Category: សង្គម និងសេដ្ឋកិច្ច

  • សិស្ស​កម្ពុជា​ 8រូប​មក​ពី​បង្ហាញ​វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​ទៅកាន់​សិស្ស​នៅ​អាមេរិក​

    សិស្ស​កម្ពុជា​ 8រូប​មក​ពី​បង្ហាញ​វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​ទៅកាន់​សិស្ស​នៅ​អាមេរិក​

    សិស្ស​សា​លា​វ៉េស្ទឡា​ញន៍​ចំនួន​ 8រូប​បាន​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក​វិញ​ហើយ​បន្ទាប់ពី​បាន​ចំណាយ​ពេលវេលា​ប្រមាណ​ 3សប្តាហ៍​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធ​រវាង​សាលារៀន​ និង​សាលា​រៀន​ (International​ School​ to​ School​ Experience​) នៅ​សហ​ដ្ឋ​អាមេរិក​។

    សិស្ស​ឈ្មោះ​ ផាន​ សុមនា​ ដែល​ទើបនឹង​ត្រឡប់​មក​ពី​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធ​នៅ​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ថា​ ប្អូន​ទទួល​បាន​បទ​ពិ​សោ​ធថ្មី​ៗគួរ​ឱ្យ​ចាប់អារម្មណ៍​ជាច្រើន​នៅ​លើទឹក​ដី​នៃ​រដ្ឋ​ Colorado​ បន្ទាប់ពី​បាន​រស់នៅ​ និង​ស្វែងយល់​ពី​វប្បធម៌​ប្រពៃណី​ រួម​ទាំង​របៀប​នៃ​ការរស់នៅ​ជាមួយ​គ្រួសារ​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ផ្ទាល់​។ ក្រៅពី​នេះ​ ប្អូន​ក៏​បាន​សិក្សា​ស្វែងយល់​ពី​ចំណុច​ពិ​សេស​ៗជាច្រើន​បន្ថែម​ទៀត​សម្រាប់​ការរស់នៅ​ទីនោះ​ ដូចជា​អាហារ​ អាកាសធាតុ​ និង​ការ​ប្រាស្រ័យ​ទំនាក់ទំនង​ជាដើម​ ដែល​អាច​ធ្វើ​ឱ្យ​ប្អូន​ស្គាល់​កាន់តែ​ច្បាស់​ ហើយ​អាច​ងាយ​សម្រប​ខ្លួន​បាន​ល្អ​ប្រសិនបើ​ប្អូន​បាន​ទៅ​សិក្សា​នៅ​ទី​នោះ​នា​ថ្ងៃ​អនាគត​។

    យុវ​សិស្ស​ ផាន​ សុមនា​ បាន​និយាយ​ថា​៖ “ក្រៅ​ពី​ការ​ស្វែងយល់​ និង​សិក្សា​ពី​ការរស់នៅ​សហរដ្ឋអាមេរិក​ យើង​ទាំងអស់គ្នា​ក៏បាន​ឆ្លៀតយក​ឱកាសល្អ​នេះ​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ ទំនៀមទម្លាប់​ និង​អ្វី​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ​ជាច្រើន​ដល់​សិស្ស​នៅ​អាមេរិក​ផង​ដែរ​។ ពួកគេ​មាន​អារម្មណ៍​ថា​ រីករាយ​ ហើយ​ចង់​មក​កម្ពុជា​ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់​ពី​ការរស់នៅ​ដ៏​ល្អ​ និង​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់​ប្រជាជន​ខ្មែរ​”។

    អាណាព្យាបាល​សិស្ស​មួយ​រូប​ដែល​បាន​បញ្ចូន​កូន​ទៅ​ចូលរួម​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធ​នៅ​សហរដ្ឋអាមេរិក​ លោក​ ស សា​រ័ត្ន​ បាន​លើកឡើង​ថា​ លោក​មាន​អារម្មណ៍​រីករាយ​នៅពេល​ដែល​បានឃើញ​កូន​ត្រឡប់​មក​ពី​ផ្លាស់​ប្តូរ​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃនេះ​ដោយ​ទទួល​បាន​នូវ​បទ​ពិសោធ​ច្រើន​ ហើយ​ថែមទាំង​បាន​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ពី​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​របស់​ខ្មែរយើង​ទៅកាន់​អាមេរិក​ថែមទៀត​ផង​។ លោក​យល់ថា​ ការ​បញ្ជូន​កូន​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​លើក​នេះ​ នឹង​ធ្វើកូន​របស់​គាត់​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ ព្រោះ​រាល់ពេល​ដែល​កូន​របស់​គាត់​ចេញទៅ​កម្មវិធី​នានា​នៅ​បរទេស​ ហើយ​ត្រឡប់មកវិញ​គេ​កាន់តែ​ខិតខំ​ប្រឹងប្រែង​ និង​មាន​សេចក្តី​ក្លាហាន​ខ្លាំង​ជាង​មុន​។ លើស​ពីនេះ​ទៅទៀត​ អ្វី​ដែល​ជា​ចំណុច​ល្អ​នោះ​គឺ​កូន​របស់​គាត់​នឹង​អាច​ស្វែងយល់​ ហើយ​សម្រប​ខ្លួន​បាន​ល្អ​ប្រសិនបើ​ថ្ងៃក្រោយ​គាត់​មានឱកាស​ទៅ​សិក្សា​នៅ​បរទេស​ ព្រោះ​គាត់​បាន​ស្គាល់​ និង​ដឹងពី​ស្ថានភាព​ជាក់ស្តែង​តាំងពី​គាត់​នៅក្មេង​មក​ម៉្លេះ​។

    លោកស្រី​ អុី​ សោភា​ តំណាង​ឱ្យ​នាយក​-នាយិកា​នៃ​សាលា​រៀ​នវ៉េស្ទ​ឡា​ញន៍​ និង​ណត្ស​ឡា​ញន៍​ បាន​ថ្លែង​ថា​ ការ​ផ្លាស់​ប្តូរ​របស់​សិស្សានុសិស្ស​ទៅកាន់​សហរដ្ឋអាមេរិក​លើក​នេះ​ ជា​ចំណុច​ពិសេស​មួយ​ដែល​អាច​ធ្វើ​ឱ្យ​សិស្ស​អភិវឌ្ឍ​សមត្ថភាព​បាន​កាន់តែ​ប្រសើរ​ជាមួយនឹង​បទ​ពិសោធ​ជាក់ស្តែង​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ប្រជាជន​នៅ​អាមេរិក​។

    លោកស្រី​បាន​ថ្លែងអំណរគុណ​ដល់​អាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​បាន​សហការ​ល្អជា​មួយ​សាលា​ និង​ចូលរួម​ចំណែក​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការរៀបចំ​កម្ម​វី​ធី​ដ៏​មាន​សារៈសំខាន់​នេះ​ទទួល​បាន​ជោគជ័យ​នា​ថ្ងៃនេះ​។ លោកស្រី​លើកទឹកចិត្ត​ឱ្យ​អាណាព្យាបាល​ព្យាយាម​យកចិត្ត​ទុកដាក់​ និង​ផ្តល់​ឱកាស​ឱ្យ​កូន​កាន់​តែ​ច្រើន​ដើម្បី​ស្វែងយល់​ពី​ការអប់រំ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​នៅក្នុង​ពិភពលោក​ ដែល​ជា​ចំណុច​ដ៏​សំខាន់​ក្នុង​ការ​ប្រែក្លាយ​ពួកគេ​ឱ្យ​ក្លាយជា​ធនធាន​មនុស្ស​ប្រកប​ដោយសក្តានុពល​នៅ​ថ្ងៃ​អនាគត​។

