Category: សង្គម និងសេដ្ឋកិច្ច

  • បងៗស្រ្តីមេផ្ទះ ញ៉ាំផ្លែក្រូចហើយ កុំចោលសម្បក ព្រោះវាមានគុណប្រយោជន៍អាចប្រើការបានច្រើនយ៉ាងទៀត

    បងៗស្រ្តីមេផ្ទះ ញ៉ាំផ្លែក្រូចហើយ កុំចោលសម្បក ព្រោះវាមានគុណប្រយោជន៍អាចប្រើការបានច្រើនយ៉ាងទៀត

    ពេលបងៗស្រ្តីមេផ្ទះទាំងឡាយទិញផ្លែក្រូចមកពិសា មិនថាតែក្រូចឆ្មារ ក្រូចពោធិ៍សាត់ ឬក្រូចថ្លុងក៏ដោយ សូមកុំអាលបោះចោលសម្បកវា ព្រោះវានៅអាចយកមកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗទៀតបាន ដូច្នេះបើបងៗចង់ដឹងថា តើសម្បកផ្លែក្រូចទាំងនោះមានប្រយោជន៍អ្វីខ្លះនោះសូមអានជាបន្ត…។

    -​ សម្បកផ្លែក្រូចឆ្មារ
    . យកមកដុសនៅតាមកន្លែងផ្សេងៗលើរាងកាយពេលងូតទឹក វានឹងជួយកម្ចាត់ស្នាមក្អែល ធ្វើឱ្យរាងកាយស្អាតក្រអូបស្រស់ថ្លា។
    . ដាក់សម្បកផ្លែក្រូចឆ្មារចូលទៅក្នុងទឹកតែក្ដៅឧណ្ហៗ ដើម្បីបង្កើនរសជាតិឱ្យរឹតតែឈ្ងុឆ្ងាញ់ឡើង។
    . ដាក់សម្បកផ្លែក្រូចឆ្មារចូលទៅក្នុងសាច់មាន់ពេលដាក់អាំង ដើម្បីបង្កើនក្លិន និងមានរសជាតិកាន់តែគួរឱ្យចង់ទទួលទានឡើងទៀត។
    – សម្បកផ្លែក្រូចពោធិ៍សាត់
    . បង្កើនភាពស្រទន់ដល់ស្ករក្រហម(ស្ករត្នោត) ដោយការយកដាក់ចូលទៅក្នុងដបកែវដាក់ស្ករក្រហម។
    . ធ្វើជាគ្រឿងផ្សំនៅក្នុងភេសជ្ជៈប្រភេទ ខក់ធេល។
    . បន្ថែមភាពក្រអូបប្រហើរដល់ស្រោមជើងឈុតក្នុង ដោយការធ្វើវាឱ្យស្ងួត រួចដាក់ចូលក្នុងកញ្ចប់ ឬថង់ ហើយចោះប្រហោងឱ្យមានក្លិនសាយភាយចេញមក រួចយកទៅដាក់នៅក្នុងទូខោអាវ ឬថតតុជាដើម។
    . ធ្វើជាជីរុក្ខជាតិ ដោយនាំយកទៅដាក់គរចោលនៅត្រង់គល់ដើមឈើ ហើយទុកឱ្យវារលួយជ្រាបចូលទៅក្នុងដីដោយខ្លួនឯង។
    . យកមកដុសលាបលើស្បែក ដើម្បីបណ្តេញសត្វល្អិតដែលមករំខាននៅពេលយប់។

    – សម្បកផ្លែក្រូចថ្លុង
    . យកសម្បកក្រូចថ្លុងដែលឆ្លងកាត់ការស្ងោរហើយ មកដុសខាត់ភាជនៈប្រភេទអាលុយមីញ៉ូម
    ដូចជាវែកឆា វែកបាយជាដើម-ល- នឹងធ្វើឱ្យភាជនៈទាំងនោះឡើងភ្លឺរលោងដូចថ្មីមិនខាន។
    . យកមកចម្រាញ់ធ្វើជាទឹកអប់ក្លិនក្រូច។
    . យកមកធ្វើជាដំណាប់ មានរសជាតិប្លែក ផ្អែមឈ្ងុយឆ្ងាញ់៕

  • ក្រោមអាយុ30ឆ្នាំ ត្រូវធ្វើអ្វីខ្លះទើបអាចចេញរកស៊ីបានរលូន?

    ក្រោមអាយុ30ឆ្នាំ ត្រូវធ្វើអ្វីខ្លះទើបអាចចេញរកស៊ីបានរលូន?

    ដើម្បីអាចចេញរកស៊ីបានដោយខ្លួនឯង និងបានដោយរលូន អ្នកប្រាកដជាត្រូវបំពេញកិច្ចការងារជាច្រើន ចាប់ពីរូបសម្បត្តិខាងក្រៅ រហូតដល់ចំណេះ ជំនាញ និងបទពិសោធ។ល។

    ខាងក្រោមនេះ គឺជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលអ្នកត្រូវបំពេញ មុននឹងឈានជើងចេញទៅ “រកលុយ”

    1.រូបរាងលក្ខណៈខាងក្រៅ

    ក្នុងសង្គម អ្នកណាក៏និយាយដែរថា សម័យបច្ចុប្បន្នគេយកចិត្តទុកដាក់ទៅលើរូបរាងខាងក្រៅ មុននឹងគិតទៅលើអត្តចរិត និងចំណេះដឹង ឬបទពិសោធការងារ។

    រូបសម្រស់ខាងក្រៅ មិនថាប្រុស ឬស្រីនោះទេ វាគឺជាចំណុចដំបូងបង្អស់ដែលអ្នកដទៃចាប់អារម្មណ៍មុនគេ។ បើសិនជាអ្នកទុកពុកមាត់វែង សក់វែង ស្លៀកពាក់មិនសមរម្យ ក្លិនខ្លួនមិនល្អ តើមានអ្នកណាគេចាប់អារម្មណ៍? ដូច្នេះ មុននឹងចេញទៅជួបអ្នកណាម្នាក់ ដូចជាទៅសម្ភាសរកការងារធ្វើជាដើម អ្នកត្រូវតែគិតអំពីប្រការខាងលើ ដោយសួរខ្លួនឯងជាមុនថា “រូបរាងខាងក្រៅរបស់ខ្ញុំ សមរម្យ និងគួរឱ្យគេចាប់អារម្មណ៍ហើយ ឬនៅ?

    2.ចំណេះ ជំនាញ និងបទពិសោធន៍

    ប៉ុន្តែ នៅពេលនិយាយអំពីការរកស៊ី ទន្ទឹមនឹងរូបសម្រស់ អ្នកត្រូវតែមានចំណេះដឹងខ្ពស់ មានជំនាញ និងបទពិសោធច្រើនឆ្នាំក្នុងវិស័យដែលអ្នកចង់រកស៊ី និងមានទុនសមល្មមអាចជាទីទុកចិត្តបាន។ ដើម្បីមានលក្ខណសម្បត្តិដូច្នេះ អ្នកត្រូវតែរៀនសូត្រ ស្រាវជ្រាវ និងធ្វើការឱ្យគេជាមុនសិន។

    អ្នកខ្លះចូលធ្វើការឱ្យគេមិនទាន់បានប៉ុន្មានឆ្នាំផង ក៏ប្រញាប់ដកខ្លួនចេញទៅបើកក្រុមហ៊ុនរកស៊ីនឹងគេដែរ ព្រោះតែឃើញគេរកស៊ីបានកាក់កប ដោយមានគំនិតថា “ខ្ញុំក្មេង ខ្ញុំអាចធ្វើបាន”

    វាជាការប្រសើរហើយ បើសិនអ្នកជឿជាក់លើសមត្ថភាពខ្លួនឯង និងមានមហិច្ឆតាចង់ក្លាយជាអ្នកមាន ព្រមទាំងហ៊ានដេញចាប់ក្ដីស្រមៃរបស់ខ្លួន។ ប៉ុន្តែ អ្នកត្រូវដឹងថា ក្នុងរយៈពេល10ឆ្នាំ មានក្រុមហ៊ុនបើកថ្មីដល់ទៅ 70% ឯណោះដែលបរាជ័យ និងប្រកាសក្ស័យធន

    យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា 80% នៃក្រុមហ៊ុនបើកថ្មី អាចឆ្លងផុតឆ្នាំដំបូង បន្ទាប់ពីនោះមកស្ថានភាពនៅតែបន្តធ្លាក់ចុះ។ បន្ទាប់ពីដំណើរការបាន 2ឆ្នាំ ស្ថានភាពបែបនោះនឹងនៅសល់ 2/3(ពីរភាគបី) ហើយបន្ទាប់ពី 5ឆ្នាំ គឺនៅសល់ពាក់កណ្ដាល(1.5/3)។ ចូរដឹងថា ក្រុមហ៊ុនបើកថ្មីដែលមានជីវិតដល់ខ្ទង់10ឆ្នាំ គឺមានត្រឹមតែ 30% ប៉ុណ្ណោះ។

    3.សួរខ្លួនឯង

    ខាងលើនេះ មិនមែនគ្រាន់តែការបំភ័យអ្នកដែលចង់បើកក្រុមហ៊ុនផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែ បើអ្នកពិតជាហ៊ានចេញរកស៊ីដោយខ្លួនឯងមែន អ្នកត្រូវតែឆ្លើយនឹងសំណួរមួយចំនួនខាងក្រោមនេះជាមុនសិន ៖     1. តើខ្ញុំមានចំណេះដឹង ឬជំនាញក្នុងវិស័យដែលខ្ញុំចង់រកស៊ីនោះច្បាស់លាស់ហើយឬនៅ?
    2. តើខ្ញុំមានបទពិសោធគ្រប់គ្រាន់ហើយឬនៅ?
    3. តើខ្ញុំយល់ច្បាស់ឬនៅ ចំពោះវិស័យនានាដែលមានទំនាក់ទំនងជាមួយនិងវិស័យដែលក្រុមហ៊ុនខ្ញុំត្រូវរកស៊ី?
    4. វិស័យដែលខ្ញុំនឹងរកស៊ី តើវាអាចរីកចម្រើនដល់កម្រិតណា?
    5. ក្នុងទីផ្សារ តើវិស័យនេះមានគូប្រជែងច្រើនប៉ុនណា?
    6. តើសហស្ថាបនិករបស់ខ្ញុំ ជាអ្នកណា? និងមានលក្ខណសម្បត្តិបែបណា? (ក្នុងករណីមានភាគហ៊ុន)
    7. តើខ្ញុំមានដើមទុនប៉ុន្មាន? តើខ្ញុំអាចទប់ទល់នឹងបរាជ័យបានប៉ុន្មានដង?
    8. ខ្ញុំនឹងធ្វើអ្វីបន្ត បើសិនជាខ្ញុំត្រូវក្ស័យធន?
    9. តើខ្ញុំបានត្រៀមចិត្តរួចរាល់ឬនៅ បើលទ្ធផលមិនបានដូចបំណង?

