កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ Becamex Bình Dương បានប្រកាសអំពីការមកប្រកួតជាមិត្តភាពអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់លីកកំពូលរបស់កម្ពុជាចំនួន2 នៅកម្ពុជា ចាប់ពីថ្ងៃទី28 ដល់30 ខែវិច្ឆិកា ឆ្នាំ2019ខាងមុខនេះ។
ការប្រកួតទី1 ក្រុមមួយនេះនឹងប្រកួតជាមួយនឹងក្លិបក្រសួងការពារជាតិ នៅថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2019 នៅកីឡដ្ឋានហ្វឹកហ្វឹនកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នៅវេលាម៉ោង 5ល្ងាចតទៅ។ ខណៈមួយប្រកួតទៀត នៅថ្ងៃទី30 វិច្ឆិកា ឆ្នាំ2019 នៅពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង3 និង30នាទីតទៅ។
គួររំឭកផងដែរថា ក្លិបបាល់ទាត់អាជីពមួយនេះ ថ្វីដ្បិតតែជាក្រុមខ្លាំងរបស់វៀតណាមក៏ពិតមែន តែក្រុមនេះធ្លាប់ត្រូវក្រុមបឹងកេតបំបាក់បានចំនួន 3លើករួចមកហើយ នៅក្នុងការប្រកួតដណ្ដើមពាន Toyota Mekong Club Championship និង BTV Cup៕

Category: សង្គម និងសេដ្ឋកិច្ច

Becamex Bình Dương មកប្រកួតមិត្តភាពជាមួយក្លិប2 របស់កម្ពុជា

ឆ្នាំ2020 បញ្ឈប់សេវាកម្មជិះដំរីកម្សាន្តនៅតំបន់ភ្នំបាក់ខែង
ចាប់ពីដើមឆ្នាំ2020 តទៅ សេវាកម្មជិះដំរីកម្សាន្តនៅភ្នំបាក់ខែងក្នុងតំបន់អង្គរ ខេត្តសៀមរាប នឹងលែងឱ្យមានដំណើរការតទៅទៀតហើយ ដោយសារសត្វដំរីទាំងនោះ នឹងត្រូវបានគេផ្តល់សិទ្ធិសេរីភាពឱ្យទៅរស់នៅតាមបែបធម្មជាតិក្នុងតំបន់អភិរក្សវិញ។ នេះបើយោងតាមការឱ្យដឹងពីសំណាក់មន្រ្តីអាជ្ញាធរជាតិអប្សរា។
លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2019 កន្លងទៅថា គិតរហូតមកដល់ព្រឹកថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2019 មានសត្វដំរីចំនួន 5ក្បាលហើយ ដែលបានដឹកជញ្ជូនចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ ជាទីតាំងដែលដំរីទាំងនោះ ត្រូវបានលែងឱ្យមានសេរីភាព និងមានចម្ងាយប្រមាណ 40គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ពោលគឺស្ថិតនៅក្នុងភូមិបុស្សធំ ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ក្នុងខេត្តសៀមរាប។
ចំពោះការដឹកជញ្ជូនសត្វដំរីទាំងនេះ ត្រូវបានធ្វើឡើងដោយសមាគមគ្រប់គ្រងសត្វដំរី សហការជាមួយអាជ្ញាធរជាតិអប្សរា ពោលគឺដឹកជញ្ជូនតាមរថយន្តនៅព្រឹកថ្ងៃទី14 ចំនួន 2ក្បាល និង ព្រឹកថ្ងៃទី15 ចំនួន 3ក្បាលបន្ថែមទៀត ក្នុងគោលបំណងដើម្បីឱ្យសត្វដំរីទាំងនោះមានជីវិតរស់នៅតាមបែបធម្មជាតិរបស់ពួកវា ក៏ដូចជាការអភិរក្សសត្វដំរីទាំងនោះផងដែរ។
លោក ឡុង កុសល បានបញ្ជាក់ថា សមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរា នឹងធ្វើការដឹកជញ្ជូនសត្វដំរីជាបណ្ដើរៗចេញពីរមណីយដ្ឋានអង្គរ សំដៅទៅរកការបញ្ឈប់ជាស្ថាពរនូវសកម្មភាពអាជីវកម្មក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្ត ចាប់ពីដើមឆ្នាំ2020 តទៅ។
នាយកអង្គការការពារសត្វដំរី ដែលមានមូលដ្ឋាននៅខេត្តមណ្ឌលគិរី លោក ឃុន ដីយ៉ូន បានឱ្យដឹងថា៖« ដំរីសរុបនៅទូទាំងប្រទេសកម្ពុជាមាន 68ក្បាល ក្នុងនោះនៅខេត្តមណ្ឌលគិរីមាន 38ក្បាល។ លើសពីនេះ នៅខេត្តមណ្ឌលគិរី នៅមិនទាន់មានសួនសត្វធំទូលាយ សម្រាប់ចិញ្ចឹមសត្វព្រៃ និងសត្វដំរី នៅឡើយទេ យើងអត់ទាន់មានសួនឧទ្យានណាមួយសម្រាប់រក្សាដំរីឱ្យធំតែម្ដងទេ។ ខ្ញុំអត់ចង់ថែរក្សាវាដូចនៅភ្នំតាម៉ៅទេ ផ្ទៃដីតូច ខ្ញុំចង់បានរាប់ម៉ឺនហិកតា នៅដែនជម្រកកែវសីមា មានផ្ទៃដី 3ម៉ឺនហិកតា គឺដាក់ 3ម៉ឺនហិកតាតែម្ដង អត់ចង់ដាក់ក្នុងទ្រុងទេ»។
