Category: សង្គម និងសេដ្ឋកិច្ច

  • រយៈពេល​ 9ខែ​ ឆ្នាំ2019​ ផ្សារហ៊ុន​កម្ពុជា​បង្ហាញ​ពី​កំណើន​ការ​ជួញដូរ​

    រយៈពេល​ 9ខែ​ ឆ្នាំ2019​ ផ្សារហ៊ុន​កម្ពុជា​បង្ហាញ​ពី​កំណើន​ការ​ជួញដូរ​

    ផ្សារហ៊ុន​កម្ពុជា​(ផ្សារ​មូលបត្រ​កម្ពុជា​ ឬ CSX​) បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​នានា​កាន់តែ​ច្រើន​ក្នុង​ការចុះបញ្ជី​ ដែល​ធ្វើ​ឱ្យ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​ក្នុងរយៈពេល​ 9ខែ​ ឆ្នាំ2019​ កាន់តែ​សកម្ម​ឡើង​ ចាប់តាំងពី​ផ្សារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ2012​។

    ការ​ជួញដូរ​នៅក្នុង​រយៈពេល​ 9ខែ​ ឆ្នាំ2019​ បាន​បង្ហាញ​នូវ​កំណើន​ដោយ​មូលធនូបនីយកម្ម​ទីផ្សារ​បាន​កើនឡើង​ជាង​ 40​% បើ​ធៀប​នឹង​ត្រីមាស​ទី2​ ដែល​នេះ​គឺជា​តួលេខ​ខ្ពស់​បំផុត​ចាប់តាំង​ផ្សារហ៊ុន​បើក​ដំណើរការ​មក​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ផ្សារ​មូលបត្រ​កម្ពុជា​។

    ទិន្នន័យ​ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​បាន​បង្ហាញថា​ នៅក្នុង​រយៈពេល​ 9ខែ​ឆ្នាំ2019​ មូលធនូបនីយកម្ម​ទីផ្សារ​បាន​កើន​ដល់​ 800​លាន​ដុល្លារ​កើនឡើង​ជាង​ 40​%ពី​ចំនួន​ 570លាន​ដុល្លារ​កាលពី​ត្រីមាស​ទី2​ ឆ្នាំ​ 2019​។ ចំណែក​សន្ទស្សន៍​ផ្សារហ៊ុន​បាន​កើនឡើង​ដល់​ 869​ ពិន្ទុ​ដែល​ជា​តួលេខ​ខ្ពស់​បំផុត​ក្នុងរយៈ​កាល​ 6ឆ្នាំ​ចុង​ក្រោយនេះ​។

    យោង​តាម​ការ​គណនា​មូលធនូបនីយកម្ម​ទីផ្សារ​ជា​តម្លៃ​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ទាំងអស់​បូក​បញ្ចូល​គ្នា​ គិត​តាម​តម្លៃ​ទីផ្សារ​ដោយ​តម្លៃ​ក្រុមហ៊ុន​នី​មួយ​ៗ គឺ​គេ​យក​ថ្លៃ​ភាគហ៊ុន​ គុណ​ចំនួន​ភាគហ៊ុន​ចុះបញ្ជី​។ ទិន្នន័យ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ ចំនួន​គណនី​ថ្មី​ដែល​បើក​ក្នុងរយៈពេល​ 9ខែ​មាន​ចំនួន​ 725​ ដោយ​គិត​ត្រឹម​ចុង​ត្រីមាស​ទី3​ គណនី​ជួញដូរ​មាន​ចំនួន​សរុប​ 22,196​។ ការ​ជួញដូរ​ជាមធ្យម​ក្នុងរយៈពេល9ខែ​ គិតជា​ទឹកប្រាក់​មានតម្លៃ​ប្រមាណ​ 27.121ដុល្លារ​ ស្មើនឹង12,539​ ភាគហ៊ុន​ក្នុង​ 1ថ្ងៃ​។ ការ​ជួញដូរ​ដែល​មាន​លក្ខណៈ​វិនិយោគិន​ឯក​ត្ត​បុគ្គល​មាន​ប្រហែល​ 94​%។

    លោកស្រី​ គឹម​ សុ​ផា​នី​តា​ ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ​ការ​ទីផ្សារ​ CSX​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖ “គោលនយោបាយ​បែងចែក​ភាគលាភ​កាន់តែ​ប្រសើរ​ ការ​បង្កើន​ទំនុកចិត្ត​របស់​វិនិយោគិន​មក​លើ​ទីផ្សារ​ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ CSX​ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការសម្រួល​បទប្បញ្ញត្តិ​នីតិវិធី​ និង​ការ​ធ្វើសកម្មភាព​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ក៏​ជា​កត្តា​ចម្បង​ក្នុង​ការជំរុញ​ទីផ្សារ​ដែរ​”។

    លោកស្រី​បន្ត​ថា​៖ “ដោយហេតុនេះ​ហើយ​ ទើប​សកម្មភាព​ប្រតិបត្តិ​ការ​របស់​ផ្សារហ៊ុន​កម្ពុជា​ក្នុងរយៈពេល​ 9ខែ​ ឆ្នាំ2019​ មាន​ភាពល្អ​ប្រសើរ​យ៉ាង​ខ្លាំង​ចាប់តាំងពី​រយៈពេល​ 6ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​ដំ​-ណើរ​ការ​ផ្សារហ៊ុន​។ ភាពល្អ​ប្រសើរ​ របស់​ផ្សារ​មូលបត្រ​កម្ពុជា​នៅពេល​នេះ​ គឺ​មក​ពីក​ត្តា​សំ​ខាន់​ៗមួយ​ចំនួន​ដូចជា​ ការ​បន្ថែម​ម៉ោង​ជួញដូរ​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និង​កំណើន​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ចុះ​បញ្ជី​ផង​ដែរ​”។

    លោកស្រី​បន្ត​ថា​ ជាមួយនឹង​ភាពល្អ​ប្រសើរ​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​គណនី​ជួញដូរ​បច្ចុប្បន្ន​មាន​ចំនួន​ 22,196​ ដោយ​កើនឡើង​ 35​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​រៀបចំខ្លួន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការកាត់បន្ថយ​ពន្ធ​ 50​%លើ​ពន្ធ​ប្រាក់ចំណេញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​ សុ​ផា​នី​តា​។

    លោកស្រី​បាន​ថ្លែង​បន្ត​ថា​៖ “ខ្ញុំ​មាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​ក៏ដូចជា​វិស័យ​នេះ​ទាំងមូល​។ ខ្ញុំ​រំពឹង​ថា​ ប្រសិនបើ​ក្រុមហ៊ុន​ថ្មី​ដែល​ត្រៀម​ចុះបញ្ជី​អាច​ដំណើរការ​ចប់​រួចរាល់​តាម​ការ​គ្រោងទុក​ ហើយ​ភាគហ៊ុន​ទាំងអស់​នឹង​នៅតែ​បន្ត​ផ្តល់​អត្រា​ចំណេញ​មួយ​ដ៏​ទាក់ទាញ​នោះ​នឹង​មានការ​ចូលរួម​កាន់តែ​ច្រើន​បន្ថែម​ទៀត​ពីសំណាក់​វិនិយោគិន​”។

    ទិន្នន័យ​ពី​ CSX​ បានឱ្យ​ដឹង​ទៀត​ថា​ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ទាំង​ 5 ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី2​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ2018​ គឺ​តម្លៃ​ភាគហ៊ុន​របស់​៖ 1-កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ (PAS​) កើន​ឡើង​ 270​% ពី​ 6400រៀល​ មក​ 23,650​ រៀល​។ 2-កំពង់ផែ​ស្វយ័ត​ភ្នំពេញ​(PPAP​) កើនឡើង​ជិត​ 100​% ពី​ 6400រៀល​ មក​ 12,780រៀល​។ 3-រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​(PWSA​) កើន​ឡើង​ 93​% ពី​ 3180រៀល​ មក​ 6,160រៀល​។ 4-ហ្គ្រេន​ធ្វីន​ អុីន​ធើ​ណេ​សូ​ណល​(GTI​) កើន​ឡើង​ 44​% ពី​ 3050រៀល​ មក​ 4,400រៀល​។ 5-ភ្នំ​ពេញ​អេស​អុីហ្សេ​ត (PPSP​) បាន​ធ្លាក់ចុះ​ 2% ពី​ 2800រៀល​ មក​ 2,740រៀល​ គិត​ត្រឹម​ត្រីមាស​ទី3​ ឆ្នាំ2019​។

    នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ RHB​ Indochina​ Securities​ Plc​ ដែល​ជា​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​បាន​ថ្លែងប្រាប់​ថា​៖“ដោយសារ​ទីផ្សារ​របស់​យើង​នៅ​តូច​ ដូច្នេះ​នៅពេល​ដែល​មានការ​ចាប់អារម្មណ៍​ច្រើន​ពីសំណាក់​អ្នក​វិនិយោគ​ក៏អាច​នឹង​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​ផ្សារ​កើនឡើង​ដែរ​។ មានន័យថា​ នៅ​ពេល​ដែល​អ្នកលក់​មាន​ចំនួន​តិច​ និង​អ្នក​ចង់​ទិញ​មាន​ច្រើន​ ក៏​វា​ងាយ​ធ្វើ​ឱ្យ​ទីផ្សារ​មានការ​កើនឡើង​ដែរ​ ហើយ​កំណើន​ដ៏​ខ្ពស់​នៃ​តម្លៃ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ និង​កំពង់ផែ​ក្រុងភ្នំពេញ​ គឺជា​ធាតុ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ផ្សារ​មូលបត្រ​កម្ពុជា​ មាន​សម្ទុះ​ខ្លាំង​ក្នុងរយៈពេល​ 9ខែ​ ឆ្នាំ2019នេះ​”៕

  • ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​តាម​អុីន​ធើ​ណិ​ត ត្រូវ​បាន​សភា​អនុម័ត​

    ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​តាម​អុីន​ធើ​ណិ​ត ត្រូវ​បាន​សភា​អនុម័ត​

    រដ្ឋសភា​ជាតិ​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​អុីន​ធើ​ណិ​តដែល​កំពុង​ទន្ទឹងរង់ចាំ​ និង​ជាផ្នែក​មួយ​នៃ​បទប្បញ្ញត្តិ​ដែល​រំពឹង​ថា​ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សេដ្ឋកិច្ច​កម្ពុជា​សម្រប​ខ្លួន​ទៅ​នឹង​យុគសម័យ​ឌីជីថល​ ហើយនឹង​ផ្តល់​លទ្ធភាព​យ៉ាងច្រើន​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​ក្នុង​ការ​ភ្ជាប់​ខ្លួន​ទៅ​នឹង​ខ្សែ​ចង្វាក់​ផលិតកម្ម​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​ជាតិ​ថា​៖“ច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ ក្នុង​ការ​លើកកម្ពស់​សកម្មភាព​អាជីវកម្ម​តាម​អុីន​ធើ​ណិ​តនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ច្បាប់​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​របស់​ខ្លួន​។ វា​នឹង​ជួយ​ប្រទេស​ឱ្យ​ត្រៀមខ្លួន​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ ដោយ​ប្រើពាក្យ​ពេញនិយម​សម្រាប់​និន្នាការ​បច្ចុប្បន្ន​ នៃ​ស្វ័យប្រវត្តិ​កម្ម​ និង​ឌីជីថល​ដែល​ត្រូវ​បាន​គេ​មើលឃើញ​នៅក្នុង​អាជីវកម្ម​ និង​ឧស្សាហកម្ម​”។

    សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បន្ទាប់មក​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ ដើម្បី​ពិភាក្សា​បន្ថែម​ទៀត​មុន​ពេល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឈាន​ដល់​ការពិភាក្សា​។ ជំហាន​ចុងក្រោយ​ គឺ​ដើម្បី​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​ សីហ​មុនី​ ឡាយ​ព្រះ​ហត្ថលេខា​លើ​ឯកសារ​។

    សេចក្តី​ព្រាងច្បាប់​ដែល​មាន​ 12ជំពូក​ និង​ 67​មាត្រា​នេះ​នឹង​ផ្តល់​នូវ​វិធាន​ជា​មូលដ្ឋាន​ដ៏​សំខាន់​នៅក្នុង​ការជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​កម្ពុជា​ប្រកបដោយ​ទំនុកចិត្ត​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ខណៈ​វា​នឹង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ក្នុង​ការ​ត្រៀម​ទទួលយក​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ហេតុ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​សេចក្តី​ព្រាងច្បាប់​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​៖ “ការរៀបចំ​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅពេល​នេះ​ គឺ​ចំ​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំខ្លួន​ក្នុង​ការ​ទទួលយក​ការ​មកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ដែល​នេះ​ជា​ការ​បោះជំហាន​ថ្មី​មួយទៀត​ក្នុង​ការ​បង្កើន​ការគោរព​ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។ ទោះ​យ៉ាងណា​ដោយសារ​ចំណេះដឹង​ និង​ការអនុវត្ត​ច្បាប់​នៅ​មានកម្រិត​នោះ​ កម្ពុជា​នៅ​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ក្នុង​ការគ្រប់គ្រង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាមរយៈ​អន​ឡា​ញនេះ​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​ បានឱ្យ​ដឹង​ដែរ​ថា​៖ “ការងារ​លើច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ បាន​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ2012​ ដោយមាន​ជំនួយ​បច្ចេកទេស​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ហើយ​ ត្រូវ​បាន​ផ្ទៀងផ្ទាត់​ប្រឆាំង​នឹង​ច្បាប់​គំរូ​របស់​អង្គការសហប្រជាជាតិ​”។

    លោក​ ឈា​ ឡាយ​ហ៊ី​ ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បានឱ្យ​ដឹង​ថា​ ខណៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​បច្ចុប្បន្ន​ពុំ​មាន​ការគ្រប់គ្រង​ច្បាស់លាស់​ ច្បាប់​នេះ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​អ្នក​វិនិយោគ​ និង​រដ្ឋាភិបាល​។ ព្រោះ​ជា​ច្បាប់​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​គ្រប់គ្រង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​ជាមួយ​អន្តរជាតិ​នឹង​ផ្តល់​នូវ​លទ្ធភាព​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME​)នៅ​កម្ពុជា​អាច​ភ្ជាប់​ខ្លួន​ទៅ​នឹង​ខ្សែ​ចង្វាក់​ផលិតកម្ម​ និង​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ក៏ដូចជា​ជំរុញ​ឱ្យ​មានការ​ច្នៃប្រឌិត​ និង​ការបង្កើត​ទំនិញ​ និង​សេ​វា​ថ្មី​ៗបន្ថែម​ទៀត​។

    លោក​ ឈា​ ឡាយ​ហ៊ី​ ថ្លែង​ថា​៖“តាមរយៈ​ច្បាប់​នេះ​ រដ្ឋាភិបាល​មិន​ត្រឹមតែ​អាច​ទទួល​បាន​កំណើន​ប្រាក់ចំណូល​ពី​ការ​ប្រមូល​ពន្ធ​ប៉ុណ្ណោះទេ​ តែ​ក៏អាច​ធ្វើការ​គ្រប់គ្រង​លើស​កម្ម​ភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​ងាយស្រួល​ក្នុង​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​ លើកទឹកចិត្ត​ និង​ពង្រឹង​សមត្ថភាព​អ្នក​នៅក្នុង​វិស័យ​ SME​ ផង​ដែរ​”។

    សូម​បញ្ជាក់​ថា​ វិស័យ​ SME​ នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​បញ្ហា​ចម្បង​ៗមួយចំនួន​ដូចជា​ គុណភាព​ផលិតផល​ និង​សេវាកម្ម​ កង្វះខាត​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ក្នុង​ដំណើរការ​ចង្វាក់​ផលិតកម្ម​ ទីផ្សារ​មាន​ភាព​តូច​ចង្អៀត​ និង​កង្វះ​មូលធន​ជាដើម​ ដូច្នេះ​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​នៅក្នុង​ការជំរុញ​ឱ្យ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ និង​ពង្រីក​ទីផ្សារ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ និង​ធំ​ទូលាយ​ទៅកាន់​អន្តរជាតិ​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​មានប្រសាសន៍​ថា​ សហគ្រាស​ធុន​តូច​ និង​មធ្យម​នឹង​ទទួល​បាន​ អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ពី​ច្បាប់​នា​ពេល​ខាងមុខ​ដែល​នឹង​ជួយ​ដល់​បណ្តាញ​ផ្គត់ផ្គង់​ក្នុង​តំបន់​ និង​ពិភពលោក​របស់​ពួកគេ​ក្នុង​តំបន់​។

    លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា​៖“ច្បាប់​នេះ​ក៏​លើកទឹកចិត្ត​ដល់​ការ​ច្នៃប្រឌិត​ផង​ដែរ​ ដោយ​ប្រទេស​កម្ពុជា​មាន​គោលបំណង​ផ្លាស់​ប្តូរ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​លើសលប់​នៅ​ឆ្នាំ2023​”។យោង​តាម​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន​ជាង​ 50ម៉ឺន​កន្លែង​ ក្នុង​នោះ​សហគ្រាស​ដែល​បាន​មក​ចុះបញ្ជី​ គឺ​មានកម្រិត​តិច​ជាង​ 15​%៕

  • អ្នកជំនាញ​៖ ពិព័រណ៍​ CTM​-2019​ ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ តែ​ត្រូវ​អភិវឌ្ឍ​ការងារ​មួយចំនួន​បន្ថែម​

    អ្នកជំនាញ​៖ ពិព័រណ៍​ CTM​-2019​ ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ តែ​ត្រូវ​អភិវឌ្ឍ​ការងារ​មួយចំនួន​បន្ថែម​

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ បាន​ប្រកាស​អំពាវនាវ​ដល់​ធុរជន​ក្នុង​វិស័យ​ទេសចរណ៍​នៅក្នុង​ការ​បើក​សម្ពោធ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី3​ ឬ CTM​-2019​ កាលពី​ដើមខែ​នេះ​ ឱ្យ​បន្ត​ការចូលរួម​ក្នុង​សកម្មភាព​ទេសចរណ៍​របស់​កម្ពុជា​ដែល​មាន​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប​ ជាពិសេស​តំបន់​ប្រាសាទ​នានា​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​ UNESCO​ ជា​ផលិតផល​ដ៏​ពិសិដ្ឋ​ ព្រម​ជាមួយ​ធនធាន​ធម្មជាតិ​ដែល​ជា​កាតាលីករ​ទាក់ទាញ​ទេសចរ​មក​ពី​ជុំវិញ​ពិភពលោក​កាន់តែ​ច្រើនឡើង​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​។

    តាមរយៈ​ការណ៍​នេះ​ គឺ​យើង​បាន​ផ្តល់​នូវ​ឱកាស​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​ៗរបស់​កម្ពុជា​ រួម​ទាំង​រាជធានី​ភ្នំពេញ​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ CTMឆ្នាំនេះ​ផង​ ទៅដល់​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ដែល​ជា​ Buyers​ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ឱ្យ​បាន​ស្គាល់​ ជាពិសេស​ខណៈ​ដែល​ពេល​ថ្មី​ៗនេះ​ ប្រាសាទ​អង្គរ​របស់​កម្ពុជា​បន្ត​ទទួល​ចំណាត់ថ្នាក់​លេខ1​“ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើស​កល​លោក​សម្រាប់​ឆ្នាំ2018​” ដោយក្រុម​ប្រឹក្សា​យោបល់​ TripAdvisor​ ដែល​នេះ​ជា​មោទនភាព​មួយទៀត​របស់​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​ ស័ក្តិសម​នឹង​ការ​ប្រសិទ្ធ​នាម​ថា​ “កម្ពុ​ជាៈ​ ព្រះរាជាណាចក្រ​អច្ឆ​រិយៈ​ ប្រកបដោយ​ភាព​កក់ក្តៅ​ (Cambodia​: Kingdom​ of​ Wonder​-Feel​ the​ Warmth​)។

