កីឡាករ Christiano Ronaldo របស់ក្លិបអ៊ីតាលី Juventus បាននិយាយសរសើរអតីតមិត្តរួមក្រុមរបស់ខ្លួនកាលនៅ Manchester United ថា បើសិនជាមានឱកាស រូបគេចង់លេងជាមួយ Rooney ម្តងទៀត។ ជាមួយគ្នានេះដែរ Ronaldo បានបន្តថា កីឡាករ Wayne Rooney គឺជាកីឡាករដែលមានកម្លាំង គេរត់ពេញតារាងដើម្បីស្វែងរកឱកាស ហើយមានទាំងកម្លាំងកាយ និង កម្លាំងចិត្ត។
គួរបញ្ជាក់ផងដែរថា កីឡាករទាំង2 ធ្លាប់លេងជាមួយគ្នាកាលពីនៅ Manchester United តាំងពីទសវត្សរ៍ឆ្នាំ2000។ តែពេលនេះកីឡាករ Cristiano Ronaldo នៅជាប់កុងត្រាជាមួយក្លិប Juventus រយៈពេល 4ឆ្នាំ ខណៈកីឡាករ Wayne Rooney ជាប់កុងត្រាជាមួយក្លិបអាមេរិក DC United រយៈពេលជិត 3ឆ្នាំទៀត៕
Category: សង្គម និងសេដ្ឋកិច្ច

Ronaldo ថា ប្រសិនបើមានឱកាស ខ្លួនចង់លេងជាមួយ Rooney សាជាថ្មី

អេរិក ប៉ែនភារុន កូនខ្មែរ សញ្ជាតិអាមេរិកាំង ត្រូវជួបកីឡាករឥណ្ឌូនេស៊ី នៅលើទឹកដីហ្វីលីពីន
កាលពីការបញ្ជាក់ពីគណនីហ្វេសប៊ុករបស់កីឡាករ អេរិក ប៉ែនភារុន ម្ចាស់ខ្សែក្រវាត់ WBA Asia បានឱ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការប្រកួតនាចុងសប្តាហ៍នេះក្នុងប្រភេទទម្ងន់ធ្ងន់មួយនៅប្រទេសហ្វីលីពីន។
កីឡាករប្រដាល់សកលខ្មែរ សញ្ជាតិអាមេរិក អេរិក ប៉ែនភារុន នឹងឡើងប្រកួតជាលើកទី4 របស់គេនៅថ្ងៃទី3 ខែសីហា ឆ្នាំ2019 នៅឯប្រទេសហ្វីលីពីន ជាមួយអ្នកលេងកណ្ដាប់ដៃមកពីឥណ្ឌូនេស៊ី David Koswara។
គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះមានឪពុកម្តាយជាអ្នកខេត្តកំពត ក្រោយមកក៏ទៅរស់នៅសហរដ្ឋអាមេរិក ដែលចុងក្រោយកីឡាកររូបនេះបានមកហាត់ប្រដាល់នៅប្រទេសវៀតណាម ដោយប្រកួតមិនដែលចាញ់ឡើយជាមួយនឹងស្ថិតិការប្រកួត 3លើក ឈ្នះទាំង 3លើក៕
ស៊ីហ្គេមឆ្នាំនេះ ធឿន ធារ៉ា នឹងបង្ហាញមុខនៅហ្វីលីពីនក្នុងវិញ្ញាសាប្រដាល់បុរាណ
