Category: សង្គម និងសេដ្ឋកិច្ច

  • សាច់​ចៀម​ដោត​ចង្កាក់

    សាច់​ចៀម​ដោត​ចង្កាក់

    ធ្លាប់​ឮ និង​ទទួលទាន​ត្រឹមតែ​ជា​សាច់គោ​អាំង ឬ​សាច់គោ​ដោត​ចង្កាក់​អាំង តែ​ពេលនេះ​អាច​ទំនង​ជាមាន​ភាពខុសប្លែក​គ្នា​បន្តិច​ហើយ ដ្បិត ឡា​រ៉ែ​ន បាន​នាំយកមក​នូវមុខ​ម្ហូប​ថ្មី​មួយទៀត​ដែល​បង្កើតឡើង​ដោយ​ចុងភៅ​ជំនាញ​មាន​បទពិសោធ​ជាច្រើន​ឆ្នាំ ប្រចាំ​នៅ​ភោជនីយដ្ឋាន Cowboy ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ប៉ាស្ទ័រ កែង​ផ្លូវ​លេខ242 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បង្កើត​ចេញពី​សាច់​ចៀម រួមជាមួយ​នឹង​បន្លែ នោះ​គឺ​មុខម្ហូប​ដែលមាន​ឈ្មោះថា “សាច់​ចៀម​ដោត​ចង្កាក់​អាំង​ពិសេស”

    + គ្រឿងផ្សំ
    * សាច់​ចៀម
    * ម្ទេស​ប្លោក​ខៀវ
    * ម្ទេស​ប្លោក​ក្រហម
    * ខ្ទឹមបារាំង
    * អំបិល
    * ម្រេច​ម៉ដ្ឋ
    * រ៉ូ​ស្មែ​រី
    * ប្រេង​អូ​លីវ
    * ទឹកជ្រលក់​ម្រេចខ្មៅ​គ្រាប់

    + វិធី​ធ្វើ
    មុនដំបូង​អ្នក​ត្រូវយក​សាច់​ចៀម​លាង​សម្អាត​ឱ្យ​ស្អាត រួច​ជូត​ឱ្យ​ស្ងួត​សឹម​យកទៅ​ប្រឡាក់​ជាមួយ​អំបិល ម្រេច​ម៉ដ្ឋ ប្រេង​អូ​លីវ បន្ទាប់មក​យក​បន្លែ​ដូចជា ម្ទេស​ប្លោក​ខៀវ ម្ទេស​ប្លោក​ក្រហម ខ្ទឹមបារាំង​ដោយ​កាត់​ជា​ដុំ (តាម​ចំណង់​ចំណូលចិត្ត) ហើយ​យក​ចង្កាក់​ដោត​ជាមួយ​សាច់ រួច​យកទៅ​អាំង​ដោយ​ប្រើ​កម្តៅភ្លើង​ក្ដៅ​ល្មម។ ដោយឡែក​សម្រាប់​កម្រិត​នៃ​ការ​ឆ្អិន លោកអ្នក​កំណត់​បាន​ដោយ​ខ្លួនឯង​ទៅតាម​ចិត្ត​ដែល​អ្នក​ចង់បាន៕

  • ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​គ្រប់​ប្រភេទ​សក់​

    ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​គ្រប់​ប្រភេទ​សក់​

    សក់​មិន​ស្អាត​មាន​បញ្ហា​ច្រើន​ អ្ន​កណាៗ​ក៏​មាន​អារម្មណ៍​ធុញថប់​ដែរ​ ហើយ​បើ​ដឹង​ថា​វា​មិន​ស្អាត​ហើយ​នោះ​ តើ​អ្នកណា​គេ​នៅ​ចង់​ទុក​ឱ្យ​វា​មិន​ស្អាត​ទៀត​នោះ​ ម្នា​ក់ៗ​ប្រាកដជា​ម្នីម្នា​រក​ដំណោះស្រាយ​ជាមិនខាន​។ ខាងក្រោម​នេះ​គឺជា​ដំណោះ​ស្រា​យងាយៗ​សម្រាប់​គ្រប់​សុភាពនារី​ និង​សុភាពបុរស​ ដែល​មាន​បញ្ហា​ជាមួយនឹង​សុខភាព​សក់​។ សូម​ស្វែងរក​ដំណោះស្រាយ​ទៅតាម​ប្រភេទ​នៃ​បញ្ហា​សក់​ដែល​អ្នក​កំពុង​ជួបប្រទះ​ ជាមួយនឹង​អត្ថបទ​ខាងក្រោម​ដូចតទៅ​។

    – សម្រាប់​គ្រប់​ប្រភេទ​សក់​ : ស៊ុត​ឆៅ​ គឺ​ពិតជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​គ្រប់​ប្រភេទ​សក់​។ ផ្នែក​ពណ៌ក្រហម​នៃ​ស៊ុត​ សម្បូរទៅដោយ​ជាតិ​ខ្លាញ់​ និង​ប្រូ​តេ​អុី​នដែល​ចាត់ទុកថា​ ជា​គ្រឿង​ផ្តល់​នូវ​សំណើម​តាម​បែប​ធម្មជាតិ​ពិ​តៗ​ បន្ថែម​ពីលើ​នេះ​ផ្នែក​ពណ៌ស​នៃ​ស៊ុត​ក៏​មាន​ផ្ទុក​នូវ​អង់ស៊ីម​ បេតា​ខា​រ៉ូ​ទីន​ ព្រមទាំង​ជួយ​កម្ចាត់​ចោល​នូវ​ជាតិ​ប្រេង​ក្រៅ​តម្រូវការ​ផង​ដែរ​។

    របៀប​ប្រើ​ : ការប្រើ​ផ្នែក​ពណ៌ស​នៃ​ស៊ុត​អាច​ព្យាបាល​តែ​ចំពោះ​សក់​ដែល​មាន​ជាតិ​ប្រេង​ច្រើន​ ចំណែក​ផ្នែក​ពណ៌ក្រហម​នៃ​ស៊ុត​សម្រាប់​ផ្តល់​សំណើម​ដល់​សរសៃសក់​ ឬសក់​ដែល​មាន​សភាព​ផុយ​ស្រួយ​។ ចូរ​យក​ស៊ុត​ពណ៌ស​ ឬក្រហម​កន្លះ​ពែង​ ឬច្រើនជាង​នេះ​ទៅតាម​ចំនួន​សក់​របស់​អ្នក​ មក​លាប​នៅ​លើ​សក់​របស់​អ្នក​ឱ្យ​សព្វ​។ ទុកចោល​ប្រមាណ20នាទី​ រួច​លាង​សម្អាត​ជាមួយនឹង​ទឹក​ត្រជាក់​ រួច​កក់សក់​របស់​អ្នក​ឱ្យ​បាន​ស្អាត​តាមធម្មតា​ជាការស្រេច​។

    របៀប​ប្រើប្រាស់​ : ម៉ាស្សា​សក់​ និង​ស្បែក​ក្បាល​ដោយ​ទឹកដោះគោ​ជូរ​ឬយ៉ា​អួ​កន្លះ​ពែង​ ហើយ​ទុក​វា​ចោល​20នាទី​ សឹម​លាង​ចេញ​ដោយ​ទឹក​ក្តៅ​តិច​ៗ រួច​លាង​បន្ត​ជាមួយ​ទឹក​ត្រជាក់​ បន្ទាប់មក​កក់សក់​ជា​ធម្មតា​។ វិធី​ព្យា​បាល​នេះ​អ្នក​អាច​ធ្វើ​បាន​រៀងរាល់​សប្តាហ៍​។

