Category: សង្គម និងសេដ្ឋកិច្ច

  • ស្វាយរៀង បន្តភាពខ្លាំង ដោយលត់ក្រុមជើងឯកលីកកំពូលរបស់សិង្ហបុរី  5ទល់នឹង1

    ស្វាយរៀង បន្តភាពខ្លាំង ដោយលត់ក្រុមជើងឯកលីកកំពូលរបស់សិង្ហបុរី  5ទល់នឹង1

    ការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមព្រះខ័នរាជស្វាយរៀង នឹងក្រុមជើងឯកលីកកំពូលសិង្ហបុរី DPMM FC បានបញ្ចប់ទៅហើយកាលពីម្សិលមិញនេះ ដោយក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ដោយលទ្ធផល 5 ទល់នឹង1 នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

    គួរបញ្ជាក់ផងដែរថា ក្រុម DPMM FC ជាក្រុមរបស់ប្រទេសប្រ៊ុយណេ ក៏ប៉ុន្តែមកប្រកួតប្រជែងនៅក្នុងលីកកំពូលរបស់សិង្ហបូរី ដោយទទួលបានចំណាត់ថ្នាក់លេខ1 ក្នុងរដូវកាល2020កន្លងទៅនេះ៕


  • វង្វាន់លីកកំពូលរបស់កម្ពុជា អាចនឹងដំឡើងដល់ 80លានរៀល

    វង្វាន់លីកកំពូលរបស់កម្ពុជា អាចនឹងដំឡើងដល់ 80លានរៀល

    លោក ឈី កុលបុត្រា អនុប្រធានលេខាធិការរដ្ឋាន នៃគណៈកម្មការរៀបចំប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) បានបញ្ជាក់ក្នុងសន្និសីទកាសែតបើករដូវកាលឆ្នាំ2020 ទាំងពានរង្វាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលីកកំពូលកម្ពុជាថា ប្រាក់រង្វាន់នៃពានលីកកំពូលកម្ពុជា រដូវកាល2020 នេះ នឹងត្រូវដំឡើងជាលើកដំបូងចាប់តាំងពីឆ្នាំនេះតទៅ។

    ចំពោះចំនួនដែលត្រូវដំឡើងប៉ុនណា គឺមិនទាន់ត្រូវបានបញ្ជាក់ឱ្យបានច្បាស់ការនៅឡើយទេ ដោយសារតែមិនទាន់បញ្ចប់ការស្នើសុំនេះ ដោយលោកដឹងត្រឹមតែថា នឹងមានការដំឡើងតែប៉ុណ្នោះ។

    តាមប្រភពស្និទ្ធនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបឱ្យដឹងថាមានការស្នើសុំដំឡើងពី 60លានរៀល (កាលពីឆ្នាំចាស់) ទៅកាន់ 80លាន ក្នុងរដូវកាលឆ្នាំ2020 នេះ តែចំនួននេះទើបតែស្នើឡើងទៅ នៅមិនទាន់ទទួលបានការយល់ព្រមនៅឡើយទេ៕


  • លីកកំពូលប្រទេសវៀតណាម ប្រកាសលើកពេលប្រកួត ព្រោះតែវីរុសកូរ៉ូណា

    លីកកំពូលប្រទេសវៀតណាម ប្រកាសលើកពេលប្រកួត ព្រោះតែវីរុសកូរ៉ូណា

    កាលពីពេលថ្មីៗនេះ មានការប្រកាសចេញពីសហព័ន្ធកីឡាបាល់ទាត់ចិន ថា ការប្រកួតលីកកំពូលក្នុងប្រទេសចិន នឹងត្រូវពន្យារពេល ព្រោះតែការរាតត្បាតនៃមេរោគវីរុសថ្មីកូរ៉ូណា។

    មកទល់នឹងពេលនេះ លីកកំពូលវៀតណាម ក៏ចាប់ផ្តើមប្រកាសអំពីការលើកពេលប្រកួតក្នុងលីករបស់ខ្លួនដូចគ្នាដែរ។

    គួរបញ្ជាក់ផងដែរថា ក្រោយពីផ្ទុះវីរុសនេះឡើង នៅជុំវិញពិភពលោក ជាពិសេសប្រទេសវៀតណាម បានប្រកាសពន្យារពេលប្រកួតពានរង្វាន់កម្រិតជាតិរបស់ពួកគេគ្រប់កម្រិតទាំងអស់ ចន្លោះពី 2 ទៅ 3សប្តាហ៍៕

  • ទម្លាប់ចំនួន 3 ដែលពួកមហាសេដ្ឋីតែងតែធ្វើ ដើម្បីបង្កើនទ្រព្យ

    ទម្លាប់ចំនួន 3 ដែលពួកមហាសេដ្ឋីតែងតែធ្វើ ដើម្បីបង្កើនទ្រព្យ

    ភាពខុសគ្នារវាងអ្នកមាន និងអ្នកក្រគឺវាមានភាពជាក់ស្ដែង ជាមួយនឹងទម្លាប់មួយចំនួន។ ខាងក្រោមនេះគឺជាទម្លាប់ដ៏សំខាន់បំផុតដែលអ្នកអាចយកទៅអនុវត្តឱ្យឈានទៅដល់គោលដៅសេរីភាពផ្នែកហិរញ្ញវត្ថុរបស់អ្នក។

    ១) អ្នកមាន គេរស់នៅក្នុងរង្វង់ប្រាក់ចំណូលរបស់គេ
    អ្នកមានតែងតែជៀសវាងការចំណាយដែលមិនចាំបាច់ និងឥតបានការ។ ពួកគេតែងតែសន្សំទុក ២០ភាពរយនៃប្រាក់ចំណូលរបស់ពួកគេ ហើយនឹងចំណាយ ៨០ភាពរយទៅលើការរស់នៅរបស់ពួកគេជាប្រចាំថ្ងៃ។

    ២) កុំលេងល្បែងស៊ីសង
    ចូរនិយាយអំពីមនុស្ស ៧៧ភាពរយ ដែលជួបការលំបាក់ខាងផ្នែកហិរញ្ញវត្ថុ ដោយសារតែការលេងឆ្នោតផ្សងសំណាង ឬលេងល្បែងស៊ីសង។ មនុស្សដែលមានទ្រព្យសម្បត្តិពិតប្រាកដគេមិនដែលមានដោយសារតែការលេងល្បែងស៊ីសងនោះទេ ហើយអ្នកមានពិតប្រាកដមិនដែលពឹងទៅលើសំណាងនោះដែរ។ ពួកគេបង្កើតសំណាងដោយខ្លួនឯងផ្ទាល់ ហើយប្រសិនបើអ្នកចង់មានទ្រព្យសម្បត្តិច្រើន ចូរខិតខំប្រឹងប្រែងធ្វើវា កុំដេកចាំតែសំណាង។

