Category: សង្គម និងសេដ្ឋកិច្ច

  • ហេតុ​អី​ត្រូវ​ទៅ​ពិនិត្យ​គភ៌​? បើ​មិនទៅ​ពិនិត្យ​គភ៌​ តើមាន​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​យ៉ាងណា​?

    ហេតុ​អី​ត្រូវ​ទៅ​ពិនិត្យ​គភ៌​? បើ​មិនទៅ​ពិនិត្យ​គភ៌​ តើមាន​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​យ៉ាងណា​?

    អនាគត​អ្នកម្ដាយ​ថ្មីថ្មោង​តែង​មានការ​នឹកសង្ស័យ​ថា​ ពេល​មានផ្ទៃពោះ​ តើ​ចាំបាច់​ប៉ុនណា​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ និង​បើ​មិនទៅ​ពិនិត្យ​ផ្ទៃពោះ​បាន​ឬទេ​? ទិញថ្នាំ​បំប៉ន​មក​ញ៉ាំ​ដោយខ្លួនឯង​បានទេ​? ព្រោះ​ពេលខ្លះ​មិន​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ពិនិត្យ​ផ្ទៃពោះ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​ និង​ស្ត្រី​មានគភ៌​ខ្លះ​អាង​ហេតុផល​ថា​ ពិបាក​ក្នុង​ការ​សុំច្បាប់​ឈប់​ពី​ការងារ​ជាដើម​។ល។ តែ​ស្ត្រី​មានគភ៌​ទាំងឡាយ​ដឹង​ទេ​ថា​ បើ​មិនបាន​ទៅ​ពិនិត្យ​គភ៌​ នឹង​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ខ្លាំង​ណាស់​… សេចក្ដី​លម្អិត​មាន​ដូច​ខាងក្រោម​នេះ​៖

    4ហេតុ​ផលល្អៗ​ថា​ ហេតុ​អី​ត្រូវ​ទៅ​ពិនិត្យ​គភ៌​?
    1. ពេល​អនាគត​អ្នកម្ដាយ​ទៅ​ពិនិត្យ​គភ៌​អ្នកម្ដាយ​នឹង​បានដឹង​ពី​ព័ត៌មាន​ និង​ការណែនាំ​ក្នុង​ការប្រតិបត្តិ​ខ្លួន​ក្នុង​អំឡុង​ពេល​មានគភ៌​ រហូតដល់​រយៈពេល​ក្រោយ​ការ​ប្រសូត​ ដោយសារតែ​ក្នុងអំឡុងពេល​តាំង​គភ៌​ សរីរៈ​ និង​រាងកាយ​របស់​ស្ត្រី​មានគភ៌​មាន​ការប្រែប្រួល​ច្រើន​។ ស្ត្រី​មានគភ៌​លើកដំបូង​មួយ​ចំនួន​អាច​នឹង​មិន​យល់​ និង​កើតក្ដី​កង្វល់​ជាមួយ​នឹង​ការប្រែប្រួល​ទាំងនោះ​ ដូច្នេះ​គ្រូពេទ្យ​អ្នក​ពិនិត្យ​គភ៌​នឹង​ផ្ដល់​ការណែនាំ​ក្នុង​រឿង​ផ្សេង​ៗទាំងនោះ​បាន​យ៉ាង​ល្អ​។

    2. នៅក្នុង​ការពិនិត្យ​គភ៌​ ស្ត្រី​មានផ្ទៃពោះ​នឹង​បាន​ទទួលការ​វាយតម្លៃ​យ៉ាង​លម្អិត​អំពី​ឱកាស​កើត​សភាវ​ជ្រៀតជ្រែក​ពី​ជំងឺ​ផ្សេង​ក្នុង​ខណៈ​តាំង​គភ៌​ ហើយ​ក្នុងករណី​ដែល​ស្ត្រី​មានគភ៌​មាន​ភាព​ប្រថុយប្រថាន​ខ្ពស់​ក្នុង​ការ​កើតមាន​សភាវ​ជ្រៀតជ្រែក​នេះ​ គ្រូពេទ្យ​អ្នកពិនិត្យ​គភ៌​នឹង​អធិប្បាយ​ និង​ណែនាំ​វិធី​ក្នុង​ការ​ការពារ​សភាវ​ផ្សេង​ៗទាំងនោះ​ទៀតផង​។

    3. សម្រាប់​ស្ត្រី​ដែល​មាន​រោគ​ ឬសភាវ​ជ្រៀតជ្រែក​ពី​ជំ​ងឺ​ផ្សេង​ៗកើតឡើង​ក្នុង​ខណៈ​មានផ្ទៃពោះ​ ការពិនិត្យ​គភ៌​គឺជា​រឿង​សំខាន់​ និង​ចាំបាច់​បំផុត​។ តើ​ស្ត្រី​ទាំងឡាយ​ជ្រាប​ដែរ​ឬទេ​ថា​ មាន​ជំងឺ​មួយចំនួន​ដែល​ភាព​ធ្ងន់ធ្ងរ​របស់​វា​នឹង​កើន​ខ្លាំង​ឡើង​ក្នុង​ខណៈ​ដែល​អ្នកមាន​ផ្ទៃពោះ​ ដែល​វា​នឹង​ហុច​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ម្ដាយ​ និង​កូនតូច​ក្នុង​ផ្ទៃ​ ដូច្នេះ​ក្នុង​ការពិនិត្យ​គភ៌​ គ្រូពេទ្យ​នឹង​មើលថែ​ទាំ​ និង​ផ្ដល់​ការ​រក្សា​ព្យា​បាល​ផ្សេង​ៗដែល​កើតឡើង​ពេញ​មួយរយៈពេល​នៃ​ការ​មានផ្ទៃពោះ​របស់​អ្នក​។

    4. ហេតុផល​ចុងក្រោយ​ដែល​ស្ត្រី​មានផ្ទៃ​ពោះ​គួរតែ​ទៅ​ពិនិត្យ​គភ៌​នោះ​គឺ​ ដើម្បី​ឱ្យ​ទាំង​ម្ដាយ​(ខ្លួនឯង​) និង​កូនតូច​ក្នុង​ផ្ទៃ​មាន​សុខភាព​រឹងមាំ​ឥត​ខ្ចោះ​ ប្រាសចាក​រោគ​ភ័យ​ និង​សភាវ​ជ្រៀត​ជ្រែ​កអ្វី​ៗទាំងអស់​ហ្នឹងឯង​។

    អនាគត​ស្ត្រីជា​ម្ដាយ​មួយចំនួន​អាច​នឹង​មាន​អារម្មណ៍​កង្វល់​អំពី​រឿង​ការពិនិត្យ​ផ្ទៃពោះ​នេះ​ មិនដឹង​ថា​នឹង​ទៅ​ពិនិត្យ​នៅ​ទីណា​? ទៅ​ហើយ​ ត្រូវ​ធ្វើអ្វី​ខ្លះ​? គ្រូពេទ្យ​ និង​អ្នកជំនួយ​ការ​គ្រូពេទ្យ​នឹង​ស្ដីបន្ទោស​ឬអត់​? ត្រូវ​ជោះ​ឈាម​យក​ទៅ​ពិនិត្យ​ច្រើនដង​អត់​?-ល- ដូច្នេះ​ពេលនេះ​ ឡា​រ៉ែ​នសូម​ប្រាប់​ទៅចុះ​ថា​ កុំទៅ​ព្រួយ​កង្វល់​ធ្វើ​អី​ ចូរ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឱ្យ​បាន​ទៀងទាត់​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​ ដើម្បី​កូន​ជាទីស្រឡាញ់​របស់​អ្នក​…៕

  • ការ​តាំងចិត្ត​ និង​ការគ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​ ជា​បច្ច័យ​ដែល​ធ្វើ​ឱ្យ​សិស្ស​ភាគច្រើន​បាន​និទ្ទេស A​

    ការ​តាំងចិត្ត​ និង​ការគ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​ ជា​បច្ច័យ​ដែល​ធ្វើ​ឱ្យ​សិស្ស​ភាគច្រើន​បាន​និទ្ទេស A​

    ទទួល​បាន​និទ្ទេស A​ គឺជា​មោទកភាព​ដ៏​ធំ​មួយ​សម្រាប់​សិស្សានុសិស្ស​ដែល​បាន​ខិតខំ​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​កម្រិតមធ្យម​សិក្សា​។ ហើយ​វា​ជា​ចំណុច​ដ៏​សំខាន់​ដែល​បង្ហាញ​ពី​ចំណុច​ចាប់ផ្តើម​ដ៏​វិជ្ជមាន​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​ជាមួយនឹង​ឱកាស​យ៉ាងច្រើន​សម្រាប់​អនាគត​។

    ដើម្បី​ទទួល​បាន​និទ្ទេស A​ សិស្ស​ឆ្នើម​ជាច្រើន​បាន​បង្ហាញ​វិធី​សា​ស្ត្រប្លែ​កៗ​ពីគ្នា​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការរស់នៅ​ ទេពកោសល្យ​ផ្ទាល់ខ្លួន​ និង​បរិស្ថាន​នៃ​ការអប់រំ​។ នៅក្នុងចំណោម​វិធីសាស្ត្រ​ល្អ​ៗជាច្រើន​ដែល​សិស្ស​និទ្ទេសA​ បាន​លើកឡើង​ មាន​ចំណុចរួម​មួយ​ដែល​ពួកគេ​សុទ្ធតែ​មាននៅ​ក្នុង​ខ្លួន​ គឺ​ការ​តាំងចិត្ត​ និង​ការគ្រប់គ្រង​ខ្លួនឯង​បាន​។

