Category: សង្គម និងសេដ្ឋកិច្ច

  • លឿនមែនទែន!! «កុមារី ២៥ ឆ្នាំ វគ្គ៣» ប្រកាសត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះហើយ

    លឿនមែនទែន!! «កុមារី ២៥ ឆ្នាំ វគ្គ៣» ប្រកាសត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះហើយ

    ដូចប្រិយមិត្តជាច្រើនបានជ្រាបមកហើយថា ខ្សែភាពយន្ត​រឿង «កុមារី២៥ឆ្នាំ» បានបញ្ចេញជាលើកដំបូងនៅឆ្នាំ២០១២ ហើយបន្ទាប់ពីជោគជ័យនៅក្នុងការបញ្ជាំងដោយមានការគាំទ្រយ៉ាងខ្លាំងក្លានោះ រឿង «កុមារី២៥ឆ្នាំ វគ្គ២» ក៏បានបញ្ចេញជាថ្មីនៅឆ្នាំ២០១៣។ ក្រោយពីសម្រុកថតអស់រយៈពេលប៉ុន្មានខែមកនេះ «កុមារី ២៥ ឆ្នាំ វគ្គ៣» ស្រាប់តែប្រកាសចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះហើយ។

    តាមរយៈទំព័រផេកភាពយន្តរឿង «កុមារី ២៥ឆ្នាំ»បានឱ្យដឹងថា ភាពយន្តខ្នាតធំបែបកំប្លែង សើចចុកពោះប្រចាំឆ្នាំ ២០២០ នេះគឺរឿង «កុមារី ២៥ ឆ្នាំ វគ្គ៣»ដែលជាស្នាដៃនិពន្ធ និង ដឹកនាំរឿងដោយអ្នកស្រី ពាន់ ភួងបុប្ផា រួមសម្តែងដោយ ញ៉ែម សុគន្ធ និង នី មុល្លិកា រួមទាំងតារាកំប្លែងល្បីៗមួយចំនួនទៀតផង។ ជាពិសេសភាពយន្តនេះត្រូវបានសហការផលិតរួមគ្នារវាងផលិតកម្ម កងចក្រភីកឈ័រ និង ផលិតកម្ម អិមស៊ីអិនវីភីកឈ័រ។ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ នៅគ្រប់រោងភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា។

    សូមជម្រាបថាភាយន្តនេះមិនទាន់មានវីដេអូ Trailer ចាក់បង្ហាញដល់​ទស្សនិកជននៅឡើយទេ តែប្រិយមិត្តជាច្រើន​ទាយទុកមុន​ថារឿង «កុមារី ២៥ឆ្នាំ» វគ្គចុងក្រោយនេះ នឹងធ្វើ​ឱ្យ​ពួកគេផ្ទុះសំណើច​ក្អាកក្អាយ ហ៊ោរកញ្ជៀវពេញ​រោងភាពយន្ត​មិនខាន។ យោង​​តាម​ផេកហ្វេសប៊ុក​រឿង «កុមារី ២៥ឆ្នាំ» បង្ហោះ​កាលពីចុងឆ្នាំ ២០១៩ បានបង្ហើបតិចៗ​ថា​ភាពយន្តនេះ​ត្រៀមនឹង​ចាក់​បញ្ចាំង នាពេលឆាប់ៗ​ខាងមុខនេះគ្រប់​រោងភាពយន្តនៅក្នុងស្រុកខ្មែរ។ ចង់ដឹងថា​ក្នុងវគ្គចុងក្រោយនេះ នឹងមានអ្វីប្លែកខ្លះ? រង់ចាំទស្សនា​ទាំងគ្នា៕

  • មន្ទីរពេទ្យកុមារអង្គរបន្ថែមការយល់ដឹងដល់អាណាព្យាបាល ពីរបៀបថែទាំកូន និងបង្ការជំងឺបុត្រធីតា តាមរយៈវេទិកាថ្មីមួយ

    មន្ទីរពេទ្យកុមារអង្គរបន្ថែមការយល់ដឹងដល់អាណាព្យាបាល ពីរបៀបថែទាំកូន និងបង្ការជំងឺបុត្រធីតា តាមរយៈវេទិកាថ្មីមួយ

    មន្ទីរពេទ្យ​កុមារ​អង្គរបានបង្ហាញគម្រោងមួយដែលមានឈ្មោះថា​ វេទិកា​តុ​កាហ្វេ​វិទ្យាសាស្ដ្រ ឬ Science Café ជាវេទិកា​​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​ឪពុកម្ដាយ ឬអាណាព្យាបាល​ដែល​មានកូន​មកសម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បីបន្ថែម​ការការពារ និង​ថែទាំ​បុត្រធីតា​មិនឱ្យ​មានជំងឺ និង​ចេះ​ថែទាំ​នៅពេល​ពួកគេ​ឈឺ​ថ្កាត់ផងដែរ។​
    ការពិតទៅ វេទិកា​តុ​កាហ្វេ​វិទ្យាសាស្ដ្រនេះ បាន​បង្កើតឡើងអស់​រយៈពេល​ 3​ឆ្នាំ​មកហើយ គឺ​តាំងពី​ឆ្នាំ​2016 ​មកម៉្លេះ ដោយមាន​កម្មវិធី​បង្រៀន​ជាប្រចាំ សម្រាប់​ចែករំលែក​ចំណេះដឹង​សុខភាព ដល់​មាតាបិតា​ដែល​នាំ​កូន​មក​ព្យាបាល​ជំងឺ ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​។ វេទិកា​នេះ ដូចជា​ថ្នាក់រៀន​មួយ​ដូច្នោះ​ដែរ​ដែល​បង្រៀន​មេរៀន​ពី​ជំងឺ​ផ្សេងៗ​ដែល​ងាយ​កើត​លើ​កុមារ​តូចៗ និង​របៀប​ថែទាំពួកគេ​។​

    កញ្ញា ប៉ុល ស្រីមុំ អ្នកស្រាវជ្រាវ​ការិយាល័យ​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ Oxford ប្រចាំ​ប្រទេស​កម្ពុជា នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​បានឱ្យដឹងថា គោលបំណង​នៃ​វេទិកា​នេះ ​គឺ​ផ្តល់​ភាពជិតស្និទ្ធ​រវាង​គ្រូពេទ្យ​និង​អាណាព្យាបាល​កុមារ បង្កើន​ការយល់ដឹង​បន្ថែម​ពី​សុខភាព​កុមារ​ក៏ដូចជា​ជំងឺ​ផ្សេងៗ​ដែល​កំពុង​កើតមាន​។ កញ្ញា ស្រីមុំ បានឱ្យដឹងថា រយៈពេល​ 3​ឆ្នាំ​មកនេះ វេទិកា​នេះ​បាន​អញ្ជើញ​គ្រូពេទ្យ​តាម​ឯកទេស​ជាច្រើន​សម្រាប់​ការធ្វើ​បទ​បង្ហាញ និង​ផ្តល់​ចំណេះដឹង​ផ្នែក​ថែទាំ​កុមារ​ដល់ឪពុកម្ដាយ និង​អាណាព្យាបាលកុមារ ហើយ​មេរៀន​មួយចំនួន​គឺ​បាន​ពី​ការសម្ភាស​អាណាព្យាបាល​ដែល​ពួកគេ​មាន​ចម្ងល់ និង​ចង់ដឹង​បន្ថែម​ពី​អាកា​រជំងឺ និង​របៀប​ថែទាំ​ឱ្យបាន​ល្អប្រសើរ​។ ការបង្រៀន​នេះ​ទៀតសោត បាន​ផ្តោតលើ​ជំងឺ​តាម​រដូវ​កាល ដែល​ឧស្សាហ៍​កើត​លើ​កុមារ ​ដូចជា​ជំងឺ​ផ្ដាសាយ គ្រុន​ឈាម និង​កង្វះ​អាហារូបត្ថម្ភ​ជាដើម​។​

    អ្នកស្រី ចាន់ លី​ណា ដែល​បាន​ចូលរួម​ក្នុង​វេទិកា​កាហ្វេ​វិទ្យាសាស្ដ្រ​បាន​និយាយថា កម្មវិធី​នេះ​ពិតជា​ល្អ និង​មាន​សារៈសំខាន់ណាស់ និង​ធ្វើឱ្យ​អ្នកស្រី​ទទួលបាន​ចំណេះដឹង​ថ្មី​បន្ថែម​ទាក់ទង​នឹង​អនាម័យ​ថែទាំ​កូន​។ ​

