Category: សង្គម និងសេដ្ឋកិច្ច

  • ការ​ប្រមូល​ចំណូល​ពន្ធដារ​រយៈពេល​ ​ ​7ខែ​ ​កើន​ជាង​ ​28​ ​%​

    ការ​ប្រមូល​ចំណូល​ពន្ធដារ​រយៈពេល​ ​ ​7ខែ​ ​កើន​ជាង​ ​28​ ​%​

    ការ​ប្រមូល​ពន្ធដារ​ក្នុងរយៈពេល​ ​7ខែ​ ​ឆ្នាំ2019​ ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​សម្រេច​បាន​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡា​ញរ​បស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​មាន​ចំនួន​ ​6,949.22​ ​ប៊ី​លាន​រៀល​ ​(​ប្រមាណ​ ​1,737.31​ ​លាន​ដុល្លារ​អាមេរិក​)​ ​ស្មើនឹង75.92​%​ ​នៃ​ផែនការ​ប្រចាំឆ្នាំ​។​ ​ពោល​គឺ​ទឹកប្រាក់​ ​1.7ពាន់​លាន​ដុល្លារ​នេះ​ ​កើន​ជាង​ ​28​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​។​

    ​របាយការណ៍​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រមូល​ចំណូល​ពន្ធ​ ​ប្រចាំខែ​កក្កដា​ ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បានឱ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​ ​7ខែ​ ​ចំណូល​ពន្ធអាករ​ដែល​ប្រមូល​បាន​មាន​ចំនួន​ ​1.73ពាន់​លាន​ដុល្លារ​ ​មានការ​កើនឡើង​ចំនួន​ ​1,523.66ប៊ី​លាន​រៀល​ ​(​ប្រមាណ​ជា​ ​380,92​ ​លាន​ដុល្លារ​អាមេរិក​)​ ​ ​ស្មើនឹង28.08​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​ ​ដែល​មាន​ ​1.52​ ​ពាន់​លាន​ដុល្លារ​។

    ដោយឡែក​ក្នុង​ខែកក្កដា​ ​ឆ្នាំ2019​ ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធអាករ​បាន​ចំនួន​ ​212,99លាន​ដុល្លារ​ ​កើនឡើង​ ​23.52​%​ ​បើ​ធៀប​នឹង​ខែកក្កដា​ ​ឆ្នាំ2018​។

    ឯកឧត្តម​ ​គង់​ ​វិបុល​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​បាន​មានប្រសាសន៍​ថា​ ​ចំណូល​ពន្ធដារ​ក្នុង​ឆ្នាំ2019នេះ​ ​នឹងអាច​មាន​កំណើន​ ​2ខ្ទង់​ ​ហើយ​ការ​ប្រមូល​ចំណូល​ពន្ធ​បាន​កើនឡើង​ជាបន្តបន្ទាប់​ ​ពិសេស​បន្ទាប់ពី​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ​និង​ការ​ផ្សព្វផ្សាយ​ពី​កាតព្វកិច្ច​បង់ពន្ធ​ដារ​ទៅដល់​អ្នកជាប់ពន្ធ​គ្រប់​ប្រភេទ​។​

    ឯកឧត្តម​ ​គង់​ ​វិបុល​ ​បាន​ថ្លែង​ថា​៖​ ​«​កំណែទម្រង់​ពន្ធដារ​ ​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​ ​ពិសេស​កាត់បន្ថយ​អំពើពុករលួយ​តាមរយៈ​ការ​ពង្រឹង​ការអនុវត្ត​លើ​មុខងារ​ស្នូល​ ​និង​មុខងារ​គាំទ្រ​ទាំងនេះ​។​ ​វា​ក៏​ជា​ផែនការ​យុទ្ធ​សាស្រ្ត​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ក្នុង​ការរៀបចំ​យុទ្ធ​សាស្រ្ត​កៀរគរ​ចំណូល​ឆ្នាំ2019​-​2023​ ​ផង​ដែរ​»​។​ ​ចំណូល​ពន្ធដារ​ដែល​ប្រមូល​បាន​ ​ភាគច្រើន​បាន​មក​ពី​ពន្ធ​លើ​ប្រាក់ចំណូល​ ​ពន្ធ​លើ​តម្លៃបន្ថែម​ ​ពន្ធ​លើ​អាករ​ពិសេស​ ​និង​ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ជាដើម​។​

    ឯកឧត្តម​ ​អគ្គនាយក​ពន្ធដារ​ ​បាន​ណែនាំ​ដល់​គ្រប់​អង្គភាព​ឱ្យ​បន្ត​ខិតខំ​ ​ប្រឹងប្រែង​ ​ពង្រឹង​ការអនុវត្ត​ច្បាប់​ ​វិន័យ​ការងារ​ ​និង​ត្រូវ​មាន​ភាព​ទន់ភ្លន់​ ​តែ​ម៉ឺងម៉ាត់​ ​ដោយ​ផ្អែក​ទៅលើ​ផ្នែក​ទិដ្ឋភាព​ច្បាប់​ ​ក្នុង​ការ​ផ្តល់​សេវា​ជូន​ដល់​អ្នកជាប់ពន្ធ​ ​និង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​។​

    ជាមួយគ្នា​នេះ​ដែរ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ ​និង​ឈាន​ទៅ​សម្រេច​ផែនការ​ឱ្យ​បាន​ជាអតិបរិមា​នោះ​ ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​បន្ត​អនុវត្តយ៉ាង​ម៉ឺងម៉ាត់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ ​ព្រមទាំង​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដូចជា​៖​ ​បន្ត​ពង្រឹង​ការអនុវត្ត​តាម​ប្រព័ន្ធ​ ​(​E​-​VAT​ ​System​)​ ​បន្ថែម​ទៀត​ ​បន្ត​ជំរុញ​ការ​ផ្តល់​សេវា​ល្អ​ជូន​អ្នកជាប់ពន្ធ​ ​និង​ពន្លឿន​នីតិវិធី​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ចុះបញ្ជី​ពន្ធដារ​។​

    ឯកឧត្តម​ ​គង់​ ​វិបុល​ ​បាន​ថ្លែង​បន្ត​ថា​៖​ ​«​ត្រូវ​បន្ត​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ​ ​បន្ត​ជំរុញ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ដាក់​លិខិត​ប្រកាស​ពន្ធ​អន​ឡាញ​ ​(​E​-​Filing​)​ ​បន្ត​ខិតខំ​កែ​លម្អ​ ​និង​ជំរុញ​ការគ្រប់គ្រង​ប្រមូល​បំណុល​ពន្ធ​ ​ជំរុញ​ ​និង​ពន្លឿន​ការរៀបចំ​សេចក្តី​ព្រាង​បទដ្ឋាន​គតិ​យុត្ត​នានា​ ​ជំរុញ​ការ​ផ្សព្វផ្សាយ​ ​និង​ណែនាំ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ ​ពន្លឿន​ ​និង​ជំរុញ​ការ​ផ្តល់​សេវា​បង់ពន្ធ​ប្រថាប់ត្រា​ ​បន្ត​លើកកម្ពស់​ ​និង​បញ្រ្ជាប​វប្បធម៌​បង់ពន្ធ​ ​និង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តី​ពី​សារពើពន្ធ​៕​

  • ពណ៌​ទឹកសំបោរ ប្រាប់​អ្វីខ្លះ​ពាក់ព័ន្ធ​ជាមួយ​សុខភាព?

    ពណ៌​ទឹកសំបោរ ប្រាប់​អ្វីខ្លះ​ពាក់ព័ន្ធ​ជាមួយ​សុខភាព?

    កើត​អាការ​ផ្ដាសាយ​នៅពេល​ណា​ ក៏​មាន​ទឹកសំបោរ​គ្រប់ពេលវេលា​ ទាំង​មាន​លក្ខណៈ​ទឹ​កថ្លា​ៗ ឬទឹក​សំ​បោរ​ខាប់​ៗ ខ្លះ​មាន​ពណ៌​ខៀវ​លាយ​លឿង​ ទាំង​ខ្លះទៀត​មាន​ពណ៌​ផ្សេង​ៗគ្នា​។ តើ​លក្ខណៈ​ពណ៌​ទាំងនោះ​ បាន​ប្រាប់​អ្វី​ខ្លះ​អំពី​សភាព​ជំងឺ​របស់​មនុស្សយើង​? ដូច្នេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូមជម្រាប​ជូន​នូវ​ចំណេះ​ដឹង​ថ្មី​មួយ​ ដែល​ជួយ​ឱ្យ​លោកអ្នក​អាច​ពិ​ចារ​ណា​ និង​ធ្វើ​កំណត់សម្គាល់​សុខភាព​ដោយខ្លួនឯង​បាន​ ងាយ​ៗក្នុង​ការ​តាមដាន​អាការ​ជំងឺ​ដូច​ខាងក្រោម​។

    ហេតុអ្វី​បាន​ពណ៌​ទឹកសំបោរ​អាច​ប្រាប់​អំពី​សុខភាព​របស់​យើង​បាន​?
    ពណ៌​ទឹកសំបោរ​ពិតជា​អាច​ប្រាប់​អំពី​សភាព​សុខភាព​របស់​យើង​បាន​ ព្រោះ​ពណ៌​ទឹកសំបោរ​អាច​ប្រាប់​អាការ​បាន​ថា​ តើ​ប្រព័ន្ធ​គ្រប់គ្រង​សី​តុ​ណ្ហ​ភាព​នៅក្នុង​រាងកាយ​របស់​មនុស្សយើង​កំពុងតែ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​ដល់កម្រិត​ណា​? អាការ​ជំងឺ​នោះ​កើតឡើង​ធ្ងន់ធ្ងរ​កម្រិត​ណា​? តើមាន​អាការ​ឆ្លង​មេរោគ​ដែរ​ឬទេ​? ឬមាន​ការ​ប្រតិកម្ម​ចាញ់​ដែរ​ឬទេ​? ឬក៏​តើ​រាងកាយ​របស់​យើង​កំពុង​ជួបប្រទះ​នឹង​ជំងឺ​អ្វីខ្លះ​?

