Category: សង្គម និងសេដ្ឋកិច្ច

  • មកដល់ស្រុកមិនទាន់ក្ដៅជើងផង អេឡិច ចាន់ត្រា ត្រៀមហោះទៅអង់គ្លេស

    មកដល់ស្រុកមិនទាន់ក្ដៅជើងផង អេឡិច ចាន់ត្រា ត្រៀមហោះទៅអង់គ្លេស

    មុននេះបន្ដិចអ្នកសារព័ត៌មានឡារ៉ែនទទួលដំណឹថាអេឡិចចាន់ត្រាត្រៀមចេញទៅប្រទេសអង់គ្លេសទៀតហើយនៅថ្ងៃទី១៩កញ្ញានេះខណៈដែលការសម្ដែងនៅប្រទេសអូស្ត្រាលីរបស់លោកដែលទើបបញ្ចប់គឺជោគជ័យខ្លាំង។ លោកទទួលស្គាល់ថាខ្លួនពិតឃាត្រៀមចេញទៅអង់គ្លេសប៉ុន្តែសម្ដែងច្រៀងនោះទេគឺទៅថតស្ពតធំមួយ។

    លោក អេឡិច ចាន់ត្រា និយាយថា ដំណើរចេញទៅអង់គ្លេសលើកនេះគឺបន្ទាប់ពីលោកបានទទួលកុងត្រាថតស្ពតឱ្យក្រុមហ៑ុនធំមួយដែលសកម្មភាពក្នុងការផលិតស្ពតនោះតម្រូវទៅថតដល់អង់គ្លេស។ នេះជាការងារធំមួយដែលលោកបានទទួលបន្ទាប់ពីចប់ការសម្ដែងនៅអូស្ត្រាលីដែលបង្ហាញយ៉ាងច្បាស់ថាលោកគឺជាតារាដែលមានទីផ្សារទាំងក្នុងនិងក្រៅស្រុកមិនធម្មតា។មុននេះលោកក៏ត្រូវគេឃើញចេញថតឈុតសំលៀកបំពាក់ប្រេនប្រេនៗដែលមានការអះអាងថាទទួលបានតម្លៃខ្លួនខ្ពស់ផងដែរ។ ប្រភពជិតស្និទ្ធិបន្តថាអេឡិចប្រាប់ថាទើបតែចុះកុងត្រាការងារថ្មីមួយជាអ្នកដំណាងផលិតផលអោយក្រុមហ៊ុនធំទើបត្រូវដំណើរទៅអង់គ្លេសនៅថ្ងៃ១៩ កញ្ញា ដោយត្រូវចេញទៅ១អាទិត្យ។ គឺជាការចេញទៅរួមជាមួយនិងការងារផងដែរ។

    ដំណើរចេញទៅលើកនេះ ក៏ត្រូវបានក្រុមហ៊ុនទិញសំបុត្រឱ្យទស្សនាការប្រកួតបាល់ទាត់ខ្នាតអន្តរជាតិនៅក្នុងប្រទេសអង់គ្លេសផងដែរទើបលោកសរសើរថាគឺជាសំណាងដែលបានទៅធ្វើការផងដើរកម្សាន្តផងហើយបានទស្សនាការប្រកួតបាល់ទាត់លំដាប់ពិភពលោកទៀត។

  • កម្ពុជា​-ម៉ាឡេស៊ី​ បង្ហាញ​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការជំរុញ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និង​ទេសចរណ៍​

    កម្ពុជា​-ម៉ាឡេស៊ី​ បង្ហាញ​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការជំរុញ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និង​ទេសចរណ៍​

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​ បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នៃ​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​កម្ពុជា​ និង​ម៉ាឡេស៊ី​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ ទេសចរណ៍​ អប់រំ​ ការងារ​ និង​វប្បធម៌​-ល- និង​ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជិតស្និទ្ធ​ ដើម្បី​ផលប្រយោជន៍​ ប្រជាជន​នៃ​ប្រទេស​ទាំង2​ ក្នុង​ការ​រួមចំណែក​ដល់​សន្តិភាព​ ស្ថិរភាព​ក្នុង​តំបន់​ និង​នៅ​លើ​ពិភពលោក​។

    សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី1​ របស់​ឯកឧត្ដម​ ម៉ា​ហា​ធា​ ម៉ូ​ហា​ម៉ា​ដ ថា​ទស្សនកិច្ច​ផ្លូវការ​ និង​ជា​ប្រវត្តិសាស្ត្រ​នេះ​ គឺជា​តឹកតាង​បង្ហាញ​អំពី​មិត្តភាព​ សាមគ្គីភាព​ និង​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-ម៉ាឡេស៊ី​។ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អបអរសាទរ​យ៉ាង​កក់ក្ដៅ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​ប្រទេស​ម៉ាឡេស៊ី​សម្រេច​បាន​ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ក្លៀវក្លា​របស់​ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី​ ម៉ា​ហា​ធា​ ម៉ូ​ហា​ម៉ា​ដ។

    សម្ដេច​តេជោ​ជឿជាក់​ថា​ ជាមួយ​សម្ទុះ​នៃ​ការ​អភិវឌ្ឍ​ និង​គោលដៅ​ទំនើបកម្ម​ ព្រមទាំង​ គោលនយោបាយ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ប្រទេស​ម៉ាឡេស៊ី​នឹង​សម្រេច​បាន​គោលដៅ​ឈាន​ទៅ​រក​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​ ជា​ខ្លា​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ហើយនឹង​ចូលរួម​ដើរតួ​នាទី​កាន់តែ​សកម្ម​ និង​សំខាន់​ថែមទៀត​នៅក្នុង​តំបន់​ និង​នៅ​លើឆាកអន្តរជាតិ​។

    សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ អបអរសាទរ​ចំពោះ​ទិវា​បុណ្យ​ឯករាជ្យជាតិ​លើក​ទី62​ របស់​ប្រទេស​ម៉ាឡេស៊ី​ ក៏ដូចជា​ទិវា​ផ្សារភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​ ថា​ជា​ព្រឹត្តិ​ការណ៍​ដែល​កើតឡើង​នៅ​ថ្ងៃ​តែមួយ​ គឺ31​ ខែសីហា​ ឆ្នាំ1957​។

    បច្ចុប្បន្ន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង2​(កម្ពុជា​-ម៉ាឡេស៊ី​)មាន​ លក្ខណៈ​ល្អ​ប្រសើរ​ និង​មាន​វត្តមាន​ធុរកិច្ច​ម៉ាឡេស៊ី​ជាច្រើន​នៅ​កម្ពុជា​។ ក្នុង​ឆ្នាំ2018​ ទំហំ​ពាណិជ្ជ​ កម្ម​នៃ​ប្រទេស​ទាំង2​ មាន​ចំនួន​ប្រមាណ​ជា​ 500លាន​ដុល្លារ​អាមេរិក​ ហើយ​គ្រាន់តែ​ក្នុង​ឆមាស​ទី1​ ឆ្នាំ2019​ ទំហំ​នេះ​បាន​កើនឡើង​ដល់​ជាង​ 400លាន​ដុល្លារ​អាមេរិក​។ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ និង​វិនិយោគ​កម្ពុជា​-ម៉ាឡេស៊ី​ ខ្ញុំ​ និង​ឯកឧត្ដម​ ម៉ា​ហា​ធា​ ម៉ូ​ហា​ម៉ាត់​ បាន​ឯកភាព​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ប្រទេស​ទាំង2​ រិះរក​វិធី​ពង្រីក​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​នេះ​បន្ថែម​ទៀត​។

    តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ កម្ពុជា​ និង​ម៉ាឡេស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ពន្ធ​ត្រួត​គ្នា​ (DTA​) ការ​ចៀសវាង​យកពន្ធ​ត្រួត​គ្នា​ និង​ការទប់ស្កាត់​ការ​គេចវេះ​ពន្ធ​លើ​ប្រាក់​ ចំណូល​ និង​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​នៅក្នុង​វិស័យ​ទេសចរណ៍​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង2​។ ក្រៅពី​នេះ​ ក៏​មាន​អនុស្សរណៈ​យោគយល់​គ្នា​ជាច្រើន​ទៀត​ដែល​កំពុង​រៀបចំ​ និង​ត្រៀម​ចុះ​ហត្ថលេខា​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង2​។

    ដោយឡែក​ចំពោះ​វិស័យ​ទេសចរណ៍​ គឺជា​វិស័យ​ដ៏​មាន​សារៈសំខាន់​ និង​ប្រកប​ដោយសក្តានុពល​ច្រើន​ ហើយ​វិស័យ​នេះ​ត្រូវ​បាន​ចាត់ទុកថា​ ជា​វិស័យ​អាទិភាព​ដែល​ប្រទេស​ទាំង2​ អាច​ទទួល​បានផល​ប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​។

    កាលពី​ឆ្នាំ2018​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​ 6.2លាន​នាក់​ កើន10.7​% ក្នុង​នោះ​ទេសចរ​ជាតិ​ម៉ាឡេស៊ី​មាន​ចំនួន​ជាង​ 20ម៉ឺន​នាក់​កើន12,2​%។ ក្នុងរយៈពេល​ 6ខែ​ដើមឆ្នាំ​ 2019នេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​ 3,3​លាន​នាក់​ កើនឡើង11.2​% ក្នុង​នោះ​ទេសចរ​ជាតិ​ម៉ាឡេស៊ី​ មាន​ចំនួន​ជាង​ 9ម៉ឺន​នាក់​ កើន7​%។ ដោយឡែក​ប្រជាជន​កម្ពុជា​ក៏បាន​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ជាច្រើន​ម៉ឺន​នាក់​ផង​ដែរ​។

    បច្ចុប្បន្ន​មានការ​ហោះហើរ​ត្រង់​ចំនួន​ 58ជើង​ក្នុង​ 1សប្តាហ៍​ ពី​ប្រទេស​ម៉ាឡេស៊ី​មក​ព្រលា​នយន្តហោះ​អន្តរជាតិ​ទាំង3​ របស់​កម្ពុជា​ ក្នុង​នោះ​រួម​មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ 7ជើង​ក្នុង​ 1សប្តាហ៍​។ ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​ មាន​ចំនួន​ 11ជើង​ក្នុង​ 1សប្តាហ៍​ និង​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​ចំនួន​ 40ជើង​ក្នុង​ 1សប្តាហ៍​។

    ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ម៉ាឡេស៊ី​ នៅតែ​មាន​គម្លាត​ធំ​ ដោយ​ក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ម៉ាឡេស៊ី​ក្នុងរយៈពេល​ 4ឆ្នាំ​ចុងក្រោយ​ សម្រេច​បាន​ 571លាន​ដុល្លារ​ ខណៈ​ការនាំចេញ​របស់​ម៉ាឡេស៊ី​មក​កម្ពុជា​មាន​រហូត​ 1.36ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ក្រ​សួង​ពាណិជ្ជកម្ម​។

    របាយការណ៍​ដដែល​បង្ហាញថា​ នៅ​ឆ្នាំ2018​ ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ម៉ាឡេស៊ី​មានតម្លៃ​ជាង​514លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំចេញ​ជាង​ 129​លាន​ដុល្លារ​ ចំណែក​ការនាំចូល​មានតម្លៃ​ជាង​ 385​លាន​ដុល្លារ​។ រយៈពេល​ 6ខែ​ ឆ្នាំ2019​ ការនាំចេញ​ពី​កម្ពុជា​មានតម្លៃ​ 60.64​ លាន​ដុល្លារ​ ខណៈ​ការ​នាំ​ចូល​មាន​រហូតដល់​ 255លាន​ដុល្លារ​៕

  • ស្មានតែស្កាត់ទៅ​ជួប​ប្រពន្ធ​កូន​!​!​ ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​ហោះ​ទៅ​អង់គ្លេស​ទាំងយប់​ ​ព្រោះ​រឿង​មួយ​សោះ​.​.​.​.​.​

    ស្មានតែស្កាត់ទៅ​ជួប​ប្រពន្ធ​កូន​!​!​ ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​ហោះ​ទៅ​អង់គ្លេស​ទាំងយប់​ ​ព្រោះ​រឿង​មួយ​សោះ​.​.​.​.​.​

    ​ខណៈ​ភិន​ ​សិ​ដា​លីស​ ​និង​ម្ដាយ​កំពុង​ស្ថិតនៅ​ប្រទេស​អង់គ្លេស​ ​គេ​ឃើញ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​ចេញដំណើរ​ទៅកាន់​ប្រទេស​នោះ​ទេ​ ​ដោយ​គេ​នឹកស្មាន​ថា​ ​ដើម្បី​ទៅ​យកប្រពន្ធ​ ​និង​កូន​ឱ្យ​ត្រលប់​មកវិញ​។​ ​យ៉ាងណាមិញ​ ​លោក​អះអាង​ថា​ឡើង​ទៅ​អង់គ្លេស​ទាំងយប់​មិនមែន​ហេតុផល​នោះ​ទេ​។​ ​

    ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​ម្ចាស់​ផលិតកម្ម​មហាហង្ស​និយាយ​ថា​ ​លោក​ចេញទៅ​អង់គ្លេស​ជួន​គ្នា​នឹង​ភរិយា​ ​ព្រមទាំង​កូនស្រី​ស្ថិតនៅ​ទីនោះ​ ​មិនមែន​ដើម្បី​ឡ​លង​ទៅ​យក​អ្នក​ទាំងពីរ​ឱ្យមក​ជាមួយគ្នា​នោះ​ទេ​ ​ពោល​គឺ​ដោយសារតែ​ហេតុផល​ផ្សេង​ប៉ុណ្ណោះ​។​ ​លោក​ថា​ចេញទៅ​អង់គ្លេស​ ​កាលពី​យប់​ថ្ងៃទី១៦​ ​កញ្ញា​ ​គឺ​ទៅ​ប្រជុំ​ការងារ​ ​ប៉ុន្តែ​ដោយសារតែ​ភរិយា​ ​និង​ភិន​ ​សុ​ដា​លីស​ ​ស្ថិតនៅ​ទីនោះ​ស្រាប់​ ​ទើប​លោក​ទៅដល់៥ថ្ងៃ​ ​ដើម្បី​នៅ​លេង​ជុំគ្នា​ផង​។​ ​លោក​ឆ្លងឆ្លើយ​តាម​ហ្វេ​សប៊ុ​ក​ឆាត​ថា​«​ខ្ញុំ​ទៅ​អង់គ្លេស​ ​ក៏​មិន​ពិតមែន​ដើម្បី​ទៅដើរ​លេង​ជាមួយ​ប្រពន្ធ​កូន​ ​ឬ​ ​ទៅ​យក​ពួកគាត់​មកវិញ​ទេ​ ​គឺ​ទៅ​ប្រជុំ​ការងារ​ផ្នែក​ក្រុមហ៊ុន​ខ្ញុំ​ ​ហើយក៏​ឆ្លៀត​ដើរលេង​ជុំគ្នា​ជាមួយ​ពួកគាត់​ប៉ុន្មាន​ថ្ងៃ​ទៅ​»​។​ ​

    ​ក្រោយ​បញ្ចប់​ការប្រជុំ​ ​លោក​នឹង​ឡើង​មក​កម្ពុជា​វិញ​មុន​ ​នៅ​ថ្ងៃសុក្រ​ទី២០​ ​កញ្ញា​ ​នេះ​ ​ដើម្បី​រៀបចំ​បន្តដំណើរ​ចេញទៅ​ប្រជុំ​នៅ​ប្រទេស​រុស្ស៊ី​ទៀត​ ​ជាមួយ​កូនចិញ្ចឹម​របស់​លោក​ ​គឺ​លោក​ ​ប៉ែន​ ​តុលា​ ​ដែល​ជា​អតីត​គូ​ដណ្ដឹង​របស់​ភិន​ ​សុ​ដា​លី​សនោះ​។​ ​លោក​មិន​ច្បាស់​ថា​ ​ភរិយា​ ​និង​ ​ភិន​ ​សុ​ដា​លីស​ ​នឹង​ត្រលប់​មកវិញ​នៅ​ថ្ងៃ​នោះ​ទេ​ ​ដោយសារតែ​អ្នក​ទាំងពីរ​ទៅ​អង់គ្លេស​ដើម្បី​ទៅលេង​កូនប្រុស​លោក​ដែល​រៀន​នៅ​ទីនោះ​ ​និង​ចង់​ស្វែងរក​ឱកាស​ឲ្យ​ភិន​ ​សុ​ដា​លីស​ ​សិក្សា​ផ្នែក​អ្វីមួយ​ ​ដែល​មិន​ប៉ះពាល់​ការងារ​សម្ដែង​ ​នៅ​ស្រុកខ្មែរ​ផង​។​

  • ក្រោយ​ដឹង​លទ្ធផល​បាក់ឌុប​ សិស្ស​គួរ​ជ្រើសរើស​ផ្លូវ​ដើរ​បែប​ណា​?

    ក្រោយ​ដឹង​លទ្ធផល​បាក់ឌុប​ សិស្ស​គួរ​ជ្រើសរើស​ផ្លូវ​ដើរ​បែប​ណា​?

    ក្រោយពី​ទទួល​បាន​លទ្ធផល​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ហើយ​ អ្វី​ដែល​សិស្ស​ត្រូវ​គិត​បន្ត​គឺ​ រៀបចំ​ផ្លូវ​ដើរ​សម្រាប់​ជីវិត​ក្រោយ​មធ្យមសិក្សា​ ដែល​ដំណាក់កាល​នេះ​ជា​ដំណាក់កាល​ចាប់ផ្តើម​ដ៏​សំខាន់​សម្រាប់​រៀបចំ​ជីវិត​ទៅ​ថ្ងៃ​អនាគត​។ លោក​ ប៉ិច​ បូ​ឡែន​ អគ្គនាយក​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ សិស្សានុសិស្ស​ទាំងអស់​ដែល​បាន​ទទួលលទ្ធផល​ទាំង​ជាប់​ និង​មិន​ទាន់​ជាប់​ គួរ​កុំ​គិតថា​ លទ្ធផល​នៃ​ការ​ប្រឡង​បាក់ឌុប​នេះ​ជា​ការកំណត់​វាសនា​របស់​យើង​ឱ្យ​សោះ​ តែ​គួរ​គិតថា​ វា​គ្រាន់តែ​ជា​ដំណាក់កាល​នៃ​ការ​វាស់​ស្ទង់​សមត្ថភាព​មុននឹង​បន្តដំណើរ​ទៅមុខ​ទៀត​តែប៉ុណ្ណោះ​។

    នៅក្នុង​ដំណាក់កាល​នេះ​ បេក្ខជន​ទាំងអស់​សុទ្ធតែ​ត្រូវ​បន្តដំណើរ​ទៅមុខ​ដូចគ្នា​ទាំងអស់​ គ្រាន់តែ​អ្នក​ជាប់​គេ​មានផ្លូវ​ផ្សេង​ដើម្បី​បន្តដំណើរ​ ហើយ​អ្នក​មិន​បាន​ជាប់​ត្រូវ​បន្តដំណើរ​ដោយ​វិធី​ផ្សេង​តែប៉ុណ្ណោះ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​មិន​មែន​មើលតែ​លទ្ធផល​ចំពោះមុខ​នោះ​ទេ​ អ្វី​ដែល​សិស្សានុសិស្ស​គួរ​គិត​ គឺ​លទ្ធផល​នៅ​ថ្ងៃ​អនាគត​ថា​ តើ​យើង​នឹងអាច​ក្លាយជា​មនុស្ស​បែប​ណា​? ហើយ​ធ្វើ​ការងារ​នៅ​ទីណា​នៅ​ថ្ងៃខាងមុខ​?។

    លោក​ ប៉ិច​ បូ​ឡែន​ បាន​និយាយ​ថា​៖ “សម្រាប់​អ្នក​ដែល​បាន​ប្រឡងជាប់​ អាច​បន្ត​ការសិក្សា​ទៅ​ថ្នាក់​ឧត្តម​សិក្សា​ដើម្បី​ចាប់​យក​អាជីព​នានា​ទៅតាម​សមត្ថភាព​ តែ​អ្នក​មិនទាន់​ជាប់​ក៏​មិនមែន​អស់ផ្លូវ​នោះ​ដែរ​។ ប្អូន​ៗអាច​ត្រឡប់ទៅ​សិក្សា​សាជាថ្មី​ម្តង​ទៀត​ ព្រោះ​មាន​មនុស្ស​ច្រើនណាស់​ដែល​អាច​ត្រឡប់ទៅ​សិក្សា​សាជាថ្មី​ ហើយ​មកដល់​ពេល​បច្ចុប្បន្ន​នេះ​ ពួកគេ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ តែ​ប្រសិន​បើ​ប្អូន​ៗមិន​ចង់​ត្រឡប់ទៅ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ម្តង​ទៀត​នោះ​ ប្អូន​ៗក៏អាច​ចូល​ទៅ​ក្នុង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឬចូល​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​ មុននឹង​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ ឬបរិញ្ញាបត្រ​ជាន់ខ្ពស់​ជាដើម​បាន​”។

