាថ្មីជាមួយនឹងក្លិបរបស់ខ្លួនហើយ។
    ក្នុងកិច្ចសន្យាថ្មីនេះ Salah នឹងទទួលបានប្រាក់ឈ្នួលរហូតដល់ទៅ 22.4លាន​ផោន (28លាន​ដុល្លារ) ក្នុង​​1​ឆ្នាំ ដោយបើគិតជាខែវិញ រូបគេនឹងទទួលបានប្រមាណជា 2.3លាន​ដុល្លារ​ក្នុង​ 1​ខែ។
    ជាមួយនឹងតម្លៃខ្លួនខ្ពស់បែបនេះ ធ្វើឱ្យកីឡាករ​អេហ្ស៊ីបរូបនេះ អាច​វ៉ា​ដាច់ Alexis Sanchez របស់ Manchester United ក្នុង​នាម​ជា​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ខែ​ច្រើន​បំផុតនាពេលបច្ចុប្បន្ន៕

  • រកឃើញហើយ ក្រុមម្ចាស់ជើងឯក Africa Cup of Nations

    រកឃើញហើយ ក្រុមម្ចាស់ជើងឯក Africa Cup of Nations

    ការ​ប្រកួត​ដណ្ដើមពាន​ជើង​ឯក​ទ្វីប​អាហ្វ្រិក​ ឬ​ Africa Cup of Nations ​វគ្គ​ផ្ដាច់ព្រ័ត្រ​បានឈានដល់ទីបញ្ចប់ហើយ​កាលពីយប់ម្សិលមិញនេះ​ វេលា​ម៉ោង​ 2​រំលង​អធ្រាត្រ​ដែល​ជា​ការ​ប៉ះ​គ្នារវាង​ ​សេណេហ្គាល់​ ​និង​អាល់ហ្សេរី។​

    ជាលទ្ធផល ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេស អាល់ហ្សេរី បានឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations នេះ ក្រោយយកឈ្នះ សេណេហ្គាល់ ដោយលទ្ធផល 1ទល់នឹង0 ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់នេះ។

    ដូច្នេះ​អាល់ហ្សេរី​​ឈ្នះ​ពាន Africa Cup of Nations នេះជា​លើក​ទី​2 ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដោយ​ឈ្នះ​ដំបូង​ក្នុង​ឆ្នាំ​1990។ ចំពោះ​សេណេហ្គាល់​វិញ​មិន​ធ្លាប់​គ្រង​ពាន​នេះ​ពី​មុន​មក​ទេ៕
  • អ្នក​រចនា​ម៉ូដ​តុក្កតា​បា​ប៊ី​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​វិលត្រឡប់​មកវិញ​ជាមួយ​ស្នាដៃ​ច្នៃ​ម៉ូដ​បុរាណ​សម្រាប់​តុក្កតា​ប្រុស​

    អ្នក​រចនា​ម៉ូដ​តុក្កតា​បា​ប៊ី​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​វិលត្រឡប់​មកវិញ​ជាមួយ​ស្នាដៃ​ច្នៃ​ម៉ូដ​បុរាណ​សម្រាប់​តុក្កតា​ប្រុស​

    ​ដូចជា​មហាជន​បាន​ជ្រាប​មក​ថា​ ​សម្លៀកបំពាក់​បុរាណ​ខ្មែរយើង​ត្រូវ​បាន​រចនា​ម៉ូដ​យ៉ាង​ស្រស់​ស្អាត​បំពាក់​ឱ្យ​មនុស្ស​ ​ក៏ប៉ុន្តែ​វា​នឹង​គួរ​ឱ្យ​ចាប់អារម្មណ៍​បន្ថែម​ទៀត​ប្រសិន​បើ​លៀ​ក​បំពាក់​ពាក់​ទាំងនោះ​ត្រូវ​បាន​ពាក់​នៅ​លើ​តុក្កតា​ប្រភេទ​កូនក្រមុំ​ ​និង​កូន​កំឡោះ​។​ ​ជាក់ស្ដែង​ ​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​បុរាណ​គឺ​ ​លោក​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​បាន​វិលត្រឡប់​មកវិញ​ជាមួយ​ការ​ច្នៃ​ម៉ូដ​ម្ដងទៀត​ ​បន្ទាប់ពី​ចំណាយពេល​សិក្សា​ ​និង​ធ្វើការងារ​នេះ​អស់​រយៈពេល​ ​៩​ ​ឆ្នាំ​កន្លងមក​ហើយ​។​

