Category: សង្គម និងសេដ្ឋកិច្ច

  • រក​ឃើញ​កំហុស​ធំ​មួយ​ ​អនុញ្ញាត​ឱ្យ​ ​Hacker​ ​គ្រប់គ្រង​ទាំងស្រុង​លើ​បណ្តាញ​ទូរស័ព្ទ​ ​Android​ ​

    រក​ឃើញ​កំហុស​ធំ​មួយ​ ​អនុញ្ញាត​ឱ្យ​ ​Hacker​ ​គ្រប់គ្រង​ទាំងស្រុង​លើ​បណ្តាញ​ទូរស័ព្ទ​ ​Android​ ​

    ​កំហុស​ដ៏​ធំ​មួយ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​ ​របស់​ក្រុមហ៊ុន​ ​Google​ ​អាច​អនុញ្ញាត​ឱ្យ​ពួក​ ​Hacker​ ​គ្រប់គ្រង​ទាំងស្រុង​ទៅលើ​បណ្តាញ​ទូរស័ព្ទ​មួយចំនួន​ ​តាមរយៈ​ការវាយប្រហារ​ ​Zero​-​Day​។​

    ​អ្នកស្រាវជ្រាវ​បាន​ព្រមាន​ថា​ ​ស្មា​ត​ហ្វូ​នដែ​លមា​នប្រ​ជា​ប្រិយ​នៅ​លើ​ពិភពលោក​មួយចំនួន​ងាយ​នឹង​ខាតបង់​ពី​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុវត្ថិភាព​ដ៏​ធំ​មួយ​ ​ដែល​អាច​ឱ្យ​អ្នក​វាយប្រហារ​គ្រប់គ្រង​ទាំងស្រុង​ទៅលើ​ទូរស័ព្ទ​លោកអ្នក​។​ ​គុណវិបត្តិ​ដែល​ភ័ស្តុតាង​បង្ហាញថា​ ​នៅតែ​កំពុង​ត្រូវ​បាន​គេ​ធ្វើការ​វាយប្រហារ​យ៉ាងសកម្ម​នោះ​ ​រួមមាន​ទូរស័ព្ទ​មក​ពី​ក្រុមហ៊ុន​ ​Samgsung​ ​ក្រុមហ៊ុន​ ​Huawei​ ​និង​ក្រុមហ៊ុន​ ​Motorola​។​ ​ការវាយប្រហារ​នេះ​ត្រូវ​បាន​រក​ឃើញថា​មាន​ទាក់ទង​ទៅ​នឹង​ក្រុមហ៊ុន​ ​Spyware​ ​របស់​ប្រទេស​អ៊ីស្រាអែល​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​ ​NSO​ ​Group​ ​ដែល​លក់​កម្មវិធី​វាយប្រហារ​ដើម្បី​លួច​តាមដាន​ទូរស័ព្ទ​ដោយសម្ងាត់​។​

    ​ការស្រាវជ្រាវ​បង្ហាញថា​ ​ទូរស័ព្ទ​ដែល​រង​ផល​ប៉ះពាល់​ ​រួមមាន​ស៊េរី​ ​Pixel​ ​1​ ​និង​ ​2​,​ ​Huawei​ ​P20​,​ ​Xiaomi​ ​Redmi​ ​5A​,​ ​Xiaomi​ ​Redmi​ ​Note​ ​5​,​ ​Xiaomi​ ​A1​,​ ​Oppo​ ​A3​,​ ​Moto​ ​Z3​,​ ​Oreo​ ​LG​ ​និង​ ​Samsung​ ​S7​,​ ​S8​,​ ​S9​ ​ហើយ​វា​ត្រូវ​បាន​គេ​ដឹង​ថា​ ​ទូរស័ព្ទ​ ​ភិក​សែល​ ​3​ ​និង​ ​3A​ ​របស់​ក្រុមហ៊ុន​ ​Google​ ​ផ្ទាល់​ ​មិន​រងគ្រោះ​ទេ​។​

    ​ក្នុងករណី​ភាគច្រើន​ ​ប្រតិ​បត្ដិ​ការ​ជ្រៀតចូល​ ​ត្រូវ​បាន​គេ​កំណត់​គោលដៅ​ខ្ពស់​ ​ដូច្នេះ​វា​នៅតែ​មាន​អ្នកប្រើ​ភាគច្រើន​ ​ទំនងជា​នឹង​មិន​ទទួល​បាន​នូវ​បញ្ហា​ដូចជា​ ​ពពួក​មេរោគ​ ​Malware​ ​ទេ​ ​ប៉ុន្តែ​លោកអ្នក​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​ជាបន្ទាន់​ប្រសិនបើ​ ​ក្រុមហ៊ុន​ទូរស័ព្ទ​របស់​លោកអ្នក​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ថ្មី​នោះ​៕​


  • ត្រឡាច​ជា​ដំណាំ​ងាយ​ដាំ បាន​ផល​ច្រើន និង​មាន​តម្រូវការ​ខ្ពស់រាល់ថ្ងៃ

    ត្រឡាច​ជា​ដំណាំ​ងាយ​ដាំ បាន​ផល​ច្រើន និង​មាន​តម្រូវការ​ខ្ពស់រាល់ថ្ងៃ

    ដំណាំ​ត្រឡាច​ គឺជា​ប្រភេទ​ដំណាំ​វារ​លើ​ដី​ក៏​បាន​ ឡើងទ្រើង​ក៏បាន​ ដែល​កសិករ​ខ្មែរ​និយម​ចូលចិត្ត​ដាំ​ និង​យក​ទៅ​ធ្វើជា​បន្លែ​ស្លស្លុក​។ នៅក្នុង​ប្រទេស​កម្ពុជា​យើង​ ដោយសារតែ​ត្រឡាច​ វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដាំដុះ​ លូតលាស់​លឿន​ ធន់ទ្រាំ​នឹង​សីតុណ្ហភាព​ ព្រមទាំង​ងាយស្រួល​ក្នុង​ថែទាំ​ ហុច​ផល​ក្នុងរយៈពេល​ខ្លី​តែ​ពី​ 30ទៅ​ 45ថ្ងៃ​ប៉ុណ្ណោះ​ដែល​បច្ចុប្បន្ន​ ដំណាំ​នេះ​មាន​តម្រូវការ​នៅ​លើ​ទីផ្សារ​ជា​ប្រចាំ​ និង​អាច​លក់​បាន​ដោយ​ងាយស្រួល​។

    សហគមន៍​កសិករ​នៅ​ភូមិ​ក្រសាំង​ពុល​ ឃុំ​ស្វាយ​ ស្រុក​សាមគ្គី​មានជ័យ​ ខេត្ត​កំពង់ឆ្នាំង​ អ្នកស្រី​ ស៊ុន​ ស្រីពៅ​ ជា​ប្រធាន​សហគមន៍​ បាន​ផ្តល់​បទ​សម្ភាស​ដល់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ អំពី​ការ​ដាំដំណាំ​ត្រឡាច​ថា​៖ “គ្រួសារ​ខ្ញុំ​ និង​កសិករ​ក្នុង​សហគមន៍​បាន​ចាប់ផ្តើម​ប្រកបរបរ​ដាំ​ត្រឡាច​រយៈពេល​ 10ឆ្នាំ​មក​ហើយ​ ដែល​មាន​ទាំងអស់​ 18ក្រុម​ ស្មើនឹង​ 93​គ្រួសារ​ ដាំដុះ​លើ​ផ្ទៃដី​ប្រមាណ​ 8ហិ​កតា​ដែល​មាន​ដំណាំរួមផ្សំ​ផ្សេងទៀត​ ដូចជា​ត្រសក់​ សណ្តែក​កួរ​។ល។ ដោយឡែក​សម្រាប់​ដំណាំ​ត្រឡាច​ យើង​មានផ្ទៃ​ដី​ដាំដុះ​ចំនួន​ 3ហិ​កតា​”។

    អ្នកស្រី​បញ្ជាក់​ថា​ សម្រាប់​បចេ្ច​កទេស​ដាំដុះ​ គេ​អាច​ដាំ​ត្រឡាច​បាន​គ្រប់​រដូវ​ តែ​ការ​ជ្រើសរើស​រដូវ​ដាំដុះ​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ដោយសារតែ​ការ​ដាំដុះ​នៅ​រដូវ​ក្តៅ​ វា​មាន​បញ្ហា​ច្រើន​ ដែល​ប្រឈម​ ដូចជា​កត្តា​សត្វល្អិត​ បាក់តេរី​ វីរុស​ និង​ពពួក​ផ្សិត​ ជាដើម​។ រដូវ​កាល​សមស្រប​ សម្រាប់​ដំណាំ​ត្រឡាច​ គឺ​រដូវប្រាំង​ ចាប់ពី​ខែវិច្ឆិកា​ ដល់​ខែមករា​ និង​កុម្ភៈ​ នៅ​តំបន់​ទំនាប​។ រដូវវស្សា​ ចាប់ពី​ខែឧសភា​ ដល់​ខែ​តុលា​ នៅ​តំបន់​ខ្ពង់រាប​។

    អ្នកស្រី​បន្ត​ថា​ សម្រាប់​ការ​ដាំដំណាំ​ត្រឡាច​នេះ​មុននឹង​ដាំ​គែ​ត្រូវ​ភ្ជួរ​ដី​ជាមុន​ ដោយ​ត្រូវ​ធ្វើ​ 2 ទៅ​ 3ដង​ ហើយ​ការ​ភ្ជួរ​លើក​ទី1​ មុននឹង​ភ្ជួរ​ គេ​ត្រូវ​បាញ់ថ្នាំ​កម្ចាត់​ស្មៅ​ និង​បន្ទាប់ពី​ភ្ជួរ​ហើយ​ គេ​ទុក​ដី​ចោល​ហាលថ្ងៃ​រយៈពេល​ពី​ 3 ទៅ​ 7ថ្ងៃ​ ដើម្បី​ឱ្យ​ស្មៅ​ងាប់​។

    ឯការ​ភ្ជួរ​លើក​ទី2​ បន្ទាប់ពី​ភ្ជួរ​រួច​ គេ​ត្រូវ​រាស់​ដី​ឱ្យ​រាបស្មើ​ បន្ទាប់មក​កាប់​រណ្ដៅ​ ទំហំ​ 4តឹក​ 4ជ្រុង​ និង​ជម្រៅ​ពី​ 2តឹក​ទៅ​ 3តឹក​ គម្លាត​ពី​ 1គុម្ព​ ទៅ​ 1គុម្ព​ប្រវែង​1ម៉ែត្រ​។ បើ​យើង​ដាំ​នៅ​ខែប្រាំង​ ត្រូវ​យក​កម្ទេចកម្ទី​សំរាម​ដុត​ដាក់​ក្នុង​រណ្តៅ​ តែបើ​ នៅ​ខែវស្សា​ត្រូវ​បាច​កំបោរស​ក្នុង​រណ្តៅ​មុន​ពេល​ដាំ​។

