Category: សង្គម និងសេដ្ឋកិច្ច

  • មេរោគវីរុសកូរ៉ូណា ផ្ទុះមួយប្រាវ ក្រុមហ៊ុនApple លក់បានតិចជាងមុន និងប្រឈមនឹងចំណូលដែលចាប់ផ្តើមធ្លាក់…

    មេរោគវីរុសកូរ៉ូណា ផ្ទុះមួយប្រាវ ក្រុមហ៊ុនApple លក់បានតិចជាងមុន និងប្រឈមនឹងចំណូលដែលចាប់ផ្តើមធ្លាក់…

    Apple បានព្យាករថា ប្រាក់ចំណូលរបស់ខ្លួននឹងកើនឡើងដល់ 67ពាន់លានដុល្លារ។ Apple ក៏បានបន្ថែមទៀតដែរថា ដោយសារតែហាងភាគច្រើននៅក្នុងប្រទេសចិន ត្រូវបានបិទទ្វារ ឬធ្វើការតិចម៉ោងជាងមុន ដូច្នេះផលិតផលរបស់ Apple នឹងលក់បានតិចជាងមុន។

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបាននិយាយថា ការផលិត និងការលក់ត្រូវបានទទួលរងផលប៉ះពាល់ ហើយការផ្គត់ផ្គង់ទូរស័ព្ទ iPhone ទូទាំងពិភពលោក នឹងត្រូវបានរារាំងជាបណ្តោះអាសន្ន។

    សូមជម្រាបជូនថា Apple គឺជាក្រុមហ៊ុនធំដំបូងគេបង្អស់របស់សហរដ្ឋអាមេរិក ដែលបាននិយាយថា ការឆ្លងរាលដាលរបស់មេរោគកំណាចនេះ នឹងប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ខ្លួន៕

  • Facebook ចូលរួមជួយជាពិសេស ដោយការរឹតត្បិតការផ្សព្វផ្សាយដំណឹងមិនពិតអំពីវីរុសកូរ៉ូណា

    Facebook ចូលរួមជួយជាពិសេស ដោយការរឹតត្បិតការផ្សព្វផ្សាយដំណឹងមិនពិតអំពីវីរុសកូរ៉ូណា

    ក្រុមហ៊ុន Facebook បានប្រកាសក្នុងវេបសាយរបស់ខ្លួនថា អ្នកជំនាញត្រួតពិនិត្យព័ត៌មានពិត ឬមិនពិត ដែលមានបណ្ដាញនៅទូទាំងពិភពលោករបស់ខ្លួន កំពុងបន្តកិច្ចការរបស់ពួកគេ ដោយនឹងត្រួតពិនិត្យ លើ មាតិកា និងការបង្ហោះព័ត៌មានមិនពិត ដែលបានចែកចាយលើបណ្ដាញសង្គមរបស់ខ្លួនទាក់ទងនឹងមេរោគវីរុសកូរ៉ូណា។

    ក្រោយពីការប្រកាសអាសន្នទូទាំងពិភពលោកចំពោះមេរោគវីរុសកូរ៉ូណា ពីសំណាក់អង្គការ​សុខ​ភាព​ពិភព​លោក (WHO)​ បណ្ដាញសង្គម Facebook ក៏បានចាប់ផ្ដើមចូលរួមជួយជាពិសេស ដោយនឹងធ្វើការរឹតត្បិតចំពោះការផ្សព្វផ្សាយព័ត៌មាន និងដំណឹងមិនពិតអំពីមេរោគកំណាចនេះ និងភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ដំណឹងមានប្រយោជន៍វិញ។

    នៅពេលដែលអ្នកលជំនាញកំណត់បានមាតិកាណាមួយថា ក្លែងក្លាយ Facebook នឹងធ្វើការរឹតត្បិតលើ មាតិកានោះមិនឱ្យ Reach ច្រើននៅលើ Facebook និង Instagram ហើយបង្ហាញព័ត៌មានពិតជំនួសវិញ។

    Facebook ក៏នឹងផ្ដល់ Notification ដល់អ្នកដែលបាន Share មាតិកាក្លែងក្លាយ ឬអ្នកដែលចង់ Share ដោយប្រាប់ថា មាតិកានោះបានឆ្លងកាត់ការត្រួតពិនិត្យរបស់អ្នកជំនាញហើយ និងត្រូវបានពួកគេកំណត់ថា ជាមាតិកាក្លែងក្លាយ។

    Facebook ក៏នឹងចាប់ផ្ដើមលុបចេញនូវមាតិកាក្លែងក្លាយ (Fake Content) ដែលត្រូវបានពិនិត្យដោយអង្គភាពសុខភាពពិភពលោក និងមន្ត្រីសុខភាពក្នុងស្រុក ដែលវាអាចប៉ះពាល់ដល់អ្នកប្រើ Facebook ដែល​ជឿ​លើ​មាតិកាទាំងនោះ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ប្រធាន​ CVEA ដាក់ចេញ​យុទ្ធសាស្ត្រ​អាទិភាព 3ចំណុច ដើម្បី​ដឹកនាំ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឆ្នាំ2020

    ប្រធាន​ CVEA ដាក់ចេញ​យុទ្ធសាស្ត្រ​អាទិភាព 3ចំណុច ដើម្បី​ដឹកនាំ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឆ្នាំ2020

    ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា ឬ​CVEA លោក ច្រឹ​ក សុខ​នី​ម បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចំនួន 3ចំណុច ក្នុងការ​ដឹកនាំ​សមាគម ក៏ដូចជា​ការគូសវាស និង​តម្រង់ទិស ដើម្បី​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក​ក្នុង​អាណត្តិ​ទី6 ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ2019 មកដល់​ឆ្នាំ2020នេះ។ លោក ច្រឹ​ក សុខ​នី​ម បានបង្ហាញ​គោលការណ៍ និង​យុទ្ធសាស្ត្រ​សំខាន់​ចំនួន 3ចំណុច ដែល​នឹងត្រូវ​យកមកអនុវត្ត​បន្ថែម​លើ​ផែនការ​យុទ្ធសាស្ត្រ​របស់​សមាគម​ដែលមាន​កន្លងមក។

