យោងតាមរបាយការណ៍ថ្មីពី Canalys បានបង្ហាញឱ្យឃើញអំពីស្ថានភាពទីផ្សារស្មាតហ្វូននៅលើទីផ្សារអឺរ៉ុបប្រចាំត្រីមាសទី2 ឆ្នាំ2019 ដែលគេបានមើលឃើញថា Samsung បានកើនចំនួនលក់ច្រើនឡើង តាមរយៈការបញ្ចេញលក់ស្មាតហ្វូន Galaxy A ដែលមានតម្លៃធូរថ្លៃ។
ស្មាតហ្វូនដែលលក់ដាច់ជាងគេទាំង5 ស៊េរីនៅអឺរ៉ុប គឺមានម៉ូដែល Galaxy A50 លក់បាន 3.2លានគ្រឿង ម៉ូដែល A40 លក់បាន 2.2លានគ្រឿង ម៉ូដែល Redmi Note 7 លក់បាន 2លានគ្រឿង ម៉ូដែល Galaxy A20e លក់បាន 1.9លានគ្រឿង និង iPhone XR លក់បាន 1.8លានគ្រឿង។
Samsung ក្ដោបក្ដាប់ទីផ្សារធំជាងគេ ដោយលក់ស្មាតហ្វូនបាន 18.3លានគ្រឿង កាន់កាប់ទីផ្សារ 40.6% ដែលកើនឡើង 20% បើធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន។ Huawei ឈរលើលេខ2 ជាមួយចំនួនលក់ 8.5លានគ្រឿង ក្ដោបក្ដាប់ទីផ្សារ 18.8% ថយចុះ 16%។ លេខ3 បានលើ Apple មានទីផ្សារ 14.1% លក់បាន 6.4លានគ្រឿង ថយចុះ 17%។
Xiaomi ម៉ាកទូរស័ព្ទចិន ត្រូវបានគេសង្កេតឃើញថា មានកំណើនខ្លាំងនៅត្រីមាសទី 2 ឆ្នាំ2019 ដែលកើនចំនួនលក់ 48% ខណៈដែលម៉ាកទូរស័ព្ទ Nokia ធ្លាក់ចុះចំនួនលក់ 18%។ គិតជារួមទីផ្សារស្មាតហ្វូននៅអឺរ៉ុប មិនមានការប្រែប្រួលខ្លាំងឡើយ បើធៀបនឹងឆ្នាំមុន៕

Category: សង្គម និងសេដ្ឋកិច្ច

ស្មាតហ្វូន Galaxy A ជួយឱ្យ Samsung ឡើងចំណាត់ថ្នាក់លក់ដាច់ខ្ពស់ជាងគេនៅអឺរ៉ុប

ត្រឹម5ខែ ដើមឆ្នាំ2019នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន បានកើនឡើងខ្លាំង
នៅក្នុងឆ្នាំ2019 នេះ រយៈពេលត្រឹមតែ 5ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅជប៉ុនបានកើនឡើងដល់ 1,700លានដុល្លារសហរដ្ឋអាមេរិក ចំណែកទឹកប្រាក់ដែលជប៉ុន បាននាំចូលមកកម្ពុជាវិញ មានចំនួនប្រមាណ440លានដុល្លារស្រេចទៅហើយ។
នេះគឺជាជោគជ័យដ៏ធំនៅក្នុងបេសកកម្មការទូតរបស់ឯកអគ្គរាជទូតនៃប្រទេសទាំង2 ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ដែលជាមូលដ្ឋានគ្រឹះនៃការទំនាក់ទំនង។
សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖“នេះគឺជាជោគជ័យដ៏ធំនៅក្នុងបេសកកម្មការទូតរបស់ឯកអគ្គរាជទូតជប៉ុនក្នុងការពង្រឹងទំនាក់ទំនងការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ ដែលបានកើនឡើងយ៉ាងខ្លាំង និងដែលទទួលបានពីការប្រឹងប្រែងរបស់ឯកឧត្ដមដែលបានចូលរួមចំណែកយ៉ាងធំនៅក្នុងបញ្ហានេះ”។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមហ៊ីដេហ៊ីសាអូរីណូអ៊ូជី (Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុន ខណៈពេលដែលឯកឧត្តម ត្រូវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា និងត្រូវទៅទទួលតួនាទីថ្មី ជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់។ សម្ដេចតេជោបានថ្លែង-អំណរគុណឯកឧត្តម ហ៊ីដេហ៊ីសា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង2 នារយៈពេលកន្លងមកនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា៖“ការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំង2 កាលពីឆ្នាំ2018 ប្រទេសជប៉ុនបាននាំចូលមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជា 440លានដុល្លារប៉ុណ្ណោះ និងនៅឆ្នាំ2019 នេះ ក្នុងរយៈពេលត្រឹមតែ5ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជាយើងក្នុងចំនួនទឹកប្រាក់ 440លានដុល្លារស្រេចទៅហើយ។
ដោយឡែកនៅឆ្នាំ2018 កម្ពុជាក៏បាននាំចេញទៅប្រទេសជប៉ុន មានទំហំទឹកប្រាក់ប្រមាណ 1,600លានដុល្លារអាមេរិក និងនៅក្នុងឆ្នាំ2019 នេះវិញ រយៈពេលត្រឹមតែ 5ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជាដែលបាននាំចេញទៅជប៉ុន បានកើនឡើងដល់ 1,700លានដុល្លារ”។
ឯកឧត្តម ហ៊ីដេហ៊ីសា អូរីណូអ៊ូជី ក៏បានសម្តែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដោយលោកបានសង្កេតឃើញថា ក្នុងរយៈពេល 3ឆ្នាំនៃការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាទីបំផុត ក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងន័យនេះ ឯកឧត្ដមបានសម្ដែងនូវការគោរព និងកោតសរសើរដល់វីរភាពនៃការដឹកនាំរបស់សម្ដេចតេជោ។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនសម្រេចបានលើស 1ពាន់លានដុល្លារនៅឆមាសទី1 នៃឆ្នាំ2019 កើនឡើង 16.8% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន Jetro។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កម្ពុជា និងជប៉ុន បានបង្ហាញទំនាក់ទំនងពាណិជ្ជកម្មក្នុងសញ្ញាវិជ្ជមាន តាមរយៈការចូលមកវិនិយោគពីសំណាក់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
លោកឧកញ៉ាបានថ្លែងថា៖ “ដោយសារជប៉ុនជាទីផ្សារល្អសម្រាប់ផលិតផលរបស់កម្ពុជា ដូច្នេះយើងគួរតែខិតខំបង្កើនការនាំចេញឱ្យបានកាន់តែច្រើន កាន់តែល្អ។ ផលិតផល ដែលវិនិយោគិនជប៉ុនមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ភាគច្រើនក៏ត្រូវបាននាំទៅកាន់ជប៉ុនផងដែរ”។