    គួរ​បញ្ជាក់​ថា​ ការ​ទស្សនកិច្ច​សិក្សា​នេះ​ មិន​ត្រឹមតែ​ជា​ដំណើរ​កម្សាន្ត​ប៉ុណ្ណោះទេ​ តែ​សិស្សានុសិស្ស​ នឹង​ស្វែងយល់​ពី​ វប្បធម៌​ អរិយធម៌​ ទំនៀមទម្លាប់​ នៃ​ប្រជាជន​ក្នុង​តំបន់​នៃ​រដ្ឋ​ ខូ​លូ​រ៉ា​ដូ​ ( Colorado​ ) ជាពិសេស​ ប្អូន​ៗ នឹង​យល់ដឹង​ស៊ីជម្រៅ​ពី​ការរស់នៅ​ប្រចាំថ្ងៃ​ តាមរយៈ​ការ​ស្នាក់នៅ​ ជាមួយ​ក្រុម​គ្រួសារ​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ផ្ទាល់​ ។ បន្ថែម​ពី​ចំ​នេះ​ដឹង​ទាំងនេះ​ ក្រុមហ៊ុន​វេស​ឡាញ​ បាន​សហការ​ជាមួយ​សាលា​ Angevine​ Middle​ School​ នៅ​សហរដ្ឋអាមេរិក​ ដើម្បី​ប្អូន​ៗ អាច​ទទួល​បាន​បទ​ពិសោធ​ក្នុង​ការ​-សិក្សា​ថ្មី​ៗ ដើម្បី​មក​ចែករំលែក​ដល់​សិស្សានុសិស្ស​ដទៃទៀត​នៃ​សាលា​រៀ​នវ៉េស្ទ​ឡា​ញន៍​ សាលារៀន​ណត្ស​ឡា​ញន៍​ ដែល​ពុំ​ទាន់បាន​ចូលរួម​ផង​ដែរ​។ មួយ​វិញទៀត​ ដើម្បី​ជា​ការ​អបអរសាទរ​ ដល់​ប្អូន​ៗ ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​ និង​ក្លាហាន​ ក្នុង​ការប្រកួត​ ប្រជែង​វិញ្ញាសា​ រហូត​ទទួល​បាន​លទ្ធផល​ល្អ​ ។ ក្នុង​នោះ​ ក្រុមហ៊ុន​បាន​រៀបចំ​ក្នុង​ការ​ហ្វឹកហាត់​សិស្សានុសិស្ស​ឱ្យ​ចេះ​រៀន​រស់នៅ​ដោយ​ឯករាជ្យ​ភាព​ ការ​ចេះ​គោរព​ស្រលាញ់​អ្នកដទៃ​ ការ​ធ្វើការ​ជា​ក្រុម​ ការ​ហ្វឹកហាត់​ភាសាអង់គ្លេស​បែប​ប្រាស្រ័យ​ទាក់ទង​ និង​ចំណេះដឹង​ពី​វប្បធម៌​ខ្មែរ​ជាច្រើន​ទៀត​ ដើម្បី​ចែករំលែក​ដល់​សិស្សានុសិស្ស​នៅ​សហរដ្ឋអាមេរិក​៕

  • ក្រុមហ៊ុន​ ​TikTok​ ​ដែល​សម្រេចចិត្ត​បង្កើត​ស្មា​ត​ហ្វូ​ន​ផ្ទាល់ខ្លួន​ ​ឥឡូវ​ចេញ​រូបរាង​ហើយ​

    ក្រុមហ៊ុន​ ​TikTok​ ​ដែល​សម្រេចចិត្ត​បង្កើត​ស្មា​ត​ហ្វូ​ន​ផ្ទាល់ខ្លួន​ ​ឥឡូវ​ចេញ​រូបរាង​ហើយ​

    ​ByteDance​ ​ដែល​ជា​ក្រុមហ៊ុនមេ​របស់​កម្មវិធី​បណ្ដាញ​សង្គម​ល្បីល្បាញ​ ​TikTok​ ​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​ជាលើកដំបូង​ហើយ​ ​ដែល​មានឈ្មោះ​ថា​ ​Jianguo​ ​Pro​ ​3​។​

    ​ស្មា​ត​ហ្វូ​ននេះ​ត្រូវ​បាន​ផលិត​ឡើង​ក្រោម​ស្លាក​សញ្ញា​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះថា​ ​Smartisan​ ​ហើយ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រហែលជា​ ​412ដុល្លារ​ប៉ុណ្ណោះ​ ​ជាមួយនឹង​កម្លាំង​ម៉ាស៊ីន​កម្រិត​កំពូល​គួរ​ឱ្យ​កត់សម្គាល់​។​

    ​កាមេរ៉ា​មុខ​ទំហំ​ ​20MP​ ​ឯខាង​ក្រោយ​បំពាក់​កាមេរ៉ា​ដល់ទៅ​ ​4គ្រាប់​ទំហំ​ ​48MP​ ​+​ ​13MP​ ​+​ ​8MP​ ​+​ ​5MP​។​ ​Jianguo​ ​Pro​ ​3​ ​មាន​កម្លាំង​ថ្ម​ទំហំ​ធំ​ ​4000mAh​ ​និង​អេក្រង់​ទំហំ​ ​6.39អ៊ិ​ញ​។​ ​Jianguo​ ​Pro​ ​3​ ​ឬ​ ​Nut​ ​Pro​ ​3​ ​បំពាក់​ដោយ​បន្ទះ​ឈីប​ ​Snapdragon​ ​855​+​ ​អម​ជាមួយ​ ​Ram​ ​ទំហំ​ដល់​ ​12GB​ ​និង​អង្គ​ផ្ទុក​ទិន្នន័យ​ ​256GB​ ​និង​មានតម្លៃ​ ​412ដុល្លារ​៕​


  • បារី​អេឡិចត្រូនិក​នៅ​ចិន​ ​ហាម​មិន​ឱ្យ​លក់​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ទៀត​ឡើយ​

    បារី​អេឡិចត្រូនិក​នៅ​ចិន​ ​ហាម​មិន​ឱ្យ​លក់​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ទៀត​ឡើយ​

    ​បារី​អេឡិចត្រូនិក​ ​បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​នៅ​ទូទាំង​ពិភពលោក​ ​ជាពិសេស​នៅ​ប្រទេស​ចិន​ ​ដោយ​រដ្ឋាភិបាល​របស់​ប្រទេស​នេះ​បាន​ចេញ​សេចក្ដីប្រកាស​បិទ​មិន​ឱ្យធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​ ​ហើយ​ថ្មី​ៗ​នេះ​ថែមទាំង​បាន​ហាមឃាត់​មិន​ឱ្យ​លក់​លើ​ប្រព័ន្ធ​អន​ឡាញ​ទៀតផង​។​

