Category: សង្គម និងសេដ្ឋកិច្ច

  • Ceres ប្រមូលទិញកីឡាករឆ្នើម 5រូបពីលីកកំពូលរបស់ថៃ ត្រៀមបំបាក់ក្រុមស្វាយរៀង ល្ងាចនេះ

    Ceres ប្រមូលទិញកីឡាករឆ្នើម 5រូបពីលីកកំពូលរបស់ថៃ ត្រៀមបំបាក់ក្រុមស្វាយរៀង ល្ងាចនេះ

    មុននឹងឈានដល់ការប្រកួតពានរង្វាន់ AFC CUP 2020 ជើងទី1 របស់ខ្លួនទល់ជាមួយនឹងក្លិបព្រះខ័នរាជស្វាយរៀង នាពេលល្ងាចនេះ ក្រុមជើងឯកលីកកំពូលរបស់ហ្វីលីពីន បានបង្ហាញសមាសភាពកីឡាករសញ្ជាតិហ្វីលីពីនចំនួន 5រូបដែលខ្លួនទើបតែទិញមកពីក្លិបនានាក្នុងលីកកំពូលរបស់ថៃ។

    កីឡាករទាំង 5រូបនោះមានដូចជា ខ្សែប្រយុទ្ធ Manny Ott ( ផ្ទេរពី Ratchaburi Mitr Phol FC ), ខ្សែការពារ Joshua Dutosme ( ផ្ទេរពី Sukhothai FC ), ខ្សែប្រយុទ្ធ Mark Hartmann ( ផ្ទេរពី Ratchaburi Mitr Phol FC ), ខ្សែប្រយុទ្ធ Hikaru Minegishi ( Pattaya United FC ) រួមទាំងកីឡាករម្នាក់ទៀតផ្ទេរពីក្លិបក្នុងលីក Kaya FC-Iloilo

    គួរបញ្ជាក់ដែរថា Ceres Negros ស្ថិតនៅក្នុងពូល G ជាមួយម្ចាស់ជើងឯកលីកកំពូលកម្ពុជា គឺព្រះខ័នរាជស្វាយរៀង, ម្ចាស់ជើងឯកលីកកំពូលឥណ្ឌូនេស៊ី ( Bali United ) និងក្រុមលេខ3 លីកកំពូលវៀតណាម Than Quang Ninh


  • អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ទទួលបានការសាទរយ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រប្រេស៊ីល

    អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ទទួលបានការសាទរយ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រប្រេស៊ីល

    អតីតកីឡាករខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន Keisuke Honda បានបង្ហាញខ្លួនក្នុងពិធីប្រកាសបង្ហាញមុខជាផ្លូវការចំពោះអ្នកគាំទ្ររបស់ក្លិប Botafogo F.R នៅកីឡដ្ឋាន Estadio Olimpico Nilton Santos ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីសំណាក់អ្នកចូលរួមច្រើនដល់ទៅ 13,000នាក់។

    កីឡាករ​វ័យ​ 33​ឆ្នាំ​​ បាន​និយាយ​ក្នុង​សន្និសីទកាសែត​​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​នៅ​កីឡដ្ឋាន Nilton Santos Stadium របស់​ក្លិប Botafogo ថា លោក​បាន​បដិសេធ​ក្លិប​នៅ​អឺរ៉ុប ​និង​អាស៊ី​ជា​ច្រើន បន្ទាប់មកបាន​​សម្រេច​ចិត្ត​មកនៅជាមួយ​ក្រុម​ដែល​ស្ថិត​ក្នុង​ទីក្រុង Rio de Janeiro នេះ គឺដោយ​សារ​អ្នក​គាំទ្រ។

    1. គួរបញ្ជាក់ដែរថា ការដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតបែបនេះ លោកបានសង្កត់ធ្ងន់ថា មិនដែលជួបរឿងបែបនេះឡើយ សូម្បីតែពេលនៅជាមួយ AC Milan ជាទីដែលរូបលោកបានចំណាយពេលលេងពីឆ្នាំ2014-2017 ដែលមានអ្នកគាំទ្រច្រើនដូចគ្នា តែក៏មិនដល់ថ្នាក់នេះដែរ៕


  • ល្ងាចនេះ ព្រះខ័នរាជស្វាយរៀង តតាំងដោយកម្លាំងចិត្តជាមួយនឹងក្រុមខ្លាំងជាងគេប្រចាំតំបន់អាស៊ី

    ល្ងាចនេះ ព្រះខ័នរាជស្វាយរៀង តតាំងដោយកម្លាំងចិត្តជាមួយនឹងក្រុមខ្លាំងជាងគេប្រចាំតំបន់អាស៊ី

    នេះជាការចាប់ផ្តើមដ៏ធំមួយរបស់ក្លិបព្រះខ័នរាជស្វាយរៀង សម្រាប់យុទ្ធនាការ AFC Cup ឆ្នាំ2020 នៅក្នុងពូល G ស្របពេលដែលក្លិបមួយនេះនឹងត្រូវធ្វើការប្រកួតជាមួយក្រុមម្ចាស់ជើងឯកលីកកំពូលរបស់ប្រទេសហ្វីលីពីន Ceres–Negros FC នាល្ងាចនេះ វេលាម៉ោង6 និង 30នាទីល្ងាចម៉ោងនៅកម្ពុជានៅកីឡដ្ឋាន Rizal Memorial Stadium ខណៈដែលពួកគេ គឺជាជើងឯកនៃលីកកំពូលរបស់ហ្វីលីពីនសម្រាប់ឆ្នាំ2019 នេះ (ក្រុមល្អផ្ដាច់គេប្រចាំបាល់ទាត់ហ្វីលីពីន) និងជាក្រុមអាស៊ីអាគ្នេយ៍មួយដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងសហព័ន្ធបាល់ទាត់ AFC, រួមទាំងពានរង្វាន់ AFC Champions League ផងដែរ។

    Ceres Negros FC ជាក្រុមជើងឯកលីកកំពូលហ្វីលីពីនដល់ទៅ 3សម័យកាលជាប់គ្នា (ឆ្នាំ2017, 2018 និង2019) និងជើងឯក Copa Paulino Alcantara (2019)។ មិនតែប៉ុណ្ណោះពួកគេក៏ជាជើងឯកនៃពានរង្វាន់ PFF National Men’s Club Championship (ឆ្នាំ 2012-13 និង2013-14) និងជាជើងឯកពានរង្វាន់ United Football League (ឆ្នាំ2015)ទៀតផង។

    គួរបញ្ជាក់ផងដែរថា ចំពោះក្រុមមួយនេះ ធ្លាប់បានចូលរួមនៅក្នុងការប្រកួតពានរង្វាន់ AFC Champions League ជាច្រើនលើកផងដែរ (តែបានត្រឹមវគ្គជម្រុះ), ហើយក៏ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Cup ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ៕


     