    លោក​ បូ​ឡែន​ ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ទន្ទឹម​នឹង​ប្អូន​ៗគិតគូរ​ពី​ផ្លូវ​ដែល​ត្រូវ​បន្តដំណើរ​នោះ​ ការ​ជ្រើសរើស​អាជីព​ការងារ​ក៏​ជាផ្នែក​មួយ​សំខាន់​ដែរ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ ព្រោះ​ការ​ចាប់ផ្តើម​ឈាន​ជើង​ចូលក្នុង​សាកល​វិទ្យាល័យ​ គឺជា​ការ​ចាប់ផ្តើម​ជ្រើសរើស​ផ្លូវ​ដើរ​ដ៏​វែងឆ្ងាយ​សម្រាប់​ជីវិត​។ ប្រសិន​បើ​ប្អូន​ចាប់ផ្តើម​ដើរ​លើ​ផ្លូវខុស​ នោះ​ប្អូន​ៗអាច​នឹង​ខាតពេល​វេលា​ ឬជួប​ឧបសគ្គ​ច្រើន​ដែល​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការរស់នៅ​ និង​ការ​អភិវឌ្ឍ​ ព្រោះ​ការសិក្សា​កម្រិត​ឧត្តម​សិក្សា​មិនមែន​រៀន​ដើម្បី​បាន​ឡើងថ្នាក់​នោះ​ទេ​ តែ​ជា​ការ​រៀន​ដើម្បី​ប្រកបរបរ​វិជ្ជាជីវៈ​ ឬរៀន​ដើម្បី​ក្លាយជា​អ្នកជំនាញ​ដែល​មាន​អាជីព​មួយ​ច្បាស់លាស់​។

    អ្នកជំនាញ​អប់រំ​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ ការ​ជ្រើសរើស​អាជីព​ការងារ​គួរ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ ហើយ​រើស​យក​ជំនាញ​ណា​ដែល​ត្រូវជា​មួយ​ចំណង់​ចំណូលចិត្ត​ និង​ទីផ្សារ​ការងារ​ដែល​សង្គម​កំពុង​ត្រូវការ​។ ប្អូន​ៗគួរ​មើល​ពី​បរិបទ​សង្គម​ថា​ តើ​សង្គម​ត្រូវការ​អ្វី​? ហើយ​សង្គម​បត់​ទៅណា​ខ្លះ​? ទាំងអស់​នេះ​ គឺ​ដើម្បី​ធានា​ថា​ ក្រោយពេល​បញ្ចប់​ការសិក្សា​យើង​អាច​ទទួល​បានការ​ងារ​ដ៏​សមរម្យ​មួយ​សម្រាប់​ជីវិត​ខ្លួនឯង​ផង​ និង​ដើម្បី​ចូលរួម​ជា​ធនធាន​មនុស្ស​ប្រកប​ដោយសក្តានុពល​សម្រាប់​ដោះស្រាយ​បញ្ហា​សង្គម​ផង​។ បច្ចុប្បន្ន​នេះ​ ជំនាញ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ គឺ​ជំនាញ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ ហេតុនេះ​ប្រសិន​បើ​ប្អូន​ៗសិស្សានុសិស្ស​មាន​ទេពកោសល្យ​ ឬស្រឡាញ់​ផ្នែក​វិទ្យាសាស្ត្រ​ពិត​ ប្អូន​ៗអាច​ជ្រើសរើស​អាជីព​ការងារ​ណា​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ជំនាញ​ទាំងអស់​នេះ​ ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នក​វិនិយោគ​បរទេស​។

    បច្ចុប្បន្ន​នេះ​ អ្នក​វិនិយោគ​ជាច្រើន​បាន​បណ្តាក់​ទុន​បើក​រោងចក្រ​សហគ្រាស​ និង​ចង្វាក់​ផលិតកម្ម​ជា​ច្រើន​នៅ​កម្ពុជា​ ហើយ​ចរន្ត​នេះ​ធ្វើ​ឱ្យ​យើង​ត្រូវការ​ធនធានមនុស្ស​ផ្នែក​វិទ្យាសាស្ត្រ​ជាច្រើន​ដើម្បី​បំពេញ​តម្រូវការ​នៃ​ទីផ្សារ​ការងារ​។ ក្រៅពី​នេះ​ កម្ពុជា​ក៏​ជា​ប្រទេស​ដែល​កំពុង​មាន​តម្រូវការ​ផង​ដែរ​ផ្នែក​គីមី​ចំណីអាហារ​ និង​កសិកម្ម​ ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​ដែល​មាន​មូលដ្ឋាន​គ្រឹះ​សំខាន់​ផ្នែក​កសិកម្ម​ជា​យូរយារណាស់មកហើយ​។ រហូតមកដល់​ពេល​បច្ចុប្បន្ន​ ទន្ទឹម​នឹង​យើង​មាន​ដី​កសិកម្ម​ច្រើន​ យើង​ចង់​ឱ្យ​យុវជន​ជំនាន់​ថ្មី​កែប្រែ​ខ្លួន​ឱ្យ​ក្លាយជា​អ្នកជំនាញ​ផ្នែក​កសិកម្ម​ ដែល​អាច​ប្រើប្រាស់​បច្ចេក​ទេស​ថ្មី​ៗ ឬវិទ្យាសាស្ត្រ​ដើម្បី​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​កសិកម្ម​ ដែល​អាច​ទាញ​ផលប្រយោជន៍​ពី​ធនធាន​ដែល​យើង​មានស្រាប់​បាន​កាន់តែ​ច្រើន​។

    លោក​ ប៉ិច​ បូ​ឡែន​ បាន​និយាយ​ថា​៖ “ក្រៅពី​នេះ​ កម្ពុជា​ក៏​កំពុង​ត្រូវការ​ផង​ដែរ​លើ​ជំនាញ​ហិរញ្ញវត្ថុ​ ហើយ​ជំនាញ​ហិរញ្ញវត្ថុ​ដែល​យើង​ត្រូវការ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​ពិតប្រាកដ​នោះ​គឺ​ជំនាញ​ជាក់លាក់​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដ៏​ធំ​ទូលាយ​នេះ​ ដូចជា​ជំនាញ​វិភាគ​ហិរញ្ញវត្ថុ​ ឬជំនាញ​ក្នុង​ការប្រើ​-ប្រាស់​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​វិនិយោគ​ដែល​មាន​ភាព​ចម្រុះ​ជាតិសាសន៍​ជាដើម​”។

    សហ​ស្ថាបនិក​ស្ថាប័ន​អប់រំ​ខាងលើ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ប្រសិន​បើ​ប្អូន​ៗសិស្សានុសិស្ស​មាន​ទេពកោសល្យ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​វិញ​ ប្អូន​ៗអាច​ពិចារណា​លើ​ជំនាញ​មួយចំនួន​ដែល​កម្ពុជា​កំពុង​ត្រូវការ​ ដូចជា​ជំនាញ​ទេសចរណ៍​ ជាដើម​ ព្រោះ​កម្ពុជា​បច្ចុប្បន្ន​នេះ​ជា​ប្រទេស​ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​ខាង​ផ្នែក​ទេសចរណ៍​។ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​ កម្ពុជា​ជា​ប្រទេស​ដែល​អំណោយផល​ច្រើន​ផ្នែក​ទេសចរណ៍​ ទាំង​ទេសចរណ៍​វប្បធម៌​ និង​ទេសចរណ៍​ធម្មជាតិ​ ដែល​ធ្វើ​ឱ្យ​កំណើន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ចូល​មក​កម្ពុជា​។ ចរន្ត​នេះ​ធ្វើ​ឱ្យ​វិស័យ​នេះ​ត្រូវការ​កម្លាំង​ពលកម្ម​ជាច្រើន​ ដើម្បី​បំពេញ​ការងារ​ និង​ស្រូប​ទាញ​យក​ផលប្រយោជន៍​កាន់តែ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​៕

  • រដូវភ្លៀង​ប្រយ័ត្ន​ជំងឺ​ភ្នែក​ក្រហម​

    រដូវភ្លៀង​ប្រយ័ត្ន​ជំងឺ​ភ្នែក​ក្រហម​

    ជំងឺភ្នែកក្រហម​ ឬហៅ​ថា​ “រោគ​រលាក​ស្បែក​ត្របកភ្នែក​” ជា​ស្ថានភាព​ឆ្លង​មេរោគ​ចូល​ភ្នែក​ ហើយ​ជំ​ងឺ​នេះ​ច្រើនតែ​ជួបប្រទះ​ឆ្លង​មក​ពី​វីរុស​បង្កឡើង​ ឬក៏​បណ្ដាលមកពី​ការ​ប្រតិកម្ម​នឹង​សារធាតុ​អ្វី​ម្យ៉ាង​ ដោយមាន​អាការ​ធ្វើ​ឱ្យ​ភ្នែក​ឡើងក្រហម​។ ជំងឺ​នេះ​ច្រើន​កើតឡើង​ដោយចៃដន្យ​ ដំបូង​កើត​លើ​ភ្នែក​តែ​ម្ខាង​ទេ​ បន្ទាប់មក​ក៏​ឆ្លង​រាលដាល​ទៅ​ភ្នែក​ម្ខាងទៀត​។ ជំងឺភ្នែកក្រហម​នេះ​ងាយ​នឹង​កើតឡើង​ខ្លាំង​ណាស់​ ហើយក៏​ងាយ​ឆ្លង​រាលដាល​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​ក្នុង​ផ្ទះ​ ឬក្នុង​សហគមន៍​ជាមួយគ្នា​ផង​ដែរ​។ រហូត​មកទល់​ពេលនេះ​ មិនទាន់​មាន​វ៉ាក់សាំង​អាច​ចាក់​បង្ការ​ ហើយក៏​មិនទាន់​មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជាក់លាក់​នៅឡើយ​ទេ​ ចំពោះ​អ្នក​ដែល​ធ្លាប់​មាន​ជំងឺភ្នែកក្រហម​ម្ដង​ហើយ​ ក៏អាច​នឹង​ឈឺ​ឡើងវិញ​ទៀត​ដែរ​ ក្រោយពី​ជាសះស្បើយ​បាន3​-4ខែ​។

