Category: សង្គម និងសេដ្ឋកិច្ច

  • កម្ពុជា​នឹង​សហការ​ជាមួយ​សហ​ភាព​អារ៉ាប់​ ក្នុង​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​ក្នុង​ពេល​ឆាប់​ៗនេះ​

    កម្ពុជា​នឹង​សហការ​ជាមួយ​សហ​ភាព​អារ៉ាប់​ ក្នុង​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​ក្នុង​ពេល​ឆាប់​ៗនេះ​

    ការ​បញ្ជូន​ពលករ​ចំណាកស្រុក​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​យន្តការ​ដ៏​មាន​សារៈសំខាន់​មួយ​ដើម្បី​ជំរុញ​ឱ្យ​ប្រជាជន​ទទួល​បាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​ ស្រប​ពេល​ដែល​ពួកគេ​ក៏​ទទួល​បាន​ចំណេះដឹង​បន្ថែម​ពី​វិស័យ​កសិកម្ម​ ក៏ដូចជា​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់​នោះ​មកវិញ​ដែរ​។ កន្លងមក​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ភាគី​កូរ៉េ​ ភាគី​ជប៉ុន​ និង​បណ្តា​ប្រទេស​ដែល​ទទួលយក​ពលករ​កម្ពុជា​មួយចំនួន​ទៀត​ ដើម្បី​បញ្ជូន​ពួកគេ​ទាំងនោះ​ទៅ​ធ្វើការ​ហ្វឹកហាត់​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក៏ដូចជា​បម្រើការ​ងារ​នៅក្នុង​ប្រទេស​ទាំងអស់​នោះ​ដែរ​។

    ថ្មី​ៗនេះ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឈាន​មួយ​ជំហាន​ថ្មីទៀត​លើ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដោយ​គ្រោង​នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយនឹង​សហភាព​អារ៉ាប់រួម​ ឬអារ៉ាប់​ អេ​មី​រ៉េ​ត ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ត្រៀម​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើការងារ​នៅ​អារ៉ាប់រួម​ដែល​ជា​ប្រទេស​អភិវឌ្ឍន៍​ និង​មានការ​រស់នៅ​ល្អ​ប្រសើរ​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើង​ថា​ នៅមុន​ជំនួប​ពិភាក្សា​ជាមួយនឹង​ឯកឧត្តម​ Saif​ Abdulla​ Mohammaed​ Khalfan​ Alshamisi​ ឯកអគ្គ​រាជទូត​នៃ​ប្រទេស​អារ៉ាប់​ដែល​មាន​និវាសនដ្ឋាន​នៅ​ទីក្រុង​បាងកក​នោះ​ ភាគី​អារ៉ាប់​បាន​ព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយ​ផ្ញើ​មកកាន់​ភាគី​កម្ពុជា​រួចហើយ​ ខណៈ​បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ​របស់​កម្ពុជា​ កំពុង​ត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​មានប្រសាសន៍​ថា​៖ «នៅពេល​អនុស្សរណៈ​នោះ​ត្រូវ​បាន​ចុះហត្ថលេខា​រួចរាល់​ វា​នឹង​ក្លាយជា​ការ​ផ្តល់​ឱកាស​ថ្មី​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចង់​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ និង​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​»។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​ ទោះបីជា​នៅក្នុង​ប្រទេស​កម្ពុជា​មានការ​ងារ​ជាច្រើន​ដែល​ត្រូវ​ការ​កម្លាំង​ពលកម្ម​ ឬកន្លែង​ខ្លះ​ខ្វះ​កម្លាំង​ពលកម្ម​បន្ថែម​ទៀត​ក្ដី​ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ផ្តល់​ និង​ស្វែងរក​ឱកាស​ការងារ​នៅ​ក្រៅប្រទេស​បន្ថែម​ដល់​ប្រជាជន​ ដើម្បី​ឱ្យ​ពួកគេ​មានលទ្ធភាព​ក្នុង​ការ​ស្វែងរក​ចំណូល​ និង​ចំណេះដឹង​ពី​ប្រទេស​អភិវឌ្ឍន៍​នានា​។ ការ​ចេញទៅ​ធ្វើការងារ​នៅ​ក្រៅប្រទេស​ នឹង​ជួយ​ឱ្យ​ពលករ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ រួម​ទាំង​បទ​ពិសោធ​ជំនាញ​វិជ្ជាជីវៈ​ថែមទៀត​ផង​ ដែល​នឹង​ធ្វើ​ឱ្យ​ពួកគេ​ងាយស្រួល​ក្នុង​ការ​ប្រកបរបរ​ ឬធ្វើការងារ​នៅក្នុង​ស្រុក​ នៅពេល​ដែល​ពួកគេ​ត្រឡប់​មក​ពី​បំពេញការងារ​នៅ​ក្រៅប្រទេស​វិញ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​នៅក្នុង​តំបន់​ជាច្រើន​ បាន​ជំរុញ​ប្រជាជន​របស់​គេ​ឱ្យ​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ ដើម្បី​ជំរុញ​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​ជាតិ​ ព្រោះ​ប្រាក់ចំណូល​ដែល​រកបាន​ពី​ការ​ធ្វើការងារ​នៅ​ក្រៅប្រទេស​ នឹង​ត្រូវ​ផ្ញើ​មកកាន់​សាច់ញាតិ​នៅ​ប្រទេសកំណើត​វិញ​។ ហេតុនេះ​សាច់ប្រាក់​ទាំងអស់​នោះ​នឹង​ត្រូវ​ចរាចរណ៍​នៅ​ប្រទេសកំណើត​នេះ​ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​ល្អ​ប្រសើរ​ឡើង​។

    កន្លងមក​សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​បាន​លើកឡើង​ផង​ដែរ​ថា​ ប្រទេស​ដែល​ទទួល​ពលករ​ ក៏​មាន​គោលការណ៍​បញ្ជូន​ប្រជាជន​របស់​ខ្លួន​ទៅក្រៅ​ប្រទេស​ដែរ​។ ជាក់ស្តែង​ ដូចជា​ប្រទេស​ថៃ​ជាដើម​ ដែល​ប្រទេស​នេះ​បាន​បញ្ជូន​ប្រជាជន​ទៅ​ប្រទេស​ដែល​មាន​ចំ​ណូល​ខ្ពស់​ៗ ហើយ​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ដែល​មានតម្លៃ​ទាប​ជាង​ដើម្បី​បំពេញ​ទីផ្សារ​ការងារ​នៅក្នុង​ប្រទេស​ខ្លួនឯង​វិញ​។

    ឯកឧត្តម​ Abdulla​ Mohammed​ ឯកអគ្គ​រាជទូត​នៃ​ប្រទេស​អារ៉ាប់រួម​ បាន​លើកឡើង​ថា​ នៅ​ប្រទេស​អារ៉ាប់​ រួមមាន​ប្រជាជន​រស់នៅ​យ៉ាងច្រើន​ និង​ចម្រុះ​ជាតិសាសន៍​ ក្នុង​នោះ​មាន​ប្រមាណ​ 200សញ្ជាតិ​ដែល​កំពុង​រស់នៅ​ ប្រកបការងារ​ ធ្វើ​អាជីវកម្ម​ ពាណិជ្ជកម្ម​ និង​ទេសចរណ៍​នៅ​ទីនោះ​។ នៅ​ពេល​ថ្មី​ៗនេះ​ ប្រទេស​អារ៉ាប់រួម​ក៏បាន​ចេញ​នូវ​គោលនយោបាយ​គាំទ្រ​អ្នក​ទាំងអស់​នោះ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ និង​ផលប្រយោជន៍​ជាច្រើន​ ដើម្បី​ជំរុញ​ឱ្យ​មាន​ភាព​សុខសាន្ត​ក្នុង​ការរស់នៅ​ ការ​ធ្វើការងារ​ និង​ការ​ប្រកប​អាជីវកម្ម​ជាដើម​៕

