Category: សង្គម និងសេដ្ឋកិច្ច

  • រកឃើញអ្នកធ្វើការឆ្លងវីរុសកូរ៉ូណា ក្រុមហ៊ុនកូរ៉េខាងត្បូងបិទរោងចក្រ ផ្អាកផលិតគ្រឿងផ្គុំកាមេរ៉ាសម្រាប់ iPhone

    រកឃើញអ្នកធ្វើការឆ្លងវីរុសកូរ៉ូណា ក្រុមហ៊ុនកូរ៉េខាងត្បូងបិទរោងចក្រ ផ្អាកផលិតគ្រឿងផ្គុំកាមេរ៉ាសម្រាប់ iPhone

    ក្រុមហ៊ុន LG Innotek ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងផ្គុំ​កាមេរ៉ា​សម្រាប់ iPhone បាន​បង្ខំ​ចិត្ត​បិទ​រោងចក្រ​មួយ​​របស់​ខ្លួន​ដោយ​សារ​មាន​បុគ្គលិក​ម្នាក់​បាន​ឆ្លង​វីរុស​កូរ៉ូណា។

    រោងចក្រ​ដែល LG Innotek បាន​បិទនោះ ​គឺ​ស្ថិត​នៅ​​ទីក្រុង​ Gumi ក្បែរ​​ទីក្រុង​ Daegu ដែល​​ជា​ទី​កន្លែង​កើត​មាន​ករណី​ផ្ទុះ​វីរុស​កូរ៉ូណា​ច្រើន​ជាង​គេ​បំផុត​នៅ​កូរ៉េ​ខាង​ត្បូង។ ការ​បិទ​រោងចក្រ គឺ​​ប៉ះពាល់​ខ្លាំង​ដល់ Apple ដោយ​សារ​​ក្រុមហ៊ុន​នេះ​ផ្គត់ផ្គង់​គ្រឿងផ្គុំ​កាមេរ៉ា​សម្រាប់ iPhone។

    Reuters បាន​ចុះ​ផ្សាយ​ថា ​រោងចក្រ LG Innotek នឹង​នៅតែត្រូវ​បន្ត​បិទ​ ហើយក្រុមហ៊ុន​នេះ​ អាចនឹង​ផ្គត់ផ្គង់​គ្រឿងផ្គុំ​កាមេរ៉ា​សម្រាប់ iPhone ជំនាន់​ថ្មី ដែល​រំពឹង​ប្រកាស​ចេញ​នា​ខែ​កញ្ញា​ខាង​មុខ​ផង​ដែរ។

    ប្រសិន​បើ​ការ​បិទ​រោងចក្រ​បែប​នេះ​​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ វាអាច​មិនជា​ប៉ះពាល់​ខ្លាំង​ដល់​ការ​ផលិត iPhone នោះ​ទេ ប៉ុន្តែ​បើ​​​ការ​បិទ​បន្ត​អូស​បន្លាយ​យូរ នោះ​ផល​ប៉ះពាល់​នឹង​អាច​កើត​មាន​៕

  • ដំបូងបំផុត អារ៉ាប់រួម គ្រោងទិញយានអវកាសរុស្ស៊ី Soyuz ដើម្បីបញ្ជូនអ្នកអវកាសទៅកាន់គន្លងផែនដី

    ដំបូងបំផុត អារ៉ាប់រួម គ្រោងទិញយានអវកាសរុស្ស៊ី Soyuz ដើម្បីបញ្ជូនអ្នកអវកាសទៅកាន់គន្លងផែនដី

    ប្រទេស​អារ៉ាប់រួម គ្រោង​ទិញ​យាន​អវកាស​រុស្ស៊ី Soyuz មួយ​គ្រឿង ដើម្បី​បញ្ជូន​អ្នកអវកាស​របស់ខ្លួន​ទៅកាន់​គន្លងផែនដី។ ការ​បាញ់បង្ហោះ​នេះ នឹងធ្វើឡើង​ក្នុង​រយៈពេល​ 2ឆ្នាំខាងមុខ។ នេះបើតាម​ការ​បញ្ជាក់​របស់លោក Sergey Krikalev នាយក​ផ្នែក​អវកាស​ដែល​គ្រប់គ្រង​ដោយ​មនុស្ស នៃ​សាជីវកម្ម​អវកាស​រុស្ស៊ី ROSCOSMOS ដែលបានថ្លែងទៅកាន់ Sputnik News ក្នុង​កិច្ចសម្ភាស​ន៍មួយដែលត្រូវ​បាន​ចុះផ្សាយ​ដោយប្រព័ន្ធផ្សព្វផ្សាយកាល​ពី​ថ្ងៃទី11 ខែ​មេសា ឆ្នាំ​2019 ​។

    លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ពួកគេ (អារ៉ាប់រួម) ពិចារណា​ទិញ​យានអវកាស Soyuz ពីយើង ដែលក្នុង​​យាននេះ មាន 2កៅអី។ ដោយសារតែ​យោង​តាម​ច្បាប់​រុស្ស៊ី មេបញ្ជាការ​យាន Soyuz ត្រូវតែមាន​ជនជាតិ​រុស្ស៊ី​ម្នាក់»។