    ជំងឺ​នេះ​ ធម្មតា​ច្រើន​កើតមាន​ក្នុង​ចុងរដូវ​ក្ដៅ​រហូតដល់​ចុងរដូវ​ភ្លៀង​ ខណៈ​ពេល​អាកាសធាតុ​ប្ដូរផ្លាស់​ពី​ក្ដៅ​ទៅ​ភ្លៀង​ ដែល​មានកម្រិត​សំណើម​ខ្ពស់​។ នេះ​ក៏​ជា​ឱកាស​ដែល​រាងកាយ​មនុស្សយើង​ ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​រាងកាយ​ងាយ​ទទួលអារម្មណ៍​នឹង​អាកាសធាតុ​ ឆាប់​ហេវហត់​ ប្រព័ន្ធ​ធន់​នឹង​ជំងឺ​មាន​ភាព​ទន់ខ្សោយ​ ជាដើម​គឺ​ងាយ​នឹង​កើតជំងឺ​បំផុត​។ អាការរោគ​ច្រើន​ជួប​ប្រទះ​ គឺ​អ្នក​ឈឺ​មាន​អារម្មណ៍​ពិបាក​ទ្រាំ​នៅត្រង់​ភ្នែក​ បន្ទាប់មក​ នោះ​មាន​អា​ការ​គ្រើម​ៗដូច​មាន​គ្រាប់​ខ្សាច់​នៅក្នុង​ភ្នែក​ ចេញ​អាចម៍ភ្នែក​ច្រើន​ ពេល​ព្រឹក​ក្រោកពីដំណេក​ពិបាក​បើកភ្នែក​ ពីព្រោះ​អាចម៍ភ្នែក​នៅ​ជាប់​ភ្នែក​ទាំងពីរ​ ហើយ​អាចម៍ភ្នែក​មាន​ពណ៌បៃតង​ ឬពណ៌លឿង​តាម​សភាព​នៃ​អា​ការ​រោគ​។ ត្របកភ្នែក​ហើម​ ភ្នែក​ក្រហម​ ឈឺ​ ចុក​ចាប់​ឡើង​គ្រើម​ៗចេញពី​ទឹកភ្នែក​។ល។

    ដើម្បី​ការពារ​សុខភាព​ភ្នែក​របស់​អ្នក​មិន​ឱ្យ​កើតជំងឺ​នេះ​ អ្ន​កត្រូវ​ប្រ​ត្តិ​បត្តិ​តាម​វិ​ធី​ល្អ​ៗមួយ​ចំ​នួន​ដូច​ខាងក្រោម​នេះ​៖
    1.កុំ​ញី​ ឬជូត​ភ្នែក​ដោយដៃ​មិន​ស្អាត​ ព្រោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​ឆ្លង​មេរោគ​មួយចំនួន​ទៅ​ក្នុង​ភ្នែក​របស់​អ្នក​។ ជា​ការពិត​ទម្លាប់​នេះ​ច្រើន​កើតឡើង​ចំ​ពោះ​ក្មេង​ៗ ដូចនេះ​ មាតាបិតា​គ្រប់រូប​ចាំបាច់​ត្រូវ​ថែ​រក្សា​ក្មេង​ៗឱ្យ​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​មាន​ដក់​ទឹក​។
    2.ប្រសិនបើ​អ្នក​ទទឹក​ខ្លួន​ដោយ​ទឹកភ្លៀង​ក្នុង​ពេល​ធ្វើដំណើរ​ អ្នក​ត្រូវ​ចាំ​ថា​ ពេល​ទៅដល់​ផ្ទះ​ ឬកន្លែងណា​មួយ​ អ្នក​គួរតែ​លាង​ភ្នែក​របស់​អ្នកជា​មួយទឹក​ស្អាត​ និង​ជូត​សម្អាត​ជាមួយ​កន្សែង​ស្ងួត​ជាចាំបាច់​ និង​ឱ្យ​បាន​លឿន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​។
    3. ពាក់​វ៉ែនតា​ជាប្រចាំ​នូវ​រាល់ពេល​ចេញទៅ​ខាងក្រៅ​ ព្រោះ​ការ​ពាក់​វ៉ែនតា​មិនមែន​សម្រាប់​តែ​ការពារ​កម្តៅថ្ងៃ​នោះ​ទេ​។ ក្នុងករណី​ដែល​អ្នក​មានទម្លាប់​ ចូលចិត្ត​ពាក់​លែន​ អ្នក​គួរតែ​សម្អាត​វា​ជាប្រចាំ​ និង​ឱ្យ​បាន​ទៀងទាត់​ ដើម្បី​ចៀសវាង​ការ​ងាយ​នឹង​ចម្លង​មេរោគ​។4. បើ​មាន​អ្នក​កើតមាន​បញ្ហា​ភ្នែក​ ត្រូវ​ចៀស​វាង​ការប្រើ​ប្រាស់​របស់​ផ្ទាល់ខ្លួន​ ដូចជា​ កន្សែង​ ឬកន្សែងដៃ​រួមគ្នា​ជាដាច់ខាត​។
    5. បង្កើន​ភាពស៊ាំ​ ការពារ​រាងកាយ​ ដោយ​ចៀសវាង​ការ​ទទួលទាន​អាហារ​នៅ​ខាងក្រៅ​ញឹកញាប់​ ហើយ​បែរមក​ទទួលទាន​អាហារ​ដែល​ចម្អិន​ដោយខ្លួនឯង​នៅផ្ទះ​ ជាមួយនឹង​បន្លែ​ស្រស់​ៗបែប​ធម្មជាតិ​ និង​ផ្លែឈើ​តាម​រដូវ​កាល​ជា​កា​រប្រ​សើរ​បំផុត​។
    6. ករណី​មាន​អាការ​រមាស់​ភ្នែក​ ដំបូង​អ្នក​គ្រាន់​តែ​លាង​សម្អាត​ភ្នែក​ជាមួយ​ទឹក​ត្រជាក់​ បើ​មិន​មាន​ការ​ធូរស្រាល​ សូម​ចៀសវាង​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ដោយខ្លួនឯង​។ អ្នក​គួរតែ​ទៅ​ជួប​ជាមួយ​គ្រូ​ពេទ្យ​ ដើម្បី​ពិនិត្យ​ និង​ឱ្យ​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ត្រឹមត្រូវ​ ក្នុង​ការប្រើ​ប្រាស់​ថ្នាំ​។7. ត្រូវ​លាង​សម្អាត​ដៃ​របស់​អ្នកជា​មួយ​សាប៊ូ​ដុំ​ជាប្រចាំ​ ពិសេស​ក្នុង​រដូវភ្លៀង​ ព្រោះ​វា​អាច​សម្លាប់​មេរោគ​បាន​រហូតដល់99​%។ ក្រៅពី​នេះ​ អ្នក​ក៏​អាច​ប្រើ​អាល់កុល​លាង​បាន​ដូចគ្នា​ ដែល​វា​ផ្តល់​នូវ​ប្រសិទ្ធភាព​បាន​រហ័ស​ ប៉ុន្តែ​គ្រាន់តែ​វា​មិន​មា​នប្រ​សិទ្ធ​ភាព​សម្រាប់​វីរុស​ប៉ុណ្ណោះ​។

    យកល្អ​អ្នកជំងឺ​គប្បី​ការពារ​ភ្នែក​ ដោយ​កុំ​យក​ដៃ​ដែល​មិន​ស្អាត​មក​ប៉ះ​ ឬញីភ្នែក​ ត្រូវ​លាង​សម្អាត​ដៃ​គ្រប់ពេល​មុននឹង​ប៉ះពាល់​ភ្នែក​ មិន​ប្រើប្រាស់​កន្សែងជូតមុខ​ ឬជូត​ខ្លួន​រួម​ជាមួយ​អ្នក​ដែល​កើត​ជំងឺភ្នែកក្រហម​ ហើយ​ចំណុច​សំខាន់​បំផុត​ត្រូវការ​ពារ​មិន​ឱ្យ​ជំងឺឆ្លង​រាលដាល​ពី​ខ្លួនឯង​ទៅ​អ្នក​ដទៃ​។ ជានិច្ចកាល​ ការ​ការពារ​តែងតែ​ប្រសើរ​ជាង​ការ​ព្យាបាល​ ដូចនេះ​ អ្នកចាំ​បាច់​ត្រូវ​ធ្វើតាម​ការ​ណែនាំ​ដូច​ខាងលើ​ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​ការ​រក្សា​សម្រស់​ និង​សុខភាព​ភ្នែក​របស់​អ្នក​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត​៕

  • ពិតជា​ពីរោះ​និង​រំភើប​ឥតឧបមា​ ​ខណៈ​បានឃើញ​អ្នកនាង​ ​ខាត់​ ​សុ​ឃីម​ ​បកស្រាយ​បទ​ ​«​ ​ស្លៀកខ្យល់ដណ្ដប់មេឃ​ ​»​ ​ប្រគុំ​ដោយ​ឧបករណ៍​ភ្លេង​គែន​ផ្ទាល់​ៗ​

    ពិតជា​ពីរោះ​និង​រំភើប​ឥតឧបមា​ ​ខណៈ​បានឃើញ​អ្នកនាង​ ​ខាត់​ ​សុ​ឃីម​ ​បកស្រាយ​បទ​ ​«​ ​ស្លៀកខ្យល់ដណ្ដប់មេឃ​ ​»​ ​ប្រគុំ​ដោយ​ឧបករណ៍​ភ្លេង​គែន​ផ្ទាល់​ៗ​

    ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សនា​ពេល​ថ្មី​ៗ​នេះ​ ​គេ​បានឃើញ​គណនី​របស់​អ្នកនាង​ ​ខាត់​ ​សុ​ឃីម​ ​បង្ហោះ​វីដេអូ​ជុំគ្នា​ច្រៀង​លេងសប្បាយ​ជាមួយ​គ្រូបង្រៀន​ឧបករណ៍​ភ្លេង​គែន​ ​និង​ក៏​កិច្ចការពារ​ថែរក្សា​វប្បធម៌​មួយ​ដ៏​ល្អ​។​ ​វីដេអូ​ខ្លី​ប្រមាណ​ជាង​ ​៥​ ​នាទី​ប៉ុណ្ណោះ​ ​បាន​ធ្វើ​ឱ្យ​មហាជន​ជាច្រើន​ចូលចិត្ត​ទស្សនា​ ​ស្រប​ពេល​ដែល​មហាជន​ទាំងអស់​កំពុង​សាទរ​ ​និង​កសាង​កុសល​បុណ្យ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ផង​ដែរ​។​ ​