    ចុះ​ហេតុអ្វី​មនុស្សយើង​មាន​ទឹកសំបោរ​?
    ដូច​យើង​បាន​ជ្រាប​ដឹង​ហើយ​ថា​ ទឹកសំបោរ​ជា​ធម្មតា​គឺ​មាន​សភាព​ដូច​ទឹក​រអិល​ថ្លា​ៗ មិន​មាន​ពណ៌​ មិន​មាន​ក្លិន​ អាច​មាន​សភាព​ណឺត​បន្ដិ​តបន្ដួច​ ដែល​មាន​ធាតុ​បន្សំ​ដូចជា​ ទឹក​ ប្រូ​ទីន​សារធាតុ​ប្រព័ន្ធ​ភាពស៊ាំ​ (សារធាតុ​ដែល​ត្រូវ​បាន​បង្កើត​នៅក្នុង​ឈាម​ ដើម្បី​ទប់ទល់​នឹង​រោគ​ផ្សេង​ៗ) និង​អំបិល​រលាយ​ (ខណៈ​ដែល​ជួប​នៅ​ក្នុងទឹក​ភ្នែក​ នៅពេល​មនុស្សយើង​ហូរទឹកភ្នែក​ ហើយ​ហូរ​ចូល​មាត់​មាន​រសជាតិ​ប្រៃ​)។ ទឹក​សំបោរ​ហូរចេញ​មក​ ដើម្បី​ការពារ​មិន​ឱ្យ​ច្រមុះ​ស្ងួត​ខ្លាំងពេក​ និង​ត្រូវ​បានការ​ពារ​ប្រព័ន្ធ​ផ្លូវដង្ហើម​ស្រូវ​យក​ខ្យល់​លាយ​ជាមួយ​ធូលី​ ឬវត្ថុ​តូច​ល្អិត​ដែល​មិន​អាច​មើលឃើញ​ដោយ​ភ្នែក​ចូល​ទៅ​ក្នុង​រាងកាយ​។

    លក្ខណៈ​ទឹកសំបោរ​ប្រាប់​អំពី​ជំងឺ
    1. ទឹកសំបោរ​ថ្លា​ទឹកសំបោរ​ថ្លា​ គឺ​មិន​មាន​ពណ៌​ និង​ប្រហាក់​ប្រហែល​ទឹក​រលោង​ ដែល​កើតមាន​ក្រោយពេល​ទឹកភ្នែក​ហូរចេញ​មក​ក្រៅ​ ឬបណ្ដាលមកពី​មាន​ជំងឺ​គ្រុនផ្ដាសាយ​។ ដោយសា​តែ​ទឹក​ច្រមុះ​ ឬទឹក​សំបោរ​ដែល​ចេញ​មក​នោះ​ វា​អាច​ជួយ​ព្យាបាល​ដំបៅ​ច្រមុះ​ខាងក្នុង​ឱ្យ​មាន​សំណើម​ និង​មិន​ស្ងួត​ខ្លាំងពេក​។ ទឹកសំបោរ​គឺ​មាន​លក្ខណៈ​បែបនេះ​ គឺ​វា​អាច​ជាសះស្បើយ​ដោយឯកឯង​បាន​ ដោយ​មិន​ចាំបាច់​លេបថ្នាំ​ព្យាបាល​។
    2. ទឹកសំបោរ​ពណ៌ខៀវចាស់​ប្រសិន​ទឹកសំបោរ​មាន​លក្ខណៈ​ខៀវចាស់​ ឬមាន​សភាព​ណឺត​ច្រើនជាង​ទឹកសំបោរ​ថ្លា​ គឺ​អាច​ចាប់ផ្ដើម​ប្រាប់​អំពី​សញ្ញា​នៃ​រាងកាយ​របស់​យើង​ថា​ យើង​កំពុង​ចាប់ផ្ដើម​មាន​អាការ​ចាញ់​អ្វី​ម្យ៉ាង​ដូចជា​ អាការ​ចាញ់​លំអងផ្កា​ ឬអាការ​ក្ដៅ​ក្នុង​ ឬរលាក​ក្នុង​រាងកាយ​។
    3. ទឹកសំបោរ​ស្អិត​ មាន​ពណ៌ខៀវ​ ឬលឿង​ប្រសិនបើ​ទឹកសំបោរ​ស្អិត​ខ្លាំង​ឡើង​លើស​ពី​ធម្មតា​ និង​នៅ​មាន​សភាព​ពណ៌ខៀវ​ ឬលឿង​នោះ​វា​បាន​ប្រាប់​ថា​ សភាព​ទូទៅ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុងតែ​ទៅ​ការងារ​ ឬប្រ​ឆាំ​ជាមួយ​រោគ​ជំងឺ​នៅក្នុង​រាងកាយ​។ ការ​បើក​ដំណើរការ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ គឺជា​ការ​ចាប់ផ្តើម​ប្រមូល​ថាមពល​ពី​កោសិកា​ឈាមស​ ហើយ​នៅក្នុង​កោសិកា​ឈាម​សមាន​អង់ស៊ីម​ ដែល​បណ្តាល​ឱ្យ​ទឹករំអិល​ក្លាយ​ទៅជា​ពណ៌ខៀវ​ ឬពណ៌លឿង​។

    រយៈពេល​ហូរ​ទឹកសំបោរ
    ​ទោះជាយ៉ាងណា​ក៏ដោយ​ ប្រសិនបើ​អ្នក​មាន​ទឹកសំបោរ​ពណ៌ខៀវ​ ឬលឿង​រាវ​ រយៈពេល​2ទៅ3ថ្ងៃ​ឡើង​ទៅ​ នោះ​បាន​សេចក្ដី​ថា​ អ្នក​កំពុងតែ​មាន​ជំងឺ​គ្រុនផ្ដាសាយ​ធំ​ (ប្រភេទ​ឆ្លងតាម​វី​វ៉ុស​)។ តែបើ​អាការ​ជាសះស្បើយ​ហើយ​ ទឹក​សំបោរ​នឹង​បាត់​ទៅវិញ​នៅក្នុង​រយៈពេល​ពី 10 ទៅ​ 14ថ្ងៃ​ ដោយ​លោកអ្នក​ចាំ​បាត់​ត្រូវ​ព្យាបាល​ ដោយ​ការ​លេបថ្នាំ​ ឬទទួលទានទឹក​ឱ្យ​បាន​ច្រើនដង​ ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​ប្រឆាំង​ជាមួយ​វី​រ៉ុស​។

    បើសិនជា​ទឹកសំបោរ​នៅក្នុង​ច្រមុះ​មិនទាន់​បាត់​ក្នុងរយៈពេល2​ ទៅ3សប្ដាហ៍​ នោះ​វា​បាន​បញ្ជាក់​ប្រាប់​យើង​ថា​ អ្នក​កំពុង​មាន​អាការ​គ្រុន​ ដូចជា​ អាការ​រលាក​ ឈឺ​ហើម​សាច់​ ឬប្រតិកម្ម​ចាញ់​ខ្លាំង​។ ដូច្នេះ​ អ្នក​គប្បី​គួរតែ​ទៅ​រក​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​។

    ការបញ្ឈប់​សំបោរ​មិន​ឱ្យ​ហូរ​
    ហៀរសំបោរ​អាច​បណ្តាល​មក​ពី​មូលហេតុ​មួយចំនួន​ ដូចជា​ ផ្តាសាយ​ និង​ការ​ប្រតិកម្ម​នឹង​អ្វីមួយ​ ដែល​បញ្ហា​នេះ​ អ្នក​មិន​ចាំបាច់​ប្រើ​ថ្នាំពេទ្យ​ក៏បាន​ ដោយ​អាច​អនុវត្ត​វិធី​ធម្មជាតិ​ខាងក្រោម​៖
    – ញ៉ាំទឹក​ឱ្យ​បាន​គ្រប់គ្រាន់
    ​- ញ៉ាំទឹក​ក្រូចឆ្មារ​លាយ​ជាមួយ​ទឹកឃ្មុំ​ក្តៅ​ឧណ្ហ​ៗ ឬតែ​ក្តៅ​ក៏បាន​
    – ងូតទឹក​ក្តៅ​ឧណ្ហ​ៗ និង​យក​ទឹក​ក្តៅ​ឧណ្ហ​ៗនោះ​ ស្រោច​លើ​ផ្ទៃមុខ​របស់​អ្នក​ក្នុងរយៈពេល2នាទី​
    – ស្ពង់​ចំហាយទឹក​
    – ញ៉ាំ​អាហារ​ដែល​មាន​រស​ជា​តិ​ហិរ​ ដូចជា​ ម្ទេស​ ដំបូង​វា​អាច​ធ្វើ​ឱ្យ​ច្រមុះ​របស់​អ្នក​កាន់តែ​យ៉ាប់យ៉ឺន​ ប៉ុន្តែ​វា​មានប្រសិទ្ធភាព​ ក្នុង​ការ​ច្រាល​ចេញ​នូវ​ទឹករំអិល​ ដែល​ចលនា​នេះ​ជួយ​កាត់​បន្ថយ​ការតានតឹង​ច្រមុះ​បាន​យ៉ាង​រហ័ស​។
    – យក​ក្រដាសអនាម័យ​ផ្តិត​សារធាតុរាវ​ដែល​ហូរចេញ​ពី​ច្រមុះ​ ជាជាង​ខំ​ប្រឹង​ញីស​ឱ្យ​វា​ចេញ​មក​ ដែល​អាច​ធ្វើ​ឱ្យ​រលាក​ច្រមុះ​កាន់តែ​ខ្លាំង​ឡើង​៕

  • អ្នកជំនាញ​៖ ការ​វិនិយោគ​លើ​អចលនទ្រព្យ​ នៅតែ​ពុំ​ទាន់​អស់​ឱកាស​ទេ​

    អ្នកជំនាញ​៖ ការ​វិនិយោគ​លើ​អចលនទ្រព្យ​ នៅតែ​ពុំ​ទាន់​អស់​ឱកាស​ទេ​

    អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ តែង​បាន​ធ្វើការ​ព្យាករ​អំពី​ស្ថានភាព​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា​ គឺ​ស្ទើរតែ​ជុំវិញ​ក្រុង​ទៅ​ហើយដែល​ជា​តំបន់​កំពុង​អភិវឌ្ឍន៍​មាន​ចម្ងាយ​ប្រមាណ​ជាង​ 20​-30គីឡូម៉ែត្រ​ពីទី​ក្រុងភ្នំពេញ​ គឺជា​ទីតាំង​ដែល​កំពុង​មាន​សក្ដានុពល​ទាំង​បច្ចុប្បន្ន​ និង​អនាគត​ ព្រោះ​ថា​ នៅ​ទីនោះ​មាន​ទីប្រជុំ​ជន​ធំៗ​ និង​គម្រោង​អភិវឌ្ឍ​ន៍​ធំៗ​ ដែល​បាន​និង​កំពុង​កកើត​ឡើង​។

    ជាមួយនឹង​ការ​លើកឡើង​ខាងលើ​នេះ​ លោក​ សួស​ ចិន្តា​ អគ្គលេខាធិការ​សមាគម​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ផ្តល់​បទ​សម្ភាស​ប្រាប់​ ឡា​រ៉ែ​ន ពាណិជ្ជ​ តាម​ទូរស័ព្ទ​ថា​៖“វិស័យ​អចលនទ្រព្យ​ និង​សំណង់​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ហើយ​ភាព​រីកចម្រើន​នៅក្នុង​វិស័យ​នេះ​នឹង​បន្ត​លើស​ពី​ 5ឆ្នាំទៅ​មុខ​ទៀត​”។

    លោក​បាន​បន្ត​ថា​ បើ​និយាយ​ជា​រួម​ គឺ​វដ្ត​របស់​វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​គេ​ព្យាករ​ថា​នៅ​តំបន់​អាស៊ី​ 25​-35ឆ្នាំ​ ចំណែក​នៅ​តំបន់​អឺរ៉ុប​គឺ​ 30ឆ្នាំ​ទើប​អាច​ជួបនឹង​ភាព​ប្រឈម​ ឬផល​ប៉ះពាល់​របស់​វា​។ បើ​យើង​វាស់​ស្ទង់​អំពី​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំ2008​ មកទល់​ឆ្នាំ​ទើបតែ​ជិត​ឆ្នាំ​គឺ​វា​អាច​នៅ​ដំណើរការ​ជាង​ឆ្នាំទៅ​មុខ​ទៀត​ ដែល​អាច​នៅ​ដំណើរការ​ល្អ​មិន​មាន​ភាព​ប្រឈម​ ឬផល​ប៉ះពាល់​អ្វី​នៅក្នុង​វិស័យ​អចលនវត្ថុ​នេះ​ទេ​។ នេះ​បើ​យើង​និយាយ​ពី​វដ្ត​របស់​វិស័យ​នេះ​។

