Category: សង្គម និងសេដ្ឋកិច្ច

  • គោព្រៃ​កម្ពុជា​ ​រីកចម្រើន​ខ្លាំង​ ​ទោះបីជា​លទ្ធផល​បាន​ត្រឹម​ស្មើ​ហុងកុង​ ​1ទល់នឹង1​ ​ក៏ដោយ​

    គោព្រៃ​កម្ពុជា​ ​រីកចម្រើន​ខ្លាំង​ ​ទោះបីជា​លទ្ធផល​បាន​ត្រឹម​ស្មើ​ហុងកុង​ ​1ទល់នឹង1​ ​ក៏ដោយ​

    ​កាលពី​យប់​ថ្ងៃទី5​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ចុង​សប្ដាហ៍​កន្លងទៅ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ទាត់​ស្មើ​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើស​កោះ​ហុងកុង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នៅចំពោះមុខ​អ្នកគាំទ្រ​ជាង​ ​5ម៉ឺន​នាក់​ ​ខណៈ​ដែល​គ្រប់គ្នា​កំពុងតែ​សម្លឹងឃើញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​បាល់ទាត់​របស់​កម្ពុជា​ក្នុង​ការប្រកួត​នោះ​ដែរ​។​

    ​ក្រុម​ទាំង2​ ​ហាក់​មានកម្រិត​លេង​ប្រហាក់​ប្រហែលគ្នា​នៅ​តង់​ទី1​ ​ដោយ​រកបាន​ម្នាក់​ ​1គ្រាប់​ ​ក្នុង​នោះ​កម្ពុជា​រកបាន​ដោយ​កីឡាករ​ ​កែវ​ ​សុខ​ផេង​ ​នៅ​នាទី​ទី32​ ​តែ​ចូល​ដល់​តង់​ទី2​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​សម្រុក​ ​និង​ស៊ុត​បាន​ជាច្រើន​ជើង​ ​តែ​នៅតែ​មិន​អាច​ឆ្លងផុត​ដៃ​អ្នកចាំទី​ក្រុម​ហុងកុង​បានសម្រេច​ឡើយ​ ​ដោយ​លទ្ធផល​បញ្ចប់​ការប្រកួត​កម្ពុជា​ ​បាន​ត្រឹម​ស្មើ​ហុងកុង​ ​1ទល់នឹង1​៕​

  • តោះ​ ​នាំគ្នា​មក​មើល​ប្រវត្តិ​ការ​ប៉ះ​គ្នា​រវាង​កម្ពុជា​ ​និង​ហុងកុង​ ​ទាំង​ ​6លើក​កន្លងមក​

    តោះ​ ​នាំគ្នា​មក​មើល​ប្រវត្តិ​ការ​ប៉ះ​គ្នា​រវាង​កម្ពុជា​ ​និង​ហុងកុង​ ​ទាំង​ ​6លើក​កន្លងមក​

    ​ក្រុម​ជម្រើស​បាល់ទាត់​កោះ​ហុងកុង​ដែល​ស្ថិតនៅ​ក្នុង​ពូល​ ​C​ ​ក្នុង​វគ្គ​ជម្រុះ​សម្រាប់​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ជាមួយ​កម្ពុជា​មួយ​នេះ​ ​សម្បូរទៅដោយ​កីឡាករ​កូនកាត់​ ​និងកីឡា​ករ​ចូល​សញ្ជាតិ​ល្អ​ៗ​ ​ល្បី​ៗ​ជាច្រើន​នាក់​ ​ហើយ​ជាមួយគ្នា​នេះ​ដែរ​ ​ថ្វី​ដ្បិតតែ​ប្រទេស​របស់​ក្រុម​ទាំង2​ ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​មែន​ ​ក៏ប៉ុន្តែ​ក្រុម​ទាំង​ ​2នេះ​ ​ធ្លាប់​ជួបគ្នា​ដល់ទៅ​ ​6លើក​រួចមក​ហើយ​ ​ដោយ​ក្នុង​នោះ​កម្ពុជា​មិនដែល​ស្គាល់​រសជាតិ​ស្មើ​ ​ឬ​ឈ្នះ​ហុងកុង​ម្តង​ណា​ឡើយ​។​

    ​គួរ​បញ្ជាក់​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​បញ្ចប់​ការប្រកួត​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហុងកុង​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ល្ងាច​ថ្ងៃទី5​ ​សប្ដាហ៍​កន្លងទៅ​ដោយមាន​អ្នកគាំទ្រ​ជាច្រើន​ម៉ឺន​នាក់​ ​ខណៈ​ដែល​អ្នកគាំទ្រ​គ្រប់គ្នា​កំពុងតែ​សម្លឹងឃើញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​បាល់ទាត់​កម្ពុជា​៕​

  • នូ​ ​ស្រីពៅ​ ​ត្រៀមខ្លួន​រួចជាស្រេច​ ​ប៉ះ​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​របស់​ថៃ​ ​

    នូ​ ​ស្រីពៅ​ ​ត្រៀមខ្លួន​រួចជាស្រេច​ ​ប៉ះ​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​របស់​ថៃ​ ​

    ​នូ​ ​ស្រីពៅ​ ​ជា​កីឡាការិនី​គុន​ខ្មែរ​ដំបូង​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​ឱ្យ​កម្ពុជា​លើក​ឆាក​អន្តរជាតិ​ ​ដោយ​បាន​ឈ្នះ​ពានរង្វាន់​ ​និង​មេដាយ​ជាច្រើន​ពី​ការប្រកួត​គុន​ខ្មែរ​មិនថា​ក្នុង​ស្រុក​ ​ឬ​តំណាង​ឱ្យ​កម្ពុជា​នៅ​ក្រៅ​ស្រុក​នោះ​ឡើយ​។​

    ​ក្រោយពី​បំបាក់​កីឡាការិនី​ជើងខ្លាំង​របស់​ថៃ​ ​Rika​ ​កាលពីដើម​ឆ្នាំនេះ​រួចមក​ ​មាន​អ្នក​និយម​ ​“​គុន​ខ្មែរ​”​ ​និង​ ​“​មួយ​ថៃ​”​ ​ជាច្រើន​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់ឱ្យ​កីឡាការិនី​វ័យក្មេង​កម្ពុជា​រូប​នេះ​ប្រកួត​ជាមួយ​ជើងខ្លាំង​លំដាប់​កំពូល​ផ្នែក​ប្រដាល់​គុន​ចម្រុះ​របស់​ថៃ​ ​គឺ​កីឡាការិនី​ ​Stamp​ ​Fairtex​ ​ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​របស់​សង្វៀន​ ​ONE​ ​ដល់ទៅ​ ​2ខ្សែ​។​ ​

    ​ទោះជាយ៉ាងណា​ក្តី​ ​កីឡាការិនី​គុន​ខ្មែរ​ ​នូ​ ​ស្រីពៅ​ ​បាន​បង្ហាញ​ចំ​ណាប់​អាម្​មណ៍​ថា​ ​ខ្លួន​ក៏​ចង់​សាក​សមត្ថភាព​ជាមួយ​ជើងខ្លាំង​កំពូល​របស់​ថៃ​នោះ​ដែរ​ ​ណាមួយ​គីឡូ​ពួក​យើង​ទាំង2​ ​ក៏​ប៉ុនគ្នា​ទៀត​ ​ហើយ​នាង​បាន​បន្ត​ទៀត​ថា​ ​កីឡាការិនី​ថៃ​ ​ពិតជា​ខ្លាំង​ ​ប៉ុន្តែ​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ ​ប្រសិនបើ​ស្ថាប័ន​ ​ONE​ ​ផ្តល់​ឳ​កាស​នេះ​ឱ្យ​៕​


  • វិស័យ​ SME​ កម្ពុជា​ បាន​រួមចំណែក​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ស្រប​នឹង​ឧស្សាហកម្ម4.0​

    វិស័យ​ SME​ កម្ពុជា​ បាន​រួមចំណែក​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ស្រប​នឹង​ឧស្សាហកម្ម4.0​

    មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​ចាត់ទុក​វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​(SME​)ថា​ ជា​វិស័យ​មួយ​ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​(GDP​) ជាពិសេស​ជួយ​បង្កើន​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​។