    ថ្វី​ដ្បិតតែ​មាន​ភាព​ប្រឈម​បន្តិច​ក្តី​ តែរ​បាយ​ការណ៍​ផ្លូវការ​របស់ក្រ​សួង​ទេសចរណ៍​នៅ​ថ្ងៃទី7​ខែតុលា​ ឆ្នាំ2019​ កន្លងមក​នេះ​បាន​បញ្ជាក់​ថា​ នៅ​រយៈពេល​ 8ខែ​ដើមឆ្នាំ2019​ នេះ​ ប្រទេស​កម្ពុជា​ទាំងមូល​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ចំនួន​ 4,360,397នាក់​ កើនឡើង​ 10.4​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2018​។

    ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ រយៈពេល​ 8ខែ​កន្លងមក​នេះ​ ភ្ញៀវ​ទេសចរ​ចូល​តាមផ្លូវអាកាស​ មាន​ចំនួន​ 3,104,489នាក់​ ស្មើនឹង​ 71.2​% នៃ​ចំនួន​ភ្ញៀវ​សរុប​ដែល​មាន​កំណើន​ 16.6​% ក្នុង​នោះ​ចូល​តាម​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចំនួន​ 1,427,487​នាក់​ កើន14.7​%។ តាមអាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ 1,188,254នាក់​ ថយ​ចុះ9.1​% និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​ ចំនួន​ 488,748នាក់​ កើនឡើង343.5​%។

    ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ 8ខែ​ដើមឆ្នាំ​នេះ​ មាន​ទេសចរ​កម្ពុជា​ចេញទៅ​ ក្រៅប្រទេស​ចំនួន​ 1,347,060នាក់​ កើនឡើង4.7​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ2018​។ គួរ​បញ្ជាក់​ ដែរ​ថា​ កាលពី​ឆ្នាំ2018​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​ 6លាន​នាក់​។

    ជាមួយគ្នា​នេះ​ដែរ​ របាយការណ៍​ចុងក្រោយ​របស់ក្រ​សួង​ទេសចរណ៍​ក៏បាន​បង្ហាញ​ដែរ​ថា​ កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ 1.7លាន​នាក់​ក្នុងរយៈពេល​ 8ខែ​នៃ​ឆ្នាំ2019​ ដែល​កើនឡើង​ 33​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    របាយការណ៍​បាន​បង្ហាញថា​ ប្រទេស​ចិន​នៅតែ​ជា​ប្រភព​ធំ​បំផុត​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ទៅកាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​ដែល​មាន​ចំនួន​ 39​%នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​មក​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​ពី​ខែមករា​ ដល់​ខែសីហា​ ឆ្នាំនេះ​។

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖“ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំ​មួយ​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ ដែល​យើង​សង្ឃឹមថា​ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ 2.6លាន​នាក់​នៅ​ឆ្នាំ2019​ នេះ​ 3លាន​នាក់​នៅ​ឆ្នាំ2020​ 5លាន​នាក់​នៅ​ឆ្នាំ2025​ និង​កើនឡើង​ដល់​ 8លាន​នាក់​នៅ​ឆ្នាំ2030​”។

    យោង​តាម​របាយការណ៍​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ចំនួន​ 4.36លាន​នាក់​បាន​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​ 8ខែ​នៃ​ឆ្នាំនេះ​ គឺ​កើនឡើង​ 10,4​%បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“បញ្ហា​ដែល​កើតឡើង​ វា​អាស្រ័យ​ទៅលើ​បរិបទ​នៅ​ជុំវិញ​ខ្លួន​យើង​។ ទី1​-គឺ​កត្តា​ផ្ទៃក្នុង​របស់​យើង​ គឺ​ខ្ញុំ​សំដៅ​ទៅលើ​ការងារ​រដ្ឋបាល​ទាំងអស់​ គឺ​តាំងពី​ការកែច្នៃ​ បរិស្ថាន​ ការ​ទទួល​បដិសណ្ឋារ​កិច្ច​ ការ​គាំទ្រ​ទៅលើ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ផ្នែក​នី​មួយ​ៗ ដោយ​យើង​ត្រូវការ​ពង្រឹង​ឡើងវិញ​”។

    លោក​បន្ត​ថា​ ទី2​-ការប្រកួត​ប្រជែង​ត្រូវ​មាន​តម្លាភាព​ ដោយ​អ្នក​ប្រកបរបរ​ទេសចរណ៍​សព្វថ្ងៃ​ មួយចំនួន​ពុំ​មាន​បទ​ពិសោធ​ មិន​មានចំណេះ​ដឹង​ ដោយ​ពុំ​ស្គាល់​ពី​គុណ​តម្លៃ​ទេសចរណ៍​ទេ​ ហើយ​ចូល​មក​ប្រឡូក​មុខរបរ​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​សុចរិត​ទៀងត្រង់​ ដែល​ចំណុច​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផ្សព្វផ្សាយ​របស់​វិស័យ​ទេសចរណ៍​ វា​នាំ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​វិស័យ​ទេសចរណ៍​ទាំងមូល​ ហើយ​រាជរដ្ឋាភិបាល​ដែល​ត្រូវ​រង​ផល​ប៉ះពាល់​នេះ​ធំជាង​គេ​ ធ្វើ​ឱ្យ​មិន​អាច​សម្រេច​គោលដៅ​ទេសចរណ៍​បាន​។

    លោក​បាន​បញ្ជាក់​ថា​ ទី3​-ពាក់ព័ន្ធ​នឹង​បរិស្ថាន​ជុំវិញ​យើង​ ដូចជា​ការ​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ​។ ទី4​-ការ​តុបតែង​កែ​លម្អ​ ដូចជា​ជុំវិញ​អង្គរ​ យើង​បាន​តាំង​លម្អ​ និង​ធ្វើការ​ដាំដុះ​ឱ្យ​ទាក់ទាញ​ដល់​ទេសចរណ៍​ នេះ​ហើយ​ជា​ការកែច្នៃ​នោះ​។ ទី5​-បរិបទ​នយោបាយ​របស់​ជាតិ​ គួរតែ​មានការ​លើកលែង​នូវ​ទិដ្ឋាការ​ ដែល​ជា​ការ​ស្នើ​របស់​ផ្នែកឯកជន​តាំងពី​ឆ្នាំ2008មក​ ហើយ​ប្រទេសជិតខាង​យើង​បាន​ធ្វើរួច​ហើយ​ តែ​យើង​មិនបាន​ធ្វើ​នៅឡើយ​ គឺ​ផល​ចំណេញ​យើង​នឹង​ទទួល​បាន​ពី​ភ្ញៀវ​ដែល​មាន​សក្តា​នុ​ពល​។ ម្យ៉ាងវិញទៀត​យើង​ត្រូវតែ​មានការ​លើកទឹកចិត្ត​គ្នា​ អ្នក​ដែល​រកស៊ី​ក្នុង​វិស័យ​នេះ​យូរ​មក​ហើយ​គាត់​មាន​បទ​ពិសោធ​ ដឹងពី​បរិបទ​នយោបាយ​ បរិបទ​ទេសចរណ៍​ដែល​អាច​ទាក់ទាញ​ទេសចរណ៍​ក្រៅ​ស្រុក​ ដែល​ការ​លើកទឹកចិត្ត​អាច​ផ្តល់​បាន​ ដូចជា​ការ​បន្ធូរបន្ថយ​ពន្ធ​ដែល​ស្រុក​គេ​ក៏បាន​អនុវត្ត​ដូច្នេះ​ដែរ​។ ទី6​-បើសិនជា​មិន​មាន​សង្គ្រាម​នយោបាយ​ក្នុង​តំបន់​ក្តី​ ឬក្នុង​ពិភពលោក​ នោះ​នឹង​ធ្វើ​ឱ្យ​អ្វី​ៗមាន​ភាព​ប្រសើរ​ឡើង​។

    លោក​ ហូ​ វណ្ឌី​ ក៏បាន​បញ្ជាក់​ដែរ​ថា​៖“អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​កំពុងតែ​រង់ចាំ​មើល​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ដែល​យើង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ដូច​ប្រក្រតី​ឡើងវិញ​ ឬមានការ​កើន​ឡើង​(អំឡុង​ពាក់កណ្តាល​ខែ9​) ព្រោះថា​ ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​ អាច​ថាម​កពីរ​ដូវ​ខ្សត់​ភ្ញៀវ​ ក៏​ថា​បាន​ ដែល​យើង​សង្ឃឹមថា​ នឹង​មានការ​កើនឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ខ្មែរ​ បើមិនដូច្នោះទេ​ ទាំង​រដ្ឋ​ និង​វិស័យ​ឯកជន​ត្រូវតែ​ខិតខំ​ទ្វេដង​ឡើង​ទៀត​លើ​ភាព​ប្រឈម​ចំពោះមុខ​នេះ​”។

    ឆ្លើយតប​នឹង​ស្ថានភាព​ទេសចរណ៍​បច្ចុប្បន្ន​ ក្រសួងទេសចរណ៍​បាន​និង​កំពុង​អនុវត្ត​នូវ​ទស្សនវិស័យ​មួយចំនួន​គឺ​៖ ជំរុញ​ និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​ ពិសេស​តំបន់​សៀមរាប​អង្គរ​ និង​តំបន់​អេកូ​ទេសចរណ៍​។ ដោយ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗប្រកបដោយ​ភាព​ច្នៃប្រឌិត​ ដូចជា​ទេសចរណ៍​ម្ហូបអាហារ​ វិថី​លក់​ម្ហូបអាហារ​ និង​ផលិតផល​ម្ហូបអាហារ​តាម​ដងផ្លូវ​ ក្រោម​កិច្ចសហការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​-ឯកជន​ ដើម្បី​ទាក់ទាញ​ទេសចរ​ និង​បង្កើន​រយៈពេល​ស្នាក់នៅ​របស់​ពួកគេ​។

    រៀបចំផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​ខេត្តសៀមរាប​ និង​តំបន់​ជុំវិញ​ដ៏​មាន​សារៈសំខាន់​ ដូចជា​ការសិក្សា​លើ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ លើស​ពី​អ្វី​ដែល​មានស្រាប់​នៅ​តំបន់​អង្គរ​ ការសិក្សា​លើ​ការ​អភិវឌ្ឍ​ និង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ការសិក្សា​អំពី​ការរៀបចំ​ និង​គ្រប់គ្រង​បរិស្ថាន​ស្អាត​ និង​បៃតង​នៅ​ក្រុង​សៀមរាប​ និង​តំបន់​ប្រាសាទ​អង្គរ​ ការរៀបចំ​កែ​លម្អ​ផ្លូវ​ក្នុង​ទីក្រុង​ ការ​សម្អាត​តាម​ដងស្ទឹង​សៀមរាប​ និង​ផ្លូវ​ទៅកាន់​សហគមន៍​នានា​ជាដើម​។

    បន្ថែម​លើ​នេះ​ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុង​ការគ្រប់គ្រង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ ជាពិសេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ការគ្រប់គ្រង​សំណល់​សំរាម​ និង​បរិស្ថាន​ស្អាត​នៅ​ឆ្នេរ​ និង​ទឹកសមុទ្រ​ ព្រមទាំង​សោភណភាព​របស់​ខេត្ត​ដើម្បី​ផាសុកភាព​របស់​អ្នកទេសចរ​ និង​ប្រជាពលរដ្ឋ​។

    ក្រសួងទេសចរណ៍​កំពុង​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ខេត្ត​កែប​ និង​មណ្ឌលគិរី​ និង​បាន​ធ្វើ​កំណែទម្រង់​ដ៏​សំខាន់​មួយ​ តាមរយៈ​ការបង្កើត​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ ដោយ​ផ្តល់​តម្លៃ​ដល់​វិស័យ​ឯកជន​ ក្នុង​ការ​បន្ត​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។

    ក្នុង​នោះ​ដែរ​ ការ​ផ្សារភ្ជាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្ម4.0​ ដែល​ផ្តោត​ខ្លាំង​ទៅ​លើ​ឌីជីថលូ​បនី​យក​ម្ម​ក្នុង​ការ​ចាប់​យក​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន​ កាត់បន្ថយ​កង្វល់​ និង​ធានា​ឱ្យ​បាន​នូវ​ទស្សនទាន​ “បច្ចេកវិទ្យា​ទំនើប​សម្រាប់​វិស័យ​ទេសចរណ៍​ វិស័យ​ទេសចរណ៍​សម្រាប់​បច្ចេក​-វិទ្យា​ទំនើប​” ឬអាច​ហៅ​បាន​ថា​ “ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ប្រកបដោយ​ភាព​វៃឆ្លាត​”៕

  • ទោះ​ស្ថិត​ក្នុង​ជំនាន់​ឌីជីថល​ក៏ដោយ​ ក៏​យុវជន​គួរ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ និង​អក្សរសាស្ត្រ​ឱ្យ​ច្បាស់​ដែរ​

    ទោះ​ស្ថិត​ក្នុង​ជំនាន់​ឌីជីថល​ក៏ដោយ​ ក៏​យុវជន​គួរ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ និង​អក្សរសាស្ត្រ​ឱ្យ​ច្បាស់​ដែរ​

    បច្ចុប្បន្ន​នេះ​ជាស​ម័យ​ដែល​សកលលោក​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ជាពិសេស​ផ្នែក​បច្ចេកវិទ្យា​។ គ្រប់​ប្រទេស​ទាំងអស់​សុទ្ធតែ​ជំរុញ​ឱ្យ​ប្រជាជន​ចាប់ផ្តើម​សិក្សា​លើ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​ឆ្លើយតប​ជាមួយនឹង​ទី​ផ្សា​ការងារ​ក្នុង​យុគសម័យ​ឌីជីថល​ រួម​ទាំង​ការប្រកួត​ប្រជែង​ជា​អន្តរជាតិ​ទៀតផង​ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ក៏​ប្រទេស​នី​មួយ​ៗមិន​ភ្លេច​ដែរ​ ក្នុង​ការជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ប្រវត្តិសាស្ត្រ​ និង​រាល់​ចំណុច​សំ​ខាន់​ៗដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ប្រទេស​របស់​ខ្លួន​។

    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ បាន​លើកឡើង​ថា​ យុវជន​គួរ​ធ្វើការ​ស្រាវជ្រាវ​អំពី​ប្រវត្តិវិទ្យា​ និង​ភាសាខ្មែរ​ឱ្យ​បាន​ទូលំទូលាយ​ ទោះ​ស្ថិត​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ក៏ដោយ​។ បច្ចុប្បន្ន​នេះ​ កម្ពុជា​បាន​រៀបចំ​ប្រព័ន្ធ​អប់រំ​កាន់តែ​ប្រសើរ​ ដែល​ធ្វើ​ឱ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​កាន់តែ​ងាយស្រួល​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ និង​អក្សរសាស្ត្រ​របស់​ខ្មែរ​។

    ឯកឧត្តម​មានប្រសាសន៍​ថា​ ការសិក្សា​ពី​ប្រវត្តិសាស្ត្រ​អតីតកាល​ បូករួម​ជាមួយនឹង​ការ​ដឹង​ច្បាស់​ពី​ស្ថានភាព​ជាក់ស្តែង​នា​បច្ចុប្បន្ន​កាលនោះ​ នឹង​ធ្វើ​ឱ្យ​យើង​អាច​រៀបចំផែនការ​បាន​កាន់តែ​ប្រសើរ​សម្រាប់​អនាគតកាល​។ នៅពេល​យើង​ស្គាល់​ខ្លួនឯង​ច្បាស់​ហើយ​ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ ក៏​យើង​នៅតែ​អាច​រក្សា​បាន​នូវ​តម្លៃ​ និង​វប្បធម៌​ដែល​ជា​អត្តសញ្ញាណ​របស់​យើង​បាន​យ៉ាង​ល្អ​ប្រសើរ​ដែរ​។

    ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ មានប្រសាសន៍​ថា​៖ “ប្រវត្តិសាស្ត្រ​ និង​ភាសាខ្មែរ​ មាន​អាយុកាល​យូរ​មុន​ភាសា​នៅ​អឺរ៉ុប​ ហេតុនេះ​ការ​ព្យាយាម​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ស្គាល់​ច្បាស់​ពី​ភាសាខ្មែរ​ គឺជា​កិច្ចការ​ដ៏​សំខាន់​សម្រាប់​យុវជន​កម្ពុជា​”។

    បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ ប្រវត្តិសាស្ត្រ​ជា​មេរៀន​យ៉ាង​សំខាន់​ ឬជា​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ការរស់នៅ​ និង​ការ​ធ្វើការងារ​ជាដើម​។ នៅ​ក្នុង​មេរៀន​ប្រវត្តិវិទ្យា​ គេ​បាន​លើកឡើង​ពី​រឿងរ៉ាវ​យ៉ាង​មាន​សារៈសំខាន់​ជាច្រើន​ដែល​បុគ្គល​សំ​ខាន់​ៗធ្វើការ​ដោះស្រាយ​បញ្ហា​នានា​រហូត​សម្រេច​បាន​ជា​ផ្លែផ្កា​យ៉ាង​សំខាន់​សម្រាប់​សង្គម​ ក៏ដូចជា​សម្រាប់​ការរស់នៅ​របស់​មនុស្សជា​ដើម​។ ហេតុនេះ​ការសិក្សា​ពី​ប្រវត្តិសាស្ត្រ​ ជា​ការសិក្សា​ពី​រឿងរ៉ាវ​ ឬមេរៀន​ជាក់ស្តែង​ពីអ​តី​តកាល​ដើម្បី​ទុកជា​ទុន​នៃ​គំនិត​សម្រាប់​យក​មក​ប្រើប្រាស់​នា​ពេល​អនាគត​។ ទោះជា​យ៉ាងនេះ​ក្តី​ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ផង​ដែរ​ឱ្យ​យុវជន​សិក្សា​បន្ថែម​ពី​ភាសាបរទេស​មួយ​ចំនួន​ ដូចជា​ភាសា​បារាំង​ និង​ភាសាអង់គ្លេស​ជាដើម​ ដើម្បី​បន្ត​ស្វែងរក​ឯកសារ​ដែលគេ​បាន​ចងក្រង​ជា​ភាសាបរទេស​ទាំងអស់​នោះ​អំពី​ប្រវត្តិសាស្ត្រ​ និង​អក្សរ​សាស្រ្ត​ខ្មែរ​ បន្ថែម​ពីលើ​អ្វី​ដែល​យើង​មានស្រាប់​។

    បន្ទាប់មក​ទៀត​ យុវជន​ក៏អាច​សិក្សា​បន្ថែម​ផង​ដែរ​ពី​វប្បធម៌​នៃ​សកល​ភាវូបនីយកម្ម​ ដើម្បី​បង្កើន​គំនិត​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្រោយពេល​ស្គាល់​ពី​មូលដ្ឋាន​គ្រឹះ​របស់​ខ្លួនឯង​រួចហើយ​៕

  • កាល់ស្យូម​គឺជា​អ្វី​ ហេតុអ្វី​បាន​សំខាន់​សម្រាប់​កូនតូច​?

    កាល់ស្យូម​គឺជា​អ្វី​ ហេតុអ្វី​បាន​សំខាន់​សម្រាប់​កូនតូច​?