លោកឧកញ៉ា លឹម ហេង បន្តថា៖“ភាគច្រើននៃទំនិញដែលកម្ពុជានាំទៅកាន់ប្រទេសជប៉ុន រួមមានផលិតផលសម្លៀកបំពាក់ ស្បែកជើង គ្រឿងផ្គុំអេឡិចត្រូនិក និងកង់ជាដើម។ ចំណែកជប៉ុននាំចូលមកកម្ពុជាវិញ មានភាគច្រើនជាផលិតផលអេឡិចត្រូនិក និងផលិតផលសម្រេចមួយចំនួន”។
សហគ្រាស លីលី ផលិតនំស្រួយ(LY LY FoodIndustry Co., LTD) ដែលទើបវិនិយោគរួមគ្នាដើម្បីដំណើរការរោងចក្រផលិតនំថ្មីសន្លាងមួយទៀតជាមួយវិនិយោគិនជប៉ុនបានបង្ហាញថា រោងចក្រដែលគ្រោងផលិតនំនាំចេញទៅប្រទេសជប៉ុននេះនឹងបង្ហាញពីសមត្ថភាពផលិត ហើយនឹងមានលទ្ធភាពនាំចេញទៅប្រទេសជប៉ុន នៅពេលខាងមុខផងដែរ។
ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា៖“ក្រុមហ៊ុនថ្មីនេះនឹងជំរុញការនាំចេញរបស់ប្រទេសយើង និងជំរុញឱ្យក្រុមហ៊ុនចាប់ផ្តើមប្រើប្រាស់ផលិតផលកសិកម្មផ្សេងទៀតក្រៅពីស្រូវ ដែលយើងបានសម្តែងនូវបំណងប្រាថ្នា ចង់ឃើញក្រុមហ៊ុនជប៉ុនកាន់តែមានភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដែលនឹងជួយប្រទេសកម្ពុជាបង្កើនចង្វាក់តម្លៃសកល”។ ឯកឧត្ដមបានបញ្ជាក់ថា៖ “ក្រុមហ៊ុនជប៉ុនភាគច្រើនមកវិនិយោគនៅទីនេះ ពីព្រោះប្រទេសរបស់យើងមានគោលនយោបាយវិនិយោគល្អ។ ទីផ្សាររបស់យើងបើកចំហ 100% ដល់វិនិយោគិនបរទេស”៕

Facebook ធ្លាប់ប្រើវិធីសាស្ត្រលួចស្តាប់ និងយកសំឡេងអ្នកប្រើប្រាស់ឱ្យអ្នកដទៃស្តាប់
ថ្មីៗនេះ Facebook បានសារភាពថា ខ្លួនពិតជាធ្លាប់បានលួចស្ដាប់ការសន្ទនារបស់អ្នកប្រើប្រាស់ទាំង call និង voice message ពិតប្រាកដមែន តែ គឺដើម្បីជួយពង្រឹងប្រព័ន្ធ AI របស់ខ្លួនតែប៉ុណ្ណោះ។
Bloomberg បានបង្ហើបថា Facebook បានជះលុយឱ្យអ្នកសហការរបស់ខ្លួន ដែលពុំមានអ្នកដឹងថាជាអ្នកណានោះមកបកប្រែពីសំឡេងទៅជាតួអក្សរ។ Facebook បានសារភាពត្រង់ៗថា ខ្លួនពិតជាធ្លាប់លួចស្តាប់សំឡេងរបស់អ្នកប្រើប្រាស់ពិតមែន ប៉ុន្តែនៅពេលនេះខ្លួនបានបញ្ឈប់សកម្មភាពនេះហើយ។
Facebook បានបន្តថា ការបកប្រែសំឡេងនេះ គឺចង់ធើ្វតេស្ដថា តើ AI របស់ខ្លួនអាចបកប្រែពីសំឡេងមកជាតួអក្សរបានត្រឹមត្រូវ ឬអត់? និងធ្វើការកែលម្អទៅលើមុខងារ Voice-to-text របស់ខ្លួន ដែលមុខងារនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ជា Messenger ឱ្យសរសេរជាអក្សរ តាមរយៈសំឡេងដែលបាននិយាយនោះបាន។
មិនមែនមានតែ Facebook តែមួយទេ ក្រុមហ៊ុនផ្សេងទៀត ដូចជា Apple, Amazon, និង Google ក៏ធ្លាប់ប្រើវិធីសាស្ត្រលួចស្តាប់ ឬថតយកសំឡេងអ្នកប្រើប្រាស់ទៅឱ្យអ្នកដទៃស្តាប់ ដើម្បីស្វែងរកវិធីពង្រឹង AI របស់ខ្លួនដូចគ្នាដែរ។ នៅខែមេសាឆ្នាំនេះ Amazon ជាក្រុមហ៊ុនដំបូងគេដែលត្រូវបានរកឃើញថា បានជួលបុគ្គលិករាប់ពាន់នាក់នៅជុំវិញពិភពលោកដើម្បីលួចស្តាប់ការសន្ទនារបស់អ្នកប្រើប្រាស់ទូទៅតាម Alexa speaker របស់ខ្លួន។ បន្ទាប់មកក្រុមហ៊ុន Apple និង Google ក៏ត្រូវគេចាប់បានថា បានធ្វើដូចគ្នានេះដែរ។
