Category: សង្គម និងសេដ្ឋកិច្ច

  • ព្រះខ័នរាជស្វាយរៀង ដណ្ដើមបានកៅអីវគ្គចែកពូល AFC CUP ជាលើកដំបូង

    ព្រះខ័នរាជស្វាយរៀង ដណ្ដើមបានកៅអីវគ្គចែកពូល AFC CUP ជាលើកដំបូង

    ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដណ្ដើមបានកៅអីវគ្គចែកពូលក្នុងពានរង្វាន់ ​AFC CUP 2020 ហើយ ក្រោយយកឈ្នះក្រុមលេខ2 ក្នុងលីកកំពូលរបស់ឡាវ Master7 ដោយលទ្ធផលទាំង 2ជើង 7ទល់នឹង 1។

    ​ការ​ធ្វើ​បាន​យ៉ាង​ល្អ​នេះ ​ធ្វើ​ឱ្យ​ក្លិបព្រះខ័នរាជស្វាយ​រៀង​មាន​ឱកាសបាន​ឡើង​ទៅ​វគ្គ​ចែក​ពូល។ ​ព្រះខ័នរាជស្វាយ​រៀង​នឹង​ចូលទៅ​នៅក្នុង​ពូល G ​ជាមួយ​ក្រុម​ខ្លាំង​ៗ​មកពីប្រទេសផ្សេងៗជា​ច្រើនទៀត ដូចជា  ​Ceres-Negros (ហ្វីលីពីន), Than Quang Ninh (វៀតណាម) និង Bali United (ឥណ្ឌូនេស៊ី) ហើយការប្រកួតជុំទី1 នឹង​ធ្វើឡើង​នៅថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ​2020 ​ខាងមុខនេះ ដោយព្រះខ័នរាជ​ស្វាយរៀង នឹងត្រូវទៅជួប Ceres-Negros មុនគេ

    គួរបញ្ជាក់ដែរថា កាលពីជើងទី1 ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ Master7 នៅលើទឹកដីកម្ពុជា ដោយលទ្ធផល 4ទល់នឹង1 មុននឹងបន្តយកឈ្នះនៅជើងទី2 ដោយលទ្ធផល 3ទល់នឹង0 នៅលើទឹកដីឡាវវិញម្តង។ នេះគឺជាលើកទី1 ហើយ ដែលក្រុមមួយនេះបានចូលលេងក្នុងពានរង្វាន់កម្រិតទ្វីបអាស៊ី AFC CUP


  • ទៅទស្សនាផ្កាសាគូរ៉ារដូវរងាឆ្នាំ2020 នៅជប៉ុន ជិតទីក្រុងតូក្យូ

    ទៅទស្សនាផ្កាសាគូរ៉ារដូវរងាឆ្នាំ2020 នៅជប៉ុន ជិតទីក្រុងតូក្យូ

    ជាទូទៅ ក្នុង 1ឆ្នាំៗ ផ្កាសាគូរ៉ានៅក្នុងប្រទេសជប៉ុននឹងចាប់ផ្ដើមរីកក្នុងអំឡុងរដូវស្លឹកឈើលាស់ ក្រោយអស់រដូវរងា និងធាតុអាកាសចាប់ផ្ដើមកក់ក្ដៅឡើង ឬប្រមាណចុងខែមីនា ដល់ដើមខែមេសា តែក៏មានសាគូរ៉ាមួយផ្នែកឆាប់រីកឡើងដែរ ដែលជនជាតិជប៉ុនហៅថា Hayazaki Sakura ឬសាគូរ៉ាឆាប់រីក ដែលសាគូរ៉ាប្រភេទនេះគឺជាសាគូរ៉ាពូជ ខាវ៉ាស៊ុ សាគូរ៉ា និងខូស៊ុសាគូរ៉ា ដែលនឹងចាប់ផ្ដើមរីកឡើងតាំងពីពាក់កណ្ដាលខែកុម្ភៈ ដល់ខែមីនា ដែលនៅប្រទេសជប៉ុនគឺជារដូវរងានៅឡើយ។ អាចហៅបានថា ជាសាគូរ៉ាខុសរដូវ ដែលរីកមុនរដូវកាល។ សម្រាប់អ្នកដែលចង់ទៅទស្សនា ផ្កាសាគូរ៉ារដូវរងានៅប្រទេសជប៉ុន ក៏អាចទៅទស្សនាបានច្រើនកន្លែងដែរ ថែមទាំងនៅមិនឆ្ងាយពីទីក្រុងតូក្យូទៀតផង…។

    1. Kawazu Sakura Festival 2020 -ខេត្ត ស៊ិស៊ុអូកានាំគ្នាមកដើរលេងប្រទេសជប៉ុន ទស្សនាផ្កាសាគូរ៉ា នៅខេត្តស៊ិស៊ុអូកា ជាមួយពិធីបុណ្យទស្សនាផ្កាសាគូរ៉ារីកលើកដំបូងប្រចាំឆ្នាំដែលល្បីល្បាញបំផុត Kawazu Sakura Festival នៅតាមមាត់ទន្លេ ខាវ៉ាស៊ុ ដែលទីនេះ គឺជាដើមកំណើតរបស់ដើមផ្កា ខាវ៉ាស៊ុ សាគូរ៉ា ឬសាគូរ៉ាឆាប់រីក។ នៅតាមផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេចម្ងាយ 3គីឡូម៉ែត្រ នឹងមានដើមផ្កាសាគូរ៉ាដុះរៀងគ្នាជាជួរជាង 8,000ដើម សម្លឹងមើលទៅខាងណា ក៏មានតែពណ៌ផ្កាឈូក ស័ក្តិសមសម្រាប់គូស្នេហ៍ដែលជុំវិញខ្លួនពោរពេញដោយពណ៌នៃសេចក្ដីស្នេហា។ ឡារ៉ែន សូមណែនាំថា គួរបបួលគូស្នេហ៍ បបួលលោកឪពុកអ្នកម្ដាយ មកទស្សនាផ្កាសាគូរ៉ានៅទីក្រុងនេះ ធានាថា ច្បាស់ជារំភើបចិត្តមិនខាន។

    2. Minami Sakura and Nanohana Festival 2020-ខេត្ត ស៊ិស៊ុអូកាជាពិធីបុណ្យទស្សនាផ្កាសាគូរ៉ាឆាប់រីក ឬសាគូរ៉ាខុសរដូវមួយទៀតក្នុងខេត្តស៊ិស៊ុអូកាដដែល គឺពិធីបុណ្យ Minami Sakura and Nanohana Festival 2020 ព្រោះទីនេះមិនមែនមានតែផ្កាសាគូរ៉ាប៉ុណ្ណោះទេ តែយើងនៅអាចទស្សនាផ្កា ណាណូហាណា បានទៀតផង ដោយផ្កាណាណូហាណា ជាផ្កាដែលមានពណ៌លឿងស្រស់ស្រាយ ពេលដាំជិតៗដើមសាគូរ៉ា និងមានផ្ការីកដំណាលគ្នាផងនោះ វានឹងក្លាយជាទិដ្ឋភាពផ្កាដែលមានទាំងពណ៌ផ្កាឈូក និងពណ៌លឿងមើលទៅស៊ីគ្នាល្អឥតខ្ចោះ។ ទីនេះជាទីតាំងទស្សនាផ្កាសាគូរ៉ាខុសរដូវដែលស្រស់ស្អាត និងស្ងប់ស្ងាត់មួយទៀត ស័ក្តិសមក្នុងការដើរលេងកម្សាន្ត និងថតរូបខ្លាំងបំផុត។