    កុមារ​នៅ​ក្នុង​អាយុ​ 1 – 3 ឆ្នាំ​ គឺជា​វ័យ​មួយ​ដែល​មានការ​ប្រែប្រួល​ និង​ការ​វិវឌ្ឍ​ខាង​រាងកាយ​ខ្លាំង​ណាស់​ អ្វី​ដែល​យើង​ច្រើន​សង្កេតឃើញ​បាន​យ៉ាង​ច្បាស់​នោះ​គឺ​ ការ​វិវឌ្ឍ​ខាង​ផ្នែកការ​ធ្វើ​ចលនា​ តាំងពី​ការ​វារ​ ឈរ​ ដើរ​ រហូត​ទៅដល់​អាច​រត់​បាន​យ៉ាង​ស្ទាត់ជំនាញ​ ហើយនិង​ការប្រែប្រួល​ខាង​ការ​ញ៉ាំ​ ដែល​ការ​វិវឌ្ឍ​ខាង​ការ​ទំពា​លេប​ ក៏​ជា​អ្វីមួយ​ដែល​កូនតូច​ត្រូវ​ធ្វើជា​ប្រចាំ​ក្នុង​មួយ​ថ្ងៃ​ៗដែរ​។ គ្រោង​សាង​រាងកាយ​ដែល​មាន​ចំណែក​សំខាន់​ក្នុង​ការ​បង្កើន​ដល់​ការ​ធ្វើ​ចលនា​ និង​ការ​ទំពា​លេប​របស់​កូន​ឱ្យធ្វើ​ការបាន​យ៉ាង​មានប្រសិទ្ធភាព​នោះ​គឺ​ អវយវៈ​ដែល​មានឈ្មោះ​ថា​ “ឆ្អឹង​” និង​ “ធ្មេញ​” ដូច្នេះ​ដើម្បី​ជួយ​ឱ្យ​កូនតូច​មាន​គ្រោង​សាង​របស់​ឆ្អឹង​ និង​ធ្មេញ​ដែល​រឹងមាំ​នោះ​ ទើប​សារជាតិ​អាហារ​ចាំបាច់​ដូចជា​ “កាល់ស្យូម​” មាន​តួនាទី​យ៉ាង​សំខាន់​ចំពោះ​រាងកាយ​កូនតូច​ខ្លាំង​សម្បើម​ណាស់​។

    “កាល់ស្យូម​” គឺជា​សារជាតិ​អាហារ​ប្រភេទ​អំបិល​រ៉ែ​មួយ​ប្រភេទ​ដែល​មាននៅ​ក្នុង​រាងកាយ​ច្រើន​បំផុត​ ជាពិសេស​ឆ្អឹង​ និង​ធ្មេញ​ អាច​និយាយ​បាន​ថា​ ជា​កន្លែង​ប្រមូល​សន្សំ​ជាតិ​កាល់ស្យូម​ដែល​ធំជាង​គេ​បំផុត​នៅក្នុង​រាងកាយ​។ មុខ​នាទី​សំខាន់​របស់​កាល់ស្យូម​ គឺ​នាំ​យក​មក​ប្រើប្រាស់​ក្នុង​ការ​សាង​ និង​ជួសជុល​ចំណែក​ដែល​សឹក​រេច​រឹល​របស់​ឆ្អឹង​ និង​ធ្មេញ​ ក្រចកដៃ​-ជើង​ និង​សរសៃសក់​ឱ្យ​រឹងមាំ​ ក្រៅពី​នេះ​នៅ​មាន​ចំណែក​ជួយ​គ្រប់គ្រង​ការ​ធ្វើការងារ​របស់​សាច់ដុំ​ ប្រព័ន្ធ​ប្រសាទ​ ការ​បង្កក​ខ្លួន​របស់​ឈាម​ ចង្វាក់​របស់​បេះដូង​ ការ​ធ្វើការងារ​របស់​ប្រព័ន្ធ​ទឹក​រំលាយអាហារ​ ការ​បឺត​ជញ្ជក់​យក​វីតាមីន​ និង​ជំរុញ​ការ​បញ្ចេញ​របស់​អ័រម៉ូន​។

    តើ​នឹង​ទៅជា​យ៉ាងណា​… នៅពេល​កូនតូច​ខ្វះ​ជាតិ​កាល់ស្យូម​?
    កុមារ​ដែល​ទទួល​បាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ​ នឹង​មាន​ផល​ប៉ះពាល់​ដល់​ភាព​រឹង​ក្រាស់​របស់​ឆ្អឹង​ទាំង​មូល​ ធ្វើ​ឱ្យ​កើតជំងឺ​ទន់​ឆ្អឹង​ ឬឆ្អឹង​កោង​-ង ហើយ​ការ​វិវឌ្ឍ​ខាង​ផ្នែក​រាងកាយ​ ដូចជា​ការ​អង្គុយ​ វារ​ ដើរ​ នឹង​ដំណើរ​ទៅមុខ​យ៉ាង​យឺត​។ ក្រៅពី​នេះ​ គ្រោង​សាង​ឆ្អឹង​ដែល​ទន់ខ្សោយ​ នឹង​បង្ក​ឱ្យ​កើត​ភាព​ខុសប្រក្រតី​របស់​រាងកាយ​បាន​ ដូចជា​ ក្លាយ​ជា​កុមារ​ជើង​កោង​-ង និង​ខ្លួន​ទាប​តឿ​ខុស​ប្រក្រតី​ជាដើម​។

    កាល់ស្យូម​នៅឯណា​… តើ​រក​ញ៉ាំ​បាន​ពី​អាហារ​អ្វី​?
    * ទឹកដោះ​ និង​ផលិតផល​ដែល​ធ្វើអំពី​ទឹក​ដោះ​ ដូចជា​ ឈីស​ ប៊័រ​រឹង​ ប៊័រ​ស្រស់​ យ៉ា​អួ​ អៃ​ស្គ្រីម​-ល- ព្រោះ​ទឹកដោះស្រស់​ គឺជា​ប្រភព​អាហារ​ដ៏កំពូល​ដែល​មាន​ជាតិ​កាល់ស្យូម​ច្រើន​បំផុត​ ទើប​ចាំបាច់​ខ្លាំង​ណាស់​ដែល​កុមារ​ត្រូវតែ​ញ៉ាំទឹក​ដោះ​គោ​ស្រស់​ឱ្យ​បាន​យ៉ាងហោចណាស់​ 1ថ្ងៃ​ 2កែវ​។* គ្រាប់ធញ្ញជាតិ​ ដូចជា​គ្រាប់​សណ្តែក​ស្ងួត​ និង​ផលិតផល​ដែល​ធ្វើ​ពី​គ្រាប់​សណ្តែក​ ដូចជា​ តៅហ៊ូ​ ទឹក​សណ្តែក​លឿង​(សណ្តែកសៀង​ គ្រាប់​ល្ងស​-ខ្មៅ​ គ្រាប់​សណ្តែក​ក្រហម​-ខៀវ​ គ្រាប់​អាល់​ម៉ុន​ គ្រាប់ឈូក​ និង​គ្រាប់​ផ្កាឈូករ័ត្ន​ជាដើម​។* សាច់សត្វ​ដែល​ញ៉ាំ​ទាំងមូល​ ឬទាំង​ឆ្អឹង​ដូចជា​ ត្រី​តូច​ៗ កម្ពឹស​ បង្គា​ បង្គា​ក្រៀម​ ត្រីខកំប៉ុង​។ល។
    * បន្លែ​ស្លឹក​បៃតង​ ដូចជា​ខាត់ណា​ ស្ពៃចង្កឹះ​ ប្រូ​ខូ​លី​ ស្លឹកបាស​ ផ្លែ​ពពាយ​ សណ្តែក​ហោ​ឡាន់​-តាវ​ ត្រប់ពុតលំញង​។ល។

    នៅពេល​បានដឹង​បែបនេះ​ហើយ​ សមាជិក​នៅក្នុង​គ្រួសារ​ទាំងអស់​សូមកុំ​ភ្លេច​បន្ថែម​ជាតិ​កាល់ស្យូម​ឱ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ​ឱ្យ​បាន​ជាប់​ជានិច្ច​ ព្រោះ​មិនថា​ស្ថិត​ក្នុង​វ័យ​ណាក៏ដោយ​ ក៏​កាល់ស្យូម​នៅតែ​ជា​សារជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ដែល​ទាំង​កុមារ​ និង​មនុស្សចាស់​នៅតែ​ចាំបាច់​ត្រូវតែ​ទទួល​បាន​ជា​រៀងរាល់ថ្ងៃ​៕

  • ចាញ់​ ​3ប្រកួត​ចុងក្រោយ​ ​កម្ពុជា​ធ្លាក់​ ​FIFA​ ​Ranking​ ​3ចំណាត់ថ្នាក់​ ​

    ចាញ់​ ​3ប្រកួត​ចុងក្រោយ​ ​កម្ពុជា​ធ្លាក់​ ​FIFA​ ​Ranking​ ​3ចំណាត់ថ្នាក់​ ​

    ​កាលពី​ម្សិលមិញ​នេះ​ ​FIFA​ ​បាន​បញ្ចេញ​បញ្ជី​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ទូទាំង​ពិភពលោក​ ​ដោយក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​លេខ172​ ​ពោល​គឺ​ធ្លាក់​ចំនួន​ ​3ចំណាត់ថ្នាក់​ ​ខណៈ​ដែល​កាលពី​ខែមុន​កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណាត់​លេខ169​។​

    ​ការ​ធ្លាក់​មក​កាន់់​ចំណាត់ថ្នាក់​នេះ​ ​គឺ​បន្ទាប់ពី​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ចំនួន2​ ​នៅក្នុង​ខែតុលា​នេះ​ ​ដោយ​ចាញ់​អ៊ីរ៉ង់​ ​ក្នុង​លទ្ធផល​ ​០ទល់នឹង14​ ​បន្ទាប់មក​ចាញ់​ក្រុម​អ៊ីរ៉ាក់​ ​ដោយ​លទ្ធផល​ ​០ទល់នឹង4​។​