    – សក់​មិន​រឹងមាំ​ : ផលិតផល​ប្រើ​សម្រាប់​លេង​ម៉ូដ​សក់​ ក៏ដូចជា​អាកាសធាតុ​កខ្វក់​ អាច​បន្សល់ទុក​នូវ​មេរោគ​ ដែល​ធ្វើ​ឱ្យ​សក់​ទន់ខ្សោយ​ និង​ផុយ​ស្រួយ​ ប៉ុន្តែ​ទឹកដោះ​គោ​ជូ​ ឬយ៉ា​អួ​ អាច​ជួយ​រំសាយ​ការបំផ្លាញ​នេះ​បាន​។ អាស៊ីត​ Lactic​នៅក្នុង​ទឹកដោះគោ​ជូរ​ ឬយ៉ា​អួ​ អាច​ជួយ​យក​ចេញ​នូវ​ធូលី​ដី​ពី​សក់​របស់​អ្នក​ ខណៈ​ដែល​ទឹក​ដោះ​គោ​អាច​ជួយ​បន្ថែម​ប្រេង​ និង​សំណើម​ដល់​សរសៃសក់​។

    – អាការ​រមាស់​ស្បែក​ក្បាល​ : ដើម្បី​ប្រឆាំង​នឹង​ធាតុ​បង្ក​ផ្សេង​ៗ (របប​អាហារ​ ភាព​តានតឹង​ និង​អាកាសធាតុ​) ដែល​នាំ​ឱ្យ​មាន​អាការ​រមាស់​ស្បែក​ក្បាល​។ សាកល្បង​ទឹកក្រូច​ឆ្មារ​លាយ​ជាមួយនឹង​ប្រេង​អូ​លីវ​។ អាស៊ីត​នៅក្នុង​ទឹក​-ក្រូចឆ្មារ​ នឹង​ជួយ​ព្យាបាល​ស្បែក​ក្បាល​ ចំណែក​ឯប្រេង​អូ​លីវ​វិញ​នឹង​ជួយ​បន្ថែម​សំណើម​បង្កើត​កោសិកា​ថ្មី​។

    របៀប​ប្រើ​ : ទឹកក្រូច​ឆ្មារ​ លាយ​ជាមួយ​ប្រេង​អូ​លីវ​ និង​ទឹក​ (មួយ​មុខ​2ស្លាបព្រា​) រួច​យក​មក​លាប​នៅ​លើ​សរសៃសក់​ឱ្យ​សព្វ​។ ទុកចោល20នាទី​ រួច​កក់សក់​លាង​សម្អាត​វា​ចេញ​ឱ្យ​បាន​ស្អាត​ជាការស្រេច​៕

  • រឿងគួរឱ្យអស់សំណើចក្នុងយុគសម័យរាជវង្សចិន វគ្គ «ចាប់ផោម»

    រឿងគួរឱ្យអស់សំណើចក្នុងយុគសម័យរាជវង្សចិន វគ្គ «ចាប់ផោម»

    ក្នុងពេលដែលលោកចៅហ្វាយស្រុកដ៏មានអំណាចកំពុងតែអង្គុយប្រជុំស្តាប់រឿងរ៉ាវតវ៉ាផ្សេងៗអំពីអ្នកស្រុកនោះ នៅសុខៗក្នុងក្រុមពួកអ្នកស្រុកក៏ស្រាប់តែមានមនុស្សម្នាក់ផោមឡើងលាន់ឮសំឡេងយ៉ាងខ្លាំង «ពូតតតតតត!»។

    ចៅហ្វាយស្រុកដែលកំពុងតែវីវក់ជាមួយនឹងឯកសារតវ៉ាទាមទាររបស់ពួកអ្នកស្រុកនោះ ពេលបានឮ ក៏ងើបមុខឡើងដោយអារម្មណ៍មួម៉ៅ ព្រមទាំងស្រែកបញ្ជាខ្លាំងៗឡើងថា «សំឡេងស្អីគេហ្នឹងៗ នាំយកមកឱ្យយើងមើលភ្លាម!»។

    ខាងអង្គរក្សដែលកំពុងឈរព័ទ្ធជុំវិញនៅក្នុងបន្ទប់ បានឮហើយក៏សម្លឹងមុខគ្នាឡឺនឡង់ៗ មុននឹងមានម្នាក់ឆ្លើយឡើងថា «ចាប់លែងទាន់ហើយ លោកម្ចាស់!»។

    លោកចៅហ្វាយស្រុកបានឮចម្លើយបែបនោះ ក៏រឹតតែខឹងមួម៉ៅខ្លាំងឡើង ក៏ស្រែកគំហកខ្លាំងៗទៅទៀតថា «កុំមកកុហកយើង! ជួយលាក់បាំងជនប្រព្រឹត្តខុសពួកឯងនឹងទទួលទោស យកចេញមកឱ្យយើងមើលភ្លាម!»។

    បណ្តាអង្គរក្សទាំងអស់មិនដឹងជាធ្វើយ៉ាងណា ក៏យកក្រដាសកើបអាចម៍មួយកំភ្លូសធំនោះ មកប្រគល់ជូនលោកចៅហ្វាយស្រុក ព្រមទាំងរាយការណ៍ថា «ជនល្មើសរត់បាត់ទៅហើយលោកម្ចាស់ ចាប់បានតែវត្ថុពាក់ព័ន្ធ ទើបនាំខ្លួនមកជូនលោកម្ចាស់ដើម្បីពិចារណាទោសនៅពេលនេះ»៕

  • តើអ្នកចង់ដឹងទេថា តើហេតុអ្វីបានជាបៀ 1ហ៊ូ មាន 52 សន្លឹក? និងតើសន្លឹកបៀនីមួយៗ មានអត្ថន័យយ៉ាងណា?

    តើអ្នកចង់ដឹងទេថា តើហេតុអ្វីបានជាបៀ 1ហ៊ូ មាន 52 សន្លឹក? និងតើសន្លឹកបៀនីមួយៗ មានអត្ថន័យយ៉ាងណា?

    អ្នកណាៗក៏ស្គាល់បៀ និងចេះលេងបៀដែរ  តែ…តើមានមនុស្សប៉ុន្មាននាក់ដែលស្គាល់ពីអត្ថន័យរបស់សន្លឹកបៀនីមួយៗនោះ?

    ខាងក្រោមនេះ គឺជាចំណេះដឹងអំពីរឿងសន្លឹកបៀ ដែលនឹងធ្វើឱ្យយើងដឹងថា តើហេតុអីបានបៀ 1ហ៊ូមាន 52សន្លឹក និងថា តើអត្ថន័យ​នៅ​លើរូប(រូបអុង)របស់សន្លឹកបៀទាំងនោះមានន័យបញ្ជាក់ពីអ្វីខ្លះ?  អ្នកដែលចង់ដឹងចម្លើយ សូមតាមដានបន្ត៖

