Category: សង្គម និងសេដ្ឋកិច្ច

  • តារាសម្ដែងប្រុសស្រីក្នុងរឿង « ណូលីណូឡា » មានមោទនភាពក្រោយត្រឡប់មកពីប្រទេសចិន

    តារាសម្ដែងប្រុសស្រីក្នុងរឿង « ណូលីណូឡា » មានមោទនភាពក្រោយត្រឡប់មកពីប្រទេសចិន

    គេបានឃើញថា តារាប្រុសសម្ដែងនៅក្នុងរឿង « ណូលីណូឡា » របស់ផលិតកម្មមហាហង្សមានដូចជា អ្នកនាង ភិន សុដាលីស លោក ភឹម តារាវិបុល និងចាងហ្វាងផលិតកម្មផ្ទាល់ លោក អ៊ិន សុភិន ទើបត្រឡប់មកពីមហោស្រពភាពយន្ដ Silk Road Film Festival នៅខេត្តសៀងមិញ ប្រទេសចិន ក្នុងរាត្រីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៩ ។

    ជំនួបជាមួយអ្នកសារព័ត៌មានឡារ៉ែន តារាឯកប្រុស ភឹម តារាវិបុល បានប្រាប់ពីបទពិសោធន៍ទៅកាន់ប្រទេសចិនជាលើកដំបូងក្នុងការចូលរួមមហោស្រពថា គណៈរៀបចំកម្មមហោស្រពនៅប្រទេសចិន មានការយកចិត្តទុកដាក់ខ្លាំងចំពោះគណៈប្រតិភូដែលអញ្ចើញទៅពីគ្រប់បណ្ដាលប្រទេស។ ជាក់ស្ដែងខាងចិនមានអ្នកបកប្រែភាសាចិន ដើរតាមយើងជាប់ជានិច្ច ព្រោះដោយហេតុតែ នៅប្រទេសចិនមិននិយមនិយាយភាសាបរទេសក្រៅពីភាសាជាតិ។ លោកបន្តថា ពេលទៅដល់ទីនោះភ្លាមគឺពិបាកក្នុងការទំនាក់ទំនាក់មកបងប្អូននៅកម្ពុជាណាស់ ព្រោះការប្រើប្រាស់អ៊ិនធើណេតដោយសេរីត្រូវបានបិទ លុះត្រាតែប្រើស៊ីមកាតរបស់ចិន ទើបធ្វើឱ្យលោកមិនសូវបានប្រើងហ្វេសប៊ុកក្នុងការទាក់ទង។

    លោក ភឹម តារាវិបុល ពោលថា នៅចិនប្រតិភូពីកម្ពុជា ទទួលបានការស្វាគមន៍ដូចថ្នាក់ដឹកនាំប្រទេសមួយរូប ហើយលោកសប្បាយចិត្តយ៉ាងខ្លាំង បើទោះជាមិនមានសេរីភាពក្នុងការដើរកម្សាន្ត។ ក្នុងនោះលោកក៏មិនអន់ចិត្តដែរ ដែលភាពយន្តរឿង”ណូលីណូឡា” មិនទទួលបានពាន ឬ រង្វាន់ណាមួយ ដោយលោកមានតែមោទនភាព ដែលភាពយន្តនេះ ត្រូវបានពិភពលោកដាក់បង្ហាញក្នុងចំណោមភាពយន្តល្បីៗមកពីទូទាំងពិភពលោក។ លោកបញ្ជាក់ថា ថ្វីបើមិនជាប់លេខ តែភាពយន្តរបស់កម្ពុជាមួយនេះ ក៍មានផលិតករច្រើនប្រទេសចាប់អារម្មណ៍ និងទទួលស្គាល់ ជាពិសេសផលិតករចិន ដោយក្នុងមួយថ្ងៃ លោក និងប្រតិភូមហាហង្ស ត្រូវសារព័ត៌មានចិនសុំសម្ភាសន៍ហើយផ្សាយក្នុងស្ថាប័នព័ត៌មានចិនធំៗគួរជាទីមោទនៈ៕

  • ADB​ ផ្តល់​ហិរញ្ញប្បទាន​ជួយ​កម្ពុជា​ពង្រីក​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​

    ADB​ ផ្តល់​ហិរញ្ញប្បទាន​ជួយ​កម្ពុជា​ពង្រីក​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​

    ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​យល់ព្រម​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ 49លាន​ដុល្លារ​ដើម្បី​ ជួយ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ឆ្នាំ​2025​ របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ការ​ផ្គត់ផ្គង់​ជាស​កល​នូវ​សេវា​ទឹក​ស្អាត​ និង​អនាម័យ​នៅ​តាម​តំបន់ជនបទ​នៃ​ប្រទេស​កម្ពុជា​។

    កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​ទី3​ នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ ប្រជាជន​ជាង​ 400,000នាក់​ ដោយ​សាងសង់​ ឬស្តារ​កន្លែង​ផ្គត់ផ្គង់​ទឹក​ជនបទ​ចំនួន​ 2500កន្លែងនៅ​ក្នុង​ភូមិ​យ៉ាងតិច​ 400ភូមិ​នៅ​ទូទាំង​ខេត្ត​ចំនួន10​ របស់​ប្រទេស​កម្ពុជា​។ វា​ក៏​នឹង​គាំទ្រ​ដល់​ការសាងសង់​បង្គន់​ថ្មី​សម្រាប់​គ្រួសារ​នី​មួយ​ៗ និង​សាងសង់​បង្គន់​សាធារណៈ​នៅ​តាម​សាលារៀន​ និង​មណ្ឌលសុខភាព​ ព្រមទាំង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​អនាម័យ​ផង​ដែរ​។

    សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ប្រកបដោយ​ចីរភាព​ និង​គួរ​ឱ្យ​ទុកចិត្ត​នៅតែ​មាន​តិចតួច​នៅឡើយ​នៅ​តំបន់ជនបទ​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ប្រមាណ​77​% នៃ​ប្រជាជន​សរុប​ 16.4លាន​នាក់​រស់នៅ​ក្នុង​ប្រទេស​។ ក្នុង​ឆ្នាំ2017​ ខណៈ​ដែល73​% នៃ​គ្រួសារ​នៅ​តាម​ទី​ជនបទ​ទទួល​បានការ​ផ្គត់ផ្គង់​ទឹក​មាន​ភាព​ប្រសើរ​ឡើង​មានតែ​ 11​% ប៉ុណ្ណោះ​ដែល​បាន​ផ្គត់ផ្គង់​ទឹក​ស្អាត​តាម​បំពង់​។

    ទន្ទឹម​នឹង​នេះ​ដែរ​ប្រជាជន​នៅ​តាម​ជនបទ​ 56​%បាន​ទទួល​បាន​អនាម័យ​ល្អ​ប្រសើរ​ ហើយ​ ប្រហែល​ 41​%នៃ​ប្រជាជន​នៅ​តាម​ជនបទ​ នៅតែ​អនុវត្ត​ការ​បន្ទោបង់​ចំហ​ដែល​អាច​បណ្តាល​ឱ្យ​កើតជំងឺ​រាក​ និង​បញ្ហា​សុខភាព​សាធារណៈ​ផ្សេងទៀត​។

    អ្នកជំនាញ​ការអភិវឌ្ឍន៍​ទីក្រុង​របស់​ ADB​ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​លោកស្រី​ ស៊ី​ទី​ ហា​សាណា​ (Siti​ Hasanah​) មានប្រសាសន៍​ថា​៖“ការ​ទទួល​បាន​សេវាកម្ម​មូលដ្ឋាន​ ដូចជា​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ គឺជា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ និង​ជា​កត្តា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ដែល​មា​នប​រិយា​ប័ន្ន និង​និរន្តរភាព​នៅក្នុង​ប្រទេស​ណាមួយ​”។

    លោកស្រី​បាន​បន្ត​ថា​៖“ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ គាំទ្រ​គោលដៅ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្តល់​នូវ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ ក្នុងរយៈពេល​ 5ឆ្នាំខាងមុខ​ ជាពិសេស​ប្រជាជន​ដែល​រស់នៅ​តាម​ទី​ជនបទ​ រួម​ជាមួយ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ការយល់​ដឹង​អំពី​អនាម័យ​”។

    ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ គឺជា​អ្នកចូលរួម​ធំជាង​គេ​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​នៅ​កម្ពុជា​ ដោយ​ផ្តល់​ប្រហែល​25​%នៃ​ជំនួយ​ខាងក្រៅ​សរុប​សម្រាប់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​របស់​ប្រទេស​រួមមាន​ទាំង​ទីក្រុង​ និង​ជនបទ​។

    ចាប់តាំងពី​ឆ្នាំ2005​ ប្រជាជន​ចំនួន​ 1លាន​នាក់​បាន​ទទួល​អត្ថ​ប្រយោជន៍​ពី​ការ​ទទួល​បាន​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​ប្រជាជន​ចំនួន​ 500,000នាក់​បាន​ទទួល​សេវា​អនាម័យ​ប្រសើរ​ជាង​មុន​ក្រោម​គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ដែល​គាំទ្រ​គម្រោង​ចំនួន3​ ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ នៅ​ក្នុង​តំបន់​បឹងទន្លេសាប​។

    កម្មវិធី​អភិវឌ្ឍន៍​របស់​ ADB​ ដែល​ត្រូវ​បាន​អនុម័ត​ថ្មី​ រួមមាន​ប្រាក់កម្ចី​ផ្អែកលើ​គោលនយោបាយ​ 15​លាន​ដុល្លារ​ កម្ចី​ឥណទាន​គម្រោង​ 29.61លាន​ដុល្លារ​និង​ជំនួយ​ 4.39លាន​ដុល្លារ​ពី​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​។

    ប្រាក់កម្ចី​ផ្អែកលើ​គោលការណ៍​នេះ​នឹង​ផ្តល់​ការ​គាំទ្រ​ផ្នែក​គោលនយោបាយ​ដើម្បី​កែ​លម្អ​ ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​ប្រព័ន្ធ​រៀបចំផែនការ​អនាម័យ​តាម​ជនបទ​ ព្រម​ជាមួយនឹង​ការ​ផ្តល់​សេវាកម្ម​ ឃ្លាំង​ស្តុក​ និង​ប្រព័ន្ធ​គ្រប់គ្រង​ និង​ការចូលរួម​របស់​វិស័យ​ឯកជន​។

    ADB​ ក៏​នឹង​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ 1លាន​ដុល្លារ​ពី​មូលនិធិ​បច្ចេកវិទ្យា​កម្រិតខ្ពស់​ The​ High​ Level​ Technology​ Fund​ (HLTF​) ដែល​ហិរញ្ញប្បទាន​នេះ​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​ ដែល​នឹង​ជួយ​សាកល្បង​គម្រោង​ដំឡើង​អង្គភាព​ផលិត​ទឹក​ពី​ខ្យល់​ទៅ​ក្នុង​ទីតាំង​ចំនួន​ 7 ដោយមាន​កម្រិត​ទទួល​បាន​ទឹក​ស្អាត​ដែល​មាន​សុវត្ថិភាព​ ជាពិសេស​ក្នុង​រដូវប្រាំង​។

    សូម​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​អភិវឌ្ឍ​ពី​ប្រទេស​ក្រីក្រ​មួយ​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត​នៅ​អាស៊ី​ ទៅជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​ ហើយ​ប្រទេស​នេះ​មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នៅក្នុង​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ហើយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក៏បាន​ស្ថិតនៅ​ជាមួយ​គ្រប់​ជំហាន​។

    នេះ​គឺ​កិច្ចការ​ងារ​បានសម្រេច​មួយ​ផ្នែក​ធំ​ ដោយសារតែ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដែល​ត្រូវ​បាន​ពង្រឹង​ជាផ្នែក​មួយ​នៃ​គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​ប្រព័ន្ធ​បង្ហូរទឹក​ស្អាត​នៅ​ភ្នំពេញ​ដែល​ឧបត្ថម្ភ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។ នៅពេល​បញ្ចប់​គម្រោង​ក្នុង​ឆ្នាំ2003​ គម្រោង​នេះ​មាន​ចំនួន​ប្រជាជន​ដែល​មាន​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​ទីក្រុង​បាន​កើនឡើង​ទ្វេដង​ដល់​ជិត​ 1លាន​នាក់​ ដែល​ស្ទើរតែ​ទាំងអស់​នៃ​ប្រជាជន​ភាគច្រើន​នៃ​ទីក្រុង​ទាំងមូល​។

    ការ​ជួយ​សម្អាត​អនាម័យ​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​រាជធានី​ភ្នំពេញ​ គឺជា​ផ្នែក​មួយ​នៃ​គំនូស​ពណ៌​នៃ​ប្រវត្តិសាស្ត្រ​ភាពជា​ដៃគូ​រវាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​ប្រទេស​កម្ពុជា​។

    ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្តេជ្ញា​ថា​ នឹង​សម្រេច​ឱ្យ​បាន​នូវ​វិបុលភាព​ រាប់បញ្ចូល​ទាំង​ភាព​ធន់​ និង​និរន្តរភាព​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ស្រប​ពេល​ដែល​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​លុបបំបាត់​ភាព​ក្រីក្រ​ត្រូវ​បាន​ធ្វើឡើង​។ នៅ​ឆ្នាំ2018​ ធនាគារ​នេះ​បាន​ប្តេជ្ញា​ចិត្ត​លើ​ប្រាក់កម្ចី​ថ្មី​ និង​ជំនួយឥតសំណង​មាន​ចំនួន​ 21.6ពាន់​លាន​ដុល្លារ​។

    គួរ​រំឭក​ដែរ​ថា​ ធនាគារ​ ADBបង្កើត​ឡើង​ក្នុង​ឆ្នាំ1966​ ធនាគារ​នេះ​គ្រប់គ្រង​ដោយ​សមាជិក​ចំនួន​ 68ប្រទេស​ ពោល​គឺ​មាន​ 49ប្រទេស​មក​ពី​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ហើយ​ប្រទេស​កម្ពុជា​បាន​ក្លាយជា​សមាជិក​ស្ថាបនិក​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​ឆ្នាំ​ដដែល​នោះ​ដែរ​៕

