Category: សង្គម និងសេដ្ឋកិច្ច

  • អ្នកជំនាញ​រក​ឃើញថា​ រៀន​តន្ត្រី​ ជួយ​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​សិក្សា​ និង​គុណភាព​ជីវិត​

    អ្នកជំនាញ​រក​ឃើញថា​ រៀន​តន្ត្រី​ ជួយ​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​សិក្សា​ និង​គុណភាព​ជីវិត​

    អាណាព្យាបាល​គ្រប់រូប​តែងតែ​ចង់​ឱ្យ​កូន​ៗក្លាយជា​មនុស្ស​មាន​សមត្ថភាព​ ចំណេះដឹង​ និង​សេចក្តី​សុខ​ក្នុង​ជីវិត​ តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​របស់​អាណាព្យាបាល​នៅ​កម្ពុជា​ គឺ​ពួកគាត់​មិន​សូវ​មានចំណេះ​ដឹង​ក្នុង​ភាពជា​អាណាព្យាបាល​ (Parenting​ Skill​) ដោយ​បញ្ហា​ទាំងអស់​នេះ​ធ្វើ​ឱ្យ​ពួកគាត់​មើល​មិនឃើញ​ពី​គុណសម្បត្តិ​នានា​ ជុំវិញ​ការអប់រំ​របស់​កូន​ ក្រៅពី​ការសិក្សា​តែ​មុខវិជ្ជា​គោល​ក្នុង​សាលា​។

    តាម​ការ​បញ្ជាក់​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF​) បានឱ្យ​ដឹង​ថា​ ការសិក្សា​តន្ត្រី​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​វិធីសាស្ត្រ​ល្អ​បំផុត​ក្នុង​ការអប់រំ​ ទាំង​ចិត្ត​សាស្រ្ត​ និង​ឥរិយាបថ​របស់​កុមារ​ឱ្យ​ក្លាយជា​មនុស្សម្នាក់​ប្រកបដោយ​សមត្ថភាព​ខ្ពស់​នៅ​ថ្ងៃ​អនាគត​។

    អ្នកជំនាញ​ចិត្តសាស្ត្រ​និយាយ​ថា​ តាម​ការសង្កេត​លើ​កុមារ​ជាច្រើន​លើ​ពិភពលោក​ ដែល​កំពុង​រៀន​លេង​គ្រឿង​តន្ត្រី​ ឃើញថា​ ពួកគេ​ភាគច្រើន​មានកម្រិត​ពិន្ទុ​ (Grade​) ខ្ពស់​លើ​ភាសាអង់គ្លេស​ វិទ្យាសាស្ត្រ​ និង​គណិតវិទ្យា​។

    ចំណុចខ្លាំង​ទាំងអស់​នេះ​ កើតឡើង​បាន​ដោយសារតែ​តន្ត្រី​ធ្វើ​ឱ្យ​មនុស្ស​ផ្តោត​អារម្មណ៍​ និង​គ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​ ព្រោះ​អ្នក​ដែល​រៀន​តន្ត្រី​បាន​លុះត្រាតែ​ជា​មនុស្ស​ដែល​មានការ​អត់ធ្មត់​លើ​ការគ្រប់គ្រង​ខ្លួនឯង​ទាំង​អារម្មណ៍​ និង​រាងកាយ​។

    នៅពេល​លេង​តន្ត្រី​ អ្នកលេង​ត្រូវតែ​ផ្តោត​អារម្មណ៍​លើ​ចង្វាក់​ ការ​បញ្ជា​ឧបករណ៍​ភ្លេង​ និង​ស្តាប់​អ្នកដទៃ​ ដែល​កត្តា​នេះ​ធ្វើ​ឱ្យ​ពួកគេ​មានទម្លាប់​ល្អ​ក្នុង​ការ​ផ្តោត​អារម្មណ៍​បាន​ល្អ​នៅពេល​ពួកគេ​មក​សិក្សា​មុខ​វិ​ជ្ជា​ផ្សេង​ៗទៀត​នៅក្នុង​ថ្នាក់រៀន​។

    យោង​តាម​សមាគម​អ្នក​ចិត្តសាស្ត្រ​អាមេរិក​ (APA​) បាន​បញ្ជាក់​ថា​ ការសិក្សា​គ្រឿង​តន្រ្តី​អាច​ជួយ​បង្កើន​សមត្ថភាព​ខួរក្បាល​ក្នុង​ការសិក្សា​ឱ្យ​កាន់តែ​មានកម្រិត​ខ្ពស់​ និង​ថែមទាំង​ជំរុញ​ឱ្យ​មាន​ភាព​ឆ្លាតវៃ​ (IQ​) កាន់តែ​ខ្លាំង​។ ជាក់ស្តែង​ សិស្ស​ដែល​រៀន​អាន​អក្សរ​ភ្លេង​បាន​ គឺ​ហាក់បីដូចជា​កំពុង​សិក្សា​លើ​ភាសា​មួយ​ដែល​ត្រូវការ​ការ​ផ្តោត​ និង​ការអនុវត្ត​ជាក់ស្តែង​ ដែល​វា​បាន​ភ្ជាប់​គ្រប់​ផ្នែក​ទាំងអស់​នៅក្នុង​ខ្លួន​ក្នុង​ពេល​តែមួយ​។

    វា​ក៏​ធ្វើ​ឱ្យ​មនុស្ស​មាន​សមាធិ​ល្អ​ និង​បញ្ជា​សតិអារម្មណ៍​ខ្លួនឯង​បាន​ល្អ​ផង​ដែរ​ ព្រោះ​នៅពេល​ដៃ​ធ្វើកាយវិការ​ អ្នកលេង​ភ្លេង​មាន​សមត្ថភាព​ប្រើប្រាស់​ខួរក្បាល​ដើម្បី​បញ្ជា​ផ្នែក​ផ្សេងទៀត​ឱ្យធ្វើ​សកម្មភាព​ប្រកបដោយ​ការគ្រប់គ្រង​បាន​ និង​រួម​ទាំង​អាច​អភិវឌ្ឍ​ក្នុង​ការ​ស្តាប់​បាន​ល្អ​ថែមទៀត​ផង​។ ខុសពី​ក្មេង​ទូទៅ​ កុមារ​ដែល​បាន​រៀន​ភ្លេង​ ភាគច្រើន​ជា​អ្នក​ដែល​អាច​ស្តាប់​ និង​វិភាគ​លើ​មេរៀន​បាន​ល្អ​។

