Category: សង្គម និងសេដ្ឋកិច្ច

  • តើ​ចាំបាច់​ត្រូវ​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ដែរ​ឬទេ​?

    តើ​ចាំបាច់​ត្រូវ​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ដែរ​ឬទេ​?

    ដោយសារ​ការ​បំពុល​កាន់តែ​ច្រើន​នៅក្នុង​ចំណីអាហារ​ដែល​យើង​ទទួលទាន​ និង​ខ្យល់​បរិយាកាស​ដែល​អ្នក​ដកដង្ហើម​ អ្នកចាំ​បាច់​ត្រូវតែ​ការពារ​ខ្លួន​អ្នក​ពី​ជំងឺមហារីក​។ ជំងឺមហារីក​សួត​ ជំងឺមហារីក​ពោះវៀនធំ​ ជំងឺមហារីក​ក្រពេញ​ប្រូ​ស្ដា​ត ជំងឺមហារីក​សុដន់​ និង​ជំងឺមហារីក​មាត់ស្បូន​ កំពុង​កើតមាន​កាន់តែ​ច្រើន​ឡើង​ៗពីឆ្នាំ​ទៅ​មួយឆ្នាំ​។

    ទង្វើ​ធ្វេស​ប្រហែល​ព្រងើយ​កន្ដើយ​ជាមួយ​ការ​ត្រួតពិនិត្យ​សុខភាព​ គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ តែ​ប្រសិនបើ​អ្នក​បាន​ពិនិត្យ​ឃើញ​ឆាប់រហ័ស​គ្រប់គ្រាន់​ ជំងឺ​ទាំងនេះ​អាច​ព្យាបាល​ឱ្យ​ជាសះស្បើយ​បាន​វិញ​។ ជំងឺមហារីក​ដែល​ត្រូវ​បាន​ពិនិត្យ​ឃើញ​យឺត​ពេល​ជា​ញឹកញាប់​ មិន​អាច​ព្យាបាល​បាន​ឡើយ​ ឬអាច​ទាមទារ​ការ​ព្យាបាល​ដោយ​គីមី​ និង​ការវះកាត់​ធំ​ ដែល​មានការ​ឈឺចាប់​ និង​ការ​ចំណាយ​ខ្ពស់​។

    នៅពេល​ដែល​អ្នកមាន​អាយុ​កាន់តែ​ច្រើន​ អ្នកចាប់​ផ្ដើម​មាន​ជំងឺរ៉ាំរ៉ៃ​ ដូចជា​ ជំងឺ​ទឹកនោមផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ និង​ជាតិ​កូ​ឡេ​ស្ដេ​រ៉ូល​ខ្ពស់​ ដែល​ប្រសិនបើ​ទុកចោល​មិន​ព្យាបាល​នឹង​បណ្ដាល​ឱ្យ​ខូច​ផ្នែក​ផ្សេងទៀត​ជាច្រើន​នៃ​រាងកាយ​របស់​អ្នក​។ ឧទាហរណ៍​ ជំងឺ​ទឹកនោមផ្អែម​អាច​បណ្ដាល​ឱ្យ​ពិការ​ភ្នែក​ ខូច​តម្រងនោម​ គាំងបេះដូង​ ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ ស្ពឹក​ដៃជើង​ និង​ឆ្លង​រោគ​ជាដើម​។

    អ្នក​អាច​ចាប់ផ្ដើម​ថែទាំ​សុខភាព​របស់​អ្នក​បាន​តាមរយៈ​ការ​យកចិត្ត​ទុកដាក់​ ការ​កែប្រែ​របៀប​ដែល​អ្នក​រស់នៅ​ និង​ការ​ទទួលទាន​អាហារ​។ តួយ៉ាង​ហានិភ័យ​នៃ​ការ​កើតជំងឺ​បេះដូង​ ក៏ដូចជា​ជំងឺ​ផ្សេងទៀត​ជាច្រើន​ អាច​ត្រូវ​បាន​កាត់បន្ថយ​តាមរយៈ​ការ​ទទួលទាន​អាហារ​ត្រឹមត្រូវ​ បន្ថែម​លើ​ការហាត់ប្រាណ​គ្រប់គ្រាន់​។ ត្រូវ​ទទួលទាន​បន្លែ​ ផ្លែឈើ​ និង​ត្រី​ ឱ្យ​បាន​ច្រើន​ជាង​មុន​។ ចៀសវាង​ការ​ទទួលទាន​សាច់​ក្រហម​ អាហារ​ខ្លាញ់​ និង​អាហារ​ចៀន​ បំពង​។ ត្រូវ​កាត់បន្ថយ​ទម្លាប់​ជក់បារី​របស់​អ្នក​។ ជំហាន​ទាំងនេះ​ ក៏​នឹង​ជួយ​អ្នក​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​ផង​ដែរ​។

    ពិនិត្យ​សុខភាព​ដើម្បីអ្វី​?
    រាងកាយ​មនុស្ស​ម្នា​ក់ៗ​ប្រៀប​ដូចជា​រថយន្ត​ដែល​ចាំបាច់​ត្រូវ​ពិនិត្យពិច័យ​ ថែរក្សា​ និង​កែតម្រូវ​ឱ្យ​ទាន់ពេល​វេលា​មុននឹង​ជំងឺរាតត្បាត​ ឬធ្ងន់ធ្ងរ​ ដូច្នេះ​ការពិនិត្យ​សុខភាព​ជា​រឿង​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​៖
    1. ដឹងពី​ស្ថានភាព​សុខភាព​របស់​ខ្លួនឯង​ ថា​តើ​ខ្លួនឯង​មាន​សភាព​លក្ខណៈ​ធម្មតា​ ឬខ្វះខាត​នូវ​ជីវជាតិ​ ឬមានឱកាស​កើត​ជំ​ងឺ​ផ្សេង​ៗ បើ​ធៀប​ទៅ​នឹង​ភេទ​ អាយុ​វ័យ​ និង​អាជីព​។
    2. ជា​ការ​ថែរក្សា​សុខភាព​ដោយ​វិធីការ​ពារ​ជាមុន​ ដឹង​លឿន​ព្យាបាល​ទាន់ពេល​ ឬការពារ​ទុកជាមុន​ អាច​ជួយ​កាត់បន្ថយ​ការបាត់បង់​មនុស្សជា​ទីស្រឡាញ់​ ការ​ប៉ះទង្គិច​សុខភាព​ផ្លូវចិត្ត​ ការខាតបង់​ពេលវេលា​ និង​ទ្រព្យធន​។
    3. ជា​ដំណើរ​នៃ​ការ​ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ឡើង​ផ្នែក​សុខភាព​ ថា​តើ​ត្រូវ​បំពេញ​ និង​កាត់បន្ថយ​អ្វីខ្លះ​ ដើម្បី​ឱ្យ​មាន​តុល្យភាព​ និង​មាន​សុខភាព​ល្អ​ មាន​អាយុវែង​ កាត់បន្ថយ​បញ្ហា​ក្នុង​ក្រុម​គ្រួសារ​ បញ្ហា​សេដ្ឋកិច្ច​ និង​ជីវភាព​គ្រួសារ​ ទាំង​ខ្លួនឯង​ និង​គ្រួសារ​ផង​ដែរ​។

