Category: សង្គម និងសេដ្ឋកិច្ច

  • 9ខែ​ឆ្នាំនេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ប្រមូល​ចំណូល​ចូល​ថវិការដ្ឋ​បាន​ជិត​ ​5ពាន់​លាន​ដុល្លារ​

    9ខែ​ឆ្នាំនេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ប្រមូល​ចំណូល​ចូល​ថវិការដ្ឋ​បាន​ជិត​ ​5ពាន់​លាន​ដុល្លារ​

    នៅ​រយៈពេល​ ​9ខែ​ ​ឆ្នាំ2019នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រមូល​ចំណូល​ចូល​ថវិការដ្ឋ​សរុប​ ​ចំនួន​ប្រមាណ​ ​19.125ប៊ី​លាន​រៀល​ ​(​ប្រមាណ​ជិត​ ​5ពាន់​លាន​ដុល្លារ​)​ ​ស្មើនឹង​ ​90​%​ ​ធៀប​នឹង​ច្បាប់​ថវិកា​ ​ឆ្នាំ2019​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​

    ​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​និង​ក្រុមការងារ​បច្ចេកទេស​បាន​បញ្ជាក់​ថា​ ​«​តាមរយៈ​របាយការណ៍​បូកសរុប​ ​រហូតមកដល់​ត្រីមាស​ទី​ ​3​ ​នេះ​ ​គ្រប់​ផ្នែក​នៃ​ផែនការ​សកម្មភាព​រួម​នៃ​ការងារ​កែទម្រង់​ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​នៅ​បន្ត​មាន​វឌ្ឍនភាព​ល្អ​ ​និង​វិជ្ជមាន​។​ ​ក្នុងរយៈពេល​ ​9ខែ​កន្លងទៅ​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រមូល​ចំណូល​ចូល​ថវិការដ្ឋ​សរុប​ប្រមាណ​ ​19,125ប៊ី​លាន​រៀល​ ​ស្មើនឹង៩០​%​ ​ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ2019​»​។​

    ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងសេដ្ឋកិច្ច​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ ​ការអនុវត្ត​ផែនការ​ប្រមូល​ចំណូល​ប្រចាំត្រីមាស​ទី3​ ​បង្ហាញថា​ ​ទិន្នផល​ចំណូល​បាន​ពី​ការ​ប្រមូល​ដោយ​ពន្ធគយ​ ​និង​រដ្ឋាករ​មាន​ប្រមាណ​ ​49​%​,​ ​ពន្ធដារ​មាន​ប្រមាណ​ ​32​%​,​ ​ចំណូល​មិនមែន​សារពើពន្ធ​មាន​ប្រមាណ​ ​12​%​ ​និង​ចំ​ណូល​ផ្សេង​ៗ​ប្រមាណ​ ​6​%​។​ ​រី​ឯ​ការអនុវត្ត​ចំណាយ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​ ​បាន​តាមច្បាប់​ជាធរមាន​។​ ​

    ​សម្រាប់​ការអនុវត្ត​សកម្មភាព​នៃ​ការងារ​កែទម្រង់​ទាំង​ក្របខ័ណ្ឌ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​ក្របខ័ណ្ឌ​ក្រសួង​-​ស្ថាប័ន​ ​កំពុង​បន្ត​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ​ ​ដែល​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​អាច​សម្រេច​បាន​គោលដៅ​ប្រចាំឆ្នាំ​។​

    ​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញ​ ​វត្ថុ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​បាន​គូសបញ្ជាក់​ថា​ ​ការ​ប្រមូល​ចំណូល​ ​និង​ការអនុវត្ត​ចំណាយ​ ​នៅ​បន្ត​មាន​សុខភាព​ល្អ​ធៀប​នឹង​ឆ្នាំ​មុន​ៗ​ ​និង​នៅ​រក្សា​បាន​និន្នាការ​ល្អ​ប្រសើរ​ ​ទៅតាម​ការ​គ្រោងទុក​។​
    ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​កិច្ច​ការ​គន្លឹះ​ៗ​មួយចំនួន​ទៀត​ត្រូវ​បន្ត​ពង្រឹង​ក្នុង​ការអនុវត្ត​ ​កសាង​ ​និង​រៀបចំ​បញ្ចប់​រួមមាន​ការរៀបចំ​បញ្ចប់​លិខិត​បទដ្ឋាន​គតិ​យុត្ត​ ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ចំណូល​ ​មិនមែន​សារពើពន្ធ​ ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ ​ផែនការ​សកម្មភាព​លម្អិត​សម្រាប់​ការអនុវត្ត​យុទ្ធ​សា​ស្ត្​រ​គន្លឹះ​ៗ​នានា​ ​ដូចជា​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ​ ​ឆ្នាំ2019​-​2025​ ​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិការដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ ​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិការដ្ឋ​បាល​ថ្នាក់​ ​ក្រោម​ជាតិ​ ​ឆ្នាំ​ ​2019​-​2025​ ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ ​2019​-​2023​ ​និង​អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​ ​គម្រោង​វិនិយោគ​សាធារណៈ​ ​ជាដើម​។​

    ​ឯកឧត្តម​ ​អគ្គបណ្ឌិត​សភា​ចារ្យ​ ​ក៏បាន​ផ្តល់​អនុសាសន៍​ណែនាំ​បន្ថែម​ ​លើ​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​ ​ដោយ​ត្រូវ​គិតគូរ​រៀបចំ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ ​តាមរយៈ​ការ​បន្ត​បណ្តុះបណ្តាល​ដែល​ជាក់លាក់​ ​ប្រកបដោយ​គុណភាព​ ​ក៏ដូចជា​បំពាក់​ជំនាញ​ច្បាស់លាស់​ ​និង​ប្រើប្រាស់​ធនធាន​ ​ដែល​បាន​បណ្តុះបណ្តាល​ឱ្យ​ត្រូវ​តាម​តួនាទី​ ​និង​ភារកិច្ច​ ​និង​ជំនាញ​នី​មួយ​ៗ​។​

    ​ជាមួយគ្នា​នេះ​ ​តំណាង​ដៃគូ​អភិវឌ្ឍន៍​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ ​ដែល​សម្រេច​បាន​ក្នុង​ត្រីមាស​ទី3​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កែទម្រង់​យ៉ាងសកម្ម​ពី​ក្រសួង​-​ស្ថាប័ន​ ​ទាំងអស់​។​ ​ដៃគូ​អភិវឌ្ឍន៍​ ​ក៏បាន​ផ្តល់​អនុសាសន៍​បន្ថែម​ជាពិសេស​ទៅលើ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ចំណាយ​របស់ក្រ​សួង​-​ស្ថាប័ន​,​ ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ ​(​Financial​ ​Management​ ​Information​ ​System​ ​-​ ​FMIS​)​ ​និង​ពង្រឹង​ការ​ផ្សព្វផ្សាយ​លើ​ការ​ត្រួតពិនិត្យ​ការអនុវត្ត​ថវិកា​កម្មវិធី​។​ ​បន្ថែម​ពីនេះ​ ​ដៃគូ​អភិវឌ្ឍន៍​ ​នៅតែ​បន្ត​ផ្តល់​ការ​សហការ​ល្អ​ ​និង​កិច្ច​គាំទ្រ​ ​ទាំង​ជំនួយ​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​ ​ទៅលើ​សកម្មភាព​គន្លឹះ​សំ​ខាន់​ៗ​របស់​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា​នេះ​៕​

  • រឿង​តូចតាច​ តែ​ល្អ​ចំពោះ​សុខភាព​រាងកាយ​ 8យ៉ាង​ ដែល​គ្រូពេទ្យ​ចិន​បុរាណ​ប្រាប់​ឱ្យធ្វើ​ញឹកញាប់​

    រឿង​តូចតាច​ តែ​ល្អ​ចំពោះ​សុខភាព​រាងកាយ​ 8យ៉ាង​ ដែល​គ្រូពេទ្យ​ចិន​បុរាណ​ប្រាប់​ឱ្យធ្វើ​ញឹកញាប់​

    នៅក្នុង​ក្បួនតម្រា​ពេទ្យ​របស់​ចិន​បាន​បង្រៀន​ថា​ មាន​កាយវិការ​ 8យ៉ាងដែល​មនុស្សយើង​គួរ​ធ្វើ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​ឱ្យ​មាន​សុខភាព​រាងកាយ​ល្អ​ ហើយ​កាយវិការ​ទាំងអស់​នោះ​គឺ​ ៖

    1. ធ្វើ​ចលនា​កែវភ្នែក​ : ការ​ផ្ចង់​ខ្សែភ្នែក​សម្លឹង​ទៅ​រក​ចំណុច​ណាមួយ​ក្នុងរយៈពេល​យូរ​ គឺជា​ការធ្វើបាប​កែវភ្នែក​ខ្លួនឯង​ដោយ​ផ្ទាល់​ដោយ​មិនដឹង​ខ្លួន​ ដូច្នេះ​យ៉ាង​ហោច​ណាស់​នៅ​រៀងរាល់​ 1ម៉ោង​ម្តង​ មនុស្ស​ម្នា​ក់ៗ​គួរ​ធ្វើលំ​ហាត់ប្រាណ​ខ្សែភ្នែក​ដោយ​ការ​បើកភ្នែក​សម្លឹង​មើលទៅ​លើ​ពិតាន​ រួចហើយ​បង្វិល​កែវ​ភ្នែក​សន្សឹម​ៗទៅ​ខាងឆ្វេង​ រួច​ចុះទៅ​ក្រោម​ ហើយ​រេ​ទៅ​ខាងស្តាំ​ មុននឹង​វិល​ទៅ​សម្លឹង​មើល​ខាង​លើ​វិញ​។ ចូរ​ធ្វើបែប​ហ្នឹង​ឱ្យ​បាន​ច្រើនដង​ សាច់ដុំ​ភ្នែក​នឹង​បាន​រឹងមាំ​ល្អ​។