    ​អ្នកនាង​ ​ខាត់​ ​សុ​ឃីម​ ​បាន​រៀបរាប់​នៅក្នុង​វីដេអូ​នោះ​ថា​ ​អ្នកនាង​ ​រួម​ជាមួយ​ ​លោក​ ​ចាប​ ​ចៀន​ ​លោកគ្រូ​ភ្លេង​គែន​ ​និង​ប្អូន​ប្អូន​ដៃ​ស្គរ​ ​បាន​រួមគ្នា​ធ្វើ​វីដេអូ​នេះ​ឡើង​ក្នុង​គោលបំណង​ច្រៀងរាំ​សប្បាយ​ ​ហើយក៏​ជា​ទង្វើ​ល្អ​មួយ​ក្នុង​ការ​ថែរក្សា​នូវ​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ​។​ ​បទ​ប្រជាប្រិយ​ដែល​អ្នកនាង​បាន​បកស្រាយ​ ​ជា​បទចម្រៀង​ចង្វាក់​សារ​វ៉ាន់​ ​ដែល​មាន​ចំណងជើង​ថា​ ​«​ ​ស្លៀកខ្យល់ដណ្ដប់មេឃ​ ​»​ ​ចម្រៀងដើមត្រូវ​បាន​គេ​ដឹង​ថា​ ​ជា​បទ​ដែល​អតីត​តារាចម្រៀង​ស្រី​ ​អ្នកស្រី សូ សាវឿន​ ​ជា​អ្នក​បទ​ស្រាយ​បាន​យ៉ាង​ល្បីល្បាញ​នា​អំឡុង​ទសវត្សរ៍​ ៦០​ ​។​ ​

    ​អ្នក​ ​ខាត់​ ​សុ​ឃីម​ ​បាន​និយាយ​អំពី​ក្ដី​រំភើប​ជា​ក្រៃលែង​ ​ខណៈ​បាន​បកស្រាយ​បទចម្រៀង​ប្រគំ​ដោយ​តន្ត្រី​គែន​ ​ដែល​អ្នកនាង​ថា​ ​គ្រូភ្លេង​គែន​ ​ប៊ិះ​នឹង​បោះបង់​ការ​បង្រៀន​ ​ក៏ដូចជា​ឈប់​លេង​ឧបករណ៍​ភ្លេងបុរាណ​មួយ​នេះ​ហើយ​ ​ដោយសារ​ការ​បាក់ទឹកចិត្ត​ ​និង​គ្មាន​អ្នក​ស្រឡាញ់​ចូលចិត្ត​វា​។​ ​តែ​ដោយសារ​មាន​សប្បុ​រ​ជន​ឧប​ថ​ត្ថ​ម្ភ​ថវិកា​បន្ដិច​បន្តួច​ ​ទើបបាន​ជា​ធ្វើ​ឱ្យ​លោកគ្រូ​អាច​បន្ដ​ដង្ហើម​បង្រៀន​ឧបករណ៍​មួយ​នេះ​ ​ដល់​យុវជន​ជំនាន់​ក្រោយ​បាន​បន្ដ​វេន​។​

    ​សូម​រីករាយ​ទស្សនា​ ​វីដេអូ​ខាងក្រោម​នេះ​ ​៖​ ​

  • កម្ពុជា​-ឡាវ​-វៀតណាម​ ដាក់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​តំបន់​សម្រាប់​ឆ្នាំ2020​-2025​

    កម្ពុជា​-ឡាវ​-វៀតណាម​ ដាក់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​តំបន់​សម្រាប់​ឆ្នាំ2020​-2025​

    ប្រទេស​កម្ពុជា​-ឡាវ​-វៀតណាម​ (CLV​-DTA​) បាន​ចាប់ផ្តើម​ដាក់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួមគ្នា​សម្រាប់​ឆ្នាំ2020​-2025​ សំដៅ​ជំរុញ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ លើកកម្ពស់​គុណភាព​សេវាកម្ម​ អភិវឌ្ឍន៍​ធនធានមនុស្ស​ ជំរុញ​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ទេសចរណ៍​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង3​។

    កម្ពុជា​-ឡាវ​-វៀតណាម​ បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​មួយ​ឡើង​កាលពី​ដំណាច់ខែ​សីហា​ នៅ​ខេត្ត​ចំប៉ា​សាក់​របស់​ប្រទេស​ឡាវ​ ដោយ​បាន​យកចិត្ត​ទុកដាក់​ពិភាក្សា​លម្អិត​លើ​សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​ និង​កំណត់​នូវ​យុទ្ធសាស្ត្រ​សំ​ខាន់​ៗក្នុង​ការ​រួមគ្នា​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ក្របខ័ណ្ឌ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ឱ្យ​ប្រែក្លាយ​ទៅជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​។

    សម្រាប់​កម្ពុជា​ រួមមាន​ខេត្តក្រចេះ​ ស្ទឹងត្រែង​ មណ្ឌលគិរី​ និង​រតនគិរី​ បាន​យកចិត្ត​ទុកដាក់​ដាក់​បញ្ចូល​សក្តា​នុ​ពល​របស់​ខ្លួន​ដើម្បី​ភ្ជាប់​ការ​ធ្វើ​ទេសចរណ៍​ឆ្លងខេត្ត​ និង​ឆ្លង​ប្រទេស​ និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ ពង្រឹងគុណភាព​សេវាកម្ម​ សុខ​សុវត្ថិភាព​ទេសចរណ៍​ អភិវឌ្ឍន៍​ធនធានមនុស្ស​ និង​ជំរុញ​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​ក្នុង​តំបន់​។

    ក្នុង​នោះ​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ក៏​បា​នប​ញ្ជូល​សកម្មភាព​សំ​ខាន់​ៗរបស់​ខេត្ត​ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ខាងលើ​ ដូចជា​ការ​ជំ​រុញ​សក្តា​នុ​ពល​សត្វ​ផ្សោត​ទន្លេមេគង្គ​ ការ​ពង្រឹង​សហគមន៍​អេកូ​ទេសចរណ៍​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ការរៀបចំ​អភិវឌ្ឍន៍​តំបន់​ទេស​ចរ​ណ៍​ថ្មី​ៗសំដៅ​អភិវឌ្ឍ​ទេសចរណ៍​ក្នុង​ខេត្ត​ប្រកបដោយ​និរន្តរភាព​ ការទទួលខុសត្រូវ​ និង​ផ្តល់​អត្ថ​ប្រយោជន៍​ផ្ទាល់​ដល់​ប្រជាជន​ក្នុង​ខេត្ត​។

    លោក​ ធួន​ ស៊ី​ណាន​ ប្រធាន​សមាគម​ PATA​ បាន​ឱ្យ​ដឹង​ថា​៖“ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​របស់​ប្រទេស​ទាំង3​ ជា​តំបន់​ទេសចរណ៍​នេះ​ ពិតជា​ល្អ​បំផុត​ ព្រោះ​ជា​តំបន់​ដែល​មិនសូវ​អ៊ូអរ​បើ​ធៀប​ទៅ​នឹង​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​មាន​ភាព​អ៊ូអរ​ជាង​។ គម្រោង​រដ្ឋាភិបាល​ដែល​ចង់​ប្រែក្លាយ​តំបន់ត្រីកោណ​ទៅជា​តំបន់​ទេសចរណ៍​នេះ​មាន​យូរណាស់​មក​ហើយ​ ហើយ​បើ​ពេលនេះ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​គម្រោង​នេះ​ឱ្យ​កើតឡើង​មែន​ គឺ​ពិតជា​រឿង​មួយ​ល្អ​ណាស់​”។

    លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“នៅក្នុង​គម្រោងការ​អភិវឌ្ឍ​តំបន់ត្រីកោណ​ឱ្យ​ជា​តំបន់​ទេសចរណ៍​ មិនមែន​ថា​ តំបន់​នោះ​គ្មានអ្វី​ទាក់ទាញ​នោះ​ទេ​ គឺ​មាន​ គ្រាន់តែ​យើង​ពុំ​ទាន់បាន​តុបតែង​ឱ្យ​វា​មាន​ភាព​ទាក់ទាញ​តែប៉ុណ្ណោះ​។ ពោល​គឺ​តំបន់​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ដែល​ពុំ​ទាន់​តុបតែង​លម្អ​ខ្លួន​អ៊ីចឹង​ដែរ​”។

    លោក​បាន​បន្ត​ថា​ តំបន់​ព្រំដែន​កម្ពុជា​-ឡាវ​-វៀតណាម​នោះ​ វា​មាន​ទី1​- ភាពជា​ធម្មជាតិ​ និង​អ្វី​ដែល​កើត​ចេញពី​ធម្មជាតិ​។ ទី2​-ត្រូវ​មានការ​កែច្នៃ​ ដើម្បី​ឱ្យ​តំបន់​ហ្នឹង​មាន​ភាព​ទាក់ទាញ​។ នៅពេល​មានការ​កែច្នៃ​ និង​ការ​តុបតែង​ហើយ​នោះ​ យើង​នឹង​មានការ​បន្ត​វិនិយោគ​។ ឧទាហរណ៍​បើ​យើង​រៀបចំ​ដើម្បី​ទាក់ទាញ​ទេសចរ​ នោះ​វិ​ស័យ​ផ្សេង​ៗនឹង​ទៅ​តាម​គ្នា​។ ការ​វិនិយោគ​ បើ​ពុំ​មាន​មនុស្ស​ចាប់អារម្មណ៍​ទៅលេង​ទេ​ ការ​វិនិយោគ​វា​នឹង​មិន​មាន​និរន្តរភាព​ទេ​ព្រោះ​វា​មិន​មាន​ចលករ​ជំរុញ​។

    លោក​បាន​បន្ថែម​ថា​ តែបើ​សិន​ជា​មាន​មនុស្ស​ទៅកាន់​ទីនោះ​ ទីនោះ​វា​នឹង​នាំមក​នូវ​កត្តា3​ ជា​សំខាន់​គឺ​ការ​ដឹកជញ្ជូន​ ការ​ហូបចុក​ទទួលទាន​ និង​ការ​-ស្នាក់នៅ​។ បើ​មានក​ត្តា​ 3នេះ​នាំមុខ​ដើរទៅ​មុន​ ឬមានការ​ផុលផុស​ហើយ​នោះ​ កត្តា​ផ្សេង​ៗទៀត​នឹង​ទៅតាម​ក្រោយ​ និង​អាច​ទាក់ទាញ​ខ្លាំង​ទៀតផង​។ ដូច​ខេត្ត​ព្រះសីហនុ​ពីមុន​អ៊ីចឹង​ អត់​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ អត់មាន​ជើង​យន្តហោះ​ច្រើន​ ពុំសូវ​មាន​ភ្ញៀវ​ទេសចរ​ទេ​ តែ​ឥឡូវ​អ្វី​ៗក៏​មាន​ អ្នកទេសចរ​ និង​អ្នក​ទៅ​អភិវឌ្ឍ​ និង​វិនិយោគ​យ៉ាង​ភ្លូកទឹកភ្លូកដី​។