ជើងខ្លាំងប្រដាល់គុនខ្មែរ ធឿន ធារ៉ា នឹងត្រូវប្រកួតតំណាងឱ្យកម្ពុជាដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣30 ឆ្នាំ2019 នៅឯប្រទេសហ្វីលីពីនក្នុងប្រភេទកីឡាប្រដាល់បុរាណ។
ចំពោះកីឡាប្រដាល់បុរាណនេះ កាលពី SEA GAMES ឆ្នាំ2017 កម្ពុជាធ្វើបានយ៉ាងល្អ ដោយប្រកួតក្នុង 5វិញ្ញាសា ទទួលបានមេដាយមាស 1គ្រឿង មេដាយប្រាក់ 1គ្រឿង និងមេដាយសំរិទ្ធ 2គ្រឿង។
គួរបញ្ជាក់ដែរថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី30 ឆ្នាំ2019 នឹងចាប់ផ្តើមនៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2019 និង បិទបញ្ចប់ទៅវិញនៅថ្ងៃទី11 ខែធ្នូ ឆ្នាំ2019៕
កូនស្រីតារាកំប្លែង អ្នកនាង អ៊ីត ឆ្លងផុតវគ្គជម្រុះមួយទៀតហើយ
កម្មវិធីលំដាប់ពិភពលោក X-Factor Cambodia ក្រោយពីជម្រុះរយៈ៤សប្តាហ៍ក្នុងវគ្គJudge Audition ដោយជ្រើសរើសបានបេក្ខជន បេក្ខនារីមានសមត្ថភាពសំលេងពិរោះជាច្រើន មកពីបណ្តាលរាជធានី-ខេត្ត។
ដោយឡែកនាយប់ថ្ងៃទី០៤ ខែសីហានេះ បានចូលដល់វគ្គពិសេសមួយទៀតហើយដែលមានឈ្មោះថា វគ្គ BOOTCAMP ដែលតម្រូវឲ្យបេក្ខជនចាប់គ្នាជាក្រុមពី៣នាក់ទៅ៤នាក់ ចាប់យកបទចម្រៀង មកមកធ្វើការប្រកួតប្រជែងក្រោមការជ្រើសរើសដោយផ្ចិតផ្ចង់ពីគណៈកម្មការល្បីៗទាំងបួន មានលោកខេមរៈ សេរីមន្ត លោកណុប បាយ៉ា រិទ្ធិ អ្នកនាងឱក សុគន្ធកញ្ញា និងកញ្ញា សុខ ដោយស៊ីឡាលីន ដែលសុទ្ធសឹងជាតារាចម្រៀងជួរមុខ មានសំឡេងពិរោះ និងល្បីល្បាញជាច្រើនឆ្នាំមកហើយ។
គួរបញ្ជាក់ផងដែរថា ក្រុមដំបូង ដែលមានមានបេក្ខជន៤រូប គឺនឿថង – រស្មី – ស្រីណាន – ចិន្តា ដែលសុទ្ធសឹងជាជើងខ្លាំងវគ្គJude Auditon ដោយវគ្គនេះលើកយកបទ «អ្នកមិនអន់ទេ » មកធ្វើការប្រកួតប្រជែងគ្នា ដោយមួយក្រុម ជាប់បួន និងធ្លាក់មួយ។ តែនៅក្នុងនោះ បេក្ខនារី ង៉ា ស្រីណាន គឺជាកូនស្រីតែម្នាក់របស់តារាកំប្លែងអ្នកនាង អ៊ីត នៅតែបន្ដធ្វើបានល្អ ហើយឆ្លងផុតវគ្គជម្រុះមួយនេះ ។ កាន់តែជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោម៖


ចង់បានសក់ស្រស់ស្អាតគួរធ្វើដូចម្តេចខ្លះ?