    2. លេបទឹកមាត់​ : ការ​លេបទឹកមាត់​ញឹកញាប់​ គឺជា​ការ​ធ្វើលំ​ហាត់ប្រាណ​សាច់ដុំ​បំពង់ក​ ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយអាហារ​ឱ្យធ្វើ​ការបាន​តាម​ប្រក្រតី​។

    3. សិតសក់​ : ទោះជា​ការ​សិតសក់​ញឹកញាប់​មិនបាន​ជួយ​ឱ្យ​សក់​របស់​យើង​ស្អាត​ឡើង​មែន​ តែ​វា​ជា​ការ​ជួយ​ម៉ាស្សា​សរសៃប្រសាទ​លើ​នៅ​លើ​ស្បែក​ក្បាល​ ជួយ​ធ្វើ​ឱ្យ​ភ្នែកភ្លឺ​ច្បាស់​ ឫស​សរសៃសក់​រឹងមាំ​ឡើង​ ព្រោះ​មាន​លោហិត​ហូរ​ទៅ​ចិញ្ចឹម​ស្បែក​ក្បាល​គ្រប់ពេល​ដែល​យើង​បាន​សិតសក់​ជានិច្ច​។

    4. ម៉ាស្សា​ត្រចៀក​ : តាម​ក្បួនតម្រា​របស់​គ្រូពេទ្យ​ចិន​បុរាណ​បានឱ្យ​ដឹង​ថា​ នៅ​នឹង​ត្រចៀក​របស់​យើង​មាន​សរសៃប្រសាទ​ដែល​តភ្ជាប់​ជាមួយ​ក្រលៀន​ ដូច្នេះ​ការ​ទាញ​ ផ្ទាត់​ ច្របាច់​ ឬត្រដុស​ស្លឹកត្រចៀក​ញឹកញាប់​ នឹង​ជួយ​ជំរុញ​ការ​ធ្វើការងារ​របស់ក្រ​លៀន​ដោយ​ផ្ទាល់​ ជួយការ​ពារ​អាការ​វិលមុខ​ និង​ការបាន​ឮអ្វី​ផ្តេស​ផ្តាស់​។

    5. កម្រើក​អណ្តាត​ពេល​អង្គុយ​ទំ​នេរ​ៗ : បើ​បាន​យក​អណ្តាត​រុញ​ក្រអូមមាត់​ខាង​លើ​ផង​នោះ​ វា​នឹង​ជួយ​ជំរុញ​ការ​បញ្ចេញ​ទឹកមាត់​ ធ្វើ​ឱ្យ​ប្រអប់មាត់​ស្អាត​ និង​បំបាត់​ក្លិន​មាត់​បាន​ទៀតផង​។

    6. ខ្ជឹប​រន្ធ​គូទ​ : ជា​វិធី​បំបាត់​អាការ​ឆ្អល់ពោះ​ដ៏​ងាយ​ និង​មានប្រសិទ្ធភាព​បំផុត​។ ចូរ​ខ្ជឹប​រន្ធ​គូទ​ក្នុង​ 1ថ្ងៃ​ឱ្យ​បាន​ 3ឈុត​ 1ឈុត​ឱ្យ​បាន​ពី​ 50​ -100ដង​ ព្រោះ​រាល់ពេល​ដែល​យើង​ខ្ជឹប​រន្ធ​គូទ​ ពោះវៀន​នឹង​ពង្រឹង​ខ្លួន​កម្ចាត់​កាកសំណល់​មិនល្អ​ដែល​នៅ​សេសសល់​ក្នុង​ពោះវៀន​មិន​ឱ្យ​រាតត្បាត​បំផ្លាញ​រាងកាយ​របស់​យើង​។

    7. ខាំធ្មេញ​ : ការ​ខាំ​ធ្មេញ​ស្រាល​ៗញឹកញាប់​ នឹង​ជួយ​ធ្វើ​ឱ្យ​ធ្មេញ​រឹងមាំ​ និង​ជួយ​ជំរុញ​ការផលិត​ទឹក​រំលាយអាហារ​ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​រឿង​ពោះវៀន​ចូរ​កុំ​ខកខាន​ឱ្យ​សោះ​។

    8. យកដៃ​ត្រដុស​ថ្ពាល់​ និង​ផ្ទៃមុខ​ : ថ្ពាល់​ និង​ផ្ទៃមុខ​ គឺជា​កន្លែង​ដែល​ខ្វះ​ការហាត់ប្រាណ​ច្រើន​បំផុត​លើ​រាងកាយ​ នេះ​ជា​វិធី​មួយ​ដ៏​សែន​ងាយ​បំផុត​ គ្រាន់តែ​ត្រដុស​បាត​ដៃ​ទាំងសងខាង​ រួចហើយ​យក​បាតដៃ​មក​ដុស​មុ​ខស្រាល​ៗ វា​នឹង​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ឈាម​រត់​ ធ្វើ​ឱ្យ​ឈាម​ហូរ​មក​ចិញ្ចឹម​ផែន​ថ្ពាល់​ទាំង​សងខាង​បាន​កាន់តែ​ច្រើនឡើង​ ធ្វើ​ឱ្យ​ផ្ទៃមុខ​ស្អាត​ស្រស់ថ្លា​៕

  • តន្ត្រី​បង្សុកូល​ ​ត្រៀម​សម្ដែង​បទ​ ​«​ការ​ចងចាំ​»​ ​ដើម្បី​ឧទ្ទិស​កុសល​វិញ្ញា​ណ​ក្ខ័ន្ធ​ ​ព្រឹទ្ធា​ចារ្យ​សិល្ប:សម្តេច​ព្រះរាជ​បុត្រី​ព្រះរៀម​ ​និង​ជា​ ​ទេព​នាដ​វដ្តី​ឯក​ ​នរោត្តម​ ​បុប្ផា​ទេវី​

    តន្ត្រី​បង្សុកូល​ ​ត្រៀម​សម្ដែង​បទ​ ​«​ការ​ចងចាំ​»​ ​ដើម្បី​ឧទ្ទិស​កុសល​វិញ្ញា​ណ​ក្ខ័ន្ធ​ ​ព្រឹទ្ធា​ចារ្យ​សិល្ប:សម្តេច​ព្រះរាជ​បុត្រី​ព្រះរៀម​ ​និង​ជា​ ​ទេព​នាដ​វដ្តី​ឯក​ ​នរោត្តម​ ​បុប្ផា​ទេវី​

    ​គ្រាន់តែ​ឮ​ថា​ ​«​តន្ត្រី​បង្សុកូល​ ​»​ ​គ្រប់គ្នា​ឆ្ងល់​យ៉ាង​ខ្លាំង​ថា​ជា​អ្វី​?​ ​ការពិត​ទៅ​ការ​ប្រគំតន្ត្រី​ ​”​បង្សុកូល​”​ ​គឺជា​ស្នាដៃ​រួមបញ្ចូល​គ្នា​មួយ​ដែល​មានត​ន្ត្រី​ករ​ប្រហែល​ ​80នាក់​ ​នៅ​លើ​ឆាក​តែមួយ​ ​តែ​មាន​ឧបករណ៍​តន្ត្រី​ខ្មែរ​ចំនួន​ ​៦ប្រភេទ​ ​មាន​ដូចជា​គ្រឿង​ខ្សែ​កេះ​ ​ឧបករណ៍​ពិណ​ ​គ្រឿង​ខ្សែ​កូត​ ​ទ្រសោ​ ​ទ្រអ៊ូ​ ​ទ្រខ្មែរ​ ​គ្រឿង​ផ្លុំ​ ​មាន​ដូចជា​ ​ស្រឡៃ​ ​ខ្លុយ​ ​ប៉ីពក​ ​ប៉ីអ​ ​រនាត​ភ្លោះ​ ​គង​ភ្លោះ​ ​នឹង​ត្រូវ​សម្ដែង​បញ្ចូល​គ្នា​ជាមួយ​វង់ភ្លេង​តន្ត្រី​បរទេស​។​

    ​អ្នកផ្ដើមគំនិត​និពន្ធ​បទភ្លេង​តន្ត្រី​ ​”​បង្សុកូល​”​ ​ដំបូង​ ​និង​ជាទី​ប្រឹក្សា​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ​លោក​បណ្ឌិត​ ​ហ៊ឹម​ ​សុភី​ ​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​ការ​ប្រគំតន្ត្រី​ ​”​បង្សុកូល​”​ ​ត្រូវ​បាន​តាក់តែង​និពន្ធ​បទភ្លេង​បង្សុកូល​អស់​រយៈពេល​ ​៥​ ​ឆ្នាំ​។​ ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​មានការ​ប្រគំតន្ត្រី​ ​”​បង្សុកូល​”​ ​នេះ​ ​គឺ​លោក​ចង់​ផ្ញើ​សារ​ប្រាប់​ទៅដល់​ពលរដ្ឋខ្មែរ​អំពី​ការ​រំឭក​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដែល​ធ្លាប់​ឆ្លងកាត់​នៅ​សម័យ​ ​ប៉ុល​ ​ពត​។​ ​លោក​បន្ត​ថា​ ​ក្នុងចំណោម​ឧបករណ៍​តន្ត្រី​បូរាណ​ខ្មែរ​ជាង​ ​១០ឧបករណ៍​ ​ក៏​មាន​ឧបករណ៍​បូរាណ​ខ្លះ​ដែល​បាន​បាត់បង់​រាប់​រយ​ឆ្នាំ​ ​និង​ត្រូវ​បង្កើត​ឡើងវិញ​ ​ដូចជា​ពិណ​ខ្មែរ​សម័យ​អង្គរ​ ​ប៉ីពក​ធំ​មាន​ស្នែង​ ​និង​ខ្លុយ​ដី​ជាដើម​។​



