នៅពេលថ្មីៗនេះ តារាចម្រៀង និង ជាអ្នកនិពន្ធលោក ម៉ានិត ត្រូវបានប្រកាសក្លាយជា Brand Ambassador ពេញរយៈពេល១ឆ្នាំរបស់ហាងលក់សម្លៀកបំពាក់ប្រ៊េនអ៊ីកូ ដែលមានគុណភាព។ ទន្ទឹមនឹងការប្រកាសនេះ ក៏មានការបញ្ជាក់ពីមូលហេតុផងដែរថា ហេតុអ្វី ដែលនាំឱ្យតារាចម្រៀងរូបនេះ ត្រូវបានជ្រើសជាអ្នកតំណាងនោះ។
លោក ម៉ានិត បានបង្ហាញអារម្មណ៍រំភើប ដែលត្រូវបានផលិតផលម៉ាកអ៊ីកូជ្រើសជាអ្នកតំណាងពេញមួយឆ្នាំ ដោយលោកប្រកាសថានឹងផលិតស្នាដៃថ្មីៗឱ្យបានច្រើន ដើម្បីឱ្យម៉ាកយីហោរបស់ខ្មែរមួយនេះ ក្លាយជាម៉ាកយីហោល្បីមួយ។ ក្នុងនោះលោកក៍ប្រកាសពីការផលិតស្នាដៃថ្មីៗ នៅក្នុងវិស័យចម្រៀង និង ជាអ្នកនិពន្ធសៀវភៅផងដែរ។ លោករបញ្ជាក់ផងដែរថា ផលិតផលម៉ាកអ៉ីកូ គឺម៉ាកយីហោដែលបង្កើតឡើងដោយប្រទេសកម្ពុជា ដោយរួមមានសំលៀកបំពាក់ ស្បែកជើង កាបូប ខ្សែក្រវាត់ និងគ្រឿងលម្អជាដើម ដែលផលិតផលទាំងនេះ មានអ្នកឌីហ្សាញជាជនជាតិបរទេស និងជនជាតិកម្ពុជា ហើយចំពោះការផលិត គឺផលិតពីរោងក្រជាដៃគូនៅក្នុងប្រទេសទំនើបមួយចំនួន។
លោក អ៉ី ហុក សហស្ថាបនិកផលិតផលម៉ាក អ៉ីកូ បានថ្លែងបញ្ជាក់ថា មុនពេលជ្រើសយក ម៉ានិត ឱ្យក្លាយជាអ្នកតំណាង គឺមានតារាចម្រៀងល្បីល្បាញ និង ពិធីករល្បីឈ្មោះមួយរូប ស្ថិតក្នុងជម្រើស ប៉ុន្តែមកពី លោក ម៉ានិត មិនគ្រាន់តែជាតារាចម្រៀង ដោយលោកចេះនិពន្ធសៀវភៅ និងជាអ្នកនិពន្ធបទភ្លេង ដែលតែងបង្កើតស្នាដៃថ្មីៗរបស់ខ្លួន ដូចគ្នានឹងម៉ាកយីហោ អ៉ីកូ ដែលជាម៉ាកយីហោថ្មីរបស់ខ្មែរ ទើបលោកក្លាយជាជម្រើស។ លោកថា រយៈពេលមួយឆ្នាំក្នុងតំណែងជា Brand Ambassador លោក ម៉ានិត នឹងត្រូវបានក្រុមហ៊ុនរបស់លោកផលិតជាវីដេអូខ្លីៗ និងធ្វើសកម្មភាពជាច្រើនទៀត ដើម្បីអោយម៉ាកយីហោអ៉ីកូ កាន់តែមានការទទួលស្គាល់៕

Category: សង្គម និងសេដ្ឋកិច្ច

ក្រៅពីអាជីពតារាចម្រៀងនិងអ្នកនិពន្ធ ម៉ានិត ទទួលតំណែងថ្មីជាទូតសុឆន្ទៈសម្លៀកបំពាក់ប្រ៊េនកូនខ្មែរ

សៀង ចន្ធា ក្រសោបពានចំនួន5 ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា
កីឡាករវ័យក្មេងអាយុ 17ឆ្នាំ របស់សាលាបាល់ទាត់ជាតិបាទី ដែលត្រៀមនឹងផ្លាស់ទៅលេងនៅក្លិបបាល់ទាត់បឹងកេត បានទទួលពានចំនួន5 ពីកម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា ដែលធ្វើឡើងនៅសាលសន្និសីទចតុមុខ។