    3. Miura-kaigan Sakura Festival 2020-ខេត្ត ខាណាកាវ៉ាតមកទៀតគឺ Miura-kaigan Sakura Festival ពិធីបុណ្យទស្សនាផ្កាសាគូរ៉ារដូវរងា ដែលស្ថិតនៅក្នុងខេត្ត ខាណាកាវ៉ា។ ពិធីបុណ្យនេះរៀបចំឡើងនៅត្រង់បរិវេណផ្លូវដើរដែលពោរពេញទៅដោយដើមសាគូរ៉ានៅជិតស្ថានីយរថភ្លើង ព្រមជាមួយការតុបតែងលម្អដោយទង់ជាតិ និងគោមភ្លើង។ ពេលថតរូបចេញមក យើងនឹងបានរូបភាពផ្លូវថ្នល់ដែលកោងសណ្ដូកវែងពណ៌ផ្កាឈូក មើលទៅស្រស់ស្អាតបំផុត។

    4. Ichi-no-srki Harane 2020-ខេត្តខាណាកាវ៉ាជាបរិវេណចង្កេះភ្នំ Nuda ក្នុងខេត្ត ខាណាកាវ៉ា ជាទីកន្លែងដែលដាំដើមសាគូរ៉ាពូជ ហារុមេគិ (Harumeki)ដែលជាផ្កាសាគូរ៉ាពូជថ្មី ទើបតែបានទទួលការចុះបញ្ជីកាលពីឆ្នាំ2000។ សាគូរ៉ានៅក្នុងតំបន់នេះបានទទួលការដាំដុះ និងស្ថិតនៅក្រោមការមើលថែទាំរបស់អង្គការក្នុងប្រទេសជប៉ុន ដែលពេលមកដល់អំឡុងពាក់កណ្ដាលខែមីនា ហារុមេគិ សាគូរ៉ា ជាង120ដើម ក៏នឹងចេញផ្កាពណ៌ផ្កាឈូករីកស្គុះស្គាយពេញទីនោះ។ ជាទីតាំងទស្សនាផ្កាសាគូរ៉ាមួយទៀតដែលអ្នកណាបានមកដល់ហើយត្រូវតែជញ្ជក់មាត់សរសើរគ្រប់គ្នា៕

  • ក្រសួងទេសចរណ៍ ដាក់ចេញវិធានការឆ្លើយតបនឹងការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមថ្មី Corona

    ក្រសួងទេសចរណ៍ ដាក់ចេញវិធានការឆ្លើយតបនឹងការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមថ្មី Corona

    ក្រសួងទេសចរណ៍របស់កម្ពុជា ថ្មីៗនេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយទាក់ទិននឹងវិធានការទប់ស្កាត់មេរោគរលាកសួត Corona។

    នៅលើទំព័រ Facebook របស់ខ្លួន ក្រសួងទេសចរណ៍បានសរសេរថា៖ “ទោះជាពិភពលោកកំពុងប្រឈមនឹងជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus)ក៏ដោយ ប៉ុន្តែកម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា ដោយធានាបាននូវការគ្រប់គ្រងបញ្ហាជំងឺថ្មីនេះ ដោយហ្មត់ចត់”។

    ក្រសួងទេសចរណ៍បានសរសេរទៀតថា៖ “ទោះជាយ៉ាងនេះក្តី ដើម្បីឆ្លើយតបនឹងស្ថានភាពដែលកំពុងផ្ទុះជំងឺនេះ ក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានការមួយចំនួនផងដែរ”។

    ឯកឧត្ដម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់​បាន​ប្រកាសដោយភាពជឿជាក់ថា កម្ពុជានៅតែជាគោល​ដៅទេសចរណ៍ដ៏កក់ក្តៅសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា ដែលនៅតែមានការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់ នៅតែត្រៀមទទួលស្វាគមន៍ វត្តមានភ្ញៀវអន្តរជាតិជានិច្ច ពិសេសគឺធានាបានការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មី (coronavirus) បានយ៉ាងជឿជាក់បំផុត។

    ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ អំពីវិធានការមួយចំនួនដែលឆ្លើយតបនឹងការផ្ទុះជំងឺផ្លូវដង្ហើមថ្មី Corona ៖


    ប្រភព​៖ ក្រសួងទេសចរណ៍

  • ធារី ត្រឡប់ទៅលីកកំពូលម៉ាឡេស៊ីវិញ ជាមួយនឹងក្លិប Perak FA

    ធារី ត្រឡប់ទៅលីកកំពូលម៉ាឡេស៊ីវិញ ជាមួយនឹងក្លិប Perak FA

    កាលពីថ្ងៃម្សិលមិញនេះ កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ក្រោយពីក្លិប Perak FA របស់ម៉ាឡេស៊ី បានប្រកាសកុងត្រាជាមួយនឹងកីឡាកររូបនេះសម្រាប់រដូវកាល2020 នេះ។

    ការចុះកុងត្រានេះ បានបញ្ជាក់ថា កីឡាកររូបនេះ បានចប់សព្វគ្រប់ជាមួយនឹងក្លិប Sokhothai FC នៃលីកកំពូលរបស់ថៃហើយ ក្រោយពីផ្លាស់ទៅថៃ មិនទាន់បានស្រួលបួលផង។

    ទោះជាបែបនេះក្តី ធារី ចន្ថាប៊ីន បានបង្ហាញអារម្មណ៍ពេញចិត្តនឹងក្លិបថ្មីរបស់ខ្លូន និងបាននិយាយថា ការបញ្ចប់កុងត្រាជាមួយនឹងក្លិបចាស់ គឺជាការព្រមព្រៀងគ្នាពីភាគីទាំងសងខាងរវាងក្លិប និងរូបគេ៕


     

  • សុខ រិទ្ធ និង ឯម សុធី ចេញវាយលើកដំបូងលើសង្វៀន លំដាប់ពិភពលោក

    សុខ រិទ្ធ និង ឯម សុធី ចេញវាយលើកដំបូងលើសង្វៀន លំដាប់ពិភពលោក

    អ្នកប្រដាល់គុនខ្មែរ 2រូប គឺកីឡាករ សុខ រិទ្ធ និង ឯម សុធី នឹងចេញទៅប្រកួតនៅក្នុងកម្មវិធី WLC – world lethwei championship នៅប្រទេស មីយ៉ាន់ម៉ា ជាលើកដំបូង នៅថ្ងៃទី31 ខែមករា ឆ្នាំ2020 ខាងមុខនេះ។

