Category: សង្គម និងសេដ្ឋកិច្ច

  • ធនាគារជាតិនៃកម្ពុជា​ ឃ្លាំមើល​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដែល​កំពុង​មាន​កំណើន​ឥណទាន​

    ធនាគារជាតិនៃកម្ពុជា​ ឃ្លាំមើល​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដែល​កំពុង​មាន​កំណើន​ឥណទាន​

    ធនាគារជាតិនៃកម្ពុជា​ ឬ NBC​ បានឱ្យ​ដឹង​ថា​ ខ្លួន​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ ដោយសារតែ​វិស័យ​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ធនាគារ​ទាក់ទង​នឹង​កំណើន​ឥណទាន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម​ទេសាភិបាល​នៃ​ធនាគារជាតិនៃកម្ពុជា​។

    ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បិទ​សន្និបាត​ និង​កំណត់​គោលដៅ​របស់​ធនាគារ​កាលពី​ថ្ងៃទី17​ ខែមករា​ ឆ្នាំ2020​ ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ប៉ុន្តែ​វា​អាច​នឹង​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ដែរ​។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“ដូច្នេះ​ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​ទាមទារ​ឱ្យ​មានការ​វាស់វែង​ និង​គិតគូរ​យ៉ាង​ប្រុងប្រយ័ត្ន​ និង​វាយតម្លៃ​យ៉ាង​ស៊ីជម្រៅ​ដោយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​បញ្ហា​ដូចជា​ពន្ធ​លើ​ការទិញ​អចលនទ្រព្យ​ ការ​ជ្រើសរើស​គម្រោង​សាងសង់​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ និង​ការកំណត់​ប្រាក់កម្ចី​”។

    កំណើន​ក្នុង​វិស័យ​សំណង់​ គឺជា​រឿង​ល្អ​សម្រាប់​ប្រជាជន​យើង​ ជាពិសេស​សម្រាប់​ប្រជាជន​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ ព្រោះ​វា​មានន័យថា​ ប្រជាជន​របស់​យើង​អាច​មានផ្ទះសំបែង​រស់នៅ​សមរម្យ​។ វា​ជា​បញ្ហា​ថ្មី​សម្រាប់​យើង​ ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​។ យើង​ត្រូវតែ​ពិនិត្យ​ និង​តាមដាន​កំណើន​នា​ពេល​អនាគត​របស់​វិស័យ​នេះ​ ហើយ​ធានា​ថា​ នឹង​មិន​មាន​បញ្ហា​អវិជ្ជមាន​ទេ​។ ដូច្នេះ​ធនាគារ​កណ្តាល​ត្រូវតែ​ប្រយ័ត្ន​ប្រយែង​ ព្រោះ​វា​ជា​កិច្ចការ​សំខាន់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម​ទេសាភិបាល​។

    ការិយាល័យ​ឥណទាន​កម្ពុជា​(CBC​) បាន​រាយការណ៍​ថា​ ប្រាក់កម្ចី​របស់​អតិថិជន​ គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ2019​ មាន​ចំនួន​សរុប​ 7.65ពាន់​លាន​ដុល្លារ​ ហើយ​ក្នុង​នោះ​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ មាន​ចំនួន​ 48.36​%កាត​ឥណទាន​ 0.61​% និង​ឥណទាន​បុគ្គល​មានត្រឹមតែ​ជាង​ 51​%ប៉ុណ្ណោះ​។

    ការិយាល័យ​ឥណទាន​កម្ពុជា​ បានឱ្យ​ដឹង​ថា​ បំណុល​បញ្ចាំ​ដែល​មិនបាន​បង់​ក្នុងរយៈពេល​ 30ថ្ងៃ​ ឬច្រើនជាង​នេះ​ គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ2019​ មានតែ​ 0.57​%នៃ​ចំនួន​សរុប​ ខណៈ​ប្រាក់កម្ចី​ផ្ទាល់ខ្លួន​ ឬអតិថិជន​មាន​ចំនួន​ 1.75​% និង​បណ្ណ​ឥណទាន​មាន​ចំនួន​ 2.65​%។ ទាំងអស់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រាក់កម្ចី​មិន​ដំណើរការ​ (NPLs​) ដោយ​ធនាគារ​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​។ទោះ​យ៉ាងណាក្ដី​ ធនាគារ​កណ្តាល​បាន​ព្រមាន​ថា​ ប្រសិនបើ​អតិថិជន​មិន​ចំណាយ​ប្រាក់កម្ចី​សម្រាប់​គោលបំណង​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​នោះ​ ការ​កើនឡើង​នៃ​ឥណទាន​ អាច​ក្លាយជា​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច​។

    NBC​ បាន​បង្ហាញ​នៅក្នុង​របាយការណ៍​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ធនាគារ​ឆ្នាំ2019​ និង​ទស្សនវិស័យ​សម្រាប់​ឆ្នាំ2020​ ថា​ កំណើន​ឥណទាន​នៅក្នុង​វិស័យ​ធនាគារ​បាន​ងើបឡើង​វិញ​ បន្ទាប់ពី​វា​បាន​ធ្លាក់ចុះ​ក្នុងរយៈពេល​ 3ឆ្នាំ​កន្លងមក​។ ការ​កើនឡើង​នេះ​ បណ្តាល​មក​ពី​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន​ ការ​កើនឡើង​នូវ​តម្រូវការ​ និង​ការ​ធ្វើ​ពិពិធ​កម្ម​សេវាកម្ម​ក្នុងចំណោម​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​។

    NBC​ បាន​បន្ថែម​ទៀត​ថា​ ការ​ងើបឡើង​វិញ​នៃ​កំណើន​ឥណទាន​ ត្រូវ​បាន​គាំទ្រ​ជាចម្បង​ដោយ​កំណើន​ប្រាក់កម្ចី​សម្រាប់​ការទិញ​អចលនទ្រព្យ​ សំណង់​ ការប្រើ​ប្រាស់​ និង​ពាណិជ្ជកម្ម​។ កំណើន​ឥណទាន​ក្នុង​ឆ្នាំ2019​ ភាគច្រើន​ពឹងផ្អែក​លើ​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ និង​អ្នក​ផលិត​ផលិតផល​ប្រើប្រាស់​។

    ឯកឧត្តម​ទេសាភិបាល​ បាន​មានប្រសាសន៍​ថា​៖“សេដ្ឋកិច្ច​កម្ពុជា​អាច​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​នៅ​ឆ្នាំនេះ​ ដោយសារតែ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​និង​ការ​ឡើងថ្លៃ​ប្រេងឆៅ​ ដោយសារតែ​នយោបាយ​ភូមិសាស្ត្រ​បច្ចុប្បន្ន​ និង​ការបាត់បង់​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ “អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​” ដែល​អាច​នឹង​កើតឡើង​ដោយ​ផ្ទាល់​ និង​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​។ ដូចគ្នា​នេះ​ផង​ដែរ​ មាន​ហានិភ័យ​នៃ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នៅក្នុង​វិស័យ​សំណង់​ ដែល​អាច​នាំ​ឱ្យ​ផ្ទះ​មានតម្លៃ​លក់​ទាប​ជាង​ការ​ចំណាយ​សម្រាប់​ពួកគេ​ បណ្តាល​ឱ្យ​មាន​បញ្ហា​ឥណទាន​។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​ ទោះជាយ៉ាងណា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ នឹង​នៅតែ​ មាន​អត្រា​7% ដដែល​ ដោយមាន​ការចូលរួម​ចំណែក​ពី​ការនាំចេញ​ ការ​វិនិយោគ​បរទេស​ និង​វិស័យ​ទេសចរណ៍​។

    លោក​ឧកញ៉ា​បណ្ឌិត​ គីម​ ហ៊ា​ង ស្ថាបនិក​ក្រុមហ៊ុន​ ខ្មែរ​រៀល​ អុីស្ទេ​ត និង​ជា​ប្រធាន​ KW​ Cambodia​ ត្រូវ​បាន​ស្រង់​សម្តី​ថា​ កំណើន​ឥណទាន​លើ​ប្រាក់កម្ចី​ទិញ​ផ្ទះ​ជាមួយ​ធនាគារ​ និង​វិស័យ​ហិរញ្ញវត្ថុ​ កាន់តែ​ទូលំទូលាយ​នឹង​ល្អ​ឡើង​ ព្រោះ​ពួកគេ​អាច​កត់ត្រា​ប្រតិបត្តិ​ការប្រាក់​កម្ចី​លំនាំដើម​ ផ្គត់ផ្គង់​ និង​តម្រូវការ​។

    លោក​ឧកញ៉ា​ បាន​បញ្ជាក់​ថា​៖“ដូច្នេះ​អតិថិជន​របស់​ពួកគេ​ ត្រូវ​បាន​ចាត់ទុកថា​ អាច​មាន​ហានិភ័យ​ខ្ពស់​។ ខ្ញុំ​សូម​ជំរុញ​អតិថិជន​ កុំ​បង់ប្រាក់​កម្ចី​ទិញ​ផ្ទះ​ទៅ​អ្នក​អភិវឌ្ឍន៍​ដោយ​ផ្ទាល់​ ហើយ​អ្នក​អភិវឌ្ឍន៍​ក៏​គួរតែ​ណែនាំ​អតិថិជន​ផង​ដែរ​ ឱ្យធ្វើ​ការ​ជាមួយ​ធនាគារ​”។

    លោក​ឧកញ៉ា​ គីម​ ហ៊ា​ង បាន​មានប្រសាសន៍​ថា​៖“នៅពេល​អតិថិជន​ប្រើ​ធនាគារ​សម្រាប់​ប្រាក់កម្ចី​ទិញ​ផ្ទះ​ ពួកគេ​នឹង​មិន​ចាំបាច់​មានការ​ទទួលខុសត្រូវ​ទេ​។ នៅពេល​ដែល​ពួកគេ​បង់ប្រាក់​ តាមរយៈ​ការ​បង់​រំលស់​ទៅ​ឱ្យ​អ្នក​អភិវឌ្ឍន៍​បុរី​នោះ​ ប្រាក់កម្ចី​មានកម្រិត​ខ្ពស់​ ពីព្រោះ​អ្នក​អភិវឌ្ឍន៍​មិនបាន​ធ្វើការវិភាគ​ឱ្យ​បាន​ដិតដល់​ថា​ តើ​អ្នកទិញ​អាច​មានលទ្ធភាព​សង​ប្រាក់កម្ចី​ដែរ​ឬទេ​ឡើយ​”កាលពី​ត្រីមាស​ទី3​ ឆ្នាំ2019​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ឬ ADB​ ក៏បាន​ចាត់ទុក​កំណើន​ឥណទាន​ដែល​ប្រមូល​ផ្តុំ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ និង​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នៅ​កម្ពុជា​ គឺជា​ហានិភ័យ​មួយ​ដែល​អាច​បង្អាក់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​។ យោង​តាម​របាយការណ៍​ ស្តី​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់ ADB​ បាន​លើកឡើង​ពី​ការ​ពូន​គរ​កំណើន​កម្ចី​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដែល​អាច​ជា​ហានិភ័យ​ក្នុង​ស្រុក​។

    អ្នកជំនាញ​សេដ្ឋកិច្ច​លោក​ ង៉ែត​ ជូ​ បាន​មាន​ទស្សនៈ​ថា​៖“អតិថិជន​ខ្លះ​រំពឹង​ថា​ នៅពេល​ពួកគេ​ទិញ​ផ្ទះ​ ពួកគេ​អាច​លក់​វា​បាន​ប្រាក់ចំណេញ​ ឬរកលុយ​បាន​ពី​ការជួល​វា​។ ប៉ុន្តែ​ប្រសិនបើ​ការ​រំពឹង​ទុក​នោះ​មិន​ត្រូវ​បាន​ឆ្លើយតប​ អតិថិជន​អាច​នឹង​មាន​បញ្ហា​ជាមួយនឹង​លំហូរ​ហិរញ្ញវត្ថុ​។ បន្ទាប់មក​គាត់​អាច​នឹង​ដាក់​ទ្រព្យ​នោះ​សម្រាប់​ការ​ដេញថ្លៃ​ ដែល​មានផល​ប៉ះពាល់​ដល់ទី​ផ្សារ​ទាំងមូល​”។