    លោក Sergey Krikalev បន្ថែម​ថា ប្រសិន​បើ​អារ៉ាប់រួមចុះ​កុងត្រា​ជាមួយ ROSCOSMOS នោះ​ យានអវកាស​ Soyuz នឹងត្រូវផលិតឡើងថែម 1គ្រឿងទៀត ហើយ​វា​មិនមែន​ជាផ្នែក​នៃកម្មវិធី​អវកាស​របស់​រុស្ស៊ី ក្នុងការ​បញ្ជូន​អវកាស​យានិក​រុស្ស៊ី​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​នោះទេ។

    បើតាម​លោក Vladimir Ustimenko អ្នកនាំពាក្យ ROSCOSMOS បាន​លើកឡើង​កាលពី​ខែ​មុន(​កុម្ភៈ)ថា អ្នកអវកាស​អារ៉ាប់រួម​ទី1 អាច​ធ្វើដំណើរ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​នៅ​លើយាន​ Soyuz បាននៅចុងខែ​កញ្ញា​ ឆ្នាំឈ2020 ខាងមុខ។

    កាលពីខែកញ្ញា ឆ្នាំ​2018 បេក្ខជន​អវកាស​អារ៉ាប់រួម ​២រូប គឺលោក Hazza Mansouri និងលោក Sultan Niyadi បាន​ចាប់ផ្តើម​ហ្វឹកហាត់​នៅមជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​អ្នកអវកាស​រុស្ស៊ី Yuri Gagarin ក្នុង​ក្រុងមូស្គូ ដើម្បី​ត្រៀម​ធ្វើដំណើរ​ជាប្រវត្តិសាស្រ្ត​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ៕

  • ក្រោយលែងប្ដី អ្នកនាង Love Riya ហក់ចូលសិល្បៈពេញទំហឹង

    ក្រោយលែងប្ដី អ្នកនាង Love Riya ហក់ចូលសិល្បៈពេញទំហឹង

    អ្នកនាង Love Riya នៅតែកត់សម្គាល់ថា ហ៊ឺហាឡូយឆាយ គ្រប់ពេលបង្ហាញខ្លួនក្នុងកម្មវិធីសិល្ប: និងសប្បុរសធម៌ បើទោះជាមុននេះអ្នកនាងខូចចិត្តនឹងរឿងរ៉ាវលែងលះស្វាមី។ អ្វីដែលសំខាន់ គឺអ្នកនាងនៅតែរឹងមាំ និង ស្រស់ស្អាតផូរផង់មិនខុសពីក្នុងពីហ្វេសប៊ុក។ ខុសពីនារីភាគច្រើន ដែលក្រោយលែងប្ដីរមែងខូចចិត្ត និងក្លាយជានារីទន់ជ្រាយ សម្រាប់ តារាហ្វេសប៊ុក អ្នកនាង Love Riya បែរជាកាន់តែឡូយឆាយ កាលីប និង ធ្វើខ្លួនស្អាតៗ ស្ទីលប្លែកៗ បង្ហាញពីភាពរឹងមាំ និងទាក់ទាញខ្លាំង។

    អ្នកនាងត្រូវគេឃើញមានមុខ ភ្ជាប់ជាមួយអ្នកសិល្ប:យ៉ាងសកម្មក្រោយពេលលែងប្ដី ដោយឧស្សាហ៍ឡើងកម្មវិធីទូរទស្សន៍យ៉ាងកាលីប ដូចអ្នកសិល្ប:អាជីពផង ចាប់តាំងពីអ្នកនាង និងស្វាមីរូបសង្ហាបាក់បែកគ្នាជាសាធារណ:។ អ្នកនាង Love Riya បានអះអាងប្រាប់អ្នកសារព័ត៌មានថា ក្រោយពេលលះលែងស្វាមីភ្លាមៗ អ្នកនាងមានអារម្មណ៍ខ្មាសញាតិ និង ពិបាកធ្វើចិត្ត ប៉ុន្តែនៅក្នុងពេលនេះ អ្នកនាងមានកម្លាំងចិត្តវិញហើយ បន្ទាប់ពីត្រូវបានបណ្ដាកម្មវិធីជាពិសេសគឺទូរទស្សន៍ CTN អញ្ជើញឱ្យឡើងឆាកជាហូរហែរ ដែលធ្វើឱ្យអ្នកនាងសប្បាយចិត្ត។

