ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុង-ហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលការចុះហត្ថលេខានេះ បានធ្វើឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ 30ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ពីថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2019 នៅទីក្រុង ប៊ូសាន សាធារណរដ្ឋកូរ៉េ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្មបានលើកឡើងថា៖ “តាមការរំពឹងទុក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ ភាគីកម្ពុជាកូរ៉េ នឹងជួយពង្រឹងទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំង2 បន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញសេវា និងពង្រីកការវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង2ផងដែរ”។
សូមជម្រាបថា ក្នុងឱកាសនៃកិច្ចប្រជុំទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក មូន ជេ អុីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី15 ខែមីនា ឆ្នាំ2019 នៅវិមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតីកូរ៉េ មក កាន់កម្ពុជា ប្រមុខដឹកនាំកំពូលនៃប្រទេសទាំង2 បានឯកភាពលើការជំរុញ និងពង្រីកទំហំពាណិជ្ជ កម្ម និងវិនិយោគរវាងប្រទេសទាំង2 ព្រមទាំងបានណែនាំឱ្យមានការសិក្សាពីលទ្ធភាពបង្កើតកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។
នៅក្នុងឆ្នាំ2018 កន្លងទៅនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង2 (កម្ពុជា និងកូរ៉េខាងត្បូង) បានកើនឡើងជាលំដាប់ គឺមានទំហំប្រមាណ 756លានដុល្លារសហរដ្ឋអាមេរិក ដោយកើនឡើងប្រមាណ 14.69% បើធៀបនឹងឆ្នាំ2017។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកូរ៉េ រួមមាន អាវយឺត សម្លៀកបំពាក់បុរស គ្រឿងអេឡិចត្រូនិក ស្បែកជើង វ៉ាលីស កម្ទេចអាលុយមីញ៉ូម ភេសជ្ជៈ សម្ភារពេទ្យ (ចេសសម្រាប់ការវះកាត់)តង់ និងកៅស៊ូធម្មជាតិ។
ទំនិញនាំចូលសំខាន់ៗរបស់កម្ពុជាពីកូរ៉េ រួមមាន រថយន្តដឹកទំនិញ ក្រណាត់ចាក់ ទឹករ៉ែធម្មជាតិ ភួយ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ(ប៊ុលដូហែ៊្សរ) បន្ទះ ឬសន្លឹកនីកែល ស្បែកពីសត្វចៀមកែច្នៃរួច ក្រណាត់ជ្រលក់ពណ៌ និងផលិតផលថែរក្សាសម្ផស្ស។
ជាមួយនឹងលទ្ធផលនៃទំហំពាណិជ្ជកម្មនេះ ហើយក្នុងបំណងពង្រីកពាណិជ្ជកម្មឱ្យកាន់តែធំជាងនេះ បន្ទាប់ពីជំនួបទ្វេភាគី រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំង2 ក៏បានចុះហត្ថលេខាលើសេចក្តី ថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី កម្ពុជា-កូរ៉េ ដែលកិច្ចព្រមព្រៀងនេះពាក់ព័ន្ធនឹងនីតិវិធីចរចា ដើម្បីបង្កើតការសិក្សារួមគ្នាមួយ។