    ការណែនាំ​ដើម្បី​ភាព​ងាយស្រួល​មុន​ពេល​ពិនិត្យ​សុខភាព​
    របៀប​គួរ​ដឹង​ និង​ត្រៀមខ្លួន​មុន​ពិនិត្យ​៖
    1. មិន​ត្រូវ​បរិភោគ​ទឹក​ អាហារ​ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​ មុន​ទទួលការ​ពិនិត្យ​សុខភាព​យ៉ាងតិច​ 8-10​ ម៉ោង​។
    2. សូម​ពន្យារ​ការ​ទទួលទាន​ថ្នាំ​នៅពេល​ព្រឹក​របស់​អ្នក​ រហូតដល់​ការ​បូមឈាម​ត្រូវ​បា​នប​ពា្ចប់​រួចរាល់​។
    3. មុននឹង​ទទួលការ​ថត​អេកូ​សា​ស្ដ្រពិនិត្យ​ អ្នកចាំ​បាច់​ត្រូវ​ទទួលទានទឹក​បី​ទៅ​បួន​កែវ​ជា​មុន​សិន​។ ចូរ​កុំ​បត់ជើងតូច​សម្រាប់​រយៈពេល​ប្រហែល​មួយ​ម៉ោង​មុន​ពេល​ថត​។
    4. សូមកុំ​លាប​ឡេ​បំបាត់​ក្លិន​ ទឹកអប់​ ម្សៅ​ ឬក្រែម​ នៅ​ក្រោម​ដៃ​ ឬទ្រូង​របស់​អ្នក​ ព្រោះ​វា​អាច​ប៉ះពាល់​ទៅដល់​គុណភាព​ នៃ​ការ​ថត​ឆ្លុះមើល​សុដន់​។
    5. ប្រសិនបើ​លោកអ្នក​ត្រូវការ​ធ្វើតេស្ដ​ដោយ​រត់​លើ​ម៉ាស៊ីន​ សូម​យក​តាម​ខ្លួន​នូវ​សម្លៀកបំពាក់​ និង​ស្បែកជើង​សម្រាប់​ផ្លាស់​៕

  • “Password វែង” និង​ “Password ខ្លី​តែ​ស្មុគ​ស្មាញ” មួយ​ណា​មាន​សុវត្ថិ​ភាព​ជាង​?

    “Password វែង” និង​ “Password ខ្លី​តែ​ស្មុគ​ស្មាញ” មួយ​ណា​មាន​សុវត្ថិ​ភាព​ជាង​?

    អ្នក​ប្រើ​ប្រាស់​ឧបករណ៍​បច្ចេក​វិទ្យា​ភាគ​ច្រើន​យល់​ថា ការ​ដាក់​ពាក្យ​សម្ងាត់​(Password) កាន់​តែ​ស្មុគ​ស្មាញ កាន់​តែ​មាន​សុវត្ថិ​ភាព ប៉ុន្តែ​ FBI វិញ បែរ​ជា​ឱ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ពាក្យ​សម្ងាត់​​វែងដោយ​មាន​អក្សរ​ច្រើន​​​ ជា​ជាង​ពាក្យ​សម្ងាត់​ដែល​មាន​ភាព​ស្មុគ​​ស្មាញខ្លាំង តែ​មាន​អក្សរ​តិច​។​

    “ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ពាក្យ​សម្ងាត់​ខ្លី ស្មុគ​ស្មាញ ពិបាក​ចាំ ចូរ​ងាក​ទៅ​ប្រើ​ពាក្យ​សម្ងាត់​វែង​។ ប្រការ​នេះ ទាក់​ទិន​នឹង​ការ​បូក​បញ្ចូល​គ្នា​រវាង​ពាក្យ​និង​ពាក្យ​ឱ្យ​ទៅ​ជា​ឃ្លា​​មួយ​ ដែល​មាន​អក្សរ​យ៉ាង​តិច​15តួ។ ពាក្យ​សម្ងាត់​កាន់​តែ​វែង​ កាន់​តែ​ពិបាក​កាច់​​ ឬ​ហែក(Hack)ដោយ​ចោរ​អ៊ីនធើណិត ប៉ុន្តែ វា​នៅ​តែ​ងាយស្រួល​ក្នុង​ការ​ចង​​ចាំសម្រាប់​អ្នកប្រើ​ប្រាស់​​​”។

    ក្នុង​រយៈ​ពេល​1ទសវត្សរ៍​កន្លង​ទៅ​ នៅ​ក្នុង​សង្គម​បច្ចេក​វិទ្យា​ មាន​ការ​មិន​យល់​ស្រប​គ្នា​ចំពោះ​សំណួរ​ដែល​ថា “តើ​ពាក្យ​សម្ងាត់​កាន់​តែ​វែង​ នឹង​កាន់​តែ​មាន​សុវត្ថិ​ភាព​​ជាង​ពាក្យ​សម្ងាត់​ខ្លី​តែ​មាន​អក្សរ​តូច​ផង ​ធំ​ផង និង​សញ្ញា​ពិសេស​ៗផងដែរ​ ឬ​យ៉ាង​ណា?”។

    មក​ដល់​បច្ចុប្បន្ន ទីភ្នាក់​ងារ​ស៊ើប​ការណ៍​​អាមេរិកាំង (FBI) បាន​គាំទ្រចំពោះ​​យោបល់​ដំបូង​ ដែល​ថា​ “ពាក្យ​សម្ងាត់​កាន់​តែ​វែង​ កាន់​តែ​មាន​សុវត្ថិ​ភាព​។ ​អ្នក​ជំនាញ​មក​ពី​ FBI ឱ្យ​ដឹង​ថា នៅ​ពេល​ពាក្យ​សម្ងាត់​កាន់តែ​វែង ប្រព័ន្ធ​បំបែក​លេខ​សម្ងាត់​​របស់​ចោរ​អ៊ីនធើណិត នឹង​ត្រូវ​ប្រើ​ពេលកាន់​តែ​យូរ​ និង​ចំណាយ​ធន​ធាន​កាន់​តែ​ច្រើន​​ដើម្បី​គណនា​រក​ពាក្យ​សម្ងាត់​នោះ។ ចំណែក​ពាក្យ​សម្ងាត់​កាន់​តែ​ខ្លី ទោះ​ជា​មាន​​ផ្ទុក​អក្សរ​ផង លេខ​ផង​ ដែល​នាំ​ឱ្យ​ពិបាក​ក្នុង​ការ​ចង​ចាំ តែ​វា​មាន​​ភាព​ងាយ​​ស្រួល​ក្នុង​ការ​គណនា​​។​