    ចំពោះ​ការរៀបចំ​គ្រាប់ពូជ​សម្រាប់​ដាំ​ គឺ​គេ​ត្រូវ​ជ្រើសរើស​ពូជ​ណា​ល្អ​ ដែល​គ្មាន​ជំងឺ​ដើម្បី​ធ្វើការ​ដាំដុះ​ដោយ​ត្រូវ​យក​គ្រាប់​ត្រឡាច​ទៅ​ត្រាំ​ក្នុងទឹក​ ពី​6 ទៅ​ 12ម៉ោង​ បន្ទាប់មក​យក​គ្រាប់​ដែល​ត្រាំទឹក​ហើយ​នោះ​ទៅ​ដាក់ដាំ​ ក្នុង​កន្ទោង​បណ្ដុះ​កូន​ជាមុន​សិន​ ចាំ​ដល់ពេល​វា​លាស់​ចេញ​ស្លឹក​ខ្លះ​ ទើប​គេ​យក​វា​ទៅ​ដាក់ដាំ​ក្នុង​រណ្ដៅ​។ ក្រោយពី​ដាំ​រួច​ យើង​ត្រូវ​អនុវត្ត​ដំណាក់កាល​ 3ជំហាន​៖+ ជំហាន​ទី​ 1 ពេល​កូន​ត្រឡាច​ដុះ​លូតលាស់​បាន​ 7សន្លឹក​ យើង​ត្រូវ​ក្ដិចត្រួយ​វា​ចេញ​ម្តង​ ក្រោយ​មក​យើង​នឹង​បាន​ទទួល​បាន​ពន្លក​ត្រួយ​ថ្មី​ចំនួន​ 3បន្ថែម​ទៀត​។

    +ជំហាន​ទី​ 2 ត្រួយ​ដែល​បែកចេញ​នោះ​ នៅពេល​វា​លូតលាស់​បាន​ស្លឹក​ 7សន្លឹក​យើង​បន្ត​អនុវត្ត​ដូច​ជំហាន​ទី1​ ទៀត​ ពេលនោះ​យើង​នឹង​បាន​ពន្លក​ត្រួយ​ថ្មី​ចំនួន​ 7បន្ថែម​ទៀត​។

    +ជំហាន​ទី​ 3 យើង​នៅតែ​បន្ត​អនុវត្ត​ដូច​ជំហាន​ទី1​និង​ទី2​ ដដែល​ ហើយ​ពេលនោះ​ យើង​នឹង​បាន​ ពន្លក​ត្រួយ​ថ្មី​ដល់ទៅ​ 30​ ទៅ​ 35ខ្នែង​។ ដូច្នេះ​ ពេល​នេះ​វា​ជា​ដំណាក់កាល​ ដែល​យើង​ត្រូវ​បន្ថែម​ជីធម្មជាតិ​ ដើម្បី​ជួយ​ទ្រទ្រង់​ការលូតលាស់​របស់​វា​។

    ការ​ដាក់ជី​នេះ​ យើង​ត្រូវ​ដាក់​នៅ​សងខាង​ចេញពី​រណ្តៅ​ត្រឡាច​ចម្ងាយ​ប្រមាណ​ 30​ ទៅ​ 50​ សង់ទីម៉ែត្រ​ មាន​ដូចជា​ជីកំប៉ុស​ លាមក​សត្វ​ និង​កម្ទេច​ស្លឹកឈើ​ និង​ស្រោចទឹក​ជាប្រចាំ​ ធ្វើបែប​នេះ​ត្រឡាច​នឹង​លូតលាស់​បាន​ល្អ​ មាន​រយៈពេល​យូរ​រហូតដល់​ជាង​ 2ខែ​ ដែល​អាច​ឱ្យ​វា​ផ្លែ​បាន​ច្រើន​ និង​យូរ​ និង​ច្រើន​។ ក្រោយពី​ដាំ​បាន​រយៈពេល​ 30ទៅ​ 45ថ្ងៃ​ អាច​ប្រមូល​ផល​បាន​ហើយ​។

    អ្នកស្រី​ ពៅ​ បានឱ្យ​ដឹង​ទៀត​ថា​៖“ចម្ការ​ត្រឡាច​ ដែល​សហគមន៍​ខ្ញុំ​មាននៅ​លើ​ផ្ទៃដី​ 3ហិ​កតា​នេះ​ គឺ​ដាំ​ក្នុង​លក្ខណៈ​វិល​ជុំ​ ធ្វើ​ឱ្យ​ទទួល​បានផល​ជាប្រចាំ​ជាមធ្យម​ពី​ 500​-800គីឡូក្រាម​ ក្នុង1ថ្ងៃ​ដែល​ពេល​ខ្លះ​អាច​ដល់​ជាង​ 1តោន​ក៏​មាន​។ពីព្រោះ​បើ​គិត​តាម​បច្ចេកទេស​ដំណាំ​ត្រឡាច​ដែល​ដាំ​ក្នុង1ហិ​កតា​នឹង​ទទួលផល​ពី​ 10ទៅ15តោន​។ ប៉ុន្តែ​ត្រឡាច​របស់​សហគមន៍​ខ្ញុំ​ដាំ​ក្នុង​លក្ខណៈ​ជា​បន្លែ​សុវត្ថិភាព​កំណត់​ទម្ងន់​ត្រឹមតែ​ 6ខាំ​ប៉ុណ្ណោះ​ក្នុង​ 1ផ្លែ​”។

    អ្នកស្រី​បញ្ជាក់​ថា​ សម្រាប់​ការ​រក​ទីផ្សារ​លក់​ចេញ​ គឺ​ផ្លែ​ត្រឡាច​របស់​សហគមន៍​អ្នកស្រី​មិន​មានការ​លំបាក​នោះ​ទេ​ ដោយ​បច្ចុប្បន្ន​សហគមន៍​អ្នកស្រី​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​វិស័យ​ឯកជន​មួយចំនួន​ដូចជា​ក្រុមហ៊ុន​ KOC​ និង​ REMIX​ ដែល​បាន​ប្រមូល​ទិញ​ និង​ចែកចាយ​ទៅ​ទីផ្សារ​។ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​វិញ​ អ្នកស្រី​ប្រធាន​ បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ ត្រឡាច​របស់ខ្ញុំ​ អាច​លក់​បាន​តម្លៃ​ 1,700រៀល​ ទៅ​2,000រៀល​ក្នុង​ 1គីឡូក្រាម​(បើ​គិត​តម្លៃ​សរុប2000X​500​=1,000,000រៀល​)។

    អ្នកស្រី​ ពៅ​ បាន​បញ្ជាក់​ទៀត​ថា​៖“បច្ចុប្បន្ន​ត្រឡាច​របស់​សហគមន៍​ខ្ញុំ​ ត្រូវ​បាន​ផ្គត់ផ្គង់​ទៅ​ឱ្យ​ KOC​ ស៊ីដា​ក ទីផ្សារ​នៅ​ភ្នំពេញ​ និង​ទីផ្សារ​ឧដុង្គ​ និង​ដោយសារតែ​វា​មាន​តម្រូវការ​ច្រើន​ ទើប​យើង​ត្រូវ​ការផលិត​បន្ថែម​ ព្រោះ​យើង​ក៏​មាន​អ្នកទទួល​ស្គាល់​គុណភាព​ច្រើន​ដែរ​ ហើយ​ផ្លែ​ត្រឡាច​របស់​យើង​មាន​លក្ខណៈ​ពិសេស​ ត្រង់​មាន​ទម្ងន់​មិន​លើស​ពី​ 6ខាំ​ឡើយ​ក្នុង​ 1ផ្លែ​។ ជា​បន្លែ​សុវត្ថិភាព​ ធ្វើ​ឱ្យ​មានការ​បញ្ជាទិញ​បន្ថែម​ច្រើន​ តែ​សហគមន៍​ខ្ញុំ​មិនទាន់​អាច​ផលិត​ទាន់​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​នៅឡើយ​”។

    អ្នកស្រី​បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ ទៀត​ថា​៖“ខ្ញុំ​ក៏​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​បន្ថែម​ទៀត​ដែរ​ ដើម្បី​ផ្គត់ផ្គង់​តាមរយៈ​នៃ​ការអនុវត្ត​កិច្ចសន្យា​ជាមួយ​ដៃគូ​ ព្រោះ​សហគមន៍​ទទួល​បាន​ព័ត៌មាន​អំពី​តម្រូវការ​ទីផ្សារ​ជាក់លាក់​ និង​បាន​រៀបចំផែនការ​ដាំដុះ​ច្បាស់លាស់​តាម​ការ​បញ្ជាទិញ​។

    សហគមន៍​គ្រោង​នឹង​ពង្រីក​សក្តា​នុ​ពល​ដាំដុះ​បន្ថែម​ទៀត​ ព្រោះ​យើង​អាច​ផ្ទេរ​ផ្ទៃដី​ដំណាំ​ផ្សេង​មក​បង្កើន​ការ​ដាំដំណាំ​ត្រឡាច​នេះ​វិញ​ ព្រោះ​សមាជិក​សហគមន៍​ កំពុង​ទទួល​បានផល​ប្រយោជន៍​ពិត​ ពី​ការ​ដាំ​បន្លែ​ ធ្វើ​ឱ្យ​ជីវភាព​យើង​មាន​ភាព​ប្រសើរ​ឡើង​”៕

  • ការ​តុបតែង​មុខ​សម្រាប់​កូនក្រមុំ​ក្នុង​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​

    ការ​តុបតែង​មុខ​សម្រាប់​កូនក្រមុំ​ក្នុង​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​

    ការ​តុបតែង​មុខ​សម្រាប់​ថ្ងៃ​រៀបការ​មិន​ដូចគ្នា​ទៅ​នឹង​ការ​តុបតែង​សម្រាប់​ថ្ងៃ​ធម្មតា​នោះ​ទេ​ មាន​លក្ខណៈ​ខុសគ្នា​ខ្លះ​ដែល​អ្នក​គួរតែ​ដឹង​។ ដោយ​ហេតុ​ថា​វា​ជា​ថ្ងៃ​ពិសេស​ ដូ​ច្នេះ​អ្វី​ៗក៏​ត្រូវតែ​ពិសេស​ជាង​ពេល​ធម្មតា​ដែរ​ ហើយ​បើ​ចង់​ជ្រាប​កាន់តែ​ច្បាស់​ថា​ ភាព​ខុសប្លែក​គ្នា​នោះ​គឺជា​អ្វី​នោះ​សូម​តាមដាន​អត្ថបទ​ខាងក្រោម​៖

