Category: សង្គម និងសេដ្ឋកិច្ច

  • មេរោគកូរ៉ូណា ធ្វើឱ្យ Buriram ចាញ់ Shanghai SIPG 3ទល់នឹង0 ក្នុងជំនួបបិទទ្វារកីឡដ្ឋាន

    មេរោគកូរ៉ូណា ធ្វើឱ្យ Buriram ចាញ់ Shanghai SIPG 3ទល់នឹង0 ក្នុងជំនួបបិទទ្វារកីឡដ្ឋាន

    ការប្រកួតវគ្គជម្រុះ ជុំចុងក្រោយពានរង្វាន់ AFC Champion League រវាងក្រុមបាល់ទាត់ Shanghai SIPG និង Buriram United បានប្រាព្ធធ្វើឡើងនៅកីឡដ្ឋានទីក្រុងស៊ាងហៃ តែមិនមានអ្នកគាំទ្រចូលរួមទស្សនាឡើយ។

    មូលហេតុដែល សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC សម្រេចមិនអនុញ្ញាតិឱ្យអ្នកគាំទ្រចូលទស្សនា គឺដោយសារតែមានការរាតត្បាតរបស់មេរោគវីរុសប្រភេទថ្មី Corona នៅក្នុងទីក្រុងស៊ាងហៃនេះដែរ។

    ជាលទ្ធផល ក្រុមម្ចាស់ផ្ទះ បានយកឈ្នះក្រុម Buriram United ដោយលទ្ធផល 3 ទល់នឹង0 ទទួលបានកៅអីចូលរួមពូល H នៃពានរង្វាន់ក្រុមធំជាងគេបង្អស់ប្រចាំទ្វីបអាស៊ី AFC Champion League ជាមួយនឹងក្រុម Sydney FC (អូស្រ្តាលី), Yokohama FC (ជប៉ុន), Jeonbuk Hyundai Motors (កូរ៉េខាងត្បូង)៕


  • Neymar ស៊ុត 2គ្រាប់ ឧទ្ទិសដល់ Kobe Bryant

    Neymar ស៊ុត 2គ្រាប់ ឧទ្ទិសដល់ Kobe Bryant

    កាលពីយប់ថ្ងៃច័ន្ទ ទី27 ខែមករា ឆ្នាំ2020 កន្លងទៅ កីឡាករ Neymar របស់ក្លិប Paris Saint Germaint បានស៊ុតបញ្ចូលទីចំនួន 2គ្រាប់ឱ្យក្រុមរបស់ខ្លួន។

    1គ្រាប់ដំបូង កីឡាករសញ្ជាតិប្រេស៊ីលខាងលើបានធ្វើកាយវិការ ជាលេខ24ដែលជាលេខអាវរបស់អតីតកីឡាករបាល់បោះដែលជោគជ័យបំផុតរបស់អាមេរិក Kobe Bryant ដែលទើបតែស្លាប់ជាមួយកូនស្រី ក្នុងការឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីប៉ុន្មានថ្ងៃមុន។

    គួរបញ្ជាក់ផងដែរថា Neymar បាន​ស៊ុត​បញ្ចូល​ទីដល់ទៅ​ 2គ្រាប់​ឱ្យ Paris St-Germain យក​ឈ្នះ Lille 2ទល់​នឹង​0 ក្នុងការប្រកួតដណ្ដើមជើងឯកលីកកំពូល​បារាំង​ French League 1


  • ព្រោះជំងឺរុករានខ្លាំង សំ ប៉ូលីដា ដាច់បាយអស់១ខែ

    ព្រោះជំងឺរុករានខ្លាំង សំ ប៉ូលីដា ដាច់បាយអស់១ខែ

    អតីតតារាកំប្លែងស្រីល្បីឈ្មោះ សំ ប៉ូលីដា ត្រូវបានគេដឹងថាធ្លាក់ខ្លួនមានជំងឺប្រចាំកាយ អាការដុនដាបធ្លាក់ក្នុងសភាពរយីរយាកត្អូញអត់ត្អូនលំបាកដាច់លុយ១ខែរួចមកហើយ ព្រោះជម្ងឺប៉ុន្មានមុខ មកផ្តាច់យកទៅសម្រាកព្យាបាល ប្រើប្រាស់ខ្ទង់ចំណាយច្រើនពេក។

    អ្នកនាងសំ ប៉ូលីដា បានប្រាប់អ្នកសារព័ត៌មានថា បើទោះបីជាកន្លងមកមានអ្នករិះគន់អ្នកនាងច្រើន ក៏អ្នកនាងមិនខឹងអ្នកយល់ឃើញថានាងលាក់ពត់ ធ្វើជាឈឺនោះទេ។ ប៉ុន្តែសភាពពិតអំឡុងពេលនេះសេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់អ្នកនាង ចង់រលត់ដូចចង្កៀងជិតអស់ប្រេងបាត់ទៅហើយ។រាល់ថ្ងៃនាងបានការអាណិត អាសូរពីថៅកែហៀហ្គាដិនជ្រោយចង្វាមួយ បានអាសូរ ផ្តល់ទីកន្លែងឱ្យច្រៀង ចិញ្ចឹមកូន រូបនាងនិងម្តាយចាស់ ប្រមាណមួយឆ្នាំហើយ។