លោកបញ្ជាក់ថា៖«យើងមានការថយចុះដីព្រៃសម្រាប់ចិញ្ចឹមសត្វព្រៃ និងសត្វដំរី ដោយសារព្រៃរេចរឹល ហើយចម្ការមនុស្សកើនឡើង ការថយចុះទំហំព្រៃឈើ ដែលជាជម្រករបស់ដំរីព្រៃ បង្កប៉ះពាល់ជីវសាស្ត្រដំរី ខណៈបច្ចុប្បន្នពលរដ្ឋបានលួចកាប់ទន្ទ្រានដីព្រៃ ធ្វើចម្ការ រំខានការចិញ្ចឹមជីវិតសត្វដំរីព្រៃ»៕


កម្ពុជានឹងទទួលបានដំណក់ប្រេងលើកដំបូងនៅឆ្នាំ2020
បើទោះបីជាមិនបង្ហាញអំពីកាលបរិច្ឆេទច្បាស់លាស់អំពីខែ ឬថ្ងៃនៃការទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជាយ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ដំណក់ ប្រេងដំបូងរបស់កម្ពុជានឹងទទួលបានក្នុងឆ្នាំ2020 ខាងមុខ។ នេះបើតាមការថ្លែង របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃចន្ទ ទី18 ខែវិច្ឆិកា ឆ្នាំ2019 ម្សិលមិញនៅវិទ្យាស្ថានជាតិអប់រំ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចមិនទាន់ប្រកាសពីកាលបរិច្ឆេទ ពិតប្រាកដអំពីដំណក់ប្រេងដែលកម្ពុជានឹងទទួលបានជាលើកដំបូងនោះទេ ព្រោះសម្ដេចមិនចង់ឱ្យមានកំហុសដូចកាលពីឆ្នាំ2012 ទៀត ដែលពេលនោះខាងក្រុមហ៊ុនរុករកប្រេងបានប្រាប់យើងថាដំណក់ប្រេងដំបូង នឹងចេញនៅពេលណា។ ឥឡូវដំណក់ប្រេងរបស់យើងនឹងចេញក្នុងឆ្នាំ2020 តែថ្ងៃខែជាក់លាក់ សម្ដេចនឹងប្រកាសនៅពេលក្រោយ បន្ទាប់ពីធ្វើការងារជាមួយក្រុមហ៊ុនដែលកំពុងតែកសាងយ៉ាងមមាញឹក សម្រាប់ការបូមប្រេងដំបូងរបស់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា នៅពេលកម្ពុជាទទួលបានដំណក់ប្រេងជាលើកដំបូងនេះ ទំហំសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងប្រមាណជិត 30ពាន់លានដុល្លារអាមេរិក ហើយទំហំនេះនឹងផ្តល់ចំណូលប្រចាំឆ្នាំឱ្យមនុស្សម្នាក់ៗប្រមាណ 1,800ដុល្លារអាមេរិក ដោយនៅក្នុងឆ្នាំ2019 នេះ ចំណូលរបស់ពលរដ្ឋកម្ពុជាក្នុងមនុស្សម្នាក់ទទូលបាន 1600ដុល្លារអាមេរិករួចហើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មកដល់ពេលនេះ កម្ពុជាមិនទាន់ប្រើប្រាស់ធនធានរបស់ខ្លួនអស់នៅឡើយទេ ដូចជាប្រេង ជាឧស្ម័ន រ៉ែមាស និងជាធ្យូងថ្មជាដើម។ ហើយកាលពីពេលថ្មីនេះកម្ពុជារកឃើញរ៉ែធ្យូងថ្មនៅក្នុងខេត្តឧត្តរមានជ័យ ហើយនឹងបង្កើតជាកន្លែងផលិតថាមពលអគ្គិសនីដ៏ធំរបស់កម្ពុជាមួយទៀត។សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ក្រៅពីរ៉ែប្រេង ធ្យូងថ្មហើយនោះ កម្ពុជានឹងមានការវិនិយោគលើរ៉ែមាសដោយក្រុមហ៊ុនអូស្ត្រាលី ដែលនឹងធ្វើអាជីកម្មក្នុងខ្នាតមួយដែលទទួលបានប្រាក់ចំណូលគួរសមផងដែរ។ តែយ៉ាងណាក៏សម្តេចតេជោរំពឹងធំជាងគេ គឺចំណូលបានមកពីដំណក់ប្រេងជាលើកដំបូងរបស់កម្ពុជាដែលនឹងទទួលបាននាពេលខាងមុខនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា៖«ប៉ុន្តែការរំពឹងធំជាងគេរបស់ខ្ញុំ គឺរំពឹងទៅលើប្រេងដែលយើងអាចនឹងមាននៅពេលខាងមុខ ហើយយើងមិនទាន់បានប្រើប្រាស់នោះទេ។ ជាងនេះទៀត យើងកំពុងតែចរចាជាមួយប្រទេសថៃទៅលើតំបន់ដែលត្រួតគ្នា ដើម្បីអភិវឌ្ឍន៍រួមក្នុងតំបន់ត្រួតគ្នានោះដើម្បីទទួលចំណូលកាន់តែច្រើនបន្ថែមទៀត។ ប្រសិនបើបានប្រាក់ចំណូលពីធនធានធម្មជាតិ គោលដៅធំរបស់រាជរដ្ឋាភិបាល គឺចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែករឹង និងផ្នែកទន់ ពោលទាំងផ្លូវថ្នល់ ប្រឡាយទឹក និងការអប់រំ»៕

កុំខកខាន!! ចូលរួមទស្សនាទស្សនីយភាពសិល្បៈខ្មែរដ៏អស្ចារ្យ «តន្ត្រីបង្សុកូល» ចុងខែវិច្ឆិកានេះ