    ​យោង​តាម​សេចក្ដីប្រកាស​ថ្មីនេះ​បានឱ្យ​ដឹង​ថា​ ​ការ​ហាមឃាត់​នេះ​ ​ក៏​ព្រោះតែ​បារី​អេឡិចត្រូនិក​ ​អាច​បង្ក​ការ​ប៉ះពាល់​ខ្លាំង​ដល់​បញ្ហា​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ស្ត្រី​មានផ្ទៃពោះ​ ​និង​ក្មេង​ៗ​ ​ដែល​បង្កើត​ឱ្យ​មាន​ក្ដី​បារម្ភ​កាន់តែ​ធំ​។​ ​ចំណែក​កត្តា​ប្រឈម​ធំ​មួយទៀត​ដែរ​នោះ​ ​គឺ​ចំណូល​របស់​រដ្ឋាភិបាល​ពី​ផ្នែក​សហគ្រាស​ផលិត​ថ្នាំជក់​ ​បាន​បាត់បង់​អស់​ ​6​%​ ​ពី​ក្នុង​បញ្ជីចំណូល​ជាតិ​៕​

  • ចំនួន​លក់​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​និង​ ​Huawei​ ​ជិត​ប្រហែលគ្នា​ក្នុង​របាយការណ៍​ចុងឆ្នាំ2019​ ​ ​

    ចំនួន​លក់​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​និង​ ​Huawei​ ​ជិត​ប្រហែលគ្នា​ក្នុង​របាយការណ៍​ចុងឆ្នាំ2019​ ​ ​

    ​Strategy​ ​Analytics​ ​បាន​និយាយ​ថា​ ​កត្តា​សំខាន់2​ ​ដែល​ធ្វើ​ឱ្យ​ទីផ្សារ​មាន​សញ្ញា​វិជ្ជមាន​នោះ​ ​គឺ​ការប្រកួត​ប្រជែង​ខ្លាំង​នៃ​តម្លៃ​ ​និង​ការ​បញ្ចេញ​បច្ចេកវិទ្យា​ ​5G​។​

    ​ស្ថានភាព​ទីផ្សារ​ស្មា​ត​ហ្វូ​នប្រ​ចាំ​ត្រីមាស​ទី3​ ​នៃ​ឆ្នាំ2019​ ​ត្រូវ​បាន​បង្ហាញ​ចេញ​ដោយក្រុម​ហ៊ុន​ស្រាវជ្រាវ​ ​Strategy​ ​Analytics​។​ ​តួលេខ​បាន​បង្ហាញថា​ ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ចាប់ផ្ដើម​ងើបឡើង​វិញ​ ​ក្រោយពី​បាន​ធ្លាក់ចុះ​តាំងពី​ត្រីមាស​ទី3​ ​ឆ្នាំ2017​ ​មក​។​

    ​យ៉ាងណាក្ដី​មានតែ​ ​Huawei​ ​និង​ ​Samsung​ ​ប៉ុណ្ណោះ​ ​ដែល​មានការ​កើនឡើង​នៃ​ចំនួន​លក់​ ​ដោយ​ ​Samsung​ ​កើនឡើង​ ​8​%​ ​ហើយ​ ​Huawei​ ​កើនឡើង​ ​29​%​ ​បើ​ធៀប​នឹង​ត្រីមាស​ទី3​ ​ឆ្នាំ2018​។​ ​ឯ​ ​Apple​ ​និង​ក្រុមហ៊ុន​ដទៃទៀត​វិញ​មានការ​ថយ​ចុះ​ចំនួន​លក់​។​ ​

    ​គេ​បាន​មើលឃើញ​ថា​ ​ការ​កើនឡើង​នៃ​ចំនួន​លក់​របស់​ ​Huawei​ ​គឺជា​រឿង​ភ្ញាក់ផ្អើល​មួយ​ ​ដោយសារតែ​ក្រុមហ៊ុន​កំពុង​ជួបប្រទះ​បញ្ហា​ជាមួយ​ដៃគូ​ផ្គត់ផ្គង់​ ​ក្រោយ​មានការ​ដាក់​ចូល​បញ្ជីខ្មៅ​ពីសំណាក់​សហរដ្ឋអាមេរិក​៕​


  • គិតតែ​ក្នុង​ប្រទេស​ចិន​ ​VIVO​ ​លក់​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​បាន​ ​17.5លាន​គ្រឿង​

    គិតតែ​ក្នុង​ប្រទេស​ចិន​ ​VIVO​ ​លក់​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​បាន​ ​17.5លាន​គ្រឿង​

    ​ចំនួន​លក់​ស្មា​ត​ហ្វូ​ន​សរុប​នៅ​ប្រទេស​ចិន​មានការ​ថយ​ចុះ​ ​3​%​ ​បើ​ធៀប​នឹង​ឆ្នាំមុន​ ​ដោយ​បាន​ថយ​ចុះពី​ ​100.6លាន​គ្រឿង​ ​មក​នៅ​ត្រឹម​ ​97.8លាន​គ្រឿង​។​

    ​ក្រុមហ៊ុន​ស្រាវជ្រាវ​ ​និង​សិក្សា​ទីផ្សារ​ ​Canalys​ ​បាន​បញ្ចេញ​របាយការណ៍​ថ្មី​ស្ដីពី​ទីផ្សារ​ស្មា​ត​ហ្វូ​ននៅ​ប្រទេស​ចិន​ប្រចាំត្រីមាស​ទី3​ ​ឆ្នាំ2019​ ​នេះ​។​ ​តួលេខ​បាន​បង្ហាញថា​ ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំងឡាយ​ ​មានតែ​ ​Huawei​ ​ប៉ុណ្ណោះ​មានការ​កើនឡើង​ចំនួន​លក់​ ​បើ​ធៀប​នឹង​ឆ្នាំមុន​ ​ដែល​បាន​កើនឡើង​ដល់​ ​66​%​ ​ជាមួយ​ចំនួន​លក់​ ​41.4លាន​គ្រឿងក្នុង​ពេល​ ​3ខែ​ ​និង​ក្ដោបក្ដាប់​ទីផ្សារ​បាន​ ​42.4​%​។​ ​

    ​ក្រុមហ៊ុន​ឈរ​នៅ​តំណែង​បន្ទាប់ពី​ ​Huawei​ ​គឺ​ ​vivo​ ​ដែល​លក់​ស្មា​ត​ហ្វូ​នបាន​ ​17.5​ ​លាន​គ្រឿង​ ​ថយ​ចុះ​ ​23​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំមុន​។​ ​OPPO​,​ ​Xiaomi​ ​និង​ ​Apple​ ​ឈរ​នៅ​តំណែង​បន្តបន្ទាប់​គ្នា​ ​ដែល​ចំនួន​លក់​មានការ​ថយ​ចុះ​ដូចគ្នា​។​ ​ក្រុមហ៊ុន​ដទៃទៀត​ដែល​ស្ថិត​ក្នុង​ ​”​Others​”​ ​ក៏​មានការ​ធ្លាក់ចុះ​ចំនួន​លក់​ផង​ដែរ​៕​


