Category: សង្គម និងសេដ្ឋកិច្ច

  • បើ​មិនអាច​បំភ្លេច​គេ​បានទេ គ្រាន់តែ​ចាំ​ថា គេ​ឈប់​ស្រឡាញ់​យើង​ទៅបាន​ហើយ

    បើ​មិនអាច​បំភ្លេច​គេ​បានទេ គ្រាន់តែ​ចាំ​ថា គេ​ឈប់​ស្រឡាញ់​យើង​ទៅបាន​ហើយ

    គឺជា​រឿង​ធម្មតា​របស់​ “សេចក្ដីស្នេហា​” ដែល​ត្រូវតែ​ប្រសព្វ​ជួបនឹង​ “ក្តី​សមបំណង​” និង​ “ក្តី​ខកបំណង​” … “សេចក្តី​សុខ​” និង​ “ក្តី​ទុក្ខសោក​” តែបើ​បាន​ជួបនឹង​សេចក្ដីស្នេហា​ដែ​លល្អៗ​ នោះ​គឺ​បានន័យ​ថា​ អ្នក​សំណាងល្អ​ណាស់​…ចុះបើ​ជួបនឹង​ស្នេហា​ដែល​ខកបំណង​ ដែល​ចង់​ “បំភ្លេច​” និង​ទោះជា​ខំប្រឹង​បំភ្លេច​យ៉ាងណា​ ក៏​មិន​អាច​បំភ្លេច​បាន​ ព្រោះ​វា​នៅតែ​ដក់​ដិតជាប់​នៅក្នុង​បេះដូង​វិញ​នោះ​ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​? តើ​អ្នក​ធ្លាប់​ដាក់​សំណួរ​បែបនេះ​ចំពោះខ្លួន​ឯង​ដែរ​ឬទេ​?

    ពិតហើយ​ ដែល​ការ​ចងចាំ​របស់​មនុស្សយើង​ម្នា​ក់ៗ​វា​ខុសគ្នា​ អ្នកខ្លះ​ឆាប់​ភ្លេច​ អ្នកខ្លះ​ក្រ​ភ្លេច​និង​អ្នកខ្លះ​មិន​ងាយ​ភ្លេច​ ទោះជា​ខំព្យាយាម​បំភ្លេច​យ៉ាងណា​ ក៏​មិន​អាច​បំភ្លេច​បាន​ដែរ​… នៅ​ក្នុង​ខួរក្បាល​នៅតែ​វិលវល់​ នឹកឃើញ​តែ​រូបភាព​ចាស់​ៗ រឿងរ៉ាវ​កាលពី​អតីត​ អា​រម្ម​ណ៍​ចាស់​ៗពីមុន​ដែល​រូប​អ្នក​ ឬគេ​ធ្លាប់​បាន​ប្រគល់​ឱ្យ​គ្នា​ទៅវិញទៅមក​ ទីកន្លែង​ដែល​ធ្លាប់​ដើរ​ដឹកដៃ​គ្នា​កាល​គ្រាដំបូង​ ហាង​ដែល​យើង​ធ្លាប់​ញ៉ាំបាយ​ជាមួយគ្នា​ជាប្រចាំ​ កុន​រឿង​នោះ​ដែលគេ​ ឬនាង​ចូលចិត្ត​មើល​។ល។

    ពិតមែនហើយ​ថា​ “ពេលវេលា​មិន​អាច​ធ្វើ​ឱ្យ​នរណា​ភ្លេច​នរណា​បាន​ឡើយ​” តែ​វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​ បើ​នៅតែ​មិន​អាច​បំភ្លេច​គេ​បាន​ក៏​គ្រាន់តែ​ចាំ​ថា​ គេ​លែង​ស្រឡាញ់​យើង​ទៅ​បាន​ហើយ​ និង​សួរ​ខ្លួនឯង​ថា​ តើ​ហេតុអ្វីបានជា​យើង​មិនព្រម​ប្រមូល​ការ​ចង​ចាំ​ចាស់​ៗ អនុស្សាវរីយ៍​ចាស់​ៗដែល​យើង​ និង​គេ​ធ្លាប់ធ្វើ​រួមគ្នា​ទាំងនោះ​ដាក់​ចូល​ទៅ​ក្នុង​ទីជម្រៅ​នៃ​បេះដូង​ រួច​ចាក់សោ​បិទ​វា​ឱ្យ​ជិត​ ឈប់​រំឭក​ ឈប់​នឹកឃើញ​នោះ​ឱ្យ​អស់​ទៅ​? រួចហើយ​រង់ចាំ​ដល់​ថ្ងៃណាមួយ​ដែល​អ្នកមាន​អារម្មណ៍​ថា​ ត្រៀមខ្លួន​រួចរាល់​ជាថ្មី​ម្តង​ទៀត​ និង​ស្នាមរបួស​ដែល​ធ្លាប់​មាន​នោះ​ វា​ជា​សះ​ស្រួលបួល​ហើយ​ សឹម​បើកទ្វារ​បេះដូង​ជាថ្មី​ម្តង​ទៀត​ ទទួលយក​អ្នកថ្មី​ ក៏​វា​មិនមែន​ជា​រឿង​អី​ប្លែក​ដែរ​។

