Category: សង្គម និងសេដ្ឋកិច្ច

  • ស្អាត​ខ្លាំង​ម្ល៉េះ​!​!​ ​តារា​បង្ហាញ​ម៉ូដ​ ​ទេព​ ​មុ​ន្នី​រក្សា​ ​ពេល​ថត​ឈុត​សម្អាង​ជាមួយ​តួ​ប្រុស​សង្ហា​

    ស្អាត​ខ្លាំង​ម្ល៉េះ​!​!​ ​តារា​បង្ហាញ​ម៉ូដ​ ​ទេព​ ​មុ​ន្នី​រក្សា​ ​ពេល​ថត​ឈុត​សម្អាង​ជាមួយ​តួ​ប្រុស​សង្ហា​

    ​អ្នកគាំទ្រ​ភាគច្រើន​សុទ្ធតែ​លាន់មាត់​ ​តារា​វ័យក្មេង​មុ​ខ​ឃ្យូ​ត​ ​កញ្ញា​ ​ទេព​ ​មុ​ន្នី​រក្សា​ ​ស្រស់​ស្អាត​ប្លែក​ជាង​មុន​ ​និង​មើលទៅ​ផូរផង់​ដូច​ទើបតែ​សម្ងំ​កែសម្ផស្ស​ ​ជាមួយនឹង​ឈុត​សម្អាងការ​”​មរកត​មង្គល​”​ ​នៅ​កណ្ដាល​ក្រុង​តាខ្មៅ​ ​ដែល​នាង​ទើបតែ​បង្ហោះ​ក្នុងនាម​ជាតា​រា​ម៉ូដែល​សម្រាប់​សម្អាងការ​ខ្លួនឯង​ផង​ ​និង​ជា​ថៅកែ​ស្រី​ទាំង​វ័យក្មេង​ផង​។​

    តារាស្រីសប្បុរស្រអែមស្រស់រូបនេះថា ​ប៉ុន្មាន​ឈុត​ដែល​នាង​បាន​គ្រង​ជាមួយ​ម្ចាស់​ពាន​ឈុត​បុរាណ​រូប​សង្ហា​ ​លោក​ ​រុន​ ​ណា​កូ​ ​ដែល​បាន​បង្ហាញ​ ​មិនមែន​ចង់​បង្អួត​សម្រស់​តែ​ម្យ៉ាង​នោះ​ទេ​ ​ប៉ុន្តែ​ក៏​ដើម្បី​សម្ញ៉ែង​ឈុត​សម្អាង​ស្អា​តៗ​ ​ដែល​អ្នកឯកទេស​របស់​នាង​បាន​ច្នៃ​សម្រាប់​ត្រៀម​រដូវ​កាល​មង្គលការ​ថ្មី​។​ ​នាង​ថា​ខ្លួន​បាន​ចំណាយ​ច្រើន​គួរសម​ក្រោយ​ទទួល​គ្រប់គ្រង​សម្អាងការ​”​មរកត​មង្គល​”​បន្ត​ពី​ឳពុក​ ​ប៉ុន្តែ​ឳពុក​របស់​នាង​ ​ក៏​នៅតែ​ឈរ​ពីក្រោយ​ផង​ដែរ​ ​ដើម្បី​បង្រៀន​ឱ្យ​នាង​ចេះស្ទាត់​ការងារ​។​ ​អ៊ីចឹង​ហើយ​ទើប​នាង​ ​ប្រកាស​ថា​នឹង​ពង្រឹង​អាជីវកម្ម​ឱ្យ​កាន់តែ​ខ្លាំង​ក្នុង​ពេល​ដ៏​ខ្លី​។​

    ​តារា​ស្រី​វ័យ​ ​២០​ ​ជាង​ផ្លា​យ​នេះ​ ​បញ្ជាក់​ថា​ ​កញ្ញា​មិនសូវ​ទទួលការ​ងារ​សប្បុរសធម៌​នា​ពេល​ចុងក្រោយ​ ​មិនមែន​ដោយសារតែ​ហេតុផល​ឡើង​កូដ​ហើយ​ផ្អាក​ការងារ​មិន​ទទួល​កម្រៃ​នោះ​ទេ​ ​ប៉ុន្តែ​បណ្ដាលមកពី​កញ្ញា​ត្រូវ​បាន​លោកឳពុក​ប្រគល់​សម្អាងការ​”​មរកត​មង្គល​”​ ​ឱ្យ​គ្រប់គ្រង​ ​ទើប​នាង​មមាញឹក​ខ្លាំង​ពិបាក​ដកឃ្លា​។​ ​កញ្ញា​ថា​រាល់​ថ្លៃ​ខ្លួន​មិន​ត្រឹមតែ​ទទួលភារៈ​គ្រប់គ្រង​សម្អាងការ​មួយ​មុខ​នោះ​ទេ​ ​ប៉ុន្តែ​ក៏​ត្រូវ​ហាត់រៀន​តែង​ ​និង​ហាត់​រាំ​របាំ​ ​ការពារ​នៅពេល​មាន​តម្រូវការ​ឲ្យ​កញ្ញា​រាំ​ក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ​ ​ហើយ​ធ្វើ​មិនបាន​ល្អ​ផង​ដែរ​។​ ​យ៉ាងណាមិញ​កញ្ញា​ ​ក៏បាន​ប្រកាស​ថា​នៅតែ​ឆ្លៀត​សម្ដែង​ ​និង​ថ​ត​ស្ព​ត​ ​ខណៈ​ដែល​ការងារ​សប្បុរសធម៌​ ​កញ្ញា​ក៏​នឹង​មិន​ចោល​ផង​ដែរ​ ​ឱ្យតែ​អាច​លៃ​ពេល​។​ ​កញ្ញា​ទទួលស្គាល់​ថា​ ​ទីផ្សារ​ឈានឡើង​ ​តម្លៃ​ខ្លួន​ ​ក៏​ខ្ពស់​ដាច់​ឆ្ងាយ​ពីមុន​ផង​ដែរ​ ​ទើប​នាង​ត្រូវ​បង្ខំចិត្ត​លៃ​ពេល​ទទួលការ​ងារ​សិល្បៈ​ផង​កុំឱ្យ​របូត​ចំណូល​ ​និង​គ្រប់គ្រង​សម្អាងការ​ផង​៕​

  • តារា​ស្រី​សំឡេង​ស្រទន់​ ​វុទ្ធ​ ​សុ​គន្ធា​ ​ទៅ​សម្ដែង​នៅ​អូ​ស្ដ្​រា​លី​ម្ដងនេះ​មានសន្ទុះ​ការ​គាំទ្រ​ខ្លាំង​

    តារា​ស្រី​សំឡេង​ស្រទន់​ ​វុទ្ធ​ ​សុ​គន្ធា​ ​ទៅ​សម្ដែង​នៅ​អូ​ស្ដ្​រា​លី​ម្ដងនេះ​មានសន្ទុះ​ការ​គាំទ្រ​ខ្លាំង​

    មាន​ការ​លើកឡើង​ថា​ ​វុទ្ធ​ ​សុ​គន្ធា​ ​លេចធ្លោ​ក្នុង​គម្រោង​ទៅ​សម្ដែង​នៅ​អូស្ត្រាលី​នេះ​ ​គឺ​ដោយសារតែ​តាំងពី​នាង​បង្ហាញខ្លួន​នៅ​លើទឹក​ដី​សំបូរ​ដោ​យកុងហ្គូ​រ៉ូ​ ​គឺ​នាង​រមែង​បង្ហោះ​រូបភាព​ច្រៀងរាំ​នៅ​តាម​ផ្ទះ​របស់​បងប្អូន​ខ្មែរ​ ​ដែល​រៀបចំ​ពិធី​ទទួល​នាង​ ​ដោយ​នាង​មានមុខ​មិន​អន់​ជាង​តារា​រួម​ក្រុម​នោះ​ទេ​ ​ខណៈ​ដែល​ក្នុង​ឱកាស​ខ្លះ​នាង​ទទួល​បានការ​អញ្ជើញ​ពីសំណាក់​អ្នកគាំទ្រ​ច្រើនជាង​មិត្ត​រួម​ក្រុម​ផង​។​ ​នាង​ក៏​ត្រូវ​គេ​អះអាង​ថាត្រូវ​បាន​ប្អូន​ខ្មែរ​ ​និង​អ្នកធានា​ទទូច​ឲ្យ​បន្ត​ការ​ច្រៀង​នោះ​ផង​ ​ប៉ុន្តែ​នាង​មិន​អាច​បន្ត​បាន​ដោយសារតែ​ការងារ​ក្នុង​ស្រុក​។​ ​

    ​កញ្ញា​ ​វុទ្ធ​ ​សុ​គន្ធា​ ​ទទួលស្គាល់​ថា​ ​ការ​បង្ហាញខ្លួន​មក​ច្រៀង​លើក​នេះ​ ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ជាង​មុន​ច្រើន​ ​បើ​ធៀប​នឹង​ពេល​ដែល​នាង​ចេញ​ច្រៀង​ក្នុង​ប្រទេស​អូស្ត្រាលី​កន្លងមក​។​ ​ក្នុង​នោះ​សម្រាប់​ឱកាស​ដើរកម្សាន្ត​ ​ក៍​ត្រូវ​បាន​បង​ធម៌​ៗ​ដែល​ស្រលាញ់​រាប់អាន​នាងរស់​នៅ​ទីនោះ​ ​ជូន​នាង​ដើរ​បាន​ច្រើនជាង​មុន​ផង​ដែរ​ ​ដោយ​នាង​យល់ថា​ដំណើរ​លើក​នេះ​ ​គឺ​ការ​រាក់ទាក់​ពី​បងប្អូន​ខ្មែរ​ ​គឺ​កក់ក្ដៅ​។​ ​