    ក្នុង​អាណត្តិ​ទី6 ឆ្នាំ2019-2020 នេះ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម CVEA បានដាក់​ចេញ​នូវ​គោល​យុទ្ធសាស្ត្រ 3 ជា​អាទិភាព សម្រាប់​ប្រើប្រាស់​ជា​ផែនការមេ និង​ជា​ផែនទី​បង្ហាញផ្លូវ ដែល​តម្រង់ទិស​ប្រតិបត្តិការ ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ទិសដៅ និង​គោលបំណង​របស់​សមាគម។ ក៏ដូចជា​ជួយ​ធានា និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

    ប្រធាន​សមាគម CVEA បានឱ្យដឹងថា គោលការណ៍ និង​ផែនការ​យុទ្ធសាស្ត្រ​អាទិភាព​ទាំង 3ចំណុច​នោះ​មានដូចជា៖

    យុទ្ធសាស្ត្រ​ទី1 ការធានា​ឱ្យបាន​ដំណោះស្រាយ​ជា​អាទិភាព ចំពោះ​ការលើកកម្ពស់​ការអភិវឌ្ឍ​របស់​សមាជិក៖ នៅត្រង់ចំណុច​នេះ លោក​ផ្តោតទៅលើ​ការផ្តល់​ចំណេះដឹង​ដល់​សមាជិក តាមរយៈ​ការផ្តល់​ជា​វគ្គ​បណ្តុះបណ្តាល​នានា ដល់​សមាជិក 3ប្រភេទ ដែល​រួមមាន៖ អ្នកវាយតម្លៃ​អចលនទ្រព្យ ភ្នាក់ងារ​អចលនទ្រព្យ និង​អ្នកគ្រប់គ្រង​អចលនវត្ថុ។ លោក​ជឿជាក់ នៅពេលដែល​សមាជិក​ទាំ​ង​អស់​ទទួលបាន​ចំណេះដឹង​ពី​អចលនវត្ថុ​បាន​ជ្រៅជ្រះ​ហើយ នឹងធ្វើ​ឱ្យ​សមាជិក​ទាំងអស់​មាន​ទុន ដើម្បី​ប្រក​បរបរ​អចលនទ្រព្យ ក៏ដូចជា​គ្រប់គ្រង​អចលនទ្រព្យ​បាន​ត្រឹមត្រូវ ដើម្បី​ឈានទៅរក​ភាពជោគជ័យ​ទាំងអស់គ្នា។

    ជាងនេះទៅទៀត លោក​បន្ថែមថា យុទ្ធសាស្ត្រ​នេះ ក៏​ចង់​ពង្រឹង​ការទំនាក់ទំនង​របស់​សមាគម​លើ​ឆាក​អន្តរជាតិ ដើម្បី​បង្កើន​ចំណេះដឹង​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​វគ្គ​សិក្សាថ្មីៗបន្ថែម ដែល​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ដល់​សមាជិក​ថែមទៀត។

    យុទ្ធសាស្ត្រ​ទី2 ការបង្កើត​នូវ​ភាពងាយស្រួល និង​គុណ​តម្លៃ​សម្រាប់​ការចូលរួម​របស់​សមា​ជិ​ក​ភាព៖ លោក ច្រឹ​ក សុខ​នី​ម បាន​បញ្ជាក់ដែរថា កាលពីមុន ដើម្បី​ចូល​ជា​សមាជិកសមាគម អាចមាន​តម្លៃ​ថ្លៃ តែ​មកដល់​បច្ចុប្បន្ន សមាគម​នឹង​កាត់បន្ថយ​បញ្ហា​នេះ ហើយ​ព្យាយាម​ជំរុញ​សមាជិក​ឱ្យ​ពួកគាត់​អាច​ចូលរួម​ជាមួយ​សមាគម​ឱ្យបាន​កាន់តែច្រើន តាម​លទ្ធភាព​របស់​ពួកគាត់។ លោក​បន្តថា សមាគម​ក៏​ព្យាយាម​បណ្តុះបណ្តាល និង​ជួយ​សម្រួល​ផល​លំបាក​របស់គាត់​ក្នុង​វិស័យ​អចលនទ្រព្យ​ឱ្យ​កាន់តែ​ផុលផុស។ ជាងនេះទៀត ការបង្កើត​ក្រុមប្រឹក្សា​យោបល់​ទៅលើ​ផ្នែក​ច្បាប់  ដែល​នឹងត្រូវ​លើក​យកមក​សិក្សា​ដើម្បីឱ្យ​ការធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​កាន់​តែមាន​ភាពល្អប្រសើរ ដែលមាន​ការធានា​ដោយ​ច្បាប់។