    លោក​បាន​បញ្ជាក់​ទៀត​ថា​ បើ​យើង​និយាយ​ពី​ទីផ្សារ​ក្នុង​វិស័យ​ធនាគារ​ ឬអ្នក​វិនិយោគ​វិញ​ យើង​យោង​ទៅដល់​វិស័យ​ធនាគារ​ គេ​បានឱ្យ​កម្ចី​ដល់​ទៅ​ 15​ ទៅ​ 25ឆ្នាំ​ គឺ​នៅ​មាន​រយៈពេល​វែង​ទម្រាំដល់​ពេល​ដែល​អាច​មាន​ភាព​ប្រឈម​ ឬមានផល​ប៉ះពាល់​។ ដូច្នេះ​បានន័យ​ថា​ គេ​បាន​សិក្សា​វា​រួច​ទៅ​ហើយ​អំពី​ភាព​ប្រឈម​របស់​អចលនទ្រព្យ​។ នេះ​បើ​យើង​សំអាង​ទៅលើ​វដ្ត​ និង​ទីផ្សារ​អចលនទ្រព្យ​។បើ​តាម​ការសិក្សា​របស់​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​ ការ​ព្យាករ​ឆ្នាំ​នៃ​ភាព​ប្រឈម​នៃ​វិស័យ​អចលនទ្រព្យ​ យើង​ឃើញថា​ វិស័យ​នេះ​ វា​អាច​នៅ​មាន​បន្ត​ការ​កើនឡើង​ ដោយ​អ្នក​វិ​និ​យោ​គធំៗ​ អ្នកខ្លះ​គាត់​ពុំ​ទាន់​បញ្ចប់​គម្រោង​របស់​គាត់​ផង​។ គាត់​ពុំ​មានការ​ភ័យខ្លាច​ទេ​ ហើយ​គាត់​នៅតែ​បន្ត​វិនិយោគ​ពី​ 10ឆ្នាំ​ ឬជាង​ 10ឆ្នាំទៅ​មុខ​ទៀត​។

    លោក​អគ្គលេខាធិការ​សមាគម​ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​៖“បើ​គិតទៅ​ដល់​អ្វី​ដែល​អាច​ថា​វា​កើន​ឡើង​ទៅមុខ​ទៀត​នោះ​ គឺ​យើង​សំអាង​ទៅលើ​ការ​ព្យាករ​អំពី​វដ្ត​ និង​ទីផ្សារ​តែ​សម្រាប់​ការ​រីកចម្រើន​ក្នុង​វិស័យ​នេះ​ទាំងមូល​ គេ​អាច​ចែក​វា​ចេញ​ជា3​ គឺ​៖ទី1​-លំនៅ​ឋានៈ​ អ្នករក​ស៊ី​ គេ​មើលទៅ​លើ​ ការ​វិនិយោគ​លំនៅឋាន​ (មាន​លំនៅឋាន​បែប​បុរី​ បែប​ផ្ទះល្វែង​ បែប​វីឡា​កូនកាត់​ ដែលគេ​អាច​បែងចែក​ជា​ 3ទៀត​គឺ​៖លំដាប់​ខ្ពស់​ (Hight​ Class​) លំដាប់​មធ្យម​ (Midle​ Class​) និង​លំដាប់​ទាប​ (Low​ Class​)។ តែLow​ Class​ពិបាក​រក​អ្នក​វិនិយោគ​ ព្រោះ​ធ្វើ​លក់​ពុំ​ទាន់​តម្រូវការ​ទេ​។ បានន័យ​ថា​ តម្រូវការ​ខ្ពស់​ជាង​ការ​ផ្គត់ផ្គង់​ ការសាងសង់​កម្រិតទាប​ក្នុង​តម្លៃ​ក្រោម​ 3ម៉ឺន​ដុល្លារ​ជាង​ រក​អ្នកធ្វើ​លក់​ឱ្យ​អត់មាន​ទេ​ ទោះបី​រដ្ឋាភិបាល​មាន​គោលនយោបាយ​លើកទឹកចិត្ត​ក៏ដោយ​ និង​ទោះជា​នៅក្នុង​តំបន់​ប៉ូល​សំខាន់​ ឬតំបន់​អភិវឌ្ឍន៍​ បណ្តា​ខេត្ត​ក្រុង​ដែល​មាន​សក្តា​នុ​ពល​ក៏ដោយ​ ក៏​ពុំ​មានតម្លៃ​ទាប​នេះ​ដែរ​ គឺ​មានតែ​តម្លៃ​ខ្ពស់​ និង​លក់ដាច់​អស់​ក្នុង​គម្រោង​តែម្តង​។

    ទី2​-សម្រាប់​ Comercial​ Buillding​, Service​Aparment​, Office​ Space​, យើង​អាច​និយាយ​ថា​ក្នុង​ចន្លោះ​ពី​ 5 ទៅ​ 7 ឆ្នាំ​ទៀត​វា​អាច​នឹង​ពេញ​(ឆ្អែត​)។ដូចជា​ Service​ Aparment​ នៅ​បឹងកេងកង1​ -2និង3​ វា​ចង់​ឆ្អែត​ហើយ​ តែ​នៅ​តំបន់​ទួលគោក​វិញ​នៅ​ច្រើន​ទៀត​ពុំ​ទាន់​ឆ្អែត​ទេ​។ បើ​និយាយ​ពី​ Office​ Space​ នៅ​មាន​តម្រូវការ​ក្នុង​កម្រិតA​ និងB​ នៅ​មាន​តម្រូវការ​ ឯកម្រិតC​ អស់ហើយ​ ដោយសារ​វា​មានតម្លៃ​ថោក​។

    ទី3​-ទាក់ទង​ទៅ​នឹង​ដី​ធ្លីៈ​ ការ​វិនិយោគ​មាន​ច្រើន​ខ្លះ​ទិញ​ទៅ​ធ្វើជា​កសិដ្ឋាន​ ខ្លះ​ទិញ​ទៅ​ពុះ​ឡូត៍​ អ្នកខ្លះ​ទិញ​យក​ទៅ​សាងសង់​។ ចលនា​នេះ​នៅ​មាន​ច្រើន​ បើ​គិតទៅ​ដល់​ Master​ Plan​ របស់ក្រ​សួង​ដែនដី​នគរូបនីយកម្ម​ គឺ​នៅ​មាន​ទំហំ​ធំ​ណាស់​។ ឯប៉ូល​វិញ​ មាន​កំពង់សោម​ សៀមរាប​ កែប​ តំបន់​ជុំវិញ​បឹង​ទន្លេសាប​ បាត់ដំបង​ ប៉ោយប៉ែត​ និង​បាវិត​ ជាដើម​”។

    លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ “ចំណុច​ទាំង​ 3នេះ​វា​នៅតែ​ដើរទៅ​តាម​វដ្ត​របស់​វា​ និង​ការ​រីក​ដុះដាល​ដូច​ការ​អភិវឌ្ឍ​សព្វថ្ងៃ​ ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ​ មាន​កំណើន​សេដ្ឋកិច្ច7​% មាន​គោលនយោបាយ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ និង​ច្បាប់​មាន​ភាព​អនុគ្រោះ​ច្រើន​សម្រាប់​វិនិយោគិន​បរទេស​នោះ​ ដូច្នេះ​នឹងអាច​ជួយ​ទាក់ទាញ​ជនបរទេស​ឱ្យ​ចូល​មក​វិនិយោគ​ និង​បណ្តាក់​ទុន​នៅ​កម្ពុជា​ទៀត​ផង​។ ចំពោះ​ប្រទេស​ដែល​មក​វិនិយោគ​ គឺ​មាន​មិន​តិច​ទេ​ ជាង​ 20ប្រទេស​ ហើយ​ប្រទេស​ចិន​មក​វិនិយោគ​ច្រើនជាង​គេ​”។

    លោក​សួស​ ចិន្តា​ បាន​បញ្ជាក់​ថា​៖ ​;“ដូច្នេះ​ការ​-វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នេះ​ យើង​នៅ​មាន​ឱកាស​ក្នុង​ការ​រក​ប្រាក់ចំណេញ​ យើង​នៅ​មានឱកាស​ក្នុង​ការ​អភិវឌ្ឍ​ រហូត​ទៅដល់​ 7 ទៅ​ 10​ ឆ្នាំទៅ​មុខ​ទៀត​ ហើយ​បើ​ទោះបី​ការ​ព្យាករ​មិន​ត្រូវ​ចំ​ 100​%ក្ដី​ តែ​ក៏​ត្រូវ​ភាគច្រើន​ និង​ក៏​ជា​ត្រីវិស័យ​របស់​យើង​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដែរ​”៕

  • ចូលរួម​ទាំងអស់គ្នា​!​!​ ​គាំទ្រ​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​បោះឆ្នោត​ឱ្យ​ជាប់​ក្នុង​កម្មវិធី​ ​Mister​ ​Tourism​ ​and​ ​Culture​ ​Universe​ ​2019​

    ចូលរួម​ទាំងអស់គ្នា​!​!​ ​គាំទ្រ​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​បោះឆ្នោត​ឱ្យ​ជាប់​ក្នុង​កម្មវិធី​ ​Mister​ ​Tourism​ ​and​ ​Culture​ ​Universe​ ​2019​

    ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​បានឱ្យ​ដឹង​ថា​ ​លក្ខ​ណ្ឌ​នៃ​ការបោះឆ្នោត​នេះ​ ​Mister​ ​Tourism​ ​and​ ​Culture​ ​Universe​ ​2019​ ​គឺ​តម្រូវឲ្យ​ចូល​ផេ​ក​ ​ដោយ​ជ្រើសរើស​រក​រូប​របស់​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​បេក្ខភាព​ពី​កម្ពុជា​ ​ហើយ​ធ្វើការ​ ​Like​ ​និង​ ​Share​ ​ដើម្បី​យក​ពិន្ទុ​។​ ​រាល់​ការ​ ​Like​ ​មួយ​ទទួល​បាន១ពិន្ទុ​ ​និង​ការ​ ​Share​ ​មួយ​ទទួល​បាន១ពិន្ទុ​ ​តែ​លុះតែ​អ្នក​ ​Share​ ​ដោយ​ភ្ជាប់ពាក្យ​ថា​ ​#​MMTCU​ ​ទើប​ទទួល​បាន​ពិន្ទុ​។​ ​កម្មវិធី​ប្រកាស​ថា​៖​ ​
    ​សូម​ធ្វើការ​ ​like​ ​and​ ​share​ ​
    ​1​ ​Like​ ​=​ ​1​ ​ពិន្ទុ​
    ​1​ ​Share​ ​=​ ​1​ ​ពិន្ទុ​ ​
    ​សូម​ ​like​ ​sticker​ ​:​+​1​:​ ​កុំ​ប្រើ​ ​stickers​ ​:​hearts​:​ ​ហើយ​កុំ​ភ្លេច​ដាក់​ ​#​MMTCU​ ​រាល់ពេល​ ​Share​ ​