    បន្ថែម​ពីលើ​នេះ​ ការសិក្សា​ភ្លេង​ក៏បាន​ជំរុញ​ឱ្យ​កុមារ​ ក៏ដូចជា​យុវជន​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម​បាន​ល្អ​ផង​ដែរ​ ព្រោះ​នៅពេល​លេង​ភ្លេង​ជា​ក្រុម​ ពួកគេ​ត្រូវការ​ការ​សហការ​ខ្ពស់​ទើប​អាច​បង្កើត​បាន​ជា​ភ្លេង​ពីរោះ​ និង​ត្រូវចង្វាក់​គ្នា​បាន​ល្អ​។ ហេតុនេះ​ ការ​រៀន​ភ្លេង​ជា​ការ​បង្វឹក​ស្មារតី​ក្រុម​ប្រកប​ដោយ​ភាព​រីករាយ​ និង​ការ​យកចិត្ត​ទុកដាក់​។

    ពួកគេ​កម្សាន្ត​ផង​ និង​អប់រំ​ផ្លូវចិត្ត​ផង​ដែល​ធ្វើ​ឱ្យ​ពួកគេ​ក្លាយ​ជា​មនុស្សម្នាក់​មាន​ផ្នត់គំនិត​យ៉ាង​វិជ្ជមាន​ក្នុង​ការ​ធ្វើការងារ​ជាមួយ​មនុស្សដទៃ​ ឬអាច​មាន​សមត្ថភាព​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​នៅ​ថ្ងៃ​អនាគត​។

    ចំពោះ​ការគ្រប់គ្រង​ខ្លួនឯង​ពី​ខាងក្នុង​វិញ​ លេង​តន្ត្រី​ចាំបាច់​ត្រូវតែ​ជា​មនុស្ស​ដែល​កំណត់​វិន័យ​ខ្ពស់​លើ​ខ្លួនឯង​ ទើប​ជោគជ័យ​។ សិក្សា​ភ្លេង​ គឺ​ហាក់បី​-ដូចជា​សន្សំ​ចំណេះដឹង​ដែល​ទាមទារ​ឱ្យ​អនុវត្ត​ឱ្យ​បាន​ត្រូវ​ និង​ឱ្យ​បាន​ទៀងទាត់​ទើប​អាច​សម្រេច​បាន​ ហេតុនេះ​អ្នករៀន​ត្រូវ​កំណត់​ម៉ោង​ឱ្យ​បាន​ច្បាស់លាស់​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​ហ្វឹកហាត់​ ឬកំណត់​ឱ្យ​បាន​ទៀងទាត់​ចំពោះ​ពេលវេលា​ក្នុង​សប្តាហ៍​នី​មួយ​ៗដើម្បី​ហ្វឹកហាត់​ដោយខ្លួនឯង​។

    ទម្លាប់​ទាំងអស់​នេះ​ នឹង​ធ្វើ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​មាន​វិន័យ​ និង​មាន​គោលការណ៍​សម្រាប់​ជីវិត​ដោយ​មិនបាច់​បង្ខំ​។ នៅ​ថ្ងៃក្រោយ​ បន្ទាប់ពី​បញ្ចប់​ការសិក្សា​តន្រ្តី​ ក៏​ពួកគេ​នៅតែ​ក្លាយជា​មនុស្ស​ដែល​កំណត់​ការងារ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

    បន្ថែម​ពីលើ​នេះ​ ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា​ សិស្ស​ដែល​បាន​សិក្សា​តន្រ្តី​ អាច​ធ្វើការ​ប្រឡង​បាន​ល្អ​ជាង​សិស្ស​ដែល​មិនបាន​រៀន​តន្រ្តី​ ព្រោះ​សន្លឹក​កិច្ចការ​របស់​ពួកគេ​មាន​បញ្ហា​ច្រឡំ​តិចតួច​ប៉ុណ្ណោះ​ ដោយសារតែ​គេ​ជា​មនុស្ស​ដែល​មានការ​ផ្តោត​ និង​ហ្មត់ចត់​ជាង​ក្មេង​ទូទៅ​។

    ហេតុ​នេះ​ហើយ​ទើប​នៅ​វិទ្យាល័យ​នានា​នៅក្នុង​ប្រទេស​ធំៗ​ដែល​មានការ​អភិវឌ្ឍ​ខ្ពស់​ផ្នែក​អប់រំ​ តែងតែ​បង្កើត​ឱ្យ​មាន​ក្រុមតន្ត្រី​ (Orchestra​) នៅក្នុង​សាលា​របស់​ខ្លួន​៕

  • មក​ដឹងពី​មតិ​អ្នក​សិល្បៈ​ ​ជុំវិញ​ករណី​ម្ដាយបង្កើត​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​ជាប់​ជា​ជនសង្ស័យ​សម្លាប់​នាទី​ភេទ​ទី៣​

    មក​ដឹងពី​មតិ​អ្នក​សិល្បៈ​ ​ជុំវិញ​ករណី​ម្ដាយបង្កើត​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​ជាប់​ជា​ជនសង្ស័យ​សម្លាប់​នាទី​ភេទ​ទី៣​

    ​នៅ​ព្រឹក​ថ្ងៃទី១៣​ ​ខែមករា​ ​ឆ្នាំ២០២០​ ​នេះ​រឿងរ៉ាវ​ម្ដាយបង្កើត​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​សម្លាប់​នាទី​ភេទ​ទី៣ម្នាក់​ធ្វើឲ្យ​កក្រើក​ពេញប្រទេស​តែម្ដង​ ​ដោយ​មិន​ហ្នឹង​ស្មានថា​ម្ដាយ​របស់​តារាចម្រៀង​ល្បី​ខាងលើ​ហ៊ាន​លើកដៃ​សម្លាប់​មនុស្ស​ដូច្នេះ​សោះ​។​

    ​ឃើញ​ដូចនេះ​តារាចម្រៀង​ ​និង​ពិធី​ការិនី​កញ្ញា​ ​សុ​ភ័ក្​រ្ដ​ ​កុសុម៉ា​ ​ក៏បាន​បង្ហាញ​អារម្មណ៍​ខ្លោចចិត្ត​អាណិត​ ​ពេជ្រ​ ​សូលី​កា​ ​ថា​៖​”​ ​រឿង​ម្ដាយ​ជា​រឿង​របស់​ម្ដាយ​ ​ហេតុអ្វី​ចាំបាច់​ដាក់​រូប​គាត់​ដែរ​ ​ព្រោះ​វា​អា​ចប៉ះពា់​ខ្លាំង​ចំពោះ​គាត់​។​ ​ម្ដាយ​ភាគច្រើន​តែងតែ​នាំ​លាភជ័យ​ដល់​កូន​ ​ចុះ​ហេតុអ្វី​អ្នកមីង​ធ្វើបែប​នេះ​”​។​ ​មិនមែន​តែ​ ​សុ​ភ័ក្​រ្ដ​ ​កុសុម៉ា​ ​ទេ​ដែល​បង្ហាញ​អារម្មណ៍​ហួសចិត្ត​ចំពោះ​ម្ដាយបង្កើត​ ​ពេជ្រ​ ​សូលី​កា​ ​នោះ​សូម្បីតែ​មហាជន​និង​អ្នក​សិល្បៈ​មួយចំនួន​ ​ក៏​មិន​យល់​ដែរ​ជា​ម្ដាយ​របស់​តារាចម្រៀង​ល្បី​មួយ​ទាំងមូល​ហេតុអ្វីបានជា​មានចិត្ត​ព្រៃផ្សៃ​លើកដៃ​សម្លាប់​មនុស្ស​ដូច្នេះ​។​