    និង​យុទ្ធសាស្ត្រ​ទី3 ពង្រីក​វប្បធម៌​នៃ​ការឱ្យ​តម្លៃ​ការងារ​ជា​ក្រុម ប្រកបដោយ​សមធម៌៖ យុទ្ធសាស្ត្រ​នេះ គឺ​សមាគម​សំដៅ​ដល់​ការពង្រឹង​គុណភាព​ការធ្វើការងារ​ជា​ក្រុម​របស់​សមាជិកសមាគម ដោយ​មិនមាន​ផ្នត់គំនិត​រើស​អើ​ស ឬ​មិនឱ្យ​តម្លៃ​គ្នា​នោះឡើយ តាមរយៈ​ការ​ផ្តោតលើ​ជំនួយ​បច្ចេកទេស និង​ប្រឹក្សា​យោបល់​ទៅលើ​ការធ្វើ​អាជីវកម្ម​ដល់​សមាជិក ក្នុងន័យ​ពង្រឹង​កិច្ចការ​ផ្ទៃ​ការ​ក្នុង​របស់​សមាគម ហើយ​សមាជិក​ទាំងអស់​របស់​សមាគម ត្រូវបាន​ចាត់ទុកជា​ដៃគូ ដើម្បី​ធ្វើការ​រួមគ្នា ផ្តល់ឱកាស​ឱ្យ​គ្នាព្រមទាំង​ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ដើម្បី​សម្រេច​យុទ្ធសាស្ត្រ​របស់​សមាគម និង​ឈានទៅ​ឆ្លើយតប​តម្រូវការ​វិស័យ​អចលនទ្រព្យ​កម្ពុជា។

    យ៉ាងណាក្ដី ដើម្បី​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចេញ​នេះ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក​ ច្រឹ​ក សុខ​នី​ម ក៏បាន​អំពាវនាវ និង​ជំរុញ​ឱ្យ​សមាជិកសមាគម​ទាំងអស់ បង្កើន​ការសហការ កំណត់​បញ្ហាព្រមទាំង​លើកយក​បញ្ហា​មក​ពិភាក្សា​រួមគ្នា សម្រាប់​ប្រើប្រាស់​ជា​ផែនការមេ និង​ជា​ផែនទី​បង្ហាញផ្លូវ​ដែល​តម្រង់ទិស​ប្រតិបត្តិការ ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ទិសដៅ និង​គោលបំណង​របស់​សមាគមក៏ដូចជា​ជួយ​ធានា និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ឱ្យ​កាន់តែច្រើន។

    ក្រៅពី​ដាក់ចេញ​យុទ្ធសាស្ត្រ​អាទិភាព​ចំនួន 3ចំណុច ដើម្បី​ដឹកនាំ​នាវា​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឆ្នាំ2020 នេះដែរ។ តំណាង​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូបនេះ ក៏បាន​បង្ហាញ​ការយល់ឃើញ​ចំពោះ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែរ​ថា នឹង​នៅតែ​បន្ត​មានការ​រីកចម្រើន​ជា​វិជ្ជមាន។ ជាមួយគ្នា​នោះ លោក​ក៏បាន​អះអាង​ទៀត​ដែរ​ថា វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ2020 នឹង​នៅតែ​ល្អប្រសើរ មិន​ខុសគ្នា​ពី​ឆ្នាំ2019 ប៉ុន្មាន​ឡើយ។

    យ៉ាងណាក្ដី ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូបនេះ​បាន​អះអាងថា ដើម្បី​ឱ្យិ​វិស័យនេះ​កាន់តែ​មានការ​រីកចម្រើន​នោះ គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​រវាង​ភាគី​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ខណៈដែល​បច្ចុប្បន្ន​លោក​មើលឃើញ​នូវ​ភាពខ្វះ​ចន្លោះ​ចំពោះ​ទិន្ន័យទីផ្សារ​អចលនទ្រព្យ ដោយ​មិនទាន់​រួមគ្នា​ធ្វើ​រវាង​រដ្ឋ និង​ឯកជន​នៅឡើយ៕

  • កូរ៉េខាងត្បូង​នឹង​បង្កើន​ការវិនិយោគ ខណៈ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-កូរ៉េ កើន​ដល់​ជាង 1ពាន់​លាន​ដុល្លារ

    កូរ៉េខាងត្បូង​នឹង​បង្កើន​ការវិនិយោគ ខណៈ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-កូរ៉េ កើន​ដល់​ជាង 1ពាន់​លាន​ដុល្លារ

    ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េខាងត្បូង​លោក មូ​នជេ​អុីន (Moon Jae-In) បាន​សន្យា​ជាមួយ​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថា នឹង​ជំរុញ​អ្នកវិនិយោគ​កូរ៉េខាងត្បូង​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត។ ជាពិសេស​ចាប់​ឱកាស​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ។

    លោក Moon Jae-In ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េខាងត្បូង បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ជំនួប​ស្វាគមន៍ និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2020 នៅ​ទីក្រុង​សេ​អ៊ូ​ល ជាទី​ដែលសម្តេចនាយក​រដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក ឆ្នាំ2020 របស់​អង្គការ​សហព័ន្ធ​សន្តិភាព​សកល។

    ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ប្រធានាធិបតី​កូរ៉េ បានកត់សម្គាល់​ពី​ការរីកចម្រើន​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង2 ដែល​បាន​ឈានដល់​ដំណាក់កាល​ដ៏​ល្អប្រសើរ​មួយនា​ពេលបច្ចុប្បន្ន។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើងថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​កាលពី​ឆ្នាំមុន​បាន​កើន​ឡើងដល់​ជាង 1ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​សម្ដេច​បានលើកឡើង​ពី​លទ្ធផល​ផ្លែផ្កា ដែលជា​លទ្ធផល​នៃ​ចំណងទាក់ទង​ដ៏​រឹងមាំ​រវាង​ប្រទេស​ទាំង2។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាស​ព័ត៌មាន​នេះ នៅក្នុង​ជំនួប​ជាមួយ​ប្រជាជន​កម្ពុ​ជាជាង 1,000នាក់ កាលពី​ថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2020 នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​សហព័ន្ធ​សន្តិភាព​ពិភពលោក (the Universal Peace Federation ឬ UPF) កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ2020 ដែល​ព្រឹត្តិការណ៍​នេះ​បានបញ្ចប់​នៅ​ថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2020។

    សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី(កម្ពុជា-កូរ៉េ) មានតម្លៃ​សរុប 1,032ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ
    2019។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង មាន​ចំនួន 335លាន​ដុល្លារ ខណៈ​កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​កូរ៉េ​វិញ មានតម្លៃ 696លាន​ដុល្លារ។ កម្ពុជា​បាន​នាំចូល​ក្រណាត់​កូ​តុង ភេសជ្ជៈ គ្រឿង​អេឡិចត្រូនិក រួមទាំង​ឧបករណ៍ប្រើប្រាស់​ក្នុងស្រុក ឱសថ និង​ផលិតផល​ប្លា​ស្ទិ​ក មកពី​ប្រទេស​កូរ៉េខាងត្បូង។

    សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា៖“នេះ​គឺជា​អតុល្យភាព​ក្នុង​ពាណិជ្ជកម្ម ហើយ​នេះ​ដោយសារតែ​តម្រូវការ​របស់​យើង​មាន​ខ្ពស់ សម្រាប់​ទំនិញ​របស់​កូរ៉េខាងត្បូង ដែល​ភាគច្រើន​ជា​រថយន្ត និង​ទូរទស្សន៍ ហើយ​ទំហំ​ពាណិជ្ជកម្ម​នឹងមិន​កើនឡើង​ទេ បើ​គ្មាន​ទំនាក់ទំនង​ការទូត​ល្អ រវាង​ប្រទេស​ទាំង2”។

    គិត​ចាប់ពី​ឆ្នាំ1994 ដល់​ឆ្នាំ2019 គម្រោង​វិនិយោគ​របស់​កូរ៉េខាងត្បូង ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) មាន​ចំនួន 215គម្រោង ក្នុង​ទំហំ​ទឹកប្រាក់​ជិត 5ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ​មាន 123គម្រោង បាន​វិនិយោគ​ទៅលើ​រោងចក្រ ជាមួយ​ទុនវិនិយោគ 486លាន​ដុល្លារ បង្កើត​ការងារ​ជូន​ប្រជាជន​បាន​ប្រមាណ 8ម៉ឺន​កន្លែង។ កូរ៉េខាងត្បូង​ក៏​ជា​ប្រទេស​ទី2 ផងដែរ ជា​អ្នកវិនិយោគ​បរទេស​ផ្ទាល់ ធំជាងគេ​នៅ​កម្ពុជា​បន្ទាប់ពី​ចិន។ នេះ​ជាការ​កត់សម្គាល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅក្នុង​កូរ៉េខាងត្បូង។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា “ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-កូរ៉េ បាន​កើន​ឡើងជា​លំដាប់ ហើយ​ការកើនឡើង​នេះ​មិនអាច​កាត់​ផ្តាច់ចេញ​បាន​ទេពី​ទំនាក់ទំនង​ការទូត​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​កូរ៉េ”។

    សម្តេច​ក៏បាន​លើកឡើង​អំពី​ផ្លែផ្កា​នៃ​ទំនាក់ទំនង​ការទូត​យ៉ាង​ល្អ​នេះ ដែល​ធ្វើឱ្យ​កម្ពុជា អាច​នាំចេញ​ផ្លែស្វាយ​ដោយផ្ទាល់​មកកាន់​ប្រទេស​កូរ៉េ ចាប់តាំងពី​ខែមករា ឆ្នាំ2020 មក។ ការនាំចេញ​ផ្លែស្វាយ​ទៅកាន់​ប្រទេស​កូរ៉េ​នេះ គឺជា​ការរីកចម្រើន​ថ្មី​របស់​កម្ពុជា ដែល​អាច​តម្រូវ​បាន​តាម​ស្តង់ដា​ទីផ្សារ​ក្នុងប្រទេស​ជឿនលឿន ដូចជា​ប្រទេស​កូរ៉េខាងត្បូង​នេះ​ជាដើម។

    ការនាំចេញ​ផ្លែស្វាយ​ទៅទីផ្សារ​ប្រទេស​កូរ៉េ​ដ៏​ធំ​នេះ ផ្តល់ឱកាស​ដល់​អ្នក​ដាំ​ស្វាយ​នៅ​កម្ពុជា ពង្រីក​អាជីវកម្ម​របស់ខ្លួន​កាន់តែ​ធំ​ជាង​មុន ព្រោះថា ផ្លែស្វាយ​ទាំងនោះ​មិនមែន​ត្រឹមតែ​ផ្គត់ផ្គង់​សម្រាប់តែ​ប្រជាជន​កូរ៉េ​ជាង 50លាន​នាក់​នោះទេ គឺអាច​ផ្គត់ផ្គង់​ដល់​ភ្ញៀវទេសចរ​ដែល​មកលេង​ប្រទេស​កូរ៉េ​ផងដែរ។

    សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា៖“ប្រភព​ទីផ្សារ​ដែល​យើង​នាំមក​កូរ៉េ វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ការដាំដុះ​នៅ​ប្រទេស​កម្ពុជា ហើយ​យើង​កំពុងតែ​ស្វែងរក​ឱកាស​ក្នុង​ការនាំចេញ​នូវ​មុខទំនិញផ្សេងៗបន្ថែមទៀត អ៊ីចឹង​ផ្លែស្វាយ​កម្ពុជា មិន​អន់​ជាង​ផ្លែស្វាយ​របស់​បណ្ដា​ប្រទេស​អាស៊ាន​ប៉ុន្មាន​ទេ”។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​អ្នក​នាំចេញ​ស្វាយ​មកកាន់​ប្រទេស​កូរ៉េ​ទាំងអស់​ដែរ​ថា សូម​គោរព​តាម​ស្តង់ដា​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ ធ្វើយ៉ាងណា​កុំ​រកស៊ី​លក់​ផ្លូវ ដែលនាំឱ្យ​ប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់ខ្លួន​ផង និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ ប្រទេសជាតិ​ផងដែរ។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជា​ក់ទៀត​ដែរ​ថា៖“តាំងពី​ឆ្នាំ1996 ដល់​ឆ្នាំ2018 កូរ៉េខាងត្បូង​បានផ្តល់​ជំនួយឥតសំណង​ជាង 300លាន​ដុល្លារ​អាមេរិក ហើយ​ឆ្នាំ2019 កន្លងទៅ​ជំនួយឥតសំណង មាន 17លាន​ដុល្លារ និង​ឆ្នាំ2020 កូរ៉េ​គ្រោង​នឹង​ផ្តល់ឱ្យ​កម្ពុជា 24លាន​ដុល្លារ​ថែមទៀត។ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ2019 កូរ៉េខាងត្បូង​ផ្តល់​កម្ចី​សម្រាប់​ការអភិវឌ្ឍ​ប្រមាណ 889 លាន​ដុល្លារ បើក​ប្រើប្រាស់​អស់ 442លាន​ដុល្លារ ហើយ​ការត្រៀម​ផ្តល់នៅ​ឆ្នាំ2019 ដល់​ឆ្នាំ 2023 ប្រមាណ 700លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​ការអភិវឌ្ឍន៍​គម្រោង​ចំនួន10”។

    ជាមួយគ្នានេះ រដ្ឋាភិបាល​ទាំង2 បាន​ផ្លាស់ប្តូរ​យោបល់​គ្នា ដើម្បី​ជំរុញ​ការវិនិយោគ​ពាណិជ្ជកម្ម និង​ទេសចរណ៍ រួមទាំង​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង2 ទៀតផង។ បច្ចុប្បន្ននេះ មាន​ជើងហោះហើរ​ចំនួន 50ជើង​ក្នុង 1សប្តាហ៍ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង ដែល​ស្ថិត​ក្នុងចំណោម​ចំណាត់ថ្នាក់​ទាំង10 សម្រាប់​ការមកដល់​នៃ​ទីផ្សារ​ទេសចរណ៍​កម្ពុជា។ កាលពី​ឆ្នាំមុន ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​សរុប ចំនួន 254,874នាក់ មកពី​ប្រទេស​កូរ៉េ ដែល​នេះ​ជាការ​ថយចុះ 15% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន(2018)។

    លើសពីនេះ​ទៀត ទំនាក់ទំនង​រវាង​ប្រទេស​ទាំង2 ក៏​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​កិច្ច​ជំនួប​នេះ​ផងដែរ​ថា មាន​និស្សិត​កម្ពុ​ជាជាង 400នាក់ កំពុង​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ និង​មាន​ពលករ​ខ្មែរ​ជាង 65,000នាក់​កំពុងធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ។ បើតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ហើយ​ពលករ​ទាំង​នោះបាន​ផ្ញើ​ប្រាក់​ប្រមាណ 400លាន​ដុល្លារ​ទៅ​ឪពុកម្តាយ​របស់​ពួកគេ​ជា​រៀងរាល់ឆ្នាំ។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​កូរ៉េ បានចាប់ផ្តើម​បង្កើតឱ្យមាន​ការចរចា ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-កូរ៉េ ដែលជា​ឱកាស​ឱ្យ​កម្ពុជា ពង្រីក​អាច​ទីផ្សារ​នៅ​ប្រទេស​កូរ៉េ​កាន់តែ​ធំ​ឡើង។

    សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា៖“រដ្ឋាភិបាល​ទាំង2 បានចាប់ផ្តើម​ធ្វើការ​សិក្សា​លើ​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី នៅពេល​វា​ក្លាយជា​ការពិត វា​នឹង​អនុញ្ញាតឱ្យ​ប្រទេស​កម្ពុជា​មានឱកាស​មួយទៀត ដើម្បី​ពង្រីក​ទីផ្សារ​របស់ខ្លួន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង”។

    កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំមុន កិច្ចព្រមព្រៀង​ដើម្បី​ធ្វើការ​សិក្សា​លើ​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី ត្រូវបាន​ចុះហត្ថលេខា​រវាង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កូរ៉េខាងត្បូង លោក Yoo Myung-hee  ជាមួយ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​ប៊ូសាន​ប្រទេស​កូរ៉េខាងត្បូង ដែល​អាច​ត្រូវ​ចំណាយពេល 1ឆ្នាំ​ក្នុង​ការសិក្សា។

    កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​យន្តការ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ដែល​នឹង​ជួយ​ក្រុមហ៊ុន​កូរ៉េខាងត្បូង ឱ្យ​ជ្រាបចូល​កាន់តែ​ជ្រៅ​មក​ក្នុងប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះជាមួយនឹង​សក្តានុពល​នៃ​កំណើន​ដ៏​លេចធ្លោ ខណៈដែល​វា​ក៏​អនុញ្ញាតឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក្លាយជា​ទីផ្សារ​សក្តានុពល​ថ្មី​សម្រាប់​ការនាំចេញ​របស់ខ្លួន​ផងដែរ។

    សូមជម្រាបថា ប្រទេស​កូរ៉េខាងត្បូង មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​បាន​ចូល​ជា​ធរមាន​ជាមួយ​ប្រទេស​សិង្ហ​បុរី ក្នុង​ឆ្នាំ2006 និង​ជាមួយ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ2015។

    ដោយឡែក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​សហព័ន្ធ​សន្តិភាព​ពិភពលោក (UPF) ថា ប្រធានបទ​នៃ​វេទិកា​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់ និង​ចាំបាច់ ស្រប​ពេលដែល​ប្រជាជាតិ​ទាំងអស់​ក្នុង​ពិភពលោក កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដែល​បង្ក​ផលប៉ះពាល់ និង​គំរាម​ដល់​សន្តិភាព កំណើនសេដ្ឋកិច្ច វិបុលភាព និង​ភាពសុខដុមរមនា​រប​ស់​ប្រជាជន​ក្នុង​សកលលោក។

    សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាន​យល់ច្បាស់​ថា ការបន្ត​រក្សាបាន​នូវ​សន្តិភាព គឺ​មិនអាច​កាត់ផ្ដាច់​បាន​ពី​ការ​ផ្ដល់ឱកាស​ស្មើគ្នា​ជូន​ប្រជាជន គ្រប់រូប​នូវ​ផ្លែផ្កា​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​អភិវឌ្ឍន៍​ធនធានមនុស្ស​ឱ្យ​ក្លាយជា​ធនធាន​ដែលមាន​សក្តានុពល​មិនចេះ​រីងស្ងួត​ផងដែរ។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ប្រទេស​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី1 ក្រោម​ប្រធានបទ“ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម”នៅ​ខែវិច្ឆិកា ឆ្នាំ2020 ខាងមុខ ក្នុង​គោលបំណង​បង្កើត​ការមូល​មតិ​គ្នា​ជា​អន្តរជាតិ ប្រកបដោយ​ថាមពលស្ដីពី​សារៈសំខាន់​នៃ​ក្របខ័ណ្ឌ​ពហុភាគី​ក្នុងការ​ដោះស្រាយ​បញ្ហា និង​ការ​ប្រឈម​របស់​ពិភពលោក៕

  • ក្រុមហ៊ុនផលិតបច្ចេកវិទ្យាការពាររបស់អ៊ីស្រាអែល បង្កើតបានប្រព័ន្ធកម្ទេច Drone ពីចម្ងាយដោយប្រើឡាស៊ែរ (វីដេអូ)

    ក្រុមហ៊ុនផលិតបច្ចេកវិទ្យាការពាររបស់អ៊ីស្រាអែល បង្កើតបានប្រព័ន្ធកម្ទេច Drone ពីចម្ងាយដោយប្រើឡាស៊ែរ (វីដេអូ)

    យោងតាមប្រភពពី Popular Mechanics បានឱ្យដឹងថា ប្រព័ន្ធ “Drone Dome” អាចចាប់សញ្ញាវត្ថុដែលមានទំហំតូចដល់ 0,002ម៉ែត្រការ៉េ ក្នុងរយៈចម្ងាយពី 3.5 គីឡូម៉ែត្របាន។

    Rafael Advanced Defense Systems Ltd គឺជាក្រុមហ៊ុនផលិតបច្ចេកវិទ្យាការពាររបស់អ៊ីស្រាអែល កាល​ពី​ថ្មីៗនេះបានបង្ហាញវីដេអូពិសេសនៃ “Drone Dome” ដែលជាប្រព័ន្ធកម្ទេច Drone ពីចម្ងាយ ដោយប្រើប្រាស់ឡាស៊ែរថាមពលខ្ពស់។

    បើមើលតាមឃ្លីបវីដេអូ បានបង្ហាញថា Drone ដែលគេដាក់ឈ្មោះឱ្យថា “សត្រូវ” ត្រូវបានចាប់សញ្ញា ចាប់ទីតាំង និងដាក់ជាគោលដៅ ក្រោយមកប្រព័ន្ធ “Drone Dome” បានចាប់ផ្ដើមបាញ់ឡាស៊ែរធ្វើឱ្យ “សត្រូវ” ឆេះធ្លាក់តែម្ដង៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • One Championship ប្រកាសផ្លាស់ប្តូរទីកន្លែងប្រកួតពីចិនទៅឥណ្ឌូនេស៊ីវិញ

    One Championship ប្រកាសផ្លាស់ប្តូរទីកន្លែងប្រកួតពីចិនទៅឥណ្ឌូនេស៊ីវិញ

    ការប្រកួតប្រដាល់ក្បាច់គុនចម្រុះ One Championship បានប្រកាសលើកការប្រកួតដោយធ្វើការផ្លាស់ប្តូរទឹកដីប្រកួតឱ្យឆ្ងាយពីប្រទេសចិន ព្រោះតែវីរុសកំណាចកូរ៉ូណា។

    ព្រឹត្តិការណ៍ ONE Championship ដែលគ្រោងរៀបចំនៅក្រុង Chongqing ប្រទេសចិននាថ្ងៃទី11 ខែមេសា ឆ្នាំ2020 ត្រូវប្ដូរមកថ្ងៃទី10 ខែមេសា ឆ្នាំ2020 នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី វិញ។

    គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី11 មេសាខាងមុខ ក្រៅពីកម្មវិធីប្រកួតនៅឯទីក្រុង ឆុងជីង ប្រទេសចិនសម្រាប់ឆ្នាំ2020 របស់ One Championship នេះហើយ ក៏មាននៅទីក្រុង2 ទៀតរបស់ប្រទេសចិន ក៏មានកម្មវិធីប្រកួតផងដែរ គឺស៊ាងហៃ នៅថ្ងៃសៅរ៍ ទី20 មិថុនា និងប៉េកាំង នៅថ្ងៃសៅរ៍ ទី31 តុលា៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អតីតអ្នកចាំទី Real Madrid ប្រជែងតំណែងប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ

    អតីតអ្នកចាំទី Real Madrid ប្រជែងតំណែងប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ

    Iker Casillas អតីតកីឡាករចាំទី Real Madrid បានប្រកាសថា ខ្លួនកំពុងតែឈរឈ្មោះជាប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញសម្រាប់អាណត្តិថ្មីខាងមុខនេះ។

