អ្នកប្រហែលជាធ្លាប់បានឃើញសត្វពស់នៅតាមសួនសត្វទាំងឡាយ ច្រើនតែនឹកស្រៀវស្ញើបនៅពេលមើលឃើញសត្វល្មូនប្រភេទនេះ ចូលចិត្តតែលានអណ្តាតចេញមក ព្រមទាំងរលាស់ភ្លែតៗនោះ និងប្រហែលជានាំគ្នាគិតថា ច្បាស់ជាវាកំពុងត្រៀមខ្លួនប្រុងចឹកអ្វីមួយដែលមិនបានប្រយ័ត្នខ្លួនហើយមើលទៅ។
តែលោកអ្នកដឹងទេថា ទោះជាអណ្តាតរបស់វាដែលលានចេញមកភ្លែតៗរហ័សគួរឱ្យខ្លាចបែបនេះមែន តែគ្មានពិសពុល ឬគ្រោះថ្នាក់អ្វីទាំងអស់ ព្រោះសត្វពស់មិនមែនប្រើអណ្តាតដែលខាងចុងបែកចេញជាពីរនោះធ្វើជាអាវុធនោះទេ។ ការពិតសម្រាប់សត្វពស់ អណ្តាតគឺជាអវយវៈដែលផ្តល់ឱ្យវានូវអារម្មណ៍ អណ្តាតជួយឱ្យពស់ស្វែងរកប្រភពអាហារ ខណៈពេលដែលវាលូនវារទៅតាមផ្លូវ អណ្តាតដែលលានចេញទៅនោះនឹងនាំកម្ទេចតូចៗរបស់សារធាតុម្យ៉ាងចេញទៅដែលធ្វើឱ្យពស់អាចហឹតក្លិន ឬភ្លក់រសជាតិត្រឡប់មកវិញដើម្បីជំរុញឱ្យវាដឹងថា តើមានប្រភពអាហារនៅក្បែរនោះឬក៏អត់?
Category: សង្គម និងសេដ្ឋកិច្ច

ហេតុអីបានសត្វពស់ចូលចិត្តលានអណ្តាតភ្លែតៗ?