    ចូរ​សាកល្បង​សួរ​បេះដូង​ខ្លួនឯង​ទៅ​មើល​ថា​ តើ​ចង់​មាន​សេចក្តី​សុខ​ជាមួយ​បច្ចុប្បន្ន​ ឬចង់​មាន​សេចក្តី​សុខ​ជាមួយនឹង​អតីតកាល​ដែល​កន្លង​ហួសទៅហើយ​ ដែល​វា​មិន​អាច​នឹង​វិល​ត្រឡប់​មក​ឱ្យ​យើង​កែកុន​ជាថ្មី​ទៀត​បាន​នោះ​?ចូរ​កុំ​ភ្លេច​ថា​ ជីវិត​ត្រូវតែ​ឈានទៅមុខ​ជានិច្ច​ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​… ការ​ចងចាំ​គ្រាន់តែ​ជា​ចំណែក​តូច​មួយ​ក្នុង​ជីវិត​ប៉ុណ្ណោះ​ មិនមែន​ក្នុង​ជីវិត​ទាំងមូល​របស់​យើង​ឡើយ​៕

  • ជម្រើស 5យ៉ាង ឆ្ពោះទៅរកការមានសុខភាពល្អ ខណៈពេលមានគភ៌

    ជម្រើស 5យ៉ាង ឆ្ពោះទៅរកការមានសុខភាពល្អ ខណៈពេលមានគភ៌

    ការ​មាន​សុខភាព​ល្អ​ ពិតជា​រឿង​មួយ​ចាំបាច់​ណាស់​សម្រាប់​ស្រ្តី​មានគភ៌​ទាំងឡាយ​ ព្រោះ​វា​មានន័យថា​ នៅពេល​ដែល​អ្នកមាន​សុខភាព​ល្អ​រឹងមាំ​ពេញលេញ​ហើយ​នោះ​ ជីវិត​ដ៏​តូច​មួយ​ដែល​នៅក្នុង​ពោះ​អ្នក​ក៏​នឹង​មាន​វិវឌ្ឍនាការ​រីកចម្រើន​ធំធាត់​តាម​អាយុ​គភ៌​ដ៏​ល្អ​នោះ​ដែរ​ ដូច្នេះ​គេ​អាច​មើលឃើញ​បាន​ថា​ គ្រូពេទ្យ​នឹង​ណែនាំ​អនាគត​អ្នកម្តាយ​ដែល​កំពុង​តាំង​គភ៌​ទាំងឡាយ​ឱ្យ​ឧស្សាហ៍​មើលថែ​ទាំ​ខ្លួន​ ទាំង​រឿង​សុខភាព​រាងកាយ​ រួម​ទាំង​សុខភាព​ផ្លូវចិត្ត​ផង​ដែរ​។ ឥឡូវ​យើង​មក​មើល​ថា​ តើ​ជម្រើស​ឆ្ពោះទៅ​រក​ការ​មាន​សុខភាព​ដ៏​ល្អ​នោះ​ យើង​អាច​ធ្វើ​យ៉ាងដូច​ម្តេច​បាន​ខ្លះ​?

    1- ស្ត្រី​មានគភ៌​គួរ​ទទួលទាន​បន្លែ​ផ្លែឈើ​ អាហារ​ Cereal​ បាយ​អង្ករ​ស្រូវសាលី​ គ្រាប់​ធញ្ញជាតិ​ និង​អាហារ​ដែល​មាន​កាក​សរសៃ​ឱ្យ​បាន​ច្រើន​ ដើម្បី​ចៀសវាង​អាការ​ទល់លាមក​ ព្រោះ​អ័រម៉ូន​ដែល​ប្រែប្រួល​នឹង​មានផល​ប៉ះពាល់​ដល់​ពោះវៀនធំ​របស់​ស្ត្រី​មានគភ៌​ ហើយ​អាហារ​ដែល​មាន​កាក​សរសៃ​អាច​ជួយ​បាន​ច្រើន​។2- ស្ត្រី​មានគភ៌​ត្រូវ​បាន​ទទួល​សារធាតុ​ដែក​ពី​សាច់សត្វ​ យ៉ាងហោចណាស់​ 1សប្តាហ៍​ 3ដង​ ដែល​មិន​ចាំបាច់​ញ៉ាំ​ច្រើន​ទេ​ តែ​ឱ្យ​គ្រប់គ្រាន់​នឹង​តម្រូវការ​របស់​រាងកាយ​ ហើយនិង​សារធាតុ​ដែក​ដែល​មាននៅ​ក្នុង​បន្លែ​ ជា​ប្រភេទ​ដែល​មិនមែន​ ហេ​ម៉ូ​គ្លោ​ប៊ី​ន ធ្វើ​ឱ្យ​រាងកាយ​ពិបាក​ក្នុង​ការ​បឺត​ជ្រាប​នោះ​ទេ​។3- ដើម្បី​ជួយ​បង្កើន​ និង​ពង្រឹង​ខួរក្បាល​ដល់​កូនតូច​ ស្រ្តី​មានគភ៌​ត្រូវ​ទទួលទាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា3​ តែ​ចូរ​ចៀសវាង​សត្វ​ក្នុងទឹក​ដែល​មាន​សម្បក​រឹង​ ប្រភេទ​គ្រំ​ ងាវ​ និង​ លៀស​ជាដើម​ ព្រោះ​អាច​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ទាំង​ម្តាយ​ និង​ទារក​ក្នុង​គភ៌​ដែល​នឹងអាច​ឆ្លង​មេរោគ​បាក់តេរី​លិ​ស្តេ​រី​បាន​។4- បើស្ត្រី​មានគភ៌​ពិបាក​ជាមួយនឹង​អាការ​ក្អួតចង្អោរ​ ចូរ​ទទួលទាន​មើម​ខ្ញី​ ព្រោះ​វា​អាច​ព្យាបាល​អាការ​ក្អួតចង្អោរ​បាន​ល្អ​ ដោយ​គ្រាន់​តែ​ហាន់​មើម​ខ្ញី​ស្រស់​ជា​ចំ​ណិ​តស្ដើង​ៗ ដាក់​ក្នុងទឹក​ក្តៅ​ឧណ្ហ​ៗខ្លាំង​ ហើយ​ក្រេប​ម្តង​បន្តិច​ៗឱ្យ​បាន​ញឹកញាប់​។
    5- ស្ត្រី​មានគភ៌​ត្រូវ​បាន​ទទួល​បរិមាណ​ Fluoride​ ឱ្យ​បាន​គ្រប់គ្រាន់​ ព្រោះ​វា​សំខាន់​ដល់​ការ​សាង​ធ្មេញ​របស់​កូនតូច​ក្នុង​ផ្ទៃ​៕

