Category: សង្គម និងសេដ្ឋកិច្ច

  • ORANGE​ ​ESport​ ​នឹង​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ការប្រកួត​បាញ់​ ​PUB​-​G​ ​ជើងឯក​ពិភពលោក​ ​

    ORANGE​ ​ESport​ ​នឹង​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ការប្រកួត​បាញ់​ ​PUB​-​G​ ​ជើងឯក​ពិភពលោក​ ​

    ​ព្រឹត្តិ​ការណ៍​នៃ​ការប្រកួត​ពានរង្វាន់​ ​PUBG​ ​Mobile​ ​Club​ ​Open​ ​2019​ ​SEA​ ​Championship​ ​នៅពេល​នេះ​គឹ​ដល់ទី​បញ្ចប់​ហើយ​ ​ហើយ​ជា​លទ្ធផល​ក្រុម​ ​RRQ​ ​Athena​ ​មក​ពី​ប្រទេស​ថៃ​ ​បាន​ទទួល​ជ័យជម្នះ​ជាមួយនឹង​ទឹកប្រាក់​រង្វាន់​ចំនួន​ ​35,000ដុល្លារ​អាមេរិក​។​

    ​ចំពោះ​ក្រុម​តំណាង​ឱ្យ​កម្ពុជា​ ​ORANGE​ ​ESport.CG​ ​វិញ​ ​គឺ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ4​ ​ក្នុង​ការប្រកួត​ប្រចាំ​តំបន់​អាស៊ាន​នេះ​ផង​ដែរ​ ​ដោយ​ទទួល​បាន​នូវ​ ​Slots​ ​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ​PUBG​ ​Mobile​ ​Club​ ​Open​ ​2019​ ​SEA​ ​Championship​ ​នៅ​ប្រទេស​សិង្ហបុរី​ ​ ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី29​ ​ខែ​វិ​ចិ្ឆ​កា​ ​និង​ទី1​ ​ខែធ្នូ​ខាងមុខនេះ​នៅ​ ​PUTRA​ ​WORLD​ ​TRADE​ ​CENTER​ ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ក្រុម​ជើងឯក​ ​RRQ​ ​Athena​ ​របស់​ថៃ​ ​បាន​ទទួល​ទឹកប្រាក់​រង្វាន់​ច្រើន​ដល់ទៅ​ ​35,000​ ​ដុល្លារ​អាមេរិក​ ​និង​ទទួល​បាន​សំបុត្រ​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លក្ខណៈ​សកល​ ​PMCO​ ​Global​ ​Finals​ ​ទៀតផង​៕​


  • ម៉ុងហ្គោលី​រៀបចំខ្លួន​យ៉ាង​ល្អ​ ​មុននឹង​ប្រកួត​ជាមួយ​កម្ពុជា​

    ម៉ុងហ្គោលី​រៀបចំខ្លួន​យ៉ាង​ល្អ​ ​មុននឹង​ប្រកួត​ជាមួយ​កម្ពុជា​

    ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ ​Smart​ ​រវាង​ក្រុមជម្រើសជាតិ​កម្ពុជា​ ​និង​ក្រុមជម្រើសជាតិ​ម៉ុងហ្គោលី​ ​នៅ​ថ្ងៃទី14​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ល្ងាច​ថ្ងៃនេះ​ ​នឹង​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​ ​6​:​30យប់​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​ហើយនឹង​មានការ​ផ្សាយបន្តផ្ទាល់​ដោយ​ស្ថានីយ​ទូរទស្សន៍​ ​BTV​ ​ទៀតផង​។​

    ​សម្រាប់​ការប្រកួត​នេះ​ ​ក្រុមជម្រើសជាតិ​ឈុត​ធំ​កំពុង​ឡើង​ទម្រង់​ខ្លាំង​ម៉ុងហ្គោលី​ ​ហាក់ដូចជា​រៀបចំខ្លួន​បាន​យ៉ាង​ល្អ​ ​និង​ ​មាន​ភាព​ជឿជាក់​ខ្លាំង​ជាង​មុន​ ​ដោយ​ពួកគេ​បាន​ហោះ​មក​កម្ពុជា​មុន​ការប្រកួត​ដល់ទៅ​ជាង​ ​2សប្តាហ៍​ ​ដើម្បី​ឱ្យ​បាន​ស្គាល់​ទឹកដី​ ​និង​ ​បាន​ហ្វឹកហាត់​ឱ្យ​ស៊ាំ​នឹង​អាកាសធាតុ​នៅ​កម្ពុជា​។​

    ​សំបុត្រ​ចូលរួម​ទស្សនា​បាន​ចាប់ផ្តើម​ដាក់​លក់​ហើយ​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ចាប់ពី​វេលា​ម៉ោង​ ​9ព្រឹកមិញ​ ​រហូតដល់​ម៉ោង​ ​6ល្ងាច​ ​ដោយមាន​ ​2ប្រភេទ​ ​គឺ​សំបុត្រ​ក្នុង​តំបន់​មាន​ដំបូល​ ​និង​តំបន់​អត់​ដំបូល​៕​


  • Al​ ​Ahed​ ​លើក​ពាន​ក្លិប​បាល់ទាត់​ល្អ​ផ្តាច់​គេ​ប្រចាំ​ទ្វីបអាស៊ី​ ​

    Al​ ​Ahed​ ​លើក​ពាន​ក្លិប​បាល់ទាត់​ល្អ​ផ្តាច់​គេ​ប្រចាំ​ទ្វីបអាស៊ី​ ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមបាល់ទាត់​ ​Al​ ​Ahed​ ​របស់​ប្រទេស​លីបង់​បាន​លើក​ពាន​ ​ ​AFC​ ​CUP​ ​2019​ ​ក្រោយ​បំបាក់​ក្រុម​ជើងខ្លាំង​មក​ពី​ប្រទេស​កូរ៉េខាងជើង​ ​April​ ​25​ ​SC​ ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​។​

