Category: សង្គម និងសេដ្ឋកិច្ច

  • វិធី​លាបម្សៅ​ទ្រនាប់​ និង​ម្សៅ​បិទបាំង​ស្នាម​ ឱ្យ​ត្រូវ​តាម​ក្បួន​

    វិធី​លាបម្សៅ​ទ្រនាប់​ និង​ម្សៅ​បិទបាំង​ស្នាម​ ឱ្យ​ត្រូវ​តាម​ក្បួន​

    តើ​អ្នក​គិតថា​ អ្នក​បាន​លាបម្សៅ​ទ្រនាប់​ និង​ម្សៅ​បិទបាំង​ស្នាម​បាន​ត្រូ​បតា​មក្បួន​ហើយ​ឬនៅ​? ចម្លើយ​គឺ​សម្តៅ​លើ​ ការ​យកចិត្ត​ទុកដាក់​ការពារ​ថែរក្សា​ផ្ទៃមុខ​ ដំណាក់កាល​នៃ​ការប្រើ​ប្រាស់​គ្រឿង​តុបតែង​មុខ​ ឬការពិនិត្យ​មើល​ឱ្យ​បាន​ហ្មត់ចត់​ជាដើម​។ គិត​មើល​ម្តង​ទៀត​ រួច​សឹម​ឆ្លើយ​ថា​ មែន​ ឬមិន​មែន​ ហើយ​ប្រសិនបើ​អ្នក​ចង់​ដឹង​ថា​ ទង្វើ​នៃ​ការ​តុបតែង​មុខ​របស់​អ្នក​ត្រឹមត្រូវ​បាន​ប៉ុណ្ណា​នោះ​សូម​ផ្ទៀងផ្ទាត់​ជាមួយ​របៀប​នៃ​ការ​លាប​ដ៏​ត្រឹមត្រូវ​ដូច​ខាងក្រោម​នេះ​៖

    ចាប់ផ្តើម​ដោយ​ការ​លាង​សម្អាត​ដៃ​របស់​អ្នក​ឱ្យ​បាន​ស្អាត​ ដើម្បី​កុំឱ្យ​មាន​ធូលី​ដី​ ឬមេរោគ​ផ្សេង​ៗទៅ​ប៉ះ​លើ​ផ្ទៃមុខ​តាមរយៈ​ដៃ​របស់​អ្នក​ ហើយ​វា​ក៏អាច​ធ្វើ​ឱ្យ​អ្នក​កើតមុន​ថែមទៀត​ផង​។ ចំណុច​បន្ទាប់​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​សម្អាត​ផ្ទៃមុខ​ ដោយ​ទឹក​សម្អាត​មុខ​ (toner​) រួច​បន្ត​ដោយ​ឡេ​ផ្តល់​ជាតិ​សំណើម​បន្តិច​ទៅលើ​ស្បែក​មុខ​របស់​អ្នក​។ ការ​ធ្វើបែប​នេះ​ គឺ​ដើម្បី​ជួយការ​ពារ​ស្បែក​មុខ​ និង​ជួយ​ឱ្យ​ការ​តុបតែង​មុខ​មាន​សភាព​ដូច​ធម្មជាតិ​ថែមទៀត​។ ដំណាក់កាល​បន្តម​កទៀត​គឺ​ ការ​លាបម្សៅ​បិទបាំង​ស្លាកស្នាម​។ ក្រោម​ភ្នែក​ និង​ស្នាម​តាម​កន្លែង​ផ្សេង​ៗទៀត​នៅ​លើ​ផ្ទៃមុខ​គឺជា​ទីតាំង​ដែល​អ្នក​ត្រូវការ​ជំនួយ​ពី​ម្សៅ​ប្រភេទ​នេះ​។ បន្ទាប់ពី​បិទបាំង​ស្នាម​ផ្សេង​ៗរួច​ គឺជា​ពេល​ដែល​អ្នក​ត្រូវ​លាបម្សៅ​ទ្រនាប់​។ បើ​អ្នក​ចង់ឱ្យ​ការ​តុបតែង​មុខ​របស់​អ្នក​ មើលទៅ​បែប​ធម្មជាតិ​នោះ​ សូម​ចាំ​ពាក្យ​មួយ​ឃ្លា​ថា​ “តិច​កាល​ណា​ល្អ​កាល​ហ្នឹង​”។ លាបម្សៅ​ហុយ​ពី​លើ​ភ្លាម​ៗ បន្ទាប់ពី​លាបម្សៅ​ទ្រនាប់​រួច​ ដើម្បី​ឱ្យ​ម្សៅ​ជ្រាប​ចូល​សាច់​មុខ​ល្អ​ និង​មិន​ប្រតាក​។ សម្រាប់​ការ​តុបតែង​ភ្នែក​ បន្ថែម​ពណ៌​ត្របកភ្នែក​ ពណ៌​ថ្ពាល់​ ឬក្រែមលាបមាត់​ជាដើម​ ដែល​ជា​ដំណាក់កាល​បន្តបន្ទាប់​មក​ទៀត​នោះ​ គឺ​អាស្រ័យ​ទៅតាម​ចំណង់​ចំណូលចិត្ត​ និង​ការ​និយម​របស់​អ្នក​ ប៉ុន្តែ​មុននឹង​បញ្ចប់​ការ​តុបតែង​មុខ​ សូម​ពិនិត្យ​មើល​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​បាន​ច្បាស់​នៅមុខ​កញ្ចក់​(ឆ្លុះ​ឱ្យ​ជិត​) ដើម្បី​ឱ្យ​ប្រាកដ​ក្នុងចិត្ត​ថា​ ម្សៅ​ទ្រនាប់​នៅ​លើ​ផ្ទៃមុខ​របស់​អ្នក​ជ្រាបចូល​យ៉ាង​ល្អ​ ស្មើ​សាច់​គ្នា​ ហើយ​ផ្ទៃមុខ​របស់​អ្នក​មិនបាន​លេចចេញ​នូវ​ស្នាម​ណាមួយ​ដែល​មើលទៅ​មិន​ស្រស់​ស្អាត​នោះ​ឡើយ​៕

  • សិស្សនៃកម្មវិធីសមមូលអប់រំ កម្រិតមូលដ្ឋានតាមអុីនធើណិតបានប្រឡងបញ្ចប់ និងអាចបន្តសិក្សាកម្រិតវិជ្ជាជីវៈបាន

    សិស្សនៃកម្មវិធីសមមូលអប់រំ កម្រិតមូលដ្ឋានតាមអុីនធើណិតបានប្រឡងបញ្ចប់ និងអាចបន្តសិក្សាកម្រិតវិជ្ជាជីវៈបាន

    សិស្សនៃកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធើណិត (BEEP)ដែលត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលយុវជន ដែលបានបោះបង់ការសិក្សាឱ្យទទួលបានការអប់រំសម្រាប់បន្តអភិវឌ្ឍន៍ជំនាញរបស់ខ្លួន បានប្រឡងបញ្ចប់ជាលើកទី1 នៅអង្គការមូលនិធិកុមារកម្ពុជា។

    បើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងមាន 4ដងក្នុង 1ឆ្នាំសម្រាប់កម្មវិធីសិក្សាសមមូលកម្រិតមូលដ្ឋានតាមអុីនធើណិត (BEEP) ដោយសិស្សដែលបានបញ្ចប់ការសិក្សាអាចទទួលបានសញ្ញាបត្រស្មើនឹងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។ សិស្សទាំងអស់ដែលប្រឡងបញ្ចប់ដោយជោគជ័យ អាចនឹងចុះឈ្មោះចូលរៀននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) ឬវិទ្យាល័យបច្ចេកទេសបាន។

    ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធើណិត (BEEP) ជាកម្មវិធីយ៉ាងមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជាដែលបានបោះបង់ការសិក្សា ឬមិនមានឱកាសបានសិក្សានៅក្នុងសាលាឱ្យមានលទ្ធភាពងាកមកសិក្សាវិញតាមរយៈបច្ចេកវិទ្យា បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

    កម្មវិធីសិក្សាទាំងអស់នៃកម្មវិធីនេះត្រូវបានដាក់បញ្ចូលទៅក្នុងបច្ចេកវិទ្យាដែលសិស្សទាំងអស់អាចសិក្សាបាន តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដូចជាទូរស័ព្ទដៃស្មាតហ្វូន ឬតាមរយៈកុំព្យូទ័រជាដើម។

    ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖ «ការបង្កើតឡើងនូវកម្មវិធីសមមូលអប់រំកម្រិតនេះជាផ្នែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ព្រោះសិស្សដែលបានបញ្ចប់ការសិក្សាទាំងអស់ពីកម្មវិធីនេះ នឹងអាចមានសញ្ញាបត្រទទួលស្គាល់ដើម្បីបន្តការសិក្សាបច្ចេកទេសបាន»។

    ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធើណិត (BEEP) ជាផ្នែកសំខាន់សម្រាប់ការសិក្សាពេញមួយជីវិត ព្រោះមិនថាយើងអាយុប៉ុន្មាន ឬស្ថិតនៅទីណានោះទេ បើយើងចង់សិក្សា មានឆន្ទៈក្នុងការអភិវឌ្ឍចំណេះដឹង គឺសុទ្ធតែអាចសិក្សាឡើងវិញបាន។

    ម្យ៉ាងវិញទៀតអ្វីដែលកាន់តែងាយស្រួលសម្រាប់ការសិក្សាគឺប្រជាជនបច្ចុប្បន្ននេះ ស្ទើរគ្រប់គ្នាសុទ្ធតែមានប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ហេតុនេះពួកគេគ្រាន់តែផ្លាស់ប្តូរពេលវេលាមួយចំនួនពីការលេងបណ្តាញសង្គម មកធ្វើការងារអភិវឌ្ឍន៍សមត្ថភាព គេអាននឹងទទួលបានការអប់រំយ៉ាងល្អ។