    ​គួរ​បញ្ជាក់​ថា​ ​ការប្រកួត​បន្ទាប់​ទៀត​ ​កម្ពុជា​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ុងហ្គោលី​ ​នៅ​លើ​វាលស្មៅ​សិប្បនិម្មិត​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ ​នៅ​ថ្ងៃទី14​ ​ខែ​វិច្​ឋិ​កា​ ​ឆ្នាំ2019​ ​ចាប់ពី​ម៉ោង6​ ​និង​ ​30នាទី​ល្ងាច​៕​


  • កែវ​ ​រំចង់​ ​ត្រៀម​ប៉ះ​កីឡាករ​បារាំង​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​

    កែវ​ ​រំចង់​ ​ត្រៀម​ប៉ះ​កីឡាករ​បារាំង​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​

    ​កីឡាករ​គុន​ខ្មែរ​ដ៏​ល្បីល្បាញ​ដែល​មាន​រហស្សនាម​ថា​ ​ខ្លា​កំណាច​មក​ពី​បាត់ដំបង​ ​កែវ​ ​រំចង់​ ​ត្រូវ​បាន​ស្ថាប័ន​ប្រដាល់​ ​The​ ​Riel​ ​Team​ ​Promotions​ ​ផ្គូផ្គង​ឱ្យ​បាន​ចូលរួម​ប្រកួត​លើ​សង្វៀន​ដ៏​ធំ​មួយ​នៅ​ប្រទេស​បារាំង​ ​MT​ ​Grand​ ​Prix​។​

    ​ចំពោះ​ដៃគូ​ដែល​ត្រូវ​ឡើង​ប្រកួត​ជាមួយនឹង​កីឡាករ​កម្ពុជា​ដែល​មក​ពី​ខេត្តបាត់ដំបង​រូប​នេះ​ ​គឺជា​កីឡាករ​ស្បែក​ខ្មៅ​កូនកាត់​បារាំង​-​កា​មេ​រូន​ ​មានឈ្មោះ​ថា​ ​Omar​ ​Samb​ ​ធ្លាប់​ប្រកួត​សង្វៀន​អន្តរ​ជា​តិ​ធំៗ​សរុប​ ​33ដង​ ​ឈ្នះ​ ​30ដង​ ​និង​ចាញ់​ ​3ដង​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​ជើងខ្លាំង​កម្ពុជា​ ​កែវ​ ​រំចង់​ ​ធ្លាប់​ប្រកួត​បាន​ ​166ដង​ ​ឈ្នះ​ ​149ដង​ ​ចាញ់​ ​13ដង​ ​និង​ស្មើ4ដង​ ​នឹង​ត្រូវ​ឡើង​សង្វៀន​ ​MT​ ​Grand​ ​Prix​ ​នៅ​ឯ​សង្វៀន​ ​BATACLAN​ ​នៃ​ទីក្រុង​បា​រីស​ ​ទឹកដី​នៃ​ប្រទេស​បារាំង​នា​ថ្ងៃអាទិត្យ​ទី24​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​



  • ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​លើក​ពាន​លី​ក​កំពូល​កម្ពុជា​ ​មុន​បញ្ចប់​រដូវ​កាល​

    ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​លើក​ពាន​លី​ក​កំពូល​កម្ពុជា​ ​មុន​បញ្ចប់​រដូវ​កាល​

    ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បាន​ឆ្លងកាត់​ ​24ប្រកួត​ ​ឈ្នះ19​ ​និង​ស្មើ5​ ​ដោយ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​នៅឡើយ​ទេ​ ​និង​បាន​បញ្ចប់​នៅក្នុង​ចំណាត់ថ្នាក់​កំពូល​តារាង​ ​ប្រចាំ​រដូវ​កាល​ឆ្នាំ2019​ ​នេះ​។​
    ​ ​
    ​តាម​ការប្រកាស​ពី​គណៈកម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​ពិធី​ប្រគល់​ពានរង្វាន់​លី​ក​កំពូល​របស់​កម្ពុជា​ ​រដូវ​កាល​ឆ្នាំ2019​ ​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​ ​ទី27​ ​ខែតុលា​ ​ឆ្នាំ2019​ ​នេះ​ ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ ​ដោយ​នឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ក្នុង​ជំនួប​ប្រកួត​លី​ក​កំពូល​កម្ពុជា​ ​ប្រចាំ​សប្តាហ៍​ទី25​ ​ខាងមុខនេះ​ ​ពោល​គឺ​ ​1សប្តាហ៍​មុន​លី​ក​កំពូល​កម្ពុជា​បញ្ចប់​ការប្រកួត​ជា​ផ្លូវការ​។​

    ​បើ​គិត​មកទល់​នឹង​ពេលនេះ​ ​គឺជា​លើក​ទី2​ ​ហើយ​ ​ដែល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​គ្រង​ម្ចាស់​ជើងឯក​ពានរង្វាន់​នេះ​ ​ដោយក្រុម​មួយ​នេះ​ ​បាន​ឈ្នះ​ពាន​លី​ក​កំពូល​កម្ពុជា​ជាលើកដំបូង​កាលពី​ឆ្នាំ2013​ ​កន្លងទៅ​៕​

  • ធនាគារពិភពលោក​បង្ហាញ​ពី​ទស្សនវិស័យ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​

    ធនាគារពិភពលោក​បង្ហាញ​ពី​ទស្សនវិស័យ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​

    ធនាគារពិភពលោក​បាន​បង្ហាញ​ពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ចុងក្រោយ​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា​ “ការ​កើនឡើង​នៃ​អាកាសធាតុ​ និង​បញ្ហា​ប្រឈម​ក្នុង​តំបន់​ និង​ពិភពលោក​” ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

    ធនាគារពិភពលោក​(World​ Bank​)បាន​ចេញផ្សាយ​របាយការណ៍​មួយ​កាលពី​ថ្ងៃទី10​ ខែតុលា​កន្លងទៅ​ ដោយ​បាន​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ2019​ ថា​នៅតែ​បន្ដ​ភាពរឹងមាំ​ក្នុង​អត្រា​ 7%។ របាយការណ៍​បាន​កត់សម្គាល់​ដែរ​ថា​ វិស័យ​នាំចេញ​របស់​កម្ពុជា​នៅ​ឆ្នាំ2019​ នៅតែ​រឹងមាំ​ ខណៈ​វិស័យ​សំណង់​នៅតែ​មាន​ភាព​មមាញឹក​ដដែល​។

    កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ពិតប្រាកដ​ដូចដែល​បាន​រាយការណ៍​ដោយ​ធនាគារពិភពលោក​មាន​ស្ថិរភាព​ 7% ក្នុង​ឆ្នាំ2016​ និង2017​ ដែល​កើន​ឡើង​ដល់​ 7.5​% ក្នុង​ឆ្នាំ2018​ ដែល​ជា​ឆ្នាំ​ត្រូវ​បាន​ពិពណ៌នា​ថា​ ជា​ករណី​លើកលែង​ ដោយ​សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ លោក​ លី​ សូ​ដេ​ត (Sodeth​ Ly​) ដែល​បាន​លើក​ឡើង​ពី​ការ​កើនឡើង​នៃ​កម្រិត​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (foreign​ direct​ investment​ ឬ FDI​) និង​បង្កើន​ការនាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ដែល​ជា​កត្តា​ពាក់ព័ន្ធ​នឹង​ការ​កើនឡើង​នេះ​។

    ទោះ​យ៉ាងណា​ ការ​ប៉ាន់ប្រមាណ​របស់​ធនាគារ​ពិភពលោក​សម្រាប់​ឆ្នាំ2019​ បាន​មើលឃើញ​ថា​ កំណើន​ផ.ស.សរ​បស់​កម្ពុជា​បាន​ធ្លាក់ចុះ​ដល់7​% ដោយ​ជាមួយគ្នា​នេះ​ World​ Bank​ ក៏បាន​ព្យាករ​ផង​ដែរ​អំពី​សេដ្ឋកិច្ច​កម្ពុជា​ថា​ នៅ​ឆ្នាំ2020និ​ ងឆ្នាំ2021​ នឹង​មាន​កំណើន​ 6.8​%។

    អ្វី​ដែល​សំខាន់​ត្រូវ​ចងចាំ​នៅពេល​ក្រឡេក​មើល​តួលេខ​ទាំងនេះ​ គឺថា​ ការ​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​ក្រោម​គម្រោ​ងអ្វី​ៗទាំងអស់​លើកលែងតែ​អាវុធ​(the​ EU’s​ Everything​-but​-arms​ ឬEBA​) ឬប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទូទៅ​ (the​ Generalised​ System​ of​Preferences​ ឬ GSP​) នៅ​សហរដ្ឋអាមេរិក​ ត្រូវ​បាន​គេ​លើកយក​មក​ពិចារណា​ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​នៅពេល​សរសេរ​ឡើង​។

    ដោយ​បាន​បញ្ជាក់​ថា​ ទាំង​រូបលោក​(លី​ សូ​ដេ​ត)និង​ធនាគារពិភពលោក​មិន​អាច​ធ្វើការ​ប៉ាន់ស្មាន​អំពី​ជំហរ​របស់​រដ្ឋាភិបាល​បានទេ​។ លោក​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​ព្រមព្រៀង​លើ​កញ្ចប់​ថវិកា​ជំរុញ​សារពើពន្ធ​ 3%ភាគរយ​ប្រសិនបើ​ EBA​ ត្រូវ​បាន​បាត់បង់​ ទោះបីជា​លោក​បដិសេធ​មិន​ ធ្វើ​អត្ថា​ធិប្បាយ​អំពី​កណ្តាប់​ដៃ​ណា​ដែល​អាច​ជា​កញ្ចប់​ថវិកា​ក៏ដោយ​។

