Category: សង្គម និងសេដ្ឋកិច្ច

  • គុណប្រយោជន៍​របស់​អាហារ​មាន​ជាតិ​ល្វីង​ ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ការពារ​ជំងឺ​ទឹកនោមផ្អែម​

    គុណប្រយោជន៍​របស់​អាហារ​មាន​ជាតិ​ល្វីង​ ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ការពារ​ជំងឺ​ទឹកនោមផ្អែម​

    អាហារ​ដែល​មាន​រសជាតិ​ល្វីងជូរចត់​មួយចំនួន​ វា​ពិតជា​ពិបាក​ក្នុង​ការ​ទទួលទាន​ ដែល​ធ្វើ​ឱ្យ​មនុស្ស​គ្រប់គ្នា​មិន​ចង់​ទទួលទាន​អាហារ​ដែល​មាន​រសជាតិ​ល្វីង​ជា​ប្រចាំថ្ងៃ​នោះ​ទេ​ តែ​ទោះជាយ៉ាងណា​ក៏ដោយ​ អាហារ​ដែល​មាន​រសជាតិ​ល្វីង​ គឺ​មាន​សារធាតុ​ចិញ្ចឹម​មិនធម្មតា​ ដែល​អ្នក​មិន​គួរ​មើល​រំលង​ ហើយ​វា​មាន​សារធាតុ​ឱសថ​ដែល​មាន​អត្ថ​ប្រយោជន៍​ខាង​សុខភាព​ជាច្រើន​ថែមទៀត​ផង​។

    អាហារ​ដែល​មាន​រសជាតិ​ល្វីង​សម្បូរ​ទៅ​ដោយសារ​ធាតុ​បំប៉ន​ និង​សារធាតុ​សំ​ខាន់​ៗដូចជា​ triterpenoids​, polyphenol​ និង​ flavonoids​ ត្រូវ​បាន​គេ​រក​ឃើញថា​ អាច​ពន្យឺតការ​លូតលាស់​របស់​កោសិកា​មហារីក​ជាច្រើន​ប្រភេទ​។ មិន​តែប៉ុណ្ណោះ​សារធាតុ​ល្វីង​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​នៅក្នុង​ឱសថ​សម្រាប់​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​ផង​ដែរ​។

    ជាតិ​ល្វីង​ជួយ​បង្កើត​ថាមពល​ក្នុង​រាងកាយ​ ព្រោះ​រុក្ខជាតិ​ល្វីង​ សម្បូរ​ដោយ​វីតាមីន​អេ​ វីតាមីន​ស៊ី​ វីតាមីន​ខេ​ និង​សារធាតុ​រ៉ែ​ កាល់​ស្បូម​ ប៉ូតាស្យូម​ និង​ម៉ាញេស្យូម​។ អាហារ​ទាំងនោះ​ ក៏​ពោរពេញ​ទៅ​ដោយ​ជាតិ​អាស៊ីត​ ហ្វ​រឡេន​ អា​ស៊ី​ហ្វី​ប៊ឺ​ ដែល​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ ដែល​បង្កើត​ថាមពល​ក្នុង​រាងកាយ​។ រុក្ខជាតិ​ល្វីង​ក៏​ជួយ​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ ដោយសារ​ធាតុ​ទាំងនោះ​ ចូល​ទៅ​ជួយ​សម្រួល​ប្រព័ន្ធ​សរសៃប្រសាទ​ឱ្យ​រឹងមាំ​ សម្រួល​សរសៃឈាម​មិន​ឱ្យ​កក​ (វីតាមីន​ខេ​) និង​មាន​សារធាតុ​ phytonutrients​ ដែល​ជួយ​ដល់​សុខភាព​ភ្នែក​។

    សារធាតុ​ល្វីង​ នឹង​ជួយ​ទៅ​ជំរុញ​ការផលិត​អង់ស៊ីម​ និង​លំហូរ​ទឹកប្រមាត់​ឱ្យ​ប្រសើរ​ឡើង​ ដែល​មានប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការរំលាយអាហារ​។ រឿង​នេះ​អាច​ធ្វើ​ឱ្យ​អ្នក​សប្បាយចិត្ត​ក្នុង​ការ​បរិភោគ​អាហារ​គ្រប់​ប្រភេទ​ ដោយ​មិនសូវ​មាន​ការ​ព្រួយបារម្ភ​។ សារធាតុ​ fiber​ ខ្ពស់​ ក្នុង​រុក្ខជាតិ​បៃតង​នេះ​ នឹង​ជួយ​ជម្រុះ​កាកសំណល់​អាហារ​ទាំងឡាយ​ដែល​តោង​ជាប់​បំពង់អាហារ​។ ជាពិសេស​ សារធាតុ​ល្វីង​ក្នុង​រុក្ខជាតិ​ និង​ជួយ​បន្សាប​ជាតិពុល​ទាំងឡាយ​ក្នុង​រាងកាយ​ តាមរយៈ​ការ​សម្រួល​ដល់​ការ​ធ្វើ​ប្រតិកម្ម​នៃជា​តិ​កូ​ឡេ​ស្តេ​រ៉ុល​ ការ​រក្សា​តុល្យភាព​អ័រម៉ូន​ សម្រួល​ឈាម​ និង​មេតា​ប៉ូលី​ខ្លាញ់​។ ចំពោះ​អ្នកមាន​ជំងឺ​ធាត់​ គួរ​បរិភោគ​អាហារ​មាន​រសជាតិ​ល្វីង​នេះ​ឱ្យ​បាន​ច្រើន​ ព្រោះ​វា​នឹង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ​ និង​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​បាន​ល្អ​។

    ដោយសារ​មនុស្ស​ភាគច្រើន​ មិន​មាន​ចំណង់​ចំណូលចិត្ត​ចំពោះ​អាហារ​ល្វីង​ ធ្វើ​ឱ្យ​រាងកាយ​សម្បូរ​ដោយ​អាហារ​ដែល​មាន​រសជាតិ​ផ្អែម​ ប្រៃ​ និង​ជូរ​ច្រើន​។ ដូច្នេះ​ការ​បរិភោគ​អាហារ​ល្វីង​នឹង​ជួយ​បង្ក្រប់​តម្រូវការ​របស់​សរីរាង្គកាយ​។ អ្នក​គួរ​ចងចាំ​ថា​ ការ​បរិភោគ​រុក្ខជាតិ​ល្វីង​ មិន​មាន​ជាតិគីមី​ នឹង​មានផល​ប្រយោជន៍​ច្រើន​ ជាពិសេស​ វា​នឹង​ធ្វើ​ឱ្យ​អ្នក​មិនសូវ​ឃ្លាន​អាហារ​ផ្តេសផ្តាស​ ព្រមទាំង​មាន​រូបរាង​ស្អាត​ និង​មាន​សភាព​រស់រវើក​ថែម​មួយ​កម្រិត​ទៀត​។ ជាតិ​ល្វីង​ក៏អាច​បង្ការ​ និង​ទប់​ស្តា​ត់​ជំងឺ​ទឹកនោមផ្អែម​បាន​ដែរ​។ បើ​យោង​តាម​គេហទំព័រ​បរទេស​មួយ​បាន​បង្ហាញថា​ ផ្លែ​ម្រះ​ក៏​សម្បូរ​ដោយសារ​ធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​ជួយការ​ពារ​ការខូចខាត​កោសិកា​ដែល​បណ្ដាលមកពី​ពពួក​រ៉ាឌីកាល់​សេរី​ ថែមទាំង​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺបេះដូង​ និង​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ​។ ផ្លែ​ម្រេះ​ដែល​មាន​រសជាតិ​ល្វីង​កាន់តែ​ខ្លាំង​ គឺជា​ថ្នាំ​ដ៏​ពូកែ​បំផុត​ក្នុង​ការ​ការពារ​ជំងឺ​ទឹកនោមផ្អែម​ ព្រោះ​វា​មាន​សមត្ថភាព​អាច​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ហើយ​ និង​ផ្លូវ​ទឹ​កម៉ូត្រ ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ យកល្អ​អ្នក​ត្រូវ​យក​ផ្លែ​ម្រេះ​ទៅ​កិន​ ហើយ​ច្រោះ​យក​ទឹក​ឱ្យ​បាន​មួយ​កូន​ពែង​ សម្រាប់​ទទួលទាន​ជា​រៀងរាល់​ព្រឹក​៕

  • រដ្ឋមន្ត្រី​កសិកម្ម​ ស្នើ​ឱ្យ​សហការ​គ្នា​លើកកម្ពស់​ផលិតផល​សរីរាង្គ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​

    រដ្ឋមន្ត្រី​កសិកម្ម​ ស្នើ​ឱ្យ​សហការ​គ្នា​លើកកម្ពស់​ផលិតផល​សរីរាង្គ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​

    រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​សហការ​គ្នា​លើកកម្ពស់​ផលិតផល​កសិកម្ម​សរីរាង្គ​ឱ្យ​ទទួល​បាន​ជោគជ័យ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ផលិតផល​កសិកម្ម​សរីរាង្គ​ ដែល​កំពុងតែ​កើនឡើង​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ឯកឧត្ដម​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ ក្នុង​ពិធី​ “អបអរសាទរ​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​ ដែល​បាន​ទទួល​ពានរង្វាន់​អាស៊ាន​ ភាពជា​អ្នកដឹកនាំ​លើ​ការ​អភិវឌ្ឍ​ជនបទ​ និង​លុបបំបាត់​ភាព​ក្រីក្រ​”។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​កោតសរសើរ​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​សហករណ៍​សរីរាង្គ​ខ្មែរ​(Khmr​ Cooperative​ Organic​) ដែល​ធ្វើ​បានសម្រេច​ និង​ទទួល​បាន​លទ្ធផល​ជា​ផ្កែ​ផ្កា​ល្អ​ ហើយ​លទ្ធផល​នេះ​ក៏​មិន​អាច​កាត់​ផ្តាច់​ចេញ​បាន​ពី​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ​ រវាង​សហករណ៍​ ជាមួយ​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ដែល​ធ្វើ​ឱ្យ​ឈាន​ទៅ​ទទួល​បាន​ពានរង្វាន់​អាស៊ាន​ ភាពជា​អ្នកដឹកនាំ​លើ​ការ​អភិវឌ្ឍ​ជនបទ​ និង​លុបបំបាត់​ភាព​ក្រីក្រ​នា​ពេលនេះ​។

    ឯកឧត្តម​ បន្ត​ថា​ ពានរង្វាន់​នេះ​ មិនមែន​គ្រាន់តែ​ជាស​មិទ្ធ​ផល​ ដែល​សហករណ៍​សម្រេច​បាន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​គឺជា​មោទនភាព​របស់​យើង​ទាំងអស់គ្នា​ ព្រោះ​វា​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​សាមគ្គីភាព​ សហការ​ និង​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ​ លើកស្ទួយ​វិស័យ​កសិកម្ម​ ធានា​សន្តិសុខ​ស្បៀង​ កាត់បន្ថយ​ភាព​ក្រីក្រ​ និង​អភិវឌ្ឍន៍​ជនបទ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន ឆ្លើយតបទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​។

    ឯកឧត្តម​ វេង​ សា​ខុន​ បាន​មានប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​ ប្រជាជន​មានការ​កើនឡើង​ជាលំដាប់​ ទន្ទឹមគ្នា​នឹង​បម្រែបម្រួល​អាកាសធាតុ​ គឺ​ទាមទារ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​ និង​ធ្វើការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ថ្មី​ៗ ចាំបាច់​បំផុត​សម្រាប់​បង្កើន​ផលិតភាព​កសិកម្ម​ឱ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ធានា​សន្តិសុខ​ស្បៀង​។ ជាង​នេះ​ទៅទៀត​ គឺ​ស្រប​ពេល​ដែល​ប្រជាជន​ និង​ភ្ញៀវ​ទេសចរ​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​ មក​បរិភោគ​ចំណីអាហារ​ ដែល​មាន​ស្តង់​ដា​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព​ខ្ពស់​ ជាពិសេស​ផលិតផល​បន្លែ​ និង​ផ្លែឈើ​ជាដើម​។

    ដូច្នេះ​ ដើម្បី​ឆ្លើយតប​នូវ​តម្រូវការ​នេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ សហការ​គ្នា​លើកកម្ពស់​ផលិតផល​កសិកម្ម​សរីរាង្គ​ឱ្យ​ទទួល​បាន​ជោគជ័យ​ តាម​រយ:ការរៀបចំ​ក្រុម​ផលិត​ ក្រុម​ផ្តល់​ធាតុ​ចូល​ ក្រុម​ប្រមូល​ទិញ​ ក្រុម​ចែកចាយ​ ក្រុម​ទីផ្សារ​និង​អតិថិជន​ឱ្យ​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​ ក្នុង​ប្រព័ន្ធ​ខ្សែ​ចង្វាក់​ផលិតកម្ម​កសិកម្ម​សរីរាង្គ​។

    ជាមួយគ្នា​នេះ​ដែរ​ ត្រូវ​រួមគ្នា​ពង្រឹង​ និង​ពង្រីក​ដោយ​ផ្តោត​លើ​ក្រុម​ ឬសមាគម​ផលិត​ សហគមន៍​កសិកម្ម​ និង​កសិដ្ឋាន​ផលិតកម្ម​មាន​លក្ខណៈ​ជា​អាជីព​ និង​ត្រូវ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ និង​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា​ (CamGAP​) ស្របតាម​អភិក្រម​“រដ្ឋ​-ឯកជន​-ដៃគូ​អភិវឌ្ឍន៍​ និង​សហគមន៍​”។