    គួរបញ្ជាក់ផងដែរថា រហូតមកដល់ឆ្នាំ2020នេះ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធើណិត (BEEP) បានពង្រីកមណ្ឌលរបស់ខ្លួនរហូតដល់ទៅ 13ខេត្ត និងមានគម្រោងពង្រីកឱ្យបាន 15ខេត្តក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្ននេះកម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអុីនធើណិត មានសិស្សចុះឈ្មោះចូលរួមចំនួន 2,064នាក់ចំនួននេះអាចនឹងមានការកើនឡើងបន្ថែមទៀតនៅគ្រប់រាជធានីខេត្តនៅក្នុងប្រទេសកម្ពុជា៕

  • ទស្សនា​ដំណាក់​កាល​ត្រួត​ពិនិត្យ​បច្ចេក​ទេស​ និង​វេច​ខ្ចប់​​ Galaxy Z Flip នៅ​ក្នុង​រោង​ចក្ររបស់​​ Samsung (វីដេអូ)

    ទស្សនា​ដំណាក់​កាល​ត្រួត​ពិនិត្យ​បច្ចេក​ទេស​ និង​វេច​ខ្ចប់​​ Galaxy Z Flip នៅ​ក្នុង​រោង​ចក្ររបស់​​ Samsung (វីដេអូ)

    ក្រុម​ហ៊ុន​ Samsung ថ្មី​ៗ​នេះ បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ​ បង្ហាញ​អំពី​ភាព​ហ្មត់​ចត់​ ប្រយ័ត្ន​ប្រយែង​ក្នុង​ដំណាក់​កាល​នៃ​ការ​ត្រួត​ពិនិត្យ​​លើ​ភាព​មាំ​មួនរបស់ Galaxy Z Flip នៅ​មុន​ពេល​ស្មាតហ្វូន​នេះ​ត្រូវ​បាន​វេច​ខ្ចប់​ និង​ទៅ​ដល់​ដៃ​អតិថិ​ជន​។

    យោង​តាម​ការ​បង្ហាញ​របស់​ឃ្លីបវីដេអូនេះ ស្មាតហ្វូន​ Galaxy Z Flip បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​​យ៉ាង​ល្អិត​ល្អន់ទៅ​លើ​ទូរស័ព្ទ​នេះ​ មិន​ថា​ផ្នែក​ទន់(software) ឬ​ផ្នែក​រឹង(hardware) ពិសេស​គឺ​សមត្ថ​ភាព​នៃ​ការ​បត់ ឬ​លា និង​សមត្ថ​ភាព​នៃ​ប្រតិបត្តិ​ការ​​របស់​ស្មាត​ហ្វូន​នេះ​។

    ក្រៅ​ពី​នេះ គេ​ឃើញ​ថា ដំណាក់​កាល​នៃ​ការ​វេច​ខ្ចប់​របស់​ស្មាត​ហ្វូន​នេះ​ក៏​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដោយ​ប្រើ​ដៃ​ ជំនួស​ម៉ាស៊ីន​ស្វ័យប្រ​វត្ត។ បុគ្គលិក​វេចខ្ចប់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំហាន​ចុង​ក្រោយ​បង្អស់​នៃ​ដំណើរការ​ផលិត​។

    Galaxy Z Flip គឺជា​ស្មាតហ្វូន​ដែល​មាន​រូប​រាង​អាច​បត់​ជា​2បាន​​របស់​ក្រុម​ហ៊ុន Samsung បន្ទាប់​ពី​​ទូរស័ព្ទ​ឆ្លាត​វៃ Galaxy Fold ដែល​ត្រូវ​បាន​ផលិត​កាល​ពី​ឆ្នាំទៅ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • ការអប់រំឱ្យចេះសន្សំសំចៃ និងគ្រប់គ្រងសកម្មភាព ប្រចាំថ្ងៃឱ្យបានល្អ ជាវិធីសាស្រ្តថ្មីក្នុងការជួយពិភពលោក

    ការអប់រំឱ្យចេះសន្សំសំចៃ និងគ្រប់គ្រងសកម្មភាព ប្រចាំថ្ងៃឱ្យបានល្អ ជាវិធីសាស្រ្តថ្មីក្នុងការជួយពិភពលោក

    ក្រៅពីការគិតគូរលើបញ្ហាគ្រប់គ្រងចង្វាក់ផលិតកម្មនៃសហគ្រាស និងឧស្សាហកម្មនានាដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានហើយ ថ្មីៗនេះអ្នកជំនាញនានាលើពិភពលោកបានណែនាំថា សកម្មភាពសំខាន់ដែលនាំឱ្យមនុស្សម្នាក់ៗអាចចូលរួមកាត់បន្ថយផលប៉ះពាល់ខ្លាំងលើពិភពលោកផងដែរនោះ គឺការអប់រំឱ្យចេះសន្សំសំចៃ និងគ្រប់គ្រងសកម្មភាពឱ្យបានល្អ។

    អ្នកជំនាញបរិស្ថាន និងបម្រែបម្រួលនៃធនធានធម្មជាតិនៅក្នុងប្រទេសនានា ដូចជានៅអឺរ៉ុប និងនៅក្នុងប្រទេសជប៉ុនជាដើម បានបញ្ជាក់ថា ការសន្សំសំចៃ គឺជាវិធីល្អមួយដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាន ហើយវាក៏ជាផ្នែកមួយដ៏សំខាន់ផងដែរក្នុងការ កាត់បន្ថយផលប៉ះពាល់លើពិភពលោក។

    ជារៀងរាល់ថ្ងៃ សំរាមប្លាស្ទិក សម្លៀកបំពាក់ចាស់ៗ និងសំណល់នៃការរស់នៅជាច្រើនបានហូរចូលទៅក្នុងមហាសមុទ្រ ដែលបានបំផ្លាញដល់ជីវចម្រុះ។ បន្ថែមពីលើនេះ ការផលិតនូវផលិតផលទាំងអស់នោះសុទ្ធតែប៉ះពាល់ដល់បរិស្ថាន ដែលហេតុនេះហើយ ទើបបណ្តាប្រទេសមួយចំនួនបានជំរុញឱ្យមានការប្រើប្រាស់ឡើងវិញ ការជួលសម្ភារប្រើប្រាស់ដែលមិនចាំបាច់ និងការកែច្នៃអ្វីដែលប្រើប្រាស់បានដោយខ្លួនឯង ដើម្បីកាត់បន្ថយការទិញរបស់ថ្មី។ ចំណែកឯសម្ភារប្រើប្រាស់រួចមួយចំនួនដែលនៅល្អ ក៏អាចនឹងធ្វើការបរិច្ចាគទៅតំបន់ដទៃទៀតដែលកំពុងត្រូវការ ដើម្បីឱ្យពួកគេមានលទ្ធភាពប្រើប្រាស់បាន ដោយមិនចាំបាច់ទិញរបស់របរថ្មីដែលមានគុណភាពមិនល្អ ងាយខូច និងទាមទារឱ្យមានការផលិតច្រើនឡើង។

    បន្ថែមពីលើនេះ វេទិកាសេដ្ឋកិច្ចពិភពលោកបានលើកឡើង ពាក់ព័ន្ធនឹងគំនិតជំរុញឱ្យរដ្ឋាភិបាលបង្កើតគម្រោងដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា សម្រួលដល់ប្រជាជនក្នុងការកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន បង្កើនចំនួនអ្នកប្រើប្រាស់សេវាធ្វើដំណើរសាធារណៈ និងធ្វើការងារនានា ដើម្បីជំរុញឱ្យប្រជាជនអាចធ្វើដំណើរដោយថ្មើរជើង និងជិះកង់បាននៅក្នុងគោលដៅជិតៗជាដើម។

    ការធ្វើបែបនេះ ក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឱ្យប្រជាជនចេះសន្សំសំចៃធនធានលើការចំណាយទៅលើប្រេងឥន្ធនៈ ហើយទទួលបានសុខភាពល្អ និងថែមទាំងកាត់បន្ថយការបំពុលបរិយាកាសទៀតផង។ ព្រោះជារៀងរាល់ថ្ងៃការទាញយកឥន្ធនៈ ក៏ដូចជាចំហេះឥន្ធនៈ កំពុងបង្កជាបញ្ហាយ៉ាងច្រើននៅក្នុងពិភពលោក។

    ជាតិពុលទាំងអស់នោះបានធ្វើឱ្យប្រទេសនានាត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់ពុល ដែលកើតមានឡើងនៅពេលអាកាសធាតុចុះត្រជាក់។ ចំពោះការទទួលទានអាហារ និងការប្រើប្រាស់គ្រឿងសង្ហារិម ក៏ដូចគ្នាដែរ នៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា គេបានប្រមូលអាហារសល់ៗ