    ​យ៉ាងណាមិញ​នាង​មិនទាន់​ប្រកាន់​ថា​បាន​ទៅ​ច្រៀង​នៅ​ប្រទេស​ញូ​ហ្សេ​ឡិន​ ​តប​តាម​ការ​អញ្ជើញ​របស់​ស្ពុនស័​រនៅ​ឡើយ​ទេ​ ​ដោយសារតែ​បញ្ហា​ទិដ្ឋាការ​នៅ​ញូ​ហ្សេ​ឡិន​មិនទាន់​ធ្លាក់​។​ ​នាង​អាច​ត្រលប់​មក​ស្រុក​សិន​ ​ទើប​ឡើង​ទៅវិញ​ ​ឬ​ ​អាច​បន្ត​ទៅ​ញូ​ហ្សេ​ឡិន​តែម្ដង​ ​បើ​គ្មាន​បញ្ហា​ ​ដោយ​រង់ចាំ​មើល​ភាព​ជាក់ស្ដែង​។​ ​ក្នុង​នោះ​កញ្ញា​ ​ក៏​មិន​អាច​បន្តពេល​វេលា​ច្រៀង​លើស​ពូ​ថ្ងៃទី៥​ ​កញ្ញា​ ​ខាងមុខ​បាន​ដែរ​ ​ដោយសារតែ​ការងារ​ក្នុង​ស្រុក​ក៏​ជាប់​កុងត្រា​ ​មិន​អាច​លើក​បាន​។​ ​នាង​ថា​ខ្លួន​ត្រូវ​សម្ដែង១ខែ​នៅ​អូស្រ្តាលី​ ​និង​ ​កន្លះ​ខែ​នៅ​ញូ​ហ្សេ​ឡិន​ ​ដោយ​នាង​នឹង​បំពេញ​បានតែ​ក្នុងរយៈពេល​ដែល​បាន​ព្រមព្រៀង​ជា​មួ​យស្ពុនស័​រមុន​ឡើង​មក​ប៉ុណ្ណោះ​ ​ដោយ​មិន​អាច​បង្អូស​ពេល​បានទេ​។​

    ​សូមជម្រាប​ថា​ ​ការ​បង្ហាញខ្លួន​ច្រៀងរាំ​នៅក្នុង​ប្រទេស​អូស្ត្រាលី​លើក​នេះ​ ​គេ​កត់សម្គាល់​ថា​តារាចម្រៀង​កញ្ញា​ ​វុទ្ធ​ ​សុ​គន្ធា​ ​ទទួល​បានការ​គាំទ្រ​ខ្លាំង​មិនចាញ់​តារា​រួម​ក្រុម​រួមមាន​ ​លោក​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​លោក​ ​សៅ​ ​ឧត្តម​ ​និង​កញ្ញា​ ​ព្រះ​កាយ​ច័ន្ទ​ ​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​ធៀប​នឹង​ការ​បង្ហាញខ្លួន​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​មុន​ៗ​ ​គឺ​នាង​ទទួល​បានការ​គាំទ្រ​ជាង​មុន​៕​

  • បេ​ប៊ី​ ​ចេញ​បទ​ដំបូង​នៅ​ថោន​ ​“​Be​ ​Me​”​ ​ផ្ទុះ​ហួសពី​ការ​រំពឹង​ទុក​ ​

    បេ​ប៊ី​ ​ចេញ​បទ​ដំបូង​នៅ​ថោន​ ​“​Be​ ​Me​”​ ​ផ្ទុះ​ហួសពី​ការ​រំពឹង​ទុក​ ​

    ​ក្រោយពី​បាត់មុខ​ ​មិនបាន​ចេញ​បទចម្រៀង​អស់​មួយ​រយៈ​ធំ​ ​ស្រាប់តែ​ម្សិលមិញ​នេះ​ ​តារាចម្រៀង​ ​ក៏ដូចជា​ពិធី​ការិនី​កញ្ញា​ ​បេ​ប៊ី​ ​បាន​បង្ហាញមុខ​ ​ជា​ផ្លូវការ​ធ្វើជា​តារាចម្រៀង​ប្រចាំ​ផលិត​កម្ម​ថោន​។​ ​ក្នុង​នោះ​ដែរ​ ​សម្រាប់​កា​រស្វាម​គ​ន៍​នៅក្នុង​ផលិតកម្ម​ថោ​ននេះ​ ​ផលិតកម្ម​បាន​បញ្ចេញ​បទចម្រៀង​សម្រាប់​តារា​ស្រី​រូប​នេះ​ចំនួន​មួយ​បទ​មាន​ចំណងជើង​ថា​ ​“​Be​ ​Me​”​ ​ដែល​ជា​បទចម្រៀង​ចង្វាក់​ញាក់​ ​កន្ត្រាក់​អារម្មណ៍​ ​ស្តាប់​ទៅ​ពិតជា​ពីរោះ​និង​ទាក់ទាញ​ខ្លាំង​មែនទែន​។​

    ​ទោះជាយ៉ាងណា​ក្តី​សម្រាប់​ការ​បង្ហាញមុខ​ ​ជាតា​រា​ផ្លូវការ​ប្រចាំ​ផលិតកម្ម​ថោ​ននេះ​ដែរ​ ​កញ្ញា​ ​បេ​ប៊ី​ ​បាន​ធ្វើឲ្យ​មហាជន​ ​ក៏ដូចជា​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​មែនទែន​ ​ព្រោះថា​កន្លងមក​រូប​នាង​គឺជា​តារា​ឯករាជ្យ​ ​គ្មាន​ជ្រក​ក្រោយ​ផលិតកម្ម​ណាមួយ​នោះ​ទេ​។​ ​អ្នកគាំទ្រ​ភាគច្រើន​ស្រ​ម៉ៃ​ភ្លាម​ៗ​ថា​ ​នាង​នឹង​បញ្ចេញ​ក្បាច់​រាំ​បាន​រស់រវើក​ ​ក្នុង​ពេល​ដែល​នាង​ក៍​ជាតា​រា​ស្រី​ដែល​លេចធ្លោ​ទាំង​រូប​សម្រស់​ ​ទឹកដម​សំលេង​ ​និង​ក្បាច់​រាំ​គួរឲ្យ​ទាក់ទាញ​រួច​ទៅ​ហើយ​ ​នា​ពេល​កន្លងមក​។​ ​ចម្រៀង​ទាក់ទាញ​ក្ដៅ​មួយ​បទ​នេះ​ ​គ្រោង​បញ្ចេញ​ជា​ ​MV​ ​ក្នុង​ពេល​ឆាប់​ៗ​ ​ដោយ​ប្រភព​ពី​ខាង​ផលិតកម្ម​បង្ហើប​ថា​ ​កញ្ញា​ ​បេ​ប៊ី​ ​បាន​ត្រៀម​បញ្ចេញ​ក្បាច់​រាំ​ ​មិនណយ​នោះ​ទេ​ ​ដើម្បី​ឱ្យ​បទចម្រៀង​ដំបូង​របស់​នាង​កាន់តែ​លេចធ្លោ​។​ ​ប្រភព​ផ្លូវការ​ក៏បាន​ព្រលយ​ថា​ ​ផលិត​កម្ម​ថោន​ ​នឹង​បញ្ចេញ​បទ​ចម្រៀង​ខ្លាំង​ៗ​បន្តបន្ទាប់​ដើម្បី​ជួយ​ឱ្យ​នាង​ក្លាយជា​គ្រាប់ពេជ្រ​រះ​ថ្មី​របស់​ផលិត​កម្ម​ថោន​។​ ​

    ​អ្នកគាំទ្រ​ជាច្រើនលើក​ឡើង​ថា​ ​ត្រឹមតែ​មួយ​បទ​”​Be​ ​Me​”​ ​តារាចម្រៀង​ ​កញ្ញា​ ​កញ្ញា​ ​បេ​ប៊ី​ ​កន្រ្តាក់​បានការ​ចាប់អារម្មណ៍​បាន​ខ្ពស់​បែបនេះ​ទៅ​ហើយ​។​ ​ដូច្នេះហើយ​ទើប​វត្តមាន​របស់​នាង​នៅក្នុង​ផលិត​កម្ម​ថោន​ ​ពិតជា​មិន​លំបាក​នោះ​ទេ​ ​ដើម្បី​ក្រសោប​ប្រជាប្រិយ​ឈានឡើង​។​ប្រសិនបើ​ថោ​នប្រើ​យុទ្ធសាស្ត្រ​លើកស្ទួយ​តារា​ស្រី​រូប​នេះ​ ​ឱ្យ​មាន​បទ​ល្អ​ៗ​ដូចជា​បទ​”​Be​ ​Me​”​ ​តែមួយ​ប្រាវ​ទៀត​ ​ពិត​ណាស់​ថា​ ​កញ្ញា​ ​បេ​ប៊ី​ ​នឹង​ក្លាយជា​តារា​ជួរមុខ​ម្នាក់​ដោយ​មិនបាច់​រុញ​ច្រើន​។​ ​

    ​ចង់​ដឹង​ថា​ ​បទ​បើកឆាក​”​Be​ ​Me​”​ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​នេះ​ ​ពិរោះ​ ​និង​ប្លែក​ត្រចៀក​ប៉ុណ្ណា​ ​សូម​រីករាយ​ស្ដាប់​កម្សាន្ត​៖​

  • បាត់មុខ​មួយ​រយៈ​ធំ​ ​តារាចម្រៀង​ជើងចាស់​ ​សាន​ ​សុខ​កក្កដា​ ​បើក​របរ​លក់​ត្រីងៀត​ ​គោ​ងៀត​ ​ក្របី​ងៀត​

    បាត់មុខ​មួយ​រយៈ​ធំ​ ​តារាចម្រៀង​ជើងចាស់​ ​សាន​ ​សុខ​កក្កដា​ ​បើក​របរ​លក់​ត្រីងៀត​ ​គោ​ងៀត​ ​ក្របី​ងៀត​

    ​ ​អ្នកនាង​ ​សាន​ ​សុខ​កក្កដា​ ​ត្រូវ​បាន​មហាជន​ជាច្រើន​ស្គាល់​ថា​ជាតា​រា​ចម្រៀង​ជើងចាស់​មួយ​ដែល​មាន​ប្រជាប្រិយ​ភាព​នៅ​អំឡុង​ឆ្នាំ​ ​១៩៩៥​ ​និង​ជា​ម្ចាស់​ជ័យលាភី​លេខ១តាមរយៈ​ការ​ប្រឡង​ចម្រៀង​នៅ​ខេត្ត​ព្រះសីហនុ​ទៀតផង​។​ ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​អ្នកនាង​បាន​បាត់មុខ​ពី​សិល្បៈ​ឡើង​ឆាក​សម្ដែង​ ​និង​ច្រៀង​តាម​កញ្ចក់​ទូរទស្សន៍​ ​ដោយសា​រម​មារ​ញឹក​ជាមួយ​មុខរ​បបរ​ក្រៅ​សិល្បៈ​ ​និង​ការ​មើលថែ​គ្រួសារ​។​

