Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមជម្រើសជាតិកម្ពុជាផ្តល់ក្តីស្រឡាញ់ថ្ងៃទី14កុម្ភៈ

    ក្រុមជម្រើសជាតិកម្ពុជាផ្តល់ក្តីស្រឡាញ់ថ្ងៃទី14កុម្ភៈ

    ក្រុមការងារសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមជាមួយគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា នឹងក្រុមការងារស្ម័គ្រចិត្ត កាលពីថ្ងៃទី14 កុម្ភៈកន្លងទៅ បានដើរទិញសម្ភារ និងគ្រឿងទេសមួយចំនួន និងបានធ្វើម្ហូបអាហារជាមួយក្រុមកីឡាករជម្រើសជាតិទាំងអស់ ដើម្បីចែកជូនដល់អ៊ំៗចាស់ជរាតាមទីសារធារណៈក្នុងទិវាថ្ងៃនៃក្ដីស្រលាញ់។

    ខាងក្រោមនេះ គឺជារូបភាពមួយចំនួននៃការចម្អិនម្ហូបអាហារ និងបង្អែមរបស់ក្រុមកីឡាករជម្រើសជាតិ ជាមួយក្រុមការងារគ្រូបង្វឹក ក្រុមការងារស្ម័គ្រចិត្ត ក៏ដូចជាដៃគូសហការឧបត្ថម ដោយបានយកទៅចែកជូនដល់អ៊ុំៗចាស់ជរាតាមទីសាធារណៈក្នុងទិវាថ្ងៃនៃក្ដីស្រឡាញ់ 14កុម្ភៈកន្លងទៅ។

    នេះជាសកម្មភាពសប្បុរសធម៌មួយរបស់ក្រុមបាល់ទាត់គោព្រៃជម្រើសជាតិកម្ពុជាក្នុងកិច្ចការងារសង្គម។ ក្រោយពីបានបញ្ចប់ការវេចខ្ចប់នេះហើយ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរតាមរថយន្តក្រុងរបស់ពួកគេ និងយកម្ហូបអាហារទាំងនោះទៅចែកជូនដល់ជនចាស់ជរានៅតាមទីសាធារណៈនានាក្នុងទីក្រុងភ្នំពេញ៕

  • ក្រុមជម្រើសជាតិកម្ពុជា នឹងបង្ហាញឈុតថ្មីនៅខែមិថុនានេះ

    ក្រុមជម្រើសជាតិកម្ពុជា នឹងបង្ហាញឈុតថ្មីនៅខែមិថុនានេះ

    ឯកសណ្ឋានឈុតថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា តែងតែចេញម៉ូដថ្មីរបស់ខ្លួនជារៀងរាល់ 2ឆ្នាំម្តង ហើយនៅឆ្នាំ2020នេះ គឺជាគម្រប់ខួប ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបង្ហាញឈុតថ្មីនេះហើយ។

    ចំពោះឈុតថ្មីក្រុមជម្រើសជាតិកម្ពុជា សម្រាប់ឆ្នាំនេះពួកគេត្រៀមនឹងបង្ហាញខ្លួននៅក្នុងខែមិថុនាខាងមុខនេះហើយ ដោយនឹងបង្ហាញខ្លួនក្នុងក្រុមឈុតធំកម្ពុជា (អាចនឹងក្នុងការប្រកួតមិត្តភាពនាខែមិថុនាខាងមុខ)។ ដោយឡែកកាលបរិច្ឆេទចេញលក់ជូនអ្នកគាំទ្រជម្រើសជាតិកម្ពុជា នៅមិនទាន់បានដឹងច្បាស់នៅឡើយទេ។

    គួរបញ្ជាក់ផងដែរថា ឯកសណ្ឋានក្រុមជម្រើសជាតិកម្ពុជាបច្ចុប្បន្ន ដែលបានចេញកាលពីឆ្នាំ2018 កន្លងទៅ បានទទួលនូវការគាំទ្រយ៉ាងខ្លាំង ហើយកាលនោះ 1ឈុតមានតម្លៃ 20$ កាលពីពេលចេញលក់ជាលើកដំបូង៕

  • គណនី Facebook របស់​អ្នក “Live” លក់ផលិតផល ដែល​បញ្ចេញអស់កេរ្តិ៍ខ្មាស នឹង​ត្រូវ​បាន​បិទ​មិនឱ្យ​ដំណើរ​ការ​

    គណនី Facebook របស់​អ្នក “Live” លក់ផលិតផល ដែល​បញ្ចេញអស់កេរ្តិ៍ខ្មាស នឹង​ត្រូវ​បាន​បិទ​មិនឱ្យ​ដំណើរ​ការ​

    សម្តេចតេជោ​ ហ៊ុន​ សែន ក្នុង​នាម​ជា​អនុប្រធានកិត្តិយស “ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី” និង​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទគណនី Facebook ផ្សាយលក់ផលិតផលទាំង​ឡាយ​ណា​ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស។

    សម្ដេច​ ហ៊ុន សែន​ មានប្រសាសន៍ថា ការ “Live” លក់ផលិតផល​ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសបែប​នេះហើយ នាំឱ្យមានការបំពានផ្លូវភេទ​ស្ត្រី​ក្នុងសង្គមនាពេលបច្ចុប្បន្ន និងអាចនាំឱ្យកើតមានករណីចាប់រំលោភផងដែរ។

    បទបញ្ជានេះ​ ត្រូវ​បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនាព្រឹកនេះ​ (17កុម្ភៈ)។ សម្ដេច​តេជោ បញ្ជាក់​ថា គណនី​ Facebook ណា​ដែល​ “Live” លក់​ផលិត​ផល​ ប៉ុន្តែ មិនបាន​បញ្ចេញកេរ្តិ៍ខ្មាស នឹង​នៅ​តែ​អាច​បន្ត​មុខ​របរ​របស់​ពួក​គេ​បានធម្មតា៕

  • កុំភ្លេចចូលរួមគាំទ្រ!! សប្តាហ៍នេះ លីកកំពូលកម្ពុជា2020 ចាប់ផ្តើមហើយ

    កុំភ្លេចចូលរួមគាំទ្រ!! សប្តាហ៍នេះ លីកកំពូលកម្ពុជា2020 ចាប់ផ្តើមហើយ

    ការប្រកួតបាល់ទាត់លីកកំពូលកម្ពុជាឆ្នាំ2020 បានចាប់ផ្តើមហើយ តាំងពីថ្ងៃទី15 ខែកុម្ភៈ ដោយគ្រប់ការប្រកួតសុទ្ធតែមានការផ្សាយបន្តផ្ទាល់ទាំងអស់។

    ចំពោះប្រាក់រង្វាន់របស់លីកកំពូលកម្ពុជាឆ្នាំ2020នេះ ក៏មានការកើនឡើងច្រើនជាងឆ្នាំមុនផងដែរ (បើតាមការរំពឹងទុក ប្រហែលជាអាចកើនថែម 20លានរៀល) ខណៈដែលឆ្នាំមុន ប្រាក់រង្វាន់មានចំនួន 60លានរៀល (ប្រហែល 1ម៉ឺន 5ពាន់ដុល្លារ)។

    គួរបញ្ជាក់ផងដែរថា លីកកំពូលកម្ពុជាឆ្នាំ2020 នេះ មានក្រុមចូលរួមចំនួន13 តិចជាងឆ្នាំមុន1ក្រុម ដោយ​សារក្រុមកំពង់ចាមបានដកខ្លួន៕