“តន្ត្រីបង្សុកូល” ស្នាដៃសិល្បៈខ្មែរសម័យទំនើប ដែលធ្លាប់សម្តែងហើយជោគជ័យខ្លាំងនៅក្រៅប្រទេសចំនួន៣ ត្រៀមនឹងបង្ហាញខ្លួនក្នុងមហោស្រពសិល្បៈដើម្បីសន្តិភាព ដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។
ហាក់រៀងប្លែកបន្តិចនៅពេលដែលគ្រប់គ្នាឮពាក្យថា “បង្សុកូល” ក្នុងចំណោមចំណងជើងតន្រី្ត ព្រោះជានិច្ចកាល ពាក្យនេះ គេតែងឃើញក្នុងពិធីសាសនានានាប៉ុណ្ណោះ។ ប៉ុន្តែ “បង្សកូល” ដែលកំពុងត្រៀមបង្ហាញជូនទស្សនិកជនទស្សនានៅក្នុង មហោស្រពសិល្បៈដើម្បីសន្តិភាព នាពេលដ៏ខ្លីខាងមុខនេះ មិនមែនជាពិធីសាសនានោះទេ តែជាស្នាដៃសិល្បៈខ្មែរសម័យទំនើប ដែលមានការច្របាច់បញ្ចូលគ្នារវាងតន្រ្តីបុរាណខ្មែរ និងសម័យច្រើនទម្រង់ផ្សេងគ្នា ដោយមានទាំងការប្រគុំតន្រ្តី ការច្រៀង និងការសម្តែងកាយវិការ ថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់ លោកសាស្ត្រាចារ្យបណ្ឌិត ហ៊ឹម សុភី។
គោលបំណងចម្បងដែលលោកបង្កើតសិល្បៈខ្មែរសម័យទំនើប “តន្ត្រីបង្សុកូល” នេះឡើង គឺដើម្បីឆ្លុះបញ្ចាំងនិងរំលឹកដល់អតីតកាលរបស់កម្ពុជាពីសម័យមុន។ សាស្ត្រចារ្យរូបនេះបានប្រាប់ថា សិល្បៈខ្មែរសម័យទំនើប “តន្ត្រីបង្សុកូល” នេះ ត្រូវបានរៀបចំនិពន្ធឡើងកំឡុងឆ្នាំ២០០៨ តាំងពីការសម្តែង សិល្បៈតន្ត្រីដែលមានឈ្មោះថា «ទីដំរីយំ»ដែលជាស្នាដៃ Rock Opera ដំបូងគេរបស់លោកមកម៉្លេះ រហូតដល់ឆ្នាំ២០១៣ទើបចេញជាសាច់រឿងខ្លះៗដែលអាចឱ្យលោកយកទៅធ្វើសិក្ខាសិលានៅញ៉ូវយ៉ក ដើម្បីរកអ្នកឧបត្ថមក្នុងដំណើរការធ្វើបន្តទៀត។ យ៉ាងណារហូតដល់ឆ្នាំ២០១៧ ទើបសិល្បៈនេះត្រូវបានបញ្ចប់ ដោយកំឡុងពេលមុនបញ្ចប់សព្វគ្រប់លោកបានធ្វើសិក្ខាសិលាជាច្រើន រហូតទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ស្ថានទូតអូស្រ្តាលី រាប់រងរាល់ការចំណាយទាំងអស់ធ្វើយ៉ាងណាឲ្យស្នាដៃបង្សុកូលនេះ បានទៅសម្តែងជាលើកទី១ជាអន្តរជាតិនៅទីក្រុង Melbourne។
ទើបឆ្នាំ២០១៩នេះ សិល្បៈខ្មែរសម័យទំនើប “តន្ត្រីបង្សុកូល” បានមកសម្តែងនៅប្រទេសកម្ពុជាជាលើកដំបូង នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីសិល្បៈខ្មែរសម័យទំនើបនេះ ជោគជ័យនៅប្រទេសចំនួន៣ ឯនាយសមុទ្រ រួមមានប្រទេស អូស្ត្រាលី ឆ្នាំ២០១៧ ទីក្រុងញ៉ូវយ៉ក និងទីក្រុង បុសស្តុន រដ្ឋ Massachusetts ក្នុងកំឡុងខែធ្នូ ឆ្នាំ២០១៧ និង នៅទីក្រុង ប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ២០១៨។
ដោយឡែកសម្រាប់ការសម្តែងក្នុងទឹកដីកំណើតរបស់ខ្លួន នឹងត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២១,២២,២៣ ខែវិច្ឆិកា ខាងមុខនេះ នៅសាលសន្និសិទ្ធចតុមុខ។ ក្រៅពីសិល្បៈ “តន្ត្រីបង្សកូល”នៅមានសិល្បៈខ្មែរចម្រុះទម្រង់ទៀតដែលនឹងត្រូវលើកយកបង្ហាញជូនទស្សនិកជនទស្សនាក្នុងមហោស្រពសិល្បៈដើម្បីសន្តិភាព រួមមាន ចាប៉ី ស្មូត៣ជំនាន់ ល្ខោនយីកេ របាំសហសម័យ ការបញ្ចាំងភាពយន្ត ការសម្ដែងល្ខោននិយាយ រួមទាំងសិក្ខាសាលាសិល្បៈ ការតាំងពិពរ័ណ៍ កិច្ចពិភាក្សា និងកម្មវិធីជាច្រើនផ្សេងទៀត។ លោកអ្នកអាចរកទិញសំបុត្រ និងទំនាក់ទំនងពត៌មានបន្ថែមនៅគេហទំព័រ arts4peacefestival.org ឬតាមស្តង់លក់សំបុត្រនៅសារមន្ទីរជាតិ ការរិយាល័យអង្គការសិល្បៈខ្មែរអមតៈ ។


នាំគ្នាទៅពិនិត្យសុខភាព ដើម្បីឱ្យមានអាយុវែងវិញ ប្រសើរជាង…
សុខភាពរាងកាយរបស់យើង គឺជាទ្រព្យសម្បត្តិដែលមានតម្លៃដ៏មហាសាលលើសពីអ្វីៗទាំងអស់។ តើថ្ងៃនេះ លោកអ្នកមានយកចិត្តទុកដាក់មើលថែទាំសុខភាពខ្លួនឯងហើយឬនៅ?