    – ពេលព្រឹក​គួរ​ប្រើ​ក្រែមលាបមាត់​ដែល​មាន​ពណ៌​ស្រាល​ ហើយ​មុខ​ក៏​មិន​គួរ​ផាត់​ក្រាស់​ពេក​ដែរ​។ គួរ​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ធម្មជាតិ​ច្រើនជាង​ ហើយ​អ្នក​អាច​ជ្រើសរើស​ម៉ូដ​សក់​ផ្សេង​ៗតាម​ការ​ពេញចិត្ត​។
    – បើ​អ្នក​ធ្លាប់​លាបមុខ​ដោយ​ពណ៌​ទី2ក្នុង​ថ្ងៃ​ធម្មតា​ អ្នក​គួរតែ​ប្តូរ​មក​ប្រើ​ពណ៌​លេខ1វិញ​ ព្រោះ​សម្រាប់​ថ្ងៃនេះ​ ផ្ទៃមុខ​ត្រូវ​តែ​សជាង​មុន​។– ភ្នែក​ជាទី​តាំង​សំខាន់​បំផុត​ក្នុង​ការ​តែង​មុខ​ ព្រោះ​វា​អាច​ជួយ​បន្ថែម​ពន្លឺ​នៃ​ភាព​ទាក់ទាញ​ឱ្យ​កូនក្រមុំ​បាន​ ដូច្នេះ​ត្រូវ​យកចិត្ត​ទុកដាក់​ត្រង់កន្លែង​នេះ​ជាពិសេស​។
    – នៅពេល​រាត្រី​ចូល​មកដល់​ កូនក្រមុំ​ត្រូវ​បន្ថែម​ពណ៌​ក្រែមលាបមាត់​ឱ្យ​ច្បាស់​ជាង​មុន​ រោមភ្នែក​ទាំង​ខាងលើ​ ទាំង​ខាងក្រោម​ ក៏​ត្រូវ​ឱ្យ​កាន់​តែ​ច្បាស់​ដូចគ្នា​ដែរ​។ គួរ​ប្រើ​ពណ៌​មាស​ ឬពណ៌​ទឹកក្រូច​ ដើម្បី​ផាត់​ថ្ពាល់​ ព្រោះ​វា​ជួយ​ធ្វើ​ឱ្យ​ផ្ទៃមុខ​របស់​កូនក្រមុំ​មើលទៅ​ស្រស់​ស្អាត​ សមរម្យ​ ព្រម​ទាំង​បង្ហាញ​ពី​ភាព​ទាន់សម័យ​ថែមទៀត​ផង​។– គ្រឿងអលង្ការ​ ឬត្បូង​ផ្សេង​ៗមាន​សារ​សំ​ខាន់​ណាស់​សម្រាប់​ការ​តុបតែង​ក្នុង​ពេល​រាត្រី​ព្រោះ​វា​អាច​ជួយ​បញ្ចេញ​នូវ​ភាព​ចែងចាំង​ភ្លឺផ្លេក​ដែល​ជា​ប្រភព​នៃ​ភាព​ទាក់ទាញ​ជា​ខ្លាំង​។
    – សម្រាប់​កូនក្រមុំ​ដែល​មាន​ទម្រង់​មុខ​តូច​ គួរ​ស្វែងរក​ម៉ូដ​សក់​ណា​ដែល​ស្រដៀងគ្នា​ទៅ​នឹង​ផ្ទៃ​មុខ​របស់​អ្នក​ទើប​ស័ក្តិសម​។ ម៉ូដ​សក់​ធំៗ​មិន​សមជា​មួយ​អ្នក​ដែល​មាន​ទម្រង់​មុខ​តូច​នោះ​ទេ​ ​;ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មើលឃើញ​សក់​កាន់តែ​ច្រើន​ ហើយ​ផ្ទៃមុខ​កាន់តែ​តូចជាង​មុន​ទៅទៀត​។– ចំពោះ​កូនក្រមុំ​ដែល​មានផ្ទៃ​មុខ​តូច​បែប​នេះ​ គឺ​ប្រើ​ក្រវិល​រាង​វែង​បន្តិច​ទើប​ជាការល្អ​បំផុត​។
    – ការ​ធ្វើ​ម៉ូដ​សក់បួង​ឡើង​គួរ​ធ្វើ​នា​ពេល​រាត្រី​ ពីព្រោះ​វា​អាច​ជួយ​ឱ្យ​មើលឃើញ​ផ្ទៃមុខ​កូនក្រមុំ​កាន់តែ​ច្បាស់​ និង​ស្រឡះ​ល្អ​ គួរ​ជាទី​ទាក់ទាញ​ក្រ​សែ​ភ្នែក​អ្នក​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​ឱ្យ​សម្លឹង​មើល​មក​កូនក្រមុំ​ជាពិសេស​៕

  • រឿង​ដែល​ត្រូវ​គិត​ មុន​រៀបការ​ សម្រាប់​កំលោះក្រមុំ​សម័យថ្មី​

    រឿង​ដែល​ត្រូវ​គិត​ មុន​រៀបការ​ សម្រាប់​កំលោះក្រមុំ​សម័យថ្មី​

    សម្រាប់​ការ​រៀបការ​ ឬការ​រួមរស់​នៅជា​មួយ​គ្នា​រវាង​មនុស្ស​ពីរ​នាក់​ដែល​ធ្វើដំណើរ​ទៅជាមួយ​គ្នា​ក្រោយពី​បាន​សេពគប់​មើលចិត្ត​ថ្លើម​គ្នា​អស់​មួយ​រយៈ​ហើយ​នោះ​ អាច​ហៅ​បាន​ថា​ មិនមែន​ជា​រឿង​ងាយ​ដូចដែល​មនុស្សជា​ច្រើន​គិត​នោះ​ទេ​ តែ​ដូច​ពាក្យ​ដែលគេ​និយាយ​ថា​ “ការ​រៀបការ​មិនមែន​ជា​ចំណុច​បញ្ចប់​របស់​ជីវិត​នោះ​ទេ​ តែ​វា​ជា​ចំណុច​ចាប់ផ្តើម​របស់​ជីវិត​” ទៅវិញ​ទេ​ ព្រោះ​អំឡុង​ជីវិត​ក្រោយពេល​រៀបការ​នោះ​ គឺជា​ការពិត​ដែល​យើង​ត្រូវ​ប្រឈម​ ថ្ងៃនេះ​យើង​នាំគ្នា​មក​មើល​ពី​ភាព​ត្រៀមខ្លួន​រួចជាស្រេច​មុន​ពេល​រៀបការ​ ដើម្បី​ជា​គន្លង​ផ្លូវ​ដែល​លោកអ្នក​ត្រូវតែ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ជួបប្រទះ​ និង​ប្រឈមមុខ​ជាមួយ​ភាព​ប្រែប្រួល​ទាំងអស់​នោះ​។

    ទស្សនៈ​ និង​ផ្នត់គំនិត​ត្រូវគ្នា​ឬទេ​?
    សម្លឹង​មើល​ពី​សេចក្តី​នឹក​សង្ឃឹម​របស់​អ្នក​និង​គូស្នេហ៍​ថា​ តើមាន​ផ្នត់គំនិត​ទៅ​ក្នុង​ទិសដៅ​ដូចគ្នា​ដែរ​ឬទេ​? តើ​ម្នា​ក់ៗ​ទទួលស្គាល់​ភាព​មិន​ត្រូវ​គ្នា​នោះ​បាន​ច្រើន​តិច​ប៉ុនណា​? ដែល​រឿង​នេះ​អាច​រាប់​បាន​ថា​ ជា​រឿង​មួយ​សំខាន់​ខ្លាំង​ណាស់​ ដែល​អ្នកចាំ​បាច់​ត្រូវ​ប្រឹក្សា​គ្នា​ជាមួយ​គូស្នេហ៍​របស់​អ្នក​ថា​ តើមាន​គំនិត​ដូច​ ឬខុសគ្នា​ច្រើន​តិច​ប៉ុន​ណា​? ព្រោះ​បើ​ខុសគ្នា​ច្រើន​ និង​ទទួលយក​មិនបាន​នោះ​ នឹង​ច្រើនតែ​កើតមាន​បញ្ហា​ក្រោយ​រៀបការ​ជានិច្ច​។

    ព្រម​ទទួលយក​ការ​ផ្លាស់​ប្តូរ​ច្រើន​តិច​ប៉ុនណា​?
    រឭក​ដឹង​ថា​ តើ​អ្នក​ត្រៀម​ជាស្រេច​ក្នុង​កា​រប្រ​ឈម​ជាមួយ​ការ​ផ្លាស់​ប្តូរ​បាន​ច្រើន​តិច​ប៉ុនណា​? មិនថា​តែ​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ ឬអាច​ត្រូវ​ប្តូរ​កន្លែង​ធ្វើការ​ ហើយ​បើ​មានកូន​ តើ​នឹង​ត្រូវ​រស់នៅ​បែប​ណា​ទៀត​?

    ទទួលយក​ និង​យល់​ពី​សម្ពន្ធភាព​ជាមួយ​ក្រុម​គ្រួសារ​ ឬគូស្នេហ៍​បាន​ឬទេ​?
    នឹកដល់​ពី​សម្ពន្ធភាព​របស់​ក្រុម​គ្រួសារ​ ឬគូ​ស្នេហ៍​ ប្រសិនជា​ក្រុម​គ្រួសារ​គេ​មិន​ចូលចិត្ត​អ្នក​ផង​នោះ​ អាច​នឹង​ក្លាយជា​សង្គ្រាម​ក្តៅ​គគុក​ ឬសភាវ​បង្ខំចិត្ត​បាន​ ដែល​អ្នក​នឹង​ត្រូវ​ស្គាល់​ពី​វិធី​ក្នុង​ការសម្រុះសម្រួល​ និង​ទប់ទល់​យ៉ាង​មាន​សតិបញ្ញា​ ចេះ​គ្រប់គ្រង​អារម្មណ៍​ខឹង​សម្បារ​ឱ្យ​ល្អ ព្រោះ​មិន​ដូច្នោះ​ទេ​នឹង​កើតការ​ឈ្លោះ​តតាំង​ និង​សាង​ក្តី​លំបាកចិត្ត​ដល់​គូស្នេហ៍​របស់​អ្នក​បាន​។

    ស្គាល់​ និង​យល់​ពី​អារម្មណ៍​គូស្នេហ៍​យ៉ាង​ស៊ី​ជម្រៅ​ច្បាស់​ហើយ​ឬនៅ​?
    ត្រូវ​ស្គាល់​ពី​អារម្មណ៍​របស់​គូស្នេហ៍​ឱ្យ​ច្បាស់​មុននឹង​សម្រេចចិត្ត​រៀបការ​ ព្រោះ​បើ​ឈ្លោះ​គ្នា​ ​;ហើយ​ដល់​ថ្នាក់​ប្រើ​កម្លាំងបាយ​វាយតប់​ផង​នោះ​ ​;អ្នក​គួរតែ​វិលត្រឡប់​មក​រិះគិត​ឡើងវិញ​ឱ្យ​បាន​ច្បាស់​ មុននឹង​យល់ព្រម​សម្រេចចិត្ត​។

    រៀប​ផែនការ​ទប់ទល់​ជាមួយ​បញ្ហា​ហិរញ្ញវត្ថុ​ដែល​អាច​កើតឡើង​ក្រោយពេល​រៀបការ​ច្បាស់​លាស់​ហើយ​ឬនៅ​?
    ពិនិត្យមើល​ស្ថានភាព​ខាង​ហិរញ្ញវត្ថុ​របស់​គូ​ស្នេហ៍​ រឿង​នេះ​ក៏អាច​រាប់​បាន​ថា​ជា​បច្ច័យ​មួយ​ដែល​ត្រូវតែ​រឭក​នឹកដល់​យ៉ាង​ខ្លាំង​មួយ​ដែរ​ ព្រោះ​ពាក្យ​ថា​ សុខចិត្ត​ហូប​អំបិល​ជាមួយគ្នា​នោះ​ វា​ប្រើ​លែង​បាន​ហើយ​នៅក្នុង​សង្គម​បច្ចុប្បន្ន​នេះ​។ ក្រោយ​រៀបការ​ បើ​កើតមាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​នៅពេល​ណាមួយ​ហើយ​នោះ​ បញ្ហា​ផ្សេង​ៗក៏​នឹង​តាម​មក​ជាច្រើន​ ដូច្នេះ​ទើបត្រូវ​មានការ​ពិភាក្សា​គ្នា​ ឬរៀប​ផែនការ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ឱ្យ​បាន​ច្បាស់​លាស់​ជាមុន​សិន​។

    សង្កេតឃើញ​ថា​ រឿង​របស់​ការ​រៀបការ​នេះ​គឺជា​រឿង​សំខាន់​ ដែល​យើង​ម្នា​ក់ៗ​ចាំបាច់​ត្រូវតែ​គិត​សម្រេចចិត្ត​ឱ្យ​ច្បាស់ជា​មុន​សិន​ មុននឹង​សម្រេច​ចិត្ត​យល់ព្រម​ ព្រោះ​ជីវិត​គូ​មិនមែន​ប្រើប្រាស់​ត្រឹមតែ​សេចក្តី​ស្រឡាញ់​រវាង​គូស្នេហ៍​តែ​ម្យ៉ាង​ប៉ុណ្ណោះទេ​ តែ​នៅ​ត្រូវ​នឹកដល់​បច្ច័យ​ជុំវិញ​ខ្លួន​ផ្សេង​ៗទៀត​ជាច្រើន​ ហើយ​បើសិនជា​មិន​រិះគិត​ឱ្យ​បាន​ល្អិតល្អន់​មុន​សម្រេចចិត្ត​ទេ​នោះ​ អាច​នឹង​ត្រូវ​បញ្ចប់ជីវិត​អាពាហ៍​ពិពាហ៍​ដោយ​ការ​លែង​លះ​ ឬខូចចិត្ត​សោក​ស្តាយ​នៅពេល​ក្រោយ​បាន​។ ហើយ​ប្រសិនជា​អាច​ទទួលស្គាល់​នូវ​ភាព​ផ្លាស់​ប្តូរ​ដែល​នឹង​កើតឡើង​តាម​ក្រោយ​បាន​នោះ​ នឹង​អាច​រួមរស់​នៅជា​មួយ​គ្នា​យ៉ាង​មាន​សេចក្តី​ទុក្ខ​តិច​ៗ តែ​មាន​សេចក្តី​សុខ​យូរអង្វែង​បាន​៕

