Category: សង្គម និងសេដ្ឋកិច្ច

  • អ្នកជំនាញ​៖ វិស័យ​អចលនទ្រព្យ​បន្ត​រីកចម្រើន​ដដែល​ តែ​ពង្រីក​សក្តា​នុ​ពល​តំបន់​សេដ្ឋកិច្ច​

    អ្នកជំនាញ​៖ វិស័យ​អចលនទ្រព្យ​បន្ត​រីកចម្រើន​ដដែល​ តែ​ពង្រីក​សក្តា​នុ​ពល​តំបន់​សេដ្ឋកិច្ច​

    អ្នកជំនាញ​ និង​អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាង​ថា​ នៅ​ដំណាច់ឆ្នាំ2019នេះ​ ស្ថានភាព​នៃ​ការទិញ​-លក់​ ដីធ្លី​ដែល​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​មួយចំនួន​ នៅតែ​មាន​សកម្មភាព​ដដែល​ទេ​ ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​ហាក់​នៅ​ទ្រឹង​បើ​ធៀប​ទៅ​នឹង​កាលពី​អំឡុង​ដើមឆ្នាំ​ដដែល​នេះ​។

    លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ដូចជា​មិន​មាន​សញ្ញា​ណាមួយ​ បង្ហាញ​ពី​ការប្រែប្រួល​ខ្លាំង​គ្រាន់តែ​នៅ​តំបន់​ខ្លះ​ឃើញថា​វា​ឡើង​រហ័ស​ ដល់​ពេល​ចាប់ផ្តើម​មានការ​ប្រែប្រួល​គោលនយោបាយ​មួយចំនួន​ វា​នៅ​ទ្រឹង​។ វា​នៅ​ទ្រឹង​តម្លៃ​ តែ​ក្នុង​សកម្មភាព​នៃ​ការទិញ​-លក់​ មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​”។

    ប៉ុន្តែ​លោក​ឧកញ៉ា​បាន​ទទួលស្គាល់​ថា​ តម្លៃ​វា​ហាក់ដូចជា​នៅ​ក្រោម​ទីផ្សារ​បន្តិច​ ដែល​កើតមាន​នៅ​ខេត្ត​ព្រះសីហនុ​ តែ​លោក​យល់ថា​ អ្នក​វិនិយោគ​ភាគច្រើន​ គឺ​ពួកគេ​បាន​យល់​ច្បាស់​ពី​ស្ថានភាព​នេះ​ដែល​វា​មិនមែន​ជា​ការ​ប្រថុយប្រថាន​នោះ​ទេ​ ចំពោះ​តម្រូវការ​នៃ​វិស័យ​នេះ​។ តែ​សម្រាប់​តម្លៃ​នៅ​ភ្នំពេញ​វា​នៅ​ដដែល​ និង​វិសាលភាព​នៅ​តំបន់​ជុំវិញ​ភ្នំពេញ​វា​អត់មាន​ថមថយ​ទេ​។

    ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​ដី​ នៅក្នុង​តំបន់​មួយចំនួន​លោក​បាន​ចាត់ទុកថា​ជា​តំបន់​សក្តា​នុ​ពល​សេដ្ឋកិច្ច​ដូចជា​ខេត្ត​មួយចំនួន​មាន​ប៉ោយប៉ែត​ សៀមរាប​ បាវិត​ ព្រះសីហនុ​ និង​កំពត​ជាដើម​ នៅតែ​មាន​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​ទៅលើ​វិស័យ​អចលនទ្រព្យ​ទៅតាម​គម្រោង​ជា​ធម្មតា​។

    លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បញ្ជាក់​ប្រាប់​ទៀត​ថា​៖“ជាទូទៅ​នៅ​ប៉ោយប៉ែត​ យើង​ឃើញថា​ជា​ខេត្ត​គោលដៅ​នៃ​ទីក្រុង​ថ្មី​ ដែល​ជាទី​ក្រុង​តភ្ជាប់​ទីក្រុង​ប្រទេស​ថៃ​ និង​កម្ពុជា​។ អាច​និយាយ​ថា​ វា​ជា​តំបន់​ដោះដូរ​ទំនិញ​ ផង​ដែរ​។ តំបន់​ប៉ោយប៉ែត​មកទល់​ពេល​នេះ​នៅ​អាច​មានដំណើរ​ការ​គម្រោង​ 2-3បន្ថែម​ទៀត​បន្ត​ទៅ​ដើមឆ្នាំ​ថ្មី​។ អុីចឹង​វា​មិន​មាន​អ្វី​ថមថយ​ទេ​គ្រាន់តែ​កន្លងមក​មានការ​ជួល​ពី​ជនជាតិ​ចិន​ ដែល​គាត់​មក​ប្រកបរបរ​អន​ឡាញ​ គឺ​វា​មាន​ភាព​គំហុក​នៅ​តំបន់​ពាណិជ្ជកម្ម​ច្រើន​ តែ​នៅ​តំបន់​ឧស្ស​ហក​ម្ម​វា​នៅតែ​មាន​សកម្មភាព​ដដែល​ធម្មតា​“។

    ពាក់ព័ន្ធ​តំបន់​សេដ្ឋកិច្ច​ដទៃទៀត​ដូចជា​ផ្លូវ51​ផ្លូវជាតិ​លេខ​ 3 វា​នៅតែ​មាន​សក្តា​នុ​ពល​ដោយសារ​តែ​រាជរដ្ឋាភិបាល​រក្សា​ស្ថិរភាព​ និង​សន្តិសុខ​បាន​វា​មិន​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ដល់​វិស័យ​នេះ​ទេ​ តែ​ នៅក្នុង​នោះ​តំបន់​នី​មួយ​ៗ តែង​មានផល​កើនឡើង​ខ្លាំង​ និង​ផល​ប៉ះពាល់​ក៏​ខ្លាំង​ដែរ​។ នេះ​បើ​តាម​ការ​-បញ្ជាក់​របស់​លោក​ឧកញ៉ា​។

    លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បញ្ជាក់​ទៀត​ថា​៖“សម្រាប់​ខេត្តកំពត​ កែប​ មិន​មាន​អ្វី​កត់សម្គាល់​ខ្លាំង​ដែរ​ វា​មិន​មានការ​ឡើងជា​គំហុក​នោះ​ទេ​ដោយសារ​តែ​មិន​មានការ​អភិវឌ្ឍ​ទ្រង់ទ្រាយ​ធំ​ គ្រាន់តែ​មានការ​-វិនិយោគ​ដី​ទុក​ និង​អនុវត្ត​ទៅតាម​គម្រោង​ផែនការ​របស់​គេ​។ ដោយហេតុថា​ ក្រុង​ព្រះសីហនុ​ ជា​ខេត្ត​ជាប់​សមុទ្រ​ដូចគ្នា​ ពេល​គាត់​មានតម្លៃ​ដី​ខ្ពស់​កើន​ឡើង​ខ្លាំង​ នោះ​វា​នឹង​ប្តូរ​ Replacement​ ហើយ​ខេត្តកំពត​ កែប​ អាច​នឹង​ទទួល​ជំនួស​ ព្រោះ​កំពត​ កែប​ មាន​ចម្ងាយ​ជិត​ជាង​ និង​មាន​ហេដ្ឋារចនាសម្ពន្ធ​ កំពង់ផែ​ ផ្លូវដែក​ ដែល​អាច​ដោះដូរ​ទំនិញ​ ទៅ​ប្រទេស​វៀតណាម​បាន​ទៀតផង​។

    លោក​ សន​ សៀប​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ Key​ Realestat​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ ដល់​កាសែត​ឡា​រ៉ែ​នថា​៖“បើ​តាម​ការសង្កេត​ជាក់ស្តែង​នៅ​ដំណាច់ឆ្នាំ2019នេះ​ សម្រាប់​ការទិញ​-លក់​ដីធ្លី​ គឺ​ហាក់ដូចជា​ស្ងាត់​បន្តិច​តែ​តម្លៃ​នៅ​ទ្រឹង​ អត់មាន​ការ​ធ្លាក់ចុះ​ទេ​ ពីព្រោះ​យើង​មិន​មាន​អ្នក​លក់​បង្ខំ​ៗ គឺ​មានការ​សាកសួរ​រក​ តែ​មិន​មាន​ករណីនេះ​ ដូច្នេះ​ធ្វើ​ឱ្យ​តម្លៃ​វា​នៅ​ទ្រឹង​ គឺ​វា​មិន​ឡើង​ តែ​វា​ក៏​មិន​ចុះ​ដែរ​”។