    លោក​បាន​បញ្ជាក់​ថា​៖“វិធី​ល្អ​បំផុត​ គឺ​អតិថិជន​មិន​គួរ​ប្រើ​ប្រាក់កម្ចី​ទិញ​ផ្ទះ​ពី​អ្នក​អភិវឌ្ឍន៍​ទេ​ ព្រោះ​ពួកគេ​មិនបាន​សិក្សា​ច្បាស់លាស់​ពី​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​ទេ​។ តែ​ទោះ​យ៉ាងណាក្ដី​ ធនាគារ​នឹង​សិក្សា​ពី​ចំណូល​ហិរញ្ញវត្ថុ​របស់​អតិថិជន​ និង​ធ្វើការ​វិនិច្ឆ័យ​លើ​ហានិភ័យ​ប្រាក់កម្ចី​ ក៏ដូចជា​ការ​ផ្តល់​អត្រា​ការប្រាក់​ទាប​ជាង​មុន​ជាដើម​”។

    ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​ខ្លះ​ មិនមែន​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ ពួកគេ​ជា​អ្នកសាង​សង់​ ដូច្នេះ​ពួកគេ​គ្មាន​សិទ្ធិ​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​ទេ​។ ការដំឡើង​ការប្រាក់​របស់​អ្នក​អភិវឌ្ឍន៍​បាន​បង្ហាញ​នូវ​ហានិភ័យ​ខ្ពស់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ ពីព្រោះ​បច្ចុប្បន្ន​មិន​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​លើ​ប្រតិបត្តិ​ការ​ជាមួយ​អ្នក​អភិវឌ្ឍន៍​ទេ​។

    ប្រសិនបើ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​អាជ្ញាធរ​ទេ​ ហានិភ័យ​នឹង​កើនឡើង​។ វា​មិនមែន​ជា​បញ្ហា​តូច​ទេ​ពីព្រោះ​មាន​អ្នក​អភិវឌ្ឍន៍​បុរី​ និង​សាងសង់​លំនៅឋាន​ជាច្រើន​ ដូច្នេះ​ប្រសិនបើ​មាន​វិបត្តិ​ វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទាំងមូល​”៕

  • ហាម! កុំធ្វើរឿង 8 យ៉ាងនេះនៅពេលយប់អាធ្រាត្រឱ្យសោះ…បើមិនជឿកុំប្រមាថ

    ហាម! កុំធ្វើរឿង 8 យ៉ាងនេះនៅពេលយប់អាធ្រាត្រឱ្យសោះ…បើមិនជឿកុំប្រមាថ

    ជំនឿ គឺជារឿងដែលមនុស្សសម័យមុនតាំងពីជំនាន់តាយាយនិយមធ្វើតៗគ្នាមកដើម្បីបង្រៀនកូនចៅឱ្យចេះគោរពច្បាប់ មានវិន័យ ព្រោះមនុស្សសម័យមុនជឿលើរឿងស័ក្តិសិទ្ធិដែលមើលមិនឃើញដោយភ្នែកទទេខ្លាំងណាស់ រឹតតែកណ្តាលយប់ផងនោះ នឹងរឹតតែមានចំណុចហាមយ៉ាងតឹងរ៉ឹងជាពិសេសទៅទៀត តើមានអ្វីខ្លះនោះ សូមអានជាបន្ត…៖

    1 . គោះចានបាយនៅពេលញ៉ាំបាយពេលយប់ ព្រោះនឹងមានភ្ញៀវដែលមើលមិនឃើញមកលេង…
    មកមានអារម្មណ៍ប្រគំតន្ត្រីស្អីនៅពេលបាយយប់ព្រលប់ហ្នឹង!? ចាស់ៗបុរាណគាត់ហាមគោះចានបាយ ព្រោះនឹងក្លាយជា
    ការអន្ទងហៅវិញ្ញាណដែលពេនេចរ អនាថា ព្រោះពួកនោះនៅពេលបានឮសំឡេងយើងគោះចាន ក៏នឹងនាំគ្នាមកដណ្តើមយើងស៊ីបាយ ស៊ីម្ហូប បង្អែម ចម្អាប។ ធ្លាប់ឃើញដែរឬទេ ពេលយើងក្រាបសំពៈសព ឬសំពៈសែនក្នុងថ្ងៃសំខាន់ណាមួយ យើងនឹងរៀបចំម្ហូបអាហារមួយឈុតសម្រាប់ពួកខ្មោចដែលគ្មានញាតិសន្តាន និងធ្វើពិធីអន្ទងហៅឱ្យមកស៊ីដោយការគោះចានគោះកែវ ដូច្នេះទើបមនុស្សចាស់ប្រកាន់ណាស់ ហាមកូនចៅគោះចានពេលញ៉ាំបាយ មិនដូច្នោះទេកៅអីដែលទំនេរនៅជិតហ្នឹងអាចមានភ្ញៀវដែលមិនបានអញ្ជើញ ចូលមកលេងក៏បានដែរ។

    2 . កណ្តាលយប់ ហាមបោសសម្អាតផ្ទះ
    ព្រោះជឿថា នឹងក្លាយជាការបោសលុយ បោសកាក់ ឬជោគលាភសំណាង បុណ្យបារមីដែលសន្សំមកតាំងពីពេលព្រឹកចេញទៅក្រៅអស់ ដែលវាអាចទៅរួចដែលថា កាលពីមុនគ្មានភ្លើងអគ្គិសនីប្រើ ផ្ទះសំបែងនៅពេលយប់នឹងងងឹតខ្លាំងណាស់ ទើបការបោសផ្ទះនៅពេលយប់មិនមានសុវត្ថិភាពឡើយ។ ជិតគេងទៅហើយ មិនចាំបាច់មកធ្វើជាមេផ្ទះល្អស្អីពេលហ្នឹងទេ។

    3 . កុំរៀបចំគ្រែដេកដោយដាក់ក្បាលដំណេកបែរទៅជល់នឹងបន្ទប់ទឹក
    ព្រោះនឹងធ្វើឱ្យជោគលាភសំណាងរត់គេចបាត់អស់ និងកុំដាក់គ្រែដេកដោយបែរចុងជើងគ្រែទៅចំមាត់ទ្វារចូល ព្រោះនឹងធ្វើឱ្យយល់សប្តិអាក្រក់ គេងលក់មិនស្រួល ខ្មោចអាចនឹងមកសង្កត់លេង និងអ្នកខ្លះមានជំនឿថា បើគេងលើគ្រែដែលធំទូលាយតែម្នាក់ឯង អាចនឹងមាននរណាម្នាក់មកគេងជាមួយក្បែរៗខ្លួនយើង ដូច្នេះចាស់ៗប្រាប់ថា ត្រូវយកតុក្កតា ឬខ្នើយឱបមកដាក់ឱ្យពេញលើគ្រែ។

    4 . ហាមកាត់ក្រចកដៃនៅពេលយប់
    វិញ្ញាណបុព្វបុរសនឹងគ្មានសេចក្តីសុខ ព្រោះសម័យមុន ការកាត់ក្រចកដៃជើងច្រើនតែប្រើកាំបិតចិតស្លា ឬកូនកាំបិតមុតៗកាត់ឆ្វៀល ទើបហាមកាត់ក្រចកដៃជើងនៅពេលយប់ ព្រោះអាចនឹងមានគ្រោះថ្នាក់ និងជឿថាអាចនឹងត្រូវថាមពលអ្វីម្យ៉ាងមករុញដៃធ្វើឱ្យយើងកាត់ក្រចកដៃជើងទៅដាច់សាច់ម្រាមដៃ ម្រាមជើងបាន។

    5 . សំឡេងដង្ហោយហៅពីខាងណា ក៏កុំឆ្លើយតបឱ្យសោះ
    កណ្តាលយប់ បើបានឮសំឡេងស្រែកហៅ ឬសំឡេងអ្វីប្លែកៗទាំងដែលយើងនៅម្នាក់ឯងនោះ ហាមឆ្លើយតបជាដាច់ខាត!ព្រោះជឿថា ជាសំឡេងរបស់ដួងវិញ្ញាណដែលអាចនឹងមកលងបន្លាច ឬបើយើងឆ្លើយតប វានឹងក្លាយជាការអញ្ជើញវិញ្ញាណខ្មោចនោះចូលមកក្នុងផ្ទះ ដូច្នេះក៏ធ្វើជាមិនដឹងមិនឮទៅប្រសើរជាង ឬក៏កែបញ្ហានេះដោយការបើកបទភ្លេងឱ្យឮខ្លាំងៗ ឬមើលកុនក៏បាន។

    6 . អេស!? ក្លិនផ្សែងធូបមកពីណាអ៊ីចេះ អ្នកណាគេដុត?
    ពេលកណ្តាលយប់ បើបានធំក្លិនផ្សែងធូបរសាត់មក ចាស់ៗបុរាណជឿថា ជាវិញ្ញាណរបស់សាច់ញាតិជិតដិតក្នុងគ្រួសារមករកហើយ តែជួនកាលអាចជាក្លិនទៀនក្រអូបក៏មានដែរ។

    7 . កញ្ចក់…ម៉េចបានឆ្លុះហើយមិនឃើញរូបយើងតែម្នាក់ឯង?
    ឆ្លុះកញ្ចក់នៅពេលយប់អាធ្រាត្រ! នឹងរឹតតែសិតសក់ផងនោះ កុំគិតឱ្យសោះថា វានឹងគួរឱ្យភ័យរន្ធត់ប៉ុនណានោះ បើសិនជាមានអ្វីមួយលេចចេញឡើងនៅក្នុងកញ្ចក់ជារូបអ្នកផ្សេងដែលមិនមែនជារូបខ្លួនយើង។

    8 . សសរធ្នឹមផ្ទះ…កុំហ៊ានទៅដេកក្រោមហ្នឹងឱ្យសោះ
    បុរាណលោកនិយាយថា កុំទៅដេកនៅក្រោមសសរធ្នឹមផ្ទះ ព្រោះសសរធ្នឹមផ្ទះក៏គឺគ្រឿងឈើខាងលើដែលយឹតសសរផ្នែកទទឹងជាច្រើនដែលទទួលទ្រទម្ងន់ខ្លាំង បើអ្នកណាទៅគេងនៅពីក្រោមនោះ នឹងគេងមិនសុខ គេងលក់មិនស្រួល ព្រោះអាចត្រូវខ្មោចចូលនៅពេលណាមួយក៏បាន។ កន្លែងមានឱ្យគេងម៉ាគំនរ ម៉េចមិនទៅគេងហ្ន៎?៕

    រៀបរៀងដោយ តាវ៉ែនតា

  • កម្ពុជា​-ជប៉ុន​ ចាប់ផ្ដើម​ពង្រឹង​ធនធានមនុស្ស​ ជំរុញ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​

    កម្ពុជា​-ជប៉ុន​ ចាប់ផ្ដើម​ពង្រឹង​ធនធានមនុស្ស​ ជំរុញ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​

    ដោយមាន​ការ​សហការ​រវាង​ក្រសួង​ពាណិជ្ជកម្ម​នឹង​មជ្ឈមណ្ឌល​អាស៊ាន​-ជប៉ុន​ កម្ពុជា​ និង​ជប៉ុន​ បាន​ចាប់ផ្ដើម​ពង្រឹង​ធនធានមនុស្ស​ និង​យន្ដ​ការបម្រើ​ដល់​យុទ្ធ​សា​ស្ដ្រ ដើម្បី​ជំរុញ​ការនាំចេញ​ និង​ទីផ្សារ​ សម្រាប់​លើកកម្ពស់​សមត្ថភាព​ជូន​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ (Micro​, Small​ & Medium​ Enterprises​ ឬ MSME​) នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​។