  • ADB​-IMF​៖ សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រីកចម្រើន​ និង​ចំណូលជាតិ​នៅតែ​រឹងមាំ​

    ADB​-IMF​៖ សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រីកចម្រើន​ និង​ចំណូលជាតិ​នៅតែ​រឹងមាំ​

    ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ Asian​ Development​ Bank​ (ADB​) ថ្មី​ៗនេះ​បាន​ចេញ​របាយការណ៍​ មួយ​ដែល​ឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​នៅតែ​បន្ត​សម្រេច​បាន​កំណើន​រឹងមាំ​ក្នុង​ឆ្នាំនេះ​ បើ​ ទោះបីជា​ផលិតកម្ម​កសិកម្ម​មានការ​កើនឡើង​យឺត​ជាង​ការ​រំពឹង​ទុក​ក៏ដោយ​។

    ការ​ធ្វើ​បច្ចុប្បន្នភាព​ របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ អំពី​សេដ្ឋកិច្ច​ដែល​មានឈ្មោះ​ថា​ ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​ Asian​ Development​ Outlook​(ADO​) ឆ្នាំ2019​ ADB​ បាន​រក្សា​ការ​ព្យាករ​ របស់​ខ្លួន​អំពី​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​(ផ.ស.ស​)សម្រាប់​ប្រទេស​កម្ពុជា​កម្រិត7.0​% សម្រាប់​ឆ្នាំនេះ​ និង​ 6.8​% សម្រាប់​ឆ្នាំ2020​។

    លោកស្រី​ Sunniya​ Durrani​-Jamal​ នាយិកា​ប្រចាំ​ប្រទេស​របស់​ធនាគារ​ ADB​ ទទួលបន្ទុក​ប្រទេស​កម្ពុជា​ថ្លែង​ថា​៖ “សេដ្ឋកិច្ច​កម្ពុជា​បន្ត​កើនឡើង​ក្នុង​ល្បឿន​ដ៏​រឹងមាំ​ដោយសារតែ​ភាព​ខ្លាំង​ជា​បន្ត​នៅ​ក្នុង​វិស័យ​ទូទៅ​ជាច្រើន​ ដូចជា​វិស័យ​កាត់ដេរ​ ទេសចរណ៍​ ពាណិជ្ជកម្ម​ និង​សំណង់​នៅតែ​បន្ត​មាន​ភាពរឹងមាំ​។ ទោះបី​យ៉ាងនេះ​ក្តី​ ADB​ បានឱ្យ​ដឹង​ថា​ កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធ​កម្ម​ ផលិតផល​នាំចេញ​របស់​ខ្លួន​ក្រៅពី​វិស័យ​ដែល​មានស្រាប់​បច្ចុប្បន្ន​”។

    លោកស្រី​បន្ត​ថា​៖“ជាមួយនឹង​ការ​កើនឡើង​ភាព​មិន​ច្បាស់លាស់​នៅក្នុង​បរិយាកាស​ពាណិជ្ជកម្ម​ពិភពលោក​ ព្រមទាំង​ផល​ប៉ះពាល់​របស់​វា​មក​លើ​វិស័យ​សេវាកម្ម​ ដូចជា​ ទេសចរណ៍​កម្ពុជា​ត្រូវការ​យុទ្ធសាស្ត្រ​ពិពិធ​កម្ម​មួយ​ជាបន្ទាន់​ ដែល​ផ្តោត​លើ​អ្វី​ដែល​មាន​ភាព​សមស្រប​សម្រាប់​ខ្លួនឯង​ ព្រមទាំង​ផ្តោត​លើ​ផលិតផល​ និង​សេវាកម្ម​ដែល​មានតម្លៃ​បន្ថែម​ខ្ពស់​ជាង​មុន​”។

    លោកស្រី​បន្ត​ថា​ ការ​ធ្វើបែប​នេះ​តម្រូវ​ឱ្យ​កាត់បន្ថយ​ហានិភ័យ​ ដែល​កើតឡើង​ពី​ការ​ផ្តល់​ឥណទាន​ដល់​វិស័យ​អចលនទ្រព្យ​ ដែល​កំពុងតែ​មានការ​កើន​ឡើង​ ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ​និង​មាន​ផលិតភាព​ខ្ពស់​ជាង​មុន​ ដើម្បី​រក្សា​តុល្យភាព​នឹង​ប្រាក់ឈ្នួល​ ដែល​កំពុង​កើនឡើង​ និង​ទាក់ទាញ​ការ​វិនិយោគមូលធន​ប្រកបដោយ​គុណភាព​ខ្ពស់​ ដែល​ទាំងអស់​នេះ​ត្រូវការ​ឱ្យ​មាន​ផង​ដែរ​នូវ​អភិបាលកិច្ច​ល្អ​ និង​ស្ថាប័ន​ដែល​រឹងមាំ​។

    របាយការណ៍​នេះ​ បាន​កត់សម្គាល់​អំពី​ហានិភ័យ​ចំពោះ​ផលិតកម្ម​ដែល​អាច​រង​ផល​ប៉ះពាល់​ ពី​ការប្រែប្រួល​អាកាសធាតុ​។ គ្រោះ​រាំងស្ងួត​ដែល​បាន​កើតឡើង​ នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ​ដំបូង​ បាន​ធ្វើ​ឱ្យ​ផលិតកម្ម​កសិផល​ និង​ជលផល​មានការ​ធ្លាក់ចុះ​ ដោយ​បាន​កាត់បន្ថយ​កំណើន​សេដ្ឋកិច្ច​ នៅក្នុង​វិស័យ​កសិកម្ម​ មក​ត្រឹម​ប្រមាណ​ 1.1​% សម្រាប់​ឆ្នាំ​នេះ​។ កំណើន​វិស័យ​ឧស្សាហកម្ម​ មាន​ ភាពរឹងមាំ​ដោយសារ​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ផលិតកម្ម​កាត់​-ដេរ​សម្លៀកបំពាក់​ ស្បែកជើង​ ជាពិសេស​ទំនិញ​សម្រាប់​ការ​ធ្វើដំណើរ​ដែល​បាន​នាំ​ឱ្យ​មានការ​ដំឡើង​ការ​ព្យាករ​របស់​ ADB​ ពី​ 10.1​% កាល​ ពី​ខែ​មេសា​ ទៅជា​ 10.6​% សម្រាប់​វិស័យ​នេះ​។

    ដោយសារ​ប្រេងឥន្ធនៈ​មានតម្លៃ​ទាប​ជាង​មុន​និង​តម្លៃ​ស្បៀងអាហារ​មានការ​កើនឡើង​តិច​អតិផរណា​មានកម្រិត​ទាប​ត្រឹម​ 1.4​% នៅ​ចុងខែ​មិថុនា​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំ2018​ និង​រំពឹង​ថា​ នឹង​មានកម្រិត​ 2.2​% ជាមធ្យម​ សម្រាប់​ឆ្នាំ2019​។

    កំណើន​នៃ​ការនាំចូល​លឿន​ជាង​ការ​រំពឹង​ទុក​ បើ​ទោះបី​ការនាំចេញ​ទំនិញ​ និង​ការ​មកដល់​នៃ​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​យ៉ាង​រឹងមាំ​ក៏ដោយ​។ ដូច្នេះ​ឱនភាព​គណនីចរន្ត​ (ដោយ​មិនរាប់​បញ្ចូល​ជំនួយឥតសំណង​) ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​នៅ​ក្នុងរយៈពេល​នៃ​ការ​ព្យាករ​នេះ​។ ឱនភាព​នេះ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ដែល​នឹង​បន្ត​គរ​ពូន​ទុនបម្រុង​ដុល​អន្តរជាតិ​ឱ្យ​ឡើង​ដល់​ប្រមាណ​ 12.3ពាន់​លាន​ដុល្លារ​ត្រឹម​ដំណាច់ឆ្នាំ​នេះ​ ដែល​អាច​រ៉ាប់រង​ចំណាយ​សម្រាប់​ការនាំចូល​បាន​រយៈពេល​ 6ខែ​។

    ដោយឡែក​មន្ត្រី​ជាន់ខ្ពស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (International​ Monetary​ Fund​ ឬIMF​) ក៏បាន​កោត​សសើរ​ចំពោះ​ការ​រីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ និង​ចំណូលជាតិ​រឹងមាំ​ខណៈ​មន្ត្រី​រូប​នេះ​ចុះ​បំពេញបេសកកម្ម​ សម្រាប់​រយៈពេល​ 2សប្តាហ៍​នៅ​កម្ពុជា​ ដើម្បី​សិក្សា​ និង​វាយតម្លៃ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ ។

    លោក​ Jarkko​ Turunen​ ក្រុមការងារ​បេសកកម្ម​ Article​ IV​ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បាន​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ បេសកកម្ម​របស់​ក្រុមការងារ​ Article​ IV​ មាន​គោលបំណង​៖ 1-វាយតម្លៃ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​សកល​ តំបន់​ និង​នយោបាយ​ភូមិសាស្ត្រ​មក​លើ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​។ 2- វាយតម្លៃ​ និង​ផ្តល់​អនុសាសន៍​គន្លឹះ​ សម្រាប់​ពិចារណា​លើ​វិធានការ​ គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ និង​អាទិភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​អនុវត្ត​ និង​ត្រៀម​នឹង​ដាក់ចេញ​សម្រាប់​ជំហាន​បន្ទាប់​។ 3-ការ​ប៉ាន់ស្មាន​តម្រូវការ​ និង​ប្រភព​ហិរញ្ញប្បទាន​ក្នុង​ការ​គាំទ្រ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ (CSDGs​) និង4​-យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​ជំនាញ​កម្ពុជា​ ដែល​រួមមាន​ជំនាញ​វិភាគ​ និង​ស្តង់ដារ​គ្រប់គ្រង​ និង​ផ្សព្វផ្សាយ​ទិន្នន័យ​ ។

    លោក​ Jarkko​ Turunen​ ប្រធាន​បេសកកម្ម​ បាន​វាយតម្លៃ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​ចំណូលជាតិ​ប្រកប​ ដោយ​ភាពរឹងមាំ​ និង​ផ្លែផ្កា​។

    លោក​បាន​ថ្លែងអំណរគុណ​ ដល់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​បន្ត​រៀបចំ​ផ្តល់​កិច្ចសហការ​យ៉ាងសកម្ម​ សម្រាប់​ក្រុមការងារ​បេសកកម្ម​ Article​ IV​ ក្នុង​ការវាយតម្លៃ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ និង​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​អគ្គនាយក​ដ្ឋាន​ / ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ឱកាស​បំពេញ​ការងារ​បេសកកម្ម​នេះ​។