    អ្នកនាងថា ខ្លួនកាន់តែមានសកម្មភាពជាមួយផលិតករ និង តារាសិល្ប: ប៉ុន្តែអ្នកនាងនៅមិនទាន់ចាត់ទុកថា ខ្លួនគឺជាអ្នកសិល្ប:នៅឡើយទេ ដោយសារតែអ្នកនាងមិនទាន់មានស្នាដៃសម្ដែង ឬ ការងារសិល្ប:ជាដុំកំភួន។ អ្នកនាង កាន់តែសប្បាយចិត្តក្នុងការបង្ហាញមុខក្នុងវិថីសិល្បៈ ព្រោះខ្លួនស្រទ្បាញ់សិល្ប: និងស្វាគមន៍រាល់កម្មវិធីនានា ដែលចង់ឱ្យអ្នកនាងបង្ហាញសមត្ថភាព៕

    https://youtu.be/F2bfhurXUcA

    https://youtu.be/p9fEGNsT3PM

    https://youtu.be/xISnPawZ6lk

  • NASA ប្រាប់ពីបេសកម្ម Apolllo 13 តាមរយៈវីដេអូដែលថតបានដល់កម្រិត 4K (មានវីឌីអូ)

    NASA ប្រាប់ពីបេសកម្ម Apolllo 13 តាមរយៈវីដេអូដែលថតបានដល់កម្រិត 4K (មានវីឌីអូ)

    Apollo 13 គឺ​ជា​បេសកកម្ម​​ទៅ​កាន់​ឋាន​ព្រះចន្ទ​ដ៏​​អស្ចារ្យ​មួយ​របស់​អង្គការ​ NASA ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឆ្នាំ1970។ ដើម​ឡើយ​គោលដៅ​របស់​បេសកកម្ម​ គឺ​ចុះ​ចត​នៅ​លើ​ឋាន​ព្រះចន្ទ ប៉ុន្តែ​ដោយ​សារយាន​ជួប​ប្រទះ​បញ្ហា​ ដែល​​បាន​គំរាម​កំហែង​ដល់​អាយុ​ជីវិត​អវកាសយានិក​ 3នាក់​លើ​យាន។ វា​គឺ​ជា​ពេល​វេលា​ដ៏​លំបាក​មួយ​សម្រាប់​អង្គការ NASA និងក្រុម​នាវិក។

    គេ​ត្រូវ​ប្រើ​ពេល​វេលា​រាប់​សិប​ម៉ោង​ ដើម្បី​ធានា​សុវត្ថិភាព​​ដល់​​អវកាសយានិក​ទាំង 3 ដែល​នៅ​លើ​យាន។ ខុស​ពី​គោលដៅ​ដែលបាន​គ្រោង​ទុក អវកាសយានិក​នៃ Apollo 13 ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​ផែនការ​ ដោយ​ពួក​គេត្រូវ​ហោះ​វិល​ជុំវិញ​ព្រះចន្ទ រួច​មក​ប្រើ​ប្រាស់​ដែន​ទំនាញ​នៃ​ព្រះចន្ទ ដើម្បី​រុញ​ច្រាន​ពួក​គេ​ឱ្យ​វិល​ត្រឡប់​មក​ផែនដីវិញ​ដោយ​សុវត្ថិភាព និង​រហ័ស​បំផុត។

    ទោះជា​គោលដៅ​មិន​បានទទួល​ជោគជ័យ​មែន ប៉ុន្តែ​អវកាសយានិក​អាច​ផ្ដិត​យក​រូបភាព​ដ៏​អស្ចារ្យ​ជា​ច្រើន​សន្លឹក​នៅ​ជុំវិញ​ព្រះចន្ទ។ មកដល់ពេល​នេះ គឺរយៈពេល 50ឆ្នាំ​ក្រោយ​មក NASA បាន​បង្កើត​នូវ​ខ្សែវីដេអូ​ដែលមាន​​កម្រិត 4K នៃ​បេសកកម្ម​ Apollo 13 ដោយ​ប្រើ​ប្រាស់​រូបភាព​ដែល​ថត​បាន​នា​ពេល​នោះ។
    សូមទស្សនាវីឌីអូ

  • ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា ប្រើស្មាតហ្វូនច្រើនម៉ោង នឹងធ្វើឱ្យកម្រិត IQ ធ្លាក់ចុះ

    ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា ប្រើស្មាតហ្វូនច្រើនម៉ោង នឹងធ្វើឱ្យកម្រិត IQ ធ្លាក់ចុះ

    ក្នុង​ប្រទេសអភិវឌ្ឍន៍​​មួយ​ចំនួន​ដូចជា ​ន័រវែស​, ដាណឺម៉ាក​, ហ្វាំងឡង់​, អង់គ្លេស​ និង​បារាំង ដែល​ធ្លាប់តែ​កើន​ឡើង​ផ្នែក​ពិន្ទុ​កម្រិត​ភាព​ឆ្លាតវៃ IQ ប្រែជាមាន​ការ​ធ្លាក់​ចុះ​ប្រហែល 2.4ពិន្ទុក្នុង​ 1​ទសវត្សរ៍ចុងក្រោយនេះ​។ តាម​ការ​សិក្សា​មួយបានចង្អុល​បង្ហាញ​ថា​ ការ​ប្រើប្រាស់​ស្មាតហ្វូន​ច្រើន​ម៉ោង​ពេក មាន​ផល​ប៉ះពាល់​មួយ​ចំនួនទៅ​លើ​កម្រិតនៃ​ការ​យល់​ដឹង​។