  • រឿងពិតរបស់ “ហាឈិម៉ា” កោះបិសាចក្នុងប្រទេសជប៉ុន

    រឿងពិតរបស់ “ហាឈិម៉ា” កោះបិសាចក្នុងប្រទេសជប៉ុន

    កោះ “ហាឈិម៉ា” ស្ថិតនៅឆ្ងាយពីទីក្រុងណាង៉ាសាគិ ប្រមាណជា 15គីឡូម៉ែត្រ។ ដោយសារតែរូបរាងដែលមើលទៅស្រដៀងកប៉ាល់សង្រ្គាមនោះ ធ្វើឱ្យកោះនោះត្រូវបានគេដាក់ឈ្មោះឱ្យថា Battleship Island ឬកោះនាវាចម្បាំង។ កាលពីអតីតកាល កោះមួយនេះពោរពេញទៅដោយរ៉ែធ្យូងថ្ម រហូតមានការចាប់ផ្តើមធ្វើអណ្ដូងរ៉ែយ៉ាងពិតប្រាកដនៅគ្រិស្តសករាជ 1887 មុននឹង Mitsubishi ក្រុមហ៊ុនដ៏ធំសម្បើមមួយរបស់ជប៉ុន បានទិញយកកោះនេះ ដើម្បីអភិវឌ្ឍទៅជាកោះរ៉ែធ្យូងថ្មដ៏ធំមួយ ដើម្បីផ្គត់ផ្គង់តម្រូវការធ្យូងថ្មក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់ជប៉ុននាយុគសម័យនោះ ទើបធ្វើឱ្យមានការដឹកជញ្ជូនកម្លាំងពលកម្ម និងក្រុមគ្រួសាររបស់ពួកគេទៅតាំងលំនៅឋាននៅលើកោះនោះរហូតពេញផ្ទៃដីទីនោះ។

    ប៉ុន្តែក្រៅពីរ៉ែធ្យូងថ្មហើយនោះ កោះមួយនេះថែមទាំងប្រៀបដូចជាកន្លែងឃុំឃាំងអ្នកទោសទៀតផង ដោយសារតែក្នុងអំឡុងសង្រ្គាមលោកលើកទី2 កងទ័ពជប៉ុនបានកេណ្ឌប្រមូលជនជាតិចិន និងកូរ៉េខាងត្បូងដែលជាឈ្លើយសឹកឱ្យមកធ្វើការនៅក្នុងរ៉ែធ្យូងថ្មទាំងនោះ។ ទារុណកម្មដែលពលករឈ្លើយសឹកទាំងនោះបានទទួល ធ្វើឱ្យក្នុងខ្សែភ្នែករបស់ជនជាតិចិន និងកូរ៉េខាងត្បូងមើលឃើញថា កោះហាឈិម៉ា គឺជាកន្លែងនៃមហាសុបិនដ៏សែនអាក្រក់រហូតមកដល់ពេលបច្ចុប្បន្ន។នៅឆ្នាំ1964 ក្រុមហ៊ុន Mitsubishi បានប្រកាសបិទរ៉ែធ្យូងថ្មទាំងអស់នៅលើកោះហាឈិម៉ា ដោយសារតែថាមពលធ្យូងថ្ម លែងជាតម្រូវការរបស់ជប៉ុនតទៅទៀតហើយ ដោយងាកទៅផ្តល់ភាពសំខាន់លើថាមពលប្រេងឥន្ធនៈជំនួសវិញម្តង ដែលក្រោយពីការបិទជំរំការងារនេះ ពលករទាំងអស់ត្រូវបានរើចេញពីទីនោះ និងទុកឱ្យកោះមួយនោះ ក្លាយជាកោះរហោដ្ឋានគ្មានមនុស្សរស់នៅ ដែលគ្មានសូម្បីតែដើមឈើ ឬដើមផ្កាដុះឡើងទៀតឡើយ បើមានក៏មានតែរុក្ខជាតិតូចៗដែលដុះហើយងាប់ទៅវិញតែប៉ុណ្ណោះ។

    បច្ចុប្បន្ន រដ្ឋការជប៉ុនបានព្យាយាមក្នុងការជំរុញឱ្យកោះហាឈិម៉ាក្លាយជាបេតិកភណ្ឌពិភពលោក ដោយបានដាក់សំណើទៅអង្គការយូណេស្កូ តែបែរជាត្រូវខាងប្រទេសកូរ៉េខាងត្បូងជំទាស់ ព្រោះយល់ឃើញថា កោះហាឈិម៉ា គឺជាស្នាមរបួសនៃសង្រ្គាមដែលនៅសេសសល់ និងធ្វើឱ្យជនជាតិកូរ៉េខាងត្បូង និងចិនមានអារម្មណ៍ឈឺចាប់គ្រប់ពេលដែលមានការនិយាយដល់កោះមួយនេះ។
    ទោះជារឿងនេះនៅតែជាអ្វីដែលជាការខ្វែងគំនិតគ្នាថា តើកោះហាឈិម៉ា សមនឹងទទួលបានការដាក់ជាបេតិកភណ្ឌពិភពលោក ឬក៏អត់ក៏ដោយ តែក៏បច្ចុប្បន្នកោះមួយនេះមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង តាមរយៈការដែលត្រូវបានគេនាំយកទៅធ្វើជាឆាកចម្លងនៅក្នុងខ្សែភាពយន្តស៊ើបអង្កេត ចេមស៍ បនដ៍ 007 រឿង Skyfall រហូតដល់ធ្វើឱ្យវាក្លាយជាមណ្ឌលទេសចរណ៍ល្បីឈ្មោះមួយទៀតនៅក្នុងប្រទេសជប៉ុន។

    កោះហាឈិម៉ា បានបើកឱ្យអ្នកទេសចរចូលទស្សនាកាលពីឆ្នាំ2009  តែរហូតមកដល់ពេលនេះមានអ្នកទេសចរមិនច្រើនប៉ុន្មានទេ ដែលមានឱកាសបានមកកម្សាន្តដោយផ្ទាល់នៅលើមណ្ឌលទេសចរណ៍មួយនេះ ព្រោះខាងរដ្ឋការជប៉ុនមានការកំណត់ចំនួនអ្នកទេសចរ  ធ្វើឱ្យក្នុង 1ឆ្នាំៗ អ្នកដែលបានទទួលការអនុញ្ញាតឱ្យមកទស្សនាទីនេះមានត្រឹមតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ។

    នៅលើកោះរហោដ្ឋានមួយនេះ នាពេលយប់ ជាពិសេសក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ ឬព្យុះបក់បោកនោះ បណ្តាអ្នកនេសាទ ឬអ្នកដើរទូកដែលចូលទៅជិតទីនោះបាននាំគ្នានិយាយថា ពួកគេតែងបានឮសូរសំឡេងស្រែកទួញយំយ៉ាងគ្រលួចគួរឱ្យភ័យខ្លាច បន្លឺឡើងកណ្តាលតំណក់ទឹកភ្លៀង និងខ្សែវាយោ ដោយពួកគេជឿថា កោះមួយនេះកំពុងយំទួញសោកព្រោះវាត្រូវបានបោះបង់ចោលឱ្យនៅកណ្តោចកណ្តែងជាយូរយារ និងកំពុងស្រែកដង្ហោយហៅរកនរណាម្នាក់ឱ្យទៅនៅជាមួយ ឬមិនដូច្នេះទេ សំឡេងស្រែកទ្រហោទួញយំដែលពួកអ្នកនេសាទបានឮនោះ អាចជាសំឡេងរបស់ដួងវិញ្ញាណរបស់បណ្តាឈ្លើយសឹកដែលដួលស្លាប់ដោយក្តីទុក្ខលំបាកវេទនា ហើយនៅតែអណ្ដែតវិលវល់នៅលើកោះមួយនោះ ក៏អាចថាបានដែរ។
    ហេតុការណ៍មួយទៀត ដែលអះអាងអំពីភាពគួរឱ្យភ័យខ្លាចនៅលើកោះនេះ បានកើតឡើងមុនពេលដែលកោះហាឈិម៉ាត្រូវបានប្រើប្រាស់ធ្វើជាទីកន្លែងចម្លង ក្នុងការថតខ្សែភាពយន្តរឿង Skyfall ដោយកោះដដែលនេះធ្លាប់ត្រូវបានប្រើប្រាស់ធ្វើជាកន្លែងថតខ្សែភាពយន្តរឿង “Battle Royale” របស់អ្នកដឹកនាំរឿងលោក ឃីនជិ ហ្វ៊ូកាសាកូ អ្នកដែលអះអាងថា កោះនេះមានវិញ្ញាណបិសាច។