    ពីផ្ទះប្រជាជន ដើម្បីកែច្នៃឡើងវិញឱ្យក្លាយជាថាមពលឥន្ធនៈសម្រាប់ប្រើប្រាស់ឡើងវិញ ខណៈប្រទេសអភិវឌ្ឍន៍មួយចំនួន បានប្រើប្រាស់កម្ទេចឈើពីសម្ភារប្រើប្រាស់ចាស់ៗ ដើម្បីបង្កើតជាអាល់កុលម្យ៉ាងឈ្មោះថាអេតាណុល ដើម្បីលាយជាមួយនឹងឥន្ធនៈសម្រាប់ប្រើប្រាស់។ ការប្រើប្រាស់របស់សល់ៗពីការរស់នៅទាំងអស់នេះ ត្រូវបានគេមើលឃើញថា អាចបង្កើតជាប្រេងឥន្ធនៈដែលមានផលប៉ះពាល់តិចតួចដល់ផែនដី តែទោះជាយ៉ាងនេះក៏ដោយ ក៏ការសន្សំសំចៃ ឬការទិញសម្ភារសម្រាប់តែគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ និងមិនខ្ចះខ្ជាយ ជាវិធីដ៏សំខាន់មួយក្នុងការជួយកាត់បន្ថយផលប៉ះពាល់ដល់ពិភពលោក ជាពិសេស គឺការកាត់បន្ថយភាពខ្ជះខ្ជាយលើការទទួលទានសាច់ ពីព្រោះការផលិតរបស់របរទាំងអស់នេះ ត្រូវការវត្ថុធាតុដើមជាច្រើន និងត្រូវការប្រើថាមពលច្រើន ដើម្បីឱ្យវាចេញជារូបរាងឡើង។

    ការសន្សំសំចៃដ៏សំខាន់មួយផ្សេងទៀត ដែលអ្នកជំនាញផ្នែកផលប៉ះពាល់បរិស្ថានណែនាំ គឺការសន្សំសំចៃអគ្គិសនី។ ប្រជាជនគួរចាប់ផ្តើមសន្សំសំចៃអគ្គិសនី ដោយការប្តូរអំពូលភ្លើង ឬសម្ភារមិនសូវចាំបាច់មួយចំនួន ដែលស៊ីភ្លើងខ្លាំង មកប្រើផលិតផលសន្សំសំចៃភ្លើងវិញ។ បន្ថែមពីលើនេះ ការរៀបចំលំនៅឋានថ្មី ក៏គួរតែរៀបចំគម្រោងស្ថាបត្យកម្មដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូល ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅក្នុងការរស់នៅ។ ការប្រើប្រាស់អគ្គិសនីច្រើនលើសពីតម្រូវការ ត្រូវបានគេរកឃើញថា បណ្តាលឱ្យប្រទេសនីមួយៗ ត្រូវប្រើប្រាស់ថាមពលជាច្រើន រួមទាំងថាមពលកកើតឡើងវិញ និងថាមពលមិនកកើតឡើងវិញផងដែរ ដើម្បីផ្គត់ផ្គង់។

    ហេតុនេះប្រសិនបើប្រជាជនចេះសន្សំសំចៃអគ្គិសនី ពួកគាត់នឹងអាចចំណេញទាំងថវិកាសម្រាប់ផ្គត់ផ្គង់ការរស់នៅ និងថែមទាំងកាត់បន្ថយផលប៉ះពាល់ដល់ពិភពលោកទៀតផង៕

  • ប្រមុខ​រដ្ឋាភិបាល ណែនាំ​កសិករ​ឱ្យដាំ​ដុះ​ដំណាំ​ប្រើ​ទឹក​តិច ដើម្បី​បង្ការ​ពេល​ជួប​បញ្ហា​ខ្វះ​ទឹក

    ប្រមុខ​រដ្ឋាភិបាល ណែនាំ​កសិករ​ឱ្យដាំ​ដុះ​ដំណាំ​ប្រើ​ទឹក​តិច ដើម្បី​បង្ការ​ពេល​ជួប​បញ្ហា​ខ្វះ​ទឹក

    អាកាសធាតុ​ក្ដៅ​ខ្លាំង និង​គ្មាន​ភ្លៀង​ធ្លាក់​កក់ខែ​នៅ​ឆ្នាំនេះ កំពុង​បង្ក​ការលំបាក​កាន់តែខ្លាំង​ដល់​ការរស់នៅ​របស់​មនុស្ស និង​សត្វ​នៅ​កម្ពុជា។ ទន្ទឹមគ្នានេះ ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ យកចិត្តទុកដាក់​ណែនាំ​កសិករ នៅ​ចំពោះមុខ​នេះ ឱ្យធ្វើ​ការដាំដុះ​ដំណាំ​ណា​ដែល​ប្រើប្រាស់​ទឹក​តិច ព្រោះ​ឆ្នាំនេះ ត្រូវបាន​ព្យាករ​ឃើញថា នឹង​ជួប​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់។

    ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​ថ្លែង​ឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កាលពី​ចុងខែ​ធ្នូ កន្លងទៅ​ថា វិស័យ​កសិកម្ម ចំនួន​ផ្ទៃដី​ដាំ​ដុះ ទោះបីថា ស្ថិតនៅក្នុង​ចំនួន​កម្រិត​ដដែល ប៉ុន្តែ​ទិន្នផល​បាន​កើន​ខ្ពស់ជាង​ឆ្នាំមុន។ ស្រូវ​កាលពី​ឆ្នាំ2019 ក៏​ប្រហែលជា​សល់​ប្រមាណ 6លាន​តោន​ផងដែរ ដែល​នោះ​ហើយ ដែល​យើង​ត្រូវ​ប្រឹងប្រែង​ក្នុងការ​នាំចេញ ដែល​ឆ្នាំនេះ(2019)ការនាំចេញ​បានត្រឹមតែ​ជាង​កន្លះ​លាន​តោន​ប៉ុណ្ណោះ។

    ទាក់ទង​នឹង​ការនាំចេញ​កសិផល​នានា សម្តេច​តេ​ជោ នៅតែ​ទទូច​ឱ្យ​កសិករ ក៏ដូចជា​វិនិយោគិន លើ​វិស័យ​កសិកម្ម បង្កើន​ការយកចិត្តទុកដាក់​ជំរុញ​ការកែច្នៃ​ផលិតផល​នានា មុននឹង​ធ្វើការ​នាំចេញ ព្រម​ជាមួយនឹង​ការខិតខំ​ទាក់ទាញ​ការវិនិយោគ​ខាង​វិស័យ​ឧស្សាហកម្ម​ផងដែរ។

    ដោយឡែក​ពាក់ព័ន្ធ​នឹង​ការដាំដុះ​ដំណាំ និង​ការប្រើប្រាស់​ទឹក​នៅពេល​ខាងមុខនេះ​វិញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​លើកឡើងថា “ទឹក​នៅតាម​បឹងបួ ត្រពាំង យើង​ត្រូវ​ចេះ​សន្សំសំចៃ អ៊ីចឹង​ទេបានជា​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ឱ្យធ្វើ​ស្រែប្រាំង​តែ 1ដង​បាន​ហើយ ឯលើ​ក​ទី2 គួរ​ដាំ​ដំណាំ​អ្វី​ផ្សេង​ដែល​ប្រើប្រាស់​ទឹក​តិចជាង”។

    ហេតុនេះ សម្តេច ហ៊ុន សែន មានប្រសាសន៍​ណែនាំ​ដូច្នេះ​ថា “ដើម្បី​ធានាថា​ទឹក​ត្រូវបាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព បម្រើឱ្យ​ជីវភាព​របស់​ប្រជាជន និង​កុំឱ្យ​មានការ​លំបាក​ក្នុងការ​អន្តរាគមន៍​ដោយសារតែ​ការធ្វើ​ដំណាំ​របស់​យើង។ យើង​អាច​ផ្ទេរ​ពី​ការធ្វើ​ស្រូវ ទៅ​ដាំ​ជា​បន្លែបង្ការ ឬ​ដំណាំ​ដាំ​ដុះ​ដទៃទៀត​ដែល​ប្រើប្រាស់​ទឹក​តិចជាង​ការធ្វើ​ស្រែ​សម្រាប់​ប្រជាពលរដ្ឋ​យើង ព្រោះ​ឆ្នាំនេះ​អាច​ប្រឈម​នឹង​ការខ្វះ​ទឹក​គ្រប់គ្រាន់​ក្នុងការ​ស្រោចស្រព ហេតុនេះ​កសិករ​គួរ​ងាក​មករក​ការដាំដុះ​ដំណាំ​ទាំងឡាយណា​ដែល​ប្រើប្រាស់​ទឹក​តិច”។

    ទាក់ទង​បញ្ហា​នេះដែរ ទីប្រឹក្សាបច្ចេកទេស​កសិក​ម្ម នៃ​អង្គការ​សេ​ដាក (CEDAC) លោក វង្ស សាវឿន អ្នកជំនាញ​លើ​វិស័យ​កសិកម្ម ធ្លាប់បាន​ឱ្យដឹងថា នៅ​រដូវប្រាំង កសិករ​នៅ​តំបន់​ខ្លះ អាច​ខ្វះខាត​ទឹក​ស្រោចស្រព​ខ្លាំង។ លោក​បាន​ប្រាប់ថា ដើម្បី​ទប់ទល់​បញ្ហា​នេះ និង​សម្រួល​ដល់​ដំណើរ​ការដាំដុះ​ឱ្យបាន​រលូន ខួប​ប្រាំង ខួប​វស្សា​ដោយ​គ្មាន​ឧបសគ្គ​នោះ កសិករ​ត្រូវមាន​ផែនការ​រក្សា​ទឹក ឬ​ស្វែង​ប្រភពទឹក​បម្រុង​ទុកជាមុន និង​ត្រូវមាន​គោលការណ៍ និង​វិធី​ប្រើប្រាស់​បែប​សន្សំសំចៃ​ទឹក ឱ្យស្រប​ទៅតាម​ផែន​ការដាំដុះ​ពេញ 1ឆ្នាំ​ដោយ​ហ្មត់ចត់។