    ​តន្ត្រី​ ​”​បង្សុកូល​”​ ​ដែល​ទទួល​បាន​ហិរញ្ញវត្ថុ​បង្កើត​ឡើង​ពី​ប្រទេស​អូស្ត្រាលី​ ​សហរដ្ឋអាមេរិក​ ​និង​ពី​អង្គការ​មួយចំនួន​ទៀត​នេះ​ ​គឺជា​ស្នាដៃ​ប្រគំតន្ត្រី​វង់​ធំ​ ​និង​ជា​ស្នាដៃ​សហការ​គ្នា​លើកដំបូង​រវាង​ផលិតករ​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ ​លោក​ ​ប៉ាន់​ ​រិទ្ធី​ ​និង​អ្នកនិពន្ធ​បទភ្លេង​ដី​ល្បីឈ្មោះ​លោក​ ​ហ៊ឹម​ ​សុភី​ ​ក្នុង​គោលបំណង​រៀបរាប់​ស្វែងយល់​អំពី​សេចក្ដី​រន្ធត់​នានា​ ​របស់​ប្រជាជន​កម្ពុជា​ ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៧០​ ​ជាពិសេស​ដើម្បីរំលឹក​ដល់​ជនរងគ្រោះ​ ​ដែល​ត្រូវ​បាន​គេ​ធ្វើទារុណកម្ម​ ​និង​សម្លាប់​ ​និង​ដើម្បី​ផ្ញើ​សារ​ទៅកាន់​ពិភពលោក​ឱ្យ​ស្គាល់​អំពី​ប្រវត្តិ​កម្ពុជា​ ​ផង​ដែរ​។​

    ​យ៉ាងណាមិញ​ ​ការ​ប្រគំ​«​តន្ត្រី​បង្សុកូល​ ​»​ ​នៅ​ប្រទេស​កម្ពុជា​នា​ថ្ងៃទី២១,២២,២៣​ ​ខែវិច្ឆិកា​ ​នេះ​ ​លោក​សាស្ត្រា​ចារ្យ​ ​ហ៊ឹម​ ​សុភី​ ​ក៏បាន​បន្ថែម​បទនិពន្ធ​ថ្មី​មួយ​បទ​នៃ​ការ​បើក​ទំព័រ​សម្ដែង​គឺ​បទ​ ​«​ការ​ចងចាំ​»​ ​ជា​ស្នាដៃ​និពន្ធ​ថ្មី​ ​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញា​ណ​ក្ខ័ន្ធ​ ​ព្រឹទ្ធា​ចារ្យ​សិល្ប:សម្តេច​ព្រះរាជ​បុត្រី​ព្រះរៀម​ ​និង​ជា​ ​ទេព​នាដ​វដ្តី​ឯក​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ស្តេច​យាង​ទៅកាន់​សុគតិភព​ ​ដែល​ប្រកប​ទៅ​ដោយ​ភាព​រុងរឿង​ត្រចះត្រចង់​ដូច​សម័យកាល​នៃ​ចក្រភព​ខ្មែរ​សម័យ​អង្គរ​ដ៏​បរ​វរ​នៃ​យេីង​ ​។​ ​បទភ្លេង​នេះ​នឹង​ត្រូវ​ប្រគំ​មុន​ការ​សម្តែង​ ​តន្រ្តី​បង្សុកូល​ ​និង​ផ្សាយ​នៅ​ក្រោយ​ថ្ងៃទី២៣​ ​វិច្ឆិកា​ខាងមុខនេះ​៕​


  • ប៉ុស្តិ៍​លេខ៥​ ​និង​ផលិតកម្ម​ ​BS​ ​&​ ​Good​ ​Day​ ​ត្រៀម​បង្ហាញ​វណ្ណកម្ម​រឿង​ភាគ​ថ្មី​ ​«​បេះដូង​ខ្វះ​កំ​ដៅ​»​ ​

    ប៉ុស្តិ៍​លេខ៥​ ​និង​ផលិតកម្ម​ ​BS​ ​&​ ​Good​ ​Day​ ​ត្រៀម​បង្ហាញ​វណ្ណកម្ម​រឿង​ភាគ​ថ្មី​ ​«​បេះដូង​ខ្វះ​កំ​ដៅ​»​ ​

    ​ផលិតកម្ម​ ​BS​ ​&​ ​Good​ ​Day​ ​បាន​សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ​ដើម្បី​ផលិត​ជា​ភាពយន្ត​ភាគ​មួយទៀត​ដែល​មាន​ចំណងជើង​ថា​ ​«​បេះដូង​ខ្វះ​កំ​ដៅ​»​ ​បន្ទាប់ពី​បាន​បញ្ចប់រឿង​ ​«​ល្បិច​លួង​ល្បួង​ស្នេហ៍​»​។​ ​ពិធី​ក្រុងពាលី​ថត​រឿង​ថ្មីនេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី20​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019នេះ​។​ ​អ្វី​ដែល​ពិសេស​ ​ចំពោះ​ភាពយន្ត​នេះ​ ​គឺ​ផលិតកម្ម​បាន​ចំណាយ​ដើមទុន​រហូតដល់​ទៅ​ ​ជាង​ខ្ទង់សែន​ដុល្លារ​ ​ដើម្បី​ផលិត​ ​និង​គ្រោង​ចាក់​បញ្ចាំង​ ​នៅដើម​ឆ្នាំ2020នេះ​តែម្តង​។​

    ​លោក​ ​ប៊ុ​ន​ ​ស៊ា​ ​ម្ចាស់​ផលិតកម្ម​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​នេះ​ជា​ភាពយន្ត​ភាគ​ថ្មី​ ​ដែល​ផលិតកម្ម​របស់​លោក​ ​ផលិត​អោយ​ប៉ុស្តិ៍​លេខ៥​ ​បន្ទាប់ពី​ភាពយន្ត​របស់​លោក​ដែល​ផលិត​ជាច្រើន​មក​ហើយ​ ​ហើយ​ទទួល​បាន​ជោគជ័យ​។​ ​ភាពយន្ត​នេះ​លោក​មិនទាន់​ប្រកាស​អោយ​ដឹងពី​ខ្ទង់ចំណាយ​នៅឡើយ​ទេ​ ​តែ​គ្រោង​រហូតដល់១០ម៉ឺន​ដុល្លារ​ ​ប្រសិនបើ​រឿង​មួយ​នេះ​ ​មាន​តម្រូវការ​ដល់កម្រិត​នោះ​ពេល​ជាក់ស្ដែង​។​ ​

    ​លោក​ ​ទិត្យ​ ​ធារិ​ទ្ធ​ ​អ្នកដឹកនាំ​សម្ដែង​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​នេះ​ភាពយន្ត​និពន្ធ​ថ្មី​ ​ដោយ​សាច់រឿង​ទាំងមូល​ស្ដែង​ឡើង​ពី​គំនុំ​ ​រវាង​គ្រួសារ​ពីរ​ ​និង​ក្រុមហ៊ុន​ពីរ​ ​ដែល​ធ្វើសកម្មភាព​ប្រជែង​គ្នា​ ​ហើយ​ខ្វះ​គុណធម៌​ដាក់គ្នា​ ​ដោយសារតែ​ភាព​គុំគួន​។​ ​មួយ​នេះ​ឆ្លុះបញ្ចាំង​ពី​វិប្បដិសារី​របស់​អ្នក​ប្រព្រឹត្តិ​ ​ដែល​ជា​ការអប់រំ​ ​កុំ​អោុ​មនុស្ស​យក​គំនុំ​ជាធំ​។​ ​លោក​រំពឹង​ថា​ភាពយន្ត​នឹង​ទទួលការ​ចាប់អារម្មណ៍​ខ្ពស់​ ​ក្រោយ​ការផលិត​។​ ​ជាពិសេស​ដោយសារ​ភាពយន្ត​ទាំងមូល​សម្ដែង​ដោយ​សុទ្ធសឹងតែ​ជាតា​រា​ល្បី​ៗ​ ​ដូចជា​លោក​ ​ទេព​ ​រិន្ទ​ដា​រ៉ូ​ ​ជាដើម​៕​

  • ក្រុមបាល់ទាត់​វៀតណាម​ ​ដាក់​កីឡាករ​លើស​អាយុ​ ​2នាក់​នៅក្នុង​កីឡា​ស៊ី​ហ្គេម​

    ក្រុមបាល់ទាត់​វៀតណាម​ ​ដាក់​កីឡាករ​លើស​អាយុ​ ​2នាក់​នៅក្នុង​កីឡា​ស៊ី​ហ្គេម​

    ក្រោម​ការដឹកនាំ​របស់​លោក​ ​Park​ ​Hang​-​Seo​ ​លោក​បាន​ជ្រើសរើស​យក​កីឡាករ​លើស​អាយុ​ ​2នាក់​ ​សម្រាប់​ឈុត​ជម្រើសជាតិ​វៀតណាម​ដែល​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ ​SEA​ ​Games​ ​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ដែល​នឹង​ចាប់ផ្ដើម​ពី​ចុងខែ​វិច្ឆិកា​នេះ​តទៅ​។​ ​សម្រាប់​វិញ្​ញ​សា​បាល់ទាត់​បុរស​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​ឆ្នាំនេះ​ ​គឺ​កំណត់​ត្រឹម​អាយុ​ ​22ឆ្នាំ​ចុះក្រោម​ប៉ុណ្ណោះ​ ​ប៉ុន្តែ​អាច​ដាក់​អ្នក​លើស​អាយុ​ចូលរួម​បាន​ ​2នាក់​។​ ​