  • ភាពយន្តខ្នាតធំ «អ្នកស្នងអគារ» ប្រមូលផ្ដុំតារាល្បីក្រុងពាលីលើអាគារចំណាស់

    ភាពយន្តខ្នាតធំ «អ្នកស្នងអគារ» ប្រមូលផ្ដុំតារាល្បីក្រុងពាលីលើអាគារចំណាស់

    វណ្ណកម្មថ្មីរបស់ផលិតកម្មកងចក្របានធ្វើឱ្យ​មហាជនជាច្រើនទន្ទឹងចាំ និង ចាប់អារម្មណ៍ខ្លាំងចំពោះភាពយន្ដបែបរន្ធត់នេះមានចំណងជើងថា «អ្នកស្នងអគារ» និងបានរៀបចំពិធីក្រុងពាលីលើអាគារចំណាស់មួយនៅជិតផ្សារតាប៉ាង និង រោងកុនលុច្ស ត្រូវបានគេជ្រើសជាទីតាំងសម្រាប់ថតភាពយន្តទាំងមូល កាលពីព្រឹកថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2020 នេះ។

    រឿង«អ្នកស្នងអគារ» មានតារាសម្តែងល្បីៗពីអន្ដរជាតិ និងកម្ពុជារួមគ្នាដូចជា មានលោក យូសុីហុីកូ ហូ សូដា អ្នកនាងថន ថាណែត ស្វែង សុជាតា លោករស់ មុនី្ន និងកុមារីម៉ានីកា និងសហផលិតករ លោកនេត ឥន្ទនរាសុទ្ឋីដេ្ឋព ជាសហនិពន្ឋដឹកនាំ ជាមួយអ្នកនាង ជា សុខយូ សហការផលិតដោយ ផលិតកម្មកងចក្រភីកឈ័រ និងក្រុមហ៊ុនវេស្ទិចមីឌាលីមីតធីត។ ក្រោយពីឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលមក ខាងផលិតកម្មបានសម្រេចយកលោក “Yoshihiko Hosoda” និង អ្នកនាង “ថន ថាណែត” ជាតួអង្គធំនៅក្នុងភាពយន្តខ្នាតធំរឿង អ្នកស្នងអគារ ។

    លោក “Yoshihiko Hosoda” គឺជាតារាភាពយន្តជនជាតិជប៉ុនមួយរូប ដែលបានសម្តែងនៅក្នុងភាពយន្តរបស់ប្រទេសជប៉ុន និង ទទួលបានការគាំទ្រជាច្រើនពីទស្សនិកជន មិនថាភាពយន្តភាគ ឬ ភាពយន្តខ្នាតធំនោះឡើយ។ ភាពយន្តដែលធ្វើឲ្យលោកទទួលបានប្រជាប្រិយភាពជាងគេមានដូចជា Peers (2019), Musashi (2019) និង ភាពយន្តបែបវិទ្យាសាស្ត្រ Ultraman X the movie (2016) ជាដើម។

    ចំណែកតួឯកស្រីវិញគឺជាតារាភាពយន្តខ្មែរមានឈ្មោះថា “ថន ថាណែត”។ គាត់ត្រូវបានទស្សនិកជនកោតសរសើរពីសមត្ថភាពនៃការសម្តែងក្នុងខ្សែភាពយន្តខ្នាតធំខ្មែរ រឿងចងពៀរ (The Spell, 2018) ភាពយន្តបរទេសរឿង The Gate (2014) និង ភាពយន្តអប់រំជាច្រើនទៀត។ ជាពិសេសរូបគាត់ក៏ធ្លាប់ទទួលបានពានរង្វាន់ផ្នែកសម្តែងពីមហោស្រពភាពយន្តអន្តរជាតិរបស់កម្ពុជាទៀតផង។

    យ៉ាងណាមិញ អ្នកដឹកនាំរឿងក៏រំពឹងទុកភាពជោគជ័យ និងជឿថា ទស្សនិកជនទាំងអស់ច្បាស់ជាបានស្គាល់ ហើយក៏ធ្លាប់បានទស្សនាការសម្តែងដ៏បុិនប្រសប់របស់ពួកគាត់ទាំងពីររួចមកហើយដែរនៅក្នុងភាពយន្តធំៗជាច្រើន។ ដូច្នេះកុំខកខានឱ្យសោះណា!

  • ផលិតករល្បីឈ្មោះលោក អ៊ិន សុភិន សម្រេចផែនការទាំង ៣​ នៅលើទឹកដីសហរដ្ឋអាមេរិក

    ផលិតករល្បីឈ្មោះលោក អ៊ិន សុភិន សម្រេចផែនការទាំង ៣​ នៅលើទឹកដីសហរដ្ឋអាមេរិក

    ថ្មីៗនេះផលិតករល្បីឈ្មោះលោក អ៊ិន សុភិន បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា លោកបានសម្រេចផែនការធំៗចំនួន៣ព្រមគ្នាគឺ ទី១៖ គឺមកចចារជាមួយដៃគូពាណិជ្ជកម្មក្នុងអាជីវកម្មដឹកជញ្ជូនដែលជាក្រុមហ៊ុនក្រៅសិល្បៈរបស់លោក។ ទី២៖ ដើម្បីយកប័ណ្ណសរសើរមកប្រគល់ជូនតារាសម្ដែង លោក យស បូវណ្ណៈ ដែលត្រូវបានមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងម៉ាកាវ កន្លងទៅប្រគល់ពានឱ្យ និង ទី៣៖ គឺដើម្បីយកបែបបទឯកសារមកឆ្លងជាមួយគណកម្មការមហោស្រពភាពយន្តអាស៊ីអន្តរជាតិ នៅសហរដ្ឋអាមេរិក ដើម្បីយកភាពយន្តមួយចំនួនរបស់មហាហង្ស ទៅប្រកួតប្រកួតប្រជែងនៅអាមេរិក នាពេលខាងមុខ។

    លោក អ៊ិន សុភិន បញ្ជាក់ថា ក្នុងចំណោមគោលបំណងទាំង៣ លោកបានសម្រេចរួចរាល់អស់ហើយ ដោយលោក យស បូវណ្ណៈ មិនត្រឹមតែបានទទួលប័ណ្ណសរសើរ ដែលមានឈ្មោះរបស់ខ្លួន ដែលបានពីមហោស្រពភាពយន្តនៅម៉ាកាវប៉ុណ្ណោះទេ តែក៏បានយកពានដែលពានរួមតម្កល់ទុកសម្រាប់ក្រុមហ៊ុន យកទៅឱ្យលោកបានថតទុកជាអនុស្សាវរីយ៍ ព្រោះតែលោកមិនអាចទៅទទួលនៅក្នុងទីក្រុងម៉ាកាវនាពេលជាប់នោះផង។

    យ៉ាងណាមិញ សម្រាប់ការចរចាជុំវិញការដាក់ភាពយន្តចូលប្រកួតនៅក្នុងមហោស្រពភាពយន្តអន្តរជាតិនៅសហរដ្ឋអាមេរិក ក៏សម្រេចផងដែរ បន្ទាប់ពីការជជែកយ៉ាងលម្អិតរបស់លោកជាមួយថ្នាក់ដឹកនាំមហោស្រព គឺបានឯកភាពគ្នា និងសម្របសម្រួលគ្នាលើលក្ខណ្ឌជាច្រើន គ្មានការខ្វែងគំនិតគ្នា។ យ៉ាងណាមិញលោកនៅមិនទាន់បង្ហើបនៅឡើយទេ ថាលោកនឹងជ្រើសភាពយន្តខ្លាំងៗរបស់មហាហង្សណាខ្លះ ចូលរួមក្នុងមហោស្រពនៅអាមេរិកនោះ៕