    ​ថ្មី​ៗ​នេះ​អ្នកនាង​ ​សាន​ ​សុខ​កក្កដា​ ​ត្រូវ​គេ​អះអាង​ថា​ ​កំពុងតែ​កាក់កប​នឹង​មុខរបរ​លក់​តាម​អន​ឡា​ញយ៉ាង​ខ្លាំង​ ​ដោយ​អ្នកនាង​ល្បីឈ្មោះ​នឹង​ធ្វើ​ងៀត​គោ​ ​ងៀត​ក្របី​ ​និង​ត្រីងៀត​ ​ដែល​អាច​ឲ្យ​អ្នកនាង​កើប​លុយ​ដល់​ថ្នាក់​ទិញ​បាន​វី​ឡា​ថ្មី​ៗ​នោះ​ផង​។​ ​ជាមួយនឹង​ជោគជ័យ​នេះ​ ​អ្នកនាង​ឈាន​ដល់​ការ​បើកហាង​មួយ​កន្លែងនៅ​ខាងមុខ​បុរី​ពិភព​ថ្មី​នៅ​តាខ្មៅ​តែម្ដង​ ​ដើម្បី​បញ្ចេញថ្វីដៃ​ងៀត​គោ​ងៀត​ក្របី​ ​ដែល​ល្បីល្បាញ​ជាយូរមកហើយ​ឱ្យ​កាន់តែ​ខ្ទរខ្ទារ​។​ ​

    ​អ្នកនាង​ ​សាន​ ​សុខ​កក្កដា​ ​ហៅ​ម៉ាក់​ដា​ ​បាន​បញ្ជាក់​ប្រាប់​ថា​ ​ដោយសារតែ​ងៀត​គោ​ ​ងៀត​ក្របី​ ​និង​ត្រីងៀត​របស់​ខ្លួន​ទទួល​បានការ​គាំទ្រ​ ​និង​មានការ​ទទួលស្គាល់​ខ្លាំង​ឡើង​ ​ទើប​អ្នកនាង​សម្រេចចិត្ត​បើកហាង​សាច់​អាំង​ងៀត​គោ​ងៀត​ក្របី​តែម្ដង​ ​ដើម្បី​ពង្រីក​ប្រាក់ចំណូល​ឲ្យ​កាន់តែ​កើន​។​ ​អ្នកនាង​ ​បាន​សារភាព​ថា​ ​ខ្លួន​ធ្លាប់​បើក​អាជីវកម្ម​ធំដុំ​ច្រើនមុខ​មក​ហើយ​ ​ដោយ​ទើបតែ​បិទ​សា​ឡន​ធំ​មួយ​ចោល​មិម​ស្ដាយ​ប៉ុណ្ណោះ​ ​ដោយសារតែ​មុខរបរ​នោះ​ ​គឺ​ល្អ​តែ​មើល​។​ ​អ្នកនាង​ថា​ខ្លួន​ទើបតែ​ស្គាល់​ចំ​ណេ​ញក្ឌាំងៗ​ ​និង​មិនសូវ​ហត់​ចិត្ត​ក្រោយ​បើក​របរ​លក់​ត្រីងៀត​ ​គោ​ងៀត​ ​ក្របី​ងៀត​ ​និង​ជ្រក់​ជាដើម​ ​តាម​អន​ឡា​ញប៉ុ​ណ្ណោះ​ ​ខណៈ​ដែល​មុខរបរ​នេះ​ ​តាំងពី​អ្នកនាង​ចេញ​លក់​គឺ​ស្ទើរតែ​ធ្វើមិនទាន់​នឹង​តម្រូវការ​កុម្ម៉ង់​ទិញ​។​ ​អតិថិជន​ទាំងនោះ​ ​ភាគច្រើន​ជា​អ្នកក្រៅ​ស្រុក​ ​និង​អ្នក​ដែល​មាន​ជីវភាព​ធូរធារ​ ​ដែល​កុម្ម៉ង់​ម្ដង​ៗ​ដប់​ម្ភៃ​គីឡូ​ផង​៕​



  • វិធី​រៀបចំ​បន្ទប់​ធ្វើការ​នៅក្នុង​ផ្ទះ​យ៉ាង​ក្លា​សស៊ិ​ក និង​មាន​ស្តាយ​ល៍​

    វិធី​រៀបចំ​បន្ទប់​ធ្វើការ​នៅក្នុង​ផ្ទះ​យ៉ាង​ក្លា​សស៊ិ​ក និង​មាន​ស្តាយ​ល៍​

    បើ​លោកអ្នក​សម្លឹង​មើលទៅ​តុ​ធ្វើការ​ក្នុង​ផ្ទះ​របស់​ខ្លួនឯង​នៅពេល​នេះ​ ហើយ​ឃើញ​សុទ្ធតែ​គំនរ​ឯកសារ​គរ​យ៉ាង​គ្មាន​របៀប​ ធុងសំរាម​ដែល​ពេញ​ទៅ​ដោយ​កម្ទេច​ក្រដាស​ តុ​ដាក់​ម៉ា​ស៊ី​នព្រីន​ធើ​រ៍​សុទ្ធតែ​ធូលី​ដី​ និង​តង្កៀប​កៀបក្រដាស​ឯកសារ​នៅ​រាយប៉ាយ​ពេញ​លើ់​តុ​-ល និង​ល។ ពេល​មើលឃើញ​បែបហ្នឹង​ហើយ​ តើ​អ្នក​នឹង​មាន​អារម្មណ៍​ចង់​ធ្វើការ​ខ្លាំង​ប៉ុនណា​ទៅ​? បែប​មិន​ចង់​ សូម្បី​តែ​ដាក់គូទអង្គុយ​ផង​ កុំថាឡើយ​ដល់ទៅ​ធ្វើការ​ មែនទេ​?

    អូខេ​! បើដូច្នេះ​កុំ​បង្អង់​យូរ​ ចូរ​ប្រញាប់​ចាត់​ការ​បន្ទប់​ធ្វើការ​របស់​លោកអ្នក​ជាថ្មី​ តាមវិធី​រៀបចំ​បន្ទប់​ធ្វើការ​យ៉ាង​ក្លា​សស៊ិ​កដូច​ខាងក្រោម​នេះ​ ៖
    – ប្រើប្រាស់​ទីកន្លែង​ឱ្យ​បាន​ត្រឹមត្រូវ​
    មិន​សំខាន់​លើ​បន្ទប់​ធ្វើការ​ក្នុង​ផ្ទះ​នោះ​មាន​ទីធ្លា​ធំ​ ឬក៏​តូច​ឡើយ​ តែ​ការ​ចាត់ការ​រៀបចំ​បន្ទប់​ធ្វើការ​ឱ្យ​មើលទៅ​គួរ​ឱ្យ​ចូល​អង្គុយ​នោះ​ វា​សំខាន់​លើ​ការ​ចេះ​ប្រើប្រាស់​ទីកន្លែង​ឱ្យ​បាន​ត្រឹមត្រូវ​ទៅវិញ​ទេ​។ បើ​បន្ទប់​ធ្វើការ​របស់​អ្នក​មិនសូវ​ជាធំ​ទូលាយ​ប៉ុន្មាន​ទេ​នោះ​ គួរ​ជ្រើសរើស​ប្រើ​តុកៅអី​ដែល​មាន​ខ្នាត​តូចល្មម​ រក​តុ​ណា​ដែល​មាន​ថត​ច្រើន​ ដើម្បី​ទុកដាក់​ឯកសារ​ទៅតាម​ប្រភេទ​របស់​វា​ ឬបើ​មាន​ទូ​សម្រាប់​ដាក់​ឯកសារ​ស្រាប់ហើយ​នោះ​ អាចយ​កម៉ា​ស៊ី​នព្រីន​ធើ​រ៍​ទៅ​ដាក់លើ​ខ្នង​ទូ​ឯកសារ​នោះ​ក៏បាន​ដែរ​ និង​ព្យាយាម​រៀបចំ​តុ​ធ្វើ​ការ​ឱ្យ​មាន​របៀបរៀបរយ​ជានិច្ច​ រួម​ទាំង​ព្យាយាម​បោស​ជូត​សម្អាត​បន្ទប់​ធ្វើការ​ឱ្យ​បាន​ស្អាតបាត​រៀងរាល់ថ្ងៃ​ផង​។

    – រៀបចំ​ទុកដាក់​របស់​សំ​ខាន់​ៗនៅ​ក្បែរ​ដៃ​
    ក្រោយពី​អង្គុយ​ចុះ​នៅ​លើ​កៅអី​ និង​ចាប់ផ្តើម​ធ្វើការ​ហើយ​នោះ​ ជឿ​ថា​ គ្រប់គ្នា​ច្បាស់ជា​មិន​ចង់​ក្រោក​ដើរទៅ​យក​នេះ​យក​នោះ​ញឹកញាប់​ឡើយ​ព្រោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​ខូច​សមាធិ​ក្នុង​ការ​ធ្វើការ​​ ដូ​ច្នេះ​របស់របរ​ដែល​ចាំបាច់​សម្រាប់​ការ​ធ្វើការ​ ដូច​ជា​ ក្រដាសរ៉ាម​ ទូរស័ព្ទ​ដៃ​ ទូរស័ព្ទ​លើ​តុ​ – ល – គួរ​តែ​ដាក់​នៅ​ក្បែរ​ខ្លួន​ ងាយស្រួល​ឈោង​ចាប់​យក​មក​ធ្វើការ​ និង​បើ​អាច​ទៅរួច​គួរ​រក​នំ​បារាំង​ នំ​ប៊ី​ស្គី​ត ទឹកតែ​ ឬទឹកក្រូច​មក​ដាក់​ជិត​ខ្លួន​ផង​ ទុក​សម្រាប់​ពេល​នឹក​ឃ្លាន​ ឬពេល​មាន​អារម្មណ៍​ធុញ​ថប់​ អាច​ញ៉ាំ​លេង​បន្ធូរបន្ថយ​អារម្មណ៍​បាន​។