    លោក​បាន​បន្ត​ទៀត​ថា​ សម្រាប់​អ្នក​វិនិយោគ​នៅ​ក្នុង​វិស័យ​ដីធ្លី​ នៅ​បណ្តា​ខេត្ត​ដែល​មានការ​អភិវឌ្ឍ​ថ្មី​ៗវិញ​ក៏​ហា​កដូចជា​ ស្ងប់ស្ងាត់​ដែរ​។ ដូចជា​កន្លងមក​យើង​ពង្រីក​ទៅ​ខាង​ប៉ោយប៉ែត​ បាវិត​ ព្រះសីហនុ​ជាដើម​ ក៏​ហាក់ដូចជា​នៅ​ទ្រឹង​ដែរ​។ ចំពោះ​ការ​ស្ងប់ស្ងាត់​នេះ​វា​មានផល​ប៉ះពាល់​ ព្រោះ​ការដែល​មិន​មាន​សកម្មភាព​ គឺ​វា​មិន​មានការ​កើនឡើង​នូវ​ចំណូល​។ ដូច្នេះ​យើង​ឃើញថា​វា​មានការ​ប៉ះពាល់​ដល់​តម្លៃ​ជួល​ ដោយ​អ្នកជួល​នៅ​ប៉ោយប៉ែត​ បាវិត​ គាត់​បាន​សុំ​បញ្ចុះតម្លៃ​ និយាយទៅ​វា​មាន​ប៉ះពាល់​ទៅដល់​ចំណូល​ខ្លះ​នៃ​ការជួល​។

    លោក​ សន​សៀប​ បាន​បន្ត​ថា​៖ “ទោះបីជា​មាន​ភាព​នៅ​ទ្រឹង​នៅ​តំបន់​សេដ្ឋកិច្ច​មួយចំនួន​ក៏​ពិតមែន​តែ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​ថ្មី​ៗ និង​គម្រោង​បង្កើត​ទីក្រុង​រណប​ បាន​បង្ហាញថា​សក្តា​-នុ​ពល​នៃ​វិស័យ​អចលនទ្រព្យ​កំពុង​ពង្រីក​សក្តា​នុ​ពល​ទៅ​តំបន់​សេដ្ឋកិច្ច​ទាំងនោះ​”។

    លោក​ បាន​បញ្ជាក់​ទៀត​ថា​៖“យើង​អាច​និយាយ​បាន​ដែរ​ថា​វិស័យ​អចលនទ្រព្យ​កំពុង​ តែ​ពង្រីក​សក្តា​នុ​ពល​ទៅ​តំបន់​សេដ្ឋកិច្ច​ ខណៈ​នៅតែ​មាន​អ្នកជំនួញ​ក្នុង​វិស័យ​នេះ​ចុះ​ធ្វើសកម្មភាព​ទិញ​-លក់​ដដែល​។ ដូចជា​នៅ​ខេត្តកំពត​ សៀមរាប​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជាដើម​ ប៉ុន្តែ​វា​មិនសូវ​ជា​មាន​ឥទ្ធិពល​ដោយសារ​វា​ស្ថិតនៅ​ជា​គម្រោង​នៅឡើយ​”។

    លោក​ សន​ សៀប​ បាន​បញ្ជាក់​ដែរ​ថា​៖“យើង​ចាំ​មើល​ប្រហែលជា​ដើមឆ្នាំ​ក្រោយ​យើង​នឹងអាច​ដឹង​ថា​វា​មានការ​ប្រែប្រួល​យ៉ាងម៉េច​ទៀត​ ខ្ញុំ​គិតថា​ដើមឆ្នាំ​ក្រោយ​វា​ពិតជា​ល្អ​។ ឆ្នាំនេះ​វា​ចុងឆ្នាំ​ផង​ វា​មានរឿង​មិនល្អ​កើតមាន​ផង​ ហើយដោយ​សារ​តែ​វា​ជារ​ដូវ​ធ្លាក់​ភ្លៀង​ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​ព្រោះតែ​ពិបាក​ក្នុង​ការ​ចុះ​មើល​ទីតាំង​ និង​វាស់វែង​ដូច្នេះ​មិនសូវ​មានការ​ទិញ​លក់​ទេ​។ តែ​ភាព​ស្ងប់ស្ងាត់​ទាំងនេះ​ អាច​នឹង​ត្រូវ​កែប្រែ​ឡើងវិញ​ បន្ទាប់​រដូវភ្លៀង​ធ្លាក់​បាន​បញ្ចប់​”៕

  • រយៈពេល​ 9ខែ​ឆ្នាំ2019​គយ​ប្រមូល​ពន្ធ​លើ​យាន​យន្ត​បាន​ប្រមាណ​ 1,244​លាន​ដុល្លារ​អាមេរិក​

    រយៈពេល​ 9ខែ​ឆ្នាំ2019​គយ​ប្រមូល​ពន្ធ​លើ​យាន​យន្ត​បាន​ប្រមាណ​ 1,244​លាន​ដុល្លារ​អាមេរិក​

    រយៈពេល​ 9ខែ​ ឆ្នាំ2019​ នេះ​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ បាន​ប្រមូល​ពន្ធ​លើ​យានយន្ត​ និង​គ្រឿងចក្រ​បាន​ប្រមាណ​ 1,244​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ តួលេខ​នេះ​ស្មើនឹង​ជាង​ 52​% នៃ​ចំណូល​ពន្ធ​សរុប​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​។

    យោង​តាម​កិច្ចប្រជុំ​បូកសរុប​ការងារ​គយ​ និង​រដ្ឋាករ​រយៈពេល​ 9ខែ​ ឆ្នាំ2019​ ឯកឧត្តម​បណ្ឌិត​ គុណ​ញឹម​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ សម្រាប់​ 9ខែ​ ឆ្នាំ2019​ ចំណូល​សរុប​មាន​ប្រមាណ​ជាង​ 9.7ទ្រី​លាន​រៀល​(ប្រមាណ​ 2,391​ លាន​ដុល្លារ​អាមេរិក​) កើនឡើង​ប្រមាណ​ 35​% ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​។

    លទ្ធផល​ចំណូល​នេះ​ត្រូវ​នឹង​ប្រមាណ​ជា106​% នៃ​ផែនការ​ឆ្នាំ​ ដែល​កំណត់ដោយច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2019​។ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ លទ្ធផល​ ចំណូល​តាម​ប្រភេទ​ពន្ធ​ និង​អាករ​សំ​ខាន់​ៗ ដែល​ប្រមូល​ដោយ​គយ​ មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ក្នុង​នោះ​ពន្ធគយ​ (ពន្ធ​នាំចូល​)មាន​កំណើន​ជិត​ 38​% អាករ​ពិសេស​កើន​ប្រមាណ​ 39​% និង​អាករ​លើ​តម្លៃបន្ថែម​ (VAT​) កើន​ជាង​ 32​%។

    របាយការណ៍​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ការ​ប្រមូល​ចំណូល​ពន្ធ​លើ​មុខទំនិញ​ជា​ប្រភព​ចំណូល​សំ​ខាន់​ៗផ្សេងទៀត​ ដូចជា​ប្រង​ឥន្ធនៈ​ និង​ថាមពល​សម្រេច​បាន​ប្រមាណ​ 406លាន​ដុល្លារ​អាម​រិក​ ស្មើ​ នឹង​ 17​%នៃ​ចំណូល​ពន្ធ​សរុប​ និង​មុខទំនិញ​ចម្រុះ​ និង​គ្រឿង​សំណង់​ប្រមូល​បាន​ 705លាន​ដុល្លារ​អាមេរិក​ស្មើនឹង​ប្រមាណ​ 29.5​% នៃ​ចំណូល​សរុប​។