    ជាក់ស្តែង១ខែកន្លងទៅនេះ អ្នកនាងឈឺធ្ងន់ដល់ថ្នាក់សម្រាកពេទ្យដោយជំងឺបេះដូង មេរោគក្នុងថ្លើមនិងជំងឺមួយចំនួនទៀត។ រយៈពេល១ខែអាក់ខានឡើង ច្រៀងពេលខ្លះធូរបន្តិចក៏ស្ទុះទៅច្រៀង បានតែ១បទឬ២បទក៏ត្រជាកដៃជើង បេះដូងធ្វើទុក្ខដឹកមកពេទ្យក៏មាន។ អ្នកនាងមិនចង់អត់កន្លែងច្រៀងទេ ព្រោះទីតាំងហាងខាងលើនេះ ហើយដែលអោយតម្លៃអ្នកនាងបានការងារធ្វើ។ ម្ល៉ោះហើយទើបខ្លាចចិត្តថៅកែបើទោះជាគាត់ ឱ្យសម្រាកមើលខ្លួនឱ្យជា និងជួយផ្តល់ថវិកាថ្លៃព្យាបាលក៏អ្នកនាងនៅតែឆ្លៀតមកច្រៀង។

    អ្នកនាងថា ការធ្លាក់ខ្លួនក្រជាបទពិសោធន៏មួយដែលស្តាយបំផុតក្នុងឆាកជីវិត ។ ពេលអំឡុងល្បីឈ្មោះលេងកំប្លែងគឺរកលុយបាន គិតតែពីហុឺហារ ដើរចាយវាយលុយកាក់ផឹកសុីភ្លើតភ្លើន មិនចេះទិញដីធ្លីទុក ដល់ពេលធ្លាក់ខ្លួនទើបដឹង។ ទាំងនេះជាបទពិសោធន៏តារាជំនាន់ក្រោយរកបាន កុំដើរខ្ជះខ្ជាយសន្សំលុយទុកដាក់ឱ្យល្អ។ សព្វថ្ងៃនេះលក់ទ្រព្យអស់ពីខ្លួន មើលជំងឺ ហើយស្ថានភាពជំងឺក៏ល្អមកវិញ ។

  • តើក្រុមហ៊ុនបច្ចេកវិទ្យាណាខ្លះដែលបាន និងមានគម្រោងផ្ដល់ជំនួយសម្រាប់ប្រឆាំង Corona នៅប្រទេសចិន?

    តើក្រុមហ៊ុនបច្ចេកវិទ្យាណាខ្លះដែលបាន និងមានគម្រោងផ្ដល់ជំនួយសម្រាប់ប្រឆាំង Corona នៅប្រទេសចិន?

    ដើម្បីជួយដល់យុទ្ធនាការប្រឆាំងមេរោគ Corona នៅឯទីក្រុង Wuhan ជាកន្លែងដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះ បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន បានចាប់ផ្ដើមបញ្ចេញប្រាក់ជំនួយរបស់ខ្លួនជួយស្ដារស្ថានការណ៍នេះហើយ។

    ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើននៅប្រទេសចិន បានចាប់ផ្ដើមនាំគ្នាបញ្ចេញប្រាក់ជំនួយរបស់ខ្លួន ដើម្បីជួយដល់បេសកកម្មប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺរលាកសួតដែលបង្កឡើងដោយមេរោគ Corona។ ក្នុងបញ្ជីឈ្មោះនៃបណ្ដាក្រុមហ៊ុនដែលបានផ្ដល់ជំនួយមនុស្សធម៌ទាំងនេះ គេសង្កេតឃើញមានឈ្មោះ ក្រុមហ៊ុន Huawei, OPPO, Vivo, Nubia, Realme, TCL និង Meizu។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Gizmochina។

    Gizmochina បានឱ្យដឹងថា ក្រុមហ៊ុន Huawei បានផ្ដល់ជំនួយមនុស្សធម៌ចំនួន 30លានយន់ (ប្រហែល 4.32លានដុល្លារអាមេរិក) សម្រាប់សហព័ន្ធសប្បុរសធម៌ Wuhan (Wuhan Charity Federation)។

    Huawei ក៏បានដាក់ស្ថានីយប្រព័ន្ធ 5G នៅក្នុងមន្ទីរពេទ្យដែលមាន 1,000បន្ទប់ដែលទើបនឹងសាងសង់បានក្នុងរយៈពេល 6ថ្ងៃ នៅ Wuhan ផងដែរ។

    ក្រុមហ៊ុនផលិតស្មាតហ្វូន Oppo និង Vivo ក៏បានផ្ដល់ជំនួយរៀងៗខ្លួនចំនួន 30លានយន់ ខណៈដែល TCL ផ្ដល់ជំនួយ 1.44ដុល្លារ។

    ចំណែក Nubia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ZTE ក៏បានរួមចំណែកផ្ដល់ជំនួយ 600,000 យន់ (ប្រហែល 86,496ដុល្លារអាមេរិក) ខណៈ Realme ដែលគាំទ្រដោយ OPPO ក៏ផ្ដល់ជំនួយ 500,000យន់ (ប្រហែល 72,080 ដុល្លារ) និង Meizu 300.000 យន់ (ប្រហែល 43,248ដុល្លារអាមេរិក)។