    យុវ​សិស្ស​ ហុង​ រស្មី​មរកត​ សិស្ស​ឆ្នើម​និទ្ទេស A​ ឆ្នាំ​សិក្សា​ 2018​-2019​ មក​ពីសា​លា​រៀ​នវេស្ទ​ឡា​ញន៍​ បាន​លើកឡើង​ថា​ ប្រសិនបើ​ចង់​ទទួល​បាន​និទ្ទេស​ល្អ​ប្រសើរ​ក្នុង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ បេក្ខជន​ទាំងអស់​ចាំបាច់​ត្រូវ​ដឹងខ្លួន​ឯង​ឱ្យ​ច្បាស់​ថា​ និទ្ទេស​អ្វី​ដែល​យើង​ចង់​ឃើញ​នៅក្នុង​ពេល​ប្រកាស​លទ្ធផល​។ គ្រាន់តែ​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ចូល​ថ្នាក់​ទី12​ ភ្លាម​ យើង​ត្រូវ​តាំងចិត្ត​ឱ្យ​បាន​មុតមាំ​ភ្លាម​ថា​ យើង​ត្រូវតែ​យក​និទ្ទេស​ល្អ​ឱ្យ​បាន​។ កន្លងមក​មាន​សិស្ស​ជាច្រើន​មិន​ហ៊ាន​ដាក់​គោលដៅ​យក​និទ្ទេស​ A នោះ​ទេ​ ព្រោះ​ពួកគេ​យល់ឃើញ​ថា​ វា​ជា​រឿង​ធំ​ខ្លាំងពេក​សម្រាប់​ទៅ​ឱ្យ​ដល់​ តែ​តាមពិត​ទៅ​ ប្រសិនបើ​យើង​ខិតខំ​ប្រឹងប្រែង​ពេញ​ 1ឆ្នាំ​ យើង​អាចយ​កបាន​…។

    យុវតី​ ហុង​ រស្មី​មរកត​ បាន​និយាយ​ថា​៖ “ការ​តាំងចិត្ត​ជា​រឿង​សំខាន់​បំផុត​ដែល​យើង​ត្រូវ​មាននៅ​ក្នុង​ជីវិត​។ ប្រសិនបើ​ចង់បាន​និទ្ទេស A​ វា​មិនមែន​ជា​រឿង​ងាយស្រួល​ពេក​នោះ​ទេ​ តែ​វា​ក៏​មិន​លំបាក​ខ្លាំង​រហូតដល់​យក​មិនបាន​ដែរ​ ឱ្យ​តែ​មានការ​តស៊ូ​ និង​មាន​វិន័យ​ច្បាស់លាស់​ នោះ​យើង​នឹងអាច​ជម្នះ​ឧបសគ្គ​នានា​ដើម្បី​សម្រេច​បាន​នូវ​និទ្ទេស​ដែល​យើង​ប្រាថ្នា​មិនខាន​”។

    សិស្ស​ឆ្នើម​និទ្ទេស A​ ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ នៅពេល​ដែល​យើង​មានការ​តាំងចិត្ត​ខ្ពស់​ នោះ​យើង​នឹង​មាន​ឆន្ទៈ​ធំ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​។

    ឆន្ទៈ​ និង​ក្តី​ស្រមៃ​នេះ​ហើយដែល​ជំរុញ​ទឹកចិត្ត​យើង​ឱ្យ​ឈ្នះ​ការ​អូសទាញ​នៃ​ភាព​ខ្ជីខ្ជា​ និង​ភាព​ខ្ជិលច្រអូស​ ដែល​នេះ​ជា​បច្ច័យ​ដ៏​សំខាន់​នាំ​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការសិក្សា​។ យុវតី​ រស្មី​មរកត​ បាន​បន្ថែម​ទៀត​ថា​ ដើម្បី​រក្សា​ឱ្យ​គំនិត​ស្រឡះ​ល្អ​ និង​ទទួល​បាន​ជោគជ័យ​ដោយ​ភាព​រីករាយ​ សិស្សានុសិស្ស​គួរ​កុំ​ដាក់​សម្ពាធ​ខ្លាំងពេក​ក្នុង​ការសិក្សា​។ សិស្ស​គួរ​កុំ​ផ្តោត​តែ​លើ​ការ​ប្រឡង​បាក់ឌុប​ ហើយ​គិតថា​ វា​លំបាក​ខ្លាំង​ និង​ងប់ងុល​ជាមួយនឹង​ការ​បង្ខំខ្លួន​ឯង​ឱ្យ​ខំរៀន​ជ្រុល​ហួសហេតុ​ពេក​។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​ព្យ​យាម​កាត់​បន្ថយ​ស្ត្រេស​ និង​តាមដាន​អារម្មណ៍​របស់​ខ្លួនឯង​ផង​ដែរ​។ នៅពេល​យើង​ធ្វើលំ​ហាត់​លំបាក​ខ្លាំង​ ឬនៅ​ពេល​ស្ត្រេស​ពេក​ យើង​មិន​គួរ​បង្ខំខ្លួន​ឯង​ឱ្យ​ខំ​ហួសពី​សមត្ថភាព​នោះ​ទេ​ អ្វី​ដែល​គួរ​ធ្វើ​ គឺ​កត់​លំហាត់​ដែល​ពិបាក​នោះ​ទុក​យក​ទៅ​សួរ​គ្រូ​ ឬស្រាវជ្រាវ​នៅពេល​ក្រោយ​ ហើយ​អាច​បង្វែរ​អារម្មណ៍​ទៅ​ធ្វើអ្វី​ផ្សេង​ដែល​ចិត្ត​យើង​ចង់​ធ្វើវិញ​ប្រសើរ​ជាង​។ ប្រសិនបើ​យើង​ចង់​មើលកុន​ ឬចង់​ចេញទៅ​ក្រៅ​ យើង​អាច​បណ្តោយ​ឱ្យ​អារម្មណ៍​រីករាយ​ខ្លះ​បាន​ ព្រោះ​ជោគជ័យ​ដែល​កើត​ចេញពី​សម្ពាធ​ខ្លាំងពេក​មិនល្អ​ប៉ុន្មាន​នោះ​ទេ​សម្រាប់​ជីវិត​ តែ​ត្រូវ​ចាំ​ផង​ដែរ​ថា​ យើង​ក៏​មិន​អាច​បណ្តែតបណ្តោយ​ខ្លាំងពេក​បាន​ដែរ​ ព្រោះ​បើ​យើង​ធូររលុង​ខ្លាំងពេក​ យើង​អាច​នឹង​បរាជ័យ​ក្នុង​ការសិក្សា​ក៏អាច​ថា​បាន​ដែរ​។

    យុវជន​ តៅ​ វិល្លៀម​ សិស្ស​ពូកែ​និទ្ទេស​ A ក្នុង​ឆ្នាំ​សិក្សា​ដូចគ្នា​នេះ​ដែរ​បាន​លើកឡើង​ថា​ គាត់​ធ្លាប់​ជា​សិស្ស​ខ្ជិល​ ហើយ​ញៀន​ជាមួយ​ការ​លេង​ទូរស័ព្ទ​ និង​ហ្គេម​ម្នាក់​ មុននឹង​ក្លាយជា​សិស្ស​និទ្ទេស​ A។ ដោយសារតែ​ការ​តាំងចិត្ត​ និង​មហិច្ឆតា​ដែល​បាន​កំណត់​សម្រាប់​ខ្លួនឯង​ យុវ​សិស្ស​រូប​នេះ​អាច​អូសទាញ​ខ្លួន​ឯង​បន្តិច​ម្តង​ៗពី​ភាព​ញៀន​លេង​ទូរស័ព្ទ​ មកស​ម្រេច​ក្តី​ស្រមៃ​បាន​ ព្រោះ​ខ្លួន​បាន​ដាក់​គោលដៅ​ថា​ ចង់បាន​និទ្ទេសA​ ឬ B។ ដំបូង​ឡើយ​ ការកំណត់​គោលដៅ​យក​និទ្ទេសA​ នេះ​ បាន​បង្កើត​ជា​សម្ពាធ​ដ៏​ច្រើន​ ព្រោះ​គ្រប់​គ្នា​គិតថា​ វា​ជា​រឿង​ធំ​ពេក​ តែ​ទោះជាយ៉ាងណា​ក្តី​ សិស្ស​ឆ្នើម​រូប​នេះ​នៅតែ​គិតថា​ គាត់​អាច​ទៅរួច​!។

    សិស្ស​ឆ្នើម​ តៅ​ វិល្លៀម​ និយាយ​ថា​៖ “មនុស្ស​ខ្លះ​គិតថា​ និទ្ទេស A​ មិន​សំខាន់​ពេក​ទេ​សម្រាប់​ថ្នាក់​សាកល​វិទ្យាល័យ​ តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​មើលឃើញ​ថា​ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ព្រោះ​ខ្ញុំ​ចាត់ទុកថា​ វា​ជា​សមិទ្ធផល​ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​តាំងពី​តូច​របស់ខ្ញុំ​ ហើយ​ការ​ទទួល​បាន​និទ្ទេស​ A ក៏​ជា​មោទកភាព​មួយ​ផង​ដែរ​ចំពោះខ្លួន​ខ្ញុំ​ផ្ទាល់​ គ្រួសារ​ សាលា​ និង​សង្គម​”។