ការធ្វើការងាររបស់អវយវៈ និងប្រព័ន្ធផ្សេងៗនៅក្នុងរាងកាយមនុស្សយើង ប្រៀបដូចជាការធ្វើការរបស់គ្រឿងចក្រ ឬម៉ាស៊ីនរថយន្តដែលត្រូវតែទទួលបាននូវការត្រួតពិនិត្យមើលសភាពការប្រើការយ៉ាងជាប់ជានិច្ចថា តើមានចំណែកណាមួយសឹករេចរឹល ខូចខាតដែរឬក៏អត់ ដើម្បីធ្វើការព្យាបាលបំប៉នរក្សាឱ្យស្ថិតនៅក្នុងសភាពដែលល្អបំផុត និងមានអាយុប្រើការបានយូរបំផុត។
ការមានជីវិតរស់នៅនាពេលបច្ចុប្បន្ននេះត្រូវប្រឈមនឹងបញ្ហាខាងសារធាតុពុលផ្សេងៗជាច្រើន រាងកាយបានទទួលសារធាតុពុល និងកើតមានការប្រមូលសន្សំនៅខាងក្នុងរាងកាយដោយយើងមិនបានដឹងខ្លួនឡើយ។ វាអាចបង្កឱ្យកើតជាជំងឺមួយចំនួនដែលនៅមិនទាន់បញ្ចេញអាការមកក្រៅឱ្យយើងឃើញ និងដឹងនៅឡើយ ហើយសម្រាប់រោគខ្លះ ទម្រាំតែយើងបានដឹង វាអាចនឹងហួសពេលកែកុនទៅហើយក៏មានដែរ។

ក្នុងរយៈពេល 1ឆ្នាំៗ អ្នកគួរតែរៀបចំពេលវេលាឱ្យខ្លួនឯងក្នុងការទៅពិនិត្យសុខភាពប្រចាំឆ្នាំ ដើម្បីពិនិត្យមើលការធ្វើការងាររបស់អវយវៈ និងប្រព័ន្ធផ្សេងៗរបស់រាងកាយយ៉ាងលម្អិត ព្រោះការពិនិត្យសុខភាពនឹងជួយកាត់បន្ថយអត្រាការបាត់បង់ជីវិតពីជំងឺមួយចំនួនបាន ដូចជា ជំងឺបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្អែម ជាដើម ហើយវាថែមទាំងបានប្រាប់ឱ្យយើងដឹងពីសញ្ញារបស់ជំងឺ ឬរោគផ្សេងៗ មុននឹងវារីករាលដាលធ្ងន់ធ្ងររហូតពិបាកនឹងព្យាបាល ឬខាតបង់ប្រាក់កាសច្រើនក្នុងការព្យាបាលទៀតផង។
ព័ត៌មានដែលមានប្រយោជន៍តាមរយៈការពិនិត្យសុខភាព
1. វាស់សម្ពាធឈាម ជីពចរ និងពិនិត្យរាងកាយដោយគ្រូពេទ្យ (PE)
ដើម្បីពិនិត្យមើលកម្រិតសម្ពាធឈាមថា តើស្ថិតនៅក្នុងកម្រិតប្រក្រតីឬទេ? ហើយលោកគ្រូពេទ្យនឹងពិនិត្យមើលរាងកាយជាទូទៅថា តើលក្ខណៈ និងអវយវៈផ្សេងៗ ដូចជា ត្រចៀក ក ច្រមុះ សួត និងការធ្វើការរបស់បេះដូងនៅប្រក្រតីឬទេ?
2. ភាពខុសប្រក្រតីរបស់គ្រាប់ឈាម និងកំហាប់របស់ឈាម (CBC)
ដើម្បីឱ្យបានដឹងថា តើមានកើតរោគលោហិតស្លេកឬទេ? បរិមាណ និងប្រភេទរបស់គ្រាប់ឈាមសដែលខុសប្រក្រតី អាចនាំទៅរកការងាយឆ្លងមេរោគ និងដើម្បីពិនិត្យរកមើលមេរោគមហារីកនៅក្នុងគ្រាប់ឈាមផងដែរ។3. កម្រិតជាតិស្ករនៅក្នុងឈាម (FBS)
ដើម្បីពិនិត្យរកមើលភាពប្រថុយប្រថាននឹងការកើតជំងឺទឹកនោមផ្អែម ជាពិសេសអ្នកដែលមានទម្ងន់ខ្លួនច្រើន(ធាត់) ឬគ្រួសារដែលមានប្រវត្តិកើតរោគទឹកនោមផ្អែម។4. ការធ្វើការរបស់ក្រលៀន (BUN)
ជាការវាស់កម្រិតសារធាតុគីមីនៅក្នុងឈាម ដើម្បីមើលពីសមត្ថភាពរបស់ក្រលៀនក្នុងការបញ្ចេញវត្ថុកខ្វក់ និងពិនិត្យរកសភាវក្រលៀនចុះខ្សោយ ឬឈប់ធ្វើការ។5. ការធ្វើការរបស់ថ្លើម (SGOT & SGPT)
ដើម្បីពិនិត្យមើលបរិមាណអង់ហ្ស៊ីមក្នុងថ្លើមថា តើខុសប្រក្រតីឬទេ? បើសិនជាមានកម្រិតខ្ពស់ជាងប្រក្រតីនោះ បញ្ជាក់ថា អាចនឹងមានអាការរលាកថ្លើម។6. ពិនិត្យមើលការធ្វើការរបស់ថ្លើមយ៉ាងលម្អិត (Alkaline Phosphatase & Bilirubin)
ដើម្បីពិនិត្យរកមើលភាពខុសប្រក្រតីរបស់ថ្លើម ដូចជា ខាន់លឿង ឬបំពង់ទឹកប្រមាត់ណែនស្ទះ ជាដើម។7. ខ្លាញ់ កូលេស្តេរ៉ូល (Cholesterol)
ដើម្បីពិនិត្យមើលកម្រិតជាតិខ្លាញ់ កូលេស្តេរ៉ូលក្នុងឈាមថា តើមានបរិមាណខ្ពស់ជ្រុលពេកឬទេ? បើកម្រិតជាតិខ្លាញ់ឡើងខ្ពស់ វានឹងធ្វើឱ្យសរសៃឈាមណែនតាន់ ដែលជាដើមហេតុរបស់ជំងឺបេះដូង សម្ពាធឈាមឡើងខ្ពស់ ស្ពឹកពិការមួយកំណាត់ ឬមួយចំហៀងខ្លួនជាដើម។
(នៅមានត)
រដ្ឋាភិបាលបានសម្រេចយកថ្ងៃទី២០ ខែវិច្ឆិកានេះកាន់ទុក្ខសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទូទាំងប្រទេស
ប្រិយមិត្ដទទួលជ្រាបហើយ នាខណៈរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំបំផុតមួយ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Royal du Cambodge បានប្រាប់ឱ្យដឹងថា៖”សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ”។