  • អេ​ដា​ ​ហាក់ដូចជា​ស្ងប់ស្ងាត់​ពី​សិល្បៈ​មួយ​តែ​រយៈ​ ​តែ​សម្ងំ​ចេញ​បទ​ថ្មី​ ​«​មិនទាន់​អស់ចិត្ត​»​

    អេ​ដា​ ​ហាក់ដូចជា​ស្ងប់ស្ងាត់​ពី​សិល្បៈ​មួយ​តែ​រយៈ​ ​តែ​សម្ងំ​ចេញ​បទ​ថ្មី​ ​«​មិនទាន់​អស់ចិត្ត​»​

    ស្ងាត់​មិន​ចេញ​បទចម្រៀង​អស់​មួយ​រយៈ​ធំ​ ​ពេលនេះ​ម្ចាស់​បទ​ ​“​ពីរ​នាក់​បាន​ហើយ​ ​”​ ​កញ្ញា​ ​អេ​ដា​ ​បាន​បញ្ចេញ​បទចម្រៀង​ថ្មី​ ​ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​របស់​ខ្លួន​កាល​ពី​ថ្មី​ៗ​នេះ​។​

    ​ក្នុង​នោះ​ដែរ​ ​បទចម្រៀង​ថ្មី​មួយ​បទ​នេះ​ ​មាន​ចំណងជើង​ថា​ ​«​មិនទាន់​អស់ចិត្ត​»​ ​ដែល​មាន​អត្ថន័យ​ចាក់ដោត​ ​និង​បទភ្លេង​ពីរោះ​ខ្លាំង​មែនទែន​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​សម្រាប់​បទចម្រៀង​នេះ​ ​គឺជា​ការ​និពន្ធ​បទភ្លេង​ ​និង​ទំនុកច្រៀង​ដោយ​កញ្ញា​ ​អេ​ដា​ ​ផ្ទាល់​និង​រួម​សហការ​ជាមួយ​តារាចម្រៀង​លោក​ ​ណូ​លី​ ​ដែល​ជា​ផលិតករ​តន្ត្រី​នៃ​បទចម្រៀង​នេះ​ផង​ដែរ​។​

    ​ក្នុង​បទចម្រៀង​ថ្មី​ ​“​មិនទាន់​អស់ចិត្ត​”​នេះ​ ​អេ​ដា​ ​កំពុង​ធ្វើឲ្យ​អ្នកគាំទ្រ​ ​ស្លុង​អារម្មណ៍​មិនធម្មតា​ ​ទើប​ម្នា​ក់ៗ​កាន់តែ​សរសើរ​។​ ​បទ​នេះ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ផ្ទុះ​កក្រើក​ ​App​ ​Phleng​ ​By​ ​Smart​ ​Music​ ​បន្ទាប់ពី​បទ​នេះ​ ​គ្រាន់តែ​បង្ហាញ​វត្តមាន​ ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​ក៏​មាន​អ្នកស្ដាប់​មិន​គួរ​ឱ្យ​ជឿ​។​

    ​ក្នុង​ពេលនេះ​ដែរ​គេ​ដឹង​ថា​ ​នាង​ ​និង​គូស្នេហ៍​ ​ស្ថិតនៅ​ទ្វីប​អ៊ឺ​រ៉ុប​ ​ដោយ​នាង​ធ្លាប់​បញ្ជាក់​ថា​ ​សរសេរ​ចេញពី​អារម្មណ៍​ពិត​របស់​នារី​ម្នាក់​ ​ក្រោយ​បែកបាក់​ស្នេហ៍​ ​និង​ជា​បទ​ដែល​នាងសរ​សេរ​ ​ដោយ​ការ​តាំងចិត្ត​ ​តាំងពី៦ខែមុន​។​ ​អ្នកគាំទ្រ​ ​មើលឃើញ​ថា​ ​បទ​«​មិនទាន់​អស់ចិត្ត​»​នេះ​ ​កំពុង​ទទួល​បានការ​គាំទ្រ​ ​មិនចាញ់​បទ​ចម្រៀង​មុន​ៗ​របស់​នាង​ឡើយ​ ​ស្របគ្នា​ដែល​លើ​បណ្ដាញ​ហ្វេ​សប៊ុ​ក​ ​ក៏​មានការ​ចែកចាយ​ច្រើន​នោះ​៕​

    https://youtu.be/2vDt7vbwnfE

  • កម្ពុជា​សហការ​ជាមួយ​កូរ៉េ​ បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​គ្រូ​លើ​ជំនាញ​ STEM​

    កម្ពុជា​សហការ​ជាមួយ​កូរ៉េ​ បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​គ្រូ​លើ​ជំនាញ​ STEM​

    ស្ថិត​ក្នុង​បរិបទ​ដែល​សង្គម​កំពុង​ស្ថិត​ក្នុង​ការប្រកួត​ប្រជែង​ខ្លាំង​លើ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ កម្ពុជា​ត្រូវការ​ជាចាំបាច់​នូវ​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ដើម្បី​ប្រមូល​ធនធាន​ប្រកប​ដោយសក្តានុពល​ក្នុង​ការចូលរួម​លើ​គ្រប់​ផ្នែក​ទាំងអស់​នៃ​សេដ្ឋកិច្ច​ជាតិ​។ មិនថា​តែ​វិស័យ​ឧស្សាហកម្ម​ ឬបច្ចេកវិទ្យា​នោះ​ទេ​ បច្ចុប្បន្ន​នេះ​ STEM​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​លើ​គ្រប់​ផ្នែក​ទាំងអស់​ ទាំង​វិស័យ​កសិកម្ម​ វិស័យ​ទេសចរណ៍​ ការរៀបចំ​សេវា​សាធារណៈ​ និង​វិស័យ​សំ​ខាន់​ៗជាច្រើន​ផ្សេងទៀត​។

    ដោយ​មើលឃើញ​ពី​ភាព​សំខាន់​នៃ​មុខវិជ្ជា​ STEM​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ដូចជា​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ITC​) និង​ភាគី​កូរ៉េ​បាន​សហការ​គ្នា​បង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​ស្តី​ពី​ការអប់រំ​ STEM​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​(ITC​) ឡើង​ដើម្បី​ធ្វើការងារ​បណ្តុះបណ្តាល​ជំនាញ​វិទ្យាសាស្ត្រ​ វិស្វកម្ម​ បច្ចេកវិទ្យា​ និង​គណិតវិទ្យា​នេះ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ និង​មានប្រសិទ្ធភាព​ខ្ពស់​។