    ទាំងនេះ គ្រាន់តែជាចំណុចដែលមើលឃើញច្បាស់ៗប៉ុណ្ណោះ តែវានៅមានអ្វីៗជាច្រើនផ្សេងទៀត ដែលអ្នកត្រូវតែស្វែងយល់។

    សូមជូនពរឱ្យលោកអ្នក ទទួលបានជោគជ័យក្នុងការរកទទួលទាន!

  • តើអាសន្នរោគនៅចិន បង្កផលវិបាកយ៉ាងណាដល់តម្លៃប្រេងពិភពលោក ខណៈមានបម្រាមគោចរនៅតំបន់មួយចំនួន

    តើអាសន្នរោគនៅចិន បង្កផលវិបាកយ៉ាងណាដល់តម្លៃប្រេងពិភពលោក ខណៈមានបម្រាមគោចរនៅតំបន់មួយចំនួន

    មកដល់ពេលបច្ចុប្បន្ន ប្រទេសចិនបានដាក់បម្រាមគោចរទៅលើរាល់សកម្មភាពចេញ-ចូលតំបន់ Wuhan ជាកន្លែងដែលមេរោគបង្កជំងឺរលាកសួត corona ដែលបានរកឃើញកាលពីខែមុន ហើយដែលក្រោយមកវាបាននិងកំពុងឆ្លងរាលដាលទៅតំបន់ផ្សេងៗក្នុងពិភពលោក។

    ការជួញដូរក្នុងផ្សារមូលបត្រកាលពីថ្ងៃទី23 តម្លៃប្រេងបានធ្លាក់ថ្លៃជាលើកទី3។ តម្លៃមូលបត្រប្រេងនៅអាមេរិកបានធ្លាក់ថ្លៃក្នុងកម្រិតទាបបំផុតរាប់ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ2019 ដោយសារមានការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ច និងតម្រូវការប្រេងនឹងទទួលរងឥទ្ធិពលអាក្រក់ពីបញ្ហាអាសន្នរោគ Wuhan ឬហៅថា មេរោគរលាកសួត corona ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន។

    ហានិភ័យទាក់ទិននឹងប្រភពផ្គត់ផ្គង់កើនឡើងខ្លាំង បើទោះជាការផលិតប្រេងរបស់លីប៊ី កំពុងអាក់ខានក៏ដោយ។ បញ្ហានេះក៏បានបង្កការបារម្ភកាន់តែច្រើនឡើងចំពោះអ្នកវិនិយោគដែរ។ បិទទ្វារក្នុងថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃប្រេងឆៅសម្រាប់ខែមិនា ឆ្នាំ2020 បានធ្លាក់ថ្លៃ 1.15ដុល្លារ/បារ៉ែល (ប្រហែល2%) ចុះមកនៅ 55.59ដុល្លារ/បារ៉ែល ជាតម្លៃទាបបំផុត បើគិតចាប់ពីថ្ងៃទី29 វិច្ឆិកា2019។ នេះបើយោងតាមការគណនាលើតារាងសន្ទស្សន៍មូលបត្រ Dow Jones Market Data។

    តម្លៃប្រេង Brent សម្រាប់ខែមិនា ឆ្នាំ2020 ធ្លាក់ថ្លៃ 1.17ដុល្លារ/បារ៉ែល(ប្រហែល1.9%) មកនៅត្រឹម 62.04ដុល្លារ/បារ៉ែល។ នេះជាតម្លៃទាបបំផុត គិតចាប់ពីថ្ងៃទី3 ធ្នូ ឆ្នាំ2019។

    និយាយអំពីបញ្ហាអាសន្នរោគ corona នៅប្រទេសចិនដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រេងនេះ បច្ចុប្បន្នចិនបានដាក់បម្រាមគោចរ ហាមមិនឱ្យមានសកម្មភាពចេញ-ចូលក្នុងតំបន់ Wuhan ជាកន្លែងដែលមេរោគរលាកសួត corona កំពុងឆ្លងរាលដាលខ្លាំង។ ប្រទេសសិង្ហបុរី កាលពីម្សិលមិញ (23 មករា 2020) ក៏បានបញ្ជាក់ថា ប្រទេសនេះមានករណីឆ្លងរោគ corona ជាលើកដំបូងផងដែរ។

    គិតមកដល់បច្ចុប្បន្ន មេរោគរលាកសួត corona បានសម្លាប់មនុស្សយ៉ាងតិច17នាក់ និងជាង600នាក់ផ្សេងទៀតកំពុងផ្ទុកមេរោគនេះ។ ទីផ្សារហិរញ្ញវត្ថុនៃបណ្ដាប្រទេសធំៗក្នុងលោក កំពុងទទួលរងផលប៉ះពាល់ពីអាសន្នរោគ corona ក្នុងនោះផ្សារមូលបត្រចិន បានដាំក្បាលចុះកាលពីម្សិលមិញ នៅពេលអាសន្នរោគនេះកំពុងគ្រប់គ្រងបរិយាកាសបុណ្យចូលឆ្នាំចិននៅអាស៊ី។

    ប្រធានផ្នែកហិរញ្ញវត្ថុនៃមូលនិធិ Velandera Energy លោក Manish Raj បានវាយតម្លៃថា ៖ “មកទល់នឹងពេលនេះ អាសន្នរោគ corona មិនទាន់ធ្វើឱ្យមានការប្រែប្រួលណាមួយទៅលើតម្រូវការប្រេង។ ប៉ុន្តែ នៅពេលអាជ្ញាធរចិនដាក់បម្រាមគោចរក្នុងក្រុងមួយចំនួន រួមទាំងតំបន់ Wuhan និងទីក្រុងចំនួន 2ផ្សេងទៀតនៅក្បែរនោះ។ សកម្មភាពធ្វើដំណើរ ប្រាកដជាថយចុះ ជើងហោះហើរនានានឹងត្រូវលុបចោលខ្លះ ហើយសកម្មភាពសេដ្ឋកិច្ចនៅចិនក៏នឹងត្រូវរួមតូចដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អ្នកប្រកបរបរជូនភ្ញៀវស្រវឹងទៅផ្ទះក្នុងទីក្រុងប៉េកាំង រកចំណូលបានសន្ធឹក បន្ទាប់ពីអាជ្ញាធរ…

    អ្នកប្រកបរបរជូនភ្ញៀវស្រវឹងទៅផ្ទះក្នុងទីក្រុងប៉េកាំង រកចំណូលបានសន្ធឹក បន្ទាប់ពីអាជ្ញាធរ…

    ច្បាប់ដែលហាមអ្នកផឹកស្រាបើកបរយានយន្ត បានបង្កើតឱ្យមានសេវាដឹកអ្នកស្រវឹងទៅផ្ទះនៅក្រុងប៉េកាំង ប្រទេសចិន ជួយឱ្យអ្នកប្រកបរបរនេះរកប្រាក់បានយ៉ាងច្រើនសន្ធឹក។

    របរថ្មីនេះត្រូវបានគេគិតថា ជាមុខរបរដែលរកប្រាក់បានច្រើននៅក្នុងទីក្រុងប៉េកាំង ជាមួយនឹងចំណូលជាមធ្យមប្រហែល 1,742ដុល្លារអាមេរិកក្នុង 1ខែៗសម្រាប់អ្នកផ្ដល់សេវាម្នាក់។

    ជាមួយនឹងមុខរបរនេះ បុរសម្នាក់មានវ័យ 33ឆ្នាំ លោក Liu Pengfei បានឱ្យដឹងថា មានខែខ្លះគាត់អាចរកបានចំណូលដល់ទៅ 19,000យន់ ប្រហែល 2,740ដុល្លារអាមេរិក ដែលខ្ពស់ជាងទ្វេដងបើធៀបនឹងប្រាក់ខែមធ្យមរបស់អ្នកធ្វើការធម្មតានៅទីក្រុងប៉េកាំងដូចគ្នា។

    ការងាររបស់លោក Liu តែងចាប់ផ្ដើមនៅពេលយប់រហូតដល់ពេលទៀបភ្លឺ ជាពេលវេលាដែលក្រុមអ្នកផឹកស៊ីធ្វើដំណើរច្រើនបំផុត។ តម្រូវការលើសេវាកម្មនេះក្នុងអំឡុងពេលខាងលើ កើនឡើងរហូតដល់ 3ដង បើធៀបនឹងពេលថ្ងៃ។
    ក្រុមអ្នកផ្ដល់សេវាកម្មដឹកអ្នកស្រវឹងតែងបង្ហាញវត្តមាននៅក្បែរៗហាងផឹកស៊ី ក្លិបកម្សាន្ត ដើម្បីរង់ចាំភ្ញៀវហៅតាមកម្មវិធីទូរស័ព្ទ(App)។