    ទាក់ទង​នឹង​កិច្ចការ​នេះ​ សិក្ខាសាលា​ស្តី​ពី​“អត្ថ​ប្រយោជន៍​ពី​ខ្សែ​ចង្វាក់​តម្លៃ​ តាមរយៈ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ (Benefiting​ from​ Value​ Chains​ through​ MSME​ Linkages​)” បាន​បើក​ឡើង​កាលពី​ចុងខែ​មករា​កន្លងទៅ​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

    ឯកឧត្តម​ ប៊ុ​ន ចន្ធី​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​៖“សិក្ខាសាលា​នេះ​រៀបចំឡើង​ ក្នុង​គោលបំណង​ជួយ​រួមចំណែក​គាំទ្រ​កម្មវិធី​ពង្រីកពង្រឹង​ធនធានមនុស្ស​ ដែល​ជា​យន្តការ​បម្រើ​ដល់​យុទ្ធសាស្ត្រ​ជំរុញ​ការនាំចេញ​របស់​អាស៊ាន​ ជាពិសេស​សម្រាប់​កម្ពុជា​ ដោយ​ផ្តោត​សំខាន់​ផ្តល់​នូវ​ចំណេះដឹង​ និង​ពង្រឹង​សមត្ថភាព​ជូន​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​នៅ​កម្ពុជា​ និង​ពីរ​បៀ​បត្រៀ​មរៀប​ចំ​ខ្សែ​ចង្វាក់​តម្លៃ​របស់​ខ្លួន​ ឱ្យ​ស្របតាម​ស្តង់​ដា​ក្រុមហ៊ុន​ជប៉ុន​ ក៏ដូចជា​ក្រុមហ៊ុន​ដែល​មានកម្រិត​ស្តង់​ដា​របស់​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ទៀត​នៅ​លើ​ពិភពលោក​”។

    ឯកឧត្តម​អនុរដ្ឋ​លេខាធិការ​ បាន​លើកឡើង​ពី​ការ​អភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ជា​បន្ត​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ ដើម្បី​ពង្រឹង​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង2​(កម្ពុជា​-ជប៉ុន​)ឱ្យ​មានប្រៀបលើ​ការប្រកួត​ប្រជែង​ក្នុង​របត់​ទីផ្សារ​ពិភពលោក​ ដែល​កំពុង​ធ្វើបដិវត្តន៍​ឧស្សាហកម្ម​ឌីជីថល​ 4.0​។

    ឯកឧត្តម​ ប៊ុ​ន ចន្ធី​ ក៏បាន​បន្ថែម​ដែរ​ថា​ ផ្អែក​តាម​កំណត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ គិត​ពីឆ្នាំ1994​ រហូតមកដល់​ត្រីមាស​ទី1​ ឆ្នាំ2019​ គម្រោង​វិនិយោគ​របស់​ជប៉ុន​មាន​ចំនួន​សរុប​ 137គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ 2.5ពាន់​លាន​ដុល្លារ​ ផ្តោត​សំខាន់​លើ​ផលិតផល​គ្រឿង​ផ្គុំ​អគ្គិសនី​ និង​អេឡិចត្រូនិក​គ្រឿង​ផ្គុំ​រថយន្ត​ និង​បរិក្ខារ​បច្ចេក​ទេ​សកសិ​-ឧស្សាហកម្ម​ ការកែច្នៃ​ម្ហូបអាហារ​ សណ្ឋាគារ​ ទេសចរណ៍​ មន្ទីរពេទ្យ​ និង​ផ្សារ​ទំនើប​។

    ក្រៅពី​គម្រោង​វិនិយោគ​ ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាងលើ​ ក៏​នៅ​មាន​វត្តមាន​នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​តូច​-ធំ​ ប្រមាណ​ 1,700​ក្រុមហ៊ុន​ ដែល​មាន​សកម្មភាព​ក្នុង​ វិស័យ​ផ្សេង​ទៀត​ ដូចជា​វិស័យ​ធនាគារ​ អាកាសចរណ៍​ និង​ភោជនីយដ្ឋាន​ជាដើម​។

    ជាមួយគ្នា​នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ រវាង​កម្ពុជា​នឹង​ជប៉ុន​ នៅ​ឆ្នាំ2018​ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ 1,588លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​បាន​នាំចេញ​ទៅ​ជប៉ុន​នូវ​ទំ​និ​ញសក្តា​នុ​ពល​មួយចំនួន​ ដូចជា​សម្លៀកបំពាក់​ ស្បែកជើង​ ខ្សែ​អុីហ្សូ​ឡង់​ និង​បរិក្ខារ​អគ្គិសនី​។ល។

    សូម​រំឭក​ដែរ​ថា​ ទាក់ទង​នឹង​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​នេះ​ បច្ចុប្បន្ន​រាជ​រដ្ឋ​ភិបាល​បាន​ត្រៀម​រៀបចំ​ដំណើរការ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME​ Bank​) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ដែល​បាន​ប្រកាស​ជាលើកដំបូង​ដោយ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​វេទិកា​វិស័យ​ឯកជន​លើក​ទី18​ កាលពី​ឆ្នាំមុន​នោះ​ និង​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ត្រៀមខ្លួន​សម្រាប់​ការ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​៕

  • វិធីយល់ពីចិត្តអ្នកដទៃ ដោយការសម្លឹងពីខ្លួនឯងឱ្យតិចបំផុត

    វិធីយល់ពីចិត្តអ្នកដទៃ ដោយការសម្លឹងពីខ្លួនឯងឱ្យតិចបំផុត

    មនុស្សជាច្រើនអាចនឹងមានចរិតនិស្ស័យដែលគិតតែពីខ្លួនឯង(អាត្មានិយម) សម្លឹងតែអ្វីដែលនៅជិតៗខ្លួន ដូចជាអារម្មណ៍របស់ខ្លួនឯង ការខាតបង់របស់ខ្លួនឯង តម្រូវការរបស់ខ្លួនឯង ហើយបន្ទាប់ពីនោះ ក៏បញ្ចេញនូវទង្វើផ្សេងៗដែលតបស្នងនឹងរឿងផ្សេងៗទាំងនោះ សម្ដែងចេញមកដោយការយកខ្លួនឯងជាធំ ជាគោល ដែលមកដល់ពេលនោះ ការយល់ពីអ្នកដទៃក៏លែងកើតមានដែរ។

    មនុស្សយើងច្រើនតែធ្លាក់ទៅក្នុងស្ថានការណ៍បែបហ្នឹងដោយមិនដឹងខ្លួន ជួនកាលក៏អាចហុចផលឱ្យយើងកាត់ក្តីអ្នកដទៃដោយអារម្មណ៍របស់ខ្លួនឯង យល់តែពីខ្លួនឯង គិតតែពីខ្លួនឯង ទើបគ្មានភាពយល់់ចិត្ត សល់ឱ្យអ្នកដទៃឡើយ។

    តើមិត្តអ្នកអានធ្លាប់ទេ នៅពេលដែលយើងសម្តែងកាយវិការអ្វីមួយបែបតក់ក្រហល់ចេញទៅ ដោយអារម្មណ៍ឆាបឈួល ក្រោធខឹងមួយវឹបនោះ?  ពេលនោះយើងអាចនឹងសប្បាយចិត្ត ដែលបានទម្លាយវាចេញមក តែនៅពេលដែលព្យុះអារម្មណ៍ទាំងនោះស្ងប់ទៅវិញហើយ  យើងសាកល្បងបែរទៅពិនិត្យមើលពីភាពខូចខាតដែលបានកើតឡើងវិញ យើងអាចនឹងនឹកសោកស្តាយចំពោះអ្វីដែលយើងបានធ្វើទៅហើយនោះក៏អាចថាបានដែរ។

    ដូច្នេះបើសិនជានៅកើតមានអារម្មណ៍សោកស្តាយ យ៉ាងហោចណាស់ក៏វាមានន័យថា នៅមិនទាន់ហួសពេលដែរ  ព្រោះយើងនៅមានអារម្មណ៍ដឹងខ្លួននៅឡើយ  តែបើនៅតែឆ្ងាញ់ដៃនឹងភាពខូចខាតដែលខ្លួនឯងបានធ្វើនេះវិញនោះ  វាប្រហែលជារឿងមួយដែលគួរឱ្យបារម្ភខ្លាំងណាស់…។

    អារម្មណ៍ មិនមែនជាមធ្យោបាយក្នុងការកែបញ្ហាដែលត្រឹមត្រូវនោះទេ  សតិស្មារតីទៅវិញទេ ដែលគួរតែដឹកនាំអារម្មណ៍ក្នុងការដោះស្រាយបញ្ហានោះ។ រឿងតមកទៀតគឺ ការយល់ពីបញ្ហា ដែលត្រូវតែកើតចេញពីការយល់ និងស្គាល់ពីអ្នកដទៃឱ្យបានច្រើន និងកាន់ជើងខ្លួនឯងឱ្យតិចបំផុត។

    ជួនកាលបើសិនជាយើងតាំងសតិបានតែមួយភ្លែត វាអាចនឹងធ្វើឱ្យអ្វីៗប្រែប្រួលទៅបែបផ្សេងមួយទៀតក៏អាចថាបានដែរ  សាកល្បងសម្លឹងមើលឱ្យធំទូលាយ  កុំសម្លឹងតែពីខ្លួនឯងពេក…៕

  • ពពោះកូនដំបូងដោយក្តីស្រឡាញ់

    ពពោះកូនដំបូងដោយក្តីស្រឡាញ់

    ខាងក្រោមនេះ ជាកំណត់ហេតុ 1ច្បាប់របស់អ្នកម្ដាយ 1រូបដែលបានសរសេរទុកនៅពេលដែលខ្លួនកំពុងពពោះជាលើកដំបូងក្នុងជីវិត ដែលបានបង្ហាញនូវទឹកចិត្តដ៏ល្អបរិសុទ្ធ និងក្ដីស្រឡាញ់កូនលើសពីជីវិតរបស់ខ្លួន… ពេលនេះ ឡារ៉ែន សូមធ្វើជាតំណាងក្នុងការបកស្រាយនូវខ្លឹមសារទាំងស្រុងដូចតទៅ៖

    ក្ដីស្រឡាញ់ “ម៉ាក់ស្រឡាញ់កូន”
    ខ្លីៗ តែផ្តល់នូវអារម្មណ៍ល្អខ្លាំងណាស់នៅពេលដែលម៉ាក់បាននិយាយពាក្យនេះចេញមក។ លោកគ្រូពេទ្យបានអះអាងហើយថា ការនិយាយលេងជាមួយកូននៅក្នុងផ្ទៃញឹកញាប់ គឺជាការបង្កើតទំនាក់ទំនងសម្ពន្ធនៃក្ដីស្រឡាញ់ ដែលល្អដល់ការវិវឌ្ឍខាងរាងកាយ និងផ្លូវចិត្តរបស់កូន ហើយម៉ាក់ដឹងថា កូនក៏បានដឹងដែរ។ គួរឱ្យអស្ចារ្យខ្លាំងណាស់ចំពោះធម្មជាតិ ដែលបានសាងឡើងឱ្យម៉ាក់បានរៀនយល់ដឹងថា គ្មានសេចក្ដីស្រឡាញ់គ្រាណាមួយ អស្ចារ្យស្មើនឹងសេចក្ដីស្រឡាញ់របស់ម៉ាក់ដែលមានចំពោះកូននាពេលនេះឡើយ។សម្ពន្ធភាព
    រៀងរាល់ថ្ងៃម៉ាក់តែងយកដៃអង្អែលពោះទៅមក បញ្ជូនក្តីស្រឡាញ់តាមរយៈការប៉ះពាល់ជាមួយកូន  យូរថ្ងៃទៅ សម្ពន្ធនៃក្តីស្រឡាញ់នេះកាន់តែកកើតច្រើនឡើង ក្លាយជាភាពកក់ក្តៅក្នុងចិត្ត និងអារម្មណ៍ល្អៗដែលម៉ាក់អាចដឹងបាន និងជឿជាក់ក្នុងចិត្តទៀតផងថា កូនក៏បានដឹងដូចគ្នាដែរ។ កូនដឹងទេ? សម្ពន្ធនៃក្តីស្រឡាញ់រវាងយើង 2នាក់បានកើតឡើងតាំងពីវិនាទីដំបូងដែលម៉ាក់ចាប់ផ្តើមមានផ្ទៃពោះម្លេះ។