    ឯកឧត្តម​ អុឹម​ កុច​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ កម្ពុជា​ត្រូវការ​អ្នកជំនាញ​ជាច្រើន​លើ​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ ដើម្បី​ចូលរួម​បម្រើការ​ងារ​ក្នុង​វិស័យ​សំ​ខាន់​ៗនានា​ទាំង​ពេល​បច្ចុប្បន្ន​ និង​អនាគត​។ នៅ​ពេល​ប្រទេស​យើង​សម្បូរ​អ្នកជំនាញ​ផ្នែក​ STEM​ នៅ​ពេលនោះ​យើង​នឹង​សម្បូរ​ធនធាន​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​ឆ្លាតវៃ​ ព្រោះ​គ្រប់​ឧស្សាហកម្ម​ រោងចក្រ​សហគ្រាស​ និង​ផលិតកម្ម​ទាំងអស់​សុទ្ធតែ​ប្រើប្រាស់​គ្រឿងម៉ាស៊ីន​ ដែល​ទាមទារ​ឱ្យ​យើង​មាន​ធនធាន​ប្រកបដោយ​គុណភាព​ និង​សមត្ថភាព​ខ្ពស់ទៅ​ប្រើប្រាស់​ម៉ាស៊ីន​ទាំងអស់​នោះ​។ ចំណែក​ឯការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ដូចគ្នា​ នៅពេល​យើង​មាន​ធនធាន​ផ្នែក​ STEM​ ច្រើន​ យើង​នឹង​ងាយ​អភិវឌ្ឍ​ ព្រោះ​ការ​ធ្វើ​ស្ពាន​ក៏ដោយ​ ថ្នល់​ក៏ដោយ​ ឬអគារ​នានា​ក៏ដោយ​ កាលណា​យើង​មាន​ធនធានមនុស្ស​ដែល​មានចំណេះ​ដឹង​ផ្នែក​ STEM​ ទៅ​ធ្វើ​ច្រើន​ នោះ​ការរៀបចំ​នឹង​ធ្វើឡើង​បាន​ឆាប់រហ័ស​ ហើយ​ងាយស្រួល​ច្រើនជាង​មុន​។

    ឯកឧត្តម​ អុឹម​ កុច​ បាន​មានប្រសាសន៍​ថា​៖ “មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​ស្តី​ពី​ការអប់រំ​ STEM​ នេះ​ជា​មជ្ឈមណ្ឌល​ដ៏​មាន​សារៈសំខាន់​ដែល​ចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​កម្ពុជា​កំពុង​ត្រូវការ​។ តាមរយៈ​មជ្ឈមណ្ឌល​នេះ​ យើង​នឹងអាច​ផ្តល់​ឱកាស​ឱ្យ​សិស្ស​សិក្សា​មុខវិជ្ជា​ STEM​ តាមរបៀប​ទំនើប​ជាង​មុន​ជាមួយ​គ្រូបង្រៀន​ល្បី​តាម​រយៈ​ទូរស័ព្ទ​ដៃ​ Smart​ Phone​”។

    ឯកឧត្តម​រដ្ឋលេខាធិការ​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ការសិក្សា​តាមរបៀប​ថ្មីនេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​សិស្ស​ឱ្យ​ទទួល​បាន​ចំណេះដឹង​ និង​ជំនាញ​នៅ​គ្រប់​ទីកន្លែង​ និង​គ្រប់ពេលវេលា​ទាំងអស់​។ យើង​ព្យាយាម​ក្នុង​ការស្វែងរក​វិធីសាស្ត្រ​កាន់តែ​ប្រសើរ​ ដើម្បី​បណ្តុះបណ្តាល​គុណភាព​គ្រូ​ និង​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​សិស្សានុសិស្ស​កាន់តែ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​លើ​មុខវិជ្ជា​ STEM​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ជំនាញ​សម្រាប់​សតវត្សរ៍​ទី21​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ចាប់អារម្មណ៍​លើ​ការសិក្សា​ផ្នែក​ STEM​ ក្រសួង​អប់រំ​ និង​ភាគី​ពាក់ព័ន្ធ​នានា​ បាន​បង្កើត​កម្មវិធី​ជាច្រើន​ដូចជា​កម្មវិធី​ផ្សព្វផ្សាយ​តាម​បច្ចេកវិទ្យា​ពី​មុខវិជ្ជា​ STEM​ ការរៀបចំ​ពិព័រណ៍​វិទ្យាសាស្ត្រ​ប្រចាំឆ្នាំ​ និង​ការអប់រំ​ផ្សព្វផ្សាយ​នៅ​តាម​សាលារៀន​ដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​យល់​ពី​តម្លៃ​ ក៏ដូចជា​សារៈសំខាន់​នៃ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​សម្រាប់​ខ្លួនឯង​ និង​សង្គម​។ បន្ថែម​ពីលើ​នេះ​ ក៏​មានការ​បំផុស​ឱ្យ​សិស្ស​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​វិទ្យាសាស្ត្រ​ដោយ​បញ្ចូលជាមួយ​ផ្នត់គំនិត​សហគ្រិនភាព​ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​នានា​ និង​បំផុស​ឱ្យ​យុវជន​កាន់តែ​ចូលចិត្ត​មុខវិជ្ជា​ STEM​ ផង​ដែរ​៕

  • ការអប់រំ​ឌីជីថល​មិនមែន​រៀន​តែ​កុំព្យូទ័រ​ទេ​ តែ​ត្រូវការ​ធាតុផ្សំ​ផ្សេងទៀត​ដើម្បី​ជោគជ័យ​

    ការអប់រំ​ឌីជីថល​មិនមែន​រៀន​តែ​កុំព្យូទ័រ​ទេ​ តែ​ត្រូវការ​ធាតុផ្សំ​ផ្សេងទៀត​ដើម្បី​ជោគជ័យ​

    បើ​និយាយ​ពី​ការអប់រំ​ឌីជីថល​ មនុស្ស​ជាច្រើន​ប្រហែលជា​គិតថា​ វា​ជា​ការ​បង្រៀន​ឱ្យ​ចេះ​ប្រើប្រាស់​កុំព្យូទ័រ​ ឬបច្ចេកវិទ្យា​ ដើម្បី​ឱ្យ​សិស្ស​ចេះ​បច្ចេកវិទ្យា​សម្រាប់​ធ្វើការងារ​ ឬបម្រើ​ដល់​ការរស់នៅ​ តែ​ក្នុង​ស្ថានភាព​ជាក់ស្តែង​ ដើម្បី​ឱ្យ​សិស្ស​មាន​អនាគត​ល្អ​ និង​ជោគជ័យ​ នៅក្នុង​ការ​បង្រៀន​គេ​ត្រូវការ​ធាតុ​ចូល​ជាច្រើន​ទៀត​ក្នុង​ការអប់រំ​។

    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋ​ មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​ការអប់រំ​ឱ្យ​ក្លាយជា​ការអប់រំ​បែប​ឌីជីថល​ទាន់​ការប្រែប្រួល​ និង​ការ​អភិវឌ្ឍ​របស់​ពិភពលោក​។ អក្ខរកម្ម​ឌីជីថល​ ខុសពី​អក្ខរកម្ម​ប្រពៃណី​ដែល​គ្រាន់តែ​បង្រៀន​ឱ្យ​មនុស្ស​ចេះ​សរសេរ​ ចេះ​អាន​ និង​ចេះ​លេខនព្វន្ត​ តែ​អក្ខរកម្ម​ឌីជីថល​ត្រូវការ​បំណិន​ជីវិត​ជាច្រើន​បន្ថែម​ទៀត​ដើម្បី​បណ្តុះបណ្តាល​។

    នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​ ប្រជាជន​មិនមែន​ត្រូវការ​តែ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ កុំព្យូទ័រ​ ឬកូដ​ប៉ុណ្ណោះ​ទេ​ តែ​ពួកគេ​ត្រូវការ​ជំនាញ​ទន់​ជាច្រើន​ផ្សេងទៀត​ ដូច​ជា​ជំនាញ​វិភាគ​ពិចារណា​ស៊ីជម្រៅ​ ជំនាញ​ប្រាស្រ័យ​ទាក់ទង​ ការ​ធ្វើការងារ​ជា​ក្រុម​ ការសម្រប​សម្រួល​ និង​ជំនាញ​ជាច្រើន​ទៀត​ដែលគេ​ហៅ​កាត់​ថា​ 8C​។

    លើស​ពីនេះ​ទៅទៀត​ មនុស្ស​ជំនាន់​ថ្មីនេះ​ក៏​ត្រូវការ​ចំណុច​សំខាន់​មួយចំនួន​ទៀត​ដែលគេ​តែងតែ​ហៅថា​ 2L​ គឺ​ភាពជា​អ្នកដឹកនាំ​ (Leadership​) និង​រៀន​ដើម្បី​ចេះ​រៀន​ (Learning​ to​ Learn​)។

    ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ បាន​មានប្រសាសន៍​ថា​៖ “បច្ចុ​ប្ប​បន្ន​នេះ​ ក្រសួងអប់រំយុវជន​ និងកីឡា​កំពុង​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ ដូចជា​អង្គការ​ Smart​ ដើម្បី​ផ្តល់​ឱកាស​ និង​ជំរុញ​សិស្ស​និស្សិត​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​តាមរយៈ​ការបង្កើត​ Apps​ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​នានា​ ដូចជា​បញ្ហា​កសិកម្ម​ ចរាចរណ៍​ ការ​ផ្តល់​សេវា​ និង​ការអប់រំ​ផ្សេង​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​ សកម្មភាព​នេះ​ គឺ​យើង​បាន​ជំរុញ​ឱ្យ​សិស្ស​និស្សិត​ជួបជុំគ្នា​ដើម្បី​ទទួល​បានការ​បង្រៀន​បន្ថែម​ពី​ការ​ត្រិះរិះ​ពិចារណា​ ភាពជា​អ្នកដឹកនាំ​ នវានុវត្តន៍​ និង​បច្ចេកវិទ្យា​។ កាលណា​យុវជន​គាត់​ចេះតែ​បច្ចេកវិទ្យា​ គាត់​នឹង​មិន​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​នោះ​បាន​ទូលំទូលាយ​ទេ​ ប្រសិនបើ​គាត់​មិន​យល់ដឹង​ពី​ផ្នែក​ផ្សេង​ៗទៀត​ពាក់ព័ន្ធ​នឹង​ការរស់នៅ​ និង​ការ​ដោះស្រាយ​បញ្ហា​ជាដើម​។

    ហេតុនេះ​ហើយ​ទើប​គាត់​ចាំបាច់​ត្រូវការ​ការវិភាគ​ពិចារណា​ ដើម្បី​ឱ្យ​ការ​គិត​របស់​គាត់​កាន់តែ​ស៊ីជម្រៅ​ និង​រក​ឱ្យ​ឃើញ​ពី​វិធីសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការកែច្នៃ​ទម្រង់​នៃ​បច្ចេកវិទ្យា​នោះ​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​នៃ​ការរស់នៅ​។

    លើស​ពីនេះ​ទៅទៀត​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្រៅពី​ការ​មើលឃើញ​ពីសា​រៈសំ​ខាន់​ និង​សហការ​ជាមួយ​ដៃគូ​នានា​ហើយ​ ក្រសួង​ក៏​បាន​រៀបចំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​បង្រៀន​ផង​ដែរ​ ដើម្បី​ដើរ​ឱ្យ​ទាន់​របត់​ថ្មីនេះ​។ ដើម្បី​ឆ្លើយតប​ជាមួយនឹង​របត់​នៃ​ការអប់រំ​បែប​ឌីជីថល​ វិធីសាស្ត្រ​បង្រៀន​ចាប់តាំងពី​កម្រិត​បឋមសិក្សា​ រហូតដល់​ឧត្តម​សិក្សា​ត្រូវតែ​មានការ​រៀបចំ​ឱ្យ​បាន​ល្អ​។ នៅ​កម្រិត​បឋមសិក្សា​យើង​បង្រៀន​សិស្ស​ឱ្យ​ចេះ​សរសេរ​ ចេះ​អាន​ និង​ចេះ​គណិត​កម្រិត​មូលដ្ឋាន​ជាមុន​សិន​ ព្រោះ​ប្រសិនបើ​សិស្ស​មិន​ចេះ​អាន​ មិន​ចេះ​សរសេរ​ និង​មិន​ចេះ​គណនា​ទេ​នោះ​ យើង​ក៏​មិន​អាច​បញ្ចូល​បច្ចេកវិទ្យា​បាន​ដែរ​។ បន្ទាប់មក​ទៀត​ នៅ​កម្រិត​មធ្យមសិក្សា​យើង​នឹង​បញ្ចូល​ការអប់រំ​ដោយ​បណ្តុះបណ្តាល​ពួកគេ​ឱ្យ​ចេះ​ដោះស្រាយ​បញ្ហា​ ចេះ​ស្រាវជ្រាវ​ ធ្វើការងារ​ជា​ក្រុម​ ពិភាក្សា​ និង​ចេះ​ធ្វើ​បទ​បង្ហាញ​ ដើម្បី​ឱ្យ​ពួកគេ​មានគំនិត​ស៊ីជម្រៅ​ស្រប​ពេល​ដែល​យើង​បញ្ចូល​កម្មវិធី​បច្ចេក​វិទ្យា​ខ្លះ​ៗដល់​ពួកគេ​។

    បន្ថែម​ពីលើ​នេះ​ យើង​ក៏បាន​បង្រៀន​មេរៀន​ក្រៅ​កម្មវិធី​មួយចំនួន​ផង​ដែរ​ ដូចជា​កម្មវិធី​សរសេរ​កូដ​ ក្លិប​សិក្សា​ និង​កម្មវិធី​នវានុវត្តន៍​ផ្សេងទៀត​តាមរយៈ​សាលា​ជំនាន់​ថ្មី​ ដូច​ដែល​ថ្មី​ៗនេះ​សាលា​ E2STEM​ នៃ​វិទ្យាល័យ​ព្រះ​យុគ​ន្ធ​បាន​ទទួលជោគជ័យ​ក្នុង​ការប្រកួត​ Robotics​ Olympiad​ លំដាប់​ពិភពលោក​ជាដើម​។

    ឯកឧត្តម​បាន​បន្ថែម​ថា​ ចំពោះ​កម្រិត​ឧត្តម​សិក្សា​វិញ​ យើង​មាន​សាកល​វិទ្យាល័យ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ Cyber​ University​ ដោយ​ក្នុង​នោះ​និស្សិត​ទទួល​បានការ​អប់រំ​យ៉ាង​ទូលំទូលាយ​ជា​អន្តរជាតិ​ តាមរយៈ​ការ​ផ្លាស់​ប្តូរ​មេរៀន​គ្នា​ជាមួយ​សាកល​វិទ្យាល័យ​ជាច្រើន​។ ក្នុង​នោះ​មាន​សាកល​វិទ្យាល័យ​ចំនួន18​ នៅ​ប្រទេស​ដែល​ជាស​មា​ជិ​កអាស៊ាន​ រួម​ទាំងសាកល​វិទ្យាល័យ​មក​ពីជ​ប៉ុន​ និង​កូរ៉េ​បន្ថែម​ទៀត​។

