Category: សង្គម និងសេដ្ឋកិច្ច

  • បាញ់​រះ​ក្នុង​រោង​ចក្រ​ស្រាបៀ​រនៅ​អាមេរិក​ សម្លាប់​មនុស្ស​យ៉ាង​តិច​5នាក់

    បាញ់​រះ​ក្នុង​រោង​ចក្រ​ស្រាបៀ​រនៅ​អាមេរិក​ សម្លាប់​មនុស្ស​យ៉ាង​តិច​5នាក់

    ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​ បន្ទាប់​ពី​បាន​បាញ់​រះ​ទៅ​លើ​មិត្ត​​រួម​ការ​ងារ ​នៅ​ក្នុង​រោង​ចក្រ​ស្រា​បៀរ​មួយ​ នៅ​ក្នុង​រដ្ឋ​ Winconsin សហ​រដ្ឋ​អាមេរិក បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាង​ហោច​5នាក់។

    យោង​តាម​សារ​ព័ត៌មាន RT ហេតុ​ការណ៍​នេះ​បាន​កើន​ឡើង​កាល​ពីថ្ងៃទី​26កុម្ភៈ(ម៉ោង​នៅ​អាមេរិក) នៅ​ក្នុង​ក្រុម​ហ៊ុន​ផលិត​​ស្រាបៀរ​ Miller Coors ដែល​ស្ថិត​ក្នុង​តំបន់ Milwaukee នៃ​រដ្ឋ​ Wisconsin។ បុគ្គលិក​ម្នាក់​អាយុ​51​ឆ្នាំ​ ដែល​ទើប​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ងារ​ បាន​ត្រឡប់​មក​កាន់​ក្រុម​ហ៊ុន​ខាង​លើ និង​បាន​​​បាញ់​រះ​ទៅ​លើ​បុគ្គលិក​ក្រុម​ហ៊ុន​នេះ បណ្ដាល​ឱ្យ​អតីត​មិត្ត​រួម​ការ​ងារ​5នាក់​របស់​ខ្មាន់​កាំភ្លើង បាត់​បង់​ជីវិត​។ បន្ទាប់​ពី​ការ​បាញ់​រះ ខ្មាន់កាំភ្លើង​នេះ​ក៏បាន​បាញ់​សម្លាប់​ខ្លួន​នៅ​នឹង​កន្លែង​កើត​ហេតុ។

    កន្លែង​កើត​ហេតុ​ខាងលើ​ ស្ថិត​នៅ​ឯ​ករិយា​ល័យ​កណ្ដាល​របស់ក្រុម​ហ៊ុន​ Miller Coors ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​​មហា​វិថី West Highland។

    មន្ត្រីនគរ​បាល​​ជាន់​ខ្ពស់​នៃ​ទី​ក្រុង​ Milwaukee លោក Afonso Morales បាន​ឱ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​វ័យ51​ឆ្នាំ​រូប​នេះ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្រុម​ហ៊ុន​ក្នុង​ថ្ងៃ​កើត​ហេតុ​ មុន​ពេល​មាន​ការ​បាញ់​រះ​នេះ​។ បន្ទាប់​ពី​កើត​ហេតុ​​ភ្លាម​ កម្លាំង​សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ និង​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ករណី​នេះ​។

    អភិបាល​ក្រុង​ Milwaukee លោក Tom Barrett បាន​ថ្លែង​ថា​ “នេះ​គឺជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​សម្រាប់​បុគ្គលិក​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ​”។​

    ប្រធានា​ធិបតី​អាមេរិក លោក Donald Trump មាន​ប្រសាសន៍​ថា ក្រៅ​ពី​អ្នក​ដែល​បាន​បាត់​បង់​ជីវិត ក៏​មាន​អ្នករង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ហេតុ​ការណ៍​បាញ់​រះ​នេះ​។​ លោក​ Trump ថ្លែង​ថា “ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ចំពោះ​អ្នក​រង​គ្រោះ​ និង​គ្រួ​សារ​សព​នៅ​តំបន់ Milwaukee ក្នុង​រដ្ឋ​ Wisconsin។ ឃាត​ករ​ម្នាក់​បាន​បាញ់​រះ​ក្នុងក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​មួយ​ និង​បាន​សម្លាប់​មនុស្ស​ចំនួន​5នាក់​ និង​ធ្វើ​ឱ្យ​មនុស្ស​ច្រើន​នាក់់ទៀត​រង​របួស​។ បេះ​ដូង​របស់​យើង​បាន​ប្រេះ​បែក​ ព្រោះ​តែ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ និង​ទុក្ខ​ក្រៀម​ក្រំ​របស់​ក្រុម​គ្រួ​សារនៃ​សព​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ភរិយាតារាចម្រៀង សួស សងវាចា ប្រកាសលក់ផ្ទះយកលុយព្យាបាលជំងឺស្វាមី

    ភរិយាតារាចម្រៀង សួស សងវាចា ប្រកាសលក់ផ្ទះយកលុយព្យាបាលជំងឺស្វាមី

    ថ្មីៗនេះ ដោយផ្អែកលើបណ្ដាញសង្គមហ្វេសប៊ុកអ្នកស្រី វ៉ាន់ សុភា ដែលគេស្គាល់ថាជាភរិយារបស់តារាចម្រៀងលោក សួស សងវាចា បានប្រកាស​លក់​ផ្ទះ​មួយ​ល្វែង​ស្ថិត​នៅ​សង្កាត់​ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ ដោយ​សារ​តែ​គ្មាន​លទ្ធភាព​ព្យាបាល​ស្វាមី​តទៅ​ទៀត ​​។ ខណៈអ្នកស្រី វ៉ាន់ សុភាបង្ហើប​ពី​ការ​ដាក់​ផ្ទះ ដើម្បីដោះស្រាយជីវភាពមួយគ្រាសិនថា៖ «ធ្វើ​ផ្ទះ​អស់​លុយ​ហើយ​គាត់​ចាប់​ធ្លាក់​ខ្លួន​ឈឺ​ហ្មង។ គាត់​ឈឺ​៥​ឆ្នាំ​ហើយ ចឹង​បាន​ខ្ញុំ​ពិបាក តែ​បើ​លក់​ផ្ទះ​ដាច់​ធូរ​ហើ»។