    ទន្ទឹម​នឹង​នេះ​ក៏​ត្រូវ​រៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព​ អធិការកិច្ច​ និង​ប្រព័ន្ធ​ផ្តល់​វិញ្ញាបនបត្រ​ត្រឹមត្រូវ​ដើម្បី​លើកទឹកចិត្ត​ និង​ផ្តល់​ការ​ជឿជាក់​ពីសា​ធារ​ណជន​ទៅលើ​ផលិតផល​ផង​ដែរ​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​សង្ខេប​ជូន​អង្គពិធី​ ឱ្យ​បាន​ជ្រាប​ផង​ដែរ​ អំពី​ដំណើរការ​វិវឌ្ឍន៍​នៃ​ផលិតកម្ម​កសិកម្ម​សរីរាង្គ​នៅ​ទូទាំង​ពិភពលោក​ ដោយឡែក​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន​ ជាពិសេស​ គឺ​នៅ​កម្ពុជា​ ដោយ​ផ្តើម​ចេញពី​ក្រុម​ផលិ​តតូច​ៗដែល​ចង​ក្រង​ឡើង​ដោយ​អង្គការ​ NGO​ ឬក្រុមហ៊ុន​ឯកជន​ ដោយ​ផ្តោត​ជា​សំខាន់​លើ​ដំណាំស្រូវ​តាំងពី​ឆ្នាំ1990​ ជាបន្តបន្ទាប់​នៅ​ឆ្នាំ2000​ ទើប​មាន​គម្រោង​កសិកម្ម​សរីរាង្គ​ជាច្រើន​ តាមរយៈ​កិច្ចសហការ​រវាង​អង្គការ​អន្តរជាតិ​ ដៃគូ​អភិវឌ្ឍន៍​ និង​ក្រុមហ៊ុន​ ហើយ​សហគ្រាស​ឯកជន​ទាំងនោះ​ ក៏បាន​ចាប់ផ្តើម​ធ្វើ​ធុរកិច្ច​កសិកម្ម​សរីរាង្គ​ លើ​ទីផ្សារ​ក្នុង​ស្រុក​ និង​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​។

    តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​កសិកម្ម​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​កម្ពុជា​ មាន​ក្រុម​អ្នក​ផលិត​បន្លែ​សរីរាង្គ​ ប្រមាណ​ជាង​ 100ក្រុម​ លើ​ផ្ទៃដី​ប្រមាណ​ 9,717ហិ​កតា​ និង​ស្រូវ​សរីរាង្គ​ លើ​ផ្ទៃដី​ប្រមាណ​ 12,000ហិ​កតា​ នៅ​ទូទាំង​ប្រទេស​ និង​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ ជប៉ុន​ អាមេរិក​ ចិន​ ក្នុង​តម្លៃ​ទឹកប្រាក់​ប្រមាណ​ 1លាន​អឺ​រ៉ូ​ កាលពី​ឆ្នាំ2017​។

    ឯកឧត្តម​ វេង​ សា​ខុន​ បាន​បន្ត​ថា​៖“ដោយសារ​ឈ្វេងយល់​ ពី​និន្នាការ​វិវឌ្ឍ​រីកចម្រើន​នៃ​កសិកម្ម​សរីរាង្គ​នេះ​ នៅ​ឆ្នាំ2006​ ក្រសួង​បាន​ចាប់ផ្តើម​លើក​គោលដៅ​កសិដ្ឋាន​សរីរាង្គ​ ទៅ​ក្នុង​គោលនយោបាយ​ជាតិ​ ដែល​មាន​ចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​(ASDP2006​- 2010​) ហើយ​បច្ចុប្បន្ន​កំពុង​ដំណើរការ​រៀបចំ​សេចក្តី​ព្រាង​ស្តង់​ដា​កសិកម្ម​សរីរាង្គ​ជា​បន្ត​”។

    ក្រៅពី​នេះ​ ក្រសួង​កំពុង​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ និង​នីតិ​វិ​ធី​ផ្សេង​ៗសម្រាប់​គាំទ្រ​ និង​ជំរុញ​ការអនុវត្ត​កសិកម្ម​សរីរាង្គ​ឱ្យ​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ ការពារ​សុវត្ថិភាព​អាហារ​ បរិស្ថាន​ សុខុមាលភាព​សង្គម​ ការប្រកួត​ប្រជែង​ទីផ្សារ​ និង​ទំនុកចិត្ត​ពីអ​តិថិ​ជន​ ដើម្បី​ធ្វើ​សុខដុម​នី​យក​ម្ម​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ និង​ពិភពលោក​។

    ជាមួយនឹង​មោទនភាព​ដែល​យើង​ទទួល​បាន​នេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹមថា​ គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ នឹង​រួមចំណែក​គាំទ្រ​គោលបំណង​រួម​ រហូត​ដល់​ឆ្នាំ2030​ នៃ​ការអនុវត្ត​កសិកម្ម​សរីរាង្គ​ គឺ​៖ ទី1​-កម្ពុជា​នឹង​មាន​ផលិតផល​កសិកម្ម​សរីរាង្គ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​សុខដុម​នី​យក​ម្ម​ ជាមួយ​ស្តង់​ដា​ក្នុង​តំបន់​និង​អន្តរជាតិ​។ ទី2​-កម្ពុជា​នឹង​បង្កើត​បាន​នូវ​តំបន់​អនុវត្ត​កសិកម្ម​សរីរាង្គ​ជាតិ​ប្រមូល​ផ្តុំ​មួយ​ដែល​មាន​ភូមិសាស្ត្រ​ជា​យុទ្ធសាស្ត្រ​។ ទី3​-តម្លៃ​ភាគហ៊ុន​ទីផ្សារ​នៃ​ផលិតផល​សរីរាង្គ​កម្ពុជា​នឹង​កើនឡើង​រហូត​ដល់40​%។ ទី4​-ចូលរួម​កែ​លម្អ​ជីវភាព​ផលិតករ​សរីរាង្គ​ និង​ការរស់នៅ​ប្រកបដោយ​ភា​តរៈ​បរិស្ថាន​ និង5​-កេរ្តិ៍ឈ្មោះ​ផលិតផល​សរីរាង្គ​នឹង​មានការ​-ទទួលស្គាល់​ទាំង​ក្នុង​ និង​ក្រៅប្រទេស​៕

  • អ្នកជំនាញ​៖ គួរ​ផ្តល់​អាទិភាព​ដោះស្រាយ​ផែន​កា​រន​គរូប​នី​យក​ម្ម​ ដោយ​ការគ្រប់គ្រង​ និង​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​

    អ្នកជំនាញ​៖ គួរ​ផ្តល់​អាទិភាព​ដោះស្រាយ​ផែន​កា​រន​គរូប​នី​យក​ម្ម​ ដោយ​ការគ្រប់គ្រង​ និង​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​

    អ្នកជំនាញ​ក្នុង​ស្រុក​ និង​បរទេស​ រួម​ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល​បាន​ជួប​ប្រជុំ​គ្នា​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ ភូ​គី​ត្រា​ ដើម្បី​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​ទីក្រុង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​វេទិកា​មួយ​ដែល​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​កើតឡើង​ជាមួយនឹង​កំណើន​ប្រជាជន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​។

    លោកស្រី​ Pauline​ Tamesis​ អ្នកសម្របសម្រួល​ទីលំនៅ​របស់​អង្គការសហប្រជាជាតិ​ បាន​មាន​ប្រសាសន៍​ថា​ ការ​ធ្វើ​នគរូបនីយកម្ម​គ្រប់គ្រង​ អាច​ជួយ​ពន្លឿន​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​។

    ដូច្នេះ​ប្រទេស​កម្ពុជា​គួរតែ​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍ​ទីក្រុង​ ដើម្បី​គ្រប់គ្រង​កំណើន​សេដ្ឋកិច្ច​ឱ្យ​បាន​ច្រើន​ និង​ទប់ទល់​នឹង​ការ​កើនឡើង​នៃ​ប្រជាជន​។

    លោកស្រី​មានប្រសាសន៍​ថា​៖“យើង​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃនេះ​ ពីព្រោះ​យើង​ចែករំលែក​សេចក្តី​ប្រាថ្នា​រួម​ដើម្បី​ជួយ​កំណត់​អាទិភាព​ទីក្រុង​សំ​ខាន់​ៗឆ្ពោះទៅ​រក​ចក្ខុវិស័យ​របស់​ប្រទេស​កម្ពុជា​អំពី​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាតវៃ​ប្រកបដោយ​និរន្តរភាព​ និង​បញ្ចូល​គ្នា​”។

    លោកស្រី​ Tamesis​ បាន​ចង្អុលបង្ហាញ​ថា​ ប្រទេស​កម្ពុជា​មាន​អត្រា​នគរូបនីយកម្ម​លឿន​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ នៅ​ឆ្នាំ2030​ គេ​ប៉ាន់ស្មាន​ថា​ មនុស្សម្នាក់​ក្នុងចំណោម​ 3នាក់​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​រស់នៅ​ក្នុង​ទីក្រុង​។ នៅ​ឆ្នាំ2050​ ចំនួន​ប្រជាជន​នៅ​ទីក្រុង​នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​ គេ​រំពឹង​ថា​ នឹង​កើន​ឡើង​ទ្វេ​ៗដង​លើស​ពី​ 9លាន​នាក់​។ឯកឧត្តម​ ប៉ែន​ សុផល​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​មាន​ប្រសាសន៍​ថា​ មេរៀន​ដែល​ទទួល​បាន​ពី​វេទិកា​នេះ​អាច​ជួយ​រៀបចំ​គោលនយោបាយ​ជាតិ​ ស្តី​ពី​ផែនការ​ទីក្រុង​។

    ឯកឧត្តម​ បាន​មានប្រសាសន៍​ថា​៖“វេទិកា​ស្តី​ពី​ការ​អភិវឌ្ឍ​ទីក្រុង​ ប្រកបដោយ​ភាព​ឆ្លាតវៃ​ និង​ ប្រកបដោយ​និរន្តរភាព​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ដោយសារតែ​វា​មាន​បទ​បង្ហាញ​ពី​វាគ្មិន​ជាតិ​ និង​បរទេស​ ដែល​មានចំណេះ​ដឹង​ និង​បទ​ពិសោធ​គ្រប់គ្រាន់​នៅក្នុង​ផែនការ​ទីក្រុង​”។

    ឯកឧត្តម​ សុផល​ បាន​កត់សម្គាល់​ថា​ ក្រសួង​មាន​គោលបំណង​ឱ្យ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ នៅ​ឆ្នាំ​2020​។ ក្រសួង​រៀបចំ​ដែនដី​កំពុងធ្វើការ​លើច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ដីធ្លី​ និង​ផែនការ​ទីក្រុង​ដើម្បី​គ្រប់គ្រង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖ “តាមរយៈ​វេទិកា​នេះ​យើង​នឹង​ជួបប្រទះ​ការ​ច្នៃប្រឌិត​ចំណេះដឹង​ បទ​ពិសោធ​ និង​គំ​រូ​ល្អ​ៗស្តី​ពី​ការគ្រប់គ្រង​ទីក្រុង​ និង​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ និង​រាប់បញ្ចូល​ទាំង​ភាព​ឆ្លាតវៃ​ផង​។ ទាំងនេះ​ គឺជា​ធាតុ​សំខាន់​ ដើម្បី​ជួយ​យើង​ធ្វើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ផែនការ​ទីក្រុង​”។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​ កំណើន​ក្នុង​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​វិស័យ​ទាំងនេះ​បាន​ក្លាយជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​។ ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ ឈាន​ដល់​ 24​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ 5ឆ្នាំ​ចុងក្រោយ​នេះ​។

    ឯកឧត្តម​ ប៉ែន​ សុផល​ បាន​មានប្រសាសន៍​ថា​៖“យើង​អាច​ឃើញថា​ មាន​តម្រូវការ​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​ទីក្រុង​ និរន្តរភាព​ និង​ទីក្រុង​ដែល​មាន​បញ្ចូល​ភាព​ឆ្លាតវៃ​”។

    នៅ​ប្រទេស​កម្ពុជា​ ទីក្រុង​នានា​បង្កើត​បាន​ប្រហែល​ 50​%នៃផ.ស.ស​ ទោះ​យ៉ាងណា​ទីក្រុង​ ដែល​កំពុង​រីកចម្រើន​ ក៏​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដីធ្លី​ និង​សេវាកម្ម​ ដែល​អាច​ ធ្វើ​ឱ្យ​វា​មិនសូវ​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក​ដែល​នៅ​សេសសល់​។ លោក​បាន​បន្ថែម​ថា​ ការ​ធ្វើ​ នគរូបនីយកម្ម​ដែល​មិនបាន​គ្រោងទុក​ ជា​ញឹកញាប់​នាំ​ឱ្យ​មានការ​រស់នៅ​ក្រៅផ្លូវការ​មិន​ទៀងទាត់​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភា្ន​ក់​ងារ​អចលនវត្ថុ​ (CVEA​) បាន​មាន​ប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​តាម​ទូរស័ព្ទ​ថា​៖“សម្រាប់​ការ​គិតគូរ​ទៅដល់​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាតវៃ​គឺ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អភិវឌ្ឍ​របស់​ប្រទេស​យើង​ ដែល​បាន​ចាប់ផ្តើម​រីកចម្រើន​បន្តិច​ម្តង​ៗ ដូច្នេះ​រាជរដ្ឋាភិបាល​គាត់​មាន​គម្រោង​ទៅលើ​តំបន់​ណា​ដែល​អាច​ធ្វើការ​អភិវឌ្ឍ​បាន​ ដូចជា​ទីក្រុង​រណប​ថ្មី​ជាដើម​ ដើម្បី​ទុក​អភិវឌ្ឍ​ទីក្រុង​រណប​នោះ​ ជាទី​ក្រុង​វៃឆ្លាត​(ស្មា​តស៊ី​ធី​ ឬSmart​ City​)”។