ពានទាំង5 ដែលកីឡាករវ័យក្មេងរូបនេះឈ្នះមានដូចជា៖ កីឡាករដែលមានប្រជាប្រិយភាពជាងគេ, ខ្សែប្រយុទ្ធល្អជាងគេនៅលីកកំពូលកម្ពុជា, កីឡាករវ័យក្មេងល្អជាងគេ, កីឡាករវ័យក្មេងដែលរកគ្រាប់បាល់បានច្រើនជាងគេ និងពានកីឡាករល្អប្រចាំឆ្នាំ។
គួរបញ្ជាក់ផងដែថា កីឡាករវ័យក្មេងរូបនេះបានចុះកុងត្រាលេងឱ្យក្លិបបឹងកេតសម្រាប់រដូវកាលថ្មី2020 ខាងមុខនេះ ដោយនឹងចាកចេញពីសាលាបាល់ទាត់ជាតិបាទីក្នុងពេលឆាប់ៗនេះ ដោយសារតែកីឡាករនេះគ្រប់វ័យដែលត្រូវចាកចេញពីសាលាបាល់ទាត់ជាតិហើយ៕


កែ ឡេង និងកីឡាករ សុខ ចាន់មាន បានមេដាយមាសពីកម្មវិធីប៉េតង់ប្រចាំទ្វីបអាស៊ី
កាលពីពេលអម្បាញ់មិញនេះ កីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់មាន បានទទួលបានជ័យជម្នះនៅវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុដោយបានយកឈ្នះលើកីឡាករថៃទាំង 2នាក់។
ការចូលរួមក្នុងការប្រកួតជើងឯកប៉េតង់អាស៊ីលើកទី3 ( The 3rd Asian Boules Sport Confederation Petanque Championship 2019) កម្ពុជាបានបញ្ជូន ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន 18រូបទៅចូលរួមប្រកួត។
គួរបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់កីឡាប៉េតង់ប្រចាំទ្វីបអាស៊ីលើកទី3 នេះ ធ្វើឡើងនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី18 ដល់22 ខែធ្នូ ឆ្នាំ2019 ដែលជាកម្មវិធីប្រកួតប៉េតង់ដែលធំជាងគេបង្អស់ប្រចាំទ្វីបអាស៊ីមួយនេះ៕


ឆ្នាំថ្មី Liverpool ត្រៀមយកខ្សែប្រយុទ្ធជប៉ុនមកម្នាក់ទៀត
កីឡាករខ្សែបម្រើប្រយុទ្ធ Takumi Minamino នឹងក្លាយជាកីឡាករចំណូលថ្មីចុងក្រោយបង្អស់របស់ក្លិបបាល់ទាត់ Liverpool FC នាដើមខែមករា ឆ្នាំថ្មីខាងមុខនេះ។
កីឡាកររូបនេះនឹងចូលពិនិត្យសុខភាពនៅថ្ងៃស្អែកនេះ នៅគ្លិនិករបស់ក្លិប Liverpool FC ស្របពេលដែលរូបគេអាចនឹងចាកចេញពីក្លិប FC Red Bull Salzburg ក្នុងពេលឆាប់ៗនេះ ប្រសិនបើគ្រប់លក្ខខណ្ឌពិនិត្យសុខភាព។
គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះបានចាប់អាជីពបាល់ទាត់ជាមួយនឹងក្លិប Cerezo Osaka ចាប់តាំងពីឆ្នាំ2007 រហូតដល់ 2014 ទើបផ្លាស់ទៅលេងនៅ FC Red Bull Salzburg ដោយចុងក្រោយនេះកំពុងតែត្រៀមចាកចេញទៅកាន់ក្លិបលីកកំពូលអង់គ្លេស Liverpool FC៕


Theerathon ដាក់អាវឱ្យដេញថ្លៃបានតម្លៃជាង 2ម៉ឺនដុល្លារ
Theerathon Bunmathan ខ្សែការពារជម្រើសជាតិថៃ ដែលសព្វថ្ងៃលេងឱ្យក្លិបក្នុងលីកកំពូលនៅប្រទេសជប៉ុន Yokohama FC បានប្រកាសដាក់ឱ្យដេញថ្លៃអាវដែលពាក់ពេលប្រកួតរបស់ខ្លូន។