  • ចម្ការ​ម្នាស់​ទឹកឃ្មុំ​ កំពុង​ជួយ​ជំរុញ​ទីផ្សារ​ភេសជ្ជៈ​ទឹក​ផ្លែឈើ​របស់​សិប្បកម្ម​ក្នុង​ស្រុក​

    ចម្ការ​ម្នាស់​ទឹកឃ្មុំ​ កំពុង​ជួយ​ជំរុញ​ទីផ្សារ​ភេសជ្ជៈ​ទឹក​ផ្លែឈើ​របស់​សិប្បកម្ម​ក្នុង​ស្រុក​

    ដំណាំ​ម្នាស់​ ពិសេស​ម្នាស់​ទឹកឃ្មុំ​ ដោយសារតែ​វា​អាច​រស់​បាន​នៅក្នុង​តំបន់​ដែល​មាន​សីតុណ្ហភាព​មធ្យម​ពី​ 26​ ទៅ​ 28អង្សា​សេ​ ធ្វើ​ឱ្យ​ម្នាស់​ក្លាយជា​ដំណាំ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​ងាយស្រួល​ដាំ​ ដោយសារ​វា​លូតលាស់​លឿន​ និង​ឆាប់​ឱ្យ​ផល​ ដែល​បច្ចុប្បន្ន​ ខ្មែរយើង​មាន​បច្ចេកទេស​ដាំ​ម្នាស់​តែ​ក្នុងរយៈពេល​ 6ខែ​ ទៅ​ 7ខែ​ប៉ុណ្ណោះ​នឹង​ទទួល​បាន​ផល​ ហើយ​ដំណាំ​នេះ​កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំគ្នា​ដាំ​នៅ​គ្រប់​ខេត្ត​-ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​ និង​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ដែល​កំពុង​ត្រូវការ​ច្រើន​ផង​ដែរ​។

    កសិករ​ដាំ​ម្នាស់​ទឹកឃ្មុំ​ នៅ​ភូមិ​អូរឫស្សី​កណ្តាល​ ឃុំ​អូរឫស្សី​កណ្តាល​ ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង​ លោក​ សាយ​ ពន្លឺ​ករុណា​ បាន​ផ្តល់​បទ​សម្ភាស​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ “គ្រួសារ​ខ្ញុំ​ ចាប់ផ្តើម​ប្រកបរបរ​ដាំ​ម្នាស់​អស់​រយៈពេល​ 10ឆ្នាំ​មក​ហើយ​ ដោយ​បាន​ដាំដុះ​នៅ​លើ​ផ្ទៃដី​ចំនួន​ 15ហិ​កតា​ ប៉ុន្តែ​បច្ចុប្បន្ន​នៅសល់​តែ​ 2ហិ​កតា​ប៉ុណ្ណោះ​ ដោយសារ​ខ្ញុំ​បាន​បង្វិលទុន​ធ្វើ​សិប្បកម្ម​ ផលិត​ភេសជ្ជៈ​ទឹក​ផ្លែ​ម្នាស់​វិញ​”។

    ថ្វី​ដ្បិតតែ​កសិករ​ដាំ​ម្នាស់​រូប​នេះ​បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ការងារ​សិប្បកម្ម​ផលិត​ទឹក​ផ្លែ​ម្នាស់​ក៏ដោយ​ ក៏​លោក​នៅតែ​អាច​ប្រាប់​ពី​បច្ចេកទេស​ដាំដុះ​ម្នាស់​ ដែល​លោក​ធ្លាប់​មាន​បទ​ពិសោធ​ច្រើន​បង្គួរ​ពី​ដំណាំ​ផ្លែឈើ​មួយ​នេះ​ដែរ​។ លោក​ថា​៖“ម្នាស់​ 1ហិ​កតា​ ខ្ញុំ​អាច​ដាំ​បាន​ចន្លោះ​ពី​ 36,000កូន​ ទៅ50,000កូន​ តែ​បច្ចុប្បន្ន​ខ្ញុំ​ដាំ​បាន​ត្រឹមតែ​ 40.000កូន​ប៉ុណ្ណោះ​ (នៅ​តំបន់​ខ្លះ​មាន​ដង់ស៊ីតេ​ដាំ​ប្រមាណ​ជា​ 55,000កូន​ក្នុង​ 1ហិ​កតា​)ដោយ​លើក​ជា​រង​ចន្លោះ​ពី​ 1.2ម៉ែត្រ​ ទៅ1.5ម៉ែត្រ​ពីគ្នា​ ហើយ​ដាំ​ឃ្លាត​គ្នា​ពី​ 1ដើម​ទៅ​ 1ដើម​ចម្ងាយ​ពី​ 2.5តឹក​ទៅ​ 3តឹក​។