    ក្នុង​ការ​សិក្សា​មួយ​របស់់​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ បាន​ចោទ​សួរ​ជាមួយ​នឹង​សំណួរកាន់តែ​ជ្រៅៗ​ទៅ ប៉ុន្តែ​ពួក​គេ​ហាក់​ឆ្លើយ​មិន​បាន​ល្អ និង​មាន​ការ​វិភាគ​ចុះ​ខ្សោយ។

    ការតេស្ត​នោះ​ គឺធ្វើទៅ​លើអ្នក​ដែល​ប្រើ​ស្មាតហ្វូន​ច្រើន​ម៉ោង។ តាម​របាយការណ៍​ចេញ​ផ្សាយ​កាល​ខែ​មិថុនា លើ​វេបសាយ PNAS ក៏​បាន​ចុះ​ផ្សាយ​ដូច​គ្នា​ផង​ដែរ​ថា ចុច​ស្មាតហ្វូន​ច្រើនម៉ោង ធ្វើឱ្យកម្រិត IQ មាន​ការ​ធ្លាក់​ចុះ​ពិត​មែន មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​​បន្ថយ​កម្រិត​សមត្ថភាព​គ្រប់គ្រង​ការ​ផ្ដោត​អារម្មណ៍ផង​ដែរ​ ថ្វី​បើចុច​ស្មាតហ្វូនលេងហ្គេម​ ហាក់​ល្អ​ចំពោះ​សមត្ថភាព​ការគិត​បានរហ័ស​ក៏ដោយ។ យ៉ាងណា​ក៏​វា​នៅ​ជះឥទ្ធិពល​ដល់​ការ​គិត 1​ភាគ​ធំដែរ។

    ក្រុម​អ្នក​វិទ្យាសាស្ត្រដដែល​​ បាន​លើក​ឡើង​ថា ស្មាតហ្វូន​ជួយ​សម្រេច​ការងារ​មួយ​ចំនួន​តាម​តម្រូវការ​ប្រចាំថ្ងៃ មើល​ទៅ​ទំនើប​ជាង​មុន ប៉ុន្តែ​មិន​ប្រាកដ​ថា​ ជំរុញ​ភាព​ឆ្លាតវៃ​នោះ​ទេ​៕

  • Google ដាក់ពាក្យសុំការលើកលែងជាមួយអាមេរិក ដើម្បីអាចឱ្យខ្លួនបានបន្តផ្ដល់អាជ្ញាប័ណ្ណដល់ Huawei

    Google ដាក់ពាក្យសុំការលើកលែងជាមួយអាមេរិក ដើម្បីអាចឱ្យខ្លួនបានបន្តផ្ដល់អាជ្ញាប័ណ្ណដល់ Huawei

    Google បាន​ដាក់​ពាក្យ​សុំ​នូវ​ការ​លើក​លែង​មួយ​ជា​មួយ​នឹង​រដ្ឋាភិបាល​អាមេរិក​ ដើម្បី​អាច​ឱ្យ​ខ្លួន​បានបន្ត​​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់ Huawei ឱ្យ​ប្រើ​ប្រាស់​ Mobile Services របស់​ខ្លួន។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ល្បីៗ​នានា។

    Huawei គឺ​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋអាមេរិក​ ចាប់​តាំង​ពី​ខែ​ឧសភា​ ឆ្នាំ2019មក​ម្ល៉េះ ដែល​មាន​ន័យ​ថា ​គឺមិន​អាច​រក​ស៊ី​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​របស់​អាមេរិក​បាន​ឡើយ ក្នុង​នោះ​​រួម​មាន​ Google ជា​ដើម។ លុះត្រាតែ​មាន​ការ​​លើក​លែង​ពិសេស​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក។

    Microsoft គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ទទួល​បាន​ការ​លើក​លែង ហើយ​ពេល​នេះ​អាច​ធ្វើ​ការ​ជា​មួយ Huawei រួច​មក​ហើយ។

    ប្រសិន​បើ​ Google ផ្ដល់​ការ​លើក​លែង​ស្រដៀង​គ្នា​នេះ Huawei អាច​នឹង​ធ្វើ​ការ​អាប់ឌែត​ឧបករណ៍​របស់​ខ្លួន​ជា​មួយ Google Mobile Services បាន​ភ្លាមៗ ដែល​មាន​ន័យ​ថា​ ​​កម្មវិធី និង​សេវាកម្ម​ដូច​ជា Play Store, Maps, Photos, YouTube និង Gmail អាច​ដំណើរ​ការ​លើ​ស្មាតហ្វូន Android របស់ Huawei បាន។