    ​យ៉ាងណាមិញ​ ​អ្នកនិពន្ធ​ល្បីឈ្មោះ​ ​សុខ​ ​ជំនោរ​ ​ក៏​លើក​មតិ​មួយចំនួន​ដែរ​ថា​ ​៖​ ​«​ព័ត៌មាន​ក្តៅ​គគុក​!​ ​ចាប់បាន​ឃាតក​ហើយ​!​ ​ដោយសារ​កូន​ឃាតក​ជាតា​រា​ល្បី​ ​ធ្វើ​ឪ្យ​អ្នកសារព័ត៌មាន​និង​មហាជន​ភ្ជាប់​ឃាតក​ទៅ​ឈ្មោះ​កូនស្រី​ជាតា​រា​ ​ខ្ញុំ​យល់ថា​ ​ដូចជា​មិន​ពាក់ព័ន្ធ​នឹង​កូន​ទេ​ ​បើ​កូន​មិនបាន​ចូលដៃ​ឬ​ផ្សំគំនិត​.​.​.​ ​សុ​ខៗ​ត្រូវ​ខូចឈ្មោះ​អ្នក​ដែល​មិនបាន​រួម​អំពើ​»​។​

    ​បើ​តាម​ផ្តល់​បទ​សំភាស​ន៍​របស់​លោក​អធិការ​ខណ្ឌមានជ័យ​ ​លោក​អធិការ​បាន​មានប្រសាសន៍​ថា​ ​ដំបូង​ឡើយ​គឺ​ជនសង្ស័យ​ដែល​ជា​ម្តាយ​របស់​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ​ ​តែ​ពេល​សមត្ថកិច្ច​មក​ពិនិត្យ​គឺ​ឃើញ​មានស្នាម​ចងដៃ​ ​និង​ស្លាប់​ដោយសារ​ថប់ដង្ហើម​។​ ​ក្រោយពី​ប្រកែក​អស់ចិត្ត​ ​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​បាន​យក​ខ្នើយ​មក​ខ្ទប់មុខ​ជនរងគ្រោះ​ ​នៅពេល​ជនរងគ្រោះ​មកដល់​ក្នុង​ស្ថានភាព​ស្រវឹង​ ​ហើយ​ទន់ដៃទន់ជើង​ ​និង​បាន​យក​ខ្សែចង​ដៃ​ខាងក្រោយ​ផង​ដេរ​៕​



  • វិសាខា​ ​ទៅ​បោះជំរំ​ប្រកួត​មិត្តភាព​នៅ​ថៃ​ ​ត្រៀម​រដូវ​កាល2020​

    វិសាខា​ ​ទៅ​បោះជំរំ​ប្រកួត​មិត្តភាព​នៅ​ថៃ​ ​ត្រៀម​រដូវ​កាល2020​

    ​ក្លិប​បាល់ទាត់​វិសាខា​ ​បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​ថៃ​ហើយ​កាលពី​ថ្ងៃទី10​ ​ខែមករា​ ​ឆ្នាំ2020​ ​ដើម្បី​បោះជំរំ​ហ្វឹកហាត់​ត្រៀម​រដូវ​កាល​ថ្មី2020​។​ ​

    ​ទន្ទឹមគ្នា​នេះ​ដែរ​ ​ក្លិប​បាល់ទាត់​វិសាខា​ ​ក៏​មានការ​ប្រកួត​មិត្តភាព​អន្ដរ​ជាតិ​ចំនួន​ ​3ប្រកួត​ផង​ដែរ​ ​ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ​ថៃ​ ​ដែល​មាន​ដូចជា​ក្លិប​ ​Bangkok​ ​FC​,​ ​ក្លិប​ ​BG​ ​Pathum​ ​United​ ​និង​ក្លិប​ ​Ayutthaya​ ​United​។​

    ​ឆ្លងកាត់​ ​1ប្រកួត​កន្លងមក​ ​ក្លិប​បាល់ទាត់​វិសាខា​ ​បាន​ប្រកួត​ស្មើ​ជាមួយនឹង​ក្លិប​ ​Bangkok​ ​FC​ ​ដោយ​លទ្ធផល​ ​1ស្មើ​។​

    ​នៅសល់​ ​2ប្រកួត​ទៀត​ ​ក្លិប​បាល់ទាត់​វិសាខា​ ​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្លិប​ ​BGPU​ ​FC​ ​នា​ថ្ងៃទី15​ ​ខែមករា​ ​ឆ្នាំ2020​ ​មុននឹង​ប្រកួត​ជំនួប​ចុងក្រោយ​ជាមួយនឹង​ក្លិប​ ​Ayutthaya​ ​United​ ​នៅ​ថ្ងៃទី18​ ​ខែមករា​ ​ឆ្នាំ2020​៕​


  • ល្ងាច​នេះ​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ត្រូវ​ជួប​ជាមួយនឹង​អតីត​ក្លិប​របស់​ ​ធារី​ ​ចន្ថា​ប៊ី​ន​

    ល្ងាច​នេះ​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ត្រូវ​ជួប​ជាមួយនឹង​អតីត​ក្លិប​របស់​ ​ធារី​ ​ចន្ថា​ប៊ី​ន​

    ​នា​ល្ងាច​ថ្ងៃទី13​ ​ខែមករា​ ​ឆ្នាំ2020​ ​នេះ​ ​ក្លិប​ជើងឯក​លី​ក​កំពូល​កម្ពុជា​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​នឹង​ត្រូវ​ប្រកួត​ជំនួប​ចុងក្រោយ​នៃ​ដំណើរ​បោះជំរំ​ប្រកួត​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​នេះ​ ​ជាមួយនឹង​ក្លិប​ ​Terengganu​ ​FC​ ​នា​កីឡដ្ឋាន​ ​UM​ ​Arena​ ​Stadium​។