    ការ​សិក្សា​ស្រាវ​ជ្រាវ​មួយដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​​ទំព័រ arXiv កាល​ពី​ឆ្នាំ​2015 ក៏​ធ្លាប់​បាន​គាំទ្រ​ការ​យល់​ឃើញ​ខាង​លើ​​របស់​ FBI។ របាយ​ការណ៍​បាន​បក​ស្រាយ​ថា “ការ​បង្កើន​ប្រវែង​ ឬ​ចំនួន​នៃ​ពាក្យ​សម្ងាត់​​ គឺ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បន្ថែម​កម្រិត​នៃ​ភាព​ស្មុគ​ស្មាន​សម្រាប់ Password​”។

    ក៏ប៉ុន្តែ ទីភ្នាក់​ងារ​ FBI ក៏​យល់​ថា មិន​គួរ​ដាក់​ពាក្យ​សម្ងាត់​សាមញ្ញ​ពេក​នោះ​ដែរ​។ អ្នក​ប្រើ​ប្រាស់អ៊ីនធើណិត អាច​ងាក​មក​ប្រើ​ពាក្យ​សម្ងាត់​មួយ​ប្រភេទ​ដែល​គេ​ហៅ​ថា XKCD។ ពាក្យ​សម្ងាត់ XKCD នេះ សំដៅទៅ​​លើឃ្លាទាំងមូលដែលមានមួយពាក្យ ឬច្រើនពាក្យ​ តែ​វា​គ្មានអត្ថន័យ​ច្បាស់​លាស់ ហើយ​នៅតែងាយស្រួលក្នុង​ការ​ចងចាំ។

    កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ2019 វិទ្យា​ស្ថាន​ស្ដង់ដា​ និង​បច្ចេក​វិទ្យា​ជាតិ​​របស់​អាមេរិក NIST (National Institute of Standards and Technology) បាន​ណែនាំ​ឱ្យ​អ្នក​លេង​អ៊ីនធើណិត​ ប្រើ​ប្រាស់​កន្សោម​​ពាក្យ​សម្ងាត់ ជំនួស​ឱ្យពាក្យ​សម្ងាត់​ដែល​មាន​តែ​1 ឬ2ពាក្យ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • វិធី​ដោះស្រាយ​បញ្ហា​ស្បែក​ក្រោយ​ត្រូវ​ដុត​បំផ្លាញ​ដោយ​កម្ដៅថ្ងៃ​

    វិធី​ដោះស្រាយ​បញ្ហា​ស្បែក​ក្រោយ​ត្រូវ​ដុត​បំផ្លាញ​ដោយ​កម្ដៅថ្ងៃ​

    បន្ទាប់​ការ​ដើរលេង​កម្សាន្ត​នា​ចុងឆ្នាំ​ និង​ដើមឆ្នាំ​ថ្មី​នៅ​តាម​ឆ្នេរសមុទ្រ​រួច​ ទាំង​លេង​ទឹកសមុទ្រ​ គេង​ហាលខ្យល់​អាន​សៀវភៅ​បែប​សប្បាយ​ៗ តែ​បែរជា​បាន​មកវិញ​នូវ​អាការ​ក្រហាយ​ស្បែក​ រមាស់​ និង​របកស្បែក​នោះ​ តើ​ត្រូវ​រិះរក​វិធី​ណា​កុំឱ្យ​កើត​អាការ​ទាំងនេះ​?វិធី​ខាងក្រោម​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការ​សម្រាល​អាការ​រលាក​ស្បែក​ដោយសារ​កម្តៅថ្ងៃ​ ដើម្បី​ត្រៀម​ស្តារ​សភាព​ស្បែក​របស់​អ្នក​ឡើងវិញ​ ៖
    1. ធ្វើ​ឱ្យ​ស្បែក​ត្រជាក់​
    នៅពេល​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ ស្បែក​របស់​អ្នកចាប់​ផ្តើម​របក​ ចូរ​ព្យាយាម​ធ្វើ​ឱ្យ​ស្បែក​ត្រជាក់​ឡើងវិញ​ ការ​ងូតទឹក​ត្រជាក់​ ហើយ​ជូត​ផ្តិត​ដោយ​កន្សែង​ពោះ​គោ​ទន់​ៗនឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់ស្រាយ​ឡើងវិញ​ តែ​កុំ​ប្រើការ​ជូត​ ឬដុស​លើ​ស្បែក​ឱ្យ​ស្ងួត​ឱ្យ​សោះ​ ព្រោះ​នឹង​រឹតតែ​ធ្វើ​ឱ្យ​ស្រទាប់​ស្បែក​របក​ចេញ​កាន់តែ​ខ្លាំង​ឡើង​។
    2. លាប​គ្រី​មបំប៉ន​ស្បែក​
    រក​គ្រី​មលាប​ស្បែក​ដែល​មាន​ចំណែក​ផ្សំ​របស់​ធាង​ប្រទាល​កន្ទុយក្រពើ​លាប​ ដើម្បី​ឱ្យ​មាន​សំណើម​ និង​មាន​ភាព​ស្រស់បស់​នៅ​ជាប់​លើ​ស្បែក​ឱ្យ​បាន​យូរ​បំផុត​ ព្រោះ​សារធាតុ​ដែល​ចម្រាញ់​ចេញពី​ធាង​ប្រទាល​កន្ទុយក្រពើ​ជា​ឱសថ​បុរាណ​ធម្មជាតិ​ ដែល​មានគុណ​សម្បត្តិ​ជួយ​ក្នុង​ការ​ព្យាបាល​ស្លាកស្នាម​ និង​ជួយ​បំប៉ន​ស្រទាប់​ស្បែក​។
    3. ទទួលទានទឹក​ឱ្យ​បាន​ច្រើន​
    នៅពេល​ស្បែក​របស់​អ្នកចាប់​ផ្តើម​ខូចខាត​ ការ​ព្យាបាល​ឱ្យ​ត្រឡប់​មក​ល្អជា​ថ្មី​ឡើងវិញ​ត្រូវ​ចាប់ផ្តើម​ពី​រាងកាយ​របស់​អ្នក​ ចូរ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ ដើម្បី​កុំឱ្យ​រាងកាយ​ខ្វះ​ជាតិទឹក​ ដើម្បី​បង្កើន​សំណើម​របស់​ស្បែក​។ ការ​ទទួលទានទឹក​ប្រមាណ​ជា8​-10កែវ​ក្នុង​មួយថ្ងៃ​នៅក្នុង​អំឡុង​ពេលនេះ​ នឹង​ល្អ​ចំពោះ​សាច់​ និង​ស្បែក​របស់​អ្នក​។
    4. ឈប់​អេះ​
    រឿង​មួយ​នេះ​អាច​នឹង​ពិបាក​សម្រាប់​អ្នកខ្លះ​ តែ​ការ​អេះ​ ឬកេះ​ស្រទាប់​ស្បែក​ដែល​របក​នោះ​ចេញ​ អាច​នឹង​ធ្វើ​ឱ្យ​ស្បែក​កន្លែង​ល្អ​នៅ​ជិត​នោះ​របូត​ជាប់​មក​ជាមួយ​ដែរ​ និង​អាច​ធ្វើ​ឱ្យ​កើត​ស្លាកស្នាម​ឡើង​បាន​ ​វិធី​ជួយ​សម្រាល​អាការ​រមាស់​នេះ​អាច​ធ្វើ​បាន​ដោយ​ប្រើ​ទឹកកក​ស្អំ​។
    5. ការពារ​ស្បែក​យ៉ាង​ជាប់លាប់
    ​ចំណុច​ចុងក្រោយ​នេះ​ លើកក្រោយ​បើ​ចង់​សប្បាយ​តាម​ឆ្នេរសមុទ្រ​ ឬកន្លែង​ដែល​មាន​កម្តៅថ្ងៃ​ខ្លាំង​ សូមកុំ​ភ្លេច​ការពារ​ស្បែក​របស់​អ្នកជា​មុន​ ដោយ​គ្រី​មកា​រពារ​កម្តៅថ្ងៃ​ ហើយ​បើ​ចុះ​លេង​ទឹក​ក៏​កុំ​ភ្លេច​លាប​គ្រី​មបន្ថែម​រាល់ពេល​ឡើង​មក​ពី​ទឹក​ ហើយ​នៅ​មិនទាន់​បាន​ចូល​ទៅ​ក្រោមម្លប់​។ ចូរ​លាប​គ្រី​មឱ្យ​សព្វ​នៅ​លើ​ស្បែក​ ទាំង​ផ្ទៃមុខ​ និង​កន្លែង​ខ្លះទៀត​ដូចជា​ ខាងក្រោយ​ត្រចៀក​ដែល​តែងតែ​ត្រូវ​បាន​ភ្លេច​ជា​ញឹកញាប់​សម្រាប់​នារី​ដែល​ទើប​ចេះ​លាប​គ្រី​មថ្មី​ៗ៕