  • អ្នកធ្វើការ​ងារ​ ឬអ្នក​សិក្សា​គួរ​ផ្តោត​លើ​គុណភាព​ជា​ជាង​បរិមាណ​…

    អ្នកធ្វើការ​ងារ​ ឬអ្នក​សិក្សា​គួរ​ផ្តោត​លើ​គុណភាព​ជា​ជាង​បរិមាណ​…

    មិនថា​ការសិក្សា​ ការ​ធ្វើការងារ​ ឬការ​ប្រកប​អាជីវកម្ម​នោះ​ទេ​ អ្វី​ដែល​គ្រប់​គ្នា​គួរ​ផ្តោត​នោះ​គឺ​ គុណភាព​នៃ​ចំណេះដឹង​ដើម្បី​សម្រួច​ ឬបង្កើត​ភាព​ផ្តោត​ជំរុញ​ឱ្យ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ​ទទួល​បាន​ជោគជ័យ​។ មានតែ​បរិមាណ​ ហើយ​គ្មាន​គុណភាព​ មិន​ត្រឹមតែ​មិន​ធ្វើ​ឱ្យ​មនុស្ស​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នោះ​ទេ​ តែ​ពេលខ្លះ​វា​ក៏អាច​ធ្វើ​ឱ្យ​យើង​ខាត​បង់​ពេលវេលា​ជាមួយនឹង​ភាព​មិន​ច្បាស់លាស់​ ឬខំ​ច្រើន​ តែ​បានផល​ប្រយោជន៍​តិច​។

    លោក​ គីម​ ដារ៉ា​ ស្ថាបនិក​គ្រឹះស្ថាន​អប់រំ​ Start​ Up​ Cambodia​ បាន​លើកឡើង​ថា​ ដើម្បី​រៀន​ឱ្យ​ចេះ​ ត្រូវ​រៀន​ឱ្យ​បាន​ច្រើន​ តែបើ​ចង់​ចេះច្បាស់​ កុំ​គ្រាន់តែ​រៀន​ច្រើនពេក​ តែ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ច្រើន​។ បុគ្គល​ដែល​ជោគជ័យ​ភាគច្រើន​ មិនមែន​ជា​អ្នកចេះ​ច្រើន​នោះ​ទេ​ តែ​ជា​អ្នកចេះ​ច្បាស់​។ មនុស្ស​មិន​តិច​ទេ​ដែល​ខំរៀន​ឱ្យ​បានតែ​បរិមាណ​ តែ​គ្មាន​គុណភាព​ ហើយ​នឹក​ឆ្ងល់​ថា​ ហេតុអ្វី​បាន​ខ្លួន​មិន​អាច​សម្រេច​កិច្ចការ​ងារ​ធំៗ​បាន​?។ ខណៈ​អ្នកខ្លះ​ទៀត​ឆាប់​ធុញទ្រាន់​នឹង​ការ​ងារ​ដដែល​ៗ ទោះបីជា​ខ្លួន​នៅ​មិនទាន់​ចេះច្បាស់​ក៏​ដោយ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​គាត់​មិន​អាច​មាន​ជំនាញ​ណាមួយ​ច្បាស់លាស់​។

    លោក​ គីម​ ដារ៉ា​ បាន​និយាយ​ថា​៖ “អ្នកចេះ​ច្បាស់​ គេ​ច្រើនតែ​ហៅថា​ ជា​បុគ្គល​ដែល​មាន​វិជ្ជា​វៈ​ច្បាស់​ លាស់​ មិនមែន​ជា​អ្នក​ដែល​មាន​វិជ្ជាជីវៈ​ច្រើន​នោះ​ទេ​”។

    បើ​តាម​ស្ថាបនិក​ស្ថាប័ន​អប់រំ​ខាងលើ​ ការ​ចេះ​ច្រើន​ជា​រឿង​ល្អ​ ប្រសិនបើ​អ្វី​ដែល​យើង​ចេះ​នោះ​សុទ្ធតែ​ចេះស្ទាត់​ និង​អាច​ក្លាយជា​ជំនាញ​ច្បាស់លាស់​មួយ​ មិនមែន​ចេះ​ច្បោល​ៗគ្រប់មុខ​នោះ​ទេ​។ ការ​គ្រាន់តែ​ចេះ​ច្រើន​ច្បោល​ៗ នឹង​ធ្វើ​ឱ្យ​យើង​បាត់បង់​អត្តសញ្ញាណ​ដែល​ជា​ចំណុច​គោល​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ឆ្ពោះទៅ​រក​ចំណុច​សំខាន់​នៃ​ភាព​រីកចម្រើន​ក្នុង​ជីវិត​។ អ្វី​ដែល​ជា​ចំណុច​ប្រឈម​ ឬចន្លោះ​ប្រហោង​របស់​យុវវ័យ​បច្ចុប្បន្ន​ គឺ​ខំ​ច្រើន​ តែ​មិន​ផ្តោត​។

    ទាំង​ការ​ធ្វើការងារ​ ឬការសិក្សា​ក៏ដោយ​ គាត់​ចូលចិត្ត​ស្វែងយល់​ក្នុងរយៈពេល​ខ្លី​ បន្ទាប់មក​ក៏​លោត​ទៅ​រក​អ្វី​ដែល​ថ្មី​ ទាំង​គាត់​មិនទាន់​មាន​គ្រឹះ​រឹងមាំ​លើ​មុខវិជ្ជា​ចាស់​របស់​គាត់​នៅឡើយ​។ ការ​ធ្វើបែប​នេះ​ នឹង​ធ្វើ​ឱ្យ​យើង​ខាតបង់​ពេលវេលា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯង​ ព្រោះ​ការបង្កើត​ជំនាញ​ច្បាស់លាស់​មួយ​ត្រូវការ​ការ​ធ្វើ​ដដែល​ៗ និង​ស្វែងយល់​ឱ្យ​បាន​ច្បាស់លាស់​ ស៊ីជម្រៅ​ទើប​អាច​ធ្វើ​ទៅ​បាន​។ ហេតុនេះ​វា​ត្រូវការ​ការ​ផ្តោត​ និង​អំណត់​ក្នុង​ពេលវេលា​សមរម្យ​មួយ​ មុននឹង​ឈានជើង​ទៅ​ចាប់​អ្វី​ថ្មី​ៗសម្រាប់​បន្ត​អភិវឌ្ឍន៍​ ឬគាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជំនាញ​គ្រឹះ​ដែល​យើង​មាន​នេះ​។

    យុវ​សិស្ស​ ឌួង​ សុនី​តា​ សិស្ស​ពូកែ​និទ្ទេស​ A ឆ្នាំ​សិក្សា​ 2018​-2019​ នេះ​បាន​លើកឡើង​ថា​ ការកំណត់​គោលដៅ​ច្បាស់លាស់​ និង​ផ្តោត​សំខាន់​លើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ដ៏​មុត​ស្រួច​ ជា​វិធីសាស្ត្រ​សំខាន់​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​លើ​ការសិក្សា​។ ដើម្បី​ទទួល​បាន​និទ្ទេស​ល្អ​ និង​ជោគជ័យ​កាន់តែ​ខ្លាំង​ អ្នក​សិក្សា​គួរ​ប្រឹងប្រែង​អភិវឌ្ឍ​ខ្លួន​ឱ្យ​បាន​ល្អ​ ដោយ​ភាព​ច្បាស់លាស់​។ ការបែងចែក​ពី​ចំណុច​សំខាន់​នៃ​មេរៀន​ និង​ចំណុច​អាទិភាព​ឱ្យ​បាន​ច្បាស់លាស់​ ជា​គន្លឹះ​យ៉ាង​សំខាន់​មួយ​ដែល​អាច​ធ្វើ​ឱ្យ​យើង​ទទួល​បាន​នូវ​និទ្ទេស​ល្អ​។ មាន​សិស្ស​ជាច្រើន​មិន​ចេះ​បែងចែក​ចំណុច​ដែល​ត្រូវ​ផ្តោត​ បន្ទាប់មក​ធ្វើ​ឱ្យ​ខ្លួនឯង​ច្របូកច្របល់​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​ច្រើន​ប៉ុនណា​ក៏​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ដែរ​។

    យុវ​សិស្ស​ ឌួង​ សុនី​តា​ បាន​និយាយ​ថា​៖ “ដើម្បី​ធ្វើ​ឱ្យ​ការ​រៀន​មុខវិជ្ជា​នី​មួយ​ៗទទួល​បាន​លទ្ធផល​ល្អ​ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ អនុវត្ត​វា​ឱ្យ​បាន​ជាប់​ជាប្រចាំ​។

    ដើម្បី​រៀន​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ មិនបាច់​បង្ខំ​ពេក​នោះ​ទេ​ តែ​ត្រូវការ​ការ​ផ្តោត​ និង​ការ​ធ្វើ​ឱ្យ​បាន​យូរអង្វែង​បន្តិច​ម្តង​ៗដោយ​ភាព​ច្បាស់លាស់​”។

    សិស្ស​ពូកែ​និទ្ទេស​ A ខាងលើ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការសិក្សា​ដោយ​មិន​មាន​ចំណុច​ផ្តោត​ច្បាស់លាស់​ នឹង​ធ្វើ​ឱ្យ​គេ​មើលទៅ​ចេះ​គ្រប់មុខ​ តែ​ស្ថានភាព​ជាក់ស្តែង​ គេ​មាន​ចំណុច​ខ្វះខាត​គ្រប់មុខ​វិជ្ជា​ទាំងអស់​។ ពេលខ្លះ​ដោយសារតែ​ភាព​ច្របូកច្របល់​ ពេល​ប្រឡង​ជាក់ស្តែង​ គេ​អាច​រកនឹក​មិនឃើញ​ពី​ចំណុច​ដែល​ខ្លួនឯង​ធ្លាប់​ចេះ​ក៏មានដែរ​។ ហេតុនេះ​ អ្វី​ដែល​អាច​ធ្វើ​បាន​ គឺ​កុំ​មើលងាយ​ស្ថានការណ៍​ ប្រសិនបើ​ដាក់ចិត្ត​ថា​ខិតខំ​ប្រឹងប្រែង​ គឺ​ធ្វើ​ដោយ​យកចិត្ត​ទុកដាក់​ ហើយ​កុំ​មើលងាយ​ផ្នែក​ណាមួយ​ក្នុង​មុខវិជ្ជា​នោះ​ បើ​ទោះបី​វា​ជា​ចំណុច​តូច​មួយ​ក៏ដោយ​ ព្រោះ​មនុស្ស​ច្រើនណាស់​ដែល​ជួប​ការ​សោក​ស្តាយ​ដោយសារតែ​មិន​អាច​ធ្វើលំ​ហា​ត់​តូច​ៗទាំងអស់​នោះ​បាន​ ដោយសារតែ​គិតថា​ខ្លួន​ចេះ​ហើយ​មុន​ពេល​ប្រឡង​៕

  • វិធីការ​ពារ​កូនតូច​ឱ្យ​ចៀសឆ្ងាយ​ពី​រោគ​គ្រុនផ្ដាសាយ​ រោគ​ល្បីល្បាញ​ប្រចាំ​រដូវភ្លៀង​

    វិធីការ​ពារ​កូនតូច​ឱ្យ​ចៀសឆ្ងាយ​ពី​រោគ​គ្រុនផ្ដាសាយ​ រោគ​ល្បីល្បាញ​ប្រចាំ​រដូវភ្លៀង​

    នៅពេល​នេះ​គឺជា​ចុងរដូវ​ភ្លៀង​ ធាតុអាកាស​ក៏​នៅតែ​បន្ត​ប្រែប្រួល​មិន​ទៀង​ ធ្វើ​ឱ្យ​លោកឪពុក​អ្នកម្ដាយ​ចាប់ផ្ដើម​មាន​កង្វល់​ពាក់ព័ន្ធ​នឹង​សុខភាព​របស់​កូនតូច​ រួម​ទាំង​ជំងឺ​ផ្សេងទៀត​ផង​ ហើយ​ជំងឺ​ដ៏​ល្បីល្បាញ​ប្រចាំ​រដូវភ្លៀង​ ក៏​ប្រហែលជា​គេច​មិន​ផុត​ពី​ “ជំងឺ​គ្រុនផ្ដាសាយ​” យ៉ាង​ពិតប្រាកដ​។ លោកឪពុក​អ្នកម្ដាយ​ទាំងឡាយ​ធ្លាប់​នឹក​ឆ្ងល់​ខ្លះ​ទេ​ថា​ ហេតុ​អី​បាន​ជា​កូន​ក្មេង​តូច​ៗងាយ​កើតជំងឺ​គ្រុន​ផ្ដា​សា​យម្លេ៉ះ​?ហើយ​បើ​កើត​ហើយ​ តើ​ត្រូវ​ធ្វើ​យ៉ាងណា​ស្រួល​?…កុំអាល​ភ័យ​បារម្ភ​អី​… មុន​អ្វី​ទាំងអស់​ យើង​នាំគ្នា​មក​មើល​ពី​មូលហេតុ​ទាំងអស់គ្នា​សិន​ថា​ ហេតុ​អី​បានកូន​តូច​ងាយ​កើតជំងឺ​គ្រុនផ្ដាសាយ​ក្នុង​រដូវ​ភ្លៀង​ម្ល៉េះ​?

    មូល​ហេ​តុ​ចម្បង​ៗដែល​ធ្វើ​ឱ្យ​កូនតូច​កើតរោគ​គ្រុនផ្ដាសាយ​ក្នុង​អំឡុង​រដូវភ្លៀង​ជំងឺ​គ្រុនផ្ដាសាយ​ ភាគច្រើន​មាន​មូលហេតុ​មក​ពី​ការ​ឆ្លង​មេរោគ​វីរុស​ ដែល​អាច​សាយភាយ​ និង​ចម្លង​ទៅ​មនុស្ស​ជុំវិញ​ខ្លួន​ដោយ​ឆ្លង​កា​ត់ប្រ​ព័ន្ធ​ដកដង្ហើម​ ការ​កណ្ដាស់​ ការ​ក្អក​ សំបោរ​ ទឹក​មាត់​ ការ​ប៉ះពាល់​វត្ថុ​ដែល​មាន​មេរោគ​គ្រុន​ផ្ដា​សាយ​។ ច្រើន​ប្រទះឃើញ​នៅ​លើ​ក្មេង​ដែល​មាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ខ្សោយ​ ជាពិសេស​ក្មេង​អាយុ​តិច​ជាង6ឆ្នាំ​ ហើយ​រឹតតែ​ជា​ទារក​ផង​ រឹតតែ​កើត​ការ​ឆ្លង​បាន​ងាយ​ទៅទៀត​ ហើយ​ថែមទាំង​ក្នុង​អំឡុង​រដូវភ្លៀង​ អាកាសធាតុ​ប្រែប្រួល​ញឹកញាប់​ បន្តិច​ក្ដៅ​ បន្តិច​ត្រជាក់​ផង​នោះ​ រឹតតែ​ធ្វើ​ឱ្យ​ក្មេង​ៗកើតជំងឺ​គ្រុនផ្ដាសាយ​បាន​យ៉ាង​ងាយ​ទៅ​តាម​ហ្នឹង​ដែរ​..តែ​លោកឪពុក​អ្នកម្ដាយ​កុំអាល​ទៅ​កង្វល់​ព្រួយ​ធ្វើអ្វី​ ព្រោះថា​ យើង​អាច​ការពារ​ជំ​ងឺ​គ្រុនផ្ដាសាយ​ឱ្យ​កូន​ៗបាន​ តាម​ចំ​ណុចៗ​ដូច​ខាងក្រោម​នេះ​ :