    ឥឡូវនេះ Huawei មាន​នូវ​ Huawei Mobile Services ផ្ទាល់​ខ្លួន ដែល​សម្រាប់​ជំនួស Google Mobile Services ប៉ុន្តែ HMS នៅ​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​នៅ​ឡើយ​ទេ ដ្បិត​ថា​ Huawei ចំណាយ​ថវិកា​ច្រើន​សន្ធឹក​ក្នុង​ការ​បង្កើត​វា​​ក្ដី៕

  • កញ្ញា ប៊ី សុធារី ប្រកាសនាំឈុតតំណាងជាតិចេញទៅប្រកួតក្នុងកម្មវិធី Miss Charm 2020

    កញ្ញា ប៊ី សុធារី ប្រកាសនាំឈុតតំណាងជាតិចេញទៅប្រកួតក្នុងកម្មវិធី Miss Charm 2020

    តាមការប្រកាសរបស់តារាបង្ហាញម៉ូដស្រី និងជាអតីតបវរកញ្ញា Miss Univers កញ្ញា ប៊ី សុធារី បានធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី​01​ ខែមីនា​ ឆ្នាំ​ 2020​ នេះឱ្យដឹងថា កញ្ញានឹងត្រៀមខ្លួនចេញទៅប្រកួតក្នុងកម្មវីធី Miss Charm 2020 ដែលមានបណ្ដា៥០ប្រទេសចូលរួមប្រកួតនៅប្រទេសវៀតណាម។

    ដោយមានការជ្រោមជ្រែងពីអ្នកច្នៃម៉ូដ និងក្រុមហ៊ុនលក់នាឡិកាដៃ ប៊ី សុធារី បានសម្រេចនិងនាំតំណាងជាតិចេញទៅបង្អួតនៅក្នុងកម្មវិធីនោះ ។ ប៊ី សុធារី បានអះអាងថា «ការចូលរួមប្រកួតកម្មវិធីនិមួយៗគឺមិនងាយស្រួលនោះ បើសិនជាយើងធ្វើដើម្បីមុខមាត់ប្រទេស និងប្រជាជនយើង ហើយមិនមែនដើម្បីតែមុខមាត់ផ្ទាល់ខ្លួន. ព្រោះតែខ្ញុំជាកូនខ្មែរ ទើបខ្ញុំប្រឹងតស៊ូធ្វើអ្វីគ្រប់យ៉ាងដូចដែលអ្នកទាំងអស់គ្នាបានឃើញនេះ។ ពេលខ្លះក៏មានអារម្មណ៍ថា ហត់នឿយដូចគ្នា ប៉ុន្តែព្រោះតែពាក្យថា « ខ្ញុំជាកូនខ្មែរ» ខ្ញុំចង់ឱ្យពិភពលោកទទួលស្គាល់ និងឱ្យតម្លៃយើងទាំងអស់គ្នា យើងដែលជាជនជាតិខ្មែរ ជាពិសេសគឺស្រ្តីខ្មែរ ទើបខ្ញុំខំប្រឹងបែបនេះ..។ ខ្ញុំគ្មានអ្វីច្រើនសុំពីអ្នកគាំទ្រទាំងអស់គ្នា សុំត្រឹមការគាំទ្រដែលចេញពីចិត្ត ដូចដែលខ្ញុំធ្វើដើម្បីអ្នកគាំទ្រទាំងអស់គ្នា គឺសុំប៉ុណ្ណឹងទេ….»។

    យ៉ាងណាមិញ បវរកញ្ញាវ័យក្មេងរូបនេះ ក៏បានបញ្ជាក់ដែរថា តាមគម្រោងនាងនឹងត្រូវធ្វើដំណើរទៅប្រទេសវៀតណាម នៅដើមខែមីនានេះ ក៏ប៉ុន្ដែ ខាងអ្នករៀបចំកម្មវិធីបានធ្វើការពន្យាលថ្ងៃប្រកួតរហូតដល់ដើមខែមេសាជំនួសវិញ ព្រោះប្រទេសវៀតណាមកំពុងតែជួបស្ថានភាពវឹកវរនូវជំងឺកូរ៉ូណា19 ៕

  • ការឱ្យ​រង្វាន់​កូន ពេល​កូន​ធ្វើអំពើ​ល្អ

    ការឱ្យ​រង្វាន់​កូន ពេល​កូន​ធ្វើអំពើ​ល្អ

    “ការ​ទទួលស្គាល់​របស់​ឪពុក​ម្តាយ​ នឹង​ជួយ​ឱ្យ​កូន​កើតមាន​មោទនភាព​ចំពោះខ្លួន​ឯង​ និង​ធ្វើ​ឱ្យ​គេ​អាច​ធ្វើ​រឿង​ផ្សេង​ៗបាន​ល្អ​ដូចគ្នា​ដែរ​”នៅពេល​កូន​ធ្វើអំពើ​ល្អ​ ឬមាន​ស្នាដៃ​ក្នុង​ការ​ធ្វើអ្វី​មួយ​គួរ​ជាទី​ពេញចិត្ត​នោះ​ ឪពុក​ម្តាយ​កុំ​ភ្លេច​ពោល​ពាក្យ​សរសើរ​ ឬឱ្យ​រង្វាន់​ជា​ការ​តបស្នង​ទៅវិញ​ផង​ ព្រោះ​រូប​កូន​ខ្លួនឯង​ក៏​ត្រូវការ​ការ​ទទួលស្គាល់​ចំពោះខ្លួន​គេ​ដែរ​ថា​ គេ​អាច​ធ្វើ​បាន​ ដូច្នេះ​ពាក្យ​រីករាយ​សរសើរ​ ឬរង្វាន់​ ក៏​ប្រៀប​ដូចជា​កម្លាំង​ដឹកនាំ​ចិត្ត​មួយ​ដែរ​។