    ៣) ចូរអានរាល់ថ្ងៃ
    មហាសេដ្ឋីនៅលើពិភពលោកស្ទើរតែទាំងស្រុង គឺចូលចិត្តអានសៀវភៅ ព្រោះវាបានបង្កើតនូវចំណេះដឹង ហើយចំណេះដឹងទាំងនោះ គឺបានជួយគាត់ឱ្យដឹកនាំក្រុមហ៊ុនបានល្អ និងរីកចម្រើន រហូតមានមហាសេដ្ឋីមួយចំនួនបានឆ្លើយទៅកាន់អ្នកសារព័ត៌មានវិញថា «ខ្ញុំជោគជ័យ និងមានបានដោយសារតែសៀវភៅមួយគំនរនេះឯង»។ ក្នុងចំណោមមនុស្សដែលមានទ្រព្យសម្បត្តិច្រើន ៨៨ភាពរយ បានអានសៀវភៅ ៣០នាទី ឬក៏ច្រើនជាងនេះជារៀងរាល់ថ្ងៃ ដើម្បីបង្កើនចំណេះដឹងទៅលើអាជីវកម្ម ឬក៏អាជីបមុខរបរបស់ពួកគេ៕

  • ផ្ទុះការរិះគន់..ចុំ ​«គេងពីព្រលឹម ក្រោកពីព្រលប់ » តើគួរគេង​ពេល​ណា​ឱ្យប្រាកដ​ទៅ??

    ផ្ទុះការរិះគន់..ចុំ ​«គេងពីព្រលឹម ក្រោកពីព្រលប់ » តើគួរគេង​ពេល​ណា​ឱ្យប្រាកដ​ទៅ??

    ដោយគេមើលឃើញការលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបានឱ្យដឹងថា បទចម្រៀងរបស់ រាជិនីសំឡេងមាស រស់ សេរីសុទ្ធា « ចម្រៀងលាគ្នា » ត្រូវបានតារាចម្រៀងជំនាន់ក្រោយៗយកមកច្រៀងឡើងវិញ​យ៉ាងពីរោះរណ្ដំចិត្ត។ ក៏ប៉ុន្ដែក្នុងនោះក៏មានទង្វើធ្វេសប្រហែសមួយចំនួនដែលធ្វើឱ្យអ្នកច្រៀងប្រាសចាកឃ្លាដើមត្រង់ឃ្លា « គេងពីព្រលឹម ក្រោកពីព្រលប់ » ទាំងដែលស្ដាប់ទៅមិនទំនងន័យ។ ក្នុងនោះក៏មានការលើកឡើងរបស់អ្នកលេងបណ្ដាញសង្គម ដែលមានស្នើឱ្យការផលិតបទចម្រៀងមានការត្រួតពិនិត្យឱ្យបានល្អិតល្អន់ឡើងវិញ។ សំនួររបស់អ្នកលេងបណ្ដាញសង្គមក៏ចង់ដឹងដែលថា តើបទនេះត្រូវគេងពេលណាឱ្យប្រាកដទៅ??

    យ៉ាងណាមិញ មានការលើកឡើងក្នុងហ្វេសប៊ុកថា «មកពីមិនសិក្សាប្រវត្តិបទចម្រៀងគេជាមុនសិន បានចេះតែច្រៀងមកខុសពេញទឹកពេញដី ពេលខ្លះ ខុសទាំងការដឹកនាំសម្ដែងកាយវិការ ឱ្យសមជាមួយនឹងសាច់រឿងដើមរបស់គេទៀត។ ជាក់ស្ដែងដូចជាបទចម្រៀងនេះអញ្ចឹង តួស្រីផ្ដាំតួប្រុសឱ្យ “គេងពីព្រលប់ ក្រោកពីព្រលឹម” មិនមែន “គេងពីព្រលឹម ក្រោកពីព្រលប់”នោះទេ។ សូមបញ្ជាក់ផងដែរថា បទ”ចម្រៀងលាគ្នា” របស់លោកយាយរស់សេរីសុទ្ធា គឺជាបទចំរៀងដែលប្រសូតចេញពីផលិតកម្មចិនមួយ ដើម្បីដាក់បញ្ចូលទៅក្នុងភាពយន្តចិន ដែលមានចំណងជើងថា “អូនឈឺចិត្តណាស់” ។ នៅក្នុងរឿងនេះ មានរយៈពេលបញ្ចាំងជាច្រើនម៉ោង និងសាច់រឿងដ៏កំសត់ អមជាមួយនឹងបទចម្រៀងជាច្រើនបទ។ ចម្រៀងលាគ្នា ត្រូវបានបកប្រែ និង រៀបចំទំនុកបទចម្រៀង ជាខេមរភាសា ដោយ លោកតា ម៉ក់ ឈួន។ បទដើម មានចំណងជើងថា “谁来爱我” ច្រៀងដោយអ្នកស្រី 邓丽君 ។»

    ហើយក៏មានការអះអាងពីគណនីហ្វេសប៊ុកមួយទៀតដែរថា «កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានបង្ហោះបទចម្រៀងដែលច្រៀងឡេីងវិញដោយអ្នកនាង ឪក សុគន្ធកញ្ញាគឺ ចម្រៀងលាគ្នា ដែលបទនេះដកស្រង់ពីខ្សែភាពយន្តភាគចិន “អូនឈឺចិត្តណាស់” រហូតដល់សារព័ត៌មានមួយចំនួនយកទៅផ្សាយ បង្កើតជាការងឿងឆ្ងល់ ប្រទាញប្រទង់គ្នា។ បេីយោងតាមបទម្ចាស់ដេីមគឺ “គេងពីព្រលប់ ក្រោកពីព្រលឹម” មិនមែនដូចអ្វីដែលអ្នកនាង កញ្ញា ច្រៀងនោះទេ ហេីយឃ្លានេះគឺវាសុីនិងបរិបទសង្គមសម្រាប់មនុស្សទូទៅផងដែរ។ វាមិនដែលមានគេងពីព្រលឹម ក្រោកពីព្រលប់ ទោះបីមនុស្សមួយចំនួនយកយប់ធ្វេីថ្ងៃ យកថ្ងៃធ្វេីយប់ក៏គេមិនដែលនិយាយដែរ»៕