  • រដ្ឋមន្ត្រី​នៃ​ក្រសួង2​ បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ចំពោះ​ព្រឹត្តិ​ការណ៍​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ​

    រដ្ឋមន្ត្រី​នៃ​ក្រសួង2​ បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ចំពោះ​ព្រឹត្តិ​ការណ៍​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ​

    ឆ្នាំ2019នេះ​ ជា​ឆ្នាំទី8​ ហើយដែល​កម្ពុជា​បាន​រៀបចំ​តាំងពិព័រណ៍​សៀវភៅ​ ដែលគេ​សង្កេតឃើញ​ថា​ មាន​អ្នកគាំទ្រ​កាន់តែ​ច្រើន​ឡើង​ៗពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​។

    ក្នុង​នោះ​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​បង្ហាញ​ពី​ការ​មើលឃើញ​ និង​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ចំពោះ​ព្រឹត្តិ​ការណ៍​ថ្នាក់​ជាតិ​ដ៏​មាន​សារៈសំខាន់​នេះ​។

    ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​លើកឡើង​ថា​ ចំនួន​មនុស្ស​ដែល​ចូលរួម​ពិធី​តាំងពិព័រណ៍​សៀវភៅ​លើក​ទី8​ នេះ​មាន​កំណើន​យ៉ាង​ខ្ពស់​ បើ​ប្រៀបធៀប​នឹង​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។

    កាលពី​ការរៀបចំ​ពិព័រណ៍​សៀវភៅ​លើក​ទី1​ លើក​ទី2​ និង​លើក​ទី3​ មាន​មនុស្ស​ និង​ស្តង់​មិន​ច្រើនបែប​នេះ​ទេ​ តែ​នៅពេល​នេះ​មាន​អ្នកចូលរួម​ដែល​ភាគច្រើន​ជា​យុវជន​ជាច្រើន​ដែល​បាន​មក​មើល​ និង​ទិញ​សៀវភៅ​។ ឯកឧត្តម​បញ្ជាក់​ថា​ ខុសពី​ការ​មើលឃើញ​របស់​មនុស្ស​មួយចំនួន​ដែល​គិតថា​ ក្មេង​ៗមិន​ចូលចិត្ត​អាន​សៀវភៅ​។ ឯកឧត្តម​មើលឃើញ​ថា​ ក្មេង​ៗបច្ចុប្បន្ន​នេះ​ កាន់តែ​ច្រើន​ហើយ​ ដែល​ចូលចិត្ត​អាន​សៀវភៅ​។ ការដែល​ធ្វើ​ឱ្យ​ក្មេង​ៗចូលចិត្ត​អាន​សៀវភៅ​នេះ​ គឺ​បណ្តាល​មក​ពី​គុណភាព​នៃ​ការ​បោះពុម្ព​ផ្សាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ មានគុណ​ភាព​ល្អ​ជាង​មុន​ឆ្ងាយណាស់​ ហើយ​យើង​ក៏​មាន​យុទ្ធនាការ​ជាច្រើន​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​សម្រាប់​ជំរុញ​ការ​អាន​។

    ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​មានប្រសាសន៍​ថា​៖ «បើ​និយាយ​ពី​ចំណេះដឹង​ ខ្ញុំ​តែងតែ​និយាយ​ពី​ចំណេះ3​ គឺ​ចំណេះដឹង​ ចំណេះធ្វើ​ និង​ចំណេះ​គិត​។ ក្នុង​នោះ​ចំណេះ​គិត​ ជាផ្នែក​សំខាន់​ជាងគេ​ ព្រោះ​ជាផ្នែក​ដែល​ជំរុញ​ឱ្យ​សង្គម​មានការ​អភិវឌ្ឍ​ខ្លាំង​ ហើយ​ចំណេះ​គិត​នេះ​កើតឡើង​ពី​ការ​អាន​»។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការដែល​ប្រជាជន​ ជាពិសេស​យុវវ័យ​ចាប់ផ្តើម​ស្រឡាញ់​សៀវភៅ​ និង​ចាប់ផ្តើម​ចូលចិត្ត​អាន​ វា​ជាស​ញ្ញាណ​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ពី​ការ​ឈាន​ឆ្ពោះទៅ​រក​សង្គម​មួយ​ដែល​មាន​អារ្យធម៌​ និង​ឈាន​ទៅ​រក​គំនិត​ច្នៃប្រឌិត​ជាច្រើន​ផ្សេងទៀត​នា​ពេល​អនាគត​។ ជាក់ស្តែង​ នៅពេល​មនុស្ស​ចេះ​ស្រឡាញ់​ការ​អាន​ច្រើន​ យើង​នឹង​ចាប់ផ្តើម​ស្រឡាញ់​មនុស្សជាតិ​ ដែល​វា​ជា​ចំណុច​ចាប់ផ្តើម​នៃ​សង្គម​មួយ​ដែល​មាន​ភាព​ចាស់ទុំ​។

    ទោះជា​យ៉ាងនេះ​ក្តី​ ឯកឧត្តម​ក៏បាន​បង្ហាញ​ផង​ដែរ​ ពី​ចំណុច​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​មួយ​ក្នុង​សង្គម​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​មាន​បណ្តាញ​សង្គម​កើតឡើង​ ដែល​ធ្វើ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​សង្គ្រាម​ ដែល​មិនសូវ​សម្បូរ​ឯកសារ​អាន​ និង​ប្រជាជន​មួយចំនួន​ បាន​ចាប់ផ្តើម​អាន​ និង​ទទួល​ព័ត៌មាន​តាម​ Facebook​។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ អ្នក​ចិត្តវិទូ​បាន​លើកឡើង​ថា​ ការ​រៀន​ និង​ការ​មើលតាម​ Facebook​ ជា​រឿង​គ្រោះថ្នាក់​ ព្រោះ​នេះ​ជា​ចំណេះដឹង​តាមផ្លូវ​កាត់​។ ភាគច្រើន​នៃ​អ្នក​ដែល​មើល​ ឬជឿ​តាម​ប្រភព​ Facebook​ គាត់​អាន​តែ​ 1ឃ្លា​ 2ឃ្លា​ គាត់​គិតថា​គាត់​ចេះ​អស់ហើយ​ ខណៈ​ស្ថានភាព​ជាក់ស្តែង​នៅ​មានរឿង​ជាច្រើន​ផ្សេងទៀត​ដែល​ត្រូវ​សិក្សា​ស្វែងយល់​។

    ចំណែក​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ នៅ​ឆ្នាំនេះ​ការ​គាំទ្រ​ពិព័រណ៍​សៀវភៅ​មាន​ចំនួន​កាន់តែ​ច្រើន​ បើ​ប្រៀបធៀប​នឹង​ប្រមាណ​ជា​ 5ឆ្នាំមុន​។ នេះ​ជា​ជោគជ័យ​មួយ​ដែល​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​ សកម្មភាព​នេះ​កាន់តែ​ទទួល​បានការ​គាំទ្រ​ច្រើន​ ទាំង​ចំនួន​ស្តង់​ និង​អ្នកចូលរួម​។ បន្ថែម​ពី​លើ​នេះ​ នៅ​ឆ្នាំនេះ​ មិន​ត្រឹមតែ​មាន​អ្នកចូលរួម​ជា​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះទេ​ តែ​នៅ​មានដៃ​គូ​ជា​អ្នកនិពន្ធ​ជាច្រើន​ដែល​ពួកគាត់​សរសេរជា​ភាសា​បារាំង​ ភាសាអង់គ្លេស​ និង​ភាសា​រុស្សី​ជាដើម​ចូលរួម​ផង​ដែរ​។ ការចូលរួម​ទាំងអស់​នេះ​ នឹង​បង្ហាញ​ពី​ភាព​កាន់តែ​សម្បូរ​បែប​សម្រាប់​វិស័យ​អំណាន​នៅ​កម្ពុជា​ ដែល​ផ្តល់​ឱកាស​ឱ្យ​អ្នកអាន​ជា​ប្រជាជន​កម្ពុជា​អាច​ជ្រើសរើស​ឯក​សា​រល្អៗ​សម្រាប់​សិក្សា​ផង​ដែរ​។

    ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ការ​អាន​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​ និង​សម្រាប់​សង្គម​ទាំងមូល​។ ហេតុនេះ​ហើយ​ទើប​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​រៀបចំ​កម្ម​វី​ធី​ជាច្រើន​ដើម្បី​ជំរុញ​ការ​អាន​ ដូចជា​កម្មវិធី​លើកកម្ពស់​អំណាន​ និង​កម្មវិធី​ពង្រឹង​ការ​តែងសេចក្តី​ជាដើម​។ កម្ម​វី​ធី​លើកកម្ពស់​អំណាន​ ជា​កម្មវិធី​មួយ​ដែល​ផ្តល់​ឱកាស​ឱ្យ​កុមា​រតូចៗ​ ចាប់ផ្តើម​ពង្រឹង​សមត្ថភាព​តាំងពី​ថ្នាក់​បឋមសិក្សា​ ដល់​នៅពេល​ពួកគេ​ធំឡើង​ ពួកគេ​នឹងអាច​ប្រើប្រាស់​ការ​អាន​ ដើម្បី​អភិវឌ្ឍ​ជីវិត​ឱ្យ​មាន​អនាគត​ល្អ​។

    ចំណែក​ឯកម្មវិធី​ពង្រឹង​ការ​តែងសេចក្តី​ គឺជា​កម្មវិធី​ដ៏​សំខាន់​មួយ​ដើម្បី​ជំរុញ​ការ​តែង​និពន្ធ​នៅក្នុង​សាលា​ ព្រោះ​ដើម្បី​តែងសេចក្តី​បាន​ សិស្ស​ត្រូវតែ​អាន​ឱ្យ​ច្រើន​ទាំង​អក្សរសិល្ប៍​ខ្មែរ​ អក្សរសិល្ប៍​បរទេស​ និង​អត្ថបទ​ទូទៅ​៕

  • តារាសិល្បៈជាច្រើនរួមគ្នាថត​បទ​ចម្រៀង​អបអរ​​ខួប​លើក​ទី​៤១​ឆ្នាំ​​ ជ័យ​ជម្នះ​៧មករា​២០២០

    តារាសិល្បៈជាច្រើនរួមគ្នាថត​បទ​ចម្រៀង​អបអរ​​ខួប​លើក​ទី​៤១​ឆ្នាំ​​ ជ័យ​ជម្នះ​៧មករា​២០២០

    នៅ​ថ្ងៃ​​១៨ ខែ​ធ្នូ ឆ្នាំ២០១៩ នេះ​តារា​ចម្រៀង និង​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​​​ច្រើន​ផលិតកម្ម​បាន​មក​ជួប​ជុំ​​គ្នា​ ថត​បទ​ចម្រៀង​អបអរ​​ខួប​លើក​ទី​៤១​ឆ្នាំ​​ ជ័យ​ជម្នះ​៧មករា ​ឆ្នាំ​២០២០ នា​ពេល​ខាង​មុខ។

    ក្នុង​នោះ​តារា​ចម្រៀង​ល្បី​ឈ្មោះ​មក​ពី​បណ្ដា​ផលិតកម្ម​ផ្សេង​គ្នា​ បាន​បង្ហាញ​សកម្មភាព​​ស្និទ្ធស្នាល​គ្នា​ទៅ​វិញ​ទៅ​មក​ត្បិត​ពួក​គេ​ មិន​ជ្រក​ក្រោម​តំបូល​ផលិតកម្ម​តែ​មួយ​ក្ដី​តែ​ស្នាម​ញញឹម​ និង​ភាពរួសរាយ​រាក់​ទាក់​​នៅ​តែ​មាន​ចំពោះ​គ្នា​ជា​និច្ច​​មិន​ដែល​ផ្លាស់​ប្ដូរ​ម្ដង​ណាឡើយ។ ជាហេតុ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​ពួក​គេ​មួយ​ចំនួន​បាន​លើក​ឡើង​ថា៖” នេះ​ជា​ធ្លុង​មួយ​បង្ហាញ​ថា​តារាចម្រៀង​ប្រទេស​យើង​មាន​ភាព​សាមគ្គី​គ្នា ​គ្រប់ពេល​ជួប​ជុំ​គ្នា​ពួក​គាត់​តែង​តែ​បង្ហាញ​ស្នាម​ញញឹម​ ដោយ​មិន​ប្រកាន់​ខ្លួន​ថា​មក​ពី​ផលិតកម្ម​តូច​ឬ​ធំ​ឡើយ។សង្ឃឹម​ថា​ទំនាក់​ទំនង​មួយ​នេះ​នៅ​តែ​មាន​ជា​រៀង​រហូត”។

    តារា​ល្បីៗ​ដែល​មក​ជួបជុំ​គ្នា​​ដើម្បី​ច្រៀង​អបអរ​ខួប​​លើក​ទី៤១ ថ្ងៃ​ជ័យ​ជម្នះ​​៧​មករា សម្រាប់​ឆ្នាំ​២០២០ មាន​ដូច​ជា​ផលិតកម្ម​ហង្សមាស ផលិតកម្មថោន និង​ផលិតកម្មសាន់ដេ ជា​ដើម៕

  • សារៈសំខាន់​នៃ​បច្ចេក​វិទ្យា​ AR​ នៅក្នុង​ការ​អប់រំ​សម័យ​ទំនើប​

    សារៈសំខាន់​នៃ​បច្ចេក​វិទ្យា​ AR​ នៅក្នុង​ការ​អប់រំ​សម័យ​ទំនើប​

    ដើម្បី​ឱ្យ​ការសិក្សា​ដំណើរការ​ទៅ​ដោយ​ភាព​ស៊ីជម្រៅ​ និង​ច្បាស់លាស់​ អ្នក​សិក្សា​ចាំបាច់​ត្រូវតែ​ស្វែងយល់​ឱ្យ​ច្បាស់​ពី​ឫសគល់​សំ​ខាន់​ៗនៃ​មេរៀន​នី​មួយ​ៗ ជាពិសេស​ គឺ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​។ ជាក់ស្តែង​ កាលពីមុន​ ដើម្បី​ឱ្យ​សិស្ស​យល់​ច្បាស់​ពី​ដំណាក់កាល​នី​មួយ​ៗនៃ​ម៉ាស៊ីន​សម្រាប់​មុខវិជ្ជា​រូបវិទ្យា​ ឬដើម្បី​ឱ្យ​សិស្ស​យល់​ពី​ដំណាក់កាល​នៃ​ការលូតលាស់​របស់​រុក្ខជាតិ​ក្នុង​មុខវិជ្ជា​ជីវវិទ្យា​ គ្រូ​តែងតែ​នាំ​សិស្ស​ឱ្យទៅ​មើល​ជាក់ស្តែង​ ឬចំណាយពេល​វេលា​យូរ​ដើម្បី​ដោះ​គ្រឿងម៉ាស៊ីន​ ជាដើម​។