    ក្នុង​ឱកាស​នោះ​ដែរ​ លោក​ Jarkko​ Turunen​ ប្រធាន​ក្រុម​បេសកកម្ម​សម្រាប់​កម្ពុជា​ បាន​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​ ជា​ ចាន់​តូ​ អគ្គ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ដោយ​ឯកឧត្តម​អគ្គ​ទេសាភិបាល​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ មាន​សុខភាព​ល្អ​ប្រសើរ​ និង​បាន​រួមចំណែក​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ និង​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​ និង​បទប្បញ្ញត្តិ​ជាមួយនឹង​ការ​ដាក់ចេញ​បន្តបន្ទាប់​នូវ​គោលនយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​ ការបោះផ្សាយ​របាយការណ៍​ ស្ថិរភាព​ហិរញ្ញវត្ថុ​ និង​ពង្រឹង​បណ្តាញ​ការពារ​ស្ថិរភាព​ធនាគារ​ឱ្យ​បាន​រឹងមាំ​ស្របតាម​ស្តង់​ដា​អន្តរជាតិ​។

    សូមជម្រាប​ថា​ បេសកកម្ម​ Article​ IV​ ត្រូវ​បាន​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ សម្រាប់​ប្រទេស​ជាស​មា​ជិ​ក ដើម្បី​ពិនិត្យ​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ និង​ផ្តល់​អនុសាសន៍​ សម្រាប់​ការអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​។

    ឯកឧត្តម​អគ្គ​ទេសាភិបាល​ក៏បាន​ជម្រាប​ជូន​គណៈប្រតិភូ​ពី​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​នា​ពេល​កន្លងមក​ ពិសេស​នៅ​ឆ្នាំ2018​ ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​អត្រា7.5​%។ ឆ្នាំ2019​ រាជរដ្ឋាភិបាល​ រំពឹង​ថា​ កំណើន​នឹង​បន្ត​កើន​ក្នុងរង្វង់​ 7.1​% ដែល​ជា​កម្រិត​ខ្ពស់​ក្នុង​តំបន់​។ ទន្ទឹម​នេះ​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ល្អ​ប្រសើរ​ ដោយ​អតិផរណា​នៅ​ឆមាស​ទី1​ មាន​អត្រា1.9​% ហើយ​រំពឹង​ថា​ មានកម្រិត2.2​% សម្រាប់​ឆ្នាំ2019​៕

  • ការវិវឌ្ឍរបស់ទារកនៅក្នុងគភ៌

    ការវិវឌ្ឍរបស់ទារកនៅក្នុងគភ៌

    9 ខែពេញ​ដែល​ស្ត្រី​មានគភ៌​ និង​កូនតូច​ក្នុង​ផ្ទៃ​ជាផ្នែក​មួយ​នៃ​គ្នា​ទៅវិញទៅមក​ ឥឡូវ​យើង​នាំគ្នា​មក​មើល​ពី​ការ​ចម្រើន​ធំធាត់​ និង​ការ​វិវឌ្ឍ​ដ៏​អស្ចារ្យ​របស់​ទារក​នៅក្នុង​គភ៌​ដូចតទៅ​៖

    • មានគភ៌​ខែទី1​: ចាប់ផ្តើម​កកំណើត​ខែ​ដំបូង​នៅក្នុង​គភ៌​ម្តាយ​ កូន​គ្រាន់តែ​ជា​តួ​កំណើត​តូច​មួយ​ មើលទៅដូចជា​កូន​បង្គា​តូច​មួយ​ច្រើនជាង​រូប​ទារក​ពេញ​រូបរាង​។ មាន​ប្រវែង​ត្រឹមតែ​ 4មីល្លីម៉ែត្រ​ មានតែ​ក្បាល​ ចំណែក​ដងខ្លួន​មាន​លក្ខណ:ស្រដៀង​កូន​ក្អុក​ ដែល​ក្រោយមក​នឹង​ក្លាយទៅជា​ឆ្អឹងកង​ខ្នង​ តែ​ក្នុងអំឡុងពេល​នេះ​ កូន​ចាប់ផ្តើម​កកើត​អវយវ:សំ​ខាន់​ៗហើយ​ រួម​ទាំង​បេះដូង​ផង​… ជា​សញ្ញា​បញ្ជាក់​ពី​ការ​ចាប់​កំណើត​នៃ​ជីវិត​មួយ​នៅ​លើ​ផែនដី​នេះ​ហើយ​។

    • គភ៌​ខែទី2​: ទារក​នៅក្នុង​គភ៌​ចាប់ផ្តើម​កម្រើក​កូន​នឹង​ធំធាត់​ជាង​ពី​ខែ​ដំបូង​ ឆ្អឹង​មុខ​នី​មួយ​ៗចាប់ផ្តើម​លេចចេញ​ជារូបរាង​។ ចំ​ណុច​ខ្មៅ​ៗដែល​មើលឃើញ​នៅ​ចំ​កណ្តាល​ គឺ​ប្រស្រីភ្នែក​របស់​កូន​ ចំណែក​ឯផ្ទៃមុខ​ចាប់ផ្តើម​មើលឃើញ​ជា​រាងរៅ​របស់​ច្រមុះ​ បបូរមាត់​ និង​ត្រចៀក​។ កូន​ចាប់ផ្តើម​មាន​អវយវ:សំ​ខាន់​ៗគ្រប់​អស់ហើយ​ ដៃជើង​ក៏​ចាប់ផ្តើម​ដុះ​ ហើយដោយ​សារ​ទំហំ​ដែល​នៅ​តូច​ល្អិត​ ទើប​ធ្វើ​ឱ្យ​អ្នកម្តាយ​អាច​នៅ​មិនទាន់​មាន​អារម្មណ៍​ដឹង​ថា​ កូន​រើ​ ឬកម្រើក​នៅឡើយ​ តែ​ការពិត​វិញ​ កូន​កម្រើកខ្លួន​បាន​ហើយ​ និង​បេះ​ដូង​របស់​កូន​ចាប់ផ្តើម​លោត​ទៀតផង​។

    • គភ៌​ខែទី3​: ពី​តួ​កំណើត​ ក្លាយជា​ទារក​ នៅក្នុង​គភ៌​ពី​តួ​កំណើត​ដ៏​តូច​ល្អិត​ កូន​ក្លាយ​មក​ជា​ទារក​នៅក្នុង​គភ៌​ដែល​កាន់តែ​ដូច​មនុស្ស​ខ្លាំង​ឡើង​។ មាន​អវយវ:គ្រប់32មុខ​ហើយ​ តែ​នៅ​មិនទាន់​ពេញ​រូបរាង​នៅឡើយ​ និង​ចាប់ផ្តើម​តបស្នង​នឹង​អ្វី​ដែល​ជំរុញ​ពី​ខាងក្រៅ​បាន​ហើយ​ ដូចជា​បើ​មាន​អ្វី​មក​ប៉ះ​ពោះ​ម្តាយ​ ទារក​នឹង​ងាកខ្លួន​គេច​ ជាដើម​។ ផ្ទៃមុខ​ចាប់ផ្តើម​មើលឃើញ​កាន់តែ​ច្បាស់​ឡើង​ រហូត​អាច​មើលឃើញ​ថា​ មាន​ចង្កា​ ថ្ងាស់​លាត​ធំឡើង​ ក្បាល​ និង​កបញ្ឈរ​ឡើង​ត្រង់​ ច្រមុះ​ចាប់ផ្តើម​មាន​ក្តោង​រហូត​មើលឃើញ​បាន​យ៉ាង​ច្បាស់​ ត្របកភ្នែក​មាន​រូបរាង​ច្បាស់លាស់​ ហើយ​កូន​ថែមទាំង​ចាប់ផ្តើម​ចេះ​ជញ្ជក់មាត់​ និង​ពេលខ្លះ​បូញ​មាត់​បាន​ទៀតផង​។

    • គភ៌​ខែទី4​: មុខមាត់​ដូច​អ្នកណា​គេ​ហ្ន៎​?ទារក​នឹង​រីក​ធំធាត់​លម្អិត​តាម​ផ្នែក​ផ្សេង​ៗរបស់​រាងកាយ​រហូត​ស្រដៀង​ឪពុក​ម្តាយ​ និង​ ថែមទាំង​ចេះ​សម្តែង​ទឹកមុខ​បាន​ទៀតផង​។ កូន​ចាប់ផ្តើម​ដុះ​ចិញ្ចើម​ និង​រោមភ្នែក​ សរសៃសក់​ក៏​ចាប់ផ្តើម​ដុះ​ច្រើន​ដែរ​ និង​មាន​ពណ៌​។ ប្រព័ន្ធ​ប្រសាទ​ក៏​វិវឌ្ឍ​ច្រើនឡើង​ដែរ​។ កូនតូច​ចាប់ផ្តើម​ស្តាប់​ឮសំឡេង​ខាងក្នុង​ពោះ​ម្តាយ​ ទាំង​សំឡេង​បេះដូង​របស់​ម្តាយ​ និង​សំលេង​គ្រូក​គ្រាក់​ ឬក្រ​ចៗ​នៃ​ប្រព័ន្ធ​រំលាយអាហារ​របស់​ម្តាយ​ជាដើម​ ខណ​:ពេល​ជាមួយគ្នា​ ភ្នែក​ក៏​ចាប់ផ្តើម​ដឹងពី​ពន្លឺ​ដែរ​។ អវយវ:ខាងក្រៅ​នឹង​បញ្ជាក់​ពី​ភេទ​បាន​កាន់តែ​ច្បាស់​ឡើង​ ធ្វើ​ឱ្យ​ដឹង​ច្បាស់​ហើយ​ថា​ពេលនេះ​កូន​ជា​កូនប្រុស​ ឬកូនស្រី​។

    • គភ៌​ខែទី5​: កូន​ចាប់ផ្តើម​ស្តាប់​ឮសំឡេង​កូន​ចេះ​ប៉ះ​ម្តាយ​ហើយ​ ព្រោះ​ប្រព័ន្ធ​ប្រសាទ​វិវឌ្ឍ​ឡើង​យ៉ាង​ល្អ​ រហូត​អាច​គ្រប់គ្រង​ការ​ធ្វើការងារ​របស់​សាច់ដុំ​ រហ័ស​នឹង​ការ​ប៉ះពាល់​ និង​រំ​កឹល​ខ្លួន​គេច​កាន់តែ​ច្រើនឡើង​ពេល​មាន​អ្វី​មក​ប៉ះ​ពោះ​ម្តាយ​។ ធ្មេញទឹកដោះ​ចាប់ផ្តើម​កខ្លួន​ឡើង​នៅក្នុង​អញ្ចាញ​ និង​តាម​ដងខ្លួន​មាន​ដុះ​រោម​ខ្ចី​ៗ(រោមត្រឡាច​)។ បើ​អ្នកម្តាយ​ចង់​ចង់និយាយ​ជាមួយ​កូន​ ឬច្រៀង​ឱ្យ​កូន​ស្តាប់​នោះ​ អំឡុង​ពេលនេះ​ គឺ​ស័ក្តិសម​ល្អជា​ទីបំផុត​ ព្រោះ​កូន​ចាប់ផ្តើម​បានឮ​សំឡេង​ពី​ខាងក្រៅ​ និង​អាច​តបស្នង​បាន​ហើយ​។

    • គភ៌​ខែទី6​: រូបភាព​ដំបូង​នៅក្នុង​ពោះ​ម្តាយ​រូបរាង​មុខមាត់​របស់​កូន​ពេលនេះ​រាងដូចជា​ពេញ​បរិបូរណ៍​ប្រហាក់​ប្រហែល​នឹង​ពេល​ជិត​កើត​ហើយ​ ឯខួរក្បាល​ក៏​វិវឌ្ឍ​ឡើង​រហូត​ចាប់ផ្តើម​ចេះ​ចងចាំ​ និង​រៀន​យល់ដឹង​អ្វី​ផ្សេង​ៗបាន​ហើយ​ ព្រោះ​កោសិកា​ខួរក្បាល​ផ្នែក​ដែល​មាន​នាទី​ក្នុង​ការ​ដឹង​ ចាប់ផ្តើម​ធ្វើការ​ហើយ​។ ការ​រើ​របស់​កូន​ក្នុង​អំឡុង​ពេលនេះ​ក៏​កើតឡើង​យ៉ាង​មាន​ចេតនា​ច្រើនឡើង​ដែរ​ ដូចជា​ នៅពេល​មាន​អារម្មណ៍​ខឹង​ ឬមាន​តម្រូវការ​អ្វីមួយ​ជាដើម​។ ប្រព័ន្ធ​ប្រសាទ​ខាង​ការ​ឮក៏​វិវឌ្ឍ​ឡើង​ច្រើន​ រហូត​ចាំ​សំឡេង​របស់​ឪពុក​ម្តាយ​បាន​ដែរ​។