  • ថ្នាំជក់ ឃាតករថ្មី ហានិភ័យខ្ពស់សម្រាប់អ្នកញៀនបារី

    ថ្នាំជក់ ឃាតករថ្មី ហានិភ័យខ្ពស់សម្រាប់អ្នកញៀនបារី

    មនុស្សជាង 8លាននាក់បានស្លាប់ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ ជារៀងឆ្នាំ​ ដែលភាគច្រើននៃអ្នកស្លាប់ ស្ថិតនៅក្នុងប្រទេសដែលមានចំណូលមធ្យម និងទាប។​ ចំណែកឯអ្នកស្រូបផ្សែងបារីពីគេ ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរ បង្កឱ្យមានជំងឺផ្លូវដង្ហើម ជំងឺបេះដូង មហារីក និងជំងឺផ្សេងៗបណ្តាលឱ្យស្លាប់ប្រមាណ ១.២លាននាក់ក្នុង 1ឆ្នាំទូទាំងសកលលោក។ ដោយឡែកប្រជាជនកម្ពុជា ចំនួនប្រមាណ 15,000នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារការជក់បារី និងការស្រូបផ្សែងបារីពីគេ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ2019 នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់កាលពីថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2020 នេះ នៅសណ្ឋាគារលាភវិរៈសារ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់​ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះថ្វីបើមិនមានការផ្សាយពាណិជ្ជកម្មផលិតផលបារី តាមរយៈទូរទស្សន៍ តាមរយៈផ្ទាំងប៉ាណូធំៗ ប៉ុន្តែការបិទផ្សាយពាណិជ្ជកម្មតូចៗតាមកន្លែងលក់កាហ្វេ តាមហាងលក់គ្រឿងទេសផ្សេងៗ ក៏ដូចជាការបញ្ជូនស្ត្រីស្អាតដើរផ្សាយពាណិជ្ជកម្មបារី នៅតែបន្តមាននៅឡើយ  ខណៈដែលយើងកំពុងមានវិធានការតាមរយៈដំឡើងពន្ធផលិតផលថ្នាំជក់ឱ្យដល់កម្រិតមួយ ដែលធ្វើឱ្យចំណេញដល់សេដ្ឋកិច្ច និងកាត់បន្ថយអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់។

    លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍បន្ដទៀតថា ទន្ទឹមនេះយើងបានជំរុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីគ្រោះថ្នាក់នៃការជក់បារី តាមរយៈការដាក់សារព្រមានសុខភាពជារូបភាពធំៗនៅលើកញ្ចប់បារី និងជំរុញការហាមឃាត់ការជក់បារីនៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ដូចជាតាមភោជនីយដ្ឋាន តាមសណ្ឋាគារ អាហារដ្ឋាន និងតាមតៀមកាហ្វេជាដើម​ ដែលតម្រូវឱ្យម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារត្រូវបិទសញ្ញាហាមជក់ ហើយត្រូវប្រាប់ដល់ភ្ញៀវដែលជក់បារីឱ្យចេញទៅជក់នៅខាងក្រៅកន្លែងគ្មានមនុស្ស ដើម្បីការពារអ្នកមិនចេះជក់បារី ជាពិសេស​ស្ត្រី និងកុមារ។ តែទោះបីមានអនុក្រឹត្យតម្រូវឱ្យបោះពុម្ពសារព្រមានសុខភាពជារូបភាពលើផលិតផលថ្នាំជក់តាំងពីឆ្នាំ2016 មកក្ដី ក៏បច្ចុ​ប្បន្នយើងនៅតែសង្កេតឃើញថា ផលិតផលថ្នាំជក់មួយចំនួនពុំទាន់មានបោះពុម្ពផ្សាយសារព្រមាន​ពីការប៉ះពាល់សុខភាព ដូចការកម្រិតរបស់រាជរដ្ឋាភិបាលនៅឡើយ៕

  • គួរឱ្យអាណិតណាស់! កូនកំលោះ និងកូនក្រមុំ ត្រូវ “ឃុំខ្លួនឯង” ក្នុងផ្ទះ ខណៈពិធីរៀបការធ្វើឡើងនៅឯសណ្ឋាគារ ព្រោះតែខ្លាច…

    គួរឱ្យអាណិតណាស់! កូនកំលោះ និងកូនក្រមុំ ត្រូវ “ឃុំខ្លួនឯង” ក្នុងផ្ទះ ខណៈពិធីរៀបការធ្វើឡើងនៅឯសណ្ឋាគារ ព្រោះតែខ្លាច…

    កូនកំលោះ និងកូនក្រមុំ រួមជាមួយឪពុកម្ដាយ ត្រូវបង្ខាំងខ្លួនឯងក្នុងផ្ទះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់ពួកគេប្រារព្ធឡើងនៅឯសណ្ឋាគារតាមការគ្រោងទុក។

    លោក Yu អាយុ 37ឆ្នាំ ធ្វើការផ្នែកសំណង់ បានត្រឡប់មកស្រុកកំណើតម្ដាយក្នុងខេត្ត Hunan ប្រទេសចិន មុនរដូវចូលឆ្នាំចិន ហើយបានត្រឡប់មកដល់សិង្ហបុរីវិញនៅថ្ងៃទី30 មករា។ ពិធីជប់លៀងអាពាហ៍ពិពាហ៍របស់គាត់ និងភរិយាបានត្រូវធ្វើឡើងនៅក្នុងសណ្ឋាគារមួយកាលពីថ្ងៃទី2 កុម្ភៈ ប៉ុន្តែ ដោយសារតែគេទើបត្រឡប់មកពីតំបន់មានអាសន្នរោគកូរ៉ូណា គម្រោងរបស់ពួកគេក៏ត្រូវបានផ្លាស់ប្ដូរ។

    កូនកំលោះរូបនេះបាននិយាយថា ៖ “ភ្ញៀវដែលពួកខ្ញុំបានអញ្ជើញ មានការព្រួយបារម្ភនៅពេលដឹងថា ពួកខ្ញុំទើបត្រឡប់មកពីប្រទេសចិន ទើបយើងខ្ញុំសម្រេចចិត្តនៅដាច់ដោយឡែកពីមនុស្សម្នាក្នុងរយៈពេល 14ថ្ងៃ”។

    ពិធីជប់លៀងអាពាហ៍ពិពាហ៍ នៅតែប្រារព្ធឡើងតាមការគ្រោងទុក ភ្ញៀវដែលបានអញ្ជើញ បានមកចូលរួមគ្រប់គ្នា។ កូនកំលោះ និងកូនក្រមុំត្រូវបង្ខាំងខ្លួនក្នុងផ្ទះ ហើយទទួលភ្ញៀវតាមរយៈអេក្រង់ទូរទស្សន៍ដោយការផ្សាយផ្ទាល់តាមអ៊ីនធើណិត។ កូនកំលោះនិយាយថា៖ “សូមអរគុណលោក លោកស្រី និងមិត្តទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីមង្គលការរបស់យើងខ្ញុំ។ សូមមេត្តាអធ្យាស្រ័យផង​ដែលយើងខ្ញុំមិនអាច​និយាយ​ពាក្យអរគុណ​​ដោយ​ផ្ទាល់បាន”។ ភ្លាមនោះ សម្លេងទះដៃក៏លាន់កងរំពងឡើង។