    – បៀ 1ហ៊ូមានន័យថា 1ឆ្នាំ  ព្រោះចំនួនបៀ 52សន្លឹក គឺចំនួនសប្តាហ៍ក្នុង 1ឆ្នាំ(1ឆ្នាំ មាន 52សប្ដាហ៍ ឬអាទិត្យ)។-បៀ 52សន្លឹក ចែកចេញជា 4ឈុត៖ ក្នុង 1ឈុត មាន 13សន្លឹក មានន័យអំពី ខែរនោច និងខ្នើត។
    -ផលបូករួមរបស់សន្លឹកបៀទាំង 52សន្លឹក គឺស្មើនឹង 364  ដោយ J (Jack ឬកំលោះ) = 11ពិន្ទុ។  Q (Queen ឬក្រមុំ) = 12ពិន្ទុ។ K (King ឬកញ្ចាស់) = 13ពិន្ទុ និងសន្លឹកបៀ Joker សន្លឹកដំបូង ជំនួសឱ្យ 1ពិន្ទុ សរុបទាំងអស់នឹងបានចំនួន 365ពិន្ទុ ដែលស្មើនឹងចំនួនថ្ងៃ​ ក្នុង 1ឆ្នាំ ចំណែក Joker(សន្លឹកបៀចោល) សន្លឹកទី2 នឹងជំនួសឱ្យឆ្នាំណាដែលខែកុម្ភៈ មាន 29ថ្ងៃ។
    -ក្នុងបៀ 1ហ៊ូនឹងប្រកបទៅដោយ សន្លឹកបៀពណ៌ក្រហមចំនួន 26សន្លឹក និងសន្លឹកបៀពណ៌ខ្មៅចំនួន 26 សន្លឹកទៀត ដែលមានន័យថា ប្រៀបដូចជាផែនដីដែលត្រូវបានបែងចែកជា 2ផ្នែកគឺ ផ្នែកដែលបានទទួលពន្លឺពីដួងព្រះអាទិត្យ និងផ្នែកដែលមិនបានទទួលពន្លឺពីដួងព្រះអាទិត្យ ដែលសន្លឹកបៀពណ៌ក្រហម មានន័យពីផែនដីប៉ែកខាងកើត(ភ្លឺ) ចំណែកសន្លឹកបៀពណ៌ខ្មៅមានន័យពីផែនដីប៉ែកខាងលិច(ងងឹត)។

    -សន្លឹកបៀ J , Q និង K នឹងជំនួសឱ្យធម្មជាតិរបស់មនុស្ស
    ដោយ J មានន័យពី ប្រុសកំលោះ
    Q នឹងមានន័យពី ស្រីក្រមុំ
    និង K មានន័យពី បុរសចំណាស់
    ទឹក ជួង ការ៉ូ កឺ និងប៊ិច នឹងជំនួសឱ្យ 4រឿងដែលសំខាន់ៗក្នុងជីវិតរបស់មនុស្សយើង​៖
    ជួង មានន័យពី ចំណេះដឹង
    ការ៉ូ មានន័យពី មាសប្រាក់ ទ្រព្យសម្បត្តិ
    កឺ មានន័យពី សេចក្តីស្នេហា
    និងប៊ិច​ មានន័យពី សេចក្តីស្លាប់
    សន្លឹកបៀ J ជួង៖ រូបកំលោះនឹងបែរខ្នងដាក់រូបទឹកជួង…
    ចំណែកសន្លឹកបៀ K ជួង រូបកញ្ចាស់នឹងបែរមុខដាក់រូបទឹកជួង…

    នោះគឺមានន័យថា ក្នុងមនុស្សក្នុងវ័យកំលោះ នឹងមិនសូវជាចូលចិត្តសិក្សាស្វែងរកចំណេះដឹងប៉ុន្មានទេ(បែរខ្នងដាក់រូបទឹកជួង) តែចូលចិត្តការដើរលេងច្រើនជាង តែដល់ពេលធំឡើង ក្លាយជាមនុស្សចាស់​ ក៏ងាកមកផ្តល់ភាពសំខាន់លើការស្វែងរកចំណេះដឹងវិញម្តង(បែរមុខរករូបទឹកជួង)។
    -សន្លឹកបៀ J ការ៉ូ  រូបកំលោះនឹងបែរសម្លឹងទៅខាង មិនចំរូបទឹកការ៉ូទេ
    ចំណែកសន្លឹកបៀ K ការ៉ូ វិញ រូបកញ្ចាស់នឹងសម្លឹងចំរូបទឹកការ៉ូតែម្តង

    ដែលវាមានន័យថា មនុស្សយើងកាលស្ថិតក្នុងវ័យកំលោះនឹងមិនខ្វល់ខ្វាយពីរឿងសន្សំលុយកាក់ ទ្រព្យសម្បត្តិឡើយ គឺចាយវាយតាមចិត្តខ្លួនឯងចង់ រកមកបានច្រើន ក៏ចាយច្រើនដែរ  តែដល់ពេលអាយុច្រើនឡើង ក៏ចាប់ផ្តើមចេះរៀបផែនការការចាយវាយលុយកាក់ ដោយសារតែមានភាពទទួលខុសត្រូវខ្ពស់ឡើងហ្នឹងឯង។

    តែ…ដល់សន្លឹកបៀ J កឺ វិញ  រូបកំលោះនឹងបែរមុខសម្លឹងចំរូបទឹកកឺតែម្តង។
    ចំណែកសន្លឹកបៀ K វិញ នឹងសម្លឹងទៅខាងវិញម្តង(មិនចំរូបទឹកកឺទេ)។
    នោះគឺមានន័យថា កាលពីនៅវ័យកំលោះ មនុស្សយើងនឹងចាប់អារម្មណ៍រឿងស្នេហាខ្លាំងជាពិសេសតែម្តងតែដល់ពេលមានអាយុច្រើនឡើង​ ការចាប់អារម្មណ៍ក្នុងរឿងនេះ ក៏នឹងថយចុះ  តែទៅផ្តល់ការចាប់អារម្មណ៍លើរឿងផ្សេងទៀតវិញ ដូចជា មុខងារតូនាទី ឬលុយកាក់ប្រាក់កាស ទ្រព្យសម្បត្តិវិញម្តង។

    និងមានតែសន្លឹកបៀទឹក ប៊ិច តែមួយគត់ ដែលទាំង J , Q និង K សុទ្ធតែបែរខ្នងដាក់រូបទឹកប៊ិចទាំងអស់  វាក៏ប្រៀបដូចនឹងមនុស្សយើង ដែលមិនថាប្រុស ឬក៏ស្រីនោះទេ សុទ្ធតែគ្មានអ្នកណាចង់ស្លាប់ឡើយ និងខ្លាចសេចក្តីស្លាប់ទាំងអស់គ្នា(បែរខ្នងដាក់រូបទឹកប៊ិចទាំងអស់)៕

     

  • តារាសម្ដែង មាស សៀវប៉ាយ ជួបគ្រោះថ្នាក់ចរាចរណ៍សន្លប់ស្ដូកស្ដឹង

    តារាសម្ដែង មាស សៀវប៉ាយ ជួបគ្រោះថ្នាក់ចរាចរណ៍សន្លប់ស្ដូកស្ដឹង

    នៅវេលាប្រមាណម៉ោងជា៣យប់ ត្រូវនឹងព្រឹកថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០ តារាសម្ដែងលោក មាស សៀវប៉ាយ ដែលត្រូវគេដឹងធ្វើជាអ្នករត់តុនៅក្នុងក្លិបកម្សាន្ដមួយបន្ថែមពីលើការសម្ដែង ព្រោះតែជីវភាព ត្រូវបានគេបង្ហោះថា បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវមូតូបុកពេលចេញពីធ្វើការ ហើយសន្លប់មិនដឹងខ្លួន។ មកទល់ម៉ោងនេះ លោកត្រូវបានអ្នកឃើញតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដោយទើបតែមានសាច់ញាតិមកជួយកំដរនៅក្រោយមកដល់មន្ទីរពេទ្យ។

    អ្នកលើកទូរស័ព្ទដែលអះអាងថាជាបងស្រី បានឆ្លើយបញ្ជាក់ថា លោក មាស សៀវប៉ាយ ស្ថិតក្នុងសភាពសន្លប់មិនទាន់ដឹងខ្លួននៅឡើយ ដោយលោកមានការប៉ះទង្គិចផ្នែកក្បាលធ្ងន់ធ្ងរ ដោយមានខ្ទាំក្បាល និងមានឈាមកក។ បងស្រីរបស់លោកបញ្ជាក់ថា នៅមិនទាន់ដព្រឹកយប់ថ្ងៃទាន់ដឹងថា លោកគ្រោះថ្នាក់ចរាចរនៅទីតាំងណានៅឡើយ ខណៈដែលលោកត្រូវបានគេដឹងថា ក្រៅពីសម្ដែង គឺធ្វើជាអ្នករត់តុ និងទទួលភ្ញៀវ នៅក្នុងក្លិប QK ស្ថិតនៅម្ដុំក្ដាន់ពីរ ដោយសារតែការសម្ដែងទទួលបានចំណូលតិច និងមិនសូវមានទីផ្សារ។