  • ដើម្បី​ទប់​ស្កាត់​វីរុស​កូរ៉ូណា ក្រុម​ហ៊ុន​មួយ​បង្កើត​ប្រព័ន្ធសម្លាប់​មេរោគ​លើ​ដង​ខ្លួន​មនុស្ស ប្រើ​ពេល​ត្រឹម​តែ​20វិនាទី

    ដើម្បី​ទប់​ស្កាត់​វីរុស​កូរ៉ូណា ក្រុម​ហ៊ុន​មួយ​បង្កើត​ប្រព័ន្ធសម្លាប់​មេរោគ​លើ​ដង​ខ្លួន​មនុស្ស ប្រើ​ពេល​ត្រឹម​តែ​20វិនាទី

    ប្រទេស​ចិន​៖ ក្រុម​ហ៊ុន​មួយ​នៅ​ឯទី​ក្រុង​ Chongqing ភាគ​និរតី​ប្រទេស​ចិន បាន​បង្កើត​ប្រព័ន្ធ​បច្ចេក​វិទ្យា​មួយ​ដើម្បី​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ឱ្យ​បុគ្គលិក​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ឧស្សាហ​កម្ម​មួយ​ ដើម្បី​រួម​ចំណែក​ក្នុងការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ដ៏​គួរ​ឱ្យ​ខ្លាច​​កូរ៉ូណា​ COVID-19​ ដែល​កំពុង​រាត​ត្បាត​ពិភព​លោក​។

    ប្រព័ន្ធ​សម្លាប់​មេរោគ​នេះ មាន​បំពាក់​ឧបករណ៍​ infrared detectors ដែល​មាន​មុខ​ងារ​ស្កេន​ចាប់សញ្ញា​អ៊ីនហ្វ្រារ៉េដស្វ័យ​ប្រវត្ត។ នៅ​ពេល​មាន​មនុស្ស​ម្នាក់​ដើរ​កាត់ ប្រព័ន្ធ​នេះក៏​ចាប់​ផ្ដើម​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​រយៈ​ពេល​20វិនាទី។ នេះ​បើ​តាម​​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន Reuters ដក​ស្រង់​ព័ត៌មាន​ពី​កាសែត China News ដែល​ជា​កាសែត​រដ្ឋ​ធំ​បំផុត​លំដាប់​ទី​ពីរ​នៃ​ប្រទេ​សចិន​ បន្ទាប់​ពី​សារ​ព័ត៌មាន​ Xinhua។

    បណ្ដា​ក្រុម​ហ៊ុន​នៅ​ប្រទេស​ចិន​ បាន​ និង​កំពុង​ចាប់​ផ្ដើម​ធ្វើ​សកម្ម​ភាព​ឡើង​វិញ​ជា​សន្សឹម​ៗ​ក្នុង​សប្ដាហ៍​នេះ ក្រោយ​ពី​បាន​ឈប់​សម្រាក​ជា​ច្រើន​សប្ដាហ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន និង​ដោយ​សារ​វិធានការ​ចំបាច់​ផ្សេង​ៗ​របស់​រដ្ឋា​ភិបាល​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ បន្ទាប់​ពី​​មេរោគ​នេះ​បាន​ផ្ទុះ​ឆ្លង​កាល​ពី​ខែធ្នូ​2019។

    គិត​មក​ដល់​បច្ចុប្បន្ន នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា COVID-19 ចំនួន1,670​នាក់​ និង​អ្នក​ផ្ទុក​មេរោគ​នេះ ឡើង​ដល់ 69,267​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ត្រី​បាឡែន​យក្ស ប្រវែង​19ម៉ែត្រ ជាប់​គាំង​លើ​វាល​ថ្ម​ក្បែរ​សមុទ្រ​ (មានវីដេអូ)

    ត្រី​បាឡែន​យក្ស ប្រវែង​19ម៉ែត្រ ជាប់​គាំង​លើ​វាល​ថ្ម​ក្បែរ​សមុទ្រ​ (មានវីដេអូ)

    អងគ្លេស​៖ ថ្វី​បើ​ត្រូវ​បាន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ស្ម័គ្រ​ចិត្ត​ ជួយ​បាច់​ទឹក​រក្សា​សំណើម ប៉ុន្តែ ត្រីបាឡែន​យក្ស​ដែល​ជាប់​គាំង​នៅ​លើ​ឆ្នេរ​សមុទ្រ​នៃ​កោះ Lizard កាល​ពី​ថ្ងៃទី14​កុម្ភៈ ក៏នៅ​តែ​មិន​អាច​បន្ត​ជីវិត​ដល់​វេលា​​ទឹក​ជោរមក​ដល់​ដដែល។

    ត្រី​បាឡែន​ Fin whale ដែល​ស្លាប់​ដោយ​សារ​ជាប់​គាំង​លើ​វាល​ថ្ម

    ត្រីយក្ស​ប្រវែង​ដល់ទៅ​19,25ម៉ែត្រ ត្រូវ​បាន​គេ​បញ្ជាក់​ថា​ជា​ត្រី​បាឡែនមួយ​ប្រភេទ​ដែល​គេ​ហៅ​ថា Fin whale។ នេះ​ជា​សត្វ​ធំបំផុត​លំដាប់​ទី​2 ដែល​នៅ​មានវត្តមាន​លើ​ភព​ផែនដី​ បន្ទាប់ពី​ត្រី​បាឡែន​ខៀវ (blue whale)​។ ត្រី​បាឡែន​ Fin whale នេះ​ ត្រូវ​បាន​សង្កេត​​ឃើញ​ថា ហែល​ចូល​ក្នុង​តំបន់​សមុទ្រ​​ទឹក​រាក់ ក្បែរ​ទីស្នាក់​ការ​នៃ​ឆ្មាំ​សមុទ្រ​ Nare Point កាល​ពី​ព្រឹក​ថ្ងៃទី​14កុម្ភៈ ហើយ​មក​ដល់​ថ្ងៃ​ត្រង់​ វា​ក៏​បាន​ជាប់​គាំង​នៅ​លើ​វាល​ថ្មនៅ​ពេល​ដែល​ទឹក​​សមុទ្រ​នាច​ទៅ​វិញ​។

    ក្រុម​អ្នក​ជួយ​សង្គ្រោះ​សត្វសមុទ្រ​​ជនជាតិ​អង់គ្លេស BDMLR បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​ៗ ប៉ុន្តែ មិន​អាចជួយ​សង្គ្រោះ​ជីវិត​ត្រី​នេះ​ទាន់​ពេលនោះទេ​។

    Dan Jarvis មក​ពី​អង្គ​ការ BDMLR បាន​និយាយ​ថា “ពេល​យើង​ខ្ញុំ​មក​ដល់​កន្លែង​កើត​ហេតុ យើង​ឃើញ​វា​កំពុង​ហា​មាត់​ធំ និង​បក់កន្ទុយ​ជា​ញឹក​ញាប់​​ទៅ​លើ​ដុំ​ថ្ម​ បង្ក​ជា​សម្លេង​ខ្លាំង​ៗ”។ ត្រី​បាឡែន​យក្ស​នេះ មាន​កម្លាំង​ខ្សោយ​ បង្ហាញ​ថា វា​មាន​បញ្ហា​សុខ​ភាព​មុន​ពេល​ត្រូវ​ជាប់​លើ​គោក​។