    • គភ៌​ខែទី7​: ទារក​ចាប់ផ្តើម​ចេះ​បញ្ចេញ​អារម្មណ៍​កូន​នៅក្នុង​ផ្ទៃ​ចាប់ផ្តើម​បង្ហាញ​ពី​តម្រូវការ​ និង​អារម្មណ៍​ឆ្លើយតប​នឹង​ម្តាយ​បាន​ហើយ​ ដូចជា​បើ​ម្តាយ​ញ៉ាំបាយ​ខុសពេល​វេលា​ ឬឮ​សូរ​សំឡេង​ខ្លាំង​ៗជុំវិញ​ខ្លួន​ច្រើនពេក​នោះ​ គេ​នឹង​ធាក់​ពោះ​ម្ដាយ​ ហើយ​រើ​ខ្លាំង​ដើម្បី​តវ៉ា​ម្តាយ​។ កូន​ចាប់ផ្តើម​ចេះ​ប្រិច​ភ្នែក​ និង​មើលឃើញ​ហើយ​ តែ​បាន​ត្រឹមតែ​ចម្ងាយ​ 20​ – 25សង់ទីម៉ែត្រ​ប៉ុណ្ណោះ​(ស្មើនឹង​ពេល​កើត​មក​ភ្លាម​ៗដែរ​)។ អំឡុង​ពេល​នេះ​ កូន​ចាប់ផ្តើម​ចេះ​នោម​ហើយ​ ដោយ​នោម​នៅក្នុង​ទឹកភ្លោះ​ក្នុង​ពោះ​ម្ដាយ​ហ្នឹងឯង​។

    • គភ៌​ខែទី8​: ទារក​ចាប់ផ្តើម​ត្រឡប់​ខ្លួន​មិនយូរ​ប៉ុន្មានទៀត​ទេ​ កូន​នឹង​បើកភ្នែក​មើល​ពិភពលោក​ហើយ​ ក្នុងអំឡុងពេល​នេះ​រូបរាង​របស់​កូន​មាន​ទំហំ​ប៉ុន​នឹង​ទារក​ដែល​គ្រប់​កំណត់​កើត​ហើយ​ តែ​នៅ​ត្រូវការ​ពេលវេលា​ដើម្បី​វិវឌ្ឍ​ថែម​បន្តិចទៀត​។ រយ:ពេលនេះ​កូន​នឹង​រំ​កឹល​ខ្លួន​ សណ្តូក​ដៃ​ និង​ជើង​ទៅ​ប៉ះ​នឹង​សាច់​ស្បែក​ពោះ​របស់​អ្នកម្តាយ​ ធ្វើ​ឱ្យ​មើលឃើញ​ស្នាម​ទល់​ឡើង​យ៉ាង​ច្បាស់​។ ស្បែក​កូន​ចាប់ផ្តើម​ឡើងពណ៌​ផ្កាឈូក​ សក់​ក្បាល​ចាប់ផ្តើម​ដុះ​ក្រាស់​ឡើង​ ប្រិច​ភ្នែក​កាន់តែ​ញាប់ឡើង​ និង​ដល់ពេល​ត្រឡប់​ក្បាល​ចុះទៅ​រក​មាត់ស្បូន​ហើយ​។

    • គភ៌​ខែទី9​: ទារក​ត្រៀមខ្លួន​ចេញ​មក​ពិភព​ខាងក្រៅ​កូន​មាន​រូបរាងកាយ​ពេញ​បរិបូរណ៍​ហើយ​ អវយវ:ផ្សេង​ៗត្រៀមខ្លួន​នឹង​ធ្វើការ​ក្រោយពេល​ប្រសូត​រួចជាស្រេច​។ កូន​នឹង​ជម្រុះ​រោម​ខ្ចី​ៗនៅ​តាម​រាងកាយ​ចេញ​ស្ទើរតែ​អស់​ នៅសល់​តែ​ម្តុំ​ស្មា​ ដៃ​ ជើង​ និង​ស្នាម​ផ្នត់​តាម​ដងខ្លួន​ប៉ុណ្ណោះ​។ ខែ​ចុងក្រោយ​នៅក្នុង​ពិភព​ដ៏​តូច​មួយ​នេះ​ កូន​មាន​មាឌ​ធាត់​មូល​ក្នុង​ឥរិយាបថ​ចំកោងខ្លួន​នៅក្នុង​ស្បូន​ ក្បាល​ត្រឡប់​ចុះក្រោម​តម្រង់​មក​មាត់​ស្បូន​ ដើម្បី​ត្រៀមខ្លួន​ចេញ​មក​ពិភព​ខាងក្រៅ​ហើយ​៕

  • ពិតជា​គួរ​ឱ្យ​សរសើរ​ ​!​!​ ​ក្រោយ​ផ្ទុះ​ប្រតិកម្ម​ ​តារាចម្រៀង​ ​សោភា​ ​ទេពី​ ​ព្រម​ទទួលកំហុស​ ​

    ពិតជា​គួរ​ឱ្យ​សរសើរ​ ​!​!​ ​ក្រោយ​ផ្ទុះ​ប្រតិកម្ម​ ​តារាចម្រៀង​ ​សោភា​ ​ទេពី​ ​ព្រម​ទទួលកំហុស​ ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បទ​មរតក​ដើម​ ​“​ស្ពាន​អូ​តា​គី​”​ជា​ស្នាដៃ​និពន្ធ​របស់​កវី​គង្គ​ ​ប៊ុ​ន​ឈឿន​ ​និង​បកស្រាយ​ដោយ​អធិរាជ​សម្លេង​មាស​ ​ស៊ិន​ ​ស៊ីសាមុត​ ​ត្រូវ​បាន​យក​មក​បកស្រាយ​ឡើងវិញ​(​Cover​)​ ​ដោយ​តារាចម្រៀង​ ​ញឹម​សួន​ ​សោភា​ ​ទេពី​ ​ក្នុង​នោះ​ផង​ដែរ​បទ​នេះ​ ​ត្រូវ​បាន​កែ​ប៉ា​រ៉ូល​ខ្លះ​ ​និង​ចង្វាក់​ ​ជាVersionមនុស្ស​ស្រី​ ​ដោយ​បាន​ដាក់​ថា​បទ​ ​“​ស្ពាន​អូ​តា​គី​ ​(​អូន​ជា​កម្មករ​រោងចក្រ​កំសត់​)​”​ ​ហើយ​បាន​បង្ហោះ​ចូលក្នុង​យូ​ធូប​កាលពី​ថ្ងៃទី០៤​ ​ខែតុលា​ ​ឆ្នាំ២០១៩នេះ​។​

    ​ទាក់ទង​នឹង​បទ​នេះ​ដែរ​ ​ក្រុម​គ្រួសារ​របស់​កវី​ស្ទឹង​សង្កែ​ ​គង្គ​ ​ប៊ុ​ន​ឈឿន​ ​តាមរយៈ​ទំព័រ​ហ្វេ​សបុ​ក​ឈ្មោះថា​ ​“​គង្គ​ ​ប៊ុ​ន​ឈឿន​ ​Kong​ ​Bunchhoeun​”​កាលពី​ថ្ងៃទី១៣​ ​ខែតុលា​នេះ​ ​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​យក​បទ​នេះ​កែ​ឡើងវិញ​យ៉ាង​ដូច្នេះ​ថា​ ​៖​ ​“​បទ​ ​ស្ពាន​អូ​តា​គី​ស្រី​យក​មក​ច្រៀង​ ​កែ​លំនាំ​ខ្លះ​ ​បំណងប្រាថ្នា​របស់​អ្នកនិពន្ធ​ ​ដែល​ខិតខំ​បញ្ចេញ​ពាក្យពេចន៍​ ​ទំ​រាំ​បាន​ទទួល​ស្នាដៃ​ជិត​កន្លះ​ជិ​វិត​ ​ហេតុ​អី​ក៏​បច្ចុ​បន្យ​នេះ​ត្រូវ​គេ​រំលាយ​ ​ប្ដូរ​ ​យក​ទៅ​ធ្វើ​ទុន​ ​យ៉ាង​ចំអក​ ​ដែល​បក​មក​ឱ្យ​ម្ចាស់​ស្នាដៃ​វិញ​ ​ពួក​អ្នកមើល​ងាយ​ចុះ​ ​ព្រោះ​យាយ​ខ្ញុំ​គ្មាន​សម្ថ​ភាព​ថែ​រ​រក្សា​ ​បទ​នេះ​សិទ្ធ​ក៏​មាន​ហើយ​ ​ៗ​នឹង​គឹ​ត​យ៉ាងណា​ ​លើក​មុន​គ្រាន់​បាន​ម៉ា​ផ្លើល​ ​រួច​ក៏​ស្ងាត់​ហួស​ទៅ​ដោយ​មិនបាន​ជួប​មុខ​ពួកគាត់​ផង​ ​តើ​ត្រង់ណា​ ​ជា​ក្តី​សង្ឃឹម​ ​?​ ​ចង់​អង្វរ​ថា​ជួយ​ផង​កុំ​ឲ្យ​ចាស់​នេះ​មិនបាន​ផល​ហើយ​អស់​លុយ​ចុះឡើង​ព្រោះតែ​រក្សា​សិទ្ធ​នេះ​ ​សង្ឃឹមលើ​បងប្អូន​គាំទ្រ​នឹង​ជួយ​រក្សា​ ​អរគុណ​រួម​ទាំងអស់គ្នា​ ​”​។​ ​សូមជម្រាប​ថា​ ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​កាលពី​ថ្ងៃទី២៣​ ​កក្កដា​ ​បាន​ប្រគល់​សិទ្ធ​គ្រប់គ្រង​ចម្រៀង​ ​ចំនួន១៣បទ​ ​ដែល​ជា​ស្នាដៃ​និពន្ធ​បទភ្លេង​ ​និង​ទំនុកច្រៀង​ ​ដោយ​កវី​ ​គង្គ​ ​ប៊ុ​ន​ឈឿន​ ​ទៅ​ឲ្យ​ភរិយា​របស់​គាត់​ ​គឺ​លោកស្រី​ ​គាត​ ​គឹ​មលន​ ​តាម​ការ​ស្នើសុំ​ ​។​

    ​បន្ទាប់ពី​ឃើញ​ការ​ប្រតិកម្ម​នៅ​ខាងលើ​ហើយ​ ​តារាចម្រៀង​ ​សោភា​ ​ទេព​ ​ម្ចាស់​បទ​”​តើ​អ្នកណា​កែប្រែ​ចិត្ត​បង​”​ ​បាន​ចេញ​បទចម្រៀង​”​ស្ពាន​អូ​តា​គី​”​ ​ជា​ ​Version​ ​ស្រី​ ​ក៏បាន​ឆ្លើយតប​និង​សុំទោស​ថា​ ​និង​សុំ​កុំឱ្យ​គ្រួសារ​ម្ចាស់​បទ​ចាប់​ទោស​អូ​ដ​ដំំ​ណើរ​។​

