Category: សង្គម និងសេដ្ឋកិច្ច

  • គួរ​ឱ្យ​សរសើរ​ ​!​!​ ​សិល្បករ​មួយ​ក្រុម​នេះ​ ​នាំគ្នា​បង្អួត​ឈុត​បុរាណ​ខ្មែរ​ ​

    គួរ​ឱ្យ​សរសើរ​ ​!​!​ ​សិល្បករ​មួយ​ក្រុម​នេះ​ ​នាំគ្នា​បង្អួត​ឈុត​បុរាណ​ខ្មែរ​ ​

    ​តារាចម្រៀង​ ​តារា​សម្តែង​ជាច្រើន​ដួង​បាន​សហការ​គ្នា​ពាំនាំ​នូវ​ឈុត​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ ​ដើម្បី​បង្ហាញ​នូវ​វប្បធម៌​ ​និង​លើកតម្កើង​តម្លៃ​សម្លៀកបំពាក់​បុរាណ​។​ ​ការ​ដើរ​បង្ហាញ​ម៉ូដ​ឈុត​ទាំងនោះ​មើលទៅ​កាន់តែ​លេចធ្លោ​ ​ហើយ​អាច​ឱ្យ​អ្នកទស្សនា​បាន​យល់​បន្ត​ទៀតផង​។​

    ​ចាប់តាំងពី​ត្រូវ​បាន​ប្រកាស​ជា​ទូត​សុឆន្ទៈ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ដើម្បី​កិច្ចការ​សង្គម​ ​គេ​ចាត់ទុកថា​ ​គឺ​ទើបតែ​ជា​លើក​ទី១ប៉ុណ្ណោះ​ ​ដែល​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ក្នុង​ឆ្នាំ២០១៨​ ​និង២០១៩​ ​បាន​បង្ហាញខ្លួន​ក្នុងនាម​ជា​ទូត​សុឆន្ទៈ​រួមគ្នា​។​ ​អ្វី​ដែល​កត់សម្គាល់​ ​គឺ​ម្ចាស់​ពាន​ទាំង២ជំនាន់​នៅក្នុង​ថ្ងៃ​នោះ​ ​សុទ្ធតែ​បង្ហាញ​ឈុត​បុរាណ​ស្រស់​ស្អាត​របស់​ខ្លួន​គ្មាន២​ ​ធ្វើ​ឱ្យ​កម្មវិធី​ទូរទស្សន៍​ ​«​រាត្រី​កម្សាន្ត​»​ ​កក្រើក​មិនធម្មតា​។​

    ​លោក​ ​ឌួង​ ​តារា​ផា​ឌីន​ ​គឺជា​តារាចម្រៀង​សំលេង២​ ​និង​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ចំណាត់ថ្នាក់​លេខ១​ ​ប្រចាំឆ្នាំ២០១៩​។​ ​លោក​គ្រង​ឈុត​ព្រះ​គ្រូ​ព្រាហ្មណ៍​ ​ដែល​ជា​គ្រូ​នៃ​អង្គ​ព្រះមហាក្សត្រ​ ​នៅក្នុង​សម័យ​អង្គរ​។​

    ​កញ្ញា​ ​ភី​យ៉ា​ ​គឺជា​តារា​សម្ដែង​ ​និង​ជា​ម្ចាស់​គ្រង​ឈុង​បុរាណ​ចំណាត់ថ្នាក់​លេខ១​ ​ប្រចាំឆ្នាំ២០១៩​។​ ​កញ្ញា​គ្រង​ឈុត​ ​អប្សរា​បាយ័ន​ ​ដែល​បាន​ចម្លង​ចេញពី​ចម្លាក់​នៃ​ប្រាសាទបាយ័ន​។​

    ​លោក​ ​រុន​ ​ណា​កូ​ ​គឺជា​ម្ចាស់​ពាន២ជំនាន់​ ​ដែល​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​លេចធ្លោ​ ​និង​ស័ក្​ដ​សម​ ​កាលពី​ឆ្នាំ២០១៨​ ​និង​ពាន​ប្រជាប្រិយ​ភាព​ប្រចាំឆ្នាំ២០១៩​ ​ក្នុងចំណោម​ម្ចាស់​ពាន​ឆ្នាំ​ចាស់​។​ ​លោក​គ្រង​ឈុត​ ​ម្កុដ​កំពូល៣​ ​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧​ ​ដែល​ព្រះអង្គ​បាន​គ្រង​នៅក្នុង​ពិធី​ឡើង​គ្រងរាជ​ ​និង​ពិធី​សំខាន់​មួយចំនួន​ក្នុង​ការគ្រប់គ្រង​ប្រទេស​។​

    ​ចំណែក​ ​អ្នកនាង​ ​ម៉ៅ​ ​ស៊ី​ណាត​ ​គឺជា​តារាចម្រៀង​ ​និង​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ ​ផ្នែក​គ្រង​ឈុត​ត្រូវ​ទម្រង់​ ​និង​លេចធ្លោ​ប្រចាំឆ្នាំ២០១៨​។​ ​អ្នកនាង​គ្រង​នៅក្នុង​ថ្ងៃនេះ​ ​គឺ​ឈុត​ទេព​ស្រី​ ​ជា​ឈុត​ព្រះនាង​ ​ឬ​ជា​អ្នកមាន​ឋានៈ​ខ្ពស់ខ្ពស់​មួយ​រូប​នៅក្នុង​សម័យ​អង្គរ​។​

    ​ឈុត​ ​បុរាណ​ ​ក៏​ត្រូវ​បាន​បង្ហាញ​ដោ​យសិ​ល្បះ​រ​ជាច្រើន​រូប​ទៀតផង​ដែរ​៕​

  • កីឡដ្ឋាន RSN បំបែកកំណត់ត្រា អ្នកចូលរួមទស្សនាផ្ទាល់ច្រើនជាងគេនៅលីកកំពូលកម្ពុជា

    កីឡដ្ឋាន RSN បំបែកកំណត់ត្រា អ្នកចូលរួមទស្សនាផ្ទាល់ច្រើនជាងគេនៅលីកកំពូលកម្ពុជា

    ក្នុងជំនួបលីកកំពូលកម្ពុជា សប្តាហ៍ទី17 ដែលក្លិបម្ចាស់ផ្ទះ ភ្នំពេញក្រោន បានចាញ់ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល 2ទល់នឹង5 នៅកីឡដ្ឋាន RSN បានធ្វើឱ្យកីឡដ្ឋានមួយនេះបំបែកកំណត់ត្រាអ្នកចូលរួមទស្សនាផ្ទាល់បានច្រើនជាងគេបង្អស់ក្នុងលីកកំពូលកម្ពុជា។ក្រោយបំបែកកំណត់ត្រានៅលីកកំពូលកម្ពុជាជាមួយនឹងចំនួនអ្នកទស្សនាសរុប 5,863នាក់ ដែលមិនគួរឱ្យជឿនោះ លោក លី​ ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំង 2ក្រុមដែលបានជំរុញឱ្យព្រឹត្តិការណ៍នេះកើតមានឡើងនៅកីឡដ្ឋាន ស្មាត អ អេស អិន។

    គួរបញ្ជាក់ផងដែរថា ជំនួបនេះបានបំបែកកំណត់ត្រាអ្នកទស្សនាច្រើនជាងគេបង្អស់ក្នុងលីកកំពូលកម្ពុជានៅក្នុងការប្រកួតរវាងភ្នំពេញក្រោន និងវិសាខា កាលពីសប្តាហ៍មុន (សប្តាហ៍ទី16) ដោយមានទស្សនិកជនសរុបចំនួន 5,512នាក់ ខណៈដែលលេខ3 បានទៅលើកីឡដ្ឋានខេត្តសៀមរាបដែលរក្សាកំណត់ត្រាបានជិត 2ឆ្នាំ ក្នុងចំនួនទស្សនិកជនជិត 4,500នាក់៕

  • ប្រព័ន្ធ​អប់រំ​កាន់តែ​អភិវឌ្ឍ​ បណ្ឌិត​អប់រំ​ខ្មែរ​បង្កើត​កម្មវិធី​បច្ចេកវិទ្យា​បង្រៀន​ និង​បណ្តុះ​គំនិត​សម្រាប់​កុមារ​កម្ពុជា​

    ប្រព័ន្ធ​អប់រំ​កាន់តែ​អភិវឌ្ឍ​ បណ្ឌិត​អប់រំ​ខ្មែរ​បង្កើត​កម្មវិធី​បច្ចេកវិទ្យា​បង្រៀន​ និង​បណ្តុះ​គំនិត​សម្រាប់​កុមារ​កម្ពុជា​

    ការអប់រំ​ជា​ច្រក​ដ៏​សំខាន់​មួយ​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ដែល​ជា​ប្រភព​មិន​អាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍប្រទេស​។ នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​នេះ​ ការអប់រំ​កាន់តែ​រីកចម្រើន​ ស្រប​ពេល​ដែល​អ្នកប្រាជ្ញ​ខាង​អប់​រំ​ធំៗ​ជាច្រើន​លើ​ពិភពលោក​បាន​រួមបញ្ចូល​គ្នា​រវាង​គំនិត​អប់រំ​ និង​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​ឱ្យ​ការអប់រំ​កាន់តែ​ប្រសើរ​ឡើង​។

    នៅ​កម្ពុជា​ បណ្ឌិត​អប់រំ​មួយ​រូប​ ដែល​បាន​បញ្ចប់​ការ​-សិក្សា​ផ្នែក​អភិវឌ្ឍន៍​អប់រំ​ពីសា​កល​វិទ្យាល័យ​ Hiroshima​ University​ ប្រទេស​ជប៉ុន​ លោក​សាស្ត្រា​ចារ្យ​ ឈិញ​ ស៊ី​ថា​ បាន​រៀបចំ​ច្នៃប្រឌិត​បង្កើត​ជា​បច្ចេកវិទ្យា​អប់រំ​មួយ​ឡើង​ឈ្មោះថា​ សង្កប្ប​ (Sangapac​) ដើម្បី​ជួយ​ដល់​ស្ថាប័ន​អប់រំ​ អ្នក​បណ្តុះបណ្តាល​កុមារ​ អាណាព្យាបាល​ និង​កុមារ​កម្ពុជា​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​។