    លោក​បានផ្ដល់​ជា​ដំណោះស្រាយ​ដែរ​ថា កសិករ​គួរតែរ​កដី​ជាង​តិច 10% នៃ​ទំហំ​ដី​សរុប​ដែល​ត្រូវ​ដាំ​ដុះ ដោយ​ត្រូវ​ជីក​ស្រះ​ស្តុក​ទឹក​ទុក ជីក​អណ្ដូង ហើយ​បើ​មានលទ្ធភាព​សាងសង់​អាង​ស្តុក​ទឹក​ធ្វើ​ពីបេតុង​ទៀតផង​នោះ រឹតតែ​ប្រសើរ។ លោក​បន្តថា ការធ្វើ​បែបនេះ ដោយសារ​បច្ចុប្បន្ន កសិករ​មិនអាច​ពឹងផ្អែក​បាន​ទាំងស្រុង​លើ​ប្រភពទឹក​ធម្មជាតិ ប្រព័ន្ធធារាសាស្ត្រ​របស់​រដ្ឋ ឬ​ប្រព័ន្ធ​ស្រោចស្រព​ដែលមាន​ស្រាប់​ទាំងស្រុង​នោះបានទេ។

    ជាមួយគ្នានេះ អ្នកជំនាញ​កសិកម្ម​រូបនេះ ក៏បានផ្តល់​ជា​ដំណោះស្រាយ​មួយ ក្នុងចំណោម ដំណោះស្រាយ​ផ្សេងទៀត​ដល់​កសិករ ដើម្បី​សន្សំសំចៃ​ទឹក ក្នុងនោះ​រួមមាន​ការជ្រើសរើស​ពូជ​ដំណាំ​ដែល​ធន់​នឹង​អាកាសធាតុ រាំងស្ងួត ដូចជា ពពួក​បន្លែផ្ទី ត្រប់

    សណ្ដែកកួរ ដែលជា​ប្រភេទ​ដំណាំ​ត្រូវការ​ទឹក​តិច ក្រៅពីនេះ​នៅមាន​វិធី​លើកដី​រង​ដំណាំ​ដោយ​ប្រើ​ជីធម្មជាតិ ជាដើម។
    ជាការ​ឆ្លើយតប នឹង​បញ្ហា​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏​ធ្លាប់​បានឱ្យដឹង​ដែរ​ថា ក្រសួង​បាននិងកំពុង​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ជាពិសេស​កន្លែង​ដែល​កំពុង​ប្រឈម​ការខ្វះខាត​ទឹក អំពី​ការត្រៀម​លក្ខណៈ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះរាំងស្ងួត ដោយ​រក​វិធីសាស្ត្រផ្សេងៗ សម្រាប់​ស្តុក​ទឹកភ្លៀង​នៅ​រដូវវស្សា ដើម្បី​ទុក​ប្រើ​នៅ​រដូវប្រាំង។ ក្រៅពីនេះទៀត ក៏ត្រូវ​ខិតខំ​ស្តារ និង​រៀបចំ​កន្លែង ដើម្បី​ជីក​ស្រះ អណ្តូងទឹក​ថ្មី​បន្ថែម ឬ​ស្ដារ​ស្រះ អូរ ប្រឡាយចាស់ៗ ឱ្យ​ដំណើរការ​ឡើងវិញ។ ទន្ទឹមគ្នា​នេះដែរ មន្ត្រី​បច្ចេកទេស​ក៏បាន​ណែនាំ​ពី​ប្រភេទ​ដំណាំ​ដែល​គួរ​ដាំ​ដុះ​នា​រដូវ​ខ្វះ​ទឹក ស្របទៅតាម​ការណែនាំរ​បស់​ប្រមុខ​
    រដ្ឋាភិបាល​កម្ពុជា​ផងដែរ៕

  • ថៅកែផលិតកម្មកកាឡាក់ស៊ីណាវ៉ាត្រា ត្រៀមបើដំណើរការផ្សារកសិផល​ធម្មជាតិ

    ថៅកែផលិតកម្មកកាឡាក់ស៊ីណាវ៉ាត្រា ត្រៀមបើដំណើរការផ្សារកសិផល​ធម្មជាតិ

    ដោយសម្លឹងឃើញការថែទាំសុខភាពតាមរយៈការទទួលទានបន្លែផ្លែឈើធម្មជាតិគ្មានជាតិគីមី ថៅកែផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា គឺលោកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រៀមបើក​ដំណើរ​ការ​សាក​ល្បងផ្សារ​ទំនើប​​លក់​តែ​កសិផល​ធម្មជាតិ ដើម្បីជួយដល់កសិករខ្មែរ និងបង្កើន​ការ​ដាំដុះ​បន្លែ​ផ្លែ​ឈើ​ធម្មជាតិឱ្យបានច្រើន។ នៅ​ថ្ងៃ​ទី​១៥ ខែ មិនា ឆ្នាំ ២០២០ ផ្សារ​មួយ​​នេះនឹង​បើក​ដំណើរ​ការ​សាក​ល្បង ដែល​តាំង​​ផ្សារ​គឺ​នៅ​កណ្ដាល​ Olympia តែ​ម្ដង។

    ​លោកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ផ្សារ​យើង​​ធ្វើ​ខុស​គេ យើង​​លក់​តែ​កសិផល​ធម្មជាតិ​ខ្មែរ​ទេ ផលិតផល​​នាំ​ចូល​ពី​ក្រៅ​ប្រទេស​អត់​ទទួល​លក់​ទេ មុន​ដាក់​លក់​យើង​សុទ្ធតែ ធ្វើតេស្ត​ជា​មុន​សិន បញ្ជាក់​ថា គ្មាន​ជាតិ​គីមី ទើប​អាច​យក​មក​ដាក់​លក់​ក្នុង​ផ្សារ​បាន ហើយ​បើ​ក្រុម​កសិករ​ជា​មួយ​ណា ដាំ​យក​មក​លក់​ឱ្យយើង ពិនិត្យ​ឃើញ​មាន​ជាតិ​គីមី យើង​ឈប់​ទទួល​ទិញ​​ពី​ពួក​គាត់​យក​មក​លក់​ហើយ យើង​គិត​លើ​សុខភាព​ជា​ធំ។ លោកក៏បានអះអាងដែរថា ផ្សារបន្លែងធម្មជាតិនេះមិន​មែន​ធ្វើ​តែ​១​ទីតាំង ឬ ២​ទីតាំង​ឡើយ​ផ្សារ​មួយ​នេះ គ្រោង​ពង្រីក​រហូត​ដល់​ទៅ​២៥០​ សាខា​ទូទាំង​ប្រទេស​ឯណោះ ដែល​ជំហ៊ាន​ដំបូង គឺ​សម្រុក​ធ្វើ​នៅ​ភ្នំពេញ នឹង ខេត្ត សៀមរាប ក្នុង​នោះ​ស្ទើរ​គ្រប់ បុរី ក៏​ដូច​ជា ទីប្រជុំជន​ធំៗ នឹង​មាន​វត្តមាន “ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់​ទីកន្លែង ។

    យ៉ាងណាមិញ គេក៏មើលឃើញថា តារាចម្រៀងស្រីនៅក្នុងផលិតកម្មកកាឡាក់ស៊ីណាវ៉ាត្រា កញ្ញា តន់ ចន្ទសីម៉ា ម្ចាស់បទ « ឡានសារ៉ែន » បានបញ្ចេញរូបភាពគាំទ្រកសិផល​ធម្មជាតិគ្មានជាតិគីមីដាំដុះដោយដៃកសិករខ្មែរយើង និងត្រៀមបញ្ចេញស្ពតគាំទ្របន្លែធម្មជាតិផងដែរ។ សូមទស្សនារូបភាពខាងក្រោម ៖

  • មុខរបរ​ចិញ្ចឹម​ត្រី ជួយ​ជីវភាព​កសិករ​ឱ្យ​ប្រសើរ​ជាង​មុន ព្រោះ​មាន​តម្រូវការ​ទីផ្សា​រច្រើន

    មុខរបរ​ចិញ្ចឹម​ត្រី ជួយ​ជីវភាព​កសិករ​ឱ្យ​ប្រសើរ​ជាង​មុន ព្រោះ​មាន​តម្រូវការ​ទីផ្សា​រច្រើន

    នាពេល​បច្ចុប្បន្ន ដោយ​ទទួលបាន​ការឯកភាព​ពី​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​សហគមន៍ “ទឹក​ហូត​មានជ័យ​ក្តីសង្ឃឹម” ដែលមាន​អ្នកស្រី រិ​ទ្ធ ចន្ថា ជា​ប្រធាន បាន​បន្ថែម​មុខរបរ​ចិញ្ចឹម​ត្រី​មួយទៀត​ក្រៅពី​ការដាំ​បន្លែបង្ការ ហើយ​របរ​ចិញ្ចឹម​ត្រី​នេះ បានធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​សហគមន៍​អ្នកស្រី កាន់​តែមាន​ភាពប្រសើរ​ជាង​មុន បើទោះបីជា​នឿយ​បន្តិច​ក៏ដោយ។

    អ្នកស្រី រិ​ទ្ធ ចន្ថា ប្រធាន​សហគមន៍​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ឱ្យដឹងថា៖“ការប្រកប​របរ​ចិញ្ចឹម​ត្រី​របស់​កសិករ​នៅ​សហគមន៍​របស់ខ្ញុំ បាន​កើន​ចំនួន​ប្រមាណ​ជា 6-7គ្រួសារ​ហើយ ដោយ​គាត់​បាន​ចាប់យក​ការចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​បន្ថែម​ពីលើ​ការដាំ​បន្លែ”។