    លោក​ ច្រឹក​ សុ​ខនីម​ បាន​បញ្ជាក់​បន្ថែម​ថា​៖“ចំពោះ​ទីក្រុង​រណប​ ដែល​គាត់​បង្កើត​ឡើង​ឱ្យ​វា​មាន​ជាស​មាស​ធាតុ​ ដោយមាន​សៀវភៅ​ម៉ល​ ផ្សារ​ទំនើប​ អា​ផា​តមិន​ មាន​ខុន​ដូ​នៅក្នុង​តំបន់​ពួកគាត់​ ដែល​ជា​ស្មា​តស៊ី​ធី​នោះ​ ហើយ​កន្លែង​ខ្លះ​មាន​ទាំង​ផ្លូវ​រថភ្លើង​ថែមទៀត​ផង​ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​។ នៅក្នុង​ការ​អភិវឌ្ឍ​ជាទី​ក្រុង​ស្មា​តស៊ី​ធី​នេះ​ ក៏​វា​អាស្រ័យ​ទៅលើ​ទឹកប្រាក់​នៃ​ការ​អភិវឌ្ឍ​ផង​ដែរ​ថា​ តើ​ទំហំ​នៃ​ការ​អភិវឌ្ឍ​របស់​គម្រោង​នោះ​ វា​ឆ្លើយតប​ទៅ​នឹង​ការ​កសាង​ទីក្រុង​ស្មា​តស៊ី​ធី​ ដែរ​ឬអត់​?”។

    យោង​តាម​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​លើ​វិស័យ​សំណង់​នឹង​កើនឡើង​ដល់​ 78​%នៅ​ចុងឆ្នាំ​នេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​តួលេខ​កាលពី​ឆ្នាំមុន​។ចំនួន​នេះ​មាន​ចំនួន​ប្រហែល​ 9.3ពាន់​លាន​ដុល្លារ​នៅ​ទូទាំង​ប្រទេស​។តួលេខ​នេះ​ត្រូវ​បាន​បង្ហាញ​នៅក្នុង​ពិព័រណ៍​

    ឧស្សាហកម្ម​សំណង់​កម្ពុជា​-អន្តរជាតិ​លើក​ទី8​ ឆ្នាំ​2019​ ដោយ​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ បានឱ្យ​ដឹង​ថា​ ក្នុងរយៈពេល​ 11ខែ​ឆ្នាំនេះ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ចំនួន​ 8.75ពាន់​លាន​ដុល្លារ​ ដែល​មាន​កំណើន​ 67.44​% បើ​ប្រៀបធៀប​នឹង​រយៈ​ ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    ក្រុមហ៊ុន​ជាង1,0000​ ត្រូវ​បាន​ចុះបញ្ជី​ និង​ប្រតិបត្តិ​ការ​នៅក្នុង​វិស័យ​សំណង់​ដែល​ក្នុង​នោះ​ 485​ ជា​ក្រុមហ៊ុន​បរទេស​មក​ពី​ប្រទេស​ចិន​ កូរ៉េ​ខាងត្បូង​ ជប៉ុន​ ថៃ​ វៀតណាម​ សិង្ហបុរី​ ម៉ាឡេស៊ី​ បារាំង​អាមេរិក​ អង់គ្លេស​ អូស្ត្រាលី​ កាណាដា​ អាល្លឺម៉ង់​ និង​អេស្ប៉ាញ​ក្នុងចំណោម​ប្រទេស​ដទៃទៀត​។

    របាយការណ៍​ធនាគារពិភពលោក​ បាន​គូសបញ្ជាក់​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅតែ​ បន្ត​បង្ហាញ​ពី​សញ្ញា​កំណើន​ដ៏​រឹងមាំ​ដែល​គាំទ្រ​ដោយ​ការអនុវត្ត​ ការនាំចេញ​រឹងមាំ​ និង​តម្រូវការ​ក្នុង​ស្រុក​រឹងមាំ​។ សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករ​ថា​ នឹង​មាន​ភាព​ធូរស្រាល​បន្តិច​ម្តង​ក្នុងរយៈពេល​ខ្លី​ និង​មធ្យម​។

    វិស័យ​សំណង់​នៅ​បន្តសកម្មភាព​គគ្រឹកគគ្រេង​ ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញថា​ មិនទាន់​មាន​ភាព​នឿយណាយ​នៃ​ការ​វិនិយោគ​លើ​វិស័យ​នេះ​នៅឡើយ​ទេ​។ ជា​លទ្ធផល​ ការនាំចូល​ដែក​សំណង់​បាន​ស្ទុះ​ឡើង​យ៉ាង​លឿន​ ដល់ទៅ63.5​% គិត​ត្រឹម​ខែមិថុនា​ឆ្នាំ2019​ កើន​ពី​ 27.7​% ក្នុង​ឆ្នាំ2018​។

    ជាមួយគ្នា​នេះ​ដែរ​ ហានិភ័យ​បន្ត​កើនឡើង​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ ដោយសារតែ​មានការ​ពាក់ព័ន្ធ​ច្រើន​ជាមួយ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ អម​ដោយ​ការ​ពូន​គរ​របស់​បំណុល​ផង​ ដែល​ក្នុង​ នោះ​ ទំហំ​នៃ​ការខ្ចី​បុល​សរុប​រួមគ្នា​ពី​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ មាន​ 103​%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​(GDP​)។

    គួរ​បញ្ជាក់​ថា​ កំណើន​ឥណទាន​កើន​ដល់​ 28.3​%ត្រឹម​ខែមិថុនា​ ឆ្នាំ2019​ ធៀប​នឹង​ 24.2​%នៅ​ឆ្នាំ2018​និង19.6​% នៅ​ឆ្នាំ2017​។ វិស័យ​សំណង់​ និង​អចលនទ្រព្យ​ទទួល​បាន​ចំណែក​ឥណទាន​ធំជាង​គេ​ គឺ​ 29.5​%នៃ​ទំហំ​ឥណទាន​សរុប​របស់​ធនាគារ​ 21.9ពាន់​លាន​ដុល្លារ​ ត្រឹម​ខែមិថុនា​ ឆ្នាំនេះ​។

    ឥណទាន​របស់​កម្ពុជា​ ធៀប​នឹងGDP​ មានកម្រិត​ខ្ពស់​ជាង​ប្រទេស​សេដ្ឋ​កិ​ច្ច​ធំៗ​ក្នុង​តំបន់​ មួយចំនួន​ទៅទៀត​ ដូចជា​ប្រទេស​ឥណ្ឌា​ ឥណ្ឌូ​នេ​ស៊ី​ ប៉ាគីស្ថាន​ ជាដើម​។

    របាយការណ៍​ធនាគារពិភពលោក​ ឬWB​ បានឱ្យ​ដឹង​ថា​ មុន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ2008​ ចំណែក​ឥណទាន​របស់​វិស័យ​សំណង់​ និង​អចលនទ្រព្យ​បាន​កើន​ខ្ពស់​បំផុត​ត្រឹម​ 22.8​%ពេល​ដែល​វិស័យ​សំណង់​នេះ​បាន​ផ្ទុះ​បែក​ដោយ​ជួបនឹង​វិបត្តិ​។ ដោយឡែក​ ត្រឹម​ពាក់កណ្ដាល​ឆ្នាំ2019​ នេះ​ ឥណទាន​សរុប​បញ្ចូល​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​មាន​ចំនួន​ 6.45ពាន់​លាន​ដុល្លារ​ ក្នុង​កំណើន38.9​% របស់​វិស័យ​ធនាគារ​។

    ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​នេះ​ដែរ​ លោក​ លី​ សូ​ដេ​ត អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារពិភពលោក​អះអាង​ថា​ វិស័យ​នេះ​តែង​មាន​វដ្ដ​របស់​វា​ដែល​ឡើង​ ហើយ​ត្រូវតែ​ចុះ​មកវិញ​។ លោក​មិន​អាច​បញ្ជាក់​ឱ្យ​ចំ​បាន​ថា​ ពេលណា​ដែល​វិស័យ​នេះ​ត្រូវ​ចុះ​មកវិញ​នោះ​ទេ​ តែ​លោក​បាន​សង្កេត​ថា​វិស័យ​នេះ​បាន​ឡើង​ខ្លាំង​ជាច្រើន​ឆ្នាំ​មក​ហើយ​៕

  • លោកស្រី​ ប៊ុ​នហេង​ ឡង​ឌី​ ប្រើ​ជីវិត​ជាដើម​ទុន​ ដើម្បី​ជួយ​ប្រជាជន​ឱ្យ​មាន​សោភណភាព​ និង​ទំនុកចិត្ត​

    លោកស្រី​ ប៊ុ​នហេង​ ឡង​ឌី​ ប្រើ​ជីវិត​ជាដើម​ទុន​ ដើម្បី​ជួយ​ប្រជាជន​ឱ្យ​មាន​សោភណភាព​ និង​ទំនុកចិត្ត​

    សោភណភាព​ ជា​ធាតុផ្សំ​យ៉ាង​សំខាន់​នៅក្នុង​ជីវិត​ ព្រោះ​វា​នាំ​ឱ្យ​មាន​ជំនឿ​ចិត្ត​ និង​ថាមពល​ក្នុង​ការសម្រេច​ការងារ​គ្រប់យ៉ាង​។ កាលណា​យើង​មាន​សម្រស់​មិន​ស្រស់​ស្អាត​ មិន​មានទំនុក​ចិត្ត​ច្បាស់លាស់​ក្នុង​ការ​បង្ហាញខ្លួន​នៅ​ទី​សាធារណៈ​ ឬមិន​មាន​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម​ នោះ​យើង​នឹង​មិន​អាច​ធ្វើការងារ​ ក៏ដូចជា​អាជីវកម្ម​បាន​ជោគជ័យ​នោះ​ទេ​។ ហេតុនេះ​សម្រស់​ ជាផ្នែក​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ការជំរុញ​ភាព​ថ្កុំថ្កើង​ក្នុង​ជីវិត​របស់​មនុស្សយើង​ម្នាក់​។

    ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​ផ្នែក​សម្ផស្ស​ចំពោះ​ប្រជាជនទូទៅ​នៅ​កម្ពុជា​ លោកស្រី​ ប៊ុ​នហេង​ ឡង​ឌី​ បាន​ព្យាយាម​គ្រប់​លទ្ធភាព​ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​គ្រប់គ្នា​ស្អាត​ប្រកបដោយ​សុវត្ថិភាព​ សោភណភាព​ និង​ទំនុកចិត្ត​តាមរយៈ​ការបង្កើត​ជា​ក្រុមហ៊ុន​ Lorngdy​ SL​ Skincare​។

    លោកស្រី​ ប៊ុ​នហេង​ ឡង​ឌី​ អគ្គ​នាយិកា​ក្រុមហ៊ុន​ Lorngdy​ SL​ Skincare​ បាន​លើកឡើង​ថា​ កាលពីមុន​លោកស្រី​គ្រាន់តែ​ជា​សហគ្រិន​ស្ត្រី​មួយ​រូប​ដែល​ខិតខំ​ប្រឹងប្រែង​រកស៊ីលើ​មុខរបរ​មួយចំនួន​តែប៉ុណ្ណោះ​ តែ​ក្រោយមក​លោកស្រី​សង្កេតឃើញ​ថា​ ការ​រក្សា​សម្ផស្ស​ជាផ្នែក​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្ស​គ្រប់រូប​ ជាពិសេស​សុភាពនារី​។ ហេតុនេះ​ហើយ​ លោកស្រី​ក៏បាន​ស្វះស្វែង​សិក្សា​ពី​ការ​រក្សា​សម្ផស្ស​ និង​ប្រើប្រាស់​ជីវិត​ជាក់ស្តែង​របស់​លោកស្រី​ ដើម្បី​ធ្វើជា​គំរូ​នៃ​ការ​រក្សា​សម្ផស្ស​រហូត​ទទួល​បាន​ជោគជ័យ​។ ក្រោយពេល​ជោគជ័យ​លើ​ការ​រក្សា​សម្ផស្ស​សម្រាប់​រូបលោក​ស្រី​ផ្ទាល់​លោកស្រី​ក៏​កើតមាន​ចិត្ត​ចង់​ចែករំលែក​សេចក្តី​ស្រឡាញ់​ និង​ភាព​ស្រស់​ស្អាត​ដល់​ប្រជាជន​ខ្មែរ​គ្រប់រូប​ ឱ្យ​ទទួល​បាន​ភាព​ស្រស់​ស្អាត​ ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ក្នុង​ជីវិត​ដូចគ្នា​។ លោកស្រី​ក៏បាន​បង្កើត​ជា​ក្រុមហ៊ុន​ Lonrgdy​ SL​ Skincare​ ឡើង​ដើម្បី​ជួយ​ព្យាបាល​មុខមុន​ មុខជាំ​ និង​បញ្ហា​ជាច្រើន​ផ្សេង​ទៀត​ឱ្យ​បាន​ជាសះស្បើយ​ជាមួយនឹង​អ្នកជំនាញ​ដែល​មាន​ឯកទេស​ច្បាស់លាស់​ក្នុង​ការ​ព្យាបាល​។