    តែ​ការ​ឱ្យ​រង្វាន់​ មិនមែន​ជា​ការ​សូកប៉ាន់​កូន​នោះ​ទេ​ មាន​ជាច្រើន​ដង​ណាស់​ដែល​ឪពុក​-ម្តាយ​តែង​ប្រើ​រង្វាន់​ធ្វើជា​រឿង​ជន្ល​រចិត្តឱ្យ​កូន​ធ្វើ​នូវ​រឿង​អ្វី​ម្យ៉ាង​ឱ្យ​បាន​ ឬបញ្ឈប់​ទង្វើ​ដែល​មិនល្អ​ ដូចជា​ បើ​កូន​ញ៉ាំបាយ​អស់ពី​ចាន​ ម៉ាក់​នឹង​ទិញ​សៀវភៅ​តុក្កតា​រឿង​ថ្មី​មក​ឱ្យ​ ឬបើ​កូន​ឈប់​យំ​ ម៉ាក់​នឹង​នាំទៅ​ទិញ​នំ​ញ៉ាំ​ ឬក៏​បើ​កូន​ប្រឡង​បាន​លេខ1​ ម៉ាក់​នឹង​ទិញ​កង់​ថ្មី​ឱ្យ​ជាដើម​។
    រឿង​ទាំងអស់​នេះ​ នឹង​ហុច​ផល​ឱ្យ​កុមារ​រៀន​យល់ដឹង​ និង​ជ្រួតជ្រាប​ថា​ ការ​ធ្វើអ្វី​ក៏ដោយ​ តែងតែមាន​ចំណុច​ដូរដោះ​គ្នា​ ឬផល​តបស្នង​ដែលគេ​ពេញចិត្ត​ជានិច្ច​ បើ​គ្មាន​រង្វាន់​ គេ​នឹង​មិន​ធ្វើ​ទេ​ ដូច្នេះ​យើង​ហៅ​ទង្វើ​បែបហ្នឹង​ថា​ ការ​សូកប៉ាន់​កូន​។
    ការ​ឱ្យ​រង្វាន់​ មិន​គួរ​ឱ្យ​ផ្ដេសផ្ដាស់​ ឬមិន​ចាំបាច់​ត្រូវតែ​ជា​របស់របរ​ វត្ថុ​ ឬលុយកាក់​ជានិច្ច​នោះ​ទេ​ អាច​ជា​ការ​សរសើរ​ដោយ​វាចា​ក៏បាន​ គួរ​ឱ្យ​រង្វាន់​នៅពេល​ដល់ពេល​វេលា​ដែល​ស័ក្តិសម​ និង​តាម​ភាពសមរម្យ​។ គ្រប់ពេល​ដែល​ឱ្យ​ គួរ​ប្រាប់​ពី​ហេតុផល​ផង​ថា​ ដោយសារ​ហេតុ​អី​ទើប​កូន​គួរតែ​បាន​ទទួល​រង្វាន់​នេះ​ ដើម្បី​ឱ្យ​រង្វាន់​នេះ​ក្លាយជា​រង្វាន់​ដែល​មានតម្លៃ​ និង​ស័ក្តិសិទ្ធិ​ ត្រូវ​នឹង​មនុស្ស​ដែល​ស័ក្តិសម​នឹង​វា​ដូចគ្នា​ ដូចជា​ នៅ​ពេល​កូន​បាន​ជួយ​លើក​មិត្តភក្តិ​ដែល​ជំពប់​ជើង​ដួល​រង​របួស​នៅក្នុង​ទីលាន​ក្មេង​លេង​ ហើយ​ក្រោក​ឡើងវិញ​មិន​រួច​ជាដើម​នោះ​ ឪពុក​-ម្តាយ​គួរ​ឱ្យ​រង្វាន់​ដោយ​ការ​និយាយ​សរសើរ​ និង​លើក​តម្កើង​នូវ​អ្វី​ដែល​កូន​បាន​ធ្វើ​ ដែល​វា​នឹង​ធ្វើ​ឱ្យ​កូន​មាន​មោទនភាព​លើ​ខ្លួនឯង​ និង​រៀន​យល់ដឹង​ក្នុង​ការ​ធ្វើល្អ​តទៅទៀត​ដែរ​៕