    – សម្រួល​បរិយាកាស​ក្នុង​បន្ទប់​ឱ្យ​ស្រឡះ​សប្បាយ​
    បន្ទប់​ធ្វើការ​ដែល​មើលទៅ​ងងឹត​ និង​ហប់​ ប្រ​ហែល​ជា​មិន​គួរ​ឱ្យ​ចង់​ចូល​ទៅ​អង្គុយ​ធ្វើការ​ប៉ុន្មាន​ទេ​…ដូច្នេះ​គួរ​សម្លឹង​រកមើល​កន្លែង​បញ្ចេញ​ខ្យល់​អាកាស​ឱ្យ​បន្ទប់​ធ្វើការ​ផង​ ដូចជា​ បើ​បន្ទប់​ធ្វើការ​របស់​លោកអ្នក​មាន​មាត់​បង្អួច​ ថ្ងៃណា​មេឃ​ស្រ​ឡះ​ត្រជាក់​ល្អ​ ក៏​បើក​បង្អួច​ឱ្យ​ខ្យល់អាកាស​បាន​ចេញ​-ចូល​ត្រជាក់ស្រួល​ខ្លួន​ផង​ ឬបើ​ថ្ងៃណា​មេឃ​ក្តៅ​ហប់​ ក៏​បើក​ម៉ាស៊ីន​ត្រជាក់​ ឬកង្ហារ​ក៏បាន​ និង​រក​ផើង​ ឬថូ​រផ្កា​ស្រស់​ៗមក​ដាក់​តាំង​លម្អ​ ព្រមទាំង​បាញ់​ស្រៃ្បយ៍​ក្រអូប​ក្នុង​បន្ទប់​ធ្វើការ​ ដើម្បី​ឱ្យ​មាន​បរិយាកាស​ស្រស់ថ្លា​ និង​ខួរក្បាល​បាន​ស្រឡះ​ល្អ​ស្រួលខ្លួន​ផង​៕

  • ទេសចរណ៍​សហគមន៍​ មាន​ចំណូល​ល្អ​ អាច​ជួយ​វិស័យ​កសិកម្ម​ និង​ប្រជាជន​ក្នុង​តំបន់​បាន​ទៀតផង​

    ទេសចរណ៍​សហគមន៍​ មាន​ចំណូល​ល្អ​ អាច​ជួយ​វិស័យ​កសិកម្ម​ និង​ប្រជាជន​ក្នុង​តំបន់​បាន​ទៀតផង​

    មានមុខ​របរ​ជាច្រើន​នៅ​កម្ពុជា​ដែល​ប្រជាជន​មិនសូវ​ចាប់អារម្មណ៍​ តែ​វា​ជាមុ​ខរ​បរ​ដែល​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​ម្ចាស់​អាជីវកម្ម​ខ្លួនឯង​ផង​ និង​ដល់​ប្រជាជន​ក្នុង​សហគមន៍​ផង​។ ការកែច្នៃ​ដី​ទំនេរ​ ឬតំបន់​ដែល​មាន​សក្តា​នុ​ពល​ទេសចរណ៍​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​សហគមន៍​ ជា​ចំណុច​ល្អ​មួយ​ដែល​ប្រជាជនទូទៅ​មិនសូវ​ចាប់អារម្មណ៍​ បើ​ទោះបីជា​វា​ផ្តល់​ផលប្រយោជន៍​ច្រើន​ និង​យូរអង្វែង​ក៏ដោយ​។

    លោក​ ពត​ សុផល​ សហ​ស្ថាបនិក​អង្គការ​ OBT ​ដែល​បាន​បង្កើត​ជា​តំបន់​ទេសចរណ៍​សហគមន៍​នៅ​ខេត្ត​កំពង់ចាម​បាន​លើកឡើង​ថា​ ការបង្កើត​ឱ្យ​មាន​តំបន់​ទេសចរណ៍​សហគមន៍​អាច​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​ប្រជាជន​ក្នុង​សហគមន៍​ឱ្យ​មាន​ជីវភាព​ធូរធារ​ និង​អាច​ជួយ​អភិវឌ្ឍ​សមត្ថ​ភា​ពកូន​ៗរបស់​គាត់​បាន​ល្អ​ថែមទៀត​ផង​។ លោក​ថា​ ផល​ចំណេញ​ដែល​ម្ចាស់​ទីតាំង​ទទួល​បាន​ពី​ការ​គាំទ្រ​ និង​ថ្លៃ​សេវា​ស្នាក់នៅ​ ក៏ដូចជា​ថ្លៃ​ម្ហូបអាហារ​ជាដើម​ពី​ភ្ញៀវ​ទេសចរ​ដែល​មក​ស្នាក់នៅ​កម្សាន្ត​នៅក្នុង​សហគមន៍​។ ចំណែក​ឯប្រជាជន​នៅក្នុង​សហគមន៍​វិញ​ គាត់​ក៏អាច​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​លក់​ផលិតផល​កសិកម្ម​របស់​គាត់​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​តំបន់​ទេសចរណ៍​ទាំងអស់​នោះ​ផង​ដែរ​។ ជា​ធម្មតា​ប្រជាជន​យើង​ច្រើនតែ​ទុក​ដី​ទំនេរ​នៅ​ជុំវិញ​ផ្ទះ​ចោល​ដោយ​មិនបាន​ប្រើប្រាស់​វា​ឱ្យ​អស់​ពី​សក្តា​នុ​ពល​នោះ​ទេ​ ហេតុនេះ​នៅពេល​ដែល​មាន​ទីតាំង​ទេសចរណ៍​នៅ​ជិត​ផ្ទះ​របស់​គាត់​ គាត់​អាច​ប្រើប្រាស់​ដី​ទាំងអស់​នោះ​ដើម្បី​បង្កើត​ជា​កន្លែង​ចិញ្ចឹមសត្វ​ និង​ដាំដំណាំ​តាម​បែប​ធម្មជាតិ​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​គេ​បាន​ ព្រោះ​ភ្ញៀវ​ទេសចរណ៍​ទៅលេង​សហគមន៍​ភាគច្រើន​ ចង់​ទទួលទាន​អា​ហា​រស្រស់ៗ​បែប​ធម្មជាតិ​។

    បន្លែសរីរាង្គដែលដាំនៅក្នុងសហគមន៍ទេសចរណ៍កសិកម្ម

    លោក​ សុផល​ បាន​បញ្ជាក់​ផង​ដែរ​ថា​ តំបន់​ដែល​លោក​បាន​បង្កើត​ឡើងជា​ទេសចរណ៍​សហគមន៍​នេះ​ គឺ​ប្រើប្រាស់​ដី​ដែល​នៅ​ជិត​មាត់ទន្លេ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ដើម្បី​កែច្នៃ​ និង​អភិវឌ្ឍ​ឱ្យ​មានផ្ទះ​ស្នាក់នៅ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ភាគ​ច្រើន​ជា​បរទេស​មក​ស្នាក់នៅ​ក្នុង​តម្លៃ​សមរម្យ​។ ទន្ទឹម​នឹង​នោះ​លោក​ក៏បាន​បង្កើត​ជា​សាលារៀន​នៅ​ទីនោះ​ដើម្បី​ជួយ​បង្រៀន​កូន​អ្នកភូមិ​ឱ្យ​ចេះ​ភាសាអង់គ្លេស​ ជំនាញ​ទេសចរណ៍​ និង​ជំនាញ​មួយ​ចំនួន​ទៀត​ ដែល​ផ្តល់​ផល​ចំណេញ​សម្រាប់​កុមារ​នៅ​ក្នុង​សហគមន៍​ ស្រប​ពេល​ដែល​វា​ក៏​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ក៏​មាន​ភាព​ស្និទ្ធស្នាល​ និង​អាច​ចំណាយពេល​វេលា​បង្រៀន​ពួកគេ​ពី​ភាសាអង់គ្លេស​ ហើយ​រៀន​ពី​ភាសាខ្មែរ​ពី​ក្មេង​ៗទាំងនោះ​មកវិញ​ទៀតផង​។

    លោក​ ពត​ សុផល​ បាន​និយាយ​ថា​៖ “ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប្រហែលជា​មិនសូវ​ចាប់អារម្មណ៍​ពី​ការ​ទស្សនា​ទេសភាព​ និង​ទស្សនា​សហគមន៍​ប៉ុន្មាន​ទេ​ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​វិញ​ គាត់​ពិតជា​ចូលចិត្ត​ការ​ទស្សនា​ពី​ទេសភាព​ប្លែក​ដែល​គ្មាន​នៅក្នុង​ប្រទេស​គាត់​ និង​ចូលចិត្ត​ចូល​ឱ្យ​ដល់​សហគមន៍​របស់​ប្រជាជន​ដើម្បី​ស្វែងយល់​ពី​ភាព​រីករាយ​ក្នុង​ការរស់នៅ​ក្នុង​តំបន់ជនបទ​”។

    ក្រៅពី​ការរៀបចំ​ឱ្យ​មាន​ចំណុច​ទាក់ទាញ​ពី​ទេសចរណ៍​ធម្មជាតិ​ដែល​អាច​មើលឃើញ​ព្រះអាទិត្យ​លិច​នៅ​មាត់ទន្លេ​ហើយ​នោះ​ ថ្មី​ៗនេះ​លោក​សុផល​បាន​នឹកឃើញ​របរ​ថ្មី​មួយទៀត​ នោះ​គឺ​ការ​ដាំ​ផ្កាឈូក​រ័ត្ន​ដើម្បី​ចិញ្ចឹម​ឃ្មុំ​នៅ​លើ​ដី​ដែល​សេសសល់​ក្នុង​តំបន់​របស់​គាត់​។ ស្រប​ពេល​ដែល​របរ​ចិញ្ចឹម​ឃ្មុំ​ចាប់ផ្តើម​ដំណើរការ​ល្អ​ ផ្កាឈូករ័ត្ន​ក៏បាន​ក្លាយជា​ទេសភាព​ស្រស់​ស្អាត​សម្រាប់​ថតរូប​កម្សាន្ត​ពីសំណាក់​ប្រជាជន​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ខេត្ត​ផង​ដែរ​។