    បងស្រីរបស់លោកនិយាយថា ក្មុងពេលប៉ះគ្នាភ្លាមៗ ម៉ូតូបង្កហេតុម្ខាងទៀត ត្រូវបានគេឃាត់ទុក ប៉ុន្តែក្រោយពេលចលាចលរឿងបញ្ជូនលោក មាស សៀវប៉ាយ ទៅកាន់មន្ទីរពេទ្យ ក៏លួចរត់បាត់ ហើយម៉ូតូរបស់លោក ក៏ត្រូវបានប៉ូលីសយករក្សាទុក តែមិនទាន់ដឹងថារក្សាទុកនៅខ័ណ្ឌណានៅឡើយទេ ក្នុងពេលគ្រួសាររបស់លោក ស្ថិតក្នុងការបារម្ភពីលោកនៅឡើ៕

  • កូនញៀនជាមួយនឹងឧបករណ៍អេឡិចត្រូនិក គួរដោះស្រាយយ៉ាងណា?

    កូនញៀនជាមួយនឹងឧបករណ៍អេឡិចត្រូនិក គួរដោះស្រាយយ៉ាងណា?

    នា​ពេល​បច្ចុប្បន្ន​នេះ​ កុមារ​ជាច្រើន​បាន​ញៀន​ជាមួយនឹង​ឧបករណ៍​អេឡិចត្រូនិក​ ដែល​ធ្វើ​ឱ្យ​អាណាព្យាបាល​មានការ​ព្រួយបារម្ភ​ពីអ​នាគ​តកូន​ៗរបស់​ពួកគាត់​ ដែល​មិន​អាច​ដកខ្លួន​រួចពី​ឧបករណ៍​ទាំងអស់​នោះ​ ធ្វើ​ឱ្យ​ភាព​ស្និទ្ធស្នាល​រវាង​ឪពុក​ម្តាយ​ និង​កូន​ៗកាន់តែ​ថយ​ចុះ​ទៀតផង​។

    ដំណោះស្រាយ​ទាំងអស់​នេះ​ត្រូវ​បាន​គេហទំព័រ​ Telegraph​ ដកស្រង់​សម្តី​អ្នកស្រាវជ្រាវ​ឈ្មោះ​ Catherine​ Steiner​ Adair​ នៃ​មហាវិទ្យាល័យ​សុខាភិបាល​នៃ​សាកល​វិទ្យាល័យ​ Harvard​ ថា​ ក្មេង​ជា​វ័យ​ដែល​ចូលចិត្ត​ និង​ស្វែងយល់​គ្រប់យ៉ាង​តាមរយៈ​ការ​លេង​ ហេតុនេះ​នៅពេល​ដែល​អាណាព្យាបាល​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​លេង​ជាមួយ​កូន​ ស្រប​ពេល​ដែល​បច្ចេកវិទ្យា​កំពុង​សម្បូរ​បែប​អាច​ធ្វើ​ឱ្យ​ក្មេង​ងាក​ទៅ​ប្រើប្រាស់​បច្ចេកវិទ្យា​ច្រើនជាង​នៅជា​មួយ​គ្រួសារ​។ ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​ អាណាព្យាបាល​គួរ​ចំណាយពេល​វេលា​ឱ្យ​បាន​ច្រើន​ដើម្បី​នៅជា​មួ​យកូនៗ​ ហើយ​ចំណាយពេល​ឱ្យ​បាន​ច្រើន​ដើម្បី​នាំ​កូន​ទៅ​កម្សាន្ត​នៅកន្លែង​ទាំងឡាយ​ណា​ដែល​មិនមែន​ជា​ការ​លេង​ឧបករណ៍​អេឡិចត្រូនិក​ ដូចជា​ការ​លេង​កីឡា​ ការ​គូរគំនូរ​ ដើរ​ទិញ​សៀវភៅ​ ឬការកម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ជាដើម​។

    ចំណុច​សំខាន់​មួយទៀត​ផង​ដែរ​ អាណាព្យាបាល​គួរ​សាកល្បង​ឧស្សាហ៍​ផ្តល់​រង្វាន់​ឱ្យ​កូន​នៅពេល​ដែ​លកូនៗ​បាន​ចំណាយពេល​វេលា​ច្រើន​បំផុត​ដើម្បី​អាន​សៀវភៅ​ ឬបង្កើត​អ្វី​ដែល​ថ្មី​ដោយខ្លួនឯង​ដើម្បី​ឱ្យ​គេ​សប្បាយរីករាយ​ជាមួយនឹង​ការ​ច្នៃប្រឌិត​។

    ទន្ទឹម​នឹង​នេះ​អាណាព្យាបាល​អាច​ស្វែងរក​ពេល​យ៉ាងហោចណាស់​មួយ​ម៉ោង​ដើម្បី​សាកសួរ​ពី​អ្វី​ដែ​លកូនៗ​បាន​ធ្វើ​ ឬចំណុច​ល្អ​ដែលគេ​ចង់​អួត​ប្រាប់​មនុស្ស​ធំ​ ហើយ​ចេះ​សរសើរ​ និង​បញ្ចូល​នូវ​រឿង​កំប្លែង​សប្បាយ​តែ​បង្កប់​ដោយ​ន័យ​អប់រំ​ដល់​ពូក​គេ​។ នៅពេល​ដែល​ក្មេង​សប្បាយ​ច្រើន​ជាមួយនឹង​ក្រុម​គ្រួសារ​ ការ​ញៀន​ល្បែង​អ៊ី​នធើ​ណេត​ និង​ឧបករណ៍​អេឡិចត្រូនិក​ក៏អាច​កាត់បន្ថយ​បាន​ដូចគ្នា​។

    សម្រាប់​អ្នក​ដែល​មានកូន​ញៀន​ជាមួយនឹង​ឧបករណ៍​អេឡិចត្រូនិក​រួច​ទៅ​ហើយ​ សូម​អាណាព្យាបាល​ទាំងអស់​កុំ​បង្អាក់​កូន​ដោយ​ការ​ដាក់​ពិន័យ​ ឬគំរាម​កូន​កុំឱ្យ​លេង​ ព្រោះ​ការ​ធ្វើបែប​នេះ​អាច​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ក្មេង​រហូតដល់​ធ្វើ​ឱ្យ​ពួកគេ​ស្អប់​ឪពុក​ម្តាយ​ ឬក្លាយជា​មនុស្ស​ហិង្សា​បាន​។ ដំណោះស្រាយ​ដែល​ល្អ​ អ្នក​អាច​សាក​ល្បង​បង្វែ​នូវ​ល្បែង​ដែលគេ​ធ្លាប់​លេង​ដោយ​គ្មាន​ប្រយោជន៍​ ហើយ​ណែនាំ​នូវ​ល្បែង​ជក់​ចិ​ត្ត​ផ្សេង​ៗទៀត​ដែល​មានប្រយោជន៍​សម្រាប់​ការអប់រំ​។