    ជាងនេះទៅទៀត ពួកគេថែមទាំងឆ្លៀតធ្វើពិធីមង្គលការបែបប្រពៃណីចិន និងអញ្ជើញភ្ញៀវកិត្តិយសឡើង លើ ឆាកដើម្បីជល់កែវជាមួយពួកគេទៀតផង។ ដោយសារតែឪពុកម្ដាយរស់នៅជាមួយកូន ដូច្នេះពួកគេក៏ត្រូវនៅដាច់ដោយឡែកពីមនុស្សម្នា។ ក្នុងពិធីជប់លៀងនេះ មានតែប្អូនស្រីរបស់កូនកំលោះប៉ុណ្ណោះ ជាអ្នកទទួលភ្ញៀវដោយផ្ទាល់។

    ទីភ្នាក់ងារសារព័ត៌មានចិន Chinapress បានឱ្យដឹងថា បន្ទាប់ពីពិធីរៀបការនៅសិង្ហបុរីនេះ កូនកំលោះនិងកូនក្រមុំនឹងបន្តរស់នៅដាច់ដោយឡែកពីគេឯង ហើយពួកគេនឹងចូលធ្វើការវិញចាប់ពីថ្ងៃទី15កុម្ភៈខាងមុខ បើសិនជាពួកគេមិនមានផ្ទុកមេរោគវីរុសកូរ៉ូណា៕

    ប្រភព៖ សារព័ត៌មានបរទេស

  • តើ​ការ​អភិរក្ស​សំណង់​អគារ​ចាស់​ៗ ចំណេញ​អ្វីខ្លះ​ដល់​កម្ពុជា​?

    តើ​ការ​អភិរក្ស​សំណង់​អគារ​ចាស់​ៗ ចំណេញ​អ្វីខ្លះ​ដល់​កម្ពុជា​?

    អ្នកជំនាញ​អចលនទ្រព្យ​នៅ​កម្ពុជា​ បាន​ចាត់ទុកថា​ ការ​អភិរក្ស​អគារ​ចាស់​ៗ ដូចជា​ អគារ​រដ្ឋបាល​ លំនៅឋាន​ បុរី​ និង​ផ្សារ​ ពិសេស​សំណង់​ដែល​បន្សល់ទុក​ពី​សម័យ​អាណានិគម​បារាំង​ ដែល​ស្ថិតនៅ​កណ្ដាល​ទីក្រុង​ គឺជា​ការកំណត់​អត្តសញ្ញាណ​មួយ​ដែល​មិន​គួរ​មើល​រំលង​។ ទន្ទឹមគ្នា​នេះ​ អ្នកជំនាញ​បាន​មើលឃើញ​ថា​ ការ​ថែរក្សា​ទុក​នូវ​សំណង់​អគារ​ចាស់​ៗបុរាណ​ទាំងនោះ​ ក៏​ជា​ចំណែក​សំខាន់​មួយ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​លើកឡើង​ថា​ សំណង់​អគារ​ចាស់​ៗ ពិសេស​សំណង់​អគារ​ដែល​បន្សល់ទុក​ពី​សម័យ​បារាំង​ គឺ​សុទ្ធតែ​អាច​ចាត់ទុកជា​សំណង់​ប្រវត្តិសាស្ត្រ​ទាំងអស់​។

    ហេតុនេះ​ លោក​ ជំរុញ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បន្ដ​យកចិត្ត​ទុកដាក់​អភិរក្ស​អគារ​ចាស់​ៗទាំងនោះ​ ដើម្បី​រក្សាទុក​ជា​កេរ​មរតក​វប្បធម៌​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្ដរ​ជាតិ​។ ទន្ទឹម​នឹង​អគា​រថ្មីៗ​ និង​ខ្ពស់​ៗជាច្រើន​ដែល​កំពុង​រីក​លូតលាស់​នៅក្នុង​រាជធានី​ភ្នំពេញ​ សំណង់​អគារ​ចាស់​ៗមួយចំនួន​ ក៏​នៅតែ​មាន​ទីផ្សារ​ដែរ​។ជាក់ស្តែង​មាន​អគារ​ និង​ផ្ទះ​ចាស់​ៗមួយចំនួន​ ត្រូវ​បាន​កែប្រែ​ទៅជា​ហាង​លក់ទំនិញ​ ជាទី​ស្នាក់​ការ​ក្រុមហ៊ុន​ និង​ជា​កន្លែង​ស្នាក់នៅ​ ជាដើម​។

    កត្តា​នេះ​ គឺជា​ការ​រួមចំណែក​សំខាន់​ ជួយ​លើកស្ទួយ​វប្បធម៌​ និង​សេដ្ឋកិច្ច​ជាតិ​ថែមទៀត​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​។

    ពាក់ព័ន្ធ​នឹង​សំណង់​អគារ​ចាស់​ៗនេះ​ដែរ​ លោក​ ឡុង​ គី​មសួរ​ ប្រធាន​ក្រុមហ៊ុន​ Century​ 21​ Advance​ Property​ និង​ជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ បាន​ថ្លែង​ថា​ ការ​អភិរក្ស​សំណង់​អគារ​ចាស់​ៗ ជាផ្នែក​មួយ​ដែល​បង្ហាញ​ពី​វប្បធម៌​ ក៏ដូចជា​ស្នាដៃ​ដ៏​ពិសេស​របស់​ស្ថាបត្យករ​ជំនាន់ដើម​ ដល់​ស្ថាបត្យករ​ជំ​នាន់​ក្រោយ​ៗ ក៏​ដូច​ជា​ក្មេង​ៗជំនាន់​ក្រោយ​ឱ្យ​បាន​ស្គាល់​ពី​ស្ថាបត្យកម្ម​ពី​សម័យកាល​នី​មួយ​ៗផង​ដែរ​។

    ហេតុនេះ​ ការ​អភិរក្ស​នូវ​សំណង់​អគារ​ចាស់​ទាំងនោះ​ មិន​ត្រឹមតែ​អាច​បង្ហាញ​ពី​វប្បធម៌​របស់​ប្រទេស​កម្ពុជា​នោះ​ទេ​ តែ​វា​ថែមទាំង​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពីសំណាក់​ភ្ញៀវ​ទេសចរ​បាន​មួយ​កម្រិត​ទៀតផង​។