    ក្នុង​ម្នាស់​មួយ​ដើម​ផ្តល់​ផល​តែ​ 1ផ្លែ​ប៉ុណ្ណោះ​ដែល​មាន​ទម្ងន់​ចាប់ពី​ 1គីឡូ​ ទៅដល់3គីឡូក្រាម​ ទៅ​តាម​ផ្លែ​តូច​ ឬផ្លែ​ធំ​ ហើយ​លក់​ក្នុង​តម្លៃ​បោះ​ដុំ​បាន​ 3,500រៀល​ តែ​អ្នក​ប្រមូល​ទិញ​អាចយ​កទៅ​លក់​នៅក្នុង​ទីផ្សារ​បាន​ 5,000រៀល​ទៅ​ 6,000ក្នុង​ 1គីឡូក្រាម​។

    លោក​ ករុណា​ បាន​មានប្រសាសន៍​ថា​៖“ដើម​ម្នាស់​គេ​អាច​បណ្តុះ​ដោយ​គ្រាប់​(គ្រាប់​ម្នាស់​នៅក្នុង​ភ្នែកម្នាស់​) រួច​យកកូន​ទៅ​ដាក់ដាំ​ ឬអាច​ដាំ​ដោយ​ដើម​ម្នាស់​ដែល​នៅ​ខាងចុង​ផ្លែ​ ឬខ្នែង​ដែល​នៅ​លើ​ដើម​ម្នាស់​ក៏បាន​។ បច្ចេកទេស​ដាំ​ម្នាស់​បច្ចុប្បន្ន​ គេ​ប្រើ​រយៈពេល​តែ​ 6ខែ​ទៅ​ 7ខែ​ប៉ុណ្ណោះ​ គឺ​អាច​ឱ្យ​វា​ចេញ​ផ្លែ​(ក្ដិ​ប)បាន​ហើយ​ និង​បន្ត​ពីនោះ​ត្រឹមតែ​ 2-3ខែ​ទៀត​ផ្លែ​ម្នាស់​នឹង​ទុំ​ និង​អាច​ប្រមូល​ផល​បាន​ហើយ​។ ខុសពី​មុន​ដែល​ចាប់ពី​ពេល​ដាក់ដាំ​លើកដំបូង​រហូតដល់​ពេល​ប្រមូល​ផល​ត្រូវ​ចំណាយពេល​ 12ខែ​”។

    លោក​ថា​ កន្លងមក​ទីផ្សារ​លក់​ចេញ​ គឺ​ម្នាស់​មិន​មានការ​លំបាក​នោះ​ទេ​ ដោយ​លោក​បាន​ដាក់​លក់​ឱ្យ​អ្នកទេសចរ​ ដែល​ធ្វើដំណើរ​ទៅលេង​ខេត្ត​រតនគីរី​ និង​ខេត្ត​ស្ទឹងត្រែង​ ក៏អាច​លក់​អស់​ប្រមាណ​ជា​ 70​% ទៅ​ 80​%ដែរ​ និង​មួយចំនួន​ទៀត​ យើង​ផ្គត់ផ្គង់​ទៅ​ឱ្យ​ទីផ្សារ​បន្លែ​ធម្មជាតិ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

    ដំណាំ​ម្នាស់​គេ​អាច​ដាំ​បាន​គ្រប់​រដូវ​ មិនថា​រដូវវស្សា​ ឬរដូវប្រាំង​នោះ​ទេ​ សំខាន់​ឱ្យ​តែ​មាន​ទឹក​ស្រោច​ប៉ុន្តែ​កសិករ​ខាងលើ​បាន​អះអាង​ថា​ ដើម្បី​ឱ្យ​ដើម​ម្នាស់​លូតលាស់​បាន​ល្អ​ គេ​ច្រើន​ដាំ​នៅ​រដូវប្រាំង​ ហើយ​ស្រោចទឹក​ជាប់​ជាប្រចាំ​ ព្រោះ​ដើម​នឹង​លូតលាស់​បាន​ល្អ​ជាង​ដាំ​នៅ​រដូវវស្សា​ ព្រោះថា​ រដូវវស្សា​ភ្លៀង​ធ្លាក់​ច្រើនពេក​ ម្នាស់​មិនសូវ​លូតលាស់​ល្អ​ទេ​ ដូច្នេះ​ធ្វើ​ឱ្យ​ដំណាំ​នេះ​ក៏​មិនសូវ​ជា​ស្រួល​ក្នុង​ការថែទាំ​ប៉ុន្មាន​ដែរ​ ទាល់តែ​មាន​បទ​ពិសោធ​ទើប​អាច​ដាំ​បាន​ផល​ល្អ​ និង​អាស្រ័យ​លើ​ប្រភេទ​ពូជ​ និង​បច្ចេកទេស​ដាំដុះ​ទៀតផង​។ នេះ​បើ​តាម​អ្នកមាន​បទ​ពិសោធ​រូប​នេះ​បាន​បញ្ជាក់​។