    ក្រៅពីក្រុមហ៊ុនមួយចំនួនដែលបានរៀបរាប់ខាងលើ ក្រុមហ៊ុន Xiaomi និង Lenovo ក៏បានចូលរួមផ្ដល់ជំនួយផងដែរ។ Xiaomi បានផ្ដល់ជំនួយជាម៉ាស់ការពារដែលមានតម្លៃប្រហែល 43,248ដុល្លារអាមេរិក។ Lenovo ក៏បានផ្ដល់ឧបករណ៍បច្ចេកវិទ្យាចាំបាច់ជាច្រើនផងដែរ ដើម្បីជួយដល់ផ្នែកសុខាភិបាលនៃទីក្រុង Wuhan។

    ជាមួយគ្នានេះដែរ ក្រុមហ៊ុនផ្សេងៗ ដូចជា Alibaba, Tencent, JD.com, Kuaishou, Douyu, Midea, SF, Suning, Cainiao និង Taobao ក៏បានផ្ដល់ជំនួយមនុស្សធម៌សម្រាប់គម្រោងប្រឆាំងមេរោគ Corona នេះដែរ។

    នៅឯខាងក្រៅប្រទេសចិនវិញ ក្រុមហ៊ុន Apple ក៏មានគម្រោងផ្ដល់ជំនួយមនុស្សធម៌ដល់ក្រុមប្រឆាំងមេរោគ Corona នៅប្រទេសចិនដែរ។ នេះបើយោងតាមសាររបស់លោក Tim Cook ដែលជា CEO របស់ក្រុមហ៊ុន Apple៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ព្រោះការចិញ្ចឹមកូនមិនអាចធ្វើតាមគ្នាបានទេ

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ព្រោះការចិញ្ចឹមកូនមិនអាចធ្វើតាមគ្នាបានទេ

    កុំចិញ្ចឹមកូនតាមអ្នកដទៃ ព្រោះការចិញ្ចឹមកូន មិនអាចធ្វើតាមគ្នាបានទេ មិនថាទ្រឹស្តីណា ឬការចិញ្ចឹមកូនបែបណាដែលគេនាំគ្នានិយាយ ឬចែករំលែកតគ្នាថា វាល្អ វាប្រពៃផុតកំពូលក៏ដោយ តែសម្រាប់ Lifestyle របស់លោកឪពុកអ្នកម្ដាយ បើវាត្រឹមត្រូវ ក៏គឺត្រឹមត្រូវ តែបើវាមិនត្រូវនឹងយើង យ៉ាងណាក៏នៅតែមិនត្រូវនឹងយើងដែរ…។

    កូនរបស់អ្នកណា កូនរបស់អ្នកហ្នឹង
    តើអ្នកម្ដាយទាំងឡាយធ្លាប់ទេ ជាពិសេសអ្នកម្ដាយថ្មោងថ្មី ដែលអានអត្ថបទពីគ្រូពេទ្យ ពីគ្រូពេទ្យចិត្តសាស្ត្រ ពីឪពុកម្ដាយដែលសរសេរពីអត្ថបទចិញ្ចឹមកូន ដែលគេថាធ្វើយ៉ាងនេះ វាល្អយ៉ាងនោះ ចិញ្ចឹមបែបនេះ បានកូនឆ្លាត និងទទួលបានជោគជ័យ ឬត្រូវចិញ្ចឹមកូនបែបនេះ ទើបកូនធំឡើងក្លាយជាអ្នកមានជាដើម -ល- និង-ល-។ តែការពិតទៅ ការចិញ្ចឹមកូនបែបនេះ ឬបែបនោះ វាមិនស័ក្តិសមជាមួយក្មេងគ្រប់រូបនោះទេព្រោះក្មេងម្នាក់ៗមានភាពខុសប្លែកពីគ្នា មានភាពជាខ្លួនឯងមិនដូចគ្នា មិនអាចធ្វើតាមគ្នាបានទេ តឱ្យជាកូនភ្លោះនឹងគ្នា ដែលទោះជាយើងធ្លាប់ឃើញពួកគេស្លៀកខោអាវដូចគ្នាក៏ដោយ តែការពិតទៅ កូនរបស់យើងអាចនឹងមិនចង់ដូចអ្នកណា ក៏អាចថាបានដែរ មែនទេអ្នកម្ដាយទាំងឡាយ?
    ព្រោះវាគ្មានអ្វីមកធានាបានថា បើយើងបង្ហាត់បង្រៀនកូនរបស់យើង ដោយយកវិធីរបស់អ្នកដទៃមកប្រើ នឹងទទួលបានជោគជ័យដូចគេនោះឡើយ ព្រោះវាមានបច្ច័យជុំវិញខ្លួនផ្សេងៗដែលចូលមកធ្វើជាអ្នកជំរុញ និងប្រាកដណាស់! យ៉ាងហោចណាស់ក៏ចរិតនិស្ស័យរបស់កូនយើង និងកូនគេ មិនបានដូចគ្នាគ្រប់ប្រការដែរ។