    ហ្វ៊ូកាសាកូ បានបង្ហើបឱ្យដឹងថា ក្នុងអំឡុងការថតខ្សែភាពយន្តនោះ គាត់បានជួបនឹងរឿងខុសប្រក្រតីគ្រប់ពេលវេលា ដូចជា ជួបអ្នកដទៃដែលមិនមែនជាក្រុមការងារថតភាពយន្ត ដែលមានរូបភាពថតជាប់នៅក្នុងឈុតឆាក ឬនៅសុខៗខ្សែហ្វ៊ីលបែរជាខូច ទាំងទើបតែប្រើការជាលើកដំបូង ជាដើម។ ប៉ុន្តែហេតុការណ៍ដែលរន្ធត់ព្រលឹងបំផុត រហូតធ្វើឱ្យក្រុមការងារត្រូវឈប់សម្រាករាប់សប្តាហ៍នោះគឺ ឈិអាគិ ឃូរិយ៉ាម៉ា តារាសម្តែងស្រីម្នាក់ ដែលសម្តែងជានិស្សិត បានត្រូវអ្វីម្យ៉ាងចូលសណ្ថិតក្នុងខ្លួននាង។

    តាមរយៈពាក្យរៀបរាប់របស់អ្នកដែលបានឃើញហេតុការណ៍នាពេលនោះ បានរៀបរាប់ថា កែវភ្នែករបស់ឈិអាគិក្លាយជាពណ៌ក្រហមជាំ និងប្រស្រីភ្នែកលានចេញមកត្លែ មើលទៅគួរឱ្យកាចសាហាវណាស់ បន្ទាប់ពីនោះ នាងបានស្ទុះចូលទៅរក ខូអ៊ុ ឈិបាសាគិ ដែលជាតារាស្រីម្នាក់ទៀត និងច្របាច់កខូអ៊ុយ៉ាងខ្លាំង។ ខាងក្រុមការងារឃើញស្ថានការណ៍មិនស្រួល ក៏បានអញ្ជើញ មីកូ (ស្រ្តីអ្នកបញ្ចូលរូប) ដែលធ្វើដំណើរមកជាមួយដែរនោះ ឱ្យមកចាត់ការបណ្តេញវិញ្ញាណកំណាចនោះ 0រហូតបានសម្រេច។
    បន្ទាប់ពីវិញ្ញាណបិសាចនោះចេញពីរាងកាយហើយ មីកូបានប្រាប់ថា “ទីកន្លែងមួយនេះមានដួងវិញ្ញាណដែលមានភាពចងគំនុំ គុំកួន និងចងអាឃាតស្ថិតនៅច្រើនណាស់ និងមិនងាយនឹងកម្ចាត់ចេញបានឡើយ ព្រោះនៅត្រង់នេះ គឺជាទីកន្លែងរបស់ពួកគេ…”។

    តារាសម្តែង ឈិអាគិ បានរៀបរាប់ពីហេតុការណ៍ដែលកើតឡើងថា នាងឃើញស្រ្តីសក់វែងម្នាក់ អណ្តែតខ្លួនឆ្លងកាត់ខ្លួននាង ហើយបន្ទាប់ពីនោះមកក៏លែងចាំអ្វីបានទៀតតែម្ដង។

    ទាំងអស់នេះអាចរាប់បានថា ជាហេតុការណ៍ដ៏គួរព្រឺព្រួចភ័យរន្ធត់ និងរញ្ជួយព្រលឹងមួយទៀតដែលបានកើតឡើងនៅលើកោះដែលត្រូវបណ្តាសាបិសាចមួយនេះ៕

  • BANANA TEST

    BANANA TEST

    នៅក្នុងព្រៃស្រោងដ៏ធំមួយ មានដើមដូង 1ដើមខ្ពស់ខ្លាំងណាស់ៗៗៗៗៗៗៗៗៗ! ហើយនៅទីនោះក៏មានសត្វ 4ក្បាលដែរ ៖

    • សត្វតោ
    • សត្វស្វាត្រោស
    • សត្វយីរ៉ាហ្វ (សត្វកវែង)
    • សត្វកំប្រុក

    – ពួកវាប្រកួតគ្នាថា តើអ្នកណាអាចឡើងទៅបេះផ្លែចេកបានលឿនជាងគេបំផុត?
    – សូមលោកអ្នកសាកល្បងទាយទៅមើលថា តើសត្វមួយណាឈ្នះ?
    – ចម្លើយរបស់លោកអ្នកនឹងឆ្លុះបញ្ចាំងអំពីបុគ្គលិកលក្ខណៈរបស់ខ្លួនលោកអ្នកផ្ទាល់  ដូច្នេះ សូមគិតឱ្យបានល្អិតល្អន់ និងឆ្លើយឱ្យបានក្នុងរយៈពេល​ 30​វិនាទី…
    .
    .
    …បានចម្លើយហើយឬនៅ?
    តស់! នាំគ្នាទៅមើលចម្លើយ!!!!!!
    .
    .
    .
    .
    .
    បើអ្នកឆ្លើយថា…:
    -សត្វតោឈ្នះ  = អ្នកល្ងង់ខ្លាំងណាស់!!
    -សត្វស្វាត្រោសឈ្នះ  = អ្នកគឺជាមនុស្សឡប់សតិ!!
    -សត្វយីរ៉ាហ្វឈ្នះ  = អ្នកគឺជាមនុស្សខួរក្បាលងងឹតឈឹង!!
    -សត្វកំប្រុកឈ្នះ  ​​= អ្នកគឺជាមនុស្សអត់ចេះគឹតសោះ!!

    ព្រោះដើមដូង វាមានផ្លែចេកមកពីណា!!! ហាសៗៗហា!!!

    ឥឡូវវអាចមើលឃើញបានយ៉ាងច្បាស់ហើយថា  អ្នកកំពុងតែមានអារម្មណ៍ធុញថប់ខ្លាំង និងធ្វើការងារច្រើនជ្រុលពេកហើយ

    ដូច្នេះគួររកពេលវេលាសម្រាកខ្លះផងទៅ…បា៎យបា៎យ!

    ទិទីតំតាតូ

  • ដូចម្តេចដែលហៅថាផ្លូវសូត្រ និងមានប្រវត្តិដូចម្តេច?

    ដូចម្តេចដែលហៅថាផ្លូវសូត្រ និងមានប្រវត្តិដូចម្តេច?