គ្រប់គ្នាសុទ្ធតែចង់បានសក់ដែលមានសុខភាពល្អ វែង រលោង រលាស់ស្អាតទាំងអស់ ប៉ុន្តែគួរឱ្យសោកស្តាយដែលភាពស្រស់ស្អាតនេះមិនអាចផ្តល់ឱ្យមនុស្សគ្រប់គ្នាបានទេ ព្រោះថា បើមានត្រឹមតែចិត្តចង់បាន ប៉ុន្តែមិនព្រមព្យាយាមអនុវត្តតាមការណែនាំទេនោះ ក៏ទុកដូចជាគ្មានន័យអ្វីដែរ។ ទំព័រនេះ ឡារ៉ែន សូមជម្រាបថា សក់ស្អាត ទន់រលោង មានសំណើម ព្រមទាំងរឹងមាំដូចបំណង ប្រសិនបើអ្នកអនុវត្តតាមការណែនាំមួយចំនួនដូចខាងក្រោមនេះ៖
ចៀសវាងរបស់ក្តៅ : វាអាចនឹងពិបាកបន្តិចសម្រាប់អ្នកដែលត្រូវការលេងម៉ូដសក់ជាប្រចាំ ប៉ុន្តែបើអាចអ្នកគួរតែកាត់បន្ថយខ្លះទៅ។ ប្រើផលិតផលជំនួយសក់មុននឹងក្រោយពេលធ្វើសក់ ក៏ជារឿងមួយដែលអ្នកគួរតែយកចិត្តទុកដាក់ដូចគ្នាដែរ។
តម្រឹមសក់ : សក់លាបពណ៌ងាយនឹងបែកចុងជាទីបំផុត ដូច្នេះអ្នកគួរតែតម្រឹមវាជារៀងរាល់ខែ (ត្រឹមតែកន្លះអីុញក៏បាន ប្រសិនបើអ្នកបារម្ភខ្លាចថាវាមិនងាយវែង)។
អប់សក់ : បន្ទាប់ពីកក់សក់រួច អ្នកគួរតែបន្ថែមការការពារ និងថែរក្សាសក់ ដោយការអប់សក់ ព្រោះថាការអប់សក់ត្រូវបានគេទុកថា ជាវិធីបន្ថែមសំណើម និងភាពភ្លឺរលោងដល់សក់ និងជួយកាត់បន្ថយសក់បែកចុងផងដែរ។
ប្រដាប់ចងសក់ : កុំប្រើកៅស៊ូ ឬដង្កៀបគាបសក់ដែលតឹងខ្លាំងពេក ព្រោះវាអាចបណ្តាលឱ្យសក់បាក់ ឬដាច់បានយ៉ាងងាយ។
ក្រាសសិតសក់ : “ការប្រើក្រាសសិតសក់ធ្មេញរង្វើល នៅតែល្អជាងក្រាសសិតសក់ធ្មេញញឹកជានិច្ច” សូមចងចាំប្រយោគមួយឃ្លានេះទុក ហើយក៏ត្រូវធ្វើតាមផងដែរ។
ស្វែងរកផលិតផលដែលត្រូវនឹងប្រភេទសក់ : មានផលិតផលច្រើនប្រភេទណាស់ដែលដាក់លក់នៅលើទីផ្សារ ប៉ុន្តែមិនមែនគ្រប់ផលិតផលដែលអ្នកយកមកប្រើសុទ្ធតែមានប្រយោជន៍ចំពោះសក់របស់អ្នកនោះទេ ដូច្នេះសូមកុំភ្លេចជ្រើសរើសផលិតផលណាដែលមានគុណភាពល្អ ជាពិសេសបំផុតគឺវាស័ក្តិសមជាមួយសភាពសក់របស់អ្នក៕
លោកសង្ឃតាក់ស៊ី លាចាកសិក្ខាបទ (សឹក) នៅព្រឹកថ្ងៃនេះ
មួយរយៈមុនមហាជនគ្រប់ស្រទាប់វណ្ណៈ សម្តែងនូវការចាប់អារម្មណ៍ជាខ្លាំង នឹងដំណឹងចង់ទៅបួស ជាព្រះសង្ឃពីសំណាក់ តារាកំប្លែង នាយ តាក់ ស៊ី។
តែយ៉ាងណា នៅតែមានទស្សនិកជនមួយចំនួនធំ ហាក់មិនជឿនោះឡើយថា នាយ តាក់ ស៊ី សម្រេចចិត្តចាកចោលប្រពន្ធកូន ទៅបួសមែននោះ ព្រោះតែកន្លងមកនាយក៏ធ្លាប់និយាយបែបនេះ ម្តងជាពីរដងរួចហើយដែរ។ ខណៈគ្រប់គ្នាកំពុងរងចាំមើល ទីបំផុតនាយ មិនបានកុហក ឬថាឱ្យតែរួចពីមាត់នោះឡើយ គឺនាយបានទៅបួសប្រាកដមែន ដោយក្នុងពិធីបំបួស មានការចូលរួមពីសំណាក់ លោកតា វ៉ិចទ័រ និងក្រុមកំប្លែង ព្រមទាំងក្រុមគ្រួសារផងដែរ។