    ស្រប​ជាមួយគ្នា​នេះ​ដែរ​ យើង​ក៏​រៀបចំ​ឱ្យ​មាន​ Flip​ Classroom​ ដែល​ជា​ការអប់រំ​បែប​ថ្មី​តាម​បច្ចេកវិទ្យា​ ដោយ​និស្សិត​ត្រូវការ​សិក្សា​នូវ​មេរៀន​ដែល​សាស្ត្រា​ចារ្យ​ដាក់​ឱ្យ​ជាមុន​ តាមរយៈ​ការ​មើល​វីដេអូ​បង្រៀន​របស់​សាស្ត្រា​ចារ្យ​ និង​ការស្រាវជ្រាវ​បន្ថែម​ពី​ YouTube​ ជាដើម​។ ហើយ​នៅពេល​ចូល​ដល់​ថ្នាក់រៀន​ពិតប្រាកដ​ គ្រូ​នឹង​មិន​ពន្យល់​ ឬបង្រៀន​មេរៀន​ដដែល​នោះ​ទេ​ គាត់​នឹង​ដឹកនាំ​និស្សិត​ពិភាក្សា​ សួរ​-ឆ្លើយ​ និង​ដោះស្រាយ​បញ្ហា​ស៊ីជម្រៅ​តែម្តង​ដែល​ជា​ចម្ងល់​របស់​សិស្ស​៕

  • ព្រះនាង​តូច​ ​នរោត្តម​ ​ជេ​ណា​ ​ផ្ដល់​ព្រះ​មហា​កិ​ត្ត​យស​ជាឯករាជទូត​សុឆន្ទៈ​ពិធីបុណ្យ​ ​«​ ​កោងកាង​ ​២០១៩​ ​»​ ​

    ព្រះនាង​តូច​ ​នរោត្តម​ ​ជេ​ណា​ ​ផ្ដល់​ព្រះ​មហា​កិ​ត្ត​យស​ជាឯករាជទូត​សុឆន្ទៈ​ពិធីបុណ្យ​ ​«​ ​កោងកាង​ ​២០១៩​ ​»​ ​

    ​បុណ្យ​កោងកាង​ ​២០១៩​ ​មាន​អ្វី​ប្លែក​ជាង​ឆ្នាំ​រាល់ដង​ ​នោះ​ពិតជា​សប្បាយ​ម៉ា​កប់​ម៉ង​!​!​.​.​ដែល​បុណ្យ​ត្រូវ​បាន​រៀបចំ​ ​ឡើង​ដោយ​ ​Ompel​ ​Ompek​,​ ​Khmer​ ​Camping​,​ ​Eco​-​Tourism​ ​Youth​ ​ហើយនឹង​ ​Elite​ ​Entertainment​។​ ​វា​ជា​កម្មវិធី​ដើម្បី​ជួយ​ដល់​សហ​គម​ន៏​នៅ​លើ​កោះ​ស្រឡៅ​ ​និង​ជួយ​បង្រៀន​ក្មេង​ៗ​ ​ឱ្យ​ដឹងពី​ការ​រក្សា​បរិស្ថាន​ ​ហើយ​យើង​មាន​គំរោង​ក្នុង​ការ​អភិវឌ្ឍ​តំបន់​នេះ​ឱ្យ​ក្លាយជា​តំបន់​អេកូ​ទេស​ចរ​ណ៏​សំ​រាប់​ភ្ងៀវ​ទេស​ចរ​ណ៏​ជាតិ​ ​និង​អន្តរជាតិ​ផង​ដែរ​។​

    ​ខុសប្លែក​ពីឆ្នាំ​រាល់ដង​បន្ដិច​ ​ពិធីបុណ្យ​កោងកាង​លើក​ទី៣នេះ​ ​ត្រូវ​បាន​ផ្ដល់​ព្រះ​មហា​កិ​ត្ត​យស​ចូលរួម​ដោយ​ព្រះនាង​តូច​ ​នរោត្តម​ ​ជេ​ណា​ ​ដែល​ទ្រង់​បាន​សព្វ​ព្រះហឫទ័យ​ជា​រាជទូត​សុឆន្ទៈ​នៃ​ពិធីបុណ្យ​ឆ្នាំ​ ​២០១៩​ ​នេះ​។​ ​ទ្រង់​ក៏បាន​មាន​បន្ទូរ​ថា​ ​ទ្រង់​មាន​គម្រោង​បង្ហាញ​សកម្មភាព​ដាំ​ដើម​កោងកាង​ជាមួយ​មហាជន​ខ្មែរ​ទាំងអស់​ ​ដើម្បី​រួមចំណែក​ថែរក្សា​បរិស្ថាន​បៃតង​នា​តំបន់​សមុទ្រ​។​ ​ទ្រង់​បន្ថែម​បន្ទូរ​ទៀត​ថា​ ​ព្រៃកោងកាង​មាន​សារៈសំខាន់​បំផុត​ក្នុង​ការទប់ស្កាត់​ហានិភ័យ​ខ្យល់ព្យុះ​ ​និង​ជួយ​ទ្រទ្រង់​ដល់​ជីវិត​ពួក​សត្វ​សមុទ្រ និងសត្វអំពិលអំពែក​ផង​ដែរ​។​ ក្រៅពីបង្ហាញសង្គមភាពដាំកោងកាងហើយនោះ ព្រះនាងតូចក៏មានបទចម្រៀងដែលមានអត្ថន័យចូលរួមថែរក្សាព្រៃកោងកាង ជាព្រះរាជនិពន្ធផ្ទាល់របស់ទ្រង់តែម្ដង។

    ​សូមជម្រាប​ពិធីបុណ្យ​នេះ​ ​នឹង​ជួយ​ជំរុញ​ឱ្យ​ប្រជាជន​នៅ​ទីនោះ​យល់ដឹង​ពី​សារ:សំខាន់​នៃ​ព្រៃកោងកាង​ ​និង​អត្ថ​ប្រយោជន៍​របស់​បុណ្យ​នេះ​។​ ​បុណ្យ​កោងកាង​គឺ​ចាប់ផ្ដើម​ប្រារព្ធ​ពិធី​ ​នៅ​អំឡុង​ពេល​បុណ្យអុំទូក​ដែល​មាន​រយៈពេល​ ​4ថ្ងៃ​ ​3យប់​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខេត្តកោះកុង​ ​នៅ​លើ​កោះ​ស្រឡៅ​។​ ​នៅក្នុង​ឆ្នាំនេះ​ ​បុណ្យ​កោងកាង​និង​ប្រា​រព្ភ​នៅ​ថ្ងៃទី​ ​៩,១០,១១,១២​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។​ ​បុណ្យ​កោងកាង​នេះ​ផង​ដែរ​ ​គឺ​បាន​ប្រា​រព្ភ​រយៈពេល​ ​2​ ​ឆ្នាំ​រួចហើយ​ ​ហើយ​ឆ្នាំនេះ​គឺជា​ឆ្នាំទី៣​ ​នៃ​ការបង្កើត​បុណ្យ​កោងកាង​ឡើង​ ​ដើម្បី​ចូលរួម​ក្នុង​ការយល់​ដឹង​ថែទាំ​ការពារ​ព្រៃកោងកាង​ ​រួម​ជាមួយ​និង​ជីវចម្រុះ​ថែមទៀត​៕​