    ដោយក្នុងនោះ សុខ រិទ្ធ នឹងប្រកួតក្នុងទម្ងន់52.5 ដោយត្រូវជួបកីឡាករម្ចាស់ផ្ទះ SOMIONG LUKTUPFAH ចំណែក ឯម សុធី ក៏ត្រូវប៉ះម្ចាស់ផ្ទះ HEIN TUN AUNG ដែរ ដោយនឹងប្រកួតក្នុងទម្ងន់  60គីឡូក្រាម។

    គួរបញ្ជាក់ផងដែរថា លោក ហ៊ុន​ ចាន់រាជ គ្រូបង្វឹកគុនចម្រុះរបស់កីឡាករទាំង 2រូបនេះ បាននិយាយថា​ លោកទទួលស្គាល់អាចនឹងលំបាកខ្លះៗក្នុងការប្រកួតជាមួយកីឡាករម្ចាស់ផ្ទះលើកដំបូង​បែបនេះ តែលោក​ជឿជាក់លើសមត្ថភាពរបស់សុខ រិទ្ធ និង​ឯម សុធី ថា ពួកគេនឹងអាចធ្វើបានល្អ៕


  • អាការ12 យ៉ាងរបស់កូន ដែលឪពុកម្តាយមិនគួរព្រងើយកន្តើយ​

    អាការ12 យ៉ាងរបស់កូន ដែលឪពុកម្តាយមិនគួរព្រងើយកន្តើយ​

    ក្មេងៗទោះជា​អាយុ​ប៉ុន្មាន​ក៏ដោយ ចេះ​និយាយ​ហើយ ឬ​មិនទាន់​ចេះ​និយាយ​ក៏ដោយ លោកឪពុក​អ្នក​ម្តាយ​គួរតែ​ចេះ​សង្កេតមើល​អា​ការកូន​ឱ្យបាន​ថា តើ​មាន​អ្វី​ខុស​ប្រក្រតី​ឬទេ? កុំ​ចាំ​រហូតដល់​កូន​ហារ​មាត់​ប្រាប់​នោះ ព្រោះ​រឿង​ខ្លះ​ត្រូវតែ​សង្កេតមើល និង​ប្រញាប់​កែ​បញ្ហា​ភ្លាម​មុននឹងអ្វីៗហួសពេល​កែ។ ខាងក្រោម​នេះ​គឺជា​អាការ12យ៉ាង​របស់​កូន ដែល​លោកឪពុក​អ្នក​ម្តាយ​មិនគួរ​ព្រងើយកន្តើយ។

    1. កូន​មើលទៅ​រាង​មាន​អារម្មណ៍​ធុញថប់​តានតឹង សោកសៅ អាច​នឹង​គ្មាន​អាការ​គ្រុនក្តៅ ឬ​មិន​ស្រួលខ្លួន​ឱ្យឃើញ​ក៏ដោយ តែ​កូន​អាច​នឹង​បង្ហាញ​អាការ​តាមរយៈ​ទឹកមុខ ឬ​មើលទៅ​ឃើញ​ហាក់ដូចជា​កំពុង​គិតពី​អ្វី​ម្យ៉ាង​គ្រប់ពេលវេលា បើសិនជា​ឃើញបែបនេះ​ហើយ ឪពុកម្តាយ​មិនគួរ​មើលរំលង ឬ​ព្រងើយកន្តើយ​ឡើយ ត្រូវ​ប្រញាប់​នាំទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យភ្លាមៗល្អ​ជាង។

    2. ឡើងក​ម្តៅ​ខ្ពស់ សីតុណ្ហភាព​ប្រក្រតី​រប​ស់​ក្មេង​នឹង​ស្ថិតនៅក្នុង​កម្រិត 36-37.5អង្សា​សេល​សៀ​ស សម្រាប់​ក្មេង​ដែលមាន​អាយុ​ទាប​ជាង 6ខែ បើ​មាន​សីតុណ្ហភាព​ក្នុង​កម្រិត 37.6-38.4អង្សា​សេល​សៀ​ស​នោះ គឺ​មានន័យថា ឡើងក​ម្តៅ​ខ្ពស់​ហើយ ចំណែក​ក្មេង​អាយុ​ច្រើនជាង6ខែ​ឡើង បើសិន​លើស 38.5អង្សា​សេល​សៀ​ស មានន័យថា កម្តៅ​ខ្លួន​ឡើង​ខ្ពស់​ហើយ ត្រូវ​រក​វិធី​បញ្ចុះ​កម្តៅ និង​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ភ្លាម។

    3. ក្តៅខ្លួនជាប់ៗគ្នា​អត់​បាត់​រយៈពេល 3ថ្ងៃ​ឡើងទៅ ដោយ​ញ៉ាំ​ថ្នាំ និង​ជូត​ខ្លួន​ហើយ តែ​អាការ​នៅតែ​មិនល្អ​ប្រសើរឡើង​នោះ ត្រូវ​ប្រញាប់​នាំទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។

    4. គ្រុន​ក្តៅខ្លួន និង​មាន​អាការ​ផ្សេងទៀត​រួមជាមួយ​ផង ដូចជា ឈឺក្បាល មាន​ឡើង​កន្ទួល​រមាស់​នៅលើ​រាងកាយ ឈឺ-ក អាការ​បែបនេះ​ត្រូវតែ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ជាបន្ទាន់។

    5. មាន​ឡើង​កន្ទួល​ក្រហម​តាម​ខ្លួនប្រាណ និង​មាន​អាការ​រាលដាល​កាន់តែខ្លាំង​ឡើង ឬ​មាន​អាការ​ហើម​ឡើង​ក្រហម​ត្រង់​បរិវេណ​ដែលមាន​ឡើង​កន្ទួល និង​មាន​អាការ​ដកដង្ហើម​មិន​ស្រួល រាងស្ទះៗជាដើម​នោះ កុំ​បង្អង់​យូរ ត្រូវ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ភ្លាម។

    6. មាន​ពងបែក​ឡើង​តាម​ខ្លួនប្រាណ​ក្នុង​លក្ខណៈខុស​ប្រក្រតី ដែល​មិន​ធ្លាប់មាន​កន្លងមក ត្រូវ​ប្រញាប់​យក​កូន​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ​ជាបន្ទាន់ ព្រោះ​អាច​កើតរោគ​មហារីក​ស្បែ​កបាន។

    7. កូនតូច​យំ​រករឿង​ខ្លាំង ព្រោះ​ឈឺក្បាល​បែប​ទាន់ហន់ភ្លាមៗ ឬ​អាច​ឈឺពោះ​ផ្នែក​ខាងស្តាំ​ចុះមក​ក្រោម អាចជា​អាការ​របស់​ខ្នែងពោះវៀន ឬ​បើ​ឈឺពោះ​ហើយ​មាន​ក្អួត​ផង​នោះ អាច​បណ្តាលមកពី​អាការ​រលាក​ក្រពះ បើ​រឹត​តែមាន​ឈាម​ចេញមក​ជាមួយ​ផង​នោះ ត្រូវតែ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ជា​ប្រញាប់។