    លោក​វេជ្ជបណ្ឌិត មី​លី​យ៉ា ធី ដែល​ធ្វើជា​គ្រូឧទ្ទេស​ក្នុង​វេទិកា​តុ​កាហ្វេ​វិទ្យាសាស្ដ្រ​កាលពីពេល​ទៅ​ថ្មីៗ​នេះ បាន​និយាយថា លោក​បាន​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​ជំងឺ​ដែល​កើតឡើង​តាម​រដូវ​កាល​ទាំង​រដូវប្រាំង ​និង​វស្សា​។ លោក​វេជ្ជបណ្ឌិតបាន​ពន្យល់​ថា រដូវ​កាល​ទាំង2 ​នេះ​តែង​នាំមកនូវ​ជំងឺ​ផ្សេងៗ​គ្នា​ដែល​អាណាព្យាបាល​គួរស្វែងយល់ ពិសេស​ជំងឺ​ផ្ដាសាយ និង​ជំងឺគ្រុនឈាម​ដែល​តែង​កើត​លើ​កុមារភាគច្រើន ប្រសិនបើ​មិនមាន​ការថែទាំ​ត្រឹមត្រូវពីអាណាព្យាបាល​។​

    សម្រាប់​លោក​វេជ្ជបណ្ឌិត មី​លី​យ៉ា ការយល់ដឹង​ពី​ជំងឺ​ជាមុន ​ពិតជា​សំខាន់​ណាស់​សម្រាប់​ឪពុកម្ដាយ ព្រោះ​ដើម្បីឱ្យ​កូនៗរបស់ពួកគាត់មាន​អនាម័យ និង​ចេះ​ថែទាំ​កុមារ​កុំឱ្យ​ឈឺ​។ លោក​ថា ការការពារ​ប្រសើរ​ជាង​ការព្យាបាល ហើយ​លោក​ជឿថា អាណាព្យាបាល​ទាំងអស់​នឹង​យកចំណេះ​ដឹង​ដែល​បាន​រៀន​ពី​គ្រូពេទ្យ​ទៅ​អនុវត្ត​ប្រសិន​ពួកគេ​ស្រឡាញ់​សុខភាព​កូន​។​

    កញ្ញា ប៉ុល ស្រីមុំ យល់ថា វេទិកា​នេះ​មាន​សារៈសំខាន់ និង​ជា​ឱកាស​ដែល​ឱ្យ​វាគ្មិន​ជា​គ្រូពេទ្យ​មាន​ពេល​ផ្តល់ព័ត៌មាន​កាន់តែ​លម្អិត​ទាក់ទង​នឹង​ជំងឺ រីឯអាណាព្យាបាល​អ្នកជំងឺវិញ ក៏ពួកគាត់​មានឱកាស​ជជែក​វែកញែក​ទាក់ទង​នឹង​អាកា​រ​ជំងឺរបស់​កូន និង​មាន​សំណួរ​ទាក់ទង​នឹង​ជំងឺ​របស់​កូនពួកគាត់ដែរ​៕

  • មណ្ឌលគិរី កន្លែង​កម្សាន្ត​ដ៏​ស័ក្តិសម​សម្រាប់​ថ្ងៃ​ឈប់សម្រាក

    មណ្ឌលគិរី កន្លែង​កម្សាន្ត​ដ៏​ស័ក្តិសម​សម្រាប់​ថ្ងៃ​ឈប់សម្រាក

    គ្រាន់តែ​ឈាន​ជើង​ចូលដល់​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​ភ្លាម អារម្មណ៍​ហត់នឿយ​ដែល​បណ្តាលមកពី​ការធ្វើដំណើរ​អស់​រយៈពេល​ស្ទើរ​ពេញ​មួយ​ព្រឹក ហាក់​រលាយបាត់​ទៅដោយ​មិនដឹង​ខ្លួន។

    ទេសភាព​នៃ​ធម្មជាតិ​ដ៏​ស្រស់បំព្រង រួមផ្សំ​ជាមួយនឹង​ផ្កាស្មៅ​ភ្នំ​ដែល​កំពុង​យោល​យោគ​តាម​កម្លាំង​ខ្យល់​បក់​នៅតាម​ដងផ្លូវ អាកាសធាតុ​ដ៏​ត្រជាក់​ពី​រុក្ខជាតិ​តាម​ដងភ្នំ បាន​ឆក់យក​សេចក្តី​នឿយហត់​ទាំងឡាយ បន្សល់ទុក​នូវ​ទឹកចិត្ត​រីករាយ និង​ក្តី​អន្ទះសារ​ចង់ដឹងថា​តើ​ទីតាំង​ដែល​នឹងត្រូវ​ទៅ​កម្សាន្ត​នោះ​វា​ស្រស់ស្អាត​ដល់​កម្រិតណា​ទៅ? បើ​គ្រាន់តែ​ទេសភាព​តាម​ដងផ្លូវ​សោះ​ក៏​អាចធ្វើឱ្យ​យើង​មាន​អារម្មណ៍​ថា ហាក់ដូចជា​កំពុងតែ​ស្ថិតនៅ​ភព​ផ្សេងគ្នា​ទាំងស្រុង​ពី​កន្លែង​ដែល​យើង​រស់នៅ​ជា​រៀងរាល់ថ្ងៃ​ទៅហើយនោះ។នៅពេលដែល​បានឃើញ​រូប​សត្វ​គោព្រៃ​ពីរ​ក្បាល​ដែល​ស្ថិតនៅ​ចំ​កណ្តាលផ្លូវ នោះ​មានន័យថា អ្នក​បាន​ចូលមក​ដល់ទី​រួម​ខេត្តមណ្ឌលគិរី​ហើយ។ នៅ​ទីនោះ​អ្នក​អាច​ស្វែងរក​កន្លែង​ស្នាក់នៅ កន្លែង​ទទួលទាន​អាហារ ព្រមទាំង​ផ្សារ​ដែល​អាច​ចូល​ទិញ​ឥ​វ៉ាន់​នៅក្នុង​ផ្សារ​ខេត្ត​នោះបានតាម​ចំណូលចិត្ត​ផងដែរ ហើយ​បន្ទាប់ពីនោះ​វា​ជាពេលវេលា​ដែល​អ្នក​ត្រូវ​ធ្វើដំណើរ​កម្សាន្ត​ម្តង។