    ការប្រែប្រួល
    ដោយគ្មានលក្ខខណ្ឌ វាកើតឡើងដោយអត្តនោម័ត ទាំងរឿងញ៉ាំ រឿងគេង និងទម្លាប់មួយចំនួន ឬធ្វើអ្វីក៏ត្រូវគិតឱ្យច្រើន គិតដល់កូនមុនគេបង្អស់។ អ្វីៗគ្រប់យ៉ាងនៃការប្រែប្រួសុទ្ធតែកើតចេញពីក្តីស្រឡាញ់ ក្តីតាំងចិត្តដែលចង់តែបញ្ជូនអ្វីល្អៗដល់កូនសម្លាញ់។ មើលចុះ…កូនក៏ធំឡើង ហើយពោះម៉ាក់ក៏ធំឡើងដូចគ្នា។

    ដំបូងទន្ទឹងរង់ចាំ
    យូរបំផុត តាមដែលធ្លាប់ដឹងកន្លងមក គឺជិត 9ខែ ដែលម៉ាក់នឹងបានជួបមុខ បានឃើញមុខម្ចាស់ក្សត្រី ឬម្ចាស់ក្សត្រាតូចមួយរបស់ម៉ាក់។ ជាការទន្ទឹងរង់ចាំយ៉ាងស្ម័គ្រចិត្ត មានសេចក្តីសុខក្នុងចិត្ត។ ជាការទន្ទឹងរង់ចាំដ៏មានតម្លៃ ព្រោះថា “កូនម៉ាក់ស្អាតគួរឱ្យស្រឡាញ់ជាទីបំផុតលើពិភពលោកនេះ!”។ រឹតតែពេលកូនញញឹមដាក់ ឬធ្វើហាក់ដូចជាប្រុងសើចឱ្យម៉ាក់ឃើញផងនោះ ម៉ាក់រំភើបចិត្តជាទីបំផុតតែម្តង។

    អ្នកម្តាយថ្មោងថ្មី
    ម៉ាក់អាន និងស្វែងរកព័ត៌មានក៏ច្រើន បទពិសោធពីអ្នកនៅជុំវិញខ្លួន ក៏ម៉ាក់បានស្តាប់ហើយ លុះមកដល់វគ្គប្រតិបត្តិ រឿងមួយចំនួនរបស់កូន ម៉ាក់ត្រូវអាស្រ័យសញ្ជាតិញ្ញាណការសម្រេចចិត្តរបស់ម៉ាក់ខ្លួនឯង តែអ្វីដែលជួយបាននោះគឺ ភាពស្និទ្ធស្នាល ចំណងសម្ពន្ធភាព ហើយនិងការសាកខុសផង សាកត្រូវផង នឹងជួយឱ្យម៉ាក់បានដឹងថា តើម៉ាក់ត្រូវលួងលោមពេលកូនយំឃ្លាន ឬយំពេលងងុយគេងរបៀបណា?

    ការចំណាយ
    អំឡុងពេលត្រៀមខ្លួនទិញរបស់ប្រើប្រាស់ឱ្យកូន គឺជារឿងដែលម៉ាក់ចូលចិត្តបំផុត ព្រោះរបស់នីមួយៗសុទ្ធតែគួរឱ្យស្រឡាញ់ គួរឱ្យចង់ទិញ មានកន្លែងសបភីងសម្រាប់ម្តាយកូនខ្ចីជាច្រើនកន្លែង ដូច្នេះហើយទើបម៉ាក់ត្រូវជ្រើសរើស និងគិតពីភាពចាំបាច់ក្នុងការប្រើប្រាស់ និងតម្លៃថ្លៃថ្នូរដែលល្មមអាចទិញបានជាមុនសិន។ គឺជាទិចនិកការពារភាពប្រថុយប្រថានក្នុងរឿងខ្វះខាតលុយកាក់។

    កក់ក្តៅ ទន់ភ្លន់
    ពេលដែលម៉ាក់និយាយ សម្លឹងមើលភ្នែក ថើបថ្ពាល់ ឬស្រវាឱបពកូន ម៉ាក់មានអារម្មណ៍ថា ប្រៀបដូចជាថ្នាំវិសេសខាងផ្លូវចិត្តរបស់ម៉ាក់ ដែលជួយបំពេញបន្ថែមនូវកម្លាំងចិត្តល្អៗបានជានិច្ច និងក៏ជាផលល្អដល់កូនបានយ៉ាងច្រើនអនេកដែរ ព្រោះការប៉ះពាល់ដោយក្តីស្រឡាញ់តាមរយៈរង្វង់ដៃឱបរបស់ម៉ាក់ អាចលួងលោមបំពេបានគ្រប់ពេលដែលកូនទួញយំ ជួយឱ្យកូនក្លាយជាក្មេងដែលមានអារម្មណ៍ល្អ មានស្នាមញញឹមនៃសេចក្តីសុខ។

    គេងងាយ សប្បាយពោះ
    ព្រោះម៉ាក់បានពិសោធដឹងហើយថា ទឹកដោះម្តាយ គឺជាអាហារកម្រិតកំពូលដែលឧត្តមសម្បូរទៅដោយសារជាតិអាហារគ្រប់គ្រឿង ល្អចំពោះកូនពិតៗ ព្រោះគ្រប់ពេលដែលកូននៅក្នុងរង្វង់ដៃឱបរបស់ម៉ាក់ ក្រៅពីឆ្អែតពោះហើយ កូនគេងលក់បានយ៉ាងងាយ ហើយបន្ទោបង់ក៏ស្រួលទៀតផង។ អេ៎…តើបែបនេះឬ ដែលគេហៅថា ទឹកដោះម្តាយល្អជាងគេបំផុតនោះ!។

    លេងសប្បាយ
    ការពកូនទៅដើរលេងកម្សាន្ត ក្រៅពីកូនបានដឹងថា ពិភពលោកនេះធំធេងតាមរយៈការពិត ដូចជាសំឡេងចាបយំ ឆ្កែព្រុស ឬបានដឹងពីបរិយាកាសមនុស្សម្នា ដើមឈើ តាមវិវឌ្ឍនាការដែលគួរកើតឡើងហើយ  ម៉ាក់ក៏ឆ្លៀតឱកាសបានបន្ធូរអារម្មណ៍ បានហាត់ប្រាណតិចៗ បានធូរស្បើយពីការចិញ្ចឹមមើលថែទាំកូនពេញ 1ថ្ងៃរួចមកដែរ។

    កូនម៉ាក់ធំឡើងរៀងរាល់ថ្ងៃ មានវិវឌ្ឍនាការប្រែប្រួលជានិច្ច  ថ្ងៃនេះម្យ៉ាង ស្អែកឡើងម្យ៉ាង។ ម៉ាក់រៀនយល់ដឹងគ្រប់ពេលវេលាជាមួយរឿងកូន និងស្រឡាញ់កូនដំបូងរបស់ម៉ាក់ ដែលមានទាំងក្តីបារម្ភកង្វល់ និងវិលវល់ខ្លះៗក្នុងរឿងដែលម៉ាក់មិនធ្លាប់ធ្វើ មិនធ្លាប់ដឹង តែគ្រប់ពេលក៏កន្លងផុតមកបានដោយសេចក្តីស្រឡាញ់ សេចក្តីសុខចាប់តាំងពីថ្ងៃដំបូងដែលកើតឡើង រហូតមកដល់ថ្ងៃនេះ និងគ្មានទីបញ្ចប់…៕

  • ការ​ដាំដុះ​សម្រាប់​ការនាំចេញ​កាហ្វេ​កម្ពុជា​ នឹង​កាន់តែ​មាន​សក្ដានុពល​ ក្រោយ​ក្រុមហ៊ុន​ CP​ ប្រកាស​វិនិយោគ​

    ការ​ដាំដុះ​សម្រាប់​ការនាំចេញ​កាហ្វេ​កម្ពុជា​ នឹង​កាន់តែ​មាន​សក្ដានុពល​ ក្រោយ​ក្រុមហ៊ុន​ CP​ ប្រកាស​វិនិយោគ​

    ក្រុមហ៊ុន​ស៊ី​ភី​ (CP​) របស់​ថៃ​ បាន​ចាប់អារម្មណ៍​លើ​ការផលិត​គ្រាប់​កាហ្វេ​នៅ​កម្ពុជា​ ដើម្បី​នាំចូល​ទៅ​ប្រទេស​ថៃ​ ខណៈ​បច្ចុប្បន្ន​តម្រូវការ​គ្រាប់​កាហ្វេ​ កំពុង​មានកម្រិត​ខ្ពស់​នៅក្នុង​ប្រទេស​ថៃ​ ដែល​ទំហំ​នៃ​ការផលិត​មិនទាន់​អាច​ផ្គត់ផ្គង់​គ្រប់​ក្នុង​ប្រទេស​។

    ការ​លើកឡើង​នេះ​ ត្រូវ​បាន​តំណាង​ភាគី​របស់​ក្រុមហ៊ុន​ CP​ បញ្ជាក់​នៅក្នុង​ជំនួប​ប្រជុំ​រវាង​ធុរជន​ថៃ​របស់​ក្រុមហ៊ុន​នេះ​ ជាមួយ​ឯកឧត្ដម​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​ពិភាក្សា​ការងារ​ នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។

    នៅក្នុង​កិច្ចប្រជុំ​នោះ​ តំណាង​របស់​ក្រុមហ៊ុន​ស៊ី​ភី​ បាន​ជម្រាប​ជូន​ឯកឧត្ដម​រដ្ឋមន្ត្រី​ អំពី​គោលបំណង​ក្នុង​ការពិនិត្យ​លើ​ការផលិត​គ្រាប់​កាហ្វេ​នៅ​កម្ពុជា​ ដើម្បី​នាំចូល​ទៅ​ប្រទេស​ថៃ​ ដែល​ បច្ចុប្បន្ន​តម្រូវការ​គ្រាប់​កាហ្វេ​ គឺ​មានកម្រិត​ខ្ពស់​ ដែល​ទំហំ​នៃ​ការផលិត​នៅ​ប្រទេស​ថៃ​ មិន​អាច​ផ្គត់ផ្គង់​គ្រប់​ចំនួន​នោះ​ទេ​។

    ជា​ការ​ឆ្លើយតប​នឹង​បំណង​នេះ​ ឯកឧត្ដម​ ប៉ាន​សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​លើកឡើង​ថា​ការ​ដាំដុះ​ដំណាំ​កាហ្វេ​ គឺ​មាន​ច្រើន​នៅ​ខេត្តមណ្ឌលគិរី​និង​រតនគិរី​របស់​កម្ពុជា​ ហើយ​ឯកឧត្ដម​បាន​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ស៊ី​ភី​ ចុះទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ និង​សហការ​ជាមួយ​សហគមន៍​ផលិត​គ្រាប់​កាហ្វេ​នៅ​ទីនោះ​ ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​ជាក់ស្ដែង​។បន្ថែម​ពីនេះ​ ឯកឧត្ដម​រដ្ឋមន្ត្រី​ ក៏បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ស៊ី​ភី​ បង្កើន​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​ លើស​ពី​ការ​វិនិយោគ​បច្ចុប្បន្ន​បន្ថែម​ទៀត​ ជាពិសេស​ការកែច្នៃ​អង្ករ​ ដំឡូងមី​ពោត​ និង​ផលិតផល​ដទៃទៀត​ ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​មាន​សក្ដានុពល​សម្រាប់​នាំចេញ​។