    ភរិយាតារាចម្រៀងជើងចាស់រូបនេះ ក៏បានអះអាងថា អ្នកស្រីមិន​ចង់​ឱ្យ​បែកធ្លាយ​ព័ត៌មាន​នេះ​ទេ ប៉ុន្ដែ​ដោយ​ចិត្ដ​ចង់​ព្យាបាល​ស្វាមី និង​ទ្រទ្រង់​ជីវភាព​គ្រួសារ​ ទើបអ្នកស្រី​សុខចិត្ដ​តារាចម្រៀង​លោក សួស សងវិចា មាន​វ័យ​៥៥​ឆ្នាំ ហើយ​លោក​បាន​ធ្លាក់​ខ្លួន​ពិកា ដោយ​រឹងដៃ​រឹងជើង និង​ស្លាប់​មួយ​ចំហៀង​ខ្លួន​ដោយសារ​ជំងឺ​លើស​ឈាម។ បច្ចុប្បន្ន​​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ ហើយ​ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យជំនាញ នៃ​មន្ទីរ​ពេល​ព្រះកុសៈមៈ​យ៉ាង​ទៀងទាត់ នៅ​រៀង​រាល់​មួយ​ខែ​ម្ដង។ ផ្ទះ​​ដែល​​ប្រកាស​លក់​នេះ​ដែរ​ ​មាន​ទំហំ​ទទឹង​៧​ម៉ែត្រ​កន្លះ និង​បណ្ដោយ​ជាង​៤០​ម៉ែត្រ ហើយ​មាន​បន្ទប់​ចំនួន​១៤។ អ្នកស្រី​លក់​ក្នុង​តម្លៃ​១៥​ម៉ឺន​ដុល្លារ ហើយ​ប្រាក់​ដែល​លក់​បាន​នឹង​ត្រូវ​យក​ទៅ​បង់​ផ្ដាច់​ធនាគារ ព្យាបាល​ជំងឺ​ស្វាមី និង​ពង្រីក​មុខរបរ​លក់​ចាប់​ហួយ​នៅ​ផ្សារ​ស៊ិនជូរី​ដែលអ្នកស្រីបានជួលតូបគេលក់ដូរនោះ និង​រក​ទិញ​ផ្ទះ​រស់នៅឡើង​វិញ​ក្នុង​តម្លៃ​ប្រហែល​៣​ម៉ឺន​ដុល្លារ។

    គួរបញ្ជាក់បន្ថែមថា លោក សួស សងវាចា កន្លងមកក៏ធ្លាប់ដង្ហើយអំពាវនាវសុំជំនួយពីសប្បុរសជនដែលជាអ្នកគាំទ្រចម្រៀងរបស់លោកផងដែរ តែជំនួយទាំងនោះមិនអាចទប់ទល់ការចំណាយលើការព្យាបាលជំងឺលោកបានឡើយ ៕

  • ប្រទេសបង់ក្លាដែស ថ្វាយព្រះមហាកិត្តិយសដល់ព្រះមហាវីរក្សត្រកម្ពុជា ដោយដាក់ឈ្មោះវិថីមួយនៅក្នុងទីក្រុងដាក្កា

    ប្រទេសបង់ក្លាដែស ថ្វាយព្រះមហាកិត្តិយសដល់ព្រះមហាវីរក្សត្រកម្ពុជា ដោយដាក់ឈ្មោះវិថីមួយនៅក្នុងទីក្រុងដាក្កា

    វិថីមួយដែលមានឈ្មោះថា «Park Road» ​ស្ថិតនៅ​តំបន់​ការទូត Baridhara ក្នុងទី​ក្រុង​ដា​ក្កា ប្រទេស​បង់​ក្លា​ដែ​ស ត្រូវបានរដ្ឋាភិបាលនៃប្រទេសនេះ​ប្តូរ​ទៅជា «King Norodom Sihanouk Road» ហើយ​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ ទី​26 ខែកុម្ភៈ ឆ្នាំ​2020​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Dhaka Tribune​។​

    វិថី «King Norodom Sihanouk Road» ដែល​ដាក់តាម​ព្រះ​នាមរបស់​ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋនេះ គឺជាការ​ឧទ្ទិស​ដល់​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង2។​

    ដូចនឹងព្រះមហាវីរក្សត្រ​ដ៏អមតៈនៃព្រះរាជាណាចក្រ​កម្ពុជាដែរ លោក Sheikh Mijubur Rahman គឺជា​បិតា​ឯករាជ្យ​ជាតិរ​បស់បង់​ក្លា​ដែ​ស «Father of Benali Nation»​។ លោកគឺ​ជា​ប្រធានាធិបតី​ដំបូងបង្អស់រ​បស់ប្រទេសបង់​ក្លា​ដែ​សនៅ​ឆ្នាំ1971 ហើយ​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​ថ្ងៃ​ដែល​លោក​ត្រូវបាន​គេ​ធ្វើឃាត​នៅ​ថ្ងៃទី​15 ខែសីហា ឆ្នាំ​1975​។​

    លោក Md Tajul Islam រដ្ឋមន្ត្រី​រដ្ឋាភិបាល​មូលដ្ឋាន អភិវឌ្ឍន៍ជនបទ និង​កិច្ចសហប្រតិបត្តិការ (LGRAD) ជា​អ្នក​ដែល​បានប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ឈ្មោះវិថី​​ថ្មី «King Norodom Sihanouk Road» មួយ​នេះ​នៅ​ក្រុង​ដា​ក្កា ក្រោម​ការរៀបចំ​របស់​អង្គភាព Dhaka North City Corporation (DNCC)​៕

  • មហាជនរិះគន់ព្រាត ដាក់មួយឃ្លា « Ok You Win!​ » រឿង នាយ តាក់ស៊ី បង្ហាញមុខភរិយាថ្មី និងទិញ​ឡាន​ LEXUS RX330​

    មហាជនរិះគន់ព្រាត ដាក់មួយឃ្លា « Ok You Win!​ » រឿង នាយ តាក់ស៊ី បង្ហាញមុខភរិយាថ្មី និងទិញ​ឡាន​ LEXUS RX330​

    ផ្អែកលើបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ​តារា​កំប្លែង​នាយ តាក់ស៊ី ខណៈនេះ​កំពុងរងការផ្ទុះ​ការរិះគន់យ៉ាងចាសដៃ​ពី​សំណាក់​ទស្សនិកជន​ បន្ទាប់ពី​នាយ​បានប្រកាស​បង្ហាញ​មុខមាត់​គូស្នេហ៍​ថ្មី​ដែល​ត្រូវ​ចូល​រោងការ​ឆាប់ៗ​នេះ ​ព្រម​ជាមួយនឹង​រថយន្ត​LEXUS RX330​មានតម្លៃ​ខ្ទង់​រាប់ម៉ឺន​ដុល្លារ​យ៉ាង​ភ្ញាក់ផ្អើល​។​