    ផ្លូវសូត្រ គឺជាផ្លូវពាណិជ្ជកម្មដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក។ ផ្លូវសូត្របានតភ្ជាប់លោកខាងកើត ដែលមានចំណុចចាប់ផ្តើមពីអតីតរាជធានី ឆាងអាន (បច្ចុប្បន្នខេត្តស៊ីអាន) នៃមហាយក្សចិន ទៅដល់លោកខាងលិចត្រង់សមុទ្រមេឌីទែរ៉ាណេនៃទ្វីបអ៊ឺរ៉ុប។ ផ្លូវសូត្រមានប្រវែងសរុបប្រមាណជាង 6000គីឡូម៉ែត្រ ហើយត្រូវបានប្រើប្រាស់ចាប់ពីសតវត្សរ៍ទី 2មុនគ.ស រហូតសតវត្សរ៍ ទី14។ នេះជាការលើកឡើងរបស់លោក ម៉ៅ វុត្ថា មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា។

    លោកបានរៀបរាប់អំពីប្រវត្តិនៃផ្លូវសូត្រនេះថា ដើមឡើយភូមិវិទូជនជាតិអាល្លឺម៉ង់លោក ហ្វឺដឺណង់ ហ្វុន រីជថូហ្វេន បានដាក់ឈ្មោះផ្លូវនេះថា ផ្លូវសូត្រ នៅក្នុងឆ្នាំ1877 ក្រោយពេលរកឃើញភស្ថុតាងជាច្រើនទាក់ទងនឹងអាជីវកម្មសូត្រនៅតាមផ្លូវមួយនេះ។ ផ្លូវបុរាណមួយនេះ ត្រូវបានប្រើប្រាស់មិនត្រឹមតែធ្វើជាផ្លូវជួញដូរពាណិជ្ជកម្មតែប៉ុណ្ណោះទេ តែថែមទាំងជាផ្លូវដែលផ្លាស់ប្តូរវប្បធម៌ អរិយធម៌ចិន ឥណ្ឌា អាណាចក្រពែរ្ស ពិភពអារ៉ាប់ ក្រិក និងចក្រភពរ៉ូម។
    ផ្លូវសូត្រត្រូវបានត្រួសត្រាយដោយ ឆាង ឈីយិន ដែលគេស្គាល់ថាជាបិតានៃផ្លូវសូត្រ និងជារាជទូតដំបូងគេក្នុងប្រវត្តិសាស្រ្តពិភពលោក។ ឆាង ឈីយិន គឺជាបេសកជនរបស់អធិរាជអ៊ួនៃរាជវង្សហានដែលបានចាកចេញពីស្រុកចិន ដើម្បីពិនិត្យមើលវប្បធម៌ អរិយធម៌នានានៅតំបន់អាស៊ីកណ្តាលចាប់ពីឆ្នាំ 139 មុនគ.ស ដល់ ឆ្នាំ 129 មុនគ.ស។ ក្រោយពីបើកផ្លូវនេះហើយ ផ្លូវមួយនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបន្តិចម្តងៗក្នុងរជ្ជកាលបន្តៗមកទៀត។

    មានសង្គ្រាម និងការបង្រ្កាបជាច្រើននៅតាមតំបន់នានាតាមដងផ្លូវនេះ ដែលក្នុងនោះសង្រ្គាមដែលល្បីល្បាញបំផុតក្នុងប្រវត្តិសាស្រ្តចិន គឺសង្គ្រាមដែលដឹកនាំដោយ វ៉ី ឈីង និង ហួយ គុយប៊ីង ដែលបានធ្វើឲ្យឧបសគ្គនានានៅតាមដងផ្លូវនេះរលាយបាត់អស់។ ក្នុងឆ្នាំ 60 មុនគ.ស រាជវង្សហាន បានបង្កើតតំបន់អាណានិគមនៅភាគខាងលិច វ៉ូ ឡី (ជិតខេត្តលន់តាយ) ដើម្បីគ្រប់គ្រង និងធានាឲ្យផ្លូវនេះមានសុវត្ថិភាព និងចរាចរណ៍កាន់តែប្រសើរឡើង។ នៅក្នុងសម័យរាជវង្សថាំង (គ.ស 612 ដល់ 907) ផ្លូវសូត្រត្រូវបានគេឲ្យឈ្មោះថាជាយុគមាសព្រោះវាបានក្លាយទៅផ្លូវសេដ្ឋកិច្ចដ៏សំខាន់ និងរីកចម្រើនបំផុតរបស់ប្រទេសចិន។

    ក្នុងអំឡុងពេលដែលអាណាចក្រម៉ុងហ្គោលពង្រីកអំណាចរបស់ខ្លួន ហើយគ្រប់គ្រងលើចិនក្នុងនាម រាជវង្សយួន (ឆ្នាំ 1271 ដល់ 1368) អធិរាជ គួឡៃ ខាន់ បានពង្រីកផ្លូវនេះឲ្យមានភាពរីកចម្រើនបន្ថែមទៀតដើម្បីងាយក្នុងការគ្រប់គ្រងដែនដីរដ្ឋចំណុះរបស់ខ្លួន។ អធិរាជរូបនេះ បានតាំងរាជធានីនៅ ដាឌូ (ក្រុងប៉េកាំង នាពេលបច្ចុប្បន្ន) ហើយពង្រីកដោយយកផ្លូវសូត្រជាគោលទៅដល់ដែនដីម៉ុងហ្គោលី លាតសន្ធឹងដល់ស៊ីប៊េរីសមុទ្រចិនភាគខាងត្បូង តំបន់ទីបេ យន់ណាន ជួរភ្នំស្តាណូវ៉យ រហូតទៅដល់អាស៊ីខាងលិច និងរុស្សី។ អធិរាជ គូឡៃ ខាន់ បានបំផ្លាញចោលនូវកុងត្រូលជជុះនានានៅតាមផ្លូវ និងអំពើពុករលួយនានាដែលកើតឡើងតាមផ្លូវនេះ ដែលធ្វើឲ្យផ្លូវមួយនេះកាន់តែមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើដំណើរ និងជួញដូរ។

    តាមរយៈផ្លូវមួយនេះអធិរាជម៉ុងហ្គោល បានបើកទូលាយស្វាគមន៍ជនបរទេស និងទទួលយកវប្បធម៌ អរិយធម៌ពីប្រទេសដទៃ ជាក់ស្តែងទ្រង់បានតែងតាំង មាកូប៉ូឡូ ឲ្យទទួលតំណែងជាមន្រ្តីជាន់ខ្ពស់ និងបានចេញលិខិតឆ្លងដែនពិសេសដែលអាចធ្វើឲ្យគាត់អាចធ្វើដំណើរពាសពេញអាណាចក្រ ហើយសិទ្ធិធ្វើអាជីវកម្មផ្សេងៗនៅតាមផ្លូវសូត្រ។ បើទោះជានាពេលនោះការធ្វើដំណើរតាមផ្លូវទឹកមានឥទ្ធិពលខ្លាំងក្លា ជាពិសេសពួកលោកខាងលិចយ៉ាងណាក៏ដោយ ប៉ុន្តែផ្លូវមួយនេះនៅតែប្រជាប្រិយភាព និងមិនអាចខ្វះបានដដែល។

    មានមនុស្សល្បីឈ្មោះជាច្រើន ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវសូត្រនេះរួមមាន៖ ចាង ឈីយិន បិតា ឬស្ថាបនិកផ្លូវសូត្រ អធិរាជគូឡៃ ខាន់ ម៉ាកូប៉ូឡូ និងជាពិសេសព្រះសង្ឃថាំងចេងដែលធ្វើដំណើរទៅចម្លងធម៌នៅឥណ្ឌា និងត្រឡប់មកវិញតាមផ្លូវនេះផងដែរ។ ក្រៅពីរឿងនិទានថាំងចេងទៅចម្លងធម៌ហើយ នៅមានរឿងជាច្រើនទៀតកើតឡើងនៅលើដងផ្លូវនេះ ដែលអ្នកធ្វើដំណើរបាននិទានចែករំលែកគ្នាពេលជួបគ្នានៅតាមដងផ្លូវនេះ។ នេះហើយជាវិធីជីវិតនៅលើផ្លូវសូត្រ ក្នុងពេលដែលគ្មានទូរស័ព្ទ ទូរទស្សន៍ និងអ៊ីនធឺណិត។