    វិធីការ​ពារ​កូនតូច​ឱ្យ​ចៀសឆ្ងាយ​ពី​ជំងឺ​គ្រុន​ផ្ដាសាយ​ក្នុង​អំឡុង​រដូវភ្លៀង​ មិន​ពិបាក​ឡើយ​ ចូរ​ធ្វើតាម​ដូចតទៅ​នេះ​ ៖
    – នាំ​កូន​ៗហាត់ប្រាណ​ ឬកម្រើក​ដៃជើង​ ធ្វើ​ចលនា​រាងកាយ​ឱ្យ​បាន​ជាប់​ជាប្រចាំ​ ដើម្បី​សាង​ភាព​កក់ក្ដៅ​ដល់​រាងកាយ​ ធ្វើ​ឱ្យ​មា​នប្រ​ព័ន្ធ​ប្រ​ឆាំង​ជំងឺ​ដែល​រឹតតែ​ល្អ​ឡើង​។
    – ទទួលទាន​អាហារ​ឱ្យ​បាន​គ្រប់5ប្រភេទ​ក្រុម​ ដោយ​សង្កត់ធ្ងន់​លើ​ការ​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​ឱ្យ​បាន​ច្រើន​ ជាពិសេស​ផ្លែឈើ​ដែល​មាន​វី​តា​មីន​ C ខ្ពស់​ ដើម្បី​ឱ្យ​កូន​មាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ខ្លាំង​ក្នុង​ការ​តតាំង​នឹង​ជំងឺ​គ្រុនផ្ដាសាយ​។– ចំពោះ​ទារក​ គួរ​ឱ្យ​បៅ​ទឹកដោះ​ម្ដាយ​ ព្រោះ​ទឹកដោះ​ម្ដាយ​មាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ដ៏​ល្អ​។
    – សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​។ លោកឪពុក​អ្នក​ម្ដាយ​ត្រូវ​នាំ​កូន​ចូលគេង​ឱ្យ​បាន​ទៀងពេល​ និង​គេង​ឱ្យ​បាន​គ្រប់គ្រាន់​តាម​វ័យ​។
    – អំឡុង​ពេល​ដែល​អាកាសធាតុ​ប្រែប្រួល​ញឹកញាប់​ មាន​ភ្លៀង​ធ្លាក់​ស្ទើរតែ​រាល់ថ្ងៃ​ គួរ​ចៀស​វាង​ការ​នាំ​កូន​ចេញទៅ​ក្រៅ​ផ្ទះ​ ព្រោះ​បើ​កូន​ត្រូវ​លម្អង​ទឹកភ្លៀង​ ក៏អាច​ធ្វើ​ឱ្យ​កូន​កើតជំងឺ​គ្រុន​ផ្ដា​សាយ​បាន​ដូចគ្នា​ដែរ​ និង​កុំ​ភ្លេច​ត្រៀម​ឆ័ត្រ​ និង​អាវភ្លៀង​ផង​ បើ​ចាំបាច់​ត្រូវ​នាំ​កូន​ចេញទៅ​ក្រៅ​ដោយ​ខានមិនបាន​។
    – បើ​កូន​ទទឹក​ទឹកភ្លៀង​ សម្លៀកបំពាក់​ទទឹក​ ឬសើម​ ចូរ​ប្រញាប់​ផ្លាស់​ចេញ​ និង​ប្រញាប់​នាំ​ទៅងូតទឹក​ ព្រោះ​ខណៈ​ពេល​នៅ​ហាលភ្លៀង​ រាង​កាយ​នឹង​ផ្លាស់ប្ដូរ​សីតុណ្ហភាព​យ៉ាង​ឆាប់រហ័ស​ ទើប​ចាំបាច់​ត្រូវ​ងូតទឹក​ដើម្បី​សម្រួល​សីតុណ្ហ​ភាព​ដល់​រាងកាយ​។
    – ចៀសវាង​ការ​នាំ​កូន​ទៅ​ជិត​អ្នក​ដែល​កើត​ជំ​ងឺ​គ្រុនផ្ដាសាយ​ រួម​ទាំង​ត្រូវ​លាងដៃ​ឱ្យ​កូន​គ្រប់​ពេលមុន​ទទួលទាន​អាហារ​ដើម្បី​ការពារ​មេរោគ​។បើ​លោកឪពុក​អ្នកម្ដាយ​ការពារ​ហើយ​ ធ្វើ​គ្រប់​យ៉ាង​ហើយ​ តែ​កូន​នៅតែ​កើតជំងឺ​គ្រុនផ្ដាសាយ​ ក៏​មិនបាច់​ទៅ​កង្វល់​អ្វី​ដែរ​ ព្រោះ​ទោះជា​កូន​គ្រុន​ក្ដៅខ្លួន​ មាន​ហៀរសំបោរ​ កណ្ដាស់​ញឹកញាប់​ ដក​ដង្ហើម​មិន​ស្រួល​ក៏ដោយ​ ក៏​លោកឪពុក​អ្នកម្ដាយ​នៅតែ​អាច​មើលថែ​ទាំ​កូន​ ជួយ​សម្រាល​អាការ​ទាំងនោះ​បាន​ដោយ​ការប្រើ​វត្ថុ​ជំនួយការ​ល្អ​ដូច​ខាងក្រោម​នេះ​បាន​ដែរ​ :
    -ឱ្យ​កូន​គេង​សម្រាក​ឱ្យ​បាន​ច្រើន​ កុំ​រំខាន​ ឬបញ្ចេញ​សំ​ឡេង​ខ្លាំង​ៗខណៈ​កូន​កំពុង​គេង​សម្រាក​។
    -ឱ្យ​កូន​ញ៉ាំទឹក​ដោះ​គោ​ ញ៉ាំ​អា​ហារ​ទន់​ៗ ដូចជា​ បបរ​ ឬទឹកស៊ុប​ជាដើម​ ព្រោះ​អំឡុង​ពេល​ហ្នឹង​ កូន​អាច​មាន​អាការ​ឈឺក​រួម​ជាមួយ​ផង​ ទើប​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​លេប​អា​ហារ​រឹង​ៗ ក្រៅពី​នេះ​ គួរ​ឱ្យ​កូន​ញ៉ាំទឹក​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​កុំឱ្យ​មាន​ស្លេស្ម៍​ស្អិត​។-បើ​កូន​ក្ដៅខ្លួន​ 37.5​ – 38អង្សា​ ចូរ​សម្រាល​អាការ​នេះ​ដោយ​ការ​យក​ក្រណាត់​សើម​មក​ជូត​ខ្លួន​កូន​ តែបើ​កូន​ក្ដៅខ្លួន​ខ្លាំង​ចាប់ពី38អង្សា​ឡើង​ ចូរ​ឱ្យ​កូន​ញ៉ាំ​ថ្នាំបញ្ចុះ​កម្ដៅ​(ប៉ា​រ៉ា​សេ​តា​ម៉ុល​)រៀងរាល់4ម៉ោង​ម្ដង​។
    -បើ​កូន​មាន​អាការ​ក្អក​ កណ្ដាស់​ តឹងច្រមុះ​ ចូរ​ឱ្យ​កូន​ញ៉ាំ​ថ្នាំ​បំបាត់​សំបោរ​ និង​ថ្នាំ​បំបាត់​ក្អក​សម្រាប់​ក្មេង​តូច​។ហើយ​បើ​កូន​នៅតែ​ក្ដៅខ្លួន​មិន​បាត់​ ដាក់ថ្នាំ​ និង​មើលថែ​ទាំ​ ហើយ​នៅតែ​មិនបាន​ធូរស្រាល​នោះ​ ចូរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ ឬទៅ​មន្ទីរពេទ្យ​ ដើម្បី​ពិនិត្យ​រក​មូលហេតុ​ពិតប្រាកដ​របស់​ជំងឺ​ និង​សភាវ​ជ្រៀតជ្រែក​ពី​ជំងឺ​ផ្សេងទៀត​៕

  • ពិភពលោក​ចាប់ផ្តើម​ភ្ជាប់​ក្មេង​ៗទៅ​នឹង​ធម្មជាតិ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​សម័យថ្មី​នេះ​

    ពិភពលោក​ចាប់ផ្តើម​ភ្ជាប់​ក្មេង​ៗទៅ​នឹង​ធម្មជាតិ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​សម័យថ្មី​នេះ​

    នៅក្នុង​ពិភពលោក​នា​សម័យ​បច្ចេកវិទ្យា​នេះ​ ប្រទេស​ធំៗ​ដែល​ចាប់ផ្តើម​បង្កើត​ឡើង​នូវ​បច្ចេកវិទ្យា​ទំនើប​ ដោយ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ក្មេង​ៗពី​ការ​នៅ​ជិត​បច្ចេកវិទ្យា​ ទៅ​ភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយនឹង​ធម្មជាតិ​ ខណៈ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ហាក់​កំពុង​បណ្តែតបណ្តោយ​ឱ្យ​កុមា​រតូចៗ​នៅជា​មួយ​បច្ចេកវិទ្យា​កាន់តែ​ច្រើនឡើង​។

    ចរន្ត​នៃ​ការ​បណ្តែតបណ្តោយ​ឱ្យ​កុមារ​នៅជា​មួយ​នឹង​បច្ចេកវិទ្យា​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ វា​បាន​ផ្តល់​ផល​ប៉ះពាល់​ជាច្រើន​ដល់​សុខភាព​ទាំង​សុខភាព​ផ្លូវកាយ​ និង​សុខភាព​ផ្លូវចិត្ត​ ហើយ​វា​ក៏​បង្ក​ជា​គ្រោះថ្នាក់​យូរអង្វែង​ផង​ដែរ​សម្រាប់​អនាគត​របស់​កុមារ​។ ធនធានមនុស្ស​ដែល​ជក់​ខ្លាំងពេក​ជាមួយនឹង​បច្ចេកវិទ្យា​ នឹង​ត្រូវ​រស់នៅ​ក្នុង​ផ្នត់គំនិត​ដែល​មិនសូវ​ខ្វាយខ្វល់​ពី​ធម្មជាតិ​ ហើយ​សកម្មភាព​នៃ​ការរស់នៅ​របស់​ពួកគេ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ឡើង​ៗដល់​ពិភពលោក​នា​ពេល​អនាគត​។

    ម្យ៉ាងវិញទៀត​ នៅពេល​ដែល​មនុស្ស​ទូទៅ​កាន់តែ​ច្រើនឡើង​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​ពី​ការ​ញៀន​ជា​មួយ​នឹង​ម៉ាស៊ីន​បាន​ ខណៈ​ពេល​ដែល​ម៉ាស៊ីន​កាន់តែ​ឆ្លាត​វៃ​ទៅៗ​ជា​រៀងរាល់ថ្ងៃ​នោះ​ ពួកគេ​អាច​នឹង​ប្រឈម​ជាមួយ​បញ្ហា​ម៉ាស៊ីន​គ្រប់គ្រង​មនុស្ស​នៅ​ថ្ងៃ​អនាគត​។

    ហេតុនេះ​ហើយ​ ទើប​នៅ​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ ជា​ពិសេស​ប្រទេស​ដែល​មានការ​រីកចម្រើន​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​ ដូចជា​អង់គ្លេស​ អាមេរិក​ និង​ប្រទេស​មួយចំនួន​ទៀត​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ក្នុង​ការ​ទាញ​កុមារ​ឱ្យ​ចេញ​ឆ្ងាយ​ពី​បច្ចេកវិទ្យា​ ដោយ​ការ​បង្វែង​ចំណាប់​អារម្មណ៍​មករ​កបរិស្ថាន​វិញ​ម្ដង​។

    ថ្មី​ៗនេះ​ចក្រភព​អង់គ្លេស​ដែល​ជា​ប្រទេស​មាន​ភាព​ល្បីល្បាញ​ផ្នែក​អប់រំ​លើ​ពិភពលោក​បាន​ណែនាំ​ឱ្យ​អាណាព្យាបាល​កុមារ​គ្រប់រូប​សាកល្បង​ជំរុញ​ឱ្យ​កុមារ​លេងកម្សាន្ត​ 1យប់​នៅ​ក្រោម​ពន្លឺ​ផ្កាយ​ និង​ប្រើប្រាស់​ភ្លើង​ធម្មជាតិ​ដើម្បី​ឱ្យ​ពួកគេ​ភ្ជាប់​ទំនាក់ទំនង​ល្អជា​មួយ​ធម្មជាតិ​។ ការ​ធ្វើបែប​នេះ​ ត្រូវ​បាន​ស្ថាប័ន​ Landscapes​ Review​ បញ្ជាក់​ថា​ វា​ជា​វិធីសាស្ត្រ​ក្នុង​ការ​ភ្ជាប់​ទំនាក់​ទំនង​ក្មេង​ៗជាមួយនឹង​ផែនដី​ ឬជាមួយនឹង​ធម្មជាតិ​។ នៅពេល​នោះ​ ក្មេង​ៗនឹង​ស្គាល់​ភាព​រីករាយ​ជាមួយនឹង​ជីវិត​បែប​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ ជាមួយនឹង​ខ្យល់​ត្រជាក់​ និង​ភាព​ស្និទ្ធស្នាល​។ ចាប់ពី​ពេលនោះ​ ពួកគេ​នឹងអាច​ផ្លាស់​ប្តូរ​គំនិត​ពី​ការរស់នៅ​ក្នុង​ជីវិត​បែប​បច្ចេកវិទ្យា​ ឬជីវិត​ស្រមើស្រមៃ​ (virtual​ life​) ទៅ​ស្រឡាញ់​សកម្មភាព​ជាក់ស្តែង​នៃ​ការរស់នៅ​ ដូចជា​ចូលរួម​ចំណែក​រក្សា​ភាព​បៃតង​នៃ​ធម្មជាតិ​ ឬការ​មើលថែ​ទាំ​បរិស្ថាន​ជុំវិញ​ខ្លួន​ជាដើម​។ អាណាព្យាបាល​អាច​នឹង​លែង​បារម្ភ​ថា​ មាន​វាលស្មៅ​ ឬមាន​សួនច្បារ​ តែ​ខ្វះ​អ្នក​រត់​លេង​ទៀតហើយ​ ព្រោះ​ក្មេង​នឹង​ចាប់ផ្តើម​បង្វែរ​ភាព​រីករាយ​ក្នុង​ជីវិត​របស់​ពួកគេ​ជាមួយ​ធម្មជាតិ​ដូច​កាលពី​អតីតកាល​វិញ​។