    អ្នកស្រី រិ​ទ្ធ ចន្ថា ប្រធាន​សហគមន៍​បានបញ្ជាក់​ឱ្យដឹងថា៖“កសិករ​ទាំងនោះ ខ្លះ​បាន​ចិញ្ចឹម​តែ​ត្រី 1មុខ​ទេ ដូចជា​ត្រី​អណ្តែង ត្រី​ប្រា ឬ​ត្រី​ទី​ឡា​ព្យ៉ា ជាដើម។ ប៉ុន្តែ​អ្នកខ្លះ​ក៏​ចិញ្ចឹម​លាយ​គ្នា 2ប្រភេទ​ត្រី​ក្នុង​ស្រះ​តែមួយ ព្រោះ​គាត់​យល់ថា គាត់​ចិញ្ចឹម​តិចតួច មិនមែនជា​ការចិញ្ចឹម​សម្រាប់​ការលក់ដូរ​ធំដុំ​នោះទេ ហើយក៏​ជាការ​សាកល្បង​មុខរបរ​ថ្មី ក្រៅពី​របរ​ដាំ​បន្លែ​របស់​ពួកគាត់​ដែរ”។

    សូមបញ្ជាក់ថា វិធីសាស្រ្តក្នុងការ​ចិញ្ចឹម​ត្រី មាន​ច្រើនបែប គឺជា​ការចិញ្ចឹម​ត្រី​ក្នុង​ស្រះ ក្នុង​អាង​ប្លា​ស្ទិ​កក្នុង​លូ ជាដើម ដែល​កសិករ​អាច​ចិញ្ចឹម​បាន​ដោយ​ងាយ និង​សមស្រប​តាម​ស្ថានភាព​របស់​កសិករ​ដែ​ល​មាន​ផ្ទៃដី​តូច ងាយស្រួល​ក្នុងការ​ផ្លាស់ប្ដូរ​ទីតាំង​ផងដែរ។ រីឯ​ថ្លៃដើម​ក្នុងការ​ចិញ្ចឹម​ត្រី ក៏​អាច​ចាប់ផ្ដើមបាន​ពី​ដើមទុន​តិចតួច ហើយ​អាច​ផ្ដល់​ចំណូល​បន្ថែម​សម្រាប់​ក្រុមគ្រួសារ ជាពិសេស​ផល​កម្រៃ​ដែល​ទទួលបាន​មាន​លក្ខណៈ​សមរម្យ​គួរ​ជាទី​ពេញចិត្ត។

    អ្នកស្រី សែត ថៃ ដែល​ត្រូវបាន​ណែ​នាំឱ្យ​ស្គាល់​ដោយ​អ្នកស្រី រិ​ទ្ធ ចន្ថា ប្រធាន​សហគមន៍​បាន​ប្រាប់​ឱ្យដឹងថា បច្ចុប្បន្ន​អ្នកស្រី​មាន​ស្រះ​ចិញ្ចឹម​ត្រី នៅ​ជិត​ផ្ទះ ទំហំ 7X8m ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    អ្នកស្រី សែត ថៃ បានឱ្យដឹងថា៖“ខ្ញុំ​ចិញ្ចឹម​ត្រី​ប្រា ត្រី​នេះ​ចិញ្ចឹម​តែ 4ខែ ឬ ខែ6(កន្លះ​ឆ្នាំ) តាម​ពូជ​ធំ ឬ​ពូជ​តូច។ បើ​ពូជ​តូច ចិញ្ចឹម​លើស​នេះ​បន្តិច ទើប​អាច​ចាប់លក់បាន​។ បើ​ដាក់​ចំណី​មិន​បានល្អ និង​អាកាស​ក្តៅ​ខ្លាំង​ផង វា​អាច​នឹង​ងាប់ តែបើ​យើង​ដាក់​ចំណី​តាម​បច្ចេកទេស វា​នឹង​រស់ ហើយ​ធំធាត់​បានល្អ​ទៀតផង ហើយ​យើង​នឹង​ទទួលបាន​ផល​ល្អ”។

    អ្នកស្រី​បានបញ្ជាក់​ឱ្យដឹងទៀតថា៖“ខ្ញុំ​ចិញ្ចឹម​ត្រី​នេះ​ជាមួយ​ប្តី​ខ្ញុំ និង​កូនប្រុស​ម្នាក់ ដូច្នេះ​ត្រី​ចិញ្ចឹម​មិន​ច្រើន​ទេ ខ្ញុំ​អត់​បាន​ជួល​កម្មករ​ទេ ព្រោះ​គិតថា វា​តិចតួច មិន​សំដៅ​សម្រាប់​លក់​ទេ គឺ​ទុក​ហូប និង​បាន​លក់​តិចតួច​ដែរ សម្រាប់​អ្នកស្រុក​នៅក្នុង​សហគមន៍​ជាមួយគ្នា”។

    បើតាម​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ដដែល​បានឱ្យដឹងថា បច្ចុប្បន្ន​របរ​នេះ​កំពុង​ចាប់ផ្តើម​មានការ​ទទួល​ស្គាល់​ពី​អ្នកស្រុក​ក្នុង​សហគមន៍​ហើយ ជាពិសេស ត្រូវបាន​គេ​យកទៅ​ធ្វើ​ម្ហូប​នៅក្នុង​កម្មវិធីផ្សេងៗ និង​សម្រាប់ធ្វើ​ម្ហូប​នៅតាម​ភោជនីយដ្ឋាន​នានា​ទៀតផង។ ចំណែក​តម្លៃ​របស់​វា ក៏បាន​ថ្លៃ​គួរសម​ដែរ។

    អ្នកស្រី សែត ថៃ បានឱ្យដឹង​ទៀតថា ដោយ​ត្រី 1ក្បាលមាន​ទម្ងន់​ប្រមាណ 1គីឡូក្រាម​ឡើងទៅ មានតម្លៃ 8,000រៀល បើ​តូច​ជាង​នេះ​តម្លៃ​អាច​នៅត្រឹម 7,000រៀល​ក្នុង1គីឡូក្រាម ហើយ​អតិថិជន​បានមក​ទិញ​ដល់ផ្ទះ​ទៀតផង។ អ្នកស្រី ដែល​អះអាងថា ខ្លួន​ជា​កូន​ខ្មែរ​រូបនេះ​បាន​បន្ថែមថា៖“ខ្ញុំ​ស្រឡាញ់​របរ​ចិញ្ចឹម​ត្រី​នេះ ព្រោះ​រកស៊ី​របស់​នេះ​វា​ស្រួល ទោះ​វារ​កបាន​ម៉ា​គែ រួច​ម៉ា​គែ​មែន តែ​វា​មិន​លំបាក​ដូច​ធ្វើការ​ឱ្យគេ​ទេ។ ធ្វើការ​ឱ្យគេ ពិបាក បើ​យើង​អាច​រកស៊ី​ខ្លួនឯងបាន យើង​រក​ទៅ ជាការ​ល្អ ហើយក៏​ក្នុង​គោលបំណង​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ពី​បរទេស​ផងដែរ”។

    ដោយឡែក​កសិករ​នៅ​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង លោក ញុ​ង ក៏​ទទួលស្គាល់​ដែរ​ថា របរ​ចិញ្ចឹម​ត្រី​នេះ​កាក់កប​គ្រាន់បើ។ អាង​ចិញ្ចឹម​ត្រី​របស់លោក​មាន​ទំហំ 8អា ដោយ​ចិញ្ចឹម​ត្រី​អណ្តែងត្រី​ប្រា ត្រី​ទី​ឡា​ព្យ៉ា និង​ត្រី​ជាច្រើន​ប្រភេទ​ទៀតដោយ​ទទួលបាន​ប្រាក់ចំណេញ ចន្លោះ​ពី 1,500ដុល្លារ ទៅ 2,000ដុល្លារ​ដែរ ក្នុង 1ខែ។ ដោយ​ការប្រកប​របរ​ចិញ្ចឹម​ត្រី​នេះ​ជាង1០ឆ្នាំ​មកហើយ​នោះ បានធ្វើឱ្យ​បុរស​រូបនេះ មាន​ជីវភាព​ប្រសើរឡើង​ពី1ឆ្នាំទៅ1ឆ្នាំ ដោយសារតែ​ត្រី​ចិញ្ចឹម​មាន​តម្រូវការ​ច្រើន និង​មាន​ទីផ្សារ​ល្អជា​បន្តបន្ទាប់។

    លោក ញុ​ង រៀបរាប់​បន្តថា៖ “ត្រី​ប្រា​លក់​ទៅឱ្យ​ផ្សារ 1គីឡូ​តម្លៃ 6,500រៀល បើ​ត្រីងៀត​ហើម​ហ្នឹងតម្លៃ7,000រៀល​ក្នុង 1គីឡូក្រាម។ ជាធម្មតា ខ្ញុំ​បោះ​តាម​ម៉ូយ​តុ​ការ និង​ភោជនីយដ្ឋាន​នេះ ភោជនីយដ្ឋាន​នោះ ហើយ​ពួក​ចិន​ពី​កំពង់សោម ជួនកាល 1អាទិត្យ​មក​យក 300-500ក្បាល។ តែ​ប្រភេទ​ត្រី​ហ្នឹង ពិបាក​ចិញ្ចឹម​ដែរ វា​ប្រើពេល​យូរ”។ ឯ​ត្រី​អណ្ដែង​វិញ ចិញ្ចឹម​ក្នុង​រយៈពេល 3ខែ​កន្លះ ចំនួន 70 ទៅ 80ក្បាល ដោយ​ក្នុង​ត្រី 1ក្បាល​ទម្ងន់​បាន​ប្រហែល 3ខាំ ឬ​ប្រហែល 4ក្បាល 1គីឡូ​អីហ្នឹង”។