វិធីបន្ថែមមន្តស្នេហ៍ឱ្យផ្ទះស្រស់ស្អាតគួរឱ្យចង់រស់នៅ
ការធ្វើឱ្យផ្ទះរបស់លោកអ្នក ក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញនោះ មិនមែនជារឿងពិបាកឡើយ គ្រាន់តែលោកអ្នកចំណាយពេលវេលាក្នុងការសម្អាត ជួសជុល និងតុបតែងធ្វើឱ្យផ្ទះរបស់លោកអ្នកមើលទៅមានសោភណភាពគួរចង់រស់នៅទាំងខាងក្នុង និងខាងក្រៅតែប៉ុណ្ណោះ។
ការបន្ថែមមន្តស្នេហ៍ផ្នែកខាងក្រៅផ្ទះរបស់អ្នកអាចធ្វើបានតាមរយៈ៖
1. ជួសជុល ឬផ្លាស់ដំបូលផ្ទះនៅកន្លែងណាដែលបាក់ពុក ឬខូចខាត។
2. ជួសជុល ឬលាបពណ៌ផ្ទះជាថ្មីឱ្យមើលទៅរៀបរយ ស្អាតបាត។
3. ពិនិត្យមើលទ្វារ បង្អួច ថាតើមានកន្លែងណារបក ឬស្លកពណ៌ឬទេ? ពិនិត្យមើលថា តើកណ្តឹងចុចខាងមុខផ្ទះនៅអាចប្រើការបានឬទេ?
4. សម្អាតទបង្ហូរទឹក និងប្រព័ន្ធបង្ហូរទឹកមិនស្អាត។
5. មើលថែសួនច្បារ និងដើមឈើឱ្យរៀបរយស្អាតបាត។6. ពិនិត្យមើលជណ្តើរ ផ្លូវដើរ របង និងរានហាលថា តើមានស្នាមប្រេះបាក់បែកឬទេ?
ការបន្ថែមមន្តស្នេហ៍ផ្នែកខាងក្នុងផ្ទះដែលលោកអ្នកអាចធ្វើបានតាមរយៈ៖
1. បោសសម្អាតគ្រប់បន្ទប់នៅក្នុងផ្ទះ ប្រមូលរបស់របរដែលមិនចាំបាច់ រួមទាំងកម្ចាត់ចោលនូវវត្ថុណាដែលទើសទែងចេញពីបន្ទប់ តែប៉ុណ្ណឹង ផ្ទះរបស់លោកអ្នកនឹងមើលទៅឃើញរាងស្រឡះ និងភ្លឺជាងមុនមិនខាន។
2. ក្នុងករណីបើចាំបាច់ គួរលាបពណ៌ខាងក្នុងផ្ទះដែលមើលទៅរាងចាស់ស្អាប់ហើយនោះ ឱ្យមើលទៅភ្លឺឡើងវិញ។ ពណ៌ជញ្ជាំង គួរជាពណ៌ដែលមើលទៅដូចធម្មជាតិ ដូចជា ពណ៌ស ឬពណ៌គ្រីម ហើយពណ៌ដូចគ្នានេះ ដោយលោកអ្នកអាចប្រើពណ៌ដដែលនោះជាមួយនឹងកម្រាលព្រំបានដូចគ្នា។
3. ត្រួតពិនិត្យមើល និងជួសជុល ស្នាមប្រេះបាក់បែក ធ្លាយមានប្រហោង ឬស្នាមគូសវាសនៅលើជញ្ជាំង រួមទាំងបរិវេណកន្លែងណាដែលមានភាពសើម ត្រូវធ្វើឱ្យស្ងួត និងស្អាតឡើងវិញ។
4. ផ្លាស់កញ្ចក់បង្អួចណាដែលប្រេះ បែក ឬស្អាប់ចេញ។
5. ពិនិត្យមើលក្បាលចំពួយទឹក និងចំពួយទឹកផ្កាឈូកក្នុងបន្ទប់ទឹក រួមទាំងរបស់ប្រើប្រាស់ផ្សេងៗថា តើនៅប្រើការបានល្អឬទេ?
6. ត្រួតពិនិត្យមើលឱ្យច្បាស់ក្នុងចិត្តថា កម្រាលឥដ្ឋបន្ទប់ទឹក និងបន្ទប់ចង្ក្រានបាយគ្មានស្នាមបាក់បែក ឬប្រឡាក់ស្នាមកខ្វក់។
7. លោកអ្នកគួរកម្ចាត់ប្រភព ឬកន្លែងណាដែលបញ្ចេញក្លិនមិនល្អចេញឱ្យស្អាត ដូចជាកន្លែងចោលកាកសំណល់អាហារក្នុងចង្ក្រានបាយ និងកន្លែងឆ្កែ ឆ្មាដេកជាដើម។
8. ឧស្សាហ៍ពិនិត្យមើលគ្រឿងប្រើប្រាស់អគ្គិសនី ខ្សែភ្លើង និងឌុយភ្លើងឱ្យស្ថិតក្នុងសភាពប្រើការបានល្អជានិច្ច។
9. មើលថែទាំបន្ទប់បាយឱ្យស្អាត និងស្ថិតក្នុងសភាពត្រៀមប្រើការបានជានិច្ច។
ក្រៅពីចំណុចណែនាំខាងលើនេះហើយ លោកអ្នកអាចនឹងបន្ថែមចំណុចខ្លះទៀត ដើម្បីធ្វើឱ្យផ្ទះរបស់លោកអ្នកក្លាយជាកន្លែងដ៏គួរឱ្យស្វាគមន៍រឹតតែខ្លាំងឡើងដូចជា ការប្រើស្រៃ្បយ៍ដែលមានក្លិនក្រអូប បន្ថែមផ្កាស្រស់ៗនៅក្នុងថូ 2 – 3 ដាក់លម្អនៅតាមកន្លែងផ្សេងៗនៅក្នុងផ្ទះ ឬនៅកន្លែងទទួលភ្ញៀវជាដើមក៏បាន។
តុបតែងផ្ទះដោយផ្ទាំងក្រណាត់ស្អាតៗ
ថ្ងៃនេះសូមនាំមិត្តអ្នកអានមកមើលពីវិធីតុបតែងផ្ទះដោយក្រណាត់ស្អាតៗវិញម្តង…។
សម្រាប់បន្ទប់ដែលស្ថិតនៅទិសខាងកើតនិងខាងត្បូងដែលមិនចង់ឱ្យត្រូវកម្ដៅថ្ងៃខ្លាំងនៅពេលរសៀលនោះ គួរជ្រើសរើសតុបតែងដោយក្រណាត់វាំងននស្តើងៗ ពណ៌ភ្លឺស្រឡះស្រាលៗ ហើយដាក់កៅអីសាឡុងពូកដែលមានភ្នាក់ដៃនៅក្បែរនោះធ្វើជាកន្លែងអង្គុយក្រេបទឹកតែ ឬអានសៀវភៅនាពេលរសៀល ក៏មានអារម្មណ៍ថាស្រស់ស្រាយគួរឱ្យចង់អង្គុយសម្រាកម្យ៉ាងដែរ។
ក្រៅពីភាពស្រទន់ និងភាពស្រស់ស្រាយហើយនោះ ការជ្រើសរើសប្រើក្រណាត់ពណ៌ស្រស់ច្បាស់ៗ ក៏ជាជម្រើសមួយរបស់ភាពស្រស់ថ្លា រីករាយសប្បាយសម្រាប់ផ្ទះរបស់លោកអ្នកដែរ។
ក្រណាត់កប្បាសសាច់ក្រាស់ ក៏ជាជម្រើសមួយដ៏ស័ក្តិសមរបស់បន្ទប់អង្គុយលេងដែរ ដោយកៅអីសាឡុងពូក និងខ្នើយទ្រនាប់បែបងាយៗ សប្បាយៗស័ក្តិសមនឹងភាពជាបន្ទប់អង្គុយលេងជាទីបំផុត។ការប្រើប្រាស់ពណ៌ស្អាតៗ ស្រស់ស្រាយរបស់ក្រណាត់ ក្រៅពីភាពលេចធ្លោដែលត្រូវការសង្កត់ធ្ងន់ដើម្បីឱ្យកើតភាពសប្បាយរីករាយហើយនោះ យើងនៅអាចប្រើប្រាស់ក្រណាត់ដែលមានពណ៌ស្រស់ស្អាតទាំងនោះមកតុបតែងឱ្យកើតមានភាពកក់ក្តៅបានដូចគ្នាដែរ ។
ការជ្រើសរើសប្រើស្រោមពូក ស្រោមខ្នើយ និងភួយធ្វើពីក្រណាត់កូតុង ពណ៌ក្រឡេក្រឡាស្អាត ធ្វើឱ្យកើតចំហាយនៃភាពជាជនបទនៅក្នុងផ្ទះរបស់អ្នក ហើយក្រណាត់កូតុងថែមទាំងអាចបញ្ចេញកម្ដៅបានល្អ ជួយបន្ថែមភាពត្រជាក់សប្បាយដល់ផ្ទះ និងងាយស្រួលថែរក្សាទៀតផង៕
« នាងដើរចាប់ក្ដាម » ពីតារាចម្រៀងស្អក រាជ ប្រាថ្នា កំពុងផ្ទុះការគាំទ្រខ្លាំងលើបណ្ដាញសង្គម
មួយបទដែលមានចំណងជើងថា « នាងដើរចាប់ក្ដាម » កំពុងតែទទួលភាពនិយមនៅលើបណ្ដាញសង្គម ដែលជាការបកស្រាយរបស់តារាចម្រៀងប្រុសសំឡេងស្អកនៅក្នុងផលិតកម្ម Top Music គឺលោក រាជ ប្រាថ្នា។ តាមការផ្ដល់សម្ភាសន៍ជាមួយសារព័ត៌មានឡារ៉ែន តារាប្រុសវ័យក្មេងរូបនេះ បានអះអាងថា កៀកដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនេះ លោកមានចម្រៀងតែមួយបទនេះទេសម្រាប់កំដរអារម្មណ៍មហាជនអ្នកគាំទ្រ ចាក់សាប់និងរាំលេងកម្សាន្ដ។
លោក រាជ ប្រាថ្នា ត្បិតតែចេញចម្រៀងមួយបទនេះនៅលើបណ្ដាញសង្គមយូធូបហើយក៏ពិតមែន ក៏ប៉ុន្ដែលោកបានប្រាប់ថា បទចម្រៀងនេះកំពុងតែត្រៀមថតវីដេអូអឹមវីជាសាច់រឿង ដែលមានលាយលំជាមួយរូបភាពកំប្លុកកំប្លែង ធ្វើឱ្យអ្នកគាំទ្រផ្ទុះសំណើច និងសប្បាយទៅតាមបទ។ តាំងពីថ្ងៃបង្ហោះនៅលើបណ្ដាញសង្គមរហូតដល់ពេលនេះ ចម្រៀង « នាងដើរចាប់ក្ដាម » ទទួលបានអ្នកចូលទស្សនាកើតឡើងៗរហូតដល់ខ្ទង់លានអ្នក View ។ បើតាមតាមអារម្មណ៍រំភើប និងនឹកស្មានមិនដល់ដែលផ្ទុះការគាំទ្រខ្លាំងបែបនេះ លោក ប្រាថ្នា បន្ដថា លោកពិតជាអរគុណដល់ពុកម៉ែបងប្អូនដែលស្រឡាញ់បទចម្រៀងរបស់រូបលោក ថ្វីបើឆ្នាំនេះលោកមានចម្រៀងប្រពៃណីតែមួយបទក៏ពិតមែន តែលោកសប្បាយចិត្តដែលឃើញមានសន្ទុះក្នុងការគាំទ្រចេញពីចិត្តពិតៗ។
សូមជម្រាបថា លោក រាជ ប្រាថ្នា បានចុះកុងត្រាជាមួយផលិតកម្ម Top Music រយៈពេល ៥ ឆ្នាំ ហើយបានចេញបទចម្រៀងជាហូរហែ ដែលនៅក្នុងនោះរួមមានបទមនោសញ្ចេតនាដូចជា ភ្លេងការអ្នកណា និងបទគ្មានអនាគត ជាដើម សុទ្ធសឹងជាបទចម្រៀងដែលមហាជនអ្នកគាំទ្រចូលចិត្តខ្លាំង និងនិយមចាក់ផ្សាយតាមរយៈប៉ុស្ដិ៍វិទ្យុផងដែរ។ តារាប្រុសដែលជ្រកដំបូលរួមជាមួយផលិតកម្មថោនរូបនេះ ក៏បានអះអាងទៀតថា លោកបានចូលច្រៀងនៅក្នុងផលិតកម្មមួយនេះ ក៏ទទួលបានការជ្រោមជ្រែងពីសំណាក់ម្ចាស់បទ « នឹកនា » ហើយក៏សូមអរគុណដល់លោក ដា ភ្លេង និងបងៗអ្នកនិពន្ធទាំងអស់ផងដែរ ក្នុងការជួយជ្រោមជ្រែងក្នុងពិភពសិល្បៈចម្រៀងមួយនេះ។
កុំឱ្យខាតពេលយូរ សូមទស្សនាវីដេអូចម្រៀងរបស់តារាប្រុសសំឡេងស្អក លោក រាជ ប្រាថ្នា តាមរយបទ « នាងដើរចាប់ក្ដាម »៖



