មនុស្សចាស់នៅពេលដែលកើតមានជំងឺវិបត្តិផ្លូវចិត្ត គឺធ្វើឱ្យពួកគាត់ប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា អារម្មណ៍រវើយរវាយ ឆាប់ឆេវឆាវ ;ឆាប់ខឹង ឆាប់មួម៉ៅ នៅមិនសុខស្រណុកមិនស្រួល និងអាចបង្កជាទំនាស់ជាមួយអ្នកដទៃទៀតផង។ ក្រៅពីនេះ ក៏បានធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់ពួកគាត់មានការអន់ថយ ជាហេតុបណ្ដាលឱ្យងាយនឹងកើតជំងឺ និងរស់នៅមិនបានយូរផងដែរ ហើយអ្វីដែលធ្ងន់ធ្ងរបំផុតនោះ គឺ ក្នុងករណីខ្លះអាចធ្វើឱ្យពួកគាត់ ក្លាយជាមនុស្សមានសតិមិនគ្រប់ថែមទៀតផង។ បើរកឃើញថា ខ្លួនឯងមានអារម្មណ៍មិនល្អយូរថ្ងៃ ឬឈានទៅរកវិបត្តិផ្លូវចិត្ត សូមប្រញាប់ទៅពិគ្រោះជាមួយអ្នកឯកទេសវិបត្តិផ្លូវចិត្ត ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេល កុំឱ្យកើតមានជំងឺវិបត្តិផ្លូវចិត្តទាន់។ ដើម្បីទប់ស្កាត់ និងព្យាបាលមនុស្សចាស់ ដែលកើតជំងឺវិបត្តិផ្លូវចិត្ត លោកអ្នកអាចអនុវត្តតាមវិធីខាងក្រោម ៖
1. ការលើកទឹកចិត្ត
តការថែទាំមនុស្សចាស់ឱ្យមានសុខភាពល្អ ទាំងផ្លូវចិត្ត និងផ្លូវកាយ អ្នកអាចចាប់ផ្តើមបានដោយការនិយាយស្តី ដែលពួកគាត់អាចទទួលយកបាន និងសម្របខ្លួនដោយខ្លួនឯង។ ការនិយាយស្តីលើកទឹកចិត្ត ទោះបីពិបាក យូរៗទៅពួកគាត់នឹងយល់ខ្លួនឯងថា ត្រូវប្រតិបត្តិយ៉ាងណា។ ជាពិសេសការសម្របខ្លួនទាំងផ្នែកទទួលទានអាហារ ការរស់នៅ ការហាត់ប្រាណ ដែលស័ក្តិសមសម្រាប់វ័យខ្លួនឯង ទោះបីចិត្តគាត់មានះយ៉ាងណាក្តី បើព្យាយាមធ្វើឱ្យពួកគាត់យល់ និងផ្តល់កម្លាំងចិត្តដល់ពួកគាត់ គឺជាវិធីដ៏ល្អបំផុត ដែលធ្វើឱ្យកើតឡើងបាន។
2. កិច្ចហត្ថកម្ម
ដូចជាការដាំដើមឈើ ធ្វើផ្កាសិប្បនិម្មិត ចិញ្ចឹមសត្វ លេងតន្ត្រី ស្តាប់ភ្លេង សូត្រធម៌ អានសៀវភៅ ឬធ្វើកិច្ចការផ្ទះតិចតួច។ មនុស្សចាស់គឺមានភាពរឹងមាំគ្រប់គ្រាន់ អាចក្រោកមកធ្វើនំ ឬអាហារ មើលថែមនុស្សនៅក្នុងផ្ទះ ដោយភាពសប្បាយរីករាយ មានសេចក្តីសុខ ផ្នែកផ្លូវចិត្ត ក៏គួរបណ្តោយឱ្យធ្វើខ្លះក៏ល្អដែរ ប្រសិនបើការងារនោះមិនហត់នឿយខ្លាំង។
3. កុំទុកឱ្យពួកគាត់ឯកា
មនុស្សចាស់មិនត្រូវទុកពួកគាត់ចោលម្នាក់ឯងឡើយ ត្រូវចាំថា ការកម្សាន្តអារម្មណ៍ និងនិយាយកំប្លែងលេងជាមួយេពួកគាត់ គឺជាតិចនិកសំខាន់ធ្វើឱ្យមនុស្សក្នុងផ្ទះអាយុវែង ជាពិសេស មនុស្សចាស់ជរា ពេលបានសើចញញឹមញញែម ជួយឱ្យពួកគាត់មានសេចក្តីសុខ និងរឹងមាំ ជាងអ្នកដែលស្ថិតនៅក្នុងភាពតានតឹង។ ដូច្នេះ គួរអានរឿងកំប្លែងឱ្យពួកគាត់ស្តាប់ ឬពិភាក្សាគ្នាលេងនៅកន្លែងដែលមានបរិយាកាសសប្បាយៗ។
កត្តាអ្វីដែលធ្វើឱ្យមនុស្សវ័យចំណាស់ងាយបាក់ទឹកចិត្ត?