    8. ឈឺក្បាល និង​ក្អួត អាចជា​អាការ​ចាប់​ផ្តើមដំបូងរ​បស់​រោគ​ម៉ៃ​ក្រេ​ន តែបើ​មាន​អាការ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​នោះ អាច​បណ្តាលមកពី​រោគ​ផ្សេងទៀត អាការ​បែបនេះ​ក៏​ត្រូវតែ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ដែរ។

    9. បរិមាណ​ទឹកនោម​ថយចុះ ស្ងួត​មាត់ បន្ទូលក្បាល (បង្ហើយ) ផត​ចុះ ក្អួត រាក អាការ​ទាំងនេះ​អាច​បណ្តាលមកពី​សភាវ​ខ្វះ​ជាតិ​ទឹក បើ​ឃើញ​កូន​មាន​អាការ​បែបនេះ ត្រូវតែ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់។

    10. ហើម​មុខ ហើម​ខ្លួន ក្អួត ឬ​មាន​ឡើង​រមាស់ អាការ​នេះ​អាច​បណ្តាលមកពី​កើត​ប្រតិកម្ម​ចាញ់​នឹង​របស់​អ្វីមួយ បើ​ធ្ងន់ធ្ងរ​ត្រូវ​នាំទៅ​ជួប​គ្រូពេទ្យ​ភ្លាម។

    11. ចេញឈាម​ច្រើនពេក មិនថាតែ​ស្នាមរបួស​តូច ឬ​ធំ​នោះទេ បើ​ឃាត់ឈាម​ហើយ ឈាម​នៅតែ​ហូរ​ចេញមក​មិន​ឈប់ ចូរ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម។

    12. បបូរមាត់​ឡើង​ស្លេក ខៀវ​ជាំ ដកដង្ហើមអាក់ៗ និង​ដកដង្ហើម​តាម​មាត់ អាចជា​អាការ​មានប្រតិកម្ម​នឹង​របស់​អ្វី​ម្យ៉ាង ឬ​អាច​បណ្តាលមកពី​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ដកដង្ហើម ឬ​រោគ​សួត ក៏​ជា​អាការ​ត្រូវ​ប្រុងប្រយ័ត្ន និង​ត្រូវ​នាំទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ដែរ។

    អាការ​របស់​កូន ដែល​បាន​រៀបរាប់​មក​ខាងលើនេះ លោកឪពុក​អ្នក​ម្តាយ​មិនគួរ​ព្រងើយកន្តើយ​ជាដាច់ខាត ព្រោះ​អាការ​មួយចំនួន​នោះ​អាច​និយាយបានថា សុទ្ធតែជា​សញ្ញា​របស់​ជំងឺ​ធ្ងន់ធ្ងរផ្សេងៗទាំងអស់៕

  • កណ្តាស់​ញឹកញាប់ កុំ​កន្តើយ អាការ​នេះ​បង្ហាញ​ពី​រោគសញ្ញា​ច្រើនណាស់

    កណ្តាស់​ញឹកញាប់ កុំ​កន្តើយ អាការ​នេះ​បង្ហាញ​ពី​រោគសញ្ញា​ច្រើនណាស់

    ក្នុងអំឡុង​ពេលដែល​អាកាសធាតុ​ប្រែប្រួល រដូវ​កាល​ផ្លាស់ប្តូរ មនុស្ស​ជាច្រើន​តែងមាន​អាការ​កណ្តាស់​ហាច់​ឈីស! ជា​ញឹកញាប់ ដែល​ប្រាកដ​ណាស់ ច្បាស់​ជា​នឹក​ភ្លែត​ឡើង​ថា ប្រហែលជា​កើត​ផ្តាសាយ​មិន​ខាន។ អា៎… កុំអាល​គិតថា អាការ​កណ្តាស់​របស់​យើង​នេះ វា​បញ្ចប់​ត្រឹមតែ​ជំងឺ​ផ្តាសាយ​នោះ ព្រោះ​ការពិតទៅ អ្នកណា​ដែល​កណ្តាស់​ញឹកញាប់ ព្រឹក​ក៏​កណ្តាស់ ល្ងាច​ក៏​កណ្តាស់ កណ្តាស់​ពេញ​មួយថ្ងៃ​នេះ អាច​បណ្តាលមកពី​រាងកាយ​របស់​យើង​មាន​លាក់​បង្កប់​ភាពខុសប្រក្រតី​អ្វី​ម្យ៉ាង ឬ​ច្រើនយ៉ាង​ក៏​អាច​ថា​បានដែរ។

    1/ រោគ​ប្រតិកម្ម​ចាញ់​អាកាសធាតុ
    ក្នុងករណី​ដែល​មិនមែនជា​ជំងឺ​ផ្តាសាយ គឺ​មិនបាន​កណ្តាស់ និង​មាន​ទឹកសំបោរ​ខាប់​ស្អិត រួមទាំង​មិនមាន​អាការ​ឈឺក្បាល​ឡើយ ដូច្នេះ​វា​អាចទៅរួច​ថា អាការ​កណ្តាស់​ញឹកញាប់​របស់​អ្នកនេះ អាច​បណ្តាលមកពី​សភា​វ​របស់​រោគ​ប្រតិកម្ម​ចាញ់​ធាតុអាកាស រឹតតែ​នៅលើ​មនុស្ស​ដែលមាន​អាការ​កណ្តាស់​ញឹកញាប់ជាប់ៗគ្នា ឬ​មាន​អាការ​រមាស់​ក្នុង​ភ្នែក ហៀរ​ទឹកភ្នែក​រួមជាមួយ​ផង​នោះ ក៏​រឹតតែ​សង្ស័យថា​អាច​នឹង​កើតរោគ​ប្រតិកម្ម​ចាញ់​អាកា​ធាតុ ឬ​ជំងឺ​ច្រមុះ​បានដែរព្រោះ​រោគ​នេះ​ជា​អា​ការដែល​កើតឡើង​នៅលើ​សាច់​ភ្នាស​ក្នុង​ច្រមុះ ដែល​សាច់​ភ្នាស​ក្នុង​ច្រមុះ​របស់​អ្នក​កើតរោគ​នេះ​នឹង​ឆាប់រហ័ស​មានប្រតិកម្ម​ជាមួយនឹង​កត្តា​ជំរុញ​ជាច្រើន​ដូចជា សភាព​អាកាសធាតុ ធូលី​ដី លំអង​ទឹកភ្លៀង កេសរ​របស់​ផ្កា មេរោគ​ផ្សិត រោមសត្វ ឬ​សូម្បីតែ​ក្លិន និង​វត្ថុ​ដែល​ធ្វើឱ្យ​រលាក​ក្រហាយផ្សេងៗរហូត​បង្ក​ឱ្យ​កើតជា​អាការ​កណ្តាស់​ហាច់​ឈីសៗហ្នឹងឯង។