    លោក​បានឱ្យ​ដឹង​ថា​ ដំបូង​ឡើយ​ លោក​មិន​នឹក​ស្មានថា​ វា​អាច​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​បែបនេះ​ទេ​ តែ​បន្តិច​ម្តង​ៗប្រជាជន​បាន​មក​ថតរូប​ ហើយ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ច្រើន​ឡើង​ៗ ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ដែល​ឆ្លងកាត់​ទីនោះ​តែងតែ​ចូល​មក​ច្រើន​ឡើង​ៗ ធ្វើ​ឱ្យ​តំបន់​របស់​លោក​អាច​រកចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ការ​បណ្តុះបណ្តាល​ និង​អភិវឌ្ឍន៍​បន្ត​ទៀត​។

    ភ្ញៀវទេសចរក្នុងស្រុកមកកម្សាន្តនៅចម្ការផ្កាឈូករ័ត្ននៅខេត្តកំពង់ចាម

    លោក​ ពត​ សុផល​ បាន​និយាយ​ថា​៖ “តាមពិត​ទៅ​ការបង្កើត​ឱ្យ​មាន​កន្លែង​បែបនេះ​ មិន​ចំណាយ​ច្រើន​ពេក​ទេ​ ព្រោះ​យើង​អាច​ស្វែងរក​ប្រភព​វត្ថុធាតុដើម​សម្រាប់​សាងសង់​បាន​នៅក្នុង​សហគមន៍​ តែ​វា​ត្រូវការ​ការ​យកចិត្ត​ទុកដាក់​ និង​ក្តី​ស្រឡាញ់​ពិតប្រាកដ​ដើម្បី​ធ្វើ​វា​”។

    ដើម្បី​ជា​សារ​មួយ​សម្រាប់​ប្រជាជនទូទៅ​លោក​បាន​បញ្ជាក់​ថា​ ប្រសិនបើ​មាន​ដី​ទំនេរ​ គួរ​ប្រើប្រាស់​វា​ឱ្យ​អស់ពី​សក្ដានុពល​ និង​សមត្ថភាព​ ហើយ​កុំ​គិត​បែប​ស្មុគស្មាញ​ច្រើនពេក​ ប្រសិនបើ​យើង​ពិតជា​ស្រឡាញ់​ទេសចរណ៍​ និង​ការ​អភិវឌ្ឍ​សហគមន៍​ពិតប្រាកដ​។ យើង​អាច​ប្រើប្រាស់​ធនធាន​ដែល​មានស្រាប់​ទាំងនោះ​គ្រប់យ៉ាង​ បន្តិច​ម្តង​ៗដើម្បី​អភិវឌ្ឍ​ និង​ទាញ​យក​ផល​យូរអង្វែង​ទាំងអស់គ្នា​ជាមួយ​ប្រជាជន​ក្នុង​សហគមន៍​ ដើម្បី​ការ​រីកចម្រើន​ និង​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​ភាព​ក្រី​ក្រី​ផង​ដែរ​៕

  • វិធី​ 6យ៉ាង​ទប់ទល់​នឹង​កូន​ និយាយ​ពាក្យ​អា​ក្រ​ក់ៗ​

    វិធី​ 6យ៉ាង​ទប់ទល់​នឹង​កូន​ និយាយ​ពាក្យ​អា​ក្រ​ក់ៗ​

    ការដែល​កូន​និយាយ​តាម​ពាក្យសម្ដី​របស់​មិត្តភក្តិ​ដែល​នៅ​សាលា​ មិត្តភក្តិ​ដែល​នៅផ្ទះ​ជិត​គ្នា​ មនុស្ស​ធំ​ ឬសូម្បីតែ​តាម​រឿង​ក្នុង​ទូរទស្សន៍​ក្តី​ គឺជា​រឿង​មួយ​ដែល​ឪពុក​ម្តាយ​មិន​អាច​ចៀស​រួច​ឡើយ​ ហើយ​បើ​ពាក្យសម្ដី​អស់ទាំង​នោះ​ជា​សម្តី​ដែល​អាក្រក់​ស្តាប់​ផង​នោះ​ តើ​លោកឪពុក​អ្នកម្តាយ​ត្រូវ​ធ្វើ​យ៉ាងដូចម្ដេច​ទៅ​? លេខ​នេះ​ ឡា​រ៉ែ​ន មាន​វិ​ធី​ល្អ​ៗមក​ជម្រាប​ជូន​ដូចតទៅ​ ៖

    1. ចៀសវាង​ការ​ធ្វើ​ឱ្យ​កូន​ខ្មាសគេ
    ​គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់​ដែល​មិន​ចាំ​បាច់​ត្រូវ​ដាក់ទោស​កូន​ដែល​និ​យាយ​ដដែល​ៗនូវ​ពាក្យ​ដែល​ខ្លួន​គេ​មិនទាំង​យល់​ និង​មិនដឹង​ផង​ថា​ ពាក្យ​នោះ​វា​គួរ​និយាយ​ ឬមិន​គួរ​និយាយ​នោះ​ឡើយ​។ មិន​ចាំបាច់​សោះ​ដែល​ត្រូវ​បន្ទោស​កូន​ ព្រោះ​បើ​អ្នកធ្វើ​ឱ្យ​កូន​ត្រូវ​នឹក​ខ្មាស​ខ្លួនឯង​ខ្លាំង​នោះ​ អាច​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ថា​ “បាក់​មុខ​” ហើយ​នៅ​ថ្ងៃក្រោយ​បើ​មាន​អ្វី​ទៀត​ គេ​នឹង​លាក់​ទុក​ក្នុងចិត្ត​ លែងនិយាយ​ឱ្យ​ឪពុកម្ដាយ​ឮ តែ​ទៅ​និយាយ​នៅកន្លែង​ផ្សេង​ ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​មក​លើ​ខ្លួន​អ្នកជា​ឪពុក​ម្តាយ​ទៅវិញ​។​ អ្នក​គួរ​បង្កើត​បរិយាកាស​ដែល​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​ថា​ សប្បាយចិត្ត​ចំពោះ​រឿង​ដែល​អ្នក​បាន​ប្រាប់​ មិន​ចាំបាច់​ខ្លាច​អ្នក​ ព្រោះតែ​រឿង​ដែលគេ​មិនដឹង​នោះ​ឡើយ​។

    2. ពាក្យ​នោះ​បានន័យ​ថាម៉េច​…
    អធិប្បាយ​ឱ្យ​កូន​បានដឹង​ថា​ ពាក្យ​អា​ក្រ​ក់ៗ​ទាំងនោះ​ មិន​សមរម្យ​យ៉ាងម៉េច​យ៉ាង​ត្រង់​ទៅ​ត្រង់​មក​ខ្លី​ៗ ងាយ​យល់​ និង​អធិប្បាយ​ឱ្យ​ស័ក្តិ​សមនឹង​វ័យ​របស់​កូន​ ដើម្បី​ឱ្យ​កូន​មិនបាច់​លាក់​ទុក​ក្តី​សង្ស័យ​ទៅ​សួរ​អ្នកដទៃ​។ ការអធិប្បាយ​នឹង​ធ្វើ​ឱ្យ​កុមារ​ពេញចិត្ត​អស់​ក្តី​សង្ស័យ​ និង​ដឹង​ពី​មូលហេតុ​ថា​ ហេតុ​អី​បាន​ជា​គេ​មិន​គួរ​និយាយ​ពាក្យ​ទាំងនោះ​។

    3. បានឮ​មក​ពីណា​
    នៅពេល​សួរ​កូន​ថា​ ឮពាក្យ​នោះ​មក​ពីណា​?​ អ្នកម្តាយ​គួរតែ​បញ្ជាក់​ប្រាប់​កូន​ឱ្យ​ច្បាស់​ថា​ អ្នក​ម្ដាយ​នឹង​មិនទៅ​រករឿង​អ្នក​ដែល​និយាយ​ពាក្យ​ហ្នឹង​ទេ​ គ្រាន់តែ​ចង់​ដឹង​ប៉ុណ្ណោះ​។ បើ​កូន​ប្រាប់​ថា​ បានឮ​ពី​ពួកម៉ាក​មក​ ក៏​កុំ​សម្តែង​ទឹកមុខ​បែប​ណា​ឱ្យ​សោះ​ កុំទៅ​ថាឱ្យ​ពួកម៉ាក​របស់​កូន​ឱ្យ​សោះ​ ព្រោះ​ជា​ការបំផ្លាញ​ទំនុកចិត្ត​ដែល​កូន​មាន​ចំពោះ​រូប​អ្នក​ តែ​គួរ​ប្រយ័ត្ន​ប្រភព​ដើម​របស់​ពាក្យ​អាក្រក់​នោះ​ផង​។

    4. ហេតុអ្វី​បាន​ពាក្យ​អា​ក្រ​ក់ៗ​នោះ​ វា​មិនល្អ​…
    គ្រួសារ​នី​មួយ​ៗអាច​នឹង​មានហេតុ​ផល​ក្នុង​ការ​ហាម​និយាយ​ពាក្យ​អា​ក្រ​ក់ៗ​នោះ​ផ្សេង​ៗពីគ្នា​។ ចូរ​អធិប្បាយ​ពី​ហេតុផល​របស់​ក្រុម​គ្រួ​សារ​អ្នក​ឱ្យ​កូន​បាន​យល់​ ដូចជា​ការ​និយាយ​ពាក្យ​អា​ក្រ​ក់ៗ​ គឺជា​ការ​ខុស​នឹង​សីលធម៌​ចំណុច​ទី4​ ឬការ​និយាយ​ពាក្យ​អាក្រក់​ស្តាប់​ គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​កិរិយាមារយាទ​របស់​ពូជពង្ស​វង្ស​ត្រកូល​ ឬការ​និយាយ​ពាក្យ​អាក្រក់​ គឺជា​ការ​បញ្ចុះ​តម្លៃ​របស់​ខ្លួនឯង​ ឬការ​និយាយ​ពាក្យ​អាក្រក់​ គឺជា​ការ​បង្ហាញថា​ មិន​ចេះ​គោរព​អ្នកដទៃ​ជាដើម​។ល។