    ត្រីបាឡែន​ខៀវ ជា​សត្វ​ដែល​មាន​រូប​រាង​ធំជាង​គេ​ក្នុង​ពិភពលោក

    “យើង​ខ្ញុំ​ពិត​ជាចង់​ជួយ​វា​ណាស់។ មនុស្ស​ជាង​20នាក់ បាន​មក​ដល់​ទី​នេះ សង្ឃឹម​ថា អាច​ជួយ​នាំ​វា​ទៅ​កាន់​សមុទ្រ​នៅ​ពេល​ទឹក​ជោរមក​ដល់​។ ប៉ុន្តែ គួរ​ឱ្យ​ស្ដាយ វា​ឈប់​ដក​ដង្ហើម​ និង​លែង​កម្រើត​ទៅ​ហើយ” នេះ​គឺជា​សម្ដី​របស់​ Steve Green ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឃើញ​ត្រី​នេះ​មុន​គេ​។

    https://www.youtube.com/watch?v=fQyn5fY_noE

    កន្លង​មក​នេះ ឱកាស​នៃ​ការ​ជួយ​សង្គ្រោះ​ជីវិត​ត្រី​បាឡែន​យក្ស គឺ​ពិបាក​ធ្វើ​ទៅ​បាន​ ព្រោះ​តែ​ទំហំ​ដង​ខ្លួន​ដ៏​មហិ​មា​របស់​វា​។ អង្គ​ការ​ BDMLR បាន​និយាយថា នឹង​ធ្វើ​កោសល្យ​វិច័យ​ទៅលើ​សាក​សព​ត្រី​បាឡែន​នេះ ដើម្បី​ឱ្យ​ដឹង​ថា តើ​វា​ស្លាប់​ដោយ​សារ​មូលហេតុ​អ្វី​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ពី​មនុស្ស​ធ្លាប់​​សុំអាហារ​គេ​ហូប ក្លាយ​ជា​មហាសេដ្ឋី ព្រោះ​តែ​ចេះ​​ប្រមាញ់​ផ្ទះ​ចាស់​ៗ

    ពី​មនុស្ស​ធ្លាប់​​សុំអាហារ​គេ​ហូប ក្លាយ​ជា​មហាសេដ្ឋី ព្រោះ​តែ​ចេះ​​ប្រមាញ់​ផ្ទះ​ចាស់​ៗ

    Tins Plaza គឺជា​រោង​ចក្រ​ផលិត​ជ័រ​មួយ​​ត្រូវ​បាន​គេ​ទុក​ឱ្យ​នៅ​ទំនេរ ដែល​វាស្ថិត​ក្នុង​សង្កាត់ Tuen Mun នៃ​ទី​​ក្រុង​ហុង​កុង​។ ប៉ុន្តែ នៅ​ពេល​បាន​ឃើញ​ភ្លាម អ្នក​ជំនួញ Tang Shing-bor ដឹង​ភ្លាម​ថា វា​ជា​កំណប់​ទ្រព្យ​។

    កាល​ពី​ឆ្នាំ2005 លោក Tang Shing-bor បាន​ចំណាយ​ប្រាក់​36លាន​ដុល្លារ​អាមេរិក​ ដើម្បី​ទិញ​រោង​ចក្រ​ Tins Plaza នេះ​។ ប៉ុន្តែ គាត់មិន​នឹក​ស្មាន​ថា 2ឆ្នាំ​ក្រោយ​មក គាត់​រក​បាន​ប្រាក់​ចំណេញពី​រោង​ចក្រ​នេះ​ ​ច្រើន​ជាង​3ដង ធៀប​នឹង​ប្រាក់​ដែល​លោក​បាន​ចំណាយ​សម្រាប់​ទិញ​វា​។

    ដោយ​សារ​តែ​ការ​ស្វែង​រក​ទិញ​អចលន​ទ្រព្យ​ឧស្សាហ​កម្ម​ចាស់ៗ ឬ​ត្រូវ​គេ​ទុក​ចោល​ទំនេរ​ ដូច​ជារោង​ចក្រ Tins Plaza ជា​ដើម​ ហើយជួស​ជុស​ឡើង​វិញ​ រួច​លក់​ទៅ​ឱ្យ​អ្នក​ផ្សេង លោក​ Tang បាន​រួច​ផុត​ពី​មាត់​ជ្រោះ​ក្ស័យ​ធន​កាល​ពីឆ្នាំ​2003 ហើយ​បាន​ក្លាយជា​មហា​សេដ្ឋី​ក្នុង​ឆ្នាំ​2016។ បច្ចុប្បន្ន​ មហាសេដ្ឋី​​វ័យ86ឆ្នាំ​រូប​នេះ គឺ​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​14​នៅ​ហុងកុង ដោយ​មាន​ទ្រព្យ​ 5,7​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​ទស្សនាវដ្ដី Forbes។

    ល្បី​ឈ្មោះ​ខ្លាំង​ដោយ​សារ​តែ​ការ​រកស៊ី​បែប​ដើរ​បញ្ច្រាស់​និន្នាការ​របស់​មនុស្ស​សម័យ​ថ្មី និង​មិន​ខ្វល់​ពី​បាតុកម្ម​ដែល​អូស​បន្លាយ​ពេល​រាប់​ខែ​នៅ​ទូទាំង​ទី​ក្រុង​ហុង​កុង​ លោក​ Tang នៅ​តែ​បញ្ចេញ​ប្រាក់​រក​ស៊ី​ខាង​អចលន​ទ្រព្យ​ឧស្សាហ​កម្ម​នៅ​ទី​នេះ​។ កាល​ពី​ឆ្នាំ​ទៅ(2019) គាត់​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​ 700​លាន​ដុល្លារ​អាមេរិក​ដើម្បី​​រក​ស៊ី​ក្នុង​វិស័យ​នេះ​។ យោង​តាម​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ Real Capital Analytics លោក​ Tang គឺជា​អ្នក​ដែល​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង​គេ​បង្អស់​នៅ​ទីក្រុង​ហុង​កុង ក្នុង​ការ​ទិញ​អចលន​ទ្រព្យ​ឧស្សាហ​កម្ម​ ក្នុង​ឆ្នាំ​2019។

    “នេះ​គឺជា​ឱកាស​ល្អ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់ជួប​ប្រទះ” នេះ​គឺជា​សម្ដី​របស់​លោក Tang ក្នុង​កិច្ច​សម្ភាស​មួយ​នៅ​ឯផ្ទះ​របស់​គាត់​ក្នុង​ខណ្ឌ Mong Kok ដែល​មាន​ទី​តាំង​នៅ​មិន​ឆ្ងាយ​ប៉ុន្មា​នពី​តំបន់​ដែល​មាន​បាតុកម្ម​កើតឡើង​។