    ការ​ធ្វើបែប​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​វិធី​បង្រៀន​ដែល​អាច​ធ្វើ​ឱ្យ​សិស្ស​យល់​ស៊ីជម្រៅ​ពី​ដំណាក់កាល​លម្អិត​ និង​ប្រភព​នៃ​មេរៀន​ដើម្បី​ឱ្យ​ពួកគេ​ចងចាំ​បាន​ល្អ​ ឬងាយ​បំបែក​ទៅជា​នវានុវត្តន៍​ថ្មី​។

    បច្ចុប្បន្ន​នេះ​ ដោយសារតែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ អ្នក​បច្ចេកវិទ្យា​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ការរស់នៅ​របស់​មនុស្ស​ ដោយ​ក្នុង​នោះ​ការអប់រំ​ក៏​ជាផ្នែក​មួយ​សំខាន់​ផង​ដែរ​ដែល​បច្ចេកវិទ្យា​បាន​ចូលរួម​ដោះស្រាយ​។ ក្នុងចំណោម​បច្ចេកវិទ្យា​អប់រំ​ទាំងអស់​ បច្ចេកវិទ្យា​បង្ហាញ​ពី​ហេតុផល​ជាក់ស្តែង​ ឬហៅ​ថា​ AR​ (Augmented​ Reality​) បាន​ក្លាយជា​បច្ចេកវិទ្យា​ប្រកប​ដោយសក្តានុពល​ក្នុង​វិស័យ​អប់រំ​។

    បច្ចេកវិទ្យា​ AR​ ជា​បច្ចេកវិទ្យា​ដែល​មាន​សមត្ថភាព​ក្នុង​ការ​បង្ហាញ​ពី​រូបភាព​នៃ​ការ​ផ្គុំ​គ្រឿងម៉ាស៊ីន​ ដំណាក់កាល​នៃ​ការ​រីក​លូតលាស់​របស់​ជីវិត​ និង​ការ​ផ្គុំ​នៃ​ឧបករណ៍​ជាច្រើន​នៅក្នុង​មេរៀន​។ ជាមួយនឹង​វត្តមាន​របស់​បច្ចេកវិទ្យា​ថ្មីនេះ​ សិស្ស​មិន​ចាំបាច់​ត្រូវ​ចំណាយពេល​ច្រើន​ចុះទៅ​ពិនិត្យ​ ឬមិន​លំបាក​ស្វែងរក​ប្រភព​នៃ​ឧបករណ៍​ជាក់ស្តែង​ដែលគេ​បាន​រៀន​នោះ​ទេ​។ ទោះបីជា​កំពុង​ស្វ័យ​សិក្សា​នៅផ្ទះ​ ក៏​ពួកគេ​អាច​យល់​ពី​គ្រប់​ដំណាក់កាល​ និង​ដើមហេតុ​នៃ​បញ្ហា​ទាក់ទង​នឹង​មេរៀន​បាន​យ៉ាង​ងាយស្រួល​ និង​លម្អិត​ ព្រោះ​គេ​គ្រាន់តែ​យក​ទូរស័ព្ទ​ដៃ​ទៅ​ស្គែ​នពី​លើ​រូបភាព​ដែលគេ​ដាក់​ក្នុង​សៀវភៅ​ នឹង​ចេញ​ជា​រូបភាព​លម្អិត​ជា​ 3D​ ក្នុង​ទូរស័ព្ទ​បង្ហាញ​ពី​មេរៀន​នោះ​យ៉ាង​ច្បាស់​។

    បច្ចុប្បន្ន​នេះ​ ដោយសារតែ​មើលឃើញ​ពី​សារៈ​សំ​ខាន់​នៃ​បចេ្ច​កវិទ្យា​ AR​ នៅក្នុង​វិស័យ​អប់រំ​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ នៅ​កម្ពុជា​យើង​ក៏​បាន​ប្រើប្រាស់​កម្មវិធី​នេះ​ផង​ដែរ​ជាមួយនឹង​កម្មវិធី​សៀវភៅ​សិក្សា​ចំណេះដឹង​ទូទៅ​របស់​រដ្ឋ​។ កម្មវិធី​ដែល​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ AR​ ដើម្បី​ស្គែន​សម្រាប់​សិក្សា​នោះ​ គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​សម្រាប់​មុខវិជ្ជា​គណិតវិទ្យា​ រូបវិទ្យា​ គីមីវិទ្យា​ ជីវវិទ្យា​ និង​ប្រវត្តិវិទ្យា​ សម្រាប់​សិស្ស​ថ្នាក់​ទី12​។

    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ បច្ចេកវិទ្យា​ AR​ ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​សិស្ស​ខ្មែរ​អាចយ​កម​កសិក្សា​ដើម្បី​ស្វែងយល់​ពី​ចំណុច​លម្អិត​ និង​ស៊ីជម្រៅ​របស់​មេរៀន​នី​មួយ​ៗ។ សិស្ស​គ្រាន់តែ​យក​ទូរ​ស័ព្ទ​ដៃ​ស្គែន​ទៅលើ​រូបភាព​ដែល​បាន​បង្ហាញ​លើ​សៀវភៅពុម្ព​ នឹង​ចេញ​ជា​វីដេអូ​លម្អិត​បង្ហាញ​ពី​ដំណាក់កាល​នី​មួយ​ៗនៃ​គ្រឿង​ផ្គុំ​ ឬដំណើររឿង​ណាមួយ​នៃ​មេរៀន​។ ក្រសួង​អប់រំ​ នឹង​បន្ត​ស្វែងរក​បច្ចេក​វិទ្យា​ថ្មី​ៗទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​ និង​ជាពិសេស​សម្រាប់​សិស្ស​នៅ​កម្រិតមធ្យម​សិក្សា​ទុតិយភូមិ​។

    បច្ចេកវិទ្យា​ថ្មីនេះ​មិន​ត្រឹមតែ​ជា​មធ្យោបាយ​បន្ថែម​សម្រាប់​ជា​ជំនួយ​ដល់​ការ​ស្វែងយល់​របស់​សិស្សានុសិស្ស​នោះ​ទេ​ តែ​ក៏​ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ​សម្រាប់​ការ​បង្រៀន​ផង​ដែរ​។ នៅពេល​សិស្ស​យល់​ច្បាស់​ពី​បាតុភូត​នៃ​មេរៀន​ ឬយល់​សុី​ជម្រៅ​លើ​គោលបំណង​នៃ​មេរៀន​ គ្រូ​ក៏​ងាយ​សម្របសម្រួល​ និង​ផ្តល់​ព័ត៌មាន​បន្ថែម​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​សិស្ស​បាន​កាន់តែ​លឿន​។ កម្ម​វី​ធី​នេះ​ក៏​ជា​កម្មវិធី​មួយ​ដែល​ផ្សារភ្ជាប់​ការសិក្សា​ជាក់ស្តែង​ទៅ​នឹង​កំណើន​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ប្រកបដោយ​ភាព​វិជ្ជមាន​នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ផង​ដែរ​៕

  • វិធី​កែ​និស្ស័យ​កូន​ ចូលចិត្ត​ប្រកែក​…

    វិធី​កែ​និស្ស័យ​កូន​ ចូលចិត្ត​ប្រកែក​…

    ខាងក្រោម​នេះ​ គឺជា​សំណួរ​របស់​អ្នកម្តាយ​ម្នាក់​ដែល​កំពុងតែ​ព្រួយបារម្ភ​អំពី​និស្ស័យ​មិនល្អ​របស់​កូនប្រុស​ ដែល​បាន​សួរ​ទៅ​អ្នកជំនាញ​ខាង​ចិត្តវិទ្យា​កុមារ​ ព្រោះតែ​ខ្លាច​វា​ក្លាយទៅជា​ទម្លាប់​អាក្រក់​នៅពេល​ដែលគេ​ធំឡើង​ នា​ពេល​អនាគត​។ សូម​ប្រី​យមិ​ត្ត​អ្នកអាន​ ជាពិសេស​មាតាបិតា​ និង​អាណាព្យាបាល​ដែល​មានកូន​តូច​ទាំងឡាយ​ តាមដាន​ និង​យក​ធ្វើជា​ចំណេះដឹង​ក្នុង​ការ​មើលថែ​ទាំ​ និង​អប់​រំ​កូន​ៗដូចតទៅ​ ៖