    ​សូមជម្រាប​ថា​នៅក្នុង​ពេលនេះ​ ​គណ​កម្មការ​ ​ព្រឹត្តិ​ការណ៍​ ​Mister​ ​Tourism​ ​and​ ​Culture​ ​Universe​ ​2019​ ​បាន​ប្រកាស​ពី​ការបោះឆ្នោត​លើ​ផេ​ក​របស់​ខ្លួន​ជា​ផ្លូវការ​តាមរយៈ​តំណរ​ភ្ជាប់​លីង​ខាងលើ​ ​ដើម្បី​ស្វែងរក​បេក្ខជន​មួយ​រូប​ឲ្យ​គ្រង​តំណែង​តារា​ប្រជាប្រិយ​ភាព​។​ ​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​គឺ​តំណាង​ពី​ប្រទេស​កម្ពុជា​ក៏​ស្ថិត​ក្នុង​បញ្ជី​ឲ្យ​បោះឆ្នោត​នោះ​ ​ដោយ​លោក​ ​និង​អ្នកគាំទ្រ​ទទូច​ឲ្យ​មានការ​ចូលរួម​ ​Like​ ​និង​ ​Share​ ​ឲ្យបាន​ស្រុះដៃ​ ​ដើម្បី​កុំ​ផ្ដល់​ឱកាស​ឲ្យ​លោក​ទទួល​បាន​ពាន​មួយ​ត្រលប់​មកវិញ​ជាមុ​ខ​មាត់​របស់​កម្ពុជា​។​ ​ការប្រកួត​នេះ​ ​ធ្វើឡើង​តាំងពី​ថ្ងៃទី​ ​២២​ ​ដោយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១​ ​ខែសីហា​ ​នេះ​ ​ខណៈ​ដែល​បេក្ខជន​របស់​កម្ពុជា​ ​គឺ​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​បាន​យក​ឈុត​រាជបុត្រ​នាគរាជ​ដែល​ច្នៃ​យ៉ាង​ផ្ចិតផ្ចង់​ពី​អ្នក​ច្នៃ​ម៉ូដ​ខ្មែរ​អស់​ទឹកប្រាក់​ប្រមាណ​ ​៦ពាន់​ដុល្លារ​ ​យក​ទៅ​ប្រកួត​។​ ​ការប្រកួត​នេះ​ ​ក៏​មានការ​ប្រកួត​ជ្រើសរើស​កញ្ញាឯក​ផង​ដែរ​ ​ដោយមាន​បេក្ខជន​ ​និង​បេក្ខនារី​ ​មក​ពី​ប្រទេស​ផ្សេងគ្នា​រហូតដល់​ជាង៣០​។​

  • ត្រៀមខ្លួនហើយឬនៅ?? ទៅទស្សនាការប្រកួតបាល់មិត្តភាពរវាងតារាខ្មែរនិងតារាថៃ ដើម្បីជួយគន្ធបុប្ផា

    ត្រៀមខ្លួនហើយឬនៅ?? ទៅទស្សនាការប្រកួតបាល់មិត្តភាពរវាងតារាខ្មែរនិងតារាថៃ ដើម្បីជួយគន្ធបុប្ផា

    សិល្បករល្បីៗ រួមមានលោក ខេម កូម៉ា កញ្ញា អេដា លោក ភឹម តារាវិបុល និងតារាល្បីជាច្រើនទៀត បានអំពាវឱ្យមានការចូលរួមទស្សនាការប្រកួតបាល់ទាត់មិត្តភាពរវាងតារាខ្មែរនិងតារាថៃ នៅថ្ងៃទី២៩ សីហា ក្នុងឆ្នាំ២០១៩ ឲ្យច្រើនកុះករ ដើម្បីទទួលបានមូលនិធិជួយដល់មូនិធិគន្ធបុប្ផា ឲ្យបានច្រើនក្រោយប្រកួតចប់។

    កម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដែលផ្តួចផ្តើមឡើងដោយ សម្តេចព្រះអគ្គ មហាសង្ឃរាជាធិបតី កិតិ្តឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រ កម្ពុជា គណៈមហានិកាយ ក្រោមការសហការរៀបចំដោយក្រុមហ៊ុនចំនួន៣ គឺ ក្រុមហ៊ុន អអេហ្វ៣ វើលដ៏ កម្ពុជា (RF3 World Cambodia Co.,Ltd) ក្រុមហ៊ុន មហាហង្ស (Phalitakam Mohahang Co.,Ltd and Mohahang Production) និងក្រុមហ៊ុនអលដេតវ័ន ខូអិលធីឌី (All That Once Co.Ltd)។

    ការប្រកួតបាល់ទាត់មិត្តភាពរវាងតារាខ្មែរនិងតារាថៃនេះសម្រាប់ថវិកា ដែលរកបានពីការលក់សំបុត្រ និង ការឧបត្ថម្ភ បន្ទាប់ពីកាត់ចំណាយកម្មវិធីរួច នឹង ប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃ២៩ ខែសីហា ឆ្នាំ ២០១៩ សប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីម៉ោង២៖៣០នាទីរសៀលដល់ ម៉ោង ៩៖០០យប់។

    កម្មវិធីនេះមានការប្រកួតបាល់ទាត់មិត្តភាពចំនួន២ប្រកួតគឺ ការប្រកួតទី១ ក្លឹបបឹងកេត ជាមួយ ក្រុមបាល់ទាត់តារាមហាហង្ស និងការប្រកួតទី២ ក្រុមបាល់ទាត់តារាកម្ពុជាជាមួយ ក្រុមបាល់ទាត់ តារាថៃ។ បន្ថែមលើការប្រកួតបាល់ទាត់កម្មវិធីនេះក៏មានការប្រគុំតន្ត្រីពីតារា ល្បីៗប្រចាំប្រទេសកម្ពុជា និង ថៃដូចជាលោក ភឹម តារាវិបុល កញ្ញា អេដា ក្រុម Mustache Band លោក Pramote Wilepana និង លោក Utain Prommin។

    សូមជម្រាបថា ចំពោះការលក់សំបុត្រចូលរួមទស្សនាមាន២ប្រភេទគឺ សំបុត្រ VIP តម្លៃ ១០០០០រៀល និងសំបុត្រធម្មតាតម្លៃ ៥០០០រៀល។ បងប្អូនអាចរកទិញសំបុត្របាននៅស្តង់លក់សំបុត្រមុខពហុកីឡដ្ឋានជាតិអូឡាំពិក ឬ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៧៦ ៥៨ ២៧ ចាប់ពីថ្ងៃនេះតទៅ៕

  • សហគ្រាស​ធុន​តូច​ និង​មធ្យម​កំពុង​ ជំរុញ​អាជីវកម្ម​ជំនាញ​របស់​សហគ្រិន​ស្ត្រី​ទៅជា​ពាណិជ្ជកម្ម​ឌីជីថល​

    សហគ្រាស​ធុន​តូច​ និង​មធ្យម​កំពុង​ ជំរុញ​អាជីវកម្ម​ជំនាញ​របស់​សហគ្រិន​ស្ត្រី​ទៅជា​ពាណិជ្ជកម្ម​ឌីជីថល​

    កម្មវិធី​“ឌីជីថល​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​” បាន​ចាប់ផ្តើម​នៅក្នុង​ព្រឹត្តិ​ការណ៍​មួយ​ ដែល​ រៀបចំ​ឡើង​ដោយ​សភា​ពាណិជ្ជកម្ម​អង់គ្លេស​ ជា​គំនិត​ផ្តួចផ្តើម​ដ៏​មានជោគ​ជ័យ​បំផុត​មួយចំនួន​ក្នុង​គោលបំណង​ដើម្បី​ទទួលយក​បច្ចេកវិទ្យា​ និង​ការ​លើកកម្ពស់​នៃ​សហគ្រិន​ស្ត្រី​ ក៏​ត្រូវ​បាន​ពិភាក្សា​នា​ឱកាស​នោះ​ដែរ​។

    នៅក្នុង​កម្មវិធី​ “ឌីជីថល​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា​”ដែល​ជា​គំនិត​ផ្តួចផ្តើម​ និង​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​ USAID​ ដើម្បី​ពង្រឹង​ជំនាញ​របស់​សហគ្រិន​ស្ត្រី​ បាន​ចាប់ផ្តើម​កាលពី​ខែសីហា​ ឆ្នាំ2018​ ដោយមាន​អាយុកាល​ 5ឆ្នាំ​និង​មាន​ថវិកា​15លាន​ដុល្លារ​ និង​អនុវត្ត​ដោយ​អង្គ​ការ​ផេ​កខេម​បូ​ឌា​ដែល​ជា​អង្គការ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ជា​អ្នកគ្រប់គ្រង​ឱកាស​សេដ្ឋកិច្ច​នៃ​គម្រោង​នេះ​។

    អង្គការ​ ផេ​កខេម​បូ​ឌា​ បាន​បង្ហាញ​នូវ​គម្រោង​ “យើង​ធ្វើ​គម្រោង​”ក្នុង​ការ​ជួយ​ម្ចាស់​អាជីវកម្ម​ដែល​ជា​ស្ត្រី​ឱ្យ​បំពេញ​ “ការ​ផ្លាស់​ប្តូរ​ឌីជីថល​” ដែល​ជាផ្នែក​សំខាន់​មួយ​នៃ​កម្មវិធី​។ សហគ្រាស​ធុន​តូច​ និង​មធ្យម​ប្រមាណ​2,500ស្ថាប័ន​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ភាគច្រើន​ជា​អាជីវកម្ម​ដែល​គ្រប់គ្រង​ជា​លក្ខណៈ​គ្រួសារ​។

    អង្គ​ការ​ផេ​កខេម​បូ​ឌា​បានឱ្យ​ដឹង​ថា​៖“ម្ចាស់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា​ កំពុង​ដំណើរការ​ឌីជីថល​យ៉ាង​ យឺត​ៗក្នុង​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​ ប៉ុន្តែ​យើង​បាន​កត់សម្គាល់​ថា​ ភាគច្រើន​នៅ​ខ្វះ​ចំណេះដឹង​ចាំបាច់​ ដើម្បី​បញ្ចប់​ការ​ផ្លាស់​ប្តូរ​ឌីជីថល​ ជាពិសេស​ទាក់ទង​នឹង​ទីផ្សារ​ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ យើង​កំពុងតែ​ជួយ​បង្កើត​យុទ្ធសាស្ត្រ​ឌីជីថល​របស់​ពួកគេ​ ហើយ​ថែមទាំង​ទទួលយក​ប្រព័ន្ធ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទៀត​ផង​។ យើង​ក៏​ជួយ​ដល់​ពួកគេ​ក្នុង​ការ​កសាង​ភាពជា​ដៃគូ​ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​ផង​ដែរ​”។

    ធនាគារ​ កា​ណា​ឌី​យ៉ា​ និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ (CWEA​) ថ្មី​ៗនេះ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដោយ​បាន​ផ្តល់​ប្រាក់​ចំនួន​ 20លាន​ដុល្លារ​ដល់​មូលនិធិ​ប្រាក់កម្ចី​ដែល​មាន​អត្រា​ ការប្រាក់​ប្រកួតប្រជែង​។ គោលដៅ​ គឺ​ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី​។

    យោង​តាម​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ប្រមាណ​ 53ម៉ឺន​សហគ្រាស​ដែល​ 97​%មាន​និយោជិត​តិច​ជាង​ 10នាក់​ ដូច្នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​សហគ្រាស​ខ្នាត​តូច​។