    5. បើ​ហាម​ហើយ​ នៅតែ​មិន​ស្តាប់​
    បើ​អធិប្បាយ​ពន្យល់​អស់ហើយ​ តែ​កូន​នៅតែ​និយាយ​ពាក្យ​អា​ក្រ​ក់ៗ​ទៀត​នោះ​ ចូរ​ធ្វើ​កិច្ចសន្យា​ទុក​សម្រាប់​លើកក្រោយ​តែម្តង​ថា​ បើ​និយាយ​ពាក្យ​អា​ក្រ​ក់ៗ​ទាំងនោះ​ទៀត​ នឹង​ឈប់​ឱ្យ​លុយ​ទៅ​សាលា​ ឈប់​ឱ្យ​ប្រើ​កុំព្យូទ័រ​ ឬប៉ា​ម៉ាក់​នឹង​ឈប់​នាំទៅ​ដើរលេង​ទៀត​ជាដើម​។ល។

    6. ឬ​បើ​នៅតែ​មិនព្រម​ឈប់​និយាយ​ពាក្យ​អា​ក្រ​ក់ៗ​ទាំងនោះ​ទៀត​
    ចូរ​រកមើល​ពី​មូលហេតុ​ថា​ តើ​បណ្ដាលមក​ពី​អ្វី​? កូន​អាច​និយាយ​ព្រោះតែ​សប្បាយ​មាត់​ ឬដើម្បី​ឱ្យ​អ្នកឯទៀត​មើល​មក​ថា​ គេ​ជា​មនុស្ស​ធំ​ហើយ​ ក្លាយជា​មនុស្សចាស់​ហើយ​ និង​មាន​អំណាច​ ឬនិយាយ​តាម​មនុស្ស​ធំ​ដែលគេ​នៅ​ជិត​រាល់ថ្ងៃ​ ឬគេ​និយាយឡើង​ព្រោះតែ​មួម៉ៅ​ក្តៅក្រហាយ​ ឬមាន​បញ្ហា​ជាមួយ​មិត្តភក្តិ​នៅ​ឯសាលា​ជាដើម​។ នៅពេល​ដឹងពី​មូលហេតុ​ហើយ​ គួរ​កែ​បញ្ហា​នេះ​ឱ្យ​ត្រូវចំណុច​ និង​យ៉ាង​ចិត្តត្រជាក់​៕

  • រៀន​តាម​ចំណូលចិត្ត​ជា​វិធី​សាស្រ្ត​ល្អ​បំផុត​ដែល​ជំរុញ​ឱ្យ​មានប្រសិទ្ធភាព​ទាំង​ការងារ​ និង​ការ​ធ្វើអាជីវកម្ម​

    រៀន​តាម​ចំណូលចិត្ត​ជា​វិធី​សាស្រ្ត​ល្អ​បំផុត​ដែល​ជំរុញ​ឱ្យ​មានប្រសិទ្ធភាព​ទាំង​ការងារ​ និង​ការ​ធ្វើអាជីវកម្ម​

    មនុស្ស​មួយចំនួន​យល់ឃើញ​ថា​ ការ​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា​ គួរតែ​ជ្រើសរើស​យក​មុខវិជ្ជា​ណា​ដែល​ធ្វើ​ឱ្យ​ខ្លួនឯង​រីករាយ​ ឬស្របតាម​ចំ​-ណង់​ចំណូលចិត្ត​ ព្រោះ​គេ​យល់ឃើញ​ថា​ ការអប់រំ​ គឺ​ដើម្បី​ទទួល​បាន​សេចក្តី​សុខ​ពេញ​មួយ​ជីវិត​ ខណៈ​មនុស្ស​មួយចំនួន​ទៀត​យល់ថា​ ការ​ចាប់​យក​អាជីព​សម្រាប់​អនាគត​ គួរតែ​ជ្រើសរើស​យក​អាជីព​ណា​ដែលគេ​ពេញនិយម​ ទទួល​បាន​លុយកាក់​ច្រើន​ ឬមានមុខមាត់​ល្បី​ជាដើម​។

    លោក​ អាំង​ ភារៈ​ ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ បាន​លើកឡើង​ថា​ ការ​ជ្រើសរើស​ការងារ​ដែល​ខ្លួន​ពេញចិត្ត​ ជា​កត្តា​សំខាន់​ដែល​មនុស្ស​ម្នា​ក់ៗ​គួរ​ពិចារណា​។ ប្រសិនបើ​យើង​ជ្រើសរើស​មុខជំនាញ​ដែល​មិន​ត្រូវ​នឹង​អ្វី​ដែល​យើង​ស្រឡាញ់​ពិតប្រាកដ​ នោះ​ការសិក្សា​ក៏​មិន​អាច​ធ្វើ​បាន​ល្អ​ដែរ​ ព្រោះ​យើង​មិន​ចូលចិត្ត​ ហើយ​គិតថា​ វា​ជា​សម្ពាធ​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួនឯង​ ហើយ​បើ​ទោះបីជា​ខំ​សិក្សា​ ឬធ្វើ​ការងារ​បាន​ល្អ​ហើយក៏​ដោយ​ ក៏​ពេលខ្លះ​យើង​នៅតែ​មិន​សប្បាយចិត្ត​ដែរ​។ ជាក់ស្តែង​ យើង​ឃើញថា​ មាន​មនុស្ស​មិន​តិច​ទេ​ដែល​បាន​បោះបង់​អាជីព​ដែល​មាន​ប្រាក់​ចំ​ណូល​ខ្ពស់​ៗ ហើយ​មក​ធ្វើការងារ​ដែល​ខ្លួន​ស្រឡាញ់​វិញ​ បើ​ទោះបីជា​អាជីព​នោះ​មាន​ចំណូល​តិច​ជាង​អាជីព​ចាស់​ក៏ដោយ​។

    លោក​ អាំង​ ភារៈ​ បាន​និយាយ​ថា​៖ «មុន​ចាប់​អាជីព​ការងារ​ គួរ​ស្វែងយល់​ពី​ខ្លួនឯង​ឱ្យ​បាន​ច្បាស់លាស់​ថា​ តើ​យើង​ជា​មនុស្ស​មាន​ទេពកោសល្យ​ផ្នែក​ណាខ្លះ​ មាន​ចំណង់​ចំណូលចិត្ត​អ្វីខ្លះ​ ហើយ​ការងារ​របៀបណា​ខ្លះ​ដែល​ធ្វើ​ឱ្យ​យើង​ធ្វើការងារ​ដោយ​មិន​នឿយហត់​»។

    អ្នកជំនាញ​ផ្នែកការ​ងារ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ មាន​មនុស្ស​ខ្លះ​ឆាប់​ដឹងខ្លួន​ឯង​ថា​ ពេល​មិន​សូវ​ស្រឡាញ់​ការងារ​របស់​ខ្លួនឯង​ ក៏អាច​ឆាប់​ងាក​ទៅ​ស្វែងរក​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ តែ​មាន​មនុស្ស​ខ្លះទៀត​ចំណាយពេល​វេលា​ជាច្រើន​ឆ្នាំ​ដើម្បី​មក​វិញ​។ គោលដៅ​នៃ​ការរស់នៅ​របស់​មនុស្ស​ម្នា​ក់ៗ​ ចង់​បាន​សេចក្តី​សុខ​ ហេតុនេះ​ការ​ធ្វើអ្វី​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​ពិតប្រាកដ​ អាច​ធ្វើ​ឱ្យ​យើង​រីករាយ​ជាមួយ​នឹង​អ្វី​ដែល​យើង​កំពុង​ធ្វើ​រាល់ថ្ងៃ​ ហើយ​កម្លាំង​ជំរុញ​វិជ្ជមាន​ជាច្រើន​នឹង​ចូល​មក​ក្នុង​ជីវិត​របស់​យើង​ធ្វើ​ឱ្យ​ការងារ​កាន់តែ​ប្រសើរ​ឡើង​ តែ​ប្រសិនបើ​យើង​ធ្វើ​ការងារ​ដែល​មិន​ស្រឡាញ់​វិញ​នោះ​ យើង​នឹង​មាន​អារម្មណ៍​ថា​ ឆាប់​នឿយហត់​ ឬងាយ​បាក់ទឹកចិត្ត​ ទោះ​បី​ជា​មាន​លុយកាក់​ច្រើន​ក៏​មិន​ប្រាកដ​ថា​ សប្បាយចិត្ត​ដែរ​។

    លោក​ អុិន​ ច័ន្ទ​ធា​រ៉ា​ ស្ថាបនិក​ក្រុមហ៊ុន​នា​ឡិ៍​ បាន​លើកឡើង​ថា​ នា​ពេល​បច្ចុប្បន្ន​ មាន​មនុស្ស​វ័យក្មេង​ជាច្រើន​ដែល​បរាជ័យ​ក្នុង​ការ​រកស៊ី​ជាច្រើនលើក​ច្រើនសា​ ហើយ​នៅតែ​បន្ត​ធ្វើ​មិនបាន​ល្អ​ដដែល​ បើ​ទោះបីជា​ខិតខំ​ប្រឹងប្រែង​យ៉ាងណាក៏ដោយ​។ បញ្ហា​ទាំងអស់​នោះ​កើតមក​ពួកគេ​រក​មិនឃើញ​ពី​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ពិតប្រាកដ​។ លោក​ថា​ បច្ចុប្បន្ន​នេះ​មនុស្ស​វ័យក្មេង​មួយចំនួន​បាន​មើលឃើញ​ពី​រូបភាព​ខាងក្រៅ​ច្រើនជាង​មើលឃើញ​ពី​ចំណូលចិត្ត​ខាង​ក្នុង​របស់​ខ្លួន​ ដូចជា​ស្វែងរក​មុខរបរ​ដែលគេ​រកលុយ​បាន​ច្រើន​ រកមុខ​របរ​ដែល​អាច​លេចមុខលេចមាត់​ ឬហ៊ឺហា​ជាង​មុខរបរ​ដែល​ពួកគេ​ពេញចិត្ត​នឹង​ធ្វើ​យ៉ាង​អស់ពី​ចិត្ត​។