    ខាងក្រោម​នេះ​គឺជា​បញ្ហា​ និង​សំណួរ​ដែល​អ្នក​ម្ដាយ​របស់​កូនប្រុស​អាយុ​ 4ឆ្នាំ​ម្នាក់​បាន​សួរ​ទៅ​គ្រូពេទ្យ​ជំនាញ​…“-នាងខ្ញុំ​សុំ​ការណែនាំ​អំពី​វិធី​កែ​និស្ស័យ​កូន​ដែល​ចូលចិត្ត​ប្រកែក​ និង​រឹង​ឌឺ​ ព្រោះ​នាងខ្ញុំ​ខ្លាច​កូន​ធ្លាប់ខ្លួន​ យក​និស្ស័យ​មិនល្អ​នេះ​ទៅ​ប្រើ​នៅ​ឯសាលា​រៀន​។

    សំណួរ​ : កូនប្រុស​នាងខ្ញុំ​ អាយុ4ឆ្នាំ​ហើយ​ ជា​ក្មេង​បុិន​សម្ដី​ណាស់​(ពូកែ​និយាយ​) តែ​ចូលចិត្ត​លួច​រឹង​ និង​ឌឺ​ស្ងាត់​។ ពេល​ប្រាប់​គេ​ឱ្យទៅ​ធ្វើអ្វី​មួយ​ គេ​ចូលចិត្ត​តែ​ប្រកែក​ជានិច្ច​។ នាងខ្ញុំ​ខ្លាច​ពេល​ចូល​សាលារៀន​ហើយ​ ខ្លាច​គេ​ទៅ​ប្រកែក​ជាមួយ​អ្នកគ្រូ​ និង​មិត្តភក្តិ​ និង​ខ្លាចក្រែង​គេ​ចូល​មិន​ចុះ​ជាមួយ​អ្នកឯទៀត​។ សួរ​ថា​ តើ​នាងខ្ញុំ​ត្រូវ​កែសម្រួល​ ឬកែ​និស្ស័យ​នេះ​យ៉ាងណា​ស្រួល​ទៅ​?”ពី​អ្នកម្តាយ​ អូន​ ប៊យ​ / នៅ​ភ្នំពេញ​
    ចម្លើយ​ : ក្មេង​បុិន​សម្ដី​ គឺជា​មនុស្ស​ដែល​មាន​មន្ត​ស្នេហ៍​ មនុស្សចាស់​ដែល​បាន​និយាយលេង​ជាមួយ​កុមារ​បែបនេះ​ នឹង​កើតមាន​អារម្មណ៍​ស្រឡាញ់​ និង​អាណិត​ ជាពិសេស​សម្រាប់​មនុស្ស​ចាស់​ បើ​មានកូន​ចៅ​បុិន​សម្ដី​ ចេះនិយាយ​លេង​នៅ​ជាមួយ​ផង​នោះ​ នឹង​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់​។ រឿង​បុិន​សម្ដី​នេះ​ ភាគច្រើន​ ជា​លក្ខណ:ចរិត​របស់​ក្មេងស្រី​ច្រើនជាង​ក្មេងប្រុស​ តែ​ក៏​មិនមែន​ជា​រឿង​ប្លែក​អ្វី​ដែរ​ ដែល​ក្មេងប្រុស​ខ្លះ​មាន​និស្ស័យ​បុិន​សម្ដី​បែប​នោះ​ ព្រោះ​មួយ​ចំណែក​នៃ​ការ​ក្លាយជា​ក្មេង​បុិន​សម្ដី​នោះ​ គឺ​កើត​ចេញពី​ស្ថានភាព​ជុំវិញ​ខ្លួន​ និង​បុគ្គល​ដែល​នៅ​ជុំវិញ​ខ្លួន​កុមារ​នោះ​។

    អាយុ​ 3-4ឆ្នាំ​ គឺជា​វ័យ​ដែល​ចាប់ផ្តើម​ចេះ​មាន​ការ​គិត​ និង​មានហេតុ​ផល​របស់​ខ្លួនឯង​ហើយ​ ក្មេង​ៗច្រើនតែ​និយាយ​ និង​ធ្វើ​ផ្ទុយពី​អ្វី​ដែល​មនុស្ស​ធំ​ប្រាប់​។ ចាប់ផ្តើម​ដោយ​ពាក្យបដិសេធ​ខាងដើម​ថា​ “ទេ​” “កូន​មិន​ធ្វើ​ទេ​” “កូន​អត់​ងូតទឹក​ទេ​” ឬ“កូន​មិន​ចង់​ញ៉ាំ​ទេ​” ជាដើម​។ល។ បន្ទាប់ពី​ពាក្យ​ថា​ “ទេ​” ភាសា​របស់​កុមារ​នឹង​វិវឌ្ឍ​ ហើយ​ចាប់ផ្តើម​រៀន​យល់ដឹង​កាន់តែ​ច្រើនឡើង​ បូក​ជាមួយនឹង​ហេតុផល​ដែល​ខ្លួន​មាន​ច្រើនឡើង​ផង​ដែរ​នោះ​ ទើប​កុមារ​ចេះ​បញ្ចេញ​គំនិត​ តម្រូវការ​ និង​អារម្មណ៍​មក​ជា​ភាសា​និយាយ​។ មកដល់ពេលនេះ​កា​របុិន​និយាយ​មាន​ 2រូប​បែប​ គឺ​ការ​និយាយ​បែប​មាន​មន្ត​ស្នេហ៍​ និង​ការ​និយាយ​ដែល​មនុស្ស​ធំ​ហៅថា​ “ប្រកែក​”។ កូន​អ្នកស្រី​មិនមែន​ជា​ក្មេង​រឹង​ឌឺ​ទេ​ តែ​អ្នក​ជំនាញ​យល់ថា​ កូន​កំពុងតែ​មានការ​ចេះ​គិត​ មាន​ហេតុផល​ ដូច្នេះ​អ្នកម្តាយ​ត្រូវ​ធ្វើ​ចិត្ត​ត្រ​ជា​ក់ៗ​ បើ​កូន​ប្រកែក​ពេល​អ្នកម្តាយ​ប្រាប់​ឱ្យធ្វើ​អ្វីមួយ​នោះ​ ចូរ​កុំ​បន្ទោស​ ឬដាក់ទោស​កូន​ដោយ​ការ​វាយ​ឱ្យ​សោះ​ ព្រោះ​កូន​នៅ​មិនទាន់​យល់ដឹង​ថា​ ការ​និយាយ​តមាត់​ ការ​និយាយ​ប្រកែក​នឹង​ម្តាយ​នេះ​ ហេតុ​អី​បាន​ជា​គេ​មិន​អាច​ធ្វើ​បាន​? ផ្ទុយទៅវិញ​ បើ​កូន​ប្រកែក​ហើយ​ អ្នកម្តាយ​សើច​ ហើយ​និយាយ​ប្រកែក​ទៅវិញ​នោះ​ កូន​អាច​នឹង​គិតថា​ គេ​អាច​ធ្វើ​បែបនេះ​ជាមួយ​ម្តាយ​បាន​ ដូច្នេះ​ការ​កែសម្រួល​ ឬកែ​និស្ស័យ​បែបនេះ​ អ្នកជំនាញ​ខាង​ចិត្តវិទ្យា​របស់​កុមារ​សូម​ណែនាំ​ដូចតទៅ​ ៖