    ការ​កើនឡើង​នៃ​ចំណូល​ពន្ធ​លើ​យានយន្ត​ និង​គ្រឿងចក្រ​នេះ​ កើតឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​ កាលពី​ពេល​ថ្មី​ៗបាន​ប្រកាស​ដំឡើង​ពន្ធ​រថយន្ត​ និង​គ្រឿងចក្រ​ឡើង​រហូត​ពី​ជាង​ 80​% ទៅ​ 110​% តាម​ប្រភេទ​ទំហំ​ស៊ីឡាំង​នៃ​រថយន្ត​។ ជាមួយគ្នា​នេះ​ដែរ​យានយន្ត​ និង​គ្រឿងចក្រ​ប្រភេទ​ជជុះ​ក៏​ត្រូវ​បាន​ដំឡើង​ផង​ដែរ​ នៅក្នុង​នោះ​អង្គភាព​គយ​ ក៏បាន​កំណត់​តម្លៃ​ពន្ធ​ថ្មី​ ទៅលើ​ប្រភេទ​យានយន្ត​ទេសចរណ៍​ សម្រាប់​ទំហំ​ស៊ីឡាំង​មិន​លើស​តម្លៃ​ពន្ធ​ 93​% រហូតដល់​ជាង​ 152​% សម្រាប់​ប្រភេទ​រថយន្ត​កម្លាំង​លើស​ 5000សេះ​។

    ការ​បង្កើន​ពន្ធ​យានយន្ត​ និង​គ្រឿងចក្រ​ មិន​ត្រឹមតែ​ជួយ​បង្កើន​ចំណូល​ចូល​ដល់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះទេ​ គឺ​ថែមទាំង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ងាក​ទៅ​ប្រើប្រាស់​រថយន្ត​ថ្មី​ ដែល​ធានា​សុវត្ថិភាព​ប្រើ​ប្រាស់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​ឱ្យមក​បណ្តាក់​ទុន​កាន់តែ​ច្រើន​ក្នុង​ស្រុក​នា​ពេល​អនាគត​។

    ថ្មី​ៗនេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កោតសរសើរ​ដល់​អង្គភាព​គយ​ដែល​បាន​ខិតខំ​ប្រមូល​ពន្ធ​ឱ្យ​មាន​កំណើន​គួរ​ជា​ទី​មោទ​នៈ​ជាពិសេស​ចំណូល​ពន្ធ​យានយន្ត​ និង​គ្រឿងចក្រ​នេះ​។

    សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​អះអាង​ថា​ ការ​កើនឡើង​ចំណូល​ពន្ធ​លើ​យានយន្ត​និង​គ្រឿងចក្រ​ គឺជា​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ធូរធារ​ ហើយដែល​តម្រូវ​ឱ្យ​ការប្រើ​ប្រាស់​យានយន្ត​ និង​គ្រឿងចក្រ​កាន់តែ​កើនឡើង​ ដើម្បី​ប្រើប្រាស់​សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ​ប្រើប្រាស់​ សម្រួល​ដល់​មុខរបរ​របស់​ខ្លួន​ និង​ដឹកជញ្ជូន​ទំនិញ​ជាដើម​ ដែល​ជំរុញ​នូវ​ចំណូល​ពន្ធ​យានយន្ត​ និង​គ្រឿងចក្រ​កើនឡើង​ផង​ដែរ​។

    បើ​តាម​សម្តេច​នាយក​រដ្ឋមន្ត្រី​ ចំណូល​គយ​ បើ​គិតជា​មធ្យម​មាន​ប្រមាណ​ 250លាន​ដុល្លារ​ក្នុង​ 1ខែ​ ហើយ​មាន​ខែ​ខ្លះ​ អាច​មាន​រហូតដល់​ 300លាន​ដុល្លារ​ ហើយ​ការ​ប្រមូល​ពន្ធ​នៅសល់​ពេល​ 2ខែ​ទៀត​សម្រាប់​ឆ្នាំនេះ​ ដូច្នេះ​ចំណូល​គយ​ឆ្នាំនេះ​ រំពឹង​ថា​ នឹង​កើនឡើង​លើ​ផែនការ​ 800លាន​ដុល្លារ​អាមេរិក​។

    សម្តេច​ ហ៊ុន​ សែន​ បញ្ជាក់​ទៀត​ថា​ ក្នុង​ 1ខែៗ​ កម្ពុជា​ប្រមូល​ចំណូល​សរុប​បាន​ប្រមាណ​ 500លាន​ដុល្លារ​អាមេរិក​ និង​ចំណាយ​ទៅវិញ​ប្រមាណ​ 300​លាន​ដុល្លារ​ នៅសល់​ 200លាន​ដុល្លារ​សម្រាប់​ការ​សន្សំ​ ដើម្បី​វិនិយោគ​ដោយខ្លួនឯង​ ដោយ​មិន​រង់ចាំ​តែ​ការ​វិនិយោគ​ពី​បរទេស​នោះ​ទេ​។

    លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ​ គឺ​បាន​មក​ដោយសារ​តែ​កម្ពុជា​ មាន​ស្ថិរភាព​នយោបាយ​ ការអនុវត្ត​កម្មវិធី​កែទម្រង់​របស់​ អ.គ.រ​(អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​)ស្របតាម​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ កែទម្រង់​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ ការ​ពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង​របស់​អង្គភាព​គយ​ និង​ការយល់​ដឹង​កាន់តែ​ទូលាយ​ ក្នុង​ការអនុវត្ត​កាតព្វកិច្ច​ ពន្ធអាករ​របស់​ធុរជន​ពាក់ព័ន្ធ​៕

  • ថៃ​ឈរ​លើ​គេ​ ​ជា​ប្រទេស​ផ្តល់​រង្វាន់​លី​ក​កំពូល​ច្រើនជាង​គេ​ ​ខណៈ​កម្ពុជា​នៅ​ក្រោម​គេ​បង្អស់​ក្នុង​តំបន់​អាស៊ាន​

    ថៃ​ឈរ​លើ​គេ​ ​ជា​ប្រទេស​ផ្តល់​រង្វាន់​លី​ក​កំពូល​ច្រើនជាង​គេ​ ​ខណៈ​កម្ពុជា​នៅ​ក្រោម​គេ​បង្អស់​ក្នុង​តំបន់​អាស៊ាន​

    ​បើ​គិត​ពី​ចំនួន​ប្រាក់​រង្វាន់​ប្រចាំ​លី​ក​របស់​ប្រទេស​នី​មួយ​ៗ​ក្នុង​តំបន់​អាស៊ាន​ដីគោក​នេះ​ ​ប្រទេស​ថៃ​បាន​ឈរ​លើ​គេ​ក្នុង​លំដាប់​ទី1​ ​ជា​ប្រទេស​ដែល​ផ្តល់​ប្រាក់​រង្វាន់​លី​ក​កំពូល​ច្រើនជាង​គេ​(​33ម៉ឺន​ដុល្លារ​)​ ​តាម​ពីក្រោយ​ដោយ​វៀតណាម​ ​(​10ម៉ឺន​ដុល្លារ​)​ ​លេខ3​ ​បាន​ទៅលើ​ប្រទេស​ឡាវ​ ​(​៣ម៉ឹ​នដុល្លារ​)​។​ ​ចំណែក​ប្រទេស​ដែល​ផ្តល់​ប្រាក់​រង្វាន់​លី​ក​កំពូល​តិច​ជាងគេ​គឺ​ប្រទេស​កម្ពុជា​ ​ដែល​ជើងឯក​ទទួល​បាន​ត្រឹមតែ​ ​1ម៉ឺន​ ​5ពាន់​ដុល្លារ​តែប៉ុណ្ណោះ​។​

    ​បើ​ក្រឡេក​មើល​ប្រទេស​ថៃ​វិញ​ ​លី​ក​កំពូល​បាន​បញ្ចប់​ទៅ​ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដោយ​ក្នុង​នោះ​ ​ពាន​លី​ក​កំពូល​របស់​ថៃ​ត្រូវ​បាន​គ្រង​ដោយក្រុម​បាល់ទាត់​ ​Chiang​ ​Rai​ ​United​ ​ទទួល​បាន​ប្រាក់​រង្វាន់​ ​10លាន​បាត​ ​(​ប្រហែល​ ​330,000ដុល្លារ​)​។​ ​លី​ក​លំដាប់​ទី2​ ​បាន​ទៅលើ​ក្រុមបាល់ទាត់​ ​BG​ ​Pathum​ ​United​ ​ទទួល​បាន​ប្រាក់​រង្វាន់​ ​5លាន​បាត​ ​(​160,000ដុល្លារ​)​។​ ​លី​ក​លំដាប់​ទី3​ ​បាន​ទៅលើ​ក្រុមបាល់ទាត់​ ​Khonkaen​ ​United​ ​(​មិនបាន​តួលេខ​ប្រាក់​រង្វាន់​)​ ​ចំណែក​ឯ​លី​ក​លំដាប់​ទី4​ ​បាន​ទៅលើ​ក្រុម​ ​Uttaradit​ ​ទទួល​បាន​ប្រាក់​រង្វាន់​ ​5សែន​បាត​ ​(​16,000ដុល្លារ​)​៕​



  • ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បំបែក​កំណត់ត្រា​អ្នកទស្សនា​ក្នុង​ថ្ងៃ​លើក​ពាន​

    ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បំបែក​កំណត់ត្រា​អ្នកទស្សនា​ក្នុង​ថ្ងៃ​លើក​ពាន​

    កាលពី​ល្ងាច​ម្សិលមិញ​នេះ​ ​ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​លើក​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ ​រដូវ​កាល2019​ ​មុន​បញ្ចប់​រដូវ​កាល​នៅ​ឯ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ ​ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​ជាង​ ​4,355នាក់​ ​ដែល​នេះ​ ​គឺជា​ចំនួន​អ្នកគាំទ្រ​ដែល​ច្រើនជាង​គេ​បង្អស់​មិនធ្លាប់​មាន​ក្នុង​កីឡដ្ឋាន​មួយ​នេះ​។​

    ​ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​យកឈ្នះ​ក្រុម​ភ្ញៀវ​អាស៊ី​អឺរ៉ុប​ ​យូ​ណាយ​ធី​ត​ ​ក្នុង​ការប្រកួត​លី​ក​កំពូល​កម្ពុជា​ ​ប្រចាំ​សប្តាហ៍​ទី25​ ​ក្នុង​លទ្ធផល​ ​6ទល់នឹង1​ ​និង​បាន​បន្ត​កំណត់ត្រា​មិនដែល​ចាញ់​របស់​ខ្លួន​ស្ទើរតែ​ពេញ​មួយ​រដូវ​កាល​ហើយ​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​លី​ក​កំពូល​កម្ពុជា​នឹង​បញ្ចប់​នៅ​សប្តាហ៍​ក្រោយនេះ​(​សប្តាហ៍​ទី26​)​ ​តែ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ដោយ​ស្វ័យប្រវត្តិ​ ​ដោយសារតែ​មាន​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​ក្រុម​លេខ2​ ​វិសាខា​ ​ដល់ទៅ​ពិន្ទុ​ ​ទើប​គណៈកម្មការ​រៀបចំ​ការប្រកួត​សម្រេច​ធ្វើពិធី​ប្រគល់​ពាន​ក្នុង​សប្តាហ៍​នេះ​តែម្តង​៕​


  • AFC​ ​ពិន័យ​កម្ពុជា​ ​3ម៉ឺន​ ​5ពាន់​ដុល្លារ​ ​តែ​ត្រូវ​បង់​តែ​ ​1ម៉ឺន​ប៉ុណ្ណោះ​

    AFC​ ​ពិន័យ​កម្ពុជា​ ​3ម៉ឺន​ ​5ពាន់​ដុល្លារ​ ​តែ​ត្រូវ​បង់​តែ​ ​1ម៉ឺន​ប៉ុណ្ណោះ​

    ​កាលពី​ពេល​កន្លងទៅ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ ​(​AFC​)​ ​បាន​ពិន័យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ចំនួន​ ​3ម៉ឺន​ ​5ពាន់​ដុល្លារ​ ​ដោយ​ ​2ម៉ឺន​ដុល្លារ​ត្រូវ​ព្យួរ​ទុក​សិន​ ​ករណី​ក្នុងអំឡុងពេល​ ​2ឆ្នាំ​ ​បើ​មាន​កំហុស​កើតឡើង​ម្តង​ទៀត​ ​AFC​ ​នឹង​ដកហូត​ ​2ម៉ឺន​ដុល្លារ​នោះ​តែម្ដង​។​ ​កម្ពុជា​ក៏​មាន​សិទ្ធិ​ប្តឹង​តវ៉ា​ដែរ​ ​ក្នុងអំឡុងពេល​ ​30ថ្ងៃក្រោយ​ចេញ​លិខិត​ពិន័យ​នេះ​។​

    ​ចំពោះ​មូលហេតុ​នៃ​ការ​ពិន័យ​ ​គឺ​ដោយសារតែ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មាន​កំហុស​ក្នុង​ការ​បញ្ចូល​ក្រុ​មណាហ្គាវើល​ដ៏​ ​ទៅ​ក្នុង​ពានរង្វាន់​ ​AFC​ ​CUP​ ​2019​ ​នៅពេល​ដែល​ក្រុម​មួយ​នេះ​គ្រង​ជើងឯក​លី​ក​កំពូល​កម្ពុជា​កាលពី​ឆ្នាំ2018​ ​ទាំង​ក្រុម​មួយ​នេះ​មិនបាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ត្រូវការ​របស់​ ​AFC​។​ ​

    ​ក្រៅពី​កម្ពុជា​ ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ ​(​AFC​)​ ​បាន​ចេញ​លិខិត​ពិន័យ​របស់​ខ្លួន​ដែល​ក្នុង​នោះ​ ​ក៏​មាន​ប្រទេស​ ​ឡាវ​ ​និង​នេប៉ាល់​ផង​ដែរ​ ​ដោយ​ប្រទេស​ទាំង2​ ​នេះ​បាន​រង​ពិន័យ​ពី​បទ​ផ្តល់​អាជ្ញាប័ណ្ណ​មិន​ត្រឹមត្រូវ​ដល់​ក្លិប​ក្នុង​ស្រុក​ឡើង​មកលេង​ពានរង្វាន់​ ​AFC​ ​CUP​ ​2019​៕​

    Courtesy: AFC logo

  • IMF​ ៖ សង្គ្រាម​ពាណិជ្ជកម្ម​ បាន​ផ្តល់​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា​

    IMF​ ៖ សង្គ្រាម​ពាណិជ្ជកម្ម​ បាន​ផ្តល់​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា​

    លោក​ Jarkko​ Turunen​ អនុប្រធាន​ផ្នែក​ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ Asia​ Pacific​ Department​ (APD​) និង​ជា​ក្រុមការងារ​បេសកកម្ម​ Article​IV​ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ឬ IMF​ (International​ Monetary​ Fund​) បាន​ធ្វើ​សេចក្តី​រាយការណ៍​សង្ខេប​ស្តី​ពីរ​បាយ​ការណ៍​របស់​លោក​នៅពេល​បេសកកម្ម​បាន​បញ្ចប់​ ដោយ​លោក​បាន​លើកឡើង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​បាន​ផ្តល់​ផល​ វិជ្ជមាន​មួយ​ចំនួន​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ដែល​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​កើនឡើង​នៃ​ការនាំចេញ​ ជាពិសេស​ទៅ​សហរដ្ឋអាមេរិក​ និង​លំហូរ​ទុន​វិនិយោគ​ពី​បរទេស​។

    ទន្ទឹម​នឹង​ការ​បង្ហាញ​សញ្ញា​វិជ្ជមាន​ ក្រុមការងារ​បេសកកម្ម​ ArticleIV​ នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF​)ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ក្នុង​ឆ្នាំ2020​ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ថមថយ​បន្តិច​ ដោយសារ​ការ​ថយ​ចុះ​កំណើន​នៃ​សេដ្ឋកិច្ច​សកល​ និង​តំបន់​ក្នុងរយៈពេល​ខ្លី​ និង​មធ្យម​ខាងមុខ​ ដោយសារ​ការ​កើនឡើង​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការ​កើនឡើង​នៃ​គោលនយោបាយ​គាំពារ​និយម​ (Protectionism​)។

    ក្រុម​បេសកកម្ម​របស់​ IMF​ មកកាន់​រាជធានី​ភ្នំពេញ​ក៏បាន​មើលឃើញ​នូវ​ការ​ធ្លាក់ចុះ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ ដែល​បណ្តាល​មក​ពី​ការ​ព្យួរ​កិច្ច​ព្រម​-ព្រៀង​ EBA​ ដែល​អាច​នឹង​កើតឡើង​ និង​អាច​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច​រយៈពេល​ខ្លី​។

    លោក​ Turunen​ មានប្រសាសន៍​ថា​៖“បរិយាកាស​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ការលូតលាស់​ រឹងមាំ​ និង​ការកែទម្រង់​រចនាសម្ព័ន្ធ​ ដែល​កំពុង​បន្ត​បាន​រួមចំណែក​ដល់​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ឆ្ពោះ​ទៅ​រក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ទោះជា​យ៉ាងនេះ​ក្តី​ សេដ្ឋកិច្ច​កម្ពុជា​នឹង​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ រាប់បញ្ចូល​ទាំង​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ និង​ការ​ផ្អាក​សក្តា​នុ​ពល​នៃ​ការ​ចូល​ទៅកាន់​ទីផ្សារ​អនុគ្រោះ​ ក្រោម​គម្រោ​ងអ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (the​ Everything​-but​-arms​ ឬEBA​) ដែល​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា​”។