    ជំនាញ​របស់​លោក Tang ក្នុងការ​ស្វែង​រក​ និង​កែលម្អអចលន​ទ្រព្យ​ចាស់​ៗក្នុង​ទី​ក្រុង​ហុង​កុងពេល​ដែល​វា​នៅ​ជា​មជ្ឈ​មណ្ឌល​ផលិតកម្ម បាន​ទាក់​ទាញ​ដៃគូសហការ​ជា​ច្រើន​ ដូចជា Chinese Estates Holdings និង Juayuan International ជា​ដើម​។ ក្រុម​ហ៊ុន​ទាំង​2ខាង​លើ​នេះ បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ Stan Group របស់​លោក Tang ដើម្បី​កែ​ប្រែ​ ឬ​ជួស​ជុស​អចលន​ទ្រព្យ​ទាំង​ឡាយ​ដែល​លោក​ Tang បាន​ទិញ​។ “គាត់​ធ្វើ​ការ​មាន​ប្រសិទ្ធ​ភាព និង​មាន​បទ​ពិសោធន៍​ច្រើន​” នេះ​បើ​តាម​ Joseph Lam ដែល​ជា​អ្នក​ដឹកនាំ​ម្នាក់​នៃ​ក្រុម​ហ៊ុន Colliers International។

    ក្រុម​អ្នក​រក​ស៊ី​ខាង​អចលន​ទ្រព្យ​នៅ​ទី​ក្រុង​ហុង​កុង តែង​តែ​ហៅ​លោក​ Tang ថា​ “ពូ Bor”។ អចលន​ទ្រព្យ​ គ្រាន់​តែ​ជា​ផ្នែក​មួយ​ដែល​លោក​បាន​ចូល​រក​ស៊ី។​ កាល​ពី​ទសវត្សរ៍​ឆ្នាំ​1950 លោក Tang ក៏ធ្លាប់​ផលិត​អំពូល​ភ្លើង neon និង​ធ្លាប់​កាន់​កាប់​ភោជនីយដ្ឋាន​ក្នុង​ទសវត្សរ៍​ឆ្នាំ​1970ផងដែរ​។ ការ​រក​ស៊ី​របស់​គាត់ ក៏​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​របស់​ទីក្រុង​ហុង​កុង​ក្នុង​រយៈ​ពេល​ប៉ុន្មានទសវត្សរ៍​ចុង​ក្រោយ​នេះ​។

    មហាសេដ្ឋី​រូប​នេះ​ មិន​ដែល​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​បរាជ័យ​នោះ​ទេ​។ ឪពុក​របស់​គាត់​បាន​ស្លាប់​ចោល​ ពេល​គាត់​មាន​អាយុ​ត្រឹម​តែ​5ឆ្នាំ​។ ចំណែក​ម្ដាយ​របស់​គាត់​វិញ គឺ​ត្រូវធ្វើ​ការ​ក្នុង​រោង​ចក្រ​ដើម្បី​ចិញ្ចឹម​កូន​ៗ។ “ខ្ញុំ​ត្រូវ​រិះ​រក​វិធី​ជា​ច្រើន​ដើម្បី​រស់​” លោក​ Tang និយាយ​បែប​នេះ​។ លោក​បន្ត​ថា លោក​ធ្លាប់​តែល​តោល​នៅ​ខាង​ក្រៅ​អាហារ​ដ្ឋាន នៅ​ពេល​កំពុង​ឃ្លាន​បាយ ដើម្បី​រង់​ចាំ​សុំ​អាហារ​ពី​គេ​។

    ការ​រស់​នៅ​ និង​ធំ​ដឹង​ក្ដី​ក្នុង​ភាព​ក្រី​ក្របែប​នេះហើយ ធ្វើ​ឱ្យ​លោក Tang មានស្មារតី​អង់អាច និង​​ “ថ្លើង​ធំ” ព្រោះ​គាត់​មិន​ដែល​ខ្លាច​បរាជ័យ។ លោកនិយាយ “គ្មាន​បញ្ហា​ណា​ដែល​គ្មាន​ដំណោះ​ស្រាយ​នោះ​ឡើយ​”។

    Tang រៀន​ចប់​ត្រឹម​បឋម​សិក្សា​ប៉ុណ្ណោះ។ ឆ្នាំ​1950 លោក​បាន​ដើរ​តាម​ក្រុម​ជាង​ធ្វើ​ស្លាកយីហោ ដើម្បី​រៀន​ជំនាញ​។ ពេល​អាយុ​20ឆ្នាំ គាត់​បាន​បើក​ហាង​ផ្ទាល់​ខ្លួន​។ ជោគ​ជ័យ​ក្នុងការ​រក​ស៊ី​នេះ បាន​នាំ​ឱ្យ​លោក អាច​សហ​ការ​ជាមួយមិត្ត​ភក្ដិ​របស់​គាត់​ដើម្បី​​បើក​ភោជនីយដ្ឋាន​មួយ​ ក្នុង​ឆ្នាំ​1970។ ចាប់​តាំង​ពីពេល​នោះ លោក Tang ក៏ចាប់​ផ្ដើម​វិនិយោគ​ច្រើន​ទៅ​លើ​ភោជ​នីយដ្ឋាន។

    ទសវត្សរ៍​ទី 80 លោក Tang បាន​លោត​ចូល​វិនិយោគ​ទៅ​លើ​វិស័យ​ផ្សេង​ៗ ក្នុង​នោះ​ក៏​មាន​វិស័យ​រថយន្ត​ចាស់​ៗ​។ ប៉ុន្តែ ការ​ដែល​លោក​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ ក៏ដោយ​សារតែ​​ការ​ទិញលក់ហាង​នានា​។ ជំនួញ​ដែល​លេច​ធ្លោ​ជាង​គេ​របស់​គាត់ គឺ​ការ​ទិញ​អគារ​ចាស់​មួយ​ក្នុង​ឆ្នាំ​1990 ហើយ​កែប្រែ​វា​ឱ្យ​ទៅ​ជាមជ្ឈមណ្ឌល​​ Mongkok Centre ដ៏ល្បី​ឈ្មោះ​។

    ឆ្នាំ​1997 លោក​ Tang មាន​​ហាង​ក្នុង​ដៃ​ចំនួន​ជាង​200ហាង ដែល​មាន​តម្លៃ​ជិត​7,3​ពាន់​លាន​​ដុល្លារ​ហុង​កុង (942លាន​ដុល្លារ​អាមេរិក​) ហើយ​ក៏​ចាប់​ផ្ដើម​រៀប​គម្រោង​ចូល​រួម​ក្នុង​ផ្សារ​មូល​បត្រ​ (IPO)។ ប៉ុន្តែ ពេល​ក្រោយ​មក​បន្តិច វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​បាន​កើត​ឡើង​។ ទី​ផ្សារ​អចលន​ទ្រព្យ​នៅ​ទី​ក្រុង​ហុង​កុង​បាន​ធ្លាក់់ថ្លៃ​ដល់​ទៅ​70% ក្នុង​អំឡុង​ចាប់​ពី​ឆ្នាំ​1997 ដល់​ឆ្នាំ​2004 ដោយ​មួយ​ផ្នែក​បណ្ដាល​មក​ពី​អាសន្នរោគ​ SARS។ ឆ្នាំ​2004 លោក​ Tang ត្រូវ​ជាប់​​បំណុល​4ពាន់​លានដុល្លារ​ហុង​កុង​ (514,982,760ដុល្លារ​អាមេរិក)។

    លោក Tang ក៏​បាន​ចាប់​ផ្ដើម​លក់​អចលន​ទ្រព្យ​ខ្លះ​របស់​គាត់ បូក​រួម​ទាំង​ Mongkok Computer Centre។ ប៉ុន្តែ គាត់​រក្សា​ទុក​អចលនទ្រព្យ​​ឧស្សាហ​កម្ម​ដែល​បាន​ទិញ​ចាប់​ពី​ឆ្នាំ​1996 ដើម្បី​ការ​ពារ​ហានិភ័យ​។