    សិស្ស​ឆ្នើម​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ ក្រោយ​ពេលកំណត់​គោលដៅ​ច្បាស់លាស់​ហើយ​ រូបគេ​បាន​ប្រើប្រាស់​ឆន្ទៈ​នៃ​គោលដៅ​នោះ​ធ្វើជា​វិធី​ដើម្បី​ជម្នះ​ខ្លួនឯង​។ គាត់​ដឹង​ច្បាស់​ថា​ ប្រសិនបើ​នៅតែ​ជក់​ជាមួយនឹង​ទូរស័ព្ទ​ខ្លាំង​ទៀត​ ក្តី​ស្រមៃ​របស់​គេ​នឹង​មិន​អាច​ក្លាយជា​ការពិត​បាន​ឡើយ​ ហេតុនេះ​រូបគេ​ក៏​បង្កើត​វិន័យ​លើ​ខ្លួនឯង​ឡើង​ ដោយ​នឹង​មិន​ប៉ះ​ទូរស័ព្ទ​ឡើយ​ រហូត​ទាល់តែ​ធ្វើលំ​ហាត់​ ឬមើល​មេរៀន​ចប់​គ្រប់​ចំនួន​តាមដែល​ខ្លួន​គេ​បាន​កំណត់​។ ម្យ៉ាង​វិញទៀត​ នៅពេល​ខ្ជិល​ម្តង​ៗ យុវ​សិស្ស​ខាងលើ​បាន​ប្រើប្រាស់​អារម្មណ៍​នឹកដល់​ទឹកចិត្ត​គ្រូ​ដែល​ខំ​ចំណាយ​កម្លាំង​ងើប​មក​បង្រៀន​តាំងពី​ព្រលឹម​ ដើម្បី​ដុសខាត់​សមត្ថភាព​សិស្ស​មុន​ពេល​ប្រឡង​ ហេតុនេះ​ខ្លួន​គេ​ត្រូវតែ​ខំ​ដើម្បី​ឱ្យ​ស្មើនឹង​អ្វី​ដែល​ជា​តម្លៃ​នៃ​ការ​លះបង់​ និង​ខិតខំ​របស់​គ្រូ​របស់​ខ្លួន​ដែរ​។ បន្ថែម​ពី​លើ​នេះ​ យុវ​សិស្ស​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​អភិវឌ្ឍ​សមត្ថភាព​បាន​ហើយ​ អ្វី​ដែល​ត្រូវ​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បាន​ គឺ​កុំ​ក្អេងក្អាង​ និង​មើលងាយ​ស្ថានការណ៍​ឱ្យ​សោះ​។ ហើយ​អ្វី​ដែល​គួរ​ពិចារណា​ផង​ដែរ​នោះ​គឺ​ មុន​ប្រឡង1ថ្ងៃ​ ចូរ​កុំឱ្យ​មាន​អ្វី​ជ្រុះ​ កុំឱ្យ​មាន​អ្វី​បាក់​ ឬកុំឱ្យ​មាន​បែក​របស់របរ​អ្វី​ឱ្យ​សោះ​ ព្រោះ​ពេល​ខ្លះ​ជំនឿ​ក៏អាច​នាំ​ឱ្យ​យើង​មាន​ជំនឿ​ចិត្ត​ និង​សំណាង​ល្អ​បាន​ដូចគ្នា​ដែរ​៕

  • ខ្លាំង​មែន​!​ ​ត្រឹម​ ​2ថ្ងៃ​ប៉ុណ្ណោះ​ ​សំបុត្រ​ប្រភេទ1​ ​ទស្សនាការ​ប្រកួត​វគ្គ​ជម្រុះ​ ​WORLD​ ​CUP​ ​ថ្ងៃទី15​ ​លក់​អស់​គ្មាន​សល់​

    ខ្លាំង​មែន​!​ ​ត្រឹម​ ​2ថ្ងៃ​ប៉ុណ្ណោះ​ ​សំបុត្រ​ប្រភេទ1​ ​ទស្សនាការ​ប្រកួត​វគ្គ​ជម្រុះ​ ​WORLD​ ​CUP​ ​ថ្ងៃទី15​ ​លក់​អស់​គ្មាន​សល់​

    ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ថា​ ​សំបុត្រ​សម្រាប់​ទស្សនាការ​ប្រកួត​ដោយ​ផ្ទាល់​រវាង​កម្ពុជា​ ​ជាមួយ​ក្រុម​ខ្លាំង​អ៊ីរ៉ាក់​ ​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​ចាប់ពី​ម៉ោង​ ​6​ ​និង30នាទី​ល្ងាច​តទៅ​នៅ​ថ្ងៃទី15​ ​ខែតុលា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​បាន​លក់​អស់ហើយ​សម្រាប់​សំបុត្រ​ប្រភេទ1​ ​ដែល​ជា​តំបន់​មាន​ដំបូល​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទើបតែ​បាន​ប្រកាស​ដាក់​លក់​សំបុត្រ​ទស្សនាការ​ប្រកួត​ ​FIFA​ ​WORLD​ ​CUP​ ​Qatar​ ​2022​ ​វគ្គ​ជម្រុះ​ ​Preliminary​ ​Qualification​ ​Round​ ​2​ ​កម្ពុជា​-​អ៊ឺ​រ៉ា​ក់​ ​កាលពី​ថ្ងៃទី7​ ​ខែតុលា​ប៉ុណ្ណោះ​ ​ដោយ​សំបុត្រ​បាន​ចាប់ផ្តើម​បើក​លក់​ចាប់ពី​ម៉ោង​ ​9ព្រឹក​តទៅ​ ​បើ​គិត​មកទល់​នឹង​ពេល​លក់​អស់នេះ​ ​គឺ​មិនទាន់​បាន​ ​3ថ្ងៃ​ស្រួលបួល​ផង​។​

    ​សម្រាប់​ថ្ងៃទី10​ ​ខែតុលា​ ​ឆ្នាំ2019នេះ​ ​ក្រុមជម្រើសជាតិ​គោព្រៃ​កម្ពុជា​កំពុងតែ​ស្ថិតនៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ​ដើម្បី​ត្រៀម​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង​លេខ1​ ​ប្រចាំ​ទ្វីបអាស៊ី​ ​អ៊ឺ​រ៉ង់​ ​នៅ​វេលា​ម៉ោង​ ​8​ ​និង20នាទី​នៅ​កម្ពុជា​ ​មុននឹង​ហោះ​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បី​ធ្វើការ​ប្រកួត​ជាមួយ​ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃទី15​ ​ខាងមុខនេះ​៕​


  • វគ្គ​ផ្តាច់ព្រ័ត្រ​ ​HUN​ ​SEN​ ​CUP​ ​ត្រូវ​ប្តូរ​ពី​ពហុ​កីឡដ្ឋាន​ជាតិ​ ​មក​ធ្វើ​នៅ​ ​RSN​ ​វិញ​

    វគ្គ​ផ្តាច់ព្រ័ត្រ​ ​HUN​ ​SEN​ ​CUP​ ​ត្រូវ​ប្តូរ​ពី​ពហុ​កីឡដ្ឋាន​ជាតិ​ ​មក​ធ្វើ​នៅ​ ​RSN​ ​វិញ​

    កាលពី​ពេល​កន្លងទៅ​នេះ​ ​គណៈកម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ ​បាន​ប្រកាស​ជូនដំណឹង​អំពី​ដល់​មហាជន​ ​ថា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​លើក​ទី13​ ​ប្រចាំឆ្នាំ2019​ ​នឹង​មិន​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចសព្វដង​ឡើយ​។​ ​មូលហេតុ​ដែល​លើក​ការប្រកួត​ទៅ​ធ្វើ​នៅ​ឯ​កីឡដ្ឋាន​ ​RSN​ ​ជំនួស​ឱ្យ​ពហុ​កីឡដ្ឋាន​ជាតិ​វិញ​នោះ​ ​គឺ​ដោយសារតែ​ពហុ​កីឡដ្ឋាន​ជាតិ​ត្រូវ​រៀបចំ​ការប្រកួត​វគ្គ​ជម្រុះ​ពាន​ ​AFC​ ​U19​ ​ពី​ថ្ងៃទី2​ ​ដល់ទី​ ​10​ ​ខែតុលា​។​



    ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​លើក​ទី13​ ​ប្រចាំឆ្នាំ2019​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី6​ ​ខែតុលា​ ​ឆ្នាំ2019​ ​វេលា​ម៉ាង​ ​6ល្ងាច​ ​នៅ​កីឡដ្ឋាន​ ​RSN​ ​ដោយ​មិន​មានការ​ប្រកួត​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ3ឡើយ​ ​ដោយសារតែ​ក្រុម​ដែល​ធ្លាក់​ទាំង2​ ​ចង់​ទុក​ពេល​ឱ្យ​កីឡាករ​របស់​ក្រុម​ខ្លួន​ទាំងអស់​មាន​ពេល​ច្រើន​ក្នុង​ការ​ហ្វឹកហាត់​ត្រៀម​ពាន​យុវជន​ ​AFC​ ​U19​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ប្រចាំ​ពូល​៕​


  • U​-​18​ ​សាលា​បាល់ទាត់​ជាតិ​បាទី​ ​ទទួល​បាន​សិទ្ធិ​ចូលរួម​លី​ក​កំពូល​ឆ្នាំក្រោយ​

    U​-​18​ ​សាលា​បាល់ទាត់​ជាតិ​បាទី​ ​ទទួល​បាន​សិទ្ធិ​ចូលរួម​លី​ក​កំពូល​ឆ្នាំក្រោយ​

    កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ប្រកាស​ថា​ ​សាលា​បាល់ទាត់​ជាតិ​បាទី​នឹង​ទទួល​បាន​សិទ្ធិ​ចូលរួម​លី​ក​កំពូល​កម្ពុជា​នៅ​រដូវ​កាល2020​ ​ខាងមុខនេះ​។​



    ​ចំពោះ​គម្រោង​មួយ​នេះ​ ​ត្រូវ​បាន​សហព័ន្ធ​បញ្ជាក់​ថា​ ​គឺ​ដើម្បី​ឱ្យ​កីឡាករ​ជា​យុវជន​មានឱកាស​លេង​បាន​ច្រើន​ជាមួយនឹង​ការប្រកួត​ ​ក៏ដូចជា​ការ​ផ្ស៊ាំ​នឹង​ការប្រកួត​ជាមួយនឹង​កីឡាករ​បរទេស​ដែល​លេង​នៅ​លី​ក​កំពូល​កម្ពុជា​ដែរ​។​

    ​គួរ​រំឭក​ដែរ​ថា​ ​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​ត្រូវ​បាន​ដាក់បញ្ចូល​ឱ្យ​ចូលរួម​ប្រកួត​ជាមួយនឹង​ក្រុម​អាជីព​នៅក្នុង​លី​ក​កំពូល​កម្ពុជា​ក្នុង​ឆ្នាំ2019​ ​កន្លងទៅ​នេះ​ ​ដោយ​ឈរ​នៅ​បាត​តារាង​ ​ព្រោះ​ធ្លាប់​ឈ្នះ​តែ​ ​1ប្រកួត​ ​មានតែ​ ​3ពិន្ទុ​តែប៉ុណ្ណោះ​ ​ក្នុង​ចំំំ​ណោម​ ​26ប្រកួត​៕​