    លោកជំទាវ​ អេង​ លី​គង់​ ប្រធាន​ CWEA​ និង​អង្គ​ការ​ផេ​កខេម​បូ​ឌា​បាន​យល់ស្រប​ថា​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​ តែងតែ​តស៊ូ​ដើម្បី​ទទួល​បាន​ហិរញ្ញវត្ថុ​។ លោកជំទាវ​ បាន​មានប្រសាសន៍​ថា​៖“65​%នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ត្រូវ​បាន​កាន់កាប់​ដោយ​ស្ត្រី​ និង​ជា​ការពិត​ សហគ្រិន​ស្ត្រី​ប្រឈម​នឹង​បញ្ហា​ប្រឈម​ជាច្រើន​ រួមមាន​ការ​ទទួល​បាន​ប្រាក់កម្ចី​ ពីព្រោះ​ពួកគេ​ខ្វះខាត​វត្ថុ​បញ្ចាំ​”។

    នៅ​ឆ្នាំ2017​ រដ្ឋាភិបាល​បាន​ប្រកាស​ផែនការ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​មួយ ​(SME’S​ Bank​) ជា​គម្រោង​ដែល​នឹង​មាន​ថវិកា​ដើមទុន​ប្រមាណ​ 100លាន​ដុល្លារ​។ យោង​តាម​រាជរដ្ឋាភិបាល​ ធនាគារ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំនេះ​នឹង​ព្យាយាម​ជួយ​លើ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​ពង្រីក​ប្រតិបត្តិ​ការ​របស់​ពួកគេ​ ដោយ​សម្រួល​ដល់​ការ​ទទួល​បាន​ឥណទាន​សម្រាប់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​ជាពិសេស​។

    លោកស្រី​ឧកញ៉ា​ កែវ​ មុំ​ អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​ លី​លី​ ធ្លាប់​បាន​ប្រាប់​ថា​៖“អាជីវកម្ម​របស់​សហគ្រិន​ស្ត្រី​មួយចំនួន​បាន​ដំណើរការ​ល្អ​ទៅមុខ​ ហើយ​ចង់​ពង្រីក​ឱ្យ​ធំធាត់​បន្ថែម​ទៀត​ ប៉ុន្តែ​ការរារាំង​មិន​អាច​ឱ្យ​ពង្រីក​បាន​នោះ​ គឺ​ហិរញ្ញវត្ថុ​តែម្ដង​ អុីចឹង​ហើយ​ពួកគាត់​ក៏បាន​ងាក​មក​ ពង្រីក​បន្តិច​ម្ដង​ៗតាម​ធនធាន​ដែល​ខ្លួន​មាន​”។

    លោកស្រី​ឧកញ៉ា​បាន​បន្ត​ថា​៖ “បញ្ហា​សម្រាប់​សហគ្រិន​ស្ត្រី​លើ​ការពង្រីក​អាជីវកម្ម​ អាច​នឹង​កាត់បន្ថយ​បាន​ បើសិនជា​ដំណើរការ​ធនាគារ​ SME​ របស់​រាជរដ្ឋាភិបាល​ចេញ​ជា​ផ្លែផ្កា​លឿន​ ហើយ​សហគ្រិន​ដែល​ខ្វះ​ទុន​ តែ​ចង់​ពង្រីក​អាជីវកម្ម​បន្ថែម​ អាច​សរសេរ​សំណើ​ទៅកាន់​ធនាគារ​ ដើម្បី​យក​ហិរញ្ញវត្ថុ​មក​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បាន​”។

    ឯកឧត្តម​ កិត្តិ​សេដ្ឋា​បណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​មានប្រសាសន៍​ថា​៖“សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​គឺជា​ចលករ​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ ដល់​កំណើន​សេដ្ឋកិច្ច​ និង​ការបង្កើត​ការងារ​។ សហគ្រាស​ធុន​តូច​ និង​មធ្យម​មាន​អាជីវកម្ម​គ្រប​ដណ្តប់​ច្រើន​ជាង​ 95​%ក្នុង​ពិភពលោក​ ដែល​ក្នុង​នោះ​បាន​បង្កើត​ការងារ​បាន​ចំនួន​ ​2/3នៃ​ទីផ្សារ​ពលកម្ម​សរុប​”។

    ម្យ៉ាងទៀត​ តាម​ការសិក្សា​បាន​បង្ហាញថា​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​នៅក្នុង​អាជីវកម្ម​អាច​នាំមក​នូវ​ចំណូល​ប្រមាណ​ ​625ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ 1ឆ្នាំ​ដល់​វិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​នៅ​ឆ្នាំ​2030​។ ដូច្នេះ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​មាន​សក្តា​នុ​ពល​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ដែល​សហគ្រាស​ខ្លួនឯង​តែង​មាន​បញ្ហា​ប្រឈម​ ​;ហើយ​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​ ដូចជា​ការបង្កើត​បណ្តាញ​អាជីវកម្ម​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ពិភពលោក​ ​;ឬជំរុញ​ផលិតផល​ក្នុង​ទីផ្សារ​បរទេស​ជាដើម​។

    គួរ​បញ្ជាក់​ថា​ បើ​តាម​ស្ថិតិ​របស់ក្រ​សួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​បង្ហាញថា​ នៅក្នុង​ ចំណោម​សហគ្រាស​ជាង​ 53ម៉ឺន​សហគ្រាស​នៅក្នុង​ប្រទេស​កម្ពុជា​ មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​មាន​ប្រមាណ​ 99.8​% ដែល​បាន​ផ្ដល់​ការងារ​សរុប​ប្រមាណ​ 70​% នៃ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​សរុប​៕

  • អ្វី​ៗគ្រប់យ៉ាង​ គឺ​ដោយសារតែ​ខ្ញុំ​ ហើយ​ខ្ញុំ​ គឺជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​

    អ្វី​ៗគ្រប់យ៉ាង​ គឺ​ដោយសារតែ​ខ្ញុំ​ ហើយ​ខ្ញុំ​ គឺជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​

    យើង​ទាំងអស់គ្នា​ធ្លាប់​ឮហើយ​ថា​ អ្វី​ៗគ្រប់យ៉ាង​គឺ​ដោយសារតែ​អ្នកដឹកនាំ​ ហើយ​អ្នកដឹកនាំ​គឺជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​ មានន័យថា​ អ្នកដឹកនាំ​គឺ​មាន​តួនាទី​ជា​អ្នក​ដោះស្រាយ​បញ្ហា​ និង​ជា​អ្នកបង្កើត​ភាព​រុងរឿង​។ អ្វី​ៗគឺ​ដោយសារតែ​អ្នកដឹកនាំ​ និង​ផ្ញើ​វាសនា​លើ​អ្នកដឹកនាំ​ ហើយ​បើ​មាន​បញ្ហា​អ្វី​ គឺ​បន្ទោស​តែ​អ្នកដឹកនាំ​។ តែ​គំនិត​ឬគតិបណ្ឌិត​ដែល​ថា​ អ្វី​ៗគ្រប់យ៉ាង​គឺ​ដោយសារតែ​ខ្ញុំ​ ហើយ​ខ្ញុំ​គឺជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​ វា​គឺជា​គំនិត​ឬគតិបណ្ឌិត​ទទួលខុសត្រូវ​ខ្លួនឯង​ ខ្លួនទីពឹងខ្លួន​ និង​ផ្ញើ​វាសនា​លើ​ខ្លួនឯង​ ហើយ​បើ​មាន​បញ្ហា​អ្វី​ គឺ​បន្ទោស​តែខ្លួន​ឯង​។ គំនិត​ឬគតិបណ្ឌិត​នេះ​ គឺ​អាច​ជួយ​ឱ្យ​មនុស្ស​គ្រប់គ្នា​អាច​ក្លាយជា​អ្នកដឹកនាំ​ មានន័យថា​ មនុស្ស​ម្នា​ក់ៗ​គឺ​សុទ្ធតែ​ទទួលខុសត្រូវ​ជា​អ្នក​ដោះស្រាយ​បញ្ហា​ និង​ជា​អ្នកបង្កើត​ភាព​រុងរឿង​ដោយខ្លួនឯង​។ ដូច​ទ្រឹ​ស្តី​ព្រះពុទ្ធ​បាន​ត្រាស់​ថា​ អ្នកជា​អ្វី​ថ្ងៃនេះ​ គឺជា​អ្វី​ដែល​អ្នក​បាន​ធ្វើ​ពីមុន​មក​ ហើយ​អ្នក​នឹង​ក្លាយជា​អ្វី​នៅ​ថ្ងៃ​អនាគត​ គឺជា​អ្វី​ដែល​អ្នក​បាន​ធ្វើ​ថ្ងៃនេះ​។

    អ្វី​ៗគ្រប់យ៉ាង​ គឺ​ដោយសារតែ​ខ្ញុំ​ តើមាន​ន័យ​យ៉ាងដូច​ម្តេច​? អ្វី​ៗគ្រប់យ៉ាង​ ក្នុង​ន័យ​អ្នកដឹកនាំ​ គឺ​ផ្តោត​លើ​បញ្ហា​។ បញ្ហា​អ្វីក៏ដោយ​ គឺ​ដោយសារតែ​ខ្ញុំ​ហើយ​ខ្ញុំ​ត្រូវតែ​ជា​អ្នក​ដោះស្រាយ​បញ្ហា​ ដោយ​មិន​ទុក​ឱ្យ​បញ្ហា​ទាំងនោះ​រស់​ និង​ដកដង្ហើម​នៅជា​មួយ​នឹង​ខ្ញុំ​ឡើយ​។ បញ្ហា​ គឺ​ស្មើនឹង​ជំងឺ​ មានន័យថា​ បើ​មនុស្ស​មាន​បញ្ហា​ គឺ​ស្មើនឹង​មនុស្ស​មាន​ជំងឺ​។ បើ​ខ្ញុំ​មាន​បញ្ហា​គឺ​ស្មើនឹង​ខ្ញុំ​មាន​ជំងឺ​ ហើយ​បើ​ខ្ញុំ​មិន​ដោះស្រាយ​ តើ​ឱ្យ​នរណា​មក​ដោះស្រាយ​ជំនួស​ខ្ញុំ​បាន​? ជាង​នេះ​ទៅ​ទៀត​ បើ​បងប្អូន​ខ្ញុំ​មាន​បញ្ហា​ គឺ​ស្មើនឹង​បងប្អូន​ខ្ញុំ​មាន​ជំងឺ​។ បើ​ឪពុក​ម្តាយ​ខ្ញុំ​មាន​បញ្ហា​ គឺ​ស្មើនឹង​ឪពុក​ម្តាយ​ខ្ញុំ​មាន​ជំងឺ​។ បើ​ប្តី​ប្រពន្ធ​ខ្ញុំ​មាន​បញ្ហា​ គឺ​ស្មើនឹង​ប្តី​ប្រពន្ធ​ខ្ញុំ​មាន​ជំងឺ​។ បើ​កូនចៅ​ខ្ញុំ​មាន​បញ្ហា​ គឺ​ស្មើនឹង​កូនចៅ​ខ្ញុំ​មាន​ជំងឺ​។ បើ​ស្ថាប័ន​ខ្ញុំ​មាន​បញ្ហា​ គឺ​ស្មើនឹង​ស្ថាប័ន​ខ្ញុំ​មាន​ជំងឺ​។ បើ​ប្រជាពលរដ្ឋ​ខ្ញុំ​មាន​បញ្ហា​ គឺ​ស្មើនឹង​ប្រជាពលរដ្ឋ​ខ្ញុំ​មាន​ជំងឺ​។ បើ​ប្រទេសជាតិ​ខ្ញុំ​មាន​បញ្ហា​ គឺ​ស្មើនឹង​ប្រទេសជាតិ​ខ្ញុំ​មាន​ជំងឺ​។ល។ តើ​ខ្ញុំ​អាច​រស់នៅ​ និង​មាន​សេចក្តី​សុខ​តែម្នាក់ឯង​បានទេ​ បើ​អ្នក​នៅ​ជុំវិញ​ខ្ញុំ​ មនុស្សជា​ទី​ស្រា​ឡាញ់​របស់ខ្ញុំ​ គឺ​សុទ្ធតែ​មាន​ជំងឺ​? តើ​ខ្ញុំ​អាច​រស់​ដោយ​គ្មាន​សីលធម៌​ គុណធម៌​ និង​បើកភ្នែក​មើល​ទុក្ខវេទនា​នៃ​ការឈឺចាប់​ទាំងនេះ​បានទេ​? បើ​អ្វី​ៗគ្រប់យ៉ាង​ ខ្ញុំ​គិតតែ​ទម្លាក់កំហុស​ឱ្យ​អ្នកដទៃ​ ហើយ​ខ្ញុំ​សុខចិត្ត​រស់​ និង​ដកដង្ហើម​ជាមួយនឹង​បញ្ហា​ ដោយ​គ្មាន​សេចក្តី​ខ្មាសអៀន​បន្តិច​សោះ​ឡើយ​ឬយ៉ាងណា​?