    ឯកឧត្តម​ ហេង​ សុខ​គង់​ រដ្ឋលេខាធិការ​នៃ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តី​ពី​ “ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​ និង​វិស័យ​ឧស្សាហកម្ម​” នៅក្នុង​ពិធី​តាំង​ពិ​ព័​ណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​ និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ​ CIMIF​ &​ CTG​ ប្រចាំឆ្នាំ​នៅ​កម្ពុជា​ថា​ វិស័យ​ឧស្សាហកម្ម​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ​ ដោយ​វិស័យ​នេះ​បាន​ចូលរួម​ចំណែក​ក្នុង​ផលិតផល​សរុប​ក្នុង​ស្រុក​ (GDP​) ប្រមាណ​ជា​ 32.8​% ក្នុង​ឆ្នាំ2018​ លឿន​ជាង​ផែនការ​ដែល​រដ្ឋាភិបាល​បាន​កំណត់​ថា​ នៅ​ឆ្នាំ​ 2025​ វិស័យ​ឧស្សាហកម្ម​នឹង​មាន​ចំណែក​រួម​ 30​% នៃGDP​។ ពោល​គឺ​លឿន​ជាង​ផែនការ​រហូតដល់​ទៅ​ 5ឆ្នាំ​។

    ឯកឧត្តម​ សុខ​គង់​ បាន​បន្ត​ថា​៖ “បើ​តាម​ទិន្នន័យ​ពី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ការ​រីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ គឺជា​ចំណែក​ដ៏​ធំ​ដែល​បាន​មក​ពី​ SME​ ដោយមាន​រហូតដល់​ជាង​ 90​% ក្នុងចំណោម​សហគ្រាស​សរុប​ទាំង​ 51ម៉ឺន​ស្ថាប័ន​នៅ​កម្ពុជា​។ បច្ចុប្បន្ន​កម្លាំង​ពលកម្ម​ប្រមាណ​ 1.2លាន​នាក់​កំពុង​បម្រើការ​ងារ​ក្នុង​វិស័យ​នេះ​។

    ឯកឧត្តម​ថ្លែង​ថា​៖ “ដោយសារSME​ នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​ និង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ច្រើន​ ហេតុនេះ​ទើប​យើង​ត្រូវ​ធ្វើការ​សិក្សា​ឱ្យ​បាន​ច្បាស់​ ដើម្បី​ឱ្យ​វិស័យ​នេះ​កាន់តែ​មាន​ចំណែក​សំខាន់​ថែមទៀត​។ ខណៈ​បច្ចុប្បន្ន​ ពិភពលោក​កំពុង​ឈាន​ឆ្ពោះទៅ​រក​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ដូច្នេះ​ដើម្បី​ឱ្យ​ការ​អភិវឌ្ឍSME​ ដំណើរការ​បាន​ល្អ​ កម្ពុជា​ត្រូវតែ​គិតគូរ​ឱ្យ​ច្រើន​ពី​ការ​ធ្វើ​ទំនើបកម្ម​។ ថា​ អ្វី​ដែល​យើង​ត្រូវ​រុញ​មុនគេ​ គឺ​ Good​ Digital​ បន្ទាប់មក​យើង​រុញ​វិស័យ​ឧស្សាហ​កម្ម​ធំៗ​ ហើយ​បន្តបន្ទាប់​ទៀត​យើង​នឹង​សិក្សា​លម្អិត​ថា​ តើ​ឧស្សាហកម្ម​កម្រិត​ណា​ដែល​យើង​ត្រូវ​រុញ​ទៅជា​ឧស្សាហកម្ម​ទី4​ មុនគេ​”។

    ឯកឧត្តម​ ហេង​ សុខ​គង់​បញ្ជាក់​ថា​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ ក៏ដូចជា​វិស័យ​ឌីជីថល​ស្រប​ទៅ​នឹង​ការ​រីកចម្រើន​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី4​ កម្ពុជា​ ក៏​គ្រោង​ប្រើប្រាស់​ផ្កាយរណប​ដោយខ្លួនឯង​នៅក្នុង​អំឡុង​ឆ្នាំ2022​ ហើយក៏​គ្រោង​នឹង​ប្រើប្រាស់​ឌីជីថល​ខេម​បូ​ឌា​ នៅក្នុង​អំឡុង​ឆ្នាំ2023​ ខាងមុខនេះ​ផង​ដែរ​។

    លោក​ ឈា​ ឡាយ​ហ៊ី​ ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​សហគ្រាស​ធុន​តូច​ និង​មធ្យម​(SME​) មាន​បញ្ហា​ចោទ​មួយចំនួន​លើ​ទីផ្សារ​ ក្នុង​នោះ​SME​ ភាគច្រើន​មិនទាន់​អាច​នាំចេញ​ផលិតផល​របស់​ខ្លួន​ទៅក្រៅ​ប្រទេស​បានទេ​ គឺ​ មាន​ភាគរយ​តិចតួច​បំផុត​ក្នុង​ការនាំចេញ​ ទោះបី​ផលិតផល​នោះ​មានការ​ចុះបញ្ជី​ និង​មាន​គោល​កា​រណ៍​ស្ដ​ង់​ដា​គុណភាព​ និង​ការ​វេច​ខ្ចប់​ត្រឹមត្រូវ​ហើយក៏​ដោយ​។

    លោក​ ឈា​ ឡាយ​ហ៊ី​ បាន​ថ្លែង​ថា​៖ “SME​ ភាគច្រើន​មិនទាន់​អាច​នាំចេញ​ទៅក្រៅ​ប្រទេស​បានទេ​ គឺ​មាន​ភាគរយ​តិចតួច​បំផុត​ ចំណែក​ឯផលិតផល​ក្នុង​ស្រុក​មួយចំនួន​ ក៏​ការ​គាំទ្រ​នៅ​មានកម្រិត​នៅ​ឡើយ​ដែរ​។ ពលរដ្ឋ​កម្ពុជា​មិនទាន់​ឱ្យ​តម្លៃ​ផលិតផល​ក្នុង​ស្រុក​ខ្លួនឯង​ខ្លាំង​ជា​ផលិតផល​នាំចូល​ពី​បរទេស​នៅឡើយ​ ទោះបី​ផលិតផល​ក្នុង​ស្រុក​មានការ​ចុះបញ្ជី​ និង​មានការ​ផលិត​ដោយ​គោរព​តាម​គោល​កា​រណ៍​ស្ដ​ង់​ដា​ត្រឹមត្រូវ​ក៏ដោយ​”។

    “ជាក់ស្ដែង​សិប្បកម្ម​កែច្នៃ​ដំណាប់​ស្វាយ​ ពួកគាត់​ខិតខំ​ប្រឹងប្រែង​កែច្នៃ​តាំងពី​មិនទាន់​ល្អ​ រហូត​ដល់​កែច្នៃ​បាន​ល្អ​ មាន​ស្ដ​ង់​ដារ​ និង​អាច​នាំចេញ​ទៅក្រៅ​ប្រទេស​បាន​ ក៏​នៅតែ​មិនទាន់​ទទួល​បាន​ជោគ​-ជ័យ​ ទោះជា​ប្រឹង​ផ្សព្វផ្សាយ​ក្នុង​ស្រុក​យ៉ាងណាក្ដី​ តែ​ការនាំចេញ​ទៅក្រៅ​ប្រទេស​ទទួល​បាន​រហូត​ដល់​ 80​-85​% រី​ឯកា​រលក់​ក្នុង​ស្រុក​មានត្រឹមតែ​ 15​%ប៉ុណ្ណោះ​”។ ទាំងនេះ​ជា​អ្វី​ដែល​ក្រសួង​ឧស្សាហកម្ម​កំពុង​រៀបចំ​ជា​យន្ដ​ការ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ណា​ដែល​មានគុណ​ភាព​ និង​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ឡើង​វិញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ប្រធាន​នាយកដ្ឋាន​។

    ទោះបី​យ៉ាងនេះ​ក្តី​ លោក​ ឈា​ ឡាយ​ហ៊ី​ បាន​បញ្ជាក់​ថា​ រហូតមកដល់​ពេលនេះ​មាន​ SME​ ប្រមាណ​តែ​ 5%ប៉ុណ្ណោះ​ដែល​បាន​មក​ចុះបញ្ជី​ត្រឹមត្រូវ​។ លោក​អះអាង​ថា​៖ “នេះ​ជា​បញ្ហា​ប្រឈម​ធំ​មួយ​របស់​យើង​។ នៅពេល​ដែល​មានSME​ មក​ចុះបញ្ជី​តិច​បែបនេះ​ វា​ធ្វើ​ឱ្យ​រដ្ឋ​ពិបាក​ក្នុង​ការគ្រប់គ្រង​ និង​មិនដឹង​ពី​ចំណុច​ខ្វះខាត​ដែល​វិស័យ​ឯកជន​កំពុង​ត្រូវការ​”។

    លោក​បាន​បន្ត​ថា​ ទោះបី​វិស័យSME​ កំពុង​មាន​ដំណើរ​វិវឌ្ឍន៍​ទៅមុខ​ល្អ​ តែ​វា​ក៏​មាន​បញ្ហា​ចោទ​ខ្លះ​លើ​ទីផ្សារ​ដែរ​ ទាំង​ការ​លក់​ក្នុង​ស្រុក​ និង​អន្តរជាតិ​ ដែល​ទាមទារ​ឱ្យSME​ ត្រូវ​ខិតខំ​ពង្រឹងគុណភាព​ឱ្យ​បាន​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​។