បន្ថែមពីលើនេះ គេហទំព័រ ហ្វេសប៊ុក Royal du Cambodge បានប្រាប់ឱ្យដឹងទៀតថា៖”ស្នាព្រះហស្តដ៏សំខាន់ និងមានតម្លៃបំផុត នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គឺការនាំយកនូវរបាំព្រះរាជទ្រព្យ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ គ្រាដែល ព្រះអង្គ គង់ជារដ្ឋមន្រ្តីក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ។ សូមថ្វាយមហាព្រះរាជកុសល”។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា បានសម្រេចយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស នៃការសុគតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដោយតម្រូវឲ្យក្រសួងស្ថាប័ននានា ត្រូវហូតទង់ជាតិពាក់កណ្តាលដង”។ សម្ដេចតេជោ បានមានប្រសាសន៏បន្ថែមទៀតថា៖”សម្តេចនឹងដឹកនាំប្រតិភូមិមន្ត្រីរដ្ឋាភិបាលចូលរួមកាន់ទុក្ខនៅវត្តបុទុមវត្តី នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ផងដែរ”៕ឭ


អានច្រើន ជាវិធីដែលសិស្សពូកែស្វែងយល់ពីភាសាបានល្អ
ការសិក្សាភាសាបរទេស ជាអ្វីដែលកំពុងពេញនិយមក្នុងពិភពលោកនាពេលបច្ចុប្បន្នដែលពោរពេញទៅដោយការទំនាក់ទំនង និងការប្រកួតប្រជែងជាលក្ខណៈសកល។ ខុសកាលពីពេលមុន ដែលប្រជាជនម្នាក់ៗសិក្សាភាសាតែមួយ តែយុវជនបច្ចុប្បន្នចាំបាច់ត្រូវការចេះភាសាច្រើនជាង1 ដោយអ្នកខ្លះចេះរហូតដល់ទៅ3 ឬ 5ភាសាក៏មាន។
មូលហេតុសំខាន់ដែលនាំឱ្យប្រជាជននាពេលបច្ចុប្បន្នគួរតែចេះភាសាឱ្យបានច្រើន ព្រោះបច្ចុប្បន្ននេះ ក្រៅពីការស្វែងយល់ភាសាជាតិឱ្យបានច្បាស់ យើងត្រូវការភាសាសកលសម្រាប់ទំនាក់ទំនង និងភាសានៃប្រទេសដែលយើងចង់រកស៊ីជាមួយសម្រាប់អ្នកធ្វើអាជីវកម្ម។ ហេតុនេះការចេះច្រើនភាសា អាចជាអាទិភាពមួយក្នុងការជំរុញឱ្យយុវជនមានប្រៀបជាងគេក្នុងការដណ្តើមទីផ្សារការងារទាំងក្នុងប្រទេស និងក្នុងតំបន់។
លោក ចេង បូរិទ្ធ អតីតសិស្សពូកែទូទាំងប្រទេស និងជាគ្រូបង្រៀនផ្នែកគណិតវិទ្យាបានលើកឡើងថា ការអានឱ្យបានច្រើន ជាវិធីសាស្ត្រយ៉ាងសំខាន់ក្នុងការស្វែងយល់ពីភាសាឱ្យបានច្បាស់លាស់។ លោកថ្លែងថា លោកជាអ្នកសិក្សាផ្នែកវិទ្យាសាស្ត្រពិត ហើយក៏ធ្លាប់ទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសផ្នែកវិទ្យាសាស្ត្រដែរ តែលោកមិនដែលខកខានក្នុងការអាននោះទេ ព្រោះការអានមិនត្រឹមតែធ្វើឱ្យយើងទទួលបានព័ត៌មាន ឬប្រភពចំណេះដឹងច្រើនពីអ្នកនិពន្ធនោះទេ តែវាក៏ជាវិធីសាស្ត្រយ៉ាងសំខាន់ក្នុងការស្វែងយល់ពីភាសា។ ប្រសិនបើយើងអានសៀវភៅជាភាសាខ្មែរ យើងនឹងយល់កាន់តែច្បាស់ពីការប្រើប្រាស់ពាក្យពេចន៍ និងការរៀបឃ្លោងឃ្លារបស់អ្នកនិពន្ធ ដែលធ្វើឱ្យយើងយល់កាន់តែច្បាស់ពីភាសាជាតិ។ ប្រសិនបើយើងអានសៀវភៅបរទេសច្រើន យើងនឹងអាចយល់ពីភាសានោះកាន់តែច្រើនឡើងៗតាមរយៈការសង្កេត និងចំនួនឯកសារដែលយើងបានអាននោះ។
លោក ចេង បូរិទ្ធ បាននិយាយថា៖ “អ្នកសិក្សាភាសាជាច្រើន តែងតែចូលចិត្តទន្ទេញដើម្បីឱ្យចាំពាក្យច្រើន និងវេយ្យករណ៍ដែលគេប្រើប្រាស់ជាដើម។ ការធ្វើបែបនេះ អាចធ្វើឱ្យយើងនឿយហត់ និងឆាប់បោះបង់វាចោលទៅវិញ ព្រោះការទន្ទេញមិនប្រាកដថាធ្វើឱ្យយើងចងចាំបានរហូតនោះទេ។ វាអាចនឹងភ្លេចភ្លាំងនៅពេលដែលមានពាក្យកាន់តែច្រើនឡើងសម្រាប់ទន្ទេញ”។
អតីតសិស្សពូកែខាងលើបានលើកឡើងថា វិធីសាស្ត្រដែលអាចធ្វើឱ្យយើងចងចាំបានល្អ ហើយមិនចាំបាច់ខំប្រឹងប្រែងខ្លាំងពេកនោះ គឺការឧស្សាហ៍អានឱ្យបានច្រើន។ ការសិក្សាអំពីភាសា ថ្វីដ្បិតតែមិនមានរូបមន្ត ឬត្រូវការគណនាដូចវិទ្យាសាស្ត្រពិតក្ដី តែវាក៏ត្រូវការការអនុវត្តដូចគ្នា។ ប្រសិនបើយើងអានកាន់តែច្រើន យើងនឹងឃើញពាក្យដដែលៗនោះកាន់តែច្រើនក្នុងកម្រងពាក្យរាប់រយ-រាប់ពាន់ពាក្យនៅក្នុងអត្ថបទមួយ។ នៅពេលនោះខួរក្បាលរបស់យើងនឹងចាប់ពាក្យនោះទុក ហើយងាយស្រួលយល់ ព្រោះយើងបានស្គាល់ពាក្យមួយចំនួននៅក្នុងអត្ថបទនោះស្រាប់ហើយ ហេតុនេះល្មមៗក៏យើងអាចកាត់យល់បានដែរ។ បន្ទាប់មកទៀត នៅពេលដែលយើងឃើញវាច្រើនដងនៅក្នុងអត្ថបទផ្សេងៗគ្នា យើងនឹងចងចាំវាដោយងាយស្រួល និងមិនចាំបាច់ខំទន្ទេញដ៏គួរឱ្យធុញទ្រាន់នោះទេ។