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    បន្លែដែលគួរដាំនាចុងរដូវរងា ៖ មានដូចជា ខាត់ណា ផ្កាខាត់ណា ប្រូខូលី សាលាដ ប៉េងប៉ោះ និងការ៉ុតជាដើម។
    បន្លែដែលអាចដាំបានពេញ 1ឆ្នាំ ៖ មានដូចជា បន្លែដែលធន់នឹងធាតុអាកាសបាន ដាំតែម្តងទទួលទានបានពេញ 1ឆ្នាំ ដូចជា ជីអង្កាម ជីរណា(ខ្លះហៅជីបារាំង) ជីនាងវង ម្រះព្រៅ ស្លឹកបាស់ ត្រកួនស្រែ ខ្ជាយ ម្តេង ស្លឹកគ្រៃ ស្លឹកត្រចៀកក្រាញ់ ត្រប់ពុតលំញង ម្ទេសដៃនាង និងត្រប់ផ្សេងៗ។

    រូបបែបផ្សេងៗនៃការធ្វើចម្ការបន្លែគ្រួសារជុំវិញផ្ទះ
    ទោះជាក្រុមគ្រួសារជាច្រើន បានដឹងអំពីប្រយោជន៍របស់ការដាំបន្លែគ្រួសារជុំវិញផ្ទះថា ជាការងារបន្ទាប់បន្សំយ៉ាងល្អ អាចជួយកាត់បន្ថយប្រាក់ចំណាយ សាងសេចក្តីសុខ និងមានប្រយោជន៍ដល់មនុស្សក្នុងក្រុមគ្រួសារបានយ៉ាងច្រើនហើយក៏ដោយ តែក៏នៅក្នុងផ្លូវប្រតិបត្តិវិញ អ្នកដាំដុះអាចនឹងត្រូវជួបនឹងបញ្ហារឿងទីកន្លែងក្នុងការដាំដុះ ជាពិសេសអ្នកដែលរស់នៅក្នុងទីក្រុង ដូចជា នៅក្នុងខុនដូ ផ្ទះល្វែង ឬក្នុងបុរី ដែលមិនសូវមានទីធ្លាច្រើនប៉ុន្មាន តែយ៉ាងណាក៏ដោយ ក៏យើងអាចជ្រើសរើសរូបបែបនៃការដាំដុះបន្លែគ្រួសារនេះ ឱ្យស័ក្តិសមនឹងទីកន្លែង និងចំណង់ចំណូលចិត្តរបស់យើងបានដោយមិនពិបាកឡើយ ដោយភាគច្រើនអាចបែងចែកទៅតាមរូបបែបដូចតទៅនេះ ៖

    ចម្ការបន្លែខាងក្រោយផ្ទះ
    ការដាំដុះដោយវិធីនេះ ស័ក្តិសមសម្រាប់អ្នកដែលស្នាក់នៅក្នុងតំបន់ជនបទ ជាយក្រុង ឬផ្ទះដីភូមិ ដែលមានទីកន្លែងគ្រប់គ្រាន់ ព្រោះអាចធ្វើរងបន្លែដែលដាំនៅនឹងដីផ្ទាល់បានតែម្តង ធ្វើឱ្យអាចដាំបន្លែបានគ្រប់ប្រភេទ តាមចំណង់ចំណូលចិត្តរបស់មនុស្សក្នុងក្រុមគ្រួសារ ដែលភាគច្រើនទៅ ទំហំរងដំណាំដែលស័ក្តិសមក្នុងការដាំដុះបន្លែ ដើម្បីទទួលទានក្នុងគ្រួសារគឺ ទំហំរងទទឹងមិនលើសពី 1ម៉ែត្រ  X បណ្តោយ 4ម៉ែត្រ (ឬតាមទំហំទីកន្លែង) X កម្ពស់ 20-30សង់ទីម៉ែត្រ ដើម្បីជួយក្នុងការបង្ហូរទឹក និងខ្យល់អាកាសបានល្អ។