    ដំណាក់កាល​នេះ​ ជា​ស្ថានភាព​ពិបាក​បន្តិច​ ព្រោះ​ក្មេង​អាច​នឹង​ងាក​មកលេង​ល្បែង​ដែលគេ​ពេញចិត្ត​ ហើយក៏​អាច​មិន​ងាយ​បញ្ឈប់​សកម្មភាព​បាន​នោះ​ទេ​ តែ​ទោះជាយ៉ាងណា​ក៏​វា​អាច​ជួយ​ជំរុញ​ក្មេង​ឱ្យ​ដើរ​ផ្លូវត្រូវ​មួយ​ដំណាក់កាល​ផង​ដែរ​មុននឹង​ពត់​ពួកគេ​ឱ្យ​នៅ​កាន់តែ​ឆ្ងាយ​ពី​ឧបករណ៍​អេឡិចត្រូនិក​។

    បន្ទាប់ពី​អាច​ណែនាំ​ក្មេង​ឱ្យ​ងាក​មកលេង​ល្បែង​ដែល​មានប្រយោជន៍​ហើយ​ អាណាព្យាបាល​គួរ​ព្យាយាម​សង្កេត​ពី​ម៉ោង​ពេល​ដែ​លកូនៗ​ចូលចិត្ត​លេង​ឧបករណ៍​អេឡិចត្រូនិក​ជាងគេ​ ដែល​ភាគច្រើន​ជា​ពេលល្ងាច​ (ចន្លោះ​ពី​ម៉ោង​ ៤ល្ងាច​-ម៉ោង៦ល្ងាច​) ក្រោយពេល​បាយ​ថ្ងៃហើយ​ និង​ពេលយប់​។ អ្នក​អាច​រើស​ម៉ោង​ណាមួយ​ដែល​កូន​ចូលចិត្ត​លេង​បំផុត​ ឬតែងតែ​នឹកឃើញ​ពី​ឧបករណ៍​អេឡិចត្រូនិក​ ដើម្បី​បបួល​ពួកគេ​មើល​រឿង​ដែលគេ​ចូលចិត្ត​បំផុត​។

    ក្រៅពី​នេះ​ អាណាព្យាបាល​គួរ​ស្វែងយល់​ផង​ដែរ​ពី​ចំណង់​ចំណូលចិត្ត​របស់​កូន​ និង​អ្វី​ដែលគេ​ចង់បាន​។ នៅពេល​ដែល​បានដឹង​ច្បាស់​ហើយ​ អ្នក​អាច​សាកល្បង​នាំ​ពួកគេ​ទៅ​ទិញ​របស់​ដែលគេ​ចង់បាន​នៅក្នុង​ម៉ោង​ដែលគេ​តែងតែ​លេង​ឧបករណ៍​អេឡិចត្រូនិក​ទាំងអស់​នោះ​ ឬបង្រៀន​កូន​ៗឱ្យ​ចេះ​លេង​នូវ​ល្បែង​កម្សាន្ត​ដែល​អាច​ធ្វើ​ឱ្យ​ក្មេង​រីករាយ​ ហើយ​ប្តូរ​ម៉ោង​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ដល់​ពួកគេ​ដើម្បី​កាត់បន្ថយ​ចំណង់​បន្តិច​ម្តង​ៗរហូតដល់​អ្នក​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​នៅទីបំផុត​៕

  • 7 រឿងគួរប្រតិបត្តិក្នុងជីវិត រួមគោលគំនិតពីព្រះធម៌

    7 រឿងគួរប្រតិបត្តិក្នុងជីវិត រួមគោលគំនិតពីព្រះធម៌

    1 – សម្លឹងមើលពិភពលោកក្នុងន័យល្អ   ជីវិតក៏មានតែរឿងរីករាយ
    សម្លឹងមើលពិភពលោកក្នុងន័យអាក្រក់   ជីវិតកករល្អក់ និងទុក្ខសោក
     “គំនិតល្អៗវិជ្ជមានជាប្រភពនៃសេចក្តីសុខ”

    2 – មនុស្សមានបញ្ញា ច្បាស់ជាប្រើបញ្ញា ក្នុងការកែបញ្ហា
    ចូររៀនយល់ដឹងក្នុងការប្តូរបញ្ហា ឱ្យក្លាយជាបញ្ញា
     “បញ្ញាល្អច្បាស់ជាមានសេចក្តីសុខ”

    3 – បុប្ផារីកស្គុសស្គាយ តែក៏ងាយនឹងរុះរោយ
    ឯអំពើល្អរបស់មនុស្សវិញ គង់វង្សពាសពេញជានិរន្តរ៍
    “ជីវិតរបស់មនុស្សល្អ គឺជីវិតដែលមានតែសេចក្តីសុខ”

    4 – បាបមិត្ត គឺ មិត្តអាក្រក់ មិត្តដែលនាំទៅរកអំពើបាប
    កល្យាណមិត្ត គឺ មិត្តល្អ ចូរសេពគប់ចុះ
    សម្ព័ន្ធមិត្ត គឺ មិត្តដែលចងសម្ព័ន្ធនឹងគ្នាព្រោះផលប្រយោជន៍ មិត្តបែបហ្នឹង ចូរប្រយ័ត្ន!
     “មានសម្ព័ន្ធភាពល្អ ជីវិតក៏មានសេចក្តីសុខ”

    5 – ចូរមានសេចក្តីសុខខណៈធ្វើការ
    ចូររីករាយចិន្តាខណៈដកដង្ហើម
    “ធ្វើការងារល្អ ជីវិតក៏មានសេចក្តីសុខ”

    6 – អ្វីគ្រប់យ៉ាងក្នុងលោកនេះ វាត្រឹមត្រូវស្រាប់ទៅហើយ
    មានតែការយល់ឃើញរបស់មនុស្សយើងប៉ុណ្ណោះដែលខុស
    “សម្លឹងមើលពិភពលោកក្នុងន័យល្អ ជីវិតក៏មានសេចក្តីសុខ”

    7 – ក្រុមគ្រួសារគឺ មូលដ្ឋានសំខាន់របស់ជីវិត
    មានក្រុមគ្រួសារល្អ ជីវិតក៏មានសេចក្តីសុខ
    “មានក្រុមគ្រួសារល្អ ជីវិតក៏នឹងមានសេចក្តីសុខទ្វេគុណ”

    រៀបរៀងដោយៈ តាវ៉ែនតា

  • ប្រាប់តគ្នា !! ទទួលទានសាច់អាំងញឹកញយ កើតជំងឺមហារីក

    ប្រាប់តគ្នា !! ទទួលទានសាច់អាំងញឹកញយ កើតជំងឺមហារីក

    ជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកទទួលទានសាច់អាំងជាញឹកញាប់ពេក ឬនិយមទទួលទានសាច់អាំងរាល់ថ្ងៃ នោះមិនបានសេចក្ដីថា អ្នកកំពុងទទួលទានអាហារប៉ូវថាមពលឡើយ ផ្ទុយទៅវិញអ្នកកំពុងប្រឈមមុខជាមួយការកើតជំងឺមហារីកហើយ។ បើតាមអ្នកជំនាញបានឲ្យដឹងថា ដើម្បីទទួលទានអាហារប្រភេទសាច់អាំងទាំងឡាយ ដែលជៀសផុតពីជំងឺមហារីកបាន គួរតែទទួលទានតាមវិធីបែបនេះ៖

