Category: សង្គម និងសេដ្ឋកិច្ច

  • វេស​ឡាញ​ ​ចាប់ដៃ​ជាមួយ​ ​KOOMPI​ ​បង្កើត​ក្លិប​អ្នក​វិទ្យាសាស្រ្ត​ជំរុញ​ការបង្កើត​ថ្មី​ឱ្យ​កាន់តែ​សម្បូរ​បែប​

    វេស​ឡាញ​ ​ចាប់ដៃ​ជាមួយ​ ​KOOMPI​ ​បង្កើត​ក្លិប​អ្នក​វិទ្យាសាស្រ្ត​ជំរុញ​ការបង្កើត​ថ្មី​ឱ្យ​កាន់តែ​សម្បូរ​បែប​

    ​ក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ ​4.0នេះ​ ​វិទ្យាសាស្រ្ត​ ​និង​បច្ចេកវិទ្យា​ ​គឺជា​ច្រក​យ៉ាង​សំខាន់​ដែល​អាច​ជួយ​យុវជន​ឱ្យ​អភិវឌ្ឍ​ខ្លួន​សម្រាប់​ប្រកួតប្រជែង​ក្នុង​ពិភព​ការងារ​ដែល​ពោរពេញ​ដោយ​ការប្រកួត​ប្រជែង​ខ្ពស់​បាន​យ៉ាង​ល្អ​។​ ​ទន្ទឹម​នឹង​នេះ​ ​វា​ក៏​ជាផ្នែក​មួយ​ក្នុង​ការ​ជួយ​ដល់​សង្គម​តាមរយៈ​ស្នាដៃ​នវានុវត្តន៍​ថ្មី​ៗ​របស់​ប្រជាជន​សម្រាប់​នាំចេញ​ ​ឬ​បម្រើ​ឱ្យ​សេចក្តី​ត្រូវការ​ក្នុង​ប្រទេស​ថែមទៀត​ផង​។​

    ​ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​ការ​បណ្តុះបណ្តាល​ផ្នែក​វិទ្យាសាស្ត្រ​ ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ ​KOOMPI​ ​ដើម្បី​បង្កើត​ក្លិប​អ្នក​វិទ្យ​សាស្រ្ត​វ័យក្មេង​សម្រាប់​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​យល់ដឹង​ពី​ការ​សរសេរ​កូដ​ ​និង​កម្មវិធី​វិទ្យាសាស្ត្រ​ជាច្រើន​ផ្សេងទៀត​ដែល​ពិភពលោក​កំពុង​ត្រូវការ​។​

    ​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​អគ្គនាយក​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​លើកឡើង​ថា​ ​វិទ្យ​សាស្ត្រ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សង្គម​ ​និង​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ ​ព្រោះ​ប្រសិនបើ​គិត​ពី​ផ្នែក​សេដ្ឋកិច្ច​យើង​អាច​ដើរក្រោយ​គេ​ ​តែ​ប្រសិនបើ​គិត​ពី​បច្ចេកវិទ្យា​យើង​អាច​លោត​មក​ស្មើ​គេ​បាន​ ​ព្រោះ​យុវជន​ម្នា​ក់ៗ​សុទ្ធតែ​មាន​សមត្ថភាព​ ​និង​លទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​បាន​ទាំងអស់​។​ ​លោក​បន្ថែម​ថា​ ​ការ​ចាប់ដៃ​គ្នា​ជាមួយ​ ​KOOMPI​ ​បង្កើត​មជ្ឈមណ្ឌល​អ្នក​វិទ្យាសាស្រ្ត​វៃ​ក្មេង​នេះ​ឡើង​ ​គឺ​ក្នុង​គោលបំណង​ផ្តល់​ឱ្យ​គាត់​នូវ​កន្លែង​ពហុ​សិក្សា​មួយ​ ​(​co​-​learning​ ​space​)​ ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ការ​សរសេរ​កូដ​ ​និង​វិទ្យា​សា​ស្ត្​រ​ផ្សេង​ៗ​ទៀត​។​ ​យើង​ទាំងអស់គ្នា​សុទ្ធតែ​មើលឃើញ​ហើយ​ថា​ ​ក្មេង​ៗ​ ​ឬ​យុវជន​របស់​យើង​មាន​សក្តា​នុ​ពល​ឥតព្រំដែន​ ​ហេតុនេះ​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិទ្យាសាស្រ្ត​នេះ​ ​គឺជា​ការជំរុញ​ឱ្យ​សក្តា​នុ​ពល​របស់​សិស្ស​យើង​ឱ្យ​កាន់តែ​ខ្លាំង​ ​ហើយ​បង្កើត​សមិទ្ធផល​វិទ្យា​សា​ស្ត្​រថ្មីៗ​បន្ថែម​ទៀត​ដែល​ឆ្លើយតប​ជាមួយ​សេចក្តី​ត្រូវការ​ក្នុង​សង្គម​។​

    ​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​ជឿជាក់​ថា​ ​សិស្សរបស់​យើង​នឹង​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​លើ​ផ្នែក​វិទ្យាសាស្ត្រ​ ​ស្រប​ពេល​ដែល​សង្គម​របស់​យើង​ត្រូវការ​អ្នក​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ដើម្បី​បម្រើ​ឱ្យ​តម្រូវការ​នានា​លើ​គ្រប់​វិស័យ​ទាំងអស់​»​។​

    ​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​បាន​បន្ថែម​ទៀត​ថា​ ​យើង​រំពឹង​ទុក​ថា​ ​ប៉ុន្មាន​ឆ្នាំក្រោយ​នឹង​មាន​សមិទ្ធផល​វិទ្យា​សា​ស្ត្​រថ្មីៗ​ដែល​កើត​ចេញពី​ការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​នៃ​សិស្សរបស់​យើង​ ​ព្រោះ​អ្វី​ដែល​សិស្ស​កំពុង​ស្រាវជ្រាវ​ ​និង​អនុវត្ត​នេះ​ ​គឺ​ធ្វើឡើង​ដោយ​ក្តី​ស្រឡាញ់​ពិតប្រាកដ​។​ ​យើង​ចង់​ឃើញ​យុវជន​របស់​យើង​ ​ដូចជា​យុវជន​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​មួយចំនួន​ ​ដែល​អាយុប្រមាណ​ ​16​-​17ឆ្នាំ​អាច​ក្លាយជា​សហគ្រិន​បាន​ ​បន្ទាប់ពី​រួមគ្នា​បង្កើត​បាន​ផលិតផល​ដែល​អាច​ធ្វើអាជីវកម្ម​បាន​ផង​ ​និង​ផ្តល់​ផលប្រយោជន៍​សម្រាប់​សង្គម​ផង​។​ ​ប្រសិនបើ​មានការ​បង្កើត​ថ្មី​បែបនេះ​មែន​ ​វេស​ឡាញ​ ​ក៏ដូចជា​ ​KOOMPI​ ​អាច​នឹង​រីករាយ​ក្នុង​ការ​វិនិយោគ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​រីកចម្រើន​កាន់តែ​ខ្លាំង​ ​ហើយក៏​ដើម្បី​ជំរុញ​លើកទឹកចិត្ត​ឱ្យ​មានការ​បង្កើត​ថ្មី​កាន់តែ​ខ្លាំង​។​

    ​លោក​ ​ធុល​ ​រិទ្ធី​ ​ស្ថាបនិក​ ​KOOMPI​ ​បាន​លើកឡើង​ថា​ ​មូលហេតុ​ដែល​លោក​ចាប់អារម្មណ៍​សហការ​ជាមួយ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​ព្រោះ​លោក​បាន​ស្គាល់​ ​និង​បានដឹង​យូរ​មក​ហើយ​ថា​ ​ក្រុមហ៊ុន​នេះ​មាន​បណ្តាញ​សាលារៀន​ដែល​មាន​សិស្ស​ច្រើន​ ​ស្រប​ជាមួយនឹង​ទស្សនវិស័យ​របស់​លោក​ដែល​ចង់ឱ្យ​សិស្ស​ជាច្រើន​មាន​កុំព្យូទ័រ​ដែល​មានចំណេះ​ដឹង​ច្រើន​នៅក្នុង​នោះ​។​ ​ក្នុង​កិច្ចសហការ​នេះ​ ​គឺ​លោក​ចង់ឱ្យ​យុវជន​ជំនាន់​ថ្មី​របស់​យើង​ក្លាយជា​វិស្វករ​បច្ចេកវិទ្យា​ ​ក្លាយជា​អ្នកស្រាវជ្រាវ​ ​និង​ក្លាយជា​អ្នក​ដោះស្រាយ​បញ្ហា​សំ​ខាន់​ៗ​ក្នុង​សង្គម​តាមរយៈ​វិទ្យាសាស្រ្ត​ ​និង​បច្ចេកវិទ្យា​។​

    ​លោក​ ​ធុល​ ​រិទ្ធី​ ​បាន​និយាយ​ថា​៖​ ​«​យើង​ចង់ឱ្យ​យុវជន​របស់​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ ​និង​វិទ្យាសាស្រ្ត​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​អាច​កើតមានឡើង​នា​ពេល​ខាងមុខ​។​ ​កន្លងមក​ពេល​មាន​បញ្ហា​ម្តង​ៗ​ ​យើង​តែងតែ​ពឹង​គេ​ពី​ខាងក្រៅ​មក​ជួយ​ ​ហើយ​ទម្រាំគេមកដល់​យើង​ត្រូវ​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង​ ​ហេតុនេះ​អនាគត​ទៅ​ ​យើង​ចង់ឱ្យ​មាន​អ្នកជំនាញ​ដែល​អាច​ដោះស្រាយ​បញ្ហា​ខ្លួនឯង​បាន​»​។​

    ​លោក​ ​ធុល​ ​រិទ្ធី​ ​បាន​បន្ថែម​ផង​ដែរ​ថា​ ​តាមរយៈ​មជ្ឈមណ្ឌល​វិទ្យាសាស្រ្ត​ដែល​យើង​បង្កើត​ឡើងជា​មួយ​វេស​ឡាញ​ ​នៅ​ថ្ងៃនេះ​ ​យើង​ធ្វើការ​បណ្តុះបណ្តាល​ដោយ​ផ្តល់​សេរីភាព​ដល់​សិស្ស​ក្នុង​ការស្រាវជ្រាវ​ ​និង​សិក្សា​ពី​អ្វី​ដែលគេ​ចង់​សិក្សា​ដោយខ្លួនឯង​។​ ​ការ​ធ្វើបែប​នេះ​នឹង​ធ្វើ​ឱ្យ​គេ​រក​ឃើញ​នូវ​សក្តា​នុ​ពល​ ​និង​អ្វី​ដែល​ចង់​ធ្វើ​ពិតប្រាកដ​ ​ដោយ​ក្នុង​នោះ​យើង​បាន​ដាក់​អ្នក​ប្រឹក្សា​យោបល់​ដើម្បី​ជួយ​ពួកគេ​ឱ្យ​កាន់តែ​ខ្លាំង​ ​ព្រោះ​ពួកគេ​អាច​ដោះស្រាយ​ចម្ងល់​ ​និង​មាន​អ្នកជួយ​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕​


  • បេក្ខជន​អាច​ប្រឡង​ដោយ​ស្ងប់ចិត្ត​បាន​ហើយ​ ​ព្រោះ​រដ្ឋមន្ត្រី​ថា​ ​គ្មាន​ការ​បូក​ពិន្ទុ​ខុស​ទៀត​ទេ​ ​ឆ្នាំនេះ​

    បេក្ខជន​អាច​ប្រឡង​ដោយ​ស្ងប់ចិត្ត​បាន​ហើយ​ ​ព្រោះ​រដ្ឋមន្ត្រី​ថា​ ​គ្មាន​ការ​បូក​ពិន្ទុ​ខុស​ទៀត​ទេ​ ​ឆ្នាំនេះ​

    ​នៅ​ព្រឹក​នេះ​ ​ជា​ព្រឹក​ដែល​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កំពុង​មមាញឹក​ ​ញាប់ដៃញាប់ជើង​ប្រឡង​ ​ស្រប​ពេល​ដែល​មន្ត្រី​អប់រំ​ក៏​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​ទប់ស្កាត់​បញ្ហា​មិន​ប្រក្រតី​ ​កុំឱ្យ​កើតមាន​នៅក្នុង​ពេល​ប្រឡង​។​ ​

    ​នៅ​ព្រឹកមិញ​នេះ​ ​ឯកឧត្តម​ ​ហង់​ជួន​ ​ណា​រ៉ុន​ ​រួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ចូលរួម​ក្នុង​កម្មវិធី​កាត់​វិញ្ញាសា​ ​និង​ពិនិត្យមើល​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ​បាន​លើកឡើង​ថា​ ​នៅ​ឆ្នាំ​សិក្សា2018​-​2019នេះ​ ​នឹង​មិន​មាន​បញ្ហា​បច្ចេកទេស​កុំព្យូទ័រ​ទៀត​ទេ​ ​ព្រោះ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បណ្តុះបណ្តាល​បុគ្គលិក​ផ្នែក​បូក​ពិន្ទុ​ ​ព្រមទាំង​បង្កើត​មជ្ឈមណ្ឌល​កុំព្យូទ័រ​ដល់ទៅ​ ​2កន្លែង​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​។​ ​ប្រសិនបើ​មាន​មជ្ឈមណ្ឌល​ណាមួយ​ខុស​ ​នោះ​យើង​អាច​ដឹង​បាន​ភ្លាម​ ​ហើយ​ធ្វើការ​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​មុននឹង​ចេញ​លទ្ធផល​។​ ​

    ​ការ​ធ្វើបែប​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​នឹង​ធ្វើ​ឱ្យ​បេក្ខជន​ប្រឡង​កាន់តែ​មាន​ទឹកចិត្ត​ ​ទំនុកចិត្ត​ ​និង​ភាព​ស្វាហាប់​ក្នុង​ការ​ប្រឡង​ ​ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហា​មិន​ប្រក្រតី​ណាមួយ​ដែល​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ឡើយ​៕​ ​

  • ជម្រើសជាតិ​នារី​កម្ពុជា​ ​រកបាន​គ្រាប់​បាល់​ដំបូង​ក្នុង​ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​តំបន់​អាស៊ាន​ហើយ​

    ជម្រើសជាតិ​នារី​កម្ពុជា​ ​រកបាន​គ្រាប់​បាល់​ដំបូង​ក្នុង​ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​តំបន់​អាស៊ាន​ហើយ​

    ​កាលពី​ថ្ងៃទី19​ ​ខែសីហា​ ​ឆ្នាំ2019​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​ ​បាន​ប្រកួត​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​មីយ៉ាន់ម៉ា​យ៉ាងធ្ងន់ធ្ងរ​ក្នុង​លទ្ធផល​ ​1ទល់នឹង10​ ​នៅក្នុង​ប្រទេស​ថៃ​។​

    ​ក្នុង​ការប្រកួត​នេះ​ផង​ដែរ​ ​កម្ពុជា​មិន​មាន​ឳ​កាស​ទាល់តែសោះ​ ​តែ​កម្ពុជា​នៅតែ​អាច​រក​គ្រាប់​បាល់​បាន​ ​និង​រកបាន​ដោយ​កីឡាការិនី​ ​សំរិទ្ធ​ ​និយម​ ​នៅ​នាទី​ទី77​ ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​។​

    ​ក្នុង​ពានរង្វាន់​ ​AFF​ ​Women’s​ ​Championship​ ​2019​ ​នេះ​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ជាមួយ​ ​វៀតណាម​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​មីយ៉ាន់ម៉ា​ ​ដោយ​ក្នុង​នោះ​កម្ពុជា​បាន​ឆ្លងកាត់​ ​2ប្រកួត​ហើយ​ ​និង​ចាញ់​ទាំង​ ​2ប្រកួត​ ​នៅសល់​តែ​ការប្រកួត​បង្គ្រប់​កិ​ច្ច​ជាមូ​យ​នឹង​ឥណ្ឌូ​នេ​ស៊ី​មួយទៀត​ប៉ុណ្ណោះ​៕​


  • ម៉ឺន​ ​សុភា​ ​ចាញ់​ ​Diesellek​ ​ជា​លើក​ទី2​ ​ក្នុង​ជំនួប​សងសឹក​

    ម៉ឺន​ ​សុភា​ ​ចាញ់​ ​Diesellek​ ​ជា​លើក​ទី2​ ​ក្នុង​ជំនួប​សងសឹក​

    ​កីឡាករ​ជើងខ្លាំង​គុន​ខ្មែរ​ ​ម៉ឺន​ ​សុភា​ ​បាន​សន្លប់​ត្រឹម​ទឹក​ទី2​ ​នៅក្នុង​ការប្រកួត​ជាមួយ​កីឡាករ​ជើងខ្លាំង​ថៃ​ ​Diesellek​ ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ​ទី18​ ​ខែសីហា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នេះ​ ​នៅ​លើ​សង្វៀន​ ​Mouy​ ​Thai​ ​Super​ ​Champ​ ​។​

    ​ក្នុង​ជំនួប​គូ​ឯក​រវាង​កីឡាករ​ទាំង​ ​2នេះ​ ​ក្នុងទឹក​ទី1​ ​កីឡាករ​កម្ពុជា​ហាក់​ធ្វើ​បាន​យ៉ាង​ល្អ​ ​ដោយ​បាន​ទាត់​ ​និង​វាយ​ចូល​យ៉ាង​ ​មានប្រៀបលើ​ដៃគូ​ដាច់​តែម្ដង​។​ ​តែ​អ្វី​ៗ​ហាក់​ប្រែប្រួល​ ​180ដី​ក្រេតែ​ម្ដង​ដោយ​នៅ​ទឺក​ទី2​ ​កីឡាករ​ថៃ​បែរជា​វាយ​ចំៗ​គោល​ដៅ​ផ្ទួន​ៗ​ ​បំបែក​កណ្ដាប់ដៃ​ឃុំ​របស់​កីឡាករ​កម្ពុជា​ ​រហូត​ធ្វើ​ឱ្យ​ដួល​ទៅលើ​កម្រាល​សង្វៀន​ ​ហើយ​អាជ្ញា​កណ្តាល​ក៏បាន​សម្រេច​បញ្ឈប់​ការប្រកួត​ត្រឹម​ទឹក​ទី​ ​2នេះ​តែម្ដង​។​

    ​កីឡាករ​ ​ម៉ឺន​ ​សុភា​ ​ធ្លាប់​ចាញ់​ពិន្ទុ​កីឡាករ​ ​Dieselek​ ​ម្ដង​រួចមក​ហើយ​កាលពី​ឆ្នាំ2017​ ​ដោយ​ទទួល​បាន​មេដាយ​ប្រាក់​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី29​៕​


  • ចប់​ពាន​ ​U18​ ​កីឡាករ​កម្ពុជា​ ​2រូប​ ​ត្រូវ​វះកាត់​ជាបន្ទាន់​នៅ​វៀតណាម​

    ចប់​ពាន​ ​U18​ ​កីឡាករ​កម្ពុជា​ ​2រូប​ ​ត្រូវ​វះកាត់​ជាបន្ទាន់​នៅ​វៀតណាម​

    ក្នុង​ពានរង្វាន់​ ​AFF​ ​U18​ ​Championship​ ​2019​ ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​ក្រុម​កម្ពុជា​បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ ​ដោយ​ឈរ​នៅ​លេខ4​ ​ក្នុង​ពូលB​ ​ពីលើ​សិង្ហបុរី​ ​និង​ថៃ​ ​ដោយមាន​ ​6ពិន្ទុ​ ​ក្រោយ​ឈ្នះ2​ ​និង​ចាញ់3​ ​ប៉ុន្តែ​កម្ពុជា​ហាក់​ធ្វើ​បាន​យ៉ាង​ល្អ​ ​ដោយ​បាន​យកឈ្នះ​ក្រុម​ខ្លាំង​ថៃ​ ​និង​ម្ចាស់ផ្ទះ​វៀតណាម​ឱ្យ​ធ្លាក់​ចេញពី​ពាន​នេះ​ដូចគ្នា​។​ ​

    ​ដោយឡែក​ក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម​សិង្ហបុរី​ ​ដែល​កីឡាករ​សិង្ហបុរី​បាន​ឈូស​បើក​បាត​ ​និង​ស្លាយ​ដ៍​ជាច្រើនលើក​ច្រើនសា​មក​លើ​កី​ឡ​ករ​កម្ពុជា​ ​ជា​លទ្ធផល​បាន​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ ​2រូប​រង​របួសធ្ងន់​ ​រួមមាន​កីឡាករ​ ​ប៊ុ​ន​ធឿន​ ​ប៊ុ​ណ្ណា​រ៉ុង​ ​រង​របួស​ធ្ងន់ធ្ងរ​ដោយ​ដាច់​សរសៃ​ជង្គង់​ ​(​ACL​)​ ​និងកីឡា​ករ​ ​វុធ​ ​តុលា​ ​ដែល​បាន​រង​របួស​បែក​ឆ្អឹងជើង​ ​ហើយ​ពួកគេ​កំពុងតែ​សម្រាក​ដើម្បី​ត្រៀម​វះកាត់​នៅក្នុង​ប្រទេស​វៀតណាម​៕​


  • 10 សញ្ញា​គ្រោះថ្នាក់​នៃ​ជំងឺ​ថប់បារម្ភ ក្នុង​វ័យ​កាន់តែ​ចាស់

    10 សញ្ញា​គ្រោះថ្នាក់​នៃ​ជំងឺ​ថប់បារម្ភ ក្នុង​វ័យ​កាន់តែ​ចាស់

    ជំងឺ​ថប់បារម្ភ​ ឬជំងឺ​បាក់ទឹកចិត្ត​ មិនមែន​កើត​តែ​ចំពោះ​មនុស្ស​ពេញវ័យ​ វ័យ​កណ្ដាល​នោះ​ទេ​។ មនុស្ស​វ័យ​ចំណាស់​គឺជា​វ័យ​មួយ​ទៀត​ ដែល​ងាយ​នឹង​ជួបប្រទះ​គ្រោះថ្នាក់​នៃ​ជំងឺ​មួយ​នេះ​មិន​តិច​ឡើយ​។ ជាពិសេស​គេ​អាច​សន្មត់​ថា​ មនុស្ស​វ័យ​ចំណាស់​ គឺ​ងាយ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​រាងកាយ​ និង​សុខភាព​ផ្លូវចិត្ត​មិនចាញ់​វ័យ​ផ្សេង​ៗដូចគ្នា​។

    តើ​ជំងឺ​ថប់បារម្ភ​នៅក្នុង​វ័យ​ចំណាស់​ កើតឡើង​ដោយសារ​មូលហេតុ​អ្វី​?
    ជំងឺ​ថប់បារម្ភ​នៅក្នុង​វ័យ​ចំណាស់​ ដែល​ភា​សា​បច្ចេកទេស​ពេទ្យ​ហៅថា​ Late​-Life​ Depres​sion​ កើតឡើង​ចំពោះ​មនុស្ស​ដែល​មាន​វ័យ​ចាប់​ពី​អាយុ​ 60ឆ្នាំ​ឡើង​ទៅ​ ឬក្រោម​នេះ​ក៏​មាន​។ ដោយ​ជំងឺ​នេះ​ កើតមាន​ដោយសារ​ភាព​ខុស​ប្រ​ក្រ​តី​នៃ​ប្រព័ន្ធ​សរសៃប្រសាទ​ ដែល​ធ្វើ​ឱ្យ​សភាវ​ផ្លូវ​អារម្មណ៍​ផ្លាស់ប្ដូរ​។ ហើយ​មានក​ត្តា​ចម្បង​មួយ​ទៀត​ ដែល​បណ្ដាលមកពី​ការផ្លាស់ប្ដូរ​របប​នៃ​ជី​វិ​តផ្សេង​ៗដូចជា​ ៖
    1. វ័យ​ចូល​និវត្ត​ រស់នៅ​តែឯង​ មិនបាន​ចេញ​ទៅ​ជួប​មិត្តភក្តិ​ ឬក្រុម​មនុស្ស​ដូច​ពេល​មុន​ៗ
    2. នៅ​ឆ្ងាយ​ពី​ដៃគូ​ជីវិត​
    3. បាត់បង់​បុគ្គល​ជាទីស្រឡាញ់​ដូចជា​ ឪពុក​ម្ដាយ​ បង​ ប្អូន​ កូន​ ចៅ​ និង​មិត្ត​ជិ​តស្និ​ទបំផុត​
    4. រស់នៅ​តែម្នាក់ឯង​ មិនបាន​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​ ឬញាតិមិត្ត
    ​5. ជាប់បំណុលគេ​ច្រើន​
    6. ទទួលទាន​ជាតិ​ស្រវឹង​ច្រើនពេក​
    7. កង្វះ​វីតាមីន​ B12​ ជាដើម​។

    អាការ​នៃ​ជំងឺ​ថប់បារម្ភ​ក្នុង​វ័យ​ចំណាស់​រោគសញ្ញា​នៃ​ជំងឺ​ថប់បារម្ភ​នេះ​ នៅក្នុង​មនុស្ស​ចាស់​កើតមាន​ចាប់ពី​អាការ​កម្រិត​ស្រាល​ទៅ​កម្រិតមធ្យម​។ វា​អាច​មាន​សញ្ញា​គ្រោះថ្នាក់​ដូច​ខាងក្រោម​៖
    1. ការ​ផ្លាស់​ប្តូរ​អារម្មណ៍​សាមញ្ញ​ដូចជា​ ពី​សភាព​ស្ងប់ស្ងាត់​ ត្រឡប់ទៅ​រក​ភាព​តានតឹង​ កាន់​តែ​ឆាប់​ខឹង​ កាន់តែ​ឆាប់​ធូរស្រាល​ហើយ​រហ័ស​ត្អូញ​ត្អែរ​ថែមទៀត​ និយាយ​ស្ដី​មាន​មូលហេតុ​តិច​ជាង​មុន​ ឬអាច​មាន​អាការ​វីត​ក្ក​កង្វល់​ច្រើនជាង​មុន​។
    2. អស់​ការចាប់អារម្មណ៍​ចំពោះ​វត្ថុ​ដែល​ធ្លាប់​ចូលចិត្ត​កន្លងមក​។
    3. រហ័ស​ធុញ​ ទ្រាន់​មនុស្ស​ក្នុង​គ្រួសារ​ ធុញ​អា​ហារ​ ធុញ​ខ្លួនឯង​ និង​មិន​ចូលរួម​ធ្វើការងារ​ ឬកម្ម​វិ​ធី​ផ្សេង​ៗ។
    4. ចាប់ផ្ដើម​មិន​ចង់​មើលថែ​ទាំ​ខ្លួនឯង​ មិន​ចង់​ទទួលទានបាយ​ មិន​ចង់​ហាត់ប្រាណ​ មិន​ញ៉ាំ​ថ្នាំ​ មិន​ចង់ទៅ​ជួប​គ្រូពេទ្យ​ជាដើម​។
    5. ទម្ងន់​ខ្លួន​ស្រក​ចុះ​ ដោយសារ​ការ​មិន​ទទួលទាន​អាហារ​។
    6. ជួប​បញ្ហា​ច្រើន​ក្នុង​រឿង​ដំណេក​ ដូចជា​គេង​មិន​លក់​ ឆាប់​ក្រោក​ពីព្រលឹម​ពេក​ ចូលគេង​យប់ជ្រៅ​ គេង​ភ្ញាក់​ៗ និង​មិន​គេង​សោះ​ក៏​មាន​។
    7. ប្រព័ន្ធ​ចងចាំ​មិន​ប្រក្រតី​ ងាយ​ភ្លេច​ និង​សម្មា​ធិ​ខ្លី​
    8. ចូលចិត្ត​អន់ចិត្ត​ដោយ​និយាយ​ថា​ ខ្លួនឯង​មិន​មានតម្លៃ​ រស់នៅ​គ្មាន​តម្លៃ​ ចង់​ស្លាប់​ មិន​ចង់​ជួប​មុខ​គ្រួសារ​ ឬកូនចៅ​។
    9. និយាយ​ស្ដី​តិច​ ពេល​ឆ្លើយនឹង​សំណួរ​បាន​ត្រឹមតែ​ញញឹម​ ចូលចិត្ត​លាក់ខ្លួន​ មិន​ចង់និយាយ​ស្ដី​ជាមួយ​អ្នកដទៃ​។
    10​. កម្លាំង​ចុះ​ទន់ខ្សោយ​ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់លាស់​។

    ការ​ព្យាបាល​ជំងឺ​ថប់បារម្ភ​ចំពោះ​មនុស្សចាស់​ប្រសិនបើ​មាន​មនុស្ស​អាយុ​ច្រើន​ ហើយ​កើត​អាការ​ដូច​ពោល​ខាងលើ​នេះ​ អ្នក​គួរតែ​ចូល​ទៅ​និ​យាយ​ជាមួយ​គាត់​ យកចិត្ត​ទុកដាក់​ចំពោះ​គាត់​ឱ្យ​បាន​កាន់តែ​ច្រើនឡើង​ និង​នាំ​គាត់​ទៅ​ត្រួតពិនិត្យ​សុខភាព​ជា​រៀងរាល់​ខែ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ហើយ​ដាច់ខាត​កុំ​ទុក​គាត់​ចោល​ឱ្យ​នៅតែ​ម្នាក់ឯង​ឱ្យ​សោះ​។

    ទង្វើ​ប្រតិបត្តិ​ចំពោះ​មនុស្សចាស់​ដែល​មាន​ជំងឺ​ថប់បារម្ភ​
    1. បបួល​គាត់​និយាយ​ បបួល​គាត់​ឱ្យធ្វើ​ការងារ​ហត្ថកម្ម​ជា​រឿយ​ៗដូចជា​ ការ​ធ្វើម្ហូប​អាហារ​ ស្ដាប់​ចម្រៀង​ និង​មើលកុន​ជាដើម​។
    2. ប្រមូល​វត្ថុ​មុត​ស្រួច​ អាវុធ​ ឬសារ​ធាតុ​ពុល​នៅក្នុង​ផ្ទះ​ឱ្យ​ផុត​ពី​ដៃ​គាត់​។ កុំ​ដាក់​វត្ថុ​គ្រោះថ្នាក់​ចោល​ ឬនៅ​កន្លែង​ដែល​ងាយ​មើលឃើញ​ឱ្យ​សោះ​។
    3. ជួយ​គាត់​ឱ្យ​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ កុំឱ្យ​អ្នកជំងឺ​បន្ថយ​ ឬឈប់​ប្រើ​ថ្នាំ​ដោយខ្លួនឯង​។
    4. ត្រូវ​នាំ​គាត់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ទៀងទាត់​៕

  • ពិតជា​គួរ​អស្ចារ្យ​ ​!​!​ ​គ្រួសារ​តារា​កម្ពុជា​ដើរ​បង្ហាញ​ឈុត​បុរាណសម័យ​នគរភ្នំ​និង​ចេនឡា​

    ពិតជា​គួរ​អស្ចារ្យ​ ​!​!​ ​គ្រួសារ​តារា​កម្ពុជា​ដើរ​បង្ហាញ​ឈុត​បុរាណសម័យ​នគរភ្នំ​និង​ចេនឡា​

    ​ឈុត​បុរាណសម័យ​នគរភ្នំ​និង​ ​ចេនឡា​ ​ត្រូវ​បាន​រំលេច​ឡើង​យ៉ាង​ស្រស់​ស្អាត​ ​ដោយ​គ្រួសារ​តារា​កម្ពុជា​ ​ដែល​បាន​បង្ហាញ​វត្តមាន​របស់​ពួកគេ​ក្នុង​កម្មវិធី​ទូរទស្សន៍​ ​ក្នុង​ស្រុក​មួយ​ ​កាលពី​យប់​ថ្ងៃទី១៦​ ​សីហា​ ​២០១៩​។​ ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ ​បាន​ ​ឱ្យ​ដឹង​ថា​ ​ឈុត​បុរាណ​ដែល​ជ្រើសរើស​យក​មក​បង្ហាញ​នោះ​គឺ​ ​ជា​ឈុត​ដែល​បាន​ ​គាស់កកាយ​ដោយ​ ​លោក​ ​ចាន់​ ​សោភ័ន​ ​សាស្រ្តា​ចារ្យ​ប្រចាំ​សាកល​ ​វិទ្យាល័យ​ភូមិន្ទ​ ​វិចិត្រ​សិល្បៈ​ ​ផ្នែក​សូន្យ​រូប​ ​ខណៈ​ដែល​អ្នកស្រាវជ្រាវ​ ​និង​ច្នៃ​ឈុត​បុរាណ​ភាគច្រើន​ ​ចាប់អារម្មណ៍​តែ​ឈុត​ក្នុង​សម័យ​អង្គរ​ ​និង​ ​ក្រោយ​អង្គរ​ប៉ុណ្ណោះ​។​

    ​ការ​ជ្រើ​រើស​ឈុត​បុរាណ​ ​ដែល​គ្រង​ដោយ​តារា​សិល្បៈ​ ​នៃ​គ្រួសារ​តារា​កម្ពុជា​ក្នុង​ ​សម័យ​ ​មុន​អង្គរ​ទាំងពីរ​នោះ​ ​មិន​ត្រឹមតែ​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​ឈុត​បុរាណ​ខ្មែរ​ ​ដ៏​កម្រ​ ​អោយ​ពិភពលោក​ ​និង​កូនខ្មែរ​ ​បាន​ស្គាល់​ប៉ុណ្ណោះទេ​ប៉ុន្តែ​ពួកគេ​ក៏បាន​រំលេច​រូប​ ​សម្រស់​ ​អោយ​មើលទៅ​ឃើញ​លេចធ្លោ​គួរ​ ​អោយ​សរសើរ​ផង​ដែរ​។​ ​តារា​ចាស់​ថ្មី​ ​ដែល​បាន​រួមគ្នា​បំផុស​ឈុត​សម័យ​អាណាចក្រ​ភ្នំ​ ​និង​ ​អាណាចក្រ​ ​ចេនឡា​ ​ទាំងនោះ​រួមមាន​៖​ ​១​-​លោក​ ​រុន​ ​ណា​កូ​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ ​ទម្រង់​ ​លេចធ្លោ​ ​ឆ្នាំ២០១៨​ ​និង​ជា​ម្ចាស់​ពាន​ប្រជាប្រិយ​ភាព​ ​ឆ្នាំ២០១៩​ ​ដែល​គ្រង​ឈុត​ព្រះ​ ​មហាក្សត្រ​ ​ក្នុង​សម័យ​ចេនឡា​។​ ​២​-​កញ្ញា​ ​ភី​យ៉ា​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​លេខ១​ ​ឆ្នាំ២០១៩​ ​ជា​ទូត​សុឆន្ទៈ​ ​ដែល​គ្រង​ឈុត​ព្រះមហេសី​ ​ក្នុង​សម័យ​ចេនឡា​។​ ​៣​-​អ្នកនាង​ ​លី​ ​ម៉ា​រី​ណា​ ​ជា​ទូត​សុឆន្ទៈ​ផ្នែក​សប្បុរសធម៌​ប្រចាំ​គ្រួសារ​តារា​កម្ពុជា​ ​ដែល​គ្រង​ឈុត​ព្រះនាង​នាគ​ ​ឬ​ជា​ឈុត​ព្រះនាង​លីវ​យី​ ​ដែល​ជា​ស្ដេច​ ​ស្រី​ដំបូង​ ​គេ​ដ៏​ ​អស្ចារ្យ​របស់​កម្ពុជា​។​ ​៤​-​លោក​ ​ឌួង​ ​តារា​ផា​ឌីន​ ​គឺជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ ​លេខ១​ ​ឆ្នាំ២០១៩​ ​ជា​ទូត​សុឆន្ទៈ​ ​ដែល​គ្រង​ឈុត​ព្រះរាជា​ក្នុង​សម័យ​នគរភ្នំ​។​ ​

    ​៥​-​អ្នកនាង​ ​ម៉ៅ​ ​ស៊ី​ណាត​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​ឆ្នាំ២០១៨​ ​ជា​ទូត​ ​សុឆន្ទៈ​ ​ដែល​គ្រង​ឈុត​មហេសី​ ​ក្នុង​សម័យ​នគរភ្នំ​។​ ​៦​-​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​ម្ចាស់​ពាន​ ​គ្រង​ឈុត​បុរាណ​លេខ២​ ​ឆ្នាំ២០១៩​ ​ដែល​គ្រង​ឈុត​ព្រះអង្គ​ម្ចាស់​ ​ក្នុង​សម័យ​ចេនឡា​។​ ​៧​-​អ្នកនាង​ ​ចាន់​ ​ផល្លា​រ​ ​ទូត​សុឆន្ទៈ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ដែល​គ្រង​ឈុ​ព្រះនាង​ ​ក្នុង​សម័យ​ចេនឡា​។​ ​៨​-​លោក​ ​ស៊ិន​ ​សុ​ធារិ​ទ្ធ​ ​ម្ចាស់​ពាន​ឈុត​បុរាណ​កម្រ​ ​ឆ្នាំ២០១៨​ ​ជា​ទូត​សុឆន្ទៈ​ ​ដែល​គ្រង​ឈុត​លោក​មហាមន្ត្រី​ ​ក្នុង​សម័យ​នគរភ្នំ​។​ ​៩​-​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​ ​តារា​កិត្តិយស​ ​ជា​បេក្ខនារី​ ​Miss​ ​Global​ ​International​ ​Cambodia​ ​2019​ ​ដែល​គ្រង​ឈុត​លោកជំទាវ​ក្នុង​សម័យ​នគរភ្នំ​។​ ​១០​-​លោក​ ​ម៉ែ​ន​ ​អ​ម្រុ​ងរ​ត័្ន​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ផ្នែក​ច្នៃប្រឌិត​ ​ឆ្នាំ២០១៨​ ​និង​ជា​ទូត​សុឆន្ទៈ​ ​គ្រង​ឈុត​ព្រះអង្គ​ម្ចាស់​ក្នុង​សម័យ​នគរភ្នំ​។​ ​១១​-​កញ្ញា​ ​ភី​ ​សម័យ​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ច្នៃ​ ​កាលពី​ឆ្នាំ២០១៨​ ​ជា​ទូត​សុឆន្ទៈ​ ​ដែល​គ្រង​ឈុត​ ​អ្នកម្នាង​ក្នុង​សម័យ​នគរភ្នំ​។​ ​១២​-​លោក​ ​លឿង​ ​វិសាល​ ​ម្ចាស់​ពាន​ឈុត​បុរាណ​លេខ៣​ ​ឆ្នាំ២០១៩​ ​ជា​ទូត​សុឆន្ទៈ​ ​ដែល​គ្រង​ឈុត​ព្រះ​មហាមន្ត្រី​ ​ក្នុង​សម័យ​ចេនឡា​។​ ​១៣​-​កញ្ញា​ ​ព្រី​យ៉ា​ ​តារា​កិត្តិយស​ ​និង​ជាស​មា​ជិ​ក​របស់​គ្រួសារ​តារា​កម្ពុជា​ដែល​គ្រង​ ​ឈុត​ ​លោកជំទាវ​ ​សម័យ​ចេនឡា​៕​

  • ចំណងជើង៤ បើកទំព័រតម្រានៃការជំរុញការអាននិងងាកមកស្រឡាញ់សៀវភៅវិញ

    ចំណងជើង៤ បើកទំព័រតម្រានៃការជំរុញការអាននិងងាកមកស្រឡាញ់សៀវភៅវិញ

    នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ គម្រោងថ្មីក្នុងគោលបំណងជំរុញការអាននៅកម្ពុជាមានឈ្មោះថា « តម្រា » បានប្រកាសបើកសម្ពោធស្នាដៃនិពន្ធសៀវភៅ ៤ចំណងជើងដើម្បីឱ្យកាន់តែមានភាពសម្បូរបែបសម្រាប់អ្នកអាន និងផ្ដល់ចំណោះដឹង បទពិសោធន៍ល្អៗពីអ្នកនិពន្ធ។ ត​ម្រា ក៏បានប្រមូលផ្ដុំក្រុមអ្នកនិពន្ធ ដើម្បីផលិតស្នាដៃជានិពន្ធសៀវភៅឱ្យមានគុណភាពទាក់ចិត្តយុវវ័យឱ្យងាកមករកការអានឡើងវិញផងដែរ។ ព្រោះថា ក្រៅពីធ្លាក់ចុះនៃការអានហើយ គេកត់សម្គាល់ឃើញថា ការនិពន្ធសៀវភៅការថមថយទន្ទឹមគ្នាដែរ។

    អ្នកនាង ទូច បុប្ផា នាយិកាតម្រា បានអះអាងថា ដោយសារតែអ្នកនាង និងក្រុមយុវជនមួយចំនួនមើលឃើញថាកម្រិតនៃការអានមានការថយចុះ ស្របពេលដែលស្នាដៃតែងនិពន្ធដែលបោះពុម្ពសៀវភៅក៏មិនសូវមាន។ អ្នកនាងថា យុវវ័យសព្វថ្ងៃមិនមែនមិនចង់អានសៀវភៅនោះទេ ប៉ុន្តែបណ្ដាលមកពីស្នាដៃដែលបានផលិតឡើង អាចមិនសូវមានការចាប់អារម្មណ៍ទើបធ្វើឱ្យការអានធ្លាក់ចុះ។ អ៊ីចឹងហើយទើបអ្នកនាង និងក្រុមការងារបានរួបរួមគ្នាគ្នាបង្កើតគម្រោងនេះឡើង ដើម្បីប្រមូលអ្នកនិពន្ធ ហើយចងក្រងស្នាដៃ ដើម្បីផលិតជាស្នាដៃសៀវភៅ ឱ្យមានគុណភាព និងស្អាតទាក់ទាញដើម្បីឱ្យយុវវ័យងាកមកស្រលាញ់សៀវភៅវិញ។ អ្នកនាងសៀវភៅ៤ប្រភេទ ដែលតម្រាបោះពុម្ពផ្សាយរួមមានរឿង”អាគមបរព្រៃ” រឿង”ពេលវេលា” រឿង”បឹងអតីត” និងរឿង”ស្ទូឌីយោលេខ៧” ដែលសុទ្ធតែជាស្នាដៃបង្កប់ដោយអត្ថន័យ និងការអប់រំខ្ពស់។ ស្នាដៃទាំងនេះ មានលក់នៅតាមបណ្ណាគារធំៗនៅរាជធានីភ្នំពេញ នៅបាត់ដំបង កំពង់ចាម កំពង់ស្ពឺ និងមានចែកជូននៅតាមបណ្ណាល័យសំខាន់ៗ។ ស្នាដៃទាំងអស់របស់តម្រា ក៏មានប្រកាសលក់តាមអនឡាញផងដែរ ខណៈដែលអ្នកនាង បញ្ជាក់ថា ក្នុងមួយស្នាដៃៗត្រូវបានគេទិញមិនក្រោម១ពាន់ទៅ១៥០០ក្បាលនោះទេ តាំងពីចាប់ផ្ដើមមុនសម្ពោធ ទើបធ្វើឱ្យអ្នកនាង យល់ថា តម្រូវការនៃការអាននៅតែមានការចាប់អារម្មណ៍ជាពិសេសពីសំណាក់យុវវ័យ។

    អ្នកនាង ទូច បុប្ផា បន្តថា តម្រានឹងគៀគរអ្នកមានគំនិតចង់បង្កើតស្នាដៃ ឱ្យមានឱកាសផលិតជាសៀវភៅ ប៉ុន្តែក៏ទាមទារឱ្យស្នាដៃទាំងនោះត្រូវតែមានខ្លឹមសារ និងការអប់រំខ្ពស់ ដែលផ្ដល់ប្រយោជន៏ដល់អ្នកអានផងដែរ ទើបតម្រាទិញសិទ្ធិយកមកផលិត។ ក្នុងមួយខែតម្រាប្រកាសបញ្ចេញស្នាដៃមួយរឿង ដោយការបោះពុម្ពតិចឬ ច្រើន គឺអាស្រ័យលើស្នាដៃនីមួយៗ៕

  • មិនថា​លទ្ធផល​បែប​ណាក៏ដោយ​ ការ​ត្រៀម​ទទួលយក​ការពិត​គឺជា​វិធី​ដើម្បី​បន្ថយ​ភាព​ភ័យខ្លាច​

    មិនថា​លទ្ធផល​បែប​ណាក៏ដោយ​ ការ​ត្រៀម​ទទួលយក​ការពិត​គឺជា​វិធី​ដើម្បី​បន្ថយ​ភាព​ភ័យខ្លាច​

    មុន​ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ បេក្ខជន​ជាច្រើន​តែងតែ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ជាច្រើន​ដូចជា​បារម្ភ​ពី​លំហាត់​ពិបាក​ បារម្ភ​ខ្លាច​ធ្វើ​មិនបាន​ល្អ​ បារម្ភ​ខ្លាច​លទ្ធផល​ចេញ​មក​មិនដូចចិត្ត​ប៉ង​ និង​បារម្ភ​ធំជាង​គេ​ គឺ​បារម្ភ​ខ្លាច​ធ្លាក់​។

    នៅពេល​សិស្ស​បារម្ភ​ជ្រុល​ ពួកគេ​នឹង​កើតមាន​អារម្មណ៍​ភ័យ​ព្រួយ​ ហើយ​អារម្មណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ផ្លូវចិត្ត​របស់​បេក្ខជន​មាន​ភាព​មិន​នឹងនរ​ មិន​ជឿជាក់​ និង​បាត់​បាត់​ទំនុកចិត្ត​លើ​ខ្លួនឯង​ ដែល​ទាំងអស់​នេះ​ គឺជា​ដើមហេតុ​នៃ​កំហុស​នានា​សម្រាប់​ការ​ប្រឡង​។

    លោក​ ចេង​ បូរិ​ទ្ធ​ គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា​ និង​ជា​អតីត​សិស្ស​ពូកែ​ទូទាំង​ប្រទេស​បាន​លើកឡើង​ថា​ ការ​ប្រឡង​មិនមែន​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ័យ​បារម្ភ​ខ្លាំង​ពេក​នោះ​ទេ​ តែ​សិស្ស​ភាគច្រើន​តែងតែ​បារម្ភ​ទុកមុន​ លើស​ពី​អ្វី​ដែល​កើតមានឡើង​ជាក់ស្តែង​។ មុន​ពេល​ប្រឡង​សិស្ស​ជាច្រើន​បារម្ភ​ខ្លាច​លំហាត់​ចេញ​មក​ពិបាក​ មិន​អាច​ធ្វើ​បាន​ល្អ​ តែ​ស្ថានភាព​ជាក់ស្តែង​វិញ​ នៅ​ពេល​ប្រឡង​ពិតប្រាកដ​ភាគច្រើន​ស្រួល​ជាង​អ្វី​ដែល​ពួកគេ​គិតទៅ​ទៀត​ ព្រោះ​លំហាត់​ប្រឡង​ គេដាក់​សម្រាប់​ឱ្យ​សិស្ស​កម្រិតមធ្យម​អាច​ធ្វើ​បាន​ ហេតុនេះ​ គេ​កំណត់​ត្រឹម​ស្តង់​ដា​មធ្យម​ល្មម​មួយ​ដែល​មិន​លំបាក​ ឬសាំញ៉ាំ​ខ្លាំង​ដូច​លំហាត់​សិស្ស​ពូកែ​នោះ​ទេ​។ ហេតុនេះ​អ្វី​ដែល​សិស្ស​គួរ​គិត​ គឺ​ត្រៀមខ្លួន​ជាមុន​ទទួលយក​ការពិត​ ទោះបី​លំហាត់​ពិបាក​ក៏ដោយ​ ងាយស្រួល​ក៏ដោយ​ វា​ជា​រឿង​សម្រាប់​ទាំងអស់គ្នា​។ ប្រសិនបើ​លំហាត់​នេះ​ពិបាក​ មានន័យថា​ សិស្ស​ទាំងអស់គ្នា​ត្រូវតែ​អនុវត្ត​វា​ដូចគ្នានឹង​យើង​ដែរ​ មិនមែន​លំបាក​តែ​យើង​ម្នាក់ឯង​នោះ​ទេ​។ កុំ​ភ័យ​ទុកមុន​ ព្រោះ​បើ​ភ័យ​ខ្លាំងពេក​ ទោះ​លំហាត់​មិន​ពិបាក​ក៏​យើង​ច្របូកច្របល់​ខ្លួនឯង​ដែរ​។

    លោក​ ចេង​ បូរិ​ទ្ធ​ បាន​និយាយ​ថា​៖ “ថ្ងៃ​ប្រឡង​ មិន​មែន​ជា​ថ្ងៃ​ដែល​ត្រូវ​ភ័យ​នោះ​ទេ​ តែ​ផ្ទុយទៅវិញ​ វា​ជា​ថ្ងៃ​ដ៏​រីករាយ​ ព្រោះ​យើង​បាន​បញ្ចេញ​សមត្ថភាព​ពិតប្រាកដ​ដើម្បី​ឆ្លង​ទៅ​ដំណាក់កាល​ថ្មី​មួយទៀត​សម្រាប់​ជីវិត​។ ប្រសិនបើ​យើង​ទទួល​បាន​លទ្ធផល​ល្អ​ មាន​ន័យ​ថា​ ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​មានប្រយោជន៍​ខ្លាំង​ណាស់​ តែ​ប្រសិនបើ​យើង​មិនទាន់​ទទួល​បាន​លទ្ធផល​ល្អ​ ក៏​មិនមែន​ជា​រឿង​ដែល​ត្រូវ​មក​ដេក​ឈឺ​ក្បាល​ពេក​នោះ​ដែរ​ ព្រោះ​យើង​នៅ​មាន​ជម្រើស​ជាច្រើន​ផ្សេងទៀត​”។

    លោក​ បូរិ​ទ្ធ​ បាន​ណែនាំ​ថា​ ការ​ប្រឡង​ជា​រឿង​មួយ​ដែល​សិស្ស​គ្រប់រូប​មិន​អាច​គេច​ផុត​ឡើយ​ ហេតុ​នេះ​គ្មានអ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ខ្លាំងពេក​នោះ​ទេ​ ទោះ​បារម្ភ​ក៏​ត្រូវតែ​ប្រឡង​ មិន​បារម្ភ​ក៏​ត្រូវតែ​ប្រឡង​ ហើយ​បើ​មិនទៅ​ប្រឡង​ក៏​នឹង​រឹតតែ​បារម្ភ​ខ្លាំង​ទៅទៀត​ ដូច្នេះ​អ្វី​ដែល​សិស្ស​អាច​ធ្វើ​បាន​នោះ​ គឺ​ខិតខំ​ប្រឹងប្រែង​ដើម្បី​រំឭក​មេរៀន​ អនុវត្ត​លំហាត់​ និង​សម្រាក​ឱ្យ​បាន​ល្អ​ ដើម្បី​រក្សា​ថាមពល​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​សម្រាប់​ចូលរួម​ប្រឡង​ដោយ​ទំនុកចិត្ត​ខ្ពស់​។

    ស្ថាបនិក​ស្ថាប័ន​បណ្តុះបណ្តាល​ Start​ Up​ Cambodia​ លោក​ គីម​ ដារ៉ា​ បាន​លើកឡើង​ថា​ សិស្ស​មិន​គួរ​ភ័យ​ព្រួយ​ ឬសោកសៅ​ខ្លាំងពេក​នោះ​ទេ​ចំពោះ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ​ ព្រោះ​គ្មាន​ផ្នែក​ណាមួយ​ខាត​នោះ​ទេ​សម្រាប់​បេក្ខជន​ម្នាក់​។ ការ​ប្រឡង​គ្រាន់តែ​ជា​ដំណាក់កាល​ក្នុង​ការ​ធ្វើតេស្ត​សមត្ថភាព​សិស្ស​ក្រោយពេល​បញ្ចប់​ការសិក្សា​កម្រិត​មធ្យមសិក្សា​តែប៉ុណ្ណោះ​ មិនមែន​បង្ហាញ​ពី​ចំណុច​ជោគជ័យ​ ឬបរាជ័យ​នៃ​ជីវិត​ទាំងមូល​នោះ​ទេ​។ វា​គ្រាន់តែ​ជា​ដំណាក់កាល​មួយ​ក្នុង​ការ​រំឭក​យើង​ឱ្យ​ដឹង​ថា​ តើ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បន្ត​ដំណើរ​ទៅមុខ​ទៀត​នៅពេល​នេះ​ ឬមិន​ទាន់​មាន​សមត្ថភាព​សម្រាប់​បន្ត​ទៅ​កម្រិត​ឧត្តម​សិក្សា​តែ​ប៉ុណ្ណោះ​។ ហេតុនេះ​ហើយ​ សិស្ស​មិន​គួរ​បារម្ភ​ខ្លាំង​ជ្រុល​ពេក​នោះ​ទេ​ មិនថា​លទ្ធផល​ចេញ​មក​បែប​ណា​ ក៏​សុទ្ធតែ​ជា​លទ្ធផល​ដែល​អាច​ទទួលយក​បាន​ទាំងអស់​ ហើយ​បន្ត​ខិតខំ​ប្រឹងប្រែង​តទៅទៀត​។

    លោក​ គីម​ ដារ៉ា​ បាន​និយាយ​ថា​៖ “លទ្ធផល​បែប​ណាក៏ដោយ​ ក៏​មិន​គួរ​បារម្ភ​ពេក​ដែរ​ អ្វី​ដែល​គួរ​ធ្វើ​ គឺ​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ ប្រសិនបើ​យើង​ជាប់​ យើង​អាច​មាន​ជម្រើស​សម្រាប់​បន្ត​ការសិក្សា​ ឬចាប់​យក​វិជ្ជា​ជី​វៈ​ខ្ពស់​ៗបន្ថែម​ទៀត​ តែ​ប្រសិនបើ​យើង​មិន​ជាប់​ យើង​ក៏អាច​សិក្សា​ម្តង​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​គ្រឹះ​ឱ្យ​ខ្លាំង​ឡើង​ ឬអាច​ចាប់​យក​វិជ្ជាជីវៈ​ណា​ដែល​ស័ក្តិសម​ជាមួយនឹង​សមត្ថភាព​របស់​យើង​តែម្ដង​ក៏បាន​”។

    អ្នកអប់រំ​ខាងលើ​បាន​បញ្ជាក់​ថា​ មិនថា​បែប​ណា​នោះ​ទេ​ សិស្ស​គួរតែ​ត្រៀម​ចិត្ត​ទទួលយក​ការពិត​ កុំ​ស្លន់ស្លោ​ កុំ​បាក់ទឹកចិត្ត​ ឬកុំ​អស់សង្ឃឹម​ ព្រោះ​ជីវិត​របស់​យើង​នៅ​វែងឆ្ងាយ​ណាស់​។ ភាព​ជោគជ័យ​មិន​កំណត់​ត្រឹម​ជាប់​ ឬធ្លាក់​បាក់ឌុប​នេះ​ទេ​។ អ្នក​ជាប់​បាក់ឌុប​ក៏​ត្រូវ​ចំណាយពេល​យូរ​ទៀត​ដើម្បី​ទទួល​បាន​ជោគជ័យ​លើ​ការសិក្សា​ និង​អាជីព​ ហើយ​អ្នក​មិន​ជាប់​បាក់ឌុប​ក៏​ត្រូវ​ចំណាយពេល​វេលា​ច្រើន​បន្ថែម​ទៀត​ដូចគ្នា​ គ្រាន់តែ​លើ​ផ្លូវ​ និង​វិធី​ខុសគ្នា​ប៉ុណ្ណោះ​។

    សូម​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ដើម្បី​ប្រឡង​ ជាជាង​យក​ខួរក្បាល​ទៅ​បារម្ភ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រឡង​ជាក់ស្តែង​…៕

  • មនុស្ស​គ្រប់គ្នា​ គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកមាន​

    មនុស្ស​គ្រប់គ្នា​ គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកមាន​

    ភាពជា​អ្នកមាន​ ខ្ញុំ​បាន​រក​ឃើញថា​ វា​គឺជា​ការបង្កើត​ ឬវា​គ្រាន់តែ​ជាគោល​ដៅ​របស់​មនុស្សយើង​។ ប្រសិនបើ​យើង​មាន​គោលដៅ​ជាក់លាក់​ យើង​ខិតខំ​ធ្វើ​វា​ពិតប្រាកដ​ ថ្ងៃណាមួយ​យើង​នឹង​មាន​សមត្ថភាព​ក្នុង​ការបង្កើត​វា​។ ប្រសិនបើ​យើង​ដេក​រង់ចាំ​សុំ​គេ​វិញ​ គឺ​មិន​ងាយ​ទេ​ ដូច​យើង​រង​ចាំ​ភាពជា​អ្នកមាន​ឱ្យ​ធ្លាក់​មក​ពីលើ​មេឃ​អ៊ីចឹង​។ បើ​យើង​ខ្លាំង​ យើង​នឹង​បង្កើត​វា​បាន​ដោយ​ស្រួល​ តែបើ​យើង​ខ្សោយ​ យើង​នឹង​បង្កើត​វា​បាន​ដោយ​លំបាក​។ ការដែល​យើង​មិន​ចាត់ទុក​មនុស្ស​គ្រប់គ្នា​អាច​ក្លាយជា​អ្នកមាន​ វា​គឺជា​ការប្រមាថ​មនុស្សជាតិ​ ហើយ​អ្នក​ដែល​មិន​ចាត់ទុក​ខ្លួនឯង​អាច​ក្លាយជា​អ្នកមាន​ គឺជា​កូន​អកតញ្ញូ​ ជា​កូន​ប្រមាថ​ឪពុកម្ដាយ​ដែល​ថា​ ឪពុកម្ដាយ​បង្កើត​មក​ហ្នឹង​ គឺ​ចោលម្សៀត​តែម្ដង​។ ដូច្នេះ​ គឺ​ហាម​ដាច់ខាត​ មិន​ត្រូវ​មើលងាយ​ខ្លួនឯង​ទេ​។ ពេល​យើង​ធ្វើអ្វី១​មិនបាន​ មិនមែន​មានន័យថា​ យើង​ធ្វើ​មិនបានទេ​ គឺ​គ្រាន់តែ​យើង​ធ្វើមិនទាន់​បាន​ប៉ុណ្ណោះ​។ នៅ​លើ​លោក​នេះ​ គ្មានអ្វី​រៀន​មិន​ចេះ​ ធ្វើ​មិនកើត​ទេ​ គឺ​មាន​តែ​រៀន​មិនទាន់​ចេះ​ និង​ធ្វើមិនទាន់​កើត​។ ការ​ចាត់ទុក​មនុស្ស​គ្រប់គ្នា​អាច​ក្លាយជា​អ្នកមាន​ គឺជា​ការ​ចេះ​គោរព​ឱ្យ​តម្លៃ​មនុស្ស​ ចេះ​អភិវឌ្ឍ​មនុស្ស​ និង​ចេះ​អភិវឌ្ឍ​ខ្លួនឯង​ឥត​ឈប់ឈរ​។ កាលណា​យើង​មាន​ការប្រកួត​ប្រជែង​ពេញលេញ​ នោះ​វា​នឹង​នាំ​ឱ្យ​មាន​សង្គម​រីកចម្រើន​រុងរឿង​គ្មាន​ដែន​កំណត់​។

    តាម​ការសិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញថា​ មនុស្ស​មិនសូវ​មាន​បញ្ហា​ជាមួយនឹង​សមត្ថភាព​ដើម្បី​ក្លាយជា​អ្នកមាន​ទេ​ ប៉ុន្តែ​ភាគច្រើន​បំផុត​ គឺ​មាន​បញ្ហា​ចរិត​ជា​អ្នកមាន​ ឬគ្មាន​ចរិត​ជា​អ្នកមាន​។ ភាពជា​អ្នកមាន​ គឺ​ពឹងផ្អែក​លើ​ចរិត​ធំជាង85​% ហើយ​ជំនាញ​ឬសមត្ថភាព​តូចជាង15​%។ ដោយសារតែ​ចរិត​របស់​យើង​ វា​បាន​បំផ្លាញ​យើង​ច្រើនណាស់​ ហើយ​វា​បាន​ធ្វើ​ឱ្យ​យើង​គ្មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ និង​សក្ដានុពល​របស់​ខ្លួន​។ តើ​ចរិត​របស់​យើង​កើតមក​ពីណា​? បើ​តាម​ទ្រឹស្ដី​របស់​លោក​ Lao​ Tzu​កំពូល​អ្នកប្រាជ្ញ​របស់​ចិន​បាន​រក​ឃើញថា​ ចរិត​ គឺ​កើត​មក​ពី​គំនិត​ ហើយ​វា​ដូចគ្នានឹង​ទ្រឹស្ដី​របស់​ព្រះពុទ្ធ​ដែល​ថា​ ដោយសារ​គំនិត​របស់​យើង​ យើង​បង្កើត​ពិភពលោក​របស់​យើង​។ គំនិត​បង្កើត​បាន​ជា​ពាក្យ​-សម្ដី​ ពាក្យសម្ដី​បង្កើត​បាន​ជាសកម្ម​ភាព​ សកម្មភាព​បង្កើត​បាន​ជា​ទម្លាប់​ ទម្លាប់​បង្កើត​បាន​ជាច​រិត​ និង​ចុងក្រោយ​ចរិត​បង្កើត​បាន​ជា​វាសនា​របស់​យើង​។ គំនិត​ គឺ​ស្មើនឹង​ចរិត​ ប្រសិនបើ​យើង​ប្តូរ​គំនិត​ គឺ​យើង​នឹង​ប្តូរ​ចរិត​របស់​យើង​។

    តើ​ធ្វើ​ម៉េច​ដើម្បី​មានគំនិត​? ខ្ញុំ​មាន​សៀវភៅ​ភាព​ជា​អ្នកមាន​កំពូល​ គឺជា​សៀវភៅ​កំពូល​គំនិត​របស់​កំពូល​អ្នកមាន​នៅ​លើ​លោក​ចំនួន30រូប​។ មនុស្ស​ទាំង30រូប​នេះ​ គឺ​អាច​គ្រប់គ្រាន់​នៅក្នុង​អាណាចក្រ​ធំៗ​ទាំង6នៅ​លើ​លោក​ ដែល​ប្រជាពលរដ្ឋ​យើង​អាចយ​កទៅ​ធ្វើការ​សិក្សា​រៀនសូត្រ​បាន​។ សៀវភៅ​នេះ​ គឺ​មាន​ទាំង​នៅក្នុង​អាណាចក្រ​អាជីវកម្ម​ អាណាចក្រ​កុំព្យូទ័រ​ អាណា​ចក្រ​អីុន​ធើ​ណិ​ត អាណាចក្រ​ម្ហូបអាហារ​ អាណា​ក្រ​រាជិនី​អាជីវកម្ម​ និង​អាណាចក្រ​អ្នកបង្កើត​ ហើយ​ខ្ញុំ​សូម​លើកយក​តែ​ចរិត​កំពូល​អ្នកមាន៣រូប​ប៉ុណ្ណោះ​។ ទាំងអស់គ្នា​តែងតែ​ស្គាល់​ថា​ អ្នកមាន​ គឺ​ Bill​ Gates​ ប៉ុន្តែ​អ្នក​ដែល​មាន​ជាង​ Bill​ Gates​ គឺ​ Jeff​ Bezos​ ហើយ​អ្នក​ដែល​មាន​ជាង​ Jeff​ Bezos​ គឺ​ Andrew​ Carnegie​។ លោក​ Bill​ Gates​ មកដល់​ថ្ងៃនេះ​ មាន​ប្រាក់​ប្រមាណ​តែ​100ពាន់​លាន​ដុល្លារ​ ហើយ​លោក​ Jeff​ Bezos​ មាន​ប្រាក់​ប្រហែលជា150ពាន់​លាន​ដុល្លារ​ ហើយ​នៅ​ក្នុង​ចុងឆ្នាំ​នេះ​ អាច​នឹង​ឡើង​ដល់200ពាន់​លាន​ដុល្លារ​។ ចំណែក​មនុស្សម្នាក់​ដែល​យើង​ភាគច្រើន​បំផុត​មិន​ស្គាល់​ គឺ​លោក​ Andrew​ Carnegie​។ គាត់​ គឺជា​កំពូល​អ្នកមាន​បំផុត​លើ​លោក​ ដែល​បាន​បង្កើត​វិថី​អ្នកមាន​ដ៏​អស្ចារ្យ​សម្រាប់​ពិភពលោក​។ លោក​ Andrew​ Carnegie​ មាន​ប្រាក់​ដែលគេ​ធ្វើ​សមមូល​នឹង​បច្ចុប្បន្ន​ គឺ​ជាង370ពាន់​លាន​ដុល្លារ​ មានន័យថា​ គាត់​មាន​លើស​លោក​ Bill​ Gates​ និង​លោក​ Jeff​ Bezos​ ទៅទៀត​។

    ចរិត​លោក​ Bill​ Gates​ គឺ​ហាក់បីដូចជា​ស្របគ្នា​មែនទែន​ជាមួយនឹង​លោក​ Jeff​ Bezos​ និង​លោក​ Andrew​ Carnegie​។ លោក​ Bill​ Gates​ តែង​និយាយ​ថា​ ធ្វើការ​អ្វីក៏ដោយ​ គឺ​ដូចជា​ជ្រើសរើស​ប្រពន្ធ​អីចឹង​។ ហេតុអ្វីបានជា​យើង​ជ្រើសរើស​យក​ប្រពន្ធ​តែ1បាន​ តែ​ហេតុអ្វីបានជា​យើង​មិន​អាច​ធ្វើការងារ​តែ1បាន​? គាត់​មាន​ចរិត​៖ ភាព​ស្មោះត្រង់​ ភាព​តស៊ូ​មិន​បោះបង់​ និង​ភាព​ផ្ដោត​លើ​រឿង​តែ១​ហើយ​គាត់​បាន​ក្លាយទៅជា​កំពូល​អ្នកមាន​បំផុត​នៅក្នុង​យុគសម័យ​កុំព្យូទ័រ​។ ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​នេះ​ គឺជា​យុគសម័យ​ Internet​ លោក​ Jeff​ Bezos​ ដែល​ជា​ស្ថាបនិក​ Amazon.com​ បាន​ក្លាយ​ទៅ​ជាកំពូល​អ្នកមាន​បំផុត​វិញ​ម្ដង​ គឺ​វា​ស្រប​នឹង​សម័យកាល​។ លោក​ Jeff​ Bezos​ មាន​ចរិត​៖ ខិតខំ​ធ្វើការ​ រីករាយ​ និង​បង្កើត​ប្រវត្តិសាស្ត្រ​ (Hard​ Work​, Fun​, Make​ History​) ។ លោក​ Andrew​ Carnegie​ មាន​ចរិត​៖ ភាព​ស្មោះត្រង់​ ភាព​ឧស្សាហ៍​ព្យាយាម​ និង​ភាព​ផ្ដោត​លើ​រឿង​តែ​។ ភាព​អស្ចារ្យ​ និង​អាថ៌កំបាំង​របស់​កំពូល​អ្នកមាន​បំផុត​លើ​លោក​ គឺជា​អ្វី​ដែល​យើង​ទាំងអស់គ្នា​អាច​រៀនសូត្រ​បាន​។ តើ​យើង​មាន​ភាព​ស្មោះត្រង់​ប៉ុនណា​? តើ​យើង​មាន​ភាព​ឧស្សាហ៍​ព្យាយាម​ប៉ុនណា​? និង​តើ​យើង​មាន​ភាព​ផ្ដោត​លើ​រឿង​តែមួយ​ប៉ុនណា​?

    ប្រសិនបើ​យើង​ពិនិត្យមើល​បុគ្គល​ទាំង3រូប​នេះ​ ថ្វីត្បិតតែ​គាត់​កើត​នៅពេល​វេលា​ខុសគ្នា​ ប៉ុន្តែ​ពួកគាត់​មាន​លក្ខណៈ​រួម​ជាច្រើន​ដូចគ្នា​។ លោក​ Bill​ Gates​ ៖ ភាព​ស្មោះត្រង់​ ភាព​តស៊ូ​មិន​បោះបង់​ និង​ភាព​ផ្ដោត​លើ​រឿង​តែមួយ​ ចំណែក​ឯលោក​ Andrew​ Carnegie​ ៖ ភាព​ស្មោះត្រង់​ ភាព​ឧស្សាហ៍​ព្យាយាម​ និង​ភាព​ផ្ដោត​លើ​រឿង​តែមួយ​ ហើយ​លោក​ Jeff​ Bezos​ ៖ខិតខំ​ធ្វើការ​ រីករាយ​ និង​បង្កើត​ប្រវត្តិសាស្ត្រ​។ តើមាន​ភាព​ខុសគ្នា​អ្វីខ្លះ​? ភាគច្រើន​បំផុត​ គឺ​ដូចគ្នា​។ ភាព​ឧស្សាហ៍​ព្យាយាម​អាច​ស្មើនឹង​ការ​ខិតខំ​ធ្វើការ​ ការបង្កើត​ប្រវត្តិសាស្ត្រ​អាច​ស្មើនឹង​ភាព​ផ្ដោត​លើ​រឿង​តែមួយ​ ភាព​រីករាយ​អាច​ស្មើនឹង​ភាព​ស្មោះត្រង់​។ មនុស្ស​បើ​មិន​មាន​ភាព​ស្មោះត្រង់​ គឺ​មិន​មាន​ភាព​រីករាយ​ទេ​ ហើយ​អ្នក​ដែល​មិន​មាន​ភាព​រីករាយ​ គឺ​ប្រហែល​មក​ពី​មាន​បញ្ហា​មិន​ស្មោះត្រង់​។

    ដូច្នេះ​ ភាពជា​អ្នកមាន​ គឺជា​អ្វី​ដែល​យើង​អាច​រៀនសូត្រ​បាន​ និង​អាចប​ង្កើត​បាន​។ ប្រសិនបើ​យើង​កសាង​ចរិត​ឱ្យ​មាន​៖ ភាព​ស្មោះត្រង់​ ភាព​ឧស្សាហ៍​ព្យាយាម​ ភាព​ផ្ដោត​លើ​រឿង​តែមួយ​ ឬបូកបន្ថែម​ភាព​រីករាយ​ និង​បង្កើត​ប្រវត្តិសាស្ត្រ​ គឺ​យើង​មាន​ប្រាក់​ច្រើនណាស់​នៅក្នុង​ខ្លួន​យើង​ ហើយ​ទាំងនេះ​ គឺ​យើង​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​៕