    អាណាព្យាបាល​ ក៏អាច​សាកល្បង​ណែនាំ​ដល់​កូន​នូវ​ដំណើរ​កម្សាន្ត​បែប​ធម្មជាតិ​ ដូចជា​ការ​បោះតង់​នៅក្នុង​ឧទ្យាន​កម្សាន្ត​ ឬនាំ​ពួកគេ​ឱ្យ​មើលឃើញ​ពី​ភាព​អស្ចារ្យ​ដ៏​ជក់ចិត្ត​នៃ​ជីវិត​ក្នុង​ធម្មជាតិ​ ដើម្បី​ឱ្យ​ពួក​គេ​មានការ​ងឿងឆ្ងល់​ ហើយ​ចាប់ផ្តើម​រវល់​ជាមួយនឹង​ការស្វែងរក​ចម្លើយ​ពី​ធម្មជាតិ​ ច្រើនជាង​ការ​លេង​ឧបករណ៍​អេឡិចត្រូនិក​។ ការ​ធ្វើបែប​នេះ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​ វា​អាច​នឹង​ទទួលផល​វិជ្ជមាន​ផង​ដែរ​សម្រាប់​ថ្ងៃ​អនាគត​ ព្រោះ​ក្មេង​ៗទាំងអស់​នេះ​អាច​នឹង​មានចិត្ត​ស្រឡាញ់​បរិស្ថាន​ដោយ​ស្វ័យប្រវត្តិ​នៅ​ថ្ងៃ​អនាគត​។ រាល់​ការ​ធ្វើអាជីវកម្ម​ ឬការរស់នៅ​ ពួកគេ​នឹង​ចាប់ផ្តើម​គិតគូរ​ពី​បរិស្ថាន​ ដើម្បី​រក្សា​និរន្តរភាព​នៃ​ភាព​ស្រស់បំព្រង​ដែល​ពួកគេ​ជួប​តាំងពី​តូច​រហូត​ដល់​ធំ​។

    ស្ថាប័ន​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ នៅក្នុង​សម័យ​ឌីជីថល​នេះ​ មនុស្ស​នឹង​នៅជា​មួយ​ធម្មជាតិ​កាន់តែ​តិច​ទៅៗ​ ព្រោះ​ពួកគេ​បាន​ឃុំខ្លួន​ឯង​នៅក្នុង​ចង្កោម​អគារ​ និង​បន្ទប់​ 4ជ្រុង​ដែល​មាន​អេក្រង់​សម្រាប់​បង្កើត​ភាព​រីករាយ​ និង​ធ្វើ​អ្វី​ៗគ្រប់យ៉ាង​រហូត​ធ្វើ​ឱ្យ​ពួកគេ​ភ្លេច​គិត​ពី​រូបភាព​ពិតប្រាកដ​នៃ​ធម្មជាតិ​។

    ហេតុនេះ​ហើយ​ទើប​នៅ​អង់គ្លេស​ គេ​បាន​បង្កើត​ជា​សួន​ធម្មជាតិ​ជាច្រើន​ដើម្បី​ជំ​រុញ​ឱ្យុ​មនុស្ស​ជំនាន់​ក្រោយ​មានឱកាស​ស្គាល់​ និង​រស់នៅ​ជាមួយ​ធម្មជាតិ​បាន​កាន់តែ​ច្រើន​ដោយ​សុវត្ថិភាព​ខ្ពស់​។

    ស្រប​ជាមួយគ្នា​នេះ​ដែរ​ អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញថា​ ការ​ចំណាយពេល​វេលា​ជាមួយ​ធម្មជាតិ​កាន់​ច្រើន​ នឹង​នាំ​ឱ្យ​កុមារ​ក្លាយជា​មនុស្ស​រីករាយ​ច្រើនជាង​មុន​ មាន​សុខភាព​កាន់តែ​ល្អ​ និង​មាន​ភាព​ច្នៃប្រឌិត​កាន់តែ​ខ្ពស់​ ព្រោះ​ពួកគេ​នឹង​មានជីវិត​ដ៏​រស់​រវើក​។ ហេតុនេះ​ហើយ​ទើប​ប្រទេស​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ ចាប់ផ្តើម​ជំរុញ​ឱ្យ​អាណាព្យាបាល​ណែនាំ​កុមារ​ឱ្យ​ត្រឡប់ទៅ​រក​ធម្មជាតិ​។

    តាម​ការ​បញ្ជាក់​ពី​ស្ថាប័ន​ National​ Wildlife​ Federation​ បញ្ជាក់​ថា​ នៅ​សហរដ្ឋអាមេរិក​ គេ​បាន​បង្កើត​ឡើង​នូវ​កម្មវិធី​ ម៉ោង​បៃតង​ (Green​ Hour​) ដែល​កម្មវិធី​នេះ​ជំរុញ​ឱ្យ​កុមារ​ត្រូវ​ចេញទៅ​លេង​នៅ​ខាងក្រៅ​យ៉ាងហោចណាស់​ 1ម៉ោង​ក្នុង​ 1ថ្ងៃ​ ដើម្បី​ឱ្យ​កុមារ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយនឹង​ធម្មជាតិ​។

    ខណៈ​ដែល​នៅ​ទីក្រុង​ហុងកុង​វិញ​ កុមារ​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ដាំ​ដើមឈើ​នៅ​ជិត​តំបន់​ដែលគេ​រស់នៅ​ ឬនៅ​ក្នុង​ផ្ទះ​ ហើយ​លើក​ទឹក​ចិត្ត​ឱ្យ​ពួកគេ​ចំណាយ​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ថែ​ទាំ​ ដើម្បី​ឱ្យ​ពួកគេ​យល់​កាន់តែ​ច្បាស់​ពី​តម្លៃ​នៃ​ខិតខំ​ប្រឹងប្រែង​រក្សា​បរិស្ថាន​៕

  • របៀបរៀបចំពិធីអាពាហ៍ពិពាហ៍ទៅតាមលំដាប់អក្សរពី A ដល់ Z

    របៀបរៀបចំពិធីអាពាហ៍ពិពាហ៍ទៅតាមលំដាប់អក្សរពី A ដល់ Z

    គ្រាន់តែ​ដឹង​ថា​ នឹង​ត្រូវ​មាន​ពិធី​រៀប​អាពាហ៍​ពិពាហ៍​សម្រាប់​សមាជិក​ក្នុង​គ្រួសារ​ ឬសម្រាប់​ខ្លួនឯង​ផ្ទាល់​ ភាព​ច្របូកច្របល់​ខ្វាយខ្វល់​ក៏​ឈាន​ចូល​មក​នៅក្នុង​ខួរក្បាល​របស់​អ្នក​ភ្លាម​តែម្តង​ ព្រោះ​មិនដឹង​ថា​នឹង​មានរឿង​អ្វី​ដែល​ត្រូវ​ធ្វើ​មុន​ ឬធ្វើ​ក្រោយ​នោះ​ទេ​។ កុំ​ខ្វាយខ្វល់​ខ្លាំង​រហូត​ធ្វើ​ឱ្យ​ភាព​រំភើប​រីករាយ​ត្រូវ​បាត់បង់​អី​ សាក​ល្បង​អាន​អត្ថបទ​ខាងក្រោម​ នោះ​ប្រហែលជា​អាច​ជួយ​សម្រួល​ដល់​អ្នក​បាន​ បើ​ទោះជា​មិនទាំង​ស្រុង​ក៏​គង់តែ​មាន​ខ្លះ​ៗដែរ​។