    មកទល់ពេលនេះ អស់រយៈពេល 10ខែមកហើយ ដែល Iker Casillas ពុំដែលបានបង្ហាញខ្លួនក្នុងទីលានម្តងឡើយ ហើយសម្រាប់អាណត្តិប្រធានសហព័ន្ធបាល់ទាត់ថ្មីខាងមុខ គ្រោងនឹងធ្វើការបោះឆ្នោតនាចុងឆ្នាំ2020 នេះ។ បេក្ខភាពដែលអតីតអ្នកចាំទីរូបនេះត្រូវប្រជែងនោះ គឺលោក Luis Rubiales ដែលជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញបច្ចុប្បន្ន។

    គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ អតីតកំពូលអ្នកចាំទីអេស្ប៉ាញ Iker Casillas បានប្រកាសព្យួរស្រោមដៃអ្នកចាំទីរបស់ខ្លួន ក្រោយពីមានបញ្ហាបេះដូងកាលពីពេលកន្លងទៅ៕

  • ផ្ទុះ​អាវុធ​នៅ​ថៃ​ទៀត​ហើយ​! ខ្មាន់​កាំភ្លើង​ម្នាក់ បាញ់​សម្លាប់​មនុស្ស​នៅ​កណ្ដាល​ទី​ក្រុង​បាង​កក​

    ផ្ទុះ​អាវុធ​នៅ​ថៃ​ទៀត​ហើយ​! ខ្មាន់​កាំភ្លើង​ម្នាក់ បាញ់​សម្លាប់​មនុស្ស​នៅ​កណ្ដាល​ទី​ក្រុង​បាង​កក​

    បុរស​ម្នាក់​បាន​បាញ់​សម្លាប់​​អតីត​ភរិយា​របស់​ខ្លួន ហើយ​ក៏​បាន​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ដែល​ករណី​នេះ ​បាន​កើត​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ កាល​ពី​ល្ងាច​ថ្ងៃទី​18កុម្ភៈ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​អំពើ​បាញ់​រះ​សម្លាប់​មនុស្ស​29នាក់ នៅ​​ភាគឦសាន​ប្រទេស​នេះ​។

    សារ​ព័ត៌មាន​ AFP បាន​រាយ​ការណ៍​ថា ករណី​ផ្ទុះ​អាវុធ​នេះ កើត​ឡើង​នៅ​ឯមជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ Century The Movie Plaza នៅ​ក្បែរ​វិមាន​ជ័យ​ជំនះ​ ក្នុង​ទី​ក្រុង​បាងកក​ នៃ​ប្រទេស​ថៃ កាល​ពី​វេលា​ម៉ោង​15និង​22​នាទីល្ងាច​ ថ្ងៃទី​18កុម្ភៈ (ម៉ោង​ក្នុង​ស្រុក)។

    “មនុស្ស​ម្នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួស​”។ នេះ​បើ​តាមការ​ឱ្យ​ដឹង​ពី​​មន្ត្រី​​នគរ​បាល​ម្នាក់​ ឈ្មោះ Kissana Pattanacharoen។

    ខ្មាន់​កាំភ្លើង​បាន​គេច​ខ្លួន​បាត់​ស្រមោល​ពី​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម ក្រោយ​ពី​បាន​បង្កហេតុ។ នគរ​បាល​ឱ្យ​ដឹង​ថា ពួកគេ​កំណត់​បាន​អត្ត​សញ្ញាណ​ជន​សង្ស័យរួច​ហើយ​​ និង​កំពុង​តាម​ចាប់​ជន​នេះ​។

    ខ្មាន់​កាំភ្លើង​បាន​ចូល​ទៅ​ក្នុង​ហាងថែ​រក្សា​​សម្ផស្ស​មួយ​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ Century The Movie Plaza​ ជា​កន្លែង​ដែល​អតីត​ភរិយា​​របស់​ខ្លួន​កំពុង​ធ្វើ​ការ​។ ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​ស្ត្រី​ជា​អតីត​ភរិយា​​ និង​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​នៅ​ក្បែរ​នោះ រង​របួស​។

    អាជ្ញា​ធរ​ទី​ក្រុង​បាងកក​ បាន​អះអាង​ថា ករណី​នេះ​ កើត​ឡើង​ដោយ​សារ​បញ្ហា​ផ្ទាល់​ខ្លួន​ និង​ថា វា​មិន​មែន​ជា​ករណី​បាញ់​រះ​ដែល​​ដូច​ទៅ​នឹង​ករណី​ដែល​បាន​កើត​ឡើង​នៅ​ទី​ក្រុង​ Nakhon Ratchasima កាល​ពី​​10ថ្ងៃ​មុន​នោះ​ទេ។

    កង​កម្លាំង​មាន​សមត្ថ​កិច្ច បាន​ឡោម​ព័ទ្ធ​តំបន់​កើត​ហេតុ និង​បាន​រក​ឃើញ​សម្បក​គ្រាប់​ចំនួន​7 នៅ​កន្លែង​កើត​ហេតុ​។ មន្ត្រី​ជំនាញ បាន​សង្ស័យ​ថា ករណី​នេះ កើត​ឡើង​ដោយ​សារ​​ការ​​ប្រចណ្ឌ​។ ស្ត្រី​​រងគ្រោះ​បាន​បាត់​បង់​ជីវិត​ភ្លាម​ៗ ដោយ​សារ​ត្រូវ​គ្រាប់​ចំនួន​ពី​ 3-4គ្រាប់​ នៅ​ត្រង់​ក្បាល​ និង​ដង​ខ្លួន​។

    នៅ​​ដើម​ខែ​នេះ ក៏មាន​ករណី​ផ្ទុះ​អាវុធ​សម្លាប់​មនុស្ស​​នៅ​ប្រទេស​ថៃផង​ដែរ។ ករណី​បាញ់​រះ​នោះ បង្ក​ឡើង​ដោយ​មន្ត្រី​យោធា​ម្នាក់ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់ដល់​ទៅ​​​29នាក់ នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ Termiinal 21 ក្នុង​ទីក្រុង​ Nakhon Ratchasima ភាគ​ឦសាន​ប្រទេស​នេះ​។