    ​លោក​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​បច្ចុប្បន្ន​មាន​វ័យ​ ​26ឆ្នាំ​ ​ត្រូវ​បាន​មហាជន​ស្គាល់​តាមរយៈ​ស្នាដៃ​ច្នៃ​ម៉ូត​សំលៀកបំពាក់​ ​គ្រង​លើ​តុក្កតា​បា​ប៊ី​ ​និង​ធ្លាប់​ចាប់​ការប្រកួត​តុក្កតា​បា​ប៊ី​តំណាង​ឱ្យ​រាជធានី​ខេត្ត​ទាំង២៥របស់​កម្ពុជា​។​ ​អ្នក​រចនា​ម៉ូដ​បុរាណ​វ័យក្មេង​រូប​នេះ​ ​មាន​ស្រុកកំណើត​នៅ​លើទឹក​ដី​អង្គរ​ធ្លាប់​ទទួល​បានការ​គាំទ្រ​ ​និង​ស្ញើច​សរសើរ​ជាច្រើន​ចំពោះ​ស្នាដៃ​ច្នៃ​ម៉ូដ​សំលៀកបំពាក់​របស់​លោក​ ​ដែល​មើលទៅ​មាន​សោភ័ណ្​ឌ​ភាព​ស្រស់​ស្អាត​ ​និង​បង្ហាញ​ពី​វប្បធម៌​របស់​ខ្មែរ​។​ ​យ៉ាងណាមិញ​ ​ដើម្បី​សម្រេច​ក្ដី​សុបិន​មួយ​នេះ​លោក​បាន​ចំណាយពេល​ផ្ទាល់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​លើ​ការ​ច្នៃ​ម៉ូត​សំលៀកបំពាក់​ទាំងនោះ​។​ ​តែ​នៅ​មិនទាន់​សម្រេច​ទាំងស្រុង​នោះ​ទេ​ ​ព្រោះ​ការ​ច្នៃ​ម៉ូដ​របស់​លោក​កន្លងមក​ ​ភាគច្រើន​មានតែ​បំពាក់​ឱ្យ​តុក្កតា​បា​ប៊ី​ដែល​ជា​ភេទ​ស្រី​ ​ហើយ​នៅ​មិនទាន់​មាន​ជា​ប្រភេទ​តុក្កតា​ប្រុស​នៅឡើយ​។​

    ​ទោះជា​យ៉ាង​ក៏ដោយ​ ​ក្ដី​ស្រ​ម៉ៃ​នៅ​មិនទាន់​បោះ​បង​ឡើយ​ ​ខណៈ​ដែល​លោក​ធ្លាប់​ចង់​ចាប់​អាជីព​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​នេះ​ ​និង​ចង់ឱ្យ​សម្លៀកបំពាក់​តំណាង​កម្ពុជា​មាន​ភាព​ល្បីល្បាញ​លើឆាកអន្តរជាតិ​ដូចជា​ប្រទេស​ដទៃ​ដែរ​នេះ​ ​បើ​មានការ​នឿយហត់​ ​និង​បាក់ទឹកចិត្ត​ក្នុង​ការ​ធ្វើ​បន្ត​ជាច្រើន​ដង​ក៏​ពិតមែន​ ​តែ​ថ្មីនេះ​ ​លោក​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​បាន​វិលត្រឡប់​មកវិញ​ជាមួយ​ស្នាដៃ​ ​ក្នុង​រចនា​ម៉ូដ​សម្លៀកបំពាក់​បុរាណ​ឱ្យ​តុក្កតា​ប្រុស​វិញ​ម្ដង​។​ ​លោក​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​បាន​បញ្ជាក់​ថា​ ​ការរចនា​ម៉ូដ​បុរាណ​ឱ្យ​តុក្កតា​ប្រុស​ ​គឺ​កើតឡើង​ពី​ការ​ស្រ​ម៉ៃ​ ​និង​បាន​ដកស្រង់​ចេញពី​ចម្លាក់​ទេវរូប​ ​និង​ចម្លាក់​ផ្សេង​ៗ​ទៀត​ ​ដើម្បី​ឱ្យ​ច្នៃ​ទៅ​មិន​ខុស​ទម្រង់​បុរាណ​ខ្មែរយើង​។​ ​លោក​បន្ដ​ថា​ ​មាន​ម៉ូដ​ខ្លះ​ ​ត្រូវ​បាន​លោក​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​ឱ្យ​មើលទៅ​ប្លែកភ្នែក​ ​តែ​នៅ​រក្សា​ជា​ទម្រង់​បុ​រា​ណ​ដ​ដែរ​។​

    ​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​បុរាណ​ទាំង​វ័យក្មេង​រូប​នេះ​ ​បាន​បញ្ជាក់​ដែរ​ថា​ ​លោក​រចនា​ម៉ូដ​សម្រាប់​តុក្កតា​ប្រុស​គឺ​ដើម្បី​ចង់ឱ្យ​មហាជន​គ្រប់គ្នា​បាន​ស្វែងយល់​បន្ថែម​ទៀត​អំពី​សម្លៀកបំពាក់​បុរស​របស់​ខ្មែរ​នា​សម័យ​បុរាណ​ដែល​លោក​ជឿជាក់​ថា​ ​វា​ជា​ចំណេះដឹង​ល្អ​មួយ​ក្នុង​ការសិក្សា​ពី​វា​ ​និង​បាន​បញ្ឈប់​ការយល់​ច្រឡំ​លើ​ដើមកំណើត​សម្លៀកបំពាក់​របស់​ខ្មែរ​ជាមួយនឹង​បណ្តា​ប្រទេសជិតខាង​ដទៃទៀត​។​ ​លោក​ថា​ ​ការ​ច្នៃ​ម៉ូដ​នេះ​មិនមែន​សម្រាប់​ការប្រកួត​អ្វី​ទាំងអស់​ ​តែ​គឺ​ដើម្បី​ការ​ភិ​រក្ស​ ​និង​ថែរក្សា​សម្លៀកបំពាក់​បុរាណ​ខ្មែរ​តែប៉ុណ្ណោះ​។​

    ​ចង់​ដឹង​ថា​ការរចនា​ម៉ូដ​សម្លៀកបំពាក់​បុរាណ​សម្រាប់​តុក្កតា​ប្រុស​នេះ​ប្លែកភ្នែក​ ​និង​ស្រស់​សង្ហា​កម្រិត​ណា​នោះ​ ​សូម​ទស្សនា​រូបភាព​ខាងក្រោម​៖​ ​