    លោក​ ករុណា​ បានឱ្យ​ដឹង​ទៀត​ថា​ លោក​នៅ​សល់​ចម្ការ​ម្នាស់​ទឹកឃ្មុំ​ នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ 2ហិ​កតា​(1ហិ​កតា​ស្មើនឹង​ជាង​ 40,000ដើម​) ឬសរុប​ទៅ​ ប្រមាណ​ជាជាង​ 80,000ដើម​ ដែល​បច្ចុប្បន្ន​ផ្ទៃដី​ដាំ​ម្នាស់​របស់​លោក​ប៉ុនហ្នឹង​ មិន​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​សម្រាប់​សិប្បកម្ម​របស់​លោក​ទេ​ ព្រោះ​សិប្ប​កម​របស់​លោក​ត្រូវការ​ម្នាស់​ប្រមាណ​ជា​ 3តោន​ទៅ​ 5តោន​ក្នុង​ 1ថ្ងៃ​។

    ដោយឡែក​រឿង​តម្លៃ​ទឹក​ផ្លែ​ម្នាស់​នៅ​លើ​ទីផ្សារ​វិញ​ លោក​ករុណា​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖ “សិប្បកម្ម​ទឹក​ផ្លែ​ម្នាស់​ទឹកឃ្មុំ​របស់ខ្ញុំ​ អាច​ទទួល​ផលិត​បាន​ 2,500លីត្រ​ក្នុង​ 1ថ្ងៃ​ ហើយ​ក្នុង​ 1ខែ​សិប្បកម្ម​ខ្ញុំ​ផលិត​បាន​ចំនួន​ 150,000ដប​។ ឯតម្លៃ​លក់​បោះ​ដុំ​ គឺ​ក្នុង1ដប​ 4,000រៀល​ ឯអ្នកលក់​រាយ​អាច​លក់​បាន​តម្លៃ​ 5,000​ – 6,000រៀល​ក្នុង1ដប​”។

    លោក​ សាយ​ ពន្លឺ​ករុណា​ បាន​បញ្ជាក់​ទៀត​ថា​៖“សិប្បកម្ម​ទឹក​ផ្លែ​ម្នាស់​ទឹកឃ្មុំ​របស់ខ្ញុំ​កំពុង​ដំណើរការ​ចុះបញ្ជី​ហើយ​ ដោយមាន​ការជំរុញ​គាំទ្រ​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ និង​ក្រ​សួង​ឧស្ស​ហក​ម្ម​ និង​សិប្បកម្ម​ ព្រោះ​ការផលិត​របស់ខ្ញុំ​ ធ្វើឡើង​តាម​បច្ចេកទេស​មាន​ស្តង់​ដា​សុវត្ថិភាព​ ហើយ​ផ្លែ​ម្នាស់​ជា​វត្ថុធាតុដើម​ដែល​យក​មក​ប្រើ​ ក៏​ត្រូវ​ចម្រាញ់​ និង​ជា​ផ្លែ​ម្នាស់​ដែល​ដាំ​តាម​បច្ចេកទេស​ដែរ​ ទើប​មានការ​ទទួលស្គាល់​ពី​ក្រសួង​មន្ទីរ​”។

    លោក​ ករុណា​ បាន​បញ្ជាក់​ទៀត​ថា​៖ “បច្ចុប្បន្ន​ភេសជ្ជៈ​ម្នាស់​ទឹកឃ្មុំ​របស់ខ្ញុំ​ ត្រូវ​បាន​ផ្គត់ផ្គង់​ទៅ​ឱ្យ​ទីផ្សារ​នៅ​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​មាន​ដូចជា​ សៀមរាប​ បន្ទាយមានជ័យ​ និង​ប៉ោយប៉ែត​ និង​ដោយសារតែ​វា​មាន​តម្រូវការ​ច្រើន​ ទើប​យើង​ត្រូវការ​ផលិត​បន្ថែម​ ព្រោះ​យើង​ក៏​លក់​តាម​អន​ឡាញ​ដែរ​ ហើយក៏​មាន​អ្នកបញ្ជា​ទិញ​ និង​និយម​ចូលចិត្ត​ទទួលទាន​ច្រើន​ហើយ​ដែរ​”។

    លោក​បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ ទៀត​ថា​៖“ខ្ញុំ​ ក៏​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​បន្ថែម​ទៀត​ដែរ​ ជាពិសេស​ម្នាស់​ទឹកឃ្មុំ​នេះ​តែម្ដង​ ដើម្បី​ផ្គត់ផ្គង់​ដល់​សិប្បកម្ម​ភេសជ្ជៈ​របស់ខ្ញុំ​ដែល​កំពុង​មាន​តម្រូវការ​ខ្លាំង​ បច្ចុប្បន្ន​ខ្ញុំ​កំពុង​ពង្រីក​ការ​ដាំដំណាំ​ម្នាស់​ទឹកឃ្មុំ​នេះ​ឱ្យ​បាន​ 5ហិ​កតា​បន្ថែម​ទៀត​ ដែល​វា​នឹង​ហុច​ផល​នៅពេល​ខាងមុខ​”៕

  • ក្រុម​ខ្លាំង​ ​U18​ ​កម្ពុជា​ចាប់ផ្តើម​ហ្វឹកហាត់​ត្រៀម​ទាត់​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​Championship​ ​2019​

    ក្រុម​ខ្លាំង​ ​U18​ ​កម្ពុជា​ចាប់ផ្តើម​ហ្វឹកហាត់​ត្រៀម​ទាត់​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​Championship​ ​2019​

    ​កីឡាករ​ឈុត​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​កម្ពុជា​ចំនួន​ ​30រូប​ ​បាន​ចាប់ផ្តើម​ហ្វឹកហាត់​ហើយ​ ​នៅ​ទីលាន​ហ្វឹកហាត់​នៃ​សាលា​បាល់ទាត់​ជាតិ​បាទី​ ​ដើម្បី​ត្រៀម​លេង​ក្នុង​ពាន​យុវជន​អាយុ​ក្រោម19​ ​ឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី​ ​AFC​ ​U19​ ​Championship​ ​វគ្គ​ជម្រុះ​ដែល​កម្ពុជា​ធ្វើ​ជាម្​វាស់​ផ្ទះ​។​