ការការពារឧប្បត្តិហេតុចំពោះក្មេងតូចក្នុងអំឡុងវ័យ 1-12ខែ តើឪពុកម្ដាយត្រូវប្រយ័ត្នអ្វីខ្លះ?
ឧប្បត្តិហេតុ គឺជារឿងមិននឹកស្មានដល់ដែលគ្មានអ្នកណាចង់ឱ្យកើតឡើងឡើយ ជាពិសេសបំផុតកូនតូចក្នុងវ័យទារក ព្រោះអាចនាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗខ្លាំងជាមនុស្សចាស់ និងក្មេងធំ។ ទាំងអស់នេះបើឪពុកម្ដាយ ឬអ្នកមើលថែទាំទារកបាននឹកដល់ឧប្បត្តិហេតុដែលអាចនឹងកើតឡើងក្នុងអំឡុងវ័យនីមួយៗរបស់ទារក វាអាចកាត់បន្ថយឱកាសក្នុងការកើតឧប្បត្តិហេតុលើក្មេងតូចបាន។
អំឡុងអាយុ 1ដល់ 2ខែ

ទារកនឹងអាចលើកក្បាលឡើងបានបន្តិច តាមសម្លឹងមើល យំរំខានកាន់តែច្រើន ជាពិសេសក្នុងអំឡុង 3ខែដំបូងនៃជីវិត។ ឧប្បត្តិហេតុដែលគួរប្រយ័ត្នគឺ ការរបូតធ្លាក់ចេញពីដៃមនុស្សធំដែលព ឬបី ឬឧប្បត្តិហេតុនៅពេលមនុស្សធំកាន់វត្ថុក្ដៅៗក្នុងដៃខណៈពេលបីទារក និងគួរប្រយ័ត្ន Shaken baby syndrome ជាសភាវដែលកើតពីការចាប់អង្រួនទារកខ្លាំងៗ ដែលមានមូលហេតុមកពីអារម្មណ៍ដែលខឹងមួម៉ៅខ្លាំង រួមទាំងការមិនបានដឹងពីផលប៉ះពាល់របស់មនុស្សធំ។ ការចាប់អង្រួនទារកខ្លាំងៗ នឹងធ្វើឱ្យសាច់ខួរក្បាលប៉ះទង្គិចនឹងឆ្អឹងលលាដ៍ក្បាល សរសៃឈាមជុំវិញសាច់ខួរក្បាលដាច់រហែក រហូតកើតសភាវហូរឈាមក្នុងខួរក្បាល ផ្ទាំងប្រព័ន្ធប្រសាទកែវភ្នែករងគ្រោះថ្នាក់ ខួរក្បាលប៉ះទង្គិចខ្លាំងក្លា អាចធ្វើឱ្យខ្វាក់ភ្នែក ឬដល់ថ្នាក់ស្លាប់បាន។អំឡុងអាយុ 4-5ខែ

ទារកនឹងអាចលើកក្បាលត្រង់បានហើយ ចេះគប់វត្ថុតូចៗដែលកាន់នៅក្នុងដៃ និងអាចក្រឡាប់ខ្លួនបានហើយ ដូច្នេះទើបគួរប្រយ័ត្នឧប្បត្តិហេតុដែលបណ្ដាលមកពីការក្រឡាប់ខ្លួននេះ ឬរបស់លេងដែលងាយបែកបាក់ ឬវត្ថុមុតស្រួច រួមទាំងឧប្បត្តិហេតុដោយសាររថយន្ត ដោយសារតែក្នុងអំឡុងវ័យនេះ មនុស្សធំច្រើនតែចាប់ផ្ដើមនាំទារកចេញក្រៅផ្ទះច្រើនឡើងហ្នឹងឯង។ ការធ្វើដំណើរចេញក្រៅផ្ទះដោយរថយន្ត គួរឱ្យទារកអង្គុយក្នុង ខារ៍ស៊ីត(Carseat) សម្រាប់ទារកបែបបែរមុខទៅខាងក្រោយ និងគួរឱ្យអង្គុយបែបបែរទៅក្រោយនេះរហូតដល់អាយុ 2ឆ្នាំ។អំឡុងអាយុ 6ខែ

ទារកនឹងចាប់ផ្ដើមងើបខ្លួនឡើងបានដោយខ្លួនឯង ក្រឡាប់បានកាន់តែចំណានឡើង បង្វិលខ្លួនទៅមុខបាន តែនៅត្រូវអាស្រ័យការជួយទប់ប្រគងខ្លះៗ និងអាចផ្ទេររបស់របរពីដៃម្ខាងទៅដៃម្ខាងបានហើយ។ ក្នុងអំឡុងវ័យនេះ ឪពុកម្ដាយមួយចំនួននឹងចាប់ផ្ដើមឱ្យកូនអង្គុយក្នុងកៅអីរទេះហាត់ដើរហើយ ដែលរឿងនេះមិនគួរធ្វើជាទីបំផុត ព្រោះអាចនាំមកនូវគ្រោះថ្នាក់ដែលធ្ងន់ធ្ងរបានតាមរយៈការធ្លាក់ពីទីខ្ពស់ ឬការដែលរទេះហាត់ដើរក្រឡាប់ជាដើម ដែលនឹងនាំឱ្យមានការរងគ្រោះដល់ឆ្អឹងកងក និងឈាមហូរនៅក្នុងខួរក្បាលដែលបណ្ដាលមកពីការដួលបោកក្បាល និងបាក់ឆ្អឹងដៃជើង រួមទាំងគួរប្រយ័ត្នការទាក់កទារកដោយខ្សែភ្លើង ឬខ្សែរូតវាំងននជាដើម។អំឡុងអាយុ 9ខែ

ទារកនឹងអាចអង្គុយបានដោយមិនចាំបាច់ជួយទប់ អាចវារ និងលូនបាន ដៃអាចចាប់កាន់យកវត្ថុតូចៗបាន និងចេះយកដៃដាក់ក្នុងមាត់ និងយកចំណីដាក់ចូលមាត់ខ្លួនឯងបានហើយ ដូច្នេះទើបត្រូវប្រយ័ត្នការដែលទារករំកិលខ្លួនទៅជិតទឹក ឬវត្ថុក្ដៅៗ ដែលអាចកើតឧប្បត្តិហេតុពីការលង់ទឹក ឬរលាកទឹកក្ដៅ ឬវត្ថុក្ដៅៗបាន។ ក្រៅពីនេះគួរប្រយ័ត្នការស្លាក់ចំណីអាហារ ឬវត្ថុតូចៗផ្សេងៗដែលទារកចាប់ដាក់ចូលមាត់ រហូតធ្វើឱ្យស្ទះបំពង់ផ្លូវដង្ហើម ដូចជាគ្រាប់សណ្ដែកតូចៗ ឬកាក់ជាដើម។អំឡុងអាយុ 12ខែ