    ​សូម​បញ្ជាក់​ថា​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ដែល​បាន​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​រយៈពេល​ ​1សប្ដាហ៍​ ​កាលពី​ព្រឹក​ថ្ងៃទី7​ ​មករា​ ​រហូតដល់​ថ្ងៃទី14​ ​ខែមករា​ ​មានការ​ប្រកួត​កម្ដៅ​សាច់ដុំ​ ​3ប្រកួត​ផង​ដែរ​ ​ដោយ​បាន​យកឈ្នះ​ ​Selangor​ ​4​-​០​ ​រួចមក​ហើយ​ ​នៅ​ថ្ងៃទី11​ ​បាន​បន្ត​យកឈ្នះ​ក្រុម​ ​Felda​ ​United​ ​FC​ ​ដោយ​លទ្ធផល​ ​1ទល់នឹង0​ ​និង​ថ្ងៃទី13​ ​នេះ​ ​នឹង​ត្រូវ​ជួប​ ​Terengganu​ ​FC​ ​មុន​ត្រឡប់មកវិញ​ ​1ថ្ងៃ​៕​

  • ភ្នំ​ពេញ​ក្រោ​ន​ ​និង​ ​Kehda​ ​FA​ ​ត្រូវ​ដណ្តើម​ពាន​ ​Pre​-​Season​ ​Cup​ ​នៅ​ថ្ងៃស្អែក​នេះ​

    ភ្នំ​ពេញ​ក្រោ​ន​ ​និង​ ​Kehda​ ​FA​ ​ត្រូវ​ដណ្តើម​ពាន​ ​Pre​-​Season​ ​Cup​ ​នៅ​ថ្ងៃស្អែក​នេះ​

    ​ការប្រកួត​ ​Smart​ ​RSN​ ​Cup​ ​2020​ ​នៅ​កីឡដ្ឋាន​ ​Smart​ ​RSN​ ​Stadium​ ​បាន​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ដណ្តើម​ពាន​ហើយ​ ​ដែល​ក្នុង​នោះ​រួមមាន​ក្រុម​ភ្នំ​ពេញ​ក្រោ​ន​ ​និង​ ​Kehda​ ​FA​។​

    ​ឆ្លងកាត់​ ​2ប្រកួត​មកនេះ​ ​ក្នុង​ប្រកួត​ទី1​ ​ភ្នំ​ពេញ​ក្រោ​ន​ ​បាន​យកឈ្នះ​ ​អង្គ​រថា​យហ្គឺរ​ ​ដោយ​លទ្ធផល​ ​2​-​1​ ​និង​ប្រកួត​ទី2​ ​ក្លិប​អង្គ​រថា​យហ្គើ​របា​នប​ន្ត​ចាញ់​ក្លិប​ ​Kehda​ ​FA​ ​ក្នុង​លទ្ធផល​ ​1ទល់នឹង០​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការប្រកួត​ចុងក្រោយ​ដណ្តើម​ពានរង្វាន់​ ​Smart​ ​RSN​ ​Cup​ ​2020​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី14​ ​ខែមករា​ ​ឆ្នាំ2020​ ​នេះ​ ​នៅ​កីឡដ្ឋាន​ ​Smart​ ​RSN​ ​Stadium​ ​ដែល​ក្រុម​ភ្នំ​ពេញ​ក្រោ​ន​ ​ត្រូវ​ជួប​ជាមួយនឹង​ក្លិប​ ​Kehda​ ​FA​ ​មក​ពី​លី​ក​កំពូល​ម៉ាឡេស៊ី​ ​និង​ជា​ម្ចាស់​ពានរង្វាន់​ ​Malaysia​ ​Cup​ ​2019​៕​


  • រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​គ្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ ​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​មុខ​វិទ្យាស្ថាន​ភាសាបរទេស​

    រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​គ្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ ​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​មុខ​វិទ្យាស្ថាន​ភាសាបរទេស​

    ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​គម្រោង​ផែនការ​សាងសង់​ផ្លូវ​ក្រោម​ដី​ ​2ខ្សែ​ ​នៅមុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​មុខ​វិទ្យាស្ថាន​ភាសាបរទេស​ ​បន្ទប់​ពី​បាន​មើលឃើញ​ពី​ការ​កកស្ទះ​ចរាចរណ៍​ជាប្រចាំ​ ​ហើយ​គម្រោង​ផែនការ​សាងសង់​ផ្លូវ​ក្រោម​ដី​គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

    ​តាមរយៈ​សេចក្ដីប្រកាស​នៅ​លើ​គណនី​ផ្លូវការ​ ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី9​ ​ខែ​ ​មករា​ ​ឆ្នាំ2020​ ​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​សាងសង់​ផ្លូវ​ក្រោម​ដី​ ​2ខ្សែ​នៅមុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​ត្រង់​ចំណុច​មុខ​វិទ្យាស្ថាន​ភាសាបរទេស​ ​IFL​ ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​ដែល​ទទួលរង​ការ​កកស្ទះ​ចរាចរណ៍​ស្ទើរតែ​រាល់ថ្ងៃ​។​ ​

    ​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុម​ជំនាញ​ ​ដើម្បី​ពិភាក្សា​លើ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ទាំង​ ​2ខ្សែ​នេះ​ ​ដើម្បី​ជំរុញ​ឱ្យ​គម្រោង​នេះ​ដំណើរការ​ទៅ​ឱ្យ​បាន​រលូន​ ​និង​ទទួល​បាន​ជោគជ័យ​ ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ ​ដល់​ការ​ធ្វើដំណើរ​របស់​បណ្តា​សិស្ស​ ​និស្សិត​ ​ដែល​ចេញចូល​វិទ្យាស្ថាន​ ​ជាពិសេស​បញ្ចៀស​ការ​កកស្ទះ​ ​ក្នុង​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​នៅត្រង់​ចំណុច​នោះ​។​

    ​លោក​ ​សាំ​ ​ពិសិដ្ឋ​ ​ប្រធានមន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​នៃ​សាលា​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ ​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ ​ជា​គម្រោង​ដែល​បាន​ ​និង​កំពុង​សិក្សា​ទៅលើ​ផ្លូវ​ក្រោម​ដី​ទាំង​ ​2ខ្សែ​នេះ​ ​គឺ​ ​1ខ្សែ​រត់​ក្រោម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅ​ចំណុច​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ទម្លុះ​ទៅ​ផ្លូវ265​ ​ដោយធ្វើ​ចរាចរណ៍​ទៅមក​។​ ​