    សម្រាប់ការត្រៀមរងដំណាំ អាចធ្វើបានងាយៗ ដោយចាប់ផ្តើមពី ៖ កាប់ដីតាមទំហំរបស់ទីកន្លែងដែលត្រូវដាំដុះ ឱ្យជ្រៅចុះទៅប្រមាណជា 30 – 50សង់ទីម៉ែត្រ(3តឹក-កន្លះម៉ែត្រ)  ឬប្រមាណជា 1-2មុខចបកាប់ បន្ទាប់ពីនោះត្រូវហាលដីចោលយ៉ាងតិច 7 ថ្ងៃ រួចទើបជ្រួយដីឡើងវិញម្តងទៀត។ បន្ទាប់ពីនោះដាក់ជីគ្រាប់ ឬជីធម្មជាតិក្នុង 1ម៉ែត្រការ៉េ 1-3ក្តាប់ដៃ ជ្រួយឱ្យលាយចូលគ្នាជាមួយដីក្លាយជាសាច់មួយ មុននឹងតុបតែងរងឱ្យមានកម្ពស់ប្រមាណជា 20-30សង់ទីម៉ែត្រ បន្ទាប់ពីនោះក៏ព្រោះ ឬដាក់ដាំគ្រាប់ពូជបន្លែចូលទៅ រួចបាញ់ទឹកផ្សំទឹកថ្នាំបណ្តុះ ត្រៃខូឌើម៉ា (អាចរកទិញបាននៅកន្លែងលក់គ្រឿងជីកសិកម្ម) ក្នុងអត្រា 10-20លិត្រក្នុងផ្ទៃដី 100 ម៉ែត្រការ៉េ លើរងដាំដុះដំណាំបន្ទាប់ពីដាក់ដាំគ្រាប់ពូជរួច និងគ្របពីលើរងដោយចំបើង បន្ទាប់ពីនោះចូរស្រោចទឹកដំណាំភ្លាមតែម្តង។

    ចម្ការបន្លែធំល្មម
    ផ្ទះដែលមានបរិមាណទីធ្លាសម្រាប់ដាំដុះមិនធំប៉ុន្មាន អាចស័ក្តិសមជាមួយវិធីដាំដុះខាងក្រោមនេះ ព្រោះយ៉ាងហោចណាស់ក៏យើងអាចធ្វើជាចម្ការបានធំល្មមមួយ​ ទុកគ្រាន់មើលលេងកម្សាន្តសប្បាយៗ  ដែលអាចប្រើបន្លែប្រភេទខ្លះ ធ្វើជារុក្ខជាតិគួបផ្សំនៅក្នុងចម្ការធំល្មមនោះបាន ដូច្នេះរុក្ខជាតិបន្លែដែលស័ក្តិសមក្នុងការយកមកដាំ គួរតែជារុក្ខជាតិដែលមានអាយុវែងបន្តិច មានទ្រង់ទ្រាយជាមែក ជាគុម្ពធំ និងមានស្លឹកត្រួយស្រស់ស្អាត រឹតតែមានផ្កា-ផ្លែពណ៌ល្អស្រស់ លេចធ្លោផងនោះ រឹតតែជាការល្អ ដូចជា ម្ទេសដៃនាង ម្ទេសគុយទាវ ប៉េងប៉ោះ ឬត្រប់ផ្សេងៗ ជាដើម។

    ចំណែកវិធីការដាំដុះវិញ សំខាន់នៅត្រង់ការចាត់ចែងបែងចែកទីកន្លែងឱ្យស័ក្តិសមដើម្បីកុំឱ្យចង្អៀតស្មុគ តាមរយៈការបែងចែកទីកន្លែងដោយអាចប្រើ ផើង ឥដ្ឋប្រហោង ឥដ្ឋប្លុក បន្ទះឫស្សី ឬវត្ថុផ្សេងៗយកមកធ្វើជារបងឃាំងបែងចែកទីកន្លែងឱ្យក្លាយជាចំណែកមួយដោយឡែកបាន  ឯការមើលថែទាំ ក៏ធ្វើបែបដូចគ្នានឹងការដាំដុះបន្លែនៅលើដី ឬក្នុងផើងទូទៅដែរ។

     

    (នៅមានត)

  • ៤ ថ្ងៃប៉ុណ្ណោះ! ភាពយន្ដ « អន្ទាក់ស្នេហ៍ » ទទួលបានអ្នកគាំទ្រពេញៗរោង

    ៤ ថ្ងៃប៉ុណ្ណោះ! ភាពយន្ដ « អន្ទាក់ស្នេហ៍ » ទទួលបានអ្នកគាំទ្រពេញៗរោង

    ក្រោមពាក្យស្លោក « ខ្ញុំគាំទ្រភាពយន្ដខ្មែរ » បានធ្វើឱ្យភាពយន្ដខ្មែរខ្នាតធំរឿង « អន្ទាក់ស្នេហ៍ » ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជន លក់សំបុត្របានពេញៗរោង។

    ទើបតែដាក់បញ្ចាំងបានរយៈពេល ៤ ថ្ងៃប៉ុណ្ណោះ ភាពយន្ដខ្មែរមួយនេះ ហាក់មានសន្ទុះខ្លាំង ស្របពេលដែលភាពយន្ដបរទេសល្បីៗកំពុងតែដាក់បញ្ចាំងទន្ទឹមថ្ងៃគ្នា។ រឿង « អន្ទាក់ស្នេហ៍ » ត្រូវបានអ្នកគាំទ្រជាច្រើនលើកសរសើរថា ប្លង់ទេសភាពស្រស់ស្អាត ជារឿងមនោសញ្ចេតនាទេ តែហួសពីការរំពឹងទុក ពោលគឺ ផ្ទុះសំណើចតាំងពីដើមរឿងរហូតដល់ចប់ បើទោះបីជាយើងមកមើលរឿងច្រើនដងក្ដី។ មានអ្នកខ្លះទៀតលើកសរសើរពីតារាសម្ដែង ជីវ័ន្ដ ដែលជាតួអង្គថ្លុកនៅក្នុងរឿងនេះទាំងមូល។

    ក្រោយពីទទួលបានស្ដាប់ចំណាប់អារម្មណ៍របស់អ្នកគាំទ្រភាពយន្ដខ្មែររួចមក យុវជន ព្រីកា តំណាងផលិតកម្ម Space Sp Production ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកាទិញសំបុត្រ ដើម្បីគាំទ្រភាពយន្ដខ្មែរ។ សូមជម្រាបថា លោក ព្រីកា គឺផលិតករដឹកនាំផលិតរឿងមួយនេះ ហើយលោកក៏ជាអតីតក្មេងរើសសំរាមនៅតំបន់ស្ទឹងមានជ័យ តែលោកត្រូវបានលោក Scott ទទួលយកមកចិញ្ចឹមជាកូនធម៌ហើយបានបណ្ដុះបណ្ដាលរហូតទទួលបានសមិទ្ធផលជាច្រើន ចំណែកឯភាពយន្តរឿង «អន្ទាក់ស្នេហ៍» នេះដែរ លោកក៏អ្នកគ្រប់គ្រងការផលិតក្នុងរឿងទាំងស្រុងផងដែរ។

    ជាការពិតណាស់ នៅរាត្រីថ្ងៃទី ២៣ ខែកុម្ភៈនេះ តារាសម្ដែងក្នុងរឿង អន្ទាក់ស្នេហ៍ ក៏បានបង្កភាពភ្ញាក់ដល់ទស្សនិកជនផងដែរ រួមមានលោក ជីវ័ន្ដ និងលោក សន ពិសិដ្ឋ ព្រមទាំងតារាសម្ដែង និងផលិតករជាច្រើនទៀត បានស្កាត់អ្នកគាំទ្រថតរូបភាពអនុសាវរីយ៍រួមគ្នា នៅក្នុងរោងកុន។ សូមទស្សនាសកម្មភាពទាំងស្រុងខាងក្រោមនេះ៖