  • លើកដំបូង ប៊ូ ចាន់ដាណែត ប្រកាសគ្រងតំណែងជាទូតសុឆន្ទៈផលិតផលថែរក្សាស្បែក

    លើកដំបូង ប៊ូ ចាន់ដាណែត ប្រកាសគ្រងតំណែងជាទូតសុឆន្ទៈផលិតផលថែរក្សាស្បែក

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា តារាសម្ដែងស្រីល្បីឈ្មោះក្នុងរឿងភាគ « ផ្កាថ្ម » កញ្ញា ប៊ូ ចាន់ដាណែត ត្រូវបានប្រកាសខ្លួនជាលើកដំបូងក្លាយជា ទូតសុឆន្ទៈផលិតផលថែរក្សាស្បែក BellaCare Super Premium Collagen ដែលនាំចូលពីប្រទេសថៃ។

    តាមការបង្ហើបរបស់តារាស្រីមុខកូនកាត់រូបនេះក៏បានឱ្យដឹងដែរថា នេះជាកាដូផ្នែកទូតសុឆន្ទៈ លើកដំបូងសម្រាប់ឆ្នាំ២០២០ ជូនផលិតខាងលើ។ នាងចុះកុងត្រា១ឆ្នាំ ហើយសន្យាថានឹង បំពេញការងារឱ្យល្អជាមួយផលិតផលថែរក្សាស្បែកមួយនេះ។ ជាពិសេសនាងក៏រំពឹងថា តំណាងចែកចាយទាំងអស់ និងសហការរួមកម្លាំងគ្នា ប្រឹងប្រែងរកយុទ្ឋសាស្ត្រថ្មីៗ ដើម្បីពង្រីកការចែកចាយទៅកាន់អតិថិជនឱ្យកាន់តែល្អប្រសើរឡើង។

    ប៊ូ ចាន់ដាណែត មិនបានបញ្ជាក់អំពីតម្លៃខ្លួនរបស់នាងក្នុងការងារមួយនេះឡើយ ក៏ប៉ុន្ដែនាងក៏បានប្រាប់ដែរថា នាងហ៊ានព្រមទទួលការងារមួយនេះ ព្រោះនាងមានភាពជឿជាក់ទៅលើផលិតស្រាប់ ក៏ព្រោះតែនាងបានទទួលទានអស់រយៈពេល ៣ ខែមកហើយ មុនក្លាយជាទូតសុឆន្ទៈ៕

  • រោគ​កំណាច​ 5ប្រភេទ​ដែល​អាច​នឹង​កើត​លើ​មនុស្សចាស់​ និង​វិធីការ​ពារ​

    រោគ​កំណាច​ 5ប្រភេទ​ដែល​អាច​នឹង​កើត​លើ​មនុស្សចាស់​ និង​វិធីការ​ពារ​

    ដូចដែល​យើង​បានដឹង​ហើយ​ថា​ ដោយ​អាយុ​របស់​លោកឪពុក​អ្នកម្តាយ​របស់​យើង​ដែល​ចេះតែ​កើនឡើង​ សុខភាព​រាងកាយ​របស់​លោក​ទាំង2​ ក៏​មានតែ​រុះរោយ​ទៅតាម​ពេលវេលា​នោះ​ ​តួនាទី​ជា​កូន​ៗរបស់​យើង​ គឺ​គួរតែ​យកចិត្ត​ទុកដាក់​រឿង​សុខភាព​របស់​លោក​ ដោយ​ការ​មើលថែ​ទាំ​ និង​ពិនិត្យមើល​ថា​ តើ​លោកមា​នភា​ពប្រ​ថុយ​ប្រថាន​នឹង​ការ​កើតជំងឺ​ក្នុង​វ័យ​ចំណាស់​ឬក៏​អត់​?
    1. ជំងឺ​ទឹកនោមផ្អែម​
    រោគ​ដែល​កើត​ចេញពី​ភាព​ខុសប្រក្រតី​ខាង​រាងកាយ​ដែល​ផលិត​អ័រម៉ូន​អុីន​ស៊ូ​លី​នមិន​គ្រប់គ្រាន់​ ​បណ្តាល​ឱ្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ឡើង​ខ្ពស់​ ភាគច្រើន​តែង​ជួបប្រទះ​លើ​អ្នក​ដែល​មាន​ទម្ងន់​ខ្លួន​លើសមាត្រ​ដ្ឋាន​ចំពោះ​មនុស្សចាស់​ដែល​ក្រុម​គ្រួសារ​កើតជំងឺ​នេះ​។ អាការ​របស់​ជំងឺ​នេះ​ នឹង​ធ្វើ​ឱ្យ​បត់ជើងតូច​ និង​ស្រេកទឹក​ញឹកញាប់​ ល្វើយ​ ទម្ងន់​ខ្លួន​ធ្លាក់ចុះ​ រហូត​កើតមាន​ការ​ជ្រៀតចូល​របស់​ជំ​ងឺ​ផ្សេង​ៗ ដូចជា​ ជំងឺ​ភ្នែក​ ជំងឺ​ក្រលៀន​ ជំងឺបេះដូង​ ជំងឺ​សរសៃឈាម​ខួរក្បាល​។