    ​ចំណែក​ផ្លូវ​ក្រោម​ដី​ ​1ខ្សែ​ទៀត​ ​គ្រោង​នឹង​ធ្វើឡើង​នៅមុខ​វិទ្យាស្ថាន​ភាសាបរទេស​ ​ដោយ​ចេញពី​ក្នុង​វិទ្យាស្ថាន​ ​មុជ​ក្រោម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​ទម្លុះ​មក​ផ្លូវ261​ ​ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី1​ ​ខណ្ឌទួលគោក​។​ ​ក្នុង​គម្រោង​នេះ​ដែរ​ ​កំណាត់ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​ចាប់ពី​ស្ពាន​អាកាស​ ​5មករា​ ​រហូតដល់​ស្ពាន​អាកាស​ ​7មករា​ ​គឺ​គ្រោង​នឹង​បិទ​របាំង​ថ្ម​ទ្រូងផ្លូវ​មិន​ឱ្យធ្វើ​ចរាចរ​ឆ្លងកាត់​តែម្ដង​។​ ​
    ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ ​ក៏បាន​ពិភាក្សា​វែកញែក​រក​ដំណោះស្រាយ​ថា​ ​តើ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ចេញចូល​ច្រក​ណាមួយ​។​

    ​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​ក្នុង​កិច្ចប្រជុំ​នោះ​បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ធ្វើការ​សិក្សា​ឱ្យ​បាន​ហ្មត់ចត់​ ​លើក​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី2ខ្សែ​នេះ​ ​ដោយ​ឯកឧត្តម​ជំរុញ​ឱ្យ​មាន​កិច្ចប្រជុំ​លើកក្រោយ​ទៀត​ ​ដោយ​ត្រូវ​អញ្ជើញ​នាយក​សាលា​ទាំង2​ ​ក្រសួងការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​មក​ប្រជុំ​រួមគ្នា​ដើម្បី​រក​ដំណោះស្រាយ​រួម​ ​មុននឹង​ដាក់​ឱ្យ​គម្រោង​ខាងលើ​ដំណើរការ​ ​ព្រោះ​គម្រោង​នេះ​ត្រូវតែ​អនុវត្ត​ហើយ​ ​ដោយសារតែ​មាន​និស្សិត​ប្រមាណ​ជាង​ ​2ម៉ឺន​នាក់​ចេញពី​សាកល​វិទ្យាល័យ​ទាំង2នេះ​ ​ហើយ​តែងតែ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​ ​នៅ​ម៉ោង​ដែល​និស្សិត​ចេញ​ ​និង​ចូលក្នុង​សាលា​៕​



  • តើ​ការ​អាន​បែប​ណា​ទើប​រាប់​ថា​ ជា​ការ​អាន​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​ជីវិត​?

    តើ​ការ​អាន​បែប​ណា​ទើប​រាប់​ថា​ ជា​ការ​អាន​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​ជីវិត​?

    ការ​អាន​ជាផ្នែក​យ៉ាង​សំខាន់​សម្រាប់​ជីវិត​មនុស្ស​នៅ​លើ​ពិភពលោក​ ព្រោះ​ស្ទើរតែ​ 100​%នៃ​ប្រជាជន​ក្នុង​ប្រទេស​ទាំងអស់​សុទ្ធតែ​ឆ្លងកាត់​ការអប់រំ​ និង​ការ​អាន​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​អ្នកជំនាញ​ ឬជា​ប្រជាជន​ដែល​ប្រកបដោយ​សមត្ថភាព​រហូតមកដល់​បច្ចុប្បន្ន​។

    ទោះ​ជា​យ៉ាងនេះ​ក្តី​ គ្រាន់តែ​អាន​អត្ថបទ​នៅក្នុង​ប្រព័ន្ធ​អប់រំ​ មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​សម្រាប់​ការរស់នៅ​របស់​មនុស្ស​ម្នា​ក់ៗ​។

    មាន​ប្រភេទ​សៀវភៅ​ និង​អត្ថបទ​ជាច្រើន​ផ្សេងទៀត​ ដែល​ទាមទារ​ឱ្យ​មនុស្ស​គ្រប់គ្នា​ស្វែងយល់​ និង​ប្រើប្រាស់​វា​ប្រកបដោយ​ប្រសិទ្ធភាព​ តែ​អ្វី​ដែល​ជា​ឧបសគ្គ​ គឺ​មនុស្ស​ជាច្រើន​មិនទាន់​ដឹងពី​វិធី​ក្នុង​ការ​អាន​ឱ្យ​មានប្រសិទ្ធភាព​សម្រាប់​ការរស់នៅ​របស់​ខ្លួន​នៅឡើយ​។

    លោក​ សុខ​ ឡាក់​ ស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត​ បាន​លើកឡើង​ថា​ មនុស្ស​ដែល​ចូលចិត្ត​អាន​ ជា​មនុស្ស​មាន​សមត្ថភាព​ល្អ​មួយ​ក្នុង​ការ​អភិវឌ្ឍ​ជីវិត​ ព្រោះ​គាត់​ទទួល​បាន​ព័ត៌មាន​ច្រើន​សម្រាប់​ការសម្រេច​ចិត្ត​ និង​សម្រាប់​ការ​បន្ត​អភិវឌ្ឍន៍​អ្វី​ដែល​មាន​ ស្រាប់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

    លោក សុខ ឡាក់ ស្ថាបនិកបណ្ណាល័យបញ្ញវន្ត

    ជា​ឧទាហរណ៍​ប្រសិនបើ​យើង​ជា​អ្នកធ្វើការ​ងារ​ ការ​អាន​ច្រើន​នឹង​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ចំណេះដឹង​ជាច្រើន​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​ការងារ​ ការបង្កើត​ជា​គំ​និ​តថ្មី​ៗសម្រាប់​ជំរុញ​ឱ្យ​ការ​ធ្វើការងារ​ជា​ក្រុម​ទទួល​បាន​ជោគជ័យ​ និង​លេចធ្លោ​ជាង​ក្រុម​ដទៃ​ ជាដើម​។

    ប្រសិនបើ​យើង​ជា​អ្នកធ្វើ​អាជីវកម្ម​ ការ​អាន​នឹងអាច​ធ្វើ​ឱ្យ​យើង​រក​ឃើញ​គំ​និ​តល្អ​ៗ ថ្មី​ៗ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​យើង​ឱ្យ​មាន​ភាព​ប្លែក​ពី​គេ​ មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ និង​ទទួល​បាន​ចំណែក​ទីផ្សារ​កាន់តែ​ធំឡើង​ ជាដើម​។ ទោះជា​យ៉ាងនេះ​ក្តី​ ប្រសិនបើ​យើង​មិន​យល់​ពី​វិធី​សាស្រ្ត​ក្នុង​ការ​អាន​ឱ្យ​មានប្រសិទ្ធភាព​ទេ​នោះ​ យើង​នឹង​ចំណាយ​ទាំង​ពេលវេលា​ ទាំង​ថវិកា​ដោយ​ឥតប្រយោជន៍​ ព្រោះ​ការ​អាន​បែបនេះ​អាច​នឹង​ចំណាយ​ពេលវេលា​ច្រើន​ តែ​ទទួល​បាន​លទ្ធផល​ល្អ​តិច​។