    2/ រលាក​សាច់​ភ្នាស​ច្រមុះ
    សភាវ​រលាក​សាច់​ភ្នាស​ច្រមុះ​ក៏​អាចជា​មូលហេតុ​របស់​អាកា​រក​ណ្តា​ស់​ញឹកញាប់​នេះ​បានដែរ ដោយ​សាច់​ភ្នាស​ក្នុង​ច្រ​មុះដែល​រលាក​នោះច្រើនតែ​បណ្តាលមកពី​ការឆ្លង​មេរោគ​វីរុស​នៅលើ​ប្រព័ន្ធ​ដកដង្ហើម ឬ​អាចជា​ការឆ្លង​មេរោគ​បាក់តេរី​ដែល​ច្រើនតែ​កើត​នៅលើ​មនុស្ស​ដែលមាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ទាប។ ទាំងអស់នេះ​យើង​អាច​សង្កេត​អាការ​រលាក​សាច់​ភ្នាស​ច្រមុះ​នេះ​បាន​តាមរយៈ​អាការ​កណ្តាស់​ញឹកញាប់ មិន​ព្រម​បាត់ អ្នកខ្លះ​អាចមាន​ក្តៅខ្លួនស្ទិញៗរួមជាមួយ​ផង មាន​ទឹកសំបោរ​ពណ៌​ប្រផេះ លឿង ដែល​បង្ហាញ​ពី​អាការ​ឆ្លង​មេរោគ ហើយ​អ្នកខ្លះ​អាចមាន​អាការ​ឈឺ​ក​រួមជាមួយ​ផងដែរ។

    3/ ជំងឺ​ឫសដូងច្រមុះ
    ឫសដូងច្រមុះ​គឺ សភាវ​ដែល​សាច់​ភ្នាស​នៅក្នុង​ច្រមុះ​មាន​អាការ​រលាក និង​ហើម រហូត​មាន​លក្ខណៈ​លយ​ពក​ចេញមក​ដូចជា​ខ្នែង ដែលច្រើនតែ​បណ្តាលមកពី​ការ​រលាក ឬ​ការឆ្លង​មេរោគ​នៅលើ​សាច់​ភ្នាស​ច្រមុះ​រ៉ាំរ៉ៃ ភាពខុសប្រក្រតី​របស់​ការ​តបស្នង​ចំពោះ​ប្រព័ន្ធ​ប្រសាទ​ដែល​គ្រប់គ្រង​ការធ្វើការ​របស់​សរសៃ​ឈាម​ក្នុង​ផ្នែក​ដែល​ចិញ្ចឹម​សាច់​ភ្នាស​ច្រមុះ ដែលជា​ហេតុ​ធ្វើឱ្យ​កើត​អាការ​ហើម​លើ​សាច់​ភ្នាស​ច្រមុះ។ ភាពខុសប្រក្រតី​ទាំងនោះ​អាច​បង្ហាញ​ចេញមក​ដោយអាការ​តឹង​ណែន​ច្រមុះ កណ្តាស់​ញឹកញាប់ មាន​ទឹកសំបោរថ្លាៗ ឬ​សំបោរ​មាន​ពណ៌​ព្រមជាមួយ​ក្លិន រួមទាំង​មាន​អាការ​ឈឺ​ពើត​នៅត្រង់​ក្តោងច្រមុះ និង​ថ្ពាល់ ឈឺ​ក​រ៉ាំរ៉ៃ និង​អា​ការឈឺ​ងឿង​ក្បាលទៀតផង។

    4/ សភាវ​ឌឺ​ថ្នាំ
    ការប្រើ​ថ្នាំ​ប្រភេទដដែលជាប់ៗគ្នា​យូរ អាច​បង្ក​ឱ្យ​កើត​ប្រតិកម្ម​អវិជ្ជមាន​ចំពោះ​រាងកាយ​បាន ដោយ​ច្រើន​ប្រទះ​ឃើញថា ថ្នាំ​ដែល​អ្នកជំងឺ​លេបជាប់ៗគ្នា​រយៈពេល​យូរ ជាហេតុ​នាំឱ្យ​កើត​អាការ​រលាក ហុច​ផល​ឱ្យ​កើត​អាការ​កណ្តាស់​ញឹកញាប់​មិន​បាត់​បាន​ដូចគ្នា ដោយ​នឹងមាន​ចំណុច​សង្កេត​បន្តិច​ថា អ្នកជំងឺ​នឹងមាន​អាការ​កណ្តាស់​ក្រោយពី​ប៉ះពាល់​នឹង​អ្វី​ដែលជា​កត្តា​ជំរុញ ដូចជា ផ្សែង​បារី ក្លិនឈួល​ខ្លាំង ឬ​ផ្សែង និង​ធូលី​ជាដើម៕

  • ក្រសួងកសិកម្ម៖ ក្រោយ​កាត់បន្ថយ​កូតា​នាំចូល​មាន់​ពី​បរទេស តម្លៃ​មាន់​ក្នុងស្រុក​ស្ទុះ​ឡើង

    ក្រសួងកសិកម្ម៖ ក្រោយ​កាត់បន្ថយ​កូតា​នាំចូល​មាន់​ពី​បរទេស តម្លៃ​មាន់​ក្នុងស្រុក​ស្ទុះ​ឡើង

    អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានចេញ​សេចក្តីប្រកាស​ព័ត៌មាន​កាលពីពេលថ្មីៗនេះ(ថ្ងៃទី9 ខែមករា ឆ្នាំ2020)ដោយបាន​លើកឡើង​ពី​ភាព​វិជ្ជមាន​នៃ​ចំណាត់ការ​របស់​ក្រសួងកសិកម្ម ក្នុងការ​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​មាន់​រស់​ពី​បរទេស​មកកាន់​កម្ពុជា។

    អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បញ្ជាក់ថា ចាប់ពី​ដើមឆ្នាំ2019 អគ្គនាយកដ្ឋាន​
    សុខភាព​សត្វ បាន​ពិនិត្យឃើញថា កសិករ សហគមន៍ និង​ក្រុមហ៊ុន​ចិញ្ចឹមសត្វ​នៅ​កម្ពុជា បាន​ជួបប្រទះ​នឹង​បញ្ហា​ធ្លាក់ចុះ​តម្លៃ​មាន់​រស់​យ៉ាងគំហុក ពោលគឺ​ថ្លៃដើម​ផលិត​ក្នុង1គីឡូក្រាម ត្រូវ​ចំណាយ​អស់ 5,000រៀល តែ​ចំពោះ​ការលក់​ចេញ​មាន់​រស់បាន​តម្លៃ​ត្រឹមតែ 4,800រៀល​ប៉ុណ្ណោះ​ក្នុង 1គីឡូក្រាម។

    អគ្គនាយកដ្ឋាន​នេះ​បាន​បន្តថា ដោយ​មើលឃើញ​ពី​សភាពការណ៍​នេះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​មាន់​រស់​ពី​បរទេស មកកាន់​កម្ពុជា​ពី​ចំនួន 13ក្រុមហ៊ុន មក​នៅត្រឹម​ចំនួន 7ក្រុមហ៊ុន​វិញ និង​ចំនួន​នាំចូល​ពីមុន 44,000ក្បាល​ក្នុង 1ថ្ងៃ មក​នៅត្រឹមតែ 1,7000ក្បាល​ប៉ុណ្ណោះ​ក្នុង 1ថ្ងៃ។

    អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានបញ្ជាក់​ទៀតថា លទ្ធផល​ដែល ទទួលបាន​ក្រោយពី​ការកាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​បក្សី​ពី​បរទេស មាន​ជាអាទិ៍៖
    * តម្លៃ​មាន់​រស់ បាន​កើន​ឡើងវិញ​ល្អប្រសើរ ពី 6,900 -7,400រៀល​ក្នុង 1គីឡូក្រាម។

    * អ្នក​ចិញ្ចឹម​បក្សី ប្រជាជន ក្រុមហ៊ុន​ចិញ្ចឹម​បក្សី និង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​គាំទ្រ និង​កោតសរសើរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លើ​ការកាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​មាន់​រស់​ពី​បរទេស​មក​កម្ពុជា​នេះ។

    លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា លោក​សូម​គាំទ្រ និង​កោតសរសើរ​ចំពោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​បាន​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​កូតា​មាន់​សាច់​រស់​នាំចូល​ពី​បរទេស ដើម្បី​លើកទឹកចិត្ត​ដល់​ផលិតកម្ម​ចិញ្ចឹម​មាន់​ក្នុងស្រុក​គ្រប់​រូបភាព ក្នុងការ​រក្សាបាន​តុល្យភាព​តម្លៃ មិន​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម និង​ជួយ​រក្សា​កម្លាំង​ពលកម្ម និង​កាត់បន្ថយ​ការ​ចំណាកស្រុក។

    លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​មានប្រសាសន៍ថា៖“ការកាត់បន្ថយ​មាន់​សាច់​រស់​នាំចូល​ពី​បរទេស ជាការ​ត្រឹមត្រូវ​ហើយ ព្រោះ​ផលិតកម្ម​ចិញ្ចឹមសត្វ​មាន់ និង​ជ្រូក​ក្នុងស្រុក កំពុងតែ​ជួប​នូវ​បញ្ហា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិកថ្មីៗនេះ បាន​ខាតបង់ កសិករ​ក៏​ងាក​មក​ចិញ្ចឹម​មាន់​វិញ​ម្ដង។

    ដូច្នេះ​ក្រសួង​បានគិត​គូរ​ដល់​កសិក​រហើយ ប៉ុន្តែ​សាច់មាន់​ឡើងថ្លៃ មិនមែន​ដោយសារតែ​ការកាត់បន្ថយ​ការនាំ​ចូល​ទេ គឺមាន់​ប្រទេសជិតខាង​ក៏​ឡើងថ្លៃ​ដែរ តែបើ​យើង​មិន​កាត់បន្ថយ​ទេ ពេល​ចុះថ្លៃ គេ​នឹង​នាំ​ចូលមក​គំហុក ដើម្បី​សម្លាប់​កសិករ​យើង”។

    លោក​ប្រធាន​សមាគម ដែលមាន​គំនិត​គាំពារ​និយម ចូលចិត្ត​លើកស្ទួយ​ដល់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​បានបញ្ជាក់​ថា នេះ​ក៏​ជា​សំណូមពរ​របស់​សមាគម​មួយ​ដែរ​សម្រាប់​ទីផ្សារ​តម្លៃ​មាន់​បច្ចុប្បន្ន​បើ​យើង​ឱ្យ​តម្លៃ​ថ្លៃ​ពេក វា​ក៏​ប៉ះពាល់​ដល់​អ្នក​ហូប អ្នកទិញ​ដែរ។ កត្តា​សំខាន់​ឱ្យ​ចំណេញ​ទាំងអស់គ្នា ចំណេញ​ទាំង​អ្នក​ចិញ្ចឹម ទាំង​អ្នក​ហូប។

    លោក ស្រ៊ុន ពៅ ក៏បាន​បន្តទៀត​ដែរ​ថា ចំណុច​មួយទៀត​នោះ គឺ​ការចិញ្ចឹម​មាន់​របស់​ក​សិ​ករ​បាន​ដំណើរ​ការល្អ តែ​យើង​ខ្វះ​ពូជ​មាន់​ឱ្យ​កសិករ​យើង នេះ​ក៏​ជា​បញ្ហា​មួយ​ដែរ។

    លោក ស្រ៊ុន ពៅ ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា៖“បើ​គិតពី​តម្លៃ​របស់​មាន់​ស្រែ នៅពេល​មាន​រដូវ​បុណ្យទាន ឬ​ចូលឆ្នាំ​ចិន​ជាដើម ជាការ​ពិត វា​ថ្លៃ​ជាង​ថ្ងៃ​ធម្មតា នេះ​ជា​ប្រពៃណី​ទៅហើយ។

    សម្រាប់​មាន់​ស្រែ​ថ្លៃ 25,000៛/1kg ឬ​ខ្ពស់ជាង​នេះ តែ​ការចិញ្ចឹម​របស់​វា ត្រូវ​ប្រើ​រយៈពេល​វែង​រហូតដល់​ទៅ 6 – 7ខែ​ឯណោះ។ សម្រាប់​មាន់​សាច់​រស់​វិញ ថ្លៃ​ជាង 6,400៛/1kg គឺ​ចុះ​បន្តិច​ហើយ(ប្រែប្រួល​តាម​ប្រទេស
    ជិតខាង)តែ​ការចិញ្ចឹម​ត្រូវការ​រយៈពេល​តែ​ជាង 40ថ្ងៃ​ទេ។ ឯ​សម្រាប់​មាន់ 3សាសន៍​វិញ ចិញ្ចឹម​ដល់​ទៅ​ជាង 3ខែ។ តម្លៃ​ប៉ុណ្ណឹង​នៅលើ​ទីផ្សារ គឺ​ល្អ”។

    លោក ពៅ ក៏បាន​ថ្លែង​បន្តទៀតថា៖“បច្ចុប្បន្ន យើង​មាន​តម្រូវការ​សត្វ​មាន់នៅ​ក្នុងប្រទេស​កម្ពុជា​ទាំងមូល​មាន​ប្រមាណ 12-13ម៉ឺន​ក្បាល​ក្នុង 1ថ្ងៃ ហើយ​ការ​នាំចូល​សព្វថ្ងៃ​មាន​ប្រមាណ​ពី 4-5ម៉ឺន​ក្បាល។ ដូច្នេះ​បានន័យថា ការផ្គត់ផ្គង់​ក្នុងស្រុក​បាន​ជាង 6-7ម៉ឺន​ក្បាល​ដែរ។ តែបើ​ឱ្យ​នាំចូល​ច្រើន វា​ធ្វើឱ្យប៉ះពាល់​ដល់​កសិករ​យើង”។

    លោក​ប្រធាន​សមាគម បាន​លើកឡើងថា៖“បើសិនណា​ជា​យើង​កាត់បន្ថយ​ទាំងអស់​បាន លុះត្រា​ណា​តែ​ក្នុងស្រុក យើង​ចិញ្ចឹម និង​អាច​ផ្គត់ផ្គង់​បាន។