    ១.គួរអាំងបន្លែ ផ្សិត ផ្លែឈើ ជាជាងអាំងសាច់គ្រប់ប្រភេទ
    ២.ប្រសិនបើចង់អាំងសាច់គោ ឬត្រី គួរតែជ្រើសសាច់ណាដែលមិនមានជាប់ខ្លាញ់
    ៣.មិនត្រូវអាំងសាច់ដែលកក ដោយការក្លាសេ ត្រូវទុកឲ្យរលាយទឹកកកជាមុនសិន
    ៤.អាំងសាច់ក្នុងម៉ាស៊ីនកំដៅអាហារ microwave ២ ទៅ ៥ នាទីជាមុនសិន ដើម្បីសម្លាប់មេរោគមហារីកជាប់នឹងសាច់ ៩០ភាគរយ
    ៥.រុំ ឬចងអាហារឲ្យជិតមុនយកទៅអាំង រយៈពេល​ ១នាទីមុនអាំង ព្រោះវាជួយការពារមេរោគមិនឲ្យទុំជាប់អាហារ
    ៦.ហាមប្រើកំដៅភ្លើងក្ដៅខ្លាំង ក្នុងការអាំងសាច់ ព្រោះវាបណ្ដាល់ឲ្យខ្លោច ដែលជាសារធាតុបង្ករមេរោគមហារីក
    ៧.បើអាំងដោយចង្រ្កានហ្គាស់ ត្រូវបន្ថយសីតុណ្ហភាពឲ្យទាបបំផុត យកល្អគួរប្រើចង្រ្កានធ្យូង
    ៨.បើអាំងចង្រ្កានធ្យូង គួរប្រើចង្ក្រានឡួវ ជាជាងចង្ក្រានប្រើអុស
    ៩.ជៀសវាងអាំងសាច់កុំឲ្យខ្លោច
    ជាចុងក្រោយ ប្រសិនបើអ្នកនិយមទទួលទានអាហារអាំង សូមជៀសវាងការអាំងរហូតដល់ខ្លោច ឬគ្រាមពេក ព្រោះអ្នកអាចនឹងប្រឈមមុខជាមួយជំងឺមហារីកបានគ្រប់ពេលវេលា ៕

  • បើសិន​យើង​ពង្រី​ងទឹក​សមុទ្រ​ឱ្យ​អស់ តើ​ផែន​ដី​នឹង​មាន​រូប​រាង​យ៉ាង​ណា​?

    បើសិន​យើង​ពង្រី​ងទឹក​សមុទ្រ​ឱ្យ​អស់ តើ​ផែន​ដី​នឹង​មាន​រូប​រាង​យ៉ាង​ណា​?

    សមុទ្រ​កំពុង​គ្រប​ដណ្ដប់​ផ្ទៃ​ដី​ភាគ​ច្រើន​នៃ​ភព​ផែន​ដី​ រួម​ទាំង​ជួរ​ភ្នំ​វែង​បំផុត​ក្នុង​លោក​ និង​តំបន់​ “ស្ពាន” បុរាណដែល​មនុស្ស​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ដំណើរ​ឆ្លង​ទ្វីប​។

    នៅ​ក្នុង​ឃ្លីប​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទី​ភ្នាក់​ងារ​អវកាស​ NASA កាល​ពី​ឆ្នាំ 2008​ អ្នក​វិទ្យា​សាស្ត្រខាង​ភព គឺ​លោក​បណ្ឌិត James O’Donoghue បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​អំពីរូប​រាង​ដ៏សោះ​កក្រោះ​នៃ​ភព​ផែន​ដី​ បន្ទាប់​ពី​ទឹក​ក្នុង​មហា​សមុទ្រ​ ត្រូវ​បាន​ធ្វើ​ឱ្យ​រីង​ហួត​អស់​។

    លោក​បណ្ឌិត James O’Donoghue បច្ចុប្បន្ន ធ្វើ​ការ​ឱ្យ​​ទី​ភ្នាក់​ងារ​​អវកាស​ជប៉ុន JAXA ដែល​ដើម​ឡើយ​ គាត់​ធ្លាប់​បាន​ធ្វើ​ការ​ឱ្យ​អង្គការ​ NASA របស់​សហ​រដ្ឋ​អាមេរិក។ លោក​បណ្ឌិត​ James O’Donoghue បាន​ប្រើ​ប្រាស់​ឃ្លីប​វីដេអូ​​របស់​អ្នក​រូប​វិទ្យា និងជា​ផលិតករ​ភាព​យន្ត​តុក្កតា​ Horace Mitchell ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ 2008។ បណ្ឌិត​រូប​នេះ​ បាន​បន្ថយ​ល្បឿន​នៃ​វីដេអូ និង​បាន​បន្ថែម​សញ្ញា​ ឬ​រូប​ភាព​នៃ​កម្រិត​ទឹក​ក្នុង​សមុទ្រ​ដែល​ហួត​បន្តិច​ម្ដង​ៗ ទាល់​តែ​អស់​ពី​ផែន​ដី​។

    បន្ទាប់​ពី​ទឹក​សមុទ្រ​ត្រូវ​រីង​ ផ្នែក​ដំបូង​នៃ​ផ្ទៃ​ដី​ដែល​លេច​ចេញ​ គឺ​ជា​ខ្ពង់រាប​​បាត់​សមុទ្រ​ និង​បណ្ដា​ចង្កេះ​ទ្វីប​ ឬ​តំបន់​ខណ្ឌ​ចែក​ព្រំដែន​នៃ​បណ្ដាទ្វីប។

    លោក​បណ្ឌិត​ James O’Donoghue បាន​មាន​ប្រសាសន៍ថា ៖ “ខ្ញុំ​បាន​ពន្យឺត​ផ្នែក​ដំបូងនៃ​វីដេអូ​ ហើយ​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់់​ផ្អើល​ណាស់ ព្រោះ​​មាន​ទេស​ភាព​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​សមុទ្រ​ដែល​លេច​ចេញក្នុង​ជម្រៅ​10ម៉ែត្រ​ដំបូង​”។​

    បណ្ដា​ខ្ពង់​​រាបបាត​សមុទ្រ​រួម​មានតំបន់​ខ្ពស់​ៗ​ដែល​មនុស្ស​យើង​សម័យ​ដើម​ បាន​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ការ​ផ្លាស់​ទី​ពី​ទ្វីប​នេះ ទៅកាន់​ទ្វីប​នោះ។ កាល​ពី​ប៉ុន្មាន​ម៉ឺន​ឆ្នាំ​មុន បុព្វ​បុរស​របស់​យើង​អាច​ធ្វើ​ដំណើរ​ពី​ទ្វីបអឺរ៉ុប​ទៅ​កាន់​ចក្រ​ភព​អង់គ្លេស ពីរុស្ស៊ី​ទៅ​កាន់​អាមេរិក និង​ពី​អូស្ត្រាលី​ទៅ​កាន់បណ្ដា​កោះ​ផ្សេង​ៗ​ដែល​នៅ​ជុំវិញ​នោះ​។

    បណ្ឌិត O’Donoghue បន្ថែម​ថា ៖ “នៅ​ពេល​ដែល​យុគ​សម័យ​ទឹក​កកចុង​ក្រោយ​បាន​កើត​ឡើង ទឹក​សមុទ្រ​ត្រូវ​កក​ជា​ទឹក​កក ដូចទៅ​នឹង​ផ្ទាំង​ទឹកកក​ធំ​ៗ​នៅ​ប៉ូល​ទាំង​ពីរនៃ​ផែន​ដី។ នោះ​គឺជា​មូលហេតុ​ដែល​នាំ​ឱ្យ​បណ្ដា​ “ស្ពាន” នៃទ្វីប​កើតឡើង​។ “ស្ពាន” ទាំង​នេះ អនុញ្ញាត​ឱ្យ​មនុស្ស​លោក​អាច​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ នៅ​ពេលយុគ​សម័យទឹកកក​បាន​កន្លង​ផុត​ទៅ ទឹក​សមុទ្រ​ក៏​បាន​លុប​ផ្លូវ​ទាំង​នេះ​”។