    បើ​តាម​ អភិបាល​រាជធានី​ភ្នំពេញ​ ឯកឧត្ដម​ ឃួង​ ស្រេង​ ដែល​បាន​លើកឡើង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​ផែនការ​ច្បាស់លាស់​ ក្នុង​ការ​អភិរក្ស​អគារ​បេតិកភណ្ឌ​វប្បធម៌​សល់​ពី​សម័យ​បារាំង​ ដើម្បី​រក្សា​បាន​នូវ​អត្តសញ្ញាណ​របស់​ទីក្រុង​ភ្នំពេញ​ ដោយ​ហាម​វាយកម្ទេច​អគារ​ទាំងនោះ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ និង​តម្រូវ​ឱ្យ​សាងសង់​ដោយ​គោរព​តាម​រចនាប័ទ្ម​ដើម​ នៅពេល​ចង់​សាងសង់​ឡើង​ថ្មី​។

    ប៉ុន្តែ​ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ថា​ ក្នុងករណី​អគារ​ទាំងឡាយ​ណា​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុខ​សុវត្ថិភាព​ និង​អាយុជីវិត​មនុស្ស​ ព្រោះ​ ភាព​ចាស់​ទ្រុឌទ្រោម​របស់​អគារ​មួយចំនួន​ អាច​នឹង​បាក់​ស្រុត​ បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ​ ដែល​កំពុង​រស់នៅ​ក្នុង​អគារ​ទាំងនោះ​បាន​។

    លោក​បន្ត​ថា​ ក្នុងករណី​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ គឺ​បាន​តម្រូវ​ឱ្យ​រដ្ឋបាល​ខណ្ឌ​ទាំង14​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ចេញ​លិខិត​ជូនដំណឹង​មួយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ ឬស្នាក់នៅ​ក្នុង​សំណង់​អគារ​ទ្រុឌទ្រោម​ក្នុង​រាជធានី​ភ្នំពេញ​ទាំងនោះ​។

    ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្ដម​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​លើកឡើង​ ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សៀវភៅ​ “Architectural​ Guide​ Phnom​ Penh​” កាលពី​ពេល​ថ្មី​ៗនេះ​បាន​លើកឡើង​ថា​ ក្នុងនាម​ក្រសួង​រៀបចំ​ដែនដី​ គឺ​មានឱកាស​បាន​រៀបចំ​តាក់តែង​នូវ​ច្បាប់​ស្តី​ពី​សំណង់​ ហើយ​លោក​អះអាង​ថា​ ច្បាប់​នេះ​ គឺ​បាន​ផ្តល់​ឱកាស​ឱ្យ​មានការ​ជួសជុល​លើ​សំណង់​អគារ​ចាស់​ៗ ពិសេស​សំណង់​ស្ថាបត្យកម្ម​បេតិកភណ្ឌ​នានា​ ប៉ុន្តែ​ត្រូវ​រក្សា​ទម្រង់​ដើម​។

    បើ​និយាយ​ពី​សំណង់​អគារ​សម័យ​អាណានិគម​បារាំងសែស​ អ្នកជំនាញ​ផ្នែក​អរិយធម៌​ខ្មែរ​ បាន​លើកឡើង​ថា​ យើង​ចាំបាច់​ត្រូវតែ​អភិរក្ស​ ពីព្រោះ​ស្ថាបត្យកម្ម​សំណង់​អគារ​ទាំងនេះ​ គឺជា​ផ្នែក​មួយ​នៃ​មរតក​ប្រវត្ដិសាស្ដ្រ​។ ដោយឡែក​សំណង់​អគារ​ដែល​បន្សល់​ពី​សម័យ​អាណានិគម​និយម​បារាំងសែស​ មាននៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា​ ខេ​ត្ដ​បាត់ដំបង​ ក្រចេះ​ និង​កំពត​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំពុងធ្វើការ​រៀបចំ​ដាក់​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ​។

    សំណង់​អគារ​សម័យ​បារាំង​មួយចំនួន​ដែល​នៅសល់​ហូត​ដល់​សព្វថ្ងៃ​ និង​ត្រូវ​បាន​ចាត់ទុកថា​ ជារ​តនភ​ណ្ឌ​នៃ​រាជធានី​ រួមមាន​ អគារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC​) អគារ​តុលាការ​កំពូល​ វិមានឯករាជ្យ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បណ្ណាល័យជាតិ​ សារមន្ទីរ​ជាតិ​ រតនាគារជាតិ​ សាលា​រាជធានី​ភ្នំពេញ​ ព្រះបរមរាជវាំង​ រមណីយដ្ឋាន​វត្តភ្នំ​ អគារ​អង្គការ​យូ​ណេស្កូ​ ផ្សារ​ធំ​ថ្មី​ គេហដ្ឋាន​ឯកជន​ និង​អគារ​ផ្សេង​ៗមួយចំនួន​ទៀត​។

    ដោយឡែក​ យោង​តាម​ទីផ្សារ​អចលនទ្រព្យ​ បានឱ្យ​ដឹង​ថា​ តំបន់​ដែល​មានការ​អភិវឌ្ឍ​ហើយ​ និង​មានតម្លៃ​ដី​ខ្ពស់​ស្ថិត​ក្នុង​ខណ្ឌ​ចំនួន4​ គឺ​ខណ្ឌដូនពេញ​ ខណ្ឌ7មករា​ ខណ្ឌចំការមន​ និង​ខណ្ឌទួលគោក​ ដែល​ជា​តំបន់​ពាណិជ្ជកម្ម​។ ក្នុង​នោះ​ដែរ​ អ្នកជំនាញ​ផ្នែក​ទីផ្សារ​អចលនវត្ថុ​ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ បច្ចុប្បន្ន​សំណង់​អគារ​ចាស់​ៗ មាន​តម្រូវការ​លើ​ការជួល​ខ្លាំង​ជាងគេ​ គឺ​នៅក្នុង​ខណ្ឌ​ចំនួន2​ គឺ​ខណ្ឌដូនពេញ​ និង​ខណ្ឌ​ស្ទឹងមានជ័យ​។ ខណ្ឌដូនពេញ​ ភាគច្រើន​ជា​តម្រូវការ​ជួល​អគារ​ប្រភេទ​នេះ​សម្រាប់​ប្រកប​អាជីវកម្ម​ ខណៈ​ខណ្ឌ​ស្ទឹងមានជ័យ​ ភាគច្រើន​មាន​តម្រូវការ​ជួល​សម្រាប់​ស្នាក់នៅ​របស់​ប្រជាជន​នៅក្នុង​តំបន់​។

    ភាគច្រើន​ តម្រូវការ​ជួល​មាន​ច្រើនតែ​នៅ​កណ្តាល​ក្រុង​ ដោយឡែក​សម្រាប់​ជាយក្រុង​វិញ​ មិនសូវ​មាន​តម្រូវការ​ជួល​ច្រើន​ប៉ុន្មាន​ទេ​ ដោយសារតែ​ទីតាំងនៅ​ឆ្ងាយ​ បើ​ទោះជា​សំណង់​អគារ​ទើបតែ​សាងសង់​ថ្មី​ក៏ដោយ​។ ដោយឡែក​ចំពោះ​តម្លៃ​លើ​ការជួល​សំណង់​អគារ​ចាស់​វិញ​ គឺ​មាន​ចន្លោះ​ចាប់ពី​ 1,700ដុល្លារ​ទៅ​ជាង​ 3,000ដុល្លារ​ឯណោះ​។