សេចក្តីថ្លែងការណ៍ មិនបានបញ្ជាក់ថា ការសិក្សានេះនឹងត្រូវចំណាយពេលប៉ុន្មាននោះទេ ប៉ុន្តែបើតាមបណ្តាញសារព័ត៌មានកូរ៉េខាងត្បូង បានប៉ាន់ស្មានថា វាអាចត្រូវចំណាយពេល 1ឆ្នាំ។ ដោយឡែក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កូរ៉េខាងត្បូងជាមួយប្រទេសសិង្ហបុរី និងវៀតណាម បានចូលជាធរមានក្នុងឆ្នាំ2006 និង 2015 តាមលំដាប់។
ជំនួបទ្វេភាគីរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុង-ហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ បានផ្តោតការពិភាក្សាសំខាន់លើលទ្ធភាពក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង2 ដោយបានស្នើសុំឱ្យភាគីកូរ៉េពិនិត្យលទ្ធភាពជួយបង្កើនការបញ្ជាទិញទំនិញបន្ថែមពីកម្ពុជា ព្រមទាំងលើកទឹកចិត្តឲ្យវិនិយោគិនកូរ៉េ មកវិនិយោគបន្ថែមទៀតនៅកម្ពុជា។
លោកជំទាវ Myung-hee បានមានប្រសាសន៍ថា៖ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកម្ពុជា នឹងក្លាយជាកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលជួយឱ្យក្រុមហ៊ុនកូរ៉េ ចូលជ្រៅទៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជាមួយនឹងសក្តានុពលនៃកំណើនដ៏លេចធ្លោ”។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកទឹកចិត្តដល់វិនិយោគិនឯកជនជនជាតិកូរ៉េ ឱ្យស្វែងយល់បន្ថែមអំពីសក្តានុពលអាជីវកម្មរបស់ព្រះរាជាណាចក្រកម្ពុជា និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ សម្ដេចអគ្គមហាសេនាបតីបានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន និងវិនិយោគិនកូរ៉េដែលមិនបានមកប្រទេសកម្ពុជាដើម្បីស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា និងធ្វើការវិនិយោគនៅកម្ពុជាដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស។ យើងនឹងទាញយកប្រយោជន៍ពីសមិទ្ធផលទាំងអស់នេះ”។
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនៈអាស៊ី បានមានប្រសាសន៍ថ្មីៗនេះថា មានសក្តានុពលដ៏ធំធេងក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង។ ទោះយ៉ាងណាដើម្បីឈានទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាគីទាំង2 ក៏ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខផងដែរ។
លោកត្រូវបានគេស្រង់សម្តីថា នៅពេលដែលប្រទេសកម្ពុជាព្យាយាមទាញយកបដិវត្តន៍ឧស្សាហកម្មទី4 និងការចាប់យកសេដ្ឋកិច្ចឌីជីថល ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងធនធានសំខាន់ៗ កំពុងតែមានសារៈសំខាន់។
លោកបញ្ជាក់ថា៖“រហូតមកដល់ពេលនេះ កូរ៉េខាងត្បូងមិនបានបង្ហាញផលប្រយោជន៍សន្តិសុខ និងយុទ្ធសាស្ត្រច្រើនក្នុងការចូលរួមជាមួយប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ជាទូទៅទេ។ កិច្ចសហប្រតិបត្តិការសន្តិសុខ តាមបណ្តាញអុីនធើណិត និងសន្តិសុខតាមសមុទ្រ នឹងក្លាយជាតំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការ”៕






បើតាមលោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ការកសាងសមត្ថភាព និងចំណេះដឹងសម្រាប់ខ្លួនឯងគឺជាការវិនិយោគយ៉ាងធំមួយសម្រាប់ខ្លួនឯង ព្រោះមិនថា ធ្វើការងារឱ្យគេ ឬធ្វើអាជីវកម្មនោះទេ អ្នកទាំងអស់គ្នាសុទ្ធតែត្រូវការចំណេះដឹងទាំងក្នុងសាលា និងក្រៅសាលា។ ចំណេះដឹង ផ្តើមចេញពីការសិក្សា ការស្រាវជ្រាវ ការធ្វើការឱ្យគេ និងបន្ទាបខ្លួនស្តាប់យកមតិយោបល់របស់មនុស្សជាច្រើននៅជុំវិញខ្លួន។ នៅពេលដែលយើងមានបទពិសោធជីវិតច្រើន មានព័ត៌មានច្រើននៅក្នុងខ្លួន យើងនឹងអាចអភិវឌ្ឍអាជីវកម្មឱ្យជោគជ័យជាមួយនឹងភាពបត់បែនខ្ពស់ទៅតាមស្ថានការណ៍សង្គម។
លោកលើកឡើងផងដែរថា ជាធម្មតា បន្ទាប់ពីយើងមានចំណេះដឹងច្បាស់លាស់ហើយ មានគំនិតអភិវឌ្ឍល្អ និងមានកម្លាំងចិត្តល្អ យើងទាមទារឱ្យមានភាពទុកចិត្តបានផងដែរ ទើបយើងអាចរកស៊ីបានល្អ។ ការកសាងទំនុកចិត្តគឺត្រូវការទំនុកចិត្តខ្លាំងបំផុត ប្រសិនបើយើងមានគ្រប់យ៉ាង តែខ្វះភាពទុកចិត្តបាន យើងនឹងពិបាកទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម ហេតុនេះអ្នករកស៊ីត្រូវកសាងទំនុកចិត្តខ្ពស់បំផុត។
គួរបញ្ជាក់ថា ក្រុមហ៊ុន Luxury Smile Beauty Group Co., LTD ដែលជាក្រុមហ៊ុនបង្កើតម៉ាកសញ្ញា និងចែកចាយគ្រឿងសម្អាងធំជាងគេបំផុតនៅកម្ពុជា និងមានរោងចក្រទទួលផលិតគ្រឿងសម្អាងដ៏ធំនៅប្រទេសថៃ ជាក្រុមហ៊ុនដែលបានផ្តល់សិទ្ធិចែកចាយគ្រឿងសម្អាងប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្តខ្ពស់ ដល់ក្រុមហ៊ុនក្នុងស្រុកជាច្រើននាពេលបច្ចុប្បន្ននេះ។ ថ្មីៗនេះក្រុមហ៊ុនដ៏មានសក្តានុពលនេះទើបតែបង្កើតកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនឆ្នើម Successful CEO Award 2019 ដំបូងគេបំផុតនៅកម្ពុជាដល់ម្ចាស់អាជីវកម្មផ្នែកសម្ផស្ស ក្រោមអធិបតីភាពពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីលោកជំទាវ វី សាឌី អនុប្រធានគណៈកម្មការប្រឆាំងផលិត-ផលក្លែងក្លាយតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការប្រឆាំងផលិតផលក្លែងក្លាយ ព្រមទាំងមានវត្តមានរបស់តំណាងស្ថានទូត ស្ថាប័នពាណិជ្ជកម្ម និងក្រុមហ៊ុនជាតិអន្តរជាតិជាច្រើនផ្សេងទៀត៕








ក្រៅពីការបារម្ភអំពីបញ្ហាសុខភាពដែលកាន់តែទ្រុឌទ្រោម ពីព្រោះវ័យរបស់លោកកាន់តែជ្រេ ក៏លោក ព្រហ្ម ម៉ាញ នៅតែបង្ហាញនូវឆន្ទៈចង់ជំរុញឱ្យសិល្បៈអាយ៉ៃខ្មែរ នៅតែមានការចាប់អារម្មណ៍ទៅថ្ងៃខាងមុខ។ លោកបានប្រកាសចំណាយពេល និងកម្លាំងបង្រៀនដោយឥតគិតថ្លៃ ជាថ្នូរនឹងភាពព្រងើយកន្តើយរបស់យុវជនខ្មែរមួយចំនួនធំ ដែលពុំសូវខ្វល់ខ្វាយអំពីសិល្បៈបុរាណ ហើយធ្វើឱ្យលោកភ័យព្រួយខ្លាចមិនមានអ្នកបន្តវេនផ្នែកចម្រៀងអាយ៉ៃខ្មែរ។ លោកបានប្រកាសដំណឹងដល់បងប្អូនសិល្បៈ ឬយុវជនណាដែលមានបំណងចង់ចេះ ចង់ហាត់រៀនសិល្បៈអាយ៉ៃ ដោយមិនសំដៅទៅលើតែអ្នកដែលមាននិស្ស័យពីកំណើតនោះទេ ដោយលោកនឹងធ្វើការបង្ហាត់បង្រៀន ផ្ទេរបទពិសោធទៅឱ្យយុវជនយុវនារីជំនាន់ក្រោយ ដើម្បីបន្តវេនពីលោកបន្តទៀត។