    ក្រោយពី​ទទួល​បានការ​ព្យាបាល​ អតិថិជន​កាន់តែ​ច្រើន​ឡើង​ៗ បាន​ផ្តល់​ទំនុកចិត្ត​ និង​ការ​គាំទ្រ​ដល់​សេវាកម្ម​របស់​ក្រុមហ៊ុន​ Lorngdy​ SL​ Skincare​ ដែល​ធ្វើ​ឱ្យ​លោកស្រី​ឡង​ឌី​ កាន់តែ​មាន​ទឹកចិត្ត​ក្នុង​ការ​បន្ត​អភិវឌ្ឍន៍​ រហូត​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ប្រកប​ដោយសក្តានុពល​មួយ​នេះ​ទទួល​បាន​សញ្ញាបត្រ​ជាច្រើន​ពីក្រៅ​ប្រទេស​ និង​ថ្មី​ៗនេះ​ទទួល​បាន​ពានរង្វាន់​សហគ្រិន​ឆ្នើម​ Success​ CEO​ Award​ ថែមទៀត​ផង​។

    លោកស្រី​ ប៊ុ​នហេង​ ឡង​ឌី​ បាន​បន្ថែម​ទៀត​ថា​ ចំពោះ​សុភាពបុរស​ និង​សុភាពនារី​ ដែល​មាន​បញ្ហា​ស្បែក​មុខ​ កើតមុន​ មុខជាំ​ ឬបញ្ហា​សម្ផស្ស​ដែល​កន្លងមក​ពិបាក​ព្យាបាល​ ឬព្យាបាល​មិនជា​ ជាដើម​សូមកុំ​អស់សង្ឃឹម​ក្នុង​ជីវិត​។ Lorngdy​ SL​ Skincare​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ព្យាបាល​ឱ្យ​ជាសះស្បើយ​ និង​មានទំនុក​ចិត្ត​ឡើងវិញ​ ព្រោះ​ស្ថាប័ន​នេះ​មាន​អ្នកជំនាញ​ច្បាស់លាស់​ដែល​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​លើ​បញ្ហា​សម្ផស្ស​ អាច​ព្យាបាល​គ្រប់​ស្ថានភាព​ទាំងអស់​។ កន្លងមក​មាន​អតិថិជន​ជាច្រើន​ដែល​ធ្លាប់​ស្វែងរក​ការ​ព្យាបាល​ច្រើន​កន្លែង​មិនបានជា​សះស្បើយ​ ឬធ្លាប់​អស់សង្ឃឹម​ក្នុង​ការ​ព្យាបាល​មុខ​ តែ​បាន​ទទួលជោគជ័យ​ក្នុង​ការ​រក្សា​សម្ផស្ស​ឡើងវិញ​ជាមួយនឹង​ Lorngdy​ SL​ Skincare​៕

  • កម្ពុជា​បញ្ចប់​ការសិក្សា​ក្នុង​កិច្ច​ព្រម​ព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី​ ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​

    កម្ពុជា​បញ្ចប់​ការសិក្សា​ក្នុង​កិច្ច​ព្រម​ព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី​ ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​

    ក្រសួង​ពាណិជ្ជកម្ម​ បាន​ប្រកាស​បញ្ចប់​ការសិក្សា​មួយ​ ដែល​បាន​ធ្វើ​ទៅលើ​ប្រធានបទ​ស្តី​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(Free​ Trade​ Agreement​ ឬFTA​)ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ (EAEU​) ឬអឺ​រ៉ា​ស៊ី​ ដែល​ការសិក្សា​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ពី​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ត្រូវ​បាន​គាំទ្រ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន​ និង​អាស៊ី​បូព៌ា​ ឬ ERIA​។

    ការប្រកាស​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការសិក្សា​នេះ​ ត្រូវ​បាន​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​លោក​សាស្ត្រា​ចារ្យ​ Hidetoshi​ Nishimura​ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន​ និង​អាស៊ី​បូព៌ា​ ធ្វើ​បទ​បង្ហាញ​ពី​លទ្ធភាព​នៃ​ការសិក្សា​ផ្តល់​នូវ​ការវាយតម្លៃ​បរិមាណ​

    គុណភាព​ និង​ផល​ប៉ះពាល់​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ហើយ​ការសិក្សា​នេះ​ក៏​ពិនិត្យ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ សេរី​ EAEU​ បច្ចុប្បន្ន​ផង​ដែរ​។

    នៅក្នុង​តំបន់​អាស៊ាន​ មានតែ​ប្រទេស​វៀតណាម​ និង​សិង្ហបុរី​ប៉ុណ្ណោះ​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ EAEU​។ ការ​សិក្សា​នេះ​ផ្តោត​លើ​បញ្ហា​ពាណិជ្ជកម្ម​ និង​វិនិយោគ​ រួម​ទាំង​បញ្ហា​នៅ​ពីក្រោយ​ព្រំដែន​ ដែល​ជះឥទ្ធិពល​ដល់​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​បរទេស​រវាង​ប្រទេស​កម្ពុជា​ និង​ EAEU​។

    ការសិក្សា​ផ្តោត​ទៅលើ​វិស័យ​សំ​ខាន់​ៗមួយចំនួន​ ដូចជា​ថាមពល​ផលិតកម្ម​(កាត់ដេរ​ និង​វាយនភណ្ឌ​)កសិកម្ម​ ទេសចរណ៍​ អាកាសចរណ៍​ ទូរគមនាគមន៍​ និង​ភ័ស្តុភារ​។ វា​ក៏បាន​កំណត់​វិស័យ​សំ​ខាន់​ៗដែល​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ និង​រួមបញ្ចូល​ទាំង​អនុសាសន៍​គោលនយោបាយ​ ដើម្បី​ជួយ​រដ្ឋាភិបាល​ឱ្យ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។

    សូម​បញ្ជាក់​ថា​ កាលពី​ខែមុន​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ និង​សម​ភាគី​រុស្ស៊ី​ លោក​ ឌី​មី​ទ្រី​មេដ​វេ​ដេវ​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​ និង​វិនិយោគ​អាស៊ាន​ នៅ​ប្រទេស​ថៃ​ និង​បាន​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ EAEU​ នេះ​។

    សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ (Eurasian​ Economic​ Union​ ឬ EAEU​) ជា​អង្គការ​អន្តរ​ ជាតិ​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ក្នុង​តំបន់​ គឺជា​ទីផ្សារ​មួយ​ដ៏​ធំ​គ្របដណ្ដប់​ប៉ែក​ខាង​ អឺរ៉ុប​ខាង​កើត​ ដោយមាន​សមាជិក​ចំនួន​ 5ប្រទេស​គឺ​ អា​មេ​នី​(Armenia​) បេ​ឡា​រុស​(Belarus​) កា​ ហ្សា​ក់​ស្ថាន​ (Kazakhstan​) កៀហ្ស៊ី​ស្ថាន​ (Kyrgyzstan​) និង​រុស្ស៊ី​(Russia​)ដែល​មាន​ប្រជាជន​ សរុប​ចំនួន​ 183លាន​នាក់​និង​ផលិតផល​ក្នុង​ស្រុក​សរុប​ 5ទ្រី​លាន​ដុល្លារ​អាមេរិក​។

    នៅក្នុង​សុន្ទរកថា​របស់​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​បញ្ជាក់​ថា​ តាមរយៈ​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ នឹងអាច​ឱ្យ​ភាគី​ទាំង2​ បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​លើ​ទំនិញ​ សេវា​ និង​ការ​វិនិយោគ​។

    ការសិក្សា​នេះ​បាន​បង្ហាញ​ពី​ផល​ជា​វិជ្ជមាន​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ និង​អនុញ្ញាត​ឱ្យ​កម្ពុជា​ទាញ​យក​ផលប្រយោជន៍​បន្ថែម​តាមរយៈ​ការចូលរួម​នៅក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​ក្នុង​តំបន់​ និង​ពិភពលោក​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​បាន​បញ្ជាក់​ថា​៖ “ការសិក្សា​ក៏បាន​បង្ហាញ​ពីសា​រៈសំ​ខាន់​នៃ​ការបង្កើត​ច្រក​ទីផ្សារ​នាំចេញ​ (Market​ Access​) និង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​លើ​ការ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​ និង​រចនាសម្ព័ន្ធ​ទីផ្សារ​ ព្រមទាំង​ចង្អុលបង្ហាញ​បន្ថែម​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នឹង​នាំ​ឱ្យ​មានការ​រីកចម្រើន​ក្នុង​វិស័យ​ផលិតកម្ម​ ពង្រីក​សេវាកម្ម​ និង​ការ​អភិវឌ្ឍ​សេវាកម្ម​ថ្មី​។ ជាមួយគ្នា​នោះ​ដែរ​ ការសិក្សា​ក៏បាន​បង្ហាញថា​ ការពង្រីក​សេវាកម្ម​ ហិរញ្ញវត្ថុ​ ការ​ដឹកជញ្ជូន​ សេដ្ឋកិច្ច​ឌីជីថល​ និង​សេវាកម្ម​កសិកម្ម​ ត្រូវ​បាន​គូសបញ្ជាក់​ថា​ ជា​វិស័យ​ដ៏​សំខាន់​ ដែល​ចូលរួម​ជួយ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​”។

    ឯកឧត្តម​ បាន​បញ្ជាក់​បន្ថែម​ថា​៖ “កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី​ (Cambodia​-Eurasian​ Economic​ Union​FTA​-CEFTA​) បាន​បង្ហាញ​ពី​កាលានុវត្ត​ភាព​ឈ្នះ​ឈ្នះ​សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​ពិភពលោក​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​ បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​កណ្តាល​ និង​ជាមួយ​ប្រទេស​រុស្ស៊ី​”។

    តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្កើន​ឱកាស​ក្នុង​ការ​ ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទៅវិញទៅមក​ ជាពិសេស​កម្ពុជា​អាច​បង្កើន​ការនាំចេញ​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​ ផលិតផល​កសិកម្ម​ និង​ទំនិញ​ដទៃទៀត​ ខណៈ​ដែល​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ ក៏អាច​ជ្រៀតចូល​ទីផ្សារ​កម្ពុជា​កាន់តែ​ទូលំទូលាយ​ជាង​មុន​ដែរ​ ជាពិសេស​លើ​វិស័យ​ថាមពល​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​បញ្ជាក់​ទៀត​ថា​ អនុលោម​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ នីតិកាល​ទី6​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ផ្តោត​លើ​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ដៃគូ​ ក្រសួង​ពាណិជ្ជកម្ម​បាន​និង​កំពុង​សិក្សា​លើ​លទ្ធភាព​ចរចា​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​ និង​ប្រទេស​កូរ៉េ​ផង​ដែរ​។

    លទ្ធផល​នៃ​ការសិក្សា​នេះ​ បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​រួមគ្នា​ លើ​កិច្ច​ ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​នាំ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ មានការ​កើនឡើង​ បង្កើន​ការងារ​ សម្រាប់​ប្រជាជន​ ឈាន​ទៅ​សម្រេច​បាន​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​៕

  • រដ្ឋមន្ត្រី​ទេសចរណ៍​ជំរុញ​ការ​ភ្ជាប់​ជើងហោះហើរ​បន្ថែម​ពី​ខេត្ត​ទីក្រុង​របស់​ជប៉ុន​មកកាន់​កម្ពុជា​

    រដ្ឋមន្ត្រី​ទេសចរណ៍​ជំរុញ​ការ​ភ្ជាប់​ជើងហោះហើរ​បន្ថែម​ពី​ខេត្ត​ទីក្រុង​របស់​ជប៉ុន​មកកាន់​កម្ពុជា​

    ក្នុង​ពិធី​បើក​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​(Japan​ Travel​ Fair​) លើក​ទី3​កាលពីដើម​ខែធ្នូ​ ឆ្នាំ​ 2019​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ជំរុញ​ឱ្យ​វិនិយោគិន​បង្កើត​ការហោះហើរ​ត្រង់​ និង​ការ​តភ្ជាប់​ជើងហោះហើរ​បន្ថែម​ពី​ខេត្ត​ និង​ទី​ក្រុង​ផ្សេង​ៗទៀត​របស់​ជប៉ុន​មកកាន់​រាជធានី​ភ្នំពេញ​ព្រមទាំង​ខេត្តសៀមរាប​ ដែល​ជា​ទីតាំង​នៃ​ប្រាសាទអង្គរវត្ត​ និង​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​នៃ​ប្រទេស​ទាំង2​ និង​ភ្ញៀវ​នៃ​ប្រទេស​ទី3​ បន្ថែម​ទៀត​។