– កត្តាសង្គម : មនុស្សដែលពួកគាត់ទុកចិត្តបែរជាក្បត់ពាក្យសន្យា បណ្ដាលឱ្យប៉ះពាល់អារម្មណ៍ ឬខាតបង់នូវប្រយោជន៍ធំណាមួយ មានគេឈ្នានីស រងសម្ពាធផ្លូវចិត្តពីនរណាម្នាក់ និងសង្គម។
– កត្តាគ្រួសារ : គ្រួសារក្រីក្រ រកមុខខ្វះក្រោយ កូនមិនដើរតាមគន្លងធម៌ ក្រោមដំបូងផ្ទះមានតែភាពរកាំរកូស ឈ្លោះទាស់ទែងគ្នា និងជាពិសេសប្ដីប្រពន្ធមិនចុះសម្រុងគ្នាជាដើម។
– កត្តាផ្ទាល់ខ្លួន : មានជំងឺរ៉ាំរ៉ៃប្រចាំកាយ ឬអស់សង្ឃឹមនឹងរឿងអ្វីមួយ ដែលខ្លួនធ្វើមិនបានសម្រេច។
– ការសេពថ្នាំញៀន និងសុរា : បូកផ្សំទាំងកត្ដាចិត្ដសាស្ដ្ររបស់សាមីខ្លួនទន់ជ្រាយ ធ្វើឱ្យគាត់ងាយនឹងកើតជំងឺផ្លូវចិត្ត។
ក្នុងករណីមនុស្សចាស់មានជំងឺវិបត្តិផ្លូវចិត្ត ជាដំបូងត្រូវរកឱ្យឃើញដើមហេតុនៃវិបត្តិនោះ ហើយព្យាយាមកែប្រែដើមហេតុនោះឱ្យល្អឡើងវិញ។ ឧទាហរណ៍ ម្ដាយមានវិបត្តិផ្លូវចិត្ត ដោយសារកូន និងកូនប្រសាររស់នៅមិនចុះសម្រុងគ្នា។ ដូច្នេះកូន និងកូនប្រសារ ត្រូវតែកាត់បន្ថយភាពរកាំរកូសចំពោះមុខម្ដាយ ហើយនិយាយលួងលោមគាត់ ដូចជា សន្យាថាឈប់ឈ្លោះគ្នាចំពោះមុខគាត់ និងបង្ហាញភាពផ្អែមល្ហែមចំពោះគ្នា ឱ្យគាត់ឃើញជាញឹមញាប់ជាដើម៕


ការចិញ្ចឹមថែរក្សាស្បែក មិនមែនគ្រាន់តែធ្វើឡើងនៅផ្នែកខាងលើនៃស្បែកមុខនោះទេ ប៉ុន្តែវាត្រូវតែមានសមត្ថភាពថែបំប៉នតាំងពីផ្នែកខាងក្នុងមកផងដែរ។ មានផលិតផលជាច្រើនដែលផលិតឡើងសម្រាប់លេប ដើម្បីចិញ្ចឹមថែរក្សាស្បែកឱ្យបានស្អាត និងមានសុខភាពល្អ។ ស្វែងរកផលិតផលណាដែលស័ក្តិសមជាមួយនឹងស្បែករបស់អ្នក ហើយសូមស្វែងយល់ឱ្យបានច្បាស់អំពីរបៀបនៃការប្រើប្រាស់ផង ដើម្បីទទួលបាននូវលទ្ធផលគួរជាទីពេញចិត្ត។