  • ទោះខកខានដណ្ដើមពាននៅម៉ាឡេស៊ី លោក សូ ស្រណោះ រៀបចំកម្មវិធីសម្ដែងតន្រ្តីបញ្ចេញសមត្ថភាពនៅក្នុងស្រុកជំនួសវិញ

    ទោះខកខានដណ្ដើមពាននៅម៉ាឡេស៊ី លោក សូ ស្រណោះ រៀបចំកម្មវិធីសម្ដែងតន្រ្តីបញ្ចេញសមត្ថភាពនៅក្នុងស្រុកជំនួសវិញ

    តាមការលើកឡើងរបស់ លោក សូ ស្រណោះ ជាគ្រូបង្វឹកនៅសាលាស្រណោះតន្ត្រី បានប្រាប់សារព័ត៌មានឡារ៉ែនថា ដោយសារការផ្ទុះឡើងនៃជម្ងឺកូរ៉ូណាកំពុងរាតត្បាលពិភពលោក លោក និង អាណាព្យាបាលសិស្ស ត្រូវបានខកខានមិនបានចេញបញ្ចេញសមត្ថភាពប្រកួតប្រជែងផ្នែកតន្ត្រីលើជំនាញឧបករណ៍វីយូឡុង ហ្គីតា ព្យាណូ និង ចម្រៀង នៅក្នុងប្រទេសម៉ាឡេស៊ី។

    ថ្លែងប្រាប់អ្នកសារព័ត៌មានឡារ៉ែន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២ នេះលោក សូ ស្រណោះ រៀបរាប់ថា ដោយសារតែលោក និង អាណាព្យាបាលសិស្ស សុទ្ធតែមិនចង់ប្រថុយប្រថាននឹងការផ្ទុះឡើងនៃជម្ងឺកូរ៉ូណាដែលកំពុងវាយលុក និង ចង់លើកទឹកចិត្តអោយកូនសិស្សទាំង៤២នាក់ ដែលខំប្រឹងហ្វឹកហាត់ចម្រៀង និង តន្ត្រីរហូតដល់៥ខែ តែបែរជាមិនបានចេញទៅដណ្ដើមពាននោះ ទើបលោករៀបចំជាការសម្ដែងទ្រង់ទ្រាយធំនៅក្នុងស្រុកវិញ ដើម្បីបង្ហាញថាបេក្ខភាពរបស់កម្ពុជាទាំង៤២រូបដ្បិតថាមិនបានចេញប្រកួត តែក៏មានសមត្ថភាពខ្លាំងៗតាមជំនាញរៀងខ្លួន ក្រោយការបង្វឹកផងដែរ។

    លោកថាក្មេងៗដែលមានឈ្មោះត្រូវទៅប្រកួតនៅក្នុងប្រទេសម៉ាឡេស៊ីតែខកខានទាំងនោះ សុទ្ធសឹងតែបានឆ្លងកាត់ការបង្ហាត់បង្រៀនជាច្រើនឆ្នាំនៅក្នុងសាលាស្រណោះតន្ត្រី និងត្រូវបានប្រលងជ្រើសរើសដោយគណកម្មការជំនាញ ទើបលោកក៏សម្ដែងអារម្មណ៍សោកស្ដាយដូចគ្នា ដែលបេក្ខភាពទាំងនោះ ខកខានក្នុងការប្រកួតយកពានអន្តរជាតិ។ លោមបានទាំងបង្ហាញក្ដីសង្ឃឹមថា ប្រសិនបើបេក្ខភាពទាំងនេះ មានឱកាសចេញទៅម៉ាឡេ គឺនឹងឈ្នះពានមាស និង ពានផ្សេងៗមកកាន់កម្ពុជាវិញ មិនតិចជាងពាក់កណ្ដាលនោះផង ដោយសារតែពេលកន្លងមក លោកធ្លាប់បានដឹកនាំក្មេងៗទាំងនេះ ទៅប្រលងចម្រៀង និងតន្ត្រី លើឆាកអន្តរជាតិ គឺឈ្នះបានពានមាសជារឿយៗ។

    ងាកមកការសម្ដែងជាជំនួសនៅក្នុងស្រុកនេះវិញ លោក សូ ស្រណោះ បញ្ជាក់ថា លោកពិតជាមានមោទនភាពដែលក្មេងៗទាំងនោះបង្ហាញសមត្ថភាពបានល្អ ខណៈដែលភ្ញៀវកិត្តិយស ដែលបានចូលរួម ជាពិសេសគឺអាណាព្យាបាល ដែលឃើញការបង្ហាញទេពកោសល្យរបស់កូនខ្លួនបានល្អ គឺសប្បាយចិត្ត បើមិនមែនជាការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។ លោកថាឆ្នាំក្រោយ បេក្ខភាពទាំងនេះ នឹងនៅតែត្រៀមទៅប្រកួតដណ្ដើមពាននៅក្រៅប្រទេសដដែល ដើម្បីបង្ហាញថាវិស័យតន្ត្រី និងចម្រៀងរបស់កម្ពុជា មានការរីកចំរើន៕

  • តួប្រុសនៅក្នុងរឿង « Jail Break » ទុក្ខធំបាត់បង់ម្ដាយជាទីស្រឡាញ់

    តួប្រុសនៅក្នុងរឿង « Jail Break » ទុក្ខធំបាត់បង់ម្ដាយជាទីស្រឡាញ់

    តារាសម្ដែងប្រុសមានឈ្មោះល្បីលោក អ៊ូ តារា តាមរយៈភាពយន្ដខ្នាតធំរឿង « Jail Break » និងរឿង « The Prey » បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងក្រៀមក្រំ។

    ខណៈដំណឹងដ៏ក្រៀមក្រំ គេបានដឹថា ម្តាយបង្កើតតារាសម្ដែងប្រុសរូបនេះបានទទួលមរណៈភាព។ លោក អ៊ូ តារា បានបង្ហោះសារតាមបណ្តាញសង្គមយ៉ាងក្តុកក្តួលថា «ការបាត់បង់មួយ ដែលពិបាកទទួលយក។សូមអោយអ្នកម្តាយ ចាកចេញទៅឱ្យសុខ ពេលកូនប្រុសចាប់កំណើតម្តាយបីកូនក្នុងដៃក្តីរីករាយ ពេលម្តាយចាកចេញទៅ ម្តាយដេកលើដៃកូនដោយក្តីសោកសង្រេង។ ម្តាយមិនមែនបណ្ឌិត តែម្តាយមានគតិបណ្ឌិតបង្រៀនឱ្យកូនចេះអនុវត្តក្តីស្រលាញ៉ដល់មនុស្សជុំវិញខ្លួនបណ្តុះបណ្តាល ផ្គត់ផ្ទង់ ទំនុងបម្រុង»។