    A. Announcement​: ប្រកាស​ឱ្យ​មនុស្ស​គ្រប់គ្នា​បានដឹង​ផង​ថា​ អ្នក​ទាំងពីរ​នឹង​ក្លាយជា​ប្តី​ប្រពន្ធ​នឹងគ្នា​ហើយ​ ការ​ប្រកាស​ឱ្យ​មិត្ត​ ឬសាច់ញាតិ​បានដឹង​នេះ​ គឺជា​រឿង​ដែល​អ្នក​អាច​សម្រេចចិត្ត​ដោយខ្លួនឯង​ ប៉ុន្តែ​ចំពោះ​សេចក្តី​ប្រកាស​ស្តី​ពី​ច្បាប់​រៀបការ​ដែល​ចេញពី​រដ្ឋអំណាច​គឺជា​អ្វី​ដែល​អ្នកចាំ​បាច់​ត្រូវតែ​ធ្វើ​។
    B. Best​ Escorts​: សំដៅ​ដល់​អ្នកកំដរ​នឹង​ឯង​។ បើ​នៅ​មិនទាន់​រក​ឃើញ​អ្នកកំដរ​ទេ​នោះ​ សូម​ប្រញាប់​គិតទុក​ឱ្យ​ហើយ​ទៅ​ថា​ នឹង​រើស​យក​អ្នកណា​មក​ធ្វើជា​អ្នកកំដរ​ នឹងជា​អ្នកជួយ​ការ​ងារ​ផ្សេង​ៗក្នុង​ពិធី​របស់​អ្នក​។C. Contracts​: កិច្ចសន្យា​ ត្រូវ​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​ជាមួយនឹង​អ្នក​ដែល​ពាក់ព័ន្ធ​ ដូចជា​ ភ្នួង​ ជាង​ថត​ ទីតាំង​ ភ្លេង​ និង​អាហារ​។ល។ ការ​ធ្វើបែប​នេះ​គឺ​ដើម្បី​ចៀសវាង​ការ​កើតមាន​នូវ​បញ្ហា​នានា​ដែល​អាច​កើតឡើង​ដោយ​ប្រការ​ណាមួយ​។
    D. Decoration​: នៅក្នុង​ផ្ទះ​មាន​កន្លែង​ច្រើនណាស់​ដែល​អ្នក​គួរតែ​ធ្វើការ​តុបតែង​ឱ្យ​បាន​ស្អាតបាត​ ព្រោះ​វា​ជាទី​តាំង​ដែល​ត្រូវ​រៀបចំ​ពិធី​។ បន្ទប់​ផ្សំដំណេក​កូនកំលោះ​កូនក្រមុំ​គឺជា​កន្លែង​ដ៏​សំខាន់​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​។E. Entertainment​: ថ្ងៃ​រៀបការ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ ហើយ​ភាព​សប្បាយរីករាយ​តាមរយៈ​ការ​ច្រៀងរាំ​ ឬការ​កម្សាន្ត​នានា​គឺជា​បរិយាកាស​ដ៏​ពិសេស​ដែល​មិន​អាច​ខ្វះ​បាន​។ ពិភាក្សា​ព្រមទាំង​សម្រេចចិត្ត​ជាមួយនឹង​អ្នក​ដែល​ពាក់ព័ន្ធ​ថា​តើ​អ្នក​ចង់បាន​ការកម្សាន្ត​បែប​ណា​ក្នុង​ថ្ងៃ​នោះ​។
    F. Family​ Members​: សមាជិក​គ្រួសារ​ ឬមិត្ត​ស្និទ្ធស្នាល​មួយចំនួន​ដែល​អ្នក​ទុកចិត្ត​គឺជា​ជំនួយការ​ដ៏​ល្អ​ដែល​អ្នក​មិន​អាច​ខ្វះ​បាន​ ហេតុនេះ​អ្នក​គួរតែ​ចេះ​រៀបចំ​ចាត់ចែង​ការ​ងារ​ផ្សេង​ៗឱ្យ​ពួកគេ​ជួយ​គ្រប់គ្រង​មើល​ការខុសត្រូវ​។G. Gift​: អ្នក​អាច​នឹង​គិតថា​ អំ​ណោយ​ផ្សេង​ៗដែល​ត្រូវ​ប្រគល់​ឱ្យ​ភ្ញៀវ​ជា​រឿង​តូចតាច​ ប៉ុន្តែ​បើ​អ្នក​គិត​ឱ្យ​បាន​ច្បាស់​បន្តិចទៀត​អ្នក​ប្រហែលជា​អាច​ដឹង​បាន​ថា​ អំណោយ​គឺ​ជា​ការ​លើក​កិត្តិយស​មួយ​ផ្នែក​ដែរ​ បើជា​វត្ថុ​ដែល​យក​មក​ប្រើ​ប្រាស់​បាន​ទៀត​គឺ​កាន់តែ​ប្រសើរ​។
    H. Honeymoon​: រាត្រី​ទឹកឃ្មុំ​ មិន​គួរ​គិតថា​ចាំ​រកនឹក​ក្រោយពេល​រៀបការ​រួច​នោះ​ទេ​ គិតទុក​ឱ្យ​ហើយ​មុន​ថ្ងៃ​នោះ​មកដល់​ នោះ​អ្នក​នឹង​មាន​ជម្រើស​កាន់តែ​ច្រើន​។IInvitations​: អ្នក​អាច​ជ្រើសរើស​ម៉ូដ​ ពណ៌​ ទំហំ​ណាមួយ​ តាមដែល​អ្នកចូលចិត្ត​ ប៉ុន្តែ​ចំណុច​ដែល​សំខាន់​នោះ​គឺ​អ្នក​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​ ចៀសវាង​ការ​កើតមាន​នូវ​កំហុស​អចេត​នា​ផ្សេង​ៗ ជាពិសេស​គឺ​ ពេលវេលា​ ទីកន្លែង​ និង​ឈ្មោះ​ភ្ញៀវ​ដែល​ត្រូវ​អញ្ចើញ​។
    J. Jewelry​: ឈុត​គ្រឿងអលង្ការ​ដែល​រួមមាន​ដូចជា​ ខ្សែក​ ខ្សែដៃ​ ក្រវិល​ គឺជា​អំណោយ​ដ៏​មាន​អត្ថន័យ​បំផុត​សម្រាប់​កូនក្រមុំ​របស់​អ្នក​។ ស្វែងរក​ឈុត​គ្រឿងអលង្ការ​ណា​ដែល​អ្នក​គិតថា​សម​សម្រាប់​កូនក្រមុំ​ ដើម្បី​ឱ្យ​នាង​ពាក់​ទាំង​ក្នុង​ថ្ងៃ​រៀប​ការ​ និង​ទៅថ្ងៃក្រោយទៀត​។ ភរិយា​របស់​អ្នក​ពិតជា​ពេញចិត្ត​រាល់ពេល​ដែល​នាង​យក​វា​មក​ប្រើប្រាស់​។K. Kind​ Advice​: សួរ​អ្នក​ដែល​ដឹង​ ឬធ្លាប់​រៀបការ​រួចពី​រឿង​ផ្សេង​ៗដែល​អ្នក​មិនទាន់​ដឹង​ នោះ​គ្រប់យ៉ាង​នឹង​បាន​គ្រប់ជ្រុងជ្រោយ​។
    L. Location​: ស្វែងរក​ទីតាំង​ដែល​អ្នក​គិតថា​ល្អ​ និង​សមរម្យ​។ បច្ចុប្បន្ន​នេះ​ទីកន្លែង​សម្រាប់​រៀបចំ​ពិធី​អាពាហ៍​ពិពាហ៍​មាន​ច្រើនណាស់​ ដូច្នេះ​ជម្រើស​ក៏​សម្បូរ​បែប​ដែរ​។
    M. Money​: ថវិកា​គឺជា​ចំណុច​សំខាន់​មួយទៀត​ដែល​អ្នក​ត្រូវ​ដឹង​ និង​ត្រូវ​ត្រៀម​ទុក​សម្រាប់​តម្រូវ​ការ​ផ្សេង​ៗជាចាំបាច់​។ អ្វី​ៗគ្រប់យ៉ាង​មិន​អាច​ដំណើរការ​ទៅ​បាន​នោះ​ទេ​ ប្រសិនបើ​មិន​មាន​ប្រាក់​ទេ​នោះ​ ដូច្នេះ​មុន​ពេល​សម្រេចចិត្ត​រៀបការ​អ្នក​ត្រូវតែ​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចាត់ចែង​ក្នុង​កម្មវិធី​ ហើយក៏​ត្រូវតែ​មាន​ច្រើនជាង​ការដែល​បាន​គិតទុក​ដែរ​។N. Note​ Book​: មាន​កិច្ចការ​ច្រើនណាស់​ដែល​អ្នក​ត្រូវ​ធ្វើ​ ហើយ​ដើម្បី​ចៀសវាង​ការ​ភ្លេចភ្លាំង​អ្នក​ត្រូវ​មាន​សៀវភៅ​មួយ​ក្បាល​ ដើម្បី​កត់ត្រា​ទុក​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​។
    O. Organization​: ការរៀបចំ​គ្រប់បែបយ៉ាង​ត្រូវតែ​ប្រព្រឹត្តទៅ​យ៉ាង​រលូត​ និង​ល្អឥតខ្ចោះ​។ សម្រេចចិត្ត​ឱ្យ​បាន​ស្រេច​ថា​ តើ​អ្នក​នឹង​ជ្រើសរើស​ការ​តុបតែង​បែប​ណា​ សម្លៀកបំពាក់​ រថយន្ត​ និង​រឿង​ផ្សេង​ៗទៀត​បែប​ណា​ នឹង​ធ្វើ​ឱ្យ​ពិធី​កាន់​តែង​មាន​ភាព​ងាយស្រួល​ឡើង​។
    P. Photography​: រូបថត​គឺជា​ការ​រក្សាទុក​នូវ​អនុស្សាវរីយ៍​ក្នុង​ថ្ងៃ​ដ៏​ពិសេស​របស់​អ្នក​។ ជ្រើសរើស​អ្នកថតរូប​ដែល​មាន​ជំនាញ​ច្បាស់លាស់​ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​អនុស្សាវរីយ៍​ផ្អែមល្ហែម​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​ជាមិនខាន​។
    Q. Question​: ដាក់​សំណួរ​សម្រាប់​គ្រប់​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ​ថា​ តើ​អ្វី​ៗគ្រប់យ៉ាង​ពិតជា​បាន​រៀបរយ​ហើយ​មែនទេ​? ប្រសិនបើ​អ្នកទទួល​បាន​ចំ​ម្លើយ​មួយ​ជាទី​ពេញចិត្ត​ហើយ​នោះ​មានន័យថា​ គ្រប់យ៉ាង​គឺ​ Ok​ ហើយ​។
    R. Ring​: ចិញ្ចៀន​ជា​វត្ថុ​បញ្ចាំ​ស្នេហ៍​ដែល​អ្នក​ត្រូវ​រក្សាទុក​ពេញ​មួយ​ជីវិត​ ហេតុនេះ​អ្នក​គួរតែ​ជ្រើសរើស​វា​ដោយ​សម្រិតសម្រាំង​បំផុត​ ព្រោះ​វា​ជា​គ្រឿង​បញ្ជាក់​ពី​តម្លៃ​នៃ​សេចក្តី​ស្រឡាញ់​រវាង​គូ​ស្វាមីភរិយា​។ ចិញ្ចៀន​រៀបការ​ជា​វត្ថុ​ដែល​អ្នក​គប្បី​ពាក់​ជាប់​ជានិច្ច​ ដូច្នេះ​នៅពេល​កុម្ម៉ង់​ម៉ូដ​អ្នក​គួរ​គិតទៅ​ដល់​ភាព​ស្រស់​ស្អាត​ ព្រម​ជាមួយនឹង​ភាព​ងាយស្រួល​ក្នុង​ការ​ពាក់​ផង​ដែរ​។
    S. Speech​: មាន​អ្វី​ត្រូវ​និយាយ​នា​ថ្ងៃ​រៀបការ​ដែរ​ទេ​? បើ​មាន​គួរ​សរសេរ​ព្រៀង​ទុក​ឱ្យ​ហើយ​ទៅ​ ដើម្បី​ការពារ​ភាព​រអាក់រអួល​ ឬកំហុសឆ្គង​ពេល​ឡើង​និយាយ​នៅ​លើ​វេទិកា​នា​កម្មវិធី​ចុងក្រោយ​នៃ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​។T. Transport​: រៀបការ​ជា​ពេល​រវល់​បំផុត​សម្រាប់​ម្ចាស់​កម្មវិធី​ ហេតុនេះ​គ្រប់​ប្រភេទ​នៃ​មធ្យោបាយ​ធ្វើដំណើរ​ក៏​ពិតជា​រវល់​ដូចគ្នា​ដែរ​។ បើ​ទោះជា​យ៉ាងនេះ​ក្តី​អ្នក​ត្រូវ​ត្រៀម​រថយន្ត​មួយ​គ្រឿង​ទុក​សម្រាប់​កូនកំលោះ​កូនក្រមុំ​ផ្ទាល់​ផង​។
    U. Underwear​: ស្តាប់​ទៅ​ដូចជា​មិនសូវ​ពីរោះ​ ប៉ុន្តែ​វា​ក៏​សំខាន់ណាស់​ដែរ​ដឹង​ទេ​? សូម​ជ្រើសរើស​ឈុត​ក្នុង​ឱ្យ​បាន​ត្រឹមត្រូវ​ នោះ​វា​នឹង​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ស្លៀក​ពាក់​ និង​ជួយ​លើក​សម្រស់​ដល់​កូនកំលោះ​កូនក្រមុំ​ផង​ដែរ​ ជាពិសេស​កូនក្រមុំ​តែម្តង​។
    V. Video​: ក្រៅពី​រូបថត​សន្លឹក​ អ្នក​ក៏​ត្រូវតែ​មាន​វីដេអូ​ដើម្បី​ថត​ពី​សកម្មភាព​រស់រវើក​នៅក្នុង​កម្មវិធី​ទាំងមូល​ផង​ដែរ​។ បើ​ទោះជា​រយៈពេល​កន្លងទៅ​យូរ​យ៉ាងណា​ក្តី​ ប៉ុន្តែ​វា​ហាក់ដូចជា​នៅ​ថ្មី​ៗនៅពេល​ដែល​អ្នក​បាន​ចាក់​វីដេអូ​នៃ​ថ្ងៃ​ពិធី​របស់​អ្នកមើល​ឡើងវិញ​ម្តង​ទៀត​នោះ​។
    W. Wedding​ Planners​: បច្ចុប្បន្ន​នេះ​មាន​សេវាកម្ម​រៀបចំ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ជាច្រើន​បាន​បង្កើត​ឡើង​ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់ឱ្យ​ពិធី​ដ៏​សំខាន់​របស់​អ្នកមាន​ភាព​ងាយ​ស្រួល​ និង​កាន់តែ​ច្បាស់លាស់​នោះ​ អ្នកកាន់ការ​ងារ​ Wedding​ Planners​ អាច​ជួយ​អ្នក​បាន​យ៉ាង​ពេញទំហឹង​តែម្តង​នៅក្នុង​ថ្ងៃ​មង្គល​របស់​អ្នក​។X. X​-tra​ Things​: របស់របរ​មួយចំនួន​គួរតែ​ធ្វើ​ត្រៀម​ឱ្យ​បាន​ច្រើនជាង​ចំនួន​ដែល​បាន​កំណត់ទុក​។ សំ​បុ​ត្រ​អញ្ចើញ​(គួរ​បោះ​ឱ្យ​លើស​ប្រហែលជា20សន្លឹក​) ម្ហូប​(គួរ​កុម្ម៉ង់​ឱ្យ​លើស​ពី3​-5តុ​ ចៀសវាង​មានការ​ខ្វះខាត​) ស្រា​ ភេសជ្ជៈ​ ព្រមទាំង​វត្ថុ​អនុស្សាវរីយ៍​ជាដើម​ផង​ដែរ​ ត្រូវតែ​ត្រៀម​ឱ្យ​លើស​ជាស្រេច​។
    Y. Young​ Attendants​: ថ្ងៃចូលរោង​ការ​ជិត​មកដល់​អ្នក​គួរតែ​ជ្រើសរើស​ និង​សុំ​ការអនុញ្ញាត​ពី​ឪពុក​ម្តាយ​ក្មេង​ប្រុសស្រី​ដែល​នឹង​ត្រូវ​ធ្វើជា​កូនមហា​ក្នុង​ពិធី​របស់​អ្នក​ឱ្យ​ហើយ​ជាមុន​ផង​។
    Z. Zero​ Regrets​: កូនក្រមុំ​កូនកំលោះ​មួយចំនួន​ធ្លាប់​មានការ​ស្តាយក្រោយ​ ដោយហេតុថា​ពួកគេ​មិនដឹង​ថា​តើ​ពួកគេ​ត្រូវ​ធ្វើអ្វី​ខ្លះ​ ដែល​ជាសកម្ម​ភាព​ដែល​ពួកគេ​ចង់​ធ្វើ​បំផុត​នៅក្នុង​ថ្ងៃ​រៀបការ​របស់​ពួកគេ​។ ដូច្នេះ​ អ្នក​គួរតែ​ធ្វើ​យ៉ាងណា​ចៀសវាង​កុំឱ្យ​វា​កើតមាន​លើ​រូប​អ្នក​ឱ្យ​សោះ​៕

  • ជំរុញ​ការប្រកួត​ប្រជែង​ផ្នែក​ទេសចរណ៍​នៅ​កម្ពុជា​ គឺ​លើកកម្ពស់​ទីផ្សារ​ទេសចរណ៍​

    ជំរុញ​ការប្រកួត​ប្រជែង​ផ្នែក​ទេសចរណ៍​នៅ​កម្ពុជា​ គឺ​លើកកម្ពស់​ទីផ្សារ​ទេសចរណ៍​

    ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ឱ្យ​មានការ​ប្រកួតប្រជែង​លើ​វិស័យ​ទេសចរណ៍​ក្នុង​ក្របខ័ណ្ឌ​ពិភពលោក​ ដោយ​នៅក្នុង​របាយការណ៍​ចេញផ្សាយ​ចុងក្រោយ​ស្ដីពី​សន្ទស្សន៍​នៃ​ការប្រកួត​ប្រជែង​ផ្នែក​ទេសចរណ៍​(TCCI​) ដែល​ធ្វើឡើង​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​(WEF​) (ចេញផ្សាយ​រៀងរាល់​ 2ឆ្នាំ​ម្តង​) បាន​ឱ្យ​ដឹង​ថា​ ក្នុង​ខែ​នេះ​ ប្រទេស​កម្ពុជា​បាន​កើនឡើង​នូវ​មណ្ឌល​ទេសចរណ៍​ថ្មី​ចំនួន​ 3កន្លែង​ធ្វើ​ឱ្យ​បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា​ស្ថិតនៅ​លំដាប់​ទី​ 98​ ក្នុង​ពិភពលោក​។

    របាយការណ៍​នេះ​រាប់បញ្ចូល​ទាំង​ប្រទេស​ចំនួន​140​ ដែល​ត្រូវ​បាន​ចាត់​ចំណាត់ថ្នាក់​យោងទៅតាម​បរិយាកាស​ធុរកិច្ច​ សុវត្ថិភាព​ និង​សន្តិសុខ​ ហេដ្ឋារចនាសម្ព័ន្ធ​ ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ ធនធាន​ធម្មជាតិ​ គោលនយោបាយ​ទេសចរណ៍​ និង​ការប្រកួត​ប្រជែង​តម្លៃ​ និង​កត្តា​ផ្សេង​ៗទៀត​។ ប្រទេស​អេ​ស្បាញ​ បាន​ជាប់​ចំណាត់ថ្នាក់​លេខ1​ នៅ​ទូទាំង​ពិភពលោក​។ ប្រទេស​បារាំង​ អាល្លឺម៉ង់​ ប្រទេស​ជប៉ុន​ និង​សហរដ្ឋអាមេរិក​ ឈរ​នៅ​ទី5​ តាម​លំ​ដាប​។

    នៅ​អាស៊ី​អាគ្នេយ៍​ ប្រទេស​សិង្ហបុរី​ត្រូវ​បាន​គេ​ចាត់ទុកថា​ មាន​ឧស្សាហកម្ម​ទេសចរណ៍​ដែល​ មាន​ការប្រកួត​ប្រជែង​ច្រើនជាង​គេ​ បន្ទាប់មក​គឺ​ ប្រទេស​ម៉ាឡេស៊ី​ ថៃ​ ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​វៀតណាម​។

    ប្រទេស​កម្ពុជា​បាន​កាន់កាប់​កន្លែង​ចុងក្រោយ​នៅ​ក្នុង​តំបន់​ដែល​ជា​កន្លែង​មួយ​ស្ថិតនៅ​ពីក្រោយ​ប្រទេសជិតខាង​គឺ​ ប្រទេស​ឡាវ​ ដែល​មាន​ចំណាត់ថ្នាក់​លេខ97​ នៅ​ទូទាំង​ពិភពលោក​។ ប្រទេស​ចំនួន​7 ក្នុងចំណោម​ប្រទេស​ចំនួន9​ មក​ពី​អាស៊ី​អាគ្នេយ៍​បាន​ធ្វើ​ឱ្យ​ចំណាត់ថ្នាក់​របស់​ពួកគេ​ប្រសើរ​ឡើង​។

    យោង​តាម​របាយការណ៍​ឆ្នាំ2019​ លទ្ធផល​ល្អ​បំផុត​របស់​កម្ពុជា​ស្ថិត​ក្នុង​ការ​ផ្តល់​អាទិភាព​ ដល់​ការ​ធ្វើដំណើរ​ និង​ទេសចរណ៍​ដែល​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ44​ នៅ​លើ​ពិភពលោក​ បន្ទាប់មក​គឺ​ការប្រកួត​ប្រជែង​តម្លៃ​ (លេខ49​) ការ​បើកចំហ​អន្តរជាតិ​ (លេខ66​) ធនធាន​ធម្មជាតិ​ (លេខ66​) ធនធាន​វប្បធម៌​ និង​ការ​ធ្វើដំណើរ​អាជីវកម្ម​ (លេខ76​ ) ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ (លេខ91​) ហេដ្ឋារចនាសម្ព័ន្ធ​សេវាកម្ម​ទេសចរណ៍​ (លេខ93​) និង​ធនធានមនុស្ស​ និង​ទីផ្សារ​ការងារ​ (លេខ95​)។

    ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដំណើរការ​ហេ​ដ្ឋា​-រចនាសម្ព័ន្ធ​ផ្លូវគោក​ និង​កំពង់ផែ​យ៉ាង​លំបាក​ (ជាប់​លេខ111​) បរិស្ថាន​អាជីវកម្ម​ (លេខ122​) និង​និរន្តរភាព​បរិស្ថាន​ (លេខ139​)។

    របាយការណ៍​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​យ៉ាង​ល្អ​ផង​ដែរ​ពី​ការ​ខិតខំ​របស់​ភាគី​ពាក់ព័ន្ធ​នានា​ដើម្បី​កែ​លម្អ​ឧស្សាហកម្ម​ទេសចរណ៍​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​សារសំខាន់​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​។ រដ្ឋាភិបាល​បាន​ និង​កំពុង​ផ្តោត​លើ​កំណើន​ទេសចរណ៍​ហើយ​គ្រោង​នឹង​ចេញ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​។

    សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពីដើម​ឆ្នាំនេះ​ថា​៖ “ឥឡូវនេះ​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ទិសដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​មួយ​សម្រាប់​ពិភពលោក​ហើយ​ រដ្ឋាភិបាល​មើលឃើញ​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង​”។ វា​ក៏​មានការ​ខិតខំ​ផង​ដែរ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្មការ​ផ្តល់​ជូន​ទេសចរ​នៅ​កម្ពុជា​ដែល​ផ្តោត​ជាយូរមកហើយ​នៅ​លើ​ប្រាសាទអង្គរវត្ត​។

    ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​មានការ​ជំរុញ​ក្នុង​ការ​កសាង​ និង​បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ​ថ្មី​បន្ថែម​ទៀត​នៅក្នុង​ខេត្តពោធិ៍សាត់​ កោះកុង​ កំពត​និង​ខេត្ត​ដទៃទៀត​ដើម្បី​បំពេញបន្ថែម​ប្រាសាទ​អង្គរវត្ត​ និង​គោលដៅ​ទេសចរណ៍​ដែល​មានស្រាប់​។

    យោង​តាម​ក្រសួងទេសចរណ៍​ព្រះរាជាណាចក្រ​កម្ពុជា​ស្ថិតនៅ​លំដាប់​លេខ3​ ក្នុង​អាស៊ាន​ សម្រាប់​កំណើន​ទេសចរណ៍​។ កាលពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​បាន​ចុះ​បញ្ជិកា​មកដល់​ចំនួន​ 11​% នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​តួលេខ​នេះ​មានតែ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​វៀតណាម​ប៉ុណ្ណោះ​។

    ឯកឧត្តម​ ថោង​ ខុន​ បាន​ថ្លែង​ថា​៖“សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​ឱ្យ​បាន​ល្អ​ប្រសើរ​ ខណៈ​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​វិបត្តិ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បង្កឡើង​ដោយ​សហរដ្ឋអាមេរិក​ និង​មហាយក្ស​ចិន​ ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​ត្រូវ​អនុម័ត​លើ​លក្ខន្តិកៈ​ និង​បទបញ្ជា​ផ្ទៃក្នុង​ ដើម្បី​បន្ត​ពិភាក្សា​គ្នា​លើ​ការរៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ វិបត្តិ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​បាន​បណ្ដាល​ឱ្យ​គោលដៅ​ទីផ្សារ​ទេសចរណ៍​មួយចំនួន​មានការ​ប្រែប្រួល​ ហើយ​កម្ពុជា​ត្រូវ​ខិតខំ​តោង​ស្រវា​ចាប់​យក​ទីផ្សារ​ ឬគោលដៅ​ទេសចរណ៍​ណា​ដែល​មាន​សក្តា​នុ​ពល​ ពោល​គឺ​ត្រូវ​រៀបចំ​ទាំង​យុទ្ធសាស្ត្រ​ មធ្យោបាយ​ និង​ថវិកា​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅកាន់​គោលដៅ​សំ​ខាន់​ៗ សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​ឱ្យ​បាន​ច្រើន​។

    សម្រាប់​ទីផ្សារ​ទេសចរណ៍​ចិន​ កម្ពុជា​កាន់តែ​ត្រូវ​ពង្រឹង​ថែមទៀត​ ព្រោះថា​ ចិន​ជាទី​ផ្សារ​ទេសចរណ៍​ដ៏​ធំ​មួយ​លើស​កល​លោក​ តែ​ត្រូវតែ​ចូល​ជ្រៅ​ទៅ​រក​គោលដៅ​សំខាន់​ណា​ដែល​មាន​សក្តា​នុ​ពល​ ហើយដែល​កម្ពុជា​ត្រូវ​រៀបចំ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ល្អ​នៅ​ទីនោះ​ ក៏​ដូចគ្នា​ទៅ​នឹង​ទីផ្សារ​ក្នុង​អាស៊ាន​ អាស៊ី​ អឺរ៉ុប​ និង​អាមេរិក​ផង​ដែរ​ ដោយ​ត្រូវ​ធ្វើ​ឱ្យ​ចំ​គោលដៅ​ និង​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ​ រូបភាព​ និង​ថវិកា​ឱ្យ​មានប្រសិទ្ធភាព​។

    នៅក្នុង​ទិវា​ទេសចរណ៍​ពិ​ភលោ​ក សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​សូម​អប​អរសារទ​ជាថ្មី​ដែល​ឆ្នាំ2018​ កន្លងទៅ​ ពិភពលោក​បាន​ទទួលភ្ញៀវ​ទេសចរ​រហូតដល់​ 1,400លាន​នាក់​ ក្នុង​អត្រាកំណើន​ 5% ចូលរួម​បង្កើត​ការងារ​ 10​%នៃ​ការងារ​សរុប​ បង្កើត​ចំណូល​ចូល​សេដ្ឋកិច្ច​ប្រមាណ​10​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ (World​ GDP​) តំណាង​ឱ្យ​ 7% នៃ​ការនាំចេញ​សរុប​របស់​ពិភពលោក​ និង​ប្រមាណ​ 29​% នៃ​ការនាំចេញ​សរុប​ផ្នែក​សេវាកម្ម​។ នេះ​បង្ហាញថា​ វិស័យ​ទេសចរណ៍​នៅតែ​បន្ត​ស្ថិត​ក្នុង​លំដាប់​លេខ3​ នៃ​ការនាំចេញ​របស់​ពិភពលោក​ បន្ទាប់ពី​ការនាំចេញ​ប្រេងឥន្ធនៈ​ និង​ផលិតផល​គីមី​នាំមុខ​ការនាំចេញ​រថយន្ត​ និង​ផលិតផល​ ចំណី​ អាហារ​។

    ដោយឡែក​ រយៈពេល20ឆ្នាំ​ចុងក្រោយ​នេះ​ កម្ពុជា​បន្ទាប់ពី​បាន​ទទួល​សុខ​សន្តិភាព​ ស្ថិរភាព​ នយោបាយ​ សុវត្ថិភាព​ពេញ​ផ្ទៃ​ប្រទេស​ និង​ការ​រួបរួម​-ជាតិ​ពី​គ្រប់​ភាគី​ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ កំណើន​គួរ​ជា​ទី​មោទ​នៈ​ ដោយ​កើន​ពី​ការ​ទទួល​ទេសចរ​អន្តរជាតិ​ចំនួន​តែ​ជាង​ 28ម៉ឺន​នាក់​នៅ​ឆ្នាំ1998​ រហូត​ដល់​ 6,2លាន​នាក់​នៅ​ឆ្នាំ2018​ និង​បាន​បង្កើត​ការងារ​ដោយ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ជាង​ 62ម៉ឺន​នាក់​ និង​ការងារ​មិន​ផ្ទាល់​រាប់​សិប​ម៉ឺន​នាក់​ថែមទៀត​៕

  • សាលា​រៀ​នវ៉េស្ទ​ឡា​ញន៍​អភិវឌ្ឍ​ខ្លួន​ជា​សាលារៀន​សតវត្សរ៍​ទី21​

    សាលា​រៀ​នវ៉េស្ទ​ឡា​ញន៍​អភិវឌ្ឍ​ខ្លួន​ជា​សាលារៀន​សតវត្សរ៍​ទី21​

    នៅក្នុង​សតវត្សរ៍​ទី21​ នេះ​ ស្ថាប័ន​អប់រំ​ទាំងអស់​លើ​ពិភពលោក​ចាំបាច់​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​សិក្សា​ និង​របៀប​នៃ​ការអប់រំ​របស់​ខ្លួន​ ដើម្បី​ឆ្លើយតប​ជាមួយនឹង​ទីផ្សារ​ការងារ​ជាក់ស្តែង​ និង​លក្ខណ​សម្បត្តិ​ដែល​ពិភពលោក​ត្រូវការ​។

    នៅ​កម្ពុជា​ ដើម្បី​ឆ្លើយតប​ជាមួយនឹង​របត់​ថ្មី​របស់​ពិភពលោក​នេះ​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​បង្កើត​ឡើង​នូវ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​មួយ​ដើម្បី​ផ្តល់​ជូន​នូវ​ការអប់រំ​ឱ្យ​ស្របតាម​តម្រូវការ​របស់​ពិភពលោក​ក្នុង​សតវត្សរ៍​ទី21​ ឬក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ តាមរយៈ​ការបង្កើត​សាលា​ជំនាន់​ថ្មី​ដោយ​បញ្ចូល​នូវ​ប្រព័ន្ធ​អប់រំ​ និង​វិធីសាស្ត្រ​បង្រៀន​ថ្មី​ៗជាច្រើន​។ ងាក​មក​វិស័យ​ឯកជន​វិញ​ សាលារៀន​ដែល​ជា​បណ្តាញ​នៃ​ក្រុមហ៊ុន​វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ ក៏បាន​ផ្តល់​នូវ​ជម្រើស​ប្លែក​ថ្មី​មួយទៀត​ដែល​ឆ្លើយតប​ផង​ដែរ​ជា​មួយ​នឹង​បរិបទ​ពិភពលោក​នា​យុគសម័យ​ថ្មីនេះ​ ដោយ​បញ្ចូល​កម្មវិធី​សំ​ខាន់​ៗជាច្រើន​លើ​កម្មវិធី​គោល​របស់ក្រ​សួង​អប់រំ​។

    លោក​ ប៉ិច​ បូ​ឡែន​ អគ្គនាយក​ក្រុមហ៊ុន​វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ បណ្តាញ​សាលារៀន​របស់​យើង​ព្យាយាម​គ្រប់​លទ្ធភាព​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​ការ​បណ្តុះបណ្តាល​ ដើម្បី​អភិវឌ្ឍ​សិស្សានុសិស្ស​ទាំងអស់​ឱ្យ​មាន​សមត្ថភាព​ឆ្លើយតប​ជាមួយនឹង​របត់​ចំណេះដឹង​របស់​ពិភពលោក​បច្ចុប្បន្ន​។

    ក្រៅពី​ការ​បណ្តុះបណ្តាល​ដោយ​យកចិត្ត​ទុកដាក់​លើ​កម្មវិធី​សិក្សា​គោល​ស្របតាម​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ យើង​បាន​បញ្ចូល​នូវ​កម្មវិធី​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ជាមួយ​គ្រូ​ប្រកប​ដោយ​សមត្ថភាព​ និង​មាន​បន្ទប់​ពិសោធន៍​សម្បូរ​បែប​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​របស់​យើង​បាន​ពិសោធ​ និង​យល់​កាន់តែ​ស៊ីជម្រៅ​ពី​មេរៀន​នី​មួយ​ៗ សំដៅ​ជំរុញ​នវានុវត្តន៍​ និង​ភាព​ច្បាស់លាស់​លើ​ផ្នែក​វិទ្យាសាស្ត្រ​។ បន្ថែម​ពីលើ​នេះ​ យើង​ក៏បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​បច្ចេកវិទ្យា​សំ​ខាន់​ៗដើម្បី​ជំរុញ​ឱ្យ​សិស្សរបស់​យើង​ទទួល​បាន​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​គ្រឹះ​សំ​ខាន់​ៗដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​នៅ​ថ្ងៃ​អនាគត​។ ក្រៅពី​ការ​បង្រៀន​ពី​កម្ម​វិ​ធី​កុំ​ព្យូ​ទូ័រ​ជា​មូលដ្ឋាន​សម្រាប់​ចំណេះដឹង​ទូទៅ​ យើង​បាន​បង្កើត​នូវ​ក្លិប​អ្នក​វិទ្យាសាស្ត្រ​វ័យក្មេង​ ដែល​ផ្តល់​នូវ​មជ្ឈមណ្ឌល​សិក្សា​កុំព្យូទ័រ​ ដោយ​ផ្តោត​សំខាន់​លើ​ការ​បណ្តុះបណ្តាល​ឱ្យ​សិស្ស​ចេះ​សរសេរ​កូដ​ជាមួយនឹង​អ្នកជំនាញ​។ បន្ថែម​ពីលើ​នេះ​ យើង​ក៏​ទំនុកបម្រុង​សិស្សរបស់​យើង​ផង​ដែរ​ ប្រសិនបើ​ពួកគេ​បង្កើត​បាន​នូវ​សមិទ្ធផល​វិទ្យាសាស្ត្រ​ ឬបច្ចេក​វិទ្យា​ថ្មី​ៗសម្រាប់​ជា​ប្រយោជន៍​ដល់​សង្គម​។

    លោក​ ប៉ិច​ បូ​ឡែន​ បាន​មានប្រសាសន៍​ថា​៖ “លើស​ពី​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ បណ្តាញ​សាលារៀន​របស់​យើង​ បាន​ដាក់បញ្ចូល​នូវ​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​ពី​ប្រទេស​សិង្ហបុរី​ ដែល​មានឈ្មោះ​ថា​ Money​ Tree​ ដើម្បី​ឱ្យ​សិស្សានុសិស្ស​បាន​យល់​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ និង​សហគ្រិនភាព​ ស្រប​ជាមួយនឹង​គោលដៅ​សំខាន់​ដែល​ក្រសួង​អប់រំ​ និង​ធនាគារជាតិ​ ដែល​ខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​សិស្ស​ឱ្យ​មានគំនិត​សន្សំ​ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដូច្នោះ​ដែរ​។ កម្មវិធី​ដែល​យើង​ទិញ​យក​មកនេះ​ ជា​កម្មវិធី​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រើប្រាស់​នៅ​សាលារៀន​ជាច្រើន​នៅ​បរទេស​”។