    ទោះជា​មាន​ព័ត៌មាន​ដ៏​គួរ​ឱ្យ​ស្រងាកចិត្ត​នេះ​ក៏​ដោយ​ ក៏​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅតែ​ទទួល​បាន​លទ្ធផល​ល្អ​ជាង​ប្រទេស​ក្នុង​តំបន់​ និង​ពិភពលោក​ទាំងមូល​។ កំណើន​ក្នុង​តំបន់​ត្រូវ​បាន​គេ​ព្យាករ​ថា​ នឹង​ធ្លាក់ចុះ​ពី​ 6.3​%ក្នុង​ឆ្នាំ2018​ ដល់​ 5.8​%នៅ​ឆ្នាំ​2019​ បន្ទាប់មក​ធ្លាក់ចុះ​បន្ត​ទៀត​ដល់​ 5.7​% និង​ 5.6​%នៅ​ឆ្នាំ2020​ និង2021​ តាមលំដាប់​។

    កាលពី​ថ្ងៃអង្គារ​ទី15​ ខែតុលា​ ឆ្នាំ2019​ សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ឬ IMF​ បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​សកល​សម្រាប់​ឆ្នាំ2019​ មក​នៅ​ត្រឹម​ 3% នៅក្នុង​របាយការណ៍​ “ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​” (World​ Economic​ Outlook​ ឬWEO​) ដែល​ទើប​នឹង​ចេញផ្សាយ​ ពោល​គឺ​ធ្លាក់ចុះ​ 0.2​% ពី​ការ​ប៉ាន់ស្មាន​របស់​ខ្លួន​កាលពី​ខែកក្កដា​។

    របាយការណ៍​នេះ​ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​បន្ទាប​ ដោយសារតែ​កម្រិត​នៃ​ភាព​មិន​ប្រាកដប្រជា​បាន​កើនឡើង​ ជាពិសេស​ទាក់ទង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ និង​សហរដ្ឋអាមេរិក​ដែល​ស្ថិតនៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ចិន​កំពុង​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ជាង​ការ​រំពឹង​ទុក​។

    សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​ 40​%នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​ពី​ប្រទេស​ចិន​ សេដ្ឋកិច្ច​ប្រទេសជិតខាង​ដែល​កំពុង​ធ្លាក់ចុះ​នឹង​ជួប​ការ​លំបាក​បំផុត​ ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​រវាង​ប្រទេស​ចិន​ និង​អឺរ៉ុប​។ របាយការណ៍​ក៏បាន​បង្ហាញ​ពី​ការ​កើនឡើង​បំណុល​ដោយ​ការ​បញ្ចូល​គ្នា​រវាង​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​ចំនួន​ជាង​ 100​%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ឬផ.ស.ស​ របស់​ប្រទេស​កម្ពុជា​។

    ដោយមាន​ក្តី​សង្ឃឹម​កម្រិត​បំណុល​បរទេស​របស់​ប្រទេស​កម្ពុជា​បង្ហាញ​ពី​បំណុល​សាធារណៈ​ទៅ​នឹង​ផ.ស.ស​ កំពុង​ឈរ​នៅ​ជុំវិញ​សញ្ញា​ 30​%ដែល​ធនាគារពិភពលោក​ចាត់ទុកថា​ មាន​និរន្តរភាព​។

    លើស​ពីនេះ​ការ​បន្ធូរបន្ថយ​កំណើន​ផ.ស.ស​ ពី7​% ទៅ6.8​% គឺ​មិន​មាន​ភាព​មុត​ស្រួច​គ្រប់គ្រាន់​ដែល​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ខ្លាំង​ ហើយ​ឱកាស​សម្រាប់​សមាហរណកម្ម​ក្នុង​តំបន់​កាន់តែ​មាននៅ​ក្នុង​ទម្រង់​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ដែរ​។

    លោក​ Andrew​ Mason​ សេដ្ឋវិទូ​របស់​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​បាន​ព្រមាន​ថា​ យើង​មានការ​ភ្ញាក់ផ្អើល​ពី​ការ​ធ្លាក់ចុះ​នៃ​បរិយាកាស​ហិរញ្ញវត្ថុ​ពិភពលោក​ ប៉ុន្តែ​តាមរយៈ​វិធានការ​គោលនយោបាយ​សកម្ម​ និង​ការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​លើ​ការ​វិនិយោគ​លើកកម្ពស់​កំណើន​ ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ តំបន់​នឹង​បង្ហាញ​ភាព​ធន់​។

    លោក​ Mason​ មានប្រសាសន៍​ថា​៖“ដើម្បី​ភាព​ធន់ទ្រាំ​នេះ​ និង​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ ដែល​កំពុង​កើនឡើង​ យើង​បាន​ជំរុញ​ឱ្យ​អ្នកដឹកនាំ​គ្រប់គ្រង​បំណុល​ប្រកបដោយ​ការទទួលខុសត្រូវ​កាត់បន្ថយ​ហានិភ័យ​ និង​ទប់ទល់​នឹង​ការ​គាំពារ​និយម​។

    សម្រាប់​សមត្ថភាព​របស់​ប្រទេស​កម្ពុជា​ និង​ប្រទេស​ជិតខាង​របស់​ខ្លួន​ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​បរិយាកាស​សេដ្ឋកិច្ច​ពិភពលោក​ នឹង​ត្រូវ​ពឹងផ្អែក​លើ​ការកែទម្រង់​រចនាសម្ព័ន្ធ​ដែល​លើកកម្ពស់​ការប្រកួត​ប្រជែង​ ជំរុញ​ការបង្កើត​ថ្មី​ និង​បង្កើត​បរិយាកាស​ធុរកិច្ច​ដ៏​ទាក់ទាញ​”៕

  • សណ្តែកទ្រើង​ ឬសណ្តែក​កួរ​ បន្លែ​ធម្មជាតិ​របស់​សហគមន៍​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​កំពុង​ត្រូវប៉ាន់​ខ្លាំង​

    សណ្តែកទ្រើង​ ឬសណ្តែក​កួរ​ បន្លែ​ធម្មជាតិ​របស់​សហគមន៍​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​កំពុង​ត្រូវប៉ាន់​ខ្លាំង​

    សណ្តែកទ្រើង​ជា​បន្លែ​ 1ប្រភេទ​ដែល​កសិករ​កម្ពុជា​និយម​ដាំ​ និង​បរិភោគ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ដោយសារ​ដំណាំ​សណ្តែក​គួរ​អាច​ឆ្នៃ​ជា​បន្លែ​ អន្លក់​ ហូប​ឆៅ​ ជ្រក់​ និង​ឆា​ ស្ល​ក៏បាន​។ លើស​ពីនេះ​សណ្តែក​កួរ​ជា​បន្លែ​ដែល​សម្បូរណ៍​ទៅ​ដោយ​ជីវជាតិ​ និង​សារធាតុ​ចិញ្ចឹម​ជាច្រើន​មុខ​ ដែល​ជួយ​ទ្រទ្រង់​សារពាង្គកាយ​មនុស្ស​។

    ដោយ​មើលឃើញ​ពី​គុណប្រយោជន៍​ និង​តម្រូវការ​សណ្តែក​កួរ​នៅ​លើ​ទីផ្សារ​ សហគមន៍​កសិកម្ម​ “ស្វាយ​មានជ័យ​ស្ត្រី​សាមគ្គី​” នៅ​ភូមិ​ក្រសាំង​ពុល​ ឃុំ​ស្វាយ​ ស្រុក​សាមគ្គី​មានជ័យ​ ខេត្ត​កំពង់ឆ្នាំង​ បាន​នាំគ្នា​ចាប់អារម្មណ៍​ដាំដំណាំ​សណ្តែក​កួរ​នៅ​លើ​ផ្ទៃដី​ដាំដុះ​ចំនួន​ 2ហិ​កតា​(ក្នុង​ផ្ទៃដី​សរុប​ 8ហិ​កតា​) រួម​ជាមួយនឹង​ដំណាំរួមផ្សំ​ផ្សេងទៀត​គឺ​ ជីរ​ ត្រសក់​ សណ្តែក​កួរ​ ម្រះ​ និង​ត្រឡាច​។

    អ្នកស្រី​ ស៊ុន​ ស្រីពៅ​ ជា​ប្រធាន​សហគមន៍​បាន​ផ្តល់​បទ​សម្ភាស​អំពី​ការ​ដាំដំណាំ​សណ្តែក​កួរ​ ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖ “គ្រួសារ​ខ្ញុំ​ និង​សហគមន៍​ចាប់ផ្តើម​ប្រកបរបរ​ដាំ​សណ្តែក​កួរ​នេះ​រយៈពេល​ 10ឆ្នាំ​មក​ហើយ​ ដែល​មាន​កសិករ​ទាំងអស់​ 18​ក្រុម​ ស្មើនឹង​ 93គ្រួសារ​ ដាំដុះ​លើ​ផ្ទៃដី​ប្រមាណ​ 8ហិ​កតា​ដែល​មាន​ដំណាំរួមផ្សំ​ជាច្រើន​មុខ​”។

    អ្នកស្រី​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ដំណាំ​សណ្ដែកទ្រើង​ ឬសណ្ដែកកួរ​ គឺជា​ប្រភេទ​ដំណាំ​ដែល​កសិករ​និយម​ចូលចិត្ត​ដាំដុះ​ ជា​បន្លែ​ដែល​ចូលចិត្ត​ត្រជាក់​ និង​ត្រូវការ​ទឹក​ច្រើន​គួរសម​ ដូច្នេះហើយ​ទើប​រដូវ​ដែល​ស័ក្តិសម​ក្នុង​ការ​ដាំ​បំផុត​ គឺ​រដូវរំហើយ​ ពី​ខែ​តុលា​ ដល់​ខែកុម្ភៈ​។