គិតមកទល់នឹងពេលនេះមិនទាន់បាន 2ថ្ងៃស្រួលបួលផង អាវរបស់កីឡាកររូបនេះ ត្រូវបានគេឱ្យថ្លៃដល់ទៅចំនួន 50ម៉ឺនបាត ដែលមានតម្លៃប្រហែល 16,500ដុល្លារ។ ទោះបីជាមានតម្លៃថ្លែបែបនេះក៏ពិតមែន ប៉ុន្តែកីឡាកររូបនេះមិនទាន់សម្រេចចិត្តលក់អាវនេះឡើយ ដោយចង់ទុកឱ្យដេញថ្លៃប៉ុន្មានថ្ងៃទៀតសិន ដើម្បីឱ្យបានតម្លៃកាន់តែខ្ពស់ជាងនេះច្រើនទៀត។
កីឡាករ Theerathon Bunmathan ធ្លាប់ជាប់ជម្រើសជាតិថៃ U19, U23 និង ជម្រើសជាតិឈុតធំតាំងពីមានវ័យ 18ឆ្នាំមក នឹងបានផ្លាស់ទៅលេងនៅលីកកំពូលជប៉ុនចាប់តាំងពីឆ្នាំ2018 រហូតមកដល់បច្ចុប្បន្ន ដោយបានលេងឱ្យក្លិប 2ហើយ គឺ Vissel Kobe និង Yokohama FC៕


ទីបំផុត Đoàn Văn Hậu បានចូលលេង 4នាទីហើយ
កីឡាករខ្សែការពារស្លាបឆ្វេង របស់ក្រុមជម្រើសជាតិវៀតណាម Đoàn Văn Hậu បានចូលលេងជាលើកដំបូងក្នុងការប្រកួតលីកកំពូលរបស់ប្រទេសហូឡង់ហើយកាលពីយប់មិញនេះ ក្រោយពីផ្ទេរទៅកាន់ក្លិបថ្មីនេះជិតកន្លះឆ្នាំមក។
ការប្រកួតកាលពីយប់មិញ កីឡាករ Đoàn Văn Hậu បានចូលលេងត្រឹម 4នាទីតែប៉ុណ្ណោះ ក្រោយពេលដែលត្រូវបានប្តូរចូលក្នុងពេលដែលជិតបញ្ចប់ការប្រកួតទៅហើយ។ បើគិតចាប់តាំងពីទៅកាន់ក្លិបថ្មីនេះ រូបគេទើបតែចូលលេងបាន 1ប្រកួតនេះតែប៉ុណ្ណោះ ហើយជាការប្តូរចូលទៀត។
គួរបញ្ជាក់ដែរថា កីឡាកររូបនេះ ត្រូវបានខ្ចីជើងពីក្លិប Hanoi FC ទៅកាន់ក្លិប Heerenveen SC ដែលជាក្លិបនៅក្នុងក្របខ័ណ្ឌលីកកំពូលហូឡង់ កាលពីពាក់កណ្តាលឆ្នាំ2019 កន្លងទៅ៕


ទូរស័ព្ទបត់ Motorola ត្រឡប់មកវិញ តែតម្លៃ គឺខ្ទង់ពាន់ដុល្លារឯណោះ
ទូរស័ព្ទម៉ូដែល Razr ដ៏ល្បីល្បាញរបស់ Motorola កាលពីជំនាន់មុនបានវិលត្រឡប់មកវិញក្នុងនាមជាស្មាតហ្វូន Android ដែលអេក្រង់របស់វាអាចបត់ជា2 បាន។ Motorola Razr ដាក់លក់ជាផ្លូវការតម្លៃ 1,499ដុល្លារ។
Razr ស៊េរីឆ្នាំ2019 នៅរក្សាទ្រង់ទ្រាយដើមដដែល ប៉ុន្តែគ្រាប់ចុច T9 និងអេក្រង់ LCD តូចរបស់វា ត្រូវជំនួសដោយអេក្រង់ OLED ទំហំ 6.2អ៊ីញ អាចបត់បាន និងដំណើរការដោយ Android 9 Pie។
លក្ខណសម្បត្តិរបស់វាមានដូចជា ប្រើបន្ទះឈីប Snapdragon 710, RAM ទំហំ 6GB, មេម៉ូរី 128GB, កាមេរ៉ាមេទំហំ 16MP ដែលមាននូវមុខងារ Night Vision, កាមេរ៉ាខាងក្នុងទំហំ 5MP, ប្រើរន្ធ USB-C, មាន eSIM និងមានទ្រនាប់ស្គែនម្រាមដៃផងដែរ៕


របបអាហារសម្រាប់កុមារអាចកំណត់វាសនាអនាគតសង្គមបាន