    ឆ្នាំ​2005 គាត់​បាន​ទិញ​ Tins Plaza ក្នុង​តម្លៃ​280លាន​ដុល្លារ​ហុង​កុង (36,048,793​ ដុល្លារ​អាមេរិក)។ គាត់​ចំណាយប្រាក់​ដែល​មាន​ក្នុង​ដៃ​ត្រឹម​តែ28​លាន​ដុល្លារ​ហុង​កុង​ ក្រៅ​ពី​នេះ​គឺ​លុយបាន​មក​ពី​ការ​បញ្ចាំ​អគារ​ទាំង​ឡាយ​ដែល​គាត់​បាន​ទិញ​ពី​មុន​។

    6ខែក្រោយ​មក លោក​ Tang ទទួល​បាន​ការ​ស្នើ​ទិញ​អគារ ​Tins Plaza នេះ ពីក្រុម​ហ៊ុន​អូស្ដ្រា​លី​ Macquarie Goodman ក្នុង​តម្លៃ​500​លាន​ដុល្លារ​ហុង​កុង (64,372,845 ដុល្លារ​អាមេរិក)​។ មក​ដល់​ខែ​តុលា​ ឆ្នាំ​2005ដដែល ក្រុម​ហ៊ុន Mapletree របស់​សិង្ហ​បុរី​ បាន​ឱ្យ​តម្លៃ​520​លាន​ដុល្លារ​ហុង​កុង (70,810,129ដុល្លារ​អាមេរិក) ប៉ុន្តែ គាត់​នៅ​តែ​មិន​ព្រម​លក់​។ នេះ​បើ​តាម​ទស្សនាវដ្ដី Forbes។

    មហាសេដ្ឋី​រូប​នេះ ដឹង​ថា អចលនទ្រព្យ​ពាណិជ្ជ​កម្ម វា​មាន​តម្លៃ​ខ្ពស់​ជាង​អចលន​ទ្រព្យ​ឧស្សាហ​កម្ម ដូច្នេះ គាត់​ក៏​បាន​អភិវឌ្ឍ​ Tins Plaza ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម។ 2ឆ្នាំ​ក្រោយ​មក តំណាង​ក្រុម​ហ៊ុន Macquarie មក​ពី​ Sydney ស្នើ​ទិញ​ក្នុង​តម្លៃ​​850​លាន​ដុល្លារ​ហុង​កុង (109,433,836ដុល្លារ​អាមេរិក)។ គាត់​ក៏​បាន​លក់​ឱ្យ​ក្រុម​ហ៊ុន​នេះ ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​570​លាន​ដុល្លារ​ហុងកុង​ (73,385,000ដុល្លារ​អាមេរិក)។ លោក​ Tang ថ្លែង​ថា “នេះ​គឺជា​ជំនួញ​ដែល​គួរ​ឱ្យ​ចង​ចាំ​បំផុត​សម្រាប់ខ្ញុំ”។

    ក្រោយ​មក លោក​ Tang នៅ​តែ​បន្ត​រកស៊ី ដោយ​មិន​គិត​ពី​រឿង​ចូល​និវត្តន៍។ គាត់​បាន​ឃើញ​រោង​ចក្រ​ចាស់​មួយ​នៅ​ក្បែរ​នោះ​ គឺ Gold Sung Industrial Building។ មិន​ដូច​ការ​ជួញ​ដូរ​មុន​ៗ Gold Sun មាន​ម្ចាស់​ច្រើន​នាក់​ ធ្វើ​ឱ្យ​គាត់​ត្រូវ​ចំណាយ​ពេល​ដើម្បី​ចរចា​ដាច់​ដោយ​ឡែក​ម្ដង​មួយ​ៗ​។ គាត់​ចាប់​ផ្ដើមទិញ​ជាន់​ដំបូង​គេ​ក្នុង​ឆ្នាំ​2006 ប៉ុន្តែ រហូត​ដល់​ឆ្នាំ​2014 ទើប​​បាន​ជោគជ័យ​ទាំង​ស្រុង​។ គាត់​រំឭកថា “ខ្ញុំ​ត្រូវ​ទិញ​ម្ដង​មួយ​ជាន់​ៗ​”។

    លោក Tang ក៏​បាន​ជួប​នឹង​សំណាង​ល្អ​ច្រើន​ផងដែរ។ ដោយ​សារ​តែ​ចង់​បង្កើនប្រភព​ផ្គត់​ផ្គង់​អចលន​ទ្រព្យ​សម្រាប់​ការិយា​ល័យ សណ្ឋាគារ​ និង​តំបន់​ពាណិជ្ជ​កម្ម​ អាជ្ញា​ធរ​ទី​ក្រុង​ហុង​កុង​នា​ឆ្នាំ2010 ក៏បាន​ចេញ​គោល​នយោបាយ​​លើក​ទឹក​ចិត្ត​ឱ្យមានការ​អភិវឌ្ឍ​អចលន​ទ្រព្យ​ឧស្សាហ​កម្ម​ចាស់​ៗ ឱ្យ​ទៅ​ជា​តំបន់​ពាណិជ្ជ​កម្ម​។ល។ ដូច្នេះ ធ្វើ​ឱ្យ​តម្លៃ​រោង​ចក្រ​ចាស់​ៗ ឡើង​ថ្លៃ​ដល់​152​% ក្នុង​អំឡុង​ពេល​ពី​ឆ្នាំ​2010 ដល់​2016។ ដូច្នេះ ការ​រក​ស៊ី​របស់​លោក ក៏​បាន​រលូត​ជាង​មុន​ទៅ​ទៀត​។

    គិត​មក​ដល់​បច្ចុប្បន្ន មហាសេដ្ឋី​ Tang កំពុង​កាន់​កាប់​អគារ​នៅ​ក្បែរ​អាកាស​យាន​ដ្ឋាន​ចាស់ ​ប្រមាណ​ជា​73​%​។ ការ​កសាង​ឡើង​វិញ​នូវ​អាកាស​យាន​ដ្ឋាន Kai Tak ប្រាកដ​ជា​នឹង​ធ្វើ​ឱ្យ​អចលន​ទ្រព្យ​នៅ​ក្បែរ​ៗ​នេះ ឡើង​ថ្លៃ​កប់​ពពក​មិន​ខាន​។ ប្រការ​នេះ នឹង​ជួយ​ឱ្យ​លោក Tang កើន​ទ្រព្យ​ថែម​មួយ​កម្រិត​ធំ​ទៀត​។

    មហា​សេដ្ឋី​រូប​នេះ ថ្លែង​ថា “ខ្ញុំ​ពិត​ជា​ជឿ​ជាក់​លើ​អនាគត​របស់​ហុង​កុង។ ខ្ញុំ​បាន​ស្គាល់​ឧបសគ្គ​ច្រើន​មក​ហើយ​។ វា​តែង​តែ​មាន​ឱកាស​ច្រើន​​ស្ថិត​ក្នុង​ហានិភ័យ ហើយ​នេះ​គឺជា​ឱកាស​របស់​ខ្ញុំ”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • វិទ្យា​សាស្ត្រ៖ ហេតុអ្វី​សត្វ​អំពិល​អំពែក​អាច​បញ្ចេញ​ពន្លឺភ្លឹប​ភ្លែតៗ​បាន?