លោក Mark Zuckerberg បានបដិសេធចោលនូវរាល់ការសង្ស័យដែលថា ខ្លួនលួចស្តាប់សំឡេងទាំងនេះ ដើម្បីធ្វើពាណិជ្ជកម្ម៕


របួស Cavani និង Mbappé តម្រូវឱ្យអ្នកទាំង2 សម្រាកជិត 1ខែ
កាលពីម្សិលមិញនេះ PSG បានយកឈ្នះក្លិប Toulouse ក្នុងលទ្ធផល 4-0 ក្នុងការប្រកួតសប្ដាហ៍ទី2 នៃ Ligue 1 ក្រោយពីចាញ់ Rennes 2-1 កាលពីការប្រកួតបើកឆាកលីកកំពូលបារាំង។
ទោះបីជាឈ្នះ 4ទល់នឹង0 ក្តី ក៏ប៉ុន្តែក្រោយបញ្ចប់ការប្រកួតនេះ គ្រូបង្វឹកក្លិបយក្សបារាំងខាងលើនេះ មានការពិបាកចិត្តយ៉ាងខ្លាំង ដោយសារតែខ្សែប្រយុទ្ធល្អៗដល់ទៅ 2រូបនឹងត្រូវអវត្តមាននៅក្នុងការប្រកួតបន្តទៀត ដែលក្នុងនោះ Cavani បានរងរបួសសាច់ដុំភ្លៅ និងត្រូវអវត្តមានរយៈពេល ៣សប្ដាហ៍។ ចំណែកឯ Mbappe បានរងរបួសភ្លៅ ដែលនឹងត្រូវអវត្តមានរយៈពេល 1ខែពេញ៕


ចុំយក្ស?!! ក្រុមជម្រើសជាតិហុងកុង មានកីឡាករបរទេសច្រើនដល់ម្លឹងផង??!!
ការប្រកួតវគ្គជម្រុះជុំទី2 World Cup 2022 នឹងប្រារព្ធធ្វើឡើងនៅលើទឹកដីកម្ពុជា ដែលម្ចាស់ផ្ទះកម្ពុជា ត្រូវជួបជាមួយនឹងក្រុមភ្ញៀវហុងកុង នៅលើទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិនៃទីក្រុងភ្នំពេញនាថ្ងៃទី5 ខែកញ្ញា ឆ្នាំ2019 ខាងមុខនេះ។
នៅមានរឿងរ៉ាវក្រៅពីនេះទៀតច្រើន ជាពិសេស គឺក្នុងក្រុមជម្រើសកោះហុងកុងនេះ មានកីឡាករបរទេសចូលសញ្ជាតិហុងកុង និងកូនកាត់ហុងកុង ចំនួនដល់ទៅ 7នាក់ឯណោះ ដែលរួមមានសញ្ជាតិដើមដូចជា នីហ្សេរីយ៉ា 2នាក់ អង់គ្លេស 2នាក់ ប្រេស៊ីល 2នាក់ និងអេស៉្បាញ 1នាក់ និងមានកត្តាពិសេស1 ដែលធ្វើឱ្យក្រុមមួយនេះមានកីឡាករកូនកាត់ច្រើននោះគឺ៖
កត្តាដែលធ្វើឱ្យក្រុមមួយនេះសម្បូរទៅដោយជនបរទេស គឺដោយសារតែច្បាប់សញ្ជាតិរបស់ហុងកុង មានភាពងាយស្រួល ដោយគ្រាន់តែបានរស់នៅលើទឹកដីកោះហុងកុងច្រើនជាង ឬយូរជាង 7ឆ្នាំឡើងទៅ នឹងទទួលបានសញ្ជាតិហុងកុង ដោយស្វ័យប្រវត្តិ (អ៊ឺម៍…ពិតជាស្រួលផស់គេមែន)៕



ក្រុមជម្រើសកោះហុងកុងថា ខ្លួនមិនខ្វល់ពីការបណ្តុះយុវជនអ្វីឡើយ សំខាន់ចង់បានតែជ័យជម្នះ 1មុខគត់
វគ្គជម្រុះ FIFA WORLD CUP Qatar 2022 ក្នុងជុំទី២នេះ កម្ពុជាបានស្ថិតនៅក្នុងពូល C ជាមួយនឹងក្រុមជម្រើសកោះហុងកុង អ៊ីរ៉ាក់ កាតារ និងអ៊ីរ៉ង់។