    ហានិភ័យ​ធ្លាក់ចុះ​ផ្សេងទៀត​ រួមមាន​ការ​ធ្លាក់ចុះ​ពី​ការ​កើនឡើង​នៃ​ការ​គាំពារ​និយម​ពាណិជ្ជកម្ម​សកល​ដែល​អាច​រារាំង​ការនាំចេញ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​វិនិយោគិន​។ របាយការណ៍​ IMF​ក៏បាន​មើលឃើញ​ពី​ហានិភ័យ​ដែល​បណ្តាល​មក​ពី​ភាព​ងាយ​រងគ្រោះ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កើនឡើង​។ បើ​និយាយ​ពី​ជំហរ​សារពើពន្ធ​វិញ​ IMF​ ជឿជាក់​ថា​ ខ្លួន​នឹង​នៅតែ​មាន​អតិរេក​នៅ​ឆ្នាំនេះ​។

    លោក​ Turunen​ ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​ជាមួយនឹង​កំណើន​ប្រមាណ​ 7%នៅ​ឆ្នាំនេះ​ ដោយសារ​កំណើន​ការនាំចេញ​ និង​សកម្មភាព​វិស័យ​សំណង់​ ខណៈ​អតិផរណា​នៅ​ថេរ​ក្នុង​អត្រា​ 2.5​%។

    ក្នុងរយៈពេល​មធ្យម​ កំណើន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មានកម្រិត​មធ្យម​បន្ថែម​ទៀត​ ខណៈ​វដ្ត​អចលនទ្រព្យ​ និង​ឥណទាន​មាន​ភាព​ចាស់ទុំ​។ កំណើន​នៃ​ការនាំចេញ​ ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មានកម្រិត​មធ្យម​ផង​ដែរ​ ដែល​នាំ​ឱ្យ​មាន​ឱនភាព​គណនីចរន្ត​កើនឡើង​ដល់​ប្រមាណ​ 13.5​%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ឆ្នាំនេះ​។

    លោក​ Turunen​ មានប្រសាសន៍​ថា​៖ “លទ្ធផល​នៃ​ប្រាក់ចំណូល​នៅតែ​បន្ត​ ហើយដោយ​ សារ​ការ​-ខិតខំ​ប្រឹងប្រែង​ផ្នែក​រដ្ឋបាល​យ៉ាង​ខ្លាំង​ ប្រាក់ចំណូល​ពន្ធ​បាន​ឈាន​ដល់​ជិត​ 19​%នៃ​ GDP​ ក្នុង​ឆ្នាំ2018​ ។ ជា​លទ្ធផល​សមតុល្យ​សារពើពន្ធ​ឆ្នាំ2018​ បង្ហាញ​ពីអ​តិ​រេ​កជិត​ 1%នៃGDP​”។

    ដូចគ្នានឹង​ធនាគារពិភពលោក​ដែរ​ IMFមើល​ឃើញថា​ បំណុល​សាធារណៈ​នៅតែ​ទាប​នៅឡើយ​គឺ​ 28.6​% ហើយ​ប្រទេស​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​នៅ​តែ​មាន​ហានិភ័យ​ទាប​នៃ​ភាព​តានតឹង​បំណុល​ បើ​ទោះបីជា​មានការ​កើនឡើង​ ទាំង​ការ​ទូទាត់​បំណុល​ និង​ភាពជា​ដៃគូ​សាធារណៈ​-ឯកជន​ (PPPs​)ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​វិនិយោគ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ចាំបាច់​ក្ដី​។

    ទោះ​យ៉ាងណា​ លោក​ Turunen​ បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ បន្ថែម​ទៀត​នៃ​គោលនយោបាយ​ ដើម្បី​ដោះស្រាយ​ភាព​ងាយ​រងគ្រោះ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដែល​កើនឡើង​។ លោក​បាន​មានប្រសាសន៍​ថា​៖ “វិធានការ​អាទិភាព​ រួមមាន​ការអនុវត្ត​គោលនយោបាយ​ គោលដៅ​ ដូចជា​ទំហំ​ហានិភ័យ​ខ្ពស់​ និង​តម្រូវការ​វិធាន​ធន​សម្រាប់​ការ​ផ្តល់​ប្រាក់កម្ចី​អចលនទ្រព្យ​ ក៏ដូចជា​ការណែនាំ​អំពី​ការកំណត់​ប្រាក់កម្ចី​ គិតជា​តម្លៃ​សរុប​ដើម្បី​ដោះស្រាយ​ហានិភ័យ​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​”។

    ដោយ​មើលទៅ​មុខ​ ការអនុវត្ត​ដ៏​រឹងមាំ​នៃ​យុទ្ធសាស្ត្រ​ជំរុញ​ចំណូល​ថ្មី​ (2019​-2023​) ត្រូវ​បាន​ រំពឹង​ថា​ នឹង​ជួយ​ទ្រទ្រង់​កំណើន​ប្រាក់ចំណូល​តាមរយៈ​គោលនយោបាយ​ពន្ធ​ និង​កំណែទម្រង់​រដ្ឋបាល​ចំណូល​។ លោក​ Turunen​ បាន​មានប្រសាសន៍​ថា​៖“ការ​ចំណាយ​បន្ថែម​ គួរតែ​បន្ត​ឆ្ពោះទៅ​រក​ការ​វិនិយោគ​ ហេដ្ឋារចនាសម្ព័ន្ធ​អាទិភាព​ ក៏ដូចជា​ការ​ចំណាយ​លើ​វិស័យ​សុខាភិបាល​ និង​ការអប់រំ​នៅពេល​នេះ​ ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​ចំណាយ​”។

    មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​គូសបញ្ជាក់​បន្ថែម​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ស្ថិតនៅ​លើ​មាគ៌ា​ត្រឹមត្រូវ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​ រួម​ទាំង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ ជាពិសេស​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​រដ្ឋបាល​សារពើពន្ធ​ និង​ការកែទម្រង់​ផ្អែក​តាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ 2019​-2023​ សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​និង​បញ្ចៀស​រាល់​ហានិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ តាមរយៈ​ការ​ដាក់ចេញ​នូវ​កញ្ចប់​ថវិកា​ចំណាយ​បន្ថែម​ក្នុង​ឆ្នាំ2020​ ដើម្បី​គាំទ្រ​ដល់​ការបង្កើត​ការងារ​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​បង្កើន​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​។

    ទន្ទឹម​នេះ​ វិធានការ​ទាំងនេះ​ ក៏បាន​ផ្តោត​លើ​ការ​លើកកម្ពស់​ការប្រកួត​ប្រជែង​ និង​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ IMF ក៏បាន​លើកទឹកចិត្ត​ និង​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពន្លឿន​ការអនុវត្ត​វិធានការ​កំណែទម្រង់​ទាំងនេះ​ សំដៅ​សម្រេច​បាន​សមិទ្ធផល​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទាន់ពេល​វេលា​។

    ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​៖ “តាម​ការវាយតម្លៃ​របស់​ IMF​ ទោះបី​កំណើន​សេដ្ឋកិច្ច​សកល​មានការ​ថមថយ​ក្តី​ សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ2019​ នៅតែ​សម្រេច​បាន​នូវ​កំណើន​រឹងមាំ​ ក្នុងរង្វង់​អត្រា​ 7% ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​បន្ត​កំណើន​ខ្ពស់​នៃ​ការនាំចេញ​ និង​វិស័យ​សំណង់​ ខណៈ​ដែល​អតិផរណា​ ត្រូវ​បាន​រក្សា​ឱ្យ​ស្ថិត​ក្នុង​កម្រិតទាប​ប្រមាណ​ 2.5​%។ ទន្ទឹម​នេះ​ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ​ នៅ​បន្ត​ស្ថិត​ក្នុង​ភាពល្អ​ប្រសើរ​ ស្រប​ពេល​ដែល​បំណុល​សាធារណៈ​ ស្ថិត​ក្នុង​កម្រិត​ហានិភ័យ​ទាប​ ដែល​អាច​គ្រប់គ្រង​បាន​”។

    ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​បេសកកម្ម​ Article​ IV​ នៃ​ IMF​ ក្នុង​ការវាយតម្លៃ​សេដ្ឋកិច្ច​កម្ពុជា​ ព្រមទាំង​ដាក់ចេញ​នូវ​អនុសាសន៍​គោលនយោបាយ​ និង​ការ​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​ការ​កសាង​សមត្ថភាព​មន្ត្រី​កម្ពុជា​ឱ្យ​កាន់តែ​មាន​ជំនាញ​ និង​ចំណេះដឹង​ប្រសើរ​ជាង​មុន​ ជាពិសេស​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​លើ​ការ​ចងក្រង​ស្ថិតិ​ជា​រួម​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​-វិភាគ​ វាយតម្លៃ​ និង​រៀបចំ​គោលនយោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​៕

  • ទទួលទាន​លឿន​ និង​ទទួលទាន​យឺត​ មួយ​ណា​ឆាប់​ធាត់​ជាង​?មាន​គ្រោះ​ថា្នក់​ដល់​សុខភាព​ឬទេ​?