    បើតាម លោក ញុ​ង ទោះបីជា​ត្រី​ចិញ្ចឹម មាន​តម្រូវការ​ច្រើន​នៅក្នុង​ទីផ្សារ​មែន តែ​ត្រី​ចិញ្ចឹម ក៏​ត្រូវបាន​ប្រជាជន​មួយចំនួន​ខ្លាចរអា​ដែរ ដោយសារ តែ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ខ្លះ ប្រើ​ចំណី​ត្រី​ដែលមាន​សារជាតិ​គីមី។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំ​ចិញ្ចឹម វា​យូរ​ឆ្នាំ​មកហើយ វា​មិនមាន​ជាតិគីមី​ទេ។ ខ្ញុំ​ដាក់​កន្ទក់ និង​អាចម៍​ត្រី ពោះ​ត្រី​ដែល​សល់​ពី​ត្រី​ដែល​គេ​លក់​នៅ​ផ្សារ យកមក​ស្ងោរ​ដាក់ឱ្យ​ត្រី​ស៊ី។ តើ​មាន​ជាតិគីមី​មកពីណា? អត់​មាន​ទេ 100%!។ ហើយ​បើ​ចំណីបេៗមកពី​វៀតណាម អាហ្នឹង ខ្ញុំ​អត់​ដឹង​ទេ មិនដឹង​គេ​លាយ​យ៉ាងម៉េច​ទេ? គេ​មាន​បច្ចេកទេស​របស់គេ”។

    លោក​បានឱ្យដឹង​បន្ថែមថា ចំណែក​បងប្អូន​ណាដែល​មិន​ចង់​រើស​ប៉ះ​ត្រី​មាន​ជាតិគីមី សូមកុំ​រើស​ត្រី​ណាធាត់ៗ អាហ្នឹង​ជា​ត្រី​មកពី​វៀតណាម ជាពិសេស ត្រី​ទី​ឡា​ព្យ៉ា ត្រី​អណ្តែង ត្រី​រ៉ស់ ភាគច្រើន​មកពី​វៀតណាម ហើយ​បងប្អូន​យើង​អត់​ដឹង រកតែ​ត្រីធាត់ៗ អា​ហ្នឹងហើយ​ជាតិគីមី។ ចង់​រកត្រី​អត់​ជាតិគីមី រកត្រី​ណាស្គមៗទៅ”។

    តាមពិតទៅ កំណើនប្រជាជន បូក​នឹង​ការនាំ​ត្រី​ចេញទៅ​ក្រៅប្រទេស​ផង បានធ្វើ​ត្រី​កាន់​តែមាន​តម្រូវការ​ខ្ពស់។ ការសិក្សា​ស្រាវជ្រាវ​មួយ កាលពី​ឆ្នាំ2012 បាន​បញ្ជាក់ថា ប្រជាជន​កម្ពុជា ម្នាក់ បរិភោគ​ត្រី​ចំនួន 63គីឡូក្រាម​នៅក្នុង 1ឆ្នាំ។

    អ្នកស្រី រិ​ទ្ធ ចន្ថា ប្រធាន​សហគមន៍ ដែល​ធ្លាប់បាន​ទិញ​ត្រី នៅក្នុង​សហគមន៍​របស់គាត់ បានឱ្យដឹងថា គ្រួសារ​អ្នកស្រី​ត្រូវ​ការហូប​ត្រី លើសពី 1គីឡូក្រាម​នៅក្នុង 1ថ្ងៃ។ អ្នកស្រី បាន​រៀបរាប់​ដោយបាន​បញ្ជាក់ថា៖ “ខ្ញុំ​ចូលចិត្ត​ត្រី​ទន្លេ ត្រី​ធម្មជាតិ តែ​អានេះ​ត្រី​ចិញ្ចឹម​បែប​លក្ខណៈ​គ្រួសារ​ក៏​អាច​ទទួលយក​បានដែរ ព្រោះ​យើង​មិនបាន​ប្រើ​ចំណី​គីមី​ទេ ឥឡូវ​ត្រី​ធម្មជាតិ​មិនសូវមាន​ទេ សម្បូរ​តែ​ត្រី​ចិញ្ចឹម តែ​ក៏​គ្រាន់បើ​ជាង​ត្រី​ដែល​នាំចូល​ដែល​ប្រើ​ជាតិគីមី​ច្រើន​ដែរ”។

    ចំណែក​អ្នកស្រី សែត ថៃ​ក៏មាន​ការគិត​ដូចគ្នា​ដែរខណៈដែល​ត្រី​ចិញ្ចឹម​មាន​តម្រូវការ​ច្រើន និង​ផ្គត់ផ្គង់​បាន​ទៀងទាត់​នោះ អ្នកស្រី សែត ថៃ និង​រួមទាំង​គ្រួសារ​អ្នក​ដែល​បន្ថែម​មុខរបរ​ចិញ្ចឹម​ត្រី​ក្នុង​សហគមន៍​ទឹក​ហូត ផង​នោះ បាន​ជំរុញ​ពលរដ្ឋ​ផ្សេងទៀត ឱ្យ​ចាប់យក​មុខរបរ​ចិញ្ចឹម​ត្រី​បន្ថែម បើទោះបីជា​មុខរបរ​នេះ រាង​នឿយហត់​បន្តិច​មែន តែ​វា​បានផ្តល់​ចំណូល​ច្រើន​គួរសម និង​មិនបាច់​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ឆ្ងាយ​ទេ៕

  • Live-stream ក្នុង​គ្រា​អាសន្ន​រោគ​កូរ៉ូណា បាន​ជួយ​ឱ្យ​បុរស​ម្នាក់​រក​បាន​ជាង​1ម៉ឺន​ដុល្លារ ដោយ​គ្រាន់​តែ​គេងបំបាត់​ទុក្ខ

    Live-stream ក្នុង​គ្រា​អាសន្ន​រោគ​កូរ៉ូណា បាន​ជួយ​ឱ្យ​បុរស​ម្នាក់​រក​បាន​ជាង​1ម៉ឺន​ដុល្លារ ដោយ​គ្រាន់​តែ​គេងបំបាត់​ទុក្ខ

    ប្រទេស​ចិន​៖ Yuansan មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ឃ្លីប​វីដេអូ​ ដែល​បង្ហាញ​អំពី​សកម្ម​ភាព​គាត់​គេង​នៅ​ក្នុង​ផ្ទះ​នៅ​ឯខេត្ត ជាំង​ស៊ី (Jiangxi) ​ក្នុង​អំឡុង​អាសន្នរោគកូរ៉ូណា​ COVID-19 បាន​ទាក់​ទាញ​អ្នក​ចូល​មើល​រាប់​លាន​នាក់ ដែល​​នេះ​បាន​ជួយ​ឱ្យ​គាត់​រកបាន​​ប្រាក់​11,000​ដុល្លារ​អាមេរិក​។

    Yuansan ​ជា​អ្នក​សម្ដែង​មិន​មែន​អាជីព​ម្នាក់ រក​បាន​​ប្រាក់​ជា​ច្រើន​ដោយ​ប្រើ​ប្រាស់​ App live-stream ឈ្មោះ Souyin ដោយ​គ្រាន់​តែ​ពឹង​លើ​ការ​គេងរបស់​ខ្លួន​​ប៉ុណ្ណោះ។

    នៅ​ពេល​ភ្ញាក់​ឡើង​ Yuansan មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នៅ​ពេល​ដឹង​ថា ឃ្លីប​វីដេអូ​របស់​ខ្លួន​ មាន​អ្នក​ចូល​មើល​រាប់​សែនលើក ហើយ​ឆានែល​ (Chanel) របស់​ខ្លួន​ក៏​ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​តាម​ដាន​បន្ថែម​ដល់​ទៅ​800,000នាក់​។ ទស្សនិក​ជន​ថែម​ទាំង​បាន​ជូន​អំណោយ​នៅ​លើ​​ឆានែល​ដល់​ម្ចាស់​គណនី​នេះ​ ដែល​មាន​តម្លៃ​ 76,800​យន់ (11,000​ដុល្លារ​អាមេរិក)។

    អ្នក​សម្ដែងគ្មាន​ក្រុម​រូប​នេះ បាន​បន្ត​ live-stream អំពី​ការ​គេង​មួយ​ឈុត​ទៀតរបស់​ខ្លួន ហើយ​ក៏​ទាក់​ទាញ​បាន​អ្នក​ចូល​មើល​ជាង​18លាន​លើក​។

    “ខ្ញុំធុញ​ពេក​ ក៏​សម្រេច​ចិត្ត​ live-stream ក្នុង​ពេលខ្ញុំ​គេង​តែ​ម្ដង​ទៅ ប៉ុន្តែ ខ្ញុំ​មិន​នឹក​ស្មាន​ថា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ មាន​ការ​ធុញ​ទ្រាន់​ជាង​ខ្ញុំ​ទៅ​ទៀត”។ នេះ​ជា​សម្ដី​​របស់​ Yuansan។

    ​អំឡុង​ពេល​ដែល​អាសន្ន​រោគ​កូរ៉ូណា​ COVID-19 កំពុង​​គំរាម​កំហែង​ដល់​សេដ្ឋ​កិច្ច​ចិន និង​បណ្ដាល​ឱ្យមនុស្ស​រាប់​លាន​នាក់​ត្រូវ​ជាប់​ក្នុង​បម្រាម​គោចរ​នៅ​ប្រទេស​ចិន វា​បាន​ជួយ​ឱ្យ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​មួយ​ចំនួន​រក​ផល​ចំណេញ​បាន​ច្រើន​ ជា​ពិសេស​គឺ​ក្រុម​ហ៊ុន​ដែល​មាន​​កម្ម​វិធី​ live-stream ដោយ​សារ​តែ​អតិថិជន បាន​ប្ដូរ​សកម្ម​ភាព​ offline ទៅ​ជា​សកម្ម​ភាព​ online ។