លោក Mixu Paatelainen អ្នកចាត់ការទូទៅក្រុមជម្រើសកោះហុងកុង បានចាត់ទុកពូល C ក្នុងវគ្គជម្រុះ World Cup 2022 ដែលរួមមាន ហុងកុង អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និងកម្ពុជាថា ជាពូលដ៏លំបាកមួយ។
លោកបានរៀបរាប់បន្តថា ក្រុមហុងកុងមិនគិតពីការផ្តល់បទពិសោធដល់កីឡាករវ័យក្មេង ឬយ៉ាងណាឡើយ គោលដៅចម្បងរបស់ហុងកុងពេលនេះ គឺជ័យជម្នះ! ដូច្នេះកីឡាករដែលនឹងលេងក្នុងការប្រកួតទាំងនេះ គឺជាកីឡាករដែលខ្លាំង និងមានបទពិសោធច្រើន៕


យុវជន អ៊ូង លីហេង បំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងការប្រកួតហែលទឹកជើងឯកយុវជនពិភពលោក
កីឡាករហែលទឹកកម្ពុជា អ៊ូង លីហេង បានបំបែកកំណត់ត្រាខ្លួនឯង និងកំណត់ត្រាចាស់ថ្នាក់ជាតិរបស់កីឡាករហែលទឹកកម្ពុជាដោយបានប្រើថិរវេលាថ្មីគឺ 1:09.08 ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនពិភពលោកលើកទី7 “FINA World Junior Swimming Championships 2019” នៅទីក្រុង Budapest ប្រទេសហុងគ្រី។
លោក ហែម លំផាត ជាគ្រូបង្វឹកបានរាយការណ៍ឱ្យដឹងពីប្រទេសហុងគ្រីមកថា កីឡាករហែលទឹកកម្ពុជា អ៊ូង លីហេង បានបំបែកកំណត់ត្រារបស់ខ្លួនឯងនៅក្នុងការប្រកួតលើវិញ្ញាសាហែលកង្កែប 100ម៉ែត្រ ដោយបង្កើតបានកំណត់ត្រាថ្មី គឺ 1នាទី 09.08វិនាទី ព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ1 ក្នុងស៊េរីទៀតផង។
គួរបញ្ជាក់ផងដែរថា សហព័ន្ធខ្មែរហែលទឹកបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកថ្នាលចំនួន 4នាក់ទៅចូលរួមព្រឹត្តិការណ៍នៃការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនពិភពលោក លើកទី7 ឆ្នាំ2019 នៅទីក្រុង Budapest ប្រទេសហុងគ្រី ចាប់ពីថ្ងៃទី22 ដល់ 26 ខែសីហា ឆ្នាំ2019កន្លងទៅ ដោយការទៅចូលរួមប្រកួតនេះ ដឹកនាំដោយលោកគ្រូបង្វឹក ហែម លំផាត់ និងកីឡាករចំនួន 4រូប រួមមានកីឡាករ អ៊ូង លីហេង កីឡាករ ម៉ន ត្រស កីឡាករ ផាន សុវណ្ណអរុន និងកីឡាការិនី វ័ច ហ្សង់ឆាយ៕


គួរឱ្យសោកស្តាយ...កម្ពុជារបូតមេដាយមាស ក្រោយចាញ់សិង្ហបុរីនៅវគ្គផ្តាច់ព្រ័ត្រសីប៉ាក់តាក្រ ជើងឯកពិភពលោក
នៅរសៀលថ្ងៃទី27 ខែសីហា ឆ្នាំ2019 ម្សិលមិញនេះ ក្រុមសីដក់(សីប៉ាក់តាក្រ)ជម្រើសជាតិកម្ពុជាដណ្ដើមបានមេដាយប្រាក់ 1គ្រឿងនៅក្នុងការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកពិភពលោក លើកទី34 ឆ្នាំ2019 ពានរង្វាន់ព្រះមហាក្សត្រថៃ នៅទីក្រុងបាងកក ប្រទេសថៃ