    ជាធម្មតា លោក Liu និងមិត្តរួមការងារបានប្រើប្រាស់រថយន្តរបស់ភ្ញៀវដើម្បីជូនពួកគេទៅផ្ទះ។ ប៉ុន្តែ មិនមែនភ្ញៀវទាំងអស់សុទ្ធតែតម្រូវឱ្យជូនទៅផ្ទះភ្លាមនោះទេ ព្រោះបើតាមលោក Liu ក្នុងចំណោមភ្ញៀវ 3នាក់ គឺមានម្នាក់តម្រូវឱ្យគាត់ដឹកទៅកន្លែងផឹកស៊ី ឬកន្លែងកម្សាន្តមួយផ្សេងទៀត មុននឹងឱ្យជូនទៅផ្ទះ។

    តម្រូវការលើសេវាកម្មដឹកអ្នកស្រវឹង បានកើនឡើងច្រើននៅពេលយប់ជ្រៅ ជាពិសេស គឺក្រោយពេលដែលអាជ្ញាធរក្រុងប៉េកាំងបានអនុញ្ញាតឱ្យក្លិបរាត្រី ហាងផឹកស៊ី អាចបើកដល់ជិតភ្លឺបាន។ ការអនុញ្ញាតនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

    ចាប់​តាំង​រដ្ឋាភិបាល​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍មក សេវា​កម្ម​ដឹក​អ្នក​ស្រវឹង​បាន​កើន​ឡើង​ជា​លំដាប់ ពិសេស​ក្រោយ​អាជ្ញាធរអនុញ្ញាត​ឱ្យ​ក្លឹប​កម្សាន្ត​របើក​ដល់​ទាប​ភ្លឺ

    មកដល់បច្ចុប្បន្ន គេមិនទាន់ដឹងថា ដំណោះស្រាយខាងលើនេះ មានប្រសិទ្ធភាពដល់កម្រិតណានោះទេ ខណៈដែលកំណើនសេដ្ឋកិច្ចបច្ចុប្បន្នរបស់ចិន កំពុងធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល 30ឆ្នាំមកនេះ។ យ៉ាងនេះក្ដី អ្នកដែលបានទទួលផលប្រយោជន៍ពីច្បាប់ខាងលើមុនគេ គឺក្រុមអ្នកផ្ដល់សេវាកម្មដឹកភ្ញៀវស្រវឹងទៅផ្ទះហ្នឹងឯង។

    យោងតាមទិន្នន័យរបស់ក្រុមហ៊ុនគ្រប់គ្រងកម្មវិធីបញ្ជាទិញសេវាកម្មដឹកភ្ញៀវស្រវឹងធំបំផុតនៅប្រទេសចិន បានបង្ហាញថា ការបញ្ជាប្រើសេវាកម្មនេះបានកើនឡើង 20% នៅពាក់កណ្ដាលយប់នៅក្នុងទីក្រុងប៉េកាំង ខណៈដែលទីក្រុងផ្សេងៗទៀត ដូចជា Dongguan, Zhengzhou ជាដើម ចំនួនអ្នកបញ្ជាប្រើសេវាកម្មនេះ កើនរហូតដល់ 50%៕

    ប្រភព៖ សារព័ត៌មានបរទេស

    មេរោគបង្ករលាកសួតថ្មី Wuhan – 6 ចំណុចដែលអ្នកត្រូវដឹងពីវា ដើម្បីការពារជីវិត
    ហាងទំនិញនៅជប៉ុន ដាក់បដា “ហាមជនជាតិចិន” មិនឱ្យចូលទិញ ព្រោះខ្លាច…
    អ្នកស្លាប់ដោយសារឆ្លងជម្ងឺរលាកសួត Wuhan កើនជិតទ្វេដង៖ ពលរដ្ឋចិនកំពុងភ័យខ្លាច…

  • កុំចិញ្ចឹមកូនតាមបែបអ្នកដទៃព្រោះការចិញ្ចឹមកូនមិនអាចធ្វើតាមគ្នាបានទេ

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃព្រោះការចិញ្ចឹមកូនមិនអាចធ្វើតាមគ្នាបានទេ

    កុំចិញ្ចឹមកូនតាមអ្នកដទៃ ព្រោះការចិញ្ចឹមកូន មិនអាចធ្វើតាមគ្នាបានទេ មិនថាទ្រឹស្តីណាការចិញ្ចឹមកូនបែបណាដែលគេនាំគ្នានិយាយ ឬចែករំលែកតគ្នាថា វាល្អ វាប្រពៃផុតកំពូលក៏ដោយ តែសម្រាប់ Lifestyle របស់លោកឪពុកអ្នកម្ដាយ បើវាត្រឹមត្រូវ ក៏គឺត្រឹមត្រូវ តែបើវាមិនត្រូវនឹងយើង យ៉ាងណាក៏នៅតែមិនត្រូវនឹងយើងដែរ…។

    កូនរបស់អ្នកណា កូនរបស់អ្នកហ្នឹងតើអ្នកម្ដាយទាំងឡាយធ្លាប់ទេ ជាពិសេសអ្នកម្ដាយថ្មោងថ្មី ដែលអានអត្ថបទពីគ្រូពេទ្យ ពីគ្រូពេទ្យចិត្តសាស្ត្រ ពីឪពុកម្ដាយដែលសរសេរពីអត្ថបទចិញ្ចឹមកូន ដែលគេថាធ្វើយ៉ាងនេះ វាល្អយ៉ាងនោះ ចិញ្ចឹមបែបនេះ បានកូនឆ្លាត និងទទួលបានជោគជ័យ ឬត្រូវចិញ្ចឹមកូនបែបនេះ ទើបកូនធំឡើងក្លាយជាអ្នកមានជាដើម -ល- និង-ល-។ តែការពិតទៅ ការចិញ្ចឹមកូនបែបនេះ ឬបែបនោះ វាមិនស័ក្តិសមជាមួយក្មេងគ្រប់រូបនោះទេ ព្រោះក្មេងម្នាក់ៗមានភាពខុសប្លែកពីគ្នា មានភាពជាខ្លួនឯងមិនដូចគ្នា មិនអាចធ្វើតាមគ្នាបានទេ តឱ្យជាកូនភ្លោះនឹងគ្នា ដែលទោះជាយើងធ្លាប់ឃើញពួកគេស្លៀកខោអាវដូចគ្នាក៏ដោយ តែការពិតទៅ កូនរបស់យើងអាចនឹងមិនចង់ដូចអ្នកណា ក៏អាចថាបានដែរ មែនទេអ្នកម្ដាយទាំងឡាយ?

    ព្រោះវាគ្មានអ្វីមកធានាបានថា បើយើងបង្ហាត់បង្រៀនកូនរបស់យើង ដោយយកវិធីរបស់អ្នកដទៃមកប្រើ នឹងទទួលបានជោគជ័យដូចគេនោះឡើយ ព្រោះវាមានបច្ច័យជុំវិញខ្លួនផ្សេងៗដែលចូលមកធ្វើជាអ្នកជំរុញ និងប្រាកដណាស់! យ៉ាងហោចណាស់ក៏ចរិតនិស្ស័យរបស់កូនយើង និងកូនគេ មិនបានដូចគ្នាគ្រប់ប្រការដែរ។

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ត្រូវចិញ្ចឹមកូនយើង ឱ្យក្លាយជាកូនយើងក្មេងៗនឹងធំធាត់ឡើង ក្លាយជាមនុស្សដែលជឿជាក់លើខ្លួនឯង បើឪពុកម្ដាយទទួលស្គាល់លើភាពជាខ្លួនឯងរបស់កូន។ ទិដ្ឋភាពពិតរបស់ក្មេងនឹងបង្ហាញច្បាស់ឡើង នឹងរឹងមាំឡើង គឺនៅពេលដែលឪពុកម្ដាមានចន្លោះឱកាសឱ្យកូនបានបង្ហាញពីភាពជាខ្លួនឯងរបស់កូនបានយ៉ាងពេញទំហឹង ទោះជារឿងទាំងអស់នោះ អាចនឹងមើលទៅថាដូចជាត្រូវប្រើចិត្តវិញ្ញាណខ្ពស់ក៏ដោយ។ ដូច្នេះបើឪពុកម្ដាយ មិនមែនជាគ្រូពេទ្យចិត្តសាស្ត្រ តើអាចធ្វើបានទេ? ចម្លើយគឺ ប្រាកដណាស់ ពិតជាបាន! តែអាចនឹងពិបាកវេទនាខ្លះ ដោយសារតែឪពុកម្ដាយ ក៏ទើបតែក្លាយជាឪពុកម្ដាយ នៅពេលកូនកើតឡើងហ្នឹងឯង… មិនថាអ៊ីចឹងហ្អេ៎?