ទារកនឹងអាចឈរបានមួយភ្លែតៗ តោងនឹងរបស់អ្វីម្យ៉ាងដើម្បីងើបឈរឡើងបានដោយខ្លួនឯង អាចដើរបានដោយការដឹកដៃពីមនុស្សធំ អាចចាប់កាន់វត្ថុតូចៗដោយម្រាមចង្អុលដៃ និងម្រាមមេដៃ និងដួសចំណីអាហារដាក់ចូលមាត់ខ្លួនឯងបាន ដូច្នេះទើបត្រូវប្រយ័ត្នលើការញ៉ាំវត្ថុចម្លែកៗ ឬយកវត្ថុដែលមានជាតិពុលផ្សេងៗដាក់ចូលមាត់។ ការស្លាក់អាហារ ឬវត្ថុរបស់របរ ឧប្បត្តិហេតុពីការលង់ទឹក ឬរអិលធ្លាក់ជំពប់ដួលផ្សេងៗ ជាពិសេសការធ្លាក់ពីទីខ្ពស់ ឬពីបង្អួច ដោយសារតែពេលខ្លះអ្នកមើលថែទាំអាចភ្លេចថា ទារកអាចកម្រើក ឬរំកិលខ្លួនទៅណាមកណាដោយខ្លួនឯងបានច្រើនហើយ។ឪពុកម្ដាយគួរឧស្សាហ៍សង្កេតមើលវិវឌ្ឍនាការផ្សេងៗតាមវ័យរបស់ទារក និងត្រូវនឹកគិតក្នុងចិត្តជាប់ជានិច្ចថា តើស្ថានភាពជុំវិញផ្សេងៗ រួមទាំងវត្ថុរបស់របរជុំវិញខ្លួន អាចជាមូលហេតុធ្វើឱ្យកើតឧប្បត្តិហេតុបាន ឬទេ? ដើម្បីជួយកាត់បន្ថយភាពប្រថុយប្រថាន និងបង្ការគ្រោះថ្នាក់ពីឧប្បត្តិហេតុដែលកើតឡើងពីការធ្វេសប្រហែស ឬស្មានមិនដល់។ ដើម្បីសុវត្ថិភាពរបស់ទារក ទាំងអស់នេះគួរឱ្យទារកស្ថិតក្នុងក្រសែភ្នែករបស់មនុស្សធំជានិច្ច៕

ស្មាតហ្វូនថ្មី តម្លៃទាបបំផុតរបស់ Apple នឹងមានឈ្មោះថា “iPhone”
ទូរស័ព្ទឆ្លាតវៃ តម្លៃ “ទាបបំផុត” របស់ក្រុមហ៊ុន Apple ដែលជិតបង្ហាញខ្លួនក្នុងទីផ្សារពិភពលោកនាពេលខាងមុខនេះ មិនមែនមានឈ្មោះថា iPhone 9 ឬ iPhone SE2 ដូចព័ត៌មានចចាមអារ៉ាមកន្លងមកនោះទេ ប៉ុន្តែ វានឹងមានឈ្មោះដ៏សាមញ្ញបំផុត ងាយហៅបំផុត និងប្រកបដោយភាពស្និទ្ធស្នាលបំផុត នោះគឺឈ្មោះ “iPhone”។
Jon Prosser មកពីឆានែល YouTube ឈ្មោះ Front Page Tech ធ្លាប់ជាអ្នកបញ្ចេញព័ត៌មានត្រឹមត្រូវ និងមិនដែលខុស ទាក់ទិននឹងស្មាតហ្វូនដែលជិតបង្ហាញខ្លួន បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងរៀបគម្រោងបង្ហាញ និងដាក់លក់ស្មាតហ្វូនថ្មី តម្លៃទាំបរបស់ខ្លួនដែលមានឈ្មោះថា “iPhone”។ ប្រការនេះ គឺដូចទៅនឹងអ្វីដែល Apple ធ្លាប់បានធ្វើទៅលើ iPad ដូច្នោះដែរ ដោយក្រុមហ៊ុននេះ ធ្លាប់បានដាក់ឈ្មោះឱ្យថេប្លេតនេះថា “iPad”។
ចំណែកសារព័ត៌មាន Phonearena វិញ យល់ថា ការដែល Apple ដាក់ឈ្មោះសាមញ្ញទៅឱ្យ iPhone ជំនាន់ថ្មីបែបនេះ គឺពិតជាមានបង្កប់គំនិតអ្វីមួយ។ យុទ្ធសាស្ត្រនេះ នឹងជួយលើកតម្លៃអតិថិជន ដោយពួកគេនឹងមិនគិតថា ស្មាតហ្វូន iPhone ថ្មីដែលមានតម្លៃទាបដែលខ្លួនកំពុងកាន់ប្រើ គឺវា “អន់” ឬចាស់ជាង បើធៀបនឹង iPhone XR ឬ iPhone 11 ហើយវាក៏នឹងបើកផ្លូវឱ្យមានប្រភេទ “iPhone គ្មានលេខ” នាពេលអនាគត ព្រមទាំងមានភាពងាយស្រួលក្នុងការលក់នៅក្នុងទីផ្សារនៃប្រទេសដែលកំពុងអភិវឌ្ឍ។
ព័ត៌មានចចាមអារ៉ាមថ្មីៗនេះបានឱ្យដឹងថា iPhone ថ្មីនោះ នឹងមានតម្លៃត្រឹមតែ399ដុល្លារប៉ុណ្ណោះ សម្រាប់កំណែដែលមានអង្គចងចាំ64GB និង450ដុល្លារអាមេរិកសម្រាប់កំណែដែលមានអង្គចងចាំ128GB។ ស្មាតហ្វូននេះនឹងមានរូបរាងដូច iPhone 8 និងមានអេក្រង់ LCD 4,7 inch ជាមួយនឹងប៊ូតុង Home ដែលមានបំពាក់មុខងារស្កេនក្រយៅដៃ Tuoch ID និងប្រើប្រាស់ឈីប Apple A13 ជាមួយនឹង RAM 3GB និងដំណើរការដោយប្រព័ន្ធប្រតិបត្តិ iOS 13។
ទាក់ទិននឹងថ្ងៃបង្ហាញខ្លួនរបស់ស្មាតហ្វូនខាងនេះ មានព័ត៌មានខ្លះនិយាយថា វានឹងមានមុខនៅក្នុងទីផ្សារនាចុងខែមិនាខាងមុខ។ ប៉ុន្តែ ថ្មីៗនេះ សារព័ត៌មាន Nikkei Asian Review ជឿថា ពេលវេលាបង្ហាញខ្លួនរបស់វាអាចនឹងយឺតជាងនេះ ពោលគឺនៅដើមខែមេសា ឆ្នាំ2020 ដោយសារតែរងផលប៉ះពាល់ពីអាសន្នរោគកូរ៉ូណា COVID-19 ដែលកំពុងរាតត្បាតពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស

កម្មវិធីរំឭកស្នាព្រះហស្ថសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី « អប្សរា » បើកឱ្យទស្សនាដោយសេរី
បើតាមការបង្ហើបរបស់ក្រុមព្រះសូរិយាបានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះក្រុមព្រះសុរិយានិងរៀបចំកម្មវិធីពិសេសមួយឈ្មោះថា « អប្សរា » ដោយមានការបញ្ចាំងខ្សែភាពយន្តខ្មែរបីរឿង ផលិតក្នុងទសវត្សឆ្នាំ៦០និង៧០ ក្រសាលដោយសម្តេចរាជបុត្រី ព្រះរៀម នរោត្តមបុប្ផាទេវី ទេពនាថវដ្តីឯកកម្ពុជា រួមទាំងការដាក់តាំងពិព័រណ៍គំនូរឌីជីថលព្រះឆាយាលក្ខណ៍សម្តេចព្រះរៀម ដែលគូរថ្មីស្នាដៃកូនខ្មែរនៃក្រុមព្រះសុរិយា។ ដែលកម្មវិធីនេះបើកឱ្យចូលរួមដោយឥតគិតថ្លៃ ពេញមួយថ្ងៃតែម្ដង។
គួររំឭកបន្តិចដែរថា កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកក៏មានកម្មវិធីឆ្លងព្រះពិធីបុណ្យគម្រប់១០០ថ្ងៃនៃយាងសោយព្រះពិរាល័យនៃព្រះសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ។ ក៏មានការថ្វាយព្រះកុសលដ៏ខ្ពង់ខ្ពស់តាមលំអានព្រះពុទ្ធសាសនាថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរៀម ស្តេចយាងគង់ក្នុងព្រះបរមសុខគតិភពកុំបីឃ្លៀងឃ្លាត។ ក៏មានការបួងសួងសូមសម្តេចរាជបុត្រី ព្រះរៀមព្រះមេត្តាប្រោសព្រំពរជ័យ ដល់របាំព្រះរាជទ្រព្យឱ្យទទួលបានភាពរុងរឿង ល្បីល្បាញពេញសាកលលោកផងដែរ៕
សូមកុំភ្លេចចូលរួមទាំងអស់គ្នានៅសាលមជ្ឍមណ្ឌលសហប្រតិបត្តកា កម្ពុជា- កូរ៉េ CKCC ឱ្យបានច្រេីនកុះករ!


មិនបាច់ប្រើថ្នាំជំនួយផ្លូវភេទទេ ងាកមកទទួលទានអាហារជំនួយវិញ
ផ្លូវភេទ គឺជាចំណែកមួយដ៏សំខាន់នៅក្នុងជីវិតរបស់គូស្នេហ៍ទាំងឡាយ ព្រោះវាអាចជួយឱ្យពួកគេមានភាពស្និតស្នាល និងស្គាល់ចិត្តគ្នាកាន់តែស៊ីជម្រៅ។ ទោះជាយ៉ាងណា បច្ចុប្បនេះមានគូស្នេហ៍ជាច្រើនណាស់ដែលមិនសប្បាយចិត្តជាមួយនឹងបញ្ហាខ្សោយផ្លូវភេទ រហូតដល់មានអ្នកខ្លះទិញថ្នាំជំនួយមកប្រើប្រាស់ថែមទៀតផង។ ដូច្នេះ តើមានវិធីសាស្រ្តអ្វីអាចជួយដោះស្រាយបញ្ហានេះបានទៅ?ចំពោះសុខភាពផ្លូវភេទមិនថាបុរស ឬស្រ្តីមួយចំនួនធំ មិនប្រាកដជាបានដឹងច្បាស់អំពីអត្ថប្រយោជនៃផ្លែឈើធម្មជាតិ និងអាហារសមុទ្រជាប្រភេទអាហារ ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាពរបស់ពួកគេ។ ជាពិសេស វាមានតួនាទីថែរក្សាសុខភាពប្រដាប់ភេទរបស់បុរសៗ ឱ្យមានសុខភាពល្អ រឹងមាំ និងខ្លាំងក្លា នៅពេលប្រយុទ្ធជាមួយនឹងដៃគូ។ មិនតែប៉ុណ្ណោះប្រសិនបើ អ្នកគិតថា អាប្អូនតូចរបស់អ្នកចុះខ្សោយ ឬចង់ឱ្យវាមានសុខភាពល្អ ខ្លាំងក្លា អ្នកគួរតែទទួលទានប្រភេទអាហារ ផ្លែឈើ និងអាហារសមុទ្រ ដូចខាងក្រោម៖
ដំឡូងជ្វា