    1.ទិដ្ឋភាពវប្បធម៌នៃផ្លូវសូត្រ
    ផ្លូវសូត្របុរាណបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរវប្បធម៌រវាងចក្រភពចិន និងបស្ចិមប្រទេស។ ចាប់តាំងពីស.វ ទី2 មុនគ.ស រហូតដល់ស.វ ទី15 នៃគ.ស អរិយធម៌ដ៏ត្រចះត្រចង់របស់របស់ចិន ឥណ្ឌា ក្រិក ពែរ្ស និងរ៉ូម ត្រូវបានផ្លាស់ប្តូរគ្នានៅតាមដងផ្លូវនេះ ដែលបានធ្វើឲ្យផ្លូវមួយនេះក្លាយទៅជាស្ពានចម្លងវប្បធម៌រវាងអាស៊ី និងអ៊ឺរ៉ុប។ ក្រៅពីការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ច នយោបាយរវាងលោកខាងកើត និងខាងលិចហើយនោះ មានសាសនា និងនិកាយជាច្រើនត្រូវបានហូរចូលទៅក្នុងប្រទេសចិន ក្នុងនោះរួមមានព្រះពុទ្ធសាសនា អ៊ិស្លាមសាសនា និកាយដែលមានជំនឿលើតារាសាស្រ្តជាដើម។ ទាំងអស់នេះបានក្លាយទៅជាសម្បត្តិវប្បធម៌របស់ចិនចាប់តាំងពីបុរាណ រហូតមកដល់បច្ចុប្បន្ន។

    2.ព្រះពុទ្ធសាសនា
    នៅក្នុងស.វ ទី1 មុនគ.ស ព្រះពុទ្ធសាសនាត្រូវបានណែនាំឲ្យចូលទៅក្នុងតំបន់យូតៀន (បច្ចុប្បន្នតំបន់ហេតៀន) ហើយចេញពីតំបន់នោះ សាសនានេះបានរីកសាយភាយយ៉ាងឆាប់រហ័សទៅដល់តំបន់ខាងលិច។ រហូតដល់សម័យរាជវង្សហានខាងកើត (គ.ស 25 ដល់ 220) ទើបពុទ្ធសាសនាបានហូរចូលទៅក្នុងភូមិភាគកណ្តាលនៃចិន ព្រះសង្ឃជាច្រើនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍពុទ្ធសាសនាក្នុងប្រទេសចិននាសម័យនោះ។ ព្រះសង្ឃដែលល្បីៗជាងគេរួមមានព្រះតេជគុណជូ សៀស៊ីង នៃសម័យសាមកុក និងព្រះតេជគុណ ស៊ាន ហ្សាង ឬព្រះគ្រូថាំង ចេង ក្នុងរាជវង្សថាំង (គស.618 ដល់ 907)។ ព្រះសង្ឃទាំងឡាយបានធ្វើដំណើរតាមផ្លូវសូត្រទៅកាន់ប្រទេសឥណ្ឌាដើម្បីសិក្សាគម្ពីរសូត្រនានាហើយនាំត្រឡប់មកប្រទេសចិនវិញ។ នៅក្នុងសម័យរាជវង្សថាំង មាននិកាយសាសនាបរទេសចំនួនបីដែលមានវត្តមានក្នុងប្រទេសចិន។

    3.និកាយសាសនាហ្សាណ
    ចាប់តាំងពីស.វទី5 មុនគ.ស រហូតដល់ស.វទី1 មុនគ.ស និកាយសាសនាហ្សាណបានត្រូវផ្សព្វផ្សាយចូល ទៅក្នុងភាគខាងលិចប្រទេសចិន។ និកាយសាសនាហ្សាណនេះ ត្រូវបានចាត់ទុកជាសាសនាដំបូងគេដែលឆ្លងកាត់តាមផ្លូវនេះ។ និកាយសាសនាហ្សាណ បានចាប់កំណើតនៅក្នុងអាណាចក្រពែរ្ស (បច្ចុប្បន្នប្រទេស អ៊ីរង់) ហើយផ្សព្វផ្សាយទៅដល់ប្រទេសផ្សេងៗរួមទាំងចិនផងដែរ ប៉ុន្តែសាសនាត្រូវបានរលាយបាត់ទៅវិញនៅក្នុងរាជវង្សសុង (គ.ស960 ដល់1279)។ ជនជាតិដែលបានប្រតិបត្តិសាសនានេះរួមមានជនជាតិចិនអំបូរអួហ្គួរ និងពួកតាជិក (ប្រទេសតាជីគីស្ថាន)។

    4.និកាយសាសនាណេស្តូរៀន
    នេះជានិកាយមួយរបស់សាសនាគ្រិស្ត តែប្រតិបត្តិតាមបែបស៊ីរី។ ក្នុងឆ្នាំ635 និកាយនេះត្រូវបាននាំចូលទៅក្នុងប្រទេសចិនតាមផ្លូវសូត្រ ហើយត្រូវបានទទួលស្វាគមន៍ដោយអធិរាជថៃចុង និងលី ស៊ីមីញ ដោយបានបញ្ជាឲ្យកសាងវិហារជាច្រើនសម្រាប់និកាយសាសនានេះ ហើយហៅថាវិហារពែរ្ស ឬវិហាររ៉ូម៉ាំង និងវិហារដាគីន។ និកាយសាសនានេះត្រូវបានរលាយបាត់បង់ទៅវិញក្នុងរាជវង្សមិង។

    5.សាសនាអ៊ិស្លាម
    ចាប់ពីគ្រិស្តស.វទី 7 ពួកជនជាតិអារ៉ាប់កាន់សាសនាអ៊ិស្លាមបានធ្វើដំណើរទៅកាន់ប្រទេសចិនតាមផ្លូវសូត្រ និងតាមផ្លូវទឹកដើម្បីផ្សព្វផ្សាយសាសនាអ៊ិស្លាម។ ក្នុងសម័យរាជវង្សថាំង តំបន់គួងដុង និងក្វាងចូវ គឺជាតំបន់អ្នកកាន់សាសនាអ៊ិស្លាមច្រើនជាងគេ។

    6.បច្ចេកវិទ្យារបស់ជនជាតិចិនត្រូវបាននាំទៅលោកខាងលិចតាមផ្លូវសូត្រ
    ការផ្លាស់ប្តូរវប្បធម៌រវាងចិន និងអ៊ឺរ៉ុបបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ភាគីទាំងពីរក្នុងវិស័យអភិវឌ្ឍន៍។ របកគំហើញដ៏អស្ចារ្យរបស់ចិនទាំង៤ (ការបង្កើតក្រដាស ម៉ាស៊ីនបោះពុម្ព រំសេវ និងត្រីវិស័យ) រួមទាំងវិធីសាស្រ្តក្នុងការចិញ្ចឹមដង្កូវនាង ការត្បាញអំបោះសូត្រត្រូវបាននាំយកទៅលោកខាងលិច ហើយរីកចម្រើនយ៉ាងទូលំទូលាយរហូតប្រើប្រាស់ទូទាំងពិភពលោកមកដល់សព្វថ្ងៃនេះ។