    ​ការ​យកឈ្នះ​ក្នុង​លទ្ធផល​ ​1ទល់នឹង0​ ​នេះ​គឺ​ ​ទទួល​បាន​បន្ទាប់ពី​កីឡាករ​កូរ៉េខាងជើង​ម្នាក់​ទទួល​បាន​កាត​ក្រហម​ក្រោយ​ព្យាយាម​រារាំង​គូប្រកួត​ក្នុង​ការ​អូស​បាល់​ទៅ​ស៊ុត​បញ្ចូល​ទី​។​

    ​ការប្រកួត​ពានរង្វាន់​លំដាប់​ទី2​ ​ប្រចាំ​ទ្វីបអាស៊ី​នេះ​ ​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ដោយសារតែ​ទីនោះ​ ​គឺជា​ទឹកដី​កណ្តាល​ហើយក៏​ជាទី​ស្នាក់​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ផង​ដែរ​ ​ខណៈ​ដែល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​នេះ​ ​គឺ​ធ្វើឡើង​តែ​ ​1ជើង​តែប៉ុណ្ណោះ​៕​


  • កីឡាករ​ឈុត​ធំ​កម្ពុជា​ ​2រូប​ឡើង​តំណែង​ជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​

    កីឡាករ​ឈុត​ធំ​កម្ពុជា​ ​2រូប​ឡើង​តំណែង​ជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​

    ​យោង​តាម​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត​ ​ដែល​ធ្វើឡើង​នាទី​ក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​ ​នៅ​ព្រឹក​ថ្ងៃទី15​ ​ខែតុលា​ ​ឆ្នាំ2019​ ​នេះ​បាន​បង្ហាញថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​22ឆ្នាំ​ ​នឹង​ស្ថិតនៅ​ក្នុង​ពូល​ ​A​ ​ជាមួយ​ប្រទេស​ខ្លាំង​ៗ​ចំនួន4​ ​ដែល​មាន​ដូចជា​ ​ម្ចាស់ផ្ទះ​ហ្វីលីពីន​,​ ​ម៉ាឡេស៊ី​,​ ​មីយ៉ាន់ម៉ា​ ​និង​ទីម័រខាងកើត​។​ ​ដោយឡែក​ពូល​ ​B​ ​វិញ​ ​រួមមាន​ ​ថៃ​,​ ​ឥណ្ឌូ​នេ​ស៊ី​,​ ​វៀតណាម​,​ ​ឡាវ​,​ ​សិង្ហបុរី​ ​និង​ប្រ៊ុយណេ​។​

    ​ក្នុង​នោះ​ដែរ​ ​កីឡាករ​ជម្រើសជាតិ​ឈុត​ធំ​កម្ពុជា​ ​គួច​ ​សុ​កុម្ភៈ​ ​និង​អ្នកចាំទី​របស់​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ​ ​អ៊ុំ​ ​វិចិត្រ​ ​ត្រូវ​បាន​ជ្រើសតាំង​ឱ្យ​ក្លាយទៅជា​គ្រូបង្វឹក​ជំនួយ​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​អាយុ​ក្រោម​ ​22ឆ្នាំ​ ​ដែល​ត្រូវ​ត្រៀម​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​ ​(​ ​ស៊ី​ហ្គេម​ ​–​ ​SEA​ ​Games​ ​)​ ​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​នា​ចុងខែ​វិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​

    ​ ​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​នេះ​ ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី30​ ​ខែវិច្ឆិកា​ ​ដល់​ថ្ងៃទី11​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ជាមួយនឹង​ ​523វិញ្ញាសា​ប្រកួត​ ​លើ​ប្រភេទ​កីឡា​ចំនួន56​ ​ប៉ុន្តែ​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​ ​គឺ​ចាប់ផ្ដើម​មុន​ពិធី​បើកផ្លូវ​ការ​មកដល់​ ​ពោល​គឺ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី25​ ​ខែវិច្ឆិកា​ ​ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី10​ ​ខែធ្នូ​៕​


  • អស្ចារ្យ​!​ ​កម្ពុជា​នឹង​បាន​លេង​ពាន​ថ្មី​ ​ASEAN​ ​Club​ ​Championship​ ​នៅ​ឆ្នាំក្រោយ​

    អស្ចារ្យ​!​ ​កម្ពុជា​នឹង​បាន​លេង​ពាន​ថ្មី​ ​ASEAN​ ​Club​ ​Championship​ ​នៅ​ឆ្នាំក្រោយ​

    ​តាម​ការ​ជួប​ប្រជុំ​គ្នា​នាទី​ក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​ប្រធាន​សហព័ន្ធ​បាល់​ទា​ត់​ធំៗ​ចំនួន3​ ​គឺ​ ​FIFA​ ​(​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​)​ ​AFC​ ​(​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​)​ ​និង​ ​AFF​ ​(​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​)​ ​បាន​យល់ព្រម​ក្នុង​ការបង្កើត​ពានរង្វាន់​ថ្មី​មួយ​សម្រាប់​ប្រទេស​ចំនួន12​ ​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​។​