    -កូន​ជា​ក្មេង​បុិន​សម្ដី​ អ្នកម្តាយ​គួរ​បង្កើន​ និង​រិះរក​កិច្ចការ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​និយាយ​ឱ្យ​កូន​បាន​ធ្វើ​ញឹកញាប់​ ដូចជា​ឱ្យ​កូន​បាន​និយាយ​រៀបរាប់​រឿង​រ៉ាវ​ផ្សេង​ៗ ឬនិយាយ​រឿងនិទាន​ឱ្យ​អ្នក​ដែល​នៅជា​មួយ​ជិតដិត​បាន​ស្តាប់​ ដើម្បី​ឱ្យ​កូន​មានឱកាស​បាន​ស្គាល់​ពាក្យ​ស័ព្ទ​ថ្មី​ៗដែលគេ​ចង់​ប្រើ​ ព្រមទាំង​ឆ្លៀតឱកាស​បង្រៀន​កូន​អំពី​សុជីវធម៌​ក្នុង​ការ​និយាយ​ និង​ប្រាប់​ឱ្យ​កូន​បានដឹង​ថា​ សម្ដី​ណាខ្លះ​ដែល​មិន​គួរ​ប្រើជា​មួយ​មនុស្សចាស់​ ការ​ប្រើ​សំឡេង​និយាយ​ជាមួយ​អ្នកដទៃ​យ៉ាងណា​ ទើប​គួរ​ឱ្យ​ចង់​ស្តាប់​ជាដើម​។ល។

    ពេល​ដែល​កូន​ប្រកែក​ អ្នកម្តាយ​គួរ​ឈប់​ ដើម្បី​ស្តាប់​សិន​ ដោយធ្វើ​ទឹកមុខ​ និង​អាកប្ប​កិរិយា​ធម្មតា​ កុំ​តមាត់​ ទាំងអស់​នេះ​ គឺ​ដើម្បី​ឱ្យ​កូន​បានដឹង​ថា​ ទង្វើ​ដែលគេ​កំពុង​ធ្វើ​នេះ​មិន​សមគួរ​ទេ​។ នៅពេល​កូន​ឈប់​ប្រកែក​ សឹម​អ្នកម្ដាយ​ប្រាប់​ពី​វិធី​ថា​ កូន​គួរតែ​និយាយ​យ៉ាងម៉េច​វិញ​ ទើប​ជា​ការ​ប្រសើរ​ជាង​។នៅពេល​ណា​ដែល​គំនិត​របស់​អ្នកម្តាយ​ និង​កូន​មិន​ត្រូវគ្នា​ យើង​គួរ​ប្រើ​វិធី​និយាយ​ជជែក​ពិភាក្សា​គ្នា​ ដើម្បី​ឱ្យ​កូន​បាន​បង្ហាញ​ពី​អារម្មណ៍​ និង​គំនិត​របស់​គេ​ចេញ​មក​យ៉ាង​សេរី​ ហើយ​អ្នកម្តាយ​ក៏​គួរ​និយាយប្រាប់​កូន​អំពី​គំនិត​ និង​អារម្មណ៍​របស់​ខ្លួន​ឱ្យ​កូន​បានដឹង​ដែរ​ ដើម្បី​ឱ្យ​កូន​បាន​រៀន​យល់ដឹង​ពី​វិធី​កែ​បញ្ហា​ដែល​ត្រឹមត្រូវ​៕

  • តារាចម្រៀង រិន សាវ៉េត រៀបអាពាហ៍ពិពាហ៍លើកទី២

    តារាចម្រៀង រិន សាវ៉េត រៀបអាពាហ៍ពិពាហ៍លើកទី២

    តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​លោក រិន សាវ៉េត បាន​រៀបអាពាហ៍ពិពាហ៍យ៉ាងអធឹកអធ័មនារាត្រីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩នេះ ​ក្រោម​វត្តមាន​មេបារចាស់​ទុំ និង​ភ្ញៀវកិត្តិយសតារាសិល្បៈជាច្រើន​​អញ្ជើញ​មក​ចូល​រួមនៅ​វិមាន​ពិភពថ្មី សែន​សុខអគារE។

    យ៉ាងណាមិញ គេកត់សម្គាល់ឃើញថា ​លោក រិន សាវ៉េត និង​កូន​ក្រមុំ​​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ​ជាមួយ​ការ​​គ្រង​​ឈុត​សម្លៀក​បំពាក់​ប្រពៃណីខ្មែរ​យ៉ាង​ស្រស់​​ស្អាត​ត្បិត​អ្នកទាំង​ពីរ​មាន​វ័យ​ជ្រេ​បន្តិច​ក៏ដោយ។ ក្នុង​ពិធី​មង្គលការ​នេះ​ដែរ​លោក រិន សាវ៉េត បាន​អញ្ជើញ​ភ្ញៀវកិត្តិយស​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ឲ្យ​ចូល​រួម​ចំនួន​៧០ តុ​។ លោកថា លោកប្រកាសមិនចេញទៅរស់នៅប្រទេសបារាំងតាមភរិយាថ្មីនោះទេ ដោយសារទី១ លោកមិនអាចទៅចោលកូនប្រុសលោក ទី២ មិនចេះរស់នៅស្រុកគេ និងសំខាន់ជាងគេ គឺភរិយាថ្មីរបស់បានប្រកាសហើយថា នឹងមករស់នៅស្រុកខ្មែរជាមួយលោក។ លោកថានឹងបន្តអាជីពសិល្បៈរហូត ហើយបើទោះជាលោកនឹងមានកូនមុនកូនក្រោយ ក្រោយពេលរៀបការនេះហើយក៏ដោយ ក៏លោកនឹងមើលថែកូនប្រុស ដែលជាដំណក់ឈាមរបស់អតីតភរិយា អោយបានល្អ ដោយអាចនឹងកូនប្រុសលោកត្រូវបានធានាទៅរៀននៅបារាំង ទើបលោកគិតរឿងទៅរស់នៅប្រទេសបារាំង តាមភរិយាថ្មី៕

  • មួយ​បទ​របស់​ ​ជុំ​ ​លី​ណូ​ ​ត្រូវ​បាន​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​លើក​សរសើរ​ផ្ដល់​កម្លាំងចិត្ត​

    មួយ​បទ​របស់​ ​ជុំ​ ​លី​ណូ​ ​ត្រូវ​បាន​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​លើក​សរសើរ​ផ្ដល់​កម្លាំងចិត្ត​

    ថ្មី​ៗ​នេះ​បទចម្រៀង​បែប​អប់រំ​មនុស្ស​នៅក្នុង​សង្គម​ ​មាន​ចំណងជើង​ថា​ ​«​ទឹកភ្នែក​ម្តាយ​ស្រក់​លើ​ខ្នោះដៃ​កូន​»​ ​បាន​ចេញ​ ​MV​ ​ជា​ផ្លូវការ​ ​និង​ទទួល​បានការ​គាំទ្រ​ច្រើន​ ​ពី​ប្រិយមិត្ត​អ្នកស្ដាប់​រួចមក​តារាចម្រៀង​លោក​ ​ជុំ​ ​លី​ណូ​ ​ក៏​ទទួល​បានការ​កោតសរសើរ​យ៉ាង​ពិសេស​ ​ពីសំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​គឺ​សម្ដេច​តេជោ​ហ៊ុន​សែន​ ​ថា​ ​តារាចម្រៀង​រូប​នេះ​មាន​សំនៀងពីរោះ​ ​និង​ស្រដៀងគ្នា​ទៅ​នឹង​សំឡេង​របស់​តារាចម្រៀង​ ​ខេម​ ​ពោល​គឺ​ពីរោះ​ម្យ៉ាង​ម្នាក់​ ​ពេល​បកស្រាយ​បទចម្រៀង​។​