    លោក​ លី​ វិសាល​ ប្រធានប្រតិបត្តិ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ “បើSME​ មិន​ចុះបញ្ជី​ដូចសព្វថ្ងៃ​ អាជ្ញាធរ​ពិតជា​ពិបាក​នឹង​ដឹង​ថា​ តើ​ពួកគាត់​ត្រូវការ​-ឱ្យ​រដ្ឋាភិបាល​ជួយ​លើ​ផ្នែក​ណាមួយ​នោះ​ទេ​។ ការ​ផ្តល់​កម្ចី​ អាច​ជា​ការចាំបាច់​ដើម្បី​ជួយ​ពង្រឹង​វិស័យSME​ នៅ​កម្ពុជា​។ ក្នុងនាម​វិស័យ​ឯកជន​ លោក​ពិត​ជា​ចង់​ឃើញSME​ ទាំងអស់​ត្រូវ​បាន​ចុះបញ្ជី​ ដើម្បី​ធ្វើ​ឱ្យ​ការ​រកស៊ី​កាន់តែ​មាន​តម្លាភាព​ឡើង​ ហើយ​រដ្ឋ​ក៏​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ផង​ដែរ​ ពិសេស​ការ​លើកកម្ពស់​ និង​ដាក់ចេញ​នូវ​គោលនយោបាយ​សម្រាប់​ជួយ​គាំទ្រ​ដល់​វិស័យ​ឯកជន​មួយ​នេះ​”។

    តែ​លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ “ខ្ញុំ​មើលឃើញ​ថា​ កំណើន​នៃ​ក្រុមហ៊ុន​ប្រភេទSME​ ដែល​ទៅចុះ​បញ្ជី​ កំពុង​មានការ​កើនឡើង​ជាបន្តបន្ទាប់​ ខណៈ​ដែល​ការ​ពង្រឹង​ផ្នែក​ច្បាប់​ និង​ការយល់​ដឹងពី​អត្ថ​ប្រយោជន៍​នៃ​ការចុះបញ្ជី​ និង​មានការ​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​ផង​ដែរ​ក្នុង​វិស័យ​នេះ​”។

    សូម​បញ្ជាក់​ថា​ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​រោងចក្រ​សហ​គ្រាស​ធំៗ​ប្រមាណ​ជាង​ 1,600ស្ថាប័ន​ ចំណែក​SME​ មាន​ជាង​ 51ម៉ឺន​ក្រុមហ៊ុន​ នៅក្នុង​នោះ​ផ្នែក​កម្មន្តសាល​មាន​ប្រហែល15​% និង​សេវាកម្ម​ ការ​លក់ដុំ​ និង​លក់រាយ​មាន​ 85​%។

    សូម​រំឭក​ដែរ​ថា​ ក្រោម​ការ​ចង្អុលបង្ហាញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បានសម្រេច​ផ្តល់​ថវិកា​ចំនួន​ 100លាន​ដុល្លារ​អាមេរិក​សម្រាប់​ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​(ធ.ស.ក​) ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​SMEs​ សំដៅ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន។

    ជា​រួម​ មកទល់​ពេលនេះ​ ការសិក្សា​អំពី​លទ្ធភាព​ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ ព្រមទាំង​ការរៀបចំ​ផែនការអាជីវកម្ម​ និង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ធនាគារ​ ដើម្បី​ឈាន​ដល់​ការបង្កើត​ ធ.ស.ក​. ត្រូវ​បាន​និង​កំពុង​រៀបចំ​ស្ទើរតែ​បញ្ចប់​ទាំងស្រុង​ហើយ​ ដោយ​ធនាគារ​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ចាប់​ដំណើរការ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​៕

  • ផ្សិត​លើ​ក្រចកជើង​

    ផ្សិត​លើ​ក្រចកជើង​

    សោភ័ណ​នៃ​រូបរាងកាយ​របស់​អ្នក​កំពុងតែ​មានការ​ធ្លាក់ចុះ​ ព្រោះតែ​ក្រចកជើង​របស់​អ្នក​មិន​ស្អាត​ ខូច​ ព្រមទាំង​មាន​ជំងឺផ្សិត​លើ​ក្រចក​មែនទេ​? បើដូច្នេះ​នាំគ្នា​មក​អាន​ពី​មូលហេតុ​ រោគសញ្ញា​ ព្រមទាំង​វិធី​កែខៃ​មួយចំនួន​ដូចតទៅ​៖

    មូលហេតុ​អាច​បណ្តាល​មក​ពី​
    – ភាព​សើម​ជាប់ជើង​ដែល​បាន​មក​ពីទី​សា​ធា​រណៈ​ដូចជា​ កន្លែង​ហែលទឹក​ កន្លែង​ហាត់​កីឡា​ ឬបន្ទាប់ពី​ងូតទឹក​ជាដើម​។
    – ពាក់​ស្បែកជើង​តឹង​ចង្អៀត​ពេក​។
    – ស្បែក​មានកម្រិត​ PH​ ខុសប្រក្រតី​។
    – កម្រិត​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​។
    – ខ្វះ​អនាម័យ​ជើង​ និង​ក្រចកជើង​។- ងាយ​កើត​មេរោគ​ផ្សិត​លើ​ក្រចកជើង​។ល។

    រោគសញ្ញា​ដែល​អាច​ឱ្យ​អ្នក​សម្គាល់​បាន​ពី​ការ​កើតមាន​រោគ​ផ្សិត​៖
    – ក្រចកជើង​ឡើង​ក្រាស់​។
    – ក្រចកជើង​ឡើងពណ៌​ត្នោត​ ឬពណ៌លឿង​។
    – ចាប់ផ្តើម​ជ្រុះ​ក្រចក​។
    – ចាប់ផ្តើម​មាន​កម្ទេច​ប្រមូល​ផ្តុំគ្នា​នៅ​ម្តុំ​ក្រ​ចក​ជើង​។
    – ក្រចក​ចាប់ផ្តើម​ឡើង​ដុំ​ៗ (ដូច​មាន​ដំ​បៅ​)។
    – ក្រចក​ចាប់ផ្តើម​មាន​ភាព​ផុយ​ស្រួយ​ ងាយ​របក​ ងាយ​បាក់​។
    – មានការ​ឈឺចាប់​រាល់ពេល​ប៉ះពាល់​វា​។
    – មាន​ទ្រង់ទ្រាយ​ខុសពី​មុន​។
    – មិន​មាន​ភាព​ភ្លឺរលោង​ដូចមុន​ (ឡើងពណ៌​ស្រអាប់​ ឬឡើងពណ៌​ខ្មៅ​តែម្តង​ក៏​មាន​)។
    – មាន​ក្លិន​មិនល្អ​។ល។

    វិធី​កែខៃ​
    ប្រសិនបើ​លោកអ្នក​កំពុងតែ​ជួបប្រទះ​នឹង​បញ្ហា​បែបនេះ​ សូម​សាកល្បង​ធ្វើតាម​វិធី​មួយ​ចំ​នួន​ដូចតទៅ​៖
    – ទឹកខ្មេះ​ (គេ​ច្រើន​ប្រើ​ទឹកខ្មេះ​ធម្មជាតិ​ដែល​ផលិត​ពី​ផ្លែ​ប៉ោម​) មួយ​ភាគ​ លាយ​ជាមួយ​ទឹក​ក្តៅ​តិច2ភាគ​។ ត្រាំ​ក្រចកជើង​ឱ្យ​លិចទៅ​ក្នុងទឹក​ ប្រ​ហែល15​-20នាទី​។ រួច​លាង​សម្អាត​ឱ្យ​ស្អាត​ និង​ជូត​វា​ឱ្យ​ស្ងួត​ជាការស្រេច​។– ប្រេង​អូ​លីវ​មួយ​ស្លាបព្រាបាយ​ លាយ​ជា​មួយ​នឹង​ប្រេង​អូ​រីហ្គា​ណូ​ (Oregano​) 2ដំណក់​។ យក​ល្បាយ​នេះ​ទៅ​ត្រដុស​ត្រង់​ក្រចក​ដែល​មាន​បញ្ហា​។ ធ្វើបែប​នេះ​រយៈពេល3សប្តាហ៍​ជាប់គ្នា​ នោះ​នឹង​ឃើញ​ប្រសិទ្ធភាព​ជាមិនខាន​។
    – ម្សៅល្មៀត​លាយ​ជាមួយ​ទឹ​កខាប់​ៗ រួច​យក​វា​មក​លាប​លើ​ក្រចក​ដែល​ខូច​។ ទុកចោល​រហូត​ដល់​វា​ស្ងួត​សឹម​សម្អាត​ និង​ជូត​ចេញ​ឱ្យ​ស្ងួត​ជា​ការ​ស្រេច​។
    – ហាន់​ខ្ទឹមបារាំង​ជា​បន្ទះ​ស្តើង​ៗ រួច​យក​វា​មក​ត្រដុស​លើ​ក្រចក​ដែល​មាន​បញ្ហា​នោះ​ ទុក​ចោល20​-30នាទី​ សឹម​សម្អាត​ចេញ​។ ធ្វើបែប​នេះ​ឱ្យ​មាន​ញឹកញាប់​(មិន​ចាំបាច់​រាល់ថ្ងៃ​ក៏បាន​)។ ខ្ទឹមបារាំង​មឹង​ជួយ​កាត់បន្ថយ​ការ​ក្លាយ​នៃ​ដំបៅ​បាន​យ៉ាង​ល្អ​។