    មណ្ឌលគិរី អាច​នាំ​ក្រសែភ្នែក​របស់​អ្នក​ឱ្យទៅទស្សនា​កន្លែង​កម្សាន្ត​ជាច្រើន​កន្លែង​ដូចជា ទឹកធ្លាក់​អូ​ររ​មី​ស ចំការ​ស្រល់ ភ្នំ​ដោះ​ក្រមុំ សមុទ្រឈើ ភូមិ​ជនជាតិ ចំការ​កាហ្វេ និង​ទីតាំង​ទឹកជ្រោះ​ជាច្រើន​កន្លែង​ទៀត ប៉ុន្តែ​តំបន់​ទេសចរណ៍ដែលមាន​ឈ្មោះ​ល្បី​ជាងគេ​គឺ​ទឹកជ្រោះ​ប៊ូ​ស្រា។ ទឹកជ្រោះ​ប៊ូ​ស្រាចែកចេញជា 3ដំណាក់ ដំណាក់​ទី1 មាន​កម្ពស់​ប្រមាណ12ម៉ែត្រ ដែលមាន​មុខកាត់ 15ម៉ែត្រ​នៅ​រដូវវស្សា។ ដំណាក់​ទី2 មានកម្ពស់​ពី15 ទៅ20ម៉ែត្រ និង​មានមុខ​កាត់​ទទឹង 20ម៉ែត្រ មាន​កម្ពស់18 ទៅ25ម៉ែត្រ ចំណែក​នៅ​រដូវប្រាំង គឺមាន​មុខកាត់​ត្រឹមតែ 13ម៉ែត្រ​ប៉ុណ្ណោះ។ ដំណាក់​ទី​ពីរ​នេះ​មាន​ចម្ងាយ​ប្រមាណជា150ម៉ែត្រ​ពី​ដំណាក់​ទីមួយ។ ចំណែក​ដំណាក់ទី3 ស្ថិតនៅ​ឆ្ងាយ​ពី​ដំណាក់​ទី2 ដែល​មិនអាច​ទៅដល់​បាន ព្រោះ​ជា​តំបន់​ព្រៃ​ក្រាស់ និង​សម្បូរ​សត្វ​សាហាវ​រស់នៅ។ បន្ទាប់ពីនោះ អ្នកទេសចរ​អាច​បន្ត​ទៅ​កន្លែង​មួយ​ផ្សេងទៀត​គឺ​ទឹកជ្រោះសែន​មនោ​រម្យ ដែលមាន​ចម្ងាយ​ត្រឹមតែ 5គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ហើយ​ទឹកធ្លាក់​នៅ​ទីនោះ​ក៏មាន 3ដំណាក់​ដែរ ប៉ុន្តែ​វា​មាន​ទ្រង់ទ្រាយ​តូច​ជាង​ទឹកជ្រោះ​ប៊ូ​ស្រា។ចំណែក​ទឹកជ្រោះរ​មនា គឺ​ចម្ងាយប្រមាណ​ជា 11គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ហើយ​តំបន់ទឹកជ្រោះ​នេះ​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​ដំណាំផ្សេងៗជាច្រើន​ដូចជា ដំណាំ​កោ​ស៊ូ ស្វាយចន្ទី កាហ្វេនិង​រុក្ខជាតិ ព្រមទាំង​ព្រៃឈើ​តូចធំ​ជាល​ម្អ​នៅក្នុងតំបន់​មួយ​នេះ។ ទឹកជ្រោះ​នេះ ក៏​ជា​តំបន់​គួរឱ្យ​ទាក់ទាញ​ចំពោះ​ទេសចរ​ផងដែរ ដោយមាន​ទឹកធ្លាក់​កម្ពស់5ម៉ែត្រ ហូរ​ធ្លាក់​ទៅក្នុង​អាងទឹក​ធំ​មួយដែល​បង្ក​នូវ​ភាពងាយស្រួល​ដល់​អ្នកទេសច​រ​ក្នុងការ​ងូតទឹក​កម្សាន្ត។ មិនទាន់​អស់​ត្រឹមនេះ​នោះទេមណ្ឌលគិរី​នៅមាន​កន្លែង​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ទៀត ដែល​អ្នក​គួរតែ​ទៅ​មើល​ឱ្យឃើញដោយផ្ទាល់​ភ្នែក ដូច្នេះ​សង្ឃឹមថា​ថ្ងៃ​សម្រាកខាងមុខនេះ វា​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​មួយ​ដែល​ស្ថិតនៅក្នុង​ជម្រើស​របស់​អ្នក៕

  • រឿងពិតក្នុងប្រវត្តិសាស្រ្តសង្រ្គាម «ទាហានជប៉ុនលាក់ខ្លួនក្នុងទឹកដីសត្រូវជាង28ឆ្នាំ»

    រឿងពិតក្នុងប្រវត្តិសាស្រ្តសង្រ្គាម «ទាហានជប៉ុនលាក់ខ្លួនក្នុងទឹកដីសត្រូវជាង28ឆ្នាំ»

    រឿងពិតក្នុងប្រវត្តិសាស្រ្តសង្រ្គាម «ទាហានជប៉ុនលាក់ខ្លួនក្នុងទឹកដីសត្រូវជាង28ឆ្នាំ»ព្រោះមិនដឹងថាសង្រ្គាមលោកលើកទី 2 ចប់ហើយ

    ទាហានជប៉ុនម្នាក់លាក់ខ្លួនក្នុងរណ្តៅ 28 ឆ្នាំ!

    ជារឿងរ៉ាវដ៏សែនកំសត់ជាទីបំផុតរបស់ “Yokoi Shoichi” ទាហានជប៉ុនដែលរួចជីវិតនៅលើកោះ ហ្គួម អស់រយៈពេលយូរដល់ទៅ 28 ឆ្នាំ ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី 2 ដោយមិនបានដឹងថា សង្រ្គាមបានបញ្ចប់ទៅហើយនោះឡើយ។នៅក្នុងប្រត្តិបត្តិការសឹករបស់ទាហានជប៉ុនក្នុងសម័យសង្រ្គាមលោកលើកទី 2 យ៉ូកូអ៊ិ សូអ៊ិឈិ ជាជាងកាត់ដេរ ដែលត្រូវបានកេណ្ឌទៅប្រយុទ្ធក្នុងកងទ័ពជប៉ុននៅឆ្នាំ 1941 ដោយបានទទួលឋានន្តរស័ក្តិជា ព្រឹន្ទបាលទោ។ គេបានទទួលភារកិច្ចឱ្យចូលទៅវាយលុកកោះ ហ្គួម របស់ទាហានអាមេរិកាំងក្នុងអំឡុងឆ្នាំ 1944 តែកងទ័ពរបស់សហរដ្ឋអាមេរិកបានព័ទ្ធចាប់ទាហានជប៉ុនបានយ៉ាងឆាប់រហ័ស និងជាច្រើននាក់ត្រូវបានសម្លាប់ ដែលធ្វើឱ្យក្រុមរបស់ យ៉ូកូអ៊ិ សូអ៊ិឈិ និងមិត្តទាហាន 10 នាក់ទៀតដកថយចូលទៅក្នុងព្រៃជ្រៅ ដើម្បីពួនគេចខ្លួន តែមិនយូរប៉ុន្មាន ទាហានអាមេរិកាំងក៏រកឃើញយ៉ាងឆាប់រហ័ស ធ្វើឱ្យទាហានជប៉ុនទាំងនោះត្រូវបំបែកគ្នារត់ទៅទីកន្លែងផ្សេងៗទៀតដើម្បីលាក់ខ្លួនជាបន្ត។យ៉ូកូអ៊ិ សូអ៊ិឈិ និងមិត្តទាហាន 3 នាក់ទៀត បានទៅពួនលាក់ខ្លួនក្នុងបរិវេណមួយជាមួយគ្នា និងរស់នៅក្នុងព្រៃអស់ជាច្រើនឆ្នាំ រហូតដល់ឆ្នាំ 1952 ពួកគេក៏បានឮព័ត៌មានថា សង្រ្គាមបានចប់ហើយ តែក៏នៅតែខ្លាចថា ព័ត៌មាននោះជាកលល្បិចរបស់ពួកអាមេរិកាំង ទើបនៅតែគេចខ្លួន និងសម្ងំរស់នៅក្នុងព្រៃតទៅទៀតដដែល។