    ​ពានរង្វាន់​ថ្មី​មួយ​នេះ​មានឈ្មោះ​ថា​ ​ASEAN​ ​Club​ ​Championship​ ​(​ACC​)​ ​មាន​សមាសភាព​ចូលរួម​ប្រកួត​ពី​ក្លិប​អូស្ត្រាលី​ ​កម្ពុជា​ ​ថៃ​ ​ឡាវ​ ​វៀតណាម​ ​មីយ៉ាន់ម៉ា​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​ប្រ៊ុយណេ​ ​ឥណ្ឌូ​នេ​ស៊ី​ ​ហ្វីលីពីន​ ​និង​ទីម័រខាងកើត​ ​ដែល​គ្រោង​នឹង​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ2020​ ​ខាងមុខនេះ​។​

    ​ចំពោះ​ពានរង្វាន់​នេះ​នឹង​មានការ​ប្រកួត​ជាច្រើន​វគ្គ​បន្តបន្ទាប់​ ​ក្នុង​នោះ​ថ​រិកា​ដែល​រៀបចំ​ ​គឺ​ស្ថិតនៅ​ក្រោម​ការ​ផ្គត់ផ្គង់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​ ​ហើយ​ប្រាក់​រង្វាន់​ ​គឺ​បាន​ទៅ​គ្រប់​ក្រុម​ទាំងអស់​ដោយមាន​ចំ​នួន​ខុស​ៗ​គ្នា​ទៅតាម​វគ្គ​ប្រកួត​នី​មួយ​ៗ​៕​


  • រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទី5​ ​នៅ​កម្ពុជា​មាន​សមត្ថភាព​ផលិត​បាន​ ​1លាន​តោន​ក្នុង​ ​1ឆ្នាំ​

    រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទី5​ ​នៅ​កម្ពុជា​មាន​សមត្ថភាព​ផលិត​បាន​ ​1លាន​តោន​ក្នុង​ ​1ឆ្នាំ​

    ​ចាប់ពី​ថ្ងៃនេះ​តទៅ​កម្ពុជា​នឹង​មាន​រោងចក្រ​ស៊ីម៉ងត៍​ថ្មី​មួយទៀត​នៅ​លើទឹក​ដី​ខេត្តកំពត​ ​ដែល​មានតម្លៃ​វិនិយោគ​សរុប​ប្រមាណ​ ​110លាន​ដុល្លារ​អាមេរិក​។​ ​

    ​រោងចក្រ​ស៊ីម៉ងត៍​ថ្មីនេះ​ ​ជា​រោងចក្រ​ស៊ីម៉ងត៍​ទី5​ ​ហើយដែល​មាននៅ​កម្ពុជា​ ​បន្ទាប់ពី​រោច​ក្រ​ស៊ីម៉ងត៍​ទី1​ ​គឺ​រោងចក្រ​ស៊ីម៉ងត៍​កំពត​ ​ស៊ី​មេន​ ​ខូ​អិល​ធី​ឌី​ ​(​Kampot​ ​Cement​ ​Co​.​,​ ​Ltd​)​ ​ទី2​ ​រោងចក្រ​ស៊ីម៉ងត៍​កម្ពុជា​ ​ចក្រី​ទីង​ ​(​Cambodia​ ​Cement​ ​Chakreyting​ ​Co​.​,​ ​Ltd​)​ ​ទី3​ ​រោងចក្រ​ស៊ីម៉ងត៍​ ​ជីប​ ​ម៉ុង​ ​អ៊ិ​ន​ស៊ី​ ​ស៊ី​មេន​ ​ខ​ប​ភើ​រេ​ស៊ិន​ ​(​Chip​ ​Mong​ ​Insee​ ​Cement​ ​Corporation​)​ ​និង​ទី4​ ​រោងចក្រ​ស៊ីម៉ងត៍​ ​បាត់ដំបង​ ​ខនស៍​ ​ស៊ី​មេន​ ​លី​មី​ធី​ត​។​ ​

    ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទី5​ ​នេះ​ ​គឺជា​រោងចក្រ​របស់​ក្រុមហ៊ុន​ថៃ​ប៊ុ​នរ៉ុង​ ​ដែល​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ ​700ហិ​ក​តា​ ​ក្នុងទឹក​ដី​នៃ​ភូមិ​ល្អាង​ ​ឃុំ​ល្អាង​ ​ស្រុក​ដងទង់​ ​ខេត្តកំពត​ ​ដែល​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ប្រមាណ​ ​2,500តោន​ក្នុង​ ​1ថ្ងៃ​ ​ឬ​ស្មើនឹង​ជិត​ ​1លាន​តោន​ក្នុង​ ​1ឆ្នាំ​។​ ​សម្រាប់​កម្លាំង​ពលកម្ម​វិញ​ ​រោងចក្រ​ស៊ីម៉ងត៍​នេះ​អាច​ផ្ត​លកា​រងា​រ​ដល់​បុគ្គលិក​ប្រមាណ​ ​335នាក់​។​ ​បន្ថែម​ពីលើ​នេះ​ ​ចង្វាក់​ផលិតកម្ម​មួយ​នេះ​ ​បាន​ផ្តល់​សួយសារអាករ​ថ្មកំបោរ​ចូល​រដ្ឋ​ប្រមាណ​ ​38ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ ​1ឆ្នាំ​ ​ដោយ​មិនទាន់​គិត​បញ្ចូល​ប្រាក់ចំណូល​ពន្ធអាករ​ ​និង​កាតព្វកិច្ច​ហិរញ្ញ​វត្ថុ​ផ្សេង​ៗ​ទៀត​នៅឡើយ​៕​ ​