    នៅ​មាន​វិធី​ព្យា​បាល​ផ្សេង​ៗចំនួន​ទៀត​ដែល​អ្នក​គួរតែ​ដឹង​ដូចជា​ ពាក់​ស្រោមជើង​ផលិត​ពី​ក្រ​ណាត់​សំឡី​កប្បាស​ ចៀសវាង​ការ​លាបថ្នាំ​ក្រ​ចក​ កុំ​ប្រើ​ ឬបោក​សម្លៀកបំពាក់​ និង​ក្រណាត់​ប្រើ​ប្រាស់​ផ្សេង​ចូលគ្នា​ ជាមួយ​អ្នកមាន​ជំងឺ​ប្រភេទ​នេះ​ និង​ត្រូវ​រក្សា​ភាព​ស្ងួត​ឱ្យជើង​ជានិច្ច​។ សូម​ចាំ​ថា​ វិធីសាស្ត្រ​មួយ​មិន​តម្រូវ​សម្រាប់​មនុស្ស​គ្រប់គ្នា​នោះ​ទេ​ ដូច្នេះ​សូមកុំ​ទាន់​បោះចោល​ការ​ព្យាយាម​ឱ្យ​សោះ​ប្រសិនបើ​អ្នក​កំពុង​ជួប​ជាមួយនឹង​បញ្ហា​ផ្សិត​លើ​ក្រចកជើង​នេះ​៕

  • ស្ងប់ស្ងាត់​មួយ​រយៈ​ ​ស្រាប់តែ​លេចមុខ​ ​ឈិត​ ​សុវណ្ណ​បញ្ញា​ ​ចេញ​បទចម្រៀង​ថ្មី​នៅក្នុង​ក្រុម​ចម្រៀង​របស់​ ​Dit​ ​Way​

    ស្ងប់ស្ងាត់​មួយ​រយៈ​ ​ស្រាប់តែ​លេចមុខ​ ​ឈិត​ ​សុវណ្ណ​បញ្ញា​ ​ចេញ​បទចម្រៀង​ថ្មី​នៅក្នុង​ក្រុម​ចម្រៀង​របស់​ ​Dit​ ​Way​

    នៅ​ថ្ងៃទី​ ​២៨​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៩នេះ​ ​គេ​បានឃើញ​បទចម្រៀង​ថ្មី​បែប​ឃ្យូដៗ​ត្រូវចិត្ត​យុវវ័យ​ច្រៀង​ដោយ​តារាចម្រៀង​ស្រី​ ​ឈិត​ ​សុវណ្ណ​បញ្ញា​ ​ដែល​មាន​ចំណងជើង​ថា​ ​«​ ​CRUSH​ ​»​ ​នៅ​លើ​ឆា​ណែ​លយូ​ធូប​របស់​ក្រុម​ចម្រៀង​ ​Dit​ ​Way​ ​ដែល​មាន​លោក​ ​G​-​Devih​ ​ជា​អ្នកគ្រប់គ្រង​ការផលិត​។​ ​

    ​តារាចម្រៀង​ស្រី​នៅ​ផលិតកម្ម​ថោ​នរូ​បនេះ​ ​មិនបាន​ធ្វើការ​បញ្ជាក់​លម្អិត​ពី​ការ​ចេញ​បទចម្រៀង​ខាងក្រៅ​ពី​ផលិតកម្ម​នោះ​ទេ​ ​ក៏ប៉ុន្ដែ​បើ​ងាក​មក​មើល​ការ​គាំទ្រ​វិញ​ ​គឺ​ហាក់បីដូចជា​មានសន្ទុះ​ខ្លាំង​ជាង​បទចម្រៀង​នៅក្នុង​ផលិតកម្ម​ ​ពោល​គឺ​ ​បទ​ប្លែក​អាច​នឹង​ស៊ី​ជាមួយ​សំឡេង​របស់​នាង​ក៏​ថា​បាន​។​ ​យ៉ាងណាមិញ​ ​ក្រោយពី​បញ្ចេញ​បទចម្រៀង​នៅ​លើ​បណ្ដាញ​សង្គម​រួចហើយ​ ​បញ្ញា​ ​បាន​ផ្ដាំផ្ញើ​ទៅ​ហ្វេ​នៗ​ថា​ ​«​ពេលវេលា​ដែល​អ្នក​ទាំងអស់គ្នា​កំពុង​រង់ចាំ​បាន​មកដល់​ហើយ​»​ ​ក្នុង​ការ​ទទូច​ឱ្យ​ហ្វេ​ន​ជួយ​គាំទ្រ​បទ​ថ្មី​មួយ​នេះ​។​ ​នេះ​ត្រឹមតែ​រយៈពេល​មួយថ្ងៃ​តែ​ប៉ុន​ណោះ​ ​បទ​ថ្មី​មួយ​នេះ​កើន​អ្នក​ចូល​ទស្សនា​ដល់ទៅ​រាប់ពាន់​អ្នក​ទៅ​ហើយ​។​ ​

    ​សូមជម្រាប​ថា​ ​តារាចម្រៀង​ស្រី​សំឡេង​ស្រទន់​ ​កញ្ញា​ ​ឈិត​ ​សុវណ្ណ​បញ្ញា​ ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​ត្រូវ​បាន​ទស្សនិកជន​សម្គាល់​ឃើញថា​ ​នាង​ហាក់​បាត់មុខ​សូន្យឈឹង​ពី​សិល្បៈ​ ​ជាពិសេស​នោះ​ ​គឺ​មិនឃើញ​នាង​ចេញ​នូវ​បទចម្រៀង​ថ្មី​សោះ​ ​ក្រោយពេល​ដែល​នាង​បាន​ផ្លាស់ប្ដូរ​ផលិតកម្ម​។​ ​យ៉ាងណាមិញ​ ​គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​ ​តារា​ស្រី​មាន​ប្រជាប្រិយ​ភាព​ ​ឈិត​ ​សុវណ្ណ​បញ្ញា​ ​នឹង​ផ្លាស់ប្ដូរ​ទ្រនំ​ ​មក​ធ្វើជា​តារាចម្រៀង​ក្នុង​ផលិតកម្ម​ ​Dit​ ​Way​ ​Nation​ ​របស់​លោក​ ​ជី​ ​ដេ​វីត​ ​ឬក៏​យ៉ាងណា​ ​ខណៈ​ដែល​មួយ​រយៈ​ចុងក្រោយ​នេះ​ ​នាង​ក៏​មិន​មាន​ចេញ​បទចម្រៀង​ថ្មី​នៅឡើយ​ទេ​ ​ក្នុង​ទ្រនំ​ចាស់​របស់​ខ្លួន​ ​គឺ​ផលិត​កម្ម​ថោន​៕​ ​