    ការប្រៀបធៀប មិនដែលជារឿងល្អឡើយជាពិសេសបំផុត ការប្រៀបធៀបកូនខ្លួនឯងជាមួយក្មេងឯទៀត ឬការប្រៀបធៀបកូន ជាមួយខ្លួនយើង។ ប្រាកដណាស់ថា ការប្រៀបធៀប វានឹងល្អ ក៏នៅពេលណាដែលយើងប្រៀបធៀបពីតម្លៃនៃរបស់របរមួយៗ តែមិនមែនជាមួយវត្ថុមានជីវិត មានចិត្តគំនិត ដូចជាមនុស្សនោះទេ ជាពិសេសមនុស្សនោះ គឺជាកូនរបស់យើង។ ឪពុកម្ដាយ គឺពិភពលោកទាំងមូលរបស់កូន គឺជាអ្វីៗគ្រប់យ៉ាងរបស់កូន ត្រឹមតែពាក្យសម្ដីដែលឪពុកម្ដាយអាចនឹងគិតមិនទាន់ ក៏អាចនឹងធ្វើឱ្យក្លាយជាចំណុចខ្សោយមួយរបស់កូនរហូតដល់កូនធំ។

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ កូនមិនមែនជាខ្លួនយើង យើងមិនមែនជាខ្លួនកូនតើធ្លាប់ដែរទេ ដែលគិតថា កូនយើងល្ងង់ ស៊ូក្មេងដទៃមិនបាន ឬកូនយើងច្បាស់ជាមានអ្វីខុសប្រក្រតី? រៀនក៏ដូចអ្នកឯទៀត នាំទៅរៀនកួរពិសេស ក៏ច្រើនជាងក្មេងឯទៀត តែកូនយើងនៅតែមានលទ្ធផលការរៀនទាបជាងមិត្តភក្តិក្នុងថ្នាក់។​ ការប្រៀបធៀបកូនជាមួយក្មេងដទៃ ឪពុកម្ដាយខ្លះមិនបានធ្វើទេ តែធ្វើដោយមិនដឹងខ្លួនជាមួយការប្រៀបធៀបខ្លួនឯងជាមួយកូន។ ធ្វើអារឿងដែលឪពុកម្ដាយយើងធ្លាប់ធ្វើជាមួយយើង គិតអ្វីៗជំនួសកូនទាំងអស់ សង្ឃឹមលទ្ធផលខ្ពស់ដូចដែលយើងធ្លាប់ជួបមក។ សួរថា តើកូនយើង ដូចខ្លួនយើង 100ភាគរយឬយ៉ាងណា? បើមិនដូចទេ ហេតុអីបានគិតថាវិធីនោះនឹងទទួលបានលទ្ធផលល្អ?

    តើត្រូវចិញ្ចឹមកូនយ៉ាងម៉េច? និងតាមវិធីណាល្អ?
    ដែលរៀបរាប់មកទាំងអស់នោះ មិនមែនឱ្យឪពុកម្ដាយឈប់ធ្វើតាមពាក្យណែនាំរបស់អ្នកដទៃនោះទេ តែវា គឺការស្គាល់កូនខ្លួនឯងឱ្យច្បាស់បំផុត… ត្រូវហើយ! ព្រោះលោកអ្នកគឺ ឪពុកម្ដាយរបស់គេ ដូច្នេះចូរសាកល្បងយកពាក្យណែនាំទាំងនោះមកសាកល្បងធ្វើតាម វិធីណាមិនបានលទ្ធផល ក៏ប្ដូរវិធីថ្មី កុំប្រកាន់ខ្ជាប់តែលើវិធីតែមួយ។ វិធីណាបានផលល្អ ក៏អាចនឹងប្រកាន់យកវិធីនោះធ្វើជាគំរូបែប ហើយកែសម្រួលឱ្យស័ក្តិសមជាមួយកូនរបស់យើង។

    ទ្រឹស្ដីនៅលើពិភពលោកនេះមានច្រើនណាស់ តាមអ្នកចិត្តវិទ្យា តាមឪពុកម្ដាយដែលមានកូនរាប់សិបនាក់ តាមគ្រូអ្នកជំនាញ ឬតាមអ្នកជំនាញការ អាចនឹងទៅរួចដូចគ្នាដែលគ្រប់ទ្រឹស្ដីទាំងនោះមិនទទួលបានលទ្ធផលល្អជាមួយកូនយើងសោះឡើយ ដូច្នេះតើវានឹងលំបាកប៉ុនណាទៅ បើសិនកូនជាមនុស្សដំបូងដែលនឹងសាកល្បងទ្រឹស្ដីថ្មីដែលឪពុកម្ដាយគិតឃើញឡើងដោយខ្លួនឯង? វាមិនមានអ្វីខុសឡើយក្នុងការទទួលបានផល ព្រោះកូនយើងមានតែមួយគត់ក្នុងលោកនេះ ដែលមានមុខមាត់អ៊ីចឹង ចរិតនិស្ស័យអ៊ីចឹង រពឹសខ្លាំងបែបហ្នឹង គួរឱ្យស្រឡាញ់បែបហ្នឹង គួរឱ្យចង់ខោកក៏មាន គួរឱ្យរំភើបចិត្តខ្លាំងក៏ច្រើន។ល។

    -​ ចិញ្ចឹមកូនឱ្យក្លាយជាក្មេងដែលជះពន្លឺចេញពីខាងក្នុងមកខាងក្រៅ
    – ចិញ្ចឹមកូនដោយគោរពក្នុងភាពជាកូនរបស់យើង
    – ចិញ្ចឹមកូនដោយវិធីដែលស័ក្តិសមបំផុតជាមួយរូបគេ
    – កុំទៅខ្វល់សំឡេងអ្នកដទៃ ដរាបណាដែលយើងមិនបានសាងភាពមួម៉ៅក្ដៅក្រហាយចំពោះអ្នកណា
    – ចូរចិញ្ចឹមកូនតាមបែបកូនជាកូនរបស់យើងឱ្យបានខ្លាំងបំផុត៕

  • រដ្ឋមន្ត្រី​ទេសចរណ៍ សាទរ​កំណើន​ទេសចរ 5.8% មក​ទស្សនា​តំបន់​អាស៊ាន+3 ក្នុង​ឆ្នាំ2019

    រដ្ឋមន្ត្រី​ទេសចរណ៍ សាទរ​កំណើន​ទេសចរ 5.8% មក​ទស្សនា​តំបន់​អាស៊ាន+3 ក្នុង​ឆ្នាំ2019

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងទេសចរណ៍ ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន+3 (ចិន ជប៉ុន និង​កូរ៉េ) លើក​ទី19 នៅ​ប្រទេស​ប្រ៊ុយណេ កាលពី​ថ្ងៃទី16 ខែមករា ឆ្នាំ2020 ក្នុងឱកាស​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ2020(ASEAN Tourism Forum 2020)ក្រោម​ប្រធានបទ “អាស៊ាន៖ទាំងអស់គ្នា​ឆ្ពោះទៅកាន់​ការធ្វើដំណើរ​ជំនាន់​ថ្មី” (ASEAN:Toge ther towards a Next Generation of Travel)។

    រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក3 បាន​អបអរសាទរ​ចំពោះ​កំណើន​ទេសចរ​មក​ទស្សនា​តំបន់​អាស៊ាន​បូក3 ក្នុង​ឆ្នាំ2019 មាន​ចំនួន 244.5លាន​នាក់ កើនឡើង 5.8%។ កិច្ចប្រជុំ​ក៏បាន​ពិនិត្យ​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​អាស៊ាន​បូក3 ជាពិសេស​ការអនុវត្ត​ផែនការ​សកម្មភាព​សហ​ប្រតិបត្តិការ​ទេសចរ​ណ៍​អាស៊ាន​បូក3 ឆ្នាំ2018 -2020 ដោយ​សម្រេចបាន​លទ្ធផលចម្បងៗ ដូចខាងក្រោម៖ អបអរសាទរ​វេទិកា​អាស៊ាន​បូក3 ស្តីពី​ស្តង់ដា​គ្រប់គ្រង​បរិស្ថាន កាលពី​ថ្ងៃទី25-26 ខែកក្កដាឆ្នាំ2019 នៅ​ប្រទេស​ហ្វីលីពីន។

    2- អបអរសាទរ កិច្ចប្រជុំ​កំពូល យុវជន​ទេសចរណ៍​អាស៊ាន​បូក3 ឆ្នាំ2019 កាលពី​ថ្ងៃទី25-31 ខែសីហា ឆ្នាំ2019 នៅ​ប្រទេស​ថៃ។

    3- សិក្ខាសាលា​ស្តីពី​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតផល និង​សេវាកម្ម​សហគមន៍ ដើម្បី​ទាក់ទាញ​អ្នកធ្វើដំណើរ​វ័យក្មេង​ក្នុង​សហស្សវត្ស​ថ្មី កាលពី​ថ្ងៃទី10-12 ខែកញ្ញា ឆ្នាំ2019 នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

    4- សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ធនធានមនុស្ស​ទេសចរ​ណ៍​អាស៊ាន និង​បណ្តាញ​នៃ​ការអភិវឌ្ឍ​សម្រាប់​កម្មវិធី​អេកូ​ទេសចរណ៍ កាលពី​ថ្ងៃទី2124 ខែតុលា ឆ្នាំ2019 នៅ​ប្រទេស​ម៉ាឡេស៊ី។

    5- សន្និសីទ​វិនិយោគ​ទេសចរណ៍​អាស៊ាន-ជប៉ុន កាលពី​ថ្ងៃទី23 ខែតុលា ឆ្នាំ2019 នៅ​ប្រទេស​ជប៉ុន។

    រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន ជប៉ុន ប្រទេស​កូរ៉េ ដែល​បាន​គាំទ្រ​ដល់​សមាជិក​អាស៊ាន តាមរយៈ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​អាស៊ាន ចិន នានា​ជាច្រើន​ក្នុងអំឡុង​ឆ្នាំ2019 កន្លងមក។

    ជាពិសេស​ការរៀបចំ​ពិព័រណ៍ ទេសចរណ៍​អាស៊ាន-ចិន កាលពី​ពាក់កណ្ដាល​ខែតុលា ឆ្នាំ2019 នៅ​ទីក្រុង Guilin ប្រទេស​ចិន និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន-ជប៉ុន​នៅ​ឆ្នាំ2019 កន្លងមក ក្នុងនោះ​រួមមាន​ការរៀបចំ​សិក្ខាសាលា និង​សន្និសីទ​នានា ការតាំង​ពិ​ព័​ណ៍​ទេសចរណ៍​អាស៊ាន-ជប៉ុនផ្សេងៗ ព្រមទាំង​ការជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​តាម​នាវា​សមុទ្រ (Cruise Tourism)។