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ត្រូវចិញ្ចឹមកូនយើង ឱ្យក្លាយជាកូនយើង
    ក្មេងៗនឹងធំធាត់ឡើង ក្លាយជាមនុស្សដែលជឿជាក់លើខ្លួនឯង បើឪពុកម្ដាយទទួលស្គាល់លើភាពជាខ្លួនឯងរបស់កូន។ ទិដ្ឋភាពពិតរបស់ក្មេងនឹងបង្ហាញច្បាស់ឡើង នឹងរឹងមាំឡើង គឺនៅពេលដែលឪពុកម្ដាយមានចន្លោះឱកាសឱ្យកូនបានបង្ហាញពីភាពជាខ្លួនឯងរបស់កូនបានយ៉ាងពេញទំហឹង ទោះជារឿងទាំងអស់នោះ អាចនឹងមើលទៅថាដូចជាត្រូវប្រើចិត្តវិញ្ញាណខ្ពស់ក៏ដោយ។ ដូច្នេះបើឪពុកម្ដាយ មិនមែនជាគ្រូពេទ្យចិត្តសាស្ត្រ តើអាចធ្វើបានទេ? ចម្លើយគឺ ប្រាកដណាស់ ពិតជាបាន! តែអាចនឹងពិបាកវេទនាខ្លះ ដោយសារតែឪពុកម្ដាយ ក៏ទើបតែក្លាយជាឪពុកម្ដាយ នៅពេលកូនកើតឡើងហ្នឹងឯង… មិនថាអ៊ីចឹងហ្អេ៎?

    ការប្រៀបធៀប មិនដែលជារឿងល្អឡើយ
    ជាពិសេសបំផុត ការប្រៀបធៀបកូនខ្លួនឯងជាមួយក្មេងឯទៀត ឬការប្រៀបធៀបកូន ជាមួយខ្លួនយើង។ ប្រាកដណាស់ថា ការប្រៀបធៀប វានឹងល្អ ក៏នៅពេលណាដែលយើងប្រៀបធៀបពីតម្លៃនៃរបស់របរមួយៗ តែមិនមែនជាមួយវត្ថុមានជីវិត មានចិត្តគំនិត ដូចជាមនុស្សនោះទេ ជាពិសេសមនុស្សនោះ គឺជាកូនរបស់យើង។ ឪពុកម្ដាយ គឺពិភពលោកទាំងមូលរបស់កូន គឺជាអ្វីៗគ្រប់យ៉ាងរបស់កូន ត្រឹមតែពាក្យសម្ដីដែលឪពុកម្ដាយអាចនឹងគិតមិនទាន់ ក៏អាចនឹងធ្វើឱ្យក្លាយជាចំណុចខ្សោយមួយរបស់កូនរហូតដល់កូនធំ។

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ កូនមិនមែន
    ជាខ្លួនយើង យើងមិនមែនជាខ្លួនកូនតើធ្លាប់ដែរទេ ដែលគិតថា កូនយើងល្ងង់ ស៊ូក្មេងដទៃមិនបាន ឬកូនយើងច្បាស់ជាមានអ្វីខុសប្រក្រតី? រៀនក៏ដូចអ្នកឯទៀត នាំទៅរៀនកួរពិសេស ក៏ច្រើនជាងក្មេងឯទៀត តែកូនយើងនៅតែមានលទ្ធផលការរៀនទាបជាងមិត្តភក្តិក្នុងថ្នាក់។​
    ការប្រៀបធៀបកូនជាមួយក្មេងដទៃ ឪពុកម្ដាយខ្លះមិនបានធ្វើទេ តែធ្វើដោយមិនដឹងខ្លួនជាមួយការប្រៀបធៀបខ្លួនឯងជាមួយកូន។ ធ្វើអារឿងដែលឪពុកម្ដាយយើងធ្លាប់ធ្វើជាមួយយើង គិតអ្វីៗជំនួសកូនទាំងអស់ សង្ឃឹមលទ្ធផលខ្ពស់ដូចដែលយើងធ្លាប់ជួបមក។ សួរថា តើកូនយើង ដូចខ្លួនយើង 100ភាគរយឬយ៉ាងណា? បើមិនដូចទេ ហេតុអីបានគិតថាវិធីនោះនឹងទទួលបានលទ្ធផលល្អ?

    តើត្រូវចិញ្ចឹមកូនយ៉ាងម៉េច? និងតាមវិធីណាល្អ?
    ដែលរៀបរាប់មកទាំងអស់នោះ មិនមែនឱ្យឪពុកម្ដាយឈប់ធ្វើតាមពាក្យណែនាំរបស់អ្នកដទៃនោះទេ តែវា គឺការស្គាល់កូនខ្លួនឯងឱ្យច្បាស់បំផុត… ត្រូវហើយ! ព្រោះលោកអ្នកគឺ ឪពុកម្ដាយរបស់គេ ដូច្នេះចូរសាកល្បងយកពាក្យណែនាំទាំងនោះមកសាកល្បងធ្វើតាម វិធីណាមិនបានលទ្ធផល ក៏ប្ដូរវិធីថ្មី កុំប្រកាន់ខ្ជាប់តែលើវិធីតែមួយ។ វិធីណាបានផលល្អ ក៏អាចនឹងប្រកាន់យកវិធីនោះធ្វើជាគំរូបែប ហើយកែសម្រួលឱ្យស័ក្តិសមជាមួយកូនរបស់យើង។​
    ទ្រឹស្ដីនៅលើពិភពលោកនេះមានច្រើនណាស់ តាមអ្នកចិត្តវិទ្យា តាមឪពុកម្ដាយដែលមានកូនរាប់សិបនាក់ តាមគ្រូអ្នកជំនាញ ឬតាមអ្នកជំនាញការ អាចនឹងទៅរួចដូចគ្នាដែលគ្រប់ទ្រឹស្ដីទាំងនោះមិនទទួលបានលទ្ធផលល្អជាមួយកូនយើងសោះឡើយ ដូច្នេះតើវានឹងលំបាកប៉ុនណាទៅ បើសិនកូនជាមនុស្សដំបូងដែលនឹងសាកល្បងទ្រឹស្ដីថ្មីដែលឪពុកម្ដាយគិតឃើញឡើងដោយខ្លួនឯង? វាមិនមានអ្វីខុសឡើយក្នុងការទទួលបានផល ព្រោះកូនយើងមានតែមួយគត់ក្នុងលោកនេះ ដែលមានមុខមាត់អ៊ីចឹង ចរិតនិស្ស័យអុីចឹង រពឹសខ្លាំងបែបហ្នឹង គួរឱ្យស្រឡាញ់បែបហ្នឹង គួរឱ្យចង់ខោកក៏មាន គួរឱ្យរំភើបចិត្តខ្លាំងក៏ច្រើន។ល។