    ដំណឹង​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​ និង​ទិញ​រថយន្ត​របស់​តារា​កំប្លែង​ចាស់​វង្សា​នាយ តាក់ស៊ី នេះ​មិន​ត្រឹមតែ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ​នោះទេ​ គឺ​ភ្លាមៗ​នោះ​ ក៏​ស្រាប់តែ​មាន​មតិ​រិះគន់​ជាច្រើន​ បាន​និង​កំពុង​បាញ់​ចាក់​ស្រោច​មកលើ​តារា​កំប្លែង​រូបនេះ​ជាមួយនឹង​ការហួសចិត្ត​ខ្លាំង​ក្រោយពេល​ដឹង​ពី​ព័ត៌មាន​នេះ។ តាមរយៈវីដេអូសម្ភាសន៍ផ្ទាល់ថ្ងៃម្សិលមិញនេះ នាយ តាក់ស៊ី បានបញ្ជាក់​ថា​ នាយ​និង​អ​នា​គត​ភរិយា​វ័យ​៣៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ក្រុង​បាវិត​ត្រៀម​រៀបការ​ឆាប់ៗ​នេះហើយ​។​ ជាមួយគ្នា​នឹង​ប្រកាស​បែបនេះ​នាយ តាក់ស៊ី ក៏បាន​បង្ហាញមុខ​ភរិយា​ថ្មី​ព្រមជាមួយ​ការប្រកាស​ទិញ​រថយន្ត​LEXUS RX330​បង់​រំលស់ ​ដែល​ត្រូវ​ចំណាយ​ក្នុង​១​ខែៗ​ខ្ទង់​ជិត​៤០០​ដុល្លារ​ផងដែរ។យ៉ាងណាមិញ​ព្រោះតែ​ដំណឹង​នេះ ​ទើប​ធ្វើ​ឲ្យ​មហាជន​មាន​អារម្មណ៍​ហួច​ចិត្តខ្លាំង​ចំពោះ​នាយ តាក់ស៊ី ខណៈ​គ្រា​ធ្លាក់ខ្លួន​ឈឺ​លំបាក​អំពាវនាវ​រក​ជំនួយ​ពី​សប្បុរសជន​ ហើយ​ដល់ពេល​ជាសះស្បើយ​ឡើងវិញ​ បែរជា​មាន​លុយ​ទិញ​ឡាន​ LEXUS RX330​និង​ប្រកា​ស​ការ​ប្រពន្ធ​ធ្វើ​ព្រងើយ។

    បើតាម​មតិ​រិះគន់​មហាជន​មួយចំនួន​ បាន​លើកឡើងថា ​បើសិនជា​ការពិត សុទ្ធតែ​បួស​ខានមិនបាន​ព្រោះ​មាន​និស្ស័យ​ជាមួយ​ពុទ្ធសាសនា សឹក​វិញ​ព្រោះ​បញ្ហា​សុខភាព ចុងក្រោយ​កាត់ចោល​មិនបាន​កាម​កិលេស​តណ្ហា អស់​និយាយ​អ្នក​ដែល​ធ្លាប់​ផ្តល់ជំនួយ​មិនដឹង​ហួសចិត្ត​យ៉ាងណាទេ​។ ​ខ្លះទៀត​និយាយថា ​អាត្មា​មិន​ចង់​និយាយ​រឿង​ពិភព​គុន​នេះ​ទេ​ តែ​ហួសពេក​! ម្តង​លែង​ប្រពន្ធ ម្តង​ទឹកនោមផ្អែម ម្តង​បួស ម្តង​សុំ​ជំនួយ ដល់​ទ្រាំលែងបាន​យកប្រពន្ធ​ទៀត​….!​អញ្ចឹង​បាន​ពាក្យចាស់​លោក​ថា Ok You Win!​។​ មិន​ខុសគ្នា​នោះទេ​ក៏មាន​ការ​រិះគន់ថា ​ឈឺ លះបង់​ប្រពន្ធ​កូន ទៅ​បួស ទេសនា ឈឺ សឹក ចូល​សិល្បៈ​វិញ រៃអង្គាស ទិញ​ឡាន​កូរ៉ូឡា ឡាន​ខូច រៃអង្គាស ប្រកាស​មុខ​គូស្នេហ៍​ថ្មី បង់​រំលស់​ឡាន ៣៣០ ការ​ឆាប់ៗ​….​។​តាមរយៈ​ការរិះគន់​នេះ​នៅ​មិនទាន់មាន​ប្រតិកម្ម​ណាមួយ​ពី​សាមីខ្លួន​នាយ តាក់ស៊ី នៅឡើយ​ទេ។


  • សញ្ញា​អាក្រក់​ចំពោះ​សុខភាព​ មិនមែន​គ្រាន់តែ​ជា​សញ្ញា​គម្រាម​លេង​ៗទេ​

    សញ្ញា​អាក្រក់​ចំពោះ​សុខភាព​ មិនមែន​គ្រាន់តែ​ជា​សញ្ញា​គម្រាម​លេង​ៗទេ​

    មុននឹង​កើតរឿង​ហេតុ​ធំឡើង​ វា​តែងតែមាន​សញ្ញា​ប្រកាស​អាសន្ន​ប្រាប់​ជាមុន​មិនខាន​ ប្រៀប​ដូចមុន​នឹង​កើតមាន​ព្យុះ​រលក​ស៊ូ​ណាមិ​ គេ​តែង​ឃើញ​មាន​ត្រី​សមុទ្រ​ទឹកជ្រៅ​ហែល​គេច​ពី​សេចក្តី​ស្លាប់​មក​ទើ​លើ​ឆ្នេរ​ខ្សាច់​អុីចឹង​ដែរ​ ចំណែក​រោគ​ចង្រៃ​ និង​រោ​គប្លែក​ៗដែល​កើតឡើង​ នឹង​ធ្វើ​ឱ្យ​យើង​ភិតភ័យ​ដូចគ្នានឹង​គ្រានោះ​ដែរ​។ ការពិត​ទៅ​ វា​មិនមែន​ជា​ការ​វាយលុក​ចូល​មក​មិន​ឱ្យ​យើង​ដឹងខ្លួន​នោះ​ទេ​ តែ​ដោយសារតែ​យើង​បណ្តា​យខ្លួន​ឱ្យ​ក្លាយជា​ភ្នាក់ងារ​ទទួល​មេរោគ​ដោយខ្លួនឯង​ទៅវិញ​ទេ​។