    ដោយឡែក​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​បូក3 រួមមាន ចិន ជប៉ុន និង​កូរ៉េ សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ដ៏​ល្អ​កន្លងមក​ចំពោះ​កម្ពុជា ព្រមទាំង​បានស្នើ​សុំឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ​ត​ទៅមុខទៀត។

    សូម​ជម្រាបជូន​ផងដែរ​ថា ក្នុង​ឆ្នាំ2019 កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ 6.7លាន​នាក់ កើនឡើង 8% ក្នុងនោះ​សម្រាប់​រយៈពេល 10ខែ ទេសចរ​ចិន​មាន​ចំនួន​ប្រមាណ 2.4លាន​នាក់ ទេសចរ​កូរ៉េ​មាន​ចំនួន 20ម៉ឺន​នាក់ និង​ទេសចរ​ជប៉ុន​មាន​ចំនួន 16ម៉ឺន​នាក់។

    នៅ​ឆ្នាំ2020 នេះ វេទិកា​ទេសចរណ៍​អាស៊ាន (ATF) ក្រោម​ប្រធានបទ​អាស៊ាន “ទាំងអស់គ្នា​ឆ្ពោះទៅកាន់​ការធ្វើដំណើរ​ជំនាន់​ថ្មី ឬ​ ASEAN-Together towards a Next Generation of Travel” បាន​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​មកពី​ប្រទេស​សមាជិក​អាស៊ាន ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ឥណ្ឌា និង​ប្រទេស​ដៃគូ​ពិភាក្សា​អភិវឌ្ឍន៍​មួយចំនួនទៀត។

    កម្ពុជា​បាន​សហការ​ជាមួយ​ផ្នែក​ឯកជន ចូលរួម​ក្នុង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ដោយ​បានទទួល​ប្រតិភូ​ចូលរួម​ចំនួន 750នាក់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចំនួន100 មាន​ស្តង់​ពិព័រណ៍(Booths) 250 និង​អ្នកលក់ (Sellers) ចំនួន 250ក្រុមហ៊ុន និង​មាន​អ្នកទិញ (Buyers) ចំនួន 150ក្រុមហ៊ុន​ផងដែរ។

    សូមបញ្ជាក់ថា វេទិកា​កំពូល​ទេសចរណ៍​អាស៊ាន ឆ្នាំ2020 និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី12-13 ខែមករា ឆ្នាំ2020 នៅ​ប្រទេស​ប្រ៊ុយណេ។ ទន្ទឹមនឹង​នេះដែរ កិច្ចប្រជុំ​ទាំងមូល​បាន​ផ្តោត និង​លើកយក​បញ្ហាចម្បងៗចំនួន7 មក​ជជែក​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ និង​វឌ្ឍនភាព​វិស័យ​ទេសចរណ៍​អាស៊ាន​បន្តទៀត។

    លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ទៅ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នាឱកាស​វេទិកា​កំពូល​ទេសចរណ៍​ឆ្នាំ2020 នេះ បាន​លើកឡើងថា ស្ថាប័ន​ជាតិ​ទេសចរណ៍​ប្រទេស​សមាជិក​អាស៊ាន​ទាំង10 នឹង​ពិភាក្សា​ពិនិត្យ​សម្រេច​លើ​ចំណុចសំខាន់ៗនៃ​សកម្មភាព​ទេសចរណ៍​អាស៊ាន និង​អនុម័ត​លើ​ឯកសារ ពិធីសារ​មួយចំនួន។

    ឯកសារ និង​ពិធីសារ​ទាំងនោះ រួមមាន​ទី1- ពង្រឹង​ការផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន​តាម​ប្រព័ន្ធ​ឌីជីថល អន​ឡាញ និង​ប្រព័ន្ធ​បណ្តាញ​សង្គម។ ទី2-ពិនិត្យ​អំពី​វឌ្ឍនភាព​នៃ​ការរីកចម្រើន វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន ឆ្នាំ2018-2019។ ទី3- ពិនិត្យ និង​វាយតម្លៃ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ឆ្នាំ2016-2025។ ទី4- ជំរុញ​ការបង្កើត​ផលិតផលថ្មីៗ ដោយ​ផ្តោត​សំខាន់​លើ​ទេសចរណ៍​ម្ហូបអាហារ​ជាដើម។

    លោក ថោង រដ្ឋ​សក្តិ បាន​បន្តថា៖ “កិច្ចពិភាក្សា​ខាងលើនេះ គឺ​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ទេសចរណ៍​អាស៊ាន ដោយ​ត្រឹម​ឆ្នាំ2025 អាស៊ាន​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ល្អ​ឯក ប្រកបដោយ​គុណភាព ពិពិធ​ភាព បទពិសោធ ចីរភាព បរិ​យា​ប័ន្ន និង​ការអភិវឌ្ឍ​ដោយ​ការទទួលខុសត្រូវ ចូលរួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ច សុខុមាលភាព​សង្គម ប្រជាជាតិ​អាស៊ាន”៕

  • គ្រប់គ្រងសតិ (Mindful) ឱ្យបានល្អ ជាវិធីបង្កើន ប្រសិទ្ធភាពក្នុងជីវិត

    គ្រប់គ្រងសតិ (Mindful) ឱ្យបានល្អ ជាវិធីបង្កើន ប្រសិទ្ធភាពក្នុងជីវិត

    ប្រសិទ្ធភាពការងារ ជាចំណុចដ៏សំខាន់មួយក្នុងការអភិវឌ្ឍជីវិត ព្រោះវាអាចជួយឱ្យយើងក្លាយជាមនុស្សលេចធ្លោ ចំណាយពេលវេលាតិច ចំណេញការងារច្រើន និងតែងតែអភិវឌ្ឍឈានទៅមុខប្រកបដោយភាពវិជ្ជមានជានិច្ចនៅគ្រប់ទីកន្លែង។

    លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា មនុស្សម្នាក់ៗលើពិភពលោកយើងនេះមានពេលវេលាដូចគ្នាទាំងអស់ គឺ 1ថ្ងៃ 24ម៉ោងដូចៗគ្នា តែមនុស្សមានលទ្ធផលជីវិតខុសគ្នា បើទោះបីជាពេលខ្លះពួកគេមានឋានៈតួនាទី និងធ្វើការក្នុងស្ថាប័នតែមួយដូចគ្នាក៏ដោយ។

    មានមនុស្សខ្លះចាប់ផ្តើមពីចំណុចតូចមួយក្នុងស្ថាប័ន តែប៉ុន្មានឆ្នាំក្រោយគាត់បានក្លាយជាអ្នកដឹកនាំស្ថាប័ន ឬជាអ្នកដែលលេចធ្លោក្នុងចំណោមមនុស្សនានាដែលគាត់ស្គាល់ ខណៈមនុស្សមួយចំនួនទៀតចាប់ផ្តើម និងបញ្ចប់នៅនឹងកន្លែងមួយដដែល។ កត្តាដែលនាំឱ្យមនុស្សមានភាពខុសគ្នាបែបនេះ គឺមកពីភាពខុសគ្នានៃប្រសិទ្ធភាពការងារ។

    អ្នកដែលមានប្រសិទ្ធភាពការងារខ្ពស់ ភាគច្រើនជាអ្នកដែលគ្រប់គ្រងពេលវេលាបានល្អ ចេះបែងចែករឿងអាទិភាពក្នុងថ្ងៃនីមួយៗ និងចេះឆ្លើយតបជាមួយនឹងបញ្ហា ដោយបង្កើតជាដំណោះស្រាយប្រកបដោយភាពច្បាស់លាស់ ឬអាចនិយាយបានថា គេអាចគ្រប់គ្រងសតិ (Mindful) បានល្អ។

    គ្រប់ហេតុការណ៍ដែលកើតឡើងក្នុង 1ថ្ងៃៗ គេអាចគ្រប់គ្រង និងកំណត់ដឹងយ៉ាងច្បាស់ថា គេកំពុងធ្វើអ្វី ហើយនឹងធ្វើអ្វីបន្តទៀត ដែលនេះជាគោលដៅបន្ទាប់សម្រាប់បុព្វហេតុក្នុងជីវិតរបស់គេផ្ទាល់។

    លោក ប៉ិច បូឡែន បាននិយាយថា៖ «មនុស្សដែលអាចគ្រប់គ្រងសតិបានល្អ ជាបុគ្គលដែលអាចរីកចម្រើនបានយ៉ាងលឿន ព្រោះគេអាចបែងចែករឿងនីមួយៗបានយ៉ាងច្បាស់ ហើយដំណើរការការងារ ក៏មានភាពច្បាស់លាស់ដូចគ្នា ដែលធ្វើឱ្យគេធ្វើការបានចប់ចុងចប់ដើម និងស្អាតរៀបរយទៀតផង»។

    លោក បូឡែន បានលើកឡើងផងដែរថា នៅក្នុង 1ថ្ងៃៗ មានរឿងជាច្រើនដែលត្រូវឱ្យយើងដោះស្រាយហើយប្រសិនបើយើងគ្រប់គ្រងសតិមិនបានល្អទេនោះ យើងនឹងមិនអាចដោះស្រាយអស់នោះទេ។

    កាលណាយើងដោះស្រាយបញ្ហាចាស់មិនអស់ បញ្ហាថ្មីៗក៏នឹងចូលមកជាបន្តបន្ទាប់ដែលធ្វើឱ្យយើងត្រូវវិលវល់នៅក្នុងបញ្ហា ដោះស្រាយមិនចេះចប់ មិនចេះហើយ។