  • Suphanat​ ​Mueanta​ ​មិន​អាច​ជួយ​ក្រុម​ថៃ​បានទេ​ក្នុង​ជំនួប​ជាមួយនឹង​កម្ពុជា​

    Suphanat​ ​Mueanta​ ​មិន​អាច​ជួយ​ក្រុម​ថៃ​បានទេ​ក្នុង​ជំនួប​ជាមួយនឹង​កម្ពុជា​

    ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ ​AFC​ ​U19​ ​Championship​ ​2020​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ថៃ​អាយុ​ក្រោម​ ​19ឆ្នាំ​ ​បាន​យកឈ្នះ​ក្រុម​ប្រ៊ុយណេ​ ​ក្នុង​លទ្ធផល​ ​9ទល់នឹង0​ ​ដូចដែល​កម្ពុជា​យកឈ្នះ​លើ​ក្រុម​ម៉ា​រី​ណា​ខាងជើង​ដែរ​។​

    ​តែ​ ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ ​កីឡាករ​ខ្សែប្រយុទ្ធ​វ័យ​ ​17ឆ្នាំ​របស់​ថៃ​ ​Suphanat​ ​Mueanta​ ​បាន​បង្ហាញ​ទម្រង់​លេខ​បាន​យ៉ាង​ល្អ​ ​ដោយ​បាន​ស៊ុត​បញ្ចូល​ទី​បាន​ដល់ទៅ​ ​4គ្រាប់​ម្នាក់ឯង​ ​ដែល​បាន​ធ្វើ​ឱ្យ​រូបគេ​ជាប់​ឈ្មោះ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​បង្អស់​គិត​ត្រឹម​ថ្ងៃទី6​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​នេះ​។​

    ​គួរ​បញ្ជាក់​ផង​ដែ​ថា​ ​កីឡាករ​រូប​នេះ​នឹង​អវត្តមាន​ក្នុង​ជំនួប​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ដោយសារតែ​ជាប់​ភារកិច្ច​ហ្វឹកហាត់​ក្នុង​ក្រុមបាល់ទាត់​ឈុត​ធំ​ជម្រើសជាតិ​ថៃ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជាមួយនឹង​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃទី14​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​៕​

  • 8វិធី​កម្ចាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ​ដែល​ជនជាតិ​ជប៉ុន​ណែនាំ​

    8វិធី​កម្ចាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ​ដែល​ជនជាតិ​ជប៉ុន​ណែនាំ​

    ក្លិន​មាត់​បាន​សាង​នូវ​ភាព​លែង​ជឿជាក់​លើ​ខ្លួនឯង​ចំពោះ​សាមីខ្លួន​យ៉ាង​ខ្លាំង​ ទោះជា​ខំ​ថែរក្សា​ព្យាបាល​ប្រអប់មាត់​ និង​ធ្មេញ​ល្អល្អះ​ប៉ុនណា​ក្ដី​ តែ​ជួនកាល​ក៏​នៅតែ​មាន​ក្លិន​មាត់​សាយភាយ​ចេញ​មក​បែប​មិនដឹង​ខ្លួន​ដែរ​ ដូច្នេះ​ពេលនេះ​ យើង​នាំគ្នា​មក​ដឹងពី​មូលហេតុ​ជាច្រើន​ប្រការ​ដែល​ធ្វើ​ឱ្យ​កើត​ក្លិន​មាត់​ និង​វិធី​កម្ចាត់​ក្លិន​មាត់​ឱ្យ​បាន​លទ្ធផល​ល្អ​ដែល​ជនជាតិ​ជប៉ុន​ណែនាំ​មក​ដូច​ខាងក្រោម​នេះ​…។

    មូលហេតុ​របស់​ការ​កើតមាន​ក្លិន​មាត់​
    ក្លិន​មាត់​ មាន​មូលហេតុ​មក​ពី​ច្រើន​រឿង​ណាស់​ តាំងពី​ការ​ញ៉ាំ​កាហ្វេ​ និង​ស្រា​ ការ​ទទួលទាន​អាហារ​ដែល​ប្រកបដោយ​ខ្ទឹមបារាំង​ ខ្ទឹមក្រហម​ ខ្ទឹមស​ និង​គ្រឿងទេស​ជាដើម​ តែ​មូលហេតុ​ចម្បង​វិញ​ បណ្ដាលមកពី​ការ​ដុស​សម្អាត​ធ្មេញ​មិនបាន​ស្អាត​ ធ្វើ​ឱ្យ​មេរោគ​បាក់តេរី​ក្នុង​ប្រអប់មាត់​ទៅ​រំលាយ​កម្ទេចកម្ទី​អាហារ​ដែល​នៅ​ជាប់​សេសសល់​ក្នុង​ប្រអប់មាត់​ និង​បំពង់ក​ ដែល​ក្រៅពី​នឹង​ធ្វើ​ឱ្យ​កើត​ក្លិនស្អុយ​ហើយ​ នៅ​បង្ក​ឱ្យ​មាន​បញ្ហា​ក្នុង​ប្រអប់មាត់​ទៀតផង​ ដូចជា​មាន​បន្ទះ​ផ្សិត​ពណ៌ស​ៗនៅ​លើ​អណ្ដាត​ និង​គល់​អណ្ដាត​ផ្នែក​ខាងក្នុង​ ពុក​ធ្មេញ​ ជំងឺ​រលាក​អញ្ចាញ​ដោយសារ​កំណក​អតិសុខុម​ប្រាណ​ និង​កំណកកំបោរ​ប្រមូល​សន្សំ​នៅ​តាម​មុខតំណ​របស់​អញ្ចាញ​ និង​ធ្មេញ​។ បើ​មិនបាន​ទទួលការ​ព្យាបាល​ទេ​ ជំងឺ​រលាក​អញ្ចាញធ្មេញ​នឹង​រីក​រាលដាល​ខ្លាំង​ឡើង​ ក្លាយជា​ជំងឺ​រលាក​ជុំវិញ​ធ្មេញ​ដែល​នឹង​បង្ក​ឱ្យ​មាន​ក្លិន​កាន់តែ​ស្អុយ​ខ្លាំង​ឡើង​។