លោក លី ដារ៉ា អ្នកនិពន្ធសៀវភៅជាភាសាអង់គ្លេសជាច្រើនចំណងជើង បានលើកឡើងថា ការសិក្សាភាសាទាមទារឱ្យមានការអនុវត្តច្រើន ហើយការអនុវត្តនោះទៀតសោតក៏ត្រូវការបរិស្ថានប្រកបដោយភាពទាក់ទាញដែរ ទើបយើងមិនស្មុគស្មាញ និងធុញទ្រាន់ជាមួយនឹងការសិក្សា។ ក្រៅពីការទន្ទេញ អ្នកសិក្សាភាសាគួរបង្កើតបរិយាកាសសិក្សាដោយការជជែក និងជ្រើសរើសយកពាក្យដែលយើងបានសិក្សាទាំងអស់នោះមកប្រើប្រាស់ក្នុងស្ថានភាពជាក់ស្តែងឱ្យបានច្រើន។ ម្យ៉ាងវិញទៀត ដើម្បីឱ្យយើងឈានទៅដល់ការស្គាល់ពាក្យថ្មីៗកាន់តែច្រើន យើងអាចជ្រើសរើសឯកសារងាយៗមួយចំនួនមកអាន ព្រោះវាអាចធ្វើឱ្យយើងងាយផ្សាំុខ្លួនជាមួយនឹងការប្រើប្រាស់ភាសានោះ។
លោក លី ដារ៉ា បាននិយាយថា៖ “ចង់សិក្សាភាសាឱ្យបានល្អ មិនចាំបាច់ដាក់សម្ពាធដល់ខ្លួនឯងពេកទេ តែទាមទារឱ្យមានការយកចិត្តទុកដាក់អនុវត្ត ព្រមទាំងត្រូវការពេលវេលាបន្តិចម្តងៗរហូតដល់យើងអាចប្រើប្រាស់វាបានដោយរលូន”។
អ្នកនិពន្ធខាងលើ ពន្យល់ថា ប្រសិនបើយើងចង់បង្កើតទម្លាប់អានដើម្បីស្វែងយល់ពីភាសាឱ្យបានច្រើន យើងគួរកុំចាប់អារម្មណ៍ខ្លាំងពេកទៅលើប្រភេទសៀវភៅ ឬជ្រើសរើសសៀវភៅណាដែលឆ្ងាយពីការរស់នៅរបស់យើងខ្លាំងពេកនៅពេលដំបូង។
អ្នកអានគួរស្វែងរកប្រភេទសៀវភៅណាដែលយើងចូលចិត្ត ដូចជាការមើលកម្សាន្ត ឬស្វែងរកប្រភេទអត្ថបទងាយៗ និងជក់ចិត្តជាមុនសិន។ បន្ទាប់មកទើបចាប់ផ្តើមងាកមកអានអត្ថបទទាំងឡាយណាដែលយើងគិតថា វាជាប់ពាក់ព័ន្ធនឹងការរស់នៅរបស់យើង ឬពាក់ព័ន្ធនឹងការងារ ក៏ដូចជាការសិក្សាជាដើម។ នៅពេលយើងមានទម្លាប់នៃការអានល្អហើយ យើងនឹងចាប់ផ្តើមជក់ចិត្តក្នុងការអាន ហើយបន្តិចម្តងៗចំណេះដឹងដែលយើងទទួលបានក៏នឹងអភិវឌ្ឍប្រសើរឡើងដោយមិនដឹងខ្លួន។ 1ឆ្នាំ ឬ2ឆ្នាំក្រោយ យើងនឹងដឹងថា សមត្ថភាពខាងភាសារបស់យើងនឹងអភិវឌ្ឍប្លែកដោយមិនបាច់បង្ខំ៕

ព្រះជីវប្រវត្តិនៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាព្រះនិមិត្តរូបនៃរបាំព្រះរាជទ្រព្យខ្មែរ
សូមជម្រាបជូនពីព្រះជីវប្រវត្តិនៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី៖
ព្រះនាមពេញ : សម្ដេចរាជបុត្រីព្រះរៀមនរោត្ដម បុប្ផាទេវី
ព្រះនាមដើម : នរោត្ដម បុប្ផាទេវី
គោរមងារងារ : ទេពនាដវដ្តីឯក
ព្រះឋានៈ ព្រះរាជបុត្រី
ប្រសូត : ០៨ មករា ១៩៤៣
ព្រះបិតា : នរោត្ដម សីហនុ
ព្រះមាតា : ផាត់ កាញ៉ុល
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងជាព្រះរៀមមាតាទីទៃ នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាព្រះរៀមរួមព្រះមាតានៃ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានឧត្ដមប្រឹក្សា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សព្វថ្ងៃ សម្ដេចព្រះរៀម ទ្រង់មានព្រះជន្ម 77ព្រះវស្សាហើយ។
ព្រះប្រវត្តិ
សម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ទ្រង់ប្រសូត នៅមហាប្រាសាទខេមរិន្ទ្រ នៃ ព្រះបរមរាជវាំង ក្រុង ចតុម្មុខមង្គល នាថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣។ ព្រះបិតា គឺព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងព្រះមាតាគឺ អ្នកម្នាង ផាត់ កាញ៉ុល។ កាលនៅវ័យកុមារភាពទ្រង់បាន ហាត់រៀនរបាំព្រះរាជទ្រព្យផ្ទាល់ពីសម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្សកុសមៈនារីរតន៍ សិរីវឌ្ឍនា ដែលជា ព្រះអយ្យការ(ជីដូន) នៅក្នុងព្រះបរមរាជវាំង រហូតចេះចាំ និងជាតួរឯកផងដែរក្នុងការសម្ដែង នៅក្នុងទសវត្សរ៍60។