របបអាហារសម្រាប់កុមារ ជាផ្នែកមួយយ៉ាងសំខាន់ដែលពិភពលោកកំពុងយកចិត្តទុកដាក់ មិនថាតែក្នុងប្រទេសដែលអភិវឌ្ឍន៍ហើយ ឬប្រទេសដែលកំពុងអភិវឌ្ឍន៍នោះទេ។ ការគិតគូរពីរបបអាហារសម្រាប់ទ្រទ្រង់សុខភាពកុមារ គឺជាចំណុចចម្បងដែលត្រូវយកចិត្តទុកដាក់ ព្រោះប្រសិនបើកុមារមានរាងកាយ និងសុខភាពទន់ខ្សោយ អនាគតធនធានមនុស្សនៅក្នុងសង្គម ឬក្នុងប្រទេសមួយនោះ នឹងជួបបញ្ហាជាមិនខាន។
តាមការបញ្ជាក់របស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក បានឱ្យដឹងថា សិស្សសាលានៅប្រទេសជប៉ុន ត្រូវបានគេគិតគូរយ៉ាងល្អិតល្អន់ និងបានក្លាយទៅជាគម្រោងដ៏មានសារៈសំខាន់ក្នុងប្រព័ន្ធអប់រំ។ គម្រោងគ្រប់គ្រងរបបអាហារ និងសារធាតុចិញ្ចឹម (nutrient) នេះត្រូវបានធ្វើឡើងអស់រយៈពេលជាង 10ឆ្នាំមកហើយនៅប្រទេសជប៉ុន ដោយសារតែប្រទេសនេះយល់ថា ការយកចិត្តទុកដាក់ពីសុខភាពរបស់សិស្ស ជាផ្នែកសំខាន់សម្រាប់ការកសាងអនាគតធនធានមនុស្សនៅក្នុងប្រទេស។ ប្រសិនបើកុមារមានសុខភាពល្អ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នោះស្មារតី និងការសិក្សាក៏ទទួលបានលទ្ធផលល្អទៅតាមនោះដែរ។ ហេតុនេះហើយទើបគេសង្កេតឃើញថា ប្រជាជនជប៉ុន ជាច្រើនបានទទួលជោគជ័យក្នុងការសិក្សា និងបានសម្រេចនូវនវានុវត្តន៍ជាច្រើនសម្រាប់ចូលរួមអភិវឌ្ឍន៍សង្គម។
ស្ថាប័នដដែលបានបញ្ជាក់ផងដែរថា នៅប្រទេសជប៉ុន សិស្សានុសិស្សត្រូវបានគេលើកទឹកចិត្តឱ្យចូលរួមរៀបចំអាហារថ្ងៃត្រង់ បម្រើសេវាកម្ម និងសម្អាតក្រោយពេលញ៉ាំអាហាររួចនៅក្នុងសាលារបស់ពួកគេ ទាំងអស់នេះគឺដើម្បីឱ្យសិស្សយល់ដឹងកាន់តែច្រើនពីការធ្វើអនាម័យ និងការគិតគូរខ្ពស់អំពីសុខភាពនៃការរស់នៅ។ បន្ថែមពីលើនេះ សិស្សទាំងអស់ក៏ត្រូវបានគិតគូរ និងយកចិត្តទុកដាក់ដោយការអភិវឌ្ឍមុខម្ហូបណាដែលល្អសម្រាប់សុខភាព ហើយចេញមុខម្ហូបនេះសម្រាប់អនុវត្តនៅគ្រប់សាលាទាំងអស់ទូទាំងប្រទេស។ អ្វីដែលចម្លែកសម្រាប់ប្រទេសជប៉ុន និងខុសពីបណ្តាប្រទេសក្នុងតំបន់នានានោះ គឺដោយសារតែភាពស្អាត និងការទទួលខុសត្រូវបានល្អ។ ការទទួលទានអាហារថ្ងៃត្រង់របស់សិស្ស គឺធ្វើនៅក្នុងថ្នាក់រៀនផ្ទាល់តែម្តង មិនមែនញ៉ាំអាហារក្នុងអាហារដ្ឋាននោះទេ ព្រោះប្រទេសជប៉ុនគិតថា ការញ៉ាំអាហារក៏រាប់ថាជាផ្នែកមួយសំខាន់ក្នុងការអប់រំផងដែរ។