    ក្រោយ​ទទួល​បាន​ដំណឹង​ថា​ ក្រុមហ៊ុន​ CP​ ប្រកាស​វិនិយោគ​លើ​ការ​ដាំដុះ​ដំណាំ​កាហ្វេ​ នេះ​ដែរ​ លោក​ចាន់​ សុ​ណាត​ ដែល​កសិករ​ដាំ​កាហ្វេ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ បាន​លើកឡើង​ថា​ ដំណាំ​កាហ្វេ​នៅ​ខេត្ត​មណ្ឌលគិរី​ បច្ចុប្បន្ន​គឺ​មាន​ទីផ្សារ​ល្អ​ធម្មតា​។ លោក​បន្ត​ថា​ ដី​ក្នុង​ខេត្តមណ្ឌលគិរី​ មាន​ជីវជាតិ​ល្អ​ និង​អំណោយផល​យ៉ាង​ខ្លាំង​ចំពោះ​ដំណាំ​កាហ្វេ​ ធ្វើ​ឱ្យ​ដំណាំ​ប្រភេទ​នេះ​ លូតលាស់​បាន​ល្អ​ មិន​ចាំបាច់​ថែទាំ​ដិតដល់​ខ្លាំង​ ក៏អាច​ទទួល​បាន​ទិន្នផល​ល្អ​សមរម្យ​ដែរ​។ជាមួយគ្នា​នោះ​ កសិករ​ដាំ​កាហ្វេ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​រូប​នេះ​ ក៏បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ CP​ របស់​ថៃ​ ដែល​បាន​ចាប់អារម្មណ៍​លើ​ផលិតកម្ម​គ្រាប់​កាហ្វេ​នៅ​កម្ពុជា​ ដើម្បី​នាំចូល​ទៅ​ប្រទេស​ថៃ​ ជាពិសេស​នៅ​ក្នុង​ខេត្ត​លោក​តែម្ដង​។

    គួរ​រំឭក​ឱ្យ​បាន​ជ្រាប​ដែរ​ កាលពី​ឆ្នាំ2015​ កម្ពុជា​បាន​នាំចូល​កាហ្វេ​ដែល​មានតម្លៃ​សរុប​ជាង​ 8លាន​ដុល្លារ​ ដែល​ធ្លាក់ចុះ​ពី​ជាង​ 10លាន​ដុល្លារ​កាលពី​ឆ្នាំ​2014​ ខណៈ​ដែល​ការនាំចេញ​មានតម្លៃ​តែ​ជាង​ 70,000​ ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ2015​ ដែល​កើន​ឡើង​ពី​ជាង​ 2,000ដុល្លារ​កាលពី​ឆ្នាំ2014​។ នេះ​បើ​តាម​តួលេខ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​ ហើយ​នៅក្នុង​រយៈពេល​ 6ខែ​ឆ្នាំ​កន្លងទៅ​ កម្ពុជា​នាំចូល​កាហ្វេ​មាន​តម្លៃ​ត្រឹមតែ​ជាង​ 3លាន​ដុល្លារ​ប៉ុណ្ណោះ​។

    យ៉ាងណា​ ក្នុង​ជំនួប​ប្រជុំ​រវាង​ធុរជន​ថៃ​របស់​ក្រុមហ៊ុន​ស៊ី​ភី​ (CP​) នឹង​ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​បង្ហាញ​ពី​ការ​រំពឹង​ទុក​ដែរ​ថា​ ទំហំ​ពាណិជ្ជកម្ម​នាំចេញ​កាហ្វេ​កម្ពុជា​ នឹង​កាន់តែ​មាន​សក្ដានុពល​ទៅកាន់​ទី​ផ្សា​អន្តរជាតិ​ ជាពិសេស​ប្រទេស​ថៃ​ ក្រោយ​មាន​ការ​វិយោគ​លើ​ដំណាំ​នេះ​។ ដើម្បី​សម្រេច​នៅ​គោលដៅ​នេះ​ ភាគី​ទាំង2​ ក៏បាន​ប្តេជ្ញា​ បន្ត​កិច្ចសហការ​ និង​ខិតខំ​ប្រឹងប្រែង​សម្រួល​ពាណិជ្ជកម្ម​ ដើម្បី​លើកស្ទួយ​បរិយាកាស​ធុរកិច្ច​ និង​ការ​វិនិយោគ​របស់​វិ​និ​យោ​គគិន​ថៃ​និង​កម្ពុជា​ និង​ដើម្បី​ឱ្យ​ការនាំចេញ​-នាំចូល​ផលិតផល​របស់​ប្រទេស​ទាំង2​ កាន់តែ​មានការ​កើនឡើង​។

    គួរ​បញ្ជាក់​ថា​ បើ​គិត​ត្រឹមតែ​ឆមាស​ទី1​ ក្នុង​ឆ្នាំ​2019​ កន្លងទៅ​នេះ​ ទំហំ​ពាណិជ្ជកម្ម​ កម្ពុជា​-ថៃ​ មាន​ប្រមាណ​ជាង​ 4ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ចំនួន​នេះ​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ ឈរ​នៅ​លំដាប់​ទី4​ ក្នុងចំណោម​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​តាម​ព្រំដែន​របស់​ថៃ​ ដោយ​ក្នុង​នោះ​ ផលិតផល​ដែល​កម្ពុជា​នាំចេញ​ទៅ​ថៃ​ ភាគច្រើន​គឺ​ ពោត​ និង​ដំឡូងមី​ ជាដើម​ ខណៈ​ដែល​ប្រទេស​ថៃ​ នាំចូល​មក​កម្ពុជា​វិញ​ រួមមាន​ឧបករណ៍​អេឡិចត្រូនិក​ ប្រេងឥន្ធនៈ​ គ្រឿងសម្អាង​ និង​សម្ភារ​សំណង់​ជាដើម​៕

  • តើអ្នកត្រៀមខ្លួនរួចស្រេចប៉ុនណាហើយ ក្នុងការធ្វើជាម្ចាស់មុខជំនួញ?

    តើអ្នកត្រៀមខ្លួនរួចស្រេចប៉ុនណាហើយ ក្នុងការធ្វើជាម្ចាស់មុខជំនួញ?

    សំណួរដំបូងគេដែលអ្នកត្រូវឆ្លើយតបខ្លួនឯងឱ្យបាន ​នៅពេលនឹកស្រមៃចង់ចាប់ផ្ដើមធ្វើជំនួញនោះគឺ “តើយើងបានត្រៀមខ្លួនរួចជាស្រេចហើយឬ?”  ព្រោះអ្វី…ព្រោះអ្នកនឹងក្លាយជាបុគ្គលិកម្នាក់ដែលសំខាន់បំផុតនៅក្នុងក្រុមហ៊ុនរបស់ខ្លួនឯង។

    ការវាយតម្លៃខ្លួនឯង សំខាន់ខ្លាំងជាងការវាយតម្លៃអនាគតនិយោជិត(កូនឈ្នួល)របស់អ្នកទៅទៀត។ អ្នកគួរតែអាចវិភាគពីចំណុចលេចធ្លោ និងចំណុចខ្សោយរបស់ខ្លួនឯងបាន ព្រោះការគ្រប់គ្រងចាត់ការការងារជំនួញរបស់ខ្លួនឯងនេះ ម្ចាស់មុខជំនួញត្រូវតែមានគុណសម្បត្តិច្រើនៗយ៉ាងរួមបញ្ចូលគ្នា។

    ក្នុងការដឹកនាំឆ្ពោះទៅរកភាពជោគជ័យរបស់ការគ្រប់គ្រងមុខជំនួញ គំរូសំណួរ-ចម្លើយខាងក្រោមនេះនឹងជួយឱ្យអ្នកបានដឹងថា តើអ្នកមានភាពត្រៀមខ្លួនរួចជាស្រេចហើយឬនៅក្នុងការធ្វើជំនួញរបស់ខ្លួនឯង?។ អ្នកអាចនាំគំរូសំណួរ-ចម្លើយនេះទៅប្រើសម្រាប់វិភាគលើនរណាម្នាក់ដែលនឹងក្លាយមកជាភាគហ៊ុនក្នុងការគ្រប់គ្រងការងាររបស់អ្នកបានផងដែរ។

    សូមកុំភ្លេចថា ចូរជ្រើសរើសយកចម្លើយក្នុងលក្ខណៈជាខ្លួនអ្នកពិតៗ មិនមែនគ្រាន់តែប្រើអារម្មណ៍ដែលគិតថាគួរតែធ្វើអ៊ីចឹងនោះទេ។ ត្រូវស្មោះត្រង់ចំពោះខ្លួនឯង ដើម្បីឱ្យទទួលបានពិន្ទុដែលត្រូវនឹងការពិតខ្លាំងបំផុត។

    1 . តើអ្នកមានភាពឧស្សាហ៍ព្យាយាមប៉ុនណា?
    ចម្លើយ
    ក . បើមានអ្នកបង្ខំឱ្យចាប់ផ្ដើមធ្វើការ ទើបអ្នកចាប់ផ្ដើម និងធ្វើការតទៅទៀតបានល្អ
    ខ . អ្នកដឹងតួនាទីការធ្វើការងាររបស់អ្នកខ្លួនឯង មិនចាំបាច់ឱ្យនរណាមកបញ្ជាឱ្យចាប់ផ្ដើមធ្វើនោះទេ
    គ . មានដែរភាពឧស្សាហ៍ព្យាយាម…គ្រាន់តែមិនទាន់ចាប់ផ្ដើមធ្វើការ ចាំរហូតទាល់តែដល់ពេលវេលា​ត្រូវចាប់ផ្ដើម

    2 . តើអ្នកមានអារម្មណ៍ជាមួយអ្នកដទៃជុំវិញខ្លួនអ្នកយ៉ាងណាដែរ?
    ចម្លើយ
    ក . អ្នកមានអារម្មណ៍ថា មនុស្សច្រើនៗគួរឱ្យរំខានណាស់ ឬមនុស្សច្រើន រឿងក៏ច្រើនដែរ-ល-
    ខ . អ្នកចូលចិត្តមនុស្សច្រើនៗ ហើយអ្នកខ្លួនឯងក៏អាចចូលចុះជាមួយអ្នកដទៃបានល្អដែរ
    គ . ខ្លួនអ្នកមានមិត្តភក្តិច្រើនគ្រប់គ្រាន់ស្រាប់ហើយ មិនត្រូវការស្គាល់អ្នកដទៃថែមទៀតទេ

    3 . តើអ្នកមានភាពជាអ្នកដឹកនាំដែរឬទេ?
    ចម្លើយ
    ក . អ្នកអាចធ្វើឱ្យអ្នកឯទៀតធ្វើការតាមដែលអ្នកត្រូវការបាន តែត្រូវបង្ខំពួកគេបន្តិច
    ខ . អ្នកអាចធ្វើឱ្យមនុស្សភាគច្រើនធ្វើការបានតាមដែលអ្នកត្រូវការ ដោយមិនចាំបាច់បញ្ចេញកម្លាំងប៉ុន្មានឡើយ
    គ . ជាប្រក្រតី អ្នកច្រើនតែធ្វើតាមអ្នកដទៃបញ្ជាច្រើនជាង