    មុន​កើតជំងឺ​ចង្រៃ​នៅក្នុង​រាងកាយ​យើង​ វា​ច្រើនតែ​មក​សម្ងំ​ពង្រីក​ខ្លួន​យ៉ាង​រីករាយ​នៅក្នុង​ខ្លួន​យើង​មុន​មួយ​រយៈ​រួចមក​ហើយ​ មិនមែន​នៅ​ស្ងៀម​ៗវា​កើតឡើង​តែម្តង​នោះ​ទេ​ ឧទាហរណ៍​ដែល​មើលឃើញ​ច្បាស់​នោះ​គឺ​ ជំងឺមហារីក​ ទំ​រាំ​តែ​រីកធំឡើង​ក្លាយជា​ដុំ​សាច់​ដែល​យើង​ស្ទាប​ដឹង​នោះ​ វា​ត្រូវ​ពង្រីក​ខ្លួន​បង្កើតកូន​ចៅ​រាប់​លាន​ក្បាល​ រហូត​ចូល​ទៅ​នៅក្នុង​សរសៃឈាម​បាន​ហើយ​ ទើប​ដុះ​ចេញ​មក​ជាដុំ​សាច់​ឱ្យ​យើង​មើល​ឃើញ​នោះ​។សញ្ញា​ប្រកាស​អាសន្ន​ទាំងនេះ​ លោកអ្នក​អាច​ប្រើការ​សង្កេតមើល​ខ្លួនឯង​ក៏បាន​ មិន​ពិបាក​ឡើយ​ ដូចជា​៖
    1-លែង​ចង់​ញ៉ាំ​អាហារ​
    2-ចុះ​ស្គម​ខុសប្រក្រតី​ (ទម្ងន់​ខ្លួន​ស្រក​ចុះ​ជាង​ 2គីឡូក្រាម​ក្នុង​ 1ខែ​)
    3-ឆាប់​មួម៉ៅ​ អារម្មណ៍​ងាយ​ប្រែប្រួល​
    4-ចុក​រួយ​តាម​រាងកាយ​គួរ​ឱ្យ​រំខាន​
    5-ងឿង​ក្បាល​បែប​មិន​ស្រឡះ​សោះ
    ​6-មាន​អាការ​គ្រុន​បែប​ក្តៅ​រងា​ៗ
    7-មុខមាត់​ត្រចៀក​មើលទៅ​ឡើងក្រហម​ ហាក់ដូចជា​មាន​កម្តៅ​ក្តៅ​គគុក​នៅក្នុង​រាងកាយ​។

    សរុប​ងាយ​ៗថា​ បើ​នៅ​សុ​ខៗ​មាន​ភាព​ប្រែប្រួល​ដែល​មិនធ្លាប់​កើតមាន​កើតឡើង​ មិនថា​តែ​ចំពោះ​រាងកាយ​ ឬសូម្បីតែ​ក្នុង​អារម្មណ៍​ និង​ផ្លូវ​ចិត្ត​ក៏ដោយ​នោះ​ សម្តែង​ថា​ ច្បាស់ជា​មាន​ “ហេតុ​ភេទ​” មិនល្អ​អ្វី​ម្យ៉ាង​កើតឡើង​ហើយ​ ដូច្នេះ​វា​ជា​តួនាទី​របស់​យើង​ហើយដែល​ត្រូវតែ​ស្វែងរក​ “ជនពាល​” នោះ​ឱ្យ​ឃើញ​យ៉ាង​ឆាប់រហ័ស​ កុំ​បណ្តោយ​ឱ្យ​វា​នៅ​សម្ងំ​ពង្រីក​ខ្លួន​ក្នុង​រាងកាយ​របស់​យើង​រហូតដល់​កើត​បញ្ហា​ធំ​លែង​អាច​ព្យាបាល​បានឱ្យ​សោះ​៕

  • 10ដំណាក់កាល ដើម្បីគ្រប់គ្រងទម្ងន់ខ្លួនបានយ៉ាងល្អ

    10ដំណាក់កាល ដើម្បីគ្រប់គ្រងទម្ងន់ខ្លួនបានយ៉ាងល្អ

    1. កុំ​រំពឹង​ ឬជឿជាក់​ទុក​ទាំងស្រុង​នោះ​ថា​ មាន​អាហារ​ដ៏​ពិសេស​បំផុត​ដែល​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ឱ្យ​អ្នក​បាន​ តែ​ត្រូវ​គិតថា​ វា​ជា​ការ​រួមផ្សំ​គ្នា​ជាមួយនឹង​សកម្ម​ភាព​ផ្សេង​ៗទៀត​ ហើយ​ចម្លើយ​គឺ​ស្ថិតនៅ​លើ​ខ្លួន​អ្នក​ផ្ទាល់​។
    2. នៅពេល​ណា​ដែល​អ្នក​ជម្រុ​ញខ្លួនឯង​ឱ្យ​ទទួលទាន​អ្វីមួយ​តាមចិត្តចង់​ អ្នក​ត្រូវ​សួរ​ខ្លួន​អ្នក​ថា​ “តើ​ខ្ញុំ​ឃ្លាន​ទេ​?” សូម​ចងចាំ​ថា​ ភាព​ឃ្លាន​ខ្លាំង​ ឬតិច​ក៏​ចេញពី​ផ្នែក​មួយ​នៃ​អារម្មណ៍​របស់​អ្នក​ដែរ​។
    3. ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ហេវ​ អ្នក​ត្រូវ​ព្យាយាម​ស្វែងរក​ជម្រើស​ដែល​ល្អ​បំផុត​ក្នុង​ការ​បំពេញ​ឱ្យ​ភាព​ហេវហត់​នេះ​។ សិក្សា​បន្ថែម​ពី​សារធាតុ​ចិញ្ចឹម​នៅក្នុង​ចំណីអាហារ​ រក្សា​រសជាតិ​របស់​វា​ឱ្យ​បាន​ល្អ​ នឹង​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ទម្ងន់​របស់​អ្នក​កាន់តែ​មាន​ភាព​ងាយស្រួល​ឡើង​។
    4. ចងចាំ​ថា​ មិន​មាន​ទេ​អាហារ​ល្អ​ ឬអាក្រក់​ សម្រាប់​អ្នក​ដែល​ចង់​គ្រប់គ្រង​ទម្ងន់​ដូចជា​រូប​អ្នក​ ប៉ុន្តែ​វា​អាស្រ័យ​លើ​ចំនួន​ដែល​អ្នក​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​រាងកាយ​ទៅវិញ​ទេ​។
    5. កុំ​ចាំ​ដល់ពេល​ពោះ​ឡើង​តឹង​ មាន​អារម្មណ៍​ថា​ឆ្អែតដល់ក​ហើយ​ទើប​ឈប់​ញ៉ាំ​នោះ​ ត្រូវ​បញ្ឈប់​ការ​ញ៉ាំ​តាំងពី​មុន​ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​មក​ម្លេ៉ះ​ បើ​ទោះជា​អាហារ​នៅ​សល់​ក៏ដោយ​។
    6. បើ​មិន​ឃ្លាន​ទេ​ សួរ​ខ្លួន​អ្នក​ទៅ​មើល​ថា​ តើ​អ្វីខ្លះ​ដែល​ជា​កត្តា​ជំរុញ​ឱ្យ​អ្នក​ញ៉ាំ​? បរិស្ថាន​ជុំវិញ​ ឬអារម្មណ៍​របស់​អ្នក​?
    7. បើ​វា​ជា​កត្តា​ដែល​កើត​ចេញពី​បរិស្ថាន​ខាង​ក្រៅ​ ដូចជា​ ពេលវេលា​ ឬអាហារ​ឆ្ងាញ់​ដ៏​សន្ធឹក​សន្ធាប់​… សួរ​ខ្លួន​អ្នក​ថា​ គួរ​ធ្វើ​យ៉ាងណា​ ដើម្បី​គ្រប់គ្រង​ខ្លួន​អ្នក​ពីក​ត្តា​ជំរុញចិត្ត​ឱ្យ​ចង់​ញ៉ាំ​មួយ​នេះ​? ហើយ​ចូរ​ស្វែងរក​អ្វី​ផ្សេង​មក​ធ្វើ​ជំនួស​សិន​ រង់ចាំ​ពេល​ហេវ​ចាំ​ញ៉ាំ​អាហារ​…។
    8. បើ​វា​កើត​ចេញពី​អារម្មណ៍​របស់​អ្នក​វិញ​ អ្នក​ត្រូវ​សួរ​ខ្លួន​អ្នក​ថា​ តើមាន​វិធី​ណា​ដែល​អាច​ដោះស្រាយ​បាន​ បើ​អ្នកតែង​តែ​នឹកឃើញ​ដល់​ការ​ញ៉ាំ​ពេល​មាន​អារម្មណ៍​ធុញថប់​? ដូច្នេះ​អ្នក​គួរ​រក​វិធី​បំបាត់​ភាព​ធុញថប់​ ដោយ​វិធី​ផ្សេង​ដូចជា​ ហាត់ប្រាណ​ គេង​សម្រាក​ ឬស្តាប់​ចំរៀង​ជាដើម​…។
    9. រស់នៅ​ជាមួយនឹង​បែបបទ​នៃ​ជីវិត​ដែល​មានតែ​ភាព​រស់រវើក​ដូចជា​ ការហាត់ប្រាណ​ជាដើម​។
    10. កុំ​រំពឹង​ថា​ អ្វី​ៗវា​នឹង​បាន​ល្អឥតខ្ចោះ​ តែ​ត្រូវ​សិក្សា​បន្ថែម​ពី​វិ​ធី​ថ្មី​ៗ ហើយ​ចំណាយពេល​អនុវត្ត​វា​ផង​៕