    ​ការ​ហ្វឹកហាត់​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី6​ ​តុលា​ ​ឆ្នាំ2019​ ​ហើយនឹង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី14​ ​ខែ​ដដែល​ ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​ ​លោក​ ​Gyotoku​ ​Koji​។​ ​ពាន​ ​AFC​ ​U19​ ​Championship​ ​យុវជន​កម្ពុជា​បាន​ស្ថិតនៅ​ក្នុង​ពូល​ ​G​ ​ជាមួយ​ ​ថៃ​ ​ម៉ាឡេស៊ី​ ​ប្រ៊ុយណេ​ ​និង​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ហើយ​ការប្រកួត​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី2​ ​ដល់​ថ្ងៃទី10​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​៕​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លោក​ ​Gyotoku​ ​Koji​ ​គឺជា​គ្រូបង្វឹក​ដែល​ដឹកនាំ​ឈុត​ ​U18​ ​កម្ពុជា​មួយ​នេះ​ឱ្យ​យកឈ្នះ​ ​និង​ទម្លាក់​ថៃ​ ​វៀតណាម​កាលពី​ជាង​ ​2ខែមុន​នេះ​ក្នុង​ពានរង្វាន់​ ​AFF​ ​U18​ ​Championship​ ​នៅ​ប្រទេស​វៀតណាម​៕​


  • វាយ​ដល់​ ​5ទឹក​ ​ទើប​អេ​លី​ត​ ​ភក្ដី​អាច​បំបាក់​កីឡាករ​មីយ៉ាន់ម៉ា​បានសម្រេច​

    វាយ​ដល់​ ​5ទឹក​ ​ទើប​អេ​លី​ត​ ​ភក្ដី​អាច​បំបាក់​កីឡាករ​មីយ៉ាន់ម៉ា​បានសម្រេច​

    ​កីឡាករ​ ​អេ​លី​ត​ ​ភក្ដី​ ​សិស្ស​គុន​មក​ពី​ក្លិប​ឆ្មា​សសែន​សុខ​បាន​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី4​ ​ខែតុលា​ ​ឆ្នាំ2019​ ​នៅ​លើ​សង្វៀន​ ​WLC​ ​(​WORLD​ ​LEIWEI​ ​CHAMPIONSHIP​)​ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​។​

    ​ទោះ​នេះ​ជា​លើក​ទី1​ ​លើ​សង្វៀន​នេះ​មែន​ ​ក៏ប៉ុន្តែ​កីឡាករ​គុន​ខ្មែរ​ ​អេ​លី​ត​ ​ភក្ដី​ ​រូប​នេះ​បាន​ផ្តួល​កីឡាករ​ម្ចាស់ផ្ទះ​មីយ៉ាន់ម៉ា​ ​Shuklaine​ ​Min​ ​ក្នុង​ប្រភេទ​ទម្ងន់​ ​Light​ ​Welterweight​ ​(​63.5គីឡូក្រាម​)​ក្នុងទឹក​ទី5​។​

    ​គ្រាន់តែ​ចូល​ទឹក​ទី1​ ​ភ្លាម​ ​សិស្ស​គុន​មក​ពី​ក្លិប​ឆ្មា​សសែន​សុខ​បាន​ប្រើ​រន្ទះ​ជើង​ទាត់​ចូល​កញ្ជឹង​ក​របស់​ ​Shuklaine​ ​Min​ ​ធ្វើ​ឱ្យ​អាជ្ញា​កណ្ដាល​រាប់​ទៅលើ​កីឡាករ​ម្ចាស់ផ្ទះ​មីយ៉ាន់ម៉ា​នៅដើម​ទឹកតែ​ម្ដង​ ​តែ​យ៉ាងណា​ ​ភក្ដី​ ​មិន​អាច​ផ្ដួល​កីឡាករ​មីយ៉ាន់ម៉ា​ឱ្យ​សន្លប់​នៅ​ទឹក​ណាមួយ​បាន​ឡើយ​ ​ដោយ​បាន​ឈ្នះ​ត្រឹមតែ​ពិន្ទុ​ប៉ុណ្ណោះ​៕​



  • កីឡាករ​ដ៏​ល្អ​ម្នាក់​របស់​អ៊ី​រ៉់ង់​ ​ត្រូវ​បាន​ដកចេញ​ពី​ជម្រើស​ជា​តិ​ភ្លាម​ៗ​ ​ដោយសារ​បញ្ហា​របួស​

    កីឡាករ​ដ៏​ល្អ​ម្នាក់​របស់​អ៊ី​រ៉់ង់​ ​ត្រូវ​បាន​ដកចេញ​ពី​ជម្រើស​ជា​តិ​ភ្លាម​ៗ​ ​ដោយសារ​បញ្ហា​របួស​

    ​កាលពី​ថ្ងៃទី6​ ​ខែតុលា​ ​ឆ្នាំ2019​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន​ ​23រូប​ចុងក្រោយ​ ​សម្រាប់​ត្រៀម​ប្រកួត​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​2020​ ​ជាមួយនឹង​កម្ពុជា​នៅ​ថ្ងៃទី10​ ​ខែតុលា​ ​ឆ្នាំ2019​ ​នៅ​ទីក្រុង​តេ​អេ​រ៉ង់​ ​ប្រទេស​អ៊ីរ៉ង់​។​