    មូលហេតុ​សំខាន់​ 1ប្រការ​ទៀត​របស់​ការ​កើតមាន​ក្លិន​មាត់​គឺ​ សភាវ​មាត់​ស្ងួត​ មាន​ទឹកមាត់​តិច​ ដែល​កើត​ពី​ការ​ញ៉ាំទឹក​មិនបាន​គ្រប់គ្រាន់​។ នៅពេល​មាន​ទឹកមាត់​តិច​ មេ​រោ​គផ្សេង​ៗជាច្រើន​នឹង​នៅ​សេសសល់​ក្នុង​ប្រអប់មាត់​ ធ្វើ​ឱ្យ​កើតមាន​ក្លិន​មិន​ប៉ងប្រាថ្នា​កាន់តែ​ច្រើនឡើង​។ ក្រៅពី​នេះ​ ក៏​មាន​មូលហេតុ​មក​ពី​ប្រព័ន្ធ​រំលាយអាហារ​ដែល​មាន​មេរោគ​បាក់តេរី​ប្រភេទ​មិនល្អ​ក្នុង​ក្រពះ​ និង​ពោះវៀនតូច​ដែល​បង្ក​ឱ្យ​កើត​អាការ​ឆ្អល់​ណែន​ក្នុង​ពោះ​ និង​ភើ​មាន​ក្លិនស្អុយ​ចេញ​មក​ រួម​ទាំង​អាការ​ទល់លាមក​ច្រើន​ៗថ្ងៃ​ ក៏​ធ្វើ​ឱ្យ​កើតមាន​ក្លិន​មាត់​មិនល្អ​បាន​ដែរ​។

    វិធី​កម្ចាត់​ក្លិន​ក្នុង​ប្រអប់មាត់
    ​អាច​ប្រើ​វិធី​ណាមួយ​ ឬប្រើ​រួម​ទាំងអស់​ក៏បាន​…

    1. ប្រើ​ម្សៅ​បេ​កឃីង​សូ​ដា​
    វិធី​នេះ​នឹង​ជួយ​សម្លាប់​មេរោគ​បាក់តេរី​ខាងក្នុង​មាត់​ អាច​ធ្វើ​បាន​ដោយ​ការ​លាយ​ម្សៅ​បេ​កឃីង​សូ​ដា​(អាច​រក​ទិញ​បាន​នៅក្នុង​ផ្សារ​ទំនើប​) កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុងទឹក​ 1កែវ​ ហើយ​ខ្ពុរ​ក្នុង​មាត់​រយៈពេល30វិនាទី​ រួច​ខ្ជាក់​ចេញ​។

    2. ប្រើ​ប្រទាល​កន្ទុយក្រពើ
    ​ប្រទាល​កន្ទុយក្រពើ​ ក្រៅពី​មានគុណ​សម្បត្តិ​ក្នុង​ការ​ព្យាបាល​មុខ​របួស​រលាកភ្លើង​ ឬទឹក​ក្ដៅ​ហើយ​ វា​ក៏​មានគុណ​សម្បត្តិ​ក្នុង​ការ​បំបាត់​ក្លិន​មាត់​បាន​ដោយ​ការកាត់បន្ថយ​បរិមាណ​មេរោគ​បាក់តេរី​ក្នុង​ប្រអប់មាត់​ និង​ជួយ​បង្កើន​បរិមាណ​ទឹកមាត់​។ វិ​ធី​ងាយ​ៗ គឺ​គ្រាន់តែ​ខ្ពុរមាត់​ដោយ​ទឹក​ប្រទាល​កន្ទុយក្រពើ​ 1ថ្ងៃ​ 2ដង​ ព្រឹក​ និង​ល្ងាច​។

    3. ញ៉ាំទឹក​ឱ្យ​បាន​គ្រប់គ្រាន់
    ​ការ​ញ៉ាំទឹក​តិច​ នឹង​ធ្វើ​ឱ្យ​លំហូរ​វិល​របស់​ទឹកមាត់​មាន​តិច​ និង​នាំ​ឆ្ពោះទៅ​រក​ការ​មាន​ក្លិន​មាត់​មិនល្អ​។ ក្នុង​ 1ថ្ងៃ​ គួរ​ញ៉ាំទឹក​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​បង្កើន​លំហូរ​វិល​របស់​ទឹកមាត់​នៅក្នុង​ប្រអប់មាត់​។

    4. ញ៉ាំ​ស្រា​ទំ​ពាំ​បាយជូរ​ក្រហម​ 1ថ្ងៃ​ 1កែវ​
    តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញថា​ ការ​ញ៉ាំ​ស្រា​ទំពាំងបាយជូរ​ក្រហម​ 1ថ្ងៃ​ 1កែវ​ នឹង​ជួយ​កាត់បន្ថយ​ការ​រីកចម្រើន​របស់​មេរោគ​បាក់តេរី​ក្នុង​ប្រអប់មាត់​ តែ​ទាំងអស់​នេះ​ ដើម្បី​ការពារ​ពណ៌​របស់​ស្រាក្រហម​ប្រឡាក់​ជាប់​ធ្មេញ​ គួរ​ដុស​សម្អាត​ធ្មេញ​ ឬខ្ពុរមាត់​ក្រោយពេល​ញ៉ាំ​ស្រា​នេះ​រួច​។