    ស្ថាបនិក​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ ដោយសារតែ​ពិភពលោក​មាន​ការ​វិវឌ្ឍ​លឿន​ យើង​បាន​បន្ថែម​នូវ​កម្ម​វិ​ធី​ល្អ​ៗជាច្រើន​ផ្សេងទៀត​ដើម្បី​ផ្តល់​ឱ្យ​សិស្សរបស់​យើង​នូវ​ជម្រើស​ប្លែក​ថ្មី​មួយ​ក្នុង​ការអប់រំ​ ដូចជា​សេវា​ប្រឹក្សា​យោបល់​អប់រំ​ រួម​ទាំង​កម្មវិធី​ទម្លាប់​ល្អ​ទាំង​ 7 យ៉ាង​របស់​បុគ្គល​មានប្រសិទ្ធភាព​ខ្ពស់​ដែល​យើង​បាន​ទិញ​សិទ្ធ​ពី​អាមេរិក​ដើម្បី​បណ្តុះបណ្តាល​អត្តចរិត​ និង​ផ្នត់គំនិត​សិស្សរបស់​យើង​ឱ្យ​មាន​ជំនាញ​សម្រាប់​សតវត្សរ៍​ទី21​ ដែល​សង្គម​កំពុង​ត្រូវការ​នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ 4.0នេះ​។ ជាមួយគ្នា​នេះ​ដែរ​ ថ្មី​ៗនេះ​យើង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ VR​ (virtual​ reality​) និង​កម្មវិធី​ AR​ (argument​ reality​) ដើម្បី​ឱ្យ​សិស្សានុសិស្ស​របស់​យើង​ទទួល​បាន​បទ​ពិសោធ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ដូច​ស្ថាប័ន​អប់​រំ​ធំៗ​លើ​ពិភពលោក​។

    យើង​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​ផ្តល់​នូវ​ជម្រើស​ថ្មី​មួយ​ក្នុង​ការអប់រំ​សម្រាប់​អាណាព្យាបាល​ និង​សិស្សានុសិស្ស​ដែល​ជា​អនាគត​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​សង្គម​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង​ និង​មាន​សមត្ថភាព​សម្រាប់​ប្រកួតប្រជែង​ទាំង​ក្នុង​ទីផ្សារ​ការងារ​ជាតិ​ និង​អន្តរជាតិ​៕

  • អ្នកជំនាញ​អចលនទ្រព្យ​ ប្រាប់​ពី​បច្ចុប្បន្នភាព​ និង​អនាគត​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​

    អ្នកជំនាញ​អចលនទ្រព្យ​ ប្រាប់​ពី​បច្ចុប្បន្នភាព​ និង​អនាគត​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​

    ការ​តាំងពិព័រណ៍​អចលនទ្រព្យ​ធំជាង​គេ​បង្អស់​នៅ​កម្ពុជា​ នៅ​ណា​ហ្គាវើ​លកា​លពី​ថ្ងៃទី4​-5 ខែតុលា​ឆ្នាំ2019​ កន្លងទៅ​បាន​ប្រមូល​ផ្តុំ​មនុស្ស​រាប់ពាន់​នាក់​ ទាំង​អ្នកចូលរួម​ទស្សនា​ អ្នកទិញ​អចលនទ្រព្យ​ អ្នក​វិនិយោគ​ ភ្នាក់ងារ​អចលនទ្រព្យ​ អ្នក​អភិវឌ្ឍន៍​ និង​ក៏​ជា​វេទិកា​មួយ​ដែល​បាន​រៀបចំឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​គោលដៅ​សំខាន់​បំផុត​ គឺ​ការ​នាំ​យក​អ្នកទិញ​មក​ជួប​ផ្ទាល់​ជាមួយ​អ្នកលក់​ និង​ការ​ទទួលយក​ចំណេះដឹង​ព័ត៌មាន​វិស័យ​អចលនទ្រព្យ​ពី​អ្នកជំនាញ​អចលនទ្រព្យ​ និង​អ្នកច្បាប់​ជាង​ 20នាក់​ដែល​មាន​បទ​ពិសោធ​ក្នុង​វិស័យ​នេះ​ដែល​ធ្វើ​បទ​បង្ហាញ​អំពី​ប្រធានបទ​នានា​ជុំវិញ​ទីផ្សារ​ និង​និន្នាការ​បច្ចុប្បន្ន​និង​អនាគត​នៃ​វិស័យ​អចលនទ្រព្យ​។

    លោក​ Andrew​ Chong​ វិនិយោគិន​ហុងកុង​ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ Prestige​ Homes​ បាន​បង្ហាញ​ពី​សក្ដានុពល​ និង​ភាព​រីកចម្រើន​លើ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា​ទាំង​ពេល​បច្ចុប្បន្ន​ និង​អនាគត​។នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ វិស័យ​អចលនទ្រព្យ​កំពុងតែ​មាន​ ការ​រីកចម្រើន​យ៉ាង​ខ្លាំង​ ដូច្នេះ​បាន​ជា​ក្រុមហ៊ុន​របស់​យើង​សម្រេចចិត្ត​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។

    កត្តា​ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​ទាក់ទាញ​អតិថិជន​បាន​ច្រើន​ គឺ​ដោយសារ​អតិថិជន​បាន​ផ្ដល់​នូវ​ភាព​ជឿជាក់​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​ដែល​មានចំណេះ​ជំនាញ​ជាក់លាក់​ ច្បាស់លាស់​លើ​វិស័យ​អចលនវត្ថុ​នេះ​ ដូចជា​សេវា​៖ ទិញ​ លក់​ ជួល​អចលនទ្រព្យ​ រួម​មាន​ជួល​ខុន​ដូ​ Apartment​ ដី​ បុរី​ ផ្ទះល្វែង​ អគារ​ពាណិជ្ជកម្ម​ សណ្ឋាគារ​ ភោជនីយដ្ឋាន​ និង​មាន​បម្រើសេវា​កម្ម​គ្រប់គ្រង​អចលនទ្រព្យ​ និង​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​ជាដើម​។ នេះ​បើ​តាម​លោក​ Andrew​ Chong​ បាន​បញ្ជាក់​។

    លោក​ Andrew​ Chong​ ថ្លែង​ឱ្យ​ដឹង​ថា​៖ “ដើម្បី​វិនិយោគ​ការ​លក់​គម្រោង​អចលនទ្រព្យ​នៅ​កម្ពុជា​នេះ​ ក្រុមហ៊ុន​ Prestige​ Homes​ បាន​ពាំនាំ​នូវ​បទ​ពិសោធ​ជា​យូរឆ្នាំ​មក​ពង្រីក​ និង​ធ្វើ​ឱ្យ​វិស័យ​នេះ​កាន់តែ​ល្អ​ប្រសើរ​ និង​វិវឌ្ឍន៍​ឥត​ឈប់ឈរ​។ បើ​វិស័យ​អចលនទ្រព្យ​មិនល្អ​នោះ​ ក៏​គ្មាន​ក្រុម​ហ៊ុន​ផ្សេង​ៗណា​ចូលរួម​ច្រើនបែប​នេះ​ដែរ​”។

    លោក​ Marc​ Townsend​ ប្រធាន​ក្រុមហ៊ុន​ CBRE​កម្ពុជា​ ដែល​ជា​វាគ្មិន​ម្នាក់​នៅក្នុង​សិក្ខាសាលា​ដែរ​នោះ​បាន​មានប្រសាសន៍​ថា​៖ “ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អ​ និង​មាន​អ្នកចូលរួម​ច្រើន​ ហើយ​ក្រុម​ហ៊ុន​ CBRE​ កម្ពុជា​នឹង​វិលត្រឡប់​មកវិញ​នៅ​ឆ្នាំក្រោយ​ហើយ​គម្រោង​អចលនទ្រព្យ​ជាច្រើន​របស់​យើង​ត្រូវ​បាន​លក់​ដាច់​ភ្លាម​ៗនៅក្នុង​ពិព័រណ៍​ផ្ទាល់​”។

    លោក​ Tom​ O’Sullivan​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Realestate.com.kh​ បាន​មានប្រសាសន៍​ថា​ ព្រឹត្តិ​ការណ៍​អចលនទ្រព្យ​មួយ​នេះ​ជា​ការ​តាំង​បង្ហាញ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​សម្រាប់​កម្ពុជា​នៅ​ឆ្នាំនេះ​។ ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​នេះ​ យើង​ពិតជា​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ការ​លក់​អចលនទ្រព្យ​។

    លោក​បន្ត​ថា​៖“ខណៈនេះ​យើង​កំពុងធ្វើការ​បូកសរុប​លទ្ធផល​ចុងក្រោយ​ យើង​បាន​ប្រាកដ​ច្បាស់​ថា​ ចំនួន​អ្នកចូលរួម​ គឺ​មានការ​កើនឡើង​ទ្វេដង​ បើ​ប្រៀបធៀប​ជាមួយ​ព្រឹត្តិ​ការណ៍​កាលពី​ឆ្នាំមុន​ ហើយ​វា​បាន​បំបែក​កំណត់ត្រា​នៃ​ការ​លក់​អចលនទ្រព្យ​ដែល​មាន​ចំនួន​ 30លាន​ដុល្លារ​កាលពី​ពិព័រណ៍​ឆ្នាំ​2018​ និង​តាមរយៈ​ព័ត៌មាន​បឋម​របស់​យើង​បាន​បង្ហាញថា​ ចំនួន​នៃ​ការ​លក់​អចលនទ្រព្យ​ ក្នុង​អំឡុង​ពេល​ពិព័រណ៍​នោះ​ គឺ​មាន​ចំនួន​លើស​ពី​ 40លាន​ដុល្លារ​ហើយ​”។

    លោក​ Li​ Yan​ Jin​ អ្នកគ្រប់គ្រង​ផែនការ​របស់​ក្រុមហ៊ុន​ Prince​ Huan​ Yu​ Real​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Prince​ Huan​ Yu​ Real​ Estate​ (Cambodia​) Group​ បាន​លក់​អចលនទ្រព្យ​របស់​ខ្លួន​មាន​ចំនួន​ច្រើនជាង​ 70យូនី​តដែល​មានតម្លៃ​សរុប​ជាង​ 15​លាន​ដុល្លារ​។

    លោក​ Li​ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​របស់​លោក​បាន​លក់​ការិយាល័យ​សរុប​ចំនួន​ 48យូនី​តនៃ​គម្រោង​Prince​ Huan​ Yu​ Center​ នៅ​ឯទីក្រុង​ភ្នំពេញ​ និង​ខុន​ដូ​ចំនួន​ 24យូនី​តនៃ​គម្រោង​ Prince​ Golden​ Bay​ នៅ​ខេត្ត​ព្រះសីហនុ​។ លើស​ពីនេះ​ទៅទៀត​ក្រុមហ៊ុន​ក៏​ទទួល​បាន​អ្នកចាប់​អារម្មណ៍​ទិញ​គម្រោង​របស់​ខ្លួន​ចំនួន​ 168នាក់​ ដែល​ក្នុង​នោះ​មាន​ 68នាក់​ជា​ប្រជាជន​កម្ពុជា​។ចំណែក​ក្រុមហ៊ុន​ Morgan​ Group​ វិញ​បាន​លក់​ខុន​ដូ​ចំនួន​ 50យូនី​តនៃ​គម្រោង​ Morgan​ EnMaison​ដែល​ការ​លក់​នេះ​មានតម្លៃ​សរុប​ប្រហែល​ 7.5លាន​ដុល្លារ​ ក្នុង​នោះ​ខុន​ដូ​ 17យូនី​តត្រូវ​បាន​ទិញ​ដោយ​ប្រជាជន​កម្ពុជា​។ ឯគម្រោង​ Toul​ Kork​ Lane​ ក៏​យើង​បាន​លក់​ចំនួន2​ ដែរ​ ដែល​មានតម្លៃ​ជិត​ 13ម៉ឺន​ដុល្លារ​។នេះ​បើ​តាម​ការ​បញ្ជាក់​ដោយ​លោក​ Yao​ Chao​ អ្នកគ្រប់គ្រង​ផែនការ​របស់​ Morgan​ Group​។

    ទាក់ទិន​នឹង​ការ​អភិវឌ្ឍ​វិញ​ លោក​ឧកញ៉ា​ ចេង​ ខេង​ អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ CPL​ បាន​បញ្ជាក់​បន្ថែម​ថា​ ចំពោះ​ការ​វិនិយោគ​ខាង​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​វិញ​ ការ​ចាកចេញ​របស់​ចិន​ ក្រោយ​រដ្ឋាភិបាល​ប្រកាស​បិទ​ហ្គេម​អន​ឡាញ​ វា​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​នេះ​ទេ​ តែ​ផ្ទុយទៅវិញ​ អ្នក​វិនិយោគ​គួរតែ​បង្កើន​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​បន្ថែម​ទៀត​ តែ​ផ្ដោត​ទៅលើ​វិស័យ​ទេសចរណ៍​ជំនួស​វិញ​ ដោយសារតែ​ខេត្ត​នេះ​ជា​ខេត្ត​ដែល​មាន​សក្ដានុពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍​។

    លោក​ សន​ សៀប​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Key​ Real​ Estate​ បាន​ធ្វើ​បទ​បង្ហាញ​ចែករំលែក​អំពី​ការ​វិវឌ្ឍ​នៃ​ទីផ្សារ​អចលនទ្រព្យ​ និន្នាការ​ ទិសដៅ​វិនិយោគ​ និង​ការ​ព្យាករ​ពី​តំបន់​វិ​និ​យោ​គសក្តា​នុ​ពល​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​នា​ពេល​អនាគត​។ ត្រូវ​ស្វែង​-យល់​ពី​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ថា​ តើ​នឹង​ឆ្ពោះទៅ​ទិស​ណា​ និង​មាន​លំហូរ​ប្រជាជន​រស់នៅ​ឬទេ​? មាន​គម្រោង​អភិវឌ្ឍ​ន៍​ធំៗ​ដូចជា​ គម្រោង​បុរី​គម្រោង​សំណង់​អគារ​ពាណិជ្ជកម្ម​ ឬគម្រោង​ក្លាយ​ជា​តំបន់ឧស្សាហកម្ម​ជាដើម​។

    លោក​បានឱ្យ​ដឹង​ថា​ អចលនទ្រព្យ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ41​ និង​ផ្លូវជាតិ​លេខ51​ ស្ថិតនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​នៃ​ភាគ​ខាងលិច​ទីក្រុង​ភ្នំពេញ​មាន​សក្តា​នុ​ពល​ និង​មាន​សម្ទុះ​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ ដោយសារ​កំណើន​រោងចក្រ​សហគ្រាស​ ឃ្លាំង​ និង​ប្រជាពលរដ្ឋ​ទៅ​សម្រុក​ទៅ​រស់នៅ​ទីនោះ​ច្រើន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​។