    និងមិនប៉ុន្មានឆ្នាំតមក មិត្តទាហានទាំង 3 នាក់ក៏ស្លាប់បាត់បង់ជីវិតទៅ ធ្វើឱ្យ យ៉ូកូអ៊ិ សូអ៊ិឈិ ត្រូវរស់នៅក្នុងព្រៃជ្រៅតែម្នាក់ឯង ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើននឹកឆ្ងល់ថា តើដោយសារហេតុអ្វី ទើបធ្ចើឱ្យទាហានជប៉ុនមួយរូបនេះនៅមានជីវិត?។យ៉ូកូអ៊ិ សូអ៊ិឈិ ប្រើពេលវេលាជាង 3ខែក្នុងការជីករណ្តៅសម្រាប់សម្ងំលាក់ខ្លួន ដែលមានជម្រៅចុះទៅក្រោមប្រមាណជា 7 ហ្វុត មានមាត់ផ្លូវចុះទៅទំហំតូច និងអាស្រ័យគម្របមាត់រណ្តៅធ្វើអំពីឫស្សីបិទបាំង ព្រមទាំងបានជីករន្ធបង្ហុយតូចមួយដើម្បីឱ្យខ្យល់អាកាសចេញចូលទៀតផង។ យ៉ូកូអ៊ិ ពួនសម្ងំខ្លួននៅក្នុងទីនោះ និងចិញ្ចឹមជីវិតដោយការចាប់ត្រី កង្កែប ពស់ និងផ្លែឈើព្រៃមកធ្វើជាអាហារ។រហូតមកដល់ឆ្នាំ 1972 មានអ្នកនេសាទក្នុងតំបន់ 2 នាក់បានប្រទះឃើញទាហានជប៉ុនរូបនេះនៅលើមាត់ច្រាំងនៃដងទន្លេ Talofofo ពេលនោះ ទាហានជប៉ុនម្នាក់នោះមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះខ្លាចត្រូវគេចាប់ខ្លួនយកទៅឱ្យទាហានអាមេរិកាំង គេក៏អង្វរករដោយសុំឱ្យអ្នកនេសាទទាំង 2 នាក់នោះសម្លាប់រូបគេចោលចុះ តែផ្ទុយទៅវិញអ្នកនេសាទទាំង 2 បានជួយសង្រ្គោះយ៉ូកូអ៊ិ និងនាំរូបគេត្រឡប់មកផ្ទះវិញ។2 សប្តាហ៍ក្រោយមក Yokoi Shoichiត្រូវបានជួយសង្រ្គោះឱ្យបានត្រឡប់ទៅប្រទេសជប៉ុនវិញក្នុងឋានៈជាវិរៈបុរសសង្រ្គាម និងមានជីវិតរស់នៅរហូតដល់អាយុ 82 ឆ្នាំ គេក៏ទទួលមរណភាពទៅ។
    ចំណែករណ្តៅសុវត្ថិភាពរបស់ Yokoi Shoichi ពីដំបូងបានទទួលនូវការឃុំគ្រងថែរក្សាទុកជាអនុស្សាវរីយ៍ប្រវត្តិសាស្រ្ត ទោះជាវាបាក់រលំខូចខាតទៅតាមពេលវេលាហើយក៏ដោយ។ បច្ចុប្បន្នរណ្តៅសុវត្ថិភាពសិប្បនិម្មិតមួយត្រូវបានសាងឡើងទុកជាអនុស្សាវរីយ៍ចំពោះ Yokoi Shoichi និងមិត្តទាហានរបស់គេ 3 នាក់ទៀតនៅក្នុងសារមន្ទីរ Talofofo Falls Resort Park ដែលអនុញ្ញាតឱ្យអ្នកទេសចរចូលទស្សនា និងមានឈ្មោះថា Yokoi Cave៕

  • ចៅខ្មែរ និងសិល្បកររួមគ្នាបរិច្ចាគប្រាក់ជួយ Ben Davis អ្នក​អភិរក្សព្រៃឈើនៅកម្ពុជា

    ចៅខ្មែរ និងសិល្បកររួមគ្នាបរិច្ចាគប្រាក់ជួយ Ben Davis អ្នក​អភិរក្សព្រៃឈើនៅកម្ពុជា

    លោក​អ្នក​ប្រហែលជា​បាន​ស្គាល់​ហើយ លោក Ben Davis អ្នក​អភិរក្ស​និយម​ជនជាតិ​អា​មេ​រិ​ក ដែល​សុខចិត្ត​បោះបង់​វណ្ណៈ ទ្រព្យសម្បត្តិ និង​សាច់ញាតិ​បងប្អូន​នៅ​ប្រទេស​កំណើត​របស់​ខ្លួន មក​ធ្វើការ​នៅ​អង្គការ​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២ មក​ម្ល៉េះ​។ បន្ទាប់​មក​លោក​ក៏​ស្ម័គ្រចិត្ត​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ខេត្តព្រះវិហារ ដើម្បី​ថែរក្សា​ព្រៃ​ឈើ និង​សត្វព្រៃ​ដែល​បាន​និង​កំពុង​យារ​យី​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​ដែល​ជា​អ្នកស្រុក​រស់នៅ​ក្នុង​តំបន់​នោះ​ពី​ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន​។

    ថ្មីៗនេះ ក្នុង​ន័យ​ជួយ​លើកទឹកចិត្ត ក៏​ដូច​ជា​ថ្លែងអំណរគុណ​ទៅ​ដល់​លោក Ben Davis ដែល​ចំណាយពេល​យ៉ាងច្រើន​រស់នៅ​ក្នុង​តំបន់​ភ្នំ​ត្នោត​-​ភ្នំ​ពក​នេះ ការពារ​ព្រៃឈើ និង​ដើម្បី​​បញ្ជ្រៀប​ព័ត៌មាន​ឱ្យ​បងប្អូន​ក្នុង​តំបន់ ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស​បានដឹង​ពីសារ​ប្រយោជន៍​ព្រៃឈើ តារាសម្ដែងចៅខ្មែរបានប្រកាសនៅលើហ្វេសប៊ុកខ្លួនថា «តាមរយៈបុរសវប្បធម៌ជាទីគោរពគឺបង អាចារ្យធំ នគររាជ និង បង Tan Kimsour ខ្ញុំ នឹងបរិច្ចាគទឹកប្រាក់ 500$ ជូន Mr Ben បុរសជាទីគោរព ដែរបូជាញើសឈាមការពារព្រៃឈើដោយគ្មានប្រាក់ខែ គ្មានជំនួយសំណង ថែមទាំងចាកចោលមាតុភូមិកំណើតមករស់នៅកម្ពុជាដើម្បីព្រៃឈើរបស់យើង។ ខ្ញំបាទ សង្ឃឹមថាមហាគ្រួសារខ្មែរ និង គាំទ្រ ហើយស៊ែវីដេអូនេះបន្តដើម្បីអោយសប្បុជនផ្សេងទៀតបានចូលរួមបន្តរផង:pray:
    :heart:You are my hero :heart: »។

    សូមជម្រាបបន្ថែមថាលោក Ben Davis បានជាប់ចិត្តនឹងព្រៃឈើនៅកម្ពុជា ហើយបានមករស់នៅប្រទេសកម្ពុជាទាំងភរិយា និងកូន ដោយផ្ញើជីវិតក្នុងតំបន់ព្រៃឡង់នៅកម្ពុជា ប្រមាណ៣០ឆ្នាំ​មកហើយ​​។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក និង គ្រួសារពុះពារការពារបទល្មើសព្រៃឈើ និងតស៊ូរស់នៅយ៉ាងលំបាកក្នុងព្រៃដ៏ជ្រៅនៅខេត្តព្រះវិហារ។ លោក និង គ្រួសារ កំពុងស្វះស្វែងរកជំនួយដោយលោក អាចារ្យធំ និង លោក តាន់ គីមសួរ៕

  • គន្លឹះ6យ៉ាង​ធ្វើ​ឱ្យ​សេចក្តី​ស្នេហា​នៅ​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​

    គន្លឹះ6យ៉ាង​ធ្វើ​ឱ្យ​សេចក្តី​ស្នេហា​នៅ​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​

    សេចក្តី​ស្នេហា​គឺជា​រឿង​ដែល​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប​ តែ​នៅពេល​មាន​សេចក្តី​ស្នេហា​ហើយ​ យើង​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​សេចក្តី​ស្នេហា​នោះ​នៅ​ស្ថិតស្ថេរ​ និង​យូរអង្វែង​រហូត​ទៅ​ ថ្ងៃនេះ​ ឡា​រ៉ែ​ន មាន​គន្លឹះ​ល្អ​ៗមក​ជម្រាប​គូ​ស្វាមី​ថ្មោងថ្មី​គ្រប់គ្នា​ដូចតទៅ​។

    1. សម្លឹង​រកមើល​ចំណុច​មិនល្អ​របស់​ខ្លួនឯង​នៅពេល​រស់នៅ​រួមគ្នា​ ម្នា​ក់ៗ​ក៏​នឹង​មើលឃើញ​ពី​ចំណុច​មិនល្អ​របស់​គ្នា​ទៅវិញទៅមក​ តែ​កុំ​យក​ចំណុច​មិនល្អ​របស់​ដៃគូ​មករា​រាំង​ការសម្រប​សម្រួល​កែខៃ​ចំណុច​មិនល្អ​របស់​ខ្លួន​ឱ្យ​សោះ​ ព្រោះ​ការដែល​អ្នក​សម្របសម្រួល​ខ្លួន​នោះ​ ដៃគូ​របស់​អ្នក​នឹង​សម្លឹង​ត្រឡប់​មករ​កចំណុច​មិនល្អ​របស់​ខ្លួនឯង​ ដើម្បី​កែសម្រួល​ដូចគ្នា​ដែរ​។