    ហេតុនេះដើម្បីក្លាយជាបុគ្គលដែលមានប្រសិទ្ធភាពខ្ពស់ ចាំបាច់ត្រូវចេះឆ្លើយតបជាមួយនឹងបញ្ហាឱ្យបានល្អ។ នៅក្នុងទម្លាប់ល្អទាំង 7យ៉ាងរបស់បុគ្គលមានប្រសិទ្ធភាពខ្ពស់ គេនិយាយថា មនុស្សមាន 2ប្រភេទ គឺមនុស្សកូកា និងមនុស្សទឹកសុទ្ធ។

    មនុស្សកូកា ជាមនុស្សដែលឆាប់ឆេវឆាវ គ្រប់គ្រងខ្លួនឯងមិនបានល្អ ប្រៀបបីដូចជាកំពុងកូកាដែលគេក្រឡុក ហើយបើកគម្របមកនឹងឆួលកំពប់ហៀរឡើង តែផ្ទុយមកវិញមនុស្សទឹកសុទ្ធ គឺមានសភាពនឹងដូចជាទឹកសុទ្ធដូច្នោះដែរ បើទោះបីជាគេក្រឡុកយ៉ាងណា ក៏ក្រោយពេលបើកគម្របនៅតែស្ងៀមនឹង មិនហូរហៀរ ឬកញ្ជ្រោលខ្លាំងដូចកូកានោះទេ។

    ប្រសិនបើយើងចង់ក្លាយជាមនុស្សដែលមានប្រសិទ្ធភាពការងារខ្ពស់ យើងគួរចេះតាមដានសតិរបស់យើងឱ្យបានល្អ ដោយការបង្កើតទម្លាប់ធ្វើចិត្តឱ្យស្ងប់ ហើយព្យាយាមស្វែងយល់ពីបញ្ហានីមួយៗឱ្យស៊ីជម្រៅ និងឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងចាប់ផ្តើមសម្រេចចិត្តឆ្លើយតប ទើបយើងអាចស្វែងរកដំណោះស្រាយបានល្អ ហើយប្រកបដោយប្រសិទ្ធភាពខ្ពស់។

    ប្រសិនបើយើងគ្រប់គ្រងខ្លួនឯងមិនបានល្អ ហើយបណ្តោយឱ្យអារម្មណ៍ស្មុគស្មាញរាល់ថ្ងៃជាមួយនឹងបញ្ហា ឬឆេវឆាវបាត់ការគ្រប់គ្រងនោះ បញ្ហានឹងកាន់តែរីកធំ ហើយច្រើនឡើងៗ ហ៊ុមព័ទ្ធជីវិតយើងដែលធ្វើឱ្យយើងមិនអាចអភិវឌ្ឍខ្លួនបានឡើយ។

    ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុន Vipassa បានលើកឡើងថាការគ្រប់គ្រងសតិឱ្យបានល្អជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះក្នុងថ្ងៃនីមួយៗ
    បើទោះបីជាយើងមិននៅស្ងៀម ក៏មានរឿងជាច្រើនចូលមកក្នុងជីវិតរបស់យើងដែរ ហេតុនេះវាទាមទារឱ្យយើងត្រូវចេះគ្រប់គ្រងសតិស្មារតី និងតាមដានជាប់ជានិច្ច ដើម្បីធានាថា យើងអាចប្រើប្រាស់ជីវិតប្រកបដោយប្រសិទ្ធភាពខ្ពស់។

    ការគ្រប់គ្រងសតិស្មារតីបានល្អ អាចធ្វើឱ្យយើងឆ្លើយតបនឹងបញ្ហានានាក្នុងការងារ ក្នុងការរស់នៅ ក៏ដូចជាក្នុងគ្រួសារបានយ៉ាងល្អប្រសើរ។ នៅពេលយើងកំពុងខឹងយើងកំណត់ដឹងថា យើងខឹង ហើយនៅពេលអន់ចិត្ត យើងក៏ដឹងខ្លួនឯងដែរថា អន់ចិត្ត ឬនៅពេលរីករាយខ្លាំង យើងដឹងថា យើងកំពុងរីករាយ ហេតុនេះប្រសិនបើយើងដឹងច្បាស់ពីស្ថានភាពក្នុងខ្លួនរបស់ខ្លួនឯង យើងអាចនឹងមានការប្រុងប្រយ័ត្នគ្រប់ពេល។

    ប្រសិនបើយើងជួបហេតុការណ៍ណាមួយ ហើយយើងមិនដឹងថា ខ្លួនឯងកំពុងខឹង យើងអាចឆ្លើយតបភ្លាមៗទាំងកំហឹង ដែលនឹងធ្វើឱ្យរឿងរីកធំជាងមុន តែប្រសិនបើយើងដឹងខ្លួនឯងច្បាស់ថា យើងកំពុងខឹង នោះយើងនឹងអាចប្រុងប្រយ័ត្ន ហើយរង់ចាំឱ្យបាត់ខឹង ទើបធ្វើការដោះស្រាយ។ ការធ្វើបែបនេះនឹងធ្វើឱ្យយើងរស់នៅក្នុងជីវិតដែលស្ងប់ និងរីករាយ ហើយធ្វើអ្វីក៏សម្រេចបានលទ្ធផលល្អដែរ។

    លោក នឹម ឈុន្នី បាននិយាយថា៖ «ដើម្បីគ្រប់គ្រងសតិ (Mindful) ឱ្យបានល្អ យើងមានវិធីសាស្ត្រច្រើនណាស់ដើម្បីអនុវត្ត ដោយក្នុងនោះយើងអាចបង្កើតទម្លាប់នៃការរស់នៅដោយការព្យាយាមតាមដាន និងកំណត់ដឹងពីអារម្មណ៍របស់យើងគ្រប់ពេលជារៀងរាល់ថ្ងៃ និងវិធីល្អម្យ៉ាងទៀត គឺការធ្វើសមាធិ»។

    លោក នឹម ឈុន្នី បានបន្ថែមទៀតថា ទម្លាប់ងាយៗមួយចំនួនដែលអាចជួយឱ្យយើងគ្រប់គ្រងសតិបានល្អ គឺយើងអាចធ្វើសមាធិ 2ដងក្នុង 1ថ្ងៃ ដោយចំណាយពេលវេលាមុនចូលគេងដើម្បីត្រួតពិនិត្យមើលពីអ្វីដែលខ្លួនបានធ្វើ និងមិនទាន់បានធ្វើ។ បន្ទាប់មកយើងអាចត្រៀមខ្លួនឱ្យរួចរាល់សម្រាប់បន្តការងារនៅថ្ងៃស្អែក ហើយសមាធិនៅមុនពេលគេងដើម្បីធ្វើឱ្យការសម្រាកបានល្អ។

    បន្ថែមពីលើនេះ ក្រោយក្រោកពីគេង គួរតាមដានសតិស្មារតីរបស់ខ្លួនឯង ដោយការបង្កើតភាពរីករាយ និងអរគុណដែលយើងបានបន្តរស់ 1ថ្ងៃទៀត។ បន្ទាប់មករំឭកពីរឿងរីករាយ និងពង្រឹងស្មារតីឱ្យស្វាហាប់សម្រាប់ការងារនៅព្រឹកថ្ងៃថ្មីនេះ។ ប្រសិនបើយើងទម្លាប់ធ្វើបែបនេះបានជារៀងរាល់ថ្ងៃនោះ
    យើងនឹងអាចរស់នៅក្នុងថ្ងៃនីមួយៗប្រកបដោយថាមពល និងភាពរីកចម្រើន៕

  • ក្រុមហ៊ុន SkyDrive ត្រៀមសាកល្បងឡានហោះមានមនុស្សបើកលើកដំបូងនៅជប៉ុន

    ក្រុមហ៊ុន SkyDrive ត្រៀមសាកល្បងឡានហោះមានមនុស្សបើកលើកដំបូងនៅជប៉ុន

    ក្រុមហ៊ុនអភិវឌ្ឍន៍ឡានហោះ SkyDrive មានគម្រោងធ្វើការហោះហើរសាកល្បងជាច្រើនលើកទៀត ដើម្បីធានាឱ្យបានប្រាកដថា ឡានហោះរបស់ខ្លួននឹងមានសុវត្ថិភាព100% មុននឹងដាក់លក់ចាប់ពីឆ្នាំ2023។

    ក្រុមហ៊ុន SkyDrive ទើបតែបានប្រកាសថា ក្រុមហ៊ុនបានចាប់ផ្ដើមធ្វើការហោះហើរសាកល្បងនូវឡានហោះកាលពីខែមុន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន Asahi កាលពីថ្ងៃទី21មករាកន្លងទៅ។

    នេះគឺជាលើកទី1 ហើយនៅជប៉ុន ដែលមានការសាកល្បងបើកបរឡានហោះដែលមានមនុស្សជិះនៅខាងក្នុង។ ការហោះហើរសាកល្បងលើកមុនៗ ត្រូវបានគេធ្វើឡើងដោយប្រើប្រព័ន្ធបញ្ជាពីចម្ងាយ និងគ្មានមនុស្សជិះ។

    SkyDrive គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ2018 នៅទីក្រុង Tokyo ដោយក្រុមវិស្វករវ័យក្មេងដែលធ្លាប់ធ្វើការឱ្យក្រុមហ៊ុនផលិតរថយន្ត Toyota។ ក្រុមហ៊ុននេះកំពុងតែរៀបចំគម្រោងប្រារព្ធព្រឹត្តិការណ៍ហោះហើរសម្ដែងឱ្យទស្សនិកជនទស្សនានៅក្នុងរដូវក្ដៅឆ្នាំនេះ បន្ទាប់មកនឹងចាប់ផ្ដើមដាក់លក់ចាប់ពីឆ្នាំ2023 ទៅ។