    4 . តើអ្នកមានភាពទទួលខុសត្រូវប៉ុនណា?
    ចម្លើយ
    ក . អ្នកនឹងបង្ហាញភាពទទួលខុសត្រូវនៅពេលដែលចាំបាច់ប៉ុណ្ណោះ ពេលនេះឱ្យអ្នកដទៃទទួលខុសត្រូវការងារសិនចុះ
    ខ . អ្នកមិនចូលចិត្តដឹកនាំអ្នកដទៃ ឬបង្ហាញភាពទទួលខុសត្រូវលើការងារណាទាំងអស់ ព្រោះគិតថា មានអ្នកឯទៀតនៅចាំចេញមុខចេញមាត់ ដូច្នេះទុកឱ្យពួកនោះសម្ដែងតែម្ដងទៅល្អជាង
    គ . អ្នកចូលចិត្តធ្វើជាអ្នកដឹកនាំ និងបង្ហាញពីភាពទទួលខុសត្រូវលើការងារផ្សេងៗ។ ចូលចិត្តក្នុងការសម្រេចបញ្ហា ដើម្បីឱ្យការងារដំណើរការទៅយ៉ាងរលូន

    5 . តើជំនាញផ្នែកការចាត់ការរបស់អ្នកយ៉ាងណាដែរ?
    ចម្លើយ
    ក . អ្នកចូលចិត្តរៀបផែនការមុននឹងចាប់ផ្ដើមការងារ ដោយជាប្រក្រតីទៅ អ្នកច្រើនតែជាអ្នកកំណត់ដំណាក់កាលក្នុងការធ្វើការងារ
    ខ . អ្នកធ្វើការងារបានល្អ តែបើសិនការងារមិនដំណើរការទៅតាមការចង់បានទេ ចាំត្រឡប់មកគិតរៀបផែនការ
    គ . មានការងារអ្វីចូលមកក៏ធ្វើជាបណ្ដើរទៅ មិនចាំបាច់ត្រូវរៀបផែនការជារឿងជារ៉ាវអ្វីប៉ុន្មានទេ

    6 . តើអ្នកជាមនុស្សទទួលធ្វើការងារបានច្រើនប៉ុនណា?
    ចម្លើយ
    ក . មិនចូលចិត្តធ្វើការច្រើន ព្រោះមើលមិនឃើញថា ការងារច្រើននឹងជួយឱ្យជីវិតល្អឡើងសោះ!
    ខ . ធ្វើការច្រើនជាប់រហូត តែបើធ្វើលែងរួចហើយនោះ ឈប់ ក៏គឺឈប់!
    គ . ធ្វើការច្រើនបានជារឿយៗ មិនខ្វល់រឿងការងារច្រើនស្រាប់ហើយ

    7 . តើអ្នកសម្រេចចិត្តបានល្អប៉ុនណាដែរ?
    ចម្លើយ
    ក . បានល្អ! បើសិនមានពេលវេលាគ្រប់គ្រាន់ តែបើមានពេលវេលាតិចពេក ​ច្រើនតែមិនសូវល្អ
    ខ . ច្រើនតែសម្រេចចិត្តបានល្អ ទោះជាមានពេលគិតមិនសូវច្រើនក៏ដោយ
    គ . មិនចូលចិត្តការសម្រេចចិត្តសោះតែម្ដង ព្រោះលទ្ធផលនៃការសម្រេចចិត្តមិនសូវល្អសោះ

    8 . តើអ្នកដទៃគេជឿសម្ដីរបស់អ្នកបានប៉ុនណាដែរ?
    ចម្លើយ
    ក . ព្យាយាមរក្សាពាក្យសម្ដីដែរ តែពេលខ្លះក៏ជ្រើសរើសនិយាយតែរឿងណាងាយៗ គេចពីរឿងដែលអាចត្រូវឆ្លើយសំណួរ
    ខ . បានប្រាកដណាស់!  ព្រោះបើមិនមែនជាសម្ដីដែលចេញមកពីចិត្ត អ្នកនឹងមិននិយាយវាចេញមកទេ
    គ . ដូចជាមិនឃើញត្រូវទៅយកចិត្តទុកដាក់អីនឹងអ្នកដទៃសោះ បើនិយាយទៅហើយធ្វើមិនបាន ក៏គឺធ្វើមិនបានហ្នឹងហើយ!

    9 . អ្នកជាមនុស្សរក្សាពាក្យសន្យាប៉ុនណាដែរ?
    ចម្លើយ
    ក . “និយាយហើយត្រូវតែធ្វើ” បើអ្នកសម្រេចចិត្តហើយថា នឹងធ្វើអ្វីមួយ អ្នកនឹងមិនព្រមឱ្យរឿងណាមួយមកបញ្ឈប់អ្នកបានទេ
    ខ . “និយាយហើយមិនបាច់ធ្វើក៏បាន” បើការងារកំពុងធ្វើ វាមិនទៅតាមអ្វីដូចដែលយើងចង់បាន ទៅខំប្រឹងធ្វើនាំតែខាតខួរក្បាលធ្វើអី?!
    គ . “និយាយហើយគួរតែធ្វើ” ទោះជាការងារនោះនឹងមិនបានដូចចិត្តក៏ដោយ ក៏អ្នកនឹងព្យាយាមធ្វើឱ្យរួចស្រេចដូចដែលបានចាប់ផ្ដើមដែរ។

    10 . តើអ្នករក្សាទុកព័ត៌មានរបស់ការងារដែលធ្វើហើយយ៉ាងណា?
    ចម្លើយ
    ក . ព័ត៌មាន មិនឃើញចាំបាច់ ឬសំខាន់អ្វីសោះ ព្រោះអ្នកដឹងហើយថា ត្រូវធ្វើយ៉ាងណាដោយមិនចាំបាច់ត្រូវពឹងព័ត៌មានចាស់ៗឡើយ
    ខ . រក្សាទុកខ្លះដែរ តែធ្វើការឱ្យបានតាមសាច់ការ វាសំខាន់ជាងមកអង្គុយមើលតែតួលេខ
    គ . អ្នករក្សាទុកព័ត៌មានជាប់រហូត ដើម្បីក្រែងលោថ្ងៃណាមួយត្រូវយកវាមកប្រើការ ទោះជាអ្នកខ្ជឹលរក្សាទុកក៏ដោយ

    ពិន្ទុ
    ចម្លើយ       ក   ខ   គ

    1.       ​ 6  10  0
    2.        0  10  6
    3.        6  10  0
    4.        6  0  10
    5.      ​ 10  6   0
    6.       0  6  10
    7.       6  10  0
    8.       6  10  0
    9.      10  0   6
    10.     ​ 0   6  10

    វិភាគពិន្ទុ ៖
    ពិន្ទុ 100 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច “ល្អកំពូល”។ មានន័យថា អ្នកកើតមកដើម្បីធ្វើជាចៅហ្វាយលើខ្លួនឯងយ៉ាងពិតប្រាកដ។ បើអ្នកនៅមិនទាន់បានចាប់ផ្ដើមបើកមុខជំនួញជារបស់ខ្លួនឯងនោះ អ្នកគួរតែបើកហើយ…រឹតតែឆាប់ រឹតតែល្អ ព្រោះអ្នកកំពុងមានកម្ដៅគ្រប់គ្រាន់សម្រាប់ការបោះជំហានទៅមុខបានយ៉ាងល្អហើយ។ពិន្ទុ 91 – 99 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច “ល្អណាស់”។ មានន័យថា អ្នកមានភាពត្រៀមរួចជាស្រេចលើគ្រប់ផ្នែកសម្រាប់ការចាប់ផ្ដើមមុខជំនួញរបស់ខ្លួនឯង។ ដូច្នេះ ចូរកុំបង្អង់យូរ  ព្រោះដំណើរផ្លូវនៃភាពជោគជ័យនៅខាងមុខកំពុងតែបើកចំហ និងរង់ចាំអ្នក។ពិន្ទុ 72 – 90 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច “ល្អ”។  មានន័យថា អ្នកមានគុណសម្បត្តិ និងភាពត្រៀមរួចជាស្រេចក្នុងការធ្វើជាសហគ្រិនដែលនឹងទទួលជោគជ័យ  តែក៏នៅមានចំណុចខ្សោយជាច្រើនចំណុចទៀតដែរ។ ជំនាញលើចំណុចដែលអ្នកខ្វះ អ្នកអាចសិក្សារកចំណេះដឹងបន្ថែមបាន ឬមិនទេ ក៏ជួលមនុស្សពីក្រៅឱ្យចូលមកជួយបាន។

    ពិន្ទុ 40 – 71 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច “កណ្ដាល ឬមធ្យម”។  មានន័យថា នៅមិនទាន់ប្រាកដច្បាស់ថា តើអ្នកត្រៀមជាស្រេចក្នុងការធ្វើជាចៅហ្វាយលើខ្លួនឯង និងអ្នកដទៃហើយឬនៅទេ?។ អ្នកនៅខ្វះគុណសម្បត្តិច្រើនប្រការ ដែលអនាគតសហគ្រិនជោគជ័យមិនគួរមើលរំលង​  តែបើអ្នកនៅតែមានតម្រូវការចង់បើកមុខជំនួញរបស់ខ្លួនឯងឱ្យបាននោះ អ្នកនឹងជួបឧបសគ្គដ៏ច្រើននាពេលអនាគត ដែលអាចនឹងធ្វើឱ្យអ្នកបរាជ័យយ៉ាងអស់ក្បាច់មិនខាន។ពិន្ទុ ទាបជាង 40 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច “មិនសូវល្អ”។  មានន័យថា មិនចង់ប្រាប់សោះថា អ្នកគួរតែបំភ្លេចក្តីសុបិនដែលចង់ក្លាយជាចៅហ្វាយលើខ្លួនឯងនោះចោលទៅ។ ការធ្វើជំនួញមិនមែនជាដំណើរផ្លូវរបស់អ្នកទេ អ្នកប្រហែលជាស័ក្តិសមនឹងការងារដែលអ្នកកំពុងធ្វើហ្នឹងច្រើនជាង។  ដូច្នេះចូរកុំមក​ខាតពេលអង្គុយនឹកស្រមៃទៅដល់អ្វីដែលវាមិនអាចក្លាយជាការពិតបានធ្វើអី៕
    រៀបរៀងដោយ តាវ៉ែនតា

  • រដ្ឋមន្ត្រី​៖ ធនធានមនុស្ស​ ជា​សក្តា​នុ​ពល​សំខាន់​ ក្នុង​ដំណើរ​ពន្លឿន​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​

    រដ្ឋមន្ត្រី​៖ ធនធានមនុស្ស​ ជា​សក្តា​នុ​ពល​សំខាន់​ ក្នុង​ដំណើរ​ពន្លឿន​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​

    រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ឯកឧត្ដម​ វេង​ សា​ខុន​ បាន​លើកឡើង​ថា​ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ គឺ​ចាំបាច់​ត្រូវ​មាន​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង​ ចំណេះធ្វើ​រួម​ទាំង​សីលធម៌​វិជ្ជាជីវៈ​ គុណធម៌​ខ្ពស់​ ដើម្បី​ឈាន​ទៅ​ពន្លឿន​ដំណើ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​កាន់តែ​ដើរទៅ​មុខ​។

    ការ​លើកឡើង​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ ដល់​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ នៅ​ទីស្ដីការ​ក្រសួង​កសិកម្ម​ កាលពី​ចុងខែ​មករា​ ឆ្នាំ2020​ កន្លងទៅ​។ នា​ឱកាស​នោះ​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​កោតសរសើរ​ចំពោះ​ជយលាភី​ ដែល​មន្ត្រី​ក្រប​ខ័ណ្ឌ​ថ្មី​ៗទើប​ទទួល​បាន​ដោយសារ​ការ​ប្រឡង​ប្រកបដោយ​តម្លាភាព​ និង​យុត្តិធម៌​កាលពី​ថ្ងៃទី27​ ខែតុលា​ ឆ្នាំ2019​ កន្លងទៅ​។