    កាល​ពី​ដើម​ឆ្នាំ​នេះ ក៏មាន​ករណី​បាញ់​សម្លាប់​មនុស្ស​នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​មួយ​ក្នុង​ទីក្រុង​ Lopburi ភាគ​កណ្ដាល​ប្រទេស​ថៃ។ ខ្មាន់​កាំភ្លើង​ម្នាក់ បាន​បាញ់​សម្លាប់​មនុស្ស​ចំនួន3នាក់ ក្នុង​នោះ​មាន​កុមារ​អាយុ​2ឆ្នាំ​ម្នាក់​។ ករណី​នេះ ក៏បាន​បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស​​4នាក់​ នៅ​ពេល​ខ្មាន់​កាំភ្លើង​បាន​ចូល​ប្លន់​ហាង​លក់​គ្រឿង​អលង្ការ​មួយ​កន្លែង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទូរស័ព្ទអេក្រង់បត់ Samsung Galaxy Flip តម្លៃប៉ុណ្ណឹង ចង់បានអត់? (មាន​វីដេអូ)

    ទូរស័ព្ទអេក្រង់បត់ Samsung Galaxy Flip តម្លៃប៉ុណ្ណឹង ចង់បានអត់? (មាន​វីដេអូ)

    តាំងពីថ្ងៃទី14 ខែកុម្ភៈ 2020 កន្លងមក ក្រុមហ៊ុន Samsung បានប្រកាសបើកលក់ Galaxy Z Flip ដែលប្រកាសចេញមុនគេក្នុងកម្មវិធី Unpacked ។ វាពិតជាបានបង្ហាញថា Samsung មានការខ្វល់ខ្វាយខ្លាំងលើ ការអភិវឌ្ឍស្មាតហ្វូនអេក្រង់បត់ បន្ទាប់ពី Galaxy Fold ដែលបានប្រកាសចេញលក់កាលពីឆ្នាំមុន មានបញ្ហា​អេក្រង់ខ្លះៗ។

    Galaxy Z Flip ដែលកំពុងលក់នៅលើទីផ្សារបរទេសជាមួយតម្លៃ 1,380ដុល្លារ មានជម្រើសពណ៌ខ្មៅលាយផ្កាឈូកស្រាល ឬ ស្វាយ និងខ្មៅសុទ្ធ។

    Galaxy Z Flip មានបំពាក់ដោយអេក្រង់បត់ប្រភេទ AMOLED ទំហំ 6.7អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត​ 1080×2636 ភិកសែល។ អេក្រង់ទី2 ទំហំ 1.1អ៊ីញ ប្រភេទ Super AMOLED បន្ទះឈីប Snapdragon 855+ មាន RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128GB កាមេរ៉ាមេមានកម្រិត 12MP និងកាមេរ៉ាទី2 ប្រភេទ Ultra-Wide កម្រិត 12MP កាមេរ៉ា Selfie កម្រិត10MP ទ្រនាប់ស្គែនម្រាមដៃនៅផ្នែកចំហៀងផង និងថ្មទំហំ 3300mAh ដែលអាចសាកបានលឿន 15វ៉ាត់ និងសាកដោយមិនប្រើខ្សែក៏បានផងដែរ។

    សូមទស្សនាវីដេអូខាងក្រោម៖

  • ចប់ហើយ! ព្រោះតែវីរុសកូរ៉ូណា ពិព័រណ៍ស្មាតហ្វូនធំប្រចាំឆ្នាំ MWC ប្រកាសមិនធ្វើទេនៅឆ្នាំនេះ

    ចប់ហើយ! ព្រោះតែវីរុសកូរ៉ូណា ពិព័រណ៍ស្មាតហ្វូនធំប្រចាំឆ្នាំ MWC ប្រកាសមិនធ្វើទេនៅឆ្នាំនេះ

    MWC តែងត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី24 ដល់ 27 ខែកុម្ភៈ នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ប៉ុន្តែអ្នករៀបចំកម្មវិធីបានសម្រេចរំសាយកម្មវិធីទាំងមូលចោល ដោយសារតែភ័យខ្លាចការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា។ កម្មវិធីតាំងបង្ហាញស្មាតហ្វូនធំប្រចាំឆ្នាំ MWC (Mobile World Congress) នឹងមិនមានការរៀបចំឡើងទេក្នុងឆ្នាំ2020 នេះ។

    មុនការរំសាយ MWC ចោល មានក្រុមហ៊ុនជាច្រើនបានប្រកាសមិនចូលរួមក្នុងកម្មវិធីនេះ និងមានខ្លះបានរំសាយចោលកម្មវិធីនេះ មុន MWC (Pre-MWC)ប្រកាសជូនដំណឹងទៅទៀត ដូច្នេះ ទើបដំណឹងនេះមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលខ្លាំងប៉ុន្មានឡើយ។

    ទោះជាយ៉ាងនេះក្ដី ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀតមិនទាន់បានប្រកាសពីដំណឹងចុងក្រោយជុំវិញព្រឹត្តិ​ការណ៍ Pre-MWC ដែលនឹងកើតមាននៅថ្ងៃទី22 និង 23 ខែកុម្ភៈនេះដែរ មានដូចជា Huawei, OPPO, Xiaomi និង Motorola ជាដើម។

    តែយ៉ាងណាក្ដី GSMA ដែលជាអ្នករៀបចំកម្មវិធីនេះ នៅតែទន្ទឹងរង់ចាំការប្រារព្ធកម្មវីធី MWC នេះ នៅឆ្នាំមុខ 2021 នាទីក្រុង Barcelona បន្តទៀត៕

    ប្រភព៖​ សារព័ត៌មាន​បរទេស