    លោក​ក៏បាន​បញ្ជាក់​ដែរ​ថា​ តំបន់ត្រីកោណ​នេះ​នឹង​ជួយ​ជំរុញ​ចរន្ត​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ និង​ទៅកាន់​ពិភពលោក​បាន​កាន់តែ​ទូលំទូលាយ​ ក្រៅពី​នេះ​តំបន់ត្រីកោណ​មិនមែន​ត្រឹមតែ​ជាគោល​ដៅ​ទេសចរណ៍​ប៉ុណ្ណោះទេ​ តែ​វា​នឹង​ជួយ​ជំរុញ​លើ​វិស័យ​សេដ្ឋ​កិ​ច្ច​ផ្សេង​ៗទៀតផង​ដែរ​ ដូចជា​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ជាដើម​ រួម​ទាំង​ការ​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​ ពាណិជ្ជកម្ម​ និង​ទំនាក់ទំនង​រវាង​ប្រជាជន​នឹង​ប្រជាជន​នៃ​ប្រទេស​ទាំង3​ និង​ទៅកាន់​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​ទៀតផង​។

    លោក​ វណ្ណ​ឌី​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“តំបន់​ត្រីកោណ​នេះ​អាច​ជា​កន្លែង​ដែល​ទាក់ទាញ​ទេសចរ​ខ្លាំង​ ដោយសារ​ប៉ូល​ទេសចរណ៍​មួយ​នេះ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ខាង​អាកាសធាតុ​។ កម្ពុជា​-វៀត​-ណាម​-ឡាវ​ រួម​ទាំង​ថៃ​ផង​ បាន​បង្កើត​តំបន់​មរកត​មួយ​នេះ​ឡើង​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ 4ក្នុង​តំបន់​នេះ​ និង​ការ​តភ្ជាប់​ទេសចរណ៍​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ ដូចជា​ពី​កម្ពុជា​ទៅ​វៀតណាម​ ឬពី​វៀតណាម​មក​កម្ពុជា​ ជាដើម​ ដោយ​តភ្ជាប់​ទាំង​ផ្លូវទឹក​ ផ្លូវគោក​ និង​ផ្លូវអាកាស​ តែ​យ៉ាងណាក៏ដោយ​លុះត្រាតែ​ប្រទេស​ទាំងនេះ​មាន​ទំនង​ទំនាក់​ការទូត​ល្អ​ ទើប​អាច​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរ​មក​ពី​ប្រទស​ផ្សេងទៀត​ឱ្យ​កើនឡើង​បាន​”។

    លោក​ ហូ​ វណ្ណ​ឌី​ បាន​បញ្ជាក់​ទៀត​ថា​៖“ទេសចរណ៍​ជា​អ្នកនាំ​លាភ​ នាំ​សំណាង​ដល់​ប្រទេស​ដែល​ខ្លួន​ទៅ​ទស្សនា​ ដោយ​ក្នុង​នោះ​ពួកគេ​ត្រូវការ​របស់​3យ៉ាង​ជា​សំខាន់​ គឺ​ការ​ធ្វើដំណើរ​ដោយ​សុខ​សុវត្ថិភាព​ ការ​ទទួលទាន​អាហារ​ឆ្ងាញ់​ និង​មាន​អនាម័យ​ និង​ការ​ស្នាក់នៅ​ប្រកបដោយ​ផាសុកភាព​ និង​សន្តិសុខ​។

    ជាមួយគ្នា​នេះ​ដែរ​ យើង​ក៏​កំពុង​ស្ថិតនៅ​ក្នុង​សមាគម​អាស៊ាន​ដែល​អាច​ធ្វើ​ពាណិជ្ជកម្ម​ដោយសេរី​ក្នុង​តំបន់​។ ដូច្នេះ​បើ​យើង​ជំរុញ​កត្តា​ទាំង3​ ឱ្យទៅ​មុខ​ដោយ​រលូន​នោះ​ វិស័យ​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​ក៏​នឹង​មានការ​កើនឡើង​ព្រមគ្នា​ ហើយ​យើង​សង្ឃឹម​ថា​ វា​នឹង​មានការ​កើនឡើង​ ដោយ​ឡាវ​ វៀតណាម​ និង​ប្រទេស​ដទៃទៀត​ក៏អាច​ចូល​មក​ និង​ឆ្លងកាត់​តំបន់​នេះ​បាន​ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ផង​ដែរ​”៕

  • លទ្ធផល​បាក់ឌុប​ជា​ចំណុច​ចាប់ផ្តើម​ មិន​មែន​ជា​ចំណុច​បញ្ចប់​នៃ​ដំណើរ​ជីវិត​ទេ​

    លទ្ធផល​បាក់ឌុប​ជា​ចំណុច​ចាប់ផ្តើម​ មិន​មែន​ជា​ចំណុច​បញ្ចប់​នៃ​ដំណើរ​ជីវិត​ទេ​

    សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ លទ្ធផល​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ នឹង​ប្រកាស​ជា​ផ្លូវការ​ហើយដោយ​ក្នុង​នោះ​មាន​បេក្ខជន​ខ្លះ​ក៏​ជួប​រឿង​ពេញចិត្ត​ដោយសារតែ​លទ្ធផល​ប្រឡង​ចេញ​មក​វិជ្ជមាន​ ឬទទួល​បាន​លទ្ធផល​ល្អ​ដូច​ការ​រំពឹង​ទុក​ ខណៈ​សិស្ស​ខ្លះទៀត​ប្រហែលជា​នឹង​ជួប​រឿង​មិន​សប្បាយចិត្ត​ ព្រោះតែ​លទ្ធផល​មិន​ដូច​បំណង​ ជាដើម​។

    ព្រះ​តេជគុណ​ គូ​ សុភាព​ សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​លើកឡើង​ថា​ លទ្ធផល​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ដំណើរ​ជីវិត​ប៉ុណ្ណោះ​ មិនមែន​ជា​ចំណុច​បញ្ចប់​ដែល​កំណត់​ពី​ភាព​ជោគជ័យ​ ឬបរាជ័យ​ក្នុង​ការរស់នៅ​នោះ​ទេ​។ ហេតុនេះ​ ប្រសិនបើ​វា​ជា​ចំណុច​ចាប់ផ្តើម​ យើង​ម្នា​ក់ៗ​សុទ្ធតែ​មាន​ផ្លូវ​ដើរ​រៀង​ៗខ្លួន​ ដោយ​អ្នក​ជាប់​អាច​បន្ត​ការសិក្សា​ទៅមុខ​ទៀត​ ឬចាប់​ផ្តើម​អាជីព​ការងារ​តាម​សមត្ថភាព​ដែលគេ​ជាប់​ ខណៈ​អ្នក​មិនទាន់​ជាប់​ក៏​មិនមែន​មានន័យថា​ មិន​អាច​ទៅមុខ​ទៀត​បាន​ដែរ​។ សម្រាប់​បេក្ខជន​ដែល​ប្រឡង​មិនទាន់​ជាប់​ អាច​សិក្សា​ម្តង​ទៀត​ ព្រោះ​វា​មិនមែន​ជា​រឿង​គួរ​ឱ្យ​ខ្មាសអៀន​នោះ​ទេ​។ ចំពោះ​អ្នក​ដែល​មានបំណង​ពិតប្រាកដ​ក្នុង​ការ​តស៊ូ​លើ​ជីវិត​ការសិក្សា​ ឬអាច​បន្ត​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ក៏ដូចជា​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​បាន​។

    អ្នក​ធ្លាក់​ក៏អាច​មាន​អាជីព​ល្អ​ ឬទទួល​បាន​លទ្ធផល​ល្អ​ដែរ​ប្រសិនបើ​មានការ​តស៊ូ​ពិតប្រាកដ​ក្នុង​ជីវិត​ការងារ​ ព្រោះ​កន្លងមក​ជា​បទ​ពិសោធ​មាន​អ្នករៀន​មិនបាន​ច្រើន​មិន​តិច​នាក់​ទេ​ដែល​តស៊ូ​ស្វះស្វែង​រៀន​ពី​ជីវិត​ ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​។

    ព្រះ​តេជគុណ​ គូ​ សុភាព​ មាន​សង្ឃដីកា​ថា​៖“បច្ចុប្បន្ន​នេះ​មាន​អ្នកមាន​ អ្នកធំ​ច្រើនណាស់​ដែល​រៀន​មិន​ចប់​ទាំង​បរិញ្ញាបត្រ​ផង​ តែ​គេ​មានគំនិត​ មាន​ប្រាជ្ញា​ប្រឹងរក​ស៊ី​ ឬធ្វើ​រឿង​ប្លែក​ល្អ​ៗ រហូត​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​ទទួលស្គាល់​។ និយាយ​នេះ​ មិនមែន​មានន័យថា​ មិន​ឱ្យ​រៀនសូត្រ​នោះ​ទេ​ តែ​គ្រាន់តែ​ចង់​បញ្ជាក់​ថា​ដំណាក់កាល​នេះ​គ្រាន់តែ​ជា​ដំណាក់កាល​ចាប់ផ្តើម​ ហើយ​មានរឿង​ជាច្រើន​ផ្សេងទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ស្វែងរក​ការ​អភិវឌ្ឍ​ក្នុង​ជីវិត​”។

    ព្រះ​តេជគុណ​បាន​បន្ថែម​ទៀត​ថា​ បេក្ខជន​ដែល​មិន​សមបំណង​សូមកុំ​យកជីវិត​ទៅ​កំណត់​ត្រឹម​សញ្ញាបត្រ​ ឬក្រដាស​មួយ​សន្លឹក​។ មានន័យថា​ កុំ​សម្លាប់​ខ្លួន​ដោយសារតែ​មិនទាន់​ទទួល​បាន​សញ្ញាបត្រ​បាក់ឌុប​ ព្រោះ​កាលណា​យើង​ចេះ​រក្សា​ឱកាស​ ជីវិត​យើង​នៅ​វែងឆ្ងាយ​បន្ត​ទៀត​ដែល​អាច​ឈាន​ចាប់​យក​អ្វី​ដែល​ល្អ​ និង​ខ្ពស់​ជាង​នេះ​ជាច្រើន​ផ្សេង​ទៀត​។ ចំពោះ​អ្នក​ប្រឡងជាប់​ហើយក៏​មិន​គួរ​ភ្លេច​ខ្លួន​ដែរ​ ព្រោះ​ផ្លូវ​ដើរ​នៅសល់​វែងឆ្ងាយ​ទៀត​ ហេតុនេះ​ប្រសិនបើ​រវល់​តែ​មោទនភាព​ជាមួយនឹង​ជោគជ័យ​ពេលនេះ​ជ្រុល​ ហើយ​ភ្លេចខ្លួន​ជ្រើសរើស​ជំនាញ​ ឬជ្រើសរើស​ផ្លូវ​ដើរ​មិនល្អ​ ក៏អាច​ប្រឈម​ជា​មួយ​នឹង​បញ្ហា​ច្រើន​ក្នុង​ដំណើរ​ជីវិត​បាន​ដែរ​។