    លោក​ សុខ​ ឡាក់​ បាន​និយាយ​ថា​៖ «ដើម្បី​ការ​អាន​របស់​យើង​ធ្វើ​ឱ្យ​មានប្រសិទ្ធភាព​ គឺ​ដំបូង​ឡើយ​ យើង​ត្រូវ​ព្យាយាម​អាន​ឱ្យ​យល់​ ហើយ​បកប្រែ​(ឬបំបែក​)ការយល់​ដឹង​នេះ​ទៅជា​សកម្មភាព​ឱ្យ​បាន​»។

    ស្ថាបនិក​បណ្ណាល័យ​ខាងលើ​បាន​ណែនាំ​ថា​ ការ​អាន​ឱ្យ​យល់​នេះ​ ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​ឱ្យ​យើង​អាច​មាន​សមត្ថភាព​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត​ តែ​គ្រាន់តែ​យល់​ មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​…។

    សមត្ថភាព​មួយ​ផ្សេង​ទៀត​ដែល​មនុស្ស​ត្រូវ​មាន​ដែរ​នោះ​ គឺ​ការបកប្រែ​(ឬបំបែក​)អ្វី​ដែល​ជា​ចំណេះដឹង​(ដែល​យើង​ទទួល​បាន​)ទាំងអស់​នោះ​ ឱ្យ​ក្លាយជា​សកម្មភាព​ជាក់ស្តែង​ដើម្បី​អនុវត្ត​នៅក្នុង​ដំណើរ​ជីវិត​ ឬក្នុង​មុខរបរ​អាជីវកម្ម​។

    ការ​ប្រែក្លាយ​អ្វី​ដែល​យើង​ដឹង​ ឱ្យ​ក្លាយជា​សកម្មភាព​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​ ព្រោះ​វា​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ និង​អត់ធ្មត់​ក្នុង​ការអនុវត្ត​នូវ​សកម្មភាព​ទាំងឡាយ​ណា​ដែល​មិនមែន​ជា​ទម្លាប់​ដើម​របស់​យើង​។

    ហេតុ​នេះ​ហើយ​ទើប​មាន​មនុស្សជា​ច្រើន​ដែល​ចេះដឹង​ហើយ​ តែ​មិន​មានការ​រីកចម្រើន​ ព្រោះ​ពួកគេ​គ្រាន់តែ​ដឹង​ តែ​មិនព្រម​ធ្វើសកម្មភាព​ ឬប្រើប្រាស់​ចំណេះដឹង​ទាំងអស់​នោះ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការ​រស់នៅ​។

    ចំណុច​សំខាន់​មួយផ្សេងទៀត​ដែល​លោក​ សុខ​ ឡាក់​ បាន​លើកឡើង​ដែរ​នោះ​ គឺ​ក្រោយពេល​អនុវត្ត​បាន​ហើយ​ មនុស្ស​គ្រប់គ្នា​គួរ​ចេះ​បំបែក​ផ្នត់គំនិត​ទាំងអស់​នោះ​ឱ្យ​ក្លាយជា​ទស្សនៈ​ ឬវិធី​សាស្រ្ត​ថ្មី​សម្រាប់​ជីវិត​រស់នៅ​ និង​សម្រាប់​ជា​ប្រយោជន៍​ចំពោះ​អ្នកដទៃ​។

    លោក​និយាយ​ថា​ នេះ​ជា​ដំណាក់កាល​ខ្ពស់​មួយទៀត​ នៃ​ការ​អាន​ដែល​មានប្រសិទ្ធភាព​ ព្រោះ​គ្រាន់តែ​ចេះ​អនុវត្ត​ យើង​នឹង​ទទួល​បានផល​ល្អ​មួយ​សម្រាប់​ការ​រស់​នៅ​រួចហើយ​ តែ​ប្រសិនបើ​យើង​មាន​សមត្ថភាព​ខ្លាំង​រហូតដល់​ទៅ​ចេះកែ​ច្នៃ​គំនិត​ទាំងអស់​នោះ​ឱ្យ​ក្លាយជា​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ​ ឬជា​នវានុវត្តន៍​ទៀតផង​នោះ​ យើង​នឹង​ទទួល​បានផល​ប្រយោជន៍​យ៉ាង​ធំធេង​អំពី​ការ​អាន​។

    ការ​អាន​ដែល​ធ្វើ​ឱ្យ​យើង​ឈាន​ដល់​នវានុវត្តន៍​នៃ​គំនិត​នេះ​ ត្រូវ​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការសង្កេត​ អនុវត្ត​ និង​ពិចារណា​ ដើម្បី​ឈាន​ទៅដល់​ការ​បំបែក​គំនិត​របស់​មនុស្សជា​ច្រើន​បញ្ចូល​គ្នា​បាន​។

    ក្រៅពី​នេះ​ វា​ក៏​ទាមទារ​ឱ្យ​យើង​ខិតខំ​ប្រឹងប្រែង​អាន​ឱ្យ​បាន​ច្រើន​ ដើម្បី​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ណា​ដែល​ស្រដៀងគ្នា​ដើម្បី​យក​មក​ពិចារណា​ឱ្យ​ក្លាយជា​ច្រកចេញ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​អភិវឌ្ឍ​គំនិត​ថ្មី​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ មកដល់ពេលនេះ​កំណើន​នៃ​ការ​អាន​ បាន​ចាប់ផ្តើម​មាន​លក្ខណៈ​វិជ្ជមាន​ជា​បណ្ដើរ​ៗហើយ​ បើ​ទោះបីជា​បណ្តាញ​បច្ចេកវិទ្យា​បាន​ដើរលឿន​យ៉ាងណាក៏ដោយ​។

    តាមរយៈ​ពិព័រណ៍​សៀវភៅ​ដែល​មាន​អ្នកចូលរួម​ច្រើន​ ជាពិសេស​យុវជន​បាន​កើនឡើង​យ៉ាង​ខ្លាំង​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​ ហេតុនេះ​វា​បាន​ក្លាយជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​សមត្ថភាព​ និង​ផលិតភាព​ធនធានមនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព​។