    ដោយ​ការ​បំបាត់​ទឹក​សមុទ្រ ឃ្លីបវីដេអូ​នេះ បាន​នាំ​យើង​ទៅ​ទស្សនា​ពិភព​លោក​ក្នុង​យុគ​សម័យ​ដើម​របស់​មនុស្ស​។

    វា​ក៏​បាន​បង្ហាញឱ្យ​ឃើញ​ជួរ​ភ្នំដែល​វែង​បំផុត​របស់​ផែន​ដី នៅ​ពេល​ទឹក​សមុទ្រ​ស្រក​ចុះ​ចាប់​ពី​ 2,000ម៉ែត្រ ទៅ 3,000​ម៉ែត្រ។ នោះ​គឺជា​ជួរ​ភ្នំ​ដែល​ស្ថិត​នៅ​កណ្ដាល​​មហា​សមុទ្រ​ ប្រវែង​ជាង 60,000​គីឡូម៉ែត្រ និងអូស​បន្លាយ​ពេញ​ផែន​ដី។ 90%​ នៃ​ជួរ​ភ្នំ​នេះ ស្ថិត​ក្រោម​ទឹក​សមុទ្រ​។

    នៅ​ពេល​ទឹក​សមុទ្រ​បាន​ស្រក​ចុះ​ជាង 6,000​ម៉ែត្រ ផ្ទៃ​ក្រឡា​នៃ​សមុទ្រ​ភាគ​ច្រើន​បាន​បាត់​បង់​។ ប៉ុន្តែ គេ​ត្រូវ​សម្រក​​ទឹក​សមុទ្រ​ 5,000​ម៉ែត្រ​បន្ថែម​ទៀត​ ទើប​តំបន់​ជ្រៅ​បំផុត​នៃ​ជ្រលង​ Mariana ត្រូវ​រីងអស់។

    លោក​បណ្ឌិត​ James O’Donoghue បញ្ជាក់​ថា ៖ “ការ​ធ្វើ​ឱ្យ​ទឹក​សមុទ្រ​រីង មិន​ត្រឹម​តែ​ឱ្យ​យើង​មើល​ឃើញ​ជម្រៅ​បាត​សមុទ្រ​នោះ​ទេ តែ​វា​ក៏​ជួយ​ឱ្យ​មើល​ឃើញ​ប្រវត្តិ​សាស្ត្រ​នាយុគ​សម័យ​ដើម​នៃ​មនុស្ស​ជាតិ​ផងដែរ​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ស្វែងយល់​ពី​ចំណុច​ខ្វះខាត​ និង​ចេះ​កំណត់​ចំណុច​អាទិភាព​ នេះ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​រៀន​ឱ្យ​ពូកែ​

    ស្វែងយល់​ពី​ចំណុច​ខ្វះខាត​ និង​ចេះ​កំណត់​ចំណុច​អាទិភាព​ នេះ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​រៀន​ឱ្យ​ពូកែ​

    ការសិក្សា​ជា​ចំណុច​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​រីកចម្រើន​នៅក្នុង​ជីវិត​ ព្រោះ​មុននឹង​ក្លាយជា​អ្នកជំនាញ​ ឬក្លាយជា​ម្ចាស់​អាជីវកម្ម​ល្អ​ម្នាក់​នៅ​ថ្ងៃ​អនាគត​ យើង​ត្រូវ​ដុសខាត់​សមត្ថភាព​ជាមួយនឹង​ការសិក្សា​រៀនសូត្រ​នៅក្នុង​សាលា​ជាមុន​សិន​។ ថ្វី​ដ្បិតតែ​មនុស្ស​គ្រប់គ្នា​ត្រូវការ​សិក្សា​ តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​អាច​រៀន​បាន​ពូកែ​ និង​ទទួល​បាន​លទ្ធ​លផល​ល្អ​ក្នុង​ជីវិត​ដូចគ្នា​នោះ​ទេ​។ វា​ទាមទារ​ឱ្យ​មាន​វិធី​សាស្រ្ត​ក្នុង​ការគ្រប់គ្រង​ ឬវិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ដើម្បី​ឱ្យ​ក្លាយជា​អ្នករៀន​ពូកែ​បាន​។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ យុវជន​ តៅ​ វី​ល្លៀម​ អតីត​សិស្ស​ពូកែ​និទ្ទេស​ A បាន​លើកឡើង​ថា​ដើម្បី​ក្លាយជា​សិស្ស​ពូកែ​ អ្នក​សិក្សា​ទាំងអស់​ចាំបាច់​ត្រូវតែ​ចេះ​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បាន​ល្អ​ ជាពិសេស​យុវវ័យ​ដែល​កំពុង​សិក្សា​នៅ​កម្រិតមធ្យម​សិក្សា​។ នៅក្នុង​វ័យ​នេះ​ ជា​វ័យ​ដែល​មានការ​អូសទាញ​ច្រើន​ ព្រោះ​ជា​វ័យ​ដែល​ងាយ​ជក់​ជាមួយនឹង​បច្ចេកវិទ្យា​ ងាយ​អូសទាញ​ដោយ​ការកម្សាន្ត​ខាងក្រៅ​ និង​ជា​ពេល​ដែល​លំបាក​គ្រប់គ្រង​ខ្លួនឯង​បំផុត​។ ហេតុនេះ​ ប្រសិនបើ​យើង​ចេះ​គ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​ដោយ​ការកំណត់​ចំណុច​អាទិភាព​សម្រាប់​មេរៀន​នី​មួយ​ៗ នោះ​យើង​នឹងអាច​គ្រប់គ្រង​ការសិក្សា​បាន​ដោយ​មិន​លំបាក​ខ្លាំងពេក​នោះ​ទេ​។ ជា​ធម្មតា​នៅពេល​ដែល​ទុក​មេរៀន​ឱ្យ​នៅ​គរ​ ឬច្របូកច្របល់​ជាមួយគ្នា​នោះ​ យើង​នឹង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ ហើយ​លំបាក​ដោះស្រាយ​ តែ​ប្រសិនបើ​យើង​ព្យា​យាម​ស្វែងយល់​ពី​ខ្លួនឯង​ច្បាស់​ យើង​នឹងអាច​រៀបចំផែនការ​សិក្សា​បាន​ល្អ​។

    យុវជន​ តៅ​ វី​ល្លៀម​ បាន​និយាយ​ថា​៖ «ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឱ្យ​បាន​កាន់តែ​ខ្លាំង​ យើង​ចាំបាច់​ត្រូវ​ដឹងពី​ចំណុចខ្លាំង​ និង​ចំណុចខ្សោយ​របស់​ខ្លួនឯង​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន​។ ក្រោយពេល​យើង​ដឹង​ច្បាស់​ហើយ​ថា​ យើង​ខ្សោយ​ត្រង់​ចំណុច​ណាខ្លះ​ ឬមាន​ចន្លោះប្រហោង​ច្រើន​លើ​ចំណុច​ណាខ្លះ​ យើង​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​កែ​លម្អ​ចំណុច​ខ្វះខាត​ទាំងអស់​នោះ​»។

    សិស្ស​ពូកែ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ការ​ផ្លាស់​ប្តូរ​ចំណុចខ្សោយ​ ឬទម្លាប់​មិនល្អ​ដែល​ជា​មេរោគ​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​ក្នុង​ការ​រៀន​សូត្រ​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​ ព្រោះ​ជា​ធម្មតា​នៅពេល​ដែល​យើង​រៀន​ អារម្មណ៍​អូសទាញ​ក៏​ចាប់ផ្តើម​កើតមាន​ដំណាលគ្នា​នេះ​ដែរ​។ ហេតុនេះ​ចាំបាច់​ត្រូវ​មាន​វិធី​សាស្រ្ត​ក្នុង​ការ​យកឈ្នះ​អារម្មណ៍​អូសទាញ​អវិជ្ជមាន​ដោយ​ការកំណត់​គោលដៅ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ និង​យក​ក្តី​ស្រមៃ​ដើម្បី​ទប់ស្កាត់​ភាព​អសកម្ម​។