    ​ក្នុង​នោះ​វៀតណាម​បាន​ជ្រើសរើស​កីឡាករ​ ​2រូប​គឺ​ ​Nguyen​ ​Trong​ ​Hoang​ ​(​ខាងឆ្វេង​)​ ​និង​ ​Do​ ​Hung​ ​Dung​ ​(​ខាងស្តាំ​)​ ​។​

    ​Nguyen​ ​Trong​ ​Hoang​ ​គឺជា​កីឡាករ​ខ្សែបម្រើ​ការពារ​ ​មាន​វ័យ​ ​30ឆ្នាំ​ ​ខណៈ​កីឡាករ​រូប​នេះ​តែង​មានឈ្មោះ​ក្នុង​ឈុត​ធំ​តាំងពី​ឆ្នាំ2009​ ​មកទល់​បច្ចុប្បន្ន​។​ ​ចំណែក​ ​Do​ ​Hung​ ​Dung​ ​មាន​តួនាទី​ជា​ខ្សែបម្រើ​ឆ្នើម​របស់​ក្លឹប​ ​Ha​ ​Noi​ ​FC​ ​ដែល​ធ្លាប់​បាន​ជួយ​ឱ្យ​ក្លិប​នេះ​លើក​ពាន​លី​ក​កំពូល​វៀតណាម​ ​3សម័យកាល​ ​ព្រមទាំង​ជាស​មា​ជិ​ក​ម្នាក់​ដែល​បាន​ជួយ​ឱ្យ​ឈុត​ធំ​របស់​វៀតណាម​បាន​លើក​ពាន​ ​AFF​ ​Suzuki​ ​Cup​ ​កាលពីឆ្នាំទៅ​មិញ​ទៀតផង​។​ ​បច្ចុប្បន្ន​កីឡាករ​រូប​នេះ​មាន​អាយុ​ ​26ឆ្នាំ​៕​



  • ក្រុមបាល់ទាត់​ ​រស្មី​សំពៅមាស​ ​ដែល​បង្ក​ហិង្សា​លើ​អាជ្ញា​កណ្តាល​ ​ត្រូវ​បាន​ចាត់ការ​តាមច្បាប់​ការប្រកួត​ហើយ​

    ក្រុមបាល់ទាត់​ ​រស្មី​សំពៅមាស​ ​ដែល​បង្ក​ហិង្សា​លើ​អាជ្ញា​កណ្តាល​ ​ត្រូវ​បាន​ចាត់ការ​តាមច្បាប់​ការប្រកួត​ហើយ​

    កាលពី​ម្សិលមិញ​នេះ​ ​គណ​កម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​ពានរង្វាន់​ ​Soccer​ ​League​ ​បានសម្រេច​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ក្រុមបាល់ទាត់​រស្មី​សំពៅមាស​ ​ជាច្រើន​ចំណុច​ក្រោយ​បង្ក​ឱ្យ​មានអំពើ​ហិង្សា​ ​ដែល​ធ្វើ​ឱ្យ​អាជ្ញា​កណ្តាល​ម្នាក់​រង​របួស​យ៉ាងដំណំ​។​

    ​កាលពី​ថ្ងៃទី18​ ​ខែវិច្ឆិកា​ ​ម្សិលមិញ​នេះ​ ​នៅ​ទីលានKMH​ ​ក្នុង​ការប្រកួត​បាល់ទាត់​ពាក់កណ្តាល​អាជីព​មួយ​ ​(​Soccer​ ​League​)​ ​រវាង​គូ​ទី1​ ​ដែល​ជា​ការប្រកួត​រវាង​ក្រុមបាល់ទាត់​ ​រស្មី​សំពៅមាស​ ​និង​ក្រុម​សម្ព័ន្ធ​ ​គ.ស.ន.ប.ក​ ​បាន​បញ្ចប់​ទៅ​ដោយមាន​អំពើ​ហិង្សា​ទៅលើ​អាជ្ញា​កណ្តាល​ ​ដោយសារតែ​ក្រុមកីឡា​ករ​របស់​ ​រស្មី​សំពៅមាស​ ​មិន​ពេញចិត្ត​នឹង​លទ្ធផល​ដែល​ក្រុម​ខ្លួន​ចាញ់​ក្នុង​ការប្រកួត​នេះ​។​

    ​ក្នុង​អំពើ​ហិង្សា​នោះ​មាន​ទាំង​កីឡាករ​ ​អ្នកដឹកនាំ​ក្រុម​ ​និង​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ ​រស្មី​សំពៅមាស​ ​ដែល​ភាគច្រើន​ជា​បងប្អូន​ជនជាតិ​អ៊ី​ស្លាម​នោះ​ ​បាន​លើកគ្នា​ព្រួត​វាយ​អាជ្ញា​កណ្តាល​ម្នាក់​ ​បណ្តាល​ឱ្យ​បែក​មាត់​រយៈ​យ៉ាង​ធំ​ ​និង​រង​របួស​ជាច្រើន​កន្លែង​ទៀតផង​។​ ​ចំពោះ​មូលហេតុ​បឋម​ ​គឺ​មក​ពី​ក្រុម​អ្នកគាំទ្រ​ដ៏​ងប់​ងល់​ទាំងនោះ​ ​មិន​ពេញចិត្ត​នឹង​លទ្ធផល​ដែល​ក្រុម​របស់​ពួក​ខ្លួន​ទទួល​បាន​ក្នុង​ការប្រកួត​ ​និង​មិនបាន​ដឹង​ថា​ ​ការប្រកួត​ក្នុង​ពានរង្វាន់​នេះ​ ​គេលេង​ត្រឹមតែ​ ​80នាទី​ប៉ុណ្ណោះ​៕​


  • កម្ពុជា​បុក​ខ្លាំង​ ​តែ​ចាញ់​ហុងកុង​ ​2ទល់នឹង0​

    កម្ពុជា​បុក​ខ្លាំង​ ​តែ​ចាញ់​ហុងកុង​ ​2ទល់នឹង0​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​គោព្រៃ​កម្ពុជា​ ​បាន​ទាត់​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហុងកុង​ ​ក្នុង​លទ្ធផល​ ​2ទល់នឹង0​ ​ដែល​រកបាន​ដោយ​កីឡាករ​បរទេស​ចូលសញ្ជាតិ​ហុងកុង​ទាំង​ ​2គ្រាប់​។​

    ​ក្នុង​ការប្រកួត​នេះ​ផង​ដែរ​ ​គេ​សង្កេតឃើញ​ថា​ ​ថ្វី​ដ្បិតតែ​កម្ពុជា​ជា​ក្រុម​ភ្ញៀវ​មែន​ ​តែ​កម្ពុជា​បាន​បង្ហាញ​ពី​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ ​ដោយ​ស្ទើរតែ​បត់​តារាង​ពាក់កណ្តាល​ទៅលេង​នៅ​លើ​តំបន់​ការពារ​របស់​ហុងកុង​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​។​ ​តែ​ជាអកុសល​ការ​លេង​បុក​របស់​កម្ពុជា​ ​បាន​ធ្វើ​ឱ្យ​កីឡាករ​ ​សឿយ​ ​វិសាល​ ​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​ទី78​ ​ត្រូវ​អាជ្ញា​កណ្ដាល​បណ្ដេញចេញ​ពីទី​លាន​ ​បន្ទាប់មក​ហុងកុង​ក៏បាន​ស៊ុត​ចូល​ ​1គ្រាប់​បន្ថែម​ទៀត​ ​ពេល​ដែល​កម្ពុជា​បាត់បង់​ខ្សែការពារ​អស់​ម្នាក់​។​

    ​ក្រោយពី​ចប់​ការប្រកួត​នេះ​ ​លោក​ ​Felix​ ​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា​ ​បាន​និយាយ​ថា​ ​លោក​សូម​អបអរ​ដល់​ហុងកុង​ដែល​ឈ្នះ​ការប្រកួត​នេះ​។​ ​សម្រាប់​ក្រុម​កម្ពុជា​វិញ​ ​លោក​ក៏​ពេញចិត្ត​នឹង​របៀប​លេង​ដែល​កីឡាករ​ព្យាយាម​ធ្វើតាម​អ្វី​ដែល​បាន​ហ្វឹកហាត់​កន្លងមក​ផង​ដែរ​៕​

  • វិធី​ត្រៀមខ្លួន​ក្លាយជា​កូនក្រមុំ​ស្អាត​បំផុត​ក្នុង​ថ្ងៃ​រៀបការ​

    វិធី​ត្រៀមខ្លួន​ក្លាយជា​កូនក្រមុំ​ស្អាត​បំផុត​ក្នុង​ថ្ងៃ​រៀបការ​

    បើ​ទោះជា​អ្នក​មិនមែន​ជា​កូនក្រមុំ​ម្នាក់​ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ឥត​ទាស់​ដូច​តារា​ក៏ដោយ​ ក៏​មិនមែន​មានន័យថា​ អ្នក​ត្រូវតែ​បណ្ដែតបណ្ដោយ​រូប​សម្រស់​ឱ្យទៅ​ជា​យ៉ាងណា​ក៏បាន​នោះ​ដែរ​។ សូម​ចងចាំ​ថា​ តារា​គេ​ស្អាត​តាម​បែប​របស់​គេ​ តែ​អ្នក​ក៏​ស្អាត​តាម​បែប​របស់​អ្នក​ដែរ​ ដូច្នេះ​អ្វី​ដែល​យើង​អាច​ជួយ​ឱ្យ​ខ្លួន​យើង​មើលទៅ​មាន​ភាព​ស្រស់​ស្អាត​ជាង​មុន​បាន​ យើង​គួរ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​។ តោះ​ចាប់ផ្ដើម​យុទ្ធនាការ​ទាញ​យក​ភាព​ស្អាត​ចេញពី​រាងកាយ​អ្នក​ តាមរយៈ​ការ​មើលថែ​តាំងពី​ក្បាល​ដល់​ចុងជើង​ជាមួយ​ ឡា​រ៉ែ​ន ដូច​ខាងក្រោម​៖

    សក់​ : នេះ​ជាផ្នែក​ខាងលើ​បំផុត​នៃ​រាងកាយ​របស់​អ្នក​ ហើយក៏​ជាផ្នែក​មួយ​ដែល​អ្នក​មិន​គួរ​មើល​រំលង​ផង​ដែរ​។ សម្រាប់​ថ្ងៃ​ពិធី​ សក់​ពិតជា​ត្រូវ​តុបតែង​ជាច្រើន​ម៉ូដ​ ដូច្នេះ​អ្នក​ត្រូវតែ​ធ្វើ​ឱ្យ​មានការ​ប្រាកដ​ក្នុងចិត្ត​ថា​ វា​ពិតជា​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ ដើម្បី​ទប់ទល់​នឹង​ការបំផ្លាញ​ដែល​មិន​អាច​គេច​ផុត​ក្នុង​ថ្ងៃ​នោះ​។ អ្នកជំនាញ​និយាយ​ថា​ វា​គ្មានអ្វី​ល្អ​ជាង​ការ​ទទួល​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ B នោះ​ទេ​ ព្រោះថា​វីតាមីន​ប្រភេទ​នេះ​អាច​ជួយ​ឱ្យ​សក់​ភ្លឺរលោង​បែប​ធម្មជាតិ​ពី​ផ្នែក​ខាង​ក្នុង​មក​។ ចំពោះ​ការ​ថែរក្សា​ផ្នែក​ខាងក្រៅ​វិញ​នោះ​ អ្នក​អាច​ជ្រើសរើស​យក​វិ​ធី​ផ្សេង​ៗដូចជា​ ម៉ាស្សា​ស្បែក​ក្បាល​ លាបប្រេង​ជំនួយ​ តម្រឹម​ចុង​សក់​ និង​ការពារ​សក់​ពី​ការ​បំផ្លាញ​ផ្សេង​ៗជាដើម​។

    មុខ​ : ចំណុច​បន្ទាប់ពី​សក់​គឺ​ផ្ទៃមុខ​ ដែល​ជា​ចំណុច​លេចធ្លោ​បំផុត​ និង​មាន​នាទី​សំខាន់​បំផុត​ក្នុង​ការ​ទាញ​យក​ចំណាប់​អារម្មណ៍​ពី​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន​ ជាពិសេស​គឺ​ស្វាមី​របស់​អ្នក​តែម្តង​។ មាន​វិធីសាស្ត្រ​ថែរក្សា​ និង​កែខៃ​ផ្ទៃមុខ​ដែល​មាន​បញ្ហា​ច្រើនណាស់​ដែល​ ឡា​រ៉ែ​ន ធ្លាប់​បាន​នាំ​មក​ជូន​មិត្ត​អ្នកអាន​នៅក្នុង​ទំព័រ​ថែរក្សា​សម្រស់​ ដូច្នេះ​យើង​សង្ឃឹមថា​ វា​មិនមែន​ជា​ឧបសគ្គ​សម្រាប់​អ្នកនោះ​ទេ​។ ជ្រើសរើស​វិធី​ណា​ក៏បាន​តាមដែល​អ្នកមើល​ឃើញថា​ វា​មានប្រសិទ្ធភាព​ចំពោះ​សភាព​ស្បែក​របស់​អ្នក​ មិនថា​ការ​បិទ​ម៉ាស​តាម​បែប​ធម្មជាតិ​, ចំហុយ​, ស្ប៉ា​ ឬប្រើប្រាស់​គ្រឿងសម្អាង​នោះ​ទេ​។ សូម​ចាំ​ថា​ ឡា​រ៉ែ​ន តែងតែ​គាំទ្រ​អ្នកជា​និច្ច​ក្នុង​ការស្វែងរក​ភាព​ស្រស់​ស្អាត​ឱ្យ​ផ្ទៃមុខ​របស់​អ្នក​ ប៉ុន្តែ​សូម​ចងចាំ​ចំណុច​ដ៏​សំខាន់​មួយ​ឱ្យ​បាន​ជាប់​ជានិច្ច​ថា​ ការសាកល្បង​ប្រើប្រាស់​ផលិតផល​ថ្មី​(សូម្បី​តែ​ហ្វូ​មលាង​មុខ​) ការ​ព្យាបាល​ដោយ​វិធី​ផ្សេង​ៗ គឺ​មិន​គួរ​ឱ្យ​កើតមាន​ទេ​ ប្រសិនបើ​ពេលវេលា​នៃ​ការ​រៀបការ​របស់​អ្នក​នៅសល់​តិច​ជាង2​សប្តាហ៍​នោះ​។

    ភ្នែក​ : លាប​ក្រែម​ជំនួយ​ ដំឡូងបារាំង​ ថង់​កាក​តែ​ ឬ ត្រសក់​ជាដើម​ ដើម្បី​ការពារ​ និង​ជំនួយ​ដល់​រង្វង់ភ្នែក​ខ្មៅ​។ ម្យ៉ាងវិញទៀត​អ្នក​គួរ​ចៀសវាង​ការ​ទទួលទាន​ប្រៃ​ពេក​ និង​គេង​មិន​គ្រប់គ្រាន់​ជាដើម​ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​ភ្នែក​ឡើង​ហើម​។

    បបូរមាត់​ : ព្យាបាល​ឱ្យ​ហើយ​ ប្រសិនបើ​អ្នក​មាន​បញ្ហា​បបូរមាត់​ខ្មៅ​ ប្រេះ​ ឬក្រៀម​មិន​ស្អាត​ សូម​កុំ​រង់ចាំ​រហូតដល់​ពេលវេលា​មកដល់​ទើប​សង្វាត​ស្វែងរក​ដំណោះស្រាយ​នោះ​។

    ក : កូនក្រមុំ​មុ​ខស​-កខ្មៅ​ សម័យនេះ​លែង​សូវ​មាន​ទៀតហើយ​ ព្រោះ​ពួកគេ​សុទ្ធតែ​បានដឹង​ច្បាស់​ពី​ភាពអាក្រក់​មើល​របស់​វា​ សង្ឃឹមថា​អ្នក​ក៏​ជា​កូនក្រមុំ​ឆ្លាតវៃ​មួយ​រូប​ដែរ​ គឺ​ពិតជា​មិន​បណ្តោយ​ឱ្យ​សភា​ពស​ដុំ​ៗកើតមាន​ចំពោះ​អ្នកនោះ​ទេ​។

    ភាព​ស័ក្តិសម​នៃ​រាងកាយ​ : ខំប្រឹង​ប៉ូវ​ បន្ថែម​សារធាតុ​អាហារ​ឱ្យ​បាន​ច្រើនជាង​មុន​ ប្រសិនបើ​អ្នក​គិតថា​ រូបរាង​របស់​អ្នក​ស្គម​ពេក​ ក៏ដូចជា​ដើម្បី​បន្ថែម​ថាមពល​ដល់​រាងកាយ​ផង​ តែ​ក៏​ត្រូវ​សម្រក​ដូចគ្នា​ដែរ​ បើ​យល់ថា​ដូចជា​ធាត់​បន្តិច​ហើយ​នោះ​។

    ស្បែក​ : ដៃ​ក៏ដោយ​ ជើង​ក៏ដោយ​ តួខ្លួន​ទាំង​មូល​ក៏ដោយ​ បើ​ទោះជា​មិនបាន​សខ្ចី​ដូច​ការ​ប៉ង​ទុក​ ក៏​មិន​ត្រូវ​ឱ្យ​គ្រើម​ស្រអាប់​ ស្ងួត​ ប្រេះ​បែក​ស្រ​ការ​ស្រម៉​កនោះ​ដែរ​។ ខាត់ស្បែក​តាម​បែប​ធម្មជាតិ​ជា​វិធី​ដ៏​ល្អ​បំផុត​ ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​សន្សឹម​ៗ ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺរលោង​ស្រស់​ស្អាត​។

    ចុងជើង​ : ចំណុច​ក្រោម​គេ​បង្អស់​ តែ​កុំ​ស្មាន​ថា​មិន​មាន​អ្នកចាប់​អារម្មណ៍​ឱ្យ​សោះ​ណា៎​! មើល​ថែ​វា​ឱ្យ​ស្អាតបាត​ កាត់តម្រឹម​ លេង​ម៉ូដ​ក្រចកជើង​ រក្សា​ភាព​មាន​អនាម័យ​ មិន​ត្រូវ​ឱ្យ​មើលឃើញ​ភាព​ស្ងួត​គ្រើម​ ប្រេះ​បែកស្រកា​ដាច់ខាត​។ព្រោះ​វា​ជា​ថ្ងៃ​ដ៏​ពិសេស​របស់​អ្នក​ ដូច្នេះ​តាំង​ពីលើ​ក្បាល​ដល់​ចុងជើង​ត្រូវតែ​ Perfect​ គ្រប់​ចំណុច​ទាំងអស់​៕