    អ្វី​ដែល​ជា​ចំណុច​ត្រូវ​ផ្តោត​បន្ត​នៅក្នុង​កាលៈទេសៈ​នេះ​ គឺ​មិនមែន​គ្រាន់តែ​ជំរុញ​ឱ្យ​មនុស្ស​ចូលចិត្ត​អាន​ប៉ុណ្ណោះទេ​ តែ​ត្រូវ​ជំរុញ​ និង​រិះរក​វិធី​សា​ស្ត្រថ្មីៗ​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ដែល​កំពុង​ចាប់អារម្មណ៍​លើ​ការ​អាន​ស្រាប់ហើយ​នោះ​ ចេះ​ប្រើប្រាស់​អំណាន​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​ទទួល​បាន​លទ្ធផល​ល្អ​ពី​ការ​អាន​របស់​ពួកគេ​៕

  • ម្តាយ​បង្កើត ពេជ្រ សូលីកា ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​សង្ស័យ​ថាបាន​សម្លាប់​ស្ត្រីវ័យ​៥០​ឆ្នាំ​ម្នាក់

    ម្តាយ​បង្កើត ពេជ្រ សូលីកា ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​សង្ស័យ​ថាបាន​សម្លាប់​ស្ត្រីវ័យ​៥០​ឆ្នាំ​ម្នាក់

    ម្តាយ​បង្កើត ពេជ្រ សូលីកា ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​សង្ស័យ​ថា បាន​សម្លាប់​ស្ត្រីវ័យ​៥០​ឆ្នាំ​ម្នាក់នៅ​ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ស្រ្តីវ័យ៥០ម្នាក់ ត្រូវបានឃើញដេកស្លាប់ក្នុងផ្ទះ ដែលស្ថិតនៅក្នុងបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ បន្ទាប់ពីមន្ត្រីបច្ចេកទេសកោសល្យវិច័យ មូលហេតុគឺរកឃើញថា សពត្រូវបានស្លាប់ ដោយសារថបដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។ យ៉ាងណាមិញ ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចវែកមុខហើយ គឺជាម្តាយបង្កើតរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា។

    ប្រភពពីគ្រួសាររបស់សពបានប្រាប់ថា មុនកើតហេតុពួកគាត់បានទូរសព្ទ័ទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខបានដេកស្លាប់ នៅក្នុងផ្ទះបាត់ហើយ ធ្វើឲ្យពួកគាត់បានទៅផ្ទះកើតហេតុ លុះពេលទៅដល់ក៏ឃើញសពពិតមែន ធ្វើឲ្យពួកគាត់ដែលជាគ្រួសារ មានការសោកស្តាយយ៉ាងខ្លាំង។

    ដោយគ្រួសារមិនអស់ចិត្ត ព្រោះឃើញការស្លាប់របស់ស្រ្តីមានសភាពគួរឲ្យសង្ស័យ ក៏រាយការណ៍ទៅកម្លាំងនគរបាល ភ្លាមៗកម្លាំងនគរបាលខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងកើតហេតុ ជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច័យ ប្រាប់ថា សពគឺត្រូវបានស្លាប់ដោយសារថបដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។

    បន្ទាប់ពីដឹងថា ស្រ្តីដែលស្លាប់នោះដោយគេសម្លាប់មែនក្រុមគ្រួសារស្រ្តីរងគ្រោះ បានដាក់ការសង្ស័យថា មិត្តភក្តិដែលនៅជាមួយស្រ្តីរងគ្រោះ ជាអ្នកប្រព្រឹត្តព្រោះអ្នកទាំងពីរ តែងតែមានជម្លោះជាមួយគ្នាញឹកញាប់ ភ្លាមៗនោះកម្លាំងនគរបាលបានហៅមិត្តស្រ្តីដែលស្លាប់ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនដៃដល់។

    គួរជម្រាបថា ស្រ្តីរងគ្រោះមានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ ហើយបាត់បង់ទ្រព្យសម្បត្តិដែលនៅជាប់នឹងខ្លួនមួយចំនួនផងដែរ។ ក្រោយពីធ្វើកោសល្យវិច័យរួចសពប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ ដើម្បីបន្តនីតិវិធីច្បាប់៕

  • ម៉ូដសម្លៀកបំពាក់ពណ៌ស្រស់ឆើតឆាយសម្រាប់បុរសទាន់សម័យ

    ម៉ូដសម្លៀកបំពាក់ពណ៌ស្រស់ឆើតឆាយសម្រាប់បុរសទាន់សម័យ

    រដូវ​ដើរលេង​បាន​មកដល់​ហើយ​ បន្ទាប់ពី​ឆ្លង​ឆ្នាំ​ថ្មី​រួច​ នៅពេល​នេះ​ចូល​ដល់​ឆ្នាំ2020ហើយ​ តោះ​ចឹ​ងនាំ​គ្នា​រៀប​គម្រោង​ដើរលេង​កម្សាន្ត​សប្បាយ​ៗជួបជុំ​មិត្តភក្តិ​ និង​ក្រុម​គ្រួសារ​ ហើយ​បុ​រសៗ​កុំ​ភ្លេច​លេង​ម៉ូដ​សម្លៀកបំពាក់​ស្អា​តៗ​ បែប​ស្រស់​សង្ហា​ ​;មិន​ស៊ាំ​ភ្នែក​ជាមួយនឹង​សម្លៀកបំពាក់​ទាន់សម័យ​ ម៉ូដ​ថ្មី​ៗ និង​មាន​ពណ៌​ស្រស់​ទាក់ភ្នែក​ម្តង​មើល៎​ ​;ដើម្បី​ផ្តល់​នូវ​ភាព​ជឿជាក់​ដល់​រូប​អ្នកផង​ និង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​នា​រីៗ​ដែល​កំពុង​សំឡឹង​មក​អ្នកផង​ដែរ​។ តោះ​ចឹ​ងរៀប​ចំ​ស្តាយ​ល៍​របស់​អ្នក​ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មីនេះ​ទាំងអស់គ្នា​៕

  • ទស្សនា​វីដេអូ​ឯកសារ..​ ​មួយ​តួខ្លួន​ ​ឈិន​ឡុង​សុទ្ធតែ​ធ្លាប់​បាក់​ទាំងអស់​ព្រោះ​សម្ដែង​ពិតៗគ្មាន​ការ​កាត់តEffect​

    ទស្សនា​វីដេអូ​ឯកសារ..​ ​មួយ​តួខ្លួន​ ​ឈិន​ឡុង​សុទ្ធតែ​ធ្លាប់​បាក់​ទាំងអស់​ព្រោះ​សម្ដែង​ពិតៗគ្មាន​ការ​កាត់តEffect​