    ក្នុងសម័យរាជវង្សហាន (ឆ្នាំ206 មុនគ.ស ដល់គ.ស 220) ប្រទេសចិនគឺជាអធិរាជនៃជំនួញសូត្រ ហើយបានរក្សាបច្ចេកទេសសិប្បកម្មសូត្រនេះជាការសម្ងាត់បំផុត រហូតដល់ស.វទី12ទើបបច្ចេកវិជ្ជាមួយនេះត្រូវបានផ្សព្វផ្សាយទៅដល់ទ្វីបអ៊ឺរ៉ុបភាគខាងលិច។ សូត្រជាច្រើនលានកីត្រូវបានដឹកជញ្ជូនតាមផ្លូវនេះទៅកាន់លោកខាងលិច អាណាចក្រពែរ្ស ឥណ្ឌា។ល។

    នៅក្នុងឆ្នាំ750 មានសង្គ្រាមកើតឡើងរវាងរាជវង្សថាំង និងចក្រភពអារ៉ាប់ នៅក្រុងប៊ីសកេក(បច្ចុប្បន្នជារាជធានីនៃសាធារណរដ្ឋគៀហ្សីស្ថាន) ហើយកងទ័ពរាជវង្សថាំងត្រូវបរាជ័យ និងត្រូវបានកេណ្ឌជាឈ្លើយសឹកទៅកាន់តំបន់សាម៉ាកាន (បច្ចុប្បន្នជាខេត្តមួយក្នុងប្រទេសអុយបេគីស្ថាន) តាមផ្លូវសូត្រ ដោយក្នុងចំណោមឈ្លើយសឹកទាំងនោះមានកម្មករផលិតក្រដាសផងដែរ។ ក្រោយមកចក្រភពអារ៉ាប់បានផលិតក្រដាសតាមរយៈឈ្លើយសឹកទាំងនោះ។

    ក្នុងសម័យរាជវង្សថាំង បច្ចេកវិជ្ជាបោះពុម្ពត្រូវបាននាំទៅប្រើប្រាស់នៅក្នុងអាស៊ីភាគកណ្តាល។ នៅស.វទី 13 មានជនជាតិអ៊ឺរ៉ុបជាច្រើនបានធ្វើដំណើរតាមផ្លូវសូត្រមកកាន់ប្រទេសចិន ហើយនាំយកបច្ចេកវិជ្ជានេះ ទៅកាន់ប្រទេសខ្លួននាប៉ែកអ៊ឺរ៉ុបវិញ។ នៅក្នុងឆ្នាំ 1444 ជនជាតិអាល្លឺម៉ង់លោក ហ្គាត់ធិនប៊ឹក បានបោះពុម្ពគម្ពីរប៊ីបលើកទីមួយដោយប្រើប្រាស់បច្ចេកទេសដូចគ្នានឹងចិនដែរ។

    នៅដើមស.វទី13 ជនជាតិម៉ុងហ្គោលីបានប្រើប្រាស់រំសេវក្នុងការចម្បាំងរបស់ខ្លួនជាមួយប្រទេសជិតខាង និងវាតទីទៅតំបន់នានានៅភាគខាងលិច ហើយក្នុងពេលនោះរំសេវត្រូវបានចាត់ទុកថាជាអាវុធប្រល័យលោក។

    លើសពីនោះទៅទៀតការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តត្រូវបាននាំយកទៅប្រើប្រាស់នៅលោកខាងលិចក្នុងសម័យរាជវង្សហាន។ ចាប់តាំងពីសម័យសាមកុក រហូតដល់រាជវង្សថាំង សិល្បះតន្រ្តី របាំ កាយកម្ម និងទម្រង់សិល្បៈផ្សេងៗទៀតរបស់អាស៊ីខាងលិច និងអាស៊ីកណ្តាលបានហូរចូលទៅប្រទេសចិន ជាក់ស្តែងរួមមាន ពិណ23ខ្សែ គុងហ្វូ និងខ្លុយរបស់ជនជាតិពែរ្សត្រូវបានបញ្ចូលទៅក្នុងឧបករណ៍តន្រ្តីប្រពៃណីចិន ក្នុងសម័យរាជវង្សហាន។

    នៅមានទម្លាប់វប្បធម៌ប្រើប្រាស់ឧបករណ៍ជាច្រើនទៀតត្រូវបានផ្លាស់ប្តូរគ្នារវាងលោកទាំងពីរតាមរយៈផ្លូវសូត្រ។ មានផលិតផលកសិកម្មលោកខាងលិចជាច្រើនត្រូវបាននាំចូលទៅប្រទេសចិនមានដូចជា ទំពាំងបាយជូរ ដួងចែម វ៉លណាត់ ការ៉ុត ម្រេច សណ្តែក ត្រសក់ ស្ពៃណាត់ មង្ឃុត សត្វផ្សេងៗ គ្រឿងឧបករណ៍វេជ្ជសាស្រ្តគ្រឿងទេស និងគ្រឿងអលង្ការជាដើម។ ដោយឡែកព័រសឺឡែន និងខ្មុកម្រ័ក្សណ៍របស់ចិនត្រូវបាននាំទៅប្រើប្រាស់នៅអ៊ឺរ៉ុបវិញផងដែរ។

    ចំណុចគួរឲ្យកត់សម្គាល់មួយទៀតទាក់ទងនឹងការផ្លាស់ប្តូរវប្បធម៌តាមរយៈផ្លូវសូត្រនោះ គឺសិល្ប:ការពារខ្លួន។ តាមប្រវត្តិសាស្រ្តផ្លូវសូត្រ នៅប្រមាណស.វទី6 ព្រះសង្ឃឥណ្ឌាមួយអង្គព្រះនាម តាក់ម៉ (ពោធិធម្ម) បាននាំយកសិល្បៈការពារខ្លួនចូលមកប្រទេសចិន។ ព្រះសង្ឃអង្គនេះត្រូវបានស្គាល់ថាជាអ្នកនិម្មិតករវត្តសាវលីញ ហើយព្រះអង្គជាអ្នកបង្រៀនសាវ័ករបស់ខ្លួនពីរបៀបធ្វើយោគៈ ដែលក្រោយមកក្លាយទៅជាក្បាច់ឡហានទាំង18 របស់សាវលីញ។ ការប្រតិបត្តិសិល្បៈការពារខ្លួន បានរីកសាយភាយទៅដល់ប្រទេសផ្សេងៗទៀតដូចជា ជប៉ុន កូរ៉េ ហើយក្លាយទៅជាការ៉ាតេ យូដូ តៃក្វាន់ដូ និងវូស៊ូជាដើម៕

  • អ្នកនាំពាក្យក្រសួងអប់រំថា ​បើមានករណីគ្រូយកលុយសិស្ស គ្រាន់តែជូនដំណឹងភ្លាម នឹងចាត់ការជូនជាបន្ទាន់

    អ្នកនាំពាក្យក្រសួងអប់រំថា ​បើមានករណីគ្រូយកលុយសិស្ស គ្រាន់តែជូនដំណឹងភ្លាម នឹងចាត់ការជូនជាបន្ទាន់

    អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ឌី ខាំបូលី បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន​នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថា ប្រសិនបើមាន​ឃើញករណីគ្រូបង្រៀនយកលុយពីសិស្ស អាណាព្យាបាល និង​អ្នកសារព័ត៌មានអាចទំនាក់ទំនងទៅអ្នកនាំពាក្យ និងក្រសួងដើម្បីឱ្យក្រសួងប្រមូលព័ត៌មានដើម្បីចាត់វិធានការបន្ទាន់ភ្លាមៗតែម្ដង។ 

    ឯកឧត្តមបានបន្ថែមផងដែរថា ជាគោលការណ៍ក្រសួងអប់រំ យុវជន និងកីឡា មិនអនុញ្ញាតឱ្យ​មានការយកថ្លៃសិក្សាពីសិស្សនៅតាមសាលារៀននោះទេ។ ហេតុនេះការយកប្រាក់ពីសិស្ស ជារឿងមួយដែលមិនត្រឹមត្រូវ ដែលក្រសួងនឹងចាត់វិធានការបន្ទាន់ ប្រសិនបើមានករណីបែបនេះកើតឡើង។ ឯកឧត្តមបញ្ជាក់ថា បុគ្គលិកអប់រំមានរហូតដល់ទៅជាង 12ម៉ឺននាក់ ហេតុនេះ​អាចមានបុគ្គលមួយចំនួនតូច​ ពីសាលាខ្លះមានករណីមិនប្រក្រតីបែបនេះ តែដើម្បីជាវិធីសាស្រ្តដោះស្រាយយើងគួរចូលរួមសហការ និងរាយការណ៍មកក្រសួងដើម្បីរួមគ្នាលុបបំបាត់បញ្ហាទាំងអស់នេះ៕


     

  • សិល្បករគ្រួសារតារាកម្ពុជា និងសប្បុរសជន រួមគ្នាចែករំលែកក្ដីស្រឡាញ់ និងនាំអំណោយជូនដល់កុមារកំព្រា

    សិល្បករគ្រួសារតារាកម្ពុជា និងសប្បុរសជន រួមគ្នាចែករំលែកក្ដីស្រឡាញ់ និងនាំអំណោយជូនដល់កុមារកំព្រា

    ពិតជាមានក្ដីរំភើបឥតឧបមា ខណៈបានឃើញទឹកចិត្តរបស់សិល្បករពីក្រុមគ្រួសារតារាកម្ពុជា និងក្រុមសប្បុរសជនតែបៃតងថេនសៃ រួមគ្នានាំក្ដីស្រឡាញ់និងអំណោយដែលមានដូចជា មានភេសជ្ជៈតែបៃតងជិត៣០កេស ទឹកសុទ្ធជាច្រើនកេស មីសរុបជាង១០កេស ត្រីចសរុបជាង២កេសធំ អង្ករ៦បេ ទឹកត្រីទឹកស៊ីអ៊ីវ សំលៀកបំពាក់ នំណី និងថវិកាសរុបជិត៣លានរៀល ជូនដល់សមាគមក្មេងកំព្រាស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារ។

    លោក ទួន ប៉ូលី អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនតែបៃតងថេនសៃ បានថ្លែងបញ្ជាក់ថា នេះជាលើកទី១ ដែលក្រុុមហ៊ុនសហការជាមួយក្រុមសិល្បករគ្រួសារតារាកម្ពុជា ហើយឃើញតារាសិល្បៈទាំងនេះ រួមគ្នាទិញជាសម្ភារៈ និង គ្រឿងឧបភោគបរិភោគបរិភោគជាច្រើនទៀត ធ្វើឱ្យជំនួយនៅក្នុងថ្ងៃនោះមានកម្រិតធំ។ លោកប្រកាសជំហរថា នឹងបន្តសហការជាមួយគ្រួសារតារាកម្ពុជា ឱ្យបានច្រើន ដើម្បីការងារសង្គម។ ក្នុងនោះលោក ក៏បានប្រកាសផ្ដល់ម៉ាស៊ីនចម្រោះទឹកស្អាត អំពូលសុឡាបំភ្លឺផ្លូវចូលសម្រាប់ក្មេងៗ និងប្រកាសផ្ដល់ក្នុងមួយខែ១៥០០ដុល្លារ ដើម្បីបំពេញកង្វះខាតផ្នែកម្ហូបអាហាររបស់សមាគមផងដែរ។

    លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ថ្លែងថា អំណោយដែលបានប្រគល់ជូននេះមានចំនួន៣ផ្នែក មួយផ្នែកជាការចូលរួមរបស់ក្រុមហ៊ុនតែបៃតងថេនសៃ មួយផ្នែកជាការគៀរគរ និងការបរិច្ចាគផ្ទាល់ពីតារាសិល្បៈរបស់់គ្រួសារតារាកម្ពុជា និង មួយផ្នែកទៀត គឺជាការផ្ដល់ដោយលោកឧកញ៉ាបណ្ឌិត គាង សេង ប្រធានក្រុមហ៊ុនគាងសេង ដែលជួយជាផ្ទាំងសុឡាបំភ្លឺផ្លូវ ថវិកា១លានរៀល និងសន្យារកជំនួយជូនក្នុងមួយខែ១៥០០ដុល្លារ ផ្គត់ផ្គង់ថ្លៃម្ហូប និងតម្រូវការ ទើបធ្វើអោយជំនួយដែលយកទៅប្រគល់ជូននោះមានចំនួនច្រើន។ លោកក៏ថ្លែងអំណរគុណយ៉ាងពិសេសចំពោះម្ចាស់ជំនួយ និងតារាសិល្បៈផងដែរ ដែលមិនត្រឹមតែលះបង់ពេលវេលា និងលុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កភាពរីករាយដល់ក្មេងៗយ៉ាងជិតស្និទ្ធិ មុនទិវារនៃក្ដីស្រលាញ់មកដល់នោះផង៕

  • ក្រសួងទេសចរណ៍លើកទឹកចិត្តឱ្យបង្កើតព្រឹត្តិការណ៍កម្សាន្តឱ្យច្រើននៅតាមគោលដៅទេសចរណ៍ ដើម្បីជំរុញចលនាទេសចរផ្នៃក្នុង

    ក្រសួងទេសចរណ៍លើកទឹកចិត្តឱ្យបង្កើតព្រឹត្តិការណ៍កម្សាន្តឱ្យច្រើននៅតាមគោលដៅទេសចរណ៍ ដើម្បីជំរុញចលនាទេសចរផ្នៃក្នុង

    (សៀមរាប)៖ លោក ទិត ចន្ថា រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ បានប្រកាសលើកទឹកចិត្តក្ដែងៗដល់ភាគីពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជនរួមគ្នាបង្កើតព្រឹត្តិការណ៍​កម្សាន្តឱ្យបានច្រើន នៅតាមគោលដៅទេសចរណ៍នានា ដើម្បីជំរុញចលនាទេសចរផ្នៃក្នុងឱ្យកាន់តែផុសផុល សំដៅលើកកម្ពស់វិស័យទេសចរណ៍ជាតិ ក្នុងដំណាក់កាល​ផ្ទុះការរីករាលដាលវីរុសកូរ៉ូណា។

    ការប្រកាសបែបនេះរបស់លោក ទិត ចន្ថា ធ្វើឡើងក្នុងកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងប្រតិបត្តិករទេសចរណ៍ វិស័យឯកជន តំណាងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធប្រមាណ ១៥០នាក់ នៅសាលាខេត្តសៀមរាប នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