  • ជំរុញ​ផលិតភាព​ និង​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ជា​ការងារ​អាទិភាព​

    ជំរុញ​ផលិតភាព​ និង​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ជា​ការងារ​អាទិភាព​

    បច្ចុប្បន្ន​សក្តា​នុ​ពល​ក្នុង​វិស័យ​កសិកម្ម​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជា​វិស័យ​ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ប៉ុន្តែ​ចាំបាច់​ក៏​ត្រូវការ​បើកចំហ​នូវ​ការចូលរួម​ពី​អ្នក​វិនិយោគ​បរទេស​ ដើម្បី​ជំរុញ​នូវ​ផលិតភាព​ក្នុង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ឱ្យ​ដំណើរការ​ដោយ​រលូន​ទៅ​បាន​ដែរ​។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖ “ក្នុង​ឆ្នាំ1995​ វិស័យ​កសិកម្ម​យើង​បាន​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ច​ទៅដល់​ 50​%ឯណោះ​តែ​បាន​ថមថយ​ចុះ​មកវិញ​ជាបន្តបន្ទាប់​។ មកទល់​ឆ្នាំ​2019​ នេះ​វិស័យ​កសិកម្ម​ចូលរួម​ក្នុង​ចំណូល​សេដ្ឋកិច្ច​មានត្រឹមតែ​ 23​% ទេ​។ តែ​ទោះជា​ការចូលរួម​ចំណែកខាង​សេដ្ឋកិច្ច​មានការ​ថយ​ចុះ​មែន​ ប៉ុន្តែ​ទំហំ​នៃ​វិស័យ​កសិកម្ម​របស់​យើង​កាន់តែ​ធំ​ទៅៗ​ ដែល​ទំហំ​នេះ​អាច​ថា​គុណ​នឹង​ 5-6ដង​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​ការនាំចេញ​ក៏​មាន​សម្ទុះ​កើនឡើង​ដែរ​។

    ឯកឧត្តម​ រដ្ឋមន្ត្រី​ បាន​បន្ត​ថា​ ការផលិត​នូវ​ផលិតផល​របស់​យើង​ ជាពិសេស​ស្រូវ​ ពីមុន​ឆ្នាំ​1980​ យើង​ផលិត​បានតែ​ 1,800,000តោន​ប៉ុណ្ណោះ​រហូតដល់​ឆ្នាំ1995​ យើង​ផលិត​ 3លាន​តោន​ ហើយ​រហូតដល់​ឆ្នាំ2000​ យើង​អាច​ផលិត​បាន​ស្រូវ​ប្រមាណ​4លាន​តោន​ ដែល​ចាត់ទុកថា​ យើង​នៅសល់​ស្បៀង​ចាប់តាំងពី​ពេលនោះ​។

    មកដល់​ឆ្នាំ2011​ ប្រមុខ​រដ្ឋាភិបាល​បាន​ដាក់ចេញ​គោលនយោបាយ​នាំចេញ​អង្ករ​ឱ្យ​បាន​ 1លាន​តោន​នៅ​ឆ្នាំ2015​។ យើង​ត្រូវ​ធ្វើការ​ច្រើន​ដើម្បី​ជំរុញ​ផលិតភាព​ និង​ជំរុញ​កំណើន​សេ​ដកិ​ច្ច​របស់​កម្ពុជា​យើង​។ ការ​ខិតខំ​ធ្វើ​ឱ្យ​យើង​សម្រេច​បាន​ផលិតផល​សរុប​ទាំង​ស្រូវ​ និង​ដំណាំរួមផ្សំ​ឆ្នាំ2018​ យើង​បាន​ទទួល​ 36លាន​តោន​ ហើយ​សង្ឃឹមថា​ ឆ្នាំ2019​ នេះ​បាន​ទទួល​ 37​-38លាន​តោន​។ កសិកម្ម​មាន​អនុ​វិស័យ​សំ​ខាន់​ៗចំនួន4​ ដែល​ចូលរួម​ចំណែក​ក្នុង​កំណើន​សេដ្ឋកិច្ច​ ទី1​ ស្រូវ​ដំណាំស្រូវ​ និង​កសិ​-ឧស្ស​ហក​ម្ម​ចូលរួម​ 5.8​%។ ទី2​ អនុ​វិស័យ​ចិញ្ចឹម​សត្វ​ 11.2​%។ ទី3​ ត្រី​រួមចំណែក​ 23.5​% ចំណែក​ព្រៃឈើ​បាន​ចូលរួម​តែ​ 8.6​%ប៉ុណ្ណោះ​ ដោយសារតែ​យើង​បាត់បង់​ព្រៃឈើ​ច្រើន​។

    ឯកឧត្តម​ វេង​ សា​ខុន​ បាន​បញ្ជាក់​ទៀត​ថា​ យើង​បានការ​កែច្នៃ​អ្វីខ្លះ​? នៅក្នុង​ផលិតផល​កសិកម្ម​របស់​យើង​ ក្នុង​ឆ្នាំ2019​ រយៈពេល​ 9ខែ​កន្លងមក​នេះ​ យើង​បាន​ផលិត​ផលិតផល​កសិកម្ម​ បាន​នាំចេញ​សរុប​ជាង​ 5លាន​តោន​ អង្ករ​ 400ពាន់​តោន​ ពោត​ 100ពាន់​តោន​ ចេក​ 117លាន​តោន​ ស្វាយ​ 5ម៉ឺន​ 4ពាន់​តោន​ បន្លែ​ 147តោន​ ដោយ​បាន​នាំចេញ​ទៅ​ 4ប្រទេស​ មាន​បារាំង​ ឆែក​ អង់គ្លេស​ និង​ហូ​ឡង់​ និង​បាន​នាំចេញ​ផ្លែស្វាយ​ទៅ​ប្រទេស​កូរ៉េ​ និង​ទៅ​ចិន​ ដោយ​បាន​នាំចេញ​មុន​ពេល​ចូលឆ្នាំ​ចិន​។

    ចំពោះ​អង្ករ​ នៅ​មាន​របាំង​ពន្ធ1​ តែ​យើង​ខិតខំ​ដាំដុះ​បែបជា​បន្ទាត់​សរីរាង្គ​វិញ​។ រី​ឯផ្លែ​តាង៉ែន​វិញ​ យើង​កំពុង​សិក្សា​បន្ថែម​។ ពាក់ព័ន្ធ​នឹង​ការ​នាំ​គ្រាប់​ស្វាយចន្ទី​ យើង​បាន​នាំទៅ​វៀតណាម​បាន​ 100​ពាន់​តោន​។ និយាយរួម​ទៅ​ យើង​មាន​វឌ្ឍនភាព​ល្អ​។

    អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ ដូចជា​ធន់​នឹង​អាកាសធាតុ​ យើង​បានឱ្យ​អ្នកមាន​ដី​តិច​ ឱ្យ​គាត់​ដាំ​បន្លែ​ណា​ដែល​ប្រើ​ទឹក​តិចតែ​ទិន្នផល​ខ្ពស់​ និង​ការ​ធ្វើ​តង់​កៅស៊ូ​ការពារ​សត្វល្អិត​ជាដើម​។ នៅ​កម្ពុជា​ ប្រព័ន្ធ​ស្រោចស្រព​នៅ​មាន​បញ្ហា​ ព្រោះ​យើង​មិនទាន់​គ្រប់គ្រង​ធនធានទឹក​បាន​នៅឡើយ​។គោលនយោបាយ​អ្វីខ្លះ​ដែល​អាច​កាត់បន្ថយ​គ្រោះ​រាំងស្ងួត​ក្រសួង​មានគំនិត​ហើយ​ តែ​ការ​ទាញអារម្មណ៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ក៏​ត្រូវ​គិត​ពី​ប្រយោជន៍​សេដ្ឋកិច្ច​ផង​ដែរ​។