    លោក​បណ្ឌិត​ ឈិញ​ ស៊ី​ថា​ បាន​លើកឡើង​ថា​ លោក​ជា​អ្នកស្រាវជ្រាវ​ផ្នែក​អប់រំ​ចាប់តាំងពី​ឆ្នាំ2000​ រហូតដល់​ឆ្នាំ2004​ ដែល​ពេលនោះ​លោក​កំពុង​សរសេរ​សារណា​ថ្នាក់អនុបណ្ឌិត​ និង​បណ្ឌិត​ផ្នែក​អប់រំ​នៅ​ប្រទេស​ជប៉ុន​។ ក្រោយពេល​សិក្សា​ស្រាវជ្រាវ​ លោក​រក​ឃើញថា​ កុមារ​កម្ពុជា​មាន​ចំនួន​ច្រើន​ចាប់ផ្តើម​ចូល​រៀន​នៅ​ថ្នាក់​បឋម​ តែ​ក៏​មាន​ចំនួន​អ្នក​បោះបង់ចោល​ការសិក្សា​ច្រើន​ដែរ​ គឺ​មាន​រហូតដល់​ទៅ​ជាង​ 50​% ដែល​បាន​បោះបង់​ការសិក្សា​ចាប់តាំងពី​ថ្នាក់​បឋម​រហូតដល់​ថ្នាក់​វិទ្យាល័យ​។ បញ្ហា​នេះ​កើតឡើង​ដោយសារ​កត្តា​ជាច្រើន​ ដែល​ក្នុង​នោះ​បញ្ហា​កង្វះខាត​ឯកសារ​ និង​សម្ភារ​អប់រំ​ក៏​ជា​កត្តា​ប្រឈម​មួយ​ដែរ​ ហេតុនេះ​ហើយ​ទើប​លោក​សម្រេចចិត្ត​យកចំណេះ​ដឹង​ដែល​លោក​បាន​សិក្សា​ស្រាវជ្រាវ​មក​បង្កើត​ជា​ស្ថាប័ន​បោះពុម្ព​ផ្សាយ​មួយ​ឈ្មោះ​សង្កប្ប​ ព្រោះ​លោក​មើលឃើញ​ថា​ នៅ​កម្ពុជា​យើង​សម្បូរ​កន្លែង​បោះពុម្ព​ (printing​ house​) តែ​មិនសូវ​សម្បូរ​អ្នក​បោះពុម្ព​ ឬគ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ (publisher​)។

    លោក​បណ្ឌិត​ ឈិញ​ ស៊ី​ថា​ បាន​និយាយ​ថា​៖ “តាម​ការស្ទង់មតិ​ និង​ការ​បង្ហាញ​ពី​ស្ថាប័ន​ស្រាវជ្រាវ​សំ​ខាន់​ៗបាន​បង្ហាញ​ឱ្យ​ដឹង​ថា​ កុមារ​ដែល​មាន​សៀវភៅ​នៅផ្ទះ​ច្រើន​ ភាគច្រើន​ទទួល​បាន​ពិន្ទុ​ខ្ពស់​ និង​មាន​ចំណេះដឹង​ច្រើន​ជា​ក្មេង​ដែល​មាន​សៀវភៅ​នៅផ្ទះ​តិច​។ ហេតុនេះ​ឯកសារ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការអប់រំ​កុមារ​តូច​”។

    អ្នកជំនាញ​ផ្នែក​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ដោយ​មើលឃើញ​ពី​តម្រូវការ​នៃ​ឯកសារ​ទាំងអស់​នេះ​ហើយ​ ទើប​យើង​រៀបចំ​បោះពុម្ព​ផ្សាយ​ឯកសារ​មួយចំនួន​ដែល​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​ជាក់ស្តែង​ដែល​កំពុង​កើតមាន​នៅក្នុង​ការអប់រំ​របស់​យើង​។ ជាក់ស្តែង​យើង​មើលឃើញ​ហើយ​ថា​ សៀវភៅ​គោល​របស់​យើង​នៅ​ត្រូវការ​បន្ថែម​ពី​ប្រភព​សម្រាប់​អនុវត្ត​ជាច្រើន​ទៀត​ ដើម្បី​ឱ្យ​កុមារ​អភិវឌ្ឍ​សមត្ថភាព​គិត​បាន​ល្អ​ ព្រោះ​បើ​គ្រាន់តែ​ស្តាប់​ ហើយ​អាន​តាម​មិន​អាច​បណ្តុះ​ការ​អភិវឌ្ឍភាព​វៃឆ្លាត​សម្រាប់​កុមារ​បាន​ខ្លាំង​ទេ​។ ក្រោយមក​ទៀត​ បន្ទាប់ពី​ធ្វើការ​បោះពុម្ព​ផ្សាយ​សៀវភៅ​ស្តី​ពី​ការអប់រំ​មួយចំនួន​រួចមក​ សង្កប្ប​ ក៏​ចាប់ផ្តើម​បញ្ចូល​នូវ​ប្រភព​មេរៀន​ទាំងអស់​នោះ​ទៅជា​លំហាត់​សម្រាប់​អនុវត្ត​ចំពោះ​សិស្ស​បឋមសិក្សា​តាម​បច្ចេកវិទ្យា​វិញ​ម្តង​។

    លោក​បណ្ឌិត​ បាន​បញ្ជាក់​ថា​ ការ​បញ្ចូល​មេរៀន​ និង​ខ្លឹមសារ​ទៅ​ក្នុង​បច្ចេកវិទ្យា​នេះ​ គឺ​យើង​រចនា​វិធីសាស្ត្រ​តាម​គរុកោសល្យ​ថ្មី​ដើម្បី​ជំរុញ​ឱ្យ​សិស្ស​រៀន​ផង​ កម្សាន្ត​ផង​ និង​រៀន​ឆាប់​ចេះ​ពី​សៀវភៅ​គោល​តាម​ប្រព័ន្ធ​អប់រំ​ផង​។ មេរៀន​ដែល​យើង​បង្កើត​ឡើង​ គឺ​សម្រាប់​មុខវិជ្ជា​ភាសាខ្មែរ​ ចាប់ពី​ថ្នាក់​ទី1​ ដល់​ថ្នាក់​ទី3​ គណិតវិទ្យា​ វិទ្យាសាស្ត្រ​ និង​ភាសាអង់គ្លេស​ ស្របតាម​ប្រព័ន្ធ​អប់រំ​របស់ក្រ​សួង​អប់រំ​ដែល​មាន​សម្រាប់​កម្រិត​ថ្នាក់​ទី4​ ថ្នាក់​ទី5​ និង​ថ្នាក់​ទី6​ និង​បន្ថែម​ថ្នាក់​មត្តេយ្យ​ដែល​លោក​រចនា​ឡើង​បន្ថែម​ដោយខ្លួនឯង​។ មេរៀន​ទាំងអស់​នេះ​មាន​បញ្ចូល​នូវ​គំនូស​សញ្ញា​ របៀប​សរសេរ​ រូបភាព​ និង​លំហាត់​ដើម្បី​ឱ្យ​សិស្ស​ងាយស្រួល​រៀន​ ហើយ​សម្រាប់​គ្រូបង្រៀន​វិញ​ក៏​ងាយស្រួល​បង្រៀន​ផង​ដែរ​។ ចំពោះ​អាណាព្យាបាល​វិញ​ ក៏អាច​ជា​រឿង​ងាយស្រួល​ផង​ដែរ​ ព្រោះ​យើង​ឃើញ​ហើយ​ថា​ គ្រប់​អាណាព្យាបាល​ទាំងអស់​សុទ្ធតែ​ចង់ឱ្យ​កូន​ទទួល​បាន​ការអប់រំ​បាន​ល្អ​ តែ​គាត់​មិនសូវ​មាន​វិធីសាស្ត្រ​ ឬមិន​មាន​គរុកោសល្យ​ក្នុង​ការ​បង្រៀន​។ ហេតុនេះ​ ការ​រចនា​គេហទំព័រ​នេះ​ឡើង​ អាច​ជួយ​ពួកគាត់​បាន​ ព្រោះ​គាត់​អាច​ដាក់​មេរៀន​ដែល​មានការ​កំណត់​ម៉ោង​ច្បាស់លាស់​ឱ្យ​កូន​រៀន​ ដោយ​គាត់​គ្រាន់តែ​ណែនាំ​តិចតួច​បំផុត​ ឬប្រសិនបើ​ឪពុក​ម្តាយ​រវល់​ គាត់​អាច​ត្រឡប់​មកវិញ​ឆែកមើល​ពី​ប្រវត្តិ​នៃ​ការ​រៀន​របស់​កូន​ រយៈ​ពេល​នៃ​ការសិក្សា​ និង​ពិន្ទុ​ដែល​កូន​ធ្វើតេស្ត​បាន​យ៉ាង​ងាយស្រួល​។

    លោក​បណ្ឌិត​ ឈិញ​ ស៊ី​ថា​ បាន​និយាយ​ថា​៖ “កម្មវិធី​សិក្សា​តាម​បច្ចេកវិទ្យា​របស់​សង្កប្ប​នេះ​ យើង​ប្រើប្រាស់​វិធី​បង្រៀន​ដើម្បី​គោលបំណង​សំខាន់​ គឺ​ចង់ឱ្យ​ក្មេង​មានការ​ពិចារណា​ ឬបណ្តុះ​ភាព​វៃឆ្លាត​របស់​គេ​។ យើង​ចង់ឱ្យ​ក្មេង​ចាកចេញ​ពី​ការ​ស្តាប់​ ហើយ​ថាតាម​ ទៅជា​ពិចារណា​ និង​ប្រៀបធៀប​តួអក្សរ​ ឬការអនុវត្ត​លំហាត់​គណិតវិទ្យា​ដើម្បី​បណ្តុះ​ភាព​ឆ្លា​តវៃ​”។

    ស្ថាបនិក​កម្មវិធី​អប់រំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ យើង​ឃើញ​ហើយ​ថា​ មនុស្ស​មិនសូវ​ចេះ​ឆ្ងល់​ច្រើន​នោះ​ទេ​ ព្រោះ​ពួកគេ​ទទួល​បានការ​អប់រំ​ដែល​គ្រាន់តែ​ធ្វើតាម​មនុស្ស​ធំ​។ ហេតុនេះ​យើង​ចង់​ឱ្យ​ក្មេង​ៗជំនាន់​ថ្មី​របស់​យើង​ទទួល​បានការ​អប់រំ​ដោយ​ចេះ​វិភាគ​ ពិចារណា​ ដើម្បី​ទទួល​បាន​សមត្ថភាព​គិត​ និង​សម្រេចចិត្ត​ខ្ពស់​។ ការ​ចេះ​វិភាគ​ និង​ចេះ​ឆ្ងល់​នេះ​ ជា​ច្រក​ដ៏​សំខាន់​ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​មានគំនិត​បង្កើត​ថ្មី​ រួម​ទាំង​ជា​ជំនាញ​ដែល​ពិភពលោក​កំពុង​ត្រូវការ​ក្នុង​សតវត្សរ៍​ទី21​ នេះ​ផង​ដែរ​។ លោក​ថា​ ការប្រើ​ប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ថ្វី​ដ្បិតតែ​មានផល​ប៉ះពាល់​ជា​អវិជ្ជមាន​ខ្លះ​មែន​ តែ​បច្ចុប្បន្ន​នេះ​យើង​លំបាក​ទប់​មិន​ឱ្យ​ក្មេង​ប្រើប្រាស់​បច្ចេកវិទ្យា​ណាស់​ ហេតុនេះ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​បង្វែរ​ពី​ការប្រើ​ប្រាស់​មិន​ត្រឹមត្រូវ​ មក​អភិវឌ្ឍ​កម្មវិធី​អប់រំ​ដើម្បី​ជួយ​ដល់​កុមារ​របស់​យើង​ឱ្យ​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ ព្រោះ​បើ​គិត​ពី​ការអប់រំ​តាម​បែប​បច្ចេកវិទ្យា​វិញ​ យើង​នៅ​មិនទាន់​ខ្លាំង​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍ​ន៍​ខ្លាំង​ៗទេ​ តែ​យើង​ក៏​មានការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ​ដោយ​សង្ឃឹមថា​ ក្មេង​ៗជំនាន់​ក្រោយ​នឹង​ទទួល​បានការ​អប់រំ​កាន់តែ​ប្រសើរ​៕

  • បច្ចេកវិទ្យា​ 5G​ ចាប់ផ្តើម​ផ្លាស់​ប្តូរ​វិស័យ​សុខាភិបាល​លើ​ពិភពលោក​

    បច្ចេកវិទ្យា​ 5G​ ចាប់ផ្តើម​ផ្លាស់​ប្តូរ​វិស័យ​សុខាភិបាល​លើ​ពិភពលោក​

    មួយ​រយៈ​ចុងក្រោយ​នេះ​ មាន​បញ្ហា​ជាច្រើន​រវាង​ប្រទេស​ធំៗ​ ដែល​កើត​ចេញពី​ការប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​ និង​បច្ចេកវិទ្យា​ ដែល​ធ្វើ​ឱ្យ​ម្ចាស់​ឧស្សាហកម្ម​ រួម​ទាំង​អ្នក​វិនិយោគ​ជាច្រើន​រង​ផល​ប៉ះពាល់​ ស្រប​ពេល​ដែល​ប្រទេស​មួយចំនួន​កំពុង​ចាប់​ឱកាស​អភិវឌ្ឍន៍​សមត្ថភាព​បច្ចេកវិទ្យា​ 5G​ ដែល​ជា​បច្ចេកវិទ្យា​ថ្មី​និង​មាន​ឥទ្ធិពល​បំផុត​។

    បច្ចេកវិទ្យា​ 5G​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ អាច​មាន​ឥទ្ធិពល​រុញច្រាន​ឱ្យ​ការរស់នៅ​របស់​មនុស្ស​មានការ​ផ្លាស់​ប្តូរ​ ដោយ​ក្នុង​នោះ​មាន​ទាំង​គុណវិបត្តិ​និង​គុណសម្បត្តិ​យ៉ាងច្រើន​។ ថ្មី​ៗនេះ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​គុណសម្បត្តិ​ថ្មី​មួយ​របស់​បច្ចេកវិទ្យា​ 5G​ ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​វិស័យ​សុខាភិបាល​លើ​ពិភពលោក​។

    បើ​យោង​តាម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​បង្ហាញថា​ បច្ចេកវិទ្យា​ 5G​ បច្ចុប្បន្ន​នេះ​ អាច​ជួយ​អ្នកជំនាញ​ទាំងអស់​លើ​ពិភពលោក​ឱ្យ​មាន​ភាព​ងាយស្រួល​ និង​ធ្វើការងារ​ប្រកបដោយ​សុវត្ថិភាព​ជាង​មុន​។អ្វី​ដែល​បច្ចេកវិទ្យា​នេះ​អាច​ធ្វើ​បាន​ គឺ​អាច​ធ្វើ​ឱ្យ​គ្រូពេទ្យ​ជំនាញ​ធ្វើការ​វះកាត់​ពី​ចម្ងាយ​ ដោយ​គ្រប់គ្រង​ម៉ាស៊ីន​វះកាត់​តាមរយៈ​កញ្ចក់​ឧបករណ៍​អេឡិចត្រូនិក​ ជាមួយនឹង​រូបភាព​ដែល​ត្រូវ​គេ​ពង្រីក​បាន​យ៉ាង​ច្បាស់​ មិនចាញ់​ការវះកាត់​ដោយ​ផ្ទាល់​នោះ​ឡើយ​។ ការវះកាត់​ដោយ​វិធី​ថ្មីនេះ​ អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​ភាព​ច្បាស់លាស់​ និង​សុវត្ថិភាព​ខ្ពស់​ថែម​ទៀតផង​។

    តាម​ការ​បង្ហាញ​របស់​ស្ថាប័ន​ខាងលើ​បានឱ្យ​ដឹង​ផង​ដែរ​ថា​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ 5G​ នេះ​ក៏អាច​បញ្ជា​ពី​ចម្ងាយ​នូវ​បរិក្ខារ​ពេទ្យ​ផ្សេង​ៗទៀតផង​ដែរ​នៅក្នុង​មន្ទីរពេទ្យ​។ ហើយ​គេ​ជឿជាក់​ថា​ វា​នឹង​រីកសាយ​ភាយ​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​នានា​លើ​ពិភពលោក​នៅ​ពេល​ឆាប់​ៗនេះ​ ដែល​ធ្វើ​ឱ្យ​ការ​ព្យាបាល​អ្នកជំងឺ​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ ទំនើប​ និង​យកចិត្ត​ទុកដាក់​បាន​ល្អិតល្អន់​ជាង​មុន​ ព្រោះ​មនុស្ស​មាន​ម៉ាស៊ីន​ជាច្រើន​ដែល​ចាំ​ជួយការ​ងារ​ 24ម៉ោង​ក្នុង​ 1ថ្ងៃ​។

    ពី​ការ​ចាប់ផ្តើម​អនុវត្ត​បច្ចេកវិទ្យា​ 5G​ ក្នុង​មន្ទីរពេទ្យ​ គេ​រំពឹង​ទុក​ថា​ អត្រា​សង្ឃឹម​រស់​របស់​មនុស្ស​នឹង​មានការ​កើនឡើង​ ហើយ​បញ្ហា​សុខភាព​លំ​បា​កៗ​ជា​ច្រើន​ក៏​ត្រូវ​បាន​ដោះស្រាយ​ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​គុណភាព​នៃ​ការរស់នៅ​របស់​មនុស្ស​នឹង​មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន​។

    ចំពោះ​ទីកន្លែង​ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ 5G​ ក្នុង​ការវះកាត់​ដំបូង​បំផុត​ គឺ​នៅ​ទីក្រុង​ Barcelona​ ប្រទេស​អេ​ស្បាញ​ ដែល​វា​បាន​ផ្តល់​ភាព​ជោគ​-ជ័យ​យ៉ាង​ធំ​បំផុត​សម្រាប់​អ្នកជំនាញ​បច្ចេកវិទ្យា​ និង​វេជ្ជបណ្ឌិត​អ្នកជំនាញ​វះកាត់​ព្យាបាល​ជំងឺ​។ ក្រៅពី​នេះ​ មិន​ត្រឹមតែ​ជួយ​មនុស្ស​ក្នុង​ការវះកាត់​ឱ្យ​មាន​សុវត្ថិភាព​ប៉ុណ្ណោះទេ​ តែ​វា​ក៏បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ផង​ដែរ​ ដោយ​វីដេអូ​នៃ​ការវះកាត់​នេះ​អាចយ​កទៅ​បណ្តុះបណ្តាល​ក្រុមការងារ​វះកាត់​ និង​និស្សិត​ពេទ្យ​ជាច្រើន​ទៀត​ប្រកបដោយ​ភាព​ជាក់ស្តែង​ និង​ច្បាស់លាស់​។

    វា​ជា​បច្ចេកវិទ្យា​ដែល​ត្រូវ​បាន​គេ​ជឿជាក់​ ថា​មាន​បញ្ហា​តិចតួច​បំផុត​ និង​ស្ទើរតែ​មិន​មាន​ភាព​រអាក់រអួល​ដែល​អាច​ជួយ​ជីវិត​មនុស្ស​បាន​ដោយ​មិន​មាន​ហានិភ័យ​អ្វី​ទាំងអស់​៕

  • សហគ្រាស​“នាឡិ​”ផលិត​នំ​ខ្មែរ​ជាង​ 60មុខ​ ប្រកួត​ជាមួយ​នំ​បរទេស​

    សហគ្រាស​“នាឡិ​”ផលិត​នំ​ខ្មែរ​ជាង​ 60មុខ​ ប្រកួត​ជាមួយ​នំ​បរទេស​

    កម្ពុជា​ជា​ប្រទេស​ដែល​មាន​វប្បធម៌​ដ៏​ចំណាស់​មួយ​នៅ​លើ​ពិភពលោក​ ដែល​មាន​ភាព​សម្បូរ​បែប​ទាំង​សំណង់​ស្ថាបត្យកម្ម​ ទម្រង់​សិល្បៈ​ប្រពៃណី​ និង​ម្ហូបអាហារ​។ តាមរយៈ​តឹកតាង​ប្រវត្តិសាស្ត្រ​នៅ​លើ​ជញ្ជាំង​ប្រាសាទបុរាណ​នានា​ បង្ហាញថា​ ខ្មែរ​ជា​ប្រទេស​ដែល​មាន​វប្បធម៌​ចាក់គ្រឹះ​រឹងមាំ​ រួម​ជាមួយ​រឿង​រ៉ាវ​អស្ចារ្យ​ៗជាច្រើន​ដែល​គួរតែ​លើកតម្កើង​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ម្ហូបអាហារ​ តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​គឺ​ ប្រជាជន​យើង​មិនទាន់​បាន​ចាប់ផ្តើម​បង្កើត​ផលិតផល​ម្ហូបអាហារ​ឱ្យ​ស្របតាម​ស្តង់​ដា​ដើម្បី​បង្ហាញ​ពិភពលោក​ដូច​បណ្តា​ប្រទេស​ល្បី​ៗផ្នែក​ទេសចរណ៍​មួយចំនួន​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​ទៅកាន់​ពិភពលោក​។

    ដោយ​មើលឃើញ​ពី​ចំណុច​ខ្វះខាត​ទាំងនេះ​ លោក​ អុិន​ ច័ន្ទ​ធា​រ៉ា​ បាន​បង្កើត​ឡើង​នូវ​ចង្វាក់​ផលិតកម្ម​ផលិត​នំ​ខ្មែរ​ឱ្យ​ស្របតាម​ស្តង់​ដា​បច្ចេកទេស​ច្បាស់លាស់​ ដើម្បី​លើក​តម្លៃ​ និង​មាន​គម្រោង​នាំចេញ​ឱ្យ​កាន់តែ​ទូលំទូលាយ​លើ​ពិភពលោក​។ នៅ​ថ្ងៃនេះ​ កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ​បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​លោក​ អុិន​ ច័ន្ទ​ធា​រ៉ា​ ពី​ចំណុច​លម្អិត​នៃ​ផលិតកម្ម​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​។

    1. តើ​មូលហេតុ​អ្វី​ទើប​លោក​សម្រេចចិត្ត​បង្កើត​ជា​ផលិតផល​នំ​ខ្មែរ​ “នាឡិ​” នេះ​ឡើង​?
    មុននឹង​បង្ហាញ​ពី​មូលហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ថ្ងៃនេះ​ ខ្ញុំ​ចង់​បញ្ជាក់​បន្តិច​ថា​ មុន​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​នេះ​ ពីមុន​មក​ខ្ញុំ​ធ្លាប់​បាន​ធ្វើអាជីវកម្ម​មួយ​ចំនួន​រួចមក​ហើយ​ ដូចជា​បច្ចេកវិទ្យា​ សាលារៀន​ និង​ឌីហ្សាញ​ជាដើម​ និង​ថែមទាំង​បាន​បង្កើត​សាខា​មួយ​ចំនួន​ទៀតផង​។ ខ្ញុំ​បង្កើត​អាជីវកម្ម​ប្រភេទ​នេះ​ឡើង​ ដោយសារតែ​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​ផ្នែក​បច្ចេកវិទ្យា​ ហើយក៏​ចង់​បង្កើត​អ្វី​ដែល​ថ្មី​ ដោយ​ក្នុង​នោះ​ខ្ញុំ​បាន​បង្កើត​កម្មវិធី​កុំព្យូទ័រ​ និង​ទូរស័ព្ទ​ដែល​ស្រដៀងគ្នា​ជាមួយនឹង​ Google​ Maps​ តាំងពី​ឆ្នាំ2003​ ម៉្លេះ​។ ក្រោយមក​ទៀត​អាជីវកម្ម​នោះ​ត្រូវ​បាន​បិទទ្វារ​ទៅ​វិញ​ ដោយសារ​ខ្ញុំ​រក​មិនទាន់​ឃើញ​ក្តី​ស្រឡាញ់​ពិតប្រាកដ​។

    ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយសារតែ​ខ្ញុំ​ឃើញ​ថា​ ក្រុម​គ្រួសារ​របស់ខ្ញុំ​ជា​អ្នក​ផលិត​នំ​ខ្មែរ​ស្រាប់​ ដែល​អាជីព​នេះ​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ខ្ញុំ​អាច​រកចំណូល​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ និង​កូន​ៗឱ្យ​ធំធាត់​ និង​អភិវឌ្ឍ​បាន​គ្រប់គ្នា​ ខ្ញុំ​ក៏​ចាប់ផ្តើម​ស្រាវជ្រាវ​បន្ថែម​ពី​ប្រភព​សំ​ខាន់​ៗរបស់​នំ​ខ្មែរ​។ តាមពិត​នំ​ខ្មែរ​មាន​ប្រភព​ និង​ប្រវត្តិ​អស្ចារ្យ​ណាស់​ដែល​បាន​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​ ហើយ​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ប្រទេស​នានា​។ ដំណាលគ្នា​នឹង​ការ​ស្រាវជ្រាវ​នេះ​ដែរ​ ខ្ញុំ​ក៏បាន​ចេញទៅ​ប្រទេស​មួយ​ចំនួន​ ហើយ​បានឃើញ​ថា​ តាមពិត​ទៅ​នៅ​ប្រទេស​គេ​គេ​ព្យាយាម​គ្រប់​លទ្ធភាព​ ដើម្បី​បង្ហាញ​ម្ហូបអាហារ​ដែល​ជា​អត្តសញ្ញាណ​ជាតិ​របស់​គេ​ឱ្យ​ភ្ញៀវ​ពីក្រៅ​ប្រទេស​បាន​ភ្លក្ស​។ ហើយ​គ្រាន់តែ​យើង​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នៅ​ប្រទេស​គេ​ភ្លាម​ គេ​នាំ​យើង​ទៅ​កន្លែង​ដែល​មាន​ម្ហូបអាហារ​របស់​គេ​ភ្លាម​ ដែល​ចំណុច​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​យល់ឃើញ​ថា​ យើង​នៅ​ខ្វះចន្លោះ​ត្រង់​ចំណុច​នេះ​។

    តាមពិត​យើង​មាន​ប្រភព​ មាន​រូបមន្ត​ និង​មាន​ប្រវត្តិ​ម្ហូបអាហារ​អស្ចារ្យ​ជាង​ប្រទេស​ទាំងអស់​នោះ​ទៅទៀត​ តែ​យើង​ខ្វះ​កន្លែង​បង្ហាញ​គេ​ឱ្យ​ឃើញថា​ តើ​យើង​មាន​ប្រភេទ​អាហារ​អ្វីខ្លះ​ មាន​រសជាតិ​ និង​សោភណភាព​ល្អ​យ៉ាងណា​ខ្លះ​?។ ហេតុនេះ​ហើយ​ទើប​ខ្ញុំ​សម្រេចចិត្ត​ចាប់ផ្តើម​បង្កើត​ជា​ផលិតកម្ម​ផលិត​នំ​នេះ​ឡើង​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​នំ​ខ្មែរ​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ស្របតាម​ស្តង់​ដា​ច្បាស់លាស់​ ដើម្បី​បង្ហាញ​ដល់​ប្រជាជន​ខ្មែរ​ និង​ភ្ញៀវ​បរទេស​ឱ្យ​បានដឹង​ថា​ យើង​មាន​ប្រវត្តិ​ម្ហូបអាហារ​ដ៏​អស្ចារ្យ​។

    ម្យ៉ាងវិញទៀត​ ចុងក្រោយ​នេះ​ខ្ញុំ​រក​ឃើញថា​ តាម​ពិត​ទៅ​ ខ្ញុំ​ជា​មនុស្ស​ដែល​ចូលចិត្ត​ការបង្កើត​ថ្មី​ ហេតុនេះ​ខ្ញុំ​ក៏​ចាប់ផ្តើម​យក​ម្ហូបអាហារ​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​វប្បធម៌​របស់​យើង​បង្កើត​ការ​អភិវឌ្ឍ​ដើម្បី​អភិរក្ស​ឱ្យ​មាន​ភាព​ល្បីល្បាញ​ទាំង​នៅក្នុង​ប្រទេស​ និង​នៅ​ក្រៅប្រទេស​។

    2. តើ​រូបមន្ត​នៃ​ការផលិត​នំ​ និង​ការរៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​លោក​មានការ​រៀបចំ​បែប​ណា​ដែរ​?
    តាមពិត​ ដោយសារ​គ្រួសារ​របស់ខ្ញុំ​ជា​អ្នក​ផលិត​នំ​ស្រាប់​ គ្រាន់តែ​កន្លងមក​គាត់​ផលិត​តាម​បែប​ប្រពៃណី​ ហេតុនេះ​ម្តាយ​របស់ខ្ញុំ​មាន​រូបមន្ត​នំ​ខ្មែរ​រហូតដល់​ទៅ​ជាង​ 60មុខ​។ ដំបូង​ឡើយ​គាត់​មិនទាន់​ជឿជាក់​នៅឡើយ​ទេ​ថា​ នំ​ខ្មែរ​ត្រូវ​បាន​គេ​គាំទ្រ​ ហើយ​អាច​ផលិត​តាម​ស្តង់​ដា​ត្រឹមត្រូវ​ច្បាស់លាស់​បាន​ ព្រោះ​យើង​ធ្លាប់តែ​ឃើញ​គេ​ធ្វើតាម​ទម្លាប់​ចាស់​ៗ តែ​ក្រោយមក​ដោយសារតែ​យើង​បាន​សាកល្បង​ ហើយ​បូករួម​ទាំង​មានការ​ចាប់អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ផង​នោះ​ ធ្វើ​ឱ្យ​គាត់​មើលឃើញ​កាន់តែ​ច្បាស់​ពី​សក្តា​នុ​ពល​នៃ​ការផលិត​នំ​ខ្មែរ​នេះ​។

    ចាប់តាំងពី​ពេលនោះ​មក​ គាត់​បាន​ចំណាយពេល​វេលា​យ៉ាងច្រើន​របស់​គាត់​ដើម្បី​ចងក្រង​ជា​រូបមន្ត​ច្បាស់លាស់​ ដែល​វា​ជាផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​ពួក​យើង​ក្នុង​ការផលិត​។ ខ្ញុំ​ក៏បាន​ប្រើប្រាស់​រូបមន្ត​ទាំងអស់​នោះ​មក​ចង​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ត្រឹមត្រូវ​ ដើម្បី​កំណត់​ពី​ចំនួន​វត្ថុធាតុដើម​ និង​ដើម្បី​ថ្លឹង​ឱ្យ​បាន​ច្បាស់លាស់​លើ​គ្រប់មុខ​ទាំងអស់​សម្រាប់​ការផលិត​ឱ្យ​មាន​ស្តង់​ដា​ត្រឹមត្រូវ​។ យើង​អាច​សាកល្បង​បាន​ ដោយ​ការ​ចាប់​ជា​នំ​ប្រភេទ​នី​មួយ​ៗ យើង​នឹង​ឃើញថា​ នំ​ទាំងអស់​មាន​ទម្ងន់​ស្មើគ្នា​ ព្រោះ​យើង​បាន​ថ្លឹង​ទាំង​វត្ថុធាតុដើម​ ទាំង​ស្លឹកចេក​ និង​ការ​វេច​ខ្ចប់​យ៉ាង​ច្បាស់លាស់​។ នៅក្នុង​ចង្វាក់​ផលិតកម្ម​ដែល​យើង​មាន​សព្វថ្ងៃ​នេះ​ គឺ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ ដែល​ជួយ​បាន​ច្រើន​ក្នុង​ការកំណត់​ពី​ចំនួន​ច្បាស់លាស់​មិន​ឱ្យ​ខ្ជះ​ខ្ចាយ​នោះ​ទេ​។ ជាឧទាហរណ៍​ប្រសិនបើ​យើង​ត្រូវការ​អន្សម​ចំនួន​ 100នំ​ អ្នកគ្រប់គ្រង​គ្រាន់តែ​វាយ​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ប្រព័ន្ធ​ដែល​យើង​មានស្រាប់​ នោះ​នឹង​ចេញ​របាយការណ៍​ច្បាស់លាស់​ថា​ ត្រូវការ​អង្ករ​ប៉ុន្មាន​? សណ្តែក​ប៉ុន្មាន​? សាច់​ប៉ុន្មាន​? ស្លឹកចេក​ប៉ុន្មាន​? យ៉ាង​ច្បាស់លាស់​។

    ចំពោះ​បញ្ហា​សុវត្ថិភាព​វិញ​ ក៏​យើង​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើ​ឱ្យ​នំ​ខ្មែរយើង​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​។ ហេតុនេះ​ហើយ​ វត្ថុធាតុដើម​ គឺ​យើង​យក​មក​ផ្ទាល់​ពី​កសិករ​ ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ផលិតកម្ម​មួយ​ដែល​មាន​អនាម័យ​ច្បាស់លាស់​។ យើង​ប្រយ័ត្ន​បំផុត​ រឿង​វត្ថុធាតុ​ដើម្បី​ផលិត​ ហើយ​បច្ចេកទេស​ទៀតសោត​ ក៏​យើង​គោរព​តាម​ស្តង់​ដា​ដែល​កំណត់​ដោយ​ក្រសួង​ស្ថាប័ន​ត្រឹម​-ត្រូវ​ ដូចជា​មានការ​ទទួលស្គាល់​ស្តង់​ដាស5​ ចបផ​និង​វគ្គ​ហា​ឡាល់​ រួម​ទាំង​ការ​ទទួលស្គាល់​ពី​ស្ថាប័ន​សំ​ខាន់​ៗជាច្រើន​ទៀត​។

    ក្រៅពី​នេះ​ យើង​ក៏អាច​ធ្វើការ​វេច​ខ្ចប់​ដោយ​ប្រើប្រាស់​វិធី​ធម្មជាតិ​ មិន​ប្រើប្រាស់​សារធាតុគីមី​ ដើម្បី​វេច​ខ្ចប់​ និង​រក្សាទុក​ចាប់ពី​ 2ខែ​ រហូតដល់​ 6ខែ​បាន​យ៉ាង​ល្អ​។ វិធីសាស្ត្រ​របស់​យើង​គឺ​ដក​សារធាតុ​ទឹក​សកម្ម​ចេញពី​វត្ថុធាតុដើម​ឱ្យ​អស់​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​សម្ងួត​ ដើម្បី​កាត់បន្ថយ​ប្រតិកម្ម​ដែល​ធ្វើ​ឱ្យ​ឆាប់​ជូរ​ផ្អូម​។ ការ​ធ្វើបែប​នេះ​មិន​ប៉ះពាល់​ដល់​រសជាតិ​នៃ​ចំណីអាហារ​នោះ​ទេ​ ព្រោះ​ជាតិទឹក​សកម្ម​នេះ​មាន​តិចតួច​បំផុត​នៅក្នុង​វត្ថុធាតុដើម​។

    3. តើ​បច្ចុប្បន្ន​នេះ​នំ​ខ្មែរ​ទទួល​បានការ​គាំទ្រ​ល្អ​ប៉ុនណា​ដែរ​ក្នុង​ទីផ្សារ​កម្ពុជា​យើង​?
    ថ្វី​ដ្បិតតែ​យើង​កំពុង​ចាប់បាន​ទីផ្សារ​មិនទាន់​ធំ​ពេក​នៅក្នុង​ប្រទេស​មែន​ក្ដី​ តែ​យើង​មើលឃើញ​ថា​ ជា​រួម​លទ្ធផល​ដែល​យើង​ទទួល​បាន​ គឺ​វិជ្ជមាន​។ បច្ចុប្បន្ន​នេះ​ យើង​មាន2សាខា​ចែកចាយ​សំ​ខាន់​ៗ គឺ​នាឡិ​ សាខា​ដូនពេញ​ និង​នាឡិ​សាខា​មានជ័យ​ ដែល​ជា​ច្រក​សម្រាប់​ចែកចាយ​ផលិតផល​។ ក្រៅពី​នេះ​យើង​ក៏​សង្កេតឃើញ​ដែរ​ថា​ ប្រជាជន​របស់​យើង​រួម​ទាំង​យុវជន​ផង​កំពុង​ចាប់អារម្មណ៍​លើ​ការ​ទទួលទាន​នំ​ខ្មែរ​ មិនមែន​ចាំបាច់​តែ​នៅ​រដូវ​បុណ្យទាន​នោះ​ទេ​។ យើង​មាន​ហាង​កាហ្វេ​ ផ្សារ​ទំនើប​ សណ្ឋាគារ​ភោជនីយដ្ឋាន​ និង​អតិថិជន​ដែល​បញ្ជាទិញ​តាម​បណ្តាញ​សង្គម​ជាប្រចាំ​ថ្ងៃ​ ដែល​ចរន្ត​នេះ​ធ្វើ​ឱ្យ​យើង​មើលឃើញ​ថា​ ប្រជាជន​ចាប់ផ្តើម​ផ្តល់​តម្លៃ​ដល់​ផលិតផល​ជាតិ​របស់​យើង​កាន់តែ​ច្រើនឡើង​ហើយ​។ម្យ៉ាងវិញទៀត​យើង​ក៏​ទទួល​បានការ​គាំទ្រ​ពី​ក្រសួង​ស្ថាប័ន​ដែល​តែងតែ​បញ្ជាទិញ​សម្រាប់​កម្ម​វិ​ធី​ធំៗ​ដូចជា​នៅ​ក្រសួង​ ធនាគារ​ និង​នៅ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​សំ​ខាន់​ៗ ដូចជា​បុណ្យ​សមុទ្រ​ជាដើម​។

    4. តើ​ “នាឡិ​” មានការ​រំពឹង​ទុកជា​វិជ្ជមាន​អ្វីខ្លះ​សម្រាប់​អនាគត​?
    សម្រាប់​អនាគត​ ខ្ញុំ​មានការ​រំពឹង​ទុក​ថា​ ប្រជាជន​ខ្មែរ​ ជាពិសេស​នំ​ខ្មែរ​ នឹង​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​លើឆាកអន្តរជាតិ​ មិនចាញ់​អាហារ​បរ​ទេ​សល្បីៗ​នោះ​ទេ​។ យើង​នឹង​គ្រោង​បង្កើត​ឱ្យ​មាន​រោងចក្រ​ធំ​ និង​ស្តង់​ដា​មួយ​ដើម្បី​ផលិត​នំ​សម្រាប់​នាំចេញ​ ក្នុង​គោលបំណង​លើកតម្កើង​ម្ហូបអាហារ​ខ្មែរ​ ដែល​មាន​ប្រវត្តិ​ដ៏​អស្ចារ្យ​ និង​រសជាតិ​ប្លែក​ទៅកាន់​បរទេស​។ វា​ក៏​ជា​អត្តសញ្ញាណ​របស់​ជាតិ​ផង​ដែរ​ ហេតុនេះ​យើង​សង្ឃឹមថា​ ប្រជាជន​នៅក្នុង​ប្រទេស​នឹង​មានការ​ផុសផុល​ផ្តល់​តម្លៃ​កាន់តែ​ច្រើន​សម្រាប់​ផលិតផល​នំ​របស់​ប្រទេស​យើង​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​គិតគូរ​ពី​សុវត្ថិភាព​ខ្ពស់​៕

  • ទុរេន​ខ្មែរ​ មាន​រសជាតិ​ប្លែក​តាម​តំបន់​ មាន​ទីផ្សារ​លក់​បាន​តម្លៃ​ខ្ពស់​

    ទុរេន​ខ្មែរ​ មាន​រសជាតិ​ប្លែក​តាម​តំបន់​ មាន​ទីផ្សារ​លក់​បាន​តម្លៃ​ខ្ពស់​

    ដំណាំ​ទុរេន​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​បាន​ក្លាយទៅជា​ដំណាំ​កសិផល​មួយ​ ដែល​មាន​ទីផ្សារ​គួរ​ឱ្យ​ចាប់អារម្មណ៍​ ដោយ​ប្រជាកសិករ​ បាន​ធ្វើការ​ពង្រីក​ការ​ដាំដុះ​ដំណាំ​ហូប​ផ្លែ​មួយ​នេះ​ នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ ទោះបីជា​ក្នុង​លក្ខណៈ​ចម្ការ​គ្រួសារ​ក៏ដោយ​ ក៏​ទុរេន​មាន​តម្រូវ​ការ​ទីផ្សារ​កាន់តែ​ច្រើន​ ហើយ​លក់​បាន​ថ្លៃ​ខ្ពស់​គួរសម​ និង​ធ្វើ​ឱ្យ​អ្នក​បរិភោគ​មាន​ជម្រើស​ច្រើន​ តែ​មិនទាន់​អាច​ចំណាំបាន​ថា​ តើ​ទុរេន​ផ្លែ​បែប​ណា​ និង​រសជាតិ​បែប​ណា​ស្ថិតនៅ​ក្នុង​ខេត្ត​ណាមួយ​នោះ​នៅ​ឡើយ​?ដោយសារតែ​ទុរេន​មាន​រសជាតិ​ខុសប្លែក​ពីគ្នា​ទៅតាម​តំបន់​ហ្នឹងឯង​។

    ផ្លែ​ទុរេន​ នៅ​សំឡូត​ក្នុង​ខេត្ត​ប៉ៃលិន​ មាន​រសជាតិ​ឆ្ងាញ់​ មាន​ភាព​ល្បីល្បាញ​ក្នុង​ប្រទេស​ ពេល​បរិភោគ​ទៅ​មាន​ភាព​ឆ្ងាញ់​ជាប់មាត់​ និង​ជក់ចិត្ត​ ហើយ​ចង់​បរិភោគ​ម្ដងទៀត​ មិនចាញ់​ទុរេន​ខេត្ត​កំពត​ប៉ុន្មាន​ឡើយ​។ សម្រាប់​ប្រភេទ​ទុរេន​ ដែល​ប្រជាកសិករ​យើង​និយម​ដាំ​នៅ​ស្រុក​សំឡូត​ មាន​ប្រភេទ​ឆៈ​នី​ ប្រភេទ​ម៉ន​ថង​ និង​ទុរេន​ដូនតា​ភូមិ​លី​ ជាដើម​។

    កសិករ​ឈ្មោះ​ ពឹង​ សំ​អៀ​ត បានឱ្យ​ដឹង​ថា​ គាត់​បាន​ដាំ​ទុរេន​នៅ​លើ​ផ្ទៃដី​ជិត​4ហិ​កតា​ ស្មើនឹង​ទុរេន​ 320ដើម​។ ទុរេន​របស់​លោក​បានឱ្យ​ផល​ចំនួន​ 3ឆ្នាំ​មក​ហើយ​ តែ​ឆ្នាំនេះ​ទុរេន​ឱ្យ​ផល​ច្រើនជាង​រាល់​ឆ្នាំ​ គឺ​មាន​ទិន្នផល​ល្អ​ ហើយក៏​លក់​បាន​តម្លៃ​ខ្ពស់​ជាង​រាល់​ឆ្នាំ​ដែរ​ គឺ​ 1គីឡូក្រាម​តម្លៃ​ចាប់ពី​ 15,000រៀល​ ទៅ​ 18,000​រៀល​ ខណៈ​ឆ្នាំមុន​ ក្នុង​ 1គីឡូក្រាម​បាន​ត្រឹមតែ​ 12,000រៀល​ប៉ុណ្ណោះ​ ហើយ​តម្លៃ​ដែល​លក់រាយ​ទៅ​ឱ្យ​អ្នក​បរិភោគ​តែម្តង​ក៏បាន​ថ្លៃ​ខ្ពស់​ដែរ​ គឺ​ពី​ 22,000រៀល​ ដល់​ 25,000រៀល​ក៏​មាន​។

    លោក​បាន​បន្ថែម​ទៀត​ថា​ សម្រាប់​ទីផ្សារ​ទុរេន​របស់​លោក​ មាន​ឈ្មួញកណ្ដាល​មក​ចាំ​ទិញ​ មាន​មក​តាំងពី​រាជធានី​ភ្នំពេញ​ក្រុង​បាត់ដំបង​ និង​ខេត្តសៀមរាប​ ទោះជា​មាន​ចំនួន​ប៉ុន្មាន​ ក៏​ពួកគេ​ទិញ​យក​អស់​ៗ មិន​មាន​សល់​ដែរ​ ព្រោះ​មាន​តម្រូវការ​បរិភោគ​ច្រើន​។

    អ្នកទេសចរ​ជាច្រើន​ដែល​បាន​ទៅ​លេង​ក្នុង​ចម្ការ​ទុរេន​នៅ​ស្រុក​សំឡូត​តែងតែបាន​ភ្លក្ស​ទុរេន​នៅ​សំឡូត​ ហើយ​បាន​លាន់​មា​ត់​គ្រប់​ៗគ្នា​ថា​ ទុរេន​សំឡូត​មាន​រសជាតិ​ឆ្ងាញ់​ បើ​ធៀប​នឹង​រសជាតិ​របស់​ទុរេន​ដែល​ដាំ​នៅ​តំបន់​ផ្សេង​ដែល​គាត់​ធ្លាប់​បាន​បរិភោគ​ ព្រោះថា​ ទុរេន​សំឡូត​មាន​រសជាតិ​ផ្អែម​ខ្ទិះ​បែប​ប្លែក​ ដែល​នេះ​ជា​ចំណុច​សំខាន់​សម្រាប់​សម្គាល់​ទុរេន​សំឡូត​ ហើយ​ពួកគាត់​បាន​ជំរុញ​ដល់​កសិករ​នៅ​ស្រុក​សំឡូត​ឱ្យ​បន្ត​ដាំ​ទុរេន​បែបនេះ​ថែមទៀត​ ព្រោះ​ស្ថានភាព​ដី​នៅ​ទីនោះ​ល្អ​ សក្តិ​សមនឹង​ដំណាំ​ប្រភេទ​នេះ​។