    ជាមួយគ្នា​នោះ​ លោក​រំពឹង​ថា​ មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ទាំង​ 120នាក់​ នឹង​ចូលរួម​ចែករំលែក​ជា​កម្លាំងកាយ​ ចំណេះដឹង​ ស្មារតី​ក្នុង​ការបម្រើ​ការងារ​ឱ្យ​អង្គភាព​របស់​ខ្លួន​ផ្ទាល់​ ដែល​ប្រកប​ដោយសក្តានុពល​ក្នុង​ការ​ពន្លឿន​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​។

    ជាមួយគ្នា​នោះ​ ឯកឧត្ដម​រដ្ឋមន្ត្រី​ វេង​ សា​ខុន​ ក៏​បាន​ផ្តាំផ្ញើ​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ទាំងនោះ​ដែរ​ថា​ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ គឺ​ចាំបាច់​ត្រូវ​មាន​ធនធាន​មនុស្ស​ប្រកបដោយ​ចំណេះដឹង​ ចំណេះធ្វើ​ រួម​ទាំង​សីលធម៌​វិជ្ជាជីវៈ​និង​ គុណធម៌​ខ្ពស់​។

    អ្នកចូលរួម​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ដល់​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី នៅ​ទីស្ដីការ​ក្រសួងកសិកម្ម

    ហេតុ​ដូចនេះ​ដើម្បី​ប្រែក្លាយ​ខ្លួន​ជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ ប្រកប​ដោយសក្តានុពល​ និង​ក្លាយជា​ទំពាំងស្នងឫស្សី​ ក្នុង​ពេល​អនាគត​ដ៏​ខ្លី​នេះ​ លោក​បាន​ផ្តល់​អនុសាសន៍​ចំនួន​ 5ចំណុច​សំខាន់​ដល់​មន្ត្រី​ក្របខ័ណ្ឌ​ថ្មីនេះ​ ដែល​មានខ្លឹមសារ​ជាអាទិ៍​៖

    ទី1​៖ ត្រូវ​បន្ត​អភិវឌ្ឍ​ខ្លួន​ ដោយ​ត្រូវ​ខិតខំ​រៀនសូត្រ​ចំណេះ​ជំនាញ​ ក្រមសីលធម៌​វិជ្ជាជីវៈ​ ក្រម​ប្រតិបត្តិ​ លិខិត​បទដ្ឋាន​គតិ​យុត្ត​របស់ក្រ​សួង​ សហលក្ខន្តិកៈ​មន្ត្រី​រាជការ​។ល។

    ទី2​៖ ត្រូវ​គោរពច្បាប់​រដ្ឋ​ និង​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កាតព្វកិច្ច​ នៃ​មន្ត្រី​រាជការ​គ្រប់រូប​ មាន​ចែង​នៅក្នុង​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ ជំពូក​ទី5​ មាត្រា​ 33​, 34​, 36​, 37​ និង38​។

    ទី3​៖ ត្រូវ​ប្រកាន់យក​ភាព​ថ្លៃថ្នូរ​ និង​មាន​កិត្តិយស​កាតព្វកិច្ច​ លាក់ការណ៍​ គោរព​ការសម្ងាត់​វិជ្ជាជីវៈ​អព្យាក្រឹត​ក្នុង​ការងារ​ ភក្តី​ភាព​ គិតគូរ​ និង​ការពារ​ឱ្យ​បាន​នូវ​ផលប្រយោជន៍​ជាតិ​ សាធារណៈ​ ក្រសួង​ និង​ផលប្រយោជន៍​អង្គភាព​ ជាពិសេស​ គឺ​ត្រូវ​ចូលរួម​ចំណែក​ ថែរក្សា​ការពារ​សន្តិភាព​។

    ទី4​៖ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ខ្ពស់​នៅពេល​បំពេញភារកិច្ច​ សហការ​គ្នា​ និង​ចូលរួម​គ្រប់​សកម្មភាព​ដែល​ផ្តល់​ប្រយោជន៍​ដល់​អង្គភាព​របស់​ខ្លួន​ ក្រសួង​ និង​ប្រទេសជាតិ​។

    នៅក្នុង​ឱកាស​នោះ​ដែរ​ បើ​តាម​របាយការណ៍​របស់​លោក​ ទី​ ចាន់​ណា​ ប្រធាន​នាយកដ្ឋាន​បុគ្គលិក​និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ បានឱ្យ​ដឹង​ថា​ សម្រាប់​ឆ្នាំ2019​ ក្រសួង​បាន​ទទួល​មន្ត្រី​ចំនួន​ 120នាក់​ដែល​ទើប​ប្រឡងជាប់​ក្របខ័ណ្ឌ​ថ្មី​ ដោយ​ត្រូវ​បែងចែក​ទៅ​តាម​អង្គភាព​ជំនាញ​ និង​មន្ទីរ​នី​មួយ​ៗ។ ជាមួយគ្នា​នោះ​ នាយកដ្ឋាន​បុគ្គលិក​ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ នឹង​ខិតខំ​រៀបចំផែនការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យ​កាន់តែ​មានគុណ​ភាព​ខ្ពស់​។

    គោលនយោបាយ​ត្រូវ​បាន​ផ្តោត​ទៅលើ​ការ​បង្កើន​ជំនាញ​ និង​ចំណេះដឹង​ពាក់ព័ន្ធ​ ផលិតកម្ម​ ពិពិធ​កម្ម​ សមត្ថភាព​ក្នុង​ការកែច្នៃ​ ការ​ស្តុក​ទុក​ ការចែកចាយ​ និង​ការស្វែងរក​ទីផ្សារ​។ រដ្ឋាភិបាល​បាន​កំណត់​គោលដៅ​សម្រាប់​ពាណិជ្ជកម្ម​ កសិកម្ម​ដើម្បី​បង្កើនផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) ឱ្យ​បាន​ 30ភាគរយ​នៅក្នុង​ឆ្នាំ2025​។ ហេតុនេះ​ ដើម្បី​សម្រេច​នៅ​គោលដៅ​នេះ​ ចាំបាច់​ត្រូវតែ​ពង្រឹង​ធនធានមនុស្ស​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​។

    ការថតរូបជុំគ្នា ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ដល់​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី នៅ​ទីស្ដីការ​ក្រសួងកសិកម្ម

    យ៉ាងណាក្ដី​ បើ​តាម​ការ​អះអាង​ពីរ​ដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ឯកឧត្ដម​ វេង​សា​ខុន​ បានឱ្យ​ដឹង​ថា​ ដើម្បី​ឈាន​ទៅ​ពន្លឿន​ដំណើ​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ ក្រសួង​បាន​ណែនាំ​បន្ថែម​ដល់​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់​ ត្រូវ​យកចិត្ត​ទុកដាក់​ពិចារណា​ និង​អនុវត្ត​ឱ្យ​បាន​យ៉ាងសកម្ម​នៅ​ចំណុច​សំខាន់​រួមមាន​៖

    ទី1​- គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ត្រូវតែ​ពង្រឹង​និង​កែ​លម្អ​ដំណើរការ​នៃ​ការគ្រប់គ្រង​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ សំដៅ​ប្រែក្លាយ​ធនធានមនុស្ស​នៅក្នុង​វិស័យ​សាធារណៈ​ឱ្យ​កាន់តែ​មាន​សមត្ថភាព​វិជ្ជាជីវៈ​ច្បាស់លាស់​ និង​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញ​ការងារ​។

    ទី2​- បន្ត​ធ្វើការ​កែទម្រង់​ឱ្យ​មានប្រសិទ្ធភាព​ដោយ​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ ផែនការ​សកម្មភាព​ និង​ការរៀបចំ​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ គ្រប់ជ្រុងជ្រោយ​ និង​សង្គតិភាព​។ បន្ដ​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ និង​ដៃគូ​អភិវឌ្ឍន៍​កសិកម្ម​នានា​ឱ្យ​បាន​ល្អ​ប្រសើរ​។

    ទី3​- ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ខ្ពស់​នៅពេល​បំពេញភារកិច្ច​ ព្រមទាំង​ប្រគល់​ការងារ​តាម​សមត្ថភាព​ និង​ទប់ស្កាត់​រាល់​សកម្មភាព​បំបែកបំបាក់​ផ្ទៃក្នុង​របស់​យើង​ ក៏ដូចជា​ការគ្រប់គ្រង​លើ​មន្ត្រី​រាជការ​ប្រកបដោយ​យុត្តិធម៌​។ ត្រូវ​ចៀសវាង​នូវ​ការ​បំបែកបំបាក់​ផ្ទៃក្នុង​ និង​មិន​កេង​ចំណេញ​យក​ផលប្រយោជន៍​សម្រាប់​បុគ្គល​ខ្លួន​។ ត្រូវ​ចងចាំ​ជានិច្ច​នូវ​អនុសាសន៍​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ទាំង​ 11ចំណុច​ ដែល​តែងតែ​ក្រើន​រំឭក​ថា​ ជាតិ​ជាម​ន្ត្រី​ដែល​ល្អ​ គឺ​ត្រូវ​ធ្វើអ្វី​ខ្លះ​?។

    ទី4​- ត្រូវ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ និង​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការដំឡើង​ថ្នាក់​ ឋានន្តរស័ក្តិ​ និង​គ្រឿងឥស្សរិយយស​ជូន​មន្ត្រី​រាជការ​ក្រោម​ឱវាទ​។ ទន្ទឹម​នឹង​នេះ​ គ្រប់​អង្គភាព​ ត្រូវ​ខិតខំ​លើកទឹកចិត្ត​ដល់​មន្ត្រី​រាជការ​ដែល​បាន​ខិតខំ​បន្ត​ការសិក្សា​។

    ទី5​- ប្រធាន​គ្រប់​អង្គភាព​ត្រូវ​យកចិត្ត​ទុកដាក់​ និង​ពិនិត្យ​ តាមដាន​ រាល់​លិខិត​ណែនាំ​ សារាចរ​ ឬលិខិត​នានា​របស់ក្រ​សួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ ជាពិសេស​ គ្រប់​អង្គភាព​ទាំងអស់​ ជា​រៀងរាល់​ឆ្នាំ​ ត្រូវ​រៀបចំផែនការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ធ្វើ​របាយការណ៍​ស្ថិតិ​មន្ត្រី​រាជការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ក្នុង​ និង​ក្រៅប្រទេស​។

    តាមរយៈ​ការ​ដាក់ចេញ​នូវ​វិធានការ​ និង​សេចក្តី​ណែនាំ​នេះ​ ក្រសួង​កសិកម្ម​រំពឹង​ថា​ នឹង​ឈាន​ទៅ​អភិវឌ្ឍន៍​ធនធានមនុស្ស​កាន់តែ​មាន​សមត្ថភាព​ វិជ្ជាជីវៈ​ច្បាស់លាស់​ និង​ប្រសិទ្ធភាព​ ដើម្បី​ឈាន​ទៅ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​៕

  • អ្នកជំនាញ​៖ លំនៅឋាន​ជាប់​ដី​ នៅតែ​ទាក់ទាញ​ទីផ្សារ​ក្នុង​ស្រុក​

    អ្នកជំនាញ​៖ លំនៅឋាន​ជាប់​ដី​ នៅតែ​ទាក់ទាញ​ទីផ្សារ​ក្នុង​ស្រុក​

    ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បានឱ្យ​ដឹង​ថា​ កម្ពុជា​នៅ​ត្រូវការ​លំនៅឋាន​ជាង​ 1លាន​ខ្នង​បន្ថែម​ទៀត​ក្នុង​ឆ្នាំ2030​។ ទន្ទឹម​នឹង​តម្រូវការ​លំនៅឋាន​នេះ​ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា​ បាន​លើកឡើង​ថា​ តម្រូវការ​ទីស្នាក់អាស្រ័យ​ដែល​មាន​លក្ខណៈ​ជា​ផ្ទះ​ជាប់​ដី​ នៅតែ​ទាក់ទាញ​ និង​មាន​តម្រូវការ​ខ្ពស់​ពីសំណាក់​ទីផ្សារ​ក្នុង​ស្រុក​។