    ​គួរ​ឱ្យ​ដឹង​ដែរ​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់​ ​គឺជា​ក្រុម​ដែល​ខ្លាំង​ជាងគេបង្អស់​ប្រចាំ​ទ្វីបអាស៊ី​ ​ដែល​បច្ចុប្បន្ន​កំពុងតែ​ឈរ​លើ​លេខ1​ ​ប្រចាំ​ទ្វីប​មួយ​នេះ​ ​ដោយសារ​សម្បូរទៅដោយ​កីឡាករ​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ ​ជាពិសេស​កីឡាករ​ដែល​លេង​នៅក្នុង​លី​ក​កំ​ពូល​ៗ​នៃ​ទ្វីបអឺរ៉ុប​។​ ​ក្នុង​នោះ​ដែរ​ ​កីឡាករ​ម្នាក់​ ​គឺ​ ​Alireza​ ​Jahanbakhsh​ ​ដែល​លេង​ឱ្យ​ក្រុម​ ​Brighton​ ​&​ ​Hove​ ​Albion​ ​នៅ​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​អង់គ្លេស​បែរជា​ត្រូវ​រង​របួស​ជង្គង់​ធ្វើ​ឱ្យ​រូបគេ​ត្រូវ​បាន​ដកចេញ​ពី​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជា​តិ​ភ្លាម​ៗ​តែម្ដង​។​

    ​កីឡាករ​ចំនួន​ ​23រូប​ដែល​ស្ថិត​ក្រោម​ការដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​ប៊ែលហ្ស៊ិ​ក​ ​លោក​ ​Marc​ ​Robert​ ​Wilmots​ ​ក្នុង​នោះ​រួមមាន​អ្នកចាំទី​ ​3នាក់​ ​ខ្សែការពារ​ ​8នាក់​ ​ខ្សែបម្រើ​ ​8នាក់​ ​និង​ខ្សែប្រយុទ្ធ​ ​4នាក់​ ​ហើយ​ក្នុងចំណោម​ ​23នាក់​នេះ​ ​មាន​ ​9នាក់​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្រៅប្រទេស​អ៊ីរ៉ង់​ ​ដូចជា​នៅ​កា​តា​ ​ប៊ែលហ្ស៊ិ​ក​ ​ព័រទុយហ្គាល់​ ​និង​រុស្ស៊ី​ជាដើម​៕​



  • ថ្ងៃ​ប្រកួត​ជាមួយ​អ៊ីរ៉ង់​ ​ទាំង​គ្រូបង្វឹក​ ​និង​អ្នកចាត់ការ​ក្រុម​គោព្រៃ​នឹង​បង្ហាញ​វត្តមាន​ទាំងអស់គ្នា​

    ថ្ងៃ​ប្រកួត​ជាមួយ​អ៊ីរ៉ង់​ ​ទាំង​គ្រូបង្វឹក​ ​និង​អ្នកចាត់ការ​ក្រុម​គោព្រៃ​នឹង​បង្ហាញ​វត្តមាន​ទាំងអស់គ្នា​

    ​កាលពី​ម្សិលមិញ​នេះ​ ​លោក​ ​Keisuke​ ​Honda​ ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​ហោះ​ទៅដល់​ទីក្រុង​តេ​អេ​រ៉ង់​នៃ​ប្រទេស​អ៊ឺ​រ៉ង់​ហើយ​ ​ដើម្បី​ដឹកនាំ​ក្រុមជម្រើសជាតិ​ប្រកួត​នៅ​ថ្ងៃទី10​ ​ខែតុលា​ ​ឆ្នាំ2019​ ​ក្នុង​វគ្គ​ជម្រុះ​ ​WORLD​ ​CUP​។​ ​វត្តមាន​របស់​លោក​កាន់តែ​បង្កើន​កម្លាំងចិត្ត​ដល់​កីឡាករ​របស់​ក្រុមជម្រើសជាតិ​កម្ពុជា​ទាំងអស់​បន្ថែម​ពីលើ​ការដឹកនាំ​ ​និង​ហ្វឹកហាត់​ពីសំណាក់​លោក​ ​Félix​ ​Dalmas​ ​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ភាគច្រើន​បាន​ធ្វើការ​ហ្វឹកហាត់​នៅ​កម្ពុជា​ ​តែ​ក្រោម​ការដឹកនាំ​របស់​លោក​ ​Félix​ ​Dalmas​ ​ម្នាក់​ប៉ុណ្ណោះ​ ​ខណៈ​ដែល​លោក​ ​Keisuke​ ​Honda​ ​គ្រាន់តែ​បង្ហាញខ្លួន​ក្នុង​ការប្រកួត​ជា​ផ្លូវការ​មួយចំនួន​របស់​ក្រុម​កម្ពុជា​តែប៉ុណ្ណោះ​ ​ក៏ប៉ុន្តែ​កីឡាករ​ភាគច្រើន​ហាក់​មាន​កម្លាំងចិត្ត​ខ្លាំង​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​លោក​ ​Keisuke​ ​Honda​៕​ ​


  • អ៊ីរ៉ង់​ ​នឹង​អនុញ្ញាត​ឱ្យ​នារី​ចូល​ទស្សនាការ​ប្រកួត​ជាមួយនឹង​កម្ពុជា​ ​តែ​ ​3,500នាក់​ប៉ុណ្ណោះ​