    យ៉ាងណាក៏ដោយ​ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ នៅ​ចង់​ឃើញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្ត​ទុកដាក់​អភិរក្ស​សំណង់​អគារ​ចាស់​ៗ ព្រោះ​អគារ​ទាំងនោះ​ គឺ​ពិត​បាន​ផ្តល់​ផល​ចំណេញ​ទាំង​វប្បធម៌​ និង​សេ​ដ្ខ​កិច្ច​ដល់​កម្ពុជា​៕

     

  • ស្រីស្អាត ​មុ​ន្នី​ ​វិជ្ជ​រា ក្ដោបតំណែងតួស្រីក្នុងរឿងថ្មីទូរទស្សន៍ PNN

    ស្រីស្អាត ​មុ​ន្នី​ ​វិជ្ជ​រា ក្ដោបតំណែងតួស្រីក្នុងរឿងថ្មីទូរទស្សន៍ PNN

    កាលពីព្រឹកថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២០ ទូរទស្សន៍ PNN បានប្រកាសក្រុងពាលីចេញថតរឿងថ្មី យ៉ាងអាធឹកអធម ក្រោមការដឹកនាំរបស់អ្នកស្រី ពាន់ភួង បុប្ផា។ អ្វីដែលគេកត់សម្គាល់គឺភាពយន្តមួយរឿងនេះ ចម្រុះសុទ្ធតែតារាល្បីៗ ដែលគ្រាន់តែឃើញសមាសភាពតួ ក៏ចាប់អារម្មណ៍តែម្ដង។

    រឿងថ្មីចំណងជើង «រសជាតិអ្នកមាន» នេះក៏មានការចូលរួមសម្ដែងដោយតារាសម្តែងល្បីៗថ្មីចាស់ដូចជា លោក ជា សំណាង, កញ្ញា កែវ យ៉ាវិញ កូនស្រីអ្នកនាង កែវ កល្យាណ, កញ្ញា ទឹម រដ្ឋា, កញ្ញា ខាត់ យ៉ាឡាង, កញ្ញា មុន្នី វិជ្ឋរា, លោក បញ្ញា សិទ្ឋិ, លោក អ៊ែត វីន, លោក ហង្ស សម្បើមស័ក្តិ, លោក ជន, កញ្ញា នីតា វរវង្ស, និងតារាផ្សេងៗទៀត។

    យ៉ាងណាមិញ កញ្ញា មុន្នី វិជ្ឋរា បានឱ្យដឹងថា រឿងថ្មីនេះជាប្រភេទរឿងអប់រំបែបគ្រួសារដែលនិយាយពីសង្គមពិត និងការអប់រំពាក់ព័ន្ឋគម្លាតរវាងអ្នកមាន និងក្រ ក្នុងការរស់នៅ។ រឿងនេះចង់បង្ហាញនិងអប់រំដល់ បុរសទាំងឡាយ ពេលមានប្រពន្ឋនៅរួមសុខទុក្ខ មិនត្រូវបោះបង់គ្នានោះទេ ក្នុងពេលជីវិតនៅពេលខាងមុខប្រសើរ។ សេចក្តីសុខ មនុស្សមិនស្ថិតតែលើទ្រព្យសម្បត្តិនោះទេ ។ មានទ្រព្យ តែបាត់បង់គ្រួសារបាត់បង់ប្តីប្រពន្ឋ តើមានប្រយោជន៏អ្វី។ សេចក្តីសុខរបស់ មនុស្សពិតប្រាកដគឺ កើតចេញពីគ្រួសារ កូនប្រពន្ឋនាំគ្នាសាង តែបើប្រេះហើយ សួរថាមានប្រយោជន៏អ្វី យកលុយមកដូរសេចក្តីសុខពិតអត់បាននោះទេ។

    យ៉ាងណាមិញ អ្នកស្រីពាន់ ភួងបុប្ឋា ជាអ្នកដឹកនាំរឿងក៏បានប្រមូលផ្តុំតារាថ្មីចាស់ មកសំពះពរជ័យ សុំសេចក្តីសុខ មុនចេញដំណើរការថតនេះ គឺរឿងដែលឆ្លុះបញ្ចាំងពីជីវិតអ្នកមាន។ ដោយអ្នកស្រីប្រាប់ថា រឿងនេះគឺជាការសន្សំទុនតាក់តែង និងខំសរសេរ ក្នុងពេលផ្អាកពីការថតភាពយន្តរយៈពេល២ឆ្នាំ ពេលទៅនៅអាមេរិក។ អ្នកស្រីសង្ឃឹមថាភាពយន្តនេះ នឹងបណ្តុះគំនិតឱ្យគ្រួសារនីមួយៗ ខំថែសេចក្តីសុខឱ្យល្អ នៅក្នុងសង្គម៕

  • វិស័យ​ទេសចរណ៍​កម្ពុជា​អះអាង​ពី​សុវត្ថិភាព ទោះជា​នៅក្រៅ​ប្រទេស​កំពុង​បារម្ភ​ពី​វីរុស​កូ​រ៉ូ​ណា

    វិស័យ​ទេសចរណ៍​កម្ពុជា​អះអាង​ពី​សុវត្ថិភាព ទោះជា​នៅក្រៅ​ប្រទេស​កំពុង​បារម្ភ​ពី​វីរុស​កូ​រ៉ូ​ណា

    មន្ត្រី​ក្រសួងទេសចរណ៍​ និង​ស្ថាប័ន​ទេសចរណ៍​ឯកជន​ បាន​បង្ហាញ​ការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ទុះឡើង​នៃ​មរោ​គវីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ថា​ នឹង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា​ដែល​ទាក់ទាញ​ភាគច្រើន​ជនជាតិ​ចិន​ បន្ទាប់ពី​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​លើកដំបូង​នៅ​ខេត្ត​ព្រះសីហនុ​ ក៏ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​មួយ​ប្រកបដោយ​ភាព​ជឿជាក់​ថា​ កម្ពុជា​នៅតែ​ជាគោល​ដៅ​ទេសចរណ៍​ដ៏​កក់ក្ដៅ​សម្រាប់​ភ្ញៀវ​ទេសចរ​គ្រប់គ្នា​ ដែល​នៅតែ​មានការ​ការពារ​សុវត្ថិភាព​ សន្តិសុខ​សណ្ដាប់ធ្នាប់​ និង​នៅតែ​ត្រៀម​ទទួលស្វាគមន៍​វត្តមាន​ភ្ញៀវ​អន្តរជាតិ​ជានិច្ច​។