    ​ចង់​ដឹង​ថា​ ​បទ​ថ្មី​ ​ឈិត​ ​សុវណ្ណ​បញ្ញា​ ​ពីរោះ​ដល់កម្រិត​ណា​នោះ​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ​៖​ ​

    https://youtu.be/5QiSwk8EpYY


  • មូលហេតុ​បណ្តាល​ឱ្យ​ស្ត្រី​ជ្រុះសក់​បាត់បង់​សម្រស់​

    មូលហេតុ​បណ្តាល​ឱ្យ​ស្ត្រី​ជ្រុះសក់​បាត់បង់​សម្រស់​

    មិនថា​ស្ត្រី​ស្ថិតនៅ​ក្នុង​វ័យ​ណា​នោះ​ទេ​ តែងតែ​ជួបនឹង​បញ្ហា​ជ្រុះសក់​ ហើយ​ការ​ជ្រុះសក់​នេះ​បាន​ធ្វើ​ឱ្យ​ស្ត្រី​យើង​មើលទៅ​ចាស់​ជាង​វ័យ​ និង​បាត់បង់​ភាព​ទាក់ទាញ​របស់​ខ្លួន​។ បញ្ហា​ជ្រុះសក់​ចំពោះ​បុរស​បាន​ក្លាយទៅជា​រឿង​ធម្មតា​ទៅ​ហើយ​ ទោះជា​បុរស​មាន​ក្បាលទំពែក​ក៏​មិន​មាន​បញ្ហា​អ្វី​ចោត​ឡើង​ធំដុំ​ដែរ​ ប៉ុន្តែ​បើ​បញ្ហា​នេះ​កើតមាន​ចំពោះ​ស្ត្រី​វិញ​ វា​គឺជា​រឿង​មួយ​ដ៏​គួរ​ឱ្យ​អា​ម៉ាស​ និង​ជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ ពីព្រោះ​ភាព​ស្រស់​ស្អាត​គឺជា​អ្វី​ដែល​ស្ត្រី​គ្រប់រូប​តែង​ប៉ងប្រាថ្នា​ ហើយ​ការ​ជ្រុះសក់​នេះ​បាន​ធ្វើ​ឱ្យ​ស្ត្រី​បាត់បង់​នូវ​ភាព​ស្រស់​ស្អាត​របស់​ខ្លួន​ រហូតដល់​ធ្វើ​ឱ្យ​ពួកគេ​មិន​ហ៊ាន​ចេញទៅ​ជួបនឹង​មនុស្ស​នៅ​ខាងក្រៅ​ក៏បាន​។ ជាក់ស្តែង​ ស្ត្រី​ភាគច្រើន​តែង​ជួប​នូវ​បញ្ហា​ជ្រុះសក់​នេះ​នៅក្នុង​ជីវភាពរស់នៅ​របស់​ពួកគេ​ជា​រៀងរាល់ថ្ងៃ​ ហើយ​សក់​របស់​ពួកគេ​កាន់តែ​តិច​ និង​ស្តើង​ទៅៗ​នៅពេល​ពួកគេ​ឈាន​ដល់​វ័យ​ចំណាស់​។ បញ្ហា​ជ្រុះសក់​នេះ​បាន​ធ្វើ​ឱ្យ​ស្ត្រី​ទាំងអស់​មានការ​ឈឺចាប់​ជា​ខ្លាំង​។ ដូច្នេះ​សូម​ស្វែងយល់​អំពី​មូលហេតុ​ ដែល​បណ្តាល​ឱ្យ​ស្ត្រី​ភាគច្រើន​ជួបនឹង​បញ្ហា​ជ្រុះសក់​នេះ​ ដើម្បី​ឱ្យ​អ្នក​អាច​ចាត់វិធានការ​ការពារ​បញ្ហា​ជ្រុះសក់​នេះ​បាន​ទាន់ពេល​វេលា​ និង​យ៉ាងហោចណាស់​ក៏អាច​ទប់ស្កាត់​បញ្ហា​ជ្រុះសក់​ឱ្យ​មាន​តិចតួច​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

    ការ​គេង​មិន​លក់​
    បញ្ហា​គេង​មិន​លក់​ គឺជា​មូលហេតុ​ដ៏​សាម​ញ្មួយ​ ដែល​ធ្វើ​ឱ្យ​សក់​ជ្រុះ​ ហើយ​បញ្ហា​នេះ​កើត​មាន​ទាំង​បុរស​ ទាំង​ស្ត្រី​។ បញ្ហា​គេង​មិន​លក់​នេះ​កើតឡើង​ដោយសារតែ​ពួកគេ​ជួបនឹង​បញ្ហា​ជា​ច្រើន​ ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​អារម្មណ៍​តានតឹង​ខ្លាំង​ (ស្ត្រេស​) ដូចជា​ បញ្ហា​ការងារ​ បញ្ហា​ការសិក្សា​ និង​បញ្ហា​មុខ​ជំនួញ​របស់​ពួកគេ​ជាដើម​។ ស្ត្រេស​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​អរម៉ូ​ននៅ​ក្នុង​ខ្លួនមនុស្ស​មានការ​ប្រែ​ប្រួល​ ដែល​នាំ​ឱ្យ​អ្នក​ជ្រុះសក់​ដោយ​មិនដឹង​ខ្លួន​។ ការ​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​ ដែល​អ្នកប្រើ​ប្រាស់​ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​អ្នកមាន​បញ្ហា​ជ្រុះសក់​ផង​ដែរ​។ ស្ត្រេស​បាន​ធ្វើ​ឱ្យ​អ្នក​គេង​មិន​លក់​ ហើយ​ការ​គេង​មិន​លក់​ជាច្រើន​ថ្ងៃ​នឹង​ធ្វើ​ឱ្យ​ឫស​សក់​របស់​អ្នក​ចុះ​ខ្សោយ​រហូតដល់​សក់​ជ្រុះ​ជាបន្តបន្ទាប់​ជា​រៀង​រាល់ថ្ងៃ​ក្នុង​បរិមាណ​ច្រើនលើស​ពី​ធម្មតា​។ បញ្ហា​ជ្រុះសក់​ដោយសារ​ការ​គេង​មិន​លក់​នេះ​ កើតមាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ មិនថា​ជា​មនុស្ស​វ័យ​ជំទង់​ មនុស្ស​វ័យ​កណ្តាល​ ឬមនុស្ស​វ័យ​ចំណាស់​នោះ​ទេ​។ បញ្ហា​គេង​មិន​លក់​នេះ​អាច​នឹង​បាត់​ទៅវិញ​ ឬអាច​នឹង​កើតឡើងវិញ​ជា​រឿយ​ៗនៅពេល​អ្នក​ជួបនឹង​រឿង​ត្រូវ​គិត​ច្រើន​ ដែល​បង្ក​ទៅជា​អារម្មណ៍​ស្ត្រេស​។

    ដំណ​ពូជ​
    បញ្ហា​ដំណ​ពូជ​នេះ​គឺជា​មូលហេតុ​ដ៏​ចម្បង​ដែល​បង្ក​ឱ្យ​សក់​ជ្រុះ​ស្ទើរ​ទំពែក​អស់ពី​ក្បាល​ ជា​ពិសេស​បញ្ហា​នេះ​ច្រើន​កើតមាន​ចំពោះ​មនុស្ស​ប្រុស​ច្រើនជាង​មនុស្ស​ស្រី​។ បញ្ហា​ដំណ​ពូជ​នេះ​តែង​បន្ត​ពី​ឪពុក​ម្តាយ​មកដល់​កូន​របស់​ពួកគេ​ ហើយ​បើ​ឪពុក​ម្តាយ​មាន​សក់​ស្តើង​ ឬក្បាលទំពែក​ហើយ​នោះ​ កូន​របស់​ពួកគេ​កម្រ​នឹង​គេច​ផុត​ពី​បញ្ហា​ដំណ​ពូជ​នេះ​ណាស់​ ជាពិសេស​កូនប្រុស​របស់​ពួកគេ​នឹង​មាន​សក់​ស្តើង​ ឬក្បាលទំពែក​ដូច​ឪពុក​របស់​ពួកគេ​ដែរ​។ ការ​ជ្រុះសក់​នេះ​បង្ក​ដោយ​ជាតិគីមី​ម្យ៉ាង​ដែល​មានឈ្មោះ​ថា​ DHT​ កើតឡើង​ពី​អរម៉ូ​នរ​បស់​មនុស្ស​ប្រុស​ ដោយហេតុ​នេះ​ហើយ​បាន​ជា​បញ្ហា​នេះ​ច្រើន​កើតមាន​ចំពោះ​មនុស្ស​ប្រុស​ច្រើនជាង​មនុស្ស​ស្រី​។ ចំពោះ​មនុស្ស​ស្រី​បើ​កើតមាន​បញ្ហា​ជ្រុះសក់​ ដោយសារ​ដំណ​ពូជ​នេះ​ ភាគច្រើន​តែង​កើតមាន​នៅពេល​ស្ត្រី​ចាប់ផ្តើម​អស់​រដូវ​។