    ​កញ្ញា​ ​សោភា​ ​ទេពី​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ផ្អែក​តាម​ប្រតិកម្ម​របស់​គ្រួសារ​លោក​ ​គង្គា​ ​ប៊ុ​ន​ឈឿន​ ​អត់​សប្បាយចិត្ត​តែ​ការ​កែ​ពាក្យ​ពាក្យ​ពី​”​ ​កម្មករ​រថភ្លើង​កម្សត់​”​ ​ទៅជា​”​កម្មករ​រោងចក្រ​កម្សត់​ប៉ុណ្ណោះ​ ​ចំណែក​ការ​កែ​ប៉ា​រ៉ូ​លពី​បង​មក​អូន​ ​ក្នុង​ការ​ ​Cover​ ​បទ​”​ស្ពាន​អូ​តា​គី​”​នោះ​។​ ​កញ្ញា​ថា​ហេតុផល​នៃ​ការ​កែ​ប៉ា​រ៉ូ​លពី​ពាក្យ​រថភ្លើង​ ​មក​ជា​ពាក្យ​រោងចក្រ​នោះ​ ​ទង​នាង​ ​និង​អ្នក​ផលិត​បទ​ថ្មី​ ​មិន​មានបំណង​អាក្រក់​ទេ​ ​គឺ​គ្រាន់តែ​ចង់​អោយ​បទ​នោះ​ ​មានន័យ​ឆ្លើយតប​នឹង​បទ​ប្រុស​ ​ហើយ​មក​ពី​នារី​កម្រ​ប្រឡូក​ជា​កម្មករ​រថភ្លើង​ ​ទើប​ប្ដូរ​ជា​កម្មករ​រោងចក្រ​វិញ​ ​ដើម្បីអោយ​ត្រូវ​នឹង​បរិបទ​បទ​ស្រី​។​ ​កញ្ញា​ថា​ ​ការ​បកស្រាយ​បទ​នេះ​ ​ជា​បទ​ស្រី​ ​មានហេតុ​ផល​តែមួយគត់​ ​គឺ​ចង់​អោយ​បទ​នេះ​ ​ស្រី​អាច​ច្រៀង​បាន​ ​ហើយ​ ​ក៏​ចង់​ពញា​ក់​អារម្មណ៍​ ​អោយ​បន្ត​គាំទ្រ​បទ​នេះ​ ​កុំ​អោយ​បាត់បង់​។​ ​កញ្ញា​ថា​ ​នាង​ ​និង​ក្រុម​ផលិត​ ​មិន​មានបំណង​មាក់ងាយ​ដល់​ស្នាដៃ​របស់​លោក​ ​គង្គា​ ​ប៊ុ​ន​ឈឿន​ ​ទេ​ ​ផ្ទុយទៅវិញ​ ​គឺ​បណ្ដាលមកពី​នាង​ស្រលាញ់​បទ​នេះ​ ​ហើយ​ចង់​ ​Cover​ ​អោយ​មានន័យ​ជា​បទ​ស្រី​ ​ទើប​ប្ដូរ​ពី​ពាក្យ​ថា​”​កម្មករ​រថភ្លើង​”​ ​មក​ជា​កម្មករ​រោងចក្រ​”​។​ ​

    ​សោភា​ ​ទេពី​ ​ទទូច​សុំ​ការយោគយល់​ ​និង​សុំទោស​ដល់​គ្រួសារ​ម្ចាស់​ស្នាដៃ​ ​ដោយ​នាង​បញ្ជាក់​ថា​ ​ការ​ផ្លាស់​ប្ដូរ​ប៉ា​រ៉ូល​ ​ក៏​ដើម្បីអោយ​ក្លាយជា​បទ​ស្រី​អាចប​ក​ស្រាយ​បាន​ប៉ុណ្ណោះ​។​ ​ការ​ឆ្លើយតប​របស់​នាង​ ​គឺ​បន្ទាប់ពី​ម្ចាស់​អាក់​ខោ​មហ្វេ​សប៊ុ​ក​ឈ្មោះថា​ ​គង្គ​ ​ប៊ុ​ន​ឈឿន​ ​Kong​ ​Bunchhoeun​ ​បាន​សរសេរ​បង្ហោះ​ ​កាលពី​ថ្ងៃទី១៣​ ​ខែតុលា​នេះ​ថា​“​បទ​ ​បទ​ ​ស្ពាន​អូ​តា​គី​ស្រី​យក​មក​ច្រៀង​ ​កែ​លុំ​នាុំ​ខ្លះ​ ​បំណងប្រាថ្នា​របស់​អ្នកនិពន្ធ​ ​ដែល​ខិតខំ​បញ្ចេញ​ពាក្យពេចន៍​ ​ទំ​រាំ​បាន​ទទួល​ស្នាដៃ​ជិត​កន្លះ​ជិ​វិត​ ​ ​ហេតុ​អី​ក៏​បច្ចុ​បន្យ​នេះ​ត្រូវ​គេ​រំលាយ​ ​ប្ដូរ​ ​យក​ទៅ​ធ្វើ​ទុន​ ​យ៉ាង​ចំអក​ ​ ​ដែល​បក​មកឲ​យម្ចាស់​ស្នាដៃ​វិញ​ ​ពួក​អ្នកមើល​ងាយ​ចុះ​ ​ព្រោះ​យាយ​ខ្ញុំ​គ្មាន​សម្ថ​ភាព​ថែ​រ​រក្សា​ ​ ​បទ​នេះ​សិទ្ធ​ក៏​មាន​ហើយ​ ​ៗ​នឹង​គឹ​ត​យ៉ាងណា​ ​ ​លើក​មុន​គ្រាន់​បាន​ម៉ា​ផ្លើល​ ​រួច​ក៏​ស្ងាត់​ហួស​ទៅ​ដោយ​មិនបាន​ជួប​មុខ​ពួកគាត់​ផង​ ​តើ​ត្រង់ណា​ជា​ក្តី​សង្ឃឹម​ ​?​ ​ចង់​អង្វរ​ថា​ជួយ​ផង​កុំ​ឲយ​ចាស់​នេះ​មិនបាន​ផល​ហើយ​អស់​លុយ​ចុះឡើង​ព្រោះតែ​រក្សា​សិទ្ធ​នេះ​ ​សង្ឃឹមលើ​បងប្អូន​គាំទ្រ​នឹង​ជួយ​រក្សា​ ​អរគុណ:pray:រួម​ទាំងអស់គ្នា​ ​”​។​

    https://youtu.be/TXpCipt5tP4

     

  • ​8ខែ​ ​ដើមឆ្នាំ2019​ ​ទុន​វិនិយោគ​នៅ​កម្ពុជា​មាន​ជាង​ ​6ពាន់​លាន​ដុល្លារ​

    ​8ខែ​ ​ដើមឆ្នាំ2019​ ​ទុន​វិនិយោគ​នៅ​កម្ពុជា​មាន​ជាង​ ​6ពាន់​លាន​ដុល្លារ​

    ​ក្នុងរយៈពេល​ ​8ខែ​ ​ដើមឆ្នាំ2019​ ​គម្រោង​វិនិយោគ​នៅ​កម្ពុជា​មាន​ចំនួន​ ​222គម្រោង​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​6ពាន់​លាន​ដុល្លារ​ ​ពោល​គឺ​មានការ​កើនឡើង​ចំនួន​ ​81គម្រោង​ ​និង​មាន​ទុន​វិនិយោគ​ប្រមាណ​ ​1.88ពាន់​លាន​ដុល្លារ​ ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2018​។​ ​ ​នេះ​បើ​តាម​ការ​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​សក្តា​នុ​ពល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ដោយ​លោក​អគ្គ​លេខាធិ​កា​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​។​

    ​លោក​ ​ជា​ ​វុទ្ធី​ ​អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់​ថា​ ​ទន្ទឹម​នឹង​កំណើន​សកម្មភាព​វិនិយោគ​ជា​រួម​ដែល​មានការ​កើនឡើង​ជាបន្តបន្ទាប់​នេះ​ ​គិត​ចាប់តាំងពី​ឆ្នាំ2016​ ​រហូតមកដល់​ខែសីហា​ ​ឆ្នាំ2019​ ​នេះ​ ​សកម្មភាព​វិនិយោគ​តាម​វិស័យ​ ​ដែល​លេចធ្លោ​ជាងគេ​ ​គឺ​វិស័យ​ទេសចរណ៍​មាន​ប្រមាណ​ជា47​%​ ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​មាន24​%​ ​វិស័យ​ឧស្សាហកម្ម​ ​និង​កម្មន្តសាល​ ​មាន23​%​ ​និង​វិ​ស័យ​កសិ​-​ឧស្សាហកម្ម​មាន​ប្រមាណ​ ​6​%​ ​នៃ​ទំហំ​វិនិយោគ​សរុប​។



    ​ពោល​គឺ​ ​ពី1ឆ្នាំទៅ1ឆ្នាំ​ ​សកម្មភាព​វិនិយោគ​មានការ​កើនឡើង​ជាលំដាប់​ ​រៀងគ្នា​ទាំង​ចំនួន​គម្រោង​ ​ទាំង​ទុន​វិនិយោគ​។​ ​ជាក់ស្តែង​នៅ​ឆ្នាំ2016​ ​លើ​គម្រោង​វិនិយោគ​ចំនួន​ ​171គម្រោង​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​3.6ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​183គម្រោង​ដែល​មាន​ទុន​វិនិយោគ​ ​6.3​ ​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2017​ ​និង​ ​255គម្រោង​ដែល​មាន​ទុន​វិនិយោគ​ ​6.4ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2018​។​

    ​លោក​ ​ជា​ ​វុទ្ធី​ ​បាន​បន្ថែម​ថា​ ​នៅក្នុង​រយៈពេល​ដូចគ្នា​នេះ​ដែរ​ ​សកម្មភាព​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ក៏​មានការ​កើនឡើង​ជាបន្តបន្ទាប់​ផង​ដែរ​ ​ដោយ​ក្នុង​ឆ្នាំ2016​ ​គម្រោង​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​ ​42គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​283លាន​ដុល្លារ​អាមេរិក​។​ ​នៅក្នុង​ឆ្នាំ2017​ ​មាន​ ​47គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​ ​444លាន​ដុល្លារ​អាមេរិក​ ​និង​នៅ​ឆ្នាំ2018​ ​មាន​ ​79គម្រោង​ ​ដែល​មាន​ទុន​វិយោគ​ ​552លាន​ដុល្លារ​អាមេរិក​។​

    ​គិត​ត្រឹម​ខែសីហា​ ​ឆ្នាំ2019​ ​នេះ​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ដែល​កំពុង​មាន​ប្រតិបត្តិ​ការ​មាន​ចំនួន23តំបន់​ ​ក្នុង​នោះ​មាន​គម្រោង​វិនិយោគ​ចំនួន​ ​482គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​3.6ពាន់​លាន​ដុល្លារ​អាមេរិក​ ​ហើយ​ទំហំ​នៃ​ការនាំចេញ​ដែល​មាន​ប្រភព​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ប្រមាណ15​%​ ​នៃ​ទំហំ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ2018​។​


    ​ជាមួយគ្នា​នេះ​ ​ក្នុងរយៈពេល​ ​8ខែ​ ​ដើមឆ្នាំ2019​ ​ចំនួន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ ​និង​កម្មន្តសាល​មានការ​កើនឡើង​ខ្លាំង​ ​ខណៈ​ទុន​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​មានការ​កើនឡើង​យ៉ាង​គំហុក​ ​ប្រមាណ​ជាង94​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​។​ ​ដោយឡែក​ ​តួលេខ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ ​និង​កសិ​-​ឧស្សាហកម្ម​ ​និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ផ្សេង​ៗ​ ​មានការ​ថយ​ចុះ​។​