    យុវជន​រូប​នេះ​លើកឡើង​ផង​ដែរ​ថា​ ជាឧទាហរណ៍​ជាក់ស្តែង​ គាត់​ជា​មនុស្ស​ដែល​ចូលចិត្ត​លេង​ទូរស័ព្ទ​ដៃ​ ហើយ​បញ្ហា​នេះ​បាន​រំខាន​ខ្លាំង​ដល់​ការរៀនសូត្រ​ដែល​ធ្វើ​ឱ្យ​គាត់​មិន​អាច​អភិវឌ្ឍ​សមត្ថភាព​បាន​ល្អ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ តែ​ដោយសារតែ​គាត់​រក​ឃើញ​ចំណុចខ្សោយ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​គាត់​ចាប់ផ្តើម​កំណត់​គោលដៅ​ ថា​នឹង​ក្លាយជា​សិស្ស​ពូកែ​ឱ្យ​បាន​ ជាពិសេស​ទទួល​បាន​និទ្ទេស​ល្អ​ឱ្យ​បាន​។ រូបភាព​នៃ​គោលដៅ​ទាំងអស់​នេះ​ហើយ​ជា​ចំណុច​ដែល​គាត់​ចាប់ផ្តើម​យក​មក​ទប់​ចំណង់​មិនល្អ​ ដែល​ចេះតែ​អូសទាញ​ឱ្យ​គាត់​ទៅលេង​ទូ​ស័ព្ទ​នៅពេល​រៀន​។ រាល់ពេល​រៀនសូត្រ​ គាត់​បាន​នឹកឃើញ​ដល់​គោលដៅ​ធំ​បំផុត​នោះ​ ហើយ​កំណត់​ថា​ការ​ខិតខំ​រៀន​ជា​ចំណុច​អាទិភាព​ដំបូង​បំផុត​ ប្រសិន​បើ​មិនបាន​រៀនចប់​តាម​ការកំណត់​នោះ​ទេ​ គាត់​មិន​អាច​ប៉ះ​បច្ចេកវិទ្យា​បានទេ​។

    ទន្ទឹម​នឹងគ្នា​នេះ​ដែរ​ លោក​ ចេង​ បូរិ​ទ្ធ​ អតីត​សិស្ស​ពូកែ​ និង​ជា​គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា​ក៏បាន​លើកឡើង​ដែរ​ថា​ ការ​ខំប្រឹង​រៀន​តែមួយមុខ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​សម្រាប់​អ្នក​ចង់​រៀន​ពូកែ​ព្រោះ​មាន​អ្នកខ្លះ​គាត់​ខំប្រឹង​ប្រែង​រៀន​ដែរ​ តែ​មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​។ បញ្ហា​នេះ​មក​ពី​គាត់​មិនបាន​គ្រប់គ្រង​ផែនការ​សិក្សា​ឱ្យ​បាន​ល្អ​ គឺ​គិតតែ​ខំរៀន​ក្នុង​ស្ថានភាព​ច្របូកច្របល់​។ លោក​ថា​ សម្រាប់​អ្នក​សិក្សា​ភាគច្រើន​ គឺ​ខិតខំ​ដោយពេល​ជាពិសេស​ពេល​ជិត​ប្រឡង​ម្តង​ៗ ទើប​ពួកគាត់​ខំរៀន​ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​គាត់​ខំ​ខ្លាំង​ និង​គំហុក​ខ្លាំងពេក​ តែ​មិន​ទទួល​បានផល​ល្អ​។ ចំណែក​ឯអ្នក​ខ្លះទៀត​ខំរៀន​មុខវិជ្ជា​ជាច្រើន​ក្នុង​ពេល​តែមួយ​ឬរៀន​តាម​អារម្មណ៍​ដោយ​គ្មាន​ផែនការ​ និង​គ្មាន​កាលវិភាគ​ច្បាស់លាស់​ ដែល​ធ្វើ​ឱ្យ​គាត់​ពូកែ​ដោយ​មុខវិជ្ជា​ ហើយ​ធ្វើ​ឱ្យ​មុខវិជ្ជា​មួយចំនួន​ទៀត​មាន​បញ្ហា​ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​លទ្ធផល​ប្រឡង​របស់​គាត់​មិន​ទទួល​បាន​លទ្ធផល​ល្អ​។

    លោក​ ចេង​ បូរិ​ទ្ធ​ បាន​និយាយ​ថា​៖ «ដើម្បី​ឱ្យ​ការសិក្សា​មាន​ភាព​រលូន​ និង​ងាយ​គ្រប់គ្រង​ អ្នក​សិក្សា​ទាំងអស់​គួរ​កំណត់​ផែនការ​ឱ្យ​បាន​ច្បាស់​ និង​ស្វែងយល់​ពី​ចំណុច​ដែល​ត្រូវ​អភិវឌ្ឍ​ឱ្យ​បាន​ច្រើន​ដើម្បី​ងាយស្រួល​បំពេញបន្ថែម​»។

    លោ​កបូរិ​ទ្ធ​ បាន​បន្ថែម​ផង​ដែរ​ថា​ អ្នក​សិក្សា​មិន​អាច​រៀន​តែ​មុខវិជ្ជា​ដែល​ខ្លួន​ចូលចិត្ត​ខ្លាំង​ ហើយ​បោះបង់ចោល​មុខវិជ្ជា​ដែល​មិនសូវ​ចូលចិត្ត​នោះ​ទេ​។

    ពួកគេ​ចាំបាច់​ត្រូវតែ​ខិតខំ​ឱ្យ​មាន​តុល្យភាព​ទើប​អាច​ទទួល​បាន​ជោគជ័យ​ ព្រោះ​នៅពេល​ប្រឡង​គេ​មិន​ប្រឡង​តែ​ 1មុខវិជ្ជា​នោះ​ទេ​។ ហេតុនេះ​ ប្រសិនបើ​គាត់​ដឹង​ច្បាស់​ថា​ គាត់​ខ្សោយ​ចំណុច​ណា​ គាត់​អាច​ធ្វើ​ចិត្ត​ឱ្យ​ស្ងប់​ ហើយ​រៀបចំផែនការ​ដោយ​កំណត់​ម៉ោង​ឱ្យ​ច្រើន​លើ​មុខវិជ្ជា​ដែល​ខ្សោយ​នោះ​និង​ទុក​ពេល​សម​ល្មម​ដើម្បី​រំឭក​ ឬអភិវឌ្ឍ​បន្ថែម​នូវ​មុខវិជ្ជា​ដែល​ខ្លួន​ខ្លាំង​រួច​ទៅ​ហើយ​។ ការ​ធ្វើបែប​នេះ​ជា​វិធី​ដែល​សិស្ស​ពូកែ​ភាគច្រើន​ធ្វើ​ ហើយ​វា​ក៏​ជា​ចំណុច​ដែលកាត់​បន្ថយ​ភាព​ភ័យខ្លាច​នៅក្នុង​ពេល​ប្រឡង​បាន​ផង​ដែរ​ ព្រោះ​នៅពេល​យើង​យល់ដឹង​បាន​ច្រើន​គួរសម​ពី​គ្រប់​ផ្នែក​ហើយ​ យើង​នឹង​អាច​មាន​ជំនឿ​ចិត្ត​ថា​ លទ្ធផល​របស់​យើង​នឹងអាច​ចេញ​មក​ល្អ​ បើ​ទោះបីជា​មិន​ឥត​ខ្ចោះ​ក៏ដោយ​៕