    ជំងឺទំ​ពែ​ក (សក់​ជ្រុះ​មិន​ដុះ​វិញ​)
    ជំងឺ​នេះ​កើតឡើង​ដោយសារ​កោសិកា​ឈាម​សនៅ​ក្នុង​ខ្លួន​របស់​អ្នកធ្វើ​ឱ្យ​រន្ធ​នៃ​ឫស​សក់រួញ​តូច​រហូត​ធ្វើ​ឱ្យ​សក់​មិន​អាច​ដុះឡើង​វិញ​បាន​ ហើយ​ជាទូទៅ​សក់​អាច​នឹង​មិន​ដុះ​លូតលាស់​ជាច្រើន​ខែ​ ឬជាច្រើន​ឆ្នាំ​ បន្ទាប់មក​ទើប​មាន​សក់​ថ្មី​ដុះឡើង​វិញ​ខ្លះ​។ ជំងឺទំ​ពែ​កនេះ​បាន​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ជ្រុះ​រហូត​ស្ទើរ​អស់ពី​ក្បាល​ ហើយ​ត្រូវ​ប្រើ​រយៈ​ពេល​យូរណាស់​ ដើម្បី​ឱ្យ​សក់​ថ្មី​ដុះឡើង​វិញ​ ឬអាច​នឹង​មិន​ដុះ​សក់​ថ្មី​ឡើងវិញ​ក៏​ថា​បាន​។ ជំងឺ​នេះ​អាច​នឹង​កើតមានឡើង​វិញ​ បន្ទាប់ពី​សក់​ថ្មី​បាន​ដុះ​មក​វិញ​ ហើយ​ជំងឺ​នេះ​ពិបាក​រក​ដំណោះស្រាយ​ និង​វិ​ធាន​ការ​ដើម្បី​ទប់ស្កាត់​ខ្លាំង​ណាស់​។ បញ្ហា​សក់​ជ្រុះ​របស់​មនុស្ស​ស្រី​ និង​មនុស្ស​ប្រុស​មាន​លក្ខណៈ​ខុសគ្នា​ ចំពោះ​មនុស្ស​ប្រុស​អាច​នឹង​មាន​បទ​ពិ​សោ​ធច្រើនជាង​ក្នុង​បញ្ហា​ជ្រុះសក់​រហូត​ទំពែក​អស់ពី​ក្បាល​ ចំណែក​ឯមនុស្ស​ស្រី​វិញ​ គឺ​គ្រាន់តែ​ជ្រុះសក់​ច្រើន​រហូត​ធ្វើ​ឱ្យ​សក់​ស្តើង​អាច​មើល​ឃើញ​លលាដ៏​ក្បាល​ប៉ុណ្ណោះ​។ បញ្ហា​ជ្រុះសក់​នេះ​បើ​កើតមាន​ចំពោះ​មនុស្ស​ប្រុស​គឺ​ពិបាក​នឹង​ធ្វើការ​បិទបាំង​ខ្លាំង​ណាស់​ ប៉ុន្តែ​បើ​មនុស្ស​ស្រី​វិញ​ ពួកគេ​អាច​ទុកសក់​ឱ្យ​វែង​ ដើម្បី​ជួយ​បិទបាំង​មិន​ឱ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មើល​ដឹង​ថា​ ពួកគេ​កំពុង​ជួប​នឹង​បញ្ហា​ជ្រុះសក់​ ឬមាន​សក់​ស្តើង​មើលឃើញ​លលាដ៏​ក្បាល​។ ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ​ ​;ការ​បិទបាំង​គឺ​មិនមែន​ជា​ដំណោះស្រាយ​ដ៏​ល្អ​នៅក្នុង​បញ្ហា​ជ្រុះសក់​នេះ​ទេ​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​រក​វិធី​ព្យាបាល​ និង​ទប់ស្កាត់​បញ្ហា​ជ្រុះ​សក់​នេះ​ឱ្យ​បាន​ទាន់ពេល​វេលា​ ដើម្បី​ការពារ​សក់​របស់​អ្នក​មិន​ឱ្យ​ជ្រុះ​តទៅទៀត​ និង​ដើម្បី​ថែរក្សា​សម្រស់​របស់​អ្នក​ឱ្យ​ស្រស់​ផូរផង់​ថែម​ទៀតផង​៕

  • សាលាស្រណោះតន្ត្រី ប្រកាសបើកប្រលងផ្នែកតន្ត្រី និងចម្រៀងដើម្បីរើសអ្នកមានសមត្ថភាពទៅប្រកួតនៅបរទេស

    សាលាស្រណោះតន្ត្រី ប្រកាសបើកប្រលងផ្នែកតន្ត្រី និងចម្រៀងដើម្បីរើសអ្នកមានសមត្ថភាពទៅប្រកួតនៅបរទេស

    នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ នាយកសាលាស្រណោះតន្ត្រី ដែលសាលាភ្លេងល្បីឈ្មោះ បានប្រកាសពីការបើកប្រកួតផ្នែកតន្ត្រី និងចម្រៀងជាទ្រង់ទ្រាយធំមួយ ដោយការប្រកួតលើកនេះ ដោយការប្រកួតនេះ មានការប្រកួតឧបករណ៍ភ្លេងព្យាណូ ខ្លុយ និង វីយូឡុង ជាដើម និងចម្រៀង រាប់ទាំងចម្រៀងអូប៉េរ៉ា ដើម្បីស្វែងរកអ្នកខ្លាំងផ្នែកឧបករណ៍តន្ត្រី និងចម្រៀង តំណាងប្រទេសកម្ពុជាចេញទៅប្រកួតនៅសិង្ហបុរី នៅខែ២ ក្នុងឆ្នាំក្រោយ។

    លោកបណ្ឌិត្យព្យាណូ សូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី បានថ្លែងក្នុងសន្និសីទកាសែតថា នៅថ្ងៃទី១ ទី២ និងទី៣ ខែវិច្ឆិកា ខាងមុខនេះ សាលារបស់លោកនឹងបើកការប្រកួតផ្នែកតន្ត្រី និងចម្រៀង ជាទ្រង់ទ្រាយធំ លោកថាការប្រកួតនេះ ចាប់ផ្ដើមទទួលពាក្យចាប់ពីការប្រកាសនេះតទៅ ដោយសិស្សក្នុងសាលាស្រណោះតន្ត្រីត្រូវទិញពាក្យតម្លៃ១០ដុល្លារ និងសិស្សពីខាងក្រៅ ទិញពាក្យតម្លៃ២០ដុល្លារ។ បេក្ខជនទាំងអស់នឹងត្រួវកំណត់រយៈពេលម្នាក់៤នាទី ក្នុងការបង្ហាញសមត្ថភាពលេងតន្ត្រី និងច្រៀង ដោយលោកបានត្រៀមពាន៣សម្រាប់ប្រគល់ជូន គឺទី១ម្ចាស់ពានផ្នែកឧបករណ៍តន្ត្រី ទី២ពានផ្នែកចម្រៀង និងទី៣ គឺពានជើងឯក ដែលជាពានតម្រូវឱ្យអ្នកលេខ១ៗលើវិញ្ញាសារនីមួយៗ ធ្វើការប្រកួតគ្នាបន្ត។ លោកទទូចឲ្យអ្នកមានសមត្ថភាពគ្រប់ទិសទីមិនថាសាលាណាៗ ដាក់ពាក្យប្រកួតឱ្យបានរួសរាន់ ដោយការទទួលពាក្យនឹងត្រូវបញ្ចប់នៅចុងខែកញ្ញានេះ។

    នាយកសាលាស្រណោះតន្ត្រីរូបនេះ បានបញ្ជាក់បន្ថែមថា កន្លងមកសាលាស្រណោះតន្ត្រីធ្លាប់បានបើកប្រកួតបែបនេះមកហើយ ប៉ុន្តែមិនធ្លាប់បើកឲ្យសិស្សមកពីសាលាខាងក្រៅចូលប្រកួតនោះទេ ទើបលោកចាត់ទុកថានេះជាការប្រកួតទ្រង់ទ្រាយធំ ដែលនឹងមានសិស្សមិនតិចជាងរយនាក់ចូលប្រកួត ដោយសារតែគ្រាន់តែសិស្សនៅសាលាស្រណោះតន្ត្រី នឹងចូលប្រកួតមិនក្រោម៩០នាក់ហើយ។ ការប្រកួតនេះ មិនកំណត់អាយុនោះទេ ដោយបើកទូលាយតាំងពី៤ឆ្នាំឡើងទៅ ដោយសំដៅយកតែសមត្ថភាព និងធានាថា ការដាក់ពិន្ទុគឺសុក្រឹតដើម្បីឲ្យប្រាកដថាអ្នកខ្លាំងទើបឈ្នះពាន។ លោក សូ ស្រណោះ ប្រកាសថា គណកម្មការសម្រាប់វាយតម្លៃការប្រកួតនេះ ត្រូវបានជ្រើសចេញពីសិស្សឆ្នើមប្រចាំសាលា និងមួយចំនួនទៀតជាអ្នកជំនាញផ្នែកតន្ត្រី និងចម្រៀងមកពីបារាំង មកពីកូរ៉េ និងជនជាតិរូស្ស៊ី ផងដែរ ដើម្បីប្រាកដថា ការវាយតម្លៃសម្រាប់ការប្រលង មិនលម្អៀងទៅរកសិស្សរបស់សាលាស្រណោះតន្ត្រី៕

  • សៀវភៅ​ ភាពជា​អ្នកមាន​កំពូល​ គឺជា​គម្ពីរ​អ្នកមាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ និង​គ្រប់​គ្រួសារ​

    សៀវភៅ​ ភាពជា​អ្នកមាន​កំពូល​ គឺជា​គម្ពីរ​អ្នកមាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ និង​គ្រប់​គ្រួសារ​