    5. ទទួលទាន​បន្លែ​ និង​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិកា​កសរសៃ​
    ការ​ទំពា​បន្លែ​ ឬផ្លែឈើ​ដែល​សម្បូរទៅដោយ​កាក​សរសៃ​អាហារ​ ដូចជា​ ស្ពៃក្ដោប​ សាលាដ​ ការ៉ុត​ ឃឹន​ឆាយ​ ផ្លែ​ប៉ោម​ និង​ផ្លែ​ត្របែក​ ក្រៅ​-ពី​បាន​សាង​នូវ​ភាព​ស្រស់ថ្លា​ដល់ពេល​ហូប​អាហារ​ហើយ​ ការ​ទំពា​បន្លែ​ និង​ផ្លែឈើ​ទាំងនោះ​ នឹង​ជួយ​លាង​ជម្រះ​វត្ថុ​កខ្វក់​នៅក្នុង​មាត់​ និង​បន្ថែម​ការ​បញ្ចេញ​ទឹកមាត់​ទៀតផង​។

    6. ទទួលទាន​ក្រូចឆ្មារ​ និង​ផ្លែ​បួយ​ត្រាំ
    ​ផ្លែក្រូច​ឆ្មារ​ និង​ផ្លែ​បួយ​ត្រាំ​មាន​អាស៊ីត​អតិសុខុម​ប្រាណ​ដែល​ជួយ​បង្កើន​ការ​បញ្ចេញ​ទឹកមាត់​ និង​បង្កើន​ការ​រំលាយ​របស់​ប្រូ​តេ​អុី​នដែល​ជា​ប្រភព​ធ្វើ​ឱ្យ​កើត​ក្លិនអាក្រក់​ក្នុង​មាត់​ និង​ថែមទាំង​ជួយការ​ពារ​មិន​ឱ្យ​កម្ទេច​អាហារ​ដែល​ជាប់​នៅក្នុង​កន្លៀត​ធ្មេញ​រលួយ​ស្អុយ​ក្នុងករណី​ដែល​មិនបាន​ដុស​សម្អាត​ធ្មេញ​ក្រោយពេល​បាយ​បា​នភ្លាមៗ​។

    7. ញ៉ាំទឹក​តែ​
    ទឹកតែ​ភាគច្រើន​ប្រកបដោយ​សារធាតុ​ ហ្វ្លា​វ៉ូ​ណយដ៍​ ដែល​មាន​ឫទ្ធិ​ក្នុង​ការកាត់បន្ថយ​ក្លិន​មាត់​ និង​ជួយ​កម្ចាត់​មេរោគ​បាក់តេរី​ក្នុង​ប្រអប់មាត់​។ វិធីការ​ដែល​មានប្រសិទ្ធភាព​ក្នុង​ការ​ជួយ​កាត់បន្ថយ​ក្លិន​មាត់​បាន​ល្អ​បំផុត​ គឺ​ការ​ញ៉ាំទឹក​តែ​ក្រោយពេល​បាយ​រួច​។

    8. ទទួលទាន​យ៉ា​អួ​(ទឹកដោះគោ​ជូរ​)ជាប្រចាំ​
    មួយ​ក្នុងចំណោម​មូលហេតុ​សំខាន់​របស់​ក្លិន​មាត់​ គឺ​ការ​មាន​មេរោគ​បាក់តេរី​ច្រើនលើស​នៅក្នុង​ក្រពះ​ និង​ពោះវៀនតូច​ ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​ធ្វើការ​ខុសប្រក្រតី​។ ការ​ទទួលទាន​យ៉ា​អួ​ជាប្រចាំ​ នឹង​ជួយ​កែសម្រួល​ប្រព័ន្ធ​ទូទៅ​ក្នុង​ពោះវៀន​ឱ្យ​ល្អ​ឡើង​ ហើយ​មានការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញថា​ ការ​ទទួលទាន​យ៉ា​អួ​ជាប្រចាំ​រៀងរាល់ថ្ងៃ​ 1ថ្ងៃ​ 1ពែង​ នឹង​ជួយ​បន្ថយ​បរិមាណ​សារធាតុ​ដែល​ធ្វើ​ឱ្យ​កើត​ក្លិនស្អុយ​ក្នុង​មាត់​ ដូចជា​ ហៃ​ដ្រូ​ចេ​នសាល់​ហ្វៃ​ដ៍​ បាន​ទៀតផង​។

    បើសិនជា​បាន​ដុស​សម្អាត​ធ្មេញ​ និង​មើលថែ​ទាំ​សុខភាព​ប្រអប់មាត់​បាន​ល្អ​ហើយ​ តែ​ក៏​នៅតែ​មាន​អារម្មណ៍​ថា​ នៅតែ​មាន​ក្លិន​មាត់​មិនល្អ​ទៀត​នោះ​ ចូរ​សាកល្បង​ប្រើ​វិធី​ណាមួយ​ដូច​ខាងលើ​-លមើល​ក៏បាន​៕