    -​ ចិញ្ចឹមកូនឱ្យក្លាយជាក្មេងដែលជះពន្លឺចេញពីខាងក្នុងមកខាងក្រៅ
    – ចិញ្ចឹមកូនដោយគោរពក្នុងភាពជាកូនរបស់យើង
    – ចិញ្ចឹមកូនដោយវិធីដែលស័ក្តិសមបំផុតជាមួយរូបគេ
    – កុំទៅខ្វល់សំឡេងអ្នកដទៃ ដរាបណាដែលយើងមិនបានសាងភាពមួម៉ៅក្ដៅក្រហាយចំពោះអ្នកណា
    – ចូរចិញ្ចឹមកូនតាមបែបកូនជាកូនរបស់យើងឱ្យបានខ្លាំងបំផុត៕

  • តំបន់សេដ្ឋកិច្ចកំពូលរបស់ចិន “ជាប់គាំង” ក្រុមហ៊ុននានាត្រូវខាតបង់ ខណៈមេរោគ Corona កំពុងដំឡើងឫទ្ធិ

    តំបន់សេដ្ឋកិច្ចកំពូលរបស់ចិន “ជាប់គាំង” ក្រុមហ៊ុននានាត្រូវខាតបង់ ខណៈមេរោគ Corona កំពុងដំឡើងឫទ្ធិ

    អាសន្នរោគ Wuhan (Corona) ប្រទេសចិន កំពុងធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យឧស្សាហកម្មនៃប្រទេសនេះ។

    រដ្ឋាភិបាលចិនថ្មីៗនេះ បានបង្ខំចិត្តប្រកាសដាក់ចេញនូវវិធានការមិនធម្មតាមួយ ដើម្បីជួយទប់ស្កាត់ការរាល ដាល​នៃមេរោគរលាកសួតនេះ ដោយហាមមិនឱ្យក្រុមហ៊ុនទាំងឡាយធ្វើសកម្មភាពឡើងវិញនៅមុនថ្ងៃទី22 កុម្ភៈ ឆ្នាំ2020 ដូច្នេះ បុគ្គលិកនៃក្រុមហ៊ុនទាំងអស់នឹងបានឈប់សម្រាកបន្ថែម3ថ្ងៃទៀត ក្រោយពិធីបុណ្យចូលឆ្នាំ​ចិន។

    លើសពីនេះ អាជ្ញាធរនៃតំបន់មួយចំនួន ថែមទាំងបានដាក់បទបញ្ជាឱ្យក្រុមហ៊ុនទាំងអស់ ផ្អាកដំណើររហូតដល់ថ្ងៃទី9កុម្ភៈ ឆ្នាំ2020 លើកលែងតែក្រុមហ៊ុនដែលផ្ដល់សេវាកម្មសំខាន់ៗ ដូចជាក្រុមហ៊ុនទឹក ភ្លើង ឬផ្សារទំនើប។

    ផ្នែក​​មួយ​នៃ​តំបន់​​ Suzhou ក្នុង​ក្រុង​សៀង​ហៃ

    បទបញ្ជាខាងលើ មិនត្រឹមតែប៉ះពាល់ដល់ក្រុមហ៊ុនក្នុងស្រុកនោះទេ តែវាប៉ះពាល់ដល់បណ្ដាក្រុមហ៊ុនបរទេសដែលរកស៊ីជាមួយចិន ពិសេសគឺនៅក្រុងសៀងហៃ។

    តំបន់ Suzhou នៃប្រទេសចិន ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំមួយ ស្ថិតនៅភាគពាយព្យនៃក្រុងសៀងហៃ កាលពីថ្ងៃចន្ទកន្លងទៅបានចេញបទបញ្ជា ហាមមិនឱ្យក្រុមហ៊ុនទាំងអស់ ធ្វើសកម្មភាពឡើងវិញនៅមុនថ្ងៃទី​8មិនា ឆ្នាំ2020 នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិចិន។ នៅតំបន់នេះ មានក្រុមហ៊ុនយ៉ាងតិច 1,500 ក្នុងនោះក៏មានក្រុមហ៊ុនធំៗរបស់ជប៉ុន ដូចជា Panasonic និង Kobe Steel ផងដែរ។

    ទន្ទឹមនិងនេះ អាជ្ញាធរនៃតំបន់ផ្សេងៗមួយចំនួនទៀតក៏បានចេញបទបញ្ជាប្រហាក់ប្រហែលគ្នានេះដែរ។ អាជ្ញាធរខេត្ត Shandong និង Shanxi ក៏បានហាមបុគ្គលិកបម្រើការឱ្យក្រុមហ៊ុនទាំងឡាយក្នុងខេត្តទាំងពីរនេះ ត្រឡប់​មកធ្វើការវិញ ដោយរង់ចាំបទបញ្ជាថ្មី។