    យោង​តាម​របាយ​ការណ៍​ពី QuestMobile បាន​ឱ្យ​ដឹង​ថា កម្មវិធី ឬ​ App ចែក​រំលែក​ឃ្លីប​វីដេអូ​ខ្លីៗ ដោយ​ការ​ផ្សាយ​ផ្ទាល់​ បានទាក់​ទាញ​អ្នក​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​ឡើង​ៗ ក្នុង​អំឡុង​ដើម​ឆ្នាំ​នេះ​។

    ក្នុង​រដូវ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ អ្នក​ប្រើប្រាស់ App Douyin បាន​ចំណាយ​ពេល​ជា​មធ្យម​99នាទី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ចូល​ទៅ​មើល​ App នេះ​។ តួលេខ​នេះ បាន​កើន​ឡើង​ច្រើន​ បើ​ធៀប​នឹង​67នាទី​កាល​ពី​រដូវ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​2019។ Kuaishou ដែល​ជា​គូប្រជែង​ធំបំផុត​របស់​ Douyin ក៏​បាន​កត់​សម្គាល់​ឃើញ​ថា រយៈ​ពេល​នៃការ​ចូល​មើល​ជា​មធ្យម​កើន​ឡើង​ពី​44 ដល់​71​នាទី​ជា​រៀង​រាល់​ថ្ងៃ​។ នេះ​បើ​តាមសារ​ព័ត៌មាន​​ Asiaone។

    ចំណែក​កសិករ​នៅ​ប្រទេស​ចិន​ ក៏​មិន​អន់​ដែរ​ ទាក់​ទិន​នឹង​ការ​រក​ផល​ចំណេញ​ពី​អាសន្ន​រោគ​កូរ៉ូណា ដោយ​ពួកគេ​បាន​បង្កើន​ការ​លក់​កសិផល តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ Taobao។ សកម្ម​ភាព​នេះ បាន​ជួយ​ឱ្យ​អ្នក​លក់​ជា​ច្រើន​រូប​ ក្នុង​នោះ​មាន​កសិករ​ម្នាក់ បាន​លក់​ដាច់​ប៉េងប៉ោះ​ចំនួន​5តោន ​ត្រសក់​7,3តោន និង​ស្ត្រូបូរីចំនួន3តោន។

    ប៉ុន្តែ យ៉ាង​នេះ​ក្ដី អ្ន​ក​វិភាគឯក​រាជ​​ម្នាក់បាន​សង្ស័យ​ទៅ​លើលទ្ធ​ភាព​នៃ​​ការ​កើន​ឡើង​ខ្លាំង​របស់​បណ្ដា​គេហ​ទំព័រ live-stream បន្ទាប់​ពី​អាសន្នរោគ​កូរ៉ូណា​ បាន​ឆ្លង​ផុត។

    “នៅ​ពេល​អាសន្ន​រោគ​ត្រូវ​បាន​គ្រប់​គ្រង វិស័យ​ឧស្សាហ​កម្ម​ offline ជា​ប្រពៃណី​នឹង​ត្រឡប់​មក​រក​ភាព​ដើម​។ ផ្ទុយ​ទៅ​វិញ ល្បឿន​នៃ​កំណើន​សកម្ម​ភាព​ online នឹង​ត្រូវ​ថយ​ចុះ​” នេះ​បើ​តាម​ Zhang Dingding ដែល​ជា​អតីត​អគ្គនាយក​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​អ៊ីនធើណិត​ Internet Sootoo នៅ​ទី​ក្រុង​ប៉េកាំង​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • តារាសម្ដែងភេទទី៣ ភី សម័យ ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ដៃ

    តារាសម្ដែងភេទទី៣ ភី សម័យ ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ដៃ

    នៅយប់ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង២ចូលថ្ងៃទី២០ តារាសម្ដែងភេទទី៣ កញ្ញា ភី សម័យ បានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត បណ្ដាលឱ្យគៀបបាក់ដៃភ្លាម ដោយគ្រូពេទ្យតម្រូវឱ្យធ្វើការវះកាត់។ នាងជាតារាម្នាក់ទៀតហើយ ដែលមានគ្រោះថ្នាក់នៅដើមឆ្នាំ ២០២០នេះ ខណៈដែលគ្រោះថ្នាក់នោះបើទោះជាមិនធ្ងន់ធ្ងរ ក៏ជារឿងគ្រោះអាក្រក់មួយ។

    កញ្ញា ភី សម័យ បានប្រាប់អ្នកសារព័ត៌មានក្រោយការប៉ះទង្គិចថា បន្ទាប់ពីចេញពីខួបកំណើត កញ្ញាក៏ត្រូវមិត្តភ័ក្ដិបញ្ជិះរថយន្តយកទៅញាំអីបន្ត ហើយនៅវេលាម៉ោង២យប់ នៅពេលត្រលប់មកទៅផ្ទះវិញ ក៏មានរថយន្តមួយគ្រឿងបើកគៀហើយរត់។ ម្ចាស់រថយន្តក៏ខឹងហើយដេញតាម បន្ទាប់មកក៏ភ្លាត់ស្នៀតបណ្ដាលឱ្យគ្រោះថ្នាក់ដោយបុកគូទរថយន្តបង្កហេតុនៅពេលរថយន្តនោះជាន់ហ្វ្រាំងពេលជួបរថយន្តមួយផ្សេងទៀត នៅចំណុចស្ដុបបូកគោ។

    នាងថាក្រោយពេលថតឆ្អឹង គឺដៃខាងធ្វេងរបស់នាងត្រូវបានបាក់ ហើយពេទ្យថាមានតែជម្រើសមួយគត់គឺវះកាត់ ដោយពេទ្យតម្រូវឱ្យនាងវះកាត់នៅថ្ងៃទី២១ កុម្ភៈ ទាំងមិនទាន់ដឹងថាត្រូវចំណាយប៉ុន្មាន។ កញ្ញា ភី សម័យ សម្ដែងការសោកស្ដាយ ដែលមិត្តភក្តិរបស់នាងដែលជាម្ចាស់រថយន្តឆេវឆាវមួយពេល បណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរទងផ្នែកខាងមុខរបស់រថយន្ត និងបណ្ដាលឱ្យគ្រោះថ្នាក់។ នាងក៏ប្រកាសផ្អាកការងារដែលនាងបានទទួលក្នុងអំឡុងពេលគ្រោះថ្នាក់នេះ រហូតដល់នាងអាចធ្វើការបានផងដែរ៕

  • កម្ពុជា​នាំចេញ​ផល​នេសាទ​បាន​ជាង 1ម៉ឺន​តោន​កាលពី​ឆ្នាំ​កន្លងទៅ ខណៈ​ចំណូល​បាន​ពី​ថ្លៃ សួយ​សារ​ព្រៃឈើ​មាន​ជិត 7លាន​ដុល្លារ

    កម្ពុជា​នាំចេញ​ផល​នេសាទ​បាន​ជាង 1ម៉ឺន​តោន​កាលពី​ឆ្នាំ​កន្លងទៅ ខណៈ​ចំណូល​បាន​ពី​ថ្លៃ សួយ​សារ​ព្រៃឈើ​មាន​ជិត 7លាន​ដុល្លារ

    ក្រសួងកសិកម្ម បានបង្ហាញ​របាយការណ៍​របស់ខ្លួន ដោយបាន​ឱ្យដឹងថា នៅ​ឆ្នាំ2019 កម្ពុជា​នាំចេញ​ផល​នេសាទ​ស្រស់ បាន​ជាង 1ម៉ឺន​តោន និង​ផល​នេសាទ​កែច្នៃ​ចំនួន 4,910តោន។ ចំណែក​ថ្លៃ​សួយ​សារ​ព្រៃឈើ​វិញ សរុប​បាន​ចំនួន​ជិត 7លាន​ដុល្លារ។

    តាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម បានបញ្ជាក់​ឱ្យដឹងថា រយៈពេល 12ខែ ឆ្នាំ2019 គិត​ចាប់ពី​ខែមករា ដល់​ខែធ្នូ ការនាំចេញ​ផល​នេសាទ​ស្រស់ អនុវត្តបាន​ចំនួន 9,190តោន ស្មើនឹង 61.67%(នៃ​ផែនការ 15,000តោន) បើ​ធៀប​នឹង​ឆ្នាំ2018 ថយចុះ​ចំនួន 310តោន។ ចំណែក​ការនាំចេញ​ផល​នេសាទ​កែច្នៃ អនុវត្តបាន​ចំនួន 4,910តោន ស្មើនឹង 98.20%(នៃ​ផែនការ 5,000តោន) បើ​ធៀប​នឹង​ឆ្នាំ2018 គឺមាន​ការថយចុះ​ចំនួន 90តោន ។

    របាយការណ៍​ដដែល​បាន​បញ្ជាក់ថា សម្រាប់​នេសាទ​ទឹកសាប​ទៅលើ​ដាយ​ត្រី​អនុវត្តបាន​ចំនួន 14,320តោន ស្មើនឹង 119.33%ប្រៀបធៀប​នឹង​ឆ្នាំ2018 គឺមាន​ការថយចុះ​ចំនួន 2,655តោន។ រីឯ​ការនេសាទ​គ្រួសារ​ក្នុង​ដែន​នេសាទ​អនុវត្តបាន​ចំនួន 326,500តោន ស្មើនឹង 94.64%ធៀប​នឹង​ឆ្នាំ2018 មានការ​ថយចុះ​ចំនួន 34,230តោន។ នេសាទ​គ្រួសារ​តាម​វាលស្រែ​អនុវត្តបាន 138,030តោន ស្មើនឹង 95.19%ប្រៀបធៀប​នឹង​ឆ្នាំ2018 គឺមាន​ការថយចុះ​ចំនួន 19,270តោន។ ចំពោះ​ការនេសាទ​សមុទ្រ​អនុវត្តបាន 122,250 ស្មើនឹង 111.14% ធៀប​នឹង​ឆ្នាំ2018 មានការ​ថយចុះ​ចំនួន 1,150តោន។