    អ៊ីរ៉ង់​ ​នឹង​អនុញ្ញាត​ឱ្យ​នារី​ចូល​ទស្សនាការ​ប្រកួត​ជាមួយនឹង​កម្ពុជា​ ​តែ​ ​3,500នាក់​ប៉ុណ្ណោះ​

    ​ដើម្បី​ឆ្លើយតប​នឹង​ការណែនាំ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ ​ប្រទេស​អ៊ីរ៉ង់​បានសម្រេច​ចិត្ត​បើកទ្វារ​ឱ្យ​នារី​ជនជាតិ​អ៊ីរ៉ង់​អាច​ចូល​ទស្សនាការ​ប្រកួត​បាល់ទាត់​បាន​ដោយ​ផ្ទាល់​នៅក្នុង​កីឡដ្ឋាន​ ​ដោយ​អនុញ្ញាត​ឱ្យ​ត្រឹមតែ​ ​3,500នាក់​ប៉ុណ្ណោះ​ ​សម្រាប់​ការប្រកួត​មួយ​នេះ​។​

    ​ការប្រកួត​ជាមួយនឹង​កម្ពុជា​ ​នៅ​ថ្ងៃទី10​ ​ខែតុលា​ ​ខាងមុខនេះ​ ​ម្ចាស់ផ្ទះ​អ៊ីរ៉ង់​ ​គ្រោង​នឹង​ប្រើប្រាស់​កីឡដ្ឋាន​ដ៏​ធំជាង​គេ​បង្អស់​នៃ​ទីក្រុង​តេ​អេ​រ៉ង់​ ​ប្រទេស​អ៊ឺ​រ៉ង់​ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​ដល់ទៅ​ ​1សែន​នាក់​ឯណោះ​។​ ​ទោះជាយ៉ាងណា​ក្តី​ ​តំបន់​ដែល​មាន​កៅអី​ ​3,500កន្លែង​សម្រាប់​នារី​នេះ​ ​ត្រូវ​បាន​គេ​រៀបចំ​ដាក់​នៅ​ឱ្យ​ឆ្ងាយ​ពី​តំបន់​ទូទៅ​ដែល​មាន​បុរស​ទស្សនា​ច្រើន​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កាលពី​ថ្ងៃទី6​ ​ខែតុលា​ ​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់​ ​បាន​ប្រកាស​ដាក់​លក់​សំបុត្រ​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​នារី​អ៊ីរ៉ង់​ចូល​ទស្សនាការ​ប្រកួត​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​2022​ ​នៅ​កីឡដ្ឋាន​ក្នុង​ប្រទេស​នេះ​ចំនួន​ ​3,500សន្លឹក​។​

  • សហព័ន្ធ​បាល់ទាត់​កម្ពុជា​ដាក់​លក់​សំបុត្រ​ការប្រកួត​ជាមួយ​អ៊ីរ៉ាក់​ ​ថ្ងៃនេះ​ហើយ​!​ ​

    សហព័ន្ធ​បាល់ទាត់​កម្ពុជា​ដាក់​លក់​សំបុត្រ​ការប្រកួត​ជាមួយ​អ៊ីរ៉ាក់​ ​ថ្ងៃនេះ​ហើយ​!​ ​

    ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​កំពុងតែ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជាមួយនឹង​អ៊ីរ៉ង់​ ​មុននឹង​ហោះ​ត្រឡប់​មក​កម្ពុជា​វិញ​ត្រៀមខ្លួន​ទទួល​ក្រុម​អ៊ីរ៉ាក់​ ​នៅ​ថ្ងៃទី15​ ​ខែតុលា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ហើយ​នៅ​ថ្ងៃនេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​បាន​ដាក់​លក់​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់​ពី​ការប្រកួត​នេះ​ហើយ​។​

    ​ការប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង​អ៊ីរ៉ាក់​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នៅ​ថ្ងៃអង្គារ​ ​ទី15​ ​ខែ​ហ្នឹង​ ​ចាប់ពី​ម៉ោង6​ ​និង​ ​30នាទី​ល្ងាច​តទៅ​ ​ព្រមទាំង​មានការ​ផ្សាយបន្តផ្ទាល់​ដោយ​ស្ថានីយ​ទូរទស្សន៍​ ​ប៊ី​ធី​វី​ ​ទៀតផង​។​ ​សំបុត្រ​ចូលរួម​ទស្សនា​ត្រូវ​បាន​បែកចែក​ជា​ ​2ប្រភេទ​ ​ដោយ​ប្រភេទ1​ ​ស្ថិតនៅ​តំបន់​គ្មាន​ដំបូល​ ​តម្លៃ​ ​5ពាន់​រៀល​ ​និង​តំបន់​មាន​ដំបូល​តម្លៃ​ ​1ម៉ឺន​រៀល​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ម្សិលមិញ​នេះ​ ​សហព័ន្ធ​កី​ឡ​បាល់ទាត់​កម្ពុជា​ ​បាន​ប្រកាស​ដាក់​លក់​សំបុត្រ​ ​ការប្រកួត​ ​FIFA​ ​WORLD​ ​CUP​ ​Qatar​ ​2022​ ​វគ្គ​ជម្រុះ​ ​Preliminary​ ​Qualification​ ​Round​ ​2​ ​សម្រាប់​ថ្ងៃទី15​ ​ខែតុលា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​នៅ​ថ្ងៃទី7​ ​ខែតុលា​នេះ​ហើយ​ ​ដោយ​បាន​ដាក់​លក់​ចាប់ពី​ម៉ោង​ ​9ព្រឹកមិញ​នេះ​តទៅ​៕​