    អ្នកស្រី​បានឱ្យ​ដឹង​ទៀត​ថា​ សណ្តែកទ្រើង​អាច​ដុះ​លូតលាស់​លើ​ដី​ច្រើន​ប្រភេទ​ដូចជា​ ដីក្រហម​តាម​តំបន់​ភ្នំ​ ដីខ្មៅ​តំបន់​ខ្ពង់រាប​ ដីល្បាប់​តាម​មាត់ទន្លេ​ និង​ដីល្បាយខ្សាច់​ ហើយ​វា​ក៏អាច​ដុះ​លូតលាស់​លើ​ដីល្បាយខ្សាច់​បាន​ដែរ​ គ្រាន់តែ​បាន​ទិន្នផល​ទាប​។ ដំណាំ​ប្រភេទ​នេះ​ត្រូវ​រាប់បញ្ចូល​ទៅ​ក្នុង​ក្រុម​ដំណាំ​ដែល​ធន់ទ្រាំ​នឹង​ដី​អាស៊ីត​ និង​ដី​ប្រៃ​ PH​។

    អ្នកស្រី​បាន​បញ្ជាក់​ថា​ ចំពោះ​វិធី​ដាំ​មិន​មាន​អ្វី​ស្មុគស្មាញ​នោះ​ទេ​ ដូច្នេះ​មុននឹង​ដាំ​គេ​ត្រូវការ​រៀបចំ​ដី​ជាមុន​សិន​ ដោយ​ត្រូវ​ភ្ជួរ​ដី​ឱ្យ​បាន​ជម្រៅ​ចាប់ពី​ 25​-30សង់ទីម៉ែត្រ​ ហើយ​ហាល​ទុកចោល​រយៈពេល​ចាប់ពី​ 7-10ថ្ងៃ​ និង​ត្រូវ​ភ្ជួរ​ដី​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ពី​ 2-3 ដង​ដែរ​ មុននឹង​ធ្វើការ​ដាំដុះ​ដំណាំ​សណ្ដែកទ្រើង​ ឬសណ្ដែកកួរ​នេះ​។

    ចំពោះ​ការប្រើ​ប្រាស់​ជី​ គេ​ត្រូវ​ដាក់ជី​មុននឹង​ដាក់​ដាំ​ ឬទ្រាប់​បាតដី​ គេដាក់​ជីលា​មក​សត្វ​ចាប់ពី​ 10​-15​តោន​/ 1ហិ​កតា​ ដោយ​បាច​ទៅលើ​រង​ហើយ​រាស់​លុប​ពេល​រៀបចំ​ដី​(លើក​រង​)។ បន្ទាប់ពី​ដាក់ជី​ហើយ​ត្រូវ​ស្រោចទឹក​ឱ្យ​ជោគ​។ សណ្តែក​កួរ​ត្រូវការ​ទឹកជា​ប្រចាំ​ ប៉ុន្តែ​មិន​ត្រូវការ​ទឹកដក់​លើ​ចម្ការ​ឡើយ​។ ការ​ស្រោច​ដោយ​ប៉ោត​ចំពួយ​ផ្កាឈូក​រៀងរាល់ថ្ងៃ​ ព្រឹក​-ល្ងាច​ គឺជា​ការ​ល្អ​បំផុត​។ ចំពោះ​ការ​បញ្ចូល​ទឹក​ គេ​ត្រូវ​បញ្ចូល​ 2ដង​ក្នុង​ 1អាទិត្យ​ទៅតាម​សភាព​ដី​ និង​អាកាសធាតុ​។ ស្ថិតនៅ​ក្នុង​សីតុណ្ហភាព​ចន្លោះ​ពី​ 24​-28អង្សា​សេ​ដើម​សណ្ដែក​នឹង​ដុះ​ពន្លក​ចេញ​ត្រួយ​ ហើយ​សីតុណ្ហភាព​ល្អ​បំផុត​ដែល​វា​នឹង​ចេញផ្កា​-ផ្លែ​ គឺ​ចន្លោះ​ពី​ 24​-26អង្សា​សេ​ ប៉ុន្តែ​អាច​កើន​លើស​ពីនេះ​បាន​រហូតដល់​ 28.5អង្សា​សេ​។

    សណ្តែក​កួរ​ត្រូវការ​ទឹក​កាន់តែ​ច្រើនឡើង​ចាប់ពី​វា​មាន​អាយុ​ 30ថ្ងៃ​ឡើង​ទៅ​ ព្រោះ​ដំណាក់កាល​នេះ​សណ្តែក​ចាប់ផ្តើម​ចេញផ្កា​ជា​បណ្តើរ​ៗ រហូតដល់​ការ​ប្រមូល​ផល​។ យើង​អាច​ប្រមូល​ផល​បាន​ ចាប់ពី​សណ្ដែក​អាយុ​បាន​ 1ខែ​ បូក10​-15ថ្ងៃ​ឡើង​ទៅ​ អាស្រ័យ​ទៅតាម​ពូជ​។ គេ​អាច​ប្រមូល​ផល​បាន​ចាប់ពី​ 15​-18​ ដង​ក្នុង​ 1រដូវ​ការ​ដាំដុះ​។ ទិន្នផល​គិតជា​មធ្យម​ប្រហែល​ពី​ 16​-18តោន​ ក្នុង​ផ្ទៃដី1ហិ​កតា​។ នេះ​បើ​តាម​អ្នកស្រី​ប្រធាន​សហគមន៍​បាន​បញ្ជាក់​។

    អ្នកស្រី​ ពៅ​ បានឱ្យ​ដឹង​ទៀត​ថា​៖“ចម្ការ​សណ្តែក​កួរ​ដែល​សហគមន៍​ខ្ញុំ​មាននៅ​លើ​ផ្ទៃដី​ 2ហិ​កតា​នេះ​ គឺ​ដាំ​ក្នុង​លក្ខណៈ​វិល​ជុំ​ ធ្វើ​ឱ្យ​ទទួល​បានផល​ជា​ប្រចាំ​ជាមធ្យម​ 200​- 250គីឡូក្រាម​ក្នុង1ថ្ងៃ​ដែល​ពេលខ្លះ​អាច​ដល់​ 500គីឡូក្រាម​។ ប៉ុន្តែ​សណ្តែក​កួរ​របស់​សហគមន៍​ខ្ញុំ​ដាំ​ មាន​លក្ខណៈ​ខុសពី​សណ្តែក​កួរ​នៅ​លើ​ទីផ្សារ​បន្តិច​ត្រង់ថា​ វា​មាន​រសជាតិ​ផ្អែម​ ឆ្ងាញ់​ផ្លែ​ស្រស់​ តឹងណែន​ ស្វិត​មាន​ទឹក​ ដែល​ធ្វើ​ឱ្យ​អតិថិជន​ជាប់ចិត្ត​ ចូលចិត្ត​ទិញ​បរិភោគ​ច្រើន​ ដណ្តើម​គ្នា​ទិញ​លើ​ទី​ផ្សា​ដោយសារ​ខ្ញុំ​មិន​ប្រើ​គីមី​។ ជា​បន្លែ​សុវត្ថិភាព​ ដាំ​តាម​ធម្មជាតិ​ និង​តាម​ការណែនាំ​ពី​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​”។

    អ្នកស្រី​បាន​បញ្ជាក់​ថា​៖“ការ​រក​ទីផ្សារ​លក់​ចេញ​ គឺ​សណ្តែក​ររបស់​សហគមន៍​ខ្ញុំ​ មិន​មានការ​លំបាក​នោះ​ទេ​ ដោយ​បច្ចុប្បន្ន​សហគមន៍​កសិកម្ម​ ស្វាយ​-មានជ័យ​ស្ត្រី​សាមគ្គី​ បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​វិស័យ​ឯកជន​មួយចំនួន​ដូចជា​ក្រុមហ៊ុន​ KOC​ REMIX​ ដែល​បាន​ប្រមូល​ទិញ​ និង​ចែកចាយ​ ទៅ​ទីផ្សារ​ និង​បាន​ផ្គត់ផ្គង់​ចែកចាយ​ទៅ​ EAC​ (បណ្តាញ​របស់​ KOC​) អង្គការ​ស៊ីដា​ក ទីផ្សារ​នៅ​ភ្នំពេញ​ និង​ទីផ្សារ​ឧដុង្គ​”។

    ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​វិញ​ អ្នកស្រី​ប្រធាន​សហគមន៍​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ “សណ្តែកួ​ររបស់​ខ្ញុំ​អាច​លក់​បាន​តម្លៃ​ 2,000​រៀល​ ទៅ2,500រៀល​ក្នុង​ 1គីឡូក្រាម​ បើ​គិត​តម្លៃ​សរុប​ 2500​៛ X 250គ.ក​= 625,000រៀល​ក្នុង1ថ្ងៃ​។

    អ្នកស្រី​ ស៊ុន​ ស្រីពៅ​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពាណិជ្ជ​ ទៀត​ថា​៖“សម្រាប់​សហគមន៍​ខ្ញុំ​ បាន​ធ្វើការ​ពង្រីក​ការ​ដាំដុះ​បន្លែ​សណ្តែក​កួរ​បន្ថែម​ទៀតហើយ​ ទោះបី​ដៃគូ​សហការ​របស់​សហគមន៍​ ពុំ​ទាន់​មានការ​បញ្ជាទិញ​បន្ថែម​ក៏ដោយ​។ ម្យ៉ាងទៀត​សហគមន៍​ខ្ញុំ​ក៏បាន​ដាំដំណាំ​នេះ​ក្នុង​លក្ខណៈ​វិល​ជុំ​ ដែល​អាច​ធ្វើ​ឱ្យ​សហគមន៍​យើង​ប្រមូល​ផល​បាន​ជាប្រចាំ​ នៅ​លើ​ផ្ទៃដី​ដំណាំ​ដែល​យើង​មាន​ យើង​ក៏អាច​បូក​រួមផ្សំ​ជាមួយ​បន្លែ​ដទៃទៀត​ យើង​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​ ដោយ​រួម​ជាមួយនឹង​សហគមន៍​ផ្សេង​ទៀត​ដែលគេ​មាន​ដំណាំ​នេះ​ដែរ​ តែ​តម្រូវការ​កាន់តែ​ច្រើន​ យើង​ក៏​ចង់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ឱ្យ​បាន​គ្រប់គ្រាន់​”៕