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​មានប្រសាសន៍​ថា​៖ “ថ្វី​ដ្បិត​កម្ពុជា​មានការ​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ថ្មីនេះ​ចំនួន​ 1ករណី​ កន្លងទៅ​ក្ដី​ ប៉ុន្តែ​ក្រសួងសុខាភិបាល​ និង​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​បាន​និង​កំពុង​រួមគ្នា​ទប់ស្កាត់​យ៉ាង​សស្រោកសស្រាំ​ ហើយក៏​គ្មាន​ការ​ឆ្លង​រីក​រាលដាល​ បន្ត​ទៀត​នោះ​ដែរ​”។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍

    ឯកឧត្តម ថោង ខុន​បានធ្វើ​ការអះអាង​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​ដែល​ធ្វើឡើង​ដើម្បី​រក​ដំណោះស្រាយ​ទប់​លំនឹង​ឧស្សាហកម្ម​ទេសចរណ៍​ក្នុងប្រទេសស្រប​ពេលដែល​ពិភពលោក​កំពុង​ប្រឈម​ការរីករាលដាល​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដែល​បង្កដោយ​មេរោគ​វីរុស​កូ​រ៉ូ​ណា (2019-nCoV) រួមជាមួយ​នឹង​វិស័យ​ឯកជន សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) សមាគម​សណ្ឋាគារ​កម្ពុជា សមាគម​ម្ហូបអាហារ និង​ចុងភៅ​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ​នានា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាលពី​ចុងខែ​មករា ឆ្នាំ2020។

    ឯកឧត្តម បាន​បន្តថា៖“ក្នុងនោះ ក្រសួងទេសចរណ៍​បាន​មើលឃើញ​ចលនា​ទេសចរណ៍​ក្នុងប្រទេស​មាន​ភាព​សក​ម្មយ៉ាង​ខ្លាំង ពោលគឺ​មិនមាន​អ្វី​គួរឱ្យ​ព្រួយបារម្ភ​ដូច​នៅ​ប្រទេស​មួយចំនួន​ឡើយ ពិសេស​គឺ​ធានាបាន​ការគ្រប់គ្រង​បញ្ហា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ (Coronavirus) បាន​យ៉ាង​ជឿជាក់​បំផុត។ ចំណែកឯ​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​កំពុងស្ថិត​ក្នុងប្រទេស​កម្ពុជា ក៏​កំពុង​រីករាយ​ជាមួយ​ដំណើរ​កម្សាន្ត​របស់ខ្លួន នៅតាម​គោលដៅ​ទេសចរណ៍​នានា​ជុំវិញ​ប្រទេស​កម្ពុជា​ដែរ”។

    លោកជំទាវ ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បានឱ្យដឹងថា ព័ត៌មាន​នៃ​ការរកឃើញ​វត្តមាន​នៃ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ​លើ​ជនជាតិ​ចិន កំពុង​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​កន្លែង​ដែលមាន​វត្តមាន​ជនជាតិ​ចិន​ច្រើន។

    លោកជំទាវ​បាន​មានប្រសាសន៍ថា៖“ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ ព្រោះ​វិស័យ​ទេសចរណ៍​មិន​ត្រឹមតែ​បង្កើតបាន​ការងារ​ជាច្រើន​ដល់​ប្រជាជន​ខ្មែរ​យើង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា។ យើង​ទទួលបាន​ព័ត៌មាន​ពី​ការលុបចោល​ដំណើរ​ទេសចរណ៍​ពី​ប្រទេស​ចិន និង​ប្រទេសផ្សេងៗទៀត​ជាច្រើន។ ករណីនេះ​ក៏​កំពុង​ធ្វើឱ្យ​ការ​កក់​ដំណើរ​ទេសចរណ៍ និង​សេវាកម្ម​ទាក់ទង​ទេសចរណ៍​នៅ​កម្ពុជា​ធ្លាក់ចុះ ហើយ​ការធ្វើដំណើរ​ទេសចរណ៍​ក្នុងស្រុក ក៏​អាច​ធ្លាក់ចុះ​ផងដែរ”។

    លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល

    លោក​តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា៖“ខ្ញុំ​គិតថា ការរកឃើញ​វត្តមាន​ជំងឺ​ផ្តាសាយ បាន​ក្លាយជា​ចំណែក​មួយ​ដែល​អាចធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ថយចុះ តែ​ទន្ទឹមនឹងនេះ​ក្រសួងទេសចរណ៍ ក៏បាន​ដាក់ចេញ​នូវ​យន្តការ​បន្ទាន់​មួយចំនួន​ដើម្បី​រក្សា​និរន្តរភាព សម្រាប់​អ្នក​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍ ក៏ដូចជា​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម​ដែរ”។

    លោក ថ្លែងថា៖ “យន្តការ​ដំបូង​ដែល​យើង​ត្រូវធ្វើ​នៅពេលនេះ​គឺ​ជំរុញ​ចរន្ត​ទេសចរណ៍​ក្នុងស្រុក ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ អាច​ដំណើរ​ទៅ​មុខជា​បន្តទៀត​បាន។ ដូច្នេះ​ទើប​បច្ចុប្បន្ន​កម្ពុជា​បានដាក់​ម៉ាស៊ីន​ត្រួតពិនិត្យ​សុខភាព​ជាច្រើន នៅតាម​ព្រលានយន្តហោះ និង​ច្រកព្រំដែន​អន្តរជាតិសំខាន់ៗ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ”។

    ក្រសួងទេសចរណ៍​បានបង្ហាញ​ទិន្នន័យ​ថា ក្នុង​រយៈពេល 11ខែ​នៃ​ឆ្នាំ2019 កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​សរុប 5.89លាន​នាក់ កើនឡើង 8.3% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018។ ភ្ញៀវទេសចរ​ចិន​បាន​នាំមុខគេ ដោយមាន​ចំនួន 2.18លាន​នាក់ កើនឡើង 19.5% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018។ ខណៈ​ភ្ញៀវ​ជនជាតិ​វៀតណាម​ស្ថិតនៅ​លេខ2 មាន​ចំនួន 809,170នាក់ ក្នុង​កំណើន 15.2%។ បើតាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​ដដែល បានឱ្យដឹងថា បច្ចុប្បន្ន​ចលនា​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា មាន​ភ្ញៀវទេសចរ​ចាប់ពី 10លាន​នាក់ ដល់ 12លាន​នាក់ ក្នុងនោះ​មាន​ទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។