  • “ពិរ៉ាន់យ៉ា ត្រីស៊ីមនុស្ស” ពេជ្ឈឃាតនៃដងទន្លេ អាម៉ាហ្សូន

    “ពិរ៉ាន់យ៉ា ត្រីស៊ីមនុស្ស” ពេជ្ឈឃាតនៃដងទន្លេ អាម៉ាហ្សូន

    ត្រី “ពិរ៉ាន់យ៉ា” ល្បីឈ្មោះថា ជាត្រីដែលគ្រោះថ្នាក់បំផុតមួយប្រភេទរបស់ពិភពលោក រស់នៅរួមគ្នាជាហ្វូង និងសម្រុកចូលវាយប្រហារចំណីយ៉ាងលឿនរហ័សដោយធ្មេញដ៏មុតស្រួចរបស់វា។ អាចនិយាយបានថា ជាវិធីសម្លាប់គូសត្រូវ ឬចំណីអាហារ​យ៉ាងសាហាវ ក្នុងរយៈពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។

    ត្រីពិរ៉ាន់យ៉ា (Piranha) មានឈ្មោះខាងវិទ្យាសាស្រ្តហៅថា Serrasalmas spp ជាត្រីទឹកសាបមួយក្រុមដែលត្រូវបានចាត់ចូលទៅក្នុងត្រកូលត្រី ស៊ើរ៉ាសាល់ម៉ាស់ (Serrasalmas) ដែលត្រីក្នុងក្រុមនេះមានទាំងអស់ 25ប្រភេទ តែមានតែ 4ប្រភេទប៉ុណ្ណោះដែលបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វដទៃទៀត។
    ត្រីពិរ៉ាន់យ៉ា ស៊ីសាច់ឆៅជាអាហារ ច្រើនតែរស់នៅរួមគ្នាជាហ្វូងខ្នាតធំ ប្រទះឃើញមានច្រើននៅក្នុងទន្លេអាម៉ាហ្សូន និងទន្លេជាច្រើនទៀតក្នុងទ្វីបអាមេរិកខាងត្បូង។ មានធ្មេញមុតស្រួចរាងត្រីកោណខ្នាតធំ  ផ្នែកខាងក្បាលមានទំហំធំ មានសាច់ដុំបរិវេណថ្ពាល់រឹងមាំ សម្រាប់ប្រើខាំស៊ីសាច់របស់សត្វណាដែលធ្លាក់ចូលទៅជិតកន្លែងរស់នៅរបស់ពួកវាជាអាហារ ជាពិសេសសត្វដែលកំពុងភ្ញាក់ផ្អើល ឬស្ថិតក្នុងសភាវទន់ខ្សោយមានរបួស។ សំឡេងគ្រុងគ្រាំងរបស់ទឹកដែលខ្ទាតខ្ចាយ នឹងទាក់ទាញត្រីពិរ៉ាន់យ៉ាឱ្យចូលមកយ៉ាងឆាប់រហ័ស ដោយត្រីពិរ៉ាន់យ៉ានឹងប្រើធ្មេញដែលមុតស្រួចនោះខាំស៊ីសាច់របស់សត្វធំៗ រហូតធ្លុះទៅដល់ឆ្អឹងកងខ្នងបាន ត្រឹមតែមិនប៉ុន្មានវិនាទីប៉ុណ្ណោះ។ ភាពកាចសាហាវរបស់ត្រីពិរ៉ាន់យ៉ា ខុសប្លែកពីគ្នាទៅតាមប្រភេទនីមួយៗ តែគេជឿថា ត្រីពិរ៉ាន់យ៉ាគ្រប់ប្រភេទអាចហឹតចាប់ក្លិនឈាមនៅក្នុងទឹកបាន ដូចត្រីឆ្លាមដែរ។
    ត្រីពិរ៉ាន់យ៉ាមានដងខ្លួនសំប៉ែត ពោះទូលាយ ស្រដៀងត្រីកន្រ្តប់របស់ខ្មែរយើងដែរ  ប្រភេទនីមួយៗមានពណ៌អុចៗនៅលើដងខ្លួន ខុសប្លែកពីគ្នា ស្រកាបរិវេណខ្សែពោះមានរាងជាបន្លាៗ ស្រដៀងធ្មេញរណាចំនួន 24 – 31គ្រាប់  មានអាវុធសំខាន់គឺ “ធ្មេញ” ដែលមានតែមួយជួរជារាងត្រីកោណ និងមុតខ្លាំងណាស់ អាចខាំសាច់ឆៅឱ្យដាច់យ៉ាងងាយស្រួល បបូរមាត់ខាងក្រោមលយចេញមកវែងជាងបបូរមាត់ខាងលើ តែនៅពេលបិទមាត់ទៅ នឹងជិតឈឹងតែម្តង។

    នៅក្នុងពេលដែលត្រីពិរ៉ាន់យ៉ាចាប់ផ្តើមបញ្ចេញអាការឃ្លាន បើគ្មានសត្វអ្វីធ្លាក់ចូលមកក្នុងបរិវេណដែលពួកវារស់នៅទេនោះ ត្រីពិរ៉ាន់យ៉ានឹងស៊ីត្រីផ្សេងទៀតជាអាហារ ដោយប្រើវិធីប្រមាញ់ចំណីដោយការស្ទុះចូលទៅខាំស៊ីយ៉ាង

    រហ័ស និងចោមរោមខាំស៊ី រហូតសឹងតែគ្មាននៅសល់បំណែក ទើបពួកវាទទួលបានរហស្សនាមថា “ពេជ្ឈឃាតនៃដងទន្លេទឹកសាប” យ៉ាងណាក៏ដោយ ទោះជាល្បីឈ្មោះថា ជាត្រីដ៏សាហាវ មែនក៏ដោយ តែត្រីពិរ៉ាន់យ៉ាក៏ជាត្រីដែលប៉ឹនភ្ញាក់ផ្អើលណាស់ដែរ ដូច្នេះហើយទើបពួកវាត្រូវរស់នៅជាហ្វូងធំៗ ដើម្បីនឹងបានវាយសម្រុកទៅលើចំណី តែជាញឹកញាប់ណាស់ដែលវាក៏ក្លាយជាចំណីរបស់សត្វដែលមានទំហំធំជាង ដូចជា ត្រីរ៉ស់យក្សអាម៉ាហ្សូន ឬត្រីអៈរ៉ាផៃម៉ា ត្រីឡូម៉ាទន្លេ និងបក្សីស៊ីត្រីជាអាហារច្រើនប្រភេទទៀត រួមទាំងមនុស្សនៅក្នុងតំបន់ដែលនិយមហូបត្រីពិរ៉ាន់យ៉ាជាអាហារផងដែរ។

    សម្រាប់ត្រីពិរ៉ាន់យ៉ា ប្រភេទដែលមានឈ្មោះល្បីថា​ កាចសាហាវខ្លាំងបំផុតនោះគឺ ត្រីពិរ៉ាន់យ៉ាក្រហម ឬពិរ៉ាន់យ៉ាពោះក្រហម ស្រកាមានខ្នាតតូចៗ មានពណ៌ក្រហមលាយផ្កាឈូក ចាំងផ្លេកៗដូចកាកពេជ្រ ទំហំខ្លួនធំពេញទំហឹងប្រមាណជា 33សង់ទីម៉ែត្រ(ជាង 3តឹក) ទម្ងន់ប្រមាណជា 3.5គីឡូក្រាម ថែមទាំងមានអាយុវែងទៀតផង ព្រោះអាចរស់នៅលើគោកដោយគ្មានត្រូវទឹកសោះបានយូរដល់ទៅ 2ម៉ោងឯណោះ៕

  • អ្នកនាង យុគ ចិន្ដា ៖ « ចង់ឱ្យកូនស្រីរឹងមាំនៅលើវិថីសិល្បៈ »

    អ្នកនាង យុគ ចិន្ដា ៖ « ចង់ឱ្យកូនស្រីរឹងមាំនៅលើវិថីសិល្បៈ »

    ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មានឡារ៉ែន អ្នកនាង យុគ ចិន្ដា បានប្រាប់ថា អ្នកនាងនឹងឱ្យកូនស្រីស្នងតំណែងជាពិធីការិនី បើទោះបីជាមិនមានឈ្មោះល្បីល្បាញដូចអ្នកនាងក៏ដោយ ក៏តែត្រូវឱ្យកូនស្រីប្រឹងប្រែងកសាងឈ្មោះបោះសំឡេងឱ្យខ្លាំងជាងអ្នកនាង ឬជោគជ័យឱ្យខ្លាំងជាងអ្នកនាងនៅលើវិថីសិល្បៈ ។ បទសម្ភាសន៍នេះ ត្រូវបានអ្នកនាង យុគ ចិន្ដា ប្រកាសនៅកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២០ ជាគ្រាដែលកូនស្រីអ្នកនាងធ្វើជាពិធីការិនីក្នុងកម្មប្រគំតន្ត្រីរបស់សាលា ស្រណោះតន្ត្រី ជាលើកដំបូង។

    អ្នកនាង​ យុគ ចិន្តា ប្រាប់​​កូនស្រីរបស់ខ្លួនមានទេពកោសល្យ​គ្រប់គ្រាន់​​​​ក្នុង​នាមជាតារាសិល្បៈមួយរូប ដែលអាច​​ឈោងឆាប់អាជីពពិធិនីដូច​ខ្លួនបាន ​ដោយសារតែនាង​មានដុង​សិល្បៈ ដោយចេះតែទាំងច្រៀង តន្ត្រី ភាសា និងរបាំ អ្វីដែល​​​សំខាន់​គឺ​បានវោហារទៀតផង។​​​ ដោយអ្នកនាង​បញ្ជាក់ថា កូនស្រីថែមទាំងមានកំប្លុកកំប្លែង​​ចង់ល្អជាងអ្នកនាង​​​​​​ផងដែរ។ អ្នកនាងបញ្ជាក់​ថា​អត់បាន​បង្ខំ​កូនស្រី​ឱ្យហក់ចាប់សិល្បៈដូចខ្លួននោះទេ ​​តែ​​បណ្ដាលមកពី​​​​កូន​មានដុង​​គ្រប់គ្រាន់ ហើយអ្នកនាងក៏ចង់​​​​ជំរុញឱ្យដល់គោលដៅ ទើបអ្នកនាងត្រូវ​តែបណ្ដុះបណ្ដាល។

    អ្នកនាងកូនស្រីរបស់ខ្លួនអាច​​​លេងព្យាណូបានស្ទាត់ ចេះរាំ​របាំ​បុរាណខ្មែរជាង ១០ ប្រភេទខុសៗគ្នា និងរបាំប៉ាឡេ និងចេះច្រៀង​​​​​​អុបប៉េរ៉ា បានស្ទាត់ជំនាញ ​ដោយ​​​​​​​​ក្រៅពី​សិក្សា​ភាសា​ខ្មែរ ​កូនអ្នកនាង​ក៏មានសិក្សាចិន ​និង​អង់គ្លេស​​​​​​​​​​​ស្របគ្នា​​ផងដែរ។ ទើបអ្នកនាង​យល់ថា ​​កូនស្រីរបស់ខ្លួនបាន​​ត្រូវបានបណ្ដុះឱ្យក្លាយជាពិធីការិនី និយាយពាក្យពេចន៍គឺពិតជាច្បាស់ៗល្អ ​​មិនមែននិយាយតាមសម្ដីនិងពាក្យប្រើប្រាស់ប្រចាំថ្ងៃនោះទេ។

    កូនស្រីអ្នកនាងមានឈ្មោះ យុគ ដាពេជ្រ ហៅ អម ក៏បានបង្ហើបប្រាប់ថា ​​​​​​​តាំងពី​ដើម​ដល់ធំ​ ម្ដាយរបស់ខ្លួន​​មិនដែល​បង្ខំឱ្យនាង​​​រៀ​ន​ភ្លេង ​ហាត់ច្រៀង និង​​សិក្សា​ទម្រង់​​សិល្បៈនោះទេ គឺ​នាង​ជាអ្នក​​ស្នើ​សុំ​​​ទាំងអស់។ ដោយឡែកសម្រាប់​អាជីព​ពិធីការិនី​​ ដ្បិតថា​​នៅពេលនេះ ​​​នាងមិនទាន់មានទំនុកចិត្ត​ថា​អាច​ធ្វើ​បាន ប៉ុន្តែ​ផ្អែកតាមការ​សន្សំ​​សមត្ថភាព និង​ការជ្រោមជ្រែងរបស់ម្ដាយ ​នាង​​បញ្ជាក់ថា​ខ្លួនពិតជា​អាច​ធ្វើបាន។ នៅសល់រយៈពេល ៣ ឆ្នាំទៀត នាងនឹងបញ្ចប់ការសិក្សានៅប្រទេសកម្ពុជា ហើយគ្រោងទៅសិក្សានៅបរទេស ដែលជាឱកាសល្អសម្រាប់នាងក្នុងការនាំវប្បធម៌ខ្មែរទៅកាន់ពិភពលោកបានស្គាល់ តាមរយៈការតាំងចិត្តដ៏ខ្ពស់របស់នាង ។ នាងថា នាងនឹងធ្វើជាគ្រូបង្រៀនផ្នែកសិល្បៈខ្មែរ ទៅកាន់កូនខ្មែរដែលរស់នៅបរទេស៕

  • Samsung នៅតែខ្លាំង លក់ស្មាតហ្វូនជាប់លេខ1 ទៀតហើយ

    Samsung នៅតែខ្លាំង លក់ស្មាតហ្វូនជាប់លេខ1 ទៀតហើយ

    យោង​តាម​ប្រភព​ he Korea Herald ដែលបាន​ស្រង់​ទិន្នន័យ​ពី Counterpiont ​បាន​បញ្ចេញ​ឱ្យ​ដឹង​ថា នៅ​កូរ៉េ​ខាងត្បូង Samsung ​គ្រប់គ្រង​ចំណែក​ទីផ្សារ​បាន 57% (Market share) នៅ​ត្រីមាស​ទី4 ឆ្នាំ2019។ បើ​ធៀបនឹង​ត្រីមាស​3 ក្នុងឆ្នាំដូចគ្នាហ្នឹង ​ភាគ​រយ​បាន​ធ្លាក់​ចុះ​ចំនួន 14%។

    ស្មាតហ្វូន​លក់​ដាច់​បំផុត 7 ម៉ូដែល​ផ្សេងគ្នា ​ក្នុង​ចំណោម 10ម៉ូដែលរបស់ Samsung ស៊េរីដែល​ឈរ​លើ​គេ ​គឺ Galaxy Note 10+ មាន 5G ​ពោល​គឺ ​អ្នក​ប្រើប្រាស់​នៅ​កូរ៉េ​ខាងត្បូងបាន​ផ្តល់​ទំនុក​​ចិត្ត​ទិញ​យ៉ាង​សន្ធឹក។

    ​ចំណែក​ឯ​ក្រុមហ៊ុន Apple ឈរនៅ​លេខ2  ​លើ​ទិន្នន័យ​ដូច​ខាង​លើ គឺ​ត្រឹម 28%។ ស្មាតហ្វូនរបស់​ Apple ដែលឈរលេខ2 នោះគឺ iPhone 11 Seris-11 Pro, 11 Pro Max (ស្មាតហ្វូន​លក់​ដាច់​បំផុតលំដាប់​ទី2) និង​ទី3 គឺ Note 10 5G។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍នោះគឺ LG ដែល​ជាម៉ាកល្បី​ល្បាញ​យូរមក​ហើយ​នៅ​ស្រុក​កំណើតរបស់ខ្លួន កាន់​កាប់​បាន 15% នៃ​ចំណែក​ទីផ្សារ បើ​ធៀប​នឹង​ផលិត​ផល​កូរ៉េ​ផ្សេង​ទៀត កើន​ឡើង 1.6% ទោះ​បី​ជា​បច្ចុប្បន្ន​ប្រឈម​នឹង​មេរោគ COVID-19 ក៏ដោយ៕

  • អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ត្រូវមានការប្រុងប្រយ័ត្ន និងស្គាល់ពីវិធីបង្ការ ការឆ្លងមេរោគ

    អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ត្រូវមានការប្រុងប្រយ័ត្ន និងស្គាល់ពីវិធីបង្ការ ការឆ្លងមេរោគ

    អ្នកនាំពាក្យក្រសួងសុខាភិបាលបានបង្ហាញពីរបៀបនៃការបង្ការការចម្លងមេរោគតាមរយៈខ្យល់  ដោយបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នដើម្បីចៀសវាងការចម្លង ជំងឺពី​មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ នេះបើតាមការធ្វើបាឋកថា ស្ដីពីចំណេះដឹង  និងស្វែងយល់ពី​សកម្ម​ភាព​ឆ្លើយ​តប របស់ក្រសួង​សុខាភិបាលចំពោះការវិវឌ្ឍរបស់មេរោគកូវីដ-19 កាលពីរសៀល​ថ្ងៃទី25 ខែកុម្ភៈ ម្សិលមិញ នៅទីស្ដីការក្រសួងសុខាភិបាល។

    ឯកឧត្ដមវេជ្ជណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា៖« ការឆ្លងមេរោគធំៗ គឺមាន2 ការឆ្លងតាមខ្យល់អាកាស និងឆ្លងតាមដំណក់លម្អងតូចៗ ដូចជាការកណ្តាស់ និងក្អកជាដើម។ ឯកឧត្ដមបានបន្ដថា ជំងឺដែលឆ្លងតាមខ្យល់​មាន​មេរោគ ដូចជាមេរោគរបេង  មេរោគស្អូច កញ្ជ្រឹល អុតស្វាយជាដើម»។

    ឯកឧត្ដមមានប្រសាសន៍ថា៖« មេរោគឆ្លង​តាមខ្យល់នេះ ​ទោះបីជា​ពាក់​ម៉ាស់យ៉ាង​ណា  ក៏មិន​អាច​ការពារបានដែរ គឺវាអាចច្រោះចូលតាមប្រហោង ​តាមម៉ាស់​ធំ​ជាង ប៉ុន្តែអាចការពារបាន​ទាល់តែ​ពាក់​ម៉ាស់របស់ពេទ្យ ទើបបានទប់ជាប់។ ចំពោះការឆ្លង​តាមដំណក់លម្អងទឹកតូចៗវិញ មានន័យថា នៅ​ពេល​ដំណក់ទឹកតូចៗ ចេញពីអ្នកជំងឺដល់កន្លែងណា មេរោគដល់ទីនោះ ជាក់ស្តែង រួមមានដូចជាជំងឺ​ខាន់ស្លាក់ ជំងឺផ្តាសាយ និងវីរុស​កូរ៉ូណា(COVID-19)នេះ ជាដើម»ឯកឧត្ដមបានឱ្យដឹងថា៖« ពេលដំណក់ទឹកតូចៗដល់ទីណា មេរោគទៅដល់ទីនោះ ដំណក់​ទឹកហ្នឹង កើតមកពីការក្អក និងកណ្តាស់។ បើតាមការសិក្សា ចំពោះកណ្តាស់ និងក្អកនេះ អាច​មាន​ចម្ងាយ​ជិត 1ម៉ែត្រ ហើយនៅពេលក្អកកន្លែងណា ទឹកនឹងនៅទីនោះ។  អ៊ីចឹងបាន​គេឱ្យ​ពាក់ម៉ាស់ ដើម្បី​ចៀស​វាងការឆ្លង ដែលអ្នកជំងឺគួរតែពាក់ម៉ាស់ ដើម្បីទប់ស្កាត់នៅ​ពេល​កណ្តាស់ ហើយ ឆ្លងទៅគេ»

    ឯកឧត្ដមបានបញ្ជាក់ថា៖« សម្រាប់អ្នកជាវិញ មិនចាំបាច់ពាក់ម៉ាស់ទេ ប៉ុន្តែត្រូវឧស្សាហ៍ លាងដៃ​នឹង​សាប៊ូ ព្រោះថា អ្នកជា ឧស្សាហ៍ប៉ះពាល់នឹងទីកន្លែងផ្សេងៗ ដែលជាហេតុនាំឱ្យ​មេរោគ​ឆាប់ឆ្លង​នៅ​ពេលយកដៃទៅញីច្រមុះ មាត់ ឬភ្នែក»។

    ឯកឧត្ដមបានថ្លែងបញ្ជាក់ទៀតថា៖« អ្នកជា ឬមនុស្សទាំងឡាយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ​ ត្រូវកាត់​បន្ថយការយកដៃទៅប៉ះពាល់ផ្ទៃមុខ​ជាអតិបរមាកាន់​តែល្អ ហើយយើងបង្ហាញថ្ងៃ​នេះមិនសម្រាប់​តែមេរោគ​កូរ៉ូណាទេ  មេរោគផ្សេងទៀតក៏ទប់​ស្កាត់ការ​ឆ្លងដែរ»។

    ឯកឧត្ដមវេជ្ជបណ្ឌិត លី សូវ៉ាន់ បានលើកឡើងថា ដៃប្រៀបដូចជាវត្ថុមួយចំនួនដែល​អាច​ចម្លងជំងឺ ឬអាចនិយាយថា ដៃបានប៉ះពាល់ទីកន្លែងជាច្រើន ដែលជាហេតុនាំឱ្យមេរោគ​ឆាប់ឆ្លង។ ដៃយើងជាអ្នកចម្លង ហើយបណ្តាលឱ្យមានអាលាក់ហ្ស៊ី កើតលើផ្ទៃមុខ ព្រោះថា ដៃ​មានសារ​ធាតុ​ច្រើន ដូចជាមេរោគដែលអាចចម្លងបាន។

    ឯកឧត្ដមបានលើកឡើងទៀតថា ក្រសួងសុខាភិបាលមិនបានបង្ខំឱ្យ​មាន​ការពាក់​ម៉ាស់​នោះ​ទេ ប៉ុន្តែការពាក់ម៉ាស់ គឺនៅពេលចាំបាច់ ដូចជានៅតំបន់មួយចំនួនដែលមាន​មនុស្សច្រើន ឬការទៅ​សួរ​សុខ​ទុក្ខ​​អ្នកជំងឺ នៅមន្ទីរពេទ្យជាដើម។

    សូមបញ្ជាក់ថា ឯកឧត្តម លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាលបានឱ្យដឹងថា(គិតម៉ោង 7យប់ ថ្ងៃទី24 ខែកុម្ភ:  ឆ្នាំ2020)  កម្ពុជាពុំ​ទាន់​រក​ឃើញ ករណីអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(Covid-19) បន្ថែមទៀតទេ  តែលទ្ធភាពរកឃើញករណី អាចនឹងកើតមាន  ពីព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡើយ នៅទីក្រុង Wuhan ប្រទេសចិន  និងមានការឆ្លងជំងឺនេះទៅប្រទេសដទៃ។

    បើទោះជាកម្ពុជា ពុំទាន់មានករណីថ្មីនៃវីរុសកូរ៉ូណាថ្មីនេះក្ដី ក៏ក្រុមឆ្លើយតបបន្ទាន់ ក៏ដូចជាក្រុមគ្រូពេទ្យតាមព្រំដែន  (មន្រ្តីចត្តាឡីស័ក)  បាននិងកំពុងឃ្លាំមើលអ្នកដំណើរចេញចូលគ្រប់ច្រកតាមព្រំដែនគោកទាំងអស់ ដូចជាប្រទេសថៃ  ឡាវ  វៀតណាម  ផ្លូវសមុទ្រ  និងអាកាសយានដ្ឋានអន្តរ​ជាតិទាំង​3  គឺភ្នំពេញ  សៀមរាប  ក្រុងព្រះសីហនុ  តាមរយ:ម៉ាស៊ីនស្ទង់កម្ដៅ  និងពិនិត្យសុខភាព។

    ឯកឧត្តម បានបន្តថា «យើងមានមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា   ដែលដំណើរ​ការ​ទាំង​ថ្ងៃទាំងយប់ ធ្វើតេស្តវត្ថុវិភាគ ដែលបានផ្ញើមកពីទូទាំងប្រទេស និងយើងត្រៀមមន្ទីរពិសោធន៍​ 2​ទៀតក្នុងក្រសួងសុខាភិបាលដើម្បីជំនួយក្នុងការធ្វើតេស្តបន្ថែមទៀត។

    គួររំឭកថា កន្លងមក កម្ពុជាមានករណីតែ 1គត់ពាក់ព័ន្ធនឹងវីរុសកូរ៉ូណា គឺបុរសជនជាតិចិនម្នាក់អាយុ 60ឆ្នាំ ដែលធ្វើដំណើរពីទីក្រុង Wuhan មកលេងខេត្តព្រះសីហនុ តែត្រូវបានព្យាបាលជាសះស្បើយ និងត្រឡប់ទៅស្រុកកំណើតវិញហើយ៕