    ​ថ្លែង​ជា​សាធារណៈ​កាលពី​ពេល​កន្លងទៅ​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​ថា​ ​សំឡេង​របស់​តារាចម្រៀង​លោក​ ​ជុំ​ ​លី​ណូ​ ​និង​តារាចម្រៀង​ ​ខេម​ ​មាន​លក្ខណៈ​ប្រហាក់​ប្រហែលគ្នា​ ​ជាពិសេស​ពេល​បកស្រាយ​បទ​ ​«​ទំនួញ​អក​ឈ្មោល​»​ ​និង​បទ​ ​«​ទឹកភ្នែក​ម្តាយ​ស្រក់​លើ​ខ្នោះដៃ​កូន​»​ ​ដែល​ធ្វើឲ្យស​ម្ដេច​ ​មានការ​ពេញចិត្ត​ ​រាល់ពេល​អ្នក​ទាំងពីរ​បកស្រាយ​បទ​ចម្រៀង​ម្ដង​ៗ​។​

    ​តារាចម្រៀង​ ​ជុំ​ ​លី​ណូ​ ​បាន​សម្ដែង​នូវ​អារម្មណ៍​រំភើប​ ​សប្បាយរីករាយ​ជា​ពន់ពេក​ ​ដែល​ទទួល​បានការ​កោតសរសើរ​ ​ពី​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។​ ​មួយវិញទៀត​ ​សម្រាប់​បទចម្រៀង​ដែល​មាន​ចំណងជើង​ថា​ ​«​ទឹកភ្នែក​ម្ដាយ​ស្រក់​លើ​ខ្នោះដៃ​កូន​»​ ​មួយ​បទ​នេះ​ ​លោក​ ​ជុំ​ ​លី​ណូ​ ​បាន​ខិតខំ​សម្រិតសម្រាំង​ក៏ដូចជា​ផលិត​ឡើង​ ​ដើម្បី​អប់រំ​មនុស្ស​ដែល​រស់នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​ ​ឲ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ ​ជាពិសេស​នោះ​គឺ​យល់ដឹង​ច្បាស់​ពី​ផល​អាក្រក់​របស់​គ្រឿងញៀន​ ​ដែល​អាច​បំផ្លាញ​មនុស្ស​ ​និង​ប្រទេសជាតិ​។​

    ​ដោយឡែក​ ​បន្ទាប់ពី​បទចម្រៀង​ ​«​ទឹកភ្នែក​ម្តាយ​ស្រក់​លើ​ខ្នោះដៃ​កូន​»​ ​បាន​ចេញ​ជា​ ​MV​ ​ហើយ​ ​លោក​នឹង​ផលិត​នូវ​ ​MV​ ​បទចម្រៀង​ ​«​ប្រាក់​រៀល​ចិត្តស្មោះ​»​ ​មួយ​បទ​ទៀត​ ​បន្ទាប់ពី​បទចម្រៀង​ទាំងពីរ​នេះ​ទទួល​បានការ​គាំទ្រ​ ​ហើយ​លោក​នឹង​ព្យាយាម​ផលិត​នូវ​បទចម្រៀង​ ​បែប​អប់រំ​មនុស្ស​ក្នុង​សង្គម​បន្ថែម​ទៀត​ឲ្យបាន​ច្រើន​៕​

    https://youtu.be/OHdnooWh7BI

  • បាត់​មុ​ខយូរ​ឆ្នាំ​.​.​ឆា​នុន​ ​ឆៃ​យ៉ា​ ​វិល​ចូល​សិល្បៈ​វិញ​ជាមួយ​រូបរាង​សង្ហា​ជាង​មុន​

    បាត់​មុ​ខយូរ​ឆ្នាំ​.​.​ឆា​នុន​ ​ឆៃ​យ៉ា​ ​វិល​ចូល​សិល្បៈ​វិញ​ជាមួយ​រូបរាង​សង្ហា​ជាង​មុន​

    ​តារា​សម្ដែង​រូប​សង្ហា​ ​ឆា​នុន​ ​ឆៃ​យ៉ា​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​លោក​បាន​បាត់មុខ​អស់​រយៈពេល​ជាង​ ​៣​ ​ឆ្នាំ​មក​ហើយ​ ​ដោយសារ​លោក​ងាក​ទៅ​ពង្រឹង​ការ​បើកហាង​លក់​សំលៀកបំពាក់​ ​ដែល​អាច​កើត​ចំណូល​សមរម្យ​សម្រាប់​ចិញ្ចឹមជីវិត​។​ ​តែ​អ្វី​ដែល​ចាប់អារម្មណ៍​នៅពេល​នេះ​គឺ​ ​តារា​សម្ដែង​ប្រុស​រូប​នេះ​បាន​ប្រាស​វិល​ចូល​សិល្បៈ​ជាថ្មី​ម្ដង​ ​ព្រម​ជាមួយ​រូបរាង​ស្រស់​សង្ហា​ជាង​មុន​ ​និង​បាន​បើកឆាក​សម្ដែង​ភាពយន្ដ​នា​ដើមឆ្នាំ2020​ ​នេះ​តែម្ដង​។​

    ​ជាមួយ​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ ​លោក​ ​ឆា​នុន​ ​ឆៃ​យ៉ា​ ​បញ្ជាក់​ថា​ ​ការ​បាត់មុខ​ពី​សិល្បៈ​មួយ​រយៈ​មុន​ ​គឺ​ដោយសារតែ​លោក​ចង់​ដកឃ្លា​រកលុយ​ ​ដើម្បី​បំពេញ​តម្រូវការ​។​ ​លោក​ថា​ការ​ប្រឡូក​សិល្បៈ​កាលពី​ជាង៣ឆ្នាំមុន​ ​ជោគជ័យ​ដែល​ទទួល​បាន​មិនសូវ​ច្រើន​ទេ​ ​ដោយសារ​ទី១​ ​នៅក្នុង​ពេលនោះ​ ​លោក​នៅ​ពិបាក​រឿង​លុយកាក់​ ​ហើយ​មិនសូវ​បាន​ចូលរួម​ក្នុង​កម្ម​វិ​ធី​ធំៗ​ដែល​បាន​អញ្ជើញ​ ​និង​ម្យ៉ាង​រអៀសចិត្ត​រឿង​មិនសូវ​មាន​លុយកាក់​សម្រាប់​ផ្គត់ផ្គង់​ភាព​ហ៊ឺហា​រក្នុង​សិល្បៈ​ផង​ ​ទើប​លោកបង​ចោល​ ​ហើយ​ទៅ​សម្ងំ​រកលុយ​ពី​ការ​បើកហាង​លក់​សំលៀកបំពាក់​តែម្ដង​។​ ​ការប្រកាស​ចូល​សម្ដែង​ជាថ្មី​នេះ​ ​មិនមែន​លោក​បិទ​ចោល​អាជីវកម្ម​នោះ​ទេ​ ​គឺ​នៅតែ​ដំណើរការ​ ​ប៉ុន្តែ​បណ្ដាលមកពី​លោក​មាន​អ្នកមើល​ខុសត្រូវ​ ​និង​ម្យ៉ាង​អាច​ថា​លោក​ចង់​ត្រឡប់​មក​កសាង​កេរ្តិ៍ឈ្មោះ​ព្រម​ជាមួយនឹង​អាជីវកម្ម​ក៏​រីក​ចំរើន​ផង​ ​ទើប​លោក​ទទួល​សម្ដែង​។​ ​

    ​លោក​ ​ឆា​នុន​ ​ឆៃ​យ៉ា​ ​បញ្ជាក់​ថា​ ​ការ​ប្រឡូក​សិល្បៈ​បើ​ខ្វះ​លទ្ធភាព​ ​ជាពិសេស​គឺ​ខ្វះ​ភាព​ហ៊ឺហា​ ​គឺ​ពិតជា​ពិបាក​ទទួលការ​ចាប់អារម្មណ៍​ ​ទើប​ជា​មូលហេតុ​ដែល​លោក​ដកឃ្លា​ទៅ​រកលុយ​សិន​។​ ​ក្នុង​ពេលនេះ​ ​លោក​ថា​ខ្លួន​មិនមែន​មានបាន​នោះ​ទេ​ ​ប៉ុន្តែ​អាច​ថា​ជីវភាព​ ​និង​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​ការងារ​សិល្បៈ​ ​គឺ​គ្រប់គ្រាន់​ ​ទើប​លោក​បោះជំហាន​ម្តង​ទៀត​នេះ​។​ ​លោក​រំពឹង​ថា​ការ​បោះជំហាន​របស់​ខ្លួន​នឹង​មិន​ពិបាក​ជោគជ័យ​នោះ​ផង​ ​ដោយសារ​ទី១លោក​កាន់តែ​មាន​ទំនាក់ទំនង​ជាមួយ​ផលិតករ​ច្រើនឡើង​ ​និង​ទី២លោក​មានលទ្ធភាព​ជាង​មុន​ ​ខាង​ផ្នែក​ជីវភាព​ ​ដើម្បី​ឱ្យ​សមរម្យ​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​។​ ​អ៊ីចឹង​ហើយ​ទើប​គ្រាន់តែ​ប្រកាស​ចូល​ភ្លាម​ ​ក៏​ត្រូវ​បាន​ផលិតកម្ម​ ​LD​ ​កុងត្រា​អោយ​សម្ដែង​តែម្ដង​ ​ដោយ​លោក​នឹង​ថត​រឿង​ថ្មី​អោយ​ផលិត​មួយ​នេះ​ ​នៅដើម​ឆ្នាំ២០២០​។​ ​ក្នុង​ផលិតកម្ម​មួយចំនួន​ ​ក៏​ចាប់ផ្ដើម​ទាក់ទង​អោយ​លោក​សម្ដែង​ផង​ដែរ​ ​បន្ទាប់ពី​ដឹង​ថា​លោក​ត្រលប់​ចូល​សម្ដែង​៕​

  • គិ​ត​ត្រួស​ៗ​ ​សៀង​ ​ចន្ធា​ ​រកបាន​ ​20គ្រាប់​ហើយ​ក្នុង​ឆ្នាំ2019​ ​នេះ​

    គិ​ត​ត្រួស​ៗ​ ​សៀង​ ​ចន្ធា​ ​រកបាន​ ​20គ្រាប់​ហើយ​ក្នុង​ឆ្នាំ2019​ ​នេះ​

    ​កីឡាករ​ ​សៀង​ ​ចន្ធា​ ​បាន​លេចធ្លោ​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់​កម្ពុជា​ ​ដោយសារ​ទម្រង់​លេង​ក្នុង​ទីតាំង​ប្រយុទ្ធ​ដ៏​អស្ចារ្យ​របស់​គេ​ ​ដោយ​គេ​បាន​លេង​គ្រប់​ឈុត​ទាំងអស់​របស់​កម្ពុជា​ក្នុង​ឆ្នាំ2019​ ​នេះ​ ​រួមមាន​ ​U17​,​ ​U18​,​ ​U19​,​ ​U22​,​ ​U23​ ​និង​ឈុត​ធំ​កម្ពុជា​។​


    ​បើ​គិត​សរុប​តែ​ក្នុង​ឆ្នាំ2019​ ​នេះ​ ​កីឡាករ​វ័យ​ ​17ឆ្នាំ​រូប​នេះ​ ​បាន​លេង​ឱ្យ​ក្រុមជម្រើសជាតិ​គ្រប់​ឈុត​ទាំងអស់​បាន​ដល់ទៅ​ ​35ប្រកួត​ហើយ​ ​ដោយ​ក្នុង​នោះ​រូបគេ​បាន​ស៊ុត​បញ្ចូល​ទី​ឱ្យ​កម្ពុជា​បាន​ដល់ទៅ​ ​20គ្រាប់​ក្នុង​ការប្រកួត​ពានរង្វាន់​អន្តរជាតិ​ធំ​ប្រចាំ​តំបន់​អាស៊ាន​និង​ ​ទ្វីបអាស៊ី​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​បើ​គិត​សរុប​ក្នុង​អាជីព​បាល់ទាត់​ ​កីឡាករ​ ​សៀង​ ​ចន្ធា​ ​ធ្លាប់​លេង​ឱ្យ​ក្រុមជម្រើសជាតិ​កម្ពុជា​គ្រប់​ឈុត​បាន​ចំនួន​ ​65ប្រកួត​ហើយ​ ​និង​រក​គ្រាប់​បាល់​បាន​ចំនួន​ ​43គ្រាប់​៕​


  • សៀង​ ​ចន្ធា​ ​មានកម្ម​វិធី​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​អន្តរជាតិ​មួយទៀត​ហើយ​!​

    សៀង​ ​ចន្ធា​ ​មានកម្ម​វិធី​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​អន្តរជាតិ​មួយទៀត​ហើយ​!​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​អាយុ​ក្រោម​ ​22ឆ្នាំ​ ​នឹង​មាន​ភារកិច្ច​ចូលរួម​ក្នុង​ពានរង្វាន់​ ​Bangabandhu​ ​Gold​ ​Cup​ ​ក្នុង​ខែមករា​ខាងមុខ​ ​ខណៈ​ដែល​ពានរង្វាន់​មួយ​នេះ​ ​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​របស់​ប្រទេស​បង់​ក្លា​ដែស​។​

    ​ចំពោះ​ពានរង្វាន់​មួយ​នេះ​ ​ត្រូវ​បាន​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា​ ​គិតថា​ ​អាច​នឹង​មាន​កីឡាករ​វ័យក្មេង​ដ៏​ល្អ​របស់់​កម្ពុជា​ ​សៀង​ ​ចន្ធា​ ​ចូលរួម​ដែរ​មិនខាន​ ​ដ្បិតអី​កីឡាករ​រូប​នេះ​ធ្វើ​បាន​ល្អ​នៅក្នុង​ឈុត​នេះ​នៅក្នុង​ព្រឹត្តិ​កា​រណ៏​ស៊ី​ហ្គេម​កន្លងទៅ​ ​ហើយ​ថែមទាំង​ធ្វើ​បាន​ល្អ​ក្នុង​ឈុត​ផ្សេង​ៗ​ទៀត​ ​ដូចជា​ ​U18​,​ ​U19​,​ ​U22​ ​និង​ឈុត​ធំ​ផង​ដែរ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្នុង​ពានរង្វាន់​នេះ​ ​មាន​ប្រទេស​ចំនួន5​ ​ចូលរួម​ប្រកួត​ ​រួមមាន​បង់ក្លាដេស​(​ម្ចាស់ផ្ទះ​)​ ​ឡាវ​ ​កម្ពុជា​ ​កៀហ្សី​ស្ថាន​ ​ម៉ុងហ្គោលី​ ​និង​ស្រីលង្កា​ ​ខណៈ​ដែល​អាច​មាន​បន្ថែម​ ​2ប្រទេស​ផ្សេងទៀត​ដែល​អាច​ជា​ ​ឆាយ​នី​សតៃ​ប៉ិ​ ​និង​ ​ទីម័រខាងកើត​ ​ប្រសិនបើ​ប្រទេស​ទាំង​ ​2ចុងក្រោយ​នេះ​យល់ព្រម​ទទួល​សំណើម​ក​ចូលរួម​ប្រកួត​៕​