    អ្នកស្រី​ ស្រី​ អូន​ ជា​អ្នក​រស់នៅ​ស្រុក​ភ្នំព្រឹក​ ខេត្ត​ប៉ៃលិន​ដែរ​នោះ​ បាន​ប្រាប់​ឡា​រ៉ែ​នថា​៖“ខ្ញុំ​ធ្លាប់​ញ៉ាំ​ផ្លែ​ទុរេន​សំឡូត​ហើយ​ និង​មាន​អារម្មណ៍​ដឹង​ថា​ វា​មាន​រស​-ជាតិ​ប្លែក​ពី​ទុរេន​ដែល​ដាំ​នៅ​ខេត្ត​ដទៃ​។គឺ​វា​មាន​រសជាតិ​ផ្អែម​ ល្មួត​ បែប​មាន​ខ្ទិះ​តែ​ស្ងួត​។ រសជាតិ​ទុរេន​សំឡូត​នេះ​ ទោះ​ពូជ​ដូចគ្នា​ ក៏​នៅតែ​អាច​ចាត់ទុកថា​ ឆ្ងាញ់​ជាង​ទុរេន​ខេត្ត​ដទៃ​ដែរ​ នេះ​ប្រហែល​មក​ពី​ស្ថានភាព​ដី​ដែល​អំណោយផល​ដល់​ដំណាំ​មួយ​នេះ​ក៏អាច​ថា​បាន​ដែរ​”។ អ្នកស្រី​បាន​បញ្ជាក់​ថា​ តម្លៃ​ដែល​លោកស្រី​បាន​ទិញ​ មក​ហូប​ គឺ​ 1គីឡូក្រាម​ ថ្លៃ​ 24,000រៀល​។

    សម្រាប់​ទុរេន​ខេត្តកំពត​វិញ​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​ស្ទើរគ្រប់​គ្នា​ និង​បាន​ដឹងពី​រសជាតិ​របស់​វា​ផង​ដែរ​ថា​ ឆ្ងាញ់​ផ្អែម​រងាន់​។ គេ​មិន​ពិបាក​សម្គាល់​ទុរេន​កំពត​ទេ​ ព្រោះ​បច្ចុប្បន្ន​ផ្លែឈើ​មួយ​នេះ​ ហាក់​នៅ​មានតម្លៃ​ខ្ពស់​គួរសម​នៅឡើយ​ បើ​ធៀប​នឹង​ផ្លែឈើ​ផ្សេងទៀត​។

    កសិករ​ម្នាក់​ ជា​ម្ចាស់​ចម្ការ​ទុរេន​នៅ​ស្រុក​ទឹកឈូ​ ខេត្តកំពត​រូប​នេះ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ឆ្នាំនេះ​តម្លៃ​ ទុរេន​កំពត​ ដែល​លក់​នៅមុខ​ចម្ការ​ផ្ទាល់​ គឺ​មានតម្លៃ​ល្អ​ពោល​គឺ​ប្រមាណ​ជា​ 20,000រៀល​ ទៅ​25,000រៀល​ ក្នុង1គីឡូក្រាម​។ ឆ្នាំនេះ​ ដោយសារតែ​ទុរេន​មានតម្លៃ​ល្អ​ ដូច្នេះ​សម្រាប់​ផ្ទៃដី​ ដាំ​ទុរេន​ 1ហិ​កតា​របស់​លោកស្រី​ លោកស្រី​អាច​រកចំណូល​បាន​ប្រមាណ​ជាង​ 1ម៉ឺន​ដុល្លារ​អាមេរិក​។

    ចំណែក​ឯទុរេន​នៅ​ខេត្ត​កំពង់ចាម​វិញ​ម្ដង​ ថ្វី​ដ្បិតតែ​ជា​ប្រភេទ​ថ្មី​ក៏ដោយ​ តែ​ក៏​ត្រូវ​បាន​អ្នក​បរិភោគ​ទទួលស្គាល់​ថា​ មាន​រសជាតិ​ឆ្ងាញ់​មិនចាញ់​ទុរេន​នៅ​ខេ​ត្ត​ផ្សេង​ៗឡើយ​។ គេ​ក៏​មិន​ពិបាក​កត់សម្គាល់​ផ្លែ​ទុរេន​មក​ពី​ខេត្ត​កំពង់ចាម​ដែរ​ ដោយសារ​វា​មាន​រសជាតិ​ឆ្ងាញ់​ ផ្អែម​ឈ្ងុយ​ ស្ងួត​ គួរ​ឱ្យ​ចាប់ចិត្ត​បែប​ធម្មជាតិ​ពិ​តៗ​ តែ​ពេល​ដាក់​លក់​នៅ​ទីផ្សារ​ វា​មាន​សញ្ញាសម្គាល់​បិទ​ជាប់​នៅនឹង​ទង​របស់​វា​ ធ្វើ​ឱ្យ​អ្នក​បរិភោគ​ងាយស្រួល​ចំណាំ​។

    លោក​ ពួយ​ ចេង​ អនុប្រធាន​សហគមន៍​សំបូរ​មានជ័យ​ ខេត្ត​កំពង់ចាម​បាន​ប្រាប់​ឡា​រ៉ែ​នថា​៖“ផ្លែ​ទុរេន​នៅ​ឃុំ​សូភាស​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ​;ដែល​ឥឡូវ​កំពុង​មមាញឹក​ក្នុង​ការ​ប្រមូល​ផល​លើ​ផ្ទៃដី​ជាង​ 10ហិ​កតា​នោះ​ ​;ក៏​មាន​រសជាតិ​ឆ្ងាញ់​ មិនចាញ់​ទុរេន​ខេត្តកំពត​ប៉ុន្មាន​ដែរ​។ទុរេន​កំពង់ចាម​ ​;អាច​លក់​បាន​ក្នុង​តម្លៃ​សមរម្យ​ ពោល​គឺ​ចន្លោះ​ពី​ 12,000រៀល​ ទៅ​ 18,000រៀល​ក្នុង​ 1គីឡូក្រាម​សម្រាប់​ពូជ​ទុ​រេ​នម៉ន​ថង​”។

    ចំណែក​នៅ​ខេត្តកោះកុង​វិញ​ លោក​ ឡាក់​ ហាក់​ កសិករ​ដែល​មាន​ចម្ការ​ទុរេន​ដែរ​នោះ​បានឱ្យ​ដឹង​ថា​ លោក​មាន​ដំណាំ​ទុរេន​ប្រមាណ​ជា​ 4ហិ​កតា​ នៅ​ឃុំ​ថ្មបាំង​ដែល​កំពុង​ហុច​តែ​ផល​។ សម្រាប់​ផ្លែ​ទុរេន​កោះកុង​វិញ​ គឺ​មានសាច់​ច្រើន​ ពណ៌​ទឹកដោះគោ​ មាន​គ្រាប់​តូច​ និង​សាច់​ច្រើន​ រសជាតិ​ផ្អែម​ឈ្ងុយឆ្ងាញ់​ ដាំដុះ​តាម​ស្តង់​ដា​សរីរាង្គ​សេដា​ក។ ​;ចំណែក​តម្លៃ​វិញ​ គឺ​លក់​ឱ្យ​ម៉ូយ​ដុំ​តម្លៃ​ 17,000រៀល​ ក្នុង​ 1គីឡូក្រាម​ និង​លក់រាយ​តម្លៃ​ 22,000រៀល​ ក្នុង​ 1គីឡូក្រាម​។

    លោក​ ឡាក់​ ហាក់​ បានឱ្យ​ដឹង​ថា​ តែ​នៅ​ខេត្តកោះកុង​មាន​ទុរេន​មួយ​បែប​ផ្សេង​ទៀត​ ហៅថា​ទុរេន​បុរាណ​ មានសាច់​ស្តើង​និង​គ្រាប់​ធំ​ មាន​ដើម​ខ្ពស់​ប្រមាណ​ 30​ម៉ែត្រ​ ខុសពី​ទុរេន​បច្ចុប្បន្ន​ តែ​ពូជ​នេះ​មិន​សូវ​ពេញនិយម​ទេ​ ហើយ​ពូជ​ទុរេន​ដែល​កសិករ​នៅ​ខេត្តកោះកុង​និយម​ចូលចិត្ត​ដាំ​នា​ពេល​បច្ចុប្បន្ន​ មាន​ដូច​ជា​ម៉ន​ថង​ ភួង​មុនី​ ឆៈ​នី​ ឪខា​ក់​ កាន​យ៉ាវ​ និង​ទុ​រេ​នឈៀង​ម៉ៃ​ ដែល​ដើម​វា​មាន​កម្ពស់​ត្រឹម​ 10ម៉ែត្រ​ប៉ុណ្ណោះ​ មានសាច់​ក្រាស់​ និង​គ្រាប់​តូច​។ នេះ​ជា​លក្ខណៈ​ពិសេស​សម្រាប់​សម្គាល់​ទុរេន​នៅ​ខេត្តកោះកុង​។

    សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​ ប្រជាកសិករ​បាន​នាំគ្នា​ងាក​មក​ដាំ​ទុរេន​ ដោយ​មូលហេតុ​ថា​ពួកគាត់​វិនិយោគ​លើ​ដំណាំ​ប្រភេទ​នេះ​សម្បូរ​ទីផ្សារ​(សម្បូរ​អ្នក​បរិភោគ​) ងាយស្រួល​លក់​ ហើយ​បាន​តម្លៃ​ខ្ពស់​ និង​តែង​មាន​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​ទៅ​ទិញ​ដល់​ចម្ការ​ និង​មាន​តម្រូវការ​ ក្នុង​ការនាំចេញ​ទៅក្រៅ​ប្រទេស​ទៀតផង​៕

  • គួរ​ឱ្យ​សរសើរ​!​!​ ​តារា​ ឧសភា​ ​ជោគជ័យ​ទាំង​សិល្បៈ​ ​ជោគជ័យ​ទាំង​ការសិក្សា​និង​ទទួល​បរិញ្ញាប័ត្រ​ដល់ទៅ២​

    គួរ​ឱ្យ​សរសើរ​!​!​ ​តារា​ ឧសភា​ ​ជោគជ័យ​ទាំង​សិល្បៈ​ ​ជោគជ័យ​ទាំង​ការសិក្សា​និង​ទទួល​បរិញ្ញាប័ត្រ​ដល់ទៅ២​

    ​ជៀសវាង​ពាក្យ​គេ​ថា​អ្នក​សិល្បៈ​ ​សុទ្ធតែ​រៀន​មិនបាន​ជ្រៅជ្រះ​ ​ប្រើប្រាស់​ភាសាអង់គ្លេស​មិនបាន​ល្អ​ដូច​តារា​សាសន៍​ដទៃ​ ​តារា​ ឧសភា​ ​ព្យាយាម​រាល់ថ្ងៃ​រហូត​ទទួលជោគជ័យ​គួរឱ្យមិនសរសើរមិនបាន។ ​ក្នុងនាម​ជាតា​រា​សម្ដែង​ ​ព្រមទាំង​ជាពិធី​ករ​ផង​នោះ​ ​លោក​ ​តារា​ ​ឧសភា​ ​កំពុងតែ​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​មហាជន​ ​ដោយសារតែ​លោក​គឺជា​តារា​ប្រុស​ដែល​មាន​ទម្រង់​មុខស្រស់​ស្អាត​ទាក់ទាញ​ដូច​តារា​កូរ៉េ​ ​ជាពិសេស​គឺ​មាន​ទេពកោសល្យ​សមត្ថភាព​សម្តែង​ច្រៀង​បាន​គ្រប់​ទម្រង់​ផង​ដែរ​។​