នៅក្នុងប្រទេសអាហ្វ្រិក ដំឡូងជ្វា ត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺផ្លូវភេទ បង្កើនសមត្ថភាពក្នុងការមានកូន ព្រោះវាអាចបន្ថែមអ័រម៉ូន estrogen ចំពោះស្ត្រី ដើម្បីបង្កើនសកម្មភាពផ្លូវភេទ។ សារធាតុប៉ូតាស្យូម នៅក្នុងដំឡូងជ្វា អាចជួយការពារការឡើងសម្ពាធឈាមខ្ពស់ និងព្យាបាលជំងឺងាប់លិង្គ។ បើយោងតាមការសិក្សាមួយបានបង្ហាញថា ដំឡូងជ្វាមានសារធាតុប៉ូតាស្យូម 28% ព្រមទាំងសារធាតុរ៉ែសំខាន់ៗជាច្រើនសម្រាប់រាងកាយ។ ក្រៅពីឥទ្ធិពលទៅលើផ្លូវភេទ ដំឡូងជ្វាក៏ជាប្រភេទនៃអាហារដែលអាចជួយបញ្ចុះទម្ងន់ កាត់បន្ថយសម្ពាធឈាម និងបង្ការបញ្ហាទល់លាមកប្រកបទៅដោយប្រសិទ្ធភាព។
អយស្ទើរ
គឺជាអាហារសមុទ្រម្យ៉ាង ដែលសម្បូរដោយសារធាតុចិញ្ចឹម និងវីតាមីនជាច្រើន ដូចជា សារធាតុរ៉ែ ស័ង្កសី វីតាមីន B6 ដែលមានតួនាទីទ្រទ្រង់ជីវិតអ័រម៉ូនប្រដាប់ភេទឱ្យមានកម្លាំងខ្លាំងក្លា និងឆាប់ឡើងរឹង។
ត្រីសាម៉ុន
ជាត្រីសមុទ្រ ដែលមានផ្ទុកដោយសារធាតុអាស៊ីតខ្លាញ់ អូមេហ្គា3 និងមានផ្ទុកនូវសារធាតុចិញ្ចឹមផ្សេងទៀត ដែលជួយឱ្យលំហូរឈាមរត់បានស្រួល និងជួយសម្រួលដល់ការរួមភេទ ឱ្យកាន់តែប្រសើរឡើងទៀតផង។
គ្រាប់ល្ពៅ
សារធាតុស័ង្កសី នៅក្នុងគ្រាប់ល្ពៅ អាចជួយបង្កើនចំណង់ផ្លូវភេទទាំងបុរស និងស្ត្រី។ តាមរយ:ការស្រាវជ្រាវបានបង្ហាញថា គ្រាប់ល្ពៅអាចជួយបង្កើនកម្រិតអ័រម៉ូន testosterone ចំពោះបុរសដែលបង្កើនតម្រូវការផ្លូវភេទ។ មិនតែប៉ុណ្ណោះ គ្រាប់ល្ពៅ ក៏សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា3 ដែលមានអត្ថប្រយោជន៍ចំពោះសុខភាពផ្លូវភេទផងដែរ។ ក្រៅពីនេះសារធាតុ បេតាការ៉ូទីន នៅក្នុងគ្រាប់ល្ពៅ មានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ប្រឆាំងនឹងប្រតិកម្មអុកស៊ីតកម្ម កាត់បន្ថយជំងឺក្រពេញប្រូស្តាត។
ផ្លែចេក
ជាប្រភេទផ្លែឈើ ដែលមានផ្ទុកទៅដោយសារធាតុប៉ូតាស្យូម និងវីតាមីនB ដែលអាចជួយផលិតអ័រម៉ូនភេទ។ លើសពីនេះ ទៅទៀតវាអាចជួយបន្ថែមឱ្យមានអារម្មណ៍ស្រើបស្រាលផងដែរ។
ផ្លែទំពាំងបាយជូរ
ជាផ្លែឈើម្យ៉ាងសម្បូរទៅដោយសារធាតុប៉ូតាស្យូម វីតាមីនA និង វីតាមីនE ដែលជួយបង្កើនឱ្យមានកាមតណ្ហាខ្លាំងក្លា និងជួយផលិតមេជីវិតឈ្មោល។
ផ្លែប៊័រ
ជាផ្លែឈើមួយ ដែលមានរាងដូចជា ពងស្វាស ដែលមានផ្ទុកទៅដោយសារធាតុជាច្រើន ដូចជា វីតាមីនD និងវីតាមីនE ដែលអាចជួយរាងកាយឱ្យមានថាមពលខ្លាំងក្លា រឹងមាំ និងបានយូរ នៅពេលរួមភេទ។
ផ្លែស្ត្រប៊ឺរី
ស្ត្រប៊ឺរី ជាផ្លែឈើមួយប្រភេទដែលមានផ្ទុកនូវវីតាមីនB និងអាស៊ីតហ្វូលិក ដែលអាចជួយការពារភាពមិនប្រក្រតីពីកំណើត។ ជាពិសេសវីតាមីនC របស់វាអាចជួយបង្កើនចំណង់ផ្លូវភេទផងដែរ។ ផ្លែស្ត្រប៊ឺរី ត្រូវបានគេទទួលស្គាល់ថា ជាអាហារដ៏ល្អបំផុតសម្រាប់ជីវិតផ្លូវភេទ ព្រោះជាអាចជួយសម្រួលដល់លំហូរឈាមទៅកាន់តំបន់ឯកជន ដូច្នេះវាត្រូវបានគេចាត់ទុកជា ថ្នាំជំនួយផ្លូវភេទបែបធម្មជាតិ។ លើសពីនេះទៅទៀត ស្ត្រប៊ឺរី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាងប៉េងប៉ោះដល់ទៅ 10ដង ហើយមានផ្ទុកសារធាតុហ្វូលិកខ្ពស់ជាងផ្លែឈើដទៃទៀត។ សារធាតុហ្វូលិកនេះ ល្អសម្រាប់ស្ត្រីនៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ពីព្រោះវាជួយជំរុញដល់ការវិវត្តនៃខួរក្បាល ឆ្អឹងខ្នង និងបង្ការភាពមិនប្រក្រតី។ ដូចនេះក្នុងចំណោមអាហារទាំង6ខាងលើប្រាកដជាមាន1, 2 ឬលើសពីនេះដែលអាចឱ្យសុភាពបុរសទទួលទានជាប្រចាំនៅមុនពេលដែលធ្វើការរួមភេទជាមួយដៃគូ ដើម្បីឱ្យកាន់តែពុះកញ្ជ្រៀលឡើង៕អាហារដែលត្រូវចៀសវាង
• កាហ្វេ, សូកូឡា និងទឹកក្រូចកូកាកូឡា សុទ្ធតែសម្បូរជាតិកាហ្វេអុីន ដែលអាចឱ្យងាប់លិង្គ និងបន្ថយលទ្ធភាពនៃការមានកូនទៀតផង។
• ជាតិស្រាតែមួយមុខអាច បន្ថយលទ្ធភាពនៃការមានកូនបានហើយ ព្រោះវាមានឥទ្ធិពលទៅលើជាតិស័ង្កសី បន្ថយចំនួនមេជីវិតឈ្មោល ខូចរូបរាងមេជីវិតឈ្មោល និងធ្វើចលនាមិនបានល្អ។ ចំណែកឯស្ត្រីវិញ ពេលមេជីវិតទាំងពីររលាយចូលគ្នាហើយមិនអាចកាច់សម្បុកបាន។ កាលណាបន្ថែមជាតិកាហ្វេអុីនទៀត រឹតតែឱ្យអាការកាន់តែធ្ងន់ធ្ងរ។
• ចូរចៀសវាងអាហារសម្បូរជាតិខ្លាញ់ Saturated Fat, ជាតិស្ករ និងប្រៃ ព្រោះវាទៅកាត់បន្ថយជីវជាតិដែលរាងកាយត្រូវការសម្រាប់ការបង្កកំណើត។
• ចូរចៀសវាងអាហារធ្វើពីទឹកដោះគោ ព្រោះវានឹងមិនអាចស្រូបបាននូវជីវជាតិសំខាន់ៗបានទេ។
• ថ្មីៗនេះការស្រាវជ្រាវបានបង្ហាញឱ្យដឹងថា សណ្តែកសៀងប្រហែលជាមានឥទ្ធិពលអវិជ្ជមានចំពោះលទ្ធភាពនៃការមានកូនបាន ដូច្នេះគួរតែចៀសវាងអាហារបែបនេះ។
• ចៀសវាងអាហារញៀន និងមានជាតិស្ករសិប្បនិមិត្ត។
• សម្រាប់ស្ត្រី នៅពេលជាលិកាសម្បូរជាតិអាល់កាឡាំង វានឹងជំនួយដល់ការបង្កកំណើត៕

កំពូលភាពយន្ដឈ្នះពានអូស្ការ Parasite រងការរិះគន់ពីលោក ដូណាល់ត្រាំ និងរងការចោទប្រកាន់ចម្លងស្នាដៃពីរឿងឥណ្ឌា
យោងតាមសារព័ត៌មានបរទេសឱ្យដឹងថា ប៉ារ៉ាសិត ( Parasite ) បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយកាលពីដើមខែនេះ ដោយក្លាយជាខ្សែភាពយន្តភាសាបរទេសដំបូងគេដែលទទួលបានពានរង្វាន់ «រូបភាពល្អបំផុត (Best Picture) » ក្នុងកម្មវិធី Academy Awards 2020។ ខ្សែភាពយន្តនេះទទួលបានពានរង្វាន់អូស្ការចំនួន ៤ រួមមាន Best International feature film, Best original screenplay, Best directing, និងពានចុងក្រោយគេបង្អស់គឺ Best Picture នេះឯង។ ជាមួយគ្នានោះដែរ អ្នកគាំទ្រទូទាំងពិភពលោកភាគច្រើនបានកោតសរសើរពីខ្សែភាពយន្តនិងអ្នកដឹកនាំរឿងគឺលោក Bong Joon Ho ដែលមានស្នាដៃឆ្នើមដណ្ដើមបានពានរង្វាន់ច្រើនបំផុត។