    បើ​យើង​គិត 4ម៉ឺន​ក្បាល​ក្នុង 1ថ្ងៃ ហើយមាន់1ក្បាលមានតម្លៃ 5ដុល្លារនោះ​យើង​នឹង​ទទួលបាន 20ម៉ឺន​ដុល្លារ​ក្នុង 1ថ្ងៃ ហើយ​យើង​អាច​រកឃើញ​តួលេខ​ក្នុង 1ខែ ហើយ​យើង​រកឃើញផលចំណេញ​ជារួម​ដល់​ឆ្នាំ​ទៀតផង។ ដូច្នេះ​បើ​យើង​អាច​ជំរុញ​ឱ្យ​កសិករ​ចិញ្ចឹម​បាន នោះ​យើង​នឹង​ទទួលបាន​ផលចំណេញ និង​កាត់បន្ថយ​បាន​នូវ​ការចំណាកស្រុក​ផងដែរ”។

    តែ​ទោះជា​យ៉ាងណាក្តី លោក​ប្រធាន​សមាគម បាន​បញ្ជាក់ថា៖ “តួលេខ​នៃ​ការផ្គត់ផ្គង់​ទីផ្សារ​នៅពេល​រដូវ​បុណ្យទាន ដូចជា​ចូលឆ្នាំ​ចិន-វៀតណាម មាន​តម្រូវការ​មាន់​ច្រើន និង​មាន់​ស្រែ​អាចមាន​តម្រូវការ​ច្រើនជាង តែ​វា​បន្ថយ​ចំនួន​មាន់​សាច់​ទៅវិញ។ ពោលគឺ ការផ្គត់ផ្គង់​តម្រូវការ​ប្រជាជន អាច​គ្រប់គ្រាន់ ព្រោះ​អ្នក​ចិញ្ចឹម​គេ​បាន​ត្រៀម​សម្រាប់​តម្រូវការ​នេះ​ជាមុន​រួចរាល់។ ចំនួន​មាន​តួលេខ​ដដែល គឺ​ប្រមាណ​ជាង 13ម៉ឺន​ក្បាល (ដោយ​កើន​ចំនួន​មាន់​ស្រែ តែ​ថយ​តម្រូវការ​មាន់​សាច់)”។ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ក៏បាន​អំពាវនាវ​ផងដែរ​ចំពោះ​អ្នក​ដែល​ចិញ្ចឹម​ជ្រូក និង​ចិញ្ចឹម​មាន់ ដែល​ធ្វើការ​

    ផ្គត់ផ្គង់​សាច់​ក្នុង​ទីផ្សារ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​ក្នុងពេល​កន្លងមក ធ្លាប់​កើតមាន និង​ជំងឺផ្តាសាយបក្សី ត្រូវតែ​ធ្វើ​ជីវៈ​សុវត្ថិភាព​ជាប្រចាំ​នៅ​ទីតាំង និង​កន្លែង​ចិញ្ចឹម ដើម្បី​ការគ្រប់គ្រង​បានល្អ​ប្រសើរ ចៀស​ផុតពី​ស្ថានភាព​នៃ​ការ​រាលដាល​នៃ​ជំងឺឆ្លង​បក្សី និង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ៕

  • វេសឡាញ ចេញវិធានការទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCov) ក្នុងបណ្តាញសាលារៀនរបស់ខ្លួន

    វេសឡាញ ចេញវិធានការទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCov) ក្នុងបណ្តាញសាលារៀនរបស់ខ្លួន

    ស្របពេលដែលអាណាព្យាបាលសិស្សជាច្រើនកំពុងមានការព្រួយបារម្ភពី​សុវត្ថិភាពសុខភាព​របស់កូនៗនៅក្នុងសាលារៀន​ ក្រុមហ៊ុនវេសឡាញអេឌ្យូខេសិនគ្រុប បានចាប់ផ្តើមចេញ​យុទ្ធនាការ​ទប់ស្កាត់ជំងឺ​សួតដោយវីរុស​កូរ៉ូណាថ្មី (2019-nCov) នៅក្នុងបណ្តាញសាលារៀនរបស់ខ្លួនដើម្បីជួយបញ្ជៀសសិស្សានុសិស្សរបស់ខ្លួនពីមេរោគថ្មីនេះ។

    លោក គង់ សំនៀង  ប្រធាននាយក​ប្រតិបត្តិការនៃក្រុមហ៊ុន​វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថាបញ្ហាជំងឺរលាកសូតដែលកើតឡើងដោយវីរុសកូរ៉ូណាថ្មី (2019-nCov) នេះជាបញ្ហាមួយដែលអាណាព្យាបាលជាច្រើនមានការព្រួយបារម្ភ ជាពិសេស​គឺបារម្ភពីសុវត្ថិភាពរបស់កូនៗ តែស្ថានភាពជាក់ស្តែងបើតាមការបញ្ជាក់របស់អ្នកជំនាញដែលបណ្តាញព័ត៌មាន​ផ្លូវការនានាបានផ្សព្វផ្សាយថាមេរោគដែលនាំឱ្យកើតជំងឺនេះបានកើតឡើងច្រើនតែតំបន់ត្រជាក់ខ្លាំងតែប៉ុណ្ណោះ។ សម្រាប់កម្ពុជាដែលមានសីតុណ្ហភាពក្តៅ មេរោគនេះមិនសូវជាមានឥទ្ធិពលខ្លាំងប៉ុន្មាននោះទេ តែទោះជាយ៉ាងនេះក្តីយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា​ព្រោះសុខភាពជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ។ ដោយមើលឃើញពីសារៈសំខាន់នៃការរក្សាសុខភាពសម្រាប់សិស្សានុសិស្ស និងកាន់តែពិសេស​ក្នុងស្ថានភាពដែល​មានការព្រួយបារម្ភពីការរីករាលដាលនៃមេរោគ​រលាកសួតដោយវីរ៉ុសកូរ៉ូណាថ្មីនេះ ទើបបណ្តាញសាលារៀនរបស់វេសឡាញទាំងអស់បានចាប់ផ្តើម​អនុវត្តនូវសកម្មភាពសំខាន់ៗជាច្រើន។