    ដោយហេតុ​ផល​ថា​ ដើម្បី​ឱ្យ​វិស័យ​កសិកម្ម​រីកចម្រើន​ចាំបាច់​ត្រូវ​ផលិត​សម្រាប់​ផ្គត់ផ្គង់​ស្បៀង​ផង​ និង​ផលិត​ដើម្បី​ធ្វើការ​កែច្នៃ​ វេច​ខ្ចប់​ និង​នាំចេញ​ផង​ ដែល​ការងារ​នេះ​ទាមទារ​ឱ្យ​មានការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ការងារ​ស្រាវជ្រាវ​ ការអនុវត្ត​ ឬផ្ទេរ​បច្ចេកវិទ្យា​សមស្រប​ ទាន់សម័យ​ ការរៀបចំ​ ឬធ្វើ​ផែនការ​ផលិត​ច្បាស់លាស់​ ការ​ធ្វើ​ទំនើបកម្ម​ និង​ពិពិធ​កម្ម​កសិកម្ម​ ការ​ធ្វើ​កសិ​-ពាណិជ្ជកម្ម​ ការ​ធ្វើ​យន្តូបនីយកម្ម​កសិកម្ម​ ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​ពាណិជ្ជកម្ម​កម្ពុជា​ បាន​មានប្រសាសន៍​ប្រាប់​កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​ ជា​ការពិត​ការជំរុញ​ការនាំចេញ​មិនសូវ​ល្អ​ទេ​ ឬប្រសិនបើ​យើង​គ្មាន​លទ្ធភាព​ទេ​ យើង​នឹង​បាត់បង់​នូវ​តម្លៃបន្ថែម​ ដូចនេះ​យើង​ត្រូវ​មើលទៅ​ទីផ្សារសេរី​ជាក់ស្តែង​។ បើ​យើង​ផលិត​ហើយ​ប្រើ​មិន​អស់​ យើង​ត្រូវ​នាំចេញ​ហើយ​។ ឧទាហរណ៍​ដូចជា​ រាល់​ឆ្នាំ​ស្រូវ​អង្ករ​ ពោត​ និង​ដំឡូងមី​របស់​យើង​ជាដើម​ យើង​បាន​នាំចេញ​ទាំង​មិនទាន់​កែច្នៃ​ទៅ​ប្រទេស​ថៃ​ វៀតណាម​ ឬប្រទេស​ដទៃ​ដែល​ធ្លាប់​ទិញ​កន្លងមក​។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖ “បញ្ហា​នៅត្រង់​ថា​ បើ​យើង​បង្កើត​ផលិតផល​ជា​វត្ថុធាតុដើម​ដោយខ្លួន​យើង​ តែ​រោងចក្រ​យើង​មិន​គ្រប់គ្រាន់​ រោងចក្រ​យើង​មិន​ឆ្លើយតប​តម្រូវការ​សម្រាប់​កសិផល​ដែល​ប្រជាកសិករ​ផលិត​បាន​នោះ​ អ្វី​ដែល​កាន់តែ​ល្អ​ត្រូវ​ទាក់ទាញ​រោងចក្រ​ឱ្យមក​ប្រទេស​កម្ពុជា​យើង​ឱ្យ​បាន​កាន់តែ​ច្រើន​ នោះ​យើង​ថែមទាំង​ផ្តល់​ការងារ​ជូន​ដល់​ពលរដ្ឋ​យើង​ ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាក​ស្រុក​ធ្វើការ​នៅ​ប្រទេស​គេ​ផង​ដែរ​”។

    លោក​ឧកញ៉ា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖“បើ​យើង​មើលទៅ​អ្នកមាន​នៅ​ស្រុកខ្មែរ​ក្នុង​ការ​បោះទុន​ផ្នែក​កសិកម្ម​នេះ​ គឺ​ពិបាក​បន្តិច​ បើ​មាន​ក៏​មិនធំ​ដុំ​ដែរ​។ ដោយសារ​ផ្នែក​កសិកម្ម​នេះ​ ធនាគារ​គេ​មិន​ឱ្យ​ខ្ចីប្រាក់​ទេ​ ព្រោះ​មាន​ហានិភ័យ​ខ្ពស់​ណាស់​។

    ហេតុនេះ​អ្នកមាន​នៅ​ស្រុកខ្មែរ​ គាត់​ផ្តោត​លើ​ការ​រកស៊ី​ទិញ​ដី​ ទិញ​ផ្ទះ​វិញ​ ព្រោះ​បើ​ទោះបីជា​ខាតចំណេញ​ ក៏​សល់​ដី​ សល់​ផ្ទះ​ដែរ​។ បើ​ធ្វើ​កសិកម្ម​ខាត​អត់មាន​សល់​អ្វី​ទាំងអស់​ នេះ​បើ​និយាយ​ឱ្យ​ស្រួល​ស្តាប់​។ បើ​ប្រៀប​ទៅ​រោងចក្រ​សល់​អេតចាយ​ ព្រោះ​ក្នុង​ការ​កសាង​រោងចក្រ​មួយ​ត្រូវ​ប្រើ​ទុន​រាប់​លាន​ដុល្លារ​ លុយ​ខ្លួនឯង​ ដូច្នេះ​គេ​មិន​ធ្វើ​អុីចឹង​ទេ​។ បើ​ធ្វើស្រែ​ដី​ជួល​គេ​ បើ​ខាត​អស់​ប៉ុន្មាន​ គឺ​ទៅបាត់​ទាំងអស់​ ហើយ​បើ​ខ្ចី​លុយ​ធនាគារ​ រត់​មិន​រួច​ការប្រាក់​ទេ​”។

    លោក​ឧកញ៉ា​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​៖ “យើង​មាន​មូល​ដ្ឋាន​សក្តា​នុ​ពល​ច្រើន​ ដូច្នេះ​យើង​នៅតែ​មាន​សង្ឃឹម​ និង​ត្រូវតែ​ពឹង​លើ​អ្នក​វិនិយោគ​បរទេស​ដូចសព្វថ្ងៃ​អ្នក​វិនិយោគិន​ចិន​ជាច្រើន​កំពុងតែ​បណ្តាក់​ទុន​វិនិយោគ​កែច្នៃ​កសិផល​ ស្វាយ​ គ្រាប់ស្វាយ​ចន្ទី​ និង​ផលិតផល​ផ្សេងទៀត​នៅក្នុង​ស្រុក​យើង​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា​៖“ដូច្នេះ​មានតែ​វិនិយោគិន​បរទេស​ទេ​ ព្រោះ​គេ​មាន​អត្រា​ការប្រាក់​ទាប​ គេ​មាន​តម្រូវការ​ដែល​អាច​បណ្តាក់​ទុន​លើ​វិស័យ​នេះ​បាន​ ហើយ​អាច​សង់​ជា​រោងចក្រ​កែច្នៃ​ រួច​នាំ​ផលិតផល​សម្រេច​ទៅវិញ​ ហើយ​ការ​ធ្វើបែប​នេះ​ក៏អាច​នាំ​បច្ចេកវិទ្យា​ទំនើប​ៗមក​ស្រុកខ្មែរ​ផង​ដែរ​។ យើង​សង្ឃឹមថា​ នឹង​មាន​អ្នក​វិនិយោគ​មក​ច្រើន​ ព្រោះ​គាត់​មក​ជា​បណ្តើរ​ៗហើយ​ មិន​ត្រឹមតែ​វិនិយោគិន​ចិន​ទេ​ តែ​មាន​ទាំង​ជប៉ុន​ កូរ៉េ​ ថៃ​ និង​វៀតណាម​ ជាដើម​ទៀតផង​។

    កត្តា​ទាំងអស់​នេះ​ បើ​យើង​ខិតខំ​រួមគ្នា​ដោះស្រាយ​ជា​ជំ​ហាន​ៗក្នុង​ទិសដៅ​វិជ្ជមាន​សមស្រប​មួយ​ និង​ទាន់ពេល​វេលា​នោះ​ កសិផល​កម្ពុជា​នា​ពេល​អនាគត​ដ៏​ខ្លី​អាច​ធ្វើការ​ប្រកួតប្រជែង​ បង្កើន​នូវ​តម្លៃបន្ថែម​ប្រើប្រាស់​អស់​លទ្ធភាព​នូវ​វត្ថុធាតុដើម​មានតម្លៃ​ ប្រើប្រាស់​ពលកម្ម​ក្នុង​ស្រុក​ ធានា​បាន​នូវ​គុណភាព​ អនាម័យ​ និង​សុវត្ថិភាព​ស្របតាម​ស្តង់​ដា​ទីផ្សារ​អន្តរជាតិ​៕

  • ជប៉ុន​-កម្ពុជា​បង្ហាញ​គម្រោង​ វិនិយោគ​លើ​ផលិតកម្ម​ក្រោម​ស្លាក​សញ្ញា​រួម​ ផ្តោត​លើ​ទីផ្សារ​ជាតិ​-អន្តរជាតិ​

    ជប៉ុន​-កម្ពុជា​បង្ហាញ​គម្រោង​ វិនិយោគ​លើ​ផលិតកម្ម​ក្រោម​ស្លាក​សញ្ញា​រួម​ ផ្តោត​លើ​ទីផ្សារ​ជាតិ​-អន្តរជាតិ​

    ទីប្រឹក្សា​ពិសេស​នៃ​គណៈរដ្ឋ​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​គម្រោង​ចង់ឱ្យ​អ្នក​វិនិយោគ​ជប៉ុន​សហការ​ជាមួយ​អ្នក​វិនិយោគ​កម្ពុជា​ មិន​ត្រឹមតែ​ផលិត​ផលិតផល​សម្រាប់​តែ​ការនាំចេញ​ប៉ុណ្ណោះទេ​ តែ​ត្រូវ​ផលិត​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​នៅ​កម្ពុជា​ផង​ដែរ​ ក្នុង​គោលបំណង​បង្កើន​ទំនុកចិត្ត​ និង​ជំរុញ​ការប្រើ​ប្រាស់​ផលិតផល​ក្នុង​ស្រុក​ តាមរយៈ​ការប្រើ​ប្រាស់​ស្លាក​សញ្ញាសម្គាល់​រួម​ “ផលិត​ដោយ​ជប៉ុន​-កម្ពុជា​ នៅក្នុង​ប្រទេស​កម្ពុជា​”។

    លោក​ ARAI​ Hiroyuki​ ទីប្រឹក្សា​ពិសេស​នៃ​គណៈរដ្ឋ​មន្ត្រី​ជប៉ុន​ ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​គោលបំណង​ខាងលើ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយនឹង​ឯកឧត្តម​ ប៊ុ​ន ចន្ធី​ អនុរដ្ឋ​លេខាធិការ​ ក្រសួង​ពាណិជ្ជកម្ម​ កាលពី​ពាក់កណ្ដាល​ខែតុលា​កន្លងទៅ​ ទាក់ទង​នឹង​ការជំរុញ​សហគ្រាស​ធុន​តូច​-មធ្យម​(SME​)ដោយ​ប្រើ​ស្លាក​សញ្ញា​សម្គាល់​“ជប៉ុន​-កម្ពុជា​”ក្នុង​ទិសដៅ​បង្កើនផលិតផល​សម្រាប់​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​។