    ឡានហោះ SkyDrive នេះមានកម្ពស់ 1.6ម៉ែត្រ បណ្ដោយ និងទទឹងប្រវែង 3.6ម៉ែត្រស្មើគ្នា និងមានកៅអីអង្គុយចំនួន1។ ជ្រុងនីមួយៗនៃឡានហោះនេះមានបំពាក់ស្លាបកង្ហារចំនួន 1គ្រឿង ដែលកង្ហារនេះនឹង​ជួយ​ឱ្យឡានហោះអាចសំកាំងខ្លួននៅលើអាកាសបានយ៉ាងស្រួល។

    មកដល់ពេលនេះ SkyDrive មិនទាន់បង្ហើបឱ្យដឹងលម្អិតអំពីការហោះហើរសាកល្បងនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះបានបញ្ជាក់ថា នឹងធ្វើការហោះហើរសាកល្បងជាច្រើនលើកទៀតដើម្បីធានាសុវត្ថិភាពឱ្យបាន100%។
    បច្ចុប្បន្ន ក្រៅពី SkyDrive គេឃើញមានក្រុមហ៊ុនផ្សេងមួយចំនួន ក៏កំពុងយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍ​ឡានហោះនេះដែរ ក្នុងនោះក៏មានក្រុមហ៊ុន Airbus និង Uber ផងដែរ។

    គំរូឡានហោះមានមនុស្សបើកនេះ​ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន SkyDrive

    ឡានហោះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសង្គ្រោះមនុស្សក្នុងករណីបន្ទាន់។ ប៉ុន្តែ មុនពេលឡានហោះនេះត្រូវបានគេប្រើប្រាស់ទូលំទូលាយ ពិភពលោកត្រូវតែបង្កើតឱ្យមានស្ដង់ដាសុវត្ថិភាព និងច្បាប់ចរាចរណ៍សម្រាប់ឡានហោះ រួមនឹងប្រព័ន្ធគ្រប់គ្រងពេញលេញមួយដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ផ្លូវអាកាស៕

    ប្រភព៖ សារព័ត៌មានបរទេស

  • វិធីជ្រើសរើសមាន់ល្អ និងវិធីបោចរោមមាន់ឱ្យបានលឿន ងាយស្រួល និងមិនធុំក្លិនឆ្អាប

    វិធីជ្រើសរើសមាន់ល្អ និងវិធីបោចរោមមាន់ឱ្យបានលឿន ងាយស្រួល និងមិនធុំក្លិនឆ្អាប

    អ្នកលក់មាន់ និងទាភាគច្រើន តែងប្រើប្រាស់សារធាតុគីមីជួយដើម្បីងាយស្រួលក្នុងការបោចរោមមាន់-ទា និងប្រើពេលខ្លី ពិសេសនៅក្នុងរដូវបុណ្យទាន ប៉ុន្តែ ការធ្វើបែបនេះ វាប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។

    ខាងក្រោមនេះ គឺជាវិធីមួយចំនួនដែលនឹងជួយធ្វើឱ្យការបោចរោមមាន់-ទារបស់លោកអ្នក មានភាពងាយស្រួល និងរហ័សទាន់ចិត្ត។

    1.ការជ្រើសរើសមាន់

    មាន់ដែលលោកអ្នកប្រុងនឹងទិញ ត្រូវតែជាមាន់ដែលមានសុខភាពល្អ មានសាច់ហាប់ណែន រហ័សរហួន ពេលចាប់កាន់វាវានឹងរើបម្រះខ្លាំង ភ្នែកវៃ សម្បុរស្បែករបស់វាក្រហមស្រស់ រោមរលោងល្អ គែរបស់វាមិនណែន និងមិនរឹង ទាំងអស់នេះបញ្ជាក់ថា គឺជាមាន់ដែលមានសុខភាពល្អ។

    –ពេលសើយស្រទាប់រោមមើល ឃើញស្បែកមាន់មានសភាពស្ដើង អាចមើលឃើញសាច់ និងស្រមោលសរសៃឈាម ហើយពេលយកដៃទៅច្របាច់ ដងខ្លួនមាន់មានសភាពណែន មានឆ្នូតលឿងនៅត្រង់ទ្រូង និងស្លាប នោះគឺជាមាន់ល្អ។

    –គូទមាន់ត្រូវតែក្រហមស្រស់ និងមានចលនារស់រវើក មិនសើម ឬជាប់លាមក។

    –ដើម្បីដឹងថា មាន់ត្រូវគេចាក់ទឹកបញ្ចូលដែរឬអត់នោះ លោកអ្នកត្រូវមើលទៅលើផ្នែកខាងក្រោមស្លាបរបស់វា បើសិនមានចំណុចក្រហមច្រើន មានស្បែកប៉ោង និងមានដក់ទឹកក្នុងស្បែក ហើយមានជាំខ្មៅ នោះបង្ហាញថា មាន់នោះត្រូវគេចាក់ទឹកចូលដើម្បីឱ្យធ្ងន់ហើយ។

    –ពេលឃើញមាន់មានសភាពដូចតទៅនេះ ចូរកុំទិញឱ្យសោះ ៖ សម្បុរស្លេកស្លាំង ជាំ សំកុក ចេញទឹកមាត់ គែឡើងរឹង ភ្នែកមិនវៃ ទម្លាក់ស្លាប មិនរហ័សរហួន ឱនក្បាល រោមបះខុសធម្មតា ស្គមស្គាំង ជើងត្រជាក់ រន្ធគូទសម្បុរស ឬក្រហមជាំ ឬមានជាប់លាមកជុំវិញ។

    2.វិធីបោចមាន់

    ត្រូវជ្រលក់ក្នុងទឹកមុនពេលបោច បន្ទាប់ពីបានសម្លាប់មាន់រួចហើយ អ្នកត្រូវជ្រលក់វាចូលទៅក្នុងទឹកត្រជាក់ឱ្យសព្វ រួចលើកចេញមកវិញ។ អ្នកអាចយកទឹកខ្មេះ ឬស្រា-ស មកលាបលើស្បែកវារយៈពេល 10នាទីដើម្បីធ្វើឱ្យរន្ធគល់រោមរបស់វារីកធំ។

    បន្ទាប់មក ជ្រលក់មាន់ទៅក្នុងទឹកក្ដៅដែលមានសីតុណ្ហភាពប្រមាណជា 70 ទៅ 80អង្សាសេ(ជិតពុះ)។ អ្នកមិនត្រូវជ្រលក់ក្នុងទឹកក្ដៅយូរពេកទេ ព្រោះវានឹងធ្វើឱ្យស្បែកមាន់ផុយរលួយនៅពេលបោច។

    ដើម្បីងាយស្រួលក្នុងការបោចរោមមាន់ ដំបូងអ្នកត្រូវប្រើដៃបោចរោមធំៗឱ្យអស់សិន បន្ទាប់មកប្រើប្រើចន្ទាសចាប់បោចរោមខ្លីៗដែលពិបាកបោចដោយដៃផ្ទាល់។

    3.វិធីបំបាត់ក្លិនមិនល្អរបស់មាន់

    –កាត់កញ្ចូញមាន់ចោល ព្រោះថា វាមិនល្អសម្រាប់សុខភាពមនុស្សទេ និងមានក្លិនអាក្រក់ផង។ យកអំបិលម៉ដ្ឋមកលាប និងត្រដុសឱ្យសព្វស្បែករបស់មាន់ ហើយយកក្រូចឆ្មារមួយចំណិតមកជូតត្រដុសម្ដងទៀត រួចទើបលាងសម្អាត និងទុកឱ្យស្រស់ទឹក មុនពេលចម្អិន។

    –អ្នកក៏អាចយកអំបិល និងមើមខ្ញីដែលដំសំប៉ែតហើយ រួចចាក់ស្រា-សចូល យកទៅលាបលើស្បែកមាន់។ វិធីនេះក៏ជួយកាត់ក្លិនឆ្អាបរបស់វាបានដែរ និងថែមទាំងជួយឱ្យសាច់មាន់មានក្លិនឈ្ងុយឆ្ងាញ់ទៀតផង៕

    ប្រភព៖ សារព័ត៌មានបរទេស

  • មុនសម្រេចចិត្តពាក់វ៉ែនតា សូមងាកមកយល់ដឹងពីការថែរក្សាភ្នែកឱ្យល្អជាមុនសិន

    មុនសម្រេចចិត្តពាក់វ៉ែនតា សូមងាកមកយល់ដឹងពីការថែរក្សាភ្នែកឱ្យល្អជាមុនសិន

    នៅពេលមានបញ្ហាភ្នែក មិនថាតែ ភ្នែកម្ញូបជិត ម្ញូបឆ្ងាយ ភ្នែកស្រលៀង ភ្នែករកាំ ឬកែវភ្នែកមិនអាចមើលឃើញ និងបញ្ចូលរូបភាពទៅកាន់ខួរក្បាលបាននោះ វិធីដោះស្រាយបញ្ហាភ្នែក គឺស្ថិតនៅមូលដ្ឋាននៃទង្វើបប្រព្រឹត្តិប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ដែលបានធ្វើការថែរក្សាភ្នែកបានល្អប្រសើរដល់កម្រិតណា  និងអាចធានានូវហានិភ័យនៃគ្រោះថ្នាក់ចំពោះសុខភាពភ្នែក។ គ្រោះអាក្រក់មួយចំនួនត្រូវបានបង្កដោយទង្វើប្រចាំថ្ងៃដោយមិនដឹងខ្លួន ដែលហុចផលឱ្យភ្នែកកាន់តែឆាប់ខូចពីមួយថ្ងៃទៅមួយថ្ងៃដូចជា ការប្រើប្រាស់កែវភ្នែកសប្បនិមិត្តខន់ថិកលេន ការពាក់វ៉ែនតាស្រអាប់ ឬវ៉ែនតាការពារពន្លឺ ការប្រើភ្នែកធ្វើការមុខកុំព្យូទ័ររយៈពេលច្រើនម៉ោងនិងការប្រើភ្នែកប្រឈជាមួយពន្លឺក្នុងកន្លែងងងឹត។ល។