    2. កុំ​សម្តែង​ភាព​មិន​ពេញចិត្ត​នឹង​ដៃគូ​នៅចំពោះមុខ​បុគ្គល​ដទៃ​ព្រោះ​មិនថា​ ស្ត្រី​ ឬក៏​បុរស​នោះ​ទេ​ បើ​ជួប​ហេតុការណ៍​បែបនេះ​នឹង​មាន​អារម្មណ៍​ថា​ ដូច​ខ្លួនឯង​ត្រូវ​គេ​ទះកំភ្លៀង​ដូច្នោះ​ដែរ​ ហើយ​លទ្ធផល​ដែលតា​មមក​នោះ​គឺ​ការ​ឈ្លោះប្រកែក​គ្នា​នឹង​កើតឡើង​ ដូច្នេះ​គួរ​សង្កត់​ទប់អារម្មណ៍​មិន​ពេញចិត្ត​នោះ​ទុក​យក​ទៅ​និយាយ​គ្នា​នៅ​ឯផ្ទះ​វិញ​ប្រសើរ​ជាង​ធ្លាក់ខ្លួន​ក្លាយជា​ចំណី​ខ្សែភ្នែក​របស់​អ្នកដំណើរ​នៅ​តាមផ្លូវ​។

    3. កុំ​លះបង់​ពេលវេលា​ទៅលើ​ការងារ​ច្រើនជ្រុល​ពេក​កុំ​ធ្វើការងារ​រហូត​គ្មាន​ពេល​វេលា​ឱ្យ​គ្រួសារ​ ព្រោះ​ក្រុម​គ្រួ​សារ​គឺជា​អ្វី​ដែល​សំខាន់​បំផុត​នៅក្នុង​ការ​ជួយ​រុញច្រាន​ និង​គាំទ្រ​ឱ្យ​ការ​ធ្វើការងារ​របស់​អ្នក​ឱ្យ​រីកចម្រើន​ឈានទៅមុខ​។

    4. ពេល​មាន​បញ្ហា​ត្រូវ​បែរមុខ​រកគ្នា​មិនមែន​ថា​ ដល់ពេល​កើត​បញ្ហា​ហើយ​ ម្នា​ក់ៗ​បែរខ្នង​ដាក់គ្នា​ មិន​និយាយ​ មិន​អធិប្បាយ​ពន្យល់​ប្រាប់​គ្នា​អំពី​បញ្ហា​ដែល​កើតឡើង​ ព្រោះតែ​គិតថា​ មិន​ចាំបាច់​ត្រូវ​អធិប្បាយ​អ្វី​នោះ​ឡើយ​ ហើយ​បណ្តោយ​ឱ្យ​វា​កន្លងទៅ​ បន្តិចទៀត​ម្នា​ក់ៗ​គង់តែ​ភ្លេច​មិនខាន​ តែ​តើ​អ្នកដឹង​ទេ​ថា​ វា​គឺជា​ស្នាម​ប្រេះឆា​ដែល​កំពុងតែ​ធ្វើ​ឱ្យ​ជីវិត​គូ​របស់​អ្នក​មិន​យូរអង្វែង​។ ដូច្នេះ​ចូរ​បែរមុខ​មក​និយាយ​គ្នា​វិញ​ទើប​ជា​រឿង​មួយ​ដ៏​ល្អ​បំផុត​។

    5. ឧស្សាហ៍​បន្ថែម​កម្លាំងចិត្ត​ដល់គ្នា​ពេល​អ្នក​ទាំងពីរ​មក​រស់នៅ​រួម​គ្នា​ ច្បាស់ជា​ត្រូវ​ជួបនឹង​សេចក្តី​សុខ​ និង​សេចក្តី​ទុក្ខ​វិលវល់​ផ្លាស់​ប្តូរ​គ្នា​ចូល​មក​មិនខាន​ ដូច្នេះ​សុំ​តែ​ម្យ៉ាង​គត់​ គឺ​កុំអាល​អស់កម្លាំង​ចិត្ត​ក្នុង​ការ​តស៊ូ​ ចូរ​នៅចាំ​ធ្វើជា​កម្លាំងចិត្ត​ឱ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ពេល​ដែល​គាត់​ ឬនាង​មានទុក្ខ​វិញ​ប្រសើរ​ជាង​។

    6. រក​ពេលវេលា​រំ​ឭក​អនុ​ស្សាវ​រីយ៍​ល្អ​ៗកាលពី​អតីតកាល
    មិនថា​តែ​នៅ​តាម​ខេត្ត​ ឬទី​កន្លែងណា​ក៏ដោយ​ ដែល​អ្នក​ទាំងពីរ​ពេញចិត្ត​ និង​ចូលចិត្ត​ទៅ​ញឹកញាប់​ ចូរ​ប្រើ​អំឡុង​ពេលនោះ​ប្រមូល​យក​អនុស្សាវរីយ៍​ និង​ការ​ចង​ចាំ​ល្អ​ៗដែល​ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​មាន​ថ្ងៃនេះ​ឱ្យ​បាន​ញឹកញាប់​ ឬយ៉ាងហោចណាស់​ក៏​ឱ្យ​បាន​ខ្លះ​ៗដែរ​ ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ទំនាក់​ទំនង​ល្អ​ៗ និង​អនុស្សាវរីយ៍​ល្អ​ៗដែល​មិន​អាច​បំភ្លេច​បាន​នៅក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​អ្នក​។

    ការ​មាន​ស្នេហា​មិនមែន​ជា​រឿង​ពិបាក​ទេ​ តែ​ការដែល​ធ្វើ​ឱ្យ​ស្នេហា​នោះ​នៅ​គង់វង្ស​ស្ថិតស្ថេរ​យូរអង្វែង​ទៅវិញ​ទេ​ ដែល​ជា​រឿង​ពិបាក​ ដូច្នេះ​ចូរ​សាកល្បង​តាមវិធី​ទាំង6ខាងលើ​នេះ​ ដើម្បី​ជួយ​ឱ្យ​ជីវិត​គូ​របស់​អ្នក​កាន់តែ​ផ្អែមល្ហែម​ និង​គង់វង្ស​យូរអង្វែង​ឡើង​៕

  • ស្វែង​យល់​ពី​ពិធី​បុណ្យ​​មាឃ​បូជា

    ស្វែង​យល់​ពី​ពិធី​បុណ្យ​​មាឃ​បូជា

    មាឃបូជា ជា​ពី​ធី​បុណ្យ​មួយ​ដែលមាន​សារៈសំខាន់​នៅក្នុង​ពុទ្ធសាសនា ដែល​រួមមាន: មាឃបូជា ពិសាខបូជា អាសាឍ​បូជា និង​បុណ្យ​បវារណា (ចេញ​វស្សា)។ បុណ្យមាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា​កាលពី 588ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី 15កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន 9ខែ​គត់។

    ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅ ក្នុងចំណោម ព្រះសង្ឃ​ចំនួន 1250អង្គ ជា​សមាជិក ក្នុង​អង្គ​មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់ ។ នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បានប្រកាស​នៅ​គោលការណ៍ ចំនួន11 ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំងអស់​កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យកទៅ ផ្សព្វផ្សាយ ដល់​ជន​ដទៃទៀត ឲ្យ​បាន​យល់​ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង11ប្រការនេះ មានឈ្មោះ​ជា​ភាសាបាលី​ថា “ឱវាទ​បាដិមោក្ខ” ដែល​ពុទ្ធសាសនិកជនម្មាក់ៗ ត្រូវ​យកមក សិក្សា​ឲ្យ យល់ដឹង និង​អនុវត្ត​ដូចតទៅ :

    គោលបំណងៈ គោលបំណង​របស់រប​ស់ ព្រះពុទ្ធសាសនា ឬក៏​ដូចជា គោលបំណង​របស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វ​ងរ​ក​និព្វាន​ដែល​ប្រែ​ថាស​ភាវ​ប្រាសចាក ទុក្ខ​មិនមាន សេចក្តី​ទុក្ខ មិនមាន​ប​ញ្អា នៅក្នុង​ដួងចិត្ត​របស់ខ្លួន ពាក្យ​និព្វាន​នេះ មានន័យ​ស្មើ​និង ពាក្យ​ថា “សន្តិ “ដែល​ប្រែ​ថា” សេចក្តី​ស្ងប់ ” ។