    លោកបានបញ្ជាក់ថា កម្ពុជានៅតែមានភ្ញៀវទេសចរអន្តរជាតិមកទស្សនា ប៉ុន្តែមានការថមថយខ្លះ ពិសេសគឺភ្ញៀវទេសចរចិន ដោយសារបញ្ហាផ្ទុះការរីករាលដាលវីរុសកូរ៉ូណា។

    លោកបានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាគ្មានករណីឆ្លងវីរុសកូរ៉ូណាទៀតនោះទេ។ នៅសៀមរាប-អង្គរ សកម្មភាពទេសចរនៅតែមានសកម្មភាពរស់រវើក ជាពិសេសភ្ញៀវទេសចរអឺរ៉ុបនៅតែមានច្រើន តែមានការថមថយខ្លះ ពិសេសភ្ញៀវចិនមានការថមថយ ដោយសារប្រភពកំណើតរបស់គាត់មានបញ្ហា (វីរុសកូរ៉ូណា)»លោកបានបន្តថា មកដល់ពេលនេះ មិនទាន់មានដំណោះស្រាយជាក់លាក់ណាមួយសម្រាប់បញ្ហាធ្លាក់ចុះភ្ញៀវទេសចរ ក្នុងដំណាក់កាលផ្ទុះការរីក​រាលដាលវីរុស​កូរ៉ូណា​នេះនៅឡើយទេ ដោយលោកអះអាងថា បញ្ហានេះក្រសួងទេសចរណ៍មិនអាចធ្វើតែឯងបានទេ គឺមានការពាក់ព័ន្ធនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនក្នុងវិស័យ​ទេសចរណ៍នេះទៀតដែរ។

    តែទោះជាយ៉ាងណា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងស្នើសុំទៅកាន់រាជរដ្ឋាភិបាល ដើម្បីទទួលបានដំណោះស្រាយជាក់លាក់​ណាមួយ ក្នុងដំណាក់កាលលំបាកនេះ។

    លោកថា មានបញ្ហាមួយចំនួនដែលតម្រូវឱ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ ដូចជាបញ្ហាពន្ធដារ អគ្គិសនី ការប្រាក់នៅធនាគារជាដើម សំដៅសម្រួលមធ្យោបាយជូនក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ជាដើម ដែលពួកគេកំពុងជួបបញ្ហាក្នុងការចំណាយច្រើន ខណៈចំណូលដែលផ្អែកលើការមកទស្សនា ការមកស្នាក់នៅ ឬការប្រើប្រាស់សេវាកម្មរបស់ភ្ញៀវទេសចរមានការធ្លាក់ចុះ, នេះបើតាមការឱ្យដឹងរបស់លោក ទិត ចន្ថា។

    រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍រូបនេះ បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នៅតាមគោលដៅទេសចរណ៍ឱ្យបានច្រើន ជំរុញចលនាទេសចរផ្ទៃក្នុង ទាំងប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិដែលកំពុងស្ថិតនៅកម្ពុជា គឺត្រូវដើរចេញទស្សនាឱ្យបានច្រើន។

    ជាមួយគ្នានោះ ផ្នែកឯកជនក៏ត្រូវសម្រួល ឬបញ្ចុះតម្លៃលក់កញ្ចប់ទស្សនកិច្ចដល់ភ្ញៀវ ក៏ដូចជាការបញ្ចុះតម្លៃស្នាក់នៅសណ្ឋាគារ អាហារហូបចុក ការដឹកជញ្ជូន សេវាកម្មនានាជាដើម ដើម្បីលើកទឹកចិត្តឱ្យមានការធ្វើដំណើរទេសចរណ៍ផ្ទៃក្នុង ព្រោះកាលណាមានសកម្មភាពទេសចរណ៍ច្រើន វាជួយសម្រាលការចំណាយនៅតាម​មូលដ្ឋាន​អាជីវកម្មទេសចរណ៍ ហើយជាសារសម្រាប់ផ្សព្វផ្សាយទៅកាន់ទេសចរក្រៅប្រទេស ដែលជាការទាក់ទាញភ្ញៀវពីក្រៅប្រទេសឱ្យមកទស្សនាកម្ពុជាបន្ថែមទៀត។

    រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍បានសង្កត់ធ្ងន់ថា កម្ពុជានៅតែស្វាគមន៍វត្តមានទេសចរអន្តរជាតិគ្រប់គ្នា ដោយមិនមានការរើសអើងអ្វីទាំងអស់ ប៉ុន្តែនៅតែមានការត្រួត​ពិនិត្យតាម​បច្ចេកទេសវេជ្ជសាស្ត្រសុខាភិបាល និងសូមឱ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា។

    ជាមួយគ្នានោះ លោក ទិត ចន្ថា បានរំលេចសារអំពាវនាវមួយឃ្លាថា «អង្គរឈរជាងមួយពាន់ឆ្នាំ រង់ចាំភ្ញៀវមកទស្សនា មិនភ័យរឿងកូរ៉ូណា»៕

  • អ្នកកើតជំងឺឈឺឆ្អឹងរ៉ាំរ៉ៃ គួរពិសាទឹកនេះ

    អ្នកកើតជំងឺឈឺឆ្អឹងរ៉ាំរ៉ៃ គួរពិសាទឹកនេះ

    សម្រាប់អ្នកកើតជំងឺឈឺឆ្អឹង ឈឺសន្លាក់ដៃជើង ដែលមានសភាពយូរឆ្នាំរ៉ាំរ៉ៃ មានអារម្មណ៍ពិបាកតានតឹងនៅក្នុងខ្លួននោះ លែងមានកង្វល់ទៀតហើយ ដោយថ្ងៃនេះគេហទំព័រ La Reine បាននាំយកអត្ថបទមួយដែលនិយាយអំពីប្រសិទ្ធភាពនៃការទទួលទាន ទឹកខ្ជាយ ដែលជាជំនួយព្យាបាលជំងឺឈឺឆ្អឹង និងជួយការពារពីជំងឺពុកឆ្អឹង ជាពិសេសសម្រាប់មនុស្សមានវ័យចំណាស់ ។

    គ្រឿងផ្សំ៖
    -ខ្ជាយ ១ ចាន
    -ទឹកឃ្មុំ
    -ក្រូចឆ្មា
    -ទឹកឆ្អិន ឬទឹកបរិសុទ្ធ ។

    វិធីធ្វើ៖
    – ក្រឡុកខ្ជាយជាមួយទឹកឆ្អិនឱ្យហ្មត់
    – ដួសពពុះ និងច្រោះកាកខ្ជាយចេញ
    – លាយទឹកខ្ជាយ កន្លះកែវ ជាមួយក្រូចឆ្មា ១ ចំណិត និងទឹកឃ្មុំ ១ ស្លាបព្រាបាយ ។

    ការអនុវត្ត
    លោកអ្នកអាចទទួលទានក្នុងមួយថ្ងៃ ២ដង ក៏ប៉ុន្ដែអ្នកដែលមានបញ្ហាក្រពះមិនគួរទទួលទានច្រើនឡើយ ហើយនៅក្នុងរយៈពេលពី ៣ ទៅ៤ថ្ងៃ នោះនឹងទទួលបានលិទ្ធផល ហើយមានអារម្មណ៍ថាធូរសះស្បើយជាងមុនមិនខាន។ កាន់តែជាក់ច្បាស់សូមទស្សនាវីដេអូ ធ្វើទឹកខ្ជាយខាងក្រោមនេះ៕