បួសមិនទាន់បានប៉ុន្មានខែផង ស្រាប់តែលោកសង្ឃតាក់ស៊ី បែរជាលាចាកសិក្ខាបទ (សឹក) នៅថ្ងៃនេះវិញហើយ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ដោយសារស្ថានភាពសុខភាពកាន់តែដុនដាបខ្លាំងឡើង។ ការលាចាកសិក្ខាបទរបស់ព្រះតេជគុណតាក់ស៊ី គឺនៅចំពោះមុខព្រះមេគុណខេត្តកំពង់ស្ពឺ និងព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទជាច្រើននាក់ទៀតផង។ ក្នុងពីធីនេះ ដែរ គេឃើញព្រះតេជគុណតាក់ស៊ី បានស្រក់ទឹកភ្នែកជោគផែនថ្ពាល់ ស្តាយមិនគួរណាបួសបានរយៈពេលខ្លីបែនេះ។ មូលហេតុដែលមិនអាចនៅបន្តសាងផ្នួសបានដោយសម្រេចចិត្តសឹកវិញ គឺដោយសារតែស្ថានភាពសុខភាពមួយមុខគត់ ពោលគឺអាការជំងឺទឹកនោមផ្អែមធ្វើទុក្ខ មិនអាចប្រតិបត្តិធម៌វិន័យ បម្រើព្រះពុទ្ធសាសនាតទៅទៀតបាន៕


ភរិយា សុខ ជំនោរ សម្រាលបានកូនស្រីហើយគួរឱ្យស្រឡាញ់ណាស់
ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងដ៏ល្បីម្នាក់ឈ្មោះ សុខ ជំនោរ។ ដោយឡែកនៅព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៩នេះ លោកទើបទទួលបានដំណឹងល្អមួយ ដោយភរិយារបស់លោក បានសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។
ក្នុងនោះ លោកក៏បានភ្ជាប់សារបញ្ជាក់ផងដែរថា “សុខលាភពិមាន ម៉ោង៥:៣០ព្រឹក ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩ (កូនទម្ងន់១.៩គីឡូ) ”។ លោកក៏បានបន្ថែមទៀតថា “សូមគោរពថ្លែងអំណរគុណចំពោះញាតិមិត្ត ក្រុមការងារ មិត្តភក្តិ សាច់ញាតិ និងមិត្តភក្តិរាប់អានក្នុងបណ្តាញសង្គមដែលបានចូលរួមអបអរសាទរ និងជូនពរដល់ភរិយាខ្ញុំ។ ពួកយើងខ្ញុំទទួលបានកូនស្រី ព្រមព្រៀងដាក់នាមថា សុខ លាភពិមាន។ ខណៈនេះ ទាំងម្តាយទាំងកូនមានសុខភាពល្អជាប្រក្រតី។ សូមអរគុណ និងសូមមានសុខភាពល្អ សុភមង្គលគ្រប់ៗគ្រួសារ។ យ៉ាងខ្លីគឺល្អណាស់កូនស្រី ដែលមុខកាត់រកម៉ាក់ មិនកាត់រកប៉ាសូម្បីតែសម្បុរ”។