ស្របពេលដែលភាពយន្ដល្បីរន្ទឺនេះទទួលបានការកោតសរសេរច្រើន ស្រាប់តែប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ចេញសម្ដីរិះគន់ចំពោះ អូស្ការ ដែលបានប្រគល់ពានដល់ភាពយន្ដរបស់កូរ៉េខាងត្បូង ។ លោកបាននិយាយថា « និយាយអ៊ីចឹង..តើពានរង្វាន់ Academy Awardsឆ្នាំនេះអាក្រក់ប៉ុណ្ណាទៅ ? អ្នកទទួលពានគឺភាពយន្ដរបស់កូរ៉េខាងត្បូង ? តើជាស្អីទៅ? យើងមានបញ្ហាគ្រប់គ្រាន់ជាមួយប្រទេសកូរ៉េខាងត្បូងពាក់ព័ន្ធពាណិជ្ជកម្ម តើភាពយន្តដែលល្អបំផុតប្រចាំឆ្នាំទៅកាន់ពួកគេ? តើវាល្អទេ? ខ្ញុំមិនយល់? អ្នកដឹងទេ? ខ្ញុំកំពុងស្វែងរកចំនួនអ្នកចូលចិត្ត (Like) ដូចជាការបោះឆ្នោតរឿង Gone With the Wind ដែលអាចឱ្យចំនួន Like។ តើអាចធ្វើបានទេ? រឿង Sunset Boulevard និងមានរឿងជាច្រើនទៀត ។ តែចុងក្រោយប្រកាស the winner is កូរ៉េខាងត្បូង។ ខ្ញុំបានគិតថា វាជាភាពយន្ដបរទេសល្អបំផុត Best foreign movie។ តែទេ..តើមិនធ្លាប់មានពីមុនមកឬយ៉ាងណា? »។
សូមជម្រាបថា ភាពយន្ដ ប៉ារ៉ាសិត ឬ Parasite ក៏កំពុងរងការរិះគន់ថាចម្លងស្នាដៃពីភាពយន្ដឥណ្ឌរឿង «Minsara Kanna» ដោយចោទប្រកាន់ថា កូរ៉េខាងត្បូងថារំលោភកម្មសិទ្ធិបញ្ញា។ ផលិតករឥណ្ឌាលោក P.L Thenappan ជាអ្នកផលិតរឿង «Minsara Kanna» ក៏បានអះអាងថា «ខ្ញុំបានទស្សនារឿង Parasite របស់កូរ៉េខាងត្បូង ហើយខ្ញុំមានអារម្មណ៍ថា ពួកគេបានលួចចម្លងខ្សែភាពយន្ត Minasara Kanna។ ខ្ញុំក៏បាននិយាយជាមួយមេធាវីអន្តរជាតិ ហើយពិចារណាពីការដាក់ពាក្យបណ្តឹង ប្រឆាំងនឹងអ្នកផលិតរឿង Parasite ឆាប់ៗនេះ»។ តែយ៉ាងណាមិញផលិតករឥណ្ឌារូបនេះ មិនបានបញ្ជាក់ទេ ថារឿង Parasite បានរំលោភកម្មសិទ្ធិបញ្ញាត្រង់ចំណុចណាខ្លះនោះទេ។
រហូតមកទល់ពេល គេនៅមិនទាន់ឃើញមានការបកស្រាយរបស់អ្នកដឹកនាំរឿងលោក Bong Joon Ho នៅឡើយទេ។ ឆ្លើយតបនឹងបញ្ហានេះ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុនផលិតរឿង «Parasite» CJ Entertainment បានផ្តល់បទសម្ភាសន៍ជាមួយកាសែត Maeil Business Newspaper’s Star Today ដោយលើកឡើងថា «ពួកយើងមិនមានការយល់ដឹងច្រើន ពីកម្មសិទ្ធិបញ្ញារបស់ភាពយន្តក្នុងប្រទេសឥណ្ឌាទេ។ មកទល់នឹងពេលនេះពួកយើងមិនទាន់ទទួលបានព័ត៌មានណាមួយជុំវិញបញ្ហានេះនៅឡើយទេ»៕


តួល្បីល្ខោននិយាយ “ថៅកែចិត្តចោរ” បង្ហាញរសជាតិសម្ដែងថ្មីក្នុងភាពយន្ដ “អន្ទាក់ស្នេហ៍” និងទម្លាយប្រវត្តិកម្សត់
លោកគ្រូ អន សុភៈ សិល្បករសម្ដែងជើងចាស់ជាតួអង្គ តាចន ក្នុងរឿង “អន្ទាក់ស្នេហ៍” ជាព្រឹទ្ធាចារ្យ បង្ហាតបង្រៀនផ្នែកល្ខោននិយាយ មានតួនាទីក្នុងវិស័យអប់រំ និងធ្លាប់សម្ដែងជាតួអង្គ “ថៅកែចិត្តចោរ” ថែមទៀតផង។ ការសម្ដែង និង ការរៀបចំអត្តចារិកក្នុងភាពយន្ត “អន្ទាក់ស្នេហ៍” គឺជាតួអង្គចាស់ព្រើ ខ្វះសីលធម៌ និងមានល្បិចគួរឱ្យខ្លាចមិនចាញ់ តួ “ថៅកែចិត្តចោរ” ទេ។

ក្រោយពីបានទស្សនារឿង “អន្ទាក់ស្នេហ៍” ហើយមានប្រិយមិត្តជាច្រើនពេញចិត្តនឹងការសម្ដែងរបស់លោកគ្រូ អន សុភៈ ដែលសម្ដែងជាតួតាចន ដែលជាក់ស្តែងលោកគ្រូ ក៏ជាអ្នកដឹកនាំរឿងល្ខោន អ្នកនិពន្ធ និងមានប្រវត្តិតស៊ូក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ តាំងតែពីលោករួចរស់ពីសម័យខ្មែរក្រហមមក។
លោកគ្រូ អន សុភៈ រំឭកឡើងថា រូបលោកប្រឈមនឹងការបាត់បង់ជីវិតជាច្រើនលើកច្រើនសារក្នុងសម័យខ្មែរក្រហម ដោយសារបញ្ហាសុខភាព និងការស្រែកឈ្លាន គ្មានអ្នកថែរក្សា។ ក្រោយរួចពីសម័យនោះ រូបលោកបានបាត់បង់សមាជិតគ្រួសារអស់ ហើយគ្មានទីពឹង តែដោយលោកមានប្រវត្តិរៀនសូត្រផ្នែកសិល្បៈល្ខោននិយាយ និងមានទេពកោសល្យ រូបលោក ត្រូវបាន លោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលធ្លាប់ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលចិញ្ចឹមទុកដូចកូនបង្កើត។

សិល្បករជើងចាស់រូបនេះ បន្តស្នាដៃសម្ដែងសិល្បៈ និងរៀនសូត្រតាមគន្លងការអប់រំរបស់ ព្រឹទ្ធាចារ្យ ឆេង ផុន ហើយបានទទួលឱកាសជាបន្តបន្ទាប់ទៅរៀននៅបរទេសផ្នែកសិល្បៈដឹកនាំរឿង និងល្ខោននៅប្រទេសអភិវឌ្ឍនខៅលោកខាងលិច ហើយក៏ត្រឡប់មកស្រុកខ្មែរវិញ សិល្បកររូបនេះចាប់ផ្ដើមមានជំងឺជាប់ខ្លួន ដែលពិបាកក្នុងព្យាបាល តែរូបលោកនៅតែព្យាយាមក្នុងការងារជាអ្នកនិពន្ធ អត្ថបទ និងបង្រៀនដល់ សិស្សនិសិ្សតផ្នែកសិល្បល្ខោននិយាយនេះ។

ជំងឺរបស់លោកគ្រូ អន សុភៈ ស្ទើរតែឆក់យកអាយុជីវិតរបស់លោកគ្រូ តែដោយការជួយជ្រោមជ្រែងពី លោកព្រឹទ្ធាចារ្យ ឆេង ផុន និងគ្រួសារ បានធានាព្យាបាលរូបលោករហូតដល់ជាសះស្បើយ។ រូបលោកក៏មានជីវិតបន្តការងារក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបម្រើក្នុងវិស័យសិល្បជាសិល្បករសម្ដែងល្ខោននិយាយ និងជាគ្រូបង្ហាត់បង្រៀនល្ខោននិយាយ រហូតមកដល់បច្ចុប្បន្ន។ ហើយថ្មីៗនេះ លោកគ្រូ អន សុភៈ ជាតារាសម្ដែងជើងចាស់ ដ៏ជំនាញម្នាក់ក្នុងវិស័យសិល្បៈទី៧នេះ លោកគ្រូ ក៏មានកិតិ្តនាមយ៉ាងល្បីសម្ដែងជាតួ ថៅកែចិត្តចោរ ក្នុងរឿង ល្ខោននិយាយ “ថៅកែចិត្តចោរ” ហើយរូបលោកក៏ជាតួអង្គក្នុងរឿង “អន្ទាក់ស្នេហ៍” ដែលកំពុងបញ្ចាំងគ្រប់រោងភាពយន្ត៕


ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)
3.ស្ថានភាពពន្លឺថ្ងៃ និងម្លប់ ៖ អាចរាប់បានថាមានភាពចាំបាច់ណាស់នៅក្នុងក្បួនការកែច្នៃពន្លឺរបស់រុក្ខជាតិ ដើម្បីសាងវាជាអាហារ។ បរិមាណពន្លឺថ្ងៃដែលបានទទួលនៅក្នុងទីកន្លែងដាំដុះក្នុង 1ថ្ងៃៗនោះ នឹងមានផលប្រយោជន៍ចំពោះប្រភេទបន្លែដែលយើងដាំនោះ ដោយជាទូទៅ គេអាចបែងចែកដំណាំបន្លែទៅតាមតម្រូវការពន្លឺថ្ងៃដូចតទៅ ៖
3/1.កន្លែងដែលមិនបានទទួលពន្លឺថ្ងៃរហូតពេញ 1ថ្ងៃ គួរដាំរុក្ខជាតិបន្លែណាដែលអាចលូតលាស់ធំធាត់ឡើងនៅក្នុងម្លប់បាន ដូចជា ដើមស្លឹកឆះភ្លូ ជីអង្កាម ស្លឹកគ្រៃ ជីនាងវង ខ្ញី ម្តេង និងដើមម្រះព្រៅ ជាដើម។

3/2.កន្លែងដែលបានទទួលពន្លឺថ្ងៃរហូតពេញ 1ថ្ងៃ គួរជ្រើសរើសដាំបន្លែណាដែលអាចលូតលាស់ធំធាត់ឡើងបាននៅក្នុងកន្លែងដែលមានពន្លឺថ្ងៃប្រក្រតី ដូចជា ដើមសណ្តែកកួរ ខាត់ណា ស្ពៃខ្មៅ ស្ពៃចង្កឹះ ម្ទេសផ្សេងៗ លើកលែងតែម្ទេសអាចម៍ចាប។4.ប្រភេទ ៖ ការដាំបន្លែ គួរជ្រើសរើសយកប្រភេទបន្លែឱ្យបានច្រើនប្រភេទ ដើម្បីឱ្យទទួលបានគុណតម្លៃខាងអាហារ ដែលសម្បូរបែប ដែលសម្រាប់ចម្ការបន្លែគ្រួសារនេះ គេអាចបែងចែកចេញជា 4ប្រភេទធំៗដូចតទៅ៖
1.យកផ្លែធ្វើជាអាហារ ដូចជា ត្រសក់ ប៉េងប៉ោះ ម្ទេស ត្រប់។ល។
2.យកស្លឹក និងដើមធ្វើជាអាហារ ដូចជា ត្រកួន ខាត់ណា ស្ពៃ ជីនាងវង ស្លឹកម្រះព្រៅ។ល។
3.យកផ្កាធ្វើជាអាហារ ដូចជា ផ្កាខាត់ណា ផ្កាអង្គារដី ផ្កាគុយឆាយ ផ្កាស្រឡឹត។ល។
4.យកមើម ឬឫសដែលនៅក្នុងដីធ្វើជាអាហារ ដូចជា ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ម្តេង ឆៃថាវ ការ៉ុត។ល។
5.ប្រភេទរបស់បន្លែ ៖ បន្លែប្រភេទនីមួយៗមានភាពខុសប្លែកពីគ្នាក្នុងរឿងវិធីការដាំដុះ និងអាយុ ក្នុងការប្រមូលផល ដូច្នេះទើបគេអាចបែងចែកប្រភេទបន្លែទៅតាមអាយុនៃការប្រមូលផល ដូចខាងក្រោមនេះ ៖
5/1.បន្លែអាយុខ្លី (តិចជាង 2 ខែ)៖ ដូចជា ជីវ៉ាន់ស៊ុយ សាលាដ ស្ពៃខ្មៅ ខាត់ណា ត្រកួនចិន ស្ពៃបូកគោ ត្រសក់។ល។
5/2.បន្លែអាយុកណ្តាល(2 – 5 ខែ) ៖ ដូចជា ផ្កាខាត់ណា ស្ពៃក្តោប សណ្តែកកួរ ខ្ទឹមបារាំង ប៉េងប៉ោះ ម្ទេស ននោង ល្ពៅ។ល។
5/3.បន្លែដើមខ្ពស់(យូរជាង 1ឆ្នាំ)៖ ដូចជា ត្រប់ ស្អំ ជីនាងវង ម្រះព្រៅ ខ្ញី ទំពាំងបារាំង ខ្ជាយ ម្តេង។ល។
6.ដាំបន្លែ គួរដាំឱ្យត្រូវរដូវកាល ៖ ដើម្បីឱ្យទទួលបានបន្លែដែលមានគុណភាព និងរសជាតិល្អ ងាយស្រួលថែទាំ មិនសូវមានសត្វល្អិត និងជំងឺមករុកកួន ទើបយើងគួរពិចារណាជ្រើសរើសដាំបន្លែតាមរដូវកាលដែលត្រឹមត្រូវ ដូចតទៅនេះ ៖បន្លែដែលគួរដាំក្នុងរដូវក្តៅ ៖ មានដូចជា បន្លែដែលស៊ូនឹងកម្តៅបានល្អ និងធន់ជាមួយភាពស្ងួតក្រៀមក្រោះបានល្មមគួរសម។ ទោះបីជាបន្លែទាំងនោះធន់នឹងកម្តៅ និងភាពហួតហែងបានមែនក៏ដោយ តែបើចង់ដាំនៅក្នុងរដូវក្តៅនោះ បន្លែមួយចំនួនក៏ត្រូវតែស្រោចទឹកព្រឹក-ល្ងាច ត្រូវតែជ្រួយដី ហើយគ្របគល់ដោយចំបើងដើម្បីរក្សាសំណើមឱ្យបានគ្រប់គ្រាន់ ដូចជា ពោត ននោង ម្រះ សណ្តែកកួរ ឃ្លោក ល្ពៅ ពពាយ ខាត់ណា ស្ពៃចង្កឹះ សាលាដ ជីវ៉ាន់ស៊ុយ (សាលាដ និងជីវ៉ាន់ស៊ុយនេះគួរធ្វើដំបូលបាំងកម្តៅឱ្យផង) ស្ពៃខ្មៅ ត្រប់ពុតលំញង ជាដើម។ល។
បន្លែដែលគួរដាំក្នុងរដូវភ្លៀង ៖ បន្លែណាដែលដាំនៅដើមរដូវភ្លៀង ក៏អាចដាំបានផលល្អនៅចុងរដូវភ្លៀងបានដែរ ខ្លាំងជាងនោះទៅទៀត ថែមទាំងអាចដាំបន្លែទាំងនោះនៅក្នុងរដូវរងាបានផងដែរ ដូចជា ស្ពៃក្តោប ផ្កាខាត់ណា ប្រូកខូលី សណ្តែកហោឡាន់តៅ ខ្ទឹមបារាំងប៉េងប៉ោះ ស្លឹកឃឹនឆាយ ម្ទេសប្លោក។ល។
(នៅមានត)