    លោកថា ជាវិធានការបន្ទាន់សម្រាប់គ្រប់សាខាទាំងអស់គឺត្រូវតាមដាន​ការវាស់ស្ទង់កម្តៅសិស្សមុនចូលថ្នាក់រៀនគ្រប់កម្រិតដើម្បីធានាថាសិស្សដែលមានសីតុណ្ហភាពលើស 38អង្សារសេ​អាចនឹងថែរក្សាសុខភាពបានទាន់ពេលវេលា។ បន្ថែមពីលើនេះគឺត្រូវលៀងដៃសិស្សគ្រប់គ្នានឹងសាប៊ូកំចាត់មេរោគ ឬអាកុល គ្រប់គ្នាមុនពេលចូលសាលារៀន។ លើសពីនេះទៅទៀតនៅគ្រប់សាខាទាំងអស់គឺបានត្រៀមទិញម៉ាស់ សាប៊ូ និងសម្ភារៈបរិក្ខាជាច្រើនផ្សេងទៀតដើម្បីផ្តល់ដល់សិស្សានុសិស្សប្រើប្រាស់ក្នុងគោលបំណងការពារពីការឆ្លងមេរោគផ្សេងៗ។ ដោយឡែកសម្រាប់សិស្សដែលមានអាការៈមិនស្រួល សាលានឹងទំនាក់ទំនងទៅអាណាព្យាបាលដើម្បីជូនពួកគេទៅផ្ទះវិញ។ ហើយក្នុងនោះសាលាក៏បានណែនាំឱ្យអាណាព្យាបាលទាំងអស់ប្រញ៉ាប់ទៅជួបគ្រូពេទ្យប្រសិនបើរកឃើញថាកូនៗរបស់គាត់មានអាការៈមិនសូវស្រួលខ្លួនដូចជាឡើងកម្តៅខ្ពស់ ហៀរសំបោរ ឬមានអាការៈដូចទៅនឹងការប្រកាសរបស់ក្រសួងសុខាភិបាល។ ដោយឡែកចំពោះសិស្សដែលបានទៅលេងប្រទេសចិនថ្មីក្នុងអំឡុងពេលមួយសប្តាហ៍ យើងបានស្នើសុំឱ្យគាត់សម្រាកនៅផ្ទះ 1 ទៅ2សប្តាហ៍ដើម្បីតាមដានសុខភាពឱ្យបានល្អជាមុនសិន។

    លោក គង់ សំនៀង បាននិយាយថា៖ «​សម្រាប់គ្រប់បន្ទប់រៀនទាំងអស់ដែលមានបង្អូច យើងនឹងឱ្យគាត់បិទម៉ាស៊ីនត្រជាក់ បើកបង្អួច​ឱ្យមានពន្លឺ និងកម្តៅចូលខ្លះ ដើម្បីឱ្យមានលំហូរខ្យល់​ចេញ-ចូលល្អ ព្រោះជាទូទៅជំងឺផ្តាសាយមិនសូវឆ្លង ឬងាប់មេរោគក្នុងសីតុណ្ហភាពក្តៅ»។

    លោក គង់ សំនៀង បានបន្ថែមទៀតថា សូមអាណាព្យាបាល​សិស្សកុំមានការព្រួយបារម្ភខ្លាំងពេកពីបញ្ហាការរីករាលដាល​នៃជំងឺថ្មីនេះ ព្រោះដូចលោកបានបញ្ចាក់ហើយថា​តាមការបង្ហាញពីបណ្តាញព័ត៌មានផ្លូវការជាច្រើន រួមទាំង​ការណែនាំរបស់វិជ្ជបណ្ឌិតមួយចំនួនផងបានឱ្យដឹងថា ប្រភេទជំងឺរលាកសួតនេះកើតឡើងពីប្រភេទមេរោគផ្តាសាយទេ។ ចំពោះស្ថានភាពកម្ពុជាយើង គឺខុសគ្នាពីស្ថានភាពនៅប្រទេសចិន ដោយសីតុណ្ហភាពនៅកម្ពុជាមិនអាចធ្វើឱ្យ​មេរោគឆ្លងមកងាយៗនោះទេ តែយើងក៏មិនត្រូវធ្វេសប្រហែសដែរ ជាពិសេសគឺបញ្ហាអនាម័យ។ ហេតុនេះប្រសិនបើយើងបានចូលរួមរក្សាអនាម័យល្អហើយ និងព្រមទាំងមានការយកចិត្តទុកដាក់ពីសាលាផង សូមបញ្ជូនកូនទៅសាលារៀនជាធម្មតាដើម្បីកុំឱ្យមានការប៉ះពាល់ដល់ការសិក្សា។

    គួរបញ្ជាក់ផងដែរថាមកដល់ពេលនេះ​នៅកម្ពុជាមានការរកឃើញអ្នកដែលឆ្លងមេរោគរលាកសួតថ្មី កើតពីវីរុសកូរ៉ូណា (2019-Ncov) តែម្នាក់ប៉ុណ្ណោះ ហើយតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលក៏បានឱ្យដឹងផងដែរថា អ្នកដែលផ្ទុកមេរោគនេះ​ត្រូវបានដាក់ដាច់ដោយឡែក និងថែទាំដោយយកចិត្តទុកដាក់បំផុតពីមន្ត្រីជំនាញ។ ចំពោះស្ថានភាពសុខភាពវិញ គឺស្ថិតក្នុងស្ថានភាពនឹងនរនោះទេ ខណៈក្រសួង និងភាគីពាក់ព័ន្ធកំពុងចេញយុទ្ធនាការទប់ស្កាត់ ក៏ដូចជាព្យាយាមគ្រប់លទ្ធភាពដើម្បីកុំឱ្យមានការឆ្លង ឬរីករាលដាលនៅក្នុងប្រទេសកម្ពុជា៕

  • ភាពយន្ដមនោសញ្ចេតនាស្រុកស្រែក « អន្ទាក់ស្នេហ៍» កំពុងអង្រួងដួងចិត្តអ្នកទស្សនា

    ភាពយន្ដមនោសញ្ចេតនាស្រុកស្រែក « អន្ទាក់ស្នេហ៍» កំពុងអង្រួងដួងចិត្តអ្នកទស្សនា

    ភាពយន្តខ្មែរថ្មីរឿង «អន្ទាក់ស្នេហ៍» បានបង្ហាញវីដេអូខ្លី Trailer ផ្លូវការរបស់ខ្លួនហើយ ដោយភាពយន្តខ្មែរមួយនេះនឹងឆ្លុះបញ្ចាំងពីស្នេហាបែបស្រុកស្រែ ផ្សំនឹងការលើកឡើងនៃទីតាំងតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាដើម្បីបង្ហាញក្នុងរោងភាពយន្ត។

    រឿង«អន្ទាក់ស្នេហ៍» និយាយពី បុរសចំណាស់ម្នាក់ដែលមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ ហើយគាត់បានលង់ស្រលាញ់ឈ្លក់វង្វេង នឹងនារីដែលមានគូកំណាន់ចិត្តរួចទៅហើយ។ តាចាស់ចង់បានប្រពន្ធក្មេង មិនខ្លាចការរិះគន់ គាត់បានប្រើអំណាច ឥទ្ធិពលនៃទ្រព្យ និង ល្បិច កិច្ចកលសព្វយ៉ាង ដើម្បីយកនាងឱ្យខានតែបាន។

    តើរក្សា ដែលសម្តែងដោយ តារាសម្តែង សុខ សុម៉ាវត្ដី និង ចៅពេជ្រ ដែលសម្ដែដោយ តារាសម្ដែង សន ពិសិដ្ឋ អាចឆ្លងកាត់ការបំបែកបំបាក់ ពីអន្ទាក់ស្នេហ៍ របស់បុរសចំណាស់នេះបានឬយ៉ាងណា? យើងនឹងដឹងចម្លើយគ្រប់គ្នាក្នុងរោងភាពយន្តខ្មែរ គ្រប់សាខានៅថ្ងៃទី20 ខែ កុម្ភៈ ឆ្នាំ 2020 ខាងមុខនេះហើយ៕

    ទស្សនាវីដេអូ Trailer ខាងក្រោម៖