    ទទួលទាន​លឿន​ និង​ទទួលទាន​យឺត​ មួយ​ណា​ឆាប់​ធាត់​ជាង​?មាន​គ្រោះ​ថា្នក់​ដល់​សុខភាព​ឬទេ​?

    អ្នកតែង​តែ​មាន​បច្ចេកទេស​ និង​តិច​និ​កផ្សេង​ៗគ្នា​ ដើម្បី​សម្រក​ទម្ងន់​ និង​មាន​សុខភាព​ល្អ​។ ក្រៅពី​ការគ្រប់គ្រង​អាហារ​យ៉ាង​ហ្មត់ចត់​ហើយ​នោះ​ នៅ​មាន​តិច​និក​ជាច្រើន​ទៀត​សម្រាប់​ការ​ទទួលទាន​អាហារ​ជាច្រើន​ថែមទៀត​ ដែល​យើង​តាមដាន​មិនទាន់​។ ប៉ុន្តែ​មាន​វិ​ធី​ងាយ​ៗ ដែល​យើង​អាច​ចាប់ផ្តើម​ពី​ថ្ងៃនេះ​គឺ​ “ល្បឿន​ក្នុង​ការ​ទទួលទាន​អាហារ​”។

    ទទួលទាន​យឺត​ និង​ទទួលទាន​លឿន​
    យោង​តាម​ការសិក្សា​ស្រា​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ជប៉ុន​ ដែល​បាន​ប្រមូល​ទិន្នន័យ​ពី​អ្នក​កើតជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី2​ ចំនួន59,717​នាក់​បាន​រក​ឃើញថា​ អ្នក​ដែល​មានទម្លាប់​ទទួល​ទា​នយឺ​តៗ​ គឺ​មាន​ហានិភ័យ​ទាប​នៃ​ជំងឺ​ធាត់​ខ្លាំង​ជាង​អ្នក​ដែល​មានទម្លាប់​ទទួលទាន​លឿន​។ អ្នក​ឆ្លើយតប​ចំពោះខ្លួន​ឯង​ថា​ ជា​មនុស្សម្នាក់​ដែល​ទទួលទាន​ក្នុងរយៈពេល​ “ជាមធ្យម​” ក៏​មាន​ហា​និ​ភ័យ​នៃ​ជំងឺ​ធាត់​ជាង​អ្នក​ដែល​ទទួលទាន​យឺត​ ក៏ប៉ុន្តែ​នៅតែ​តិច​ជាង​អ្នក​ដែល​ទទួលទាន​លឿន​។មួយវិញទៀត​ អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា​ អ្នក​ដែល​មានទម្លាប់​ទទួលទាន​លឿន​ គឺ​មាន​ហា​និ​ភ័យ​ខ្ពស់​ក្នុង​ការ​ឡើង​ទម្ងន់​ជាង​អ្នក​ដែល​ទទួល​ទា​នយឺ​តៗ​ ឬធម្មតា​។ ព្រោះ​ពេល​យើង​ទំ​ពា​អាហារ​ គឺ​សញ្ញា​ស្រេកឃ្លាន​របស់​យើង​ វា​ត្រូវ​បាន​ផ្លាស់​ប្តូរ​ចរ​ន្ដ​ពី​ក្រពះ​ទៅកាន់​ខួរក្បាល​ជំនួស​វិញ​ ហើយ​ខួរក្បាល​នឹង​ចំណាយពេល​ប្រហែល​20នាទី​ ដើម្បី​បញ្ចូន​សារ​មក​ឱ្យ​រាងកាយ​ឱ្យ​ឈប់​ទទួលទាន​។ ដូច្នេះ​បើ​យើង​ទទួល​ទាន​លឿន​ៗ មុន​ពេល​ខួរក្បាល​បញ្ជា​ឱ្យ​រាងកាយ​ឈប់​នោះ​ យើង​ក៏​មាន​អារម្មណ៍​ថា​ ឆ្អែត​ ហើយនឹង​ឈប់​ទទួលទាន​ភ្លាម​ៗតែម្ដង​។ បើ​យើង​ទទួលទានបាយ​ច្រើនជាង​ម្ហូប​ ដូច្នេះ​អ្នក​ដែល​ទទួលទាន​នឹង​មាន​អារម្មណ៍​ថា​ឆ្អែត​ពេក​រហូតដល់​តឹងណែន​ពោះ​មិន​ស្រួល​ទៅវិញ​ ព្រោះ​នៅពេល​ដែល​យើង​ដឹងខ្លួន​ថា​ឆ្អែត​ហើយ​ តែ​យើង​នៅតែ​បន្ដ​ទទួលទាន​ច្រើន​ ហើយ​លឿន​ៗទៀត​។ប្រសិនបើ​អ្នក​ទម្លាប់​ទទួលទាន​លឿន​បែប​នេះ​រាល់ថ្ងៃ​ អា​ចប​ណ្តោល​ឱ្យ​ឈឺក្រពះ​ ពិបាក​ក្នុង​ការ​លេប​ឆ្លងកាត់​បំពង់​រំលាយអាហារ​ និង​មិន​បាន​ស្រូប​យក​អាហារ​បំប៉ន​ដែល​ចាំបាច់​សម្រាប់​រាងកាយ​ ហើយ​នៅ​បង្កើន​បញ្ហា​ហើមពោះ​ក្រោយ​ពេល​ទទួលទាន​ថែមទៀត​។ ការ​ទទួលទាន​លឿន​ពេក​ អា​ចប​ណ្តោល​ឱ្យ​រាងកាយ​មិន​អាច​ទប់ស្កាត់​ភាព​អសកម្ម​នៃជា​តិ​ខ្លាញ់​ និង​ជាតិ​ស្ករ​ ដូច្នេះ​វា​ប៉ះពាល់​ដល់​ការគ្រប់គ្រង​នៃ​អាំង​ស៊ុយ​លីន​ ហើយ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។ ដូច្នេះ​ ដើម្បី​រក្សា​ប្រព័ន្ធ​រំលាយអាហារ​ឱ្យ​មាន​សុខភាព​ល្អ​ អ្នកចាំ​បាច់​ត្រូវ​ទទួល​ទា​នយឺ​តៗ​ ដើម្បី​ទំពា​អាហារ​ឱ្យ​ម៉ដ្ឋ​មុននឹង​លេប​ចូល​ទៅ​ក្នុង​ក្រពះ​។ ការ​ធ្វើបែប​នេះ​អាច​ជួយ​ឱ្យ​រាងកាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ល្អ​ ហើយ​ក្រពះ​មិនសូវ​ធ្វើការ​ធ្ងន់​ផង​ដែរ​។ គន្លឹះ​ក្នុង​ការ​ទទួល​ទាន​អាហារ​ឱ្យ​ឆ្អែត​លឿន​ មិនមែន​ទទួលទាន​អា​ហារ​ឱ្យ​លឿន​ឡើង​នោះ​ទេ​ ព្រោះ​ការ​ទទួលទាន​លឿន​ រូបរាង​របស់​អ្នក​ក៏​ឡើង​ធាត់​លឿន​ដែរ​។ អ្នក​គួរតែ​សាកល្បង​គន្លឹះ​ដូច​ខាងក្រោម​នេះ​ ដើម្បី​មាន​រាង​ស្អាត​ និង​មាន​សុខភាព​ល្អ​៖
    1. ទំពា​អាហារ​ឱ្យ​បាន​ច្រើនដង​នៅក្នុង​មួយ​ដុំ​ៗ ដោយសា​កល្បង​រាប់​លមើល​ថា1ដុំ​ ត្រូវ​ទំពា​ឱ្យ​បាន​លឿន​បំផុត15ទៅ30ដង​។
    2. ប្រើ​រយៈពេល​ក្នុង​ការ​ទទួលទាន​អាហារ​ឱ្យ​បាន​ពី​ 20​-30នាទី​ក្នុង​មួយ​ពេល​អាហារ​។
    3. ក្រេប​ទឹ​កខ្លះ​ៗខណៈ​ពេល​កំពុង​ទំពា​អា​ហារ​ (មិន​លើស​ពី1​-2កែវ​) ជួយ​ឱ្យ​ឆ្អែត​លឿន​ជាង​មុន​។
    4. ដាក់​ស្លាបព្រា​នៅ​លើ​ចាន​ខណៈ​ពេល​ទំពា​អាហារ​ ព្រោះ​បើ​កាន់​ស្លាបព្រា​ខណៈ​ពេល​កំពុង​ទំពា​អាហារ​អាច​ធ្វើ​ឱ្យ​អ្នកចេះ​តែ​ចង់​ដួស​អាហារ​បន្ទាប់​ ហើយ​អាច​ទទួលទាន​លឿន​ឡើង​។ប្រសិនបើ​អ្នក​ព្យាយាម​កែសម្រួល​ល្បឿន​ និង​ពេលវេលា​នៃ​អាហារ​បន្តិច​ម្តង​ៗ វា​នឹងអាច​ជួយ​ឱ្យ​អ្នកទទួល​ទាន​អាហារ​យ៉ាង​ងាយស្រួល​ជាង​មុន​ និង​មិន​ភ័យខ្លាច​រឿង​ជំងឺ​ធាត់​។ សូម​ព្យា​យាម​សាកល្បង​គន្លឹះ​ខាងលើ​ ដើម្បី​ថែរក្សា​សុខ​ភាព​អ្នក​ឱ្យ​កាន់តែ​ប្រសើរ​ ហើយ​វា​ក៏​ជា​វិធីសាស្ត្រ​ក្នុង​ការ​រក្សា​ទម្ងន់​ឱ្យ​នៅ​ថេរ​ មិន​ងាយ​ឡើង​ទៅ​តាមចំណង់​នៃ​ការ​ទទួលទាន​ផង​ដែរ​៕