មេដាយមាសសម្រាប់កម្ពុជា 1គ្រឿងនេះ រកបានពីក្នុងការប្រកួតប្រភេទវិញ្ញាសា បុរស 2នាក់ទល់នឹង2នាក់ ដោយកម្ពុជាបានឈ្នះ២ប្រកួតក្នុងពូល និងឈរនៅកំពូលតារាង មុនពេលទម្លាក់ក្រុមខ្លាំងពូលផ្សេងនៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ តែគួរឱ្យសោកស្តាយណាស់ កម្ពុជាបានចាញ់ក្រុមសិង្ហបុរី និងទទួលបានត្រឹមមេដាយប្រាក់តែប៉ុណ្ណោះ។
ប្រភេទកីឡាសីដក់ ឬសីប៉ាក់តាក្រ នេះ គឺជាកីឡាដ៏សក្ដានុពលរបស់កម្ពុជាមួយដែរ ដោយកាលពីឆ្នាំកន្លងទៅ កម្ពុជាក៏ទទួលបានមេដាយមាសពីការប្រកួតព្រឹត្តិការណ៍ពិភពលោកនេះដែរ៕


កូនខ្មែរ 1រូបនាំយកគុនខ្មែរទៅបង្ហាញនៅលើសង្វៀន GLORY ដំបូងគេបង្អស់
កីឡាករគុនខ្មែរ សំ សុវណ្ណកេសា ដែលជាអាណិកជនខ្មែរ-អាមេរិក 1រូប បានធ្វើឱ្យសង្វៀនលំដាប់ពិភពលោក GLORY បានស្គាល់ពីក្បាច់ប្រដាល់គុនខ្មែរ ដោយសារបានប្រកួតជាមួយនឹងកីឡាករអាមេរិកាំងក្នុងប្រភេទកីឡាប្រដាល់គុនខ្មែរទម្ងន់ 65គីឡូក្រាម។
ទោះជាលើកនេះមិនមែនជាការប្រកួតលើកទី1មែន តែកីឡាកររូបនេះ គឺជាកីឡាករខ្មែរដំបូងគេដែលបានទៅប្រកួតលើសង្វៀនមួយនេះ។ កាលពីពេលមុន រូបគេធ្លាប់ប្រកួតបែបនេះ 4លើករួចមកហើយនៅលើសង្វៀនផ្សេងៗគ្នា ដោយទទួលបានលទ្ធផល ឈ្នះ 1លើក និងចាញ់ 3លើក ចំណែកឯការប្រកួតលើកនេះ កីឡាករកម្ពុជា សំ សុវណ្ណកេសា បានប្រកួតចាញ់ពិន្ទុកីឡាករអាមេរិកាំង Kou Lee ដែលបានឈ្នះជាឯកច្ឆន្ទលើសុវណ្ណកេសា។
គួរបញ្ជាក់ផងដែរថា កីឡាករគុនខ្មែរ សំ សុវណ្ណកេសា មានឈាមជ័រខ្មែរ រស់នៅរដ្ឋ California និងបានឡើងប្រកួតលើសង្វៀនដ៏ធំលំដាប់ពិភពលោក Glory នេះជាលើកទី2 ហើយ ដែលការប្រកួតទី1 របស់គេក៏បានបរាជ័យដែរ៕


ចំណេះជំនាញ អត្តចរិត និងឥរិយបថ ត្រូវដើរស្របគ្នាទើបអាចក្លាយជាមនុស្សខ្លាំងសម្រាប់សតវត្សរ៍ទី21
ការអប់រំ លើចំណេះជំនាញតែមួយមុខគត់មិនទាន់គ្រប់គ្រាន់ទេសម្រាប់សតវត្សរ៍ទី21នេះ ព្រោះការអប់រំសម័យបច្ចុប្បន្ននេះកាន់តែមានភាពទូលំទូលាយ ដែលមនុស្សស្ទើរគ្រប់គ្នាលើពិភពលោកសុទ្ធតែអាចរៀនជំនាញបានសម្រាប់ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តែអ្វីជាចំណុចអាទិភាពដើម្បីក្លាយជាមនុស្សខ្លាំងបាននោះគឺ អត្តចរិត និងឥរិយាបថ។
ថ្លែងនៅក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្សនៃសាលរៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ លោក តែ ឡាយ ប្រធាននាយកដ្ឋានអប់រំនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា នៅក្នុងសតវត្សរ៍ទី21នេះ ការអប់រំចាំបាច់ត្រូវគិតគូរទាំងផ្នែកចំណេះជំនាញ និងអត្តចរិត ក៏ដូចជាឥរិយាបថជាដើម ព្រោះគ្រប់គ្នាសុទ្ធតែអាចអភិវឌ្ឍខ្លួនឱ្យមានចំណេះជំនាញដូចៗគ្នា តែចំពោះឥរិយាបថ និងអត្តចរិត