  • ស្រីស្អាត ទ្រី​ ​ដា​ណា​ ​ផ្ដល់​បទពិសោធន៍​ថែរក្សា​សម្រស់​ឱ្យ​ក្មេង​ជាង​វ័យ​ដូច​តារា​ថៃ​-​កូរ៉េ​

    ស្រីស្អាត ទ្រី​ ​ដា​ណា​ ​ផ្ដល់​បទពិសោធន៍​ថែរក្សា​សម្រស់​ឱ្យ​ក្មេង​ជាង​វ័យ​ដូច​តារា​ថៃ​-​កូរ៉េ​

    ​អាយុ​កាន់តែ​ច្រើន​ភាព​ស្រស់​ស្អាត​ពី​ធម្មជាតិ​ក៏​កាន់តែ​បាត់បង់​ ​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ ​យើង​ក៏​មិន​អាច​ចេះតែ​ព្រងើយកន្តើយ​ជាមួយ​ ​វា​ពេក​ដែរ​ ​ពិសេស​គឺ​សម្រាប់​មិត្ត​នារី​តែម្តង​។​ ​ងាក​មក​មើល​ ​តារា​ខ្មែរ​ ​ថៃ​ ​កូរ៉េ​ ​ជាច្រើន​ដួង​ ​ទោះបី​មាន​អាយុ​ជ្រេ​បន្តិច​មែន​ ​តែ​សម្រស់​នៅតែ​ក្មេង​ជាង​វ័យ​ដ​ដែរ​។​ ​តើមាន​អ្វីខ្លះ​ ​ដែល​ជា​អាថ៌កំបាំង​?​



    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​អ្នកស្រី​ ​ទ្រី​ ​ដា​ណា​ ​អ្នកឯកទេស​ជំនាញ​ថែរក្សា​សម្រស់​តាំងពី​ចុង​ក្បាល​រហូតដល់​ចុងជើង​ ​បាន​បើក​វគ្គ​សិក្ខាសាលា​មួយ​ ​ហើយ​អ្នកស្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​មាន​តារា​សិល្បៈ​ជាច្រើន​នាក់​សួរ​អ្នកស្រី​ពី​ការ​ថែរក្សា​ស្បែក​មុខ​។​ ​អ្នកស្រី​បន្ដ​ថា​ ​ផលិតផល​អិន​អិន​ភី​របស់​ក្រុមហ៊ុន​អ្នកស្រី​ ​មិន​ត្រឹមតែ​ជួយ​ព្យាបាល​ស្បែក​មុខ​ស្បែក​ខ្លួន​ដែល​ខូច​ ​និង​គ្រោះថ្នាក់​ដោយសារ​ផលិត​ផល​ឡេ​លាយ​នោះ​ទេ​ ​វា​ក៏បាន​ជួយ​បណ្ដុះ​កោសិកា​ឱ្យ​ដុះឡើង​ជាថ្មី​ម្ដងទៀតនិងធ្វើឱ្យស្បែកមុខមានសភាពក្មេងជាងវ័យ​ផង​ដែរ​។​ ​មិន​ត្រឹមតែ​ជួយ​ខាង​ផ្នែក​ថែរក្សា​សម្រស់​ទេ​ ​អ្នកស្រី​ដា​ណេ​ថា​ ​ក្រុមហ៊ុន​អិន​អិន​ភី​ ​ក៏បាន​ជួយ​ដល់​ស្ត្រី​ខ្មែរ​ជាច្រើន​នាក់​ដែរ​ ​តាមរយៈ​ការ​បង្កើន​ប្រាក់ចំណូល​បន្ថែម​។​ ​ជាក់ស្ដែង​ដូច​អ្នកស្រី​ ​ប៉ុន​ ​ចិន្តា​ ​ជា​ភ្នាក់ងារ​ចែកចាយ​ក៏​មុន​ទទួល​បាន​ប្រាក់​កំរៃ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែៗ​ដំបូង​ឡើយ​អ្នកស្រី​គឺជា​អ្នកលក់​ឥវ៉ាន់​ចាប់​ហ៊ួ​យម្នា​ក់​ ​ហើយក៏​ធ្លាប់​លក់​ផលិតផល​ឲ្យ​ក្រុមហ៊ុន​មួយ​ដែរ​តែ​មិនបាន​ជោគជ័យ​ឡើយ​ថែមទាំង​ចាញ់បោក​គេ​អស់ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​។​ ​ក្រោយពី​ចាញ់បោក​គេ​អស់ប្រាក់​រាប់​ម៉ឺន​ដុល្លារ​អ្នកស្រី​ ​ប៉ុន​ ​ចិន្តា​ ​ក៏​សម្រេចចិត្ត​មក​ចាប់ផ្ដើម​ជាមួយ​គ្រឿងសម្អាង​អិន​អិន​ភី​ ​មិនបាន​មួយឆ្នាំ​ផង​អ្នកស្រី​ទទួល​បាន​ប្រាក់ចំណេញ​រាប់​ម៉ឺន​ដុល្លារ​ ​និង​ក្លាយជា​ម្ចាស់​ដេប៉ូ​ចែកចាយ​ប្រចាំ​ស្រុក​បាទី​ខេត្តតាកែវ​ ​ទៀតផង​បច្ចុប្បន្ន​នេះ​។​

    ​ថ្លែង​ក្នុង​ពិធី​សិក្ខាសាលា​ខាងលើ​លោកស្រី​ ​ទ្រី​ ​ដា​ណា​ ​អគ្គ​នាយិកា​អិន​អិន​ភី​បាន​ឲ្យ​ក្នុង​ថា​ក្នុងនាម​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​រូបលោក​ស្រី​តែងតែ​ស្វែងរក​ទីផ្សារ​ ​និង​បង្កើត​កម្មវិធី​ដើម្បី​ជួបជុំ​ម្ចាស់​ដេប៉ូ​គ្រប់២៤ខេត្ត​ក្រុង​ក្នុង​គោលបំណង​បង្ហាញ​គន្លឹះ​សំ​ខាន់​ៗ​ដល់​តំណាង​ចែកចាយ​ទាំងអស់​។​ ​ពិសេស​លើស​នេះ​ទៀត​នៅ​ថ្ងៃទី១៦​ ​ខែវិច្ឆិកា​ ​ខាងមុខនេះ​ក្រុមហ៊ុន​នឹង​ធ្វើពិធី​ចែកចាយ​រថយន្ត​ម៉ាក​ ​Ford​ ​មួយ​គ្រឿង​តម្លៃ​ជាង៥ម៉ឺន​ដុល្លារ​ដល់​សមាជិកNNP​ ​។​ ​ក្រៅពី​រថយន្ត​ក្រុមហ៊ុន​ក៏​មាន​ចែក​ម៉ូតូ​ ​និង​ទូរស័ព្ទ​ផង​ដែរ​៕​