Category: សង្គម និងសេដ្ឋកិច្ច

  • មហាសេដ្ឋី Bloomberg៖ “ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ទាំង​អស់​ដើម្បី​ផ្ដួល​លោក​ Trump”

    មហាសេដ្ឋី Bloomberg៖ “ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ទាំង​អស់​ដើម្បី​ផ្ដួល​លោក​ Trump”

    បេក្ខភាពប្រធានាធិបតីអាមេរិក Michael Bloomberg ថ្មីៗនេះ បានឱ្យដឹងថា លោក​ត្រៀមជាស្រេចក្នុងការចំណាយទ្រព្យធនផ្ទាល់ខ្លួនទាំងអស់ដើម្បីផ្ដួលប្រធានាធិបតីកំពុងកាន់អំណាច នោះ​គឺលោក Donald Trump នៅក្នុងការប្រជែងគ្នាចូលទៅកាន់​សេតវិមានក្នុង​ឆ្នាំ​2020 នេះ។

    កំពូលមហាសេដ្ឋីរូបនេះក៏បានទាត់ចោលនូវការរិះគន់ពីគូប្រជែងនានាដែលចោទថា លោក​បាន​ប្រើប្រាស់អំណាចទឹកប្រាក់ដើម្បី “ទិញ” ការបោះឆ្នោត។ នេះបើយោងតាមសារព័ត៌មាន Reuters។

    មួយរយៈពេលចុងក្រោយនេះ កំពូលមហាសេដ្ឋីលំដាប់ទី8 ក្នុងពិភពលោក(តាមចំណាត់​ថ្នាក់​របស់ទទស្សនាវដ្តី Forbes) លោក Bloomberg បានបង្ហាញមុខនៅស្ទើរគ្រប់ទំព័រ​សារព័ត៌​មាន ​និងបណ្ដាញសង្គម ជាមួយនឹងសារដែលថា លោកមាន “ឱកាសល្អបំផុត” ដើម្បីអាច​ “បណ្ដេញ”​​ ​លោក Trump ចេញពីសេតវិមាន។ លោក Bloomberg គឺជាបេក្ខជនប្រធានា​ធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលចំណាយប្រាក់ច្រើនបំផុតទៅលើការឃោសនា​រកសំឡេងឆ្នោត ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក។

    កាលពីចុងសប្ដាហ៍កន្លងទៅ លោក Bloomberg បានថ្លែងនៅលើរថយន្តក្រុងដែលកំពុង​ធ្វើយុទ្ធនា​​ការរកសំឡេងឆ្នោតថា៖ “អាទិភាពទី1 របស់ខ្ញុំ គឺការផ្ដួលលោក Donald Trump ខ្ញុំនឹងចំណាយទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ ដើម្បីផ្ដួលគាត់ឱ្យបាន”។

    ចំណែកតំណាងរាស្ដ្រ Elizabeth Warren ដែលជាបេក្ខនារីលំដាប់កំពូលរបស់បក្ស​ប្រជាធិប​តេយ្យដែរនោះ ធ្លាប់បានប្រកាសថា លោកស្រីនឹងលុបបំបាត់ឥទ្ធិពលនៃប្រាក់​កាសចេញពី​ឆាកនយោបាយ។ លោកស្រីបានរិះគន់យុទ្ធនាការឃោសនាដែលមានតម្លៃ 37លានដុល្លារ​នៅ​លើទូរទស្សន៍របស់លោក Bloomberg ថា អតីតអភិបាលក្រុង New York រូបនេះ កំពុង​ព្យាយាមប្រើលុយទិញប្រជាធិបតេយ្យអាមេរិក។

    យចូលរួមក្នុងការប្រកួតប្រជែងយឺតជាងគេ និងបានខកខានក្នុងការប្រជែង 6លើកដំបូងៗ​របស់គណបក្សប្រជាធិបតេយ្យ លោក Bloomberg បច្ចុប្បន្នឈរលើលំដាប់លេខរៀងទី5 ក្នុង​ការស្ទង់មតិជាតិ បន្ទាប់ពីបេក្ខភាពប្រធានាធិបតី Joe Biden, Bernie Sanders, Elizabeth Warren និង Pete Buttigieg។

    នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្រៅពីសារខាងលើ លោក Bloomberg ក៏មាន​សារសំខាន់មួយទៀតដែរ នោះគឹ៖ “ខ្ញុំចេញមុខប្រជែងយកតំណែងប្រធានាធិបតី គឺដើម្បីផ្ដួល​លោក Trump និងដើម្បីកសាងទឹកដីអាមេរិកឡើងវិញ។ យើងនឹងមិនទុកឱ្យលោក Trump មានឱកាសកាន់អំណាចរបៀបជិះសេះលែងដៃរយៈពេល 4ឆ្នាំទៀតនោះទេ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ផលិតផល​ SME​ ត្រូវការ​ការ​ជួយ​ពី​រដ្ឋាភិបាល​ ខណៈ​បញ្ហា​ប្រឈម​ គឺ​ការប្រកួត​ប្រជែង​

    ផលិតផល​ SME​ ត្រូវការ​ការ​ជួយ​ពី​រដ្ឋាភិបាល​ ខណៈ​បញ្ហា​ប្រឈម​ គឺ​ការប្រកួត​ប្រជែង​

    កាលពី​ដំណាច់ឆ្នាំ2019​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចង្អុលបង្ហាញ​ថា​ គោលនយោបាយ​ឧស្សាហកម្ម​របស់​កម្ពុជា​ គឺ​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​ចំនួន2​ ជាអាទិភាព​ គឺ​កែច្នៃ​កសិផល​ និង​ឧស្សាហកម្ម​ប្រើ​ជំនាញ​ខ្ពស់​។

    ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ​ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។

    សម្ដេច​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ ៖“គោលនយោបាយ​ឧស្សាហកម្ម​របស់​យើង​បន្ត​ គឺ​យើង​ចង់​ទាក់ទាញ​លើ​ផ្នែក​ 2សំខាន់​។ ទី1​-ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម​ ដែល​មិន​ទាមទារ​ទុន​ធំ​ពេក​ទេ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ត្រូវ​ដំណើរការ​ ទាំង​អ្នក​ក្នុង​ស្រុក​ និង​អ្នកក្រៅ​ស្រុក​”។

    សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បន្ត​ថា​៖“រី​ឯការ​ចង់បាន​ទី2​ គឺ​ការ​វិនិយោគ​ទៅលើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ ទោះបីជា​យើង​នៅ​រក្សា​ឧស្សាហកម្ម​អតិពលកម្ម​ ដែល​ប្រើ​កម្លាំង​ច្រើន​ ដូចជា​វិស័យ​កាត់ដេរ​ ប៉ុន្តែ​បើ​យើង​នៅ​ទ្រឹង​ប៉ុណ្ណឹង​ ទៅ​មិន​រួច​ទេ​ អ៊ីចឹង​ត្រូវ​ទាញ​យក​ឧស្សាហកម្ម​ជំនាញ​ខ្ពស់​បន្ថែម​ទៀត​”។

    ប្រមុខ​រដ្ឋាភិបាល​ និង​របាយការណ៍​របស់​ធនាគារ​ពិ​ភលោ​ក ដែល​បាន​ចេញផ្សាយ​កន្លងមក​បាន​លើក​ឡើង​ដូចគ្នា​ គឺ​កម្ពុជា​កំពុង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ខាង​ការ​វិនិយោគ​ រោងចក្រ​ឧស្សាហកម្ម​មិនមែន​កាត់ដេរ​ ដូចជា​ឧស្សាហកម្ម​ដំឡើង​យានយន្ត​ គ្រឿង​ផ្គុំ​អេឡិចត្រូនិក​ គ្រឿងបន្លាស់​ ជាដើម​ ពិសេស​ការ​-វិនិយោគ​ពី​ក្រុមហ៊ុន​ជប៉ុន​។

    ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ការនាំចេញ​ឧស្សាហកម្ម​ប្រភេទ​នេះ​ បាន​កាន់កាប់​ទំហំ​នាំចេញ​របស់​កម្ពុជា​កាន់តែ​ធំ​ ដែល​មាន​ប្រមាណ10​% នៃ​ការនាំចេញ​សរុប​ បើ​ធៀប​នឹង​ទំហំ​មិនដល់​ 2%ផង​នៅ​ឆ្នាំ2010​។ ប៉ុន្តែ​បើ​តាម​ធនាគារពិភពលោក​ កម្ពុជា​ត្រូវ​ពង្រឹង​ធនធានមនុស្ស​ កែ​លម្អ​បរិយាកាស​ធុរកិច្ច​ និង​បញ្ចុះ​ថ្លៃដើម​ផលិតកម្ម​ ដើម្បី​ភាព​ទាក់ទាញ​ការ​វិនិយោគ​ទាំងនោះ​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ សហគ្រាស​ធុន​តូច​ និង​មធ្យម​(SME​) សព្វថ្ងៃ​កំពុង​ប្រឈម​បញ្ហា​ផលិតភាព​ ដែល​ពិបាក​នឹង​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផល​នាំចូល​។ ព្រោះថា​ សេដ្ឋកិច្ច​យើង​ស្ថិត​ក្នុង​បរិបទ​ទីផ្សារសេរី​ និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផង​នោះ​ បើ​មិន​អាច​ផលិត​ឱ្យ​មាន​ភាព​ប្រកួតប្រជែង​ទេ​ SMEយើង​ទោះ​ចង់​មិន​ចង់​ក៏​ត្រូវ​ប្រឈម​បញ្ហា​ដែរ​។ តែ​ជាមួយគ្នា​នេះ​ រដ្ឋាភិបាល​ត្រូវ​គាំទ្រ​ដល់​ SME​ ដើម្បី​ពង្រឹង​ការផលិត​ឱ្យ​មាន​ភាព​ប្រកួតប្រជែង​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“ រដ្ឋាភិបាល​មិន​អាច​បិទ​ការនាំចូល​បានទេ​ ព្រោះថា​ ជារបប​ទីផ្សារសេរី​ គឺ​យើង​ជា​បណ្តា​ប្រទេស​ស្ថិត​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ទំនិញ​ឆ្លងកាត់​មិន​ត្រូវ​បាន​គិត​ពន្ធ​ទៀត​ ដូច្នេះ​វា​ជា​ការប្រកួត​ប្រជែង​មួយ​ដែល​យើង​ចាំបាច់​ត្រូវតែ​ប្រឈម​។ ម្យ៉ាងទៀត​ SME​ យើង​សព្វថ្ងៃ​ ដែល​ប្រកួតប្រជែង​ជាមួយ​គេ​ គឺ​ផ្នែក​បច្ចេកវិទ្យា​ មិនទាន់​ទំនើប​ដូច​គេ​ និង​ថ្លៃដើម​នៅ​មាន​បញ្ហា​។ នេះ​គឺជា​អ្វី​ដែល​យើង​កំពុង​ប្រឈម​ និង​ជា​បញ្ហា​ពិបាក​សម្រាប់​យើង​។