  • ម៉ូដ​សក់​សាមញ្ញ​ៗស្អា​តៗ​ សម្រាប់​ដំណើរ​កម្សាន្ត​រីករាយ​

    ម៉ូដ​សក់​សាមញ្ញ​ៗស្អា​តៗ​ សម្រាប់​ដំណើរ​កម្សាន្ត​រីករាយ​

    បន្ទាប់ពី​ថ្ងៃ​រៀបការ​កន្លង​ផុត​ទៅ​ កុំ​ភ្លេច​ណ៎ា​ ចូល​ដល់​ថ្ងៃ​ដើរកម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ម្តង​ហើយ​ ដើម្បី​បង្កើន​ភាព​ផ្អែមល្ហែម​ និង​សេចក្តី​សុខ​ដល់​ការ​ចាប់ផ្តើម​ជីវិត​អាពាហ៍​ពិពាហ៍​។ សូម​រក្សា​ភាព​ស្រស់​ស្អាត​របស់​អ្នក​ឱ្យ​បាន​ ទោះជា​នៅក្នុង​ដំណើរ​កម្សាន្ត​បែប​ឯកជន​តែ​ពីរ​នាក់​ក៏ដោយ​ ក៏​ភាព​ស្រស់​ស្អាត​នៅតែ​ចាំបាច់​ ដើម្បី​ផ្តល់​ឱ្យ​អ្នក​នូវ​ភាព​ស្និត​ស្នាល​ និង​ភាព​ជឿជាក់​ដល់​រូប​អ្នក​ ជាពិសេស​នៅពេល​ផ្តិត​យក​នូវ​រូបភាព​ទុកជា​អនុស្សាវរីយ៍​ ថតរូប​ភាពជា​មួយគូ​ស្នេហ៍​របស់​អ្នក​ ឬក៏​ថត​ Selfie​ ជាដើម​។ ម៉ូដ​សក់​សម្រាប់​ដំណើរ​កម្សាន្ត​មិន​ចាំបាច់​សាំញ៉ាំ​ច្រើន​នោះ​ទេ​ ឱ្យ​តែ​សមនឹង​ទម្រង់​មុខ​របស់​អ្នក​ ស្រឡះ​មុខ​ និង​បែប​សាមញ្ញ​ៗទៅ​បាន​ហើយ​ ដើម្បី​ឱ្យ​អ្នកមាន​ភាព​សុខ​ស្រួល​ក្នុងចិត្ត​ និង​ងាយស្រួល​ថែទាំ​សក់​របស់​អ្នកផង​។ អ្នក​អាច​លេង​ម៉ូដ​ចង​ ក្រង​ ឬទម្លាក់​ខ្លះ​ៗក៏បាន​ ទោះជា​ម៉ូដ​ទាំងនេះ​មាន​ភាព​សាមញ្ញ​ និង​មើលទៅ​ធម្ម​តាៗ​ក៏​ពិតមែន​ តែ​មិន​សាំ​ភ្នែក​នោះ​ទេ​ ហើយ​ថែមទាំង​ផ្តល់​នូវ​ភាព​ងាយស្រួល​មិន​តិច​ទេ​ដល់​នា​រីៗ​យើង​ ព្រមទាំង​ជា​ម៉ូដ​ដែល​ទាន់សម័យ​ទៀតផង​។ កុំ​ភ្លេច​ណ៎ា​! លេង​ម៉ូដ​សក់​សម្រាប់​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​ទាំងអស់គ្នា​៕

  • រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកាជាតិ​ឆ្នាំ2020​ ប្រមាណ​ 8,223លាន​ដុល្លារ​

    រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកាជាតិ​ឆ្នាំ2020​ ប្រមាណ​ 8,223លាន​ដុល្លារ​

    រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​ថវិកា​នៅក្នុង​ឆ្នាំ2020ខាងមុខនេះ​សរុប​ប្រមាណ33​,339,633លាន​រៀល​ ​;ដែល​ស្មើនឹង​ប្រមាណ​ជា​ 8,223​លាន​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ការគ្រប់គ្រង​រដ្ឋ​។ គម្រោង​ចំណាយ​នេះ​បើ​ធៀប​នឹង​ឆ្នាំ2019​ មាន​ប្រមាណ​ជា​ 28.01​%នៃ​ផសស​ (GDP​) និង​កើនឡើង​22.7​%។ នេះ​បើ​តាម​ខ្លឹមសារ​នៃ​សេចក្ដីសង្ខេប​ប្រតិបត្តិ​ “សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​រដ្ឋ​ឆ្នាំ2020​” របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

    គេ​នៅ​មិនទាន់​ដឹង​ថា​ តើ​ការ​បង្កើន​ការ​ចំណាយ​សម្រាប់​ការ​ចំណាយ​បន្ទាន់​នេះ​នឹង​រួមចំណែក​ដល់​កញ្ចប់​ថវិកា​សារពើពន្ធ​ដែល​ធនាគារពិភពលោក​បាន​ព្យាករ​ថា​នឹង​ត្រូវ​បាន​ណែនាំ​នោះ​ទេ​ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេចចិត្ត​ដក​កម្ពុជា​ចេញពី​ប្រព័ន្ធ​ពាណិជ្ជកម្ម​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ ឬ EBA​ នៅក្នុង​ខែកុម្ភៈ​ឆ្នាំក្រោយ​។ កាលពីដើម​ខែ​នេះ​ធនាគារពិភពលោក​បាន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​កញ្ចប់​ជំរុញ​សេដ្ឋកិច្ច​រហូតដល់​ 3%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​។ការ​កើនឡើង​តិចតួច​នៃ​គម្រោង​ចំណាយ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើតមាន​នៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ថវិកា​ចំពោះ​រដ្ឋបាល​ទូទៅ​ ដែល​មាន​ក្រសួង​ និង​ស្ថាប័ន​ចំនួន15​ រួម​ទាំង​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ នឹង​មានការ​កើនឡើង​បន្តិចបន្តួច​ចាប់ពី​ឆ្នាំ2019​ពី​ 615លាន​ដុល្លារ​ ដល់​ប្រហែល​ 628លាន​ដុល្លារ​សម្រាប់​ឆ្នាំ2020​ ។