នៅក្នុងសាលារៀននៅប្រទេសជប៉ុន សិស្សទាំងអស់សុទ្ធតែញ៉ាំអាហារដូចៗគ្នា ព្រោះមុខម្ហូបដែលគេចេញឱ្យនោះ គឺមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងល្អសម្រាប់គ្រប់គ្នា។ អាហារទាំងអស់នោះ គឺត្រូវបានថ្លឹងថ្លែងឱ្យមានតុល្យភាពរវាងសាច់ ត្រី និងសារធាតុចិញ្ចឹមពីបន្លែ មិនឱ្យផ្នែកណាមួយលើស ឬខ្វះឡើយ។ ហេតុនេះហើយ ទើបជប៉ុនត្រូវបានគេចាត់ថ្នាក់ថា ជាប្រទេសមួយក្នុងចំណោមប្រទេស OECD ដែលមានអ្នកលើសទម្ងន់តិចជាងគេបំផុត។ យោងតាមការបញ្ជាក់របស់អង្គការ UNICEF បានឱ្យដឹងថា ដោយសារតែរបបអាហារល្អ សិស្សក៏មានស្មារតីល្អ និងអភិវឌ្ឍបានលឿនផងដែរ។ អ្វីដែលជាលក្ខណៈពិសេសរបស់ប្រជាជន ឬសិស្សជប៉ុននោះ គឺមនុស្សម្នាក់ៗមានទំហំរូបរាង(មាឌ)ប្រហាក់ប្រហែលគ្នា និងយកចិត្តទុកដាក់ចំពោះសុខភាពដូចៗគ្នា។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេសអភិវឌ្ឍន៍មួយចំនួនក៏កំពុងរៀបចំយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់នៃរបបអាហារផងដែរក្នុងស្ថាប័នអប់រំ ជាពិសេសបណ្ដាប្រទេសនៅក្នុងទ្វីបអឺរ៉ុប និងអាមេរិក។ អាហារប្រពៃណីមួយចំនួន និងអាហារលឿនៗ (fast food) រួមទាំងភេសជ្ជៈ និងបង្អែមបានក្លាយជាចំណូលចិត្ត ឬធ្វើឱ្យកុមារញៀននឹងការញ៉ាំអាហារទាំងអស់នោះ។ វាជាបញ្ហាប្រឈមមួយដែលធ្វើឱ្យក្មេងនៅក្នុងតំបន់មួយចំនួនមានអាការធាត់ជ្រុល បាត់បង់សម្បទាក្នុងការលេងកីឡា និងមិនអាចអភិវឌ្ឍការគិតបានល្អ បើទោះបីជាប្រទេសទាំងអស់នោះជាប្រទេសដែលមានវិស័យសុខាភិបាលជឿនលឿនក៏ដោយ។
បន្ថែមពីលើនេះ ពួកគេក៏ចាប់ផ្តើមបង្កើនការយកចិត្តទុកដាក់ខ្លាំងឡើងលើកុមារតូចៗនៅក្នុងសាលាដោយការបញ្ចូលពីការអប់រំផ្នែកអាហារទៅក្នុងប្រព័ន្ធអប់រំ។ នៅតាមតំបន់ខ្លះគេជឿជាក់ថា ការអភិវឌ្ឍលឿនផ្នែកវិទ្យាសាស្ត្រនឹងធ្វើឱ្យមនុស្សធ្វើពលកម្មកាន់តែតិចទៅ ស្របពេលដែលរបបអាហារកាន់តែបង្កគ្រោះថ្នាក់ខ្លាំងឡើងសម្រាប់មនុស្ស។
បញ្ហានេះនឹងធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗត្រូវចំណាយច្រើនលើការចេញថ្លៃព្យាបាល និងខាតបង់ផលិតភាពការងារនៅពេលពួកគេមានបញ្ហាសុខភាព ដែលធ្វើឱ្យមានផលប៉ះពាល់ទៅលើផ្នែកផ្សេងៗទៀតនៅក្នុងសង្គម។ ហេតុនេះហើយទើបការអប់រំពីបញ្ហាសុខភាព និងអាហារនៅតាមសាលារៀនជាយន្តការដ៏សំខាន់មួយដែលគ្រប់ប្រទេសទាំងអស់កំពុងយកចិត្តទុកដាក់៕

កម្មវិធីផ្តល់អាហារូបត្ថម្ភតាមសាលារៀន ចូលរួមចំណែកឱ្យកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍
កម្មវិធីផ្តល់អាហារូបត្ថម្ភតាមសាលារៀន បានក្លាយជាកម្មវិធីប្រកបដោយសក្តានុពលមួយនៅកម្ពុជាក្នុងការទ្រទ្រង់ដល់កម្មវិធីអភិវឌ្ឍន៍ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ដោយជំរុញឱ្យសិស្សនៅបឋមសិក្សាចូលរៀនកាន់តែច្រើន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីផ្តល់អាហារូបត្ថម្ភតាមសាលារៀន ជាកម្មវិធីដ៏មានសារៈសំខាន់ដែលមិនត្រឹមតែជាសំណាញ់សុវត្ថិភាពសម្រាប់កុមារក្រីក្រងាយរងគ្រោះប៉ុណ្ណោះទេ តែកម្មវិធីនេះក៏ចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការអភិវឌ្ឍធនធានមនុស្សដែលឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរ-ភាព 2030។ ឆ្នាំ2019 នេះ ជាឆ្នាំទី20 ហើយ ដែលកម្ពុជាបានអនុវត្តគម្រោងផ្តល់អាហារូបត្ថម្ភតាមសាលារៀននេះ ដោយគម្រោងដំបូងចាប់ផ្តើមឡើងនៅឆ្នាំ1999។ កម្មវិធីនេះអនុវត្តទៅបានដោយមានការជួយជ្រោមជ្រែងពីអង្គការស្បៀងអាហារពិភពលោក (WFP) ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ប្រទេសជប៉ុន និងដែគូអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត។
ឯកឧត្តមបញ្ជាក់ថា ថ្វីដ្បិតតែវាមិនមែនជាកម្មវិធីធំ តែកាលពី 20ឆ្នាំមុន កម្មវិធីនេះបានធ្វើឱ្យកុមារ 4ម៉ឺននាក់ញ៉ាំឆ្អែត និងសម្រេចលទ្ធផលកាន់តែប្រសើរ។
ឯកឧត្តម ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖ «កម្មវិធីផ្តល់អាហារូបត្ថម្ភតាមសាលារៀន បានពង្រីកខ្លួនកាន់តែធំឡើងនៅឆ្នាំ2004 ហើយរហូតមកដល់ឆ្នាំ2014 យើងផ្តល់ជូននូវកម្មវិធីផ្តល់អាហារូបត្ថម្ភដោយប្រើកសិផលតាមផ្ទះ»។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមទៀតថា រហូតមកដល់បច្ចុប្បន្ននេះ កុមារប្រមាណ 6លាននាក់នៅតាមសាលារៀនប្រមាណ 60% បានទទួលប្រយោជន៍ពីកម្មវិធីនេះ។ ឯកឧត្តមជឿជាក់ថា តាមរយៈកម្មវិធីផ្តល់អាហា-រូបត្ថម្ភតាមសាលារៀននេះ បានចូលរួមចំណែកផងដែរក្នុងការធ្វើឱ្យអត្រាក្រិសក្រិន និងស្គមស្គាំងលើកុមារអាយុក្រោម 5ឆ្នាំបានថយចុះពី 40% កាលពី10ឆ្នាំមុន មកនៅត្រឹមតែ 20%ប៉ុណ្ណោះ។ លើសពីនេះទៅទៀត អត្រាសិស្សចុះឈ្មោះចូលរៀន បានកើនឡើង ស្របពេលដែលអាត្រាសិស្សបោះបង់ចោលការសិក្សា មានការថយចុះ។ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធីនេះត្រូវបានដាក់បញ្ចូលទៅក្នុងគោលនយោបាយជាតិ ដោយតាមរយៈថវិការបស់រាជរដ្ឋាភិបាល បានឧបត្ថម្ភដល់ខេត្តចំនួន 6 ដែលមានសិស្សប្រមាណ 5ម៉ឺននាក់ និងបានផ្តល់អាហារូបករណ៍ផងដែរដល់សិស្ស 122,000នាក់នៅទូទាំងប្រទេសក្នុងកម្រិតបឋមសិក្សា និងសិស្សប្រមាណ 7ម៉ឺននាក់ក្នុងកម្រិតមធ្យមសិក្សា។ ឯកឧត្តមបានបន្តថា កម្មវិធីនេះបានជួយឱ្យសិស្សដែលមានបញ្ហាខ្វះខាត ទទួលបានអាហារូបត្ថម្ភ ស្របពេលដែលកម្មវិធីផ្តល់អាហារដោយប្រើកសិផលតាមផ្ទះ ក៏បានជួយដល់កសិករផងដែរក្នុងការពង្រីកទីផ្សារកសិកម្ម។