    បើ​យោង​តាម​ ម្ចាស់​សហគ្រាស​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​ និង​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​នោះ​បាន​ឱ្យ​ដឹង​ថា​ បញ្ហា​ប្រឈម​របស់​សហគ្រាស​ ពេល​បច្ចុប្បន្ន​នេះ​ គឺ​ការប្រកួត​ប្រជែង​ទីផ្សារ​ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស​ ព្រោះអី​ទំនិញ​គេ​លើ​ទីផ្សារ​ មាន​តម្លៃ​ទាប​ជាង​ទំនិញ​របស់​អ្នក​ផលិត​ក្នុង​ស្រុក​យើង​ ហើយ​អ្នកប្រើ​ប្រាស់​ចង់បាន​ទំនិញ​ណា​ដែល​មានតម្លៃ​ទាប​ចំពោះ​អាទិភាព​មុនគេ​ ព្រោះ​ពលរដ្ឋខ្មែរ​ភាគច្រើន​ គាត់​មើលទៅ​លើ​តម្លៃ​ បើសិនជា​តម្លៃ​ទាប​គាត់​ត្រូវ​ជ្រើសរើស​យក​ទំនិញ​ណា​ដែល​មានតម្លៃ​ទាប​ជាមុន​សិន​។ តែ​ចំពោះ​អ្នក​ដែល​គិតគូរ​ពី​គុណភាព​ និង​សុខភាព​ខ្លួនឯង​ គេ​ត្រូវ​ពិនិត្យមើល​ទៅ​គុណភាព​ទំនិញ​។

    ម្យ៉ាងទៀត​ ទំនិញ​ដែល​នាំចូល​ គឺ​មានតម្លៃ​ទាប​ជាង​ទំនិញ​ក្នុង​ស្រុក​ ព្រោះ​ការផលិត​របស់​គេ​ចំណាយ​ថ្លៃដើម​តិច​ជាង​ផលិតផល​ក្នុង​ស្រុក​ ដូច្នេះ​គេ​អាច​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ​ទាប​ជាង​ផលិតផល​យើង​បាន​ តែបើ​សិន​ជា​យើង​លក់​ទាប​ដូច​គេ​ដែរ​នោះ​ អាជីវកម្ម​យើង​នឹង​ដួល​រលំ​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​បន្ថែម​ថា​ សម្រាប់​ការ​ទទួល​ឥណទាន​ ក៏​គ្នា​ (SME​) មិនទាន់​ទទួល​បាន​នៅឡើយ​ដែរ​ ព្រោះថា​ ការ​-ទទួល​បាន​កម្ចី​ពី​ធនាគារពាណិជ្ជ​មួយចំនួន​ ក៏​ការប្រាក់​ខ្ពស់​ដែរ​ ដែល​ធ្វើ​ឱ្យ​ថ្លៃដើម​កើនឡើង​ខ្ពស់​ ប៉ុន្តែ​យើង​អាច​ជួយ​កាត់បន្ថយ​ថ្លៃដើម​គាត់​បាន​។ នេះ​គឺ​ជា​អ្វី​ដែល​លោក​ឧកញ៉ា​បាន​សំដៅ​ទៅលើ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​ត្រូវការ​ការ​គាំពារ​ ការពារ​និង​ឧបត្ថម្ភធន​ច្រើនណាស់​ ដើម្បី​ឱ្យ​គាត់​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​បាន​។

    លោក​ឧកញ៉ា​លឹម​ ហេង​ បាន​បញ្ជាក់​ថា​៖“ខ្ញុំ​ក៏​បាន​មើលឃើញ​ដែរ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ដល់​(SME​)ច្រើន​ហើយ​ ទាំង​ក្រ​សួង​ឧស្ស​ហក​ម្ម​ និង​សិប្បកម្ម​ក៏បាន​រៀបចំ​សម្រាប់​ឱ្យ​ SME​ មាន​ដំណើរការ​ថ្ងៃខាងមុខ​បាន​ល្អ​ដែរ​ ព្រោះ​ធនាគារ​ SME​ ដែល​សម្តេច​ហ៊ុន​ សែន​ផ្តល់​ទុន​ ក៏បាន​បង្កើត​ហើយ​ នៅតែ​ដំណើរការ​ប៉ុណ្ណោះ​”។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​ទៀត​ថា​៖“ខ្ញុំ​គិតថា​ ជាពិសេស​ការ​ទទួល​វិនិយោគ​ពី​ខាងក្រៅ​ វា​ជា​ការចូលរួម​ ផ្នែក​បច្ចេកទេស​ ដែល​បច្ចុប្បន្ន​យើង​ឃើញ​ថា​ ខាង​បច្ចេកវិទ្យា​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ ដែល​បាន​នាំ​បច្ចេកវិទ្យា​ឱ្យ​ខ្មែរយើង​ចេះ​ ដូច្នេះ​បញ្ហា​របស់​ SME​ បើ​មានការ​វិនិយោគ​ពី​បណ្តា​ប្រទេសជិតខាង​ ដែលគេ​មាន​បច្ចេកវិទ្យា​ទំនើប​ គេ​មាន​បទ​ពិសោធ​ នេះ​ជា​ការ​ចម្លង​បច្ចេកវិទ្យា​ទំនើប​ដល់​យើង​ ដែល​នឹងអាច​ឱ្យ​យើង​ពង្រឹង​ខ្លួន​បាន​ដែរ​។

    ជាមួយគ្នា​នេះ​សហគ្រាស​ខ្លួនឯង​ ត្រូវ​ពង្រឹង​ធនធានមនុស្ស​ និង​ធ្វើ​ទំនើបកម្ម​ការផលិត​ ដោយ​មិន​ត្រូវ​ផលិត​បែប​លក្ខណៈ​សិប្បកម្ម​គ្រួសារ​នោះ​ទេ​”។

    ម្យ៉ាងទៀត​ក្នុង​ការ​ជួយ​ពង្រឹងSME​ នេះ​ លោក​ឧកញ៉ា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ជំរុញ​ឱ្យ​មានការ​បង្កើត​តំបន់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ពិសេស​ នៅ​ទូទាំង​ប្រទេស​។

    លោក​ឧកញ៉ា​បញ្ជាក់​ថា​ ការ​ប្រមូលផ្ដុំ​ SME​ បែបនេះ​ នឹង​ទាក់ទាញ​ការ​ផ្ដល់​កម្ចី​ពី​ធនាគារ​ បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​-បណ្ដុះបណ្ដាល​ ហើយ​រដ្ឋ​ត្រូវ​តភ្ជាប់​បណ្ដាញ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗចូលក្នុង​តំបន់​ទាំងនោះ​ ព្រម​ជាមួយ​គោលនយោបាយ​គាំទ្រ​នានា​។

    លោក​ឧកញ៉ា​លឹម​ ហេង​ បាន​បន្ត​យ៉ាង​ដូច្នេះ​ទៀត​ថា​៖“ប្រសិនបើ​មានការ​យកចិត្ត​ទុកដាក់​ពី​ធនាគារ​ SME​ របស់​សម្តេច​តេជោ​ ដែល​បង្កើត​ឡើង​ដើម្បី​ផ្តល់​ប្រាក់កម្ចី​ នឹង​ចូលរួម​ដោះស្រាយ​បន្ទុក​បាន​មួយ​ផ្នែក​ ទោះបី​មិនបាន​ទាំងស្រុង​ក៏ដោយ​ ក៏​ជា​ចំណែក​មួយ​ ជួយ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែរ​។ ខ្ញុំ​គិតថា​ បើ​មានការ​លើក​-ទឹកចិត្ត​ទាំង​ថវិកា​ ទាំង​គោលនយោបាយ​ទាំង​ការ​គាំពារ​ យើង​នឹងអាច​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គេ​បាន​”៕

  • វាយ​កូន​មិនមែន​ជា​វិធី​បង្រៀន​របស់​អាណាព្យាបាល​ឆ្លាតវៃ​នោះ​ទេ​

    វាយ​កូន​មិនមែន​ជា​វិធី​បង្រៀន​របស់​អាណាព្យាបាល​ឆ្លាតវៃ​នោះ​ទេ​

    អាណាព្យាបាល​ភាគច្រើន​តែងតែ​បង្រៀន​កូន​ ឬអប់រំ​កូន​ដោយ​ការ​វាយ​ និង​ការ​គំរាម​ដើម្បី​ឱ្យ​កូន​ឈប់​ធ្វើ​រឿង​ទាំងឡាយ​ណា​ដែល​ពួកគាត់​គិតថា​មិន​ត្រឹមត្រូវ​។ ការ​ធ្វើបែប​នេះ​ ត្រូវ​បាន​គេ​រក​ឃើញថា​ជា​វិធី​មិន​ត្រឹមត្រូវ​ដែល​អាច​ជះ​ផល​អវិជ្ជមាន​ដល់​កូន​ៗនៅ​ថ្ងៃ​អនាគត​ ដូចជា​ធ្វើ​ឱ្យ​កូន​មាន​ភាព​ភ័យខ្លាច​ច្រើន​ ខ្វះ​ភាពជា​អ្នកដឹកនាំ​ និង​មិន​ហ៊ាន​សម្រេចចិត្ត​លើ​បញ្ហា​សំ​ខាន់​ៗក្នុង​ជីវិត​ជាដើម​។