គួររំឭកថាមង្គលការរបស់កវី សុខ ជំនោរ ជាមួយកូនប្រមុំដ៏ស្រស់សោភា ឈ្មោះ ស្រី សុរង្សី បានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ អគារ F ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម ដែលធ្វើឱ្យកូនកម្លោះកូនក្រមុំត្រេកអរញញឹមបិតមាត់មិនជិតឡើយ។ យ៉ាងណាមិញ ថ្មីៗនេះផងដែរ លោក សុខ ជំនោរ ក៏មានដំណឹងល្អមួយទៀត ដោយបានផ្លាស់ប្តូរមុខមាត់ថ្មី ឡើងងារជាឯកឧត្តម ដែលមានមុខតំណែងជាទីប្រឹក្សាក្រសួងព័ត៌មាផងដែរ៕


មានដំណឹងល្អហើយអ្នកនាង ឱក សុគន្ធកញ្ញា តាំងគភ៌ហើយ
ដូចប្រិយមិត្តបានជ្រាបកន្លងទៅនេះថា នៅពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ពេញបណ្តាញសង្គមហ្វេសប៊ុកពិតជាកក្រើកនូវពិធីមង្គលការរបស់តារាចម្រៀងដ៏ល្បីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសគឺ ឱក សុគន្ធកញ្ញា ជាមួយលោក អ៊ឹង សុខលី។ មង្គលការមួយនោះពិតជាល្បីអធឹកអធមខ្លាំងណាស់ ស្ទើរតែពេញហ្វេសប៊ុក និងសារព័ត៌មានតូចធំៗបានចុះផ្សាយព្រោងព្រាតពេញផ្ទៃប្រទេសតែម្ដង។
ក្រោយពីរៀបការ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី ក៏មានដំណើរកម្សាន្តដ៏វែងឆ្ងាយមួយទៅកាន់ប៉ែកអឺរ៉ុប ហើយក៏បានឆ្លងកាត់ប្រទេសមួយចំនួនហើយ ដែលមានដូចជា ប្រទេសបារំាង, ហូឡង់, អាល្លឺម៉ង់, អូទ្រីស និងប្រទេសអ៊ីតាលី។ ក្នុងនោះ គេក៏បានឃើញពួកគាត់បានផ្តិតយករូបភាពស្អាតៗ ប្លែកៗ និងគួរឲ្យទាក់ទាញ មកបង្ហាញជូនបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកឲ្យបានឃើញដែរ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកដែលបានឃើញមានអារម្មណ៍រំភើប និងសប្បាយជំនួស។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៩ តារារូបនេះបានបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងបានភ្ជាប់សារដ៏សែនរំភើបក្នុងចិត្តមួយថា “ពួកយើងកំពុងរង់ចាំការមកដល់របស់គាត់..! We are waiting for you baby.. “។ ក្រោយពីឃើញបែបនេះហើយ ធ្វើឱ្យអ្នកគាំទ្រចូល comment អបអរសាទរ ហើយមានអ្នកខ្លះពោលថា “អបអរសាទរអាយដល ពេលនេះ អាយដលមានបុត្រហើយ ជូនពរឱ្យមានសុខភាពល្អ” មានអ្នកខ្លះទៀតបន្ថែមថា “ប្រហែលស្រលាញ់កូនប្រុសហើយមើលទៅ អាយដល”៕


ហេង ស្រីពេជ្រ ឡើងកូដការងារសម្តែង តែត្អូញត្អែររឿងគូអនាគត