គឺមិនដូចគ្នានោះទេ។ ដោយសារតែអត្តចរិត និងឥរិយាបថខុសគ្នានេះហើយ ទើបធ្វើឱ្យមនុស្សទទួលបានលទ្ធផលខុសគ្នា បើទោះបីជាពូកែដូចគ្នានៅក្នុងសាលាក៏ដោយ។ លោក តែ ឡាយ បាននិយាយថា៖ «ដោយមើលឃើញពីសារៈសំខាន់នៃការបណ្តុះបណ្តាលទាំងជំនាញរឹង និងជំនាញទន់នេះហើយ ទើបយើងខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងពី 1ឆ្នាំទៅ 1ឆ្នាំដើម្បីបញ្ចូលកម្មវិធីល្អៗដល់សិស្សរបស់យើងដើម្បីបណ្តុះបណ្តាលពួកគេឱ្យក្លាយជាមនុស្សមានសក្តានុពល និងប្រកបដោយគុណភាព គុណធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ»។
លោក តែ ឡាយ បានលើកឡើងផងដែរថា យើងចង់ឱ្យសិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងបណ្តាញសាលារៀនរបស់យើងមិនត្រឹមតែក្លាយជាមនុស្សដែលមានចំណេះជំនាញច្បាស់លាស់នោះទេ តែពួកគេក៏អាចក្លាយជាមនុស្សដែលមានផ្នត់គំនិតចង់ចេះចង់ដឹងពេញមួយជីវិត និងជាមនុស្សដែលមានគំនិតច្នៃប្រឌិត មានភាពជាអ្នកដឹកនាំខ្ពស់ ឬក្លាយជាមនុស្សដែលមានទាំងគុណភាពផ្នែកបញ្ហា និងស្មារតី សម្រាប់បំពេញតម្រូវការសង្គមនាពេលអនាគត។ ហេតុនេះហើយទើបយើងបញ្ចូលនូវកម្មវិធីជាច្រើនបន្ថែមលើកម្មវិធីសិក្សាគោលដែលយើងមានស្រាប់ ដូចជាកម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) កម្មវិធីជំនាញទាំង 7យ៉ាងសម្រាប់បុគ្គលមានប្រសិទ្ធភាពខ្ពស់ កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ Money Tree និងកម្មវិធីវិទ្យសាស្ត្រជាច្រើនទៀត ដូចជាការបង្កើតក្លិបអ្នកវិទ្យាសាស្រ្តវ័យក្មេងជាដើម ដើម្បីឱ្យធនធានមនុស្សដែលយើងបណ្តុះបណ្តាលទាំងអស់នេះ ក្លាយជាមនុស្សខ្លាំងទាំងពេលបច្ចុប្បន្ន និងអនាគត។
លោកបានបន្ថែមថា ចំណេះជំនាញ គឺជាក្បួនខ្នាតនៃការធ្វើការងារ ឬជាក្បួនខ្នាតសម្រាប់ការធ្វើអាជីវកម្មដែលគ្រប់គ្នាត្រូវតែដឹង តែដើម្បីឱ្យការងារ ឬអាជីវកម្មរីកចម្រើន វាត្រូវការធាតុផ្សំជាច្រើនទៀតដើម្បីអភិវឌ្ឍ ដូចជាជំនាញក្នុងការសម្របសម្រួល ជំនាញក្នុងការធ្វើការងារជាក្រុម ជំនាញក្នុងការអភិវឌ្ឍប្រកបដោយភាពឆ្លាតវៃ ជំនាញក្នុងការច្នៃប្រឌិត និងជំនាញក្នុងការស្វែងយល់ពីចិត្តអ្នកដទៃជាដើម ដែលជំនាញទាំងអស់នេះជាកម្លាំងចលករឱ្យការអនុវត្តការងារនោះកាន់តែមានប្រសិទ្ធភាពខ្ពស់។

សាលារៀន វេសឡាញ និងណត្សឡាញន៍ ចាប់ផ្តើមចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ និងចូលរៀនកម្មវិធីមត្តេយ្យភាសាអង់គ្លេស និងភាសាចិន នៅថ្ងៃទី1 ខែសីហា ឆ្នាំ2019 និងថ្នាក់ចំណេះដឹងទូទៅខ្មែរចូលរៀននៅថ្ងៃទី2 ខែកញ្ញា ឆ្នាំ2019៕