ស្របជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានរៀបចំគោលនយោបាយដោយផ្តោតលើ មនុស្ស ផ្លូវ ភ្លើង និងទឹក។ ហេតុនេះធនធានមនុស្សជាចំណុចសំខាន់ជាងគេដែលត្រូវអភិវឌ្ឍទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ កម្មវិធីផ្តល់អាហារូបត្ថម្ភសម្រាប់កុមារតូចៗ ជាកម្មវិធីដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជា។
គោលបំណងដែលរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ ដែលបានផ្តល់កម្មវិធីស្បៀងអាហារតាមសាលារៀននេះឡើង គឺក្នុងគោលបំណងផ្តល់សំណាញ់សុវត្ថិភាពសម្រាប់កុមារក្រីក្រដែលងាយរងគ្រោះចំពោះសន្តិសុខស្បៀងអាហារ។ នៅពេលយើងផ្តល់អាហារនៅតាមសាលារៀនសម្រាប់គាត់ កុមារតូចៗនឹងត្រូវបានលើកទឹកចិត្តឱ្យចូលសិក្សា ព្រោះប្រសិនបើគាត់កំពុងខ្វះអាហារូបត្ថម្ភ នោះគាត់នឹងទទួលបានអាហារ ដោយគ្រាន់តែទៅសាលារៀន។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា៖ «កម្មវីធីផ្តល់ស្បៀងអាហារតាមសាលារៀននេះ គឺផ្តល់ជូនជាអាហារពេលព្រឹក និងពេលថ្ងៃត្រង់ ឬផ្តល់ជាអាហារូបករណ៍ ជាសាច់ប្រាក់ដល់សិស្សក្រីក្រនៅតាមសហគមន៍»។
ឯកឧត្តមបានបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជា បានធ្វើបដិភាគថវិកាជាមួយនឹងអង្គការស្បៀងអាហារពិភពលោក (WPF) រហូតមកដល់បច្ចុប្បន្ននេះ យើងប្រើប្រាស់ថវិកាជាតិដើម្បីជួយកាត់បន្ថយការស្រេកឃ្លានរបស់កុមារនៅតាមសហគមន៍ និងជួយពួកគេឱ្យបានមករៀនសូត្រ។ ឯកឧត្តមបន្តថា កម្មវិធីនេះបានធ្វើឱ្យបញ្ហាអវត្តមានរបស់សិស្សនៅកម្រិតបឋមសិក្សាមានការថយចុះ ហើយអត្រានៃការបោះបង់ចោលការសិក្សាក្នុងកម្រិតបឋមសិក្សាក៏មានការថយចុះដូចគ្នា។
ពាក់ព័ន្ធនឹងបញ្ហាស្បៀងអាហារនេះ ជារឿងសំខាន់ខ្លាំងណាស់ដែលគ្រប់ប្រទេសទាំងអស់លើពិភពលោក កំពុងវិនិយោគលើផ្នែកនេះ ហើយកម្ពុជាក៏កំពុងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាលុបបំបាត់កុមារក្រិន ឱ្យអស់នៅឆ្នាំ 2025 និងលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភទាំងស្រុងនៅឆ្នាំ 2030៕