    វិស័យ​ការពារ​ជាតិ​ សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ត្រូវ​បាន​កំណត់​នឹង​ទទួល​បាន​ជិត​ 1.2​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំក្រោយ​ ប្រសិនបើ​សេចក្តី​ព្រាង​ថវិកា​ត្រូវ​បាន​អនុម័ត​ ដោយ​កើនឡើង​ពី​ 1.1​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​ ដែល​នឹង​ត្រូវ​ចែក​ជា4​ នៃ​ផ្នែកការ​ពារ​ជាតិ​ ប្រហែលជា​ 630លាន​ដុល្លារ​។

    ស្ថាប័ន​ និង​ក្រសួង​ចំនួន9​ ដែល​បង្កើត​ជាផ្នែក​សង្គម​ និង​ជំពូក​សុខុមាលភាព​នៃ​ថវិកា​ក៏អាច​ត្រូវ​បាន​រំពឹង​ថា​ នឹង​មានការ​កើនឡើង​បន្តិចបន្តួច​ពី​ 1.81ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​ដែរ​ ដោយ​ថវិកា​ឆ្នាំ​2020​ នឹង​ឈាន​ដល់​ 2ពាន់​លាន​ដុល្លារ​ ដែល​ក្នុង​នោះ​ថវិកា​ជាង​ 1.4ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​បែងចែក​ទៅ​ក្រសួង​អប់រំ​ និង​សុខាភិបាល​។

    វិស័យ​សេដ្ឋកិច្ច​ដែល​រួមមាន​ក្រសួង​-ស្ថាប័ន​ចំនួន10​ ទំនងជា​នឹង​មានការ​កើនឡើង​តិចតួច​ដែរ​ ពី​1.65ពាន់​លាន​ដុល្លារ​ដល់​ប្រហែល​ 1.8ពាន់​លាន​ដុល្លារ​ ដែល​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ត្រូវ​បាន​រំពឹង​ថា​ នឹង​មាន​ប្រហែល​ 800លាន​ដុល្លារ​នៅ​ឆ្នាំ2020​។

    ក្នុងចំណោម​គម្រោង​ចំណាយ​ថវិកាជាតិ​ជាង​ 8ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​របស់​កម្ពុជា​ សម្រាប់​ឆ្នាំ2020​ នេះ​ រាជរដ្ឋាភិបាល​មាន​ទិសដៅ​ជា​យុទ្ធសាស្ត្រ​កំណត់​ចំណាយ​ថវិកា​ថ្នាក់​ជាតិ​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ចំនួន​ 31,095,855លាន​រៀល​ ដែល​ស្មើនឹង​ប្រមាណ​ជាង​ 7,600លាន​ដុល្លារ​ ត្រូវជា26.12​% នៃ​ផសស​ កើនឡើង20.7​% បើ​ធៀប​នឹង​ច្បាប់​ឆ្នាំ2019​ ដែល​ក្នុង​នោះ​ការ​ចំណាយ​ចរន្ត​ថ្នាក់​ជាតិ​ មាន​ចំនួន​ 18,036,884លាន​រៀល​ ឬប្រមាណ​ 4,459លាន​ដុល្លារ​និង​ចំណាយ​មូលធន​ថ្នាក់​ជាតិ​ មាន​ចំនួន​ 13,058,971​លាន​រៀល​ ឬប្រមាណ​ 3,200លាន​ដុល្លារ​)។

    សូម​បញ្ជាក់​ថា​ នៅក្នុង​ឆ្នាំ2019​ នោះ​សម្រាប់​ការ​ចំណាយ​ទូទៅ​របស់​រដ្ឋ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ចំណាយ​ថវិកា​ប្រមាណ​ 27,164,996លាន​រៀល​ ដែល​ប្រហាក់​ប្រហែល​នឹង​ 7,600លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ចំនួន​បាន​កើនឡើង​ 11.4​% ធៀប​នឹង​គម្រោង​ចំណាយ​ថវិការដ្ឋ​ឆ្នាំ2018​ ដែល​មាន​ចំនួន​សរុប​ចំនួន​ 24,375,102លាន​រៀល​។

    ថវិកា​ឆ្នាំ2020​ ត្រូវ​បាន​រៀបចំ​ដោយ​ការ​គិតគូរ​ប្រកបដោយ​ភាព​ប្រយ័ត្ន​ប្រយែង​ និង​សម្រាប់​អនុវត្ត​សកម្មភាព​អាទិភាព​ ដើម្បី​ឆ្លើយតបទៅនឹង​អាទិភាព​គោល​នយោបាយ​ធំៗ​របស់​រាជរដ្ឋាភិបាល​ និង​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​របស់ក្រ​សួង​ស្ថាប័ន​នានា​ ជាពិសេស​ការអនុវត្ត​ឱ្យ​ចេញ​លទ្ធផលជាក់​ស្តែង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កម្មវិធី​នយោបាយ​ ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ2019​-2023​ របស់​រាជរដ្ឋាភិបាល​ដែល​ជា​ មាគ៌ា​រយៈពេល​មធ្យម​សំដៅ​ឈាន​ទៅ​សម្រេច​បាន​នូវ​បំណងប្រាថ្នា​រយៈពេល​វែង​របស់​ប្រជាជន​កម្ពុជា​។

    នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​កាលពី​ព្រឹក​ថ្ងៃទី25​ ខែតុលា​ ឆ្នាំ2019​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​អនុម័ត​ទាំងស្រុង​ហើយ​លើ​ “សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​រដ្ឋ​ឆ្នាំ2020​”។ នេះ​បើ​តាម​ការប្រកាស​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៕