    រីឯ​វារីវប្បកម្ម​ក្នុងការ​ចិញ្ចឹម​ត្រី និង​បង្គា​អនុវត្តបាន​ចំនួន 307,408 តោន ស្មើនឹង 102.47% បើ​ធៀប​នឹង​ឆ្នាំ2018 មានការ​កើនឡើង​ចំនួន 53,360តោន។ ការ​ភ្ញាស់​កូន​ត្រី​ពូជ​បាន​ចំនួន 221,400,000 ស្មើនឹង 92.25% ធៀប​នឹង​ឆ្នាំ2018 មានការ​កើនឡើង​ចំនួន 11,400,000តោន។

    របាយការណ៍ ក៏បាន​បញ្ជាក់​ពី​ផល​នៃ​ការកែច្នៃ​ផល​នេសាទ​ទឹកសាប ក្នុង​រដូវ​នេសាទ​អនុវត្តបាន​ចំនួន 72,075 ស្មើនឹង 87.90% បើ​ធៀប​នឹង​ឆ្នាំ2018 មានការ​ថយចុះ 925តោន។ ចំពោះ​ផល​នេសាទ​សមុទ្រ​អនុវត្តបាន​ចំនួន 7,105 ស្មើនឹង 78.94% ប្រៀបធៀប​នឹង​ឆ្នាំ2018 គឺមាន​ការថយចុះ​ចំនួន 3,630តោន។

    របាយការណ៍​ដដែល​បាន​បន្តទៀតថា ឆ្នាំ2019 ការបង្ក្រាប​សំណុំរឿង​បទល្មើស​ជលផល​មាន​ចំនួន 3,101ករណី បើ​ប្រៀបធៀប​ឆ្នាំ 2018 ថយចុះ 103ករណី ក្នុងនោះ​បទល្មើស​ទឹកសាប​មាន​ចំនួន 2,873ករណី និង​សមុទ្រ មាន​ចំនួន 228ករណី។

    ដោយឡែក​សម្រាប់​ចំណូល ដែល​បាន​ពី​ថ្លៃ​សួយ​សារ​ព្រៃឈើ​សរុប​ចំនួន​ជិត 7លាន​ដុល្លារ អាមេរិក។ តាម​របាយការណ៍​រប​ស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា៖“ឆ្នាំ2019 មាន​ចំណូល​ពី ថ្លៃ​សួយ​សារ​ព្រៃឈើ​មាន​ចំនួន 25,729,167,485រៀល (6,432,291.81ដុល្លារ​អាមេរិក) រួម​នឹង 148, 281.70ដុល្លារ​អាមេរិក”។

    ក្នុង​របាយការណ៍​ក្រសួងកសិកម្ម​បានបញ្ជាក់​ថា៖“នៅក្នុង​ឆ្នាំ2019 កម្ពុជា​បាន​នាំចេញ​ផលិត ផល​រាន​ទេវតា គ្រឿងសង្ហារិម ជើងសា​ឡុង​ធ្វើ​អំពី​ឈើ និង​ឈើ​អារ​កែច្នៃ(ទោល-បន្ទារ​អតិបរមា 25ស.ម) ទៅ​ក្រៅប្រទេស ដែលមាន​បរិមាណ​ចំនួន 2,178ម៉ែត្រគូប និង​ជ័រទឹក 291តោន តាមរយៈ​ក្រុមហ៊ុន​ចំនួន7។ ប្រទេស​ដែល​កម្ពុជា​បាន​នាំចេញ​ផលិតផល​ទាំងនោះ រួមមាន ជប៉ុន អាមេរិក ចិន វៀតណាម និង​ថៃ”។

    ជាមួយគ្នានេះ​កម្ពុជា​ក៏បាន​នាំចូល​ផលិតផល​ឈើ​ប្រភេទ​MDF Wood Panel CHANFUTAL និង​ឈើ​កែច្នៃ​មាន​បរិមាណ 1,681ម៉ែត្រគូប ពី​ប្រទេស​ចិន កុង​ហ្គោ កា​មេ​រូ​ន និង​អ៊ូ​ហ្គ​ង់​ដា តាមរយៈ​ក្រុមហ៊ុន​ចំនួន 4ទៀតផង។ នេះ​ជាការ​បញ្ជាក់​ក្នុង​របាយការណ៍​របស់​ក្រសួងកសិកម្ម។

    បើតាម​របាយការណ៍​ក្រសួងកសិកម្ម រដ្ឋាភិបាល​ក៏បានផ្ដល់​ទិដ្ឋាការ​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ចំនួន13 ដែលមាន​បរិមាណ​ផលិតផល​កែច្នៃ(ទោល-បន្ទារ​ អតិបរមា 25ស.ម)ប្រភេទ​លេខ1 ក្តារ​ការ៉ូ​ក្រាល គ្រឿងសង្ហារិម និង​ជើងសា​ឡុង 2,830ម៉ែត្រគូប ឈើ​អាកាស្សា​កាត់​ជាកង់ៗ 1,632ស្ទែរ និង​អនុផល​ព្រៃឈើ មានដូចជា​ជ័រទឹក សង្ហារិម​ឫស្សី​កែច្នៃ និង​ឈើ​ចន្ទន៍​ក្រស្នា​កែច្នៃ ចំនួន 268តោន។

    ក្នុង​របាយការណ៍ ក៏បាន​បញ្ជាក់​ពី​ការងារ​ដាំ​ដើមឈើ​ឡើងវិញ ថែទាំ​ចម្ការ​ឈើចាស់ៗ ចម្ការ​ពូជឈើ និង​ឡូត៍​បង្ហា​ញក​សិ-រុក្ខកម្ម​ចំនួន 980ហិកតា នៅក្នុង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ចំនួន 4ទីតាំង​ស្ថិតក្នុង​ខេត្តកំពង់ធំ សៀមរាប ព្រះសីហនុ និង​ខេត្តស្វាយរៀង។ ការថែទាំ​ចម្ការ រុក្ខទិវា សរុប​ចំនួន 60ហិកតា ស្ថិតនៅក្នុង​ខេត្តកំពត កណ្តាល តាកែវ កំពង់ធំ និង​ខេត្តក្រចេះ រួម​ជាមួយនឹង​ការរៀបចំ​ពិធី​រុក្ខទិវា​ថ្នាក់ជាតិ 9កក្កដា ឆ្នាំ2019 ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ កម្ពុជា នៅ​ស្រុក​សំបូរ ខេត្តក្រចេះ​លើ​ផ្ទៃដី​ទំហំ 10ហិកតា ដាំ​កូនដើម​កកោះ គគីរ ធ្នង់ អង្កាញ់ និង​ក្រញូង 10,695ដើម បន្ថែម​លើ​នេះ ក៏បាន​បង្កើត​ឡូត៍​បង្ហា​ញក​សិ-រុក្ខកម្ម ក្នុង​សហគមន៍ ចំបក់​ហោះ ស្រុក​រវៀង ខេត្តព្រះវិហារ​លើ​ផ្ទៃដី​ទំហំ 12ហិកតា មាន​ដំណាំ​កសិកម្ម(កូន​ស្វាយចន្ទី​ចំនួន 2500ដើម ចេក​ចំនួន 1350ដើម និង​កូនឈើ​ប្រណីត​ប្រភេទ​ក្រញូង បេង និង​ធ្នង់​ចំនួន 2700ដើម)។

    ក្នុង​ឆ្នាំ2019 អាជ្ញាធរ ក៏បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​កាប់​រាន​ដីព្រៃ​សរុប​មានចំនួន 1,201ករណី​ដែរ ដោយ​ក្នុងនោះ​ពិន័យ​អន្តរកាល​ចំនួន 598ករណី និង​បញ្ជូនទៅ​តុលាការ មាន​ចំនួន 603ករណី។ ចំពោះ​វត្ថុតាង​បទល្មើស​ព្រៃឈើ ដែល​អាជ្ញាធរ​ឃាត់ និង​ដកហូត​បាន មាន​ឈើមូល និង​ជ្រុង 397ម៉ែត្រគូប ឈើ​អារ​សរុប 2967ម៉ែត្រគូប សត្វព្រៃ​ចម្រុះ​ប្រភេទ 4,481ក្បាល និង​ជិត 900គីឡូក្រាម និង​ផ្ទៃដី​រុករាន1,773ហិកតា។ បទល្មើស​ទាំងនេះ ត្រូវបាន​បង្ក្រាប​នៅក្នុង​ខេត្តកំពង់ឆ្នាំង ក្រចេះ ព្រះវិហារ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ព្រះសីហនុ ពោធិ៍សាត់ ស្ទឹងត្រែង និង​ខេត្តបាត់ដំបង។

    របាយការណ៍ ក្រសួងកសិកម្ម​បា​នប​ន្ត​ទៀតថាសម្រាប់​ឆ្នាំ2019 សំណុំរឿង​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​កាប់​រាន​ដីព្រៃ​សរុប​មាន​ចំនួន 1,201ករណី ដោយ​ពិន័យ​អន្តរកាល​ចំនួន 598ករណី និង​បញ្ជូនទៅ​តុលាការ​មាន​ចំនួន 603ករណី៕