    យោង​តាម​ការ​លើកឡើង​ពី​ប្រធាន​ក្រុម​ផ្នែក​លក់​នៃ​បុរី​ភ្នំពេញថ្មី​ លោកស្រី​ ជា​ សុភា​រុ​ណ ដែល​ធ្លាប់​បាន​លើកឡើង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ​បានឱ្យ​ដឹង​ថា​ ទោះជា​បច្ចុប្បន្ន​នេះ​កំណើន​ពលរដ្ឋ​កម្ពុជា​ ការ​ផ្លាស់​ប្តូរ​ទៅ​ស្នាក់នៅ​ក្នុង​ផ្ទះ​ជា​លក្ខណៈ​ខុន​ដូ​ និង​អា​ផា​តមិន​មាន​ច្រើន​ក៏​ពិតមែន​ ប៉ុន្តែ​តម្រូវការ​ទី​ស្នាក់នៅ​ដែល​មាន​លក្ខណៈ​ជា​ផ្ទះ​ជាប់​ដី​ ដូចជា​លំនៅឋាន​ក្នុង​បុរី​ ជាដើម​ នៅ​តែ​មាន​តម្រូវការ​ខ្ពស់​ និង​មានការ​ផ្គត់ផ្គង់​កាន់តែ​ច្រើន​ ជាពិសេស​នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​។

    ហេតុនេះ​ ដើម្បី​បំពេញ​តម្រូវការ​នេះ​ ប្រធាន​ក្រុម​ផ្នែក​លក់​នៃ​បុរី​ភ្នំពេញថ្មី​រូប​នេះ​ បាន​មើលឃើញ​ថា​ ការ​អភិវឌ្ឍ​លំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជា​ អ្នក​វិនិយោគ​ និង​អ្នក​អភិវឌ្ឍន៍​ ក៏បាន​ផ្លាស់​ប្តូរ​មួយចំនួន​ផង​ដែរ​ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។

    លោកស្រី​បានឱ្យ​ដឹង​ថា​ អ្នក​អភិវឌ្ឍន៍​លំនៅឋាន​ជា​លក្ខណៈ​ផ្ទះ​ជាប់​ដី​ នៅពេល​បច្ចុប្បន្ន​នេះ​ ក៏បាន​កែប្រែ​ និង​ផ្លាស់​ប្តូរ​មួយចំនួន​ផង​ដែរ​ ជាក់ស្ដែង​បុរី​មួយចំនួន​បាន​កែប្រែ​ទំហំ​ឱ្យមក​ជា​រាង​តូច​បន្តិច​ ព្រោះ​បច្ចុប្បន្ន​សមាជិក​ក្នុង​ផ្ទះ​នី​មួយ​ៗ កាន់តែ​តិច​ ខុសពី​ប៉ុន្មាន​ឆ្នាំមុន​ ដែល​ក្នុង​ 1ផ្ទះ​ៗមាន​សមាជិក​រស់នៅ​ច្រើន​។

    លោកស្រី​បានឱ្យ​ដឹង​ថា​៖ “ការ​កែប្រែ​ទំហំ​ផ្ទះ​ឱ្យ​មក​រាង​តូច​បន្តិច​នេះ​ ដោយសារតែ​ចង់ឱ្យ​វា​ស្រដៀង​ នឹង​ខុន​ដូ​ដែរ​ ព្រោះ​ផ្ទះ​ជាប់​ដី​ក្នុង​បុរី​ គឺជា​ប្រភេទ​ផ្ទះ​វីឡា​ ជាពិសេស​វីឡា​កូនកាត់​”។

    ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​ពី​តម្រូវការ​ផ្ទះ​ជាប់​ដី​ ពីសំណាក់​ទីផ្សារ​ក្នុង​ស្រុក​នេះ​ផង​ដែរ​ លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​លើកឡើង​ថា​ ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ រួម​ជាមួយនឹង​ការ​កើនឡើង​នៃ​ចំនួន​ប្រជាជន​កម្ពុជា​ បាន​និង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​អចលនទ្រព្យ​របស់​កម្ពុជា​។

    មិន​តែប៉ុណ្ណោះ​ ក្នុងរយៈពេល​ 1ទសវត្សរ៍​កន្លងមក​នេះ​ វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​ទទួល​បាន​កំណើន​យ៉ាង​ខ្លាំង​ជា​រៀងរាល់​ឆ្នាំ​ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​តំបន់​ជាយក្រុង​នានា​។

    ជាក់ស្តែង​ លោក​សង្កេតឃើញ​ថា​ តម្រូវការ​លំនៅឋាន​ជាប់​ដី​នៅ​កម្ពុជា​កំពុង​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ហេតុដូច្នេះ​ហើយ​ ទើប​អ្នក​វិនិយោគ​ក្នុង​ស្រុក​បាន​សម្លឹងឃើញ​ថា​ ទីផ្សារ​លំនៅឋាន​ជាប់​ដី​ ជាគោល​ដៅ​ទាក់ទាញ​មួយ​ពីសំណាក់​ទីផ្សារ​ក្នុង​ស្រុក​ ទើប​អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​អ្នក​អភិវឌ្ឍន៍​តែម្ដង​ បាន​បោះទុន​ទៅលើ​វិស័យ​លំនៅឋាន​ជាប់​ដី​នេះ​ច្រើន​។

    លោក​ ច្រឹក​ សុ​ខនីម​ បាន​សង្កត់ធ្ងន់​ទៀត​ថា​៖“លំនៅឋាន​ជាប់​ដី​ ត្រូវ​បាន​គេ​អភិវឌ្ឍ​ទៅកាន់​តំបន់​ជាយ​រាជធានី​ ដោយសារតែ​តម្លៃ​ដីធ្លី​នៅ​កណ្ដាល​ក្រុង​កាន់តែ​ឡើងថ្លៃ​ឡើង​ ដូច្នេះ​គេ​ទុក​ដី​នៅ​កណ្ដាល​ក្រុង​សម្រាប់​អភិវឌ្ឍន៍​ជា​ខុន​ដូ​ និង​អគារ​ខ្ពស់​ៗ វា​ចំណេញ​ជាង​ តែ​សម្រាប់​អ្នក​ដែល​ចង់បាន​ផ្ទះ​ជាប់​ដី​នៅ​កណ្ដាល​ក្រុង​ ត្រូវ​ចំណាយ​លុយ​ច្រើន​ ដើម្បី​ទិញ​ដី​ និង​សាងសង់​ដោយខ្លួនឯង​ បើ​មិន​ដូច្នេះ​ទេ​ ពួកគាត់​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​នៅ​តំបន់​ជាយ​រាជធានី​បន្តិច​ហើយ​”។

    យោង​តាម​របាយការណ៍​របស់​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ (UNDP​) តាមរយៈ​វេទិកា​នគរ​រូប​នី​យក​ម្ម​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​បង្ហាញថា​ ប្រជាជន​សរុប​របស់​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ 15​ ទៅ​ 16លាន​នាក់​ នៅចន្លោះ​ពេលនេះ​ រហូតដល់​ឆ្នាំ2030​ ហើយ​នៅ​ទីក្រុង​ភ្នំពេញ​ និង​តំបន់​ទីប្រជុំជន​ផ្សេងទៀត​នឹង​កើន​ពី​ 4 ទៅ​ 7លាន​នាក់​ ដែល​លំនៅឋាន​ប្រមាណ​ 800,000ខ្នង​ ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ នឹង​ត្រូវ​សាងសង់​បន្ថែម​ទៅលើ​ស្តុក​លំនៅឋាន​នា​ពេល​បច្ចុប្បន្ន​។

    ប៉ុន្តែ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ធ្លាប់​បានឱ្យ​ដឹង​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ2019​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ2020​ កាលពី​ចុងឆ្នាំ​2019​ កន្លងទៅ​ថា​ សម្រាប់​ឆ្នាំ2030​ កម្ពុជា​នឹង​ត្រូវការ​លំនៅឋាន​នៅ​ទូទាំង​ប្រទេស​ចំនួន​ជាង​ 1លាន​ 1សែន​ខ្នង​ ខណៈ​ក្នុង​ 1ឆ្នាំ​ៗ កម្ពុជា​ត្រូវការ​អភិវឌ្ឍ​លំនៅឋាន​ប្រមាណ​ជា​ 5ម៉ឺន​ខ្នង​ក្នុង​ 1ឆ្នាំ​ ដែល​ក្នុង​នោះ​សំណង់​លំនៅឋាន​ទូទៅ​ជិត​ 4ម៉ឺន​ខ្នង​ និង​លំនៅឋាន​ក្នុង​តម្លៃ​សមរម្យ​ជាង​ 8ពាន់​ខ្នង​។

    ជាមួយគ្នា​នោះ​ដែរ​ បើ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​បង្ហាញ​ឱ្យ​ដឹង​ដែរ​ថា​ ក្នុង​ឆ្នាំ2019​ កន្លងទៅ​នេះ​អ្នក​អភិវឌ្ឍន៍​សំណង់​លំនៅឋាន​បាន​ស្នើសុំ​វិនិយោគ​លើ​សំណង់​លំនៅឋាន​មាន​ចំនួន​ 732គម្រោង​ ក្នុង​តម្លៃ​វិនិយោគ​ជាង​ 661លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ជាង​ 38ពាន់​ល្វែង​។

    ចំណែក​បុរី​លំនៅឋាន​ និង​បណ្ដុំ​លំនៅឋាន​ មាន​លក្ខណៈ​ជា​បុរី​ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ 40គម្រោង​ ស្មើនឹង​ជាង​ 16ពាន់​ខ្នង​ មាន​ទុន​ប៉ាន់ស្មាន​ប្រមាណ​ជាង​ 821លាន​ដុល្លារ​អាមេរិក​។ ក្រៅពីនោះ​ ក៏​មាន​អគារ​ផ្ទះល្វែង​ និង​អគារ​ស្នាក់នៅ​រួម​ជាច្រើន​យូនី​តទៀតផង​ដែរ​៕

  • ក្លិបក្រសួងការពារជាតិ ប្រកាសឈ្មោះថ្មីសម្រាប់រដូវកាល2020

    ក្លិបក្រសួងការពារជាតិ ប្រកាសឈ្មោះថ្មីសម្រាប់រដូវកាល2020

    ក្លិបបាល់ទាត់ក្រសួងការពារជាតិ នៅថ្ងៃទី4 ខែកុម្ភៈ បានសម្រេចប្រកាសប្ដូរឈ្មោះថ្មីចាប់ពីរដូវកាល2020 នេះតទៅ នៅសម្រាប់ការប្រើប្រាស់នៃលីកកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែរ។

    ដោយ​ក្រសួង​ការពារ​ជាតិ ​បាន​​ប្ដូរ​ឈ្មោះ​របស់​ខ្លួន​ទៅ​ជា “​សមាគម​កីឡា​បាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ” ​វិញ​ ​ចាប់​ពី​ថ្ងៃ​ទី​31 ​ខែ​មករា ​ឆ្នាំ​2020​ត​ទៅ។

    ក្រៅពីការផ្លាស់ប្ដូរឈ្មោះ ក្លិបមួយនេះក៏មានការកែសម្រួលស្លាកសញ្ញា ( Logo ) របស់ក្លិបខ្លះផងដែរ ដោយមានបន្ថែមឈ្មោះ Tiffy Army ដែលជាឈ្មោះម្ចាស់ឧបត្ថម្ភដ៏ធំរបស់ក្លិបនៅខាងក្រោមផងដែរ៕