    ខាងក្រោម​នេះ​ជា​វិធី​មួយចំនួន​សម្រាប់​អាណាព្យាបាល​ដើម្បី​អប់​រំ​កូន​ៗកុំឱ្យ​ធ្វើខុស​ និង​ស្គាល់​ពី​កំហុស​ខ្លួនឯង​។

    ១. ប្រាប់​ហេតុផល​ឱ្យ​បាន​ច្បាស់លាស់​ ជាទូទៅ​ក្មេង​ដែល​ធ្វើខុស​គឺ​បណ្តាល​មក​ពី​ពួកគេ​មិន​យល់​ពី​ហេតុផល​ និង​ផល​ប៉ះពាល់​នៃ​ទង្វើ​របស់​ខ្លួន​។ មាន​ក្មេង​ខ្លះ​មិនទាំង​ដឹង​ថា​ហេតុអ្វីបានជា​អាណាព្យាបាល​វាយ​ ឬជេរស្តី​លើ​រូបគេ​ផង​ ព្រោះ​គេ​មិនដឹង​ថាស​កម្ម​ភាព​ដែលគេ​កំពុង​ធ្វើ​នេះ​ជា​អំពើខុស​ឆ្គង​នោះ​ទេ​។ ជម្រើស​ល្អ​បំផុត​សម្រាប់​អាណាព្យាបាល​ គឺ​ឧស្សាហ៍​បង្រៀន​កូន​ៗពី​ហេតុ​ និង​ផល​នៃ​សកម្មភាព​ដែល​ខុសឆ្គង​ រួម​ទាំង​បង្ហាញផ្លូវ​ដែល​ល្អ​ដល់​កូន​ៗដើម្បី​ជា​ជម្រើស​សម្រាប់​ពួកគេ​។

    ជា​ធម្មតា​នៅពេល​ដែល​ពួកគេ​យល់​ច្បាស់​ពី​ហេតុផល​ហើយ​ ក្មេង​ៗឆាប់​ទទួលយក​បំផុត​ នៅពេល​នោះ​គេ​នឹង​ស្អប់​អំពើអាក្រក់​ ហើយ​ថែមទាំង​ហ៊ាន​ប្រដៅ​ដល់​មនុស្សចាស់​ថែមទៀត​ផង​ នៅពេល​ដែល​មនុស្ស​ធំ​នោះ​ភ្លេចខ្លួន​ធ្វើ​រឿងរ៉ាវ​ណា​ដែល​ខុសឆ្គង​។ បើ​កូន​របស់​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ចាស់ទុំ​បែបនេះ​អ្នក​ប្រាកដជា​លែង​ចង់​វាយ​ ឬសម្លុត​ទៀតហើយ​។

    ២. ត្រូវ​ចេះ​លើកទឹកចិត្ត​ កុំ​ចេះតែ​ចាប់កំហុស​ អាណាព្យាបាល​ជាច្រើន​គិតថា​ ការ​មិនសូវ​ធ្វើល្អ​ដល់​កូន​គឺ​កុំឱ្យ​កូន​ស្គាល់ចិត្ត​ ឬកុំឱ្យ​កូន​បានចិត្ត​ជាដើម​។ ហេតុនេះ​នៅពេល​ដែល​កូន​ធ្វើល្អ​ គាត់​មិនបាន​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​កូន​នោះ​ទេ​ តែ​នៅពេល​ដែល​កូន​ធ្វើខុស​គាត់​បែរជា​ដាក់​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ទៅវិញ​។ ទង្វើ​បែបនេះ​ អាច​ធ្វើ​ឱ្យ​អាណាព្យាបាល​បង្រៀន​កូន​បានតែ​រូបភាព​ខាងក្រៅ​ប៉ុណ្ណោះ​ កូន​ៗអាច​គ្រាន់តែ​ខ្លាច​ តែ​មិន​គោរព​នោះ​ទេ​។

    រាល់​សកម្មភាព​មិនល្អ​គេ​គ្រាន់តែ​ផ្អាក​មួយ​រយៈ​នៅពេល​ដែល​អាណាព្យាបាល​ស្ថិតនៅ​ចំពោះមុខ​ពួកគេ​ ហើយ​លួច​ធ្វើវិញ​នៅពេល​ដែល​យើង​មិន​នៅ​។ចំណុច​សំខាន់​ដែល​គួរ​ធ្វើ​គឺ​ ចេះ​លើកទឹកចិត្ត​នៅពេល​ដែល​កូន​បាន​ធ្វើល្អ​ ដើម្បី​ឱ្យ​ពួកគេ​រក្សា​បាន​នូវ​ទង្វើ​ទាំងអស់​នោះ​ ហើយ​បង្រៀន​ពួកគេ​ឱ្យ​ស្គាល់​ពី​កំហុស​ និង​ហ៊ាន​និយាយ​ដោយ​ត្រង់ថា​ទង្វើ​ណា​ដែល​មិន​គួរ​ធ្វើ​ ឬសកម្មភាព​ណា​ដែល​យើង​នឹង​ដាក់​ពិន័យ​ដល់​ពួកគេ​ប្រសិនបើ​គេ​ធ្វើ​ដដែល​ៗ។

    ៣. ធ្វើជា​គំរូ​ល្អ​ដល់​កូន​ អាណាព្យាបាល​ភាគច្រើន​សម្លុត​កូន​ នៅពេល​ដែល​ឃើញ​កូន​ប្រើ​សម្តី​មិនល្អ​ដាក់​អ្នកដទៃ​ តែ​ភ្លេច​ថា​កូន​ចេះ​ការប្រើ​ភាសា​មិនល្អ​នេះ​ពី​ខ្លួនឯង​ ហេតុនេះ​ ដើម្បី​មិន​ឱ្យ​កូន​មាន​ចំណុច​ខុសឆ្គង​ច្រើន​ អាណាព្យាបាល​ត្រូវ​កាត់បន្ថយ​កំហុសឆ្គង​របស់​ខ្លួន​ឱ្យ​បាន​ជាមុន​សិន​៕

  • ភាពយន្តតុក្កតាមួយចំនួនកំពុងបំផ្លាញក្មេងៗ ដែលអាណាព្យាបាលនឹកស្មានមិនដល់

    ភាពយន្តតុក្កតាមួយចំនួនកំពុងបំផ្លាញក្មេងៗ ដែលអាណាព្យាបាលនឹកស្មានមិនដល់

    អាណាព្យាបាល​មួយចំនួន​ធំ​បាន​បណ្តោយ​ឱ្យ​កូន​តូច​ៗនៅជា​មួយ​ឧបករណ៍​អេឡិចត្រូនិក​ ឬបណ្តោយ​កុមា​រតូចៗ​ឱ្យ​មើល​រឿង​តុក្កតា​ដោយ​រំពឹង​ថា​ អាច​នឹង​ធ្វើ​ឱ្យ​ពួកគេ​ឆ្លាត​ជាង​មុន​ តែ​ថ្មី​ៗនេះ​មាន​អ្នកជំនាញ​ខាង​ចិត្តវិទ្យា​កុមារ​បាន​រក​ឃើញថា​ មានរឿង​តុក្កតា​មួយចំនួន​កំពុង​បំផ្លាញ​ក្មេង​ៗទៅវិញ​។

    យោង​តាម​គេហទំព័រ​ novakdjokovicfoundation.org​ ដែល​ជា​គេហទំព័រ​និយាយ​អំពី​ការអប់រំ​ និង​អំពើ​ហិង្សា​បាន​បង្ហាញថា​ ក្មេង​ៗជាច្រើន​លើ​ពិភពលោក​ កំ​ពុង​ងប់​ងល់​ជាមួយនឹង​រឿង​តុក្កតា​ខណៈ​រឿង​តុ​ក្ត​តា​ទាំងអស់​នោះ​មាន​បង្កប់​ដោយ​អំពើ​ហិង្សា​ និង​គំរូ​អាក្រក់​ជាច្រើន​ដល់​ពួកគេ​។ ខាងក្រោម​នេះ​ជា​រឿង​តុក្កតា​មួយចំនួន​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ភាព​អវិជ្ជមាន​ជាច្រើន​។

    ១. រឿងឆ្មា និងកណ្តុរ (Tom and Jerry)

    អាណាព្យាបាល​ជាច្រើន​ប្រហែលជា​មិន​នឹកស្មាន​ដល់​ទេ​ថា​ រឿង​តុក្កតា​កំប្លុក​កំប្លែង​ Tom​ and​ Jerry​ ដែល​សូម្បីតែ​មនុស្ស​ធំ​ក៏​ចូលចិត្ត​ដែរ​នោះ​ ជា​រឿង​ដែល​បង្កប់​ដោយ​ហិង្សា​។ ក្នុង​វគ្គ​ជាច្រើន​របស់​រឿង​ឆ្មា​ និង​កណ្តុរ​បាន​បង្ហាញ​ពី​ឈុត​ឆាក​វាយប្រហារ​ រួម​ទាំង​ការ​ដោះស្រាយ​បញ្ហា​ដោយ​ការសងសឹក​គ្នា​ទៅវិញទៅមក​។

    នៅពេល​ដែ​លក្មេងៗ​បាន​មើល​រឿង​នេះ​ហើយ​ ពួកគេ​អាច​នឹង​យក​គំរូ​តាម​ ដោយ​ប្រើប្រាស់​ហិង្សា​ដើម្បី​ទាមទារ​នូវ​អ្វី​ដែលគេ​ចង់បាន​ ឬដើម្បី​យកឈ្នះ​លើ​ក្មេង​ដទៃទៀត​ដែល​មានគំនិត​មិន​ស្រប​ជាមួយនឹង​ខ្លួន​។

    ២. រឿង Pokemon

    Pokemon​ ជា​រឿង​ដែល​បាន​បង្កើត​ឡើង​ដោយ​ផលិតករ​ Satoshi​ Tajiri​ នៅក្នុង​ឆ្នាំ​ 1995​។ តាមពិត​ទៅ​រឿង​នេះ​មាន​ចំណងជើង​ពី​ដំបូង​គឺ​ “Pocket​ Monster​” តែ​ក្រោយមក​គឺ​ត្រូវ​បាន​ហៅ​កាត់​មក​ត្រឹម​ Pokemon​ វិញ​។

    រឿង​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​បញ្ឈប់​ការ​ចាក់​ផ្សាយ​ បន្ទាប់ពី​មា​នក្មេងៗ​ជាច្រើន​ត្រូវ​ចូល​មន្ទីរពេទ្យ​នៅក្នុង​ឆ្នាំ​ 1997​ ដោយសារតែ​បញ្ហា​ភ្លើង​ Flash​ ពណ៌ក្រហម​ និង​ពណ៌ខៀវ​នៅក្នុង​វគ្គ​ខ្លះ​របស់​រឿង​តុក្កតា​នេះ​ដែល​ធ្វើ​ឱ្យ​ក្មេង​ៗមាន​បញ្ហា​ភ្នែក​។

    ទូរទស្សន៍​ជាច្រើន​បាន​បញ្ឈប់​ការ​ចាក់​ផ្សាយ​រឿង​មួយ​នេះ​បន្ទាប់ពី​មានការ​ប្រកាស​អាសន្ន​ថា​បាន​ប៉ះពាល់​ដល់​សុខភាព​ភ្នែក​របស់​ក្មេង​ៗ តែ​នៅ​កម្ពុជា​ រឿង​តុក្កតា​មួយ​នេះ​នៅតែ​មាន​វត្តមាន​នៅឡើយ​ក្នុង​បណ្តាញ​ YouTube​ និង​បណ្តាញ​សង្គម​ ដែល​អ្នកខ្លះ​បាន​យក​មក​បង្ហោះ​សាឡើងវិញ​។

    ៣. រឿង Oggy and the Cockroaches

    Oggy​ and​ the​ Cockroaches​ ជា​ប្រភេទ​រឿង​តុក្កតា​ភាគ​ថ្មី​មួយទៀត​ដ៏​មាន​ប្រជាប្រិយ​ភាព​ដែល​គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា​ មាន​លក្ខណៈ​ស្រដៀងនឹង​រឿង​ឆ្មា​ និង​កណ្តុរ​ដែរ​។

    រឿង​មួយ​នេះ​ វគ្គ​ខ្លះ​ក៏បាន​បង្ហាញ​ដល់​ក្មេង​ៗនូវ​គុណវិបត្តិ​ផង​ដែរ​ តាមរយៈ​ឈុត​ឆាក​អវិជ្ជមាន​មួយចំនួន​ដែ​លក្មេងៗ​មិន​គួរ​ធ្វើតាម​ ឬធ្វើ​ឱ្យ​ក្មេង​ៗក្លាយជា​មនុស្សខូច​ ហើយ​ទន្ទឹម​នឹង​នោះ​ នៅ​មាន​វគ្គ​ខ្លះទៀត​សុទ្ធសឹងតែ​ជាសកម្ម​ភាព​ហិង្សា​ ដែល​អាច​ប៉ះពាល់​ដល់​ការ​គិត​របស់​កុមារ​។

    រឿង​មួយ​នេះ​បាន​បង្ហាញ​ផង​ដែរ​អំពី​ការ​ពួនស្ទាក់​ដើម្បី​ដណ្តើម​របស់របរ​គ្នា​ រួម​ជាមួយនឹង​ការប្រើ​ល្បិច​ជាច្រើន​ដើម្បី​បំផ្លាញ​គ្នា​។ ហេតុនេះ​អាណាព្យាបាល​គួរ​ពិចារណា​ឱ្យ​បាន​ច្បាស់​មុននឹង​អនុញ្ញាត​ឱ្យ​កូន​ៗមើល​រឿង​តុក្កតា​ណាមួយ​នោះ​៕

  • កម្ពុជា​បាន​ត្រៀម​រួចរាល់​សម្រាប់​អចលនទ្រព្យ​នៅ​ឆ្នាំ2020​

    កម្ពុជា​បាន​ត្រៀម​រួចរាល់​សម្រាប់​អចលនទ្រព្យ​នៅ​ឆ្នាំ2020​

    កាលពី​ឆ្នាំ2019​ កន្លងទៅ​ ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​កើនឡើង​ខ្លាំង​ដោយសារតែ​តម្រូវការ​ទាំង​អ្នកទិញ​ក្នុង​ស្រុក​ និង​អន្តរជាតិ​តាម​ប្រភេទ​អចលន​ទ្រព្យ​ផ្សេង​ៗគ្នា​ ហើយ​សម្រាប់​ឆ្នាំ​ថ្មី2020នេះ​ សួរ​ថា​ តើ​កម្ពុជា​បាន​ត្រៀម​រួចរាល់​ហើយ​ឬនៅ​?។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​(CVEA​) បាន​មើលឃើញ​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ខ្លួន​ជាបន្តបន្ទាប់​ ជាពិសេស​ក្នុងរយៈពេល​ 4-5ឆ្នាំ​ចុងក្រោយ​នេះ​ ដោយមាន​កំណើន​ជាមធ្យម​ក្នុងរង្វង់​ពី​ 15​-20​% ជា​រៀងរាល់​ឆ្នាំ​។ ភាពរឹងមាំ​នេះ​បណ្តាល​មក​ពីក​ត្តា​សំ​ខាន់​ៗមួយចំនួន​ដូចជា​ កត្តា​ស្ថិរភាព​នយោបាយ​ កំណើន​សេដ្ឋកិច្ច​ កំណើន​ប្រាក់ចំណូល​ប្រជាជន​ក្នុង​ស្រុក​ កំណើន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​ជា​ប្រទេស​ស្ថិតនៅ​ចំ​កណ្តាល​តំបន់​អាស៊ាន​។

    លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​៖“ខ្ញុំ​មិនបាន​មើលឃើញ​ពី​សញ្ញា​នៃ​ការ​ធ្លាក់ចុះ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទេ​នា​ពេលនេះ​ ដោយ​កំណើន​នេះ​នឹង​បន្ត​កើន​ក្នុងរយៈពេល​យ៉ាងតិច​ 5-10​ឆ្នាំទៅ​មុខ​ទៀត​ ដោយហេតុថា​ កំ​ណើន​ថ្មី​ៗនេះ​ មិនមែន​មានត្រឹមតែ​តួលេខ​នៃ​ការ​បណ្តាក់​ទុន​វិនិយោគ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​សកម្មភាព​នៃ​ការទិញ​-លក់​ និង​សាងសង់​ គឺ​ឡើង​ព្រមគ្នា​”។

    លោក​ប្រធាន​ CVEA​ ក៏បាន​មើលឃើញ​ពី​កំណើន​គួរ​ឱ្យ​កត់សម្គាល់​នៃ​សកម្មភាព​ទិញ​-លក់​នៅក្នុង​គម្រោង​លំនៅឋាន​ និង​ការិយាល័យ​។ ទីផ្សារ​អចលនទ្រព្យ​បាន​រីកចម្រើន​គ្រប់​ទីកន្លែង​ពី​ 10​% ទៅ​ 15​%នៅ​ឆ្នាំ2019​ ប៉ុន្តែ​នៅតែ​ទុក​ឱកាស​សម្រាប់​ការ​រីកចម្រើន​ទីផ្សារ​បាន​នៅ​ឆ្នាំ2020ដែរ​។

    លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ដែរ​ថា​៖“នៅក្នុង​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ បាន​ផ្តោត​លើ​ការ​អភិវឌ្ឍ​លំនៅឋាន​សមរម្យ​ តែ​ដើម្បី​សាងសង់​លំនៅឋាន​ដែល​មានតម្លៃ​សមរម្យ​ រដ្ឋាភិបាល​ត្រូវតែ​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​ ដូចជា​ផ្លូវ​លូ​ និង​បណ្តាញ​អគ្គិសនី​ជាដើម​ ដើម្បី​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​”។

    ខណៈ​ពេល​ដែល​គម្រោង​របស់​រដ្ឋាភិបាល​កំពុង​ដំណើរការ​ ពួកគេ​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​តម្រូវការ​ទីផ្សារ​សម្រាប់​គម្រោង​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ដែល​ត្រូវការ​ការ​ទទួល​បាន​នូវ​ប្រព័ន្ធ​លូ​ ទឹក​ ភ្លើង​ និង​ផ្លូវ​ថ្នល់​ឱ្យ​បាន​ត្រឹមត្រូវ​ យើង​គិតថា​ រដ្ឋាភិបាល​គួរតែ​វិនិយោគ​បន្ថែម​ទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បី​ធ្វើ​ផ្លូវ​ថ្មី​ រួម​ជាមួយ​ប្រព័ន្ធ​ទឹក​ និង​អគ្គិសនី​។ បើមិនដូច្នោះទេ​ ថ្លៃដើម​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ នឹង​ធ្វើ​ឱ្យ​មាន​លំនៅឋាន​មានតម្លៃ​ខ្ពស់​សម្រាប់​អ្នកទិញ​។ នេះ​បើ​តាម​លោក​ប្រធាន​ CVEA​។

    លោក​ ច្រឹក​ សុ​ខនីម​ ក៏បាន​បញ្ជាក់​ដែរ​ថា​៖“ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ សម្រាប់​វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ2020​ ថា​ នឹង​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ​”។ សម្រាប់​ឆ្នាំ2020​ កំណើន​តម្លៃ​អចលនទ្រព្យ​នឹង​ស្ថិត​ក្នុងរង្វង់​ជាង​ 10​%បន្ថែម​ទៀត​ ជាពិសេស​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ កំពត​និង​សៀមរាប​ ហើយ​បន្ទាប់ពី​នោះ​ វិស័យ​អចលនទ្រព្យ​នឹង​មាន​សម្ទុះ​ខ្លាំង​នៅក្នុង​ខេត្តបាត់ដំបង​ និង​ខេត្ត​កោះកុង​។

    លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​កើនឡើង​នៅ​ឆ្នាំ2020​ ជាមួយនឹង​បញ្ហា​ខ្លះ​ៗ ដោយសារតែ​ព្រឹត្តិ​កា​រណ៍​ថ្មី​ៗ ប៉ុន្តែ​លោក​យល់ថា​៖ “ឆ្នាំ2020​ គឺជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់​វិស័យ​អចលនទ្រព្យ​។ រដ្ឋាភិបាល​បាន​បង្កើន​គម្រោង​ដែល​បាន​អនុម័ត​ទ្វេដង​ ហើយ​នេះ​នឹង​នាំ​ឱ្យ​មាន​សកម្មភាព​សាងសង់​កាន់តែ​ខ្លាំង​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត​”។

    យោង​តាម​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ (MLMUPC​) បានឱ្យ​ដឹង​ថា​ មាន​គម្រោង​សាងសង់​ចំនួន​ 4,446គម្រោង​ត្រូវ​បាន​អនុម័ត​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ 9.3ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ខែ​សីហា​ ឆ្នាំ2019​។ រាប់ពាន់​គម្រោង​ទាំងនេះ​ ភាគ​ច្រើន​ជា​អគារ​ខ្ពស់​ៗដែល​មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​ព្រះសីហនុ​។

    លោក​ សន​ សៀប​ ស្ថាបនិក​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Key​ Real​ Estate​ បាន​មាន​ប្រសាសន៍​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ កាលពី​ចុងឆ្នាំ2019​ រដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ និង​អ្នក​វិនិយោគិន​ គួរ​ផ្តោត​ការចាប់អារម្មណ៍​លើ​ការ​អភិវឌ្ឍ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​ ព្រោះ​មាន​តម្រូវការ​ខ្លាំង​ តែ​គេ​ពុំ​ឃើញ​មាន​អ្នក​វិនិយោគ​ច្រើន​ទេ​។

    លោក​ សន​ សៀប​ បាន​បញ្ជាក់​ថា​៖“មិនដឹង​ថា​ ដោយសារតែ​ប្រាក់ចំណេញ​ទាប​ ឬយ៉ាងណា​នោះ​ទេ​? តែ​ខ្ញុំ​គិតថា​ ដោយសារ​បច្ចុប្បន្ន​យើង​បាន​សាងសង់​លំនៅឋាន​ដែល​មានតម្លៃ​ខ្ពស់​ច្រើន​ ដែល​លំនៅឋាន​ទាំងនោះ​មានតម្លៃ​ចាប់ពី​ 5ម៉ឺន​ឡើង​។ តែ​អ្នក​ដែល​ធ្វើ​ផ្ទះ​ក្នុង​តម្លៃ​ 5ម៉ឺន​ចុះ​ មិនសូវ​មាន​អ្នកធ្វើ​ទេ​”។

    លោក​អគ្គនាយក​បាន​បន្ថែម​ថា​ ដូច្នេះ​ខ្ញុំ​គិតថា​ អ្នក​ដែល​មានលទ្ធភាព​ទិញ​លំនៅឋាន​ដែល​មាន​តម្លៃ​ទាប​ គឺ​មាន​ច្រើន​ហើយ​ពួកគាត់​មិនសូវ​មាន​ជម្រើស​ទេ​។ ដូច្នេះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ គឺ​បាន​រួមចំណែក​ជួយ​ដល់​ប្រជាជន​ខ្មែរ​ដែល​មានលទ្ធភាព​តិចតួច​ឱ្យ​មាន​លំនៅឋាន​សមរម្យ​ឱ្យ​មាន​ទីតាំង​ល្អ​អាច​រស់នៅ​បាន​។ យើង​ហៅថា​ ទីជម្រក​ដ៏​សមរម្យ​មួយ​ ដែល​អាច​ជួយ​គ្រាំ​ដល់​វិស័យ​អចលនទ្រព្យ​ផង​ដែរ​ ព្រោះ​អចលនទ្រព្យ​ យើង​មិន​អាច​ធ្វើការ​សាងសង់​តែ​សំណង់​លំនៅឋាន​ ដែល​មានតម្លៃ​ខ្ពស់​បានទេ​។

    លោក​បាន​ពន្យល់​ថា​ លំនៅឋាន​តម្លៃ​សមរម្យ​ក៏​ជួយ​គាំទ្រ​ដល់​វិស័យ​អចលនទ្រព្យ​ច្រើន​ដែរ​ ដោយសារតែ​យើង​មើលទៅ​លើ​ការ​អភិវឌ្ឍ​ ទោះបីជា​លំនៅឋាន​មានតម្លៃ​ទាប​មែន​ តែ​ការ​អភិវឌ្ឍ​តាម​គម្រោង​ត្រឹមត្រូវ​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ មាន​ទឹក​ ភ្លើង​ មានផ្លូវ​។ នោះ​យើង​នឹង​ឃើញថា​ វា​មាន​សោភណភាព​ដែល​ជំរុញ​ឱ្យ​អ្នក​ដែល​មានគំនិត​ចង់​អភិវឌ្ឍ​លើ​លំនៅឋាន​ដែល​មានតម្លៃ​មធ្យម​ ឬក៏​តម្លៃ​ខ្ពស់​ហ្នឹង​ គាត់​មាន​ភាព​ងាយស្រួល​ដែរ​។

    លោក​ សន​ សៀប​ បាន​បញ្ជាក់​ថា​៖“ខ្ញុំ​យល់ថា​បើ​មាន​អ្នកធ្វើការ​អភិវឌ្ឍ​លើ​លំនៅឋាន​ ដែល​មានតម្លៃ​សមរម្យ​ច្រើន​ អ្នក​ដែល​ធ្វើការ​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​មធ្យម​ និង​តម្លៃ​ខ្ពស់​ ក៏អាច​ទម្លាក់​ថ្លៃ​បាន​ខ្លះ​ដែរ​ព្រោះ​ថ្លៃដើម​គាត់​ទាប​ដែរ​ ហើយ​ប្រសិនបើ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ នោះ​យើង​មិនសូវ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់​ប៉ុន្មាន​ទេ​។ បើ​គិត​ពី​លទ្ធភាព​វិញ​ វា​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកប្រើ​ប្រាស់​ចុងក្រោយ​ផង​ដែរ​។

    នេះ​ជា​អ្វី​ដែល​យើង​អាច​ព្យាករ​បាន​នៅក្នុង​ការ​រួមចំណែក​លើ​ការ​អភិវឌ្ឍ​លំនៅ​ ឋាន​តម្លៃ​សមរម្យ​ ដែល​ជាគោល​ដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ឆ្នាំ2020​ នេះ​។

    បើ​និយាយ​ពី​ការ​អភិវឌ្ឍ​ខុន​ដូ​វិញ​ លោក​បាន​មានប្រសាសន៍​ថា​ ទីផ្សារ​ខុន​ដូ​ នៅតែ​មើលឃើញ​មាន​ប្រតិបត្តិ​ការទិញ​-លក់​។ ជម្រើស​បន្ថែម​នៃ​ការ​ទូទាត់​ដែល​អាច​បត់បែន​បាន​នឹង​បើក​គម្រោង​នានា​ទៅកាន់​ទីផ្សារ​ធំ​ទូលាយ​ ដែល​ជា​ចំណែក​នៃ​ទីផ្សារ​ជួល​ក្នុង​ការ​ផ្តល់​លទ្ធភាព​ខ្ពស់​នៅក្នុង​ប្រទេស​ ហើយ​ចំនួន​ខុន​ដូ​ដែល​អាច​ធ្វើ​បាន​ អាច​នឹង​ឈាន​ដល់​ចំណុចកំពូល​។

    លោក​ សន​ សៀប​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Key​ ក៏បាន​បញ្ជាក់​ដែរ​ថា​៖“ខ្ញុំ​មើលទៅ​ឆ្នាំ​2020​ នេះ​ អាច​ជា​ឆ្នាំ​ដែល​មាន​សញ្ញា​ល្អ​ជាង​ឆ្នាំ​2019​ លើកលែងតែ​ព្រឹត្តិ​កា​រណ៍​ថ្មី​ៗនៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​អុី​រ៉ង់​ និង​សហរដ្ឋអាមេរិក​។ ប្រសិនបើ​ធ្ងន់ធ្ងរ​ វា​អាច​នឹង​មាន​ឥទ្ធិពល​ដល់​យើង​ តែបើ​ពុំ​ដូច្នោះ​ទេ​ ខ្ញុំ​គិតថា​ វិស័យ​អចលនទ្រព្យ​យើង​នៅតែ​មានដំណើរ​ការ​ល្អ​ទៅមុខ​ដូចធម្មតា​”៕

  • ប្រទេស​រុស្ស៊ី​ជា​ដៃគូ​ថ្មី​ ខណៈ​ការនាំចេញ​ម្រេច​ក្នុង​ឆ្នាំ2019​ បាន​កើន​ជាង​ 50​%

    ប្រទេស​រុស្ស៊ី​ជា​ដៃគូ​ថ្មី​ ខណៈ​ការនាំចេញ​ម្រេច​ក្នុង​ឆ្នាំ2019​ បាន​កើន​ជាង​ 50​%

    ការនាំចេញ​ផលិតផល​ម្រេច​មិនមែន​ GI​ របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កើនឡើង​ជាង​ 50​%

    កាលពី​ឆ្នាំ2019​ ខណៈ​ការនាំចេញ​ម្រេច​ GI​ កំពត​បាន​ធ្លាក់ចុះ​ជាង27​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​។ នេះ​បើ​តាម​ទិន្នន័យ​របស់ក្រ​សួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​។

    របាយការណ៍​បាន​បង្ហាញថា​ ក្នុង​ឆ្នាំ2019​ ការនាំចេញ​ម្រេច​មិនមែន​ GI​ របស់​កម្ពុជា​សម្រេច​បាន​ 3,693.25តោន​ កើនឡើង​ 53.17​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី2018​ ដែល​មាន​ចំនួន​2,411.20តោន​។

    ចំណែក​បរិមាណ​នាំចេញ​ម្រេច​ GI​កំពត​ ដែល​ជាដំណាំ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​នៅក្នុង​ឆ្នាំ​ 2019​ កន្លងទៅ​ ធ្លាក់ចុះ​ជាង27​% ស្មើនឹង​ជិត​ 20តោន​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​។ នេះ​បើ​តាម​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​។

    លោក​ ងួន​ ឡាយ​ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​ Kampot​ Pepper​ Promotion​ Association​ បានឱ្យ​ដឹង​ថា​៖ “ការនាំចេញ​ម្រេច​ដែល​ធ្លាក់​ចុះ​នេះ​ មក​ពី​កង្វះ​ទីផ្សារ​។ កាលពី​ឆ្នាំ2019​ ការនាំចេញ​ម្រេច​ GI​ សម្រេច​បាន​ 50តោន​ ឯឆ្នាំ2018​ ការនាំចេញ​ម្រេច​ GI​ បាន​ 69តោន​ ខណៈ​ការផលិត​ម្រេច​ក្នុង​ឆ្នាំ2019​ ទទួល​បាន​ទិន្នផល​ 125តោន​។ ឯទិន្នផល​តិច​ជាង​ពាក់កណ្តាល​ត្រូវ​បាន​លក់​តាម​របៀប​ប្រពៃណី​តាមរយៈ​សមាគម​។

    លោក​ប្រធាន​សមាគម​ បាន​មានប្រសាសន៍​ថា​៖“ទិន្នផល​ម្រេច​បាន​កើនឡើង​ ហើយ​គុណភាព​ គឺ​ល្អ​។ក្នុងចំណោម​ម្រេច​ដែល​លក់​បាន​ មាន​ 30​% បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​។ ភាគច្រើន​សម្រាប់​ហាង​ទេសចរណ៍​ ហើយ70​% ទៀត​ត្រូវ​បាន​នាំចេញ​។ ទោះបី​យ៉ាងនេះ​ក្តី​ ម្រេច​កំពត​នៅ​មានតម្លៃ​លក់​ថេរ​ ក្នុង​នោះ​ម្រេចខ្មៅ​មានតម្លៃ​ 15ដុល្លារ​ ក្នុង​ 1គីឡូក្រាម​។ ម្រេច​ក្រហម​ ថ្លៃ​ 25ដុល្លារ​ និង​ 28ដុល្លារ​ សម្រាប់​ម្រេចស​”។

    លោក​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​ បាន​បន្ត​ថា​ កង្វះ​តម្រូវការ​កំពុង​ជំរុញ​ឱ្យ​កសិករ​ម្រេច​កំពត​មួយចំនួន​ធំ​ឈប់​ធ្វើស្រែ​។ លោក​ប៉ាន់ប្រមាណ​ថា​ 20​ ទៅ​ 25​% នៃ​កសិករ​ខ្នាត​តូច​ (ដែល​ធ្វើស្រែ​តិច​ជាង​ 3,000ម៉ែត្រការ៉េ​) បាន​បោះបង់ចោល​ដំណាំ​បន្ទាប់ពី​រដូវ​ប្រមូល​ផល​ឆ្នាំនេះ​។ ជា​បញ្ហា​ប្រឈម​មួយ​ ក្នុងចំណោម​បញ្ហា​ប្រឈម​ទាំងនោះ​ ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​បណ្តាល​មក​ពី​អ្នកទិញ​កំពុង​ចាប់ផ្តើម​ដាំដុះ​ដំណាំ​នេះ​ដែរ​។

    លោក​បាន​មានប្រសាសន៍​ថា​៖“ការ​បញ្ជាទិញ​ពី​អ្នកទិញ​ មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ពីព្រោះ​អ្នកទិញ​ទាំងនេះ​ក៏​កំពុង​ដាំ​ម្រេច​ផង​ដែរ​។ ពី​ពេលមុន​អ្នកទិញ​បញ្ជាទិញ​ម្រេច​ពី​ 10​ ទៅ​ 20តោន​ ប៉ុន្តែ​ឥឡូវនេះ​ពួកគេ​ត្រូវការ​តែ​ 2 ទៅ​ 10តោន​ប៉ុណ្ណោះ​ ពីព្រោះ​ពួកគេ​កំពុង​ដាំ​ម្រេច​ដោយខ្លួនឯង​”។

    លោក​បញ្ជាក់​ថា​៖“ផលិតផល​ម្រេច​យើង​ ដែល​បាន​នាំចេញ​ទៅ​ទីផ្សារ​ក្រៅ​ស្រុក​ គឺ​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​ អាមេរិក​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ ហុងកុង​និង​តៃវ៉ាន់​។ ទោះបី​យ៉ាងណា​ សមាគម​នឹង​ខិតខំ​ពង្រឹងគុណភាព​ម្រេច​ និង​ស្វែងរក​ទី​ផ្សា​រថ្មីៗ​បន្ថែម​ទៀត​ ហើយ​សព្វថ្ងៃ​យើង​ក៏​កំពុង​មានដៃ​គូ​ថ្មី​ ដែល​បាន​នាំចេញ​ម្រេច​ទៅ​ប្រទេស​រុស្ស៊ី​”។

    សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​ សមាគម​លើកកម្ពស់​ម្រេច​កំពត​ មាន​សមាជិក​ចំនួន​ 455នាក់​ដែល​បង្កើត​ឡើង​ដោយ​កសិករ​ និង​ក្រុមហ៊ុន​ដែល​មាន​ចម្ការ​ម្រេច​។ ចម្ការ​នេះ​មានផ្ទៃ​ដី​ចំនួន​ 290ហិ​កតា​នៅក្នុង​ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។\

    ផលិតផលម្រេចកំពត

    លោក​ ម៉ាក់​ នី​ ប្រធាន​សហព័ន្ធ​ម្រេច​ និង​គ្រឿងទេស​កម្ពុជា​ បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“ការនាំចេញ​ផលិតផល​ម្រេច​មិនមែន​ GI​ របស់​កម្ពុជា​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​កើនឡើង​ជាង​ 50​% ក្នុង​ឆ្នាំ2019​ នេះ​បើ​តាមយើង​ទទួល​បាន​តួលេខ​ពី​ក្រុមហ៊ុន​ជាស​មា​ជិ​ក”។

    លោក​ ម៉ាក់​ នី​ បានឱ្យ​ដឹង​ថា​៖“ក្នុង​ការនាំចេញ​ម្រេច​ទៅក្រៅ​ប្រទេស​ ក្រុមហ៊ុននាំចេញ​ម្រេច​ ក៏​មាន​ផល​លំបាក​ដែរ​ ដូច្នេះ​ទើប​ពួកគាត់​ ចង់ឱ្យ​សហព័ន្ធ​ស្នើ​ទៅ​រដ្ឋាភិបាល​ ជួយ​កាត់បន្ថយ​លើ​ការ​ចំណាយ​ផ្សេង​ៗឱ្យ​ដូច​ការអនុវត្ត​របស់​សហព័ន្ធ​ស្រូវ​អង្ករ​ដែរ​”។ យោង​តាម​ប្រសាសន៍​របស់​លោក​ប្រធាន​សហព័ន្ធ​ បាន​មានការ​បញ្ជាក់​ថា​ អ្វី​ដែល​ក្រុមហ៊ុននាំចេញ​ម្រេច​មាន​ភាព​ប្រឈម​នោះ​ គឺទី​ផ្សារ​ម្រេច​ពិភព​លោក​លើស​តម្រូវការ​ ដូច្នេះ​ការនាំចេញ​មិនបាន​ច្រើន​ធ្វើ​ឱ្យ​បញ្ហា​ប្រឈម​នេះ​ធ្លាក់​ដល់​កសិករ​ជា​អ្នក​ផលិត​ ដូចជា​ការនាំចេញ​ម្រេច​កំពត​ទៅក្រៅ​ប្រទេស​ គឺ​មាន​ប្រមាណ​តែ​ 50តោន​ ក្នុង​ឆ្នាំ2019​។លោក​បាន​បញ្ជាក់​ថា​៖“សព្វថ្ងៃ​យើង​មានដៃ​គូ​ថ្មី​ ដែល​យើង​បាន​នាំចេញ​ម្រេច​ទៅ​ប្រទេស​រុស្ស៊ី​ ប៉ុន្តែ​រុស្ស៊ី​មិនទាន់​ទទួល​ទិញ​ក្នុង​ចំនួន​ច្រើន​នៅឡើយ​ទេ​ ទោះបីជា​រុស្ស៊ី​ជា​អ្នកប្រើ​ប្រាស់​ម្រេច​ក៏ដោយ​”។

    លោក​ប្រធាន​សហព័ន្ធ​ បានឱ្យ​ដឹង​ទៀត​ថា​៖“យោង​តាម​របាយការណ៍​ចុងក្រោយ​ បាន​បង្ហាញថា​ បច្ចុប្បន្ន​ ម្រេច​ត្រូវ​បាន​ដាំដុះ​នៅក្នុង​ខេត្ត​ចំនួន19​ លើ​ផ្ទៃដី​ប្រមាណ​ 7,476ហិ​កតា​ ហើយ​ផ្តល់​ទិន្នផល​ប្រហែល​ជាង​ 2ម៉ឺន​តោន​ ក្នុង1ឆ្នាំ​ ដូច្នេះ​កសិករ​ត្រូវ​តែ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ លើ​គុណភាព​ដើម្បី​រក្សា​តម្លៃ​នៃ​ការ​លក់​ឱ្យ​បាន​រឹងមាំ​។ កសិករ​ភាគច្រើន​គិតតែពី​តម្លៃ​ប៉ុណ្ណោះ​ ដោយ​ពួកគេ​ភ្លេច​ពី​គុណភាព​។ គុណភាព​ គឺជា​អ្វី​ដែល​ពួកគេ​ត្រូវ​ផ្តល់​អាទិភាព​”។ នេះ​ គឺ​លោក​សំដៅ​ទៅលើ​ម្រេច​ទូទៅ​ក្នុង​ប្រទេស​ ដែល​មិនមែន​ជា​ផលិតផល​ម្រេច​សម្គាល់​ភូមិសាស្ត្រ​ GI​ របស់​កម្ពុជា​ដែល​ជា​ម្រេច​កំពត​នោះ​ទេ​។

    លោក​ប្រធាន​បាន​បន្ត​ថា​៖“សម្រាប់​គុណភាព​ម្រេច​កម្ពុជា​យើង​ មានគុណ​ភាពល្អ​ជាង​ម្រេច​ប្រទេស​វៀតណាម​ ដោយ​យើង​មិន​មាន​ជាតិគីមី​ខ្ពស់​ដូច​ប្រទេស​វៀតណាម​ទេ​ ប៉ុន្តែ​គេ​ទទួលស្គាល់​ម្រេច​កម្ពុជា​តាមរយៈ​ប្រទេស​វៀតណាម​ ហើយ​យើង​បាន​នាំចេញ​ទៅ​វៀតណាម​ច្រើនជាង​គេ​ ប្រមាណ​ 70​% ឯប្រទេស​ថៃ​ប្រមាណ15​-20​% សល់​ពីនោះ​គឺ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ប្រហែល​ 2-3% និង​ក្រៅពីនោះ​ គឺ​នាំចេញ​ដោយខ្លួនឯង​”។

    លោក​ ម៉ាក់​ នី​ ប្រធាន​សហព័ន្ធ​ម្រេច​ និង​គ្រឿងទេស​កម្ពុជា​ បាន​បញ្ជាក់​ថា​៖“ តាម​ការ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ គឺ​យើង​បាន​ត្រៀមខ្លួន​សម្រាប់​កិច្ចការ​ឆ្នាំ2020​ នេះ​រួចរាល់​ហើយ​ ដោយ​ទី1​-ផ្តោត​លើ​គុណភាព​ជាចម្បង​ ដែល​បច្ចុប្បន្ន​ម្រេច​យើង​ត្រូវ​បាន​ទទួលស្គាល់​ថា​ មានគុណ​ភាពល្អ​ និង​ទី2​-ការ​ស្នើសុំ​ទៅ​ក្រសួង​ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​សហព័ន្ធ​ម្រេច​អន្តរជាតិ​ ដោយសារ​យើង​មិនទាន់​មាន​ទំនាក់ទំនង​ល្អជា​មួយ​ស្ថាប័ន​នេះ​ ហើយ​ការ​ភ្ជាប់​ទំនាក់ទំនង​នេះ​ និង​ជួយ​ជំរុញ​ការនាំចេញ​ម្រេច​ និង​ធ្វើ​ឱ្យ​អន្តរជាតិ​កាន់តែ​ស្គាល់​ម្រេច​ដែល​មានគុណ​ភាពល្អ​របស់​កម្ពុជា​”។

    យោង​តាម​របាយការណ៍​ក្រសួង​កសិកម្ម​ឱ្យ​ដឹង​ថា​ កម្ពុជា​បាន​នាំចេញ​ម្រេច​ទៅកាន់​ប្រទេស​ជាច្រើន​ដូចជា​ ប្រទេស​វៀតណាម​ ថៃ​ ជប៉ុន​ សិង្ហបុរី​កូរ៉េ​ខាងត្បូង​ បារាំង​ អាល្លឺម៉ង់​ អង់គ្លេស​ អារ៉ាប៊ីសាអ៊ូឌីត​ ឥណ្ឌា​ តៃវ៉ាន់​ ឆែក​ បែលហ្ស៊ិក​ អូស្ត្រាលី​ កាណាដា​ ស្វ៊ី​ស កាហ្សាក់ស្ថាន​ រុស្ស៊ី​ ហុងកុង​ អាមេរិក​ និង​ប៊ុលហ្គារី​៕

  • យន្តហោះ​ចម្បាំងTF​-X ផលិត​នៅ​ទួ​រគី​ ខ្លាំង​ជាង​ F-35​ របស់​អាមេរិក​ នឹង​ដាក់​ឱ្យ​កងទ័ព​ប្រើ​ប្រាស់​ឆាប់​ៗខាងមុខ​

    យន្តហោះ​ចម្បាំងTF​-X ផលិត​នៅ​ទួ​រគី​ ខ្លាំង​ជាង​ F-35​ របស់​អាមេរិក​ នឹង​ដាក់​ឱ្យ​កងទ័ព​ប្រើ​ប្រាស់​ឆាប់​ៗខាងមុខ​

    យោង​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ TAI​ របស់​ប្រទេស​តួរ​គី​ នៅ​ឆ្នាំ2023​ ខាងមុខ​ យន្តហោះ​ចម្បាំង​បំបាំងកាយ​ដំបូង​គេ​បង្អស់​របស់​ប្រទេស​មួយ​នេះ​ ដែល​បំពាក់​ដោយ​អាវុធ​ទំនើប​ និង​ម៉ាស៊ីន​ផលិត​ក្នុង​ស្រុក​ នឹង​បង្ហាញខ្លួន​។ គម្រោង​ខាងលើ​នេះ​ត្រូវ​បាន​លោក​ Osman​ Dur​ ដែល​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ និង​អវកាស​ TAI​ ឱ្យ​ដឹង​ថា​ ដំណាក់កាល​ផលិត​យន្តហោះ​គំរូ​ដំបូង​សម្រាប់​ធ្វើការ​ពិសោធ​ ជិតនឹង​សម្រេច​ជាស្ថាពរ​ហើយ​។

    អ្វី​ដែល​ពិសេស​ជាងគេ​នោះ​ គឺថា​ ក្រុមហ៊ុន​ TAI​ រួម​ជាមួយនឹង​អ្នក​វិនិយោគ​ក្នុង​ស្រុក​ បាន​ផលិត​ស្ទើរតែ​ទាំងអស់​នូវ​ផ្នែក​នានា​ និង​គ្រឿងបន្លាស់​របស់​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ ក្នុង​នោះ​ក៏​មាន​ម៉ាស៊ីន​ និង​កាំជ្រួច​ជំនាន់​ទី5​ ជា​អាវុធ​នៅ​លើ​យន្តហោះ​ចម្បាំង​មួយ​ប្រភេទ​ ដែល​យន្តហោះ​ F-35​ របស់​អាមេរិក​កំពុង​ខ្វះខាត​។

    លោក​អគ្គនាយក​ក្រុមហ៊ុន​ TAI​ បាន​ប្រកាស​ថា​៖ ក្រុមហ៊ុន​ TAI​ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការផលិត​យន្តហោះ​ចម្បាំង​បំបាំងកាយ​ TF​-X។ ថ្វីបើ​អ្វី​ដែល​យើង​ឃើញ​នៅ​ទីនេះ​ គឺជា​គំរូ​យន្តហោះ​មួយ​ក៏ដោយ​ ប៉ុន្តែ​នៅ​ឆ្នាំ2023​ យើងខ្ញុំ​នឹង​បង្ហាញ​យន្តហោះ​ពិតប្រាកដ​ ហើយ​ដល់​ឆ្នាំ​ 2025​ នឹង​មានការ​ហោះហើរ​ជាលើកដំបូង​ បន្ទាប់មក​ ដល់​ឆ្នាំ2028​ យន្តហោះ​នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

    ទោះជា​យ៉ាងនេះ​ក្ដី​ ការផលិត​យន្តហោះ​នេះ​អាច​នឹង​ត្រូវ​បង្កើន​ល្បឿន​ ដោយយោងទៅតាម​ស្ថានការណ៍​ជាក់ស្ដែង​ និង​តម្រូវការ​របស់​កងទ័ពអាកាស​តួរ​គី​ បន្ទាប់ពី​អាមេរិក​ឈប់​លក់​យន្តហោះ​ចម្បាំង​ F-35​ ទៅ​ឱ្យ​ប្រទេស​នេះ​ ដោយសារតែ​ខឹង​តួរ​គី​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ S-400​ ពី​ប្រទេស​រុស្ស៊ី​។

    មកដល់ពេលនេះ​ មុខងារ​បច្ចេកវិទ្យា​ និង​សមត្ថភាព​ប្រយុទ្ធ​របស់​យន្តហោះ​នេះ​ មិនទាន់​ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​នៅឡើយ​ទេ​ ប៉ុន្តែ​លោក​ Osman​ Dur​ បាន​អះអាង​ថា​ TF​-X នឹង​មាន​បច្ចេកវិទ្យា​ខ្លាំង​ជាងយន្ត​ហោះ​ចម្បាំង​ F-35​ ជំនាន់​ទី5​ របស់​អាមេរិក​ទៅទៀត​។ នៅពេល​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ គេ​ជឿ​ថា​ TF​-X នេះ​ នឹង​ចូល​មក​ជំនួស​យន្តហោះ​ចម្បាំង​ F-16​ ផលិត​ដោយ​អាមេរិក​ ដែល​បច្ចុប្បន្ន​ មាន​ប្រើប្រាស់​នៅក្នុង​កងទ័ពអាកាស​តួរ​គី​។

    ក្រុម​អ្នកជំនាញ​ បាន​វាយតម្លៃ​ថា​ យន្តហោះ​ចម្បាំង​ TF​-X នេះ​នឹង​ត្រូវ​បំពាក់​បច្ចេកវិទ្យា​បំបាំងកាយ​ ដូចគ្នានឹង​ F-35​ របស់​អាមេរិក​ដែរ​ ប៉ុន្តែ​វា​នឹង​ប្រើ​ SOM​-J ដែល​មាន​អានុភាព​ខ្លាំង​ជាងយន្ត​ហោះ​ចម្បាំង​ជំនាន់​ទី5​ របស់​អាមេរិក​ ព្រោះថា​ មី​ស៊ី​លនេះ​នឹង​អនុញ្ញាត​ឱ្យ​យន្តហោះ​ចម្បាំង​អាច​បាញ់ប្រហារ​គោលដៅ​ នៅពេល​វា​ហោះ​ក្រៅ​រង្វង់​ការពារ​ដែនអាកាស​របស់​សត្រូវ​បាន​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • បន្តិចទៀត​ ​វាលស្មៅ​នៅ​អង្គរវត្ត​នឹង​ធ្វើ​ឱ្យ​អច្ឆរិយវត្ថុ​មួយ​នេះ​កាន់តែ​អស្ចារ្យ​ដូច​ឋានសួគ៌​ពិ​តៗ​