    មានសំណួរជាច្រើនបានចោទសួរអ្នកឯកទេសភ្នែកថា ភ្នែកម្ញូបពាក់វ៉ែនតា គឺកាន់តែម្ញូបឡើងឌឺក្រេភ្នែក? ហើយមានសំណួរខ្លះ បានធ្វើឱ្យអ្នកលែងចង់ពាក់វ៉ែនតាតែម្ដង។ ជាការពិតណាស់ មុននឹងអ្នកសម្រេចចិត្តពាក់វ៉ែនតា អ្នកគប្បីយល់ដឹងពីគុណសម្បត្តិ និងផលប៉ះពាល់ដល់សុខភាពភ្នែកជាមុនសិន។ ក៏ប៉ុន្ដែអ្វីដែលសំខាន់ជាងការពាក់វ៉ែនតាទៀតនោះ គឺគន្លឹះនៃការថែរក្សាភ្នែកឱ្យល្អ និងអាចមើលឃើញបានយូរអង្វែង។ ថ្ងៃនេះទស្សនាវដ្ដី ឡារ៉ែន ចង់ណែនាំឱ្យប្រិយមិត្តអ្នកអានបានជ្រាបអំពីការថែរក្សាភ្នែកឱ្យល្អ មិនឱ្យខូច និងកាន់តែមើលមិនឃើញច្បាស់ទៅថ្ងៃខាងមុខ។

    ផ្ដើមអនុវត្តនូវទម្លាប់ល្អក្នុងការថែរក្សាភ្នែក
    1. ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសុខភាពភ្នែកនៅពេលដែលអ្នកមានបញ្ហាភ្នែក ក៏ដូចជាពិបាកក្នុងការមើលជាដើម។ ការពិនិត្យនេះ ដើម្បីថែរក្សាភ្នែករបស់អ្នកឱ្យមានសុខភាពល្អ។
    2. ដោះចេញនូវកែវភ្នែកសប្បនិមិត្ត (Contact Lenses) របស់អ្នកនៅមុនពេលអ្នកសម្រាក ឬមុនពេលចូលគេង។ ចៀសវាងការពាក់វាច្រើនជាងរយៈពេល19ម៉ោង។ ការពាក់កញ្ចក់ភ្នែកយូរពេកអាចបណ្តាលឱ្យប៉ះពាល់ដល់ការមើល ព្រមទាំងមិនស្រួលដល់ភ្នែកថែមទៀតផង។
    3. យកគ្រឿងតុបតែភ្នែករបស់អ្នកចេញនៅពេលអ្នកសម្រាកពីការងារ ឬមុនពេលចូលគេង។ មិនត្រូវចូលគេងដោយតុបតែងភ្នែករបស់អ្នកនោះទេ។ ប្រសិនបើអ្នកចូលគេងជាមួយម៉ាស្ការ៉ាឬរោមភ្នែកសិប្បនិម្មិតវាអាចចូលទៅក្នុងភ្នែក ហើយបណ្តាលឱ្យរលាកភ្នែក។
    4.​​ ពាក់វ៉ែនតាខ្មៅដើម្បីការពារពន្លឺព្រះអាទិត្យ។ ពាក់វ៉ែនតាជានិច្ចនៅពេលអ្នកនៅខាងក្រៅដែលមានពន្លឺព្រះអាទិត្យភ្លឺខ្លាំង។ រកមើលវ៉ែនតាដែលមានក្រដាសដែលបញ្ជាក់ថាកែវការពារ 99% ឬ100% នៃកាំរស្មីUVB និងកាំរស្មីUVA។
    5. គេងឱ្យបានច្រើន ការគេងមិនគ្រប់គ្រាន់អាចបណ្តាលឱ្យភ្នែកមានការអស់កម្លាំង។ រោគសញ្ញានៃការអស់កម្លាំងភ្នែករួមមាន ការរលាកភ្នែក ការលំបាកក្នុងការផ្តោតអារម្មណ៍ ភាពស្ងួត ឬទឹកភ្នែកហូរហួសប្រមាណ ការមើលឃើញមិនច្បាស់ ឬពីភាពប្រែប្រួលបន្តិចបន្តួច ឬការឈឺចាប់នៅត្រង់ក ស្មាឬខ្នង។
    6. ដាក់ចំណិតត្រសក់នៅលើត្របកភ្នែករបស់អ្នកដើម្បីកាត់បន្ថយការហើម រយៈពេល 10ទៅ15នាទីមុនពេលគេងនៅពេលយប់ ដើម្បីជួយព្យាបាល និងការពារត្របកភ្នែក និងផ្នែកនៅក្រោមភ្នែក។

    ការពារភ្នែកពីពន្លឺកុំព្យូរទ័រ
    1. កំណត់ពេលវេលារបស់អ្នកមើលនូវកុំព្យូទ័រ និងទូរស័ព្ទប្រសិនបើអាច។ ព្រោះការមើលយូរពេកវាអាចធ្វើឱ្យភ្នែកអ្នកមានភាពស្ងួត។
    2. ធ្វើឱ្យប្រាកដថាភ្នែករបស់អ្នកមានកម្រិតជាមួយនឹងអេក្រង់។ ការក្រឡេកមើល ឬចុះក្រោមនៅលើអេក្រង់កុំព្យូទ័រអស់រយៈពេលជាយូរអាចជាការដាក់សម្ពាធបន្ថែមលើភ្នែករបស់អ្នក។
    3. ពន្លឺភ្លឹបភ្លែត មនុស្សដែលប្រើពន្លឺតិចនៅពេលដែលពួកគេកំពុងសម្លឹងមើលអេក្រង់ដែលធ្វើឱ្យភ្នែកកាន់តែស្ងួត។ ធ្វើការខិតខំប្រឹងប្រែង ខ្លាំងអ្នកត្រូវព្រិចភ្នែករាល់30 វិនាទីនៅពេលអ្នកអង្គុយមើលអេក្រង់កុំព្យូទ័ររបស់អ្នកដើម្បីការពារភ្នែកស្ងួត។
    4. អនុវត្តតាមក្បួន 20-20-20 នៅពេលអ្នកកំពុងធ្វើការលើកុំព្យូទ័រ ពោលគឺ រាល់20នាទីសម្លឹងមើលអ្វីដែលមានចម្ងាយ 20ហ្វីតរយៈពេល 20វិនាទី។ អ្នកក៏អាចជួយខ្លួនឯងចងចាំក្នុងការសម្រាកដោយកំណត់សំឡេងរោទិ៍នៅលើទូរស័ព្ទរបស់អ្នក។
    5. ធ្វើការនៅកន្លែងដែលមានពន្លឺភ្លឺថ្លា ការធ្វើការងារ និងការអានដោយពន្លឺស្រអាប់អាចបណ្តាលឱ្យមានបញ្ហាភ្នែក ប៉ុន្តែវានឹងមិនធ្វើឱ្យភ្នែករបស់អ្នកខូចឡើយ។

    របបអាហារល្អសម្រាប់ជំនួយសុខភាពភ្នែក
    1. បរិភោគអាហារដែលជួយដល់ភ្នែក ដូចជាវីតាមីនC និង E Zinc Lutein Zeaxathin និង Omega-3 ដែលសុទ្ធតែសំខាន់ដែលអាចការពារបាននូវភ្នែកឡើងបាយ ស្រអាប់ក្នុងភ្នែក និង ការមើលក្នុងវ័យចាស់បានទៀតផង។
    2. បរិភោគអាហារដែលផ្ទុកវីតាមីន E.  ស្រូវសាលី គ្រាប់ធញ្ញជាតិ និងប្រេងបន្លែ ទៅក្នុងរបបអាហាររបស់អ្នក។
    3. បរិភោគអាហារដែលមានសារធាតុ Zinc ៖ រួមមាន សាច់គោ សាច់ជ្រូក ប្រភេទគ្រំ ងាវ ដោយសារអាហារទាំងនេះមានជាតិស័ង្កសីដែលមានសារៈសំខាន់សម្រាប់សុខភាពភ្នែករបស់អ្នក។
    4. ញ៉ាំអាហារដែលផ្ទុកវីតាមីនសេ រួមបញ្ចូលទាំងក្រូច, ផ្លែស្ត្របឺរី, ផ្កាខាត់ណាខៀវ, និងមើមស្ពៃនៅក្នុងរបបអាហាររបស់អ្នក។
    5. បរិភោគអាហារដែលមានសារជាតិ lutein និង zeaxanthin ។ ញ៉ាំ spinach ផ្កាខាត់ណាខៀវ និងផ្លែ peas។ បន្លែទាំងនេះមានសារជាតិ lutein និង zeaxanthin ដែលជាសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាពភ្នែកផងដែរ។
    6. បរិភោគការ៉ុត៖ ប្រសិនបើអ្នកញ៉ាំការ៉ុតនោះវានឹងធ្វើឱ្យភ្នែកកាន់តែប្រសើរ។
    7. បរិភោគអាហារដែលមានជាតិខ្លាញ់អូមេហ្គា 3។ ញ៉ាំត្រីដែលមានជាតិខ្លាញ់អូមេហ្គា 3 ឱ្យបានម្តង ក្នុងមួយសប្តាហ៍ដូចជា ត្រីសាម៉ុង ឬត្រីសាឌីន។ ប្រសិនបើអ្នកមិនមែនជាអ្នកចូលចិត្តញ៉ាំត្រីសូមប្រើថ្នាំអូមេហ្គា 3 ជារៀងរាល់ថ្ងៃ៕