    យើង​អាច​និយាយថា គោលបំណង របស់​ព្រះពុទ្ធសាសនា គឺ​ការបង្កើតឡើង​នូវ សន្តិភាព ក្នុង​ដួងចិត្ត​នេះដែរ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ សន្តិភាព​ក្នុងសង្គម ដែល​ខ្លួន​រស់នៅ​ផង។ ការ​កាន់​ព្រះពុទ្ធសាសនា គឺជា​ការប្រឹងប្រែង ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូលរួមចំណែក​ដល់ សន្តិភាព​សង្គម និង​ពិភពលោក នេះ​ជា​កាតព្វកិច្ច ដែល​ពុទ្ធសាសនិកម្នាក់ៗ ត្រូវ​ប្រឹងប្រែង ធ្វើអោយ​សម្រេច ។

    គោលដៅ : សន្តិភាព ប្ញ​និ​ញ្វ​ន មិនមែន​កើតឡើង​ដោយ​ការសុំ​បន់ស្រន់​បួងសួង​ទេ និង​ក៏​មិនអាច​កើត ឡើង​ដោយសារ​ផ្តល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់ អាទិទេព ឬ​ព្រះ​ជា​ម្ចាស់ អង្គ​ណាមួយ​ឡើយ សន្តិភាព​នេះ កើត​ដោយសារ​ការ​សន្សំ របស់​សកម្មភាព៣យ៉ាង​គឺ:
    – ការមិនធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើអាក្រក់ ការ​កម្ចាត់​អំពើអាក្រក់ និង​ការពារ​អំពើអាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់នៅ​ទាំង​ផ្លូវកាយ​និង​ផ្លូវ​សម្តី។
    – ការធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិត​សេ្ថ​រ​គង់វង្ស​ក្នុង ជីវិត​រស់នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវកាយ​និង​ផ្លូវ​សម្តី ។
    – ព​ង្រឺ​ង​ចិត្ត​ដែលជា​មូលដ្ឋាន​នៃ​អំពើ ដោយ​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូតដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិនមាន​សភាវៈ​អាក្រក់​ស្ថិតនៅ។

    លក្ខណៈ​របស់​ព្រះពុទ្ធ​សាសនិកជន ៖
    លក្ខខណ្ឌ​ទី1៖ មានការ​អត់ធ្មត់​ក្នុងការ​ធ្វើអំពើ​ល្អ និង កម្ចាត់​អំពើអាក្រក់។
    លក្ខខណ្ឌ​ទី2៖ មិន​ប្រើ​អំពើហិង្សា​ក្នុងការ​រស់នៅ។
    លក្ខខណ្ឌ​ទី3៖ មិន​ប្រើពាក្យ​បៀតបៀន​និង​តិៈ​ដៀល​អ្នកដទៃ។
    លក្ខខណ្ឌ​ទី4៖ រក្សាសីល រស់នៅក្នុង​ច្បាប់ យក​ច្បាប់​ជាធំ។
    លក្ខខណ្ឌ​ទី5៖ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំងទ្បាយ​ដោយ​សន្សំសំចៃ​និង​ស្គាល់ប្រមាណ។
    លក្ខខណ្ឌ​ទី6៖ ចូលចិត្ត​ភាពស្ងប់ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់។
    លក្ខខណ្ឌ​ទី7៖ មាន​សេចក្តី​ព្យាយាម​ក្នុងការ​សម្អាតចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ។
    មេរៀន​ពី​បុណ្យមាឃបូជា ៖ថៃ្ង​នេះ​ជា​ថៃ្ង​ដែល ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោលការណ៍​ទាំង11 ប្រការនេះ សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យកទៅ​ប្រើប្រាស់ៈ

    ចំណុច1៖ ក្នុងឋានៈ​ជា​បរិស័ទ ការអនុវត្តន៍​តាម​ប្រកា​រទាំង 11នេះ នឹង​នាំទៅរក​សន្តិភាព​ផ្លូវ​ចិត្តជា​ពិតប្រាកដ។
    ចំណុច2៖ ក្នុងឋានៈ​ជា​ពលរដ្ឋ ក្នុងសង្គម​ការ​មាន គោលបំណង រួមមាន​គោលដៅ​ដូចគ្នា និង​ការប្រព្រឹត្ត​ប្រហាក់ប្រហែលគ្នា​នេះ នឹង​អាច​នាំមក​នូវ សន្តិភាព និង ការអភិវឌ្ឍន៍​ដែល​ប្រកបដោយ​និរន្ត​ភាព។
    ចំណុច3៖ ក្នុងឋានៈ​ជា​ក្រុម​បក្ស​នៅ ក្នុងសង្គម ឬ​ប្រទេសជាតិ​មួយ ដែល​ព្យាយាម សែ្វ​ងរ​កនូវ​ឱកាស ដើម្បី​រក្សា​សន្តិភាព និង​ជំរុញ​ដល់ ការអភិវឌ្ឍន៍​ដល់ ប្រទេសជាតិ​តែឯង​នោះ ការ​គោ​ព​តាម​គោលការណ៍​ទាំង 11ប្រការនេះ នឹង​កាត់បន្ថយ​បាន​នូវ​អស្ថិរភាព ជម្លោះ និង​អំពើ ហិង្សា ដែល​កើត​មកពី​ការ​ប្រ​កូត​ប្រជែង​គ្នា​បាន។
    ចំណុច4៖ ក្នុងឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការប្រព្រឹត្ត​ទៅតាម​គោលការណ៍​នេះ នឹង​នាំ​ឲ្យ​មានការ​យោគយល់​ការផ្តល់​កិត្តិយស ដល់​គ្នា​និង​គ្នា និង​ការរស់នៅ​ជុំគ្នា ក្នុងឋានៈ​ជា​មនុស្សជាតិ​បាន បើទោះជា​មាន សាសនាខុសគ្នាៗក៏ ដោយ។
    ចំណុច5៖ ក្នុងឋានៈ​ជា​អន្តរជាតិ ការគោរព​តាម​គោលការណ៍​នេះ នឹង​នាំមក​នូវ​និរន្តរភាព របស់​មនុស្សជាតិ បរិស្ថាន​ធម្មជាតិ ពិភព​សត្វ និង​អាកាសធាតុ​ដ៏​យូរ​អ​ងែ្វ​ង​បាន ដោយ​មិនបាច់ ព្រួយបារម្ភ​ក្នុងការ​ដណ្តើម​គ្នា ដើម្បី​រស់​ឡើយ។

    ស​ង្ឃឺ​ម​ថា យើងម្នាក់ៗអាច​ទាញយក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះ នឹង​អញ្ជើញ​នាំគ្នា​ធ្វើ​បុណ្យទាន​រក្សាសីល និង​សមាធិ​សម្អាតចិត្ត របស់ខ្លួន​ក្នុង​ថៃ្ង​នេះ ដើម្បី​បូជា និង រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត ព្រះពុទ្ធសាសនា​សម្រាប់​ជា​មា​គ៌ាជីវិត​ដល់​ពួកយើង​ទាំងអស់គ្នា៕
    សូមទស្សនាវីឌីអូខាងក្រោមនេះ៖

  • ហ្គេម​អ្នកស៊ើប​អង្កេត ដែល​សូម្បីតែ​អ្នកស៊ើប​អង្កេត ឬ​ប៉ូលិស​មួយចំនួន​ក៏​រក​មិនឃើញ​ដែរ

    ហ្គេម​អ្នកស៊ើប​អង្កេត ដែល​សូម្បីតែ​អ្នកស៊ើប​អង្កេត ឬ​ប៉ូលិស​មួយចំនួន​ក៏​រក​មិនឃើញ​ដែរ