    ​ឯកសារ​វីដេអូ​មួយ​បង្ហាញថា​ ​មួយ​តួខ្លួន​របស់​ ​Jackie​ ​Chan​ ​សុទ្ធតែ​ធ្លាប់​បាក់​ទាំងអស់​ ​ក្នុង​នោះ​លលាដ៍ក្បាល​ក៏​ប្រេះ​ ​និង​ ​ត្រចៀក​ក៏​ថ្លង់​។​ ​ឈិន​ឡុង​ ​ត្រូវ​បាន​គេដាក់​សំណួរ​លើ​គាត់​ថា​ ​តើ​គាត់​នៅ​រស់​បាន​ដោយ​របៀបណា​?​

    ​តារា​សម្ដែង​ក្បាច់គុន​ចិន​រូប​នេះ​ ​ត្រូវ​បាន​គេ​កោតសរសើរ​សម្រាប់​ការ​ថត​ ​ដោយ​មិន​ប្រើ​ ​Effect​ ​ឬ​កាត់ត​រូបភាព​ ​ដោយ​គាត់​សម្ដែង​ដោយ​ផ្ទាល់​ៗ​ ​និង​មិន​ប្រើ​ខ្សែកាប​ជំនួយ​អ្វី​ទាំងអស់​។​ ​រាល់​ការសម្ដែង​របស់​គាត់​ក្នុង​ឈុត​គ្រោះថ្នាក់​នី​មួយ​ៗ​ ​គឺ​គាត់​សម្ដែង​វា​ជា​ការពិត​ ​មិន​បោកប្រាស់​ភ្នែក​អ្នកមើល​នោះ​ឡើយ​ ​ថ្វីបើ​ការសម្ដែង​គ្រោះថ្នាក់​ដល់​ជីវិត​ក៏ដោយ​។​

    ​ជាតា​រា​សម្ដែង​ ​ជា​អ្នកដឹកនាំ​រឿង​ ​និង​ជាតា​រា​ចម្រៀង​ ​លោក​ ​Jackie​ ​Chan​ ​ប៊ិះ​ស្លាប់​ម្ដង​ក្នុង​រឿង​ ​Armour​ ​of​ ​God​ ​II​ ​ដែល​រឿង​នេះ​ធ្វើ​ឱ្យ​គាត់​ថ្លង់​ត្រចៀក​ម្ខាង​។​ ​ឈុត​ក្នុង​រឿង​នោះ​ ​គាត់​បាន​លោត​ពីលើ​ភ្នំ​តោង​ដើមឈើ​មួយ​ដើម​ ​ដែល​អាច​ទម្លាក់​ខ្លួន​គាត់​ទៅ​នឹង​ដី​បាន​។​ ​តែ​ជា​អ​កុសល្​យ​ ​គាត់​បាន​តោង​ខុស​បច្ចេកទេស​ ​បណ្ដាល​ឱ្យ​គាត់​ប៊ិះ​ស្លាប់​ ​ដោយ​ប្រេះ​លលាដ៏​ក្បាល​ ​និង​ហូរឈាម​តាម​ត្រចៀក​ខាងស្តាំ​ ​ជាហេតុ​នាំ​ឱ្យ​គាត់​ថ្លង់​មកទល់​ពេលនេះ​។​

    ​តារា​សម្ដែង​អាយុ​ ​៦៥​ ​រូប​នេះ​បាន​បង្ហាញ​ភាព​ក្លាហាន​របស់​ខ្លួន​ក្នុង​រឿង​ជាច្រើន​ ​បើ​ទោះជា​គាត់​ដឹង​ថា​វា​គ្រោះថ្នាក់​ដល់​ជីវិត​ក៏ដោយ​។​ ​ដូច​នៅក្នុង​រឿង​ ​Police​ ​Story​ ​ឆ្នាំ​ ​១៩៨៥​ ​គាត់​បាន​តោង​បង្គោល​សម្រូត​ខ្លួន​ចុះ​ ​ទាំង​បង្គោល​មាន​អំពូលភ្លើង​អម​។​ ​ជា​ការពិត​ណាស់​ឈុត​ក្នុង​រឿង​នេះ​ ​ដៃ​របស់​គាត់​បាន​រលាក​កម្រិត​ពីរ​ធ្ងន់ធ្ងរ​ ​តែ​វា​មិនជា​បញ្ហ​ប៉ុន្មាន​ទេ​ ​តែ​នៅពេល​ធ្លាក់​ដល់​ក្រោម​ ​ធ្វើ​ឱ្យ​គា​ត់​ជុង​ទៅ​នឹង​អំបែង​ ​ដែល​គាត់​ធ្លាក់​ទៅលើ​កញ្ចក់​បណ្ដាល​ឱ្យ​ចូល​មន្ទីរពេទ្យ​។​

    ​គេ​ក៏បាន​កោត​សសើរ​គាត់​ចំពោះ​ភាព​តស៊ូ​ក្នុង​ជីវិត​ ​ដូចជា​រឿង​ ​Rumble​ ​in​ ​the​ ​Bronx​ ​ក្នុង​ឈុត​មួយ​គាត់​បាន​លោត​ទៅលើ​កប៉ាល់​ខ្យល់​ ​ខុស​បច្ចេកទេស​ ​បណ្ដាល​ឱ្យ​ក្រិក​កជើង​។​ ​ក្រោយមក​គាត់​បាន​ពាក់​ស្រោមជើង​ក្រាស់​ ​ជួយ​ដល់​ជើង​របស់​គាត់​ដើម្បី​ថត​តទៅទៀត​។​ ​ក៏​មាន​ឈុត​គ្រោះថ្នាក់​មួយទៀត​របស់​គាត់​ ​គឺ​នៅពេល​គាត់​ធ្លាក់​ពី​នាឡិកា​កម្ពស់​ ​២៤​ ​ម៉ែត្រ​ដល់​ក្រោម​ ​ដោយ​មិន​ប្រើ​ខ្សែកាប​ការពារ​ ​ឬក៏​ពូក​ទ្រ​ពីក្រោយ​ដែរ​ ​ហើយ​ពេលនោះ​គាត់​បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​ ​និង​បន្ត​ថត​ ​ដោយ​មិន​កាត់​ក្នុង​ពេល​ដែល​គាត់​ធ្លាក់ចុះ​នោះ​ទេ​។​ ​សុទ្ធតែ​ឈុត​គ្រោះថ្នាក់​ ​ដូច្នេះ​គេ​ឆ្ងល់​ថា​តើ​គាត់​នៅ​រស់​ដោយ​របៀបណា​ទៅ​ ​បើ​គាត់​ធ្លាប់​ប្រាប់​ថា​ ​កែងដៃ​ ​ចង្ការ​ ​ជង្គង់​ ​កជើង​ ​ធ្មេញ​ ​សុទ្ធតែ​ធ្លាប់​បាក់​ទាំងអស់​នោះ​៕​