    លោក​ ARAI​ Hiroyuki​ បាន​បង្ហាញ​កត់សម្គាល់​អំពី​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ ប្រទេស​ទាំង2​ “កម្ពុជា​-ជប៉ុន​” និង​បាន​ថ្លែង​អំពី​គោលបំណង​នៃ​កិច្ចពិភាក្សា​ការងារ​នេះ​ដែល​មាន​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម​៖

    ទី1​-ចង់ឱ្យ​អ្នក​វិនិយោគ​ជប៉ុន​សហការ​ជាមួយ​អ្នក​វិនិយោគ​កម្ពុជា​ មិន​ត្រឹមតែ​ផលិត​ផលិតផល​សម្រាប់​តែ​ការនាំចេញ​ប៉ុណ្ណោះទេ​ តែ​ត្រូវ​ផលិត​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​កម្ពុជា​ផង​ដែរ​ ក្នុង​គោលបំណង​បង្កើន​ទំនុកចិត្ត​ និង​ជំរុញ​ការប្រើ​ប្រាស់​ផលិតផល​ក្នុង​ស្រុក​ តាមរយៈ​ការប្រើ​ប្រាស់​ស្លាក​សញ្ញាសម្គាល់​រួម​ “ផលិត​ដោយ​ជប៉ុន​-កម្ពុជា​ នៅក្នុង​ប្រទេស​កម្ពុជា​”។

    ទី2​- បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ និង​រិះរក​វិធី​សាស្ត្រ​ក្នុង​ការបង្កើត​សហគ្រាស​ធុន​តូច​-មធ្យម​(SME​) ជប៉ុន​ និង​កម្ពុជា​ ដោយ​ជួល​កម្មករ​ជំនាញ​កម្ពុជា​ដែល​មាន​ជំនាញ​ និង​បទ​ពិសោធ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ស្រាប់​ឱ្យមក​ធ្វើការ​នៅក្នុង​ស្រុក​ ដើម្បី​ផលិត​ហើយ​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​ សំដៅ​កាត់បន្ថយ​ចំណាយ​លើ​ការនាំចូល​។

    ទី3​- ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ចំណេះដឹង​បន្ថែម​ពី​អ្វី​ដែល​បាន​សហការ​គ្នា​ និង​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​ ពិសេស​លើ​ការបង្កើត​ឱ្យ​មាន​ជំនួប​វិនិយោគិន​ SME​ ជប៉ុន​-កម្ពុជា​ ដោយសារតែ​ទាំង​និយោជិក​ និង​កម្មករ​ជំនាញ​កម្ពុជា​ ដែល​កំពុងធ្វើការ​តាម​បណ្តា​ក្រុមហ៊ុន​ និង​សហគ្រាស​នៅ​ប្រទេស​ជប៉ុន​សព្វថ្ងៃ​មាន​ចំនួន​ប្រមាណ​ជា​ 12,000នាក់​ នឹង​ក្លាយជា​កត្តា​មួយ​ជួយ​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ជប៉ុន​សម្រេចចិត្ត​មក​បើក​សហគ្រាស​ផលិតកម្ម​ និង​លក់​រួមគ្នា​នៅ​កម្ពុជា​។

    ជា​ការ​ឆ្លើយតប​នឹង​បំណង​របស់​ភាគី​ជប៉ុន​នេះ​ឯកឧត្តម​ ​;ប៊ុ​ន ចន្ធី​ អនុរដ្ឋ​លេខា​នៃ​ក្រសួង​ពាណិជ្ជកម្ម​ បាន​សម្តែង​ការ​គាំទ្រ​លើ​គំនិត​ផ្តួចផ្តើម​ទាំងនេះ​ ហើយ​បាន​សន្យា​ថា​ នឹង​រាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ អំពី​កិច្ចពិភាក្សា​នេះ​ដើម្បី​ស្នើសុំ​អនុសាសន៍​ណែនាំ​។

    ឯកឧត្តម​ ក៏បាន​លើកឡើង​ដែរ​ថា​ កម្ពុជា​ និង​ជប៉ុន​មាន​ចំណងមិត្តភាព​ជាយូរមកហើយ​ ដែល​ជាហេតុ​នាំ​ឱ្យ​ប្រទេស​ទាំង2​ មាន​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ស្អិតល្មួត​ ទាំង​វិស័យ​ការទូត​ និង​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​។ ឯកឧត្តម​ក៏បាន​បន្ថែម​ទៀត​ដែរ​ថា​ កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ មាន​សម្ទុះ​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

    យ៉ាងណាមិញ​ឯកឧត្តម​ អនុរដ្ឋ​លេខាធិការ​ បាន​ឱ្យ​ដឹង​ថា​ “កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ មាន​សម្ទុះ​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយ​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ3​ ក្នុង​ការនាំចេញ​ទំនិញ​ទៅ​ជប៉ុន​ ហើយ​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​លេខ9​ ក្នុង​ការ​នាំ​ទំនិញ​មក​កម្ពុជា​។ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ 1,588លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2018​”។

    ឯកឧត្តម​ក៏បាន​លើកឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ ផ្អែក​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​ វេទិកា​ធុរកិច្ច​ ការផ្គូផ្គង​វិនិយោគិន​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ផ្ទាល់​ពីជ​ប៉ុន​ ជាពិសេស​កម្ពុជា​រំពឹង​យ៉ាង​មុតមាំ​ថា​រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ផ្តល់​ជំនួយ​ទាំង​ថវិកា​ បច្ចេកទេស​ និង​ធនធានមនុស្ស​ដល់​កម្ពុជា​បន្ត​ទៀត​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។

    ចំណែក​ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងប្រាប់​កាសែត​ ឡា​រ៉ែ​ន ថា​៖“ប្រសិនបើ​ គម្រោង​ដែល​បាន​ពិភាក្សា​ នេះ​លេចចេញ​ជារូបរាង​នោះ​ គឺ​ចាំបាច់​ត្រូវតែ​ឆ្លងកាត់​ផ្នែក​ចុះ​ ម៉ាក​សញ្ញា​ ដែល​គាត់​ចង់​ចុះបញ្ជី​សម្គាល់​ផលិតផល​នោះ​ ថា​តើមាន​ដូច​ផលិតផល​គេ​ដែរ​ឬទេ​?ត្រូវ​ប្រើ​ម៉ាក​សញ្ញាសម្គាល់​ទៅតាម​នីតិវិធី​ និង​ប្រសិនបើ​គ្មាន​បញ្ហា​អ្វី​ទេ​នោះ​ យើង​ស្វាគមន៍​ និង​ជំរុញ​ការ​លក់​ និង​អាច​ធ្វើការ​នាំចេញ​បាន​”។

    ឯកឧត្តម​ បាន​ថ្លែង​បន្ត​ទៀត​ថា​៖“កិច្ចការ​នេះ​ក៏​មានហេតុ​ផល​ខ្លះ​ដែរ​ គឺទី1​-ការចុះបញ្ជី​ម៉ាក​សញ្ញា​សម្គាល់​ផលិតផល​ គឺ​ស្ថិតនៅ​ក្រោម​នាយកដ្ឋាន​ត្រេ​ដម៉ា​ក (Trade​ Mark​) ថា​ គាត់​ដាក់ពាក្យ​ចុះ​ម៉ាក​សញ្ញាសម្គាល់​ផលិតផល​នោះ​ បាន​ ឬមិន​បាន​? បើ​បាន​ វា​ជាការល្អ​ដើម្បី​ជំរុញ​ការនាំចេញ​។ ទី2​-ប៉ុន្តែ​ត្រូវ​ពាក់ព័ន្ធ​មួយផ្នែកទៀត​ ព្រោះ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ត្រូវ​ទាក់ទង​ទៅ​ក្រសួង​ឧស្សាហកម្ម​ដែរ​ ព្រោះ​គាត់​ត្រូវ​ចុះឈ្មោះ​បើក​សហគ្រាស​ដោយ​គាត់​ជា​ SME​ ក្នុង​ស្រុក​”។

    ឯកឧត្តម​ ស៊ាង​ ថៃ​ បាន​បញ្ជាក់​បន្ថែម​ថា​៖ “បើ​ដំណើរការ​ទៅ​បាន​ វា​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​របស់​យើង​ដែរ​ ព្រោះ​បច្ចុប្បន្ន​ទំនិញ​ភាគច្រើន​ត្រូវ​ផ្អែក​ទៅលើ​ម៉ាក​សញ្ញា​ជា​សំខាន់​ សំដៅ​ទៅលើ​ម៉ាក​ សំដៅ​ទៅលើ​ក្រុមហ៊ុន​ផលិត​ ជាដើម​។ ក្រុមហ៊ុន​សំ​ខាន់​ធំៗ​ ក៏​គេ​មើលទៅ​លើ​ម៉ាក​សញ្ញា​នេះ​ ហើយ​ប្រសិន​កិច្ចការ​នេះ​ដំណើរការ​ទៅ​ដោយ​រលូន​នោះ​យើង​នឹង​ឃើញ​គាត់​ដាក់ពាក្យ​ស្នើសុំ​ ហើយ​ក្រសួង​នឹង​ស្វាគមន៍​ដើម្បី​ការជំរុញ​បង្កើន​ និង​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍន៍​ SME​ របស់​យើង​”៕