  • ឌួង​ ​ហ្សូ​រី​ដា​ ​និង​ ​ឌួង​ ​ហ្សូ​រី​ម៉ា​ ​លើក​ពាន​ឆ្នើម​នៅ​ប្រទេស​ថៃ​ ​

    ឌួង​ ​ហ្សូ​រី​ដា​ ​និង​ ​ឌួង​ ​ហ្សូ​រី​ម៉ា​ ​លើក​ពាន​ឆ្នើម​នៅ​ប្រទេស​ថៃ​ ​

    ​ថ្មី​ៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​និង​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ម៉ា​ ​បាន​បង្ហោះ​ឱ្យ​ដឹង​ថា​ ​អ្នក​ទាំងពីរ​ទទួល​បាន​កិត្តិយស​យ៉ាង​ខ្លាំង​ ​នៅក្នុង​ពិធី​ប្រគល់​ពាន​ឆ្នើម​ ​ជូន​ដល់​ស្រ្តី​ៗ​ជា​អ្នកជំនួញ​ម្ចាស់​ផលិតផល​ពី​បណ្ដា​ប្រទេស​ជាច្រើន​។​ ​ពិធី​នោះ​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​ទទួល​បាន​ពាន​ជា​ស្ត្រី​ឆ្នើម​ ​ក្នុងនាម​ជា​ម្ចាស់​ផលិតផល​ ​MUDHITA​ ​GS​-​2113​ ​ខណៈ​ដែល​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ម៉ា​ ​ទទួល​បាន​ពាន​ឆ្នើម​ ​ជា​ម្ចាស់​ប្រេន​ ​N27​។​ ​

    ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​បង្ហោះ​ថា​«​នេះ​ជាពិធី​ប្រគល់​ពានរង្វាន់​កិត្តិ​សយ​ដល់​បុគ្គល​ឆ្នើម​ជា​ថ្នាក់ដឹកនាំ​ល្អ​ភារកិច្ច​គ្រប់មុខ​ជំនួញ​ជោគជ័យ​ ​និង​ពាន​កិត្តិយស​ផលិតផល​មានគុណ​ភាពល្អ​ល្បីឈ្មោះ​បំផុត​សំរាប់​ ​ឆ្នាំ2019​ ​និង​ជាម​ហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែរ​បាន​ប្រគល់​ដោយ​ ​លោក​ ​ឯកឧត្តម​ឧត្តម​សេនីយ​ ​ជិ​ក​សាក់​ ​ចេរិ​ន​ ​សម្បត្តិ​»​។​ ​

    ​ផ្អែកលើ​ខ្លឹមសារ​ខាងលើ​ ​គេ​អាច​ដឹង​បាន​ថា​ ​ពានរង្វាន់​ដែល​កម្មវិធី​ប្រគល់​ឱ្យ​ ​គឺ​លុះត្រាតែ​ផលិតផល​នោះ​ ​ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រ​សួង​ពាណិជ្​ចក​ម្ម​ ​ក្រសួងសុខាភិបាល​ ​និង​មាន​វេជ្ជ​បណ្ឌិត្យ​ដែល​មាន​ឯកទេស​ច្បាស់លាស់​ឈរឈ្មោះ​។​ ​ផលិតផល​ក៏​ត្រូវតែ​ជា​ម៉ាក​ល្បី​ ​និង​មាន​ទីផ្សារ​ក្នុង​ជំនួញ​ផលិតផល​ថែរក្សា​សម្រស់​ ​និង​សុខភាព​ផង​ដែរ​។​ ​អ៊ីចឹង​ហើយ​ ​ទើប​មានការ​សរសើរ​ថា​ ​កញ្ញា​ ​ពិតជា​ជោគជ័យ​ ​ចាប់តាំងពី​បើក​ជំនួញ​ផលិតផល​អន​ឡា​ញន៍​។​

    ​យ៉ាងណាមិញ​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​គឺជា​មោទនភាព​យ៉ាង​ខ្លាំង​ ​ដែល​ ​ផលិតផល​ដែល​ក្រុមហ៊ុន​ ​MUDHITA​ ​Trading​ ​Co.LTD​ ​របស់​ ​នាង​មាន​ផលិតផល​នាំចូល​ផ្ដាច់មុខ​ដល់ទៅ២​ ​ជាប់​ជា​ផលិត​ផល​ស្ដ​ង់​ដា​ ​នៅក្នុង​វេទិកា​ ​:​trophy:Standardization​ ​Products​ ​2019​ ​ប្រចាំ​ប្រទេស​ថៃ​៕​




  • អាការៈ​របស់​អ្នក​ដែល​ឆ្លង​មេរោគ​ “ឆ្កែឆ្កួត​”

    អាការៈ​របស់​អ្នក​ដែល​ឆ្លង​មេរោគ​ “ឆ្កែឆ្កួត​”