    Foxconn ដែលជារោងចក្រផលិតទូរស័ព្ទឆ្លាតវៃក្នុងខេត្ត Shandong បានសម្រេចឱ្យបុគ្គលិកឈប់សម្រាកបន្ថែម​3ថ្ងៃពីលើថ្ងៃសម្រាករដូវចូលឆ្នាំចិន ពោលគឺបានសម្រេករហូតដល់ថ្ងៃទី3កុម្ភៈ ឆ្នាំ2020 យូរជាងជិតមួយសប្ដាហ៍ បើធៀបនឹងគម្រោងដំបូង។

    ចំណែកនៅឯក្រុង Wuhan វិញ អាជ្ញាធរបានសម្រេចចិត្តដាក់បម្រាមគោចរ ហើយមធ្យោបាយធ្វើដំណើរសាធារណៈ​ភាគច្រើនត្រូវផ្អាកដំណើរការ។ រីឯក្រុមហ៊ុនផលិតរថយន្តនានាវិញ ក៏ត្រូវកែសម្រួលសង្វាក់ផលិតកម្ម ដើម្បីសម្របខ្លួនទៅនឹងបម្រាមគោចរនេះផងដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • តាមដានស្ថានការណ៍អាសន្នរោគ Corona នៅទូទាំងពិភពលោក ដោយ​ខ្លួន​អ្នក​ តាម​រយៈផែនទីទិន្នន័យនេះ

    តាមដានស្ថានការណ៍អាសន្នរោគ Corona នៅទូទាំងពិភពលោក ដោយ​ខ្លួន​អ្នក​ តាម​រយៈផែនទីទិន្នន័យនេះ

    ក្រុមអ្នកស្រាវជា្រវបានបង្កើតផែនទីមួយដើម្បីបង្ហាញអំពីទិន្នន័យនៃចំនួនករណីឆ្លងមេរោគ Corona និងតំបន់ដែលរងការរាតត្បាតនៃមេរោគនេះ ដោយយោងទៅតាមរបាយការណ៍ពីប្រភពព័ត៌មានគួរជាទីទុកចិត្ត។

    ក្រុមមន្ត្រីចិនបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារមេរោគ Corona ដែលមានប្រភពពីតំបន់ Wuhan បាន​កើនឡើងដល់ 106នាក់ និងចំនួនអ្នកឆ្លងមេរោគនេះក៏កើនដល់ជាង 4500នាក់។ ដោយមើលឃើញភាពចាំ​បាច់ ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Johns Hopkins បាននាំគ្នាបង្កើតផែនទីដើម្បីតាមដានស្ថានការណ៍នៃការវិវដ្ដរបស់មេរោគ និងដើម្បីបង្ហាញអំពីទិន្នន័យនានាទាក់ទិននឹងអាសន្នរោគនេះ ដោយប្រើប្រាស់ទិន្ន​ន័យដែលបានមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់រោគឆ្លងនៃប្រទេសចិន និងបណ្ដាប្រទេសក្នុងពិភពលោក រួមនិងអង្គការសុខភាពពិភពលោក។ល។

    នៅពេលមានរបាយការណ៍ថ្មី ផែនទីនេះនឹងធ្វើបច្ចុប្បន្នភាពអំពីចំនួនករណីឆ្លង និងករណីស្លាប់ រួមនិងអ្នកជម្ងឺដែលបានជាសះស្បើយ ទៅតាមពេលវេលាជាក់ស្ដែង (Real Time)។ ចំនុចក្រហមគឺបង្ហាញពីទីកន្លែងដែលមានអ្នកឆ្លងរោគ។ ទំហំនៃចំនុចក្រហម គឺស្មើនឹងចំនួនអ្នកឆ្លងមេរោគ។ នៅពេលចុចទៅលើចំនុចក្រហម វានឹងបង្ហាញ​ព័ត៌មាននៃតំបន់ ពេលវេលានៃការធ្វើបច្ចុប្បន្នភាព និងប្រភពព័ត៌មាន។ នៅផ្នែកខាងលើ ជ្រុងខាងឆ្វេង គឺជាមុខងារពង្រីក និងបង្រួមទីតាំង ដើម្បីងាយស្រួលក្នុងការពិនិត្យមើលទិន្នន័យ។

    មកដល់បច្ចុប្បន្ន ចំនួនប្រទេសដែលបានប្រកាសថាបានរកឃើញអ្នកជំងឺរលាកសួត Corona គឺ​ចំនួន​16​ប្រទេស បូករួមទាំងកោះតៃវ៉ាន់។

    នៅប្រទេសចិន យ៉ាងហោចណាស់មានមនុស្សជាង33លាននាក់ រងផលប៉ះពាល់ពីអាសន្នរោគនេះ បន្ទាប់ពីវាបានឆ្លងរាលដាលខ្លាំងនាំឱ្យអាជ្ញាធរចេញបម្រាមគោចរនៅទីក្រុង Wuhan និងបណ្ដាទីក្រុងជាច្រើនផ្សេងទៀតដែលនៅក្បែរៗតំបន់ Wuhan នេះគឺមិនទាន់និយាយដល់ផលប៉ះពាល់ទៅលើប្រជាជននៃបណ្ដាប្រទេសក្នុងពិភព​លោក​។