    បន្តិចទៀត​ ​វាលស្មៅ​នៅ​អង្គរវត្ត​នឹង​ធ្វើ​ឱ្យ​អច្ឆរិយវត្ថុ​មួយ​នេះ​កាន់តែ​អស្ចារ្យ​ដូច​ឋានសួគ៌​ពិ​តៗ​

    ​បន្តិចទៀត​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​នឹង​ពោរពេញ​ដោយ​ភាព​បៃតង​នៃ​ធម្មជាតិ​ ​ក្រោយ​ការ​កែ​លម្អ​សោភណភាព​ ​និង​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​

    ​បើ​តាម​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា​ ​យើង​នឹង​កែ​លម្អ​បរិស្ថាន​នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត​ដោយ​ចាប់ផ្តើម​ដាំ​ស្មៅ​ ​ដាំ​កូនឈើ​ ​ដាំ​ផ្កា​ព្រៃ​ ​ជួសជុល​ផ្លូវ​ ​និង​ប្រព័ន្ធ​រំដោះ​ទឹក​ ​ព្រមទាំង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​លើ​វាលស្មៅ​ទាំងនោះ​ទាំង​ប្រាំង​ ​និង​វស្សា​។​ ​

    ​លោក​ ​ឡុង​ ​កុសល​ ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​លើកឡើង​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​កាលពី​ពេល​កន្លងទៅ​បាន​រៀបចំ​សណ្តាប់​ធ្នាប់​ ​លើកកម្ពស់​សោភណភាព​ ​និង​ទេសភាព​បៃតង​ ​ហើយ​សម្រាប់​ផែនការ​អនាគត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​គឺ​ត្រូវ​បាន​រៀបចំ​ឱ្យ​កាន់តែ​ប្រសើរ​ ​ដើម្បី​បន្ត​កែ​លម្អ​បរិស្ថាន​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រាសាទ​។​ ​ជាក់ស្តែង​ក្រុមការងារ​កំពុងតែ​បាន​ធ្វើការ​ដកហូត​ដើមឈើ​ ​និង​កាត់​មែកឈើ​ដែល​ប៉ះពាល់​ដល់​ទេសភាព​ប្រាសាទ​ជាទី​គយគន់​របស់​ភ្ញៀវ​ទេសចរ​ ​រៀបចំ​បង្កើន​ទេសភាព​បៃតង​នៅ​ប៉ែក​ខាងត្បូង​ប្រាសាទអង្គរវត្ត​ ​ការ​បញ្ចូល​ទឹក​ក្នុង​ស្រះ​ខាងត្បូង​ជាដើម​។​ ​ហេតុនេះ​អ្វី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងតែ​អនុវត្ត​ ​និង​ផែនការ​អនាគត​ ​គឺ​សំដៅលើ​ក​កម្ពស់​សោភណភាព​ ​ការរៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​និង​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​មិន​ត្រឹមតែ​ប្រាសាទអង្គរវត្ត​ប៉ុណ្ណោះទេ​ ​តែ​រមណីយដ្ឋាន​អង្គរ​ទាំងមូល​។​

    ​គួរ​បញ្ជាក់​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ឱ្យ​មាន​មណ្ឌល​បដិសណ្ឋារ​កិច្ច​សម្រាប់​ភ្ញៀវ​ទេសចរ​ ​រៀបចំ​ចំណត​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​មាន​ដាំ​កូនឈើ​ឡើងវិញ​ដើម្បី​កែ​លម្អ​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​ស័ក្តិសម​ជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​៕​ ​



  • នី​កូ​ ​លើកទឹកចិត្ត​ ​និង​រៀបរាប់​ខ្សែជីវិត​តស៊ូ​លំបាក​របស់​ ​ពេជ្រ​ ​សូលី​កា​

    នី​កូ​ ​លើកទឹកចិត្ត​ ​និង​រៀបរាប់​ខ្សែជីវិត​តស៊ូ​លំបាក​របស់​ ​ពេជ្រ​ ​សូលី​កា​

    ​ក្រោយពី​មាន​បញ្ហា​និង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​និង​តាម​ប្រភព​សារ​ព៍​ត័មា​ន​ធំៗ​ទាក់ទង​នឹង​ ​ម្តាយ​របស់​តារាចម្រៀង​ល្បីឈ្មោះ​ ​ពេជ្រ​ ​សូលី​កា​ ​គេ​ឃើញ​នាងសរ​សេរ​បង្ហោះ​ពាក្យ​ប៉ុន្មាន​ឃ្លា​ ​ស្ដាប់​ហើយក៏​ក្ដុកក្ដួល​ជំនួស​ ​ជាពិសេស​នៅពេល​មានដំណឹង​ថា​ ​នាង​ក៏​មានផ្ទៃពោះ​ ​ក្រោយ​ភ្ជាប់ពាក្យ​ផង​។​ ​

    ​ដោយឡែក​ ​តារាចម្រៀង​ ​នី​កូ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​ដៃគូ​ចម្រៀង​របស់​នាង​ ​ក៏បាន​បង្ហោះ​សារ​លើកទឹកចិត្ត​នាង​ ​ព្រមទាំង​ទម្លាយ​ថា​ ​សូលី​កា​ ​មាន​ខ្សែជីវិត​តស៊ូ​លំបាក​តាំងពី​ក្មេង​ ​ជួប​បញ្ហា​ច្រើន​រាប់​ភ្លេច​ ​។​ ​នី​កូ​ ​សរសេរ​សារ​ថា​ ​«​មកទល់​ថ្មើរ​នេះ​ខ្ញុំ​អារម្មណ៍​មិន​នៅក្នុង​ខ្លួន​ទេ​ ​ព្រោះ​បញ្ហា​របស់​គាត់​ ​តាំងពីដើមមក​ទល់​ពេលនេះ​អាច​ថា​ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ ​ដឹងរឿង​គ្រប់យ៉ាង​តាំងពី​មុន​មកទល់​ពេលនេះ​ថា​ខ្សែជីវិត​ក្មេងស្រី​ម្នាក់​នេះ​ជួប​បញ្ហា​អី​ខ្លះ​ ​តស៊ូ​យ៉ាងណា​ខ្លះ​ ​(​ខ្ញុំ​ស្គាល់​គាត់​មុន​ពួក​យើង​ចូល​ច្រៀង​ទាំងពីរ​នាក់​ ​ព្រោះ​ផ្ទះ​ជាប់គ្នា​)​ ​ទោះ​នៅ​ជិត​គ្នា​ទាស់ទែង​ ​អន់ចិត្ត​ខឹង​ខ្លាំង​យ៉ាងណា​ ​មាន​គ្រប់បែបយ៉ាង​ ​តែ​ខ្ញុំ​មិនដែល​ភ្លេច​អាណិត​ ​ភ្លេច​បារម្ភ​ពី​គាត់​ទេ​ ​រឿង​កើតឡើង​រួច​ទៅ​ហើយ​គ្រប់យ៉ាង​មិន​អាចប​ក​ក្រោយ​ទេ​មានតែ​ពាក្យ​ថា​ស្តាយ​ ​ស្តាយក្រោយ​ចំពោះ​រឿង​ទាំងអស់​ដែល​បាន​កើតឡើង​ ​តែ​ខ្ញុំ​ពិតជា​អរគុណ​ការ​ឆ្លើយតប​ ​ជា​រួម​បង្ហាញថា​ប្អូន​រឹងមាំ​តស៊ូ​ទៅមុខ​ទៀត​ ​ជា​ម្តាយ​ ​ជា​បងស្រី​ដ៏​ល្អ​សម្រាប់​ប្អូន​ ​និង​ ​កូន​ក្នុង​ផ្ទៃ​»​ ​។​

  • រំដួលលិចទឹក រចនាម៉ូដមកុដ «រំដួលអង្គរ»សម្រាប់បំពាក់កញ្ញាឯកភពផែនដីកម្ពុជា២០២០

    រំដួលលិចទឹក រចនាម៉ូដមកុដ «រំដួលអង្គរ»សម្រាប់បំពាក់កញ្ញាឯកភពផែនដីកម្ពុជា២០២០

    កម្មវិធីប្រកួតដណ្ដើមមកុដកញ្ញាឯកភពផែនដីកម្ពុជា២០២០ (Miss Planet Cambodia) គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅ មណ្ឌលវប្បធម៌ភ្នំពេញ ( ចេនឡា ) ដែលនឹងផ្សាយផ្ទាល់ពីហ្វេសប៊ុកផេក Miss Planet Cambodia វេលាម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់ ។

    នៅមុននេះបនិ្តចហ្វេសប៊ុកកញ្ញាឯកភពផែនដីកម្ពុជា បានបញ្ចេញនូវមកុដថ្មី ដែលត្រៀមបំពាក់ជូនកញ្ញាឯកភពផែនដីកម្ពុជាឆ្នាំ២០២០ខាងមុខនេះ។ «រំដួលអង្គរ» ជាឈ្មោះមកុដ កញ្ញាឯកភពផែនដីកម្ពុជា២០២០ (Miss Planet Cambodia) ដែលច្នៃនិងរចនាម៉ូដដោយ កញ្ញា រំដួលលិចទឹក។ មកុដនេះច្នៃចេញពីលោហៈធាតុស្ពាន់ ស្រោបមាស ច្នៃចេញជាផ្ការំដួល តូចធំ ក្រពុំនិងរីកចំនួន ៥២ ផ្កាដែលមានដាំត្បូងខ្មែរតូចៗចំនួនប្រមាណជិត៦០០០ពាន់គ្រាប់ ដោយមានលាយជាមួយនិងក្បាច់ក្បាលនាគអមដោយក្បាច់ភ្ញីអង្គរ ផងដែរ ការរចនាឡើងគឺចង់បង្ហាញពីស្នាដៃកូនខ្មែរក្នុងការរចនាម៉ូដមកុដកញ្ញាឯកភពផែនដីកម្ពុជា២០២០ នេះតែម្តង៕