  • ​ ​ជប៉ុន​ផ្តល់​ជំនួយ​ជាង​ ​40ម៉ឺន​ដុល្លារ​សម្រាប់​គម្រោង​បោសសម្អាត​មីន​ ​

    ​ ​ជប៉ុន​ផ្តល់​ជំនួយ​ជាង​ ​40ម៉ឺន​ដុល្លារ​សម្រាប់​គម្រោង​បោសសម្អាត​មីន​ ​

    ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(​ស៊ី​ម៉ាក់​)​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​សហប្រតិបត្តិ​ការ​ជា​ដៃគូ​ជាមួយ​អង្គការ​ ​ជេម៉ា​ស់​(​JMAS​)​របស់​ជប៉ុន​លើ​គម្រោង​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគមន៍​ ​តាមរយៈ​ការបោសសម្អាត​មីន​ដែល​មាន​ថវិកា​គាំទ្រ​គម្រោង​ជាង​ ​40ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល1ឆ្នាំ​។​

    ​ ​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ខាងលើ​នេះ​ ​មានការ​ចូលរួម​ពី​លោក​ ​ហេង​ ​រតនា​ ​អគ្គនាយក​ស៊ី​ម៉ាក់​ ​និង​លោក​ ​SUENAGA​ ​Noriyoshi​ ​ប្រធាន​អង្គ​ការ​ជេម៉ា​ស់​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​នៅ​ទីបញ្ជាការ​ស៊ី​ម៉ាក់​ភ្នំពេញ​ ​នា​រសៀល​ថ្ងៃទី7​ ​ខែតុលា​ ​ឆ្នាំ2019នេះ​។​

    ​ ​លោក​ ​ហេង​ ​រតនា​ ​អគ្គនាយក​ស៊ី​ម៉ាក់​បាន​បញ្ជាក់​ថា​ ​គម្រោង​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគមន៍​តាមរយៈ​ការបោសសម្អាត​មីន​ដែល​មាន​ថវិកា​គាំទ្រ​គម្រោង​ចំនួន​ ​401,650.27ដុល្លារ​សម្រាប់​រយៈពេល1ឆ្នាំ​ ​គិត​ពី​ថ្ងៃទី8​ ​ខែតុលា​ ​ឆ្នាំ2019​ ​ដល់​ថ្ងៃទី7​ ​ខែតុលា​ ​ឆ្នាំ2020​។​

    ​ ​លោក​អគ្គនាយក​ស៊ី​ម៉ាក់​បាន​បញ្ជាក់​ទៀត​ថា​ ​គម្រោង​នេះ​ស៊ី​ម៉ាក់​ផ្តោត​សំខាន់​ទៅលើ​ស្រុក​គោលដៅ​ចំនួន2​ ​គឺ​ស្រុក​ម៉ាឡៃ​ ​និង​ស្រុក​អូរជ្រៅ​ ​ដែល​ជាទី​តាំង​ប្រតិបត្តិ​ការ​របស់​គម្រោង​។​

    ​ ​ជំនួយឥតសំណង​ដែល​រាជរដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ជូន​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​នៅ​កម្ពុជា​ ​គឺ​ត្រូវ​បាន​ផ្ដល់​ឱ្យ​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន​ ​អង្គការ​ ​JMAS​ ​សម្រាប់​ ​«​គម្រោង​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគមន៍​ ​តាមរយៈ​ការបោសសម្អាត​មីន​ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​»​ ​(​ឆ្នាំទី3​)​។​

    ​ ​នៅក្នុង​គម្រោង​នេះ​ ​JMAS​ ​នឹង​ធ្វើការ​អភិវឌ្ឍ​លើ​បច្ចេកទេស​បោសសម្អាត​មីន​ដោយ​ប្រើ​ម៉ាស៊ីន​ដោះ​មីន​នៅ​តំបន់​ដែល​ពោរពេញ​ទៅ​ដោយ​គ្រាប់មីន​ ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ​(​UXOs​)​ ​នៅ​លាយឡំ​គ្នា​។​

    ​ ​ ​អង្គការ​នេះ​ក៏​នឹង​ផ្ទេរ​វិធី​សាស្រ្ត​បោសសម្អាត​មីន​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​សុវត្ថិភាព​ទៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(​CMAC​)​ ​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ ​និង​ពន្លឿន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឱ្យ​ដី​ប្រទេសជាតិ​មាន​សុវត្ថិភាព​៕​

  • ប្រទេស​ហូ​ឡង់​ ចូលរួម​ជំរុញ​កម្មវិធី​ផលិត​កម្ម​ស្រូវ​សរីរាង្គ​ RiceTechCambodia​

    ប្រទេស​ហូ​ឡង់​ ចូលរួម​ជំរុញ​កម្មវិធី​ផលិត​កម្ម​ស្រូវ​សរីរាង្គ​ RiceTechCambodia​

    គម្រោង​ឈ្មោះថា​“រ៉ៃ​ស៍​ថេ​កខេម​បូ​ឌា​” (RiceTechCambodia​) ជា​គម្រោង​ដែល​មាន​រយៈពេល​5ឆ្នាំ​ ដែល​ផ្ដួចផ្ដើម​ឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​ការ​ចិញ្ចឹមជីវិត​របស់​កសិករ​ខ្នាត​តូច​ ដោយ​ជួយ​ពួកគេ​ឱ្យ​ទទួល​បាន​វិញ្ញាបនបត្រ​ស្រូវ​សរីរាង្គ​បង្កើន​ផលិតភាព​ ពង្រឹង​ទិន្នផល​ស្រូវ​ និង​ធានា​ឱ្យ​បាន​តម្លៃ​ស្រូវ​ខ្ពស់​លក់​ក្នុង​ទីផ្សារ​អឺរ៉ុប​។

    លោក​ កាន់​ គន្ធី​ អគ្គនាយករង​ក្រុមហ៊ុន​ AmruRice​ បានឱ្យ​ដឹង​ថា​ គម្រោង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ហូ​ឡង់​ផ្ដល់​មូលនិធិ​ប្រមាណ​ 5លាន​ដុល្លារ​និង​ត្រូវ​វិនិយោគ​ទឹកប្រាក់​មួយចំនួន​ទៀត​ពី​ AmruRice​ តាម​ភាព​ជាក់ស្ដែង​។ គម្រោង​នេះ​នឹង​ផ្ដោត​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​ពង្រឹង​បច្ចេកទេស​ដល់​កសិករ​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ឃ្លាំង​ស្តុក​ឡសម្ងួត​ ម៉ាស៊ីន​កិនស្រូវ​នៅ​ស្រុក​កោះញែក​ ខេត្តមណ្ឌលគិរី​ ជា​គោលដៅ​សម្រាប់​អនុវត្ត​គម្រោង​។ ក្រៅពី​សហគមន៍​កសិករ​ ដៃគូ​គម្រោង​ផ្សេងទៀត​រួមមាន​ ក្រុមហ៊ុន​បញ្ជា​ទិញ​ Sanorice​ ក្រុមហ៊ុននាំចេញ​អង្ករ​ AmruRice​ អង្គការ​ Oxfam​ អង្គការ​ Larive​ International​ អង្គការ​អភិវឌ្ឍន៍​ និង​ភាពជា​ដៃគូ​ក្នុង​សង្គហភាព​។

    លោក​ កាន់​ គន្ធី​ បាន​បញ្ជាក់​ថា​៖“គម្រោង​នេះ​មាន​គោលដៅ​គ្របដណ្ដប់​កសិករ​ខ្នាត​តូច​ ដោយ​ក្នុង​នោះ​ រំពឹង​ថា​ស្រូវ​សរីរាង្គ​ប្រមាណ​ 2ម៉ឺន​តោន​ នឹង​ត្រូវ​បាន​ផលិត​ក្នុង​ 1ឆ្នាំ​ចេញពី​តំបន់​នៃ​គម្រោង​នេះ​។

    ទាក់ទិន​នឹង​ស្រូវ​សរីរាង្គ​នេះ​ លោក​បញ្ជាក់​ថា​ កន្លងមក​ក្រុមហ៊ុន​ AmruRice​ អាច​ប្រមូល​បាន​ស្រូវ​សរីរាង្គ​ប្រមាណ​ 2ម៉ឺន​តោន​ពី​ខេត្តព្រះវិហារ​ ដោយ​ក្នុង​ 1ឆ្នាំ​ក្រុមហ៊ុននាំចេញ​បាន​ជិត​ 1ម៉ឺន​តោន​អង្ករ​ ដែល​ស្មើនឹង​ជាង80​%នៃ​ការនាំចេញ​អង្ករ​សរីរាង្គ​សរុប​របស់​កម្ពុជា​ ហើយ​ការផលិត​ស្រូវ​ទាំងនេះ​ គឺ​ធ្វើជា​ម៉ូដែល​កសិកម្ម​តាម​កិច្ចសន្យា​”។ ​