    អ្នកគាំទ្រលោកជាច្រើនបានផ្ញើរចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់ម្តាយជាទីស្រលាញ់របស់លោក សូមឱ្យដួងព្រលឹងវិញ្ញាណក្ខន្ធរបស់អ្នកម្ដាយលោក បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

  • សរសើរទឹកចិត្តសិល្បករ នូ សុភេន ស្វែងរកជំនួយសប្បុរធម៌ជួយដល់ក្មេងៗខ្វះសម្ភារសិក្សា

    សរសើរទឹកចិត្តសិល្បករ នូ សុភេន ស្វែងរកជំនួយសប្បុរធម៌ជួយដល់ក្មេងៗខ្វះសម្ភារសិក្សា

    នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២០ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សិល្បករ និងជាផលិតករកម្មវិធីទូរទស្សន៍គឺលោក នូ សុភេន បានឱ្យឃើញថា លោកបានគៀរគររកជំនួយពីសប្បុរសជន ជួយដល់ក្មេងៗនៅក្នុងសាលាមួយក្នុងទឹកដីខេត្តខេត្តព្រះវិហារ ដែលមិនឆ្ងាយប៉ុន្មានពីស្រុកកំណើតរបស់លោក។

    លោក នូ សុភេន បានរៀបរាប់ថា ក្មេងៗសិស្សសាលានៅខេត្តព្រះវិហារភាគច្រើននៅមានជីវភាពខ្វះខាតនោះទេ ទើបលោករមែងគៀរគរដល់សប្បុរសជន ដើម្បីប្រមូលជាមូនិធិជួយដល់អ្នកស្រុកនៅស្រុកកំណើតរបស់លោកតាមតែលើកធ្វើទៅបាន។លោកថា ដោយយោងទៅលើភាពខ្វះខាតរបស់បងប្អូនដែលមានកូនកំពុងសិក្សាហើយកំពុងត្រូវការសម្ភារសិក្សា ដើម្បីបន្តការសិក្សាឱ្យបានចប់ជោគជ័យទៅថ្ងៃអនាគត នៅក្នុងសហគមនៃសាលាបឋមសិក្សានៅខេត្តព្រះវិហារ ទើបលោកគៀរគរជំនួយយកទៅចែករំលែក។

    នេះមិនមែនជាលើកទី១នោះទេ ដោយពេលកន្លងមកលោកបានគៀរគរជំនួយបែបនេះជួយតាមលទ្ធភាពច្រើនដងមកហើយ ពីសប្បុរសជនដែលលោកបានស្គាល់ ដល់សហគមន៍ និងសិស្សខ្វះខាតនៅខេត្តព្រះវិហារ។ អំណោយដែលលោកនាំយកទៅចែកជូននេះ គឺជាជំនួយឧបត្ថម្ភរបស់លោកឧកញ៉ា សួរ វិរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ និងលោកជំទាវ ប៊ុន ចន្ធូ ជូនដល់សិស្សានុសិស្សសិស្សសរុបចំនួន 100 នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាភូមិទំនប់ ដែលសាលានេះស្ថិតនៅក្នុង ភូមិទំនប់ សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារខេត្តព្រះវិហារ៕

  • អុិន សុភិន និង ភិន សុដាលីស ប្រកាសបើកក្រុមហ៊ុនថ្មីចាប់ដៃជាមួយអាមេរិក

    អុិន សុភិន និង ភិន សុដាលីស ប្រកាសបើកក្រុមហ៊ុនថ្មីចាប់ដៃជាមួយអាមេរិក

    បើតាមការបង្ហើបរបស់លោក អុិន សុភិន ជាចាងហ្វាងផលិតកម្មមហាហង្សបានឱ្យដឹងថា សព្វថ្ងៃលោកមានក្រុមហ៊ុនធំៗចំនួន ៧ នៅក្នុងដៃ រួមទាំងផលិតកម្មភាពយន្ដដ៏ធំមួយនេះផងដែរ ដែលជាផ្នែកមួយជំរុញការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនលោក។ ដោយឡែកថ្មីៗនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ លោក និងកូនស្រីលោក គឺកញ្ញា ភិន សុដាលីស បានចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិកធំមួយ ទាំងប្រកាសតំណែងកូនឲជាប្រធានទីផ្សារយ៉ាងកាលីបថែមទៀត។ នៅក្នុងពិធីកាត់ខ្សែបូរប្រកាសក្រុមហ៊ុនថ្មីនិងប្រកាសតំណែងថ្មី នៅក្នុងថ្ងៃនោះ ក៏មានវត្តមានសិល្បករ និងក្រុមកីឡាករបាល់ទាត់ស្នូលរបស់ក្រុមមហាហង្សចូលរួមផងដែរ។

    ជួបសម្ភាសន៍ជាមួយសារព័ត៌មានឡារ៉ែន លោក អុិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានថ្លែងបញ្ជាក់ថា លោកមានក្រុមហ៊ុនដឹកជញ្ជូនបញ្ញើឈ្មោះ Linex Neutral Express Solution ដែលទទួលសេវាដាក់បញ្ញើទៅក្រៅប្រទេសជាយូរមកហើយ ហើយបណ្ដាលមកពីក្រុុមហ៊ុននេះទទួលជោគជ័យ ទើបក្រុមហ៊ុន Kango Express ដែលជាក្រុមហ៊ុនកុម្មង់ទំនិញដោយផ្ទាល់នៅក្នុងសហរដ្ឋអាមេរិកប្រកាសចាប់ដៃ ដោយផ្ដល់សិទ្ធិឱ្យលោកបង្កើតក្រុមហ៊ុនមួយឈ្មោះ Kango Express Cambodia ជាតំណាងនៅកម្ពុជា។ លោកថាក្រុមហ៊ុនដែលលោកទើបទទួល នឹងមានសិទ្ធិកុម្ម៉ង់គ្រប់មុខទំនិញទាំងអស់ពីសហរដ្ឋអាមេរិក ក្នុងតម្លៃមិនចាំបាច់បង់ពន្ធ ដោយភាគីខាងអាមេរិក គឺជាចាត់ចែង និង វិចខ្ចប់របស់ដែលមានគុណភាព និងដូចរូបភាពបង្ហោះលក់ មកកាន់ក្រុមហ៊ុនរបស់លោក។ លោកថាតាមរយៈកិច្ចព្រមព្រៀង មិនថាទំនិញអ្វី ផលិតផលអ្វី គឺសូម្បីតែរថយន្ត អោយតែបងប្អូនចង់ទិញដោយផ្ទាល់នៅអាមេរិក គឺអាចកុម្ម៉ង់ទិញតាមរយៈក្រុមហ៊ុន Kango Express Cambodia របស់លោកបាន ដោយរាល់ទំនិញទាំងអស់ គឺនៅលើអនឡាញអាមេរិកប្រកាសលក់តម្លៃណា ទិញបានតម្លៃនឹង អត់ចាំបាច់បង់ពន្ធបន្ថែមដូចនៅទីផ្សារអាមេរិកនោះទេ ដោយសារតែកិច្ចសហការ។