តារាសម្តែងដែលលេចមុខស្ទើរគ្រប់រឿងជាតួអង្គបែបអ្នកមាន លោកស្រី លោកជំទាវ ព្រោះមានសាច់ឈាមស័ក្តិសម សាច់ទ្រលុតទ្រលន់ ហេង ស្រីពេជ្រ កាន់តែលេចធ្លោនឹងការងារសិល្បៈ បន្ទាប់ពីតារាស្រីរូបនេះ ទទួលបានឱកាសសម្តែងជាច្រើនបន្តបន្ទាប់។ ទោះជាយ៉ាងណា នាងនៅតែប្រកាសថា មិនមានបុរសណាម្នាក់ ដែលធ្វើឱ្យនាងបាក់ចិត្តស្រឡាញ់នៅឡើយទេ។
ដូចប្រិយមិត្តអ្នកអានបានស្គាល់ហើយថា តារាស្រី ហេង ស្រីពេជ្រ នៅតែមានសន្ទុះការងារថ្មីៗនៅក្នុងទីផ្សារសម្តែង បើទោះជានាងហែលការងារនេះយូរឆ្នាំបែបណា ក៏គេនៅតែមើលឃើញថា បណ្តាផលិតករតាមផលិតកម្មល្បីៗជាច្រើននៅតែធ្វើការទំនាក់ទំនងយកនាងមកចូលរួមសម្តែង។ ជាការពិតណាស់ អស់រយៈពេលជាង7ខែមកហើយនៅក្នុងឆ្នាំ2019នេះ តារាបានសាច់ប្រកបដោយដើមទ្រូងធំល្អ ហេង ស្រីពេជ្រ បានចុះកុងត្រាថតរឿងប៉ុន្មានរឿងដែរ ដោយនាងបញ្ជាក់ថា រវល់ច្រើននឹងការងារសម្តែងស្ទើររកពេលសម្រាកគ្មាន ប៉ុន្តែក៏មិនមានសល់ធនធានអ្វីច្រើនដូចគេដែរ ព្រោះតែត្រូវចំណាយគ្រប់សព្វ និងត្រូវរ៉ាប់រងជួយគ្រួសារផងដែរ។ ស្រីពេជ្រ ដែលតស៊ូការងារដើម្បីគ្រួសារ ហើយក៏ប្រាថ្នាតែបុរសល្អមើលថែនោះបានឱ្យដឹងថា នាងចង់ងាកមកបន្ថែមអាជីពជាពិធីការិនីមួយទៀត បន្ទាប់ពីធ្វើកិច្ចការនេះបានប៉ុន្មានដង។

ទោះបីជាការងារសម្ដែងហាក់ជោគជ័យខ្លាំងក៏ពិតមែន ក៏តារាស្រីរូបនេះនៅតែត្អូញត្អែរថា នៅមិនមានស្នេហាគ្រាន់បានផ្អែមល្ហែមដូចគេសោះ។នាងទទួលស្គាល់ថា រហូតមកដល់ពេលនេះក៏មានបុរសខ្លះទាក់ទងមកដែរ ប៉ុន្តែមិនមានបុរសណាប្រាកដប្រជាសោះ បានត្រឹមលេបខាយសម្តីតែប៉ុណ្ណោះ។ នាងថា វ័យក៏កាន់តែច្រើនគួរសម មិត្តភក្កិ គ្រួសារក៏សួរច្រើនអំពីរឿងគូអនាគត ប៉ុន្តែមិនដឹងថាឆ្លើយយ៉ាងម៉េច បានត្រឹមតែអៀន។ នាងថ្លែងថា ប្រហែលជាគ្មានបុរសណាក្លាហាន ស្មោះស្ម័គ្រ និងព្រមទទួលយកនាង យកមកធ្វើជាគូអនាគតពិតប្រាកដទេមើលទៅ។
យ៉ាងណាមិញតារាស្រីដែលត្រូវប៉ាន់តួម្ដាយនិងតួលោកជំទាវរូបនេះ បានអះអាងថា មិនខុសអីពីក្តីប្រាថ្នារបស់នារីទូទៅនោះទេ គឺសុំឱ្យគេស្រឡាញ់នាងស្មោះ ពិតប្រាកដ ស្រឡាញ់ក្រុមគ្រួសារនាង និងមានចរិតថ្លៃថ្នូរ ឯទ្រព្យសម្បត្តិ ឬអ្វីផ្សេងទៀតនោះ គឺជារឿងក្រោយប៉ុណ្ណោះ។ នាងបន្តថា មួយទៀតដែលនាងចង់បានដែរនោះ គឺសូមកុំប្រកាន់ថានាង ជាអ្នកសិល្បៈ ហើយបើកសិទ្ធិសេរីភាពឱ្យនាងប្រឡូកក្នុងការងារសិល្បៈ សុំតែស្រឡាញ់នាងពិតប្រាកដ គឺបានហើយ៕