    តើ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​ ជា​សៀវភៅ​អ្វី​? សៀវភៅ​នេះ​ គឺជា​សៀវភៅ​ដែល​បាន​ធ្វើការ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ ពី​គំនិត​ ពី​ទស្សនៈ​ ពី​ការ​ចាប់ផ្តើម​អាជីវកម្ម​ ពី​ភាពជា​អ្នកដឹកនាំ​ និង​ពី​រូបភាព​ខ្លឹមសារ​សំ​ខាន់​ៗរបស់​កំពូល​អ្នកមាន​លើ​លោក​ចំនួន30រូប​ ថា​តើ​ពួកគេ​ធ្វើ​ម៉េច​ បាន​ក្លាយជា​កំពូល​អ្នកមាន​នៅ​លើ​លោក​យើង​នេះ​? តើ​ពួកគេ​មាន​ប្រភព​មក​ពីណា​ និង​ធ្វើ​យ៉ាងដូច​ម្តេច​ បាន​អាច​ក្លាយជា​អ្នកមាន​កំពូល​ នៅក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ទៅ​ដោយ​ការប្រកួត​ប្រជែង​ ការ​ផ្លាស់​ប្តូរ​ និង​ការ​ប្រឈម​នេះ​? តើ​ពួកគេ​ទាំង30រូប​នេះ​ មានទ្រព្យ​សម្បត្តិ​ និង​ឥទ្ធិពល​ខ្លាំង​យ៉ាងណា​? តើ​ហេតុអ្វីបានជា​ពួកគេ​សឹងតែ​ជា​អ្នកបង្កើត​ឱ្យ​មាន​ពិភពលោក​ ដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃ​នេះ​?

    តើ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​ កើតឡើង​យ៉ាងដូច​ម្តេច​? សៀវភៅ​នេះ​ គឺជា​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​រយៈពេល3ឆ្នាំ​ពេញ​ និង5ឆ្នាំ​មិន​ពេញ​ ពី​ប្រភព​សៀវភៅ​ ពី​អីុន​ធើ​ណិ​ត និង​ពី​ You​ Tube​ជាច្រើន​ ដោយ​ផ្តោត​ទៅលើ​សំណួរ​ថា​ តើ​ពួកគេ​ធ្វើ​យ៉ាងម៉េច​បាន​ក្លាយជា​កំពូល​អ្នកមាន​ ជាពិសេស​តើ​ពួកគេ​មានគំនិត​ មាន​សកម្មភាព​ និង​មាន​ភាពជា​អ្នកដឹកនាំ​យ៉ាងដូច​ម្តេច​? សៀវភៅ​នេះ​ គឺ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​ឯកសារ​ដែល​មានស្រាប់​ជាច្រើន​ប្រភព​ យក​មក​ពិនិត្យ​ពិចារណា​ យក​មក​ផ្ទៀងផ្ទាត់​ យក​មក​រៀបរៀង​និង​ចងក្រង​មាតិកា​ និង​ធ្វើការ​-កែ​លម្អ​ម្តង​ហើយ​ម្តង​ទៀត​ រហូត​ទាល់​ពេញចិត្ត​ ដោយ​មិន​យក​ពី​សៀវភៅ​ណាមួយ​ ឬធ្វើតាម​គំរូ​សៀវភៅ​ណាមួយ​ឡើយ​។ ចំនួន​មនុស្ស30នាក់​ គឺ​ចេញពី​កំណត់​ដោយខ្លួនឯង​ ការបែងចែក​ជា6​ក្រុម​ និង​ការ​ជ្រើសរើស​លំដាប់​កំពូល​មនុស្ស​ទាំង5​ក្នុង​អាណាចក្រ​នី​មួយ​ៗ គឺ​ធ្វើឡើង​ដោយខ្លួនឯង​។

    ការ​ដាក់​រូបភាព​ ការ​រំលេច​គំនិត​ឬគតិបណ្ឌិត​ ការរចនា​ទំព័រ​នី​មួយ​ៗ គឺជា​គំនិត​ ដើម្បី​ទាក់ទាញ​ឱ្យ​មនុស្ស​ចូលចិត្ត​អាន​ ងាយ​ចាប់បាន​ចំណុច​ខ្លឹម​សំ​ខាន់​ៗ និង​យល់​ច្បាស់​ពី​ហេតុផល​របស់​កំពូល​អ្នកមាន​ម្នាក់​។

    សៀវភៅ​នេះ​អាច​និយាយ​បាន​ថា​ គឺ​មានតែ១គត់​នៅ​លើ​លោក​ ព្រោះ​វា​កើតឡើង​ពី​ការ​ខិតខំ​ ការ​ច្នៃប្រឌិត​របស់ខ្ញុំ​ និង​ក្រុមការងារ​។

    តើ​ហេតុអ្វីបានជា​យើងខ្ញុំ​អ្នកស្រាវជ្រាវ​ភាពជា​អ្នកដឹកនាំ​ សរសេរ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​?ការដែល​បាន​ក្លាយជា​អ្នកដឹកនាំ​ គឺជា​គោលបំណង​ដ៏​ពិសិដ្ឋ​ និង​ដ៏​ធំ​មហិមា​របស់​មនុស្សជាតិ​។ មនុស្ស​ដែល​មាន​ភាពជា​អ្នកដឹកនាំ​ គឺ​អាច​ចាប់ផ្តើម​ពី​អ្វី​ៗគ្រប់យ៉ាង​ មិនថា​ពួកគេ​នៅ​ទីតាំង​ណា​ទេ​ តែ​ពួកគេ​សុទ្ធតែ​អាច​ចាប់ផ្តើម​ ដើម្បី​ក្លាយជា​អ្នកដឹកនាំ​។ ពួកគេ​អាច​កំណត់​គោលដៅ​ និង​ជោគវាសនា​របស់​ខ្លួន​ តែ​មនុស្ស​ភាគច្រើន​បំផុត​តែង​និយាយ​ថា​ ខ្លួន​គ្មាន​សិទ្ធិ​ គ្មាន​សេរីភាព​ គ្មាន​ឱកាស​ និង​គ្មាន​អំណាច​ដើម្បី​ធ្វើអ្វី​ដែល​ខ្លួន​ចង់​ដើម្បី​សម្រេច​អ្វី​ដែល​ខ្លួន​ប្រាថ្នា​ ពោល​គឺ​ ដោយសារតែ​ប្រាក់​។ ប្រាក់​ គឺ​ហាក់បី​ដូចជា​របាំង​ និង​ជារ​នាំង​មួយ​យ៉ាង​ធំ​បំផុត​ ដែល​មនុស្ស​មិន​ងាយ​បំបែក​បាន​ឡើយ​។ ដោយសារតែ​ប្រាក់​ បាន​ធ្វើ​ឱ្យ​មនុស្ស​ធ្វើអ្វី​ដែល​ខ្លួន​មិន​ចង់​ និង​ទទួល​បានអ្វី​ដែល​ខ្លួន​មិន​ប្រាថ្នា​។ ដោយសារតែ​ប្រាក់​បាន​ធ្វើ​ឱ្យ​មនុស្ស​ប្រាថ្នា​ផ្សេង​ និង​ធ្វើ​ផ្សឹង​។ ដោយសារ​តែ​ប្រាក់​ បាន​ធ្វើ​ឱ្យ​មនុស្ស​មានតែ​សេចក្តី​ប្រាថ្នា​ តែ​គ្មាន​សកម្មភាព​ និង​រស់​ដោយ​ការឈឺចាប់​។

    មាន​មនុស្ស​ច្រើនណាស់​ បាន​ក្លាយជា​មនុស្ស​គ្មាន​គុណធម៌​ គ្មាន​សច្ចធម៌​ គ្មាន​សីលធម៌​ និង​បាន​ប្រព្រឹត្ត​អំពើថោកទាប​ ឃោរឃៅ​ ព្រៃផ្សៃ​មិន​ស្មើ​សត្វតិរច្ឆាន​ គឺ​ដោយសារតែ​ប្រាក់​។ មានរឿង​រ៉ាវ​ច្រើនណាស់​នៅ​លើ​លោក​យើង​នេះ​ គឺ​ដោយសារតែ​ប្រាក់​ ដូចជា​ ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​ លែងលះ​គ្នា​ ធ្វើ​ឱ្យ​កូន​រងទុក្ខ​វេទនា​ និរាស​ព្រាត់ប្រាស​ និង​គ្មាន​សុភមង្គល​។