    ខ្ញុំ​ គឺជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​ តើមាន​ន័យ​ដូច​ម្តេច​? ក្នុង​ន័យ​អ្នកដឹកនាំ​ គឺ​ផ្តោត​លើ​ភាព​រុងរឿង​។ អ្វី​ៗគ្រប់យ៉ាង​ គឺ​វា​មិន​បង្កើត​ឡើង​ដោយខ្លួនឯង​ទេ​ គឺ​បង្កើត​ឡើង​ដោយមាន​អ្នកបង្កើត​។ បើ​ខ្ញុំ​ចង់បាន​ល្អ​ គឺ​ខ្ញុំ​ត្រូវតែ​ធ្វើល្អ​។ បើ​ខ្ញុំ​ចង់បាន​ប្រពន្ធ​ល្អ​ គឺ​ខ្ញុំ​ត្រូវ​តែ​ធ្វើជា​ប្តី​ល្អ​។ បើ​ខ្ញុំ​ចង់បាន​កូន​ល្អ​ គឺ​ខ្ញុំ​ត្រូវតែ​ធ្វើជា​ឪពុក​ម្តាយ​ល្អ​។ បើ​ខ្ញុំ​ចង់បាន​កូនចៅ​ល្អ​ គឺ​ខ្ញុំ​ត្រូវតែ​ធ្វើជា​មេដឹកនាំ​ល្អ​។ បើ​ខ្ញុំ​ចង់បាន​សង្គម​ល្អ​ គឺ​ខ្ញុំ​ត្រូវ​តែ​ធ្វើជា​ពលរដ្ឋ​ល្អ​។ ដូចគ្នា​នេះ​ដែរ​ បើ​ខ្ញុំ​ចង់ឱ្យ​គេ​រាប់អាន​ខ្ញុំ​ គឺ​ខ្ញុំ​ត្រូវតែ​ទៅរាប់​អាន​គេ​។ បើ​ខ្ញុំ​ចង់ឱ្យ​គេ​ស្រឡាញ់​ខ្ញុំ​ គឺ​ខ្ញុំ​ត្រូវតែ​ស្រឡាញ់​គេ​។ បើ​ខ្ញុំ​ចង់ឱ្យ​គេ​ធ្វើល្អ​ដាក់​កូន​ខ្ញុំ​ គឺ​ខ្ញុំ​ត្រូវតែ​ធ្វើអំពើ​ល្អ​ដាក់​កូន​គេ​។បើ​ខ្ញុំ​ចង់ឱ្យ​គេ​គោរព​ឪពុក​ម្តាយ​ខ្ញុំ​ គឺ​ខ្ញុំ​ត្រូវតែ​គោរព​ឪពុក​ម្តាយ​គេ​។ បើ​ខ្ញុំ​ចង់​រៀន​ពូកែ​ គឺ​ខ្ញុំ​ត្រូវតែ​ពូកែ​រៀន​។ បើ​ខ្ញុំ​ចង់​ចេះ​ គឺ​ខ្ញុំ​ត្រូវតែ​ខំរៀន​ បើ​ខ្ញុំ​ចង់​មាន​ គឺ​ខ្ញុំ​ត្រូវតែ​ខំ​រក​។ ពោល​គឺ​ បុគ្គល​សាបព្រោះ​ពូជ​ណា​នឹង​ទទួល​បានផល​ហ្នឹង​។ បើ​ខ្ញុំ​មិន​ធ្វើ​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​ តើ​ធ្វើ​ម៉េច​ឱ្យ​ខ្ញុំ​ទទទួល​បាន​នូវ​អ្វី​ដែល​ខ្ញុំ​ប្រាថ្នា​? ខ្ញុំ​ គឺ​ជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​៕

    ដោយ​លោក​ ហោ​ ចាន់​រដ្ឋា​ អ្នកស្រាវជ្រាវ​ភាពជា​អ្នកដឹកនាំ​ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ ភាពជា​អ្នកមាន​កំពូល​។

  • បករោម និងកោររោម មួយណាល្អជាង?

    បករោម និងកោររោម មួយណាល្អជាង?

    បញ្ហា​រឿង​រោម​ មិនថា​យុគសម័យ​ណា​ ក៏​វា​នៅ​តែ​ជា​បញ្ហា​ជានិច្ច​ ភាគច្រើន​ការ​កម្ចាត់​រោម​ចោល​ យើង​ច្រើនតែ​ប្រើការ​កោរ​ ព្រោះ​វា​ងាយស្រួល​ ឆាប់រហ័ស​ និង​អាច​ធ្វើ​បាន​រាល់ថ្ងៃ​ តែ​នៅពេល​បាន​សាកល្បង​បក​រោម​ម្តង​រួចមក​ ទើបបាន​ដឹង​ថា​ តើ​ហេតុ​អី​បាន​ជា​ការ​បក​រោម​ល្អ​ជាង​ការ​កោរ​រោម​? ដូច្នេះ​បើ​ចង់​ដឹង​កាន់តែ​ច្បាស់​សូម​តាមដាន​ជា​បន្ត​៖

    1. រោម​ដុះឡើង​វិញ​យឺត​ជាង​
    ការ​បក​រោម​ គឺជា​ការ​ទាញ​យក​សរសៃ​រោម​ចេញ​ រួម​ទាំង​ឬសរោ​មមក​ជាមួយ​ផង​ ហើយ​លទ្ធផល​ដែលតា​មមក​នោះ​គឺ​ យើង​នឹង​លែង​មាន​រោម​អស់​ជាច្រើន​សប្តាហ៍​ ចំណែក​ឯការ​កោរ​រោម​វិញ​យើង​ឃើញថា​ បើ​កោរ​នៅពេល​ព្រឹក​ដល់ពេល​ល្ងាច​យើង​នឹង​មាន​អារម្មណ៍​ដឹង​ថា​ វា​ដុះ​គល់​ឡើងវិញ​ស្រេច​ទៅ​ហើយ​ ឬយ៉ាង​យឺត​បំផុត​អាច2ថ្ងៃ​សម្រាប់​អ្នកខ្លះ​។ នេះ​ហើយ​ជាហេតុ​ផល​ចម្បង​របស់​ការ​បក​រោម​។

    2. ផ្សា​ក្រហាយ​តិច​ជាង
    ​ថាៗ​ទៅ​ការ​កោរ​រោម​អាច​មិន​ផ្សា​ក្រហាយ​ណាស់ណា​ទេ​ បើ​ធ្វើ​ត្រឹមត្រូវ​តាមវិធី​ តែ​ភាគ​ច្រើន​ យើង​ច្រើនតែ​ប្រញាប់​ ទើប​ធ្វើ​ឱ្យ​យើង​កោរ​ដោយ​មិន​ប្រើ​គ្រី​មសម្រាប់​កោរ​រោម​ ឬប្រើ​សាប៊ូ​ជួយ​។ ទោះ​យ៉ាងណាក៏ដោយ​ ក៏​ការ​កោរ​រោម​នៅតែ​ផ្សា​ក្រហាយ​ដែរ​ ព្រោះ​វា​ជា​ការ​កោស​ស្រទាប់​ស្បែក​ខាងលើ​ដែល​អាច​នឹង​ធ្វើ​ស្បែក​នៅកន្លែង​នោះ​ឡើង​ស្ងួត​ និង​ប្រថុយប្រថាន​នឹង​មុខកាំបិត​កោរ​ទៀតផង​ ឯកា​របក​រោម​វិញ​ ទោះជា​កើតមាន​ស្នាម​អុច​ៗដែល​បណ្តាល​មក​ពី​ការ​ទាញ​ដោយ​ទាំង​ឫស​រោម​ចេញ​មក​មែន​ តែត្រឹម​តែមួយ​ស្របក់​ ឬអាច​ប្រហែលជា2ម៉ោង​ ស្នាម​ក្រ​ហមៗ​ទាំងនោះ​នឹង​រលុប​បាត់​វិញ​ហើយ​។

    3. គ្មាន​នៅសល់​គល់​រោម
    ​គល់​រោម​ក៏​ជា​បញ្ហា​មួយ​ដែរ​ ព្រោះ​នៅពេល​យើង​ស្ទាប​លើ​ស្បែក​កន្លែង​ដែល​យើង​កោរ​ ជា​ពិសេស​ម្តុំ​ស្មងជើង​ យើង​នឹង​ដឹង​ថា​ ស្បែក​យើង​មិន​រាប​រលោង​សោះ​ កើតមាន​គល់​រោម​ដុះឡើង​ដែល​ធ្វើ​ឱ្យ​យើង​ដឹង​បាន​ជាមួយនឹង​ខោ​ ឬសំពត់​ខ្លះ​ ធ្វើ​ឱ្យ​អ្នក​ត្រូវ​កោរ​រោម​ញឹកញាប់​ ឬអាច​នឹង​រាល់ថ្ងៃ​ទៀតផង​ ក្នុង​ខណៈ​ដែល​ការ​បក​វិញ​នោះ​គ្មាន​គល់​រោម​ដុះឡើង​ឡើយ​ តែ​នៅពេល​យើង​បក​ អាច​នឹង​មាន​សរសៃ​រោម​ខ្លះ​មិនព្រម​របូត​មក​ជាមួយ​ឡើយ​ ដូច្នេះ​ទាល់តែ​ប្រើ​ដង្កៀប​ដក​ចេញ​។