    វិទ្យា​សាស្ត្រ៖ ហេតុអ្វី​សត្វ​អំពិល​អំពែក​អាច​បញ្ចេញ​ពន្លឺភ្លឹប​ភ្លែតៗ​បាន?

    សត្វ​អំពិល​អំពែក​ដែល​បញ្ចេញ​ពន្លឺ​ភ្លឹប​ភ្លែត​ៗនា​ពេល​រាត្រី អាច​គ្រាន់​តែ​ជា​វិធីបង្អួតសម្រស់​ខាង​ក្រៅ​របស់​ពួកវា​ ដែល​ដូចទៅ​នឹង​កន្ទុយ​ដ៏​វែង​នៃ​សត្វ​ហស្ស ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ “គូស្នេហ៍” របស់ពួក​វា​តែប៉ុណ្ណោះ?

    តាមការ​សិក្សា​ស្រាវជ្រាវ​ ការ​បង្អួត​សម្រស់​ខាង​ក្រៅ​ មិន​មែន​មាន​តែ​នៅ​លើ​មនុស្ស​ ឬ​សត្វ​ធំៗ​នោះទេ ប៉ុន្តែ​សត្វ​ល្អិតផ្សេង​ៗ ក៏​ចេះ​បញ្ចេញ​សម្រស់​ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ផងដែរ។

    តាម​ពិត សារ​ធាតុ​បញ្ចេញ​ពន្លឺ​នៅ​ក្នុង​​ពោះ​របស់​អំពិល​អំពែក ពេលវា​ប្រទះ​នឹង​អុក​ស៊ីហ្សែន វា​នឹង​បញ្ចេញ​ពន្លឺ​ ប៉ុន្តែពន្លឺ​នោះមាន​សភាព​ខ្សោយ​ខ្លាំង​ពេក​ ទើបយើង​មិន​អាច​មើល​ឃើញ​​នៅ​ពេល​ថ្ងៃ។ អំពិល​អំពែក​​​ឈ្មោល​មាន​​​​​ស្លាប​សម្រាប់​ហោះ ចំណែក​អំពិល​អំពែក​ញីវិញ​មិនមាន​ស្លាប​នោះ​ទេ​។ ដូច្នេះ ការ​បញ្ចេញពន្លឺ​នេះក៏​​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​រវាង​គ្នា​នឹង​គ្នា​ផងដែរ។

    សត្វ​អំពិល​អំពែក​ឈ្មោល ដែល​អាច​ប្រមូល​ និង​បញ្ចេញ​​ពន្លឺ​ fluorescent បាន​យូរ​ នឹង​មាន​ឱកាស​ជោគជ័យ​ច្រើន​ក្នុង​ការ​​ស្វែង​រក​គូស្នេហ៍ និង​ជួយឱ្យ​អំពិល​អំពែក​ញី បង្កើត​កូន​បាន​ច្រើន​។

    អំពិលអំពែកមាន​2ប្រភេទ គឺ​អំពិលអំពែក​ហោះ និង​អំពិលអំពែក​វារ​លើដី​។ អំពិលអំពែក​ទាំង​2ប្រភេទ​នេះ សុទ្ធ​តែ​អាច​បញ្ចេញ​ពន្លឺ​ត្រជាក់​ដូច​គ្នា​។ នោះ​គឺ​ដោយ​សារ​ក្នុង​ពេល​បញ្ចេញ​ពន្លឺ​ ថាម​ពល​ភាគ​ច្រើន​ត្រូវ​បាន​​អំពិល​អំពែក​បំប្លែង​ទៅ​​ជា​ពន្លឺ ពោលគឺ​មិនមែន​បំប្លែង​ទៅ​ជា​ថាម​ពល​ដូច​ប្រភព​ពន្លឺ​សិប្បនិម្មិត​ផ្សេងៗ​នោះទេ​។​

    ពន្លឺ​របស់​អំពិលអំពែក ត្រូវ​បាន​បញ្ចេញ​ពី​ផ្នែក​ខាង​ក្រោម​ក្នុង​ពោះ​របស់​វា។ ពេល​ថ្ងៃ ពោះ​​របស់​វា​មាន​ពណ៌​ប្រផេះ​លាយ​ស ហើយ​នៅ​ពេល​យប់​ ទើប​វា​អាច​បញ្ចេញ​ពន្លឺ​ស្រទន់​មក​ខាង​ក្រៅ​។ ខាង​ក្នុង​ស្រទាប់​ស្បែក​ពោះ​ គឺជា​ជួរ​នៃ​កោសិកា​ដែល​អាច​បញ្ចេញ​ពន្លឺ ហើយស្រទាប់​​ផ្នែក​ខាង​ក្នុង​បង្អស់គឺជា​កោសិកា​​ចំណាំង​ប្លាត ដែល​មាន​មុខ​ងារ​ដូចទៅ​នឹង​កញ្ចក់​ ជួយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ​ក្រៅ​។

    អំពិល​អំពែក​ បញ្ចេញ​ពន្លឺ​បាន​ក៏ដោយ​សារ​ការ​ប្រតិ​កម្ម​ធាតុ​គីមី​នៅ​ខាងក្នុង​រាងកាយ​របស់​ពួក​វា​ ដែល​គេ​ហៅ​ថា ពន្លឺ​ជីវសាស្ត្រ​ bioluminescence។

    បណ្ដា​កោសិកា luminescent មាន​ផ្ទុកសារ​ជាតិ​ luciferin និង luciferase។ នៅ​ពេល​គេ​ផ្ដាច់​សារ​ធាតុ​ទាំង​2នេះ​ចេញ​ពីគ្នា ពួក​វា​នឹង​មិន​អាច​បញ្ចេញ​ពន្លឺ​នោះ​ទេ​។ ប៉ុន្តែ ពេល​ដាក់​វា​នៅ​ក្បែរ​គ្នា​ luciferase នឹង​ជម្រុញ​ឱ្យ​មាន​អុក​ស៊ីត​កម្ម​នៅ​លើ​សារ​ធាតុ luciferin (ដំណើរ​ការ​ប្រើ​អុកស៊ីហ្សែន​ដើម្បី​ដុត​សារ​ធាតុ lucifenrin)។ ដំណើរ​ការ​អុក​ស៊ីត​កម្មនេះ បង្កើត​​បាន​ជា​ពន្លឺ​។

    ក្រៅ​ពី​អំពិល​អំពែក សត្វ​មួយ​ចំនួន​ផ្សេង​ទៀត​ ក៏​អាច​បញ្ចេញពន្លឺ​ ដូចជា​សត្វ​ ​jellyfish ក្នុង​សមុទ្រ​ជា​ដើម។ អ្នក​វិទ្យា​សាស្ត្រ​និយាយ​ថា សូម្បី​តែ​មនុស្ស​ក៏​អាច​បញ្ចេញ​ពន្លឺ​ពី​រាងកាយ​ ប៉ុន្តែ​​ពន្លឺ​នេះ​ខ្សោយ​ពេក មិន​អាច​ឱ្យ​យើង​មើល​ឃើញ​នឹង​ភ្នែក​ទទេ។ នេះ​គឺជា​ដំណើរ​ការ​នៃ​ប្រតិ​កម្ម​របស់​​ជីវ​គីមី​។