    ហ្គេម​ស៊ើបអង្កេត​គឺជា​ហ្គេម​ដែល​ចាំបាច់​ត្រូវ​ប្រើការ​សង្កេត ភាពឈ្លាសវៃ ការថ្លឹងថ្លែង​រក​ភាព​ដែល​អាចទៅរួច និង​ចំណេះដឹង​ជុំវិញខ្លួន​ខ្ពស់ ដូច្នេះ​បើ​លោកអ្នក​ជឿជាក់​លើ​ខ្លួនឯង​ថា ជាម​នុស្ស​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​នោះ ថ្ងៃនេះ​គេហទំព័រ ឡា​រ៉ែ​ន​ សូម​នាំ​លោកអ្នក​មកលេង​ហ្គេម​អ្នកស៊ើប​អង្កេត​ដូចខាងក្រោម​នេះ។ ចូរ​សង្កេតមើល​រូបភាព និង​អាន​សំណួរ​ឱ្យបាន​ច្បាស់ រួចហើយ​យើង​នាំគ្នា​មក​មើលថា តើ​លោក​អ្នកមាន​សមត្ថភាព​អាច​រកឃើញ​ចម្លើយ​ដែល​ល្អ និង​ត្រឹមត្រូវ​បំផុត​បានដែរ​ឬទេ?
    (ចំពោះ​អ្នកចូលរួម​លេង​ហ្គេម​នេះ ហើយ​ឆ្លើយ​ត្រូវ ឬ​រកឃើញ​ចម្លើយ​ដែល​ល្អ និង​ត្រឹមត្រូវ​បំផុត​នោះ ឡា​រ៉ែ​ន នឹងមាន​រង្វាន់​ជាទី​គាប់ចិត្ត​ចំនួន 1 រង្វាន់ ដូច្នេះ​សូម​មិត្ត​អ្នកអាន​ដែល​គិតថា ខ្លួនឯង​មាន​ភាពឆ្លាតវាងវៃ ប៉ិន​សង្កេត និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នោះ សូម​ឆ្លើយ​នៅក្នុង​Comment ព្រមទាំង​ដាក់​លេខ​ទូរស័ព្ទ​របស់លោក​អ្នក​មកជា​មួយ​ផង ដើម្បីឱ្យ​ក្រុមការងារ​របស់​គេហទំព័​រ ឡា​រ៉ែ​ន​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​ទៅវិញ​ដើម្បី​ជូន​រង្វាន់។ ចំណែកឯ​ចម្លើយ គេហទំព័រ ឡា​រ៉ែ​ន​នឹង​ផ្សាយ​ជូន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ស្អែក)

    តើ​លោកអ្នក​ត្រៀមខ្លួន​រួចហើយ​ឬ​នៅ?  បើ​រួចរាល់​ហើយ…សូម​មើល​សំណួរ​ដូចតទៅៈ

    ឃាតកម្ម​ក្នុង​សាលារៀន

    ក្នុង​ថ្ងៃ​ដំបូង​នៃ​បវេសនកាល លោកគ្រូ​បង្រៀន​មុខវិជ្ជា​ភូមិវិទ្យា​មួយរូប​ត្រូវ​រង​អំពើ​ឃាតកម្ម​ដ៏​អាថ៌កំបាំង។ ប៉ូលិស​ចាប់​ជនសង្ស័យ​បាន​ចំនួន 4នាក់ រួមមាន អ្នក​មើលថែ​សួនច្បារ​ក្នុង​សាលា  លោកគ្រូ​បង្រៀន​មុខវិជ្ជា​គណិតវិទ្យា លោកគ្រូ​កីឡា និង​លោកគ្រូ​នាយក ដែល​នៅពេល​កើតហេតុ​ឃាតកម្ម​នោះ ទាំង 4នាក់ ​សុទ្ធតែ​អះអាងថា ខ្លួន​កំពុងធ្វើការ​ងាររៀងៗខ្លួន ដូចជា ៖
    – អ្នក​មើលថែ​សួនច្បារ អះអាងថា ខ្លួន​កំពុងតែ​កាត់​មែកឈើ និង​រៀបចំ​សួនច្បារ។
    – គ្រូ​គណិតវិទ្យា​អះអាងថា ខ្លួន​កំពុងតែ​កែ​លំ​ហាត់​ប្រឡង​របស់​សិស្ស។
    – គ្រូ​កីឡា​អះអាងថា ខ្លួន​កំពុងតែ​លេង​បាល់បោះ​នៅឯ​តារាង​បាល់។
    – លោកគ្រូ​នាយក​អះអាងថា ខ្លួន​កំពុងតែធ្វើការ​នៅក្នុង​បន្ទប់ធ្វើការ​របស់ខ្លួន​ឯង។

    ឃាតករ​ត្រូវបាន​ចាប់ខ្លួន​ភ្លាម​តែម្ដង​បន្ទាប់​ពោល​ពាក្យ​អះអាង​របស់ខ្លួន​រួច។  តើន​រណា​ជា​ឃាតករ​ដែល​សម្លាប់​លោកគ្រូ​ភូមិវិទ្យា និង​តើ​ហេតុ​អី​បាន​ប៉ូលិស​ដឹង?
    ស្រាវជ្រាវ និង​ជូន​រង្វាន់​ដោយ តា​វ៉ែនតា

     

  • នារីៗ ត្រូវ​ប្រុងប្រយ័ត្ន​មុនពេល​ឆ្លុះកញ្ចក់​ក្នុង​បន្ទប់ទឹក​

    នារីៗ ត្រូវ​ប្រុងប្រយ័ត្ន​មុនពេល​ឆ្លុះកញ្ចក់​ក្នុង​បន្ទប់ទឹក​

    ប្រកាសអាសន្នសម្រាប់នារី…ពេលឆ្លុះកញ្ចក់ក្នុងបន្ទប់សណ្ឋាគារ ក្នុងបន្ទប់ទឹក ឬក្នុងបន្ទប់តែងខ្លួន អាចមានមនុស្សកំពុងមើលអ្នក!

    ការពារ​ខ្លួនឯង​ជាមុន មុននឹង​ដោះ​សម្លៀកបំពាក់​នៅក្នុង​បន្ទប់​សាធារណៈ…តើ​អ្នក​ធ្លាប់​គិត​ទេ​ថា កញ្ចក់​នៅតាម​ទីកន្លែងផ្សេងៗ ដូចជា កញ្ចក់​ក្នុង​បន្ទប់​ល​ខោអាវ កញ្ចក់​ក្នុង​បន្ទប់​សណ្ឋាគារ កញ្ចក់​ក្នុង​បន្ទប់ទឹក​សាធារណៈ អ្វីៗទាំងអស់នេះ តើ​វា​ជា​កញ្ចក់​ធម្មតា ឬក៏​ជា​កញ្ចក់​មើលឃើញ​ពីរ​ខាង​ដែលមាន​មនុស្ស​កំពុង​មើលឃើញ​រូបអ្នក​ពី​ខាងក្រោយ​ផ្ទាំង​កញ្ចក់​នោះ តែ​អ្នកមើល​គេ​មើ​ន​ឃើញ?
    វិធី​ពិសោធន៍ងាយៗដើម្បី​ឱ្យដឹងថា កញ្ចក់​ដែល​អ្នក​កំពុង​ឆ្លុះ​នោះ​ជា​កញ្ចក់​មើលឃើញ​ទាំងសងខាង (គេ​មើលឃើញ​យើង តែ​យើង​មើល​ឃើញតែ​រូប​ខ្លួនឯង ឧទាហរណ៍​ដូច​កញ្ចក់​នៅក្នុង​បន្ទប់​សួរចម្លើយ​របស់​ប៉ូលិស​ជាដើម) ឬ​ជា​កញ្ចក់​ដែល​មើល​ឃើញតែម្ខាង​នោះ​គឺ ចូរ​យក​ម្រាមដៃ​ទៅ​ចង្អុល​លើ​កញ្ចក់ បើ​ចុង​ម្រាមដៃ​របស់​អ្នក​ប៉ះគ្នា​នឹង​រូប​ម្រាមដៃ​នៅក្នុង​កញ្ចក់ (រូបភាព​ខាងឆ្វេង) នោះ​គឺជា កញ្ចក់​មើលឃើញ​ពីរ​ខាង​ហើយ បញ្ជាក់ថា មាន​មនុស្ស​កំពុង​មើលឃើញ​រូបអ្នក​ហើយ តែ​បើជា​កញ្ចក់​ឆ្លុះ​ធម្មតា​វិញ នឹងមាន​ប្រឡោះ​កណ្តាល​រវាង​ចុង​ម្រាម​របស់​អ្នក និង​រូប​ម្រាមដៃ​នៅក្នុង​កញ្ចក់ (រូបភាព​ខាងស្តាំ)។