    ការ​លើកឡើង​យ៉ាង​ដូច្នេះ​របស់​ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ គឺ​ដោយ​ហេតុ​ថា​ ភ្ញៀវ​ទេសចរ​ជប៉ុន​នៅតែ​ជា​ប្រភព​ទីផ្សារ​មួយ​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​។ ឧទាហរណ៍​ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ចំនួន​ភ្ញៀវ​ទេសចរ​ជប៉ុន​នៅ​កម្ពុជា​បាន​ឈរ​នៅ​លំដាប់​លេខ7​ ក្នុងចំណោម​ទីផ្សារ​ភ្ញៀវ​ទេសចរ​សំ​ខាន់​ៗទាំង10​ របស់​ប្រទេស​កម្ពុជា​។

    ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​មាន​ប្រសាសន៍​ថា​៖“ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ប្រចាំថ្ងៃ​ តូក្យូ​-ភ្នំពេញ​-តូក្យូ​ដោយក្រុម​ហ៊ុន​អាកាសចរណ៍​ All​Nippon​ Airways​ (ANA​) បាន​ដំណើរការ​ប្រកបដោយ​ជោគជ័យ​អស់​រយៈពេល​ប្រមាណ​ 3ឆ្នាំ​កន្លងមក​នេះ​ គឺ​មិន​ត្រឹមតែ​ផ្តល់​នូវ​ជម្រើស​ដ៏​ល្អ​ និង​កាន់តែ​ងាយស្រួល​សម្រាប់​ទេសចរ​ជប៉ុន​ និង​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​បាន​ចូលរួម​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​ទាំង2​ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ផង​”។

    ឆ្នាំ2018​ កម្ពុជា​ទទួល​បាន​ទេសចរ​ជប៉ុន​ជាង​ 21​ម៉ឺន​នាក់​ កើនឡើង3.5​% ក្នុងចំណោម​ទេសចរ​អន្តរជាតិ​សរុប​ជាង​ 6លាន​នាក់​។ នៅ​រយៈពេល​ 9ខែ​ នៃ​ឆ្នាំ2019​ នេះ​ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​មាន​ជាង​ 4.8លាន​នាក់​ កើនឡើង10​% ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជប៉ុន​មាន​ជិត​ 15ម៉ឺន​នាក់​ ជាមួយនឹង​កំណើន​2.8​% ធៀប​នឹង​ឆ្នាំ2018​។ ដោយឡែក​នៅ​ឆ្នាំ2018​មាន​ទេសចរ​កម្ពុជា​ប្រមាណ​ 2ម៉ឺន​នាក់​ បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ដ៏​ស្រស់​ស្អាត​នោះ​ផង​ដែរ​។

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​បន្ត​ថា​ ការសម្រេច​បាន​នូវ​កំណើន​ប្រចាំឆ្នាំ​ដ៏​ល្អ​នៃ​ការ​មកដល់​របស់​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ពិសេស​ភ្ញៀវ​ទេសចរ​ជប៉ុន​ គឺ​អាស្រ័យ​ដោយមាន​មូលដ្ឋាន​កំណត់​ជា​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដូចជា​ការអនុវត្ត​គោលនយោបាយ​បើកចំហ​ជើង​មេឃ​ និង​ការសម្រួល​ការ​ធ្វើដំណើរ​រវាង​ប្រភព​ទីផ្សារ​សំ​ខាន់​ៗ ពិសេស​រវាង​កម្ពុជា​-ជប៉ុន​ ដូចជា​ការ​ផ្តល់​ទិដ្ឋាការ​នៅពេល​មកដល់​ (On​ Arrival​) ទិដ្ឋាការ​អេឡិចត្រូនិក​ (E-Visa​) និង​ទិដ្ឋាការ​ Multiple​ Visa​ ចេញ​-ចូល​ច្រើនដង​សម្រាប់​រយៈពេល​ 1ឆ្នាំ​ 2ឆ្នាំ​ និង​3ឆ្នាំ​ (ចាប់​អនុវត្ត​តាំងពី2013​)។

    ខណៈ​ដែល​នៅ​ឆ្នាំ2019​ នេះ​ គឺជា​ខួប​លើក​ទី​66​ នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ព្រះរាជាណាចក្រ​ជប៉ុន​ ការរៀបចំ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​លើក​ទី3​ នេះ​ គឺ​មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​ និង​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា​និង​ជប៉ុន​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​បាន​ឆ្លុះបញ្ចាំង​នូវ​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ជា​មិត្ត​ទាំង2​ ដែល​មាន​ប្រវត្តិ​ទំនាក់ទំនង​ល្អ​នឹងគ្នា​ដ៏​យូរលង់​មក​ហើយ​ និង​បន្តម​កទល់​បច្ចុប្បន្ន​នេះ​លើ​គ្រប់​វិស័យ​ ក្នុងនាម​ជា​ដៃគូ​ផ្លាស់​ប្តូរ​ខាង​ផ្នែក​វប្បធម៌​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​។ល។

    ទន្ទឹម​នឹង​នេះ​ ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​បញ្ជាក់​ថា​ កម្ពុជា​ក៏បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ការគ្រប់គ្រង​ និង​អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​ដែល​មានស្រាប់​ តាមរយៈ​ការរៀបចំ​ផែនការមេ​នៅ​តំបន់​ប៉ូល​ទេសចរណ៍​សំ​ខាន់​ៗ ដូចជា​សៀមរាប​-អង្គរ​ តំបន់ឆ្នេរ​ សមុទ្រ​ខេត្ត​កែប​ និង​តំបន់​អេកូ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​រួម​ជាមួយនឹង​ការ​កៀរគរ​ឱ្យ​មានការ​វិនិយោគ​លើ​ការបង្កើត​ផលិតផល​ និង​សេវាកម្ម​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ ពិសេស​គម្រោង​បង្កើត​ឱ្យ​មាន​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ ដែល​ក្នុង​នោះ​មានការ​អភិវឌ្ឍ​ “ទេសចរណ៍​ផ្ទះ​ទី2​” (Second​ Home​ Tourism​) ទេសចរណ៍​វ័យ​ចំណាស់​ សហគមន៍​ទេសចរណ៍​ ផ្ទះ​ស្នាក់​ទេសចរណ៍​។ល។

    ឯកឧត្តម​បណ្ឌិត​ជឿជាក់​យ៉ាង​មុតមាំ​ថា​ តាមរយៈ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​លើក​ទី3​ នេះ​ កម្ពុជា​-ជប៉ុន​នឹងអាច​ផ្សព្វផ្សាយ​បាន​កាន់តែ​ទូលំទូលាយ​អំ​ពី​សក្តា​នុ​ពល​ទេសចរណ៍​ ក៏ដូចជា​វប្បធម៌​ ប្រពៃណី​របស់​ជប៉ុន​ ហើយក៏​ជា​ការចូលរួម​ដល់​ការ​ពង្រឹង​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​ ពាណិជ្ជកម្ម​ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​គ្នា​ទៅវិញទៅមក​ រវាង​កម្ពុជា​-ជប៉ុន​ ពិសេស​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ជាអាទិភាព​យ៉ាង​សំខាន់​នៃ​ប្រភព​ទីផ្សារ​កម្ពុជា​ សម្រាប់​វិស័យ​ទេសចរណ៍​ជប៉ុន​ ហើយ​ជាពិសេស​ក៏​ជំរុញ​លំហូរ​ទេសចរ​កម្ពុជា​ ទៅ​ប្រទេស​ជប៉ុន​កាន់តែ​ច្រើន​ផង​ដែរ​។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“នៅពេល​ដែល​ភ្ញៀវ​ទេសចរ​ជប៉ុន​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ យើង​ត្រូវ​បង្កើន​ការយល់​ដឹង​អំពី​ទីផ្សារ​ទេស​-ចរណ៍​ជប៉ុន​ និង​រៀន​បំពេញចិត្ត​ភ្ញៀវ​ទេសចរ​ ជប៉ុន​ព្រោះ​ទេសចរ​ជប៉ុន​ចូលចិត្ត​តំបន់​វប្បធម៌​ កន្លែង​បៃតង​ និង​សង្គម​ដែល​មាន​សណ្តាប់​ធ្នាប់​”។

    នៅក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ក៏បាន​បង្ហាញ​ការ​កោតស្ញប់ស្ញែង​យ៉ាង​ដូច្នេះ​ថា​៖ “ខ្ញុំ​បាន​មក​ប្រទេស​កម្ពុជា​ក្នុងនាម​ជាឯក​អគ្គរាជទូត​កាលពី​ថ្ងៃទី1​ ខែកញ្ញា​ ឆ្នាំ2019​ ហើយ​ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ 17ឆ្នាំមុន​ ប៉ុន្តែ​ទេសភាព​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​គឺ​ខុសគ្នា​ឆ្ងាយ​កាលពី​ពេលនោះ​ ហើយ​ខ្ញុំ​មានការ​ស្ងប់​ស្ញែង​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​គួរ​ឱ្យ​កត់សម្គាល់​របស់​ប្រទេស​កម្ពុជា​”។

    ឯកឧត្ដម​ មិ​កាមិ​ ម៉ាស្សា​ហ៊ី​រ៉ូ​ ឯកអគ្គ​រាជទូត​ជប៉ុន​បាន​បន្ត​ថា​ ក្រោម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នេះ​ ប្រជាជន​កម្ពុជា​បាន​និង​កំពុង​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​កាន់តែ​ច្រើនជាង​ពេលមុន​។ ដូចដែល​អ្នក​បានដឹង​ហើយ​ថា​ ប្រទេស​ជប៉ុន​មាន​ 4រដូវ​ គឺ​និទាឃរដូវ​ រដូវក្ដៅ​ រដូវ​ស្លឹកឈើ​ជ្រុះ​ និង​រដូវ​រងា​រ។ ជាពិសេស​ ប្រជាជន​កម្ពុជា​ជាច្រើន​បាន​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​ក្នុង​រដូវ​ផ្កា​សាគូ​រ៉ា​រីក​។ឯកឧត្ដម​ ឯកអគ្គ​រាជទូត​ បាន​បញ្ជាក់​ថា​ កាលពី​ខែមីនា​ និង​មេសា​ឆ្នាំនេះ​ ដែល​ជារ​ដូវ​ផ្កា​សាគូ​រ៉ា​រីក​ មាន​ប្រជាជន​កម្ពុជា​ប្រមាណ​ 8,000នាក់​ បាន​ទៅ​

    ទស្សនា​ប្រទេស​ជប៉ុន​ កើនឡើង​ចំនួន​ 36​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ​។ ក្នុង​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​ឆ្នាំនេះ​ យើង​ដាក់​តាំង​ដើមផ្កា​សាគូ​រ៉ា​ 2ដើម​ ដើម្បី​ធ្វើជា​កន្លែង​ថតរូប​សម្រាប់​អ្នកចូលរួម​ទស្សនា​ ដូច្នេះ​លោកអ្នក​អាច​ទទួលអារម្មណ៍​ល្អ​ពី​សម្រស់​ផ្កា​សាគូ​រ៉ា​របស់​ជប៉ុន​នៅ​ទីនេះ​ ហើយក៏​អាច​ទទួល​បាន​បទ​ពិសោធ​ពី​ធម្មជាតិ​ ដូចជា​៖ ស្លឹកឈើ​ចម្រុះ​ពណ៌​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ និង​ទេសភាព​ព្រិល​ក៏ដូចជា​ទីក្រុង​ប្រវត្តិសាស្ត្រ​ជា​ណា​រ៉ា​ ព្រមទាំង​វប្បធម៌​អាហារ​ជប៉ុន​ និង​សេវាកម្ម​ល្អិតល្អន់​(បដិសណ្ឋារ​កិច្ច​ល្អ​) ដែល​នឹង​មានការ​ប្រកួត​កីឡា​អូឡាំពិក​ និង​ប៉ា​រ៉ា​ឡាំ​ពិ​កលើកក្រោយ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ប្រទេស​ជប៉ុន​ជា​លើក​ទី2​ នៅ​រដូវ​ក្តៅ​ខាងមុខនេះ​។

    លោក​ លូ​ ម៉េ​ង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​ បាន​មានប្រសាសន៍​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ការហោះហើរ​របស់​ក្រុមហ៊ុន​ ANA​ រវាង​ទីក្រុង​តូក្យូ​និង​ភ្នំពេញ​ នៅតែ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើដំណើរ​ពី​ប្រទេស​មួយ​ ទៅ​ប្រទេស​មួយ​។ ក្នុង​ឆ្នាំ2016​ ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​មួយ​នេះ​ បាន​បើក​ការហោះហើរ​ត្រង់​រវាង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ណា​រី​តា​នៃ​ទីក្រុង​តូក្យូ​ និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