    ព្រះសង្ឃ​សាស្ត្រា​ចារ្យ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ហេតុនេះ​សម្រាប់​អ្នក​ជាប់​ទន្ទឹម​នឹង​រីករាយ​ជាមួយ​លទ្ធផល​ល្អ​ក៏​គួរ​ស្វែងរក​ពេលវេលា​ពិចារណា​ពី​ការ​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​ដើម្បី​ឱ្យ​ច្បាស់​ថា​ យើង​ស្រឡាញ់​មុខវិជ្ជា​ណា​ឱ្យ​ពិតប្រាកដ​ កុំ​ឱ្យ​ចាំតែ​អាណាព្យាបាល​រើស​ឱ្យ​ បន្ទាប់មក​រៀន​មិន​កើត​ក៏​បោះបង់​វិញ​នោះ​។ ម្យ៉ាងវិញទៀត​ យុវជន​ក៏​មិន​គួរ​រេរា​តាម​គ្នា​ ឬតាម​មិត្តភក្តិ​ដែរ​ អ្វី​ដែល​ត្រូវ​មាន​ គឺ​ភាព​ច្បាស់លាស់​ក្នុងចិត្ត​ ប្រកបដោយ​ភាពរឹងមាំ​ដើម្បី​សម្រេចវាសនា​ខ្លួនឯង​សម្រាប់​ថ្ងៃ​អនាគត​៕

  • «​ ​វា​លប្រ​ម៉ាញ់​ ​»​ ​ត្រៀម​ដាក់​បញ្ចាំង​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​

    «​ ​វា​លប្រ​ម៉ាញ់​ ​»​ ​ត្រៀម​ដាក់​បញ្ចាំង​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​

    «​ ​វា​លប្រ​ម៉ាញ់​ ​»​ ​គឺជា​ចំណងជើង​ខ្សែភាពយន្ត​ខ្នាត​ធំ​លំដាប់​អន្តរជាតិ​ ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផលិតកម្ម​កងចក្រ​ភាពយន្ត​ ​ដែល​ធ្លាប់​ទទួល​បាន​ជោគជ័យ​លើ​ការផលិត​រឿង​ ​JAILBREAK​ ​ទទួល​បាន​ពានរង្វាន់​ចំនួន5​ ​។​ ​ដោយឡែក​សម្រាប់​ខ្សែភាពយន្ត​ខ្នាត​ធំ​លំដាប់​អន្តរជាតិ​ ​«​ ​វា​លប្រ​ម៉ាញ់​ ​»​ ​នា​ពេលនេះ​ ​ផលិតករ​បាន​ជ្រើសរើស​យក​តារា​សម្ដែង​កម្ពុ​ជា​ល្បី​ៗ​ដូចជា​ ​លោក​ ​អ៊ូ​ ​តារា​ ​កញ្ញា​ ​ឌី​ ​សូ​នី​តា​ ​លោក​ ​រស់​ ​មុ​ន្នី​ ​ចូលរួម​សម្ដែង​រួមគ្នា​ជាមួយ​កំពូល​តា​រា​ល្បី​ៗ​ចំនួន​ ​3ប្រទេស​ ​រួមមាន​កម្ពុជា​ ​ថៃ​ ​និង​ចិន​ ​ជាមួយ​តំណែង​ជា​តួឯកស្រី​នៅក្នុង​សាច់រឿង​ ​។​

    ​នៅក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​ ​១៣​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​លោក​ ​Jimmy​ ​Henderson​ ​ដែល​ជា​អ្នកដឹកនាំ​រឿង​ ​បានឱ្យ​ដឹង​ថា​ ​ឈុត​ដំបូង​ដែល​ត្រូវ​ផ្ដិត​យក​ទេសភាព​ ​និង​ការ​វាយតប់​គ្នា​ក្នុង​ខេត្តកោះកុង​ ​ដែល​ជា​តំបន់​ព្រែ​ភ្នំ​ ​និង​មាន​ទឹកជ្រោះ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​បង្ហាញ​ពី​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​រឿង​ ​«​ ​វា​លប្រ​ម៉ាញ់​»​ ​នឹង​ទទួល​បាន​ជោគជ័យ​ ​ព្រោះ​ផ្អែក​តាម​បទពិសោធន៍​កាលពី​ពេល​កន្លងទៅ​ ​ជាពិសេស​ការ​ទទួល​បាន​ជោគជ័យ​លើ​ការ​បញ្ចាំង​រឿង​ ​រឿង​ ​JAILBREAK​ ​ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​សាល​លម​ហោ​ស្រព​អន្តរជាតិ​ជាង20​ ​រួម​ជាមួយនឹង​ការ​ទទួល​បាន​ពានរង្វាន់​ឆ្នើម​ចំនួន5​។​ ​ដូច្នេះ​សម្រាប់​ភាពយន្ដ​ ​Action​ ​មួយ​នេះ​គឺ​មិន​ពិបាក​ក្នុង​ការ​គៀង​គរ​ប្រជាប្រិយ​ភាព​នោះ​ទេ​។​

    ​លោក​ ​Jimmy​ ​Henderson​ ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​ភាពយន្ដ​ធំ​របស់​កម្ពុជា​មួយ​នេះ​បាន​ចាយ​ទុន​ផលិត​ដល់​ជាង​ ​១លាន​ដុល្លារ​ ​ហើយ​តារា​សម្ដែង​នៅក្នុង​រឿង​នេះ​ ​មិនមែន​សុទ្ធតែ​តារា​ខ្មែរ​នោះ​ទេ​ ​ក៏​មាន​តារា​ថៃ​ ​និង​តារា​ជនជាតិ​ចិន​មួយ​រូប​ ​ជា​តួឯក​ផង​។​ ​លោក​ថា​មួយ​រឿង​នេះ​ ​ថត​នៅ​ស្រុកខ្មែរ​ទាំងអស់​ ​ហើយ​ឈុត​ឆាក​ក្នុង​រឿង​ទាំងមូល​ ​គឺ​ពោរពេញ​ដោយ​ឈុត​ឆាក​បាញ់ប្រហារ​ ​និង​វាយតប់​ ​អម​ដោយ​ការផ្សងព្រេង​ក្នុង​ព្រៃ​។​ ​ការប្រកាស​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ថ្ងៃទី​ ​១៩​ ​កញ្ញា​ ​ជា​ផ្លូវការ​នេះ​ ​គឺ​បន្ទាប់ពី​យក​ទៅ​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ ​នៅ​ទី​ក្រុង​ប៊ូ​សាន​ ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​និង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ ​ទី​ក្រុង​ឡុង​ដ៏​ ​ប្រទេស​អង់គ្លេស​ ​ហើយ​ធ្វើ​ឱ្យ​ជនបរទេស​ទទួលស្គាល់​។​ ​រឿង​នេះ​ ​ជា​ភាពយន្ត​និយាយ​ពី​ ​ពួក​ព្រៃ​ចាប់​អ្នក​ចូល​ទៅដល់​ដាក់គុក​ ​ហើយ​តម្រូវឲ្យ​បុរស​ជាប់ពន្ធ​នា​គារ​ម្នាក់​ ​ដែល​ជា​ភ្នាក់ងារសម្ងាត់​ជនជាតិ​ចិន​ ​សម្ដែង​ដោយ​លោក​ ​Gu​ ​Sangwei​ ​តស៊ូ​ប្រយុទ្ធ​ ​ដើម្បី​សេរីភាព​ ​និង​ជិ​វិត​របស់​ខ្លួន​៕​

     

  • ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​នៅ​កម្ពុជា​បន្ត​មាន​កំណើន​ក្នុង​ការ​វិនិយោគ​លំនៅ​ដ្ឋាន​

    ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​នៅ​កម្ពុជា​បន្ត​មាន​កំណើន​ក្នុង​ការ​វិនិយោគ​លំនៅ​ដ្ឋាន​

    ប្រមាណ7​ ខែ​នៃ​ឆ្នាំ2019កន្លងមក​នេះ​ការ​រីក​លូតលាស់​ និង​វត្តមាន​សំ​ណង់​ថ្មី​ៗ មិន​ថមថយ​នោះ​ទេ​នៅ​ទូទាំង​ប្រទេស​ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ ក្រុង​ព្រះសីហនុ​ ប៉ោយប៉ែត​ និង​ខេ​ត្ត​សក្តា​នុ​ពល​មួយចំនួន​ទៀត​ ដ្បិតតែ​ការ​លក់​ហាក់​ថមថយ​ ជាង​កាលពី​ឆ្នាំ​កន្លងទៅ​បន្តិច​មែន​។ ការ​ថមថយ​នៃ​វិស័យ​លំនៅឋាន​នា​ពេល​បច្ចុប្បន្ន​នេះ​ មិនមែន​បណ្តាល​មក​ពី​ការ​ទទួលរង​នូវ​ឥទ្ធិពល​វិបត្តិសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ឬប្រទេស​ណាមួយ​នោះ​ទេ​ ប៉ុន្តែ​គឺ​បណ្តាល​មក​ពី​សកម្មភាព​អភិវឌ្ឍន៍​ផ្ទាល់​នៅក្នុង​ប្រទេស​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​អគ្គលេខាធិការ​សមាគម​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​។

    លោក​ សួស​ ចិន្តា​ អគ្គលេខាធិការ​សមាគម​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ CVEA​ បាន​ប្រាប់​ឡា​រ៉ែ​ននា​ពេល​ថ្មី​ៗនេះ​ថា​ ភាព​ប្រឈម​នៃ​វិស័យ​អចលនទ្រព្យ​ វា​មាន​វដ្ត​របស់​វា​ តែ​ចំពោះ​លំនៅឋាន​ ដែល​មិនសូវ​មាន​សម្ទុះ​នៃ​ការ​លក់​ គឺ​ប្រភេទ​ផ្ទះ​តម្លៃ​មធ្យម​ ដោយសារតែ​ភាគច្រើន​ត្រូវ​បាន​អ្នកមាន​ធនធាន​ទិញទុក​វិនិយោគ​បន្ត​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​ ដែល​វា​មិនមែន​ជា​តម្រូវ​-ការពិត​ប្រាកដ​នោះ​ទេ​។