“ជំនោរ Art” ផ្សារភ្ជាប់សិល្បករ និងសាធារណជន ឱ្យស្វែងយល់ពីគ្នា
កណ្តាលក្រុងបាត់ដំបង តាមបណ្តោយផ្លូវលេខ 2កន្លះ មានការប្រមូលផ្តុំក្រុមវិចិត្រករ សិល្បករសហសម័យ ជាច្រើនមកតាំងបង្ហាញផ្ទាំងគំនូរ គូរគំនូរ ព្រមទាំងបង្ហាញស្នាដៃសិល្បៈរបស់ខ្លួនជាសាធារណៈ ដោយបង្កើតបានជាទិដ្ឋភាពអ៊ូអរ ភ្ញាក់ផ្អើលដល់អ្នកទេសចរបរទេសនានាមកទស្សនាយ៉ាងច្រើនកុះករ។
ការរៀបចំស្នាដៃបង្ហាញនេះ រៀបចំឡើងដោយវិចិត្រករ និងជាសិល្បករ ផលិតករគំនូរជីវចល លោក ប៉ោយ ឈុនលី ជាមួយមិត្តសិល្បករ វិចិត្រករជាច្រើនផ្សេងទៀតក្នុងខេត្តបាត់ដំបង ដែលមានកេរ្តិ៍ឈ្នោះ និងមានសមត្ថភាពប្លែកៗពីគ្នា។
លោក ប៉ោយ ឈុនលី ក៏បានផ្តល់សម្ភាសផងដែរ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ជំនោរសិល្បៈក្នុងខេត្តបាត់ដំបងនេះថា៖ «ខ្ញុំតែងតែមានគោលបំណងផ្តល់អ្វីម្យ៉ាងដល់ខេត្តរបស់ខ្ញុំវិញ ជាការពិតណាស់នេះជាការបង្ហាញសមត្ថភាពរបស់វិចិត្រករ ហើយយើងក៏ចង់ឱ្យអ្នកសិល្បៈចេះធ្វើការរួមគ្នាដើម្បីរីកចម្រើនជាមួយគ្នា»។
ការរៀបចំ កម្មវិធីពិព័រណ៍សិល្ប:ចម្រុះរបស់ “ជំនោរ ART” លើដងផ្លូវលេខ 2កន្លះ ក្នុងក្រុងបាត់ដំបង នេះបានធ្វើឡើងកាលពីថ្ងៃទី21-22 ខែធ្នូ ឆ្នាំ2019 ប្រកបដោយភាពជោគជ័យ ដោយក្នុងកម្មវិធីមានការចូលរួមពីសិល្បករ 70រូប ជាមួយការដាក់តាំងស្នាដៃជាង 400ផ្ទាំង ថែមទាំងមានការបង្ហាញសិល្បៈសម្តែងប្លែកៗដ៏ទាក់ទាញគួរឱ្យភ្ញាក់ផ្អើលតាំងពីម៉ោង 3រសៀលរហូតដល់ម៉ោង 9យប់។
កម្មវិធីពិព័រណ៍សិល្ប:ចម្រុះរបស់ “ជំនោរ ART” នេះ មានការគាំទ្រ និងចូលរួមទស្សនាពីមហាជនជាង 2,000នាក់ក្នុងរយៈពេល 2ថ្ងៃកន្លងទៅនេះ លោក ប៉ោយ ឈុនលី បានបញ្ជាក់ប្រាប់ថា គម្រោងនេះត្រូវបានលោកគិតទុកអស់រយៈពេល 5ឆ្នាំមកហើយ ហើយការរៀបគម្រោង 3ខែចុងក្រោយនេះទើបសម្រេចចេញជារូបរាង ដោយឥតមានអ្នកឧបត្ថម្ភទេ តែនេះជាការចូលរួមគ្នាពីសិល្បករទាំងអស់។
លោក ឈុនលី បន្តថា កម្មវិធីពិព័រណ៍សិល្ប:ចម្រុះរបស់ “ជំនោរ ART” នឹងត្រៀមខ្លួនបង្ហាញវត្តមានកាន់តែធំ និងពិសេសជាងឆ្នាំនេះទៀតនៅឆ្នាំក្រោយ។ ដោយសារសង្កេតឃើញការពេញនិយម ពិសេសទទួលបានការគាំទ្រគ្រប់មជ្ឈដ្ឋានបែបនេះ ទើបលោកយល់ថា កម្មវិធីពិព័រណ៍សិល្ប:ចម្រុះរបស់ “ជំនោរ ART” នឹងមានឥទ្ធិពលក្នុងតំបន់អាស៊ីនៅថ្ងៃខាងមុខ ឱ្យតែមានការរួបរួមគ្នាពីសិល្បករខ្មែរ ទាំងក្មេងចាស់ គ្រប់សម័យ ដើម្បីប្រយោជន៍ និងកេរ្តិ៍ឈ្មោះជាតិជាធំ៕