    ប្តី​ប្រពន្ធ​បង្ខំចិត្ត​ចាក​ឆ្ងាយ​ចោល​គ្នា​ ឬចា​កចោល​គ្រួសារ​ ទៅ​ធ្វើការ​នៅ​ទីក្រុង​ ឬនៅ​បរទេស​ ទុក​ឱ្យ​កូន​ក្រុម​គ្រួសារ​ មាន​ភាព​រងា​ឯកា​ ពេល​ឈឺ​ពេល​ជា​គ្មាន​ភាព​កក់ក្តៅ​។ ឪពុក​ម្តាយកូន​បងប្អូន​ឈ្លោះ​គ្នា​ ដណ្តើម​ទ្រព្យសម្បត្តិ​គ្នា​ ទាមទារ​កេរអាករ​គ្នា​ កាត់កាល់​គ្នា​ចោល​ បាត់បង់​អស់​នូវ​ភាពជា​សាច់ឈាម​នឹងគ្នា​។ ឪពុក​ម្តាយ​លក់ខ្លួន​ លក់​ឧត្តមគតិ​ លក់​មនសិការ​ ឬកូន​លក់ខ្លួន​ ដើម្បី​ជីវភាព​គ្រួសារ​ បាត់បង់​អស់​នូវ​អនាគត​ កិត្តិយស​ សីលធម៌​ និង​គុណធម៌​។ បងប្អូន​ឈ្លោះ​គ្នា​ កិបកេង​ប្រវ័ញ្ច​គ្នា​ ក្បត់គ្នា​ កាត់កាល់​គ្នា​ចោល​បាត់បង់​អស់​នូវ​ភាពជា​បងប្អូន​នឹងគ្នា​។ មិត្តភក្តិ​ឈ្លោះ​គ្នា​ កុហក​បោកប្រាស់​គ្នា​ គុំកួន​សងសឹក​គ្នា​បាត់បង់​អស់​នូវ​ចំណងមិត្តភាព​ សាមគ្គីភាព​ និង​កិច្ចសហការ​ល្អ​យូរអង្វែង​។ មនុស្ស​ប្រព្រឹត្ត​អំពើ​ហិង្សា​ លួច​ ឆក់​ ប្លន់​ សម្លាប់​គ្នា​ បាត់បង់​អស់​នូវ​ភាពជា​មនុស្ស​ដូចគ្នា​។ល។

    តើ​មនុស្ស​បង្កើត​ប្រាក់​ ឬប្រាក់​បង្កើត​មនុស្ស​? តើ​ហេតុអ្វីបានជា​មនុស្ស​ច្រើនណាស់​មិន​អាច​រស់​ពីលើ​ប្រាក់​បាន​? មនុស្ស​រស់នៅ​មាន​ក្បាល​ជា​អ្នកដឹកនាំ​បញ្ជា​ មានន័យថា​មនុស្ស​មាន​ខួរ​ មាន​វិចារណញ្ញាណ​ មាន​សុភ​វិនិច្ឆ័យ​ ចេះ​គិត​ ចេះ​វិភាគ​ ចេះ​ថ្លឹងថ្លែង​ ចេះ​ពិចារណា​ ចេះដឹង​ល្អអាក្រក់​.. ចុះបើ​មនុស្ស​ត្រូវ​បាន​ដឹកនាំ​បញ្ជា​ដោយ​ប្រាក់​ មានន័យថា​មនុស្ស​គ្មានខួរ​ គ្មាន​វិចារណញ្ញាណ​ គ្មាន​សុភ​វិនិច្ឆ័យ​ មិន​ចេះ​គិត​ មិន​ចេះ​វិភាគ​ មិន​ចេះ​ថ្លឹងថ្លែង​ មិន​ចេះ​ពិចារណា​ មិនដឹង​ល្អអាក្រក់​… តើ​អនិច្ចា​មនុស្សជាតិ​នេះ​នឹង​ទៅជា​យ៉ាងណា​? បើ​មនុស្ស​រស់​ដោយ​ឥត​ចេះ​ពិចារណា​ដូចជា​សត្វ​ មនុស្ស​រស់​ឥត​ចេះ​គិត​ដូចជា​វត្ថុ​ តើ​តម្លៃ​ជីវិត​មនុស្សជាតិ​នេះ​ នឹង​ទៅជា​យ៉ាងដូច​ម្តេច​ទៅ​?

    តើ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​ មាន​គោលដៅ​អ្វី​? សៀវភៅ​នេះ​ មាន​គោលដៅ​ទី1​ – ជា​សៀវភៅ​ឆន្ទៈ​ចូលរួម​ជួយ​ឱ្យ​មនុស្សជាតិ​យើង​រស់​ផុត​ពី​ប្រាក់​ រស់​ផុត​ពី​ភាព​ឥត​ដឹង​អី​ និង​មក​រស់​ក្នុង​វិចារណញ្ញាណ​ជា​មនុស្ស​ រស់​ក្នុង​ភាព​ថ្លៃថ្នូរ​ រស់​ក្នុង​ភាព​កិត្តិយស​ និង​កសាង​ឧត្តមភាព​ខាងក្នុង​ ពោល​គឺ​ភាពជា​អ្នកដឹកនាំ​ ដោយធ្វើ​ការ​ចាប់ផ្តើម​ពី​អ្វី​ដែល​ខ្លួន​មាន​ ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ខ្លួន​ប្រាថ្នា​ ដោយ​គ្មាន​លេស​អ្វី​ដែល​ទាក់ទង​នឹង​ប្រាក់​ទៀត​ឡើយ​។

    ទី2​ – ជា​សៀវភៅ​មហិច្ឆតា​បណ្តុះ​ឆន្ទៈ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​មាន​ជំនឿ​ថា​ ពួក​យើង​ក៏អាច​ធ្វើ​បាន​ដូច​កំពូល​អ្នកមាន​លើ​លោក​ទាំង3០រូប​នោះ​ដែរ​។ ភាពជា​អ្នកមាន​កំពូល​ទាំង3០រូប​ខាងលើ​ គឺ​ពួកគេ​បាន​ធ្វើការ​ចាប់ផ្តើម​ពី​គ្រប់​ជ្រុង​នៃ​ជីវិត​។ ដូច្នេះ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ ក៏អាច​ចាប់ផ្តើម​និង​ក្លាយជា​អ្នកមាន​កំពូល​នៅ​លើ​លោក​យើង​នេះ​បាន​ដែរ​។

    ទី3​ – ជា​សៀវភៅ​ចម្លើយ​ដើម្បី​ក្លាយជា​អ្នកមាន​។មនុស្ស​គ្រប់គ្នា​ គឺ​ចង់​ក្លាយជា​អ្នកមាន​ ហើយ​សំណួរ​បន្ទាប់​ តើ​ធ្វើ​ម៉េច​? ដូច្នេះ​សៀវភៅ​នេះ​ គឺជា​សៀវភៅ​ចម្លើយ​។ សៀវភៅ​សម្រាប់​មនុស្ស​គ្រប់គ្នា​ និង​គ្រប់​គ្រួសារ​។ សៀវភៅ​នេះ​ មាន​ចម្លើយ​រហូតដល់3០គំរូ​ឬ3០វិធី​ ដើម្បី​ក្លាយជា​អ្នកមាន​។

    ទី4​ – ជា​សៀវភៅ​សុបិន​ ប្រាថ្នា​ចង់​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ម្នា​ក់ៗ​ រស់​ខ្ពស់​ជាង​ប្រាក់​។ មនុស្ស​បង្កើត​ប្រាក់​ មិនមែន​ប្រាក់​បង្កើត​មនុស្ស​ទេ​។ មនុស្ស​ថ្លៃជាង​ប្រាក់​ មិនមែន​ប្រាក់​ថ្លៃជាង​មនុស្ស​ទេ​។ មនុស្ស​បង្កើត​មក​ដើម្បី​ស្រឡាញ់​ ប្រាក់​បង្កើត​មក​ដើម្បី​ប្រើប្រាស់​ ដូច្នេះ​ មនុស្ស​មិន​គួរ​ក្លាយជា​ទាសករ​របស់​ប្រាក់​ឡើយ​។

    ទី5​ – ជា​សៀវភៅ​អនុវត្ត​ឬជា​គម្ពីរ​អ្នកមាន​ ដែល​បង្ហាញ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ម្នា​ក់ៗ​ ឱ្យ​រក​ឃើញ​និង​ដឹង​ច្បាស់​ពី​របៀប​ឬផ្លូវ​ ដើម្បី​ក្លាយជា​អ្នកមាន​កំពូល​នៅ​លើ​លោក​យើង​នេះ​។ អាន3០ដង​ ដើម្បី​កសាង​ចរិត​ជា​អ្នកមាន​ និង​ក្លាយជា​អ្នកមាន​ពិតប្រាកដ​៕ដោយ​លោក​ ហោ​ ចាន់​រដ្ឋា​ អ្នកស្រាវជ្រាវ​ភាពជា​អ្នក​ដឹកនាំ​ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ ភាពជា​អ្នកមាន​កំពូល​៕