    លោក​មានប្រសាសន៍​ថា​៖“ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ នឹង​ផ្តល់​ភាព​វិជ្ជមាន​កាន់តែ​ច្រើន​ដល់​វិស័យ​ទេសចរណ៍​ ព្រោះ​ការហោះហើរ​ត្រង់នេះ​មិន​ត្រឹមតែ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៃ​ប្រទេស​ទាំង2​នោះ​ទេ​ តែ​វា​ថែមទាំង​អាច​នាំ​យក​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ទី3​ មក​បន្ថែម​ទៀតផង​។ ក្នុងនាម​វិស័យ​ទេសចរណ៍​ យើង​ពិតជា​ស្វាគមន៍​ខ្លាំង​ណាស់​ ព្រោះ​តាមរយៈ​នេះ​ វា​មិន​ត្រឹមតែ​អាច​ជួយ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ជប៉ុន​មក​កម្ពុជា​ប៉ុណ្ណោះទេ​ តែ​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាជន​ខ្មែរ​ដែល​ចង់​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​ឱ្យ​មាន​កំណើន​ផង​ដែរ​។បច្ចុប្បន្ន​ កម្ពុជា​មាន​សក្តា​នុ​ពល​គ្រប់គ្រាន់​ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរ​ពី​ប្រទេស​ជប៉ុន​”។

    សូម​បញ្ជាក់​ថា​ ប្រទេស​ចិន​នៅតែ​បន្ត​គ្រប​ដណ្តប់​លើ​ទីផ្សារ​ទេសចរណ៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​ច្រើនជាង​គេ​ តែ​ទោះ​យ៉ាងណា​ ក្រសួងទេសចរណ៍​បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​។ ចាប់ពី​ខែមករា​ ដល់​ខែកញ្ញា​កន្លងទៅ​ កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ 1.8លាន​នាក់​កើនឡើង​ 29,4​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    ក្រសួង​មាន​គោលបំណង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ 3លាន​នាក់​នៅ​ឆ្នាំ2020​ ចំនួន​ 5លាន​នាក់​នៅ​ឆ្នាំ​2025​ និង​ 8លាន​នាក់​នៅ​ឆ្នាំ2030​។

    ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា​ ប៉ុន្តែ​នេះ​មិន​មែនមាន​ន័យ​ថា​ យើង​ផ្តោត​តែ​ភ្ញៀវ​ទេសចរ​ចិន​នោះ​ទេ​ យើង​ក៏​ផ្តោត​លើ​ជនជាតិ​ជប៉ុន​ កូរ៉េ​ និង​អ្នកដទៃ​ទៀត​ដែរ​។

    ក្រសួងទេសចរណ៍​រំពឹង​ថា​ យ៉ាងហោចណាស់​ នឹង​មាន​ភ្ញៀវ​ទេសចរ​ជប៉ុន​ចំនួន​ 230,000នាក់​មក​ទស្សនា​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ​។ គោលដៅ​របស់ក្រ​សួង​ គឺ​ដើម្បី​ទាក់ទាញ​ទេសចរ​ជប៉ុន​ឱ្យ​បាន​ជាង30ម៉ឺន​នាក់​ក្នុង​ 1ឆ្នាំ​ ត្រឹម​ឆ្នាំ2020​៕

  • សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ចុះហត្ថលេខា​បង្កើត​ធនាគារ​ SME​ ដែល​មាន​ដើមទុន100លាន​ដុល្លារ​អាមេរិក​

    សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ចុះហត្ថលេខា​បង្កើត​ធនាគារ​ SME​ ដែល​មាន​ដើមទុន100លាន​ដុល្លារ​អាមេរិក​

    សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បាន​ចុះហត្ថលេខា​ទម្លាក់​ថវិកាជាតិ​ចំនួន​ 100លាន​ដុល្លារ​អាមេរិក​ដើម្បី​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​ធម្យម​ ឬ SMEs​ Bank​ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ​ និង​ជួយ​សម្រួល​ដល់​កសិករ​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​សម្តេច​មហា​អគ្គសេនាបតី​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ នៃ​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​កាលពី​ពេល​ថ្មី​ៗនេះ​។

    សម្ត​ចតេ​ជោ​បាន​មានប្រសាសន៍​ថា​៖“ការ​ចុះហត្ថលេខា​នេះ​ គឺ​ដើម្បី​លើកកម្ពស់​ជីវភាព​អ្នក​ដែល​មាន​អាជីវកម្ម​ធុន​តូច​ និង​ធម្យម​ ជាពិសេស​លើកស្ទួយ​កសិករ​កម្ពុជា​។ អ៊ីចឹង​ទេ​ យើង​ត្រូវតែ​មើល​ឱ្យ​ឃើញថា​ រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​ តែ​បណ្តាញ​វិស័យ​ឯកជន​ត្រូវតែ​ចូលរួម​ ដើម្បី​គាំទ្រ​ដល់​តម្លៃ​ស្រូវ​របស់​កសិករ​របស់​យើង​ និង​កសិផល​ដទៃទៀត​របស់​ប្រជាជន​”។

    សម្ដេច​បាន​មានប្រសាសន៍​ថា​៖“3-4ថ្ងៃនេះ​ ខ្ញុំ​ក៏បាន​ចុះហត្ថលេខា​ប្រមាណ​ 100ពាន់​លាន​រៀល​ ស្មើនឹង​ 100លាន​ដុល្លារ​អាមេរិក​ ដើម្បី​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​ជាផ្នែក​មួយ​ក្នុង​ការ​ជួយ​ដល់​សហគ្រាស​ធុន​តូន​ និង​មធ្យម​របស់​យើង​ដើម្បី​មានលទ្ធភាព​ទិញ​ស្រូវ​អង្ករ​របស់​កសិករ​”។

    សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ កាលពី​ពេល​កន្លងទៅ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ដើមទុន​បន្ថែមចំនួន​ 50លាន​ដុល្លារ​អាមេរិក​ដល់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ដើម្បី​ប្រែក្លាយ​ “ធនាគារ​អភិវឌ្ឍន៍​ជនបទ​” ទៅជា​“ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​”ដែល​មាន​ចំណាត់ថ្នាក់​ ជា​ធនាគារពាណិជ្ជ​ សម្រាប់​បម្រើ​វិស័យ​កសិកម្ម​ ជាពិសេស​ប្រើប្រាស់​សម្រាប់​រក្សា​ស្ថិរភាព​តម្លៃ​ និង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ ហើយ​ស្តុក​ទុក​ កិន​កែច្នៃ​ និង​នាំចេញ​។

    ឯកឧត្តម​ ឡាំ​ គឹម​ឡេង​ អគ្គនាយក​នៃ​អគ្គ​នា​យក​ដ្ឋាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឱ្យ​ដឹង​ថា​ មាន​ឧបសគ្គ​ 3យ៉ាង​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ (SME​)មានការ​លំបាក​ និង​ប្រឈម​ក្នុង​ការ​ទទួល​បាន​ឥណទាន​ពី​ធនាគារ​ ដើម្បី​យក​ទៅ​ពង្រីក​អាជីវកម្ម​។ ទី1​- SME​ ខ្លួនឯង​មិនទាន់​មាន​សមត្ថភាព​ទទួល​បាន​ឥណទាន​ ដោយសារ​ការគ្រប់គ្រង​មិនទាន់​មាន​លក្ខណៈ​ស្តង់​ដា​ ការរៀបចំ​បញ្ជី​របាយការណ៍​ហិរញ្ញវត្ថុ​នៅ​មានកម្រិត​ ខ្វះខាត​ទ្រព្យ​ធានា​ និង​មិន​មាន​ផែនការអាជីវកម្ម​ច្បាស់លាស់​។ ទាំងអស់​នោះ​ ដោយហេតុថា​ SME​ នៅ​មាន​លក្ខណៈ​ជា​អាជីវកម្ម​បែប​គ្រួសារ​នៅឡើយ​ ដែល​ធ្វើតាម​ទម្លាប់​តមក​ពី​ឪពុក​ម្តាយ​។ ទី2​- ធនាគារ​ មាន​លក្ខខណ្ឌ​ស្មុគស្មាញ​សម្រាប់​កំណត់​ការ​ផ្តល់​ឥណទាន​ ដោយ​ត្រូវ​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់លាស់​។ ចំពោះ​អត្រា​ការប្រាក់​វិញ​ អាច​មានកម្រិត​ខ្ពស់​ និង​រយៈពេល​នៃ​ការ​ស្នើសុំ​អាច​មាន​រយៈពេល​យូរ​ ដោយសារតែ​ត្រូវ​ពិនិត្យ​លើ​បច្ច័យ​ជាច្រើន​មុននឹង​ផ្តល់​ឥណទាន​ ថា​តើ​នៅពេល​ផ្តល់​ឥណទាន​ដល់​ SME​ ហើយ​ អាច​មាន​ប្រាក់​សង​ត្រឡប់​មក​ធនាគារ​វិញ​ដែរ​ឬទេ​?។ ទី3​- យន្តការ​ដើម្បី​អនុវត្តន៍​ការ​គាំទ្រ​ដល់​ SME​ នៅ​មានកម្រិត​នៅ​ឡើយ​ពីសំណាក់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ បើ​ទោះជា​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​គ្រប់គ្រាន់​រួចហើយ​ក្តី​។

    ឯកឧត្តម​ ឡាំ​ គឹម​ឡេង​ បាន​បន្ត​ថា​ នៅ​កម្ពុជា​មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន52ម៉ឺន​មូលដ្ឋាន​ (សហគ្រាស​) ចែកចេញជា​ 4ផ្នែក​៖ ទី1​- ផ្នែក​កសិកម្ម​មាន21​% នៃ​ចំនួន​សហគ្រាស​ទាំងអស់​។ ទី2​- ផ្នែក​ឧស្សាហកម្ម​ ឬកម្មន្តសាល​ មាន30​%។ ទី3​- ផ្នែក​ធុរកិច្ច​ ឬពាណិជ្ជកម្ម​ មាន43​% និង​ទី4​- ផ្នែក​សេវាកម្ម​ និង​ទេសចរណ៍​ ដែល​មាន​ប្រហែល7​%។ សហគ្រាស​ធុន​តូច​ និង​មធ្យម​នេះ​ បាន​ផ្តល់​ការងារ​ជូន​ពលរដ្ឋខ្មែរ​បាន​ចំនួន​ពី​ 70​% ទៅ​ 72​%នៃ​ការងារ​ដែល​មាននៅ​កម្ពុជា​ ដែល​ស្មើនឹង​ប្រមាណ​ពី​ 3 ទៅ​ 3.5លាន​នាក់​។

    យោង​តាម​ក្រសួង​ បញ្ហា​ប្រឈម​ធំ​ គឺ​មាន​ SME​ មក​ចុះបញ្ជី​មាន​ចំនួន​តិចតួច​ រហូតមកដល់​ពេលនេះ​មានSME​ ប្រមាណ​តែ​ 10​%ប៉ុណ្ណោះ​ដែល​បាន​មក​ចុះបញ្ជី​ត្រឹមត្រូវ​ ដែល​ប្រការ​នេះ​ វា​ធ្វើ​ឱ្យ​រដ្ឋ​ពិបាក​ក្នុង​ការគ្រប់គ្រង​ និង​មិនដឹង​ពី​ចំណុច​ខ្វះខាត​ដែល​វិស័យ​ឯកជន​កំពុង​ត្រូវការ​។

    លោក​ លី​ វិសាល​ ប្រធានប្រតិបត្តិ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ធ្លាប់​បាន​មានប្រសាសន៍​ថា​៖“បើSME​ មិន​ចុះបញ្ជី​ដូចសព្វថ្ងៃ​ អាជ្ញាធរ​ពិតជា​ពិបាក​នឹង​ដឹង​ថា​ តើ​ពួកគាត់​ត្រូវការ​ឱ្យ​រដ្ឋាភិបាល​ជួយ​លើ​ផ្នែក​ណាមួយ​នោះ​ទេ​។ ការ​ផ្តល់​កម្ចី​ អាច​ជា​ការចាំបាច់​ដើម្បី​ជួយ​ពង្រឹង​វិស័យ​SME​ នៅ​កម្ពុជា​ ដូច្នេះSME​ ទាំងអស់​ត្រូវតែ​ចុះបញ្ជី​ ដើម្បី​ធ្វើ​ឱ្យ​ការ​រកស៊ី​កាន់តែ​មាន​តម្លាភាព​ឡើង​ហើយ​រដ្ឋ​ក៏​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ផង​ដែរ​ ពិសេស​ការ​លើកកម្ពស់​ និង​ដាក់ចេញ​នូវ​គោលនយោបាយ​សម្រាប់​ជួយ​គាំទ្រ​ដល់​វិស័យ​ឯកជន​មួយ​នេះ​”។

    លោក​ឧកញ៉ា​ តែ​ តាំង​ប៉រ​ ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ (Fasmec​) បាន​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​នៅ​ទីស្នាក់ការ​គយ​ និង​រដ្ឋាករ​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​៖“ធនាគារ​SME​ នឹង​អនុញ្ញាត​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ស្រុក​បន្ថែម​ទៀត​នូវ​ការពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​។ ធនាគារ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​នឹងអាច​ពឹងពាក់​បាន​នៅ​ចុងឆ្នាំ​នេះ​ ជា​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ ក្នុង​ការ​លើកកម្ពស់​ការ​ទទួល​បាន​មូលនិធិ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ក្នុង​ស្រុក​។

    សូម​រំឭក​ដែរ​ថា​ ក្រោម​ការ​ចង្អុលបង្ហាញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ​ ហ៊ុន​ សែន​បាន​សម្រេច​ផ្តល់​ថវិកា​ចំនួន​ 100លាន​ដុល្លារ​អាមេរិក​សម្រាប់​ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​(ធ.ស.ក​)ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ SME​ សំដៅ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន។

    ជា​រួម​ មកទល់​ពេលនេះ​ ការសិក្សា​អំពី​លទ្ធភាព​ក្នុង​ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ ព្រមទាំង​ការរៀបចំ​ផែនការអាជីវកម្ម​ និង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ធនាគារ​ ដើម្បី​ឈាន​ដល់​ការបង្កើត​ធ.ស.ក.នេះ​ ត្រូវ​បាន​និង​កំពុង​រៀបចំ​បញ្ចប់​ស្ទើរ​ទាំងស្រុង​ហើយ​ ដោយ​ធនាគារ​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ចាប់​ដំណើរការ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ ដោយសារ​ការ​ចុះហត្ថលេខា​ទម្លាក់​ថវិកាជាតិ​ប្រមាណ​ 100លាន​ដុល្លារ​អាមេរិក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​៕

  • ញាក់សាច់!! អាពាហ៍ពិពាហ៍ តារាសម្ដែង ណាត់ បូរី ហ៊ឺហាអលង្ការមិនចាញ់អ្នកភ្នំពេញ

    ញាក់សាច់!! អាពាហ៍ពិពាហ៍ តារាសម្ដែង ណាត់ បូរី ហ៊ឺហាអលង្ការមិនចាញ់អ្នកភ្នំពេញ

    ពិធីមង្គលការតារាសម្ដែងលោក ណាត់ បូរី បានចាប់ផ្ដើមហើយនាព្រឹកមិញនេះក្រោមវត្តមានឯកឧត្ដមលោកជំទាវ និងភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈមកចូលរួមយ៉ាងច្រើនកុះករធ្វើឲ្យផ្អើលព្រំដែនកម្ពុជាវៀតណាមតែម្ដង។

    ថ្លែងក្នុងពិធីមង្គលការលោក ណាត់ បូរី បានឲ្យដឹងថា ខ្លួននិងភរិយាពិតជារំភើបចិត្តខ្លាំងណាស់នៅពេលដែលឃើញវត្តមានឯកឧត្ដមលោកជំទាវ ផលិតករ និងអ្នកសិល្បៈបានផ្ដល់ជាកិត្តិយសចូលរួមក្នុងថ្ងៃជ័យមង្គលរបស់លោក ឡើងច្រើនកុះករបែបនេះ។ ក្នុងនាមលោក ជាកូនកំលោះគ្មានពាក្យអ្វីក្រៅពីថ្លែងអំណរគុណដល់ពុកម៉ែបងប្អូននោះទេ។

    ពិធីដ៏ឱឡារិកនេះដែរ ណាត់ បូរី និងកូនក្រមុំបានគ្រងសម្លៀកបំពាក់ខ្មែរយ៉ាងស្រស់ស្អាតមើលទៅមិនខុសពីព្រះរាជបុត្រ និងព្រះនាងនោះទេ។ បន្ថែមពីនេះទៀតសោតកន្លែងមង្គលការទាំងមូលបានតុបតែងផ្កាភ្ញីយ៉ាងស្រស់ស្អាតដោយចំណាយថវិកាអស់៣ម៉ឺនដុល្លារអាមេរិកមិនចាញ់មង្គលការនៅកោះពេជ្រល្មមៗសុំខ្មាសហើយ។

    ក្នុងពិធីហែរជំនូនមង្គលការតារាសម្ដែងលោក ណាត់ បូរី កាលពីព្រឹកមិញនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសលោក ហ្វៃសំអាង ផងដែរ។

    មង្គលការតារាសម្ដែង ណាត់ បូរី នឹងជួបជុំភ្ញៀវកិត្តិយសទាំងក្នុងនិងក្រៅសិល្បៈនៅវេលាម៉ោង៥ កន្លះស្ថិតនៅភូមិ ពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ទល់មុខថ្លឹងឡានជីកុ។ ក្នុងនោះលោក បានអញ្ជើញភ្ញៀវកិត្តិយសទាំងក្នុងនិងក្រៅសិល្បៈឲ្យចូលរួមប្រមាណជា១៤០ តុ៕

  • សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ2019​ មាន​កំណើន​ 7% ជាមួយនឹង​អត្រា​អតិផរណា​ ត្រឹមតែ​ 2.5​%

    សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ2019​ មាន​កំណើន​ 7% ជាមួយនឹង​អត្រា​អតិផរណា​ ត្រឹមតែ​ 2.5​%

    សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ2019​ មាន​កំណើន​ 7% ជាមួយនឹង​អត្រា​ អតិផរណា​ត្រឹមតែ​ 2.5​%ប៉ុណ្ណោះ​ ដែល​នេះ​គឺជា​សេដ្ឋកិច្ច​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ក្នុង​ឱកាស​សម្តេច​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ CUS​ កាលពី​ថ្ងៃពុធ​ ទី11​ ខែធ្នូ​នេះ​ នៅ​មជ្ឈមណ្ឌល​ និង​សន្និបាត​កោះ​ពេជ្រ​។

    សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖“បើ​និយាយ​ពី​ទំហំ​សេដ្ឋកិច្ច​ឆ្នាំ2019​ ទំហំ​សេដ្ឋកិច្ច​របស់​យើង​មានត្រឹមតែ​ 24ពាន់​លាន​ដុល្លារ​អាមេរិក​ ដូច្នេះ​ប្រជាពលរដ្ឋ​របស់​យើង​ទទួល​បាន​ត្រឹមតែ​ជាង​ 1,600ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​ម្នាក់​។ ប៉ុន្តែ​ទំហំ​សេដ្ឋកិច្ច​ក្នុង​ពេល​ដែល​ថវិកាជាតិ​ត្រូវ​បាន​អនុម័ត​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2020​ ទំហំ​សេដ្ឋកិច្ច​របស់​យើង​នឹង​ឡើង​ដល់​ជិត​ 30ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ប្រជាពលរដ្ឋ​ម្នា​ក់ៗ​នឹង​ទទួល​បាន​លើស​ 1,800ដុល្លារ​អាមេរិក​”។

    សម្ដេច​តេជោ​ នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បន្ត​ថា​៖ “បើ​និយាយ​ពី​ចំណូល​ចរន្ត​វិញ​ ខ្ញុំ​អាច​និយាយ​ដោយ​មោទនភាព​ថា​កំណែទម្រង់​ដែល​យើង​បាន​ធ្វើ​ ទទួល​បាន​ផល​ល្អ​ណាស់​ នៅត្រង់​ថា​ ទី1​ ឆ្នាំនេះ​ចំណូល​គយ​ក្នុង​ច្បាប់​ថវិកា​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​2019​ ផែនការ​ចំណូល​គយ​ត្រូវ​រក​ឱ្យ​បាន​2,260លាន​ដុល្លារ​អាមេរិក​ ប៉ុន្តែ​មកដល់​ថ្ងៃទី9​ ខែធ្នូ​ ឆ្នាំ2019​ យើង​រកបាន​រហូត​ទៅ​ដល់​ 3,013លាន​ដុល្លារ​អាមេរិក​ បាន​សេចក្ដី​ថា​ លើស​ផែនការ​ចំនួន​ 758លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ 33.5​% រួចស្រេច​ទៅ​ហើយ​។ បើ​តាម​ការ​ប៉ាន់ស្មាន​ចំណូល​គយ​ អាច​លើស​ផែនការ​ជាង​ 800លាន​ដុល្លារ​អាមេរិក​”។

    សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បន្ត​ទៀត​ថា​៖“ទី2​ សម្រាប់​ចំណូល​ខាង​ផ្នែក​ពន្ធដារ​វិញ​ គឺ​ត្រូវ​រក​ឱ្យ​បាន​ 2,288លាន​ដុល្លារ​នៃ​ច្បាប់​ថវិកា2019​ ប៉ុន្តែ​ឥឡូវនេះ​ រកចំណូល​បាន​ 2,634​ លាន​ដុល្លារ​រួច​ស្រេច​ទៅ​ហើយ​ ដែល​លើស​ការ​គ្រោងទុក​ 345លាន​ដុល្លារ​។ អ៊ីចឹង​ទាំង​ 2ផ្នែក​នេះ​ ត្រូវ​រកចំណូល​សរុប​ឱ្យ​បាន​ 4,548​ លាន​ដុល្លារ​ក្នុង​ច្បាប់​ថវិកា​ ក៏ប៉ុន្តែ​មក​ដល់ពេល​នេះ​ យើង​រកបាន​ 5,647លាន​ដុល្លារ​។ យើង​បាន​លើស​ផែនការ​ រួចស្រេច​ទៅ​ហើយ​ លើស​ 1,103​លាន​ដុល្លារ​ នៅសល់1ខែ​ចុងក្រោយ​នេះ​ ថវិកា​ដែល​យើង​ទទួល​បាន​លើស​ផែនការ​ ប្រមាណ​ជាង​ 1,300​លាន​ដុល្លារ​។ នេះ​ជា​ចំណូល​សារពើពន្ធ​ ឯចំណូល​មិនមែន​សារពើពន្ធ​ គឺ​មិនទាន់​បាន​យក​មក​គិត​នោះ​ទេ​”។

    សម្រាប់​ចំណូល​ពន្ធគយ​ សម្តេច​តេជោ​ ហ៊ុន​ សែន​បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ2019​ នេះ​ ចំណូល​ពន្ធគយ​ដែល​បាន​មក​ពី​ការនាំចូល​រថយន្ត​ និង​ម៉ូតូ​ មាន​រហូតដល់​52​% ដោយសារ​ស្ថានភាព​ជីវភាព​ របស់​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ ពួកគាត់​មានលទ្ធភាព​ទិញ​មធ្យោបាយ​ធ្វើដំណើរ​កាន់តែ​ច្រើន​។ សម្តេច​តេជោ​ ក៏បាន​សំណូមពរ​ដល់​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​ទាំងឡាយ​ ត្រូវតែ​នាំគ្នា​ចូលរួម​បង់ពន្ធ​ជូន​រដ្ឋ​ ហើយ​ប្រាក់​ដែល​បាន​ពី​ការ​បង់ពន្ធ​នេះ​ គឺ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​ផ្លូវ​ និង​សាងសង់​មន្ទីរពេទ្យ​ ជាដើម​។

    សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​បញ្ជាក់​ទៀត​ថា​ ក្រៅពី​នេះ​យើង​មាន​ថវិកា​សម្រាប់​ចាយ​ភ្លាម​ៗចំនួន​ប្រមាណ​ 3,500លាន​ដុល្លារ​ ដោយ​មិនបាន​គិត​អំពី​ទុនបម្រុង​អន្តរជាតិ​ប្រមាណ​ជា​ 15ពាន់​លាន​ដុល្លារ​ ជាមួយនឹង​មាស​ 30តោន​នោះ​ទេ​។ នេះ​ហើយ​ជា​យន្តការ​ នៃ​ការគ្រប់គ្រង​ថវិកា​ តាមរយៈ​អគ្គបញ្ជាការ​តែមួយ​ និង​អគ្គសេនាធិការ​តែមួយ​ ដែល​អគ្គបញ្ជាការ​តែមួយ​ គឺ​នាយក​រដ្ឋមន្ត្រី​ និង​អគ្គសេនាធិការ​តែមួយ​ គឺ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិញ្ញវត្ថុ​ ដែល​គ្រប់គ្រង​ហ្មត់ចត់​។

    ជាមួយគ្នា​នេះ​ សម្តេច​ក៏បាន​ថ្លែង​ទៀត​ដែរ​ថា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ស្ថិត​ក្នុង​លំដាប់​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ាន​សម្រាប់​ឆ្នាំ2018​ ហើយ​ឆ្នាំ2019​ នេះ​ ក៏​នៅតែ​បន្ត​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ​ ដោយឡែក​សម្រាប់​ឆ្នាំ2020​ ខាងមុខ​នេះ​ ចំណូល​ប្រចាំឆ្នាំ​សម្រាប់​ប្រជាពលរដ្ឋ​ម្នា​ក់ៗ​ នឹង​កើន​ដល់​ជាង​ 1,800ដុល្លារ​។

    សម្ដេច​តេជោ​ បាន​ថ្លែង​ថា​ តាម​ការវាយតម្លៃ​ កាលពី​ចុងខែ​វិច្ឆិកា​កន្លងមក​ ដោយក្រុម​ប្រឹក្សា​ធនាគារជាតិ​កម្ពុជា​ និង​អ្នកឯកទេស​បរទេស​បានឱ្យ​ដឹង​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ2019​ អាច​ឆ្លុះបញ្ចាំង​បាន​ថា​ មាន​ចំនួន7,1​% ជាមួយនឹង​អត្រា​អតិផរណា​ត្រឹមតែ​ 2.5​%តែប៉ុណ្ណោះ​។ នេះ​ជា​រឿង​ដែល​មាន​សារៈសំខាន់​មួយ​សម្រាប់​កម្ពុជា​យើង​៕

  • ហេតុអ្វី​គួរ​បង្កើត​បណ្ណាល័យ​នៅក្នុង​ផ្ទះ​?

    ហេតុអ្វី​គួរ​បង្កើត​បណ្ណាល័យ​នៅក្នុង​ផ្ទះ​?

    ការ​អាន​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​វិធីសាស្ត្រ​ប្រកប​ដោយសក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​មនុស្ស​លើ​ពិភពលោក​ ព្រោះ​មិនថា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ឬអភិវឌ្ឍន៍​ហើយ​នោះ​ទេ​ បច្ចុប្បន្ន​នេះ​គេ​តែងតែ​ជំរុញ​គ្រប់​លទ្ធភាព​ដើម្បី​ឱ្យ​មនុស្ស​ស្រឡាញ់​ការ​អាន​ឱ្យ​បាន​ច្រើន​។ នៅក្នុង​ប្រទេស​មួយចំនួន​ ជាពិសេស​បស្ចិមប្រទេស​ គេ​និយម​ដាក់​បណ្ណាល័យ​នៅក្នុង​បន្ទប់​ទទួលភ្ញៀវ​ ឬយ៉ាងហោចណាស់​ក៏​មាន​បណ្ណាល័យ​តូច​មួយ​នៅក្នុង​ផ្ទះ​ដើម្បី​ប្រើប្រាស់​ក្នុង​គ្រួសារ​ដែរ​ ខណៈ​នៅ​ប្រទេស​កម្ពុជា​ និង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ មិន​ទាន់​សម្បូ​អ្នកបង្កើត​បណ្ណាល័យ​នៅក្នុង​ផ្ទះនៅ​ឡើយ​។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​ ប៊ួយ​ សុធន​ ស្ថាបនិក​ហាង​លក់​សៀវភៅ​ My​ Book​ Shop​ បាន​លើកឡើង​ថា​ មនុស្ស​គ្រប់រូប​សុទ្ធតែ​ដឹង​ហើយ​ថា​ ពិភពលោក​ទាំងមូល​មានការ​ផ្លាស់​ប្តូរ​ និង​រីកចម្រើន​លឿន​ខ្លាំង​ណាស់​ រួម​ទាំង​សង្គម​កម្ពុជា​ផង​ដែរ​។ បច្ចុប្បន្ន​នេះ​ យើង​កំពុង​ឈានជើង​ចូល​ជា​បណ្តើរ​ៗទៅ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ដូច្នេះ​ទាមទារ​ឱ្យ​យើង​ព្យាយាម​រិះរក​មធ្យោបាយ​នានា​ ជាពិសេស​ការ​សិក្សា​រៀនសូត្រ​ដើម្បី​ទៅ​ឱ្យ​ឆ្ងាយ​ ឱ្យ​ផុត​ពី​អ្វី​ដែល​មនុស្សយន្ត​ ឬបច្ចេកវិទ្យា​អាច​ធ្វើ​ជំនួស​មនុស្ស​បាន​ នោះ​គឺ​ការប្រើ​ប្រាស់​បញ្ញា​ គំនិត​ ស្មារតី​ និង​ការស្រមើស្រមៃ​ដែល​គ្មាន​ដែន​កំណត់​របស់​យើង​។

    ចំណុច​នេះ​ អ្នកជំនាញ​អភិវឌ្ឍន៍​សង្គម​លើ​ពិភពលោក​បាន​ឯក​ភាព​ដូច​ៗគ្នា​។ ការងារ​ដែល​ដំណើរ​ការ​ដដែល​ៗ វិលចុះវិលឡើង​ នឹង​ត្រូវ​ជំនួស​ដោយ​បច្ចេកវិទ្យា​។ ហេតុនេះ​ ការបង្កើត​ទម្លាប់​អាន​សៀវភៅ​ គឺជា​រឿង​ចាំបាច់​ ហើយ​ប្រសិនបើ​អាច​មានការ​រៀបចំ​បណ្ណាល័យ​តូច​ ឬធ្នើរ​ទូ​ដាក់សៀវភៅ​សមរម្យ​មួយ​នៅក្នុង​ផ្ទះ​ផង​នោះ​ គឺជា​រឿង​ប្រពៃ​ណាស់​សម្រាប់​អនាគត​វែងឆ្ងាយ​របស់​គ្រួសារ​យើង​ ហើយ​ការ​បណ្តុះ​ទម្លាប់​និស្ស័យ​អាន​ពីក្មេង​មក​ គឺជា​កត្តា​ចាំបាច់​បំផុត​មួយ​។

    លោក​ ប៊ួយ​ សុធន​ បាន​និយាយ​ថា​៖ «ប្រសិន​បើ​មាន​បណ្ណាល័យ​ និង​មានទម្លាប់​ល្អ​ក្នុង​ការ​អាន​ក្នុង​ផ្ទះ​ ក្មេង​ៗនឹង​មាន​សមត្ថភាព​លើ​ការរៀនសូត្រ​ពេញ​មួយ​ជីវិត​ ព្រមទាំង​មិន​ខ្វះ​ការងារ​ធ្វើ​នោះ​ទេ​នៅពេល​ពួកគេ​ធំ​ពេញវ័យ​ឡើង​»។

    លោក​សុធន​ បាន​បន្ថែម​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ ថ្វី​ដ្បិតតែ​បច្ចេកវិទ្យា​អាច​ធ្វើ​ឱ្យ​យើង​អាន​បែប​ ebook​ ឬ free​ pdf​ ក៏ដោយ​ ក៏ប៉ុន្តែ​វា​នៅតែ​មានគុណ​សម្បត្តិ​ និង​គុណវិបត្តិ​របស់​វា​ ដែល​នៅតែ​ទាមទារ​ឱ្យ​យើង​គួរ​មានកូន​បណ្ណាល័យ​តូច​មួយ​នៅក្នុង​ផ្ទះ​។ នៅ​កម្ពុជា​ ការប្រើ​ប្រាស់​ ebook​ នៅ​មិនទាន់​សម្បូរ​បែប​ និង​មាន​ចំនួន​អ្នកចេះ​ប្រើ​តិច​នៅឡើយ​ ហើយ​ការ​អាន​តាម​អ៊ី​នធើ​ណិ​ត ឬ Ebook​ ច្រើនតែ​ជា​ចំណេះដឹង​ ឬព័ត៌មាន​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់​ ដែល​ទាមទារ​ឱ្យ​អ្នកអាន​ជាច្រើន​ងាក​មក​អាន​សៀវភៅ​ដែល​បោះពុម្ព​ផ្សាយ​វិញ​។ ម្យ៉ាងវិញទៀត​សម្រាប់​ក្មេង​ៗ វា​មិនមែន​ជា​រឿង​ល្អ​ពេក​នោះ​ទេ​ ដែល​បច្ចុប្បន្ន​នេះ​យើង​កំពុង​ព្យាយាម​ឱ្យ​គាត់​នៅ​ឆ្ងាយ​ពី​បច្ចេកវិទ្យា​ ដែល​ប៉ះពាល់​ដល់​ការ​រីក​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី​របស់​គាត់​ ហើយ​ឱ្យ​គាត់​មើលសៀវភៅ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នោះ​។ ហេតុនេះ​ សៀវភៅ​បោះពុម្ព​អាច​ជា​ជម្រើស​ល្អ​បំផុត​ដែល​អាច​ធ្វើ​ឱ្យ​គាត់​បង្កើត​ទម្លាប់​ល្អ​ប្រចាំថ្ងៃ​ផង​ និង​វា​ជា​គ្រឿងលម្អ​ផ្ទះ​ផង​ ប្រសិនបើ​យើង​ចេះ​រៀបចំ​វា​ឱ្យ​មាន​របៀបរៀបរយ​ស្អាតបាត​នៅក្នុង​ផ្ទះ​។

    បន្ថែម​ពីលើ​នេះ​ ម្ចាស់​ស្ថាប័ន​ចែកចាយ​សៀវភៅ​ខាងលើ​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​នេះ​ទម្លាប់​អាន​សៀវភៅ​ ឬរៀបចំ​សៀវភៅ​នៅក្នុង​ផ្ទះ​ បាន​ចាប់ផ្តើម​កើតមាន​ច្រើន​ហើយ​ តែ​ភាគច្រើន​គ្រួសារ​ដែល​រៀបចំ​បែបនេះ​ ជាគ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ​ ឬមានការ​អប់រំ​ខ្ពស់​សមរម្យ​ឡើង​ប៉ុណ្ណោះ​ដែល​ពួកគាត់​ចាប់ផ្តើម​យល់ដឹង​ពី​គុណ​តម្លៃ​របស់​សៀវភៅ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ក៏​យើង​សង្កេត​ឃើញ​ផង​ដែរ​ថា​ គ្រួសារ​ធូរធារ​មិនទាំង​អស់​ទេ​ដែល​យល់ដឹង​ពី​សៀវភៅ​ ហើយក៏​មិនមែន​គ្រប់​គ្រួសារ​ធម្ម​តាៗ​នោះ​ដែរ​ ដែល​មិនសូវ​ផ្តល់​តម្លៃ​ទៅលើ​សៀវភៅ​ គ្រាន់តែ​គ្រួសារ​កម្រិតមធ្យម​ ឬក្រោម​មធ្យម​ ភាគច្រើន​គាត់​មិនសូវ​ផ្តោត​ខ្លាំង​លើ​ការ​អាន​តែប៉ុណ្ណោះ​។

    សម្រាប់​មនុស្ស​មួយចំនួន​ នៅពេល​និយាយ​ពី​ការទិញ​សៀវភៅ​ គាត់​តែងតែ​លើកឡើង​ថា​ជីវភាព​របស់​គាត់​មិនទាន់​ដល់ពេល​ត្រូវ​ចំណាយ​លើ​ការទិញ​សៀវភៅ​ទេ​ តែ​ស្ថានភាព​ជាក់ស្តែង​គាត់​បាន​ចំណាយ​ច្រើន​លើ​រឿង​ផ្សេង​ៗដែល​មិនសូវ​មាន​ប្រយោជន៍​។ មាន​អ្នកខ្លះ​ គាត់​ចំណាយ​ថវិកា​ជាច្រើន​លើ​ការកម្សាន្ត​ ឬប្រើប្រាស់​ជីវិត​ដោយ​មិន​ផ្តល់​តម្លៃ​លើ​ចំណេះដឹង​។ តាមពិត​ទៅ​ ការទិញ​សៀវភៅ​មិន​មែន​ត្រូវ​ចំណាយ​លុយរាប់​ពាន់​ រាប់​ម៉ឺន​ដុល្លារ​ភ្លាម​ៗដើម្បី​ទិញ​នោះ​ទេ​។ ប្រសិនបើ​មានការ​ចាប់ផ្តើម​ល្អ​ គាត់​អាច​សន្សំ​ម្តង​បន្តិច​ៗ ដែល​ក្រោយពេល​គាត់​អាន​ច្រើន​ គាត់​នឹង​មានគំនិត​អភិវឌ្ឍន៍​ជីវភាព​បាន​កាន់តែ​ប្រសើរ​ឡើង​ទៅវិញ​ទេ​។

    ចំពោះ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ប្រជាជន​ខ្មែរ​ឱ្យ​ងាក​ចំណាប់​អារម្មណ៍​ពី​ការ​និយម​តែ​គ្រឿងស្រវឹង​ និង​សម្ភារ​មានតម្លៃ​ មក​ជា​ការអប់រំ​ ឬតាំង​លម្អ​សៀវភៅ​ក្នុង​គ្រួសារ​វិញ​នោះ​ លោក​ សុធន​ បាន​បញ្ជាក់​ថា​ យើង​ទាំងអស់គ្នា​គួរ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ ជាពិសេស​បណ្តាញ​ផ្សព្វផ្សាយ​ ដែល​ជា​អ្នកដើរតួ​នាទី​សំខាន់​ក្នុង​ការអប់រំ​ប្រជាជន​តាម​គ្រប់​លទ្ធភាព​។ ម្យ៉ាងវិញទៀត​ ការ​ផ្តល់​ភាពជា​គំរូ​ក៏​សំខាន់​ផង​ដែរ​ សម្រាប់​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ ដូចជា​អាណាព្យាបាល​ គ្រួ​បង្រៀន​ អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ បុគ្គល​សាធារណៈ​ និង​សិល្បករ​ជាដើម​ គួរ​ចាប់ផ្តើម​បង្ហាញ​គំរូ​ល្អ​ ក្នុង​ការ​បំផុស​ពី​ការ​អាន​ដើម្បី​ឱ្យ​សាធារណជន​បានឃើញ​។ អ្នក​ទាំងអស់​នោះ​ ភាគច្រើន​ជា​អ្នកមាន​ឥទ្ធិពល​ចំពោះ​សង្គម​ ហេតុនេះ​ប្រសិនបើ​យើង​ឃើញថា​ ពួកគាត់​ចាប់ផ្តើម​អាន​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ហើយ​នោះ​ នឹង​មាន​មនុស្ស​កាន់តែ​ច្រើន​ឡើង​ៗចាប់ផ្តើម​ងាក​មករ​កសៀវភៅ​ ច្រើនជាង​សម្ភារ​និយម​ ដើម្បី​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​ ឬហ៊ឺហា​ជាដើម​។ ចំណែក​ឯវិធីសាស្ត្រ​សំខាន់​មួយផ្សេងទៀត​នោះ​ គឺ​គួរ​មាន​ការ​លើកទឹកចិត្ត​តាម​គ្រប់រូប​ភាព​ចំពោះ​អ្នកអាន​សៀវភៅ​ដោយ​ការ​ផ្តល់​តម្លៃ​ និង​គោរព​ចំពោះ​អ្នក​ផ្តល់​រង្វាន់​ ឬកាដូ​ ជា​សៀវភៅ​ ឬអាន​សៀវភៅ​នៅ​ទី​សាធារណៈ​ជាដើម​៕