ព្រះអាទិត្យទទួលបាននូវការងារដ៏សំខាន់មួយគឺ បញ្ចេញកម្តៅរបស់ខ្លួន ដើម្បីបំផ្លាញសម្រស់ស្បែករបស់មនុស្សគ្រប់គ្នាដែលមិនបានប្រុងប្រយ័ត្ន។ SPF ជាសារធាតុម្យ៉ាងដែលមានសមត្ថភាពក្នុងការការពារស្បែកមុខរបស់អ្នកពីការបំផ្លិចបំផ្លាញនៃកម្តៅថ្ងៃ ហេតុនេះនៅរាល់ពេលដែលចេញទៅខាងក្រៅ អ្នកត្រូវការពារស្បែកមុខរបស់អ្នកឱ្យបានល្អជាមួយនឹងឡេថែរក្សាស្បែកមុខដែលមានផ្ទុកនូវសារធាតុ SPF គ្រប់គ្រាន់។ ក្រៅពីសារធាតុ SPF ហើយនោះ អ្នកគួរតែបន្ថែមការការពារមួយជាន់ទៀតដោយការប្រើប្រាស់មួកកន្សែងគ្រប ឬខោអាវដែលអាចបិទបាំងស្បែកយ៉ាងជិតល្អជាដើម ដើម្បីការពារស្បែករបស់អ្នកពីកម្ដៅថ្ងៃបានយ៉ាងមានប្រសិទ្ធភាព។
ពេលយប់ និងពេលថ្ងៃតម្រូវឱ្យមានការថែរក្សាសម្រស់ផ្ទៃមុខ ឬស្បែកខុសពីគ្នា ហេតុនេះសូមកុំប្រើក្រែមសម្រាប់លាបពេលយប់មកលាបនៅពេលថ្ងៃ ឬប្រើក្រែមលាបពេលថ្ងៃមកលាបនៅពេលយប់ឱ្យសោះ ព្រោះទាំងក្រែមសម្រាប់ប្រើនាពេលថ្ងៃ និងសម្រាប់ប្រើនាពេលយប់គឺជាផលិតផលដែលផលិតឡើងដោយឡែកពីគ្នា និងមានប្រសិទ្ធភាពខុសគ្នាផងដែរ។
សម្រាប់កូនក្រមុំ ក៏ដូចជាស្ត្រីគ្រប់គ្នាសុទ្ធតែអាចទទួលរងនូវការបំផ្លាញ ;ប្រសិនបើអ្នកមិនដែលមានទម្លាប់ល្អក្នុងការថែរក្សាស្បែកមុខទាល់តែសោះ។ ទម្លាប់ល្អៗមួយចំនួនត្រូវបានចាត់ទុកថា ជាជំនួយការដ៏ល្អក្នុងការថែរក្សាសម្រស់ផ្ទៃមុខ ក៏ដូចជាការពារស្បែកមុខមិនឱ្យកើតមុនផងដែរ។ សកម្មភាព និងទម្លាប់ល្អដែលអ្នកគួរតែបង្កើតឡើងនោះមានដូចជា ចៀសវាងការគេងផ្អៀង ព្រោះវាអាចធ្វើឱ្យអ្នកកើតមុន ប្រសិនបើខ្នើយរបស់អ្នកមានជាប់មេរោគ ហើយថ្ពាល់របស់អ្នកទៅប៉ះនឹងខ្នើយ ម៉្យាងវិញទៀតវាក៏អាចបង្កឱ្យមានស្នាមជ្រួញនៅលើផ្ទៃមុខរបស់អ្នកផងដែរ។ សូមចាំថា ការហាត់ប្រាណដើម្បីបញ្ចេញសារធាតុពុល ការទទួលទានអាហារល្អៗមានប្រយោជន៍ចំពោះសុខភាពស្បែក និងការធ្វើអារម្មណ៍ឱ្យសប្បាយៗជាដើមក្រៅពីជួយឱ្យមានសុខភាពល្អហើយនោះ វាក៏ជាទម្លាប់ដ៏ល្អដែលអាចជួយឱ្យផ្ទៃមុខរបស់អ្នកស្រស់ថ្លាបានដែរ។





