ការសិក្សា
សម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ទ្រង់បានចូលសិក្សានៅ៖
* សាលាបឋមសិក្សា ព្រះនរោត្ដម រាជធានីភ្នំពេញ
ព្រះកិច្ច
* ១៩៦៥-១៩៧០ : សាស្ត្រាចារ្យរបាំបុរាណ និងវប្បធម៌
*១៩៩១-១៩៩៣ : រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
*១៩៩៣-១៩៩៨ : ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
*១៩៩៣-១៩៩៧ : អនុប្រធានកាកបាទក្រហមជាតិកម្ពុជា
* ១៩៩៩-២០០៤ : រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
២០០៤ - បច្ចុប្បន្ន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា និងសមាជិកក្រុមប្រឹក្សារដ្ឋធនុញ្ញ។
ព្រះយស
* ព្រះអង្គបានតម្លើងគោរមងារ «សម្ដេចរាជបុត្រីព្រះរៀម» នាថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤។
* ព្រះអង្គបានទទួលតំណែងជា «ទេព នាថវដ្តីឯក» ពី ព្រះរាជក្រឹត្យ ស្ដីពី ការតែតាំងមត៌កមនុស្សរស់ នៃ ព្រះរាជាណាចក្រកម្ពុជា (មករា ២០១៣)
គ្រឿងរាជឥស្សរិយយស
* ១៥ មីនា ២០០៦ : គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា
* ២២ តុលា ២០០១ :
គ្រឿងឥស្សរិយយស សម្ដេចព្រះមហាក្ស័ត្រីយ៍ កុសុមៈ
នារីរ័ត្ន សិរីវឌ្ឍនា
* ១៦ ឧសភា ២០០១ :
គ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌ
សូមចូលរួមរំលែកទុក្ខដល់ការយាងសោយព្រះពិរាល័យ នៃព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់ចូលទិវង្គតនៅថ្ងៃនេះ 18 ខែ វិច្ឆិកា ឆ្នាំ 2019 វេលាម៉ោង 12 និង30នាទី។សូមថ្វាយព្រះពរបវរមហាប្រសើរ សម្ដេចរាជបុត្រី ព្រះរៀមជាអម្ចាស់ !!!

ប្រភពៈ Ouch Sopheak.

តើគួរផាត់មុខបែបណា សម្រាប់ដំណើរកម្សាន្តនាចុងឆ្នាំនេះ?
ការដើរកម្សាន្ត មិនថាជិត ឬឆ្ងាយនោះទេ គឺទាមទារឱ្យមានភាពងាយស្រួល និងស្រស់ស្រាយតាមបែបធម្មជាតិ ដូច្នេះការតុបតែងខ្លួនក៏ត្រូវតែសម្របតាមនោះដែរ ជាពិសេសការតុបតែងមុខមាត់តែម្តង។ ភាពស្រស់ស្អាតបែបធម្មជាតិ គឺជាសម្រស់ដែលមិនចេះជិនណាយនោះទេ ដូច្នេះនៅក្នុងដំណើរកម្សាន្ត អ្នកគួរតែតុបតែងមុខបែបនេះ ដើម្បីទទួលបាននូវភាពស្រស់ស្អាតផង បានទាំងភាពងាយស្រួលផង ព្រោះមិនធ្វើឱ្យផ្ទៃមុខរបស់អ្នកស្លេកស្លាំង និងមិនធ្វើឱ្យអ្នកមានអារម្មណ៍ថា ទើស ឬធ្ងន់ៗ ព្រោះតែការផាត់មុខក្រាស់ពេក ដូច្នេះ សូមក្រឡេកមើលការផាត់មុខសម្រាប់ដំណើរកម្សាន្តនៅក្នុងទំព័រសម្រស់របស់ ឡារ៉ែន ដើម្បីតុបតែងមុខរបស់អ្នកឱ្យស្រស់ស្អាត ត្រូវកាលៈទេសៈ និងដើរលេងយ៉ាងសប្បាយរីករាយជាមួយឱកាសចុងឆ្នាំ2019នេះទាំងអស់គ្នាណា៎៕


កុមារជាគោលដៅសំខាន់បំផុតក្នុងការអប់រំពីបរិស្ថាន…
សម្រាប់ប្រទេសមួយ បើគេចង់វិភាគពីអនាគតនៃកម្រិតយល់ដឹងរបស់មនុស្ស គេនឹងមើលពីវិធីសាស្ត្រ ឬស្ថានភាពជាក់ស្តែងនៃការរស់នៅ និងការគិតរបស់កុមារតូចៗនាពេលបច្ចុប្បន្ន ព្រោះកុមារជាធនធានមនុស្សប្រកបដោយសក្តានុពល ឬជាអ្នកបន្តវេនលើគ្រប់ផ្នែកទាំងអស់នៅថ្ងៃខាងមុខ។
ពាក់ព័ន្ធនឹងបញ្ហានៃការអប់រំបរិស្ថានវិញ យើងឃើញថាកុមារ អាចនឹងក្លាយជាគោលដៅសំខាន់បំផុតក្នុងការបណ្តុះបណ្តាលឱ្យមានគំនិតផ្លាស់ប្តូរយ៉ាងវិជ្ជមានដែលជំរុញឱ្យមានការគាំពារ និងរក្សាបរិស្ថានបានល្អនៅថ្ងៃអនាគត។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការអប់រំពីបញ្ហាបរិស្ថាន ចាំបាច់ត្រូវបណ្តុះបណ្តាលគំនិតយុវជនតាំងពីក្មេងៗតូចមក ព្រោះកុមារជាមនុស្សដែលមានខួរក្បាលស្រស់ស្អាត និងងាយក្នុងការបណ្តុះបណ្តាលពីផ្នត់គំនិតស្រឡាញ់បរិស្ថាន ដែលផ្នត់គំនិតជាវិជ្ជមានទាំងអស់នោះនឹងក្លាយជាអ្វីដែលគេអនុវត្តពេញមួយជីវិត។ ការចូលរួមអប់រំពីបញ្ហាបរិស្ថានគួរចាប់ផ្តើមចេញពីស្ថាប័នអប់រំ និងនៅក្នុងគ្រួសារ ដោយអាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ អាចបង្រៀនកុមារដោយវិធីសាស្ត្រងាយៗ សប្បាយៗដូចជាការនាំលេងល្បែងកម្សាន្តដែលផ្តល់តម្លៃអប់រំផ្នែកបរិស្ថានជាដើម ដើម្បីឱ្យកុមារតូចៗងាយចាប់បាននូវគំនិតស្រឡាញ់បរិស្ថានតាំងពីនៅតូច មិនចាំបាច់ទាល់តែពួកគេធំពេញវ័យទើបអប់រំឡើយ។