    ​រាជរដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​អ្នក​វិនិយោគ​គ្រប់​ជាតិសាសន៍​ទាំងអស់​ ​រួម​ទាំង​អ្នក​វិនិយោគ​ក្នុង​ស្រុក​ផង​ដែរ​។​ ​ច្បាប់​វិនិយោគ​របស់​កម្ពុជា​ ​ពុំ​មានការ​រើសអើង​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ ​និង​ផ្តល់​នូវ​ប្រព្រឹត្ត​កម្ម​ដូចគ្នា​ទាំងអស់​។​ ​កត្តា​ទាំងនេះ​ហើយដែល​បណ្តាល​ឱ្យ​កម្ពុជា​មាន​ភាព​ទាក់ទាញ​ ​ទទួល​បាន​គម្រោង​វិនិយោគ​មក​ពី​បណ្តា​ប្រទេស​ជាច្រើន​ ​ក្នុង​នោះ​ការ​វិនិយោគ​ចិន​មាន​ភាព​លេចធ្លោ​ជាងគេ​នៅក្នុង​រយៈពេល​ ​5ឆ្នាំ​ចុងក្រោយ​នេះ​ ​ជាពិសេស​ចាប់ពី​ឆ្នាំ2016​ ​រហូតមកដល់​ខែសីហា​ ​ឆ្នាំ2019​ ​ដែល​ការ​វិនិយោគ​ទាំងនេះ​ពុំ​ផ្តោត​តែ​លើ​ឧស្សាហកម្ម​កាត់ដេរ​ ​ស្បែកជើង​ ​និង​កាបូប​នោះ​ទេ​។​ ​នេះ​បើ​តាម​លោក​ ​ជា​ ​វុទ្ធី​ ​បាន​បញ្ជាក់​។​

    ​លោក​ ​ជា​ ​វុទ្ធី​ ​អគ្គលេខាធិការ​រង​ ​CDC​ ​បាន​បញ្ជាក់​បន្ថែម​ថា​៖​«​បើ​ពិនិត្យ​ទៅលើ​សកម្មភាព​វិនិយោគ​បរទេស​តាម​ប្រទេស​នី​មួយ​ៗ​ ​ចាប់ពី​ឆ្នាំ2016​ ​ដល់​ខែសីហា​ ​ឆ្នាំ2019​ ​សកម្មភាព​វិនិយោគ​របស់​អ្នក​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ​ដោយ​បាន​ចូលរួម​ចំណែក​ប្រមាណ​ ​56​%​ ​នៃ​ទុន​វិនិយោគ​សរុប​ ​ក្នុង​នោះ​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី1​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​7.9ពាន់​លាន​ដុល្លារ​ ​ស្មើនឹង​ ​35​%​នៃ​ទុន​វិនិយោគ​សរុប​ ​បន្ទាប់មក​គឺ​ប្រទេស​ជប៉ុន​ ​ដែល​មាន​ប្រមាណ​ ​8​%​។​ ​ដោយឡែក​ទុន​វិនិយោគ​ក្នុង​ស្រុក​ ​បាន​បន្ត​ឈរ​នៅ​លំដាប់​លេខ1​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​10ពាន់​លាន​ដុល្លារ​អាមេរិក​ ​ស្មើនឹង​ប្រមាណ​ ​44,7​%​ ​នៃ​ទុន​វិនិយោគ​សរុប​៕​

  • រដ្ឋ​មន្ត្រីៈ​ ​ពិព័រណ៍​ផលិតផល​អាហារ​ជប៉ុន2019​ ​ជា​ការជំរុញ​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន​

    រដ្ឋ​មន្ត្រីៈ​ ​ពិព័រណ៍​ផលិតផល​អាហារ​ជប៉ុន2019​ ​ជា​ការជំរុញ​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន​

    ​នៅក្នុង​កម្មវិធី​ ​បើក​ពិព័រណ៍​ផលិតផល​អាហារ​ជប៉ុន2019​ ​កាលពី​ថ្ងៃទី11​ ​ខែតុលា​ ​ឆ្នាំ2019​ ​នៅ​រាជធានី​ភ្នំពេញ​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​មានប្រសាសន៍​ថា​ ​ពិព័រណ៍​ផលិតផល​អាហារ​ជប៉ុន​ ​គឺជា​ការជំរុញ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ ​ហើយ​ការ​រីកចម្រើន​របស់​កម្ពុជា​កន្លងទៅ​ ​និង​នា​ពេល​បច្ចុប្បន្ន​ ​មិន​អាច​កាត់​ផ្តាច់​ពី​ការចូលរួម​របស់​មិត្ត​ជប៉ុន​បាន​ឡើយ​។​ ​

    ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្ដិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ថ្លែង​ថា​ ​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង2​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ជប៉ុន​នៅ​ឆ្នាំ2018​ ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ ​1,588លាន​ដុល្លារ​អាមេរិក​ ​ក្នុង​នោះ​ការនាំចេញ​ពី​កម្ពុជា​ទៅ​ជប៉ុន​ ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​1,079លាន​ដុល្លារ​អាមេរិក​ ​និង​ការនាំចូល​ពីជ​ប៉ុន​មក​កម្ពុជា​ ​គិតជា​ទំហំ​ទឹកប្រាក់​មាន​ប្រមាណ​ ​509លាន​ដុល្លារ​ ​អាមេរិក​។​

    ​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ ​និង​ប្រជាជន​ជប៉ុន​ ​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ​ក្នុង​ដំណើរ​ស្វែងរក​សន្តិភាព​ ​ឯកភាពជាតិ​ ​ព្រមទាំង​ការ​ស្តារ​ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​រីកចម្រើន​រហូតមកដល់​សព្វថ្ងៃ​នេះ​តាមរយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ជំនួយ​បច្ចេកទេស​នានា​ ​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​ព្រមទាំង​ការ​វិនិយោគ​របស់​វិស័យ​ឯកជន​ជប៉ុន​នៅ​កម្ពុជា​ផង​ដែរ​។​

    ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បន្ត​ទៀត​ថា​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​អ្នក​វិនិយោគ​នៅ​កម្ពុជា​ ​កាលពី​ថ្ងៃទី5​ ​ខែកញ្ញា​ ​2019​ ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន​ ​(​JETRO​)​ ​ក្នុង​គោលបំណង​បង្កើត​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង2​ ​(​កម្ពុជា​-​ជប៉ុន​)​ ​ដូច​ជាៈ​ ​1​-​ ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា​ ​និង​ជប៉ុន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ ​និង2​-​ ​លើកកម្ពស់​បរិយាកាស​វិនិយោគ​ ​ដើម្បី​លើកទឹកចិត្ត​ក្រុមហ៊ុន​ឯកជន​ជប៉ុន​ឱ្យធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។​

    ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​កត់សម្គាល់​ថា​ ​វិនិយោគ​ដោយ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន​ក៏​មានការ​រីកចម្រើន​ផង​ដែរ​ ​ដោយ​គិត​ពីឆ្នាំ1994​ ​រហូតដល់​ត្រីមាស​ទី1​ ​ឆ្នាំ2019​ ​មាន​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ចំនួន​ ​137គម្រោង​ ​ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ ​2.5ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដែល​ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​ផ្គុំ​ ​អគ្គិសនី​ ​និង​អេឡិចត្រូនិក​ ​គ្រឿង​ផ្គុំ​រថយន្ត​ ​និង​សម្ភារ​បរិក្ខារ​បច្ចេកទេស​ ​កសិ​-​ឧស្សាហកម្ម​ ​ការកែច្នៃ​ម្ហូបអាហារ​ ​សណ្ឋាគារ​ ​ទេសចរណ៍​ ​មន្ទីរពេទ្យ​ ​និង​ផ្សារ​ទំនើប​។​

    ​ ​ជាមួយ​នោះ​ដែរ​ ​ឯកឧត្ដម​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​ ​វិនិយោគ​បន្ថែម​កាន់តែ​ច្រើន​ទៀត​លើ​គ្រប់​វិស័យ​ ​ជាពិសេស​ការកែច្នៃ​ម្ហូបអាហារ​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​ស្រុក​ ​អេកូ​ទេស​ ​ចរណ៍​ ​ឧស្សាហកម្ម​ ​តភ្ជាប់​ខ្សែ​ចង្វាក់​ផលិតកម្ម​ក្នុង​ស្រុក​ ​និង​ក្នុង​តំបន់​ ​និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ធនធានមនុស្ស​សម្រាប់​វិស័យ​ឧស្សាហកម្ម​ ​ជាដើម​។​

    ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ ​ឯកឧត្ដម​សង្ឃឹមថា​ ​សកម្មភាព​ធុរកិច្ច​ ​និង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​នឹង​បន្ត​រីកចម្រើន​បន្ថែម​ទៀត​ ​ដើម្បី​ផ្ដល់​តម្លៃបន្ថែម​ ​និង​ផ្ដល់​បរិស្ថាន​ការងារ​ ​និង​បរិស្ថាន​រស់នៅ​ល្អ​ប្រសើរ​ជូន​ដល់​កម្មករ​ ​និយោជិត​កម្ពុជា​ ​ដែល​ស្រប​ទៅ​នឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ឱកាស​ការងារ​សមរម្យ​ ​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​ឧស្សាហកម្ម​កម្ពុជា​៕​

  • តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​ ​Apple​ ​ឡើង​ខ្ពស់​ ​វ៉ា​ដាច់​ឆ្នាំ​មុន​ៗ​ ​ក្រោយ​ប្រកាស​ចេញ​ ​iPhone​ ​11​ ​

    តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​ ​Apple​ ​ឡើង​ខ្ពស់​ ​វ៉ា​ដាច់​ឆ្នាំ​មុន​ៗ​ ​ក្រោយ​ប្រកាស​ចេញ​ ​iPhone​ ​11​ ​

    ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ​Apple​ ​ថ្មី​ៗ​នេះ​បាន​ហក់​ដល់​ចំណុច​ខ្ពស់​បំផុត​មួយ​ដែល​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​។​

    ​បើ​ធៀប​នឹង​តម្លៃ​ភាគហ៊ុន​នៃ​ខែ​ចាស់​ ​គឺ​មានការ​កើនឡើង​ប្រមាណ​ ​10ភាគរយ​ ​ដោយ​នេះ​ទទួល​បាន​ពី​ការ​លក់​ចេញ​ ​iPhone​ ​11​ ​និង​ ​iPhone​ ​11​ ​Pro​ ​ដែល​ទទួល​បាន​ផ្លែផ្កា​ហួសពី​ការ​រំពឹង​ទុក​នៅក្នុង​ទីផ្សារ​យក្ស​ធំៗ​ចំនួន​ ​3​ ​មាន​សហរដ្ឋអាមេរិក​ ​ចិន​ ​និង​ឥណ្ឌា​។​ ​

    ​ភាគហ៊ុន​ ​Apple​ ​ឡើងថ្លៃ​ដល់​ ​237.33ដុល្លារ​ ​បើ​ធៀប​នឹង​កំណត់ត្រា​ចាស់​កាលពី​ខែតុលា​ ​ឆ្នាំ2018​ ​ធ្លាប់​ឡើង​ត្រឹម​ ​233.47ដុល្លារ​តែប៉ុណ្ណោះ​។​ ​នេះ​បើ​តាម​របាយការណ៍​ពី​ ​CNBC​ ​បាន​ធ្វើការ​កត់សម្គាល់​។​ ​ក្រុមហ៊ុន​ ​Apple​ ​ក៏​ត្រៀម​នឹង​ប្រកាស​របាយការណ៍​ចំណូល​ប្រចាំត្រីមាស​ទី4​ ​របស់​ខ្លួន​នៅ​ថ្ងៃទី30តុលា​ ​ខាងមុខនេះ​ផង​ដែរ​៕​