    ចំណែក​ទីផ្សារ​ នៅតែ​មាន​តម្រូវការ​ ពិសេស​លំនៅឋាន​ Low​ Class​ ពិបាក​រក​អ្នក​វិនិយោគ​ព្រោះ​ធ្វើ​លក់​ពុំ​ទាន់​តម្រូវការ​ទេ​។បានន័យ​ថា​តម្រូវការ​ខ្ពស់​ជាង​ការ​ផ្គត់ផ្គង់​ គឺ​ប្រភេទ​លំនៅឋាន​មានតម្លៃ​ត្រឹម3ម៉ឺន​ដុល្លារ​ ទោះបី​រដ្ឋាភិបាល​មាន​គោលនយោបាយ​ក្នុង​ការ​លើកទឹកចិត្ត​ក៏ដោយ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ក៏បាន​លើកឡើង​ថា​ រាល់ថ្ងៃ​នេះ​វិស័យ​សំណង់​គឺ​ទទួល​បានការ​គាំទ្រ​ ហើយ​តាមរយៈ​ការសិក្សា​ ប្រជាជន​មួយចំនួន​គឺ​គាត់​ខ្វះ​លំនៅឋាន​ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​ ដូចនេះ​ហើយ​ ទើប​មាន​អ្នក​អភិវឌ្ឍ​ផ្ទះ​តម្លៃ​មធ្យម​ជាច្រើន​ បាន​សម្រុក​សាងសង់​នៅ​ក្បែរ​ក្រុង​ ដើម្បី​ជា​តម្រូវការ​របស់​អតិថិជន​។ ក៏ប៉ុន្តែ​ទាក់ទង​ទៅ​នឹង​តម្លៃ​នៃ​អចលនទ្រព្យ​វិញ​ វា​គឺជា​ការប្រកួត​ប្រជែង​គ្នា​ ដែល​ក្នុង​នោះ​គម្រោង​ដែល​មាន​រចនាប័ទ្ម​ល្អ​គឺ​ស្រួល​លក់​ជាង​ បើ​ធៀប​ទៅ​នឹង​គម្រោង​ដែល​ពុំសូវ​មាន​រចនាប័ទ្ម​ល្អ​។

    យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា​។ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅតែ​មាន​ភាព​វិជ្ជមាន​ ដោយ​ទំហំ​កម្ចី​ទិញ​អចលនទ្រព្យ​ (Mortgage​) គិត​មកដល់​ត្រីមាស​ទី2ឆ្នាំ​2019នេះ​ មាន​ទំហំ​ទឹកប្រាក់​ជិត​ 3,5ពាន់​លាន​ដុល្លារ​ កើនឡើង​ប្រមាណ30​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីមុន​។

    របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​ កម្ចី​អចលនទ្រព្យ​ក្នុង​ត្រីមាស2​ ឆ្នាំនេះ​ មាន​ 47.79​% នៃ​សមតុល្យ​ឥណទាន​ជា​លក្ខណៈ​បុគ្គល​សរុប​ ដែល​មាន​ទំហំ​ទឹកប្រាក់​ 7.16ប៊ី​លា​នដុ​លា្ល​រអា​មេ​រិក​ដោយ​កើន​ឡើង6.80​% ធៀប​នឹង​ត្រីមាស​ទី​ 1 ឆ្នាំ2019នេះ​។ ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​ បង្ហាញ​អំពី​បំណង​របស់​អ្នកប្រើ​ប្រាស់​ក្នុង​ការ​ទទួល​បាន​ឥណទាន​ក្នុង​លក្ខណៈ​ជា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ប័ណ្ណឥណទាន​ និង​កម្ចី​អចលនទ្រព្យ​។

    លោក​ អឿ​ សុធា​រ័ត្ន​ នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​ មានប្រសាសន៍​ថា​៖“នៅក្នុង​ត្រីមាស​ទី2នេះ​ ចំនួន​នៃ​ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​មានការ​ធ្លាក់ចុះ​។ ទោះបី​យ៉ាងណា​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ ក្នុង​ឆ្នាំ2018​ ចំនួន​នៃ​ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប​បាន​កើន​ឡើង9.03​%ខណៈ​ដែល​ទំហំ​ទឹកប្រាក់​នៃ​ការ​ស្នើសុំ​ឥណទាន​ កើនឡើង​ជិត​ទ្វេដង​”។

    លោក​បន្ត​ថា​៖“ចំនួន​គណនី​ឥណទាន​លក្ខណៈ​បុគ្គល​ បាន​កើនឡើង​ជាលំដាប់​ ចាប់តាំងពី​ឆ្នាំ2018​ ក្នុង​ចន្លោះ​ពី5​% ទៅ7​%ក្នុង​ត្រីមាស​នីមួយ​។ ខណៈ​ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប​កើនឡើង​ ចន្លោះ​ពី6​% ទៅ8​%។ ជា​រួម​អនុបាត​នៃ​ឥណទាន​ មិន​ដំណើរការ​លើស​ពី30ថ្ងៃ​ របស់​ផលិតផល​ឥណទាន​ទាំង3​ នៅតែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង​នៅតែ​បន្ត​ស្ថិតនៅ​ក្នុង​កម្រិត​ ទាប1.19​%”។

    លោក​ អឿ​ សុធា​រ័ត្ន​ បាន​បង្ហាញ​សុទិដ្ឋិនិយម​ក្នុង​របាយការណ៍​ថា​ ស្ថានភាព​នេះ​ កើតមាន​ដោយសារ​តែ​តម្រូវការ​ផ្ទះនៅ​កម្ពុជា​មានការ​កើនឡើង​តាមរយៈ​កំណើន​នៃ​ជីវភាព​ប្រជាជន​ បូករួម​នឹង​ភាព​ងាយស្រួល​ក្នុង​ការខ្ចី​ប្រាក់​ ឬបង់​រំលស់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។ ជាពិសេស​ កំណើន​នៃ​ការទិញ​ផ្ទះ​ ក៏​កើនឡើង​ស្រប​ពេល​ដែល​ការសាងសង់​ផ្ទះ​សម្រាប់​លក់​ ជា​លក្ខណៈ​បុរី​ ឬផ្ទះល្វែង​មាន​ច្រើន​ផង​ដែរ​។

    ដោយឡែក​នៅក្នុង​របាយការណ៍​របស់ក្រ​សួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​នៅក្នុង​រយៈពេល​7ខែ​ ឆ្នាំ2019​ នេះ​បាន​បង្ហាញថា​ វិស័យ​សំណង់​នៅ​កម្ពុជា​មាន​គម្រោង​សរុប​ចំនួន​ 525​ គម្រោង​ដែល​គិតជា​ទឹកប្រាក់​មាន​ទុន​វិនិយោគ​ចំនួន​ 11,73703​, 873ដុល្លារ​។របាយការណ៍​បូកសរុប​ការងារ​ប្រចាំខែ​កក្កដា​ឆ្នាំ2019​ និង​ទិសដៅ​បន្ត​បាន​បង្ហាញថា​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែកក្កដា​ឆ្នាំ2018​ វិស័យ​សំណង់​មាន​គម្រោង​ត្រឹមតែ​ 330​ គម្រោង​ប៉ុណ្ណោះ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង​ 843លាន​ដុល្លារ​មានការ​កើនឡើង​ជាង​ 39​%។គម្រោង​សំណង់​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​ក្រសួង​ មាន​ចំនួន​សរុប​ចំនួន​ 44​ គម្រោង​ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង1,044​ លាន​ដុល្លារ​ ខណៈ​កាលពី​ឆ្នាំ2018​ មាន​ចំនួន​តែ​ 41គម្រោង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ 806​ លាន​ដុល្លារ​ គឺ​មានការ​កើនឡើង​ជាង29​%។

    ចំណែក​គម្រោង​សំណង់​ស្ថិត​ក្រោម​សមត្ថកិច្ច​រដ្ឋបាល​រាជធានី​ ខេត្ត​វិញ​ មាន​ចំនួន​សរុប​ចំនួន​ 481​ គម្រោង​ ដែល​មានតម្លៃ​ទុន​វិនិយោគ​ប្រមាណ​ជាង​ 129​ លាន​ដុល្លារ​ ខណៈ​កាលពី​ឆ្នាំ2018មាន​ចំនួន​ 289គម្រោង​ មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ 36ដុល្លារ​ គឺ​មានការ​កើនឡើង​ជាង​ 251​%។

    របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ សម្រាប់​វិស័យ​សំណង់​អគារ​ សំណង់​លំនៅឋាន​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ខែកក្កដា​នេះ​មាន​ចំនួន​សរុប438​គម្រោង​ ដែល​មាន​ទុន​វិយោគ​ ជាង​ 473ដុល្លារ​ ស្មើ​និង​ 801ខ្នង​។

    ដោយឡែក​ គម្រោង​អគា​ខ្ពស់​ៗចាប់ពី​កម្ពស់​5ជាន់ឡើង​ នៅ​ទូទាំង​ប្រទេស​ក្នុង​ខែកក្កដា​ ឆ្នាំ2019​មា​នន​ចំនួន​ 69​ អគារ​ ក្នុង​នោះ​កម្ពស់​ចាប់ពី​ 5ជាន់​ ទៅដល់​កម្ពស់9ជាន់​មាន​ 34អគារ​ ពី​កម្ពស់10ជាន់​ទៅ​កម្ពស់19ជាន់​មាន​ចំនួន24អគារ​ ពី​កម្ពស់​ 30​ជាន់​ទៅ​ 39ជាន់​មាន​ចំនួន​ 7អគារ​ពី​កម្ពស់​ 40ជាន់ឡើង​ទៅ​ មាន​ចំនួន1អគារ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ថ្លែង​ថា​៖“សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រក្សា​បាន​កំណើន​ល្អ​ប្រសើរ​ហើយ​នយោបាយ​នៅតែ​មាន​ស្ថិរភាព​ ហេតុនេះ​ការ​វិនិយោគ​នៅតែ​បន្ត​កើនឡើង​ ជាក់ស្តែង​យើង​ឃើញ​កម្រិត​ឥណទាន​ក្នុង​វិស័យ​នេះ​នៅតែ​បន្ត​កើនឡើង​។

    ទោះជា​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ចិន​បន្តិចបន្តួច​ក្តី​ ប៉ុន្តែ​កម្ពុជា​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​ ព្រោះ​មាន​អ្នក​វិនិយោគ​ជាច្រើន​ បាន​ចូល​មក​ដូចជា​អ្នក​វិនិយោគ​កូរ៉េ​ អ្នក​វិនិយោគ​ជប៉ុន​កំពុងតែ​ចូល​មក​កាន់​កម្ពុជា​ ដើម្បី​វិនិយោគ​លើ​វិស័យ​នេះ​”៕