ឯកឧត្តម នេត ភក្ត្រា បាននិយាយថា៖ “ការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ជាផ្នែកដ៏សំខាន់មួយក្នុងការរស់នៅ ហើយការលើកទឹកចិត្តកូនៗឱ្យសម្អាតបរិស្ថាន ជាការចូលរួមក្នុងការផ្លាស់ប្តូរឥរិយាបថ និងបណ្តុះបណ្តុះគំនិតជាវិជ្ជមានសម្រាប់ពួកគេក្នុងការឈានទៅដល់ការអនុវត្តបានល្អប្រសើរ និងប្រកបដោយការទទួលខុសត្រូវក្នុងសង្គមនាពេលអនាគត”។
បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានខាងលើ ៖ នៅពេលកុមារយល់ច្បាស់ពីការថែរក្សាបរិស្ថាន និងតម្លៃនៃការយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន ពួកគេនឹងអាចក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការបន្តអប់រំដល់កុមារជាច្រើនផ្សេងទៀត។ ដើម្បីជំរុញឱ្យមានការអប់រំពីបញ្ហាបរិស្ថានឱ្យកាន់តែខ្លាំង បច្ចុប្បន្ននេះក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលនូវការអប់រំពីបរិស្ថាននៅក្នុងកម្មវិធីសិក្សាដើម្បីផ្តល់ឱកាសឱ្យសិស្សចាប់ពីថ្នាក់បឋមសិក្សា រហូតដល់មធ្យមសិក្សា បានយល់ដឹង និងចូលរួមលើកកម្ពស់បរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការចូលរួមក្នុងសកម្មភាពជាវិជ្ជមានជាច្រើនផ្សេងទៀតក្នុងជីវភាពរស់នៅ។
គួរបញ្ជាក់ផងដែរថា បញ្ហាបរិស្ថានជាបញ្ហាសកលដែលពិភពលោកកំពុងយកចិត្តទុកដាក់ ហើយវាក៏ជាបញ្ហាសំខាន់ផងដែរសម្រាប់ប្រទេសនីមួយៗ ព្រោះវាក៏ជាផ្នែកចម្បងមួយផងដែរក្នុងចំណោមផ្នែកធំៗនានាដែលគេវាយតម្លៃពីកម្រិតនៃការស់នៅរបស់ប្រជាជននៅក្នុងទីក្រុង ឬប្រទេសមួយ។ នៅពេលទីក្រុងស្អាត ឬតំបន់ណាមួយស្អាត នោះវាអាចនឹងក្លាយជាចំណុចទាក់ទាញសម្រាប់ទេសចរណ៍ ដែលអាចនឹងឈានទៅដល់ការវិនិយោគនៅពេលខាងមុខ តែប្រសិនបើតំបន់ពោរពេញទៅដោយសំរាម និងគ្មានសណ្តាប់ធ្នាប់ នោះវានឹងទាញតម្លៃហេដ្ឋារចនាសម្ព័ន្ធនានាដែលខិតខំកសាងឡើងឱ្យស្ថិតក្នុងស្ថានភាពអវិជ្ជមានបាន។ មានន័យថា ទោះបីជាមានអគារស្អាត ឬសួនច្បារស្អាតប៉ុនណាក៏ដោយ ប្រសិនបើមិនអាចគ្រប់គ្រងសំរាមបាន ឬប្រជាជនមិនបានចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានឱ្យបានល្អទេនោះ តំបន់ស្រស់ស្អាតទាំងនោះនឹងបាត់បង់តម្លៃទៅតាមនោះដែរ។ ហេតុនេះការបណ្តុះបណ្តាល និងការបញ្ចូលផ្នត់គំនិតបរិស្ថានដល់ប្រជាជន ជារឿងសំខាន់ដែលពិភពលោកកំពុងចាប់អារម្មណ៍។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអប់រំពីបញ្ហាបរិស្ថានចំពោះកុមារតូចៗជារឿងសំខាន់ ព្រោះកុមារតូចជាមូលធនមនុស្សដ៏សំខាន់នាពេលអនាគត។ នៅថ្ងៃខាងមុខពួកគេនឹងក្លាយជាប្រជាជនសកម្មដែលចូលរួមគ្រប់ផ្នែកទាំងអស់នៅក្នុងសង្គម ហេតុនេះប្រសិនបើប្រជាជនយល់ដឹងច្បាស់ពីបញ្ហាបរិស្ថាន ពួកគេនឹងអាចចូលរួមចំណែករក្សាបរិស្ថាននៅគ្រប់ទីកន្លែងទាំងអស់។
ឯកឧត្តមបញ្ជាក់ថា ដើម្បីអប់រំ កុមារឱ្យបានល្អពីបញ្ហាបរិស្ថាន ការអប់រំនៅតែក្នុងសាលាមិនទាន់គ្រប់គ្រាន់នោះទេ ព្រោះក្រៅពីការសិក្សាពីក្នុងសាលាហើយ នៅក្នុងសង្គមជាក់ស្តែងកុមារទទួលឥទិ្ធពលពីផ្នែកសំខាន់ៗជាច្រើនទៀតដូចជាកត្តាគ្រួសារ និងកត្តាបរិស្ថានជាក់ស្តែងនៃការរស់នៅជាដើម។ ហេតុនេះ អាណាព្យាបាលដែលជាអ្នកបង្រៀនកុមារមុនគេបង្អស់មុនពេលកុមារចូលក្នុងសាលា ឬជាអ្នកដែលនៅជិតក្មេងច្រើនបំផុត គួរយកចិត្តទុកដាក់ក្នុងការបង្រៀនកុមារប្រកបដោយភាពវិជ្ជមាន៕