    សូម​ចុច​ទី​នេះដើម្បី​ចូល​ទៅ​មើល​ទិន្ន​ន័យស្ដី​អំពី​បច្ចុប្បន្ន​ភាព​នៃ​អាសន្ន​រោគ​ Corona នៅ​ទូ​ទាំង​ពិភព​លោក

    ប្រភព៖ ព័ត៌មានបរទេស

  • ព្រះខ័នរាជស្វាយរៀង ទៅដល់ឡាវហើយ ត្រៀមលេងពាន AFC CUP

    ព្រះខ័នរាជស្វាយរៀង ទៅដល់ឡាវហើយ ត្រៀមលេងពាន AFC CUP

    ការប្រកួតជម្រុះពានរង្វាន់ AFC CUP ឆ្នាំ 2020 ជើងទី2 រវាងក្រុម Master7 FC របស់ឡាវ ជាមួយនឹងក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើឡើងនៅវេលាម៉ោង 5:០០ល្ងាច ថ្ងៃទី29 ខែមករា ឆ្នាំ2020(ស្អែកនេះ) នៅឯពហុកីឡដ្ឋានជាតិឡាវ។

    មុនការប្រកួតនេះមកដល់ ក្រុមព្រះខ័នរាជស្វាយរៀងបានធ្វើដំណើរចេញទៅកាន់ប្រទេសឡាវ កាលពីថ្ងៃទី27 ខែមករា ឆ្នាំ2020​ ម្សិលមិញនេះ ពោលគឺមុនការប្រកួតចំនួន 2ថ្ងៃដើម្បីត្រៀមខ្លួនជាមុន។ 

    គួរបញ្ជាក់ដែរថា កាលពីជើងទី1 ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Master7 FC របស់ឡាវ ជាមួយនឹងលទ្ធផល 4ទល់នឹង1 នៅឯពហុកីឡដ្ឋានជាតិអូឡាំពិករបស់កម្ពុជា កាលពីសប្តាហ៍មុននេះ៕


     

  • វីរុស Corona ធ្វើឱ្យចិនបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះកាប្រកួតបាល់ទាត់វគ្គជម្រុះអូឡាំពិក

    វីរុស Corona ធ្វើឱ្យចិនបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះកាប្រកួតបាល់ទាត់វគ្គជម្រុះអូឡាំពិក

    ការប្រកួតបាល់ទាត់នារី វគ្គជម្រុះជុំចុងក្រោយ ដើម្បីដណ្តើមកៅអីទៅលេងនៅកីឡាអូឡាំពិកចុងឆ្នាំ2020 ត្រូវបានផ្ទេរពីទីក្រុងវូហាន ប្រទេសចិន ទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីវិញ និងមិនទាន់បានកំណត់កាលបរិច្ឆេទឡើងវិញនៅឡើយទេ។

    ចំពោះមូលហេតុនៃការលើកពេលវេលា និងទីកន្លែងនេះ គឺដោយសារតែការឆ្លងរាតត្បាតយ៉ាងសាហាវអំពីវីរុសប្រភេទថ្មី Corona ដែលជាការព្រួយបារម្ភថ្មីមួយទៀតរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។

    គួរបញ្ជាក់ដែរថា ក្រុមដែលត្រូវប្រកួតវគ្គជម្រុះជុំចុងក្រោយនៅប្រទេសចិននេះ មាន 4ប្រទេសគឺ ម្ចាស់ផ្ទះចិន អូស្ត្រាលី ថៃ និងតៃវ៉ាន់ ដែលសុទ្ធសឹងតែជាប្រទេសដែលមានភាគរយនៃការឆ្លងវីរុសនេះខ្លាំងជាងគេទាំង10៕


  • ចូលឆ្នាំចិន 3ថ្ងៃ ហេតុអ្វីខេត្តព្រះសីហនុ ទទួលបានកំណើនទេសចរគួរឱ្យកត់សម្គាល់បែបនេះ?

    ចូលឆ្នាំចិន 3ថ្ងៃ ហេតុអ្វីខេត្តព្រះសីហនុ ទទួលបានកំណើនទេសចរគួរឱ្យកត់សម្គាល់បែបនេះ?

    ក្នុងរយៈពេល3ថ្ងៃនៃពិធីចូលឆ្នាំចិន ឆ្នាំនេះ (2020) គេបានកត់សម្គាល់ឃើញថា កំណើននៃភ្ញៀវទេសចរដែលបានទៅកម្សាន្ត និងស្នាក់នៅក្នុងខេត្តព្រះសីហនុ មានការកើនឡើងគួរឱ្យកត់សម្គាល់។

    កាលពីថ្ងៃទី26 មករា ម្សិលមិញ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹះស្នា បានថ្លែងថា ក្នុងអំឡុងពេល 3ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំចិន គឺចាប់ពីថ្ងៃទី24 ដល់ទី26 មករា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ មានប្រមាណ 87,000នាក់កើនឡើង 24.52% បើប្រៀបធៀបនឹងឆ្នាំ2019 ដែលមានភ្ញៀវត្រឹមតែ 70.480នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានប្រមាណ 74,495នាក់ កើនឡើង 67.17% បើធៀបនឹងឆ្នាំ2019 ដែលមាន 44.560នាក់។