    លោកបន្ដថាទំនិញដែលមានលក់ជាសាធារណៈនៅក្នុងទីផ្សារអាមេរិក គឺអាចកុម្ម៉ង់ទិញបានទាំងអស់ លើកលែងទឹកអប់ដែលរយន្តហោះមិនអាចដឹកមកច្រើន និងលើកលែងអាវុធ ឬ ផលិតផលខ្លះដែលហាមឃាត់។ ក្នុងនោះការធានាលើការយឺតយ៉ាវ ការបាត់បង់ ឬ ភាពមិនច្បាស់លាស់ ក៏លែងកើតមានទៀតហើយ ដោយសារមានក្រុមហ៊ុនលោកជាតំណាងនៅកម្ពុជាទទួលខុសត្រូវ។ លោកថាខ្លួនត្រូវបានដៃគូសហរដ្ឋអាមេរិក ផ្ដល់តំណាងឱ្យក្លាយជាអគ្គនាយក ហើយកូនស្រីរបស់លោក គឺ ភិន សុដាលីស គឺជាប្រធានទីផ្សារធំប្រចាំក្រុមហ៊ុន។ លោកថាជំហានជោគជ័យកើតមានរួចទៅហើយ ដោយសារតែមុនប្រកាសកាត់ខ្សែបូរដែលបានធ្វើឡើងនេះ គឺក្រុមហ៊ុនរបស់លោកក៏បានដំណើរសាកល្បងបាន៦ខែដែរ ហើយឃើញថាមានតម្រូវការកុម្ម៉ង់ច្រើន ដោយសារតែសេវានេះពេញនិយម ហើយមិនភ័យរឿងខាតបង់ ឬ បានរបស់មិនដូចក្នុងរូប ឬ របស់កន្លែងក្លាយ។

    អ្នកនាង ភិន សុដាលីស បានអះអាងថា តួនាទីដែលអ្នកនាងទើបទទួល គឺត្រូវចំណូលចិត្តមួយ ដោយសារតែផ្នែកគ្រប់គ្រង និងផ្នែកពង្រីកទីផ្សារ អ្នកនាងមានបទពិសោធន៍តាំងពីលក់រោមភ្នែកធម្មតាៗ នៅតាមហ្វេសប៊ុកដំបូងៗ។ អ្នកនាងនឹងមាននាទីឡើងចុះអាមេរិកញឹកញាប់ ប៉ុន្តែមិនចោលការសម្ដែងនោះទេ គឺអ្នកនាងនៅតែទទួលនៅពេលមានរឿងត្រូវសម្ដែង ដែលទម្លាក់ដោយផលិតកម្មមហាហង្ស។ លោក អុិន សុភិន ក៏ប្រកាសជំហរមិនកាត់បន្ថយការផលិតភាពយន្តក្នុងមួយឆ្នាំយ៉ាងតិច៤រឿង តាមផែនការដែលធ្លាប់បានធ្វើនោះផងដែរ៕

  • រឿងដែលអ្នកត្រូវធ្វើក្នុងអាជីវកម្មរបស់អ្នក ដើម្បីក្លាយជាសេដ្ឋី

    រឿងដែលអ្នកត្រូវធ្វើក្នុងអាជីវកម្មរបស់អ្នក ដើម្បីក្លាយជាសេដ្ឋី

    នៅពេលដែលលោកអ្នកមានអាជីវកម្មខ្នាតតូចមួយ ដែលបានផ្ដល់ផលចំណេញដល់លោកអ្នកល្អគួរសម តែលោកអ្នកមានអារម្មណ៍ថា ដូចជាមិនសូវសប្បាយចិត្តជាមួយនឹងវានោះ ចូរ… ៖

    -កុំឆាប់ងាកទៅក្រឡេកមើលគម្រោងអាជីវកម្មផ្សេងទៀតអី។
    -ផ្ដោតទៅលើភាពជោគជ័យ ដែលអ្នកកំពុងតែជួបនៅក្នុងអាជីវកម្មដែលកំពុងធ្វើ និងស្វែងរកវិធីសាស្រ្តផ្សេងទៀត ដើម្បីធ្វើឲ្យអាជីវកម្មខ្នាតតូចដដែលរបស់អ្នកនោះ រីកចម្រើនទៅមុខទៀតដោយការស្វែងរកអតិថិជនថ្មីៗ ឬក៏ពង្រីកការលក់ផលិតផលរបស់អ្នកទៅដល់អតិថិជនថ្មីៗបន្ថែមទៀត។
    -កុំធុញទ្រាន់នឹងភាពជោគជ័យដែលសមល្មមនោះ និងកុំព្យាយាមជួសជុលនូវអ្វីដែលបានខូចខាតទៅហើយ។ មានតែការផ្ដោតទៅលើលទ្ធភាពដ៏សំខាន់នៃការធ្វើអាជីវកម្មរបស់អ្នកតែប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកអាចបង្កើតទ្រព្យសម្បតិ្តបានយ៉ាងពិតប្រាកដ។ ការផ្ដោតទៅលើលទ្ធភាព គឺជាគន្លឹះក្នុងការទទួលបានភាពជោគជ័យក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម។ ការធ្វើអ្វីមួយដែលអ្នកស្រឡាញ់ជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ចូលចិត្ត គឺជាអាថ៌កំបាំងក្នុងការធ្វើឲ្យក្ដីស្រមៃរបស់អ្នកក្លាយជាការពិត និងទទួលបានជោគជ័យ។ ទោះជាមានសម្ពាធខ្លាំងយ៉ាងណាក៏ដោយ ការផ្ដោតទៅលើអ្វីដែលអ្នកកំពុងតែធ្វើគឺជាគន្លឹះក្នុងការទទួលបានភាពជោគជ័យនៅក្នុងជីវិត និងក្នុងការធ្វើអាជីវកម្មរបស់អ្នក។
    -កុំធ្វើការងារនេះបន្តិច ការងារនោះបន្តិច ចូរផ្ដោតទៅលើការងារដែលអ្នកកំពុងធ្វើ ទោះជាអ្នកជួបនឹងក្តីបរាជ័យច្រើនដងក៏ដោយ។
    -ចូរបន្ដផ្ដោតទៅលើអ្វីដែលអ្នកកំពុងតែធ្វើរហូតដល់វាទទួលបានជោគជ័យ។
    -ដរាបណាអ្នកមិនទាន់បោះបង់វាចោល អ្នកនឹងទទួលបានជោគជ័យ ព្រោះការផ្ដោតបញ្ញា គំនិត ស្មារតី និងការច្នៃប្រឌិត គឺជាគន្លឹះនាំទៅរកភាពជោគជ័យ៕