    4. រោម​ដុះឡើង​ស្តើង​ជាង​មុន
    ​នេះ​ក៏​ជា​ចំណុច​ល្អ​របស់​ការ​បក​រោម​មួយ​ដែរ​ នៅពេល​ដែល​យើង​ប្រើ​វិធី​បក​រោម​ យើង​នឹង​មាន​អារម្មណ៍​ដឹង​ថា​ ពេល​ដែល​វា​ដុះឡើង​ថ្មី​ សរសៃ​រោម​នោះ​មិនសូវ​រឹង​ និង​អាច​ស្តើង​ជាង​មុន​ទៀតផង​ ខណៈ​ដែល​ការ​កោរ​រោម​វិញ​ ក្រៅ​ពី​គល់​ដុះឡើង​ហើយ​ សរសៃ​រោម​ថែមទាំង​រឹង​ទៀតផង​ អ្នកណា​ដែល​ធ្លាប់​កោរ​ញឹកញាប់​ ប្រហែលជា​ដឹង​ហើយ​ថា​ វា​មាន​អារម្មណ៍​យ៉ាង​ណា​ជាមួយ​សរសៃ​រោម​ដែល​ដុះ​ថ្មី​មក​នោះ​។

    5. មិនបាច់​ជួបនឹង​បញ្ហា​ស្លាកស្នាម​
    បើ​យើង​កោរ​មិន​ប្រយ័ត្ន​ អាច​នឹង​មុត​បណ្តាល​ឱ្យ​មានស្នាម​របួស​បាន​ ទោះជា​កាំបិត​កោរ​មិន​មុត​ក៏ដោយ​ ក៏​ត្រូវតែ​ប្រយ័ត្ន​ដែរ​ ព្រោះ​បើ​មាន​ស្នា​មរ​បូស​ហើយ​នោះ​ នឹងអាច​ធ្វើ​ឱ្យ​យើង​មាន​ស្លាកស្នាម​នៅ​លើ​ខ្លួនប្រាណ​បាន​យ៉ាង​អចេតនា​។

    6. ប្រដាប់​បក​រោម​ជា​ផលិតផល​ធម្មជាតិ​
    ប្រដាប់​បក​រោម​ដែល​យើង​តែង​ប្រើ​នោះ​គឺ​ជា​ចំណែក​ផ្សំ​ពី​ធម្មជាតិ​ ពេល​យើង​បិទ​ប្រដាប់​បក​រោម​នៅ​លើ​ស្បែក​ ហើយ​ទាញ​ចេញ​នោះ​ ក្រៅពី​សរសៃ​រោម​ដែល​ជាប់​មក​ជាមួយ​ហើយ​នោះ​ នៅ​មាន​ស្រទាប់​ស្បែក​ផ្នែក​ខាងលើ​ដែល​ងាប់ហើយ​ និង​រង់ចាំ​ការ​ផ្លាស់​កោសិកា​ថ្មី​នោះ​ក៏​របូត​មក​ជាមួយ​ដែរ​ ធ្វើ​ឱ្យ​ស្បែក​យើង​ស្អាត​ឡើង​ តែ​ការ​កោរ​វិញ​មិនមែន​ដូច្នោះ​ទេ​ វា​ជា​ការ​កោស​បំផ្លាញ​ស្បែក​ទៅវិញ​។

    7. ជា​ការ​កម្ចាត់​រោម​ជានិរន្តរ៍​
    នៅពេល​យើង​បកស្បែក​ញឹកញាប់​ សរសៃ​រោម​នឹង​ក្រ​ដុះឡើង​ និង​ថែមទាំង​ដុះ​មក​ស្តើង​ទៀតផង​ បើ​អ្នកណា​មាន​សរសៃ​រោ​មតូចៗ​ និង​ស្តើង​ស្រាប់​ផង​នោះ​ អាច​នឹង​មើលឃើញ​ថា​ ស្ទើរតែ​គ្មាន​នៅសល់​រោម​តែម្តង​ ដែល​អាច​ជា​ការ​កម្ចាត់​រោម​បែប​និរន្តរ៍​តែម្តង​សម្រាប់​អ្នកខ្លះ​៕

  • កម្ពុជា​-ចិន​រួមគ្នា​បណ្ដុះបណ្ដាល​ ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ផ្តោត​លើ​បច្ចេកវិទ្យា​ឌីជីថល​

    កម្ពុជា​-ចិន​រួមគ្នា​បណ្ដុះបណ្ដាល​ ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ផ្តោត​លើ​បច្ចេកវិទ្យា​ឌីជីថល​

    ដើម្បី​រួមចំណែក​បំពេញ​តម្រូវការ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ ធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​ទទួល​បាន​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល​ក្រសួងទេសចរណ៍​ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ហៃ​ណាន​ប្រទេស​ចិន​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី​ការ​អភិវឌ្ឍ​ និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ឆ្ពោះទៅ​ឧស្សាហកម្ម​ 4.0​ ដែល​កម្មវិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ មាន​រយៈពេល​ 15ថ្ងៃ​ និង​មានការ​អញ្ជើញ​ចូលរួម​ពីរ​ដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​ និង​ទីប្រឹក្សា​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ហៃ​ណាន​។

    លោក​ ហ័ង​ ឆាង​ស៊ាង​ (HUANG​Changxiong​) ទីប្រឹក្សា​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ហៃ​ណាន​ បាន​បញ្ជាក់​ថា​ ការ​ពង្រឹង​ និង​អភិវឌ្ឍន៍​សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ គឺជា​ទស្សនៈ​មូលដ្ឋាន​នៃ​គោលនយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​ចិន​ ក្នុង​នោះ​ការ​ផ្ដល់​ជំនួយ​លើ​ការ​បណ្តុះបណ្តាល​ ក៏​ជា​ខ្លឹមសារ​សំខាន់​របស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ហៃ​ណាន​ផង​ដែរ​ ដែល​ជា​សេដ្ឋកិច្ច​ នយោបាយ​ ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍន៍​ “ខ្សែក្រវាត់​ និង​ផ្លូវ​” របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

    លោក​បាន​លើកឡើង​ដែរ​ថា​ “លក្ខណៈ​នៃ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​បរិបទ​ឧស្សាហកម្ម​ 4.0​ នឹង​ត្រូវ​យក​មក​បង្រៀន​ដល់​សិក្ខាកាម​កម្ពុជា​ ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​បណ្តាញ​ទិន្ន​ន័យ​ធំៗ​ និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ ដែល​ជា​បច្ចេក​ វិទ្យា​ស្នូល​ក្នុង​ការគ្រប់គ្រង​សេវាកម្ម​ទេសចរណ៍​”។

    ឯកឧត្តម​ ហោ​ មុនី​រ័ត្ន​ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ បាន​រំឭក​ថា​ កាលពី​ឆ្នាំ2018​ ភាគី​កម្ពុជា​-ចិន​បាន​សហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​នៅ​ខេត្ត​ព្រះសីហនុ​ម្ដង​ហើយ​ ដោយពេល​នោះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ 50នាក់​ មក​ពី​ស្ថាប័នរដ្ឋ​ និង​ឯកជន​។ ទន្ទឹម​នេះ​ ក្នុង​ឆ្នាំ2018​ កន្លងទៅ​ កម្ពុជា​ក៏​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង​ 6,2លាន​នាក់​ កើន​ឡើង​ 10.7​% និង​នាំមក​នូវ​ប្រាក់ចំណូល​ប្រមាណ​ 4,356លាន​ដុល្លារ​អាមេរិក​។

    ឯកឧត្តម​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​មក​កម្ពុជា​មាន​ចំនួន​ 636​ជើង​ក្នុង​ 1សប្តាហ៍​ មក​ពីទី​ក្រុង​ចំនួន38​ ក្នុង​ប្រទេស​ចិន​ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន25ក្រុមហ៊ុន​។ លោក​បន្ត​ថា​ កម្ពុជា​ត្រូវការ​វិនិយោគិន​ និង​ដៃគូ​អភិវឌ្ឍន៍​បន្ថែម​ទៀត​ ដើម្បី​បង្កើត​ផលិតផល​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ ទ្រទ្រង់​ទេស​ចរ​ណ៍​ថ្មី​ៗ ព្រមទាំង​ពង្រីក​ការ​តភ្ជាប់​ជើងហោះហើរ​ ពីទី​ក្រុង​នា​នាៗ​ របស់​ប្រទេស​ចិន​បន្ថែម​ទៀត​។

    សម្រាប់​ឆ្នាំ2019​ កម្ពុជា​ក៏​រំពឹង​ថា​ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ 6,7លាន​នាក់​ ហើយ​នៅ​ឆ្នាំ​ 2020​ ប្រមាណ​ជាង​ 7លាន​នាក់​។ ឯកឧត្ដម​បាន​បញ្ជាក់​ថា​ “ភ្ញៀវ​ទេសចរ​ចិន​ គឺជា​ទីផ្សារ​ដែល​ធំជាង​គេ​លេខ1​ របស់​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​”។

    ឯកឧត្ដម​បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ2018​ កន្លងទៅ​ កម្ពុជា​ទទួល​បាន​ទេសចរ​ចិន​ចំនួន​ 2លាន​នាក់​ មាន​ការ​កើនឡើង​ 33​% ហើយ​នៅ​ឆ្នាំ2019​ នេះ​ យើង​រំពឹង​ថា​ ទេសចរ​ចិន​ នឹង​កើនឡើង​ដល់​ 2.6លាន​នាក់​និង​ 3លាន​នាក់​នៅ​ឆ្នាំ2020​។

    ឯកឧត្តម​រដ្ឋលេខាធិការ​ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​៖“ដើម្បី​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ នៅ​ឆ្នាំ2020​ កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ថ្មី​ចំនួន​ប្រមាណ​ 20ម៉ឺន​នាក់​បន្ថែម​ទៀត​ ដូចនេះ​ក្រសួង​ទេសចរណ៍​កំពុង​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើ​ ពោល​គឺ​ត្រូវ​ជំរុញ​ការ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​ថ្មី​ និង​បំពាក់បំប៉ន​ជំនាញ​បន្ថែម​ទៀត​ ដល់​អ្នក​កំពុង​បម្រើការ​ងារ​ក្នុង​វិស័យ​ទេសចរណ៍​។ ដោយ​ហេតុ​ថា​ នា​ពេល​បច្ចុប្បន្ន​ អ្នក​កំពុង​បម្រើការ​ងារ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ចំនួន​ប្រមាណ​តែ​ 20​% ប៉ុណ្ណោះ​ដែល​បាន​ឆ្លងកាត់​ការសិក្សា​ជំនាញ​ទេសចរណ៍​តាម​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍​ សាកល​វិទ្យាល័យ​ទេសចរណ៍​ និង​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​”។

    ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​ ក្រសួងទេសចរណ៍​បាន​និង​កំពុង​ដាក់​ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ស្ដីពី​ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឌីជីថល​ ដូចជា​ការចុះបញ្ជី​អាជ្ញាប័ណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ​ Online ​ប្រព័ន្ធ​ចំណាត់ថ្នាក់​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​Online​ ប្រព័ន្ធ​គ្រប់គ្រង​មគ្គុទេ្ទសក៍​ទេសចរណ៍​ Online​ ប្រព័ន្ធ​វាយតម្លៃ​ចលនា​ប្រឡងប្រណាំង​“ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវា​ល្អ​ បដិសណ្ឋារ​កិច្ច​ល្អ​” តាម​ប្រព័ន្ធ​ QR​-Code​ និង​ប្រព័ន្ធ​ទូរស័ព្ទ​វៃឆ្លាត​ ព្រម​ជាមួយ​ការ​រីកចម្រើន​នៃ​មធ្យោបាយ​ទូទាត់​សម្រាប់​ទេសចរណ៍​តាម​ប្រព័ន្ធ​ QR​-Code​ មធ្យោបាយ​ដឹកជញ្ជូន​វៃឆ្លាត​ (Pass​ App​ ឬ Grab​) ជាដើម​។

    លើស​ពីនេះ​ ក្រសួងទេសចរណ៍​ក៏បាន​និង​កំពុង​រៀបចំ​ឯកសារ​ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ឌីជីថល​ ឆ្នាំ2020​-2023​ ដែល​ជាឯក​សារ​គោល​សម្រាប់​ជំរុញ​ការប្រើ​ប្រាស់​ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ឌីជីថល​ សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ឆ្ពោះទៅ​រក​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ដែល​កំពុង​បង្ហាញ​ពី​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ពិភពលោក​ ដែល​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការកំណត់​ឡើងវិញ​នូវ​កត្តាផលិតកម្ម​ ការគ្រប់គ្រង​ ឥរិយាបថ​នៃ​ការប្រើ​ប្រាស់​ និង​រចនា​សម្ព័ន​សេដ្ឋកិច្ច​។

    លោកជំទាវ​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“វគ្គ​បណ្តុះបណ្តាល​នេះ​មានប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា​យើង​ព្រោះ​ទេសចរ​បាន​ស្វែងយល់​តាម​ App​ &​; Digital​ ដែល​វិស័យ​ទេសចរណ៍​កម្ពុជា​ បាន​និង​កំពុង​ដាក់​ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​នេះ​។ វា​ក៏​មាន​ភាព​ចាំបាច់​ណាស់​ដែរ​ក្នុង​ការជំរុញ​ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ដែល​វគ្គ​បណ្តុះបណ្តាល​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​ឌីជីថល​នេះ​ ជា​ការ​ផ្តល់​កិច្ចសហការ​ដោយ​ខេត្ត​ហៃ​ណា​នប្រ​ទេស​ចិន​នេះ​”។

    លោកជំទាវ​ បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​៖“លំហូរ​ទេសចរ​នៃ​បណ្តា​ប្រទេស​ជាច្រើន​ជាពិសេស​ជនជាតិ​ចិន​មក​ក្នុង​តំបន់​អាស៊ាន​ មាន​ចំនួន​កាន់តែ​ច្រើនឡើង​ ធ្វើ​ឱ្យ​ការជំរុញ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​យើង​កាន់តែ​មាន​សម្ទុះ​ ដោយសារតែ​ការ​ធ្វើ​ទេសចរណ៍​ក្រៅ​ស្រុក​របស់​អ្នកទេសចរ​ចិន​គ្រប់​វ័យ​ មាន​តួលេខ​ឈានមុខ​នៅ​ស្ទើរគ្រប់​ប្រទេស​ រួម​ទាំង​ទេសចរ​ដែល​មកកាន់​ប្រទេស​កម្ពុជា​ផង​ដែរ​”។

    លោកជំទាវ​ ឆាយ​ ស៊ី​វលី​ន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​៖“វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី​ការ​អភិវឌ្ឍ​ និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ឆ្ពោះទៅ​ឧស្សាហកម្ម​ 4.0​ នេះ​ មាន​សកម្មភាព​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឌីជីថល​របស់ក្រ​សួង​ទេសចរណ៍​ដែល​បាន​កំពុង​ដាក់​ឱ្យ​អនុវត្ត​ដែរ​”៕

  • ពិតជា​ភ្ញាក់ផ្អើល​!​!​ ​កូនខ្មែរ​មួយ​រូប​ ​បង្ហាញ​សម្ថ​ភាព​អ​ច្ឆ​រិយៈ​នៃ​ការ​ចងចាំ​នៅក្នុង​កម្មវិធី​ ​Super100​ ​ប្រទេស​ថៃ​ ​

    ពិតជា​ភ្ញាក់ផ្អើល​!​!​ ​កូនខ្មែរ​មួយ​រូប​ ​បង្ហាញ​សម្ថ​ភាព​អ​ច្ឆ​រិយៈ​នៃ​ការ​ចងចាំ​នៅក្នុង​កម្មវិធី​ ​Super100​ ​ប្រទេស​ថៃ​ ​

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈ​វីដេអូ​កម្មវិធី​ ​អ​ច្ឆ​រិយៈ​លើស១០០​ ​ឬ​ ​Super100​ ​ស្ថានីយ​ទូរទស្សន៍​ ​Workpoint​ ​Entertainment​ ​បានឱ្យ​ឃើញថា​ ​កូនខ្មែរ​មួយ​រូប​ដែល​មានឈ្មោះ​ថា​ ​ហុង​ ​ភារិ​ន​ ​មាន​អាយុ​ ​២៤​ ​ឆ្នាំ​ ​កំពុង​បន្ដ​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ ​ជ័យភូមិ​ ​ក្នុង​ប្រទេស​ថៃ​ ​បាន​ចូលរួម​បង្ហាញ​សមត្ថភាព​ពិសេស​នៃ​ការ​តេស្ដ​សមត្ថភាព​ចងចាំ​។​ ​ក្រុមការងារ​កម្មវិធី​ខាងលើ​នេះ​ ​បាន​បញ្ជាក់​ប្រាប់​ថា​ ​លោក​ ​ហុង​ ​ភារិ​ន​ ​មាន​សមត្ថភាព​ចងចាំ​ពិសេស​គឺ​ ​ការ​ចាំ​ប្រតិទិន​ដល់ទៅ​ ​700​ ​ឆ្នាំ​ ​និង​សមត្ថភាព​ចងចាំ​រូបភាព​យ៉ាង​អ​ច្ឆ​រិយៈ​មិន​គួរ​ឱ្យ​ជឿ​។​

    ​នៅក្នុង​នោះ​ ​គណៈកម្មការ​ទាំង​បី​បាន​ធ្វើការ​សាកល្បង​សមត្ថភាព​របស់​ ​ភារិ​ន​ ​ជា​បី​ដំណាក់កាល​ ​ទី១គឺ​ ​លេ​ខន​ពន្ធ​រត់​មិន​លំដាប់​ ​ទី២​ ​សម្លឹ​ក​បៀ​សាប់​ដែល​មិន​តម្រៀប​គ្នា​ ​ទី៣គឺ​ ​ថ្ងៃខែ​ឆ្នាំ​ ​សប្ដាហ៍​នៅ​លើ​ប្រតិទិន​។​ ​ឆ្លងកាត់​វិញ្ញាសា​រទាំង​បី​ដំណាក់កាល​បាន​ធ្វើ​ឱ្យ​មហាជន​អ្នកទស្សនា​ភ័យ​បុកពោះ​មិន​ស្ទើ​តាមរយៈ​ពី​មួយ​សំនួរ​ទៅ​មួយ​សំនួរ​។​ ​ទីបំផុត​ ​បេក្ខភាព​រូប​នេះ​ធ្វើ​បាន​យ៉ាង​ជោគជ័យ​ដោយ​គ្មាន​ការ​ភ្លាំងភ្លាត់​។​ ​លោក​ ​ភារិ​ន​ ​បាន​បញ្ជាក់​ថា​ ​ដោយសារ​លោក​បាន​ទស្សនា​កម្មវិធី​នេះ​តាំងពី​ដំបូង​ ​ហើយ​ឃើញ​មាន​បេក្ខភាព​មួយ​រូប​ ​ដែល​មានឈ្មោះ​ ​អេ​ ​បាន​បញ្ចេញ​សមត្ថភាព​នៃ​ការ​ចងចាំ​បាន​យ៉ាង​រហ័ស​ ​ហើយ​នៅ​គ្រានោះ​លោក​ក៏​តាំង​ក្ដី​ស្រ​ម៉ៃ​របស់​ខ្លួន​ថា​ ​លោក​នឹង​ធ្វើ​ឱ្យ​បាន​ដូច​ជា​អាយ​ដល​របស់​លោក​ដែរ​។​ ​ភារិ​ន​ ​បាន​បន្ដ​ថា​ ​ដោយសារ​ខ្លួន​បាន​ឆ្លងកាត់​ស្ថានភាព​គ្រួសារ​លំបាក​ ​មានតែ​ម្ដាយ​ទទួល​បន្តុក​ចិញ្ចឹម​កូន​ ​ហើយ​គ្រួសារ​ទាស់ទែងគ្នា​រាល់តែថ្ងៃ​ទៀត​នោះ​ ​ទើបបាន​ជា​លោក​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ​ដើម្បី​រត់គេច​ពី​បញ្ហា​របស់​គ្រួសារ​ ​និង​ការ​បាក់ទឹកចិត្ត​។​ ​លោក​ថា​ ​លោក​អរគុណ​ចំពោះ​បងប្រុស​របស់​លោក​ ​ដែល​បាន​ផ្ដល់​សារ​ជា​កម្លាំង​បណ្ដាល​ចិត្ត​ឱ្យ​លោ​កប្រឺង​ប្រែង​ដល់​សព្វ​គឺ​ ​«​ ​បើ​ចង់​ដកខ្លួន​ចេញពី​បញ្ហា​គ្រួសារ​ ​គឺ​ត្រូវ​តស៊ូ​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន​បំផុត​»​។​

    ​ជោគជ័យ​និង​ក្ដី​សម្រេច​របស់​ ​ហុង​ ​ភារិ​ន​ ​បាន​ធ្វើ​ឱ្យ​មហាជនកម្ពុជានិងថៃ ​មាន​មោទនភាព​ចំពោះ​អច្ឆរិយភាព​របស់​លោក​យ៉ាង​ខ្លាំង​។​ ​បន្ទាប់ពី​ឈ្នះ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​ខាងលើ​ហើយ​ ​ខាង​អ្នក​រៀបចំ​កម្មវិធី​បាន​ប្រគល់​រង្វាន់​ដែល​ជា​ការ​តបស្នង​ក្ដី​ស្រ​ម៉ៃ​របស់​ភារិ​ន​ ​រួមមាន​ ​សៀវភៅ​ ​ខ្មៅដៃ​ ​និង​សម្ភារៈ​សិក្សា​ជាច្រើន​ទៀត​ ​យក​ទៅ​ប្រគល់​ជូន​សិស្សសាលា​បឋមសិក្សា​ក្នុង​ខេត្ត​ជ័យភូមិ​។​ ​ហើយ​ក្រុមការងារ​ក៏បាន​ប្រគល់​ទឹកប្រាក់​ចំនួន​ ​១០០០០​ ​បាត​បន្ថែម​ទៀត​ឱ្យទៅ​ ​ភារិ​ន​ ​ជា​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ ​និង​ជួយ​ដោះស្រាយ​ជីវភាព​ជូន​ម្ដាយ​។​ ​សរុប​មក​ ​អ​ច្ឆ​រិយៈ​បុគ្គល​របស់​កម្ពុជា​ ​ហុង​ ​ភារិ​ន​ ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ថៃ​ ​និង​កម្ពុជា​ ​បាន​មើលឃើញ​ពី​ទឹកចិត្ត​ ​និង​ការ​តបស្នង​ចំពោះ​ប្រទេស​ ​និង​ជាតិ​របស់​ខ្លួន​។​ ​ហុង​ ​ភារិ​ន​ ​ត្រូវ​បាន​ចាត់ទុកជា​ជន​គំរូ​នៃ​ការសិក្សា​រៀនសូត្រ​ ​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន​ ​ដើម្បីអនាគត​ភ្លឺស្វាង​៕​