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ដែល​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​គម្រោង​ រ៉ៃ​ស៍​ថេ​ក នេះ​ បាន​ថ្លែង​ថា​ នេះ​ជា​ការ​បោះជំហាន​មួយ​កម្រិត​ទៀត​ក្នុង​ការជំរុញ​ផលិតកម្ម​ស្រូវ​សរីរាង្គ​ និង​ការកែច្នៃ​ផលិតផល​ស្រូវ​សរីរាង្គ​ ជា​ផលិតផល​សម្រេច​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ក៏បាន​ឱ្យ​ដឹង​ថា​៖“គម្រោង​ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ស្រុក​កោះញែក​ គោលបំណង​គឺ​ដើម្បី​ឈាន​ដល់​កសិករ​ធ្វើ​ស្រូវ​ខ្នាត​តូច​ចំនួន​ 2,400គ្រួសារ​។ កសិករ​ចំនួន​ 1,300នាក់​នឹង​ទទួល​បានការ​បណ្តុះបណ្តាល​យ៉ាង​ទូលំទូលាយ​លើ​កសិកម្ម​សរីរាង្គ​ និង​ការអនុវត្ត​កសិកម្ម​ល្អ​ ខណៈ​ពេល​ដែល​ទទួល​បាន​កន្លែង​សម្ងួត​ស្តុក​ និង​រោងម៉ាស៊ីន​កិន​ដើម្បី​បង្កើន​គុណភាព​ផលិតផល​ស្រូវ​។ គម្រោង​ RiceTechCambodia​ នឹង​ជំរុញ​ផលិតកម្ម​ស្រូវ​សរីរាង្គ​ និង​ធ្វើ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​កេរ្តិ៍ឈ្មោះ​នៅ​បរទេស​ក្នុងនាម​ជា​អ្នក​ផលិត​អង្ករ​សរីរាង្គ​”។

    ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្តម​ វេង​ សា​ខុន​ បាន​បញ្ជាក់​អំពី​ស្ថានភាព​នៃ​ការប្រកួត​ប្រជែង​ក្នុង​វិស័យ​ស្រូវ​អង្ករ​យ៉ាង​ដូច្នេះ​ថា​៖“បច្ចុប្បន្ន​ ការប្រកួត​ប្រជែង​អង្ក​រស​ធម្មតា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​ភាព​តឹងតែង​ ពោល​គឺ​កម្ពុជា​ពិបាក​ដណ្ដើម​ទីផ្សារ​ជាមួយ​វៀតណាម​ ព្រោះ​ថ្លៃដើម​ផលិត​ និង​នាំចេញ​របស់​យើង​ថ្លៃជាង​គេ​ ដូច្នេះ​មានតែ​ការផលិត​ស្រូវ​អង្ករ​ក្រអូប​ និង​អង្ករ​គុណភាព​ខ្ពស់​ដូចជា​ អង្ករ​សរីរាង្គ​ និង​អង្ក​រស្ដង់​ដា​ Standard​ Rice​ Product​ SRP​ ប៉ុណ្ណោះ​ដែល​ជួយ​ឱ្យ​អង្ករ​កម្ពុជា​ល្បីឈ្មោះ​លើ​ទីផ្សារ​អន្តរជាតិ​”។

    លោក​ Robert​ Vreeman​ ប្រធាន​ក្រុមហ៊ុន​ SanoRice​ មានប្រសាសន៍​ដូច្នេះ​ថា​៖“យើង​ជំរុញ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ដោយ​អនុវត្ត​វិញ្ញាបនបត្រ​ស្រូវ​សរីរាង្គ​ និង​វិធីសាស្ត្រ​តាមដាន​ត្រួតពិនិត្យ​តាម​បែប​ទំនើប​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ដូចជា​ ប្លុក​ឆេន​ជាដើម​។ ការចូលរួម​ពី​SanoRice​ ក្នុង​គម្រោង​នេះ​ គឺ​ការធានា​ទំហំ​ស្រូវ​នាំចេញ​ និង​តម្លៃ​ខ្ពស់​ដល់​កសិករ​”។

    លោកស្រី​ លឹម​ សូ​លីន​ នាយិកា​អង្គការ​អុក​ស្វា​ម ដែល​ជា​ដៃគូ​ក្នុង​គម្រោង​នេះ​ដែរ​នោះ​ បាន​ជឿជាក់​ថា​ គម្រោង​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​កសិករ​។ លោកស្រី​ថ្លែង​បែបនេះ​ថា​៖“អង្គការ​អុក​ស្វា​មជឿជាក់​ថា​ កសិករ​ខ្នាត​តូច​សមនឹង​ទទួល​បានផល​ចំណេញ​សមរម្យ​ទៅ​នឹង​តម្លៃបន្ថែម​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​ស្រូវ​ ហើយ​ទាំងនេះ​អាច​សម្រេច​បាន​តាមរយៈ​ខ្សែ​សង្វាក់​ផលិតកម្ម​ប្រកបដោយ​បរិ​យា​ប័ន្នដែល​ជំរុញ​ដោយដៃ​គូ​ទាំងអស់​”។

    សូម​បញ្ជាក់​ថា​ RiceTechCambodia​ ដែល​ជា​គំនិត​ផ្តួចផ្តើម​ និង​ទុន​ 5លាន​ដុល្លារ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ប្រទេស​ហូ​ឡង់​នេះ​ត្រូវ​បាន​អនុម័ត​តាំងពី​ខែមិថុនា​ដោយ​ភាពជា​ដៃគូ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ Sustainable​ Development​ Goals​ (SDG​) ដែល​ចាត់ចែង​ដោយ​ក្រសួង​ការ​បរ​ទេ​សហូ​ឡង់​។

    លោក​ Thomas​ van​ Leeuwen​ ឯកអគ្គ​រដ្ឋទូត​រង​នៃ​ប្រទេស​ហូ​ឡង់​ប្រចាំ​នៅ​កម្ពុជា​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ទាំងអស់​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​ឱ្យ​បញ្ចូល​គ្នា​នូវ​បច្ចេកវិទ្យា​ និង​ការ​ខិតខំ​ដើម្បី​បន្ថែម​តម្លៃ​ដល់​អង្ករ​សរីរាង្គ​របស់​ប្រទេស​។ “តាមរយៈ​ការ​ធ្វើ​ដូច្នេះ​វា​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​អាច​ធានា​បាន​នូវ​ទីផ្សារ​អង្ករ​អន្តរជាតិ​។ យើង​រំពឹង​ថា​ គំនិត​ផ្តួចផ្តើម​នេះ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាពរស់នៅ​របស់​កសិករ​ខ្នាត​តូច​”។

    ប្រទេស​កម្ពុជា​ធ្លាប់​ជា​ប្រទេស​នាំចេញ​អង្ករ​សរីរាង្គ​ធំជាង​គេ​ទី​ 5 ទៅកាន់​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំមុន​។ យោង​តាម​តួលេខ​ពី​សហគមន៍​អឺរ៉ុប​ដែល​បាន​ចែករំលែក​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​នាំចេញ​អង្ករ​សរីរាង្គ​ចំនួន​ 8,467តោន​ទៅ​ប្លុក​មួយ​នេះ​កាលពី​ឆ្នាំមុន​ដែល​តំណាង​ឱ្យ​ 3.9​%នៃ​ការ​នាំចូល​អង្ករ​សរីរាង្គ​របស់​សហភាព​អឺរ៉ុប​។

    លោក​ឧកញ៉ា​ សុង​ សា​រ៉ន​ នាយក​ប្រតិបត្តិ​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ AmruRice​ បាន​លើកឡើង​ថា​៖“តួនាទី​របស់​កម្មវិធី​ក្នុង​ការ​លើកកម្ពស់​អង្ករ​កម្ពុជា​នៅ​បរទេស​ និង​ក្នុង​ការ​ជួយ​សហគមន៍​កសិកម្ម​ក្នុង​ស្រុក​។ វា​ក៏​នឹង​ជះ​ឥទិ្ធ​ពល​ខ្លាំង​ដល់​ជីវិត​កសិករ​ដែល​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​ការ​ប្រែក្លាយ​កសិករ​ទៅជា​អ្នក​ដាំដុះ​ដ៏​មាន​បទ​ពិសោធ​ក្នុង​ដំណាំ​អង្ករ​សរីរាង្គ​។ គោលបំណង​គឺ​អនុវត្ត​ខ្សែ​ចង្វាក់​តម្លៃ​ស្រូវ​ប្រកបដោយ​ការទទួលខុសត្រូវ​ប្រកបដោយ​ចីរភាព​ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​តម្រូវការ​ផ្គត់ផ្គង់​ជាមួយ​កសិករ​តូចតាច​ដែល​ជា​អ្នក​ពាក់ព័ន្ធ​ស្នូល​”៕

  • CVEA​ បង្ហាញ​កំណត់សម្គាល់​ និង​បទ​ពិសោធ​ដែល​បាន​ពី​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​

    CVEA​ បង្ហាញ​កំណត់សម្គាល់​ និង​បទ​ពិសោធ​ដែល​បាន​ពី​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​

    ចំណុច​សំ​ខាន់​ៗមួយចំនួន​ដែល​ជា​ប្រធានបទ​ទាក់ទិន​នឹង​អចលនទ្រព្យ​ ត្រូវ​បាន​ក្លាយជា​ បទ​បង្ហាញ​របស់​ប្រតិភូ​នៃ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​(CVEA​)ដែល​បាន​លើកយក​មក​ដើម្បី​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​អញ្ជើញ​ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំឆ្នាំ2019​ នៅ​ប្រទេស​ជប៉ុន​ ដើម្បី​បង្កើន​សក្តា​នុ​ពល​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​)បាន​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ខ្ញុំ​បាន​ត្រៀម​ធ្វើ​បទ​បង្ហាញ​ផ្ដោត​លើ​ប្រទេស​កម្ពុជា​ឱ្យ​អ្នក​វិនិយោគ​បរទេស​បាន​យល់ថា​ ហេតុអ្វី​កម្ពុជា​ត្រូវការ​ការ​វិនិយោគ​ និង​ក៏​ដើម្បី​បាន​ចាត់ទុកថា​ ការចូលរួម​នេះ​ គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ដែល​ត្រូវ​រៀនសូត្រ​ពី​បណ្ដា​ប្រទេស​រីកចម្រើន​លើ​ពិភពលោក​ ពិសេស​ម្ចាស់ផ្ទះ​ជប៉ុន​។ នេះ​គឺជា​ឱកាស​ដ៏​ល្អ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស​មកកាន់​កម្ពុជា​ និង​ពី​កម្ពុជា​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​”។