    ​តារា​ប្រុស​ដែល​មាន​ស្បែ​កស​ស្អាត​ ​ស្នាមញញឹម​ឆក់​ទាញចិត្ត​នា​រីៗ​រូប​នេះ​ ​ត្បិត​តែ​ជាតា​រា​ដែល​ទើបតែ​ប្រឡូក​វិ​ស័យ​សិស្​បៈ​ប៉ុន្មាន​ឆ្នាំ​ ​តែ​លោក​ហាក់​មានការ​គាំទ្រ​ ​និង​មមាញឹក​ជា​ខ្លាំង​ក្នុង​ការងារ​សម្តែង​ ​ក្នុង​វិស័យ​ភាពយន្ត​ ​ថ​ត​ស្ព​ត​ពាណិជ្ជ​កម្ម​ផ្សេង​ៗ​ ​និង​ការ​ថតរូប​សម្អាងការ​ជាដើម​។​

    ​ជាក់ស្តែង​បើ​ទោះបីជា​លោក​មមាញឹក​ខ្លាំង​ក្នុង​ការ​សិល្បៈ​ក្តី​ ​តែ​មិន​នឹកស្មាន​សោះ​ថា​ ​តារា​ប្រុស​រូប​ស្រស់​កម្ពស់​បាន​មួយ​រូប​នេះ​ ​ថែមទាំង​មានចំណេះ​ដឹង​ជ្រៅជ្រះ​ ​រៀនចប់​ទទួល​បាន​សញ្ញាបត្រ​ក្នុង​ជំនាញ​ដ៏​ពិសេស​មួយ​សោះ​។​ដោយ​នៅក្នុង​នោះ​ ​លោក​ ​តារា​ ​ឧសភា​ ​បាន​បង្ហោះ​រូបភាព​នៃ​ការ​ទទួល​សញ្ញាប័ត្រ​ ​ព្រមទាំង​រៀបរាប់​លើ​គណនី​ហ្វេ​សប៊ុ​ក​ផ្ទាល់ខ្លួន​ផង​ដែរ​ថា​៖​ ​«​ជៀសវាង​ពាក្យ​គេ​ថា​អ្នក​សិល្បៈ​ ​សុទ្ធតែ​រៀន​មិនបាន​ជ្រៅជ្រះ​ ​ប្រើប្រាស់​ភាសាអង់គ្លេស​មិនបាន​ល្អ​ដូច​តារា​សាសន៍​ដទៃ​ ​នេះ​គឺជា​ការ​ទទួល​បរិញ្ញាប័ត្រ​លើក​ទីពីរ​របស់ខ្ញុំ​ ​លើ​មុខវិជ្ជា​ ​គ្រប់គ្រង​ពាណិជ្ជកម្ម​ ​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​ ​បន្ទាប់ពី​ខ្ញុំ​បាន​បញ្ចប់​បរិញ្ញាប័ត្រ​អក្សរ​សាស្រ្ត​អង់គ្លេស​ ​ពី​ ​IFL​ ​នៅ​ឆ្នាំ​ ​2015​។​ ​ហើយ​ពួកគាត់​ទាំង​ ​3​ ​ជា​កំលាំង​ចិត្ត​ដ៏​ធំ​ក្នុង​ការជំរុញ​ ​និង​ជ្រោមជ្រែង​ ​ឱ្យ​ខ្ញុំ​បញ្ចប់​ការសិក្សា​ទាំងពីរ​សាកល​វិទ្យាល័យ​នេះ​ ​បាន​ដោយ​ជោគជ័យ​ ​ព្រោះ​កាល​ជំនាន់​ហ្នឹង​អត់​ទាន់​ចេះ​រកលុយ​ ​មានតែ​គាត់​ហ្នឹងហើយ​ជួយ​បង់ថ្លៃ​សាលា​ឱ្យ​ ​ហិ​ហិ​ ​Without​ ​dad​ ​&​ ​mum​ ​i​ ​wouldn’t​ ​be​ ​here​ ​»​។​

  • ទម្រង់​មុខ​ទាក់ទាញ​.​.​.​តារា​សម្ដែង​វ័យក្មេង​ ​ម៉ក់​ ​ឈុន​លី​ ​ក្ដោប​ទីផ្សារ​ថ​ត​ស្ព​ត​ពាណិជ្ជកម្ម​ឱ្យ​ក្រុម​ធំៗ​ច្រើន​នៅក្នុង​ស្រុក

    ទម្រង់​មុខ​ទាក់ទាញ​.​.​.​តារា​សម្ដែង​វ័យក្មេង​ ​ម៉ក់​ ​ឈុន​លី​ ​ក្ដោប​ទីផ្សារ​ថ​ត​ស្ព​ត​ពាណិជ្ជកម្ម​ឱ្យ​ក្រុម​ធំៗ​ច្រើន​នៅក្នុង​ស្រុក

    ​ត្បិត​ទើប​ប្រឡូក​សិល្បៈ​មួយរយៈពេល​ខ្លី​ក៏​ពិតមែន​ ​ប៉ុន្តែ​តារា​សម្តែង​វ័យ១៦ឆ្នាំ​ ​ម៉ក់​ ​ឈុន​លី​ ​ក្រ​សោប​បាន​ស្ព​ត​ពាណិជ្ជ​កម្ម​ធំៗ​ក្នុង​ស្រុក​ជាច្រើន​ ​ដោយសារ​ ​រូបរាង​ ​សមត្ថភាព​ ​និង​ទេពកោសល្យ​របស់​ខ្លួន​។​

    ​តារា​ប្រុស​មុខស្រស់​រូប​នេះ​ ​បាន​បញ្ជាក់​ថា​ ​ខណៈ​ខ្លួន​បាន​រួមការ​សម្ដែងរឿង​ភាគ​ ​និង​ស្ព​ត​ពាណិជ្ជកម្ម​ក្រុម​ហ៊ុន​ធំៗ​ក្នុង​ស្រុក​ជាច្រើន​បាន​បញ្ចេញ​លើ​ទីផ្សារ​ភាគច្រើន​ ​ហើយ​គេ​តែង​សង្កេតឃើញ​វត្តមាន​តារា​សម្តែង​វ័យក្មេង​នេះ​សម្ដែង​ជាមួយ​តា​រា​ល្បី​ៗ​តែម្ដង​។​ ​ចំពោះ​តម្លៃ​ខ្លួន​យ៉ាងណា​នោះ​ ​ឈុន​លី​ ​សុំ​មិន​បញ្ជាក់​នោះ​ឡើយ​ ​ខណៈ​ទីផ្សារ​នៃ​ការ​ថ​ត​ស្ព​ត​ពាណិជ្ជកម្ម​មានសន្ទុះ​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​ ​ប៉ុន្តែ​សព្វថ្ងៃ​នេះ​ ​កំលោះ​សង្ហារ​រូប​នេះ​ ​មិនទាន់​ទទួល​ធ្វើជា​អ្នកតំណាង​ផ្តាច់​មុខ​ឱ្យ​ផលិតផល​ ​ឬ​ក្រុមហ៊ុន​ណាមួយ​ទេ​ ​ទោះបី​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ធ្វើការ​ទំនាក់ទំនង​រូបគេ​ក៏ដោយ​។​

    ​ក្រៅពី​ការ​សម្តែង​ការ​ថ​ត​ស្ព​ត​ពាណិជ្ជកម្ម​ ​ឈុន​លី​ ​បញ្ជាក់​ថា​ ​គេ​មាន​សមត្ថភាព​ធ្វើជា​ពិធីករ​តាមកម្ម​វិធី​បាន​ផង​ដែរ​ ​ថែមទាំង​ចូលចិត្ត​ផលិត​វីដេអូ​ខ្លី​ៗ​ថែមទៀត​ផង​។​ ​តួយ៉ាង​ ​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ​ ​វីដេអូ​កំប្លែង​ស្ងួត​របស់​តារា​ ​instagram​ ​ដ៏​ល្បី​បាន​ ​ក៏​មាន​វត្តមាន​ ​ម៉ក់​ ​ឈុន​លី​ ​ចូលរួម​សម្តែង​ផង​ដែរ​។​ ​មិន​ត្រឹម​មាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​នោះ​ទេ​ ​សព្វថ្ងៃ​ ​ឈុន​លី​ ​ក៏​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន​ដែរ​ ​គឺ​ការ​លក់​ផលិតផល​ថែរក្សា​សម្រស់​តាម​អន​ឡាញ​។​

  • កម្ពុជា​នឹង​ប្រកាស​មុខ​របរ​ចំនួន​ 10មុខ​ ដែល​ជនបរទេស​មិន​អាច​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​បាន​

    កម្ពុជា​នឹង​ប្រកាស​មុខ​របរ​ចំនួន​ 10មុខ​ ដែល​ជនបរទេស​មិន​អាច​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​បាន​

    បច្ចុប្បន្ន​នេះ​ ដោយសារតែ​ចរន្ត​នៃ​ការប្រែប្រួល​ និង​ស្រប​ពេល​ដែល​កម្ពុជា​ស្ថិត​ជាស​មា​ជិ​កអាស៊ាន​រួម​ទាំង​ជាស​មា​ជិ​កស្ថាប័ន​អន្តរជាតិ​សំ​ខាន់​ៗមួយ​ចំនួន​ទៀត​ បាន​ធ្វើ​ឱ្យ​កម្ពុជា​បើកចំហ​ការ​វិនិយោគ​កាន់តែ​ទូលំទូលាយ​ដល់​ជនបរទេស​ដើម្បី​មក​បណ្តាក់​ទុន​រកស៊ី​នៅ​កម្ពុជា​។

    កំណើន​នៃ​ការ​វិនិយោគ​ និង​ចូល​មករ​កស៊ី​នៅ​កម្ពុជា​របស់​ជនបរទេស​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ពី​ផល​វិជ្ជមាន​ផង​ និង​អវិជ្ជមាន​ផង​។ ផល​វិជ្ជមាន​ គឺ​ធ្វើ​ឱ្យ​មានការ​កើនឡើង​នូវ​សំណង់​អគា​រថ្មីៗ​ ចង្វាក់​ផលិតកម្ម​ រួម​ទាំង​តំបន់​ទំនើប​ៗជាច្រើន​ដែល​កើត​ចេញពី​ការ​វិនិយោគ​ តែ​ទន្ទឹម​នឹង​នោះ​ ប្រជាជន​ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​ពី​បាត់បង់​ទីផ្សារ​ការងារ​ និង​មុខរបរ​មួយ​ចំនួន​ដែល​កើតឡើង​ដោយសារតែ​ចូល​មក​របស់​ជនបរទេស​មួយចំនួន​។

    អ្នកនាំពាក្យ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឯកឧត្តម​ ហេង​ សួរ​ បាន​លើកឡើង​ថា​ ឆាប់​ៗខាងមុខនេះ​ក្រសួងការងារ​ នឹង​ដាក់ចេញ​នូវ​ប្រកាស​ដើម្បី​ទប់ស្កាត់​ជនបរទេស​មិន​ឱ្យ​មាន​សកម្មភាព​ស្វ័យ​និ​យោ​ជ ឬហៅ​សាមញ្ញ​ថា​ បង្កើត​មុខរបរ​ផ្ទាល់ខ្លួន​លើ​ប្រភេទ​មុខរបរ​ និង​ការងារ​ចំនួន10​ ដូចជា​ មុខរបរ​បើក​យានយន្ត​ ដូចជា​ តាក់ស៊ី​ ម៉ូតូ​កង់3​ ម៉ូតូឌុប​ លក់ដូរ​តាម​ផ្លូវ​ ឬតាម​រទះ​រុញ​ កាត់សក់​ ចែកចាយ​ផលិតផល​ និង​ការ​ធ្វើអាជីវកម្ម​ខ្នាត​តូច​ ជាដើម​ ដែល​មុខរបរ​ទាំងអស់​នេះ​ភាគច្រើន​ជាសកម្ម​ភាព​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។