    រហូតមកដល់​ពេល​បច្ចុប្បន្ន​ នៅពេល​អ្នកជំងឺ​ឆ្លង​មេរោគ​ឆ្កែឆ្កួត​ និង​ចាប់ផ្ដើម​បង្ហាញ​អាការ​ខាង​ប្រព័ន្ធ​ប្រសាទ​ នឹង​មាន​អត្រា​ការ​ស្លាប់​ដោយសារ​ជំងឺ​នេះ​ដល់ទៅ​ 100​%ហើយ​គឺ​ មិនទាន់​ឃើញ​មានការ​ព្យាបាល​ជំងឺឆ្កែឆ្កួត​បាន​ឡើយ​ តែ​សំណាងល្អ​ដែល​ផ្នែក​វេជ្ជសាស្ត្រ​អាច​រក​ឃើញ​វ៉ាក់សាំង​ដែល​ជួយការ​ពារ​មេរោគ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ប្រសាទ​ក្នុង​រាងកាយ​មនុស្ស​បាន​ តែ​ត្រូវ​ប្រញាប់​ចាក់​ឱ្យ​អ្នក​ដែល​ត្រូវ​សត្វ​ឆ្កែខាំ​ ឬត្រូវ​សត្វ​ឆ្កែ​លិទ្ធ​កន្លែង​ដែល​មាន​ដំបៅ​ ឬស្នាមរបួស​ មុន​ពេល​ដែល​រាងកាយ​អ្នកជំងឺ​ឆ្លង​មេរោគ​ចូល​រហូត​បង្ហាញ​អាការ​ចេញ​មក​។នៅពេល​ដែល​មនុស្សជា​ច្រើន​បានដឹង​រឿង​នេះ​ហើយ​ ទើប​បច្ចុប្បន្ន​ចាប់ផ្ដើម​មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​ឆ្កែឆ្កួត​ថយ​ចុះ​ រហូត​អាច​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​លែង​បានដឹង​ថា​ អាការ​របស់​អ្នក​ដែល​ឆ្លង​មេរោគ​ឆ្កែឆ្កួត​មែនទែន​នោះ​យ៉ាងណា​ខ្លះ​ និង​អាច​កើតការ​យល់​ច្រឡំ​តាមរយៈ​ព័ត៌មាន​នៅ​ក្នុង​អុីន​ធើ​ណិ​តដែល​បាន​ចែក​រំ​លែ​កតៗ​គ្នា​នោះ​បាន​ទៀតផង​ ដូច្នេះ​ពេលនេះ​យើង​នាំគ្នា​មក​ដឹងពី​អាការ​របស់​អ្នក​ឆ្លង​មេរោគ​ឆ្កែឆ្កួត​ដែល​ការពិត​ទៅ​មាន​សភាព​យ៉ាងណា​ខ្លះ​ដូចតទៅ​…។

    អាការៈ​របស់​អ្នក​ដែល​ឆ្លង​មេរោគ​ឆ្កែឆ្កួត​
    រយៈ​ដំបូង​ អ្នកជំងឺ​អាច​មាន​គ្រុន​ក្ដៅ​តិច​ៗ ឈឺក​ មិន​ឃ្លាន​អាហារ​ បន្ទាប់ពី​នោះ​អាច​មាន​អារម្មណ៍​ឈឺផ្សា​ក្ដៅ​នៅត្រង់​កន្លែង​ដែល​ត្រូវ​ឆ្កែ​ខាំ​ ទោះជា​ស្នាមរបួស​ជា​សះ​ហើយក៏​ដោយ​។ តមក​នឹង​ចាប់ផ្ដើម​ពិបាក​ក្នុង​ការ​លេបទឹក​ និង​អា​ហារ​ ដោយសារ​មាន​អាការ​ឈឺ​ដែល​បណ្ដាល​មក​ពី​ការ​ពង្រឹង​ខ្លួន​របស់​សាច់ដុំ​ដែល​ធ្វើការ​លើ​ការ​លេប​។ ចាប់ផ្ដើម​មាន​អាការ​ខ្លាច​ទឹក​ ឡេះ​ឡះ​ឆ្លេឆ្លា​ មិន​ចូលចិត្ត​កន្លែង​ភ្លឺ​ៗ ខ្យល់​ និង​សំ​ឡេង​ឮខ្លាំង​ អាច​មាន​ទឹក​មា​ត់​ស្អិត​ៗ ខាប់​ៗហៀរ​ចេញ​មក​តាម​មាត់​ រហូត​ចុងក្រោយ​លែង​មាន​សតិ​ស្មារតី​ ប្រកាច់​ ស្ពឹក​មួយ​កំណាត់​ខ្លួន​ និង​ស្លាប់​បាត់បង់ជីវិត​នៅទីបំផុត​។

    តើ​ត្រូវ​ធ្វើ​យ៉ាងណា​ពេល​ត្រូវ​ឆ្កែខាំ​ ឬលិទ្ធ​ចំ​កន្លែង​ដំបៅ​ ឬស្នាមរបួស​?
    1. ប្រញាប់​លាង​ស្នាមរបួស​ឱ្យ​បាន​លឿន​បំ​ផុត​ លាង​ដោយ​ទឹក​ស្អាត​ ជាមួយ​សាប៊ូ​ ឬថ្នាំ​សម្លាប់​មេរោគ​ ដូចជា​ថ្នាំ​បេ​តា​ឌីន​ ឬទឹ​កអាល់​កុល70​% និង​ព្យាយាម​លាង​ចូល​ឱ្យ​ជ្រៅ​ទៅដល់​បាត​ស្នាមរបួស​។ ទាំងអស់​នេះ​ បើ​ទំហំ​របស់​ស្នាមរបួស​ និង​ទីតាំង​របស់​ស្នាមរបួស​រឹតតែ​នៅ​ជិត​ខួរក្បាល​ប៉ុនណា​ ក៏​រឹតតែ​ប្រថុយប្រថាន​នឹង​រយៈពេល​សម្ងំ​ពង្រីក​ខ្លួន​របស់​មេរោគ​ដែល​នឹង​ចូល​ទៅដល់​ខួរក្បាល​បាន​លឿន​ប៉ុន​នោះ​ដែរ​។2. ទទួល​សារធាតុ​ប្រឆាំង​ការពារ​ ដើម្បី​ឱ្យ​ចូល​ ទៅ​បំផ្លាញ​មេរោគ​មិន​ឱ្យ​ចូល​ទៅដល់​សរ​សៃ​ប្រសាទ​ ដោយ​នឹង​ផ្ដល់​សារធាតុ​តតាំង​ដំ​ណា​លគ្នា​ការ​ចាក់ថ្នាំ​វ៉ាក់សាំង​ការពារ​។ ចាក់​ជុំ​វិញ​ស្នាមរបួស​ដែល​ត្រូវ​សត្វ​ខាំ​ តែបើ​គ្មាន​ស្នាម​របួស​ ដូចជា​ត្រូវ​សត្វ​លិទ្ធ​មាត់​ ឬទឹកមាត់​សត្វ​ខ្ទាត​ចូល​ភ្នែក​អាច​ចាក់ថ្នាំ​តាម​សាច់ដុំ​បាន​។
    3. ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ចាក់​វ៉ាក់សាំង​ ការពារ​ជំងឺឆ្កែឆ្កួត​ ដើម្បី​ឱ្យ​រាងកាយ​មាន​ប្រព័ន្ធ​ប្រឆាំង​ឡើង​មក​បំផ្លាញ​មេរោគ​ដោយ​ខ្លួនឯង​៕

  • អបអរសាទរ កូនខ្មែរអាចដណ្តើមបានមេដាយ​ពី Robotics Olympiad ពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

    អបអរសាទរ កូនខ្មែរអាចដណ្តើមបានមេដាយ​ពី Robotics Olympiad ពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

    យុវជនកម្ពុជា 1ក្រុម​ដែលបានចេញទៅប្រកួតគ្រឿងយន្តស្វ័យប្រវត្តិ Robotics Olympiad នៅទីក្រុងឌូបៃកាលពីពេលថ្មីៗនេះ និងបានទទួលលទ្ធផលប្រកបដោយភាពវិជ្ជមានសម្រាប់ប្រទេស ដោយពួកគេដណ្តើមបានមេដា​យ International Enthusiasm។ នេះបើតាមការបញ្ជាក់របស់ក្រសួងអប់រំយុវជន និងកីឡា នៅពេលមុននេះបន្តិច។

    ក្រសួង​អប់រំ បានបញ្ជាក់ថា សិស្សានុសិស្សដែលបានទទួលមេដាយនេះមានចំនួន 5នាក់ មកពីសាលា E2STEM ព្រមទាំងគ្រូ 2នាក់តំណាងឱ្យប្រទេសកម្ពុជា ដែលបានចូលរួមប្រកួតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី22 ដល់ថ្ងៃទី27 ខែតុលា ឆ្នាំ2019នេះ។ ការប្រកួតនេះ គឺផ្តោតលើការប្រើប្រាស់​រ៉ូបូត ដើម្បីសម្អាតកាកសំណល់នានាក្នុងមហាសមុទ្រ។

    ក្នុងកម្មវិធីនេះ ក្រុមរបស់កម្ពុជាបានក្លាយជាក្រុម​ដែលមានចំណាត់ថ្នាក់ខ្ពស់បំផុត3 នៃតំបន់អាស៊ាន និងស្ថិតក្នុងលំដាប់ថ្នាក់ទី37 ក្នុងចំណោម​ប្រទេស 189លើពិភពលោក។ មេដាយដែលក្រុមកម្ពុជាទទួលបានគឺមេដាយប្រាក់ International Enthusiasm Award ដែលនេះជាមោទនភាពថ្មីមួយសម្រាប់កម្ពុជា៕