    លោក​បញ្ជាក់​ថា​៖“ផ្លូវជាតិ​លេខ51​ មានតម្លៃ​ថ្លៃ​ជាង​ ដោយសារតែ​មាន​រោងចក្រ​ឧស្សាហកម្ម​ច្រើន​ មាន​ប្រជាជន​រស់នៅ​ច្រើន​ និង​ជា​ផ្លូវ​សេដ្ឋកិច្ច​ចន្លោះ​ផ្លូវជាតិ​លេខ4​ និង​លេខ5​។ សម្រាប់​ផ្លូវជាតិ41​ វិញ​ ចេញពី​ផ្លូវជាតិ​លេខ4​ ទៅកាន់​ខេត្តកំពត​គឺ​មាន​ប្រវែង​វែង​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅចន្លោះ​នោះ​មាន​ទីផ្សារ​ មានតម្លៃ​ខ្ពស់​ ឬមានតម្លៃ​ទាប​ទៅតាម​ប្រភេទ​និង​ទំហំដី​”។

    លោក​ សន​ សៀប​ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​៖“ អចលនទ្រព្យ​នៅ​តាម​បណ្តោយ​ផ្លូវ​ទាំងពីរ​នេះ​ នៅតែ​មាន​សម្ទុះ​រីកចម្រើន​ខ្លាំង​ និង​មាន​សក្តា​នុ​ពល​ខ្ពស់​ ដោយសារ​នៅ​តាម​បណ្តោយ​ផ្លូវ51​ នេះ​ គោរព​បាន​នូវ​គោលការណ៍​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ ដោយ​បាន​ជំរុញ​រោងចក្រ​សហ​គ្រាស​ធំៗ​ជាច្រើន​ មក​បោះ​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ 1នេះ​។ សម្រាប់​ផ្លូវជាតិ​លេខ41វិញ​ ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​ សម្រាប់​ដឹក​-ជញ្ជូន​ទំ​និញ​ផ្សេង​ៗទៅកាន់​កំពង់ផែ​ខេត្តកំពត​ ដែល​ធ្វើ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​មាន​សម្ទុះ​ និង​មានតម្លៃ​ខ្ពស់​”។

    វិនិយោគិន​បរទេស​លោក​ Raymond​ Chio​ ប្រធាន​ក្រុមហ៊ុន​ Prestrige​ Homes​ Cambodia​ ក៏បាន​អះអាង​ដែរ​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ​កំពុង​មាន​ការី​កចម្រើន​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ ដោយសារតែ​មាន​គម្រោង​វិ​និ​យោ​គធំៗ​ជាច្រើន​បាន​និង​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​។

    លោក​ Raymond​ បន្ត​ថា​៖“អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ​ គឺជា​ចំណុច​កណ្តាល​ និង​សក្តា​នុ​ពល​ខ្ពស់​ដែល​អ្នក​វិនិយោគ​មក​ពីគ្រប់ទិស​ទី​បាន​ និង​កំពុង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​”។ លោក​បន្ត​ថា​ “វិស័យ​អចលនទ្រព្យ​នៅ​ទិស​ទាំង4​ នៃ​ទីក្រុង​ភ្នំពេញ​ មាន​ទិសខាងលិច​ ខាងកើត​ ខាងជើង​ និង​ខាងត្បូង​បាន​និង​កំពុង​រីកចម្រើន​ តែ​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​ទិសខាងត្បូង​បាន​នឹង​កំពុង​មានការ​រីកចម្រើន​ខ្លាំង​ជា​បណ្តា​ទិស​ទាំងនោះ​”៕

  • រដ្ឋមន្ត្រី​អប់រំ​៖“ដើម្បី​ឱ្យ​មាន​សេដ្ឋកិច្ច​បែប​ឌីជីថល​ លុះត្រាតែ​មានការ​អប់រំ​បែប​ឌីជីថល​”

    រដ្ឋមន្ត្រី​អប់រំ​៖“ដើម្បី​ឱ្យ​មាន​សេដ្ឋកិច្ច​បែប​ឌីជីថល​ លុះត្រាតែ​មានការ​អប់រំ​បែប​ឌីជីថល​”

    ថ្មី​ៗនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្ត​ទុកដាក់​ខ្លាំង​ក្នុង​ការជំរុញ​ឱ្យ​មាន​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​ និង​ការរៀបចំ​រដ្ឋាភិបាល​ឌីជីថល​ ស្រប​ពេល​ដែល​បម្រែ​បម្រូ​លប​ច្ចេ​កវិទ្យា​ និង​របត់​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ បាន​បង្កើន​ឥទ្ធិពល​យ៉ាង​ឆាប់រហ័ស​នៅ​លើ​ពិភពលោក​។

    សេដ្ឋកិច្ច​ឌីជីថល​ ជាផ្នែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ឱ្យ​ប្រទេស​នី​មួយ​ៗដើរ​ទាន់​របត់​បច្ចេកវិទ្យា​ដែល​កំពុង​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ផ្នែក​ពាណិជ្ជកម្ម​ និង​ចង្វាក់​ផលិតកម្ម​។ វិធីសាស្ត្រ​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្លាំង​ ព្រោះ​មនុស្ស​លើ​ពិភពលោក​កាន់តែ​ខិត​ជិត​គ្នា​ឡើង​ពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​ តាមរយៈ​ការ​ទំនាក់ទំនង​លើ​បណ្តាញ​ឌីជីថល​ដែល​ទាមទារ​ឱ្យ​សហគ្រិន​ទាំងអស់​ចាំបាច់​ត្រូវ​បញ្ចូល​ប្រព័ន្ធ​ឌីជីថល​ក្នុង​ចង្វាក់​ផលិតកម្ម​។ ប្រសិនបើ​មិន​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ទេ​នោះ​ អាជីវកម្ម​នឹង​ប្រឈម​ជា​មួយ​បញ្ហា​ ជាពិសេស​ គឺ​តម្លៃ​នៃ​ការផលិត​ខ្ពស់​ ហើយ​រយៈពេល​ផលិត​ក៏​យូរ​ ដែល​លំបាក​ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​បណ្តា​សហគ្រាស​ដទៃ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​។

    ស្រប​ពេល​ជាមួយគ្នា​ដែរ​ ងាក​មក​ខាង​រដ្ឋាភិបាល​វិញ​ គឺ​ចាំបាច់​ត្រូវ​រៀបចំ​លក្ខណ​សម្បត្តិ​ផង​ដែរ​ដើម្បី​សម្រួល​ដល់​នីតិវិធី​ និង​តម្លាភាព​នៃ​ការអនុវត្ត​លើ​គ្រប់​ទម្រង់​ និង​សេវា​ដើម្បី​ជួយ​សម្រួល​ដល់​ភាគី​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ ដើម្បី​ធានា​ថា​ ការអនុវត្ត​នូវ​ចង្វាក់​ផលិតកម្ម​របស់​ពួកគេ​អាច​មានលទ្ធភាព​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​។

    ចំពោះ​ការបម្រើ​សេវា​សាធារណៈ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ទីក្រុង​ និង​តំបន់​នានា​វិញ​ក៏​ទាមទារ​ឱ្យ​មានការ​សម្រួល​ដល់​ការរស់នៅ​ និង​ការ​ទំនាក់ទំនង​ដោយ​ប្រព័ន្ធ​ឌីជីថល​ ព្រោះ​ប្រទេស​មួយចំនួន​លើ​ពិភពលោក​ចាប់ផ្តើម​ដើរ​ដល់​ដំណាក់កាល​នៃ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ IOT​ (Internet​ Of​ Things​) គ្រប់​យ៉ាង​ក្លាយជា​ប្រព័ន្ធ​ស្វ័យប្រវត្តិ​។

    ដំណាក់កាល​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ នឹង​អាច​ផ្លាស់​ប្តូរ​ចរន្ត​នៃ​ការរស់នៅ​ និង​ការ​ធ្វើអាជីវកម្ម​កាន់តែ​ប្រសើរ​ឡើង​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ កត្តា​ប្រឈម​ក៏​មាន​ច្រើន​ផង​ដែរ​ចំពោះ​ប្រទេស​នានា​លើ​ពិភពលោក​ ព្រោះ​ឧបករណ៍​កាន់តែ​ទំនើប​ ក៏​ត្រូវការ​មនុស្ស​កាន់តែ​ខ្លាំង​ដើម្បី​គ្រប់គ្រង​ និង​ប្រើប្រាស់​ផង​ដែរ​។ ប្រសិនបើ​ប្រជាជន​ ឬអ្នកជំនាញ​មិនទាន់​ទទួល​បាន​នូវ​ចំណេះដឹង​ច្បាស់លាស់​ពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ទេ​នោះ​ ទោះបីជា​បច្ចេកវិទ្យា​ទំនើប​ប៉ុណ្ណា​ ក៏​មិន​អាច​ធ្វើ​ឱ្យ​សង្គម​ទទួលជោគជ័យ​បាន​ដែរ​ ហើយ​អ្នកទទួល​ផល​ គឺ​អ្នកជំនាញ​មក​ពី​ខាងក្រៅ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ច្នៃប្រឌិត​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងអស់​នោះ​។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​បាន​មានប្រសាសន៍​ថា​៖ “ដើម្បី​ឱ្យ​មាន​សេដ្ឋកិច្ច​បែប​ឌីជីថល​ លុះត្រាតែ​មានការ​អប់រំ​បែប​ឌីជីថល​”។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​ ការអប់រំ​បែប​ឌីជីថល​ ឬអក្ខរកម្ម​ឌីជីថល​ក្នុង​បរិបទ​កម្ពុជា​ឧស្សាហកម្ម4.0​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​កែប្រែ​ខ្លួន​ឱ្យ​ក្លាយជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​បែប​ឌីជីថល​ និង​រដ្ឋាភិបាល​ឌីជីថល​ ព្រោះ​ផ្នែក​ទាំងអស់​នេះ​ត្រូវការ​អ្នកជំនាញ​ជាច្រើន​ដើម្បី​បំពេញការងារ​ និង​គ្រប់គ្រង​ប្រព័ន្ធ​ឆ្លាតវៃ​ទាំងអស់​នោះ​។ ដើម្បី​ធ្វើ​ឱ្យ​ការអប់រំ​បែប​ឌីជីថល​ ធ្វើឡើង​បាន​កាន់តែ​ប្រសើរ​ ក្រសួង​អប់រំ​បាន​ធ្វើការងារ​ជាច្រើន​ដើម្បី​បញ្ជ្រាប​ការ​បណ្តុះបណ្តាល​នៅ​គ្រប់​កម្រិត​ និង​នៅ​តំបន់​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រសួងអប់រំយុវជន​ និងកីឡា​បាន​បង្កើត​ឱ្យ​មាន​សាលា​ជំនាន់​ថ្មី​ដែល​បញ្ចូល​នូវ​កម្មវិធី​សិក្សា​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) និង​ការ​បណ្តុះបណ្តាល​ការ​សរសេរ​កូដ​ រួម​ទាំង​កម្មវិធី​សិក្សា​ដែល​ជា​ជំនាញ​ទន់​ជាច្រើន​ទៀត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​ជាក់ស្តែង​ក្នុង​សតវត្សរ៍​ទី21​។ បន្ថែម​ពីលើ​នេះ​ ក្រសួង​ក៏បាន​រៀបចំ​រៀបចំ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការអប់រំ​ ដោយ​ឆ្លើយតប​ជាមួយ​យុគសម័យ​បច្ចេកវិទ្យា​ ដោយ​ការ​ធ្វើ​កំណែទម្រង់​សាលារៀន​ និង​កំណែទម្រង់​ការ​បណ្តុះបណ្តាល​គ្រូ​ ដោយធ្វើ​យ៉ាងណា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​សមត្ថភាព​ខ្ពស់​ផ្នែក​បច្ចេកវិទ្យា​ មុននឹង​ចែករំលែក​បន្ត​ទៅដល់​សិស្សានុសិស្ស​ដែល​ជា​ធនធានមនុស្ស​ជំនាន់​ថ្មី​របស់​យើង​។

    ទោះជា​យ៉ាងនេះ​ក្តី​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​យុវជន​ជំនាន់​ថ្មី​ ក្រៅពី​ការ​ប្រឹងប្រែង​រៀនសូត្រ​ផ្នែក​បច្ចេកវិទ្យា​ ក៏បាន​ជំរុញ​ឱ្យ​ពួកគេ​សិក្សា​ផ្នែក​ដោះស្រាយ​បញ្ហា​ ភាពជា​អ្នកដឹកនាំ​ និង​ជំនាញ​ទន់​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ពិសេស​យុវជន​បាន​ត្រៀមខ្លួន​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​ឌីជីថល​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ស្ថាប័ន​អប់រំ​នានា​នៅ​កម្ពុជា​ បច្ចុប្បន្ន​នេះ​ទាំង​កម្រិតមធ្យម​សិក្សា​ និង​ឧត្តម​សិក្សា​បាន​បញ្ចូល​នូវ​របៀប​អប់រំ​ និង​បច្ចេកវិទ្យា​ជាច្រើន​ ដើម្បី​ធ្វើការ​ឆ្លើយតប​បន្តិច​ម្តង​ៗទៅ​នឹង​បរិបទ​នៃ​ការអប់រំ4.0​ ដោយ​រំពឹង​ទុក​រយៈពេល​ 5ទៅ​ 10ឆ្នាំ​ទៀត​ យើង​អាច​មាន​ធនធានមនុស្ស​កាន់តែ​ច្រើន​ដែល​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​ធ្វើការងារ​ ឬចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​សកល​។ ឆ្លើយតប​ជា​មួយ​នឹង​បញ្ហា​នេះ​ សិស្សានុសិស្ស​ ឬនិស្សិត​ដែល​ជា​យុវជន​ ក៏​មានឱកាស​ច្រើន​ផង​ដែរ​ក្នុង​ការសិក្សា​ឱ្យ​បាន​ទូលំទូលាយ​ពី​បច្ចេកវិទ្យា​ ព្រោះ​យើង​សុទ្ធតែ​មាន​ធនធាន​គ្រប់គ្រាន់​ផ្នែក​បច្ចេកវិទ្យា​ ដោយ​ស្ទើរ​គ្រប់គ្នា​មាន​ទូរស័ព្ទ​ដៃ​ស្មា​តហ្វូ​ន ព្រមទាំង​មាន​ប្រើប្រាស់​ប្រព័ន្ធ​អុីន​ធើ​ណិ​តនៅ​គ្រប់​ទីកន្លែង​។ ហេតុនេះ​វា​ជា​ឱកាស​ក្នុង​ការ​ទាញ​យកចំណេះ​ដឹង​ដែល​មាន​ជុំវិញ​ពិភពលោក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ប្រសិនបើ​ពួកគេ​ចេះ​បង្វែរ​ពេលវេលា​ពី​ការប្រើ​ប្រាស់​បណ្តាញ​សង្គម​ច្រើនហួស​ហេតុ​ មក​ស្វែងរក​ប្រភព​ចំណេះដឹង​ជា​មូលដ្ឋាន​សម្រាប់​បន្ត​អភិវឌ្ឍន៍​សមត្ថភាព​ក្នុង​យុគសម័យ​ឌីជីថល​នេះ​៕