    ក្រៅពី​នេះ​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក៏​នឹង​ហាមឃាត់​ផង​ដែរ​ចំពោះ​ជនបរទេស​មិន​ឱ្យ​កាន់​តួនាទី​ជា​ប្រធាន​ផ្នែក​ធនធានមនុស្ស​ ឬបុគ្គលិក​នៅក្នុង​សហគ្រាស​ ឬគ្រឹះស្ថាន​ឯកជន​ជាដើម​ទៀត​ផង​។ យោង​លើ​បទដ្ឋាន​សុវត្ថិភាព​ និង​សុខភាព​ការងារ​រួម​ទាំង​ការធានា​សេចក្តី​ថ្លៃថ្នូរ​ និង​គុណភាព​សេវាកម្ម​របស់​និយោជក​ អធិការ​ការងារ​របស់ក្រ​សួង​ការងារ​ នឹង​ចាប់ផ្តើម​ផាកពិន័យ​លើ​សហគ្រាស​ និង​គ្រឹះស្ថាន​ទាំងឡាយ​ណា​ដែល​មិន​មាន​បិទ​សញ្ញាការ​ ឬបញ្ជី​ផលិតផល​ ឬបញ្ជី​ម្ហូប​ ឬបញ្ជី​សេវាកម្ម​ជា​ភាសាខ្មែរ​ថែមទៀត​។

    ឯកឧត្តម​ ហេង​ សួរ​ បាន​ថ្លែង​ថា​៖ “ក្រៅពី​ការកំណត់​មុខរបរ​ និង​ការងារ​ដែល​ជនបរទេស​ធ្វើ​ស្វ័យ​និ​យោ​ជ កន្លងមក​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក៏បាន​កំណត់​នូវ​ច្បាប់​មួយចំនួន​ផង​ដែរ​លើ​ជនបរទេស​ដែល​មក​ស្នាក់នៅ​ និង​ធ្វើការងារ​នៅ​កម្ពុជា​”។ ឯកឧត្តម​ ហេង​ សួរ​ បាន​បន្ថែម​ទៀត​ថា​ តាម​ច្បាប់​ វិនិយោគិន​បរទេស​ដែល​មក​ស្នាក់​ជាប្រចាំ​ និង​ធ្វើការងារ​នៅ​កម្ពុជា​ ត្រូង​បង់ប្រាក់​ចូល​ថវិកាជាតិ​ប្រមាណ​ 360ដុល្លារ​ក្នុង​ 1ឆ្នាំ​ ដោយ​ក្នុង​នោះ​ពួកគាត់​ត្រូវ​បង់​អាករ​លើ​ទិដ្ឋាការ​ស្នាក់នៅ​បណ្តោះអាសន្ន​រយៈពេល​វែង​ចំនួន​ 180ដុល្លារ​ក្នុង​ 1ឆ្នាំ​ បង់​អាករ​ប័ណ្ណ​ ឬសៀវ​ភៅ​ការងារ​ប្រមាណ​ 130ដុល្លារ​ក្នុង​ 1ឆ្នាំ​ និង​បង់​អាករ​ស្នើសុំ​កូតា​ប្រើប្រាស់​ជនបរទេស​ចំនួន​ 50ដុល្លារ​បន្ថែម​ទៀត​។

    ចំពោះ​សហគ្រាស​ និង​គ្រឹះស្ថាន​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជនបរទេស​បាន​ លុះត្រាតែ​ស្ថាប័ន​នោះ​បាន​បង្ហាញ​ពី​ការ​ផ្តល់​អាទិភាព​ និង​ខិតខំ​ជ្រើសរើស​ជនជាតិ​ខ្មែរ​ជាមុន​សិន​ ឬមានការ​បញ្ចាក់​ថា​ ជនបរទេស​នោះ​មាន​ជំនាញ​ខ្ពស់​ដែល​នៅ​កម្ពុជា​មិនទាន់​មាន​។ ក្រៅពី​នេះ​អាជីវកម្ម​ដែល​អាច​អនុញ្ញាត​ផង​ដែរ​នោះ​ គឺ​ភាគច្រើន​ជា​អាជីព​ដែល​កម្ពុជា​មិន​មាន​លទ្ធភាព​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​សម្រាប់​អ្នក​វិនិយោគ​នោះ​បាន​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចាប់ផ្តើម​ពី​ការ​ចេញ​វិធានការ​ទាំងអស់​នេះ​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ចាប់ផ្តើម​អនុវត្ត​សកម្មភាព​ដើម្បី​ធ្វើ​យ៉ាងណា​ការពារ​ និង​ធានា​នូវ​មុខរបរ​មួយចំនួន​ដូច​បាន​កំណត់​សម្រាប់​ប្រជាជន​ខ្មែរ​។ ក្រៅពី​នេះ​ វា​ក៏​ជា​ចំណុច​វិជ្ជមាន​មួយ​ផង​ដែរ​ ដើម្បី​កំណត់​ និង​ជំរុញ​ឱ្យ​ជនបរទេស​វិនិយោគ​លើ​ចំណុច​ទាំងឡាយ​ណា​ដែល​កម្ពុជា​មិន​ទាន់​មាន​ ឬធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ចំណុច​ខ្វះខាត​ដែល​យើង​មិនទាន់​បាន​បំពេញ​ឱ្យ​គ្រប់ជ្រុងជ្រោយ​៕

  • បាន​ ​មុ​ន្នី​ល័ក្ខ​ ​តំណាង​ពី​កម្ពុជា​ចេញទៅ​ច្រៀង​តន្ត្រី​មិត្តភាព​អាស៊ាន​ឆ្នាំ២០១៩​ ​នៅ​ប្រទេស​ថៃ​ ​

    បាន​ ​មុ​ន្នី​ល័ក្ខ​ ​តំណាង​ពី​កម្ពុជា​ចេញទៅ​ច្រៀង​តន្ត្រី​មិត្តភាព​អាស៊ាន​ឆ្នាំ២០១៩​ ​នៅ​ប្រទេស​ថៃ​ ​

    ​តារាចម្រៀង​សំនៀង​ក្រអួន​ស្រី​ស្រស់​សោភា​ ​កញ្ញា​បាន​ ​មុ​ន្នី​ល័ក្ខ​ ​ត្រូវ​បាន​ជ្រើសរើស​ជាតា​រា​ចម្រៀង​តំណាង​ពី​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ប្រគំតន្ត្រី​ទ្រង់ទ្រាយ​ធំ​មួយ​នៅដើម​ខែសីហា​ខាងមុខនេះ​។​ ​នាង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លើកមុខ​មាត់​ជាតិ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រគំតន្ត្រី​នៅ​ប្រទេស​ថៃ​ដែល​មាន​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ចូលរួម​រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ​។​

    ​កម្មវិធី​ប្រគំតន្ត្រី​នេះ​មានឈ្មោះ​ថា​ ​“​ការ​ប្រគំតន្ត្រី​មិត្តភាព​អាស៊ាន​ឆ្នាំ២០១៩​”​ ​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​វិទ្យុ​ថៃ​ ​នៅ​ក្រោម​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​របស់​រដ្ឋាភិបាល​។​ ​កម្មវិធី​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី០៣ខែសីហា​ ​ឆ្នាំ២០១៩នៅ​មហោស្រព​ ​Aksara​ ​King​ ​Power​ ​Building​ ​ ​នាទី​ក្រុង​បាងកក​ប្រទេស​ថៃ​ ​ក្រោម​ការចូលរួម​ពី​អ្នកចម្រៀង​ទាំង១០ប្រទេស​នៃ​តំបន់​អាស៊ាន​ ​និង​តារាចម្រៀង​មក​ពី​ប្រទេស​ចិន​ ​។​ ​កម្មវិធី​នេះ​ក៏​នឹង​ធ្វើការ​ផ្សាយ​ផ្ទាល់​ ​និង​ចាក់​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ ​វិទ្យុ​ ​និង​ទូរទស្សន៍NBT​ ​របស់​ថៃ​ផង​ដែរ​។​ ​

    ​តារាចម្រៀង​ ​បាន​ ​មុនី​ល័ក្ខ​ ​បាន​បញ្ជាក់​ថា​ ​នាង​ពិតជា​រំភើប​និង​មោទនភាព​សម្រាប់​ឱកាស​ ​ទទួល​បានការ​អញ្ជើញ​ដ៏​មាន​កិត្តិយស​មួយ​នេះ​ ​ហើយក៏​ស្ថិត​ក្នុងនាម​ជាតា​រា​ចម្រៀង​តំណាង​ពី​កម្ពុជា​។​ ​នាង​ថា​ ​នេះ​គឺជា​លើកទីមួយ​ដែល​ទទួល​បាន​ឱកាស​មួយ​នេះ​ ​ហើយ​នាង​បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ច្រៀង​នៅ​លើ​ឆាក​តន្ត្រី​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​ដោយ​នាង​មាន​ទាំង​បទនិពន្ធ​ថ្មី​ផ្ទាល់ខ្លួន​ ​ដែល​មានខ្លឹមសារ​លើកទឹកចិត្ត​ស្ត្រី​ ​បទចម្រៀង​រួមគ្នា​ជាមួយ​តារាចម្រៀង​មក​ពី​ប្រទេស​នានា​ជាដើម​។​ ​នាង​បញ្ជាក់​ដែរ​ថា​ ​បច្ចុប្បន្ន​កំពុងតែ​មមាញឹក​ហ្វឹកហាត់​បទចម្រៀង​ទាំងនេះ​ដើម្បី​ប្រាកដ​ថា​ឲ្យ​សាក​សម​ទៅ​នឹង​កិត្តិយស​ដែល​ទទួល​បាន​។​ ​នាង​ថាតាម​ការ​គ្រោងទុក​នាង​នឹង​ចាកចេញ​ពី​កម្ពុជា​នៅ​ថ្ងៃទី៣១ខែកក្កដា​ ​ឆ្នាំ២០១៩នេះ​ ​និង​ត្រូវ​ធ្វើការ​ហាត់​សម​រួមគ្នា​ជាមួយ​តារាចម្រៀង​មក​ពី​បណ្តា​ប្រទេស​នានា​ ​មុន​ពេល​ព្រឹត្តិ​ការណ៍​ប្រគំតន្ត្រី​ផ្ទាល់​បាន​មកដល់​។​ ​នាង​នឹង​ព្យាយាម​ឲ្យអស់​ពី​លទ្ធភាព​ក្នុង​ការ​ហ្វឹកហាត់​ច្រៀង​បទចម្រៀង​ផ្ទាល់ខ្លួន​ ​និង​បទចម្រៀង​រួម​ជាមួយ​តារាចម្រៀង​ក្នុង​តំបន់​ ​ហើយ​នាង​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​សម្បើម​មួយ​នេះ​៕​