    ជាមួយគ្នានេះដែរ​អ្នកទេសចរ គឺជា​ធាតុ​សំខាន់​នៃ​ប្រាក់ចំណូល។ ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មានតម្លៃ 4.3ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 8ខែ​នៃ​ឆ្នាំ2019 ដោយ​ប្រទេស​ចិន គឺជា​អ្នកផ្តល់​ហិរញ្ញវត្ថុ​ដ៏​សំខាន់។ នេះ​បើ​យោងតាម​តួលេខ​ចុងក្រោយ ដែល​ចេញផ្សាយ​ដោយ​ក្រសួងទេសចរណ៍។

    លោក យិន ណាត ប្រធាន​មន្ទីរ​វិនិយោគ​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ បានធ្វើការ​ប្រកា​សកាល​ពីថ្ងៃ​ទី27 ខែមករា​កន្លងទៅ​ថា មាន​វិនិយោគិន​ជាច្រើន​ដែល​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ក្នុងនោះ​រួមទាំង​កម្ពុជា​ផងដែរ។ បន្ទប់​ស្នាក់នៅ​ថ្មី សរុប​ចំនួន 1,000បន្ទប់ នឹងត្រូវ​បង្កើតឡើង​ដើម្បី​ផ្គត់ផ្គង់​ដល់​អ្នកទេសចរ។ ជាមួយនឹង​គម្រោង​ថ្មី​ចំនួន14 ដែល​ត្រូវ​បានអនុម័ត​នៅ​ចន្លោះ​ខែមករា និង​ខែកញ្ញា​កាលពី​ឆ្នាំ​កន្លងទៅ ទឹកប្រាក់​នៃ​គម្រោង​ថ្មី​ទាំងនោះ នឹងត្រូវ​ប្រើ​សម្រាប់​ការសាងសង់​អគារ​ជាច្រើន រួមមាន​សណ្ឋាគារ​លំដាប់​ផ្កាយ3 និង​ផ្កាយ5 ផ្សារ​ទំនើប និង​កន្លែង​កម្សាន្ត។

    នៅក្នុង​តួលេខ​ផ្សេងទៀត ដែល​បានចេញ​ផ្សាយ​ដោយ​ក្រសួង​ដដែល បច្ចុប្បន្ន​មាន​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ចិន​ចំនួន262 នៅក្នុង​ប្រទេស​កម្ពុជា។ទាំងនេះ​រួមមាន​ភោជនីយដ្ឋា​ន សណ្ឋាគារ និង​ភ្នាក់ងារទេសចរណ៍។ កាលពី​ឆ្នាំមុន​ ការមកដល់​នៃ​ភ្ញៀវទេសចរ​ក្នុងប្រទេស​មាន​ចំនួន 6.7លាន​នាក់ ដែល​តំណាងឱ្យ​ការកើនឡើង 8% ពី 1ឆ្នាំទៅ 1ឆ្នាំ។

    ទោះជា​មានការ​បារម្ភ​យ៉ាងណាក្តី អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​អះអាងថា កម្ពុជា​នៅតែ​ជា​ប្រទេស​មាន​សុវត្ថិភាព និង​សូមឱ្យ​ភ្ញៀវទេសចរ​មក​កម្សាន្ត​សប្បាយ​ឱ្យបាន​ច្រើន​បន្តទៀត។

    លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់  អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​អះអាង​នៅឯ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី30 ខែមករា ឆ្នាំ2020ថា៖“ប្រទេស​កម្ពុជា​មិនមែនជា​ប្រទេស​កំពុង​រង​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​ដែល​បណ្ដាលមកពី​មេរោគ​វីរុស​កូ​រ៉ូ​ណា​នោះទេ កម្ពុជា​នៅតែ​ជា​ប្រទេស​មាន​សុវត្ថិភាព ដូច្នេះ​សូមឱ្យ​ភ្ញៀវទេសចរ បន្ត​មក​កម្សាន្ត​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត ហើយ​សូមកុំ​មានការ​ភ័យខ្លាច ជាពិសេស គឺ​នៅ​ខេត្តសៀមរាប​ដែលជា​ខេត្ត​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍”។

    លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់  បាន​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​នេះ ខេត្តសៀមរាប​គ្មាន​អ្នក​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ទេ ហើយ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ នៅតែ​អាច​ដើរលេង​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ដោយ​សេរី​តាម​ធម្មតា ហើយ​ស្ថានភាព​ជនជាតិ​ចិន​ដែលមាន​ជំងឺ​ផ្លូវ ដង្ហើម​ថ្មី​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា ដែល​បាន​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្ត​ព្រះសីហនុ​នោះ គឺមាន​សុខភាព​ល្អជា​ធម្មតា ដោយ​ពុំមាន​បញ្ហា​អ្វី​គួរឱ្យកត់សម្គាល់​ទេ។

    យោងតាម​គណៈកម្មការ​សុខាភិបាល​ក្នុង​ខេត្ត​ហ៊ូ​ពេ​យ ដែលមាន​វូ​ហាន​ជា​រដ្ឋធានី​បាន​រាយការណ៍​ឱ្យដឹងថា គិតពី​ត្រឹម​ថ្ងៃ​សុក្រ​ទី31 ខែមករា ឆ្នាំ2020 អ្នកស្លាប់​ដោយសារ​មេរោគ​វីរុស​កូ​រ៉ូ​ណា កើន​ដល់ 213នាក់ និង​អ្នក​ឆ្លង​មេរោគ​កើន​ដល់ 9,922នាក់ និងព្យាបាលសះស្បើយ181នាក់។ ប្រទេស​ជាង 20 បានសម្រេច និង​កំពុង​ត្រៀម​ជម្លៀស​ពលរដ្ឋ​របស់ខ្លួន​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន ជាទី​ដែល នូ​វែ​ល​កូ​រ៉ូ​ណា​វីរុស​កំពុង​រាតត្បាត​ខ្លាំង។

    តាម​ប្រភព​សារព័ត៌មាន  New York Times បាន​ចុះផ្សាយ​ថា អាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អុីតាលី កូរ៉េ ខាងត្បូង សិង្ហ​បុរី អេ​ស្ប៉ា​ញ កាណាដា រុស្ស៊ី ម៉ូ​ណា​កូ តួរ​គី នូ​វែ​ល​ហ្សេ​ឡង់ និង​ហូ​ឡង់ ជាដើម បានចាប់ផ្តើម​ជម្លៀស​ពលរដ្ឋ​របស់ខ្លួន​មុនគេ ហើយ​កំពុង​រង់ចាំ​ទទួល​អ្នក​នៅ​សេសសល់​បន្ថែមទៀត រីឯ​ប្រទេស​អូស្ត្រាលី អង់គ្លេស ឥណ្ឌា មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ថៃ កំពុង​ចរចា​ជាមួយ​ភាគី​ចិន និង​ត្រៀមខ្លួន​ធ្វើ​កិច្ចការ​នេះ៕