    លោក​ អុិន​ ច័ន្ទ​ធា​រ៉ា​ បាន​និយាយ​ថា​៖ «សម្រាប់​ខ្ញុំ​ក៏​ដូចគ្នា​ ខ្ញុំ​បាន​ចំណាយពេល​ជា​យូរឆ្នាំ​ដើម្បី​ស្វែងរក​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់​ពិតប្រាកដ​ មុននឹង​ខ្ញុំ​សម្រេចចិត្ត​អភិវឌ្ឍ​ចង្វាក់​ផលិតកម្ម​នេះ​ឡើង​ រហូត​មានការ​អភិវឌ្ឍ​ជាបន្តបន្ទាប់​»។

    សហគ្រិន​ខាងលើ​បាន​លើកឡើង​ថា​ ការ​ធ្វើអាជីវកម្ម​មិនមែន​ងាយស្រួល​ដូច​គ្រប់គ្នា​ ជាពិសេស​យុវជន​យល់ឃើញ​នោះ​ទេ​ តែ​វា​មាន​ឧបសគ្គ​ជាច្រើន​ដែល​ទាមទារ​ឱ្យ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​វា​ឱ្យ​បាន​ស្វិតស្វាញ​បំផុត​ ហេតុនេះ​ប្រសិនបើ​យើង​មិន​ស្រឡាញ់​វា​ពិតប្រាកដ​ ឬវា​មិន​ស្រប​ជាមួយនឹង​ចំណង់​ចំណូលចិត្ត​ពិតប្រាកដ​យើង​អាច​នឹង​មាន​ភាព​នឿយណាយ​បន្តិច​ម្តង​ៗរហូត​បោះបង់​វា​ចោល​នៅពេល​រវល់​ខ្លាំង​ជាមួយនឹង​ការ​ដោះស្រាយ​បញ្ហា​ច្រើនពេក​។ លោក​ថា​ ពេលខ្លះ​ចំពោះ​អាជីវកម្ម​ចាប់ផ្តើម​ដំបូង​ ត្រូវ​ដោះស្រាយ​រឿង​ហិរញ្ញវត្ថុ​ និង​បញ្ហា​បុគ្គលិក​ជាដើម​ ដែល​ទាមទារ​ឱ្យ​មាន​ភាព​បត់បែន​ខ្ពស់​ និង​តស៊ូ​រហូតដល់​ចំណុច​វិជ្ជមាន​មួយ​ ហេតុនេះ​ប្រសិនបើ​យើង​ពិតជា​ស្រឡាញ់​វា​ពិតប្រាកដ​ នោះ​មានន័យថា​ វា​ជា​ឱកាស​ដែល​ធ្វើ​ឱ្យ​យើង​បញ្ចេញ​សមត្ថភាព​ដើម្បី​បំពេញ​រឿង​ដ៏​មានន័យ​សម្រាប់​ជីវិត​ មិន​មាន​សម្ពាធ​ខ្លាំងពេក​នោះ​ទេ​។ ការ​ធ្វើបែប​នេះ​ធ្វើ​ឱ្យ​យើង​មាន​កម្លាំង​ជំរុញ​វិជ្ជមាន​ជាប់​ជានិច្ច​ ព្រោះ​គោលដៅ​របស់​យើង​គឺ​ដើម្បី​ធ្វើ​រឿង​អស្ចារ្យ​មួយ​ដែល​ចិត្ត​យើង​ចង់​ និង​រីករាយ​ក្នុង​ការ​ធ្វើ​វា​៕

  • ការបង្កើត​ផលិតផល​ទេសចរណ៍​ និង​ម្ហូបអាហារ​ប្រពៃ​ណី​ថ្មី​ៗ ជួយ​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍​

    ការបង្កើត​ផលិតផល​ទេសចរណ៍​ និង​ម្ហូបអាហារ​ប្រពៃ​ណី​ថ្មី​ៗ ជួយ​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍​

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ជំរុញ​ឱ្យ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ការពង្រីក​តំបន់​ទេសចរណ៍​ដែល​មានស្រាប់​នៅក្នុង​ខេត្តសៀមរាប​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​ និង​កូរ៉េ​ខាងត្បូង​ ដែល​ការ​លើកឡើង​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ធ្លាក់ចុះ​ចំនួន​ 20​% នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​កូរ៉េ​ ដែល​ធ្វើដំណើរ​មក​ខេត្តសៀមរាប​ក្នុង​ឆមាស​ទី1​ នៃ​ឆ្នាំនេះ​។

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ចង្អុលបង្ហាញ​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ទៅកាន់​ខេត្តសៀមរាប​កំពុង​ថយ​ចុះ​ ហើយ​ ឯកឧត្តម​បាន​អំពាវនាវ​ឱ្យ​អ្នក​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ទាំងអស់​ធ្វើការ​រួមគ្នា​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ និង​កូរ៉េ​ និង​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​ស្នាក់នៅ​បាន​យូរ​ជាង​នេះ​។

    ឯកឧត្តម​ ថោង​ ខុន​ បាន​មានប្រសាសន៍​ថា​ យើង​ត្រូវ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​។ រដ្ឋាភិបាល​កំពុង​សិក្សា​ផែនការមេ​ទេសចរណ៍​សម្រាប់​ខេត្តសៀមរាប​ យើង​បាន​កំណត់​អត្តសញ្ញាណ​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ ជាពិសេស​នៅ​លើ​ភ្នំ​គូលែន​ តំបន់​ទន្លេសាប​ និង​នៅ​ជុំវិញ​ប្រាសាទ​អង្គរ​។

    ឯកឧត្តម​ បាន​មានប្រសាសន៍​ថា​៖“ឥឡូវនេះ​ក្រសួង​កំពុង​ជំរុញ​អាជ្ញាធរ​ខេត្តសៀមរាប​ឱ្យ​តុបតែង​ផ្លូវ​ និង​បង្កើត​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ ដែល​បម្រើភ្ញៀវ​ទេសចរ​ចិន​ និង​កូរ៉េ​”។ លោក​ក៏បាន​ស្នើ​ឱ្យ​អាជីវករ​ចៀសវាង​ការ​លក់​ផលិតផល​ក្លែងក្លាយ​ឱ្យទៅ​ភ្ញៀវ​ទេសចរ​នៅពេល​ដែល​ពួកគេ​មក​ទស្សនា​ប្រទេស​យើង​នា​ពេល​បច្ចុប្បន្ន​។

    លោកជំទាវ​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“ការ​អត្ថា​ធិប្បាយ​របស់​លោក​រដ្ឋមន្ត្រី​ គឺ​ចំ​ពេល​ហើយ​។ យើង​ក៏​លើកទឹកចិត្ត​ផង​ដែរ​ដល់​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗនៅក្នុង​គោលដៅ​ទេស​-ចរណ៍​សំ​ខាន់​ៗ ដូចជា​ខេត្តសៀមរាប​នេះ​”។

    លោកជំទាវ​ បាន​បន្ថែម​ថា​៖“យើង​ចង់ឱ្យ​អ្នកទេសចរ​ ស្នាក់នៅ​បាន​យូរ​ ហើយ​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ទទួល​បាន​ជោគជ័យ​ គឺ​តាមរយៈ​ផលិតផល​ និង​ទិសដៅ​ទេសចរណ៍​ថ្មី​។ ភ្ញៀវ​ទេសចរ​ អាច​ទស្សនា​ប្រាសាទបុរាណ​នៅពេល​ថ្ងៃ​ ហើយ​បន្ទាប់មក​ពួកគេ​អាច​រីករាយ​ជាមួយ​កន្លែង​ទេសចរណ៍​ដទៃទៀត​ ដូចជា​គ្រឹះស្ថាន​ទេសចរណ៍​ធម្មជាតិ​ និង​នៅពេល​យប់​ ពួកគេ​អាច​ទស្សនា​ផ្សារ​រាត្រី​ ឬកន្លែង​ថ្មី​ៗផ្សេងទៀត​”។

    ក្នុង​ឆមាស​ទី1​ នៃ​ឆ្នាំនេះ​ ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​អ្នកធ្វើ​វិស្សមកាល​ចំនួន​ 3.3លាន​នាក់​ កើនឡើង​ 11​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ទេសចរ​ចិន​បាន​បន្ត​ឈរ​នៅ​លើ​លំដាប់​ទី1​ នៃ​ទីផ្សារ​ទេសចរណ៍​នៅ​កម្ពុជា​។ ប្រជា​-ជន​ចិន​ចំនួន​ 1.2លាន​នាក់​បាន​មក​ធ្វើទស្សនកិច្ច​ប្រទេស​កម្ពុជា​ចាប់ពី​ខែមករា​ ដល់​ខែមិថុនា​។ កាលពី​ឆ្នាំមុន​មាន​ជនបរទេស​ចំនួន​ 6.2លាន​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ គឺ​កើនឡើង​ 10.7​%ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

    ជាមួយនឹង​ការ​ឆ្លើយតប​ និង​មាន​វិធានការ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​ ខណៈ​ដែល​តួលេខ​បាន​បង្ហាញ​ពី​ឱនភាព​នៃ​ចំនួន​ទេសចរ​នៅ​តំបន់​អង្គរ​នៅដើម​ឆ្នាំ​ 2019នេះ​ ក្រសួងទេសចរណ៍​បាន​ជំរុញ​ និង​បង្កើនផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗទៀត​ ដោយ​បាន​សហការ​ជាមួយ​ប្រទេស​ជប៉ុន​ផង​ដែរ​។

    ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ជាមួយនឹង​ការ​ដាក់​វិធាន​កា​រថ្មីៗ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ឯកឧត្តម​ ថោង​ ខុន​ បាន​ស្នើ​ដល់​ភាគី​ជប៉ុន​ជួយ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​បន្ថែម​ទៀត​ ពិសេស​តាមរយៈ​ការ​វិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ លើ​ការបង្កើត​តំបន់​ទេសចរណ៍​សម្រាប់​ទេសចរ​ចូលនិវត្តន៍​ ក៏ដូចជា​ការ​ជួយ​កសាង​ផ្លូវ​មួយចំនួន​ចូល​ទៅកាន់​សហគមន៍​ទេសចរណ៍​សំខាន់​។

    ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ លោក​ Hidehisa​ HORINOUCHI​ ឯកអគ្គ​រាជ​ ទូត​ជប៉ុន​ ឯកឧត្តម​ ថោង​ ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើង​ពី​ការ​រីកចម្រើន​មួយចំនួន​លើ​វិស័យ​ទេសចរណ៍​ ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ល្អជា​មួយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ក៏ដូចជា​ជាមួយ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ដែរ​។ ក្នុង​នោះ​ កាលពី​ឆ្នាំ​2018​ ក្នុងចំណោម​ 6គម្រោង​វិនិយោគ​របស់​ជប៉ុន​គឺ​មាន​ 2គម្រោង​ បាន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ ដែល​មាន​ទុន​វិនិយោគ​ដល់​ជាង​ 800​ លាន​ដុល្លារ​អាមេរិក​។

    នៅ​ឆ្នាំ2018​ ទេសចរ​ជប៉ុន​មកកាន់​កម្ពុជា​មាន​ចំនួន​ជាង​ 21ម៉ឺន​នាក់​ ក្នុង​កំណើន​ជាង​ 3.5​% ហើយ​ក្នុងរយៈពេល​ 6ខែ​ ដើមឆ្នាំ2019​ កម្ពុជា​ទទួល​បាន​ទេសចរ​ជប៉ុន​ជាង​ 10ម៉ឺន​នាក់​ ក្នុង​កំណើន​ 3%។ ព្រម​ជាមួយ​នោះ​កាល​ឆ្នាំ2018​ កន្លងមក​ ក៏​មាន​ទេសចរ​កម្ពុជា​ជាង​ 22,000នាក់​ បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ផង​ដែរ​។ បច្ចប្បន្ន​នៅ​ភ្នំពេញ​ មាន​សណ្ឋាគារ​ដែល​វិនិយោគ​ដោយ​ជនជាតិ​ជប៉ុន​ចំនួន​9 ដែល​មាន​សរុប​ជិត​ 1,000បន្ទប់​ មាន​ភោជនីយ​-ដ្ឋាន​ចំនួន​ 56​ ដែល​មាន​ជាង​ 3,300កៅអី​ផង​ដែរ​។

    ដោយឡែក​នៅក្នុង​សន្និសីទ​អន្ដរ​ជាតិ​លើក​ទី1​ ក្រោម​ប្រធានបទ​“លើកកម្ពស់​គុណ​តម្លៃ​ប្រពៃណី​ និង​បេតិកភណ្ឌ​ ដើម្បី​ការ​អភិវឌ្ឍ​ទេសចរណ៍​ ប្រកបដោយ​ចីរភាព​” បាន​បង្ហាញថា​ ក្នុងចំណោម​ចំនួន​ទេសចរ​សរុប​ ដែល​ចេញ​ទស្សនា​នៅ​ជុំវិញ​ពិភពលោក​ មាន​ 40​%ជា​ប្រភេទ​ទេសចរណ៍​វប្បធម៌​ និង​ម្ហូបអាហារ​ មានន័យថា​ ម្ហូបអាហារ​ក៏​ជា​កត្តា​ដ៏​សំខាន់​ផង​ដែរ​ក្នុង​ការសម្រេច​ចិត្ត​ជ្រើសរើស​គោលដៅ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​។

    លោក​ Xu​ Jing​ នាយក​ UNWTO​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​លើកឡើង​ពី​តួនាទី​របស់​ ផ្នែក​អាហារ​វិទ្យា​ ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍​នៅ​ជុំវិញ​ពិភពលោក​ ទន្ទឹម​នឹង​នេះ​លោក​ក៏បាន​កត់សម្គាល់​ពីសា​រៈសំ​ខាន់​របស់​ទេសចរណ៍​ក្នុង​ការ​ពង្រឹង​កំណើន​សេដ្ឋកិច្ច​ផង​ដែរ​។ លោក​បាន​លើកទឹកចិត្ត​ឱ្យ​កម្ពុជា​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗឱ្យ​បាន​ច្រើន​ ដើម្បី​រួមចំណែក​ជំរុញ​ចរន្ត​លំហូរ​ទេសចរ​ពិភពលោក​ឱ្យ​កាន់តែ​សកម្ម​ ឧទាហរណ៍​ទេសចរណ៍​ម្ហូបអាហារ​ដែល​កំពុង​ធ្វើសន្និសីទ​នៅពេល​នេះ​ ក៏​ជា​ផលិតផល​ទេសចរណ៍​ដ៏​ចាំបាច់​មួយ​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​ផង​ដែរ​”។

    លោក​ XU​ បាន​មានប្រសាសន៍​ថា​៖“ វិស័យ​ទេសចរណ៍​ គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ដែល​ជួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​។ ការបង្កើត​ការ​ផ្តល់​ជូន​អាហារ​តាមបែបបទ​ពិសោធ​ដោយ​ផ្អែកលើ​ទំនៀមទម្លាប់​ម្ហូបអាហារ​ក្នុង​ស្រុក​ និង​ការ​បញ្ចូល​ពួកវា​ទៅ​ក្នុង​ទេសភាព​ទេសចរណ៍​ជាតិ​ក៏​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែរ​។

    លោក​ Gavin​ Bell​ ប្រធាន​ក្រុម​កម្មវិធី​ពង្រឹង​សមត្ថភាព​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ទេសចរណ៍​ស្បៀង​ គឺជា​ឧស្សាហកម្ម​ដែល​កំពុង​រីកចម្រើន​នៅ​ជុំវិញ​ពិភពលោក​។ ពិភពលោក​កំពុង​បើកចំហ​កាន់តែ​ខ្លាំង​ឡើង​ ហើយ​បាន​ក្លាយជា​សកល​ភាវូបនីយកម្ម​។ អ្នកទេសចរ​ស្វែងរក​បទ​ពិសោធ​ ដោយ​ផ្អែកលើ​អត្តសញ្ញាណ​ និង​វប្បធម៌​ក្នុង​តំបន់​។ វា​ជាផ្នែក​មួយ​ដែល​មាន​ ភាព​ស្វាហាប់​បំផុត​នៅក្នុង​ទីផ្សារ​ទេសចរណ៍​។

    លោក​បាន​កត់សម្គាល់​ថា​ ការ​ស្ទង់​មតិ​ថ្មី​ៗនេះ​ ក្រុមហ៊ុន​ផ្សងព្រេង​ទេស​ចរ​ណ៍​ត្រេ​ឌីង​ បាន​រក​ឃើញ​ថា​ ថវិកា​ប្រមាណ​ 25​% នៃ​ថវិកា​របស់​ភ្ញៀវ​ទេសចរ​ត្រូវ​បាន​ចំណាយ​ទៅលើ​ម្ហូបអាហារ​។ ការស្ទង់មតិ​ដដែល​រក​ឃើញថា​ 81​%នៃ​ភ្ញៀវ​ទេសចរ​បាន​រៀន​យល់ដឹង​អំពី​ប្រពៃណី​ធ្វើម្ហូប​ក្នុង​ស្រុក​ នៅពេល​ពួកគេ​ទៅលេង​គោលដៅ​ ខណៈ​ 81​%នៃ​ភ្ញៀវ​ទេសចរ​ទាំងអស់​ជឿ​ថា​ ម្ហូបអាហារ​ និង​ភេសជ្ជៈ​បាន​ជួយ​ក្នុង​ការ​ស្វែងយល់​អំពី​វប្បធម៌​ក្នុង​តំបន់​៕

  • ឃើញ​ហ៊ឺហា​លុយ​ចាយ​មិន​ខ្វះ​អ៊ីចឹង​ ​តែ​ឪ​នៅ​ស្ទាវ​ ​Floyd​ ​Mayweather​ ​មានកូន​ប្រុស​-​ស្រី​ ​4នាក់​ហើយ​

    ឃើញ​ហ៊ឺហា​លុយ​ចាយ​មិន​ខ្វះ​អ៊ីចឹង​ ​តែ​ឪ​នៅ​ស្ទាវ​ ​Floyd​ ​Mayweather​ ​មានកូន​ប្រុស​-​ស្រី​ ​4នាក់​ហើយ​

    ​អ្នកប្រដាល់​មិនដែល​ចាញ់​ ​Floyd​ ​Mayweather​ ​សញ្ជាតិ​អាមេរិកាំង​ ​ទោះជា​អ្នកមាន​សម្បូរទៅដោយ​លុយ​ ​ឡាន​ ​វីឡា​ ​និង​មានជីវិត​ហ៊ឺហា​ដើរលេង​ដូច​ស្ទាវ​មែន​ ​តែ​អ្នកប្រដាល់​ម្នាក់​នេះ​មានកូន​ប្រុស​-​ស្រី​ ​ចំនួន​ ​4នាក់​ហើយ​។​

    ​បុរស​ស្បែក​ខ្មៅ​មានទ្រព្យ​ ​550លាន​ដុល្លា​ ​វ័យ​ ​41ឆ្នាំ​រូប​នេះ​មានកូន​ប្រុស​ ​2នាក់​ ​(​Koraun​ ​Mayweather​ ​និង​ ​Zion​ ​Mayweather​)​ ​និង​កូនស្រី​ ​2នាក់​ ​(​Iyanna​ ​Mayweather​ ​and​ ​Jirah​ ​Mayweather​)​។​ ​

    ​ថ្វី​ដ្បិតតែ​មិនទាន់​រៀបការ​មែន​ ​តែ​កូន​របស់​គេ​ចំនួន​ ​3នាក់​ ​គឺ​រស់នៅ​រួមគ្នា​ជាមួយនឹង​អ្នកស្រី​ ​Josie​ ​Harris​ ​ខណៈ​ដែល​កូន​ម្នាក់​ចុងក្រោយ​ ​គឺជា​កូន​របស់​អ្នកស្រី​ ​Melissa​ ​Brim​៕​