    ចាំ​ទុក​ថា បើ​គ្មាន​ប្រឡោះ​រវាង​ម្រាមដៃ​របស់​អ្នក និង​រូប​ម្រាមដៃ​នៅក្នុង​កញ្ចក់​ទេនោះ ចូរ​ប្រញាប់​ចាក​ចេញពី​ទីនោះ​ភ្លាម ព្រោះ​វា​ជា​កញ្ចក់​ពីរ​ខាង ដែល​អាច​មើលឃើញ​រូបអ្នក​ពី​ម្ខាង​ទៀតហើយ  ដូច្នេះ​គួរ​ពិនិត្យ​សាកល្បង​គ្រប់​ពេលដែល​ចូលក្នុង​បន្ទប់​ល​ខោអាវ បន្ទប់ទឹក​សាធារណៈ ក្នុង​បន្ទប់​សណ្ឋាគារ ជាដើម។  វា​មិន​ខាតបង់​អ្វី​ទេ ព្រោះ​វា​ជាការ​ការពារ​ខ្លួន​យើង​ពី​ជន​ខូចខិល​មួយចំនួន​ប៉ុណ្ណោះ៕

  • វៀតណាម​សុំ​ឱ្យ​កម្ពុជា​ ជួយ​តាម​ចាប់​ជន​សង្ស័យ​សម្លាប់​មនុស្ស​៥នាក់​ បន្ទាប់​ពី​កម្លាំង​ចម្រុះ​​៥០០នាក់ មិន​ទាន់​​ចាប់​បាន​ជន​សង្ស័យនេះ

    វៀតណាម​សុំ​ឱ្យ​កម្ពុជា​ ជួយ​តាម​ចាប់​ជន​សង្ស័យ​សម្លាប់​មនុស្ស​៥នាក់​ បន្ទាប់​ពី​កម្លាំង​ចម្រុះ​​៥០០នាក់ មិន​ទាន់​​ចាប់​បាន​ជន​សង្ស័យនេះ

    កាល​ពី​ថ្ងៃ​ទី7កុម្ភៈ ឆ្នាំ​2020 នៅ​លើ​ទំព័រ​ Facebook របស់សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​សរសេរ​ថា​សមត្ថកិច្ច​វៀតណាម បានសុំ​​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា និងបាន​ប្រកាស​ស្វែងរក​ចាប់ខ្លួនជន​សង្ស័យ​ជា​ជន​ជាតិ​​វៀតណាម​ម្នាក់​ ដែល​ត្រូវ​អាជ្ញា​ធរ​អះអាង​ថា បាន​បាញ់​សម្លាប់​មនុស្សចំនួន​5​នាក់ ​នៅ​ខណ្ឌ​ Cu Chi ​ជាយ​ក្រុង​​​ហូ​ជី​មិ​ញ (ព្រៃ​នគរ) ​ភាគខាង​ត្បូង​ប្រទេស​វៀតណាម​។​

    វៀតណាមប្រើកម្លាំងចម្រុះជាង 500នាក់ ឡោមព័ទ្ធ​ចាប់​បុរសម្នាក់ ដែលសង្ស័យថាបានសម្លាប់មនុស្ស5នាក់

    កម្លាំង​ចម្រុះ​​ដែល​វៀតណាម​បញ្ជា​ឱ្យ​តាម​ចាប់​ខ្លួនជន​សង្ស័យ

    កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀង​ ក៏​បាន​ប្រកាស​ជូន​ដំណឹង​ដែល​ទាក់​ទិន​និង​បញ្ហា​ខាង​លើ ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់​ ​រួម​នឹង​មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋទាំង​អស់​​ ដែល​រស់នៅ​តាម​ខេត្ត​ជាប់​បន្ទាត់​ព្រំដែនកម្ពុជា​-​វៀតណាម​។ ទំព័រ​ Facebook របស់សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀងបន្ត​ថា ជនសង្ស័យ​ឈ្មោះ ឡេ ក្វុក ត្វឹន​​ (Le Quoc Tuan)​ ហៅ​ ត្វឹន ឃី (Tuan Khi) ភេទ​ប្រុស អាយុ​33​ឆ្នាំ​ កំពស់​1,66​ម៉ែត្រ​ ជនជាតិ​វៀត​ណាម​ បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ ដោយ​បាន​​សម្លាប់​មនុស្ស​ចំនួន5​នាក់ កាលពី​ថ្ងៃ​ទី​29មករា​ ឆ្នាំ​2020 ​នៅ​ខណ្ឌ​ Cu Chi ​ជាយ​ក្រុង​​​ហូ​ជី​មិ​ញ ​ប្រទេស​វៀតណាម ហើយ​រត់គេច​ខ្លួនបាត់​ពី​កន្លែង​កើត​ហេតុ​។

    ប្រភព​ព័ត៌​មាន​ពី​ប្រទេស​វៀតណាមបាន​ឱ្យ​ដឹង​ថា ជន​សង្ស័យខាង​លើ​ បានបាញ់សម្លាប់មនុស្សចំនួន 4នាក់ ដោយសារមានជម្លោះក្នុងពេលលេងល្បែងស៊ី​សង និង​បាន​ប្លន់​យក​លុយ នៅក្នុងឃុំ Tan Than Dong ជាយក្រុងព្រៃនគរ កាលពីថ្ងៃ​ទី​29មករា ឆ្នាំ​2020។

    កាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ជនសង្ស័យ Le Quoc Tuan បានជិះម៉ូតូ ពាក់ម៉ាស់បាំងមុខ និងដាក់កាំភ្លើងនៅពីមុខ ជិះគេចខ្លួនពីកន្លែងកើតហេតុភ្លាមៗ។ ក្រោយ​មក ជន​នេះ​ក៏​បាន​បាញ់​សម្លាប់​មនុស្ស​2នាក់​ផ្សេង​ទៀត ព្រម​ទាំង​បាន​ប្លន់​យក​ម៉ូតូ​របស់​អ្នក​ស្រុក​ផងដែរ ខណៈ​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ប្រមាណ​ជា​500នាក់ ដែល​រួម​មាន​នគរ​បាល និង​ទាហានផង កំពុង​ឡោម​ព័ទ្ធ​ទី​តាំង​ដែល​ជន​សង្ស័យ​នេះ​កំពុង​លាក់​ខ្លួន​។

    សារ​ព័ត៌មាន​​ Vnexpress បាន​រាយ​ការណ៍​ថា ជនសង្ស័យ Le Quoc Tuan ដែល​មាន​កាំភ្លើង​ AK មួយ​ដើម​ក្នុង​ដៃ មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ។ ជន​សង្ស័យ Le Quoc Tuan គឺជាមន្ត្រីនគរបាលម្នាក់ដែលធ្វើការនៅមន្ទីរឃុំឃាំងបណ្ដោះអាសន្ននៃអធិការដ្ឋាននគរបាលសង្កាត់លេខ​11 ដែលមានឋានន្តរស័ក្តិអនុសេនីយ៍​ទោពិសេស(ស័ក្តិ2 ត្រៀមឡើងស័ក្តិ3)។ ជនសង្ស័យនេះ មានកូន2នាក់ និងជាមនុស្សញៀនល្បែងស៊ីសងរយៈពេលច្រើនឆ្នាំមកហើយ។

    ជនសង្ស័យ​ដែល​ត្រូវ​វៀតណាម​តាម​ចាប់​ខ្លួន

    កាល​ពី​ថ្ងៃទី5កុម្ភៈ សមត្ថ​កិច្ច​វៀតណាម បាន​អំពាវ​នាវ​ឱ្យ​​ជង​សង្ស័យ Le Quoc Tuan ចេញ​មក​សារ​ភាព ដើម្បី​​ទទួល​បាន​ការ​សម្រាល​ទោស​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​នេះ​។ បច្ចុប្បន្ន គេ​សង្ស័យ​ថា ជន​នេះ​កំពុង​លាក់​ខ្លួន​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​ជាប់​ជា​មួយ​កម្ពុជា​។ ដូច្នេះ សូម​បងប្អូន​ដែល​រស់នៅ​តាម​បន្ទាត់​​ព្រំដែន​កម្ពុជា​-​វៀតណាម មានការ​ប្រុង​ប្រយ័ត្ន​ និង​សូម​រាយ​ការណ៍​ជា​បន្ទាន់​ បើ​សិន​សង្ស័យ​ថា មាន​មនុស្ស​ចម្លែក​ដែល​មាន​រូប​រាង​ដូច​ក្នុង​រូប​ថត​នេះ​ ចូល​ក្នុងភូមិ​ដ្ឋាន​៕