    លោក​បាន​បន្ត​ទៀត​ថា​ តាម​ការចូលរួម​នៅក្នុង​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​នៅក្នុង​ប្រទេស​ជប៉ុន​នោះ​ អ្វី​ដែល​យើង​ទទួល​បាន​មកវិញ​គឺ​៖ ទី1​-បទ​ពិសោធ​នៃ​បណ្តា​ប្រទេស​ទាំង8​ នៃ​បណ្តា​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ និង​ការចែក​រំលែក​នូវ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ជាពិសេស​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​ និង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ផ្សេង​ៗទៀត​។ ទី2​-បរិបទ​ និង​បែបផែន​នៅក្នុង​ការ​វិនិយោគ​ពី​ប្រទេស​យើង​ទៅកាន់​ប្រទេស​គេ​ និង​ពី​ប្រទេស​គេ​មកកាន់​ប្រទេស​កម្ពុជា​យើង​វិញ​ដែរ​ ដើម្បី​ណែនាំ​ការ​វិនិយោគ​ ដែល​នេះ​ គឺ​ជា​សក្តា​នុ​ពល​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​។ ទី3​-ពាក់ព័ន្ធ​នឹង​ទំនាក់​-ទំនងជា​មួយ​អ្ន​កិ​វិនិយោគ​ថា​ តើ​អ្នក​វិនិយោគ​នាំមក​នូវ​ម៉ូដែល​ និង​បច្ចេកវិទ្យា​សំ​ខាន់​ៗមក​ក្នុង​ប្រទេស​យើង​ជាមួយ​នឹង​សក្តា​នុ​ពល​នៃ​ការ​អភិវឌ្ឍ​បែប​ណា​នៅក្នុង​ប្រទេស​របស់​យើង​។

    តាម​ការ​បញ្ជាក់​របស់​លោក​សុ​ខនីម​ បានឱ្យ​ដឹង​ថា​ ៖“ការចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​នេះ​ ក្រុម​ប្រតិភូ​ CVEA​ បាន​ទទួល​នូវ​អ្វី​ជា​សំខាន់​នោះ​ គឺ​ការ​រៀន​ពី​ម៉ូដែល​ នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ ប្រទេស​នី​មួយ​ៗដែល​បាន​ចូលរួម​។ តាមរយៈ​ការ​ធ្វើទស្សនកិច្ច​តំបន់​អចលនទ្រព្យ​ប្រទេស​ជប៉ុន​ ដែល​មាន​អគារ​កម្ពស់​ 70​-80ជាន់​ដែល​បំពាក់​ឧបករណ៍​ការពារ​ការ​រញ្ជួយ​ផែនដី​ផង​ តែ​ក៏​គេ​នៅតែ​អាច​ដឹកនាំ​ការ​កសាង​បាន​”។

    លោក​ប្រធាន​សមាគម​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា​៖“បើ​យើង​ប្រៀបធៀប​សេដ្ឋកិច្ច​ក្នុង​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺ​យើង​ដើរ​នៅ​ក្រោយគេ​ឆ្ងាយណាស់​ បើ​ប្រៀបធៀប​ជា​ឆ្នាំ​ ប្រហែលជា​ក្រោយ​ប្រទេស​ជប៉ុន​ប្រមាណ​ 25​ឆ្នាំមុន​។ គឺ​យើង​នៅ​ឆ្ងាយ​ពី​គេ​នៅឡើយ​ ព្រោះ​គេ​មាន​ការ​អភិវឌ្ឍ​ច្រើនជាង​យើង​ មាន​បទ​ពិសោធ​ខ្លាំង​ និង​ល្អ​ជាង​យើង​។ វិស័យ​អចលនទ្រព្យ​គេ​មានការ​-គិតគូរ​បាន​ល្អ​ និង​ការរៀបចំ​បាន​ល្អ​”។

    ប៉ុន្តែ​លោក​ប្រធាន​សមាគម​ CVEA​ ក៏បាន​បញ្ជាក់​ដែរ​ថា​៖“ប៉ុន្តែ​ប្រទេស​កម្ពុជា​យើង​មិន​អន់​នោះ​ទេ​ យើង​ដើរលឿន​ ទោះជា​យើង​អភិវឌ្ឍ​ក្រោយគេ​មែន​តែ​យើង​ដើរលឿន​សម្រាប់​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​នេះ​។ ព្រោះ​បើ​តាម​ការ​ព្យាករ​ ក្នុងរយៈពេល​ប្រហែលជា​ 15ឆ្នាំ​ ទៅមុខ​ទៀត​ កម្ពុជា​អាច​នឹង​ឈាន​បាន​ប្រហាក់​ប្រហែល​នឹង​ប្រទេស​គេ​បាន​ហើយ​ ទោះបី​មិនដល់​គេ​ ព្រោះ​ពេលនោះ​គេ​អាច​កែប្រែ​បន្ថែម​ តែ​ក្នុង​ចន្លោះ15ឆ្នាំ​ យើង​នឹង​ឃើញ​អគារ​ខ្ពស់​ៗច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​តំបន់​ប៉ូល​អភិវឌ្ឍន៍​សំ​ខាន់​ៗមួយចំនួន​”។

    សូម​បញ្ជាក់​ថា​ ការចូលរួម​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំឆ្នាំ2019​ (International​ Real​ Estate​Conference​ 2019​) IREC​ នៅ​ប្រទេស​ជប៉ុន​ គឺ​ក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​ កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ជាពិសេស​ពង្រីក​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​អចលនទ្រព្យ​ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​ និង​ដើម្បី​ស្វែងយល់​ ក៏ដូចជា​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទីផ្សារ​អចលនទ្រព្យ​ និង​កៀងគរ​ក្រុម​អ្នក​វិនិយោគ​អន្តរជាតិ​ឱ្យ​ចូលមកធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។

    លោកស្រី​ តាំង​ ហួរ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​នៅ​ប្រទេស​ជប៉ុន​នេះ​ដែរ​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នថា​៖“ការចូលរួម​ក្នុង​សន្និសីទ​នេះ​យើង​បាន​ទទួល​បទ​ពិសោធ​ច្រើន​ដែរ​សម្រាប់​យក​មក​អនុវត្ត​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​យើង​។ ពោល​គឺ​យើង​បាន​រៀនសូត្រ​នូវ​អ្វី​ល្អ​ៗពី​គេ​ យើង​មាន​ណេត​វើក​ (Network​) និង​ការ​ផ្លាស់​ប្តូរ​យោបល់​ គំនិត​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​កម្រិត​ពិភពលោក​”។

    លោកស្រី​នាយិកា​បាន​បញ្ជាក់​ដែរ​ថា​ យើង​ក៏​បាន​ពិភាក្សា​ដេញដោល​គ្នា​ពី​បញ្ហា​ភ្នាក់ងារ​លក់​ទិញ​អចលនទ្រព្យ​ ដោយ​លើក​ហេតុផល​ពី​ប្រទេស​នី​មួយ​ៗថា​ យើង​ជួបប្រទះ​បញ្ហា​អ្វីខ្លះ​? កង្វះខាត​អ្វី​ខ្លះ​ដែល​យើង​មាន​? ព្រោះ​គោលការណ៍​ និង​ច្បាប់​លក់ដូរ​ វា​ខុស​ៗគ្នា​ទៅតាម​ប្រទេស​នី​មួយ​ៗ ហើយ​យើង​អាចយ​កចំណុច​សំ​ខាន់​ៗមក​អនុវត្ត​ដោយ​ព្យាយាម​កែប្រែ​ និង​បំពេញ​នូវ​ចំណុច​ខ្វះខាត​ដែល​យើង​មាន​ ដើម្បី​ធ្វើ​ឱ្យ​មានការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​យើង​ឱ្យ​ជឿនលឿន​ដូច​គេ​ដែរ​។

    លោកស្រី​ តាំង​ ហួរ​ ក៏បាន​បញ្ជាក់​ទៀត​ថា​៖“យើង​ក៏​ទទួល​បាន​នូវ​ការ​ធ្វើ​ Network​ យើង​អាច​ដឹងពី​ព័ត៌មាន​នៃ​ការលក់ដូរ​។ ដូចជា​នៅ​ប្រទេស​មួយ​ចំនួន​ដោយសារ​ដី​ថ្លៃ​ គេ​ច្រើនតែ​លក់​ខុន​ដូ​វិញ​ ព្រោះ​វា​មិនសូវ​ស្មុគស្មាញ​ តែ​សម្រាប់​យើង​តម្លៃ​ដី​នៅ​ថោក​ បើ​ប្រៀប​នឹង​ប្រទេស​គេ​ ដូច្នេះ​យើង​អាច​លក់​ទាំង​ដី​ ទាំង​លំនៅឋាន​ ខុន​ដូ​ និង​សំណង់​អគារ​ផ្សេង​។ល។ ហើយ​សម្រាប់​ប្រទេស​យើង​ អចលនទ្រព្យ​ស្រុក​យើង​ មាន​អ្នក​វិនិយោគ​បរទេស​គេ​ល្បី​ណាស់​ ដោយសារ​យើង​មាន​សក្តា​នុ​ពល​វិស័យ​នេះ​។ តែ​ទោះបី​យើង​មាន​សក្តា​នុ​ពល​វិស័យ​អចលនទ្រព្យ​នេះ​ក៏​ដោយ​ ក៏​យើង​ត្រូវតែ​ខំប្រឹង​រៀនសូត្រ​ពី​គេ​ ដើម្បី​ការ​វិវឌ្ឍ​ទៅមុខ​ បើ​យើង​មិន​រៀនសូត្រ​ យើង​មិន​អាច​មាន​ការ​រីកចម្រើន​បានទេ​”៕

  • សាលារៀន​ជំនាន់​ថ្មី​ជា​សាលា​រដ្ឋ​ដែល​មាន​សិស្ស​ជាប់​និទ្ទេស A​ ច្រើនជាង​គេ​បំផុត​

    សាលារៀន​ជំនាន់​ថ្មី​ជា​សាលា​រដ្ឋ​ដែល​មាន​សិស្ស​ជាប់​និទ្ទេស A​ ច្រើនជាង​គេ​បំផុត​