    ភាព​សុខ​គ្នា​រវាង​ការ​បញ្ចេញ​ពន្លឺ​នៃ​អំពូល​ភ្លើង និង​ការ​បញ្ចេញ​ពន្លឺ​ពី​សត្វ​អំពិល​អំពែក៖

    ភាព​សុខ​គ្នា​រវាង​ការ​បញ្ចេញ​ពន្លឺ​នៃ​អំពូល​ភ្លើង និង​ការ​បញ្ចេញ​ពន្លឺ​ពី​សត្វ​អំពិល​អំពែក គឺ​នៅ​ត្រង់​ថា អំពូល​ភ្លើង​បញ្ចេញកំដៅ​ខ្លាំង​នៅ​ពេល​វា​បញ្ចេញ​​ពន្លឺ​ ចំណែក​អំពិល​អំពែក​វិញ វា​បញ្ចេញពន្លឺ​ត្រជាក់​ ដោយ​សារ​ថាម​ពល​ដែល​ប្រើ​ប្រាស់​ក្នុង​​ការ​បញ្ចេញ​​ពន្លឺ​គឺ​មាន​កម្រិត​ទាប។ ប៉ុន្តែ បើ​សិន​វា​បញ្ចេញ​កំដៅ​ខ្លាំង នោះ​អំពិល​អំពែក​ប្រាកដ​ជា​មិន​អាច​រស់​បាន​នោះ​ទេ​។

    អំពិល​អំពែក​អាច​គ្រប់​គ្រង​ការ​បញ្ចេញ​ពន្លឺ​នេះ​បាន​ដោយ​ខ្លួន​ឯង។ វា​ចាប់​ផ្ដើម ឬ​បញ្ចប់​ការ​បញ្ចេញ​ពន្លឺ​ដោយការ​បន្ថែម​ ឬ​បន្ថយ​កម្រិត​អុក​ស៊ីហ្សែន​​ទៅ​ក្នុង​ដំណើរ​ការ​នៃ​ប្រតិ​​កម្ម​ជីវ​គីមី ​ដូច​បាន​រៀប​រាប់​ខាង​លើ។

    សារ​ព័ត៌មាន​ Science World Report ដក​ស្រង់​របាយ​ការណ៍​មួយ​ដែល​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី Physical Review Letters ឱ្យ​ដឹង​ថា​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើប្រាស់​បច្ចេក​ទេសថត​ CT (COMPUTER TOMOGRAPHY) និង​មីក្រូ​ទស្សន៍​កាំរស្មី​អ៊ិច បាន​រក​ឃើញ​ថា អំពិល​អំពែក​អាច​បង្វែរ​ទិស​របស់អុក​​ស៊ីហ្សែនដែល​ប្រើ​ប្រាស់​សម្រាប់​មុខ​ងារ​ផ្សេង​ៗ​របស់​កោសិកា​ ដោយ​ទាញ​អុក​ស៊ីហ្សែន​នោះ​ចូល​ទៅ​ខាងក្នុង​នៃ​ដំណើរ​ការ​ប្រតិ​កម្ម​ ហើយ​បំបែក​សារ​ធាតុ ​luciferin។ ក្នុង​អំឡុង​ពេល​នេះ កម្រិត​នៃ​ការ​ប្រើប្រាស់​អុក​ស៊ីហ្សែន​ក្នុង​កោសិកា​ ត្រូវ​ថយ​ចុះ ធ្វើ​ឱ្យ​ដំណើរ​ការ​ផលិត​ថាម​ពល​ត្រូវ​យឺត​មក​វិញ​។

    សត្វ​ល្អិត​មួយ​ចំនួន​ធំ ពុំ​មាន​សួត​នោះ​ទេ ពួកវា​យក​អុក​ស៊ីហ្សែន​ចូល​ទៅ​ខាង​ក្នុង​រាងកាយ​តាម​រយៈរន្ធ​តូច​ៗ​ជា​ច្រើន​ ដែល​ត​ភ្ជាប់​គ្នា​ ដែល​ហៅ​ថា រន្ធ​ខ្យល់ (tracheoles)។ រហូត​មក​ដល់​បច្ច្ចប្បន្ន អ្នក​វិទ្យា​សាស្ត្រ​មិន​ទាន់​យល់​ច្បាស់​អំពី​វិធី​ដែល​អំពិល​អំពែក​ធ្វើ​ឱ្យ​ពន្លឺ​មាន​សភាព​ភ្លឹបភ្លែតៗ​ក្នុង​ល្បឿន​លឿន​ជាង​ធម្មតា​នៅ​ឡើយ​ ខណៈដែល​សាច់ដុំ​គ្រប់​គ្រងបរិមាណ​អុកស៊ី​ហ្សែន ដំណើរ​ការ​យឺត។

    ការ​បក​ស្រាយ​បច្ចុប្បន្ន​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​បំផុត​នោះ​គឺថា ឧស្ម័ន NO (Nitric Oxide) មាន​តួនាទី​សំខាន់​ក្នុង​ការ​ចាត់​ចែង​ពន្លឺ​។ នៅ​ពេល​អំពូល​ភ្លើង​នៃ​អំពិល​អំពែក​ត្រូវ​បិទ ក៏​ជា​ពេល​ដែល​ NO មិន​ត្រូវ​បាន​ផលិត​។ ក្នុង​ករណី​នេះ បរិមាណ​នៃអុក​ស៊ីហ្សែន​ចូល​ទៅ​កាន់​​កោសិកា​ពន្លឺ​ ​ត្រូវ​បាន​ភ្ជាប់​ទៅនឹង​ផ្ទៃ​​នៃ​កោសិកា​ mitochondria (កោសិកា​ដែលមាន​មុខ​ងារ​ផលិត​ថាម​ពល​ឱ្យ​កោសិកា​ដទៃ) ដូច្នេះ វា​នឹង​មិន​មាន​អុក​ស៊ីហ្សែន​សម្រាប់ដំណើរ​ការ​ប្រតិ​កម្ម​បញ្ចេញ​ពន្លឺ​។

    វត្តមាន​របស់​ឧស្ម័ន NO ក្នុង​កោសិកា​បញ្ចេញ​ពន្លឺ​ អនុញ្ញាត​ឱ្យ​អុក​ស៊ីហ្សែន​ចូល​រួម​ក្នុង​ដំណើរ​ការ​ប្រតិកម្ម​បញ្ចេញ​ពន្លឺ​ ដោយ​សារ​តែ​ NO ត្រូវ​បាន​ភ្ជាប់​ទៅ​កាន់​កោសិកា​ផលិត​ថាម​ពល ជំនួស​ឱ្យ​អុក​ស៊ីហ្សែន។ តាម​ធម្មតា​ ឧស្ម័ន NO តែង​ត្រូវ​បាន​រំលាយ​យ៉ាង​លឿន ដូច្នេះទើប​នៅ​ពេល​ NO មិន​ត្រូវ​បាន​ផលិតបន្ថែម​ទៀត អុក​ស៊ីហ្សែន​នឹង​ត្រូវ​បាន​កោសិកា​ផលិត​ថាម​ពល​ចាប់​ទុក​ បែប​នេះនឹង​មិន​មាន​អុក​ស៊ីហ្សែន​សម្រាប់​ដំណើរ​ការ​ប្រតិ​កម្ម​បញ្ចេញ​ពន្លឺ​ទៀត ដូច្នេះក៏​ធ្វើ​ឱ្យ​ពន្លឺ​មាន​សភាព​ភ្លឹប​ភ្លែត​ៗ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស