Category: សង្គម និងសេដ្ឋកិច្ច

  • មួយបទនេះ នាយ គ្រឿន ឱបថើប កាចុប ពេញៗប្លង់តែម្ដង

    មួយបទនេះ នាយ គ្រឿន ឱបថើប កាចុប ពេញៗប្លង់តែម្ដង

    តារាកំប្លែង​ និង​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​នាយ គ្រឿន បាន​ធ្វើ​ឲ្យ​​អ្នកគាំទ្រ​ មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ក្រោយ​ពីនាយ​ចេញ​ MV បទ​ចម្រៀង​មួយ​បទ​ឱបថើប កាចុប ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ប្អូន​ប្រុស​នាយ ចយ គ្មាន​ប្រណីដៃ។ MV បទ​ចម្រៀង​ដែល​នាយ គ្រឿន ចាប់​ឱប​ថើប​ កាចុប គ្មាន​ប្រណីដៃ​នោះ​មាន​ចំណង​ជើង​ថា “តិចនិចញ៉ែ” ដែល​នាយ ចាប់​ដៃ​គូ​ច្រៀង​រួម​គ្នា​ជាមួយ​​លោក ឌីអូ។ បទនេះមិនត្រឹមតែពីរោះ​ប៉ុណ្ណោះទេ សូម្បីតែការ​សម្តែងក៏មានភាពទាក់ទាញផងដែរ ដែលអាចធ្វើឱ្យអ្នកទស្ស​នាជក់ចិត្ត ជាពិសេសឈុតចុងក្រោយតែម្តង ធ្វើឱ្យពុក​ម៉ែ​បង​ប្អូន​អស់សំណើច សើចចុក​ពោះគ្រប់ៗគ្នា។

    ជារៀងរាល់ឆ្នាំ នាយ គ្រឿន តែងតែចេញបទចម្រៀងចូលឆ្នាំដើម្បីឱ្យពុកម៉ែបងប្អូនបានរាំសប្បាយភ្លេចអស់នៅទុក្ខកង្វល់។បើទោះបីជាសំឡេងនាយនៅមានលក្ខណៈកំប្លែង និងរណ្ដំចិត្តដូចតារាចម្រៀងដទៃ ក៏ប៉ុន្ដែមហាជនជាច្រើនពោលថា ពីរោះមួយបែប អាចទទួលយកបាន។ បទចម្រៀងថ្មីមួយបទរបស់នាយគ្រឿនមានចំណងជើងថា “តិចនិចញ៉ែ” នេះ ទើបតែបង្ហោះនៅលើឆាណែលយូធូប Hokpi Music កាលពីថ្ងៃម្សិលមិញនេះទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ តែមានអ្នកចូលទស្សនាជិត ១ លាននាក់ហើយ។

    សូមជម្រាបបញ្ជាក់ថា បទចម្រៀងនេះជាការបកស្រាយរួមគ្នារវាង នាយគ្រឿន នឹងលោក ឌីអូ ដែលជាអ្នកនិពន្ធបទចម្រៀងនេះផ្ទាល់តែម្ដង។យ៉ាងណាមិញ ចង់ដឹងថាតើនាយ គ្រឿនបកស្រាយបទចម្រៀងនេះជាមួយនឹងលោក ឌីអូ ពិរោះនឹងកំប្លែងដល់កម្រិតណានោះសូមប្រិយមិត្តអ្នកអាន ទាំងអស់ទស្សនាវីដេអូនៃការបកស្រាយបទចម្រៀងរបស់លោកនៅខាងក្រោមនេះទាំងអស់គ្នា ហើយកុំភ្លេចណា សើចទាំងអស់គ្នា ដើម្បីបំបាត់ទុក្ខកង្វល់។ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ស្ងាត់ៗ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទិញខុនដូតម្លៃជាង៣០ម៉ឺនដុល្លារ

    ស្ងាត់ៗ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទិញខុនដូតម្លៃជាង៣០ម៉ឺនដុល្លារ

    នៅពេលថ្មីៗនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់កំពូលតារាចម្រៀងប្រុស ព្រាប សុវត្ថិ បានបង្ហោះរូបភាពជាច្រើន ដែលបានឱ្យដឹងថា លោកបានចំណាយប្រាក់អស់ប្រមាណ៣០ម៉ឺនដុល្លារ ដើម្បីទិញខុនដូរដែលមានទីតាំងល្អនៅទល់មុខមាត់ទន្លេ។

    កំពូលតារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ មិនត្រឹមតែគេដឹងថា ជាតារាល្បីដែលសំបូរទ្រព្យប៉ុណ្ណោះទេ លោកក៏ជាម្ចាស់ចម្ការស្វាយចន្ទីររាប់សិបហិកតារនៅខេត្តរតនៈគីរី និង មានដីច្រើនកន្លែង បន្ថែមពីវីឡាបែបខ្មែរនៅកណ្ដាលភ្នំពេញ និងជាម្ចាស់ខុនដូរតម្លៃរបស់ម៉ឺនដុល្លារទៀត។

    តាមការបញ្ជាក់របស់ លោក ព្រាប សុវត្ថិ បង្ហោះថា លោកបានទិញនដូ Morgan Enmaison តម្លៃជិតកន្លះលានដុល្លារនេះ តាំងពីគម្រោងខុនដូដ៏ធំ ដែលបានឈរជើង នៅលើអតីតបន្ទាយទាហានជើងទឹកចាស់ ក្នុងទំហំផ្ទៃដី2.5 ហិចតានេះ បុកគ្រឹះសាងសង់ក្ដៅៗម្លេះ ខណៈដែលខុនដូររបស់លោក មកទល់ពេលនេះ គឺបានឡើងថ្លៃជិតកន្លះលានដុល្លារទៅហើយ។ នេះជាគម្រោងខុនដូ ដែលបានសាងសង់រហូតដល់ទៅ5អាគារធំៗ ដែល អាគារទី1 និងទី 6 មានកម្ពស់ 47 ជាន់ អាគារទី2 និងទី 5 មានកម្ពស់ 53ជាន់ និងអាគារទី3 នៅកណ្តាលគេ មានកម្ពស់70ជាន់ នេះ កំពុងក្លាយជាគម្រោងខុនដូដែលទាក់ទាញយ៉ាងខ្លាំង ដោយសារតែក្នុងគម្រោងនេះ ក្រៅពីមានខុនដូជាង6០០០យូនីត ក៏មានកន្លែងចតរថយន្តដែលអាចផ្ទុករថយន្តបានដល់ជាង២ពាន់រថយន្ត និងត្រូវបានស្ថាបនា ដើម្បីធ្វើឱ្យអ្នករស់នៅក្លាយជាមនុស្សស៊ីវិល័យ និងស័ក្តសមជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយរស់នៅប្រកបដោយសុវត្តិភាពខ្ពស់។ ទីតាំងនេះ សមស្របនឹងខ្យល់អាកាសបរិសុទ្ធ និងអាចមើលឃើញទេសភាពទន្លេទាំង៣ពីលើអាគារ គឺទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលអំណោយផលសម្រាប់សុខភាព និងទាក់ទាញកំពូលតារាល្បីល្បាញឱ្យបោះទុនភ្លាមទិញទុកស្នាក់នៅបែបស៊ីវិល័យ។

  • ហេតុអ្វីប្រទេសអភិវឌ្ឍន៍ចំណាយលុយកាន់តែច្រើនលើការស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យ (University Research)?

    ហេតុអ្វីប្រទេសអភិវឌ្ឍន៍ចំណាយលុយកាន់តែច្រើនលើការស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យ (University Research)?

    ការសិក្សាស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យ (University Research) ជាផ្នែកយ៉ាងសំខាន់មួយដែលចូលរួមចំណែកយ៉ាងខ្លាំងដល់ប្រទេសអភិវឌ្ឍន៍ធំៗដូចជាអាមេរិក ចិន និងប្រទេសនៅអឺរ៉ុបជាច្រើនផ្សេងទៀត។

    ហេតុនេះហើយទើបប្រទេសទាំងអស់នោះបានបញ្ចូលនូវកញ្ចប់ថវិកាជាតិជាច្រើនទៅក្នុងគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីទាញយកផលប្រយោជន៍សម្រាប់ការអភិវឌ្ឍ។

    តាមការបញ្ជាក់របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថា មានប្រទេសកាន់តែច្រើនឡើងៗនាពេលបច្ចុប្បន្ននេះបានចាប់ផ្តើមបង្កើនថវិកាជាតិ សម្រាប់ស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យ (University Research) ដោយប្រទេសខ្លះបញ្ចេញខ្ទង់ចំណាយច្រើនភាគរយជាងសហរដ្ឋអាមេរិកថែមទៀតផងនាពេលថ្មីៗនេះ។

    សហរដ្ឋអាមេរិកដែលធ្លាប់ជាប្រទេសចំណាយច្រើនជាងគេនៅក្នុងការស្រាវជ្រាវបានធ្លាក់ដល់លំដាប់ថ្នាក់ទី28 កាលពីឆ្នាំ2017ថ្មីៗនេះ ខណៈប្រទេសអភិវឌ្ឍជឿនលឿនមួយចំនួនដូចជា ប្រទេសស្វីស ដាណឺម៉ាក និងណ័រវេសជាដើម ស្ថិតនៅលើចំនុចកំពូលនៃតារាង។

    បើតាមប្រវត្តិនៃការស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យ (University Research) បានឱ្យដឹងថាការស្រាវជ្រាវប្រភេទនេះធ្លាប់បានជួយឱ្យសហរដ្ឋអាមេរិកដើរតួនាទីសំខាន់ក្នុងពិភពលោក ផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចចាប់តាំងពីសង្គ្រាមលោកលើកទី2បានបញ្ចប់មក។

    ដោយហេតុនេះហើយទើបអាមរិកបានចំណាយថវិកាប្រមាណ 0.2% នៃប្រាក់ចំណូលប្រចាំឆ្នាំសរុប (GDP) សម្រាប់ឆ្នាំ 2017 ដើម្បីបញ្ចូលទៅក្នុងមូលនិធិស្រាវជ្រាវក្នុងសាកលវិទ្យាល័យរបស់ខ្លួន។

    បើយោងតាមមូលនិធិព័ត៌មាន បច្ចេកវិទ្យា និងនវានុវត្តន៍ (Information Technology and Innovation Foundation) បានឱ្យដឹងថាប្រទេសដែលបានចំណាយថវិកាជាតិច្រើនជាងគេ លើគម្រោងស្រាវជ្រាវក្នុងសាកលវិទ្យាល័យលើពិភពលោកគឺប្រទេសដាណឺម៉ាក។

    ប្រទេសនេះចំណាយថវិកាប្រមាណ 0.76% នៃ GDP តាមពីក្រោយដោយប្រទេសដាណឺម៉ាកដែលចំណាយ 0.72% និងប្រទេសណ័រវ៉េសដែលចំណាយថវិកាប្រមាណ 0.64% នៃ GDP ក្នុងឆ្នាំ 2017។

    ចំណែកឯប្រទេសអភិវឌ្ឍជាច្រើនផ្សេងទៀតក៏បានចំណាយថវិកាច្រើនផងដែរលើគម្រោងស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យ ដូចជាប្រទេសស៊ុយអែត ប្រទេសអូទ្រីសប្រទេសហ្វាំងឡង់ ប្រទេសអូស្ត្រាលី និងប្រទេសសិង្ហបុរីជាដើម។

    មូលហេតុសំខាន់ៗដែលធ្វើឱ្យប្រទេសទាំងអស់នោះចំនាយថវិកាច្រើនក្នុងការស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យគឺ ដោយសារតែការស្រាវជ្រាវទាំងអស់នេះជាកូនសោរគន្លឹះសម្រាប់ការតម្រង់ទិសដៅគោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗរបស់ប្រទេស។

    វាជាច្រកយ៉ាងសំខាន់ក្នុងការប្រមូលព័ត៌មាន និងសិក្សាលម្អិតពីលក្ខខណ្ឌជាក់ស្តែងនៅក្នុងប្រទេស ដែលអនុញ្ញាតឱ្យគេអាចដឹងពីតម្រូវការនានាដែលត្រូវបំពេញបន្ថែម និងវិស័យសក្តានុពលដែលគួរតែជំរុញឱ្យមានការអភិវឌ្ឍ។

    បន្ថែមពីលើនេះ ទន្នន័យទាំងអស់នេះក៏អាចនឹងធ្វើឱ្យប្រទេសនីមួយៗ ងាយស្រួលក្នុងការរៀបចំខ្លួន ដើម្បីអភិវឌ្ឍលក្ខណៈសម្បត្តិសម្រាប់ប្រកួតប្រជែងជាមួយបណ្តាប្រទេសធំៗនានាលើពិភពលោក ជាពិសេសលើផ្នែកសេដ្ឋកិច្ច និងនវានវត្តន៍។

    ទិន្នន័យបង្ហាញពីការចំណាយលើការស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យ

    របាយការណ៍ដែលទទួលបានពីអ្នកជំនាញនៃសាកលវិទ្យាល័យនីមួយៗ ក៏ជាមូលដ្ឋានគ្រឹះសម្រាប់វិស័យឯកជនផងដែរដើម្បីពួកគេងាយស្រួលបត់បែន និងរៀបចំយុទ្ធសាស្ត្រឱ្យត្រូវតាមស្ថានភាពជាក់ស្តែងនៅក្នុងប្រទេស។

    លើសពីនេះទៅទៀត ភាគីនានាទាំងរដ្ឋ និងឯកជន ក៏អាចទទួលបានព័ត៌មានច្បាស់លាស់ពីការព្យាករណ៍ ឬពីការព្រមាននានាដែលអ្នកស្រាវជ្រាវទទួលបានចំពោះវិបត្តិដែលអាចកើតមាននៅពេលអនាគតថែមទៀតផង ដែលធ្វើឱ្យទូទាំងប្រទេសអាចត្រៀមខ្លួនបានល្អដើម្បីដោះស្រាយវិបត្តិដែលអាចនឹងកើតមានឡើង។

    សម្រាប់គ្រឹះស្ថានអប់រំផ្ទាល់ក៏អាចទទួលបានព័ត៌មានកាន់តែសំខាន់ សម្រាប់ការឆ្លើយតបជាមួយនឹងតម្រូវាការរបស់សង្គម។ ជាទូទៅ គ្រឹះស្ថានអប់រំជាផ្នែកសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍ ព្រោះគ្រឹះស្ថានអប់រំជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស។

    ហេតុនេះដើម្បីផលិតធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ ទាន់តម្រូវការរបស់សង្គម និងពិភពលោក លុះត្រាតែគ្រឹះស្ថានអប់រំដឹងច្បាស់ពីចរន្តនៃភាពប្រែប្រួលនាថ្ងៃអនាគតបន្ថែមពីលើតម្រូវការជាក់ស្តែង។

    នៅពេលកម្មវិធីសិក្សាត្រូវបានរចនាឡើងដោយមានព័ត៌មានច្បាស់លាស់ នោះធនធានមនុស្សនៃប្រទេសនោះនឹងក្លាយជាមនុស្សខ្លាំងបើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសគឺក្នុងពេលដែលបច្ចេកវិទ្យាកាន់តែដើរតួនាទីសំខាន់លើពិភពលោក។

    ហេតុនេះហើយទើបប្រទេសអភិវឌ្ឍធំៗទាំងអស់នោះ តែងតែអាចបត់បែនបានគ្រប់កាលៈទេសៈ និងងើបឡើងវិញពីវិបត្តិបានយ៉ាងងាយ ព្រោះគេមានធនធានមនុស្សប្រកបដោយសមត្ថភាព និងព័ត៌មានជាក់លាក់៕

  • ស្ថាប័នពាក់ព័ន្ធចង់ជំរុញឱ្យប្រជាជនចាប់ផ្តើមចេះស្រឡាញ់ធម្មជាតិដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាព

    ស្ថាប័នពាក់ព័ន្ធចង់ជំរុញឱ្យប្រជាជនចាប់ផ្តើមចេះស្រឡាញ់ធម្មជាតិដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាព

    កម្ពុជាជាប្រទេសដែលមានសក្តានុពលផ្នែកធនធានធម្មជាតិ តែទន្ទឹមនឹងស្ថានភាពវិជ្ជមាននេះធនធានដ៏មានតម្លៃរបស់យើងក៏បានជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដែលកើតឡើងពីសកម្មភាពរបស់មនុស្ស និងបញ្ហាធម្មជាតិមួយចំនួនផ្សេងទៀត។ ហេតុនេះការជំរុញឱ្យមនុស្សគ្រប់គ្នាយល់ពីតម្លៃ និងចេះស្រឡាញ់ធម្មជាតិ ជាវិធីដ៏មានសារៈសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់មួយផ្នែកធំលើធនធានធម្មជាតិ។

    ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ដើម្បីបំផុសទឹកចិត្តឱ្យប្រជាជន ជាពិសេសយុវជនស្រឡាញ់ធនធានធម្មជាតិ កាលពីថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2020 កន្លងទៅយើងបានរៀបចំកម្មវិធីទិវានៃក្តីស្រឡាញ់នៅព្រៃឡង់ ដោយបង្កើតគំនិតស្រឡាញ់ចំពោះបរិស្ថាន និងធនធានធម្មជាតិ។

    សកម្មភាពនេះត្រូវបានគេរំពឹងថានឹងអាចធ្វើឱ្យមនុស្សគ្រប់គ្នាមានស្មារតីក្នុងការស្រឡាញ់ និងចូលរួមការពារអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា និងជាពិសេសគឺនៅតំបន់ព្រៃឡង់ផ្ទាល់តែម្តង។ ឯកឧត្តមបានបន្តថាដោយសារតែកត្តាសុខសន្តិភាព និងការអភិវឌ្ឍបានអនុញ្ញាតឱ្យកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការគិតគូរពីការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីកសាងសង្គមមួយប្រកបដោយបរិស្ថានល្អស្អាត ធនធានធម្មជាតិត្រូវបានការពារ និងមានផាសុកភាពសម្រាប់ការរស់នៅ។

    ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន

    ឯកឧត្តម នេត ភក្ត្រា បានមានប្រសាសន៍ថា៖«កម្មវិធីដ៏មានសារៈសំខាន់នេះមានការបំបួសដើមឈើ និងធ្វើការបង្ហាញ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ជីវចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៃតំបន់ព្រៃឡង់ដល់អ្នកចូលរួមផងដែរ»។

    បើតាមក្រសួងបរិស្ថានបានបញ្ជាក់ថាព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់នៅឆ្នាំ 2016 ស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន លើផ្ទៃដីសរុបជាង 43ម៉ឺនហិកតា។

    តំបន់នេះជាតំបន់ដែលមានសក្តានុពលផ្នែកអេកូធម្មជាតិគ្រប់ប្រភេទទាំងព្រៃឈើ ធនធានក្នុងទឹក និងសត្វព្រៃជាដើម។ បន្ថែមពីលើនេះបើនិយាយពីផលប្រយោជន៍សំខាន់នៃធនធានធម្មជាតិនៅទូទាំងប្រទេស កម្ពូជាបានលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរីក្នុងក្របខ័ណ្ឌទីផ្សារស្ម័គ្រចិត្តបានថវិកាដល់ទៅ 11.6លានដុល្លារអាមេរិក ខណៈក្រុមការងារបច្ចេកទេសកំពុងសិក្សាបញ្ចូលតំបន់ព្រៃឡង់ជាតំបន់អាចលក់ឥណទានកាបូនបានក្នុងពេលខាងមុខ។

    គួរបញ្ជាក់ផងដែរថា នៅពេលដែលប្រជាជន ភ្ញៀវទេសចរ ជាពិសេសនិស្សិតនៃសាកលវិទ្យាល័យនានា បានទៅឃើញទិដ្ឋភាពជាក់ស្តែងនៃព្រៃដ៏អស្ចារ្យរបស់កម្ពុជា ពួកគេនឹងចាប់ផ្តើមមានចិត្តស្រឡាញ់ និងគិតគូរពីធម្មជាតិ។ កត្តានេះជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញប្រកបដោយប្រសិទ្ធភាពលើការអភិរក្សធនធានធម្មជាតិ ព្រោះអ្នកទាំងអស់នោះសុទ្ធតែជាបុគ្គលសកម្មលើគ្រប់វិស័យ។ ហេតុនេះនៅពេលគេចូលរួមក្នុងការងារអភិវឌ្ឍ ឬអាជីវកម្មធំៗនានានៅក្នុងប្រទេស ពួកគេនឹងក្លាយជាបុគ្គលសំខាន់ក្នុងការតស៊ូមតិ ដើម្បីកាត់បន្ថយផលប៉ះពាល់លើធម្មជាតិក្នុងគម្រោងនានារបស់ស្ថាប័ន៕

  • កម្ពុជាវិនិយោគជិត 90លានដុល្លារបន្ថែមលើ វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

    កម្ពុជាវិនិយោគជិត 90លានដុល្លារបន្ថែមលើ វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថាថវិកាប្រមាណ 88.23លានដុល្លារអាមេរិកត្រូវបានដាក់បញ្ចូលទៅក្នុងមូលនិធិសម្រាប់វិនិយោគលើគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្ពុជា។ គម្រោងដ៏សំខាន់នេះទទួលបានមូលនិធិពីថវិកាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដោយចំណាយរយៈពេល 5ឆ្នាំ ចាប់ពីឆ្នាំ 2019 រហូតដល់ឆ្នាំ2024។

    ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា គម្រោងអភិវឌ្ឍន៍នេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមចំណែកពង្រឹងគុណភាពនៃការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញក្នុងឧស្សាហកម្មសំខាន់ៗនានានៅកម្ពុជា។ វានឹងធ្វើឱ្យមានធនធានមនុស្សកាន់តែច្រើនលើវិស័យកម្មន្តសាលវិស័យសំណង់ វិស័យអគ្គិសនី និងអេឡិចត្រូនិក។

    បន្ថែមពីលើនេះ គម្រោងនេះក៏នឹងចូលរួមពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាជំនាញតាមវិស័យ និងភ្ជាប់ទំនាក់ទំនងល្អក្នុងការអភិវឌ្ឍជំនាញ ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញថ្មី ការបណ្តុះបណ្តាលជំនាញឡើងវិញ និងការបំប៉នជំនាញបន្ថែម ដល់កម្លាំងពលកម្មដែលកំពុងបំពេញការងារនៅគ្រប់វិស័យទាំងអស់នាពេលបច្ចុប្បន្ននេះ។

    ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖«មូលនិធិសម្រាប់វិនិយោគលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ជាយន្តការយ៉ាងសំខាន់មួយសម្រាប់ជ្រោមជ្រែងធនធានមនុស្សឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់»។

    បើតាមឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថាភ្នាក់ងារដែលអនុវត្តគម្រោងនេះ គឺភាគីពាក់ព័ន្ធនានាជាពិសេសគឺ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដូចជាសួនបច្ចេកទេសវិជ្ជាជីវៈភ្នំពេញ វិទ្យាស្ថានពហុបច្ចេកទេសភូមភាគតេជោសែនស្វាយរៀង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង និងវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ដែលគ្រឹះស្ថានទាំងអស់នេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    បន្ថែមពីលើនេះ គ្រឹះស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ទទួលបានថវិកាសម្រាប់អភិវឌ្ឍន៍ផងដែរ គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

    ចំណែកឯអ្នកពាក់ព័ន្ធដ៏សំខាន់មួយទៀតនោះ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានតួនាទីក្នុងការត្រួតពិនិត្យលើកញ្ចប់ថវិកាសម្រាប់វិនិយោគដោយផ្តោតលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានដូចជាអគារសិក្សា អន្តេវាសិកដ្ឋាន រោងជាង ឧបករណ៍សិក្សា សម្ភារបរិក្ខារនានា គម្រោងអភិវឌ្ឍន៍បុគ្គលិក និងការអភិវឌ្ឍបណ្តុះបណ្តាលនានា។

    តាមរយៈគម្រោងនេះគ្រឹះស្ថានអប់រំដែលទទួលបានថវិកាទាំងអស់ នឹងអាចអភិវឌ្ឍខ្លួនឱ្យក្លាយជាគ្រឹះស្ថានឈានមុខគេនៅកម្ពុជា ដែលនឹងមានសមត្ថភាពបណ្តុះបណ្តាលអ្នកបច្ចេកទេសប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារការងារក្នុងប្រទេស ជាពិសេសផ្នែកឧស្សាហកម្ម និងបច្ចកវិទ្យាជាដើម។

    បើតាមការបញ្ជាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គោលដៅសំខាន់ៗនៃគម្រោងវិនិយោគដើម្បីអភិវឌ្ឍន៍វិស័យអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជានេះមានចំនួន3 សំខាន់ៗ គឺទី1 គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាព និងភាពឆ្លើយតបទៅនឹងកម្រិតសញ្ញាបត្របច្ចេកទេស បរិញ្ញាបត្ររងបច្ចេកទេស និងឯកទេសជាដើម។

    ចំណុចសំខាន់ទី2 គឺវានឹងជួយលើកកម្ពស់កម្មវីធីសិក្សាផ្អែកលើការងារ (Work Based Learning Program) ជាមួយដៃគូឧស្សាហកម្ម ព្រោះការអប់រំបច្ចេកទេសអាចសិក្សាបណ្តើរ អនុវត្តការងារបណ្តើរនៅក្នុងក្រុមហ៊ុនឯកជន ឬសហគ្រាសបាន។ ចំណុចសំខាន់ទី3 គឺគម្រោងនេះនឹងអាចពង្រីកយន្តការនៃការផ្តល់ហិរញ្ញប្បទានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគំនិតបង្កើតថ្មី (នវានុវត្តន៍)៕

  • យុវវ័យគួរស្វែងរកបទពិសោធជីវិតឱ្យបានច្រើន ដើម្បីក្លាយជាធនធានមនុស្ស ប្រកបដោយសមត្ថភាព

    យុវវ័យគួរស្វែងរកបទពិសោធជីវិតឱ្យបានច្រើន ដើម្បីក្លាយជាធនធានមនុស្ស ប្រកបដោយសមត្ថភាព

    មុននឹងក្លាយជាមនុស្សប្រកបដោយសមត្ថភាពខ្ពស់ម្នាក់ដែលសង្គមត្រូវការ មនុស្សគ្រប់គ្នាត្រូវឆ្លងកាត់ការសិក្សាជាច្រើនឆ្នាំ និងត្រូវការជួបបទពិសោធជីវិតជាច្រើនកន្លែង។ មានមនុស្សខ្លះត្រូវឆ្លងកាត់កំហុសជាច្រើនលើកច្រើនសា ឬបរាជ័យជាច្រើនដងទម្រាំអាចក្លាយជាមនុស្សដែលមានភាពថ្កុំថ្កើង ឬក្លាយជាអ្នកជំនាញដែលមនុស្សគ្រប់គ្នាស្គាល់ និងកោតសរសើរ។

    លោក គង់ វិចិត្រា ស្ថាបនិកស្ថាប័នអប់រំ Asia Leading Academy បានលើកឡើងថា បច្ចុប្បន្ននេះ ដោយសារតែការអប់រំមានភាពល្អប្រសើរ យើងឃើញថា និស្សិតមិនតិចទេដែលបានបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សា ឬបានទៅសិក្សានៅក្រៅប្រទេស ជាដើម តែអ្វីដែលជាបញ្ហាប្រឈម គឺមានមនុស្សមិនច្រើនទេដែលអាចឈានទៅដល់តួនាទីសំខាន់ៗក្នុងស្ថាប័នទាំងរដ្ឋ និងឯកជន។

    មានអ្នកខ្លះគាត់មានសមត្ថភាព ឬមានការចងចាំល្អ តែអ្វីដែលជាកត្តាប្រឈម គឺគាត់មានភាពរារែកក្នុងការសាកល្បងជាមួយនឹងបទពិសោធជីវិតថ្មីៗ ឬខ្លាចបញ្ហាដែលកើតមានឡើងចំពោះមុខ ទើបធ្វើឱ្យគាត់ក្លាយជាមនុស្សម្នាក់ដែលមិនមានឱកាសប្រើប្រាស់សមត្ថភាពឱ្យអស់ពីលទ្ធភាព។ កត្តាទាំងអស់នេះហើយដែលធ្វើឱ្យយើងមើលឃើញថាមនុស្សមានសមត្ថភាពមួយចំនួនបែរជាស្ថិតនៅកន្លែងដដែលយូរឆ្នាំ ហើយបែរជាមនុស្សធម្មតាមួយចំនួនទទួលបានការអភិវឌ្ឍច្រើនជាង ព្រោះមនុស្សមួយចំនួនគាត់ជាមនុស្សមិនសូវខ្លាំងតែគាត់មានការអភិវឌ្ឍជាប់ជានិច្ច។ មានន័យថា ពួកគាត់ព្យាយាមស្វែងរកបទពិសោធថ្មីៗ ហ៊ានប្រឈមនឹងរឿងរ៉ាវលំបាកៗ ឬបញ្ហាស្មុគស្មាញដើម្បីធ្វើឱ្យការងារ ឬការរស់នៅប្រកបដោយផលិតភាពកាន់តែខ្លាំង។

    លោក គង់ វិចិត្រា ស្ថាបនិកស្ថាប័នអប់រំ Asia Leading Academy

    លោក គង់ វិចិត្រា បាននិយាយថា៖ «ជាធម្មតាឱ្យតែចាប់ផ្តើមធ្វើអ្វីថ្មី ប្រាកដណាស់ថានឹងត្រូវជួបបញ្ហាប្រឈមដែលទាមទារឱ្យមានការដោះស្រាយតែក្រោយពេលស្វែងរកដំណោះស្រាយបានល្អប្រសើរ ឬហ៊ានប្រឈមជាមួយនឹងបញ្ហាលំបាកទាំងអស់នោះ ជីវិតរបស់យើងនឹងចាប់ផ្តើមប្រែប្រួលកាន់តែប្រសើរឡើង ព្រោះយើងទទួលបានចំណេះដឹងថ្មី និងបទពិសោធថ្មីដែលធ្វើឱ្យយើងងាយស្រួលអភិវឌ្ឍខ្លួនទៅថ្ងៃអនាគត»។

    អ្នកអប់រំខាងលើបានលើកឡើងផងដែរថាសម្រាប់យុវវ័យ ឬជីវិតជានិស្សិត ជាវ័យដែលពោរពេញទៅដោយកម្លាំង ទាំងផ្នែកបញ្ញាស្មារតី និងរាងកាយ គួរតែព្យាយាមស្វែងរកបទពិសោធថ្មីៗ សាកល្បងធ្វើការងារលំបាកដែលមនុស្សជាច្រើនមិនចាប់អារម្មណ៍ធ្វើ ឬហ៊ានសាកល្បងនូវអ្វីដែលមនុស្សផ្សេងមើលមកថា យើងមិនអាចធ្វើទៅរួច។ ប្រសិនបើយើងជម្នះបាននូវបញ្ហាទាំងអស់នោះហើយ យើងនឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលអាចផ្លាស់ប្តូរខ្លួនពីមនុស្សធម្មតាៗ ទៅជាអ្នកជំនាញ ឬមនុស្សដែលមានសមត្ថភាពគ្រប់គ្រងអ្នកដទៃ។ វ័យនេះជាវ័យល្អបំផុតក្នុងការរៀនសូត្រអ្វីដែលថ្មី ព្រោះបើទោះបីជាយើងមិនជោគជ័យក៏យើងនៅមានពេលវេលាច្រើនក្នុងការសន្សំបទពិសោធ ឬចំណេះដឹងដើម្បីអភិវឌ្ឍបន្តដែរ។

    ហេតុនេះប្រសិនបើយើងមានគោលដៅក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សម្នាក់ដែលស្ថាប័ន ឬសង្គមត្រូវការបំផុតនោះ សូមកុំធ្វើធម្មតាៗដូចអ្នកដទៃ តែត្រូវគិតឱ្យច្បាស់ថា យើងចង់បានអ្វីហើយជីវិតយើងអាចនឹងជួបបញ្ហាអ្វីខ្លះដែលត្រូវជួបប្រទះ។ បញ្ហា ឬការលំបាកមិនមែនជារឿងគួរឱ្យភ័យខ្លាច ឬត្រូវដើរគេចចេញនោះទេ តែវាជាអ្វីដែលធ្វើឱ្យជីវិតរបស់យើងកាន់តែខ្លាំង និងកាន់តែមានបទពិសោធតែប៉ុណ្ណោះ។ លោក វិចិត្រា បានបន្ថែមទៀតថា មេរៀននានានៅក្នុងប្រព័ន្ធអប់រំ គឺគេបង្រៀនឱ្យយើងចេះដោះស្រាយបញ្ហា ឬចេះអនុវត្តនូវសកម្មភាពនានាដែលនាំឱ្យមានប្រយោជន៍សម្រាប់ការរស់នៅ ហេតុនេះបើយើងមានចំណេះដឹងហើយមិនព្រមយកវាមកអនុវត្ត ឬគេចចេញពីបញ្ហានោះ មានន័យថាយើងមិនមានឱកាសក្នុងការប្រើប្រាស់សមត្ថភាពចំណេះដឹងដើម្បីប្រើប្រាស់ក្នុងជីវិតនោះទេ៕

  • រដ្ឋាភិបាល​កំពុង​ផ្តោតសំខាន់ ​លើ​ការងារ​ចម្បង​ចំនួន5 ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

    រដ្ឋាភិបាល​កំពុង​ផ្តោតសំខាន់ ​លើ​ការងារ​ចម្បង​ចំនួន5 ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់បានចេញ​សេចក្ដីប្រកាស​ស្ដីពី​លទ្ធផល​ដែល​ទទួលបាន​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​កម្ពុជា ជាមួយនឹង​ការវាយតម្លៃ​ទៅលើ​ការសម្រេចបាន​ការងារសំខាន់ៗចំនួន 5។

    ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​កម្ពុជា កាលពីពេលថ្មីៗនេះ​បាន​បើក​កិច្ចប្រជុំ​រួម​ពិភាក្សា​សិក្សា​ពី​លទ្ធផល​ដែល​ទទួលបាន​ក្រោយ​ការអនុវត្ត​ទៅលើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​រួមមាន​ផ្លូវ​ទាំង 34ខ្សែ និង​ការអភិវឌ្ឍ​តំបន់​កម្សាន្ត​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ។

    ក្នុង​កិច្ចប្រជុំ​ខាងលើ មានការ​ចូលរួម​ពី​លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក គង់ វិមាន អភិបាលរង​ខេត្ត​ព្រះសីហនុ និង​តំណាង​ក្រសួង ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ​មួយចំនួនទៀត។

    ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានប្រកាស​លទ្ធផល​ចំនួន 5ចំណុច ដែល​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​ឆ្នេរសមុទ្រ​កម្ពុជា ព្រមទាំង​ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​មាន​សក្តានុពល។

    លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិ-វឌ្ឍន៍​តំបន់ឆ្នេរ​កម្ពុជា បានឱ្យដឹងថា 5ចំណុចសំខាន់ៗ ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​មាន​សក្តានុពល​នោះ រួមមាន៖

    1៖ ការងារ​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវ​ចំនួន 34ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ​សម្រេចបាន 85គ.ម ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មកដល់ពេលនេះ​បានធ្វើ​គ្រឹះ​ផ្លូវ​រួចរាល់ និង​ចាក់​បេតុង​បាន​ប្រមាណ 2% នៃ​ផ្ទៃដី​សរុប​ប្រមាណ 1,400,000ម៉ែត្រការ៉េ ដាក់លូ​បាន​ប្រមាណ 10%នៃ​ប្រវែង​សរុប​ប្រមាណ 170,000ម៉ែត្រ និង​កំពុង​ជំរុញ​ដើម្បី​សម្រេច​ផែនការ​ឱ្យបាន​រួចរាល់​មុន​រដូវភ្លៀង។

    2៖ គាំទ្រ​ការបង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ “នាគរាជ” មាន​ទីតាំង​ស្ថិតនៅ​ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើ​ទំហំ​ផ្ទៃដី 3,081ហិកតា។  រដ្ឋាភិបាល​បានអនុម័ត​គម្រោង​ប្រែក្លាយ​តំបន់ឆ្នេរ​សមុទ្រ​រាម ជា​តំបន់​ទេសចរណ៍​ពិសិដ្ឋ “ទីក្រុង​នាគរាជ” ដោយ​គ្រោង​នឹង​ចំណាយ​ទុនវិនិយោគ 16ពាន់​លាន​ដុល្លារ​អាមេរិក។ គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​គំរូ​ពិសិដ្ឋ ស្ថិតនៅក្នុង​ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ជាប់​ព្រំប្រទល់​ក្រុងព្រះសីហនុ លាតសន្ធឹង​នៅលើ​ផ្ទៃដី​ទំហំ​ប្រមាណ 3,081ហិកតា ដែលជា​តំបន់​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្ពស់ ពិសេស​ការតភ្ជាប់​ឆ្នេរសមុទ្រ​រាម ឆ្នេរ​អូរត្រេះ ឆ្នេរ​អូរ​ឈើទាល ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​ដោយ​បណ្តាញ​ផ្លូវទឹកធំៗ និង​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែល​បាន និងកំពុង​អនុវត្ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ផ្តល់​ផលប្រយោជន៍​ខ្ពស់​ដល់​សេដ្ឋកិច្ចសង្គម។

    3៖ គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ “ទីក្រុង​រាម” នៅក្នុង​តំបន់​ទេសចរណ៍​នាគរាជ ដោយ​ក្រុមហ៊ុន ខា​នូ​ពី ស៊ែ​ន ឌី​វើ​ឡុ​ប​មិន ឯ.ក លើ​ផ្ទៃដី 834ហិកតា។ រដ្ឋាភិបាល​នឹង​អភិវឌ្ឍ​ឆ្នេរ​រាម​ឱ្យ​ក្លាយជា​ទីក្រុង​រាម និង​បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ “នាគរាជ”​ នៅ​ខេត្ត​ព្រះសីហនុ។  តំបន់​អភិវឌ្ឍន៍​ទាំងអស់នេះ​នឹង​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង 4ពាន់​ហិកតា ក្រោម​ទុនវិនិយោគ​ជាង 16ពាន់​លាន​ដុល្លារ។

    គម្រោង​អភិវឌ្ឍ​ន៍ទី1 មាន​ឈ្មោះថា “ទីក្រុង​រាម”ស្នើ​ដោយ​ក្រុមហ៊ុន ខា​នូ​ពី​ស៊ែ​ន ឌី​វេឡុ​ប​មិន ឯ.ក (Canopy Sands Development Co., Ltd)។ ក្រុមហ៊ុន​នឹង​អភិវឌ្ឍ​ផ្ទៃដី​កម្មសិទ្ធិ​របស់ខ្លួន​ទំហំ 834ហិកតា ទៅជា​សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន អគារ​ស្នាក់នៅ សាលប្រជុំ សាលសន្និសីទ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ មជ្ឈមណ្ឌល​កីឡា និង​ជាពិសេស​ទីលាន​វាយកូនគោល។

    ជាងនេះទៀត គម្រោង​នេះ​ក៏​នឹង​រួមបញ្ចូល​នូវ​ការរៀបចំ​ឆ្នេរ​ខ្សាច់​ស្អាត​ថ្មី​ចំនួន 2ឆ្នេរ ដែល​ឆ្នេរ​ទាំង2 នេះ​នឹង​បើក​ឱ្យប្រើ​ប្រាស់​ជា​សាធារណៈ​ក្រោយ​បញ្ចប់​គម្រោង។  បន្ថែម​លើ​នេះ​អង្គប្រជុំ​ក៏​ប្រកាស​អំពី​ការបង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ “នាគរាជ” មាន​ទីតាំង​ស្ថិតនៅ​ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើ​ទំហំ​ផ្ទៃដី 3,081។

    4៖ រដ្ឋាភិបាល​ក៏​ប្រកាស​ពី​ការរៀបចំ​កែលម្អ​តំបន់ឆ្នេរ​អូរត្រេះ​ឡើងវិញ ចាប់ពី​ព្រែក​ឆ្នេរ​អូរ​ឈើទាល ស្ថិតនៅ​សង្កាត់​លេខ4 ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ជា​រមណីយដ្ឋាន​ឆ្នេរ​កម្សាន្ត​សាធារណៈ​បែប​ប្រណីត​ដាក់ឱ្យអនុវត្ត​គោលការណ៍​ណែនាំ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ដោយ​លើ​ផ្លាក​ប៉ាណូ​ផែនទី កំណត់​ដី​ចំណី​ឆ្នេរសមុទ្រ។

    និង5៖ រៀបចំ​ដី​សាធារណៈ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ប្រវែង​យ៉ាងតិច 110ម៉ែត្រ និង 80ម៉ែត្រ និង​តាមស្ថានភាព​ជាក់ស្តែង​នៃ​ភូមិសាស្ត្រ​តំបន់ឆ្នេរ​ពយ​ជំទាវ​ម៉ៅ ចាប់ពី​ស្ពាន​សែន​ត្រជាក់ចិត្ត រហូតដល់​ព្រែក​មាត់ពាម ភូមិ​គគីរ ស្ថិតនៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្របតាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​លេខ01 សរ​ណន ចុះ​ថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2012 ស្តីពី​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជូន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ ព្រមទាំង​ការកំណត់​ព្រំប្រទល់​ឆ្នេរ និង​ការងារ​មួយចំនួនទៀត។

    គួរ​បញ្ជាក់ដែរថា គម្រោង​ទាំងអស់នេះ​ត្រូវបាន ​ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រំពឹងថា ខេត្ត​ព្រះសីហនុ នឹង​ប្រែ​មុខមាត់​ថ្មី ក្លាយទៅជា​ទីក្រុង​ពហុ​បំណង​មាន​សុវត្ថិភាព ដែល​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ តាមរយៈ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ងាយស្រួល ផ្លូវថ្នល់​ធំ ស្អាត​ទូលាយ រួមជាមួយ​នឹង​អគារខ្ពស់ៗ រាប់ពាន់ ដែល​បាន​កើតឡើងព្រមៗគ្នា​ផងដែរ៕

  • សហគមន៍​កសិកម្ម​ក​ម្ពុ​ជា កើន​ដល់​ចំនួន 1,190 និង​មាន​ទុន​ប្រមាណ 1,641លាន​រៀល

    សហគមន៍​កសិកម្ម​ក​ម្ពុ​ជា កើន​ដល់​ចំនួន 1,190 និង​មាន​ទុន​ប្រមាណ 1,641លាន​រៀល

    លេខាធិការដ្ឋាន​នៃ​គណ:ក​ម្មា​ធិ​ការសម្របសម្រួល​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​បាន​ឱ្យដឹងថា បច្ចុប្បន្ន​មាន​សហគមន៍​កសិកម្ម​សរុប​ចំនួន 1,190សហគមន៍ ក្នុងនោះ​សហគមន៍​កសិកម្ម​មាន​ចំនួន 165សហគមន៍ បាន​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​មាន​សហភាព​សហគមន៍​កសិកម្ម សរុប​ចំនួន 10 ដែលមាន​សមាជិក​ជា​សហគមន៍​កសិកម្ម​ចំនួន 158គ្រួសារ និង​មាន​ដើមទុន​សរុប​ប្រមាណ1 ,641លាន​រៀល ។

    ក្នុង​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ “របាយការណ៍​វឌ្ឍនភាព បញ្ហា​ប្រឈម និង​ទិសដៅ​បន្ត ក្នុងការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា” សម្រាប់​ឆមាស​ទី2 ឆ្នាំ2020 កាលពី ថ្ងៃទី 13ខែកុម្ភៈ ឆ្នាំ2020 បាន​បង្ហាញថា ក្រៅពីនេះ ក៏​នៅមាន​សហគមន៍​នេសាទ​ចំនួន 516សហគមន៍ និង​សហគមន៍​ព្រៃឈើ​មាន​ចំនួន 636សហគមន៍។

    បរិបទ​ថ្មី​នេះ ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា គឺ​ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ ផ្សារភ្ជាប់​គ្នា​រវាង​តួអង្គសំខាន់ៗទាំង4 គឺ​អ្នក​ផលិត​រួម ទាំង​អ្នក​កែច្នៃ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​សាធារណៈ​របស់​រដ្ឋ។

    របាយការណ៍​បាន​បញ្ជាក់ថា គិត​រហូតមក​ដល់ពេលនេះ ការសម្របសម្រួល​រៀបចំ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម មាន​ផលិតកម្ម​ស្រូវ​ចំនួន 104កិច្ចសន្យា ពោត​ចំនួន4 សណ្តែកបាយ​ចំនួន1 ការចិញ្ចឹម​មាន់​សាច់154 ការចិញ្ចឹម​ជ្រូក​សាច់143 បន្លែ23 ដំឡូង​មី18 និង​ស្ករត្នោត 2កិច្ចសន្យា។

    របាយការណ៍​ដដែល​ក៏បាន​បន្ត​ដែរ​ថា ក្រៅពី​សមិទ្ធផល​ដែល​គណ:ក​ម្មា​ធិ​ការសម្របសម្រួល​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​សម្រេច​បាន​ហើយ គណៈកម្មាធិការ​ក៏​នៅមាន​បញ្ហា​ប្រឈមសំខាន់ៗ មួយចំនួនទៀត​ផងដែ​រ ក្នុង​អំ​ឡុ​ងពេល​អនុវត្ត​កិច្ច-
    សន្យា ហើយ​កិច្ចប្រជុំ​នេះ​ក៏បាន​ឆ្លើយ និង​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​បានលើកឡើង​ដោយ​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍។

    ដោយឡែក​បញ្ហា​មួយចំនួនទៀត មាន​ជាអាទិ៍៖​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​លើ​ខ្សែចង្វាក់​ផលិតកម្ម តម្លៃ​អគ្គិសនី ពន្ធ​លើ​ប្រាក់ចំណូល តម្លៃ​គមនាគមន៍ ការផ្គត់ផ្គង់​ទឹក ការ​ផ្តល់ទុន​ដែលមាន​ការប្រាក់​ទាប ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ប្រភពដើម​របស់​ទំនិញ និង​ការចុះបញ្ជី​ពូជ​ដំណាំ។ល។ គណ:ក​ម្មា​ធិ​ការ​នឹង​រៀបចំ​របាយការណ៍​លម្អិត លើកសំណើ​ដាក់ជូន​រាជរដ្ឋាភិបាល​ដើម្បី​ជ្រាប និង​សម្រេច​ដ៏​ខ្ពង់ខ្ពស់។

    យោងតាម​អនុក្រឹត្យ​លេខ 36 អនក្រ.បក ចុះ​ថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2011 ស្តីពី​ផលិតកម្ម​កសិកម្ម តាម​កិច្ចសន្យា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង ទី1-ពង្រឹង​ការទទួល ខុសត្រូវ និង​ភាពជឿ​ទុកចិត្ត​គ្នា រវាង​អ្នក​ផលិត និង​អ្នកទិញ ដោយ​ឈរលើ​គោលការណ៍​ស្មើភាព និង​យុត្តិធម៌។ ទី2-ធានាឱ្យមាន​ភាពច្បាស់លាស់​អំពី​តម្លៃ ការប្រមូលទិញ និង​ការផ្គត់ផ្គង់​ផលិតផល​កសិកម្ម តាម​បរិមាណ និង​គុណភាព។ ទី3-បង្កើន​ការប្រមូលទិញ ការកែច្នៃ និង​ការនាំចេញ​ផលិតផល​កសិកម្ម និង​ទី4-រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

    ដើម្បី​តាមដាន​ពិភាក្សា ផ្លាស់ប្តូរ​យោបល់ ស្វែងរក​ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា​ប្រឈម និង​ប្រមូលយក​ធាតុ​ចូលសំខាន់ៗពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ រួច​ដាក់ចេញ​ជា​យន្តការ​ដោះស្រាយ​នូវ​រាល់ បញ្ហា ដែលជា​ឧបសគ្គ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​ស្រូវ-អង្ករ​កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានរៀបចំ​កិច្ចប្រជុំ​ជា​រៀងរាល់ឆ្នាំ ទាំង​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត ឱ្យបាន ទាន់ពេលវេលា​សមស្រប មាន​ប្រសិទ្ធភាព តម្លាភាព និង​សមធម៌ ឈាន​ឆ្ពោះទៅ​បង្កើន​ផលិតភាពផលិតកម្ម​ស្រូវ-អង្ករ ប្រកបដោយ​គុណភាព ការប្រកួតប្រជែង និង​កែច្នៃ ដើម្បី​ឈានទៅ​សម្រេច គោលនយោបាយ នៃ​ការនាំចេញ​មា​សស របស់​រាជរដ្ឋាភិបាល​ឱ្យបាន 1លាន​តោន​នាពេល​អនាគត។

    ជា​លទ្ធផល ទាំង​សំណួរ សំណូមពរ និង​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការផលិត ផលិតភាព និង​ចែកចាយ​នៃ​ពូជស្រូវ​គ្រឹះ ការ​ចរាចរណ៍ ប្រើប្រាស់ និង​គ្រប់គ្រង​ថ្នាំ​កសិកម្ម ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា នីតិវិធី លក្ខខណ្ឌ​តម្រូវ និង​សារៈសំខាន់​នៃ​អនាម័យ និង​ភូតគាម​អនាម័យ ចំពោះ​វិស័យ​កសិកម្ម​ទាំងមូល វិសាលភាព​នៃ​មន្ទីរ​ពិសោធន៍​ពូជស្រូវ ត្រូវបាន​ឆ្លើយ និង​ដោះស្រាយ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​ស្ថាប័ន​ជំនាញ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។

    ដោយឡែក​សំណូមពរ និង​បញ្ហាចម្បងៗមួយចំនួនទៀត ដូចជា​គោលនយោបាយ របស់​រាជ រដ្ឋាភិបាល​ដែល​ហួស​ពី​សមត្ថកិច្ច ឬ​សិទ្ធិអំណាច​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏ដូចជា​ក្រុមការងារ​ផ្នែក​ស្រូវ-អង្ករ (ក្រុម “ឈ”) ក្រុមការងារ​នឹង​រៀបចំ​របាយការណ៍​លម្អិត រួមទាំងសំណូមពរ​ដាក់ជូន​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ និង​សម្រេច។

    ជាមួយគ្នានេះដែរ វឌ្ឍនភាព និង​សមិទ្ធផលសំខាន់ៗដែល​សម្រេចបាន​ក្នុង​វិស័យស្រូវ-អង្ករ​សម្រាប់​ឆ្នាំ2019 កន្លងទៅ រួមមាន៖ ទី1-ការនាំចេញ​អង្ករ​ជា​ផ្លូវការ​មាន​ចំនួន​ជាង 620,106តោន ទៅកាន់​ទីផ្សារ​ចំនួន 61ប្រទេស។ ទី2-ចំពោះ​ប្រតិបត្តិ​ករ​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន មកទល់​ពេលនេះ​មានការ​ចូលរួម​ពី​ផ្នែក​ឯកជន​ចំនួន 26សហគ្រាស​នាំចេញ ហើយថ្មីៗនេះ​សហគ្រាស ចំនួន18 ទៀត​ត្រូវ​បានទទួល​ការអនុញ្ញាត​នាំ​អង្ករ​ចេញទៅ​កាន់​ប្រទេស​ចិន​ផងដែរ សរុប​មាន 44 សហគ្រាស។ ទី3-ក្រសួង​បាន​បញ្ចេញ​ប្រភេទ​ពូជស្រូវ​ថ្មី​មួយទៀត​ឈ្មោះថា សែន​ក្រអូប01 ដែល​បានជ្រើសរើស​តាម​បច្ចេកទេស​ពី​ក្រុម​ប្រភេទ​ពូជស្រូវ​សែន​ក្រអូប ហើយ​កំពុងមាន​ទីផ្សារ និង​ទី4-បាន​បង្កើត 74សហគមន៍​កសិកម្ម​បន្ថែមទៀត ធ្វើឱ្យ​ចំនួន​សហគមន៍​កសិកម្ម​សរុប​នៅ​ទូទាំងប្រទេស កើនឡើង​ដល់ 1,190សហគមន៍៕

  • ការផ្គត់ផ្គង់​ថាមពល​របស់​កម្ពុជា កើនឡើង​ជិត 30% ដោយសារ​តម្រូវ​ការកើនឡើង

    ការផ្គត់ផ្គង់​ថាមពល​របស់​កម្ពុជា កើនឡើង​ជិត 30% ដោយសារ​តម្រូវ​ការកើនឡើង

    ដោយសារតែ​តម្រូវការ នៃ​ការប្រើប្រាស់​ថាមពល​កើនឡើង និង​ការកើនឡើង​នៃ​សកម្មភាព​អភិវឌ្ឍន៍ ការផ្គត់ផ្គង់​ថាមពល ក្នុងប្រទេស​កម្ពុជា បាន​កើនឡើង​យ៉ាងខ្លាំង។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​រប​ស់​ក្រសួង​រ៉ែ និង​ថាមពល។

    របាយការណ៍​បាន​បញ្ជាក់ថា ការផ្គត់ផ្គង់​ថាមពល​បាន​កើនឡើង​ពី 2,635មេ​ហ្គា​វ៉ា​ត់ ក្នុង​ឆ្នាំ 2018 ដល់ 3,382មេ​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ2019 ដែល​កើនឡើង 28% ពី 1ឆ្នាំ ទៅ 1ឆ្នាំ​ថាមពល ដែល​ទទួល​បានមកពី​ប្រភព​ជាច្រើន ដែល​បានរួម​បញ្ចូល​គ្នា ដូចជា ទំនប់​វា​រី​អគ្គិសនី រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម រោងចក្រ​ផលិត​ប្រេងម៉ាស៊ូត និង​បន្ទះ​សូ​ឡា ជាដើម។

    របាយការណ៍​បាន​បញ្ជាក់ថា ការផ្គត់ផ្គង់​ថាមពល​ពី​ប្រភពផ្សេងៗទាំងនោះ រួមមាន ថាមពល 675មេ​ហ្គា​វ៉ា​ត់ ពី​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថាមពល, 627មេ​ហ្គា​វ៉ា​ត់ ពី​រោងចក្រ​ថាមពល​ប្រើ​ម៉ា​ស៊ូ​ត និង 123មេ​ហ្គា​វ៉ា​ត់ ពី​ថាមពល​កកើត​ឡើងវិញ។

    នៅ​ឆ្នាំ2019 ប្រភព​ថាមពល​ប្រតិបត្តិការសំខាន់ៗ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ទំនប់ វា​រី​អគ្គិសនី​ចំនួន7 ដែល​បង្កើត​ថាមពល​បាន 1,328មេ​ហ្គា​វ៉ា​ត់ ដែល​ស្មើនឹង 33.5% នៃ​ការផ្គត់ផ្គង់ ថាមពល​សរុប​របស់​ប្រទេស។ ប្រទេស​កម្ពុជា​ក៏បាន​នាំចូល​ថាមពល​ចំនួន 626មេ​ហ្គា​វ៉ា​ត់ ពី​ប្រទេសជិតខាង រួមមាន​ប្រទេស​ថៃ វៀតណាម និង​ឡាវ ដោយនៅ​ឆ្នាំ2019 បាន​កើនឡើង 41%បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​ហ្នឹង។

    រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែងថា និន្នាការ​បន្ត​កើនឡើង​នៃ​ការប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា មានន័យថា រដ្ឋាភិបាល​ត្រូវតែ​បន្ត​ស្វែងរក​ប្រភព​ថាមពល​ដែល​អាច​ជឿ​ទុកចិត្តបាន​ផ្សេងទៀត ដើម្បី​ធានាបាន​នូវ​តម្រូវការ ក្នុង​ការកសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ផ្តល់​ស្ថិរភាព​ដល់​អាជីវកម្ម និង​ការផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន។

    ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍ថា៖“ការអភិវឌ្ឍ​នូវ​ប្រភព​ថាមពល និង​ការបង្កើន​សមត្ថភាព​ផលិត​ថាមពល ការបញ្ជូន ការចែក​ចាយ និង​ការធ្វើឱ្យមាន​អគ្គិសនី​ដល់​អាជីវកម្ម និង​អ្នកប្រើប្រាស់ គឺជា​ភារកិច្ច​ចម្បង​របស់​យើង។ យើង​កំពុងតែ​អភិវឌ្ឍ​ប្រភព​ថាមពលថ្មីៗឥតឈប់ឈរ និង​បង្កើន​ការផ្គត់ផ្គង់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ថាមពល​រប​ស់​ប្រទេសជាតិ។ ទន្ទឹមនឹងនេះ ការកែលម្អ​ការផ្គត់ផ្គង់​សេវា​អគ្គិសនី​ដល់​អ្នកប្រើប្រាស់ និង​ការ​បន្ថយថ្លៃ​អគ្គិសនី​ក៏​កំពុងផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៅ​ទូទាំងប្រទេស​ដែរ”។

    យោងតាម​របាយការណ៍​ដដែល​បាន​បង្ហាញថា កាលពី​ឆ្នាំមុន អាជ្ញាប័ណ្ណ​ចំនួន364 ត្រូវបាន​ផ្តល់ទៅឱ្យ​អ្នក​ចែកចាយ​ថាមពល ដែល​គ្របដណ្តប់​លើ​ភូមិ​ចំនួន3,131 ក្នុងចំណោម​ភូមិ​ចំនួន 4,168 ដែល​បាន​ចុះបញ្ជី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​អត្រា​គ្របដណ្តប់ 92,68%។ អគ្គិសនី​ប្រើប្រាស់​តាម​គ្រួសារ ត្រូវបាន​កត់ត្រា​ក្នុង​អត្រា 2,68លាន​គ្រួសារ ក្នុងចំណោម 3,57លាន​គ្រួសារ​នៅ​ទូទាំងប្រទេស ដែល​នេះ​ជា​អត្រា​គ្របដណ្តប់បាន​ចំនួន 74,78%។

    ជា​គោលដៅ​របស់​រដ្ឋាភិបាល ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ភូមិ​ទាំងអស់​នៅ​ទូទាំងប្រទេស នៅត្រឹម​ឆ្នាំ2020 ទំនងជា​មិនត្រូវ​បាន​ឈានដល់​នោះទេ។ មាន​ភូមិ​ចំនួន​ជាង200 ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​ដាច់ស្រយាល និង​លើ​កោះ ជា​កន្លែង​ដែល​គេ​គិតថា មិនអាច​ធ្វើទៅបាន​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នាពេល​បច្ចុប្បន្ន។

    ក៏ប៉ុន្តែថ្មីៗនេះ ក្រសួង​រ៉ែ និង​ថាមពល​ក៏បាន​ប្រកាស​ដែរ​ថា នឹងធ្វើ​ការបញ្ចុះ​តម្លៃ​អគ្គិសនី 40រៀល ក្នុង 1គីឡូវ៉ាត់ម៉ោង សម្រាប់​វិស័យ​ឧស្សាហកម្មដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម។

    លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បានឱ្យដឹងថា៖“តាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល យើង​សម្រេច​បញ្ចុះតម្លៃ​អគ្គិសនី 40រៀល ក្នុង1គីឡូវ៉ាត់ម៉ោង សម្រាប់​អ្នកវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទាំងអស់​នៅ​ប្រទេស​របស់​យើងខណៈ​ឆ្នាំមុន​មានការ​បញ្ចុះតម្លៃ 80រៀល​រួចទៅហើយ ក្នុង 1គីឡូវ៉ាត់ម៉ោង ហើយ​យើង​នឹងធ្វើ​ការបញ្ចុះ​តម្លៃ​ជា​បន្តបន្ទាប់​ទៀត។ គោលការណ៍​ថ្មី​នេះ​នឹង​ចាប់​អនុវត្ត​នៅក្នុង​ខែកុម្ភៈ នេះ​តទៅ”។

    អ្នក​ក្នុង​វិស័យ​ស្រូវ​អង្ករ និង​សហគ្រាស​ធុន​តូច និង​មធ្យម បាន​អបអរសាទរ​ចំពោះ​ការបញ្ចុះ​តម្លៃ​ថាមពល​អគ្គិសនី​របស់​រដ្ឋាភិបាល ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យ​បង្កើន​គុណភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​ឱ្យ​កាន់តែ​ប្រសើរ។ វិស័យ​ឯកជន ដែលជា​ម្ចាស់​អាជីវកម្ម រោង​ម៉ាស៊ីនកិនស្រូវ​ជាង 300ទីតាំង នឹង​ទទួលបាន​ផលប្រយោជន៍​ធំ ពី​ការ​បញ្ចុះតម្លៃ​អគ្គិសនី​នេះបើទោះបីជា​នៅមានកម្រិត​ទាប​ក៏ដោយ៕