    ក្រោយ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ ជាពិសេស​ការ​រឹត​បន្តឹង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ គំនិត​ផ្តួចផ្តើម​បង្កើត​សាលា​ជំនាន់​ថ្មី​បាន​ក្លាយជា​គំនិត​ប្រកបដោយ​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​មាន​សមត្ថភាព​ខ្ពស់​ និង​មាន​បរិក្ខារ​គ្រប់យ៉ាង​មិនចាញ់​សាលា​ឯកជន​នោះ​ទេ​។

    នៅ​ឆ្នាំ​សិក្សា​ 2018​-2019​ នេះ​ សាលារៀន​ជំនាន់​ថ្មី​ ដែល​ជា​គ្រឹះស្ថានសិក្សា​រដ្ឋ​ ចាប់ផ្តើម​បើក​សាកល្បង​កាលពី​ឆ្នាំ2016​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​សាលា​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ជាងគេ​បំផុត​ក្នុង​ចំណោម​គ្រឹះស្ថាន​បណ្តុះបណ្តាល​ចំណេះដឹង​ទូទៅ​រដ្ឋ​ និង​ឯកជន​។ បើ​តាម​ការ​បញ្ជាក់​របស់​ លោក​ សម្យ​ កំសាន្ត​ នាយករង​វិទ្យាល័យ​ស៊ីសុវត្ថិ​ ទទួលបន្ទុក​សាលា​ជំនាន់​ថ្មី​ បាន​បញ្ជាក់​ថា​ សិស្ស​ដែល​ចេញពី​សាលា​ជំនាន់​ថ្មី​នៅ​ឆ្នាំនេះ​ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​រហូតដល់​ទៅ​ 94ភាគរយ​ ខណៈ​អ្នក​ដែល​ទទួល​បាន​និទ្ទេស A​ ក៏​មាន​ចំនួន​ច្រើនជាង​គេ​ផង​ដែរ​នៅ​ទូទាំង​ប្រទេស​។

    លោក​ សម្យ​ កំសាន្ត​ បាន​លើកឡើង​ថា​ នេះ​ជា​ឆ្នាំ​ទី5​ ហើយដែល​គម្រោង​សាលារៀន​ជំនាន់​ថ្មី​បាន​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ គោលដៅ​សំខាន់​នៃ​ការបង្កើត​សាលារៀន​ជំនាន់​ថ្មីនេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងគុណភាព​អប់រំ​ ដើម្បី​ឆ្លើយតប​ជាមួយ​នឹង​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ និង​ក្នុង​តំបន់​។

    សាលារៀន​ជំនាន់​ថ្មី​ជា​សាលា​ដែល​បាន​បន្ថែម​នូវ​កម្មវិធី​សិក្សា​ថ្មី​ដោយ​សិក្សា​យ៉ាង​ល្អិតល្អន់​ពី​វិធីសាស្ត្រ​បង្រៀន​ដែល​មាន​លក្ខណៈ​ស្តង់​ដា​ខ្ពស់​មិន​ចាញ់​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​នោះ​ទេ​ ព្រោះ​យើង​ចង់ឱ្យ​សិស្សានុសិស្ស​របស់​យើង​មានគុណ​ភាព​ខ្លាំង​សម្រាប់​ការប្រកួត​ប្រជែង​។ ជា​លទ្ធផល​ សិស្ស​នៃ​សាលា​ជំនាន់​ថ្មី​បាន​ចូលរួម​ប្រកួតប្រជែង​ទាំង​កម្រិត​ថ្នាក់​ជាតិ​ និង​ថ្នាក់​អន្តរជាតិ​ ដោយ​ពួកគេ​អាចយ​កជ័យជម្នះ​លើ​ការប្រឡងប្រជែង​ជាច្រើន​ ដោយ​ក្នុង​នោះ​មាន​ទាំង​មេដាយមាស​ មេដាយ​ប្រាក់​ និង​មេដាយ​សំរិទ្ធ​ជា​រៀងរាល់​ឆ្នាំ​។

    លោក​ សម្យ​ កំសាន្ត​ បាន​និយាយ​ថា​៖ “សាលារៀន​ជំនាន់​ថ្មី​ គឺជា​សាលា​រដ្ឋ​ តែ​នៅក្នុង​ការអនុវត្ត​គម្រោង​នេះ​ ក្រសួង​បាន​ដាក់បញ្ចូល​នូវ​កម្មវិធី​បង្រៀន​ស៊ីជម្រៅ​ជាង​សាលា​រដ្ឋ​ធម្មតា​ មានន័យថា​ បើ​ការ​បង្រៀន​ត្រូវ​ពិសោធ​ សិស្ស​ត្រូវតែ​ទៅ​ធ្វើការ​ពិសោធ​ជាក់ស្តែង​តែម្តង​។ សិស្ស​នៃ​សាលា​ជំនាន់​ថ្មី​មានការ​សិក្សា​ផង​ អនុវត្ត​ផ្ទាល់​ផង​ និង​មាន​កិច្ចការ​ស្រាវជ្រាវ​ច្រើនជាង​សិស្ស​ទូទៅ​”។

    សាលារៀន​ជំនាន់​ថ្មី​ ជា​សាលា​ដែល​បំពាក់​នូវ​បរិក្ខារ​ពិសោធន៍​ និង​បច្ចេកវិទ្យា​គ្រប់យ៉ាង​ ដោយ​ក្នុង​នោះ​បាន​ដាក់បញ្ចូល​នូវ​កម្មវិធី​សំ​ខាន់​ៗជាច្រើន​ដូចជា​កម្មវិធី​បណ្តុះបណ្តាល​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ដូចជា​ការ​សរសេរ​កូដ​ និង​កម្ម​វិ​ធី​ឌីហ្សាញ​ជាដើម​។ បន្ថែម​ពីលើ​នេះ​ សាលារៀន​ជំនាន់​ថ្មី​ក៏​ជា​សាលា​ដែល​បញ្ចូល​នូវ​គំនិត​សហគ្រិនភាព​ និង​ជំនាញ​សំ​ខាន់​ៗជាច្រើន​ផ្សេងទៀត​ផង​ដែរ​ដល់​សិស្សានុសិស្ស​គ្រប់គ្នា​ឱ្យ​បាន​សិក្សា​កាន់តែ​ស៊ីជម្រៅ​។ គំរូ​នៃ​សាលា​ជំនាន់​ថ្មីនេះ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ដាក់​ឱ្យ​អនុវត្ត​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​អនាគត​។

    គួរ​បញ្ជាក់​ថា​ មកដល់​បច្ចុប្បន្ន​នេះ​ សាលារៀន​ជំនាន់​ថ្មី​មានកម្រិត​បឋមសិក្សា​ចំនួន​ 4សាលា​ និង​កម្រិតមធ្យម​សិក្សា​ចំនួន​ 6សាលា​។ ក្នុង​នោះ​កម្រិត​មធ្យមសិក្សា​មាន​ដូចជា​វិទ្យាល័យ​ស៊ីសុវត្ថិ​ វិទ្យាល័យ​ហ៊ុន​សែន​កំពង់ចាម​ វិទ្យាល័យ​ព្រែកលៀប​ វិទ្យាល័យ​សម្តេច​ជា​ស៊ី​មព្រែកអញ្ចាញ​ វិទ្យាល័យ​ហ៊ុន​សែន​ពាមជីកង​ និង​អនុវិទ្យាល័យ​គោកព្រីង​៕

  • ទង្វើ​មិនល្អ​ 5យ៉ាង​ ប៉ះពាល់​ដល់​សុខភាព​ ដែល​បុរស​ជាច្រើន​អាច​មិនទាន់​ដឹង​…

    ទង្វើ​មិនល្អ​ 5យ៉ាង​ ប៉ះពាល់​ដល់​សុខភាព​ ដែល​បុរស​ជាច្រើន​អាច​មិនទាន់​ដឹង​…

    មនុស្សជា​ច្រើន​ដែល​ស្រឡាញ់​សុខភាព​ និង​មើលថែ​ទាំ​ខ្លួនឯង​ជាប់​ជានិច្ច​នោះ​ អាច​គិតថា​ បើ​បាន​ហាត់ប្រាណ​ជាប្រចាំ​រៀងរាល់ថ្ងៃ​ និង​ជ្រើសរើស​ទទួលទាន​តែ​អាហារ​ដែល​មានប្រយោជន៍​ ប្រហែលជា​មាន​សុខភាព​ល្អ​មិនខាន​។ មេ​រោ​គផ្សេង​ៗដែល​ជា​មូលហេតុ​ធំ​របស់​ជំងឺ​ទាំងឡាយ​ ច្បាស់ជា​គ្មាន​ផ្លូវ​អាច​ធ្វើអ្វី​រូបគេ​បាន​ឡើយ​។តែ​ការពិត​ទៅ​ ទង្វើ​មួយចំនួន​ដែល​យើង​នាំគ្នា​ធ្វើជា​ប្រក្រតី​រៀង​រាល់​ថ្ងៃនេះ​ឯង​ ដែល​ជា​តួឯក​សំខាន់​អាច​ធ្វើ​ឱ្យ​សុខភាព​របស់​យើង​រង​ការ​ប៉ះពាល់​ និង​ធ្លាក់ចុះ​ដុនដាប​យ៉ាប់យ៉ឺន​នោះ​។ ថ្ងៃនេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន បាន​ទៅ​ស្រាវជ្រាវ​រករឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ទង្វើ​ប្រចាំថ្ងៃ​ មក​ជម្រាប​ជូន​មិត្ត​អ្នកអាន​ដែល​ជា​សុភាពបុរស​ឱ្យ​បាន​ជ្រាប​ដូច​ខាងក្រោម​…។