    តាមការសន្និដ្ឋានរបស់ភ្ញៀវទេសចរដែលបានទៅកាន់ទីនោះ បានឱ្យដឹងថា ការកើនឡើងនៃភ្ញៀវទេសចរក្នុងស្រុកក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ អាចដោយសារសកម្មភាពវិជ្ជមាននានាក្នុងតំបន់ បន្ទាប់ពីឯកឧត្តម គួច ចំរើន បានចូលមកដឹកនាំខេត្តព្រះសីហនុ។

    ម្យ៉ាងវិញទៀត ការកើនឡើងនៃវត្តមានទេសចរក្នុងស្រុកនៅខេត្តនេះ ក៏អាចជាប់ទាក់ទិននឹងការបិទកាស៊ីណូរាប់សិបកន្លែងនៅក្រុងព្រះសីហនុផងដែរ ព្រោះថា ការបិទកាស៊ីណូនេះ បានធ្វើឱ្យវត្តមានជនជាតិបរទេសថយចុះ ជាពិសេសអ្នករកស៊ី និងបុគ្គលិកជាជនជាតិចិនដែលពួកគេមានប្រាក់ច្រើន ហ៊ានទិញទំនិញ និងសេវាកម្មថ្លៃៗ។

    នៅពេលអ្នករកស៊ី និងអ្នកទេសចរជនជាតិចិនវិលត្រឡប់ទៅស្រុកវិញ (បន្ទាប់ពីរាជរដ្ឋភិបាលប្រកាសបិទកាស៊ីណូអនឡាញ) ហាងទំនិញ ភោជនីយដ្ឋាន ផ្ទះសំណាក់ជាដើម ត្រូវបានប្រគល់មកម្ចាស់ដើមដែលជាពលរដ្ឋក្នុងស្រុកវិញ។ ការដែលបងប្អូនជនជាតិចិនភាគច្រើនបានវិលទៅស្រុកវិញបែបនេះ ធ្វើឱ្យម្ចាស់ហាងទំនិញ ភោជនីយដ្ឋាន ឬម្ចាស់ផ្ទះសំណាក់ទាំងនោះ ត្រូវបង្ខំចិត្តបញ្ចុះតម្លៃទំនិញ អាហារ និងសេវាកម្មរបស់ខ្លួនឱ្យស្របទៅនឹងស្ថានភាពជាក់ស្ដែង ពោលគឺ អតិថិជនភាគច្រើនរបស់ពួកគេ ពេលនេះគឺជាភ្ញៀវក្នុងស្រុក មិនមែនអតិថិជនជាជនជាតិចិនដូចមុនទេ នេះ​បើ​តាមសម្ដី​លោក ​រតនា ប្រធាន​ផ្សារ​ទំនើប​មួយ​នៅ​ភ្នំ​ពេញ។

    ការបញ្ចុះតម្លៃទំនិញ ឬសេវាកម្មដូចខាងលើនេះហើយ ដែលនាំឱ្យភ្ញៀវក្នុងស្រុកមួយចំនួនធំគិតថា ខេត្តជាប់មាត់សមុទ្រមួយនេះ កំពុងវិលត្រឡប់ទៅដូចកាលពីបណ្ដាឆ្នាំមុនៗ ដែលមិនទាន់មានវត្តមានបងប្អូនជនជាតិចិនច្រើន។ ការគិតបែបនេះហើយ ដែលធ្វើឱ្យពួកគេ (ភ្ញៀវជាតិ)សម្រេចចិត្ត វិលមកស្នាក់នៅ និងដើរលេងកម្សាន្តនៅខេត្តនេះឡើងវិញ ព្រោះពួកគាត់គិតថា ទំនិញ ឬសេវាកម្មនានា មានតម្លៃទាបដូចដើម។

    កត្តាសំខាន់មួយទៀតដែលភ្ញៀវទេសចរមួយចំនួនគិតថា មានជាប់ទាក់ទិននឹងការកើនឡើងនៃភ្ញៀវក្នុងស្រុកដែរនោះគឺ សន្តិសុខ និងសណ្ដាប់ធ្នាប់។ នៅក្នុងឆ្នាំ2019 នៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមជាដើម គេតែងបានឃើញអំពើចោរកម្ម និងឧក្រិដ្ឋកម្មជាច្រើនកើនឡើងនៅខេត្តព្រះសីហនុ ដូចជា អំពើចាប់ជំរិតមនុស្ស អំពើឆក់ប្លន់ អំពើហិង្សា​​តាម​​ទីសាធារណៈ​ អំពើឆបោកជាដើម ប៉ុន្តែ មួយរយៈពេលចុងក្រោយនេះ បន្ទាប់​ពីមានការបិទកាស៊ីណូ និងការភ្នាល់ល្បែងតាមអ៊ីនធើណិតរាប់សិបកន្លែងមក អំពើខុសច្បាប់ដែលបានរៀបរាប់ខាងលើ បានស្ងប់ស្ងាត់ទៅវិញគួរឱ្យកត់សម្គាល់។ នេះជាកត្តាមួយដែលហាក់ដូចជាការធានាដល់ភ្ញៀវដែលនឹងមកកម្សាន្តខេត្តព្រះសីហនុ។

    ជាងនេះទៀត មន្ត្រីអាជ្ញាធរខេត្តព្រះសីហនុម្នាក់បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា ខេត្តព្រះសីហនុនឹងមានភ្ញៀវទេសចរកាន់តែច្រើនមកកម្សាន្ត នៅឆ្នាំ2021 ខាងមុខនេះ បន្ទាប់ពីផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងខេត្ត ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ៕