    1. ប្រើ​សា​ប៊ូ​ជេ​លលា​ងសម្អាត​ដៃ​ញឹក​ញាប់​ជ្រុល​ពេក​
    បើ​អ្នក​ គឺជា​មនុស្សម្នាក់​ដែល​ស្ថិត​ក្នុង​ប្រភេទ​ដែល​ត្រូវតែ​លាងដៃ​ ឬប្រើ​ក្រដាសអនាម័យ​ជូត​សម្អាត​ដៃ​យ៉ាង​ហ្មត់ចត់​រៀងរាល់​ក្រោយពេល​ចាប់​ឃីបត​កុំព្យូទ័រ​ ចាប់​បង្កាន់ដៃ​ជណ្តើរ​ ចាប់ដៃ​ទ្វារ​បន្ទប់​បង្គន់​ហើយ​ ប្រភេទ​មិន​ទុក​ឱកាស​ឱ្យ​មេរោគ​កខ្វក់​ណាម​កតោង​ជាប់ដៃ​បាន​យូរ​នោះ​ វា​គឺជា​រឿង​ល្អ​មួយ​ហើយដែល​អ្នក​ស្រឡាញ់​ភាព​ស្អាតបាត​មាន​អនាម័យ​បែប​នោះ​ តែ​ការពិត​វិញ​ សា​ប៊ូ​ជេល​ និង​ក្រដាសជូតដៃ​ប្រភេទ​សើម​នេះ​ហើយដែល​ជា​មេ​ក្លោង​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ទៅជា​ស្ងួត​ខ្លាំង​នោះ​ ព្រោះ​ឧបករណ៍​លាង​សម្អាត​ដៃ​ទាំងអស់​នោះ​ មាន​ចំណែក​ផ្សំ​របស់​ត្រៃ​ខ្លូ​សាន​ (Triclosan​)ជា​សារធាតុ​មួយ​មានគុណ​សម្បត្តិ​ក្នុង​ការ​ទប់​ស្កាត់​មេរោគ​បាក់តេរី​រួម​ជាមួយ​ដែរ​ ដោយ​ស្បែក​នឹង​បឺត​យក​សារធាតុ​នេះ​ចូល​ទៅ​បាន​យ៉ាង​ងាយស្រួល​ ហើយ​លទ្ធផល​ដែលតា​មមក​ គឺ​ស្បែក​នឹង​ឡើង​ស្ងួត​ក្រៀម​ហ្នឹងឯង​។ វិធី​ដែល​ល្អ​បំផុត​ គឺ​ចូលបន្ទប់​ទឹក​លាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ​ និង​ទឹក​ស្អាត​ធម្មតា​ប្រសើរ​ជាង​។

    2. ញ៉ាំទឹក​បរិសុទ្ធ​ពី​ក្នុង​ដប​ (មិនដែល​ចាក់​ចូល​កែវ​ញ៉ាំ​)
    យើង​ជឿ​ថា​ បុរស​ភាគច្រើន​សុទ្ធតែ​ជ្រើសរើស​ញ៉ាំទឹក​ដោយ​វិធី​នេះ​ទាំងអស់​ ព្រោះ​វា​ងាយស្រួល​ រហ័ស​ ហើយ​ថែម​ទាំង​មិនបាច់​ខាតពេល​លាង​សម្អាត​កែវ​ទៀត​ផង​ តែ​អ្នកដឹង​ទេ​ថា​ កម្មវិធី​ផលិត​ទឹក​ពិសា​នៅក្នុង​ដប​ប្លាស្ទិក​ផ្សេង​ៗនេះ​ធ្វើ​ឱ្យ​សារធាតុ​រ៉ែ​សំ​ខាន់​ៗនៅក្នុង​ទឹក​បាត់បង់​អស់​ ហើយ​វា​នឹង​ចូល​ទៅ​រាំងស្ទះ​ប្រព័ន្ធ​ការ​ធ្វើការងារ​ក្នុង​ផ្នែក​សាង​កម្លាំងថាមពល​ និង​ប្រព័ន្ធ​ការ​ជួសជុល​សាច់ដុំ​ឱ្យធ្វើ​ការ​មិនបាន​ពេញសមត្ថភាព​ទៀតផង​។

    3. ឈប់​ហាត់ប្រាណ​បែ​បការ៍​ឌី​យោ​ ហើយ​បែរ​ទៅ​ហាត់ប្រាណ​លើក​ទម្ងន់​វិញ​
    អ្នកណា​ដែល​ប្រាប់​ថា​ វិធី​ហាត់​ប្រាណ​បែ​បការ៍​ឌី​យោ​ មិនបាន​ជួយ​បញ្ចុះទម្ងន់​ស្មើនឹង​ការ​បញ្ចេញ​កម្លាំង​លើក​ទម្ងន់​(ដុំដែក​)នោះ​ ប្រហែលជា​ត្រូវ​គិត​ឡើងវិញ​ជាថ្មី​ហើយ​ ព្រោះ​ទោះជា​ការ​លើក​ទម្ងន់​វា​ជួយ​ផ្លាស់​ប្តូរ​ដុំ​ខ្លាញ់​ជ្រាយ​ៗឱ្យ​ក្លាយទៅជា​សាច់ដុំ​បាន​មែន​ តែបើ​មិន​ធ្វើលំ​ហាត់ប្រាណ​បែ​បការ៍​ឌី​យោ​រួម​ជាមួយ​ផង​ទេ​នោះ​ លទ្ធផល​ដែល​ទទួល​បាន​ ប្រហែលជា​មិនសូវ​មើលឃើញ​ច្បាស់លាស់​ប៉ុន្មាន​ទេ​។ ដូច្នេះ​ចូរ​សាកល្បង​បែងចែក​ពេលវេលា​មក​រត់​ មក​ហែលទឹក​ ឬក៏​ធាក់កង់​រួម​ជាមួយ​ផង​ ធានា​ថា​ ទម្ងន់​ខ្លួន​ដែល​លើស​នោះ​ នឹង​រលាយ​បាត់​ជា​សន្សឹម​ៗនៅទីបំផុត​។

    4. ដុស​សម្អាត​ធ្មេញ​ភ្លាម​ៗក្រោយពេល​បាយ​រួច
    ​មនុស្ស​ភាគច្រើន​ ច្រើនតែ​ធ្វើតាម​ការណែនាំ​ក្នុង​រឿង​ការ​សម្អាត​ធ្មេញ​ថា​ ត្រូវតែ​ដុស​សម្អាត​ធ្មេញ​ 2ដង​ គឺ​ពេលព្រឹក​ និង​មុន​ចូលគេង​រៀងរាល់ថ្ងៃ​ ក្នុង​ខណ:ដែល​អ្នកខ្លះ​ខ្លាច​ធុំក្លិន​មាត់​ ឬខ្លាច​មាន​កម្ទេច​អាហារ​នៅ​ជាប់​តាម​ជើងធ្មេញ​នោះ​ ក៏​សម្រេចចិត្ត​ដុស​សម្អាត​ធ្មេញ​ និង​មា​ត់​ភ្លាម​ៗតែម្តង​ក្រោយពេល​ញ៉ាំ​បាយ​ហើយ​រួចរាល់​។ តែ​អ្នកដឹង​ទេ​ថា​ ទង្វើ​នេះ​វា​ហុច​នូវ​ផល​អាក្រក់​ដល់​សុខភាព​ធ្មេញ​របស់​អ្នក​លើស​មុន​ទៅទៀត​ ដោយសារតែ​អាស៊ីត​ខ្លាញ់​ដែល​នៅ​សេសសល់​ជាប់​នៅ​លើ​ធ្មេញ​ និង​ក្នុង​ប្រអប់មាត់​ វា​នឹង​ទៅ​បំផ្លាញ​ស្រទាប់​ស្រោប​ខាងក្រៅ​របស់​ធ្មេញ​ ហើយ​បើសិនជា​ធ្វើបែប​នោះ​ញឹកញាប់​ទៅ​ ស្រទាប់​ក្រៅ​របស់​ធ្មេញ​នឹង​ត្រូវ​បំផ្លាញ​ជានិរន្តរ៍​បាន​យ៉ាង​ងាយ​ ក្រៅពី​នេះ​នៅ​មាន​អាការ​ស្រៀវធ្មេញ​តាម​មក​ទៀតផង​។ តែបើ​សិន​ជា​ទ្រាំមិនបាន​ ចង់តែ​ដុស​សម្អាត​ធ្មេញ​មែន​នោះ​ ឡា​រ៉ែ​ន សុំ​ណែនាំ​ឱ្យ​រង់ចាំ​យ៉ាងតិច​ណាស់​ 1ម៉ោង​ក្រោយ​ សឹម​ធ្វើការ​ដុស​សម្អាត​ធ្មេញ​ចុះ​។

    5. ពាក់​ស្បែកជើងផ្ទាត់​ដើរ​ពេញ​ 1ថ្ងៃ​
    សូម​ទទួលស្គាល់​ថា​ ស្បែកជើង​ផ្ទាត់​ គឺជា​ស្បែកជើង​ដែល​ពាក់​ស្រួល​និង​សប្បាយ​ស្រួល​ជើង​ជាទីបំផុត​តែ​មាន​នរណា​ដឹង​ខ្លះ​ទេ​ថា​ ការ​ពាក់​ស្បែកជើង​ផ្ទាត់​ចេញពីផ្ទះ​ ដើរទៅ​នេះ​ ដើរទៅ​នោះ​ពេញ​ 1ថ្ងៃ​នោះ​ បែរជា​ហុច​ផល​អាក្រក់​ដល់​សុខភាព​ជើង​យ៉ាង​ខ្លាំង​ទៅវិញ​(ជាពិសេស​បរិវេណ​បាត​ជើង​) ដូច្នេះ​បើសិនជា​អាច​ទៅរួច​ ឡា​រ៉ែ​ន ចង់​ណែនាំ​ឱ្យ​ងាក​ទៅ​ពាក់​ស្បែកជើង​បែប​ផ្សេង​ខ្លះ​ ដូចជា​ស្បែកជើងបាតា​ជាដើម​ ទោះជា​វា​មិនសូវ​សប្បាយ​ជើង​ដូច​ស្បែកជើងផ្ទាត់​មែន​ តែ​យ៉ាងហោចណាស់​ក៏​វា​មិន​បំផ្លាញ​សុខភាព​ជើងខ្លាំង​ពេក​ដែរ​៕