    2. ជំងឺលើសឈាម​
    ជា​ជំងឺរ៉ាំរ៉ៃ​ ដោយ​នៅក្នុង​សភាព​ប្រក្រតី​មនុស្ស​ធម្មតា​យើង​មានកម្រិត​សម្ពាធ​លោហិត​ 2បែប​ គឺ​តួលេខ​សម្ពាធ​ឈាម​ខាងលើ​ត្រូវ​ស្ថិតនៅ​កម្រិត​មិន​លើស​ 140មិល្លីម៉ែត្រ​បា​រ៉ត​ តួលេខ​សម្ពាធ​ឈាម​ខាងក្រោម​មិន​លើស​ 90មិល្លីម៉ែត្រ​បា​រ៉ត​ បើ​ខ្ពស់​ជាង​នោះ​ នឹង​ចាត់​ចូលក្នុង​សភាវ​សម្ពាធ​ឈាម​។ ជា​រោគ​ដែល​កើត​ញឹកញាប់​នៅ​លើ​មនុស្សចាស់​ តែង​កើត​ក្នុង​ខណៈ​ដែល​មាន​ភាព​ធុញថប់​តានតឹង​ ដែល​ភាគច្រើន​គ្មាន​អាការ​ស្តែង​ចេញ​ទេ​ តែ​ពេលខ្លះ​មាន​អាការ​ញ័រ​ដើមទ្រូង​ ឈឺក្បាល​ វិលមុខ​ ស្រវាំង​ភ្នែក​ ជំងឺ​នេះ​ឆាប់​ពិនិត្យ​រក​ឃើញ​ និង​មិន​ពិបាក​ព្យាបាល​ទេ​ តែបើ​បណ្តែតបណ្តោយ​ នឹង​ធ្វើ​ឱ្យ​កើតរោគ​ស្ពឹក​ពិការ​ អាច​ដល់​ថ្នាក់​គាំងបេះដូង​បាន​ទៀតផង​។

    3. ជំងឺ​ខាង​ខួរក្បាល​
    ជា​ជំងឺ​ដែល​កើត​ដោយសារ​សមត្ថភាព​ខាង​សតិបញ្ញា​ថមថយ​ចុះ​ គិត​ និង​ចាំ​មិនសូវ​បាន​ ធ្វើ​ឱ្យ​មាន​អាការ​ភ្លេចភ្លាំង​ ដោយ​ជំងឺ​ខាង​ខួរក្បាល​ដែល​ជួប​ញឹកញាប់​នោះ​គឺ​ រោ​គអាល់​ហ្សៃ​មើរ៍​ និង​រោ​គផា​រ៍​គិ​នសុន​។ ច្រើន​ជួប​នៅ​លើ​មនុស្ស​ដែល​មាន​អាយុ​ច្រើន​ចាប់ពី​ 65ឆ្នាំ​ឡើង​ទៅ​។ អាការ​ចាប់ផ្តើម​ដំបូង​ គឺ​ច្រើនតែ​ភ្លេច​រឿង​ដែល​ទើបនឹង​កើត​ឡើង​ថ្មី​ៗ ដូចជា​រក​របស់​មិនឃើញ​ ទាំង​ទុកដាក់​នៅកន្លែង​ដដែល​ជាប្រចាំ​ជាដើម​។ វិធីការ​ពារ​តាំងពី​ដើមទី​របស់​ជំងឺ​នេះ​ គឺ​គួរ​ព្យាយាម​ហ្វឹកហាត់​ឱ្យ​ខួរក្បាល​បាន​គិត​ញឹកញាប់​ និង​ព្យាយាម​កុំ​គិត​ច្រើន​ មិន​ធុញថប់​តឹងតែង​ច្រើន​ក្នុង​អារម្មណ៍​។

    4. ជំងឺបេះដូង​ខ្វះឈាម​
    កើតឡើង​ដោយសារ​សរសៃឈាម​ដែល​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​កើត​អាការ​ត្បៀត​តូច​ ធ្វើ​ឱ្យ​ឈាម​ហូរ​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​មិន​រួច​ ធ្វើ​ឱ្យ​សាច់ដុំ​បេះដូង​ខ្វះ​អុក​ស៊ី​ហែ៊្សន​មួយខណៈ​ពេល​ ជា​មូលហេតុ​ធ្វើ​ឱ្យ​កើត​អាការ​ឈឺ​ដើមទ្រូង​ តែ​នឹង​ធូរស្រាល​ឡើងវិញ​នៅពេល​បាន​សម្រាក​ ហើយ​បើ​សរសៃឈាម​ដែល​ត្បៀត​តូច​នោះ​ស្ទះ​បែប​ទាន់ហន់​វិញ​នោះ​ នឹង​ធ្វើ​ឱ្យ​សាច់ដុំ​បេះដូង​ស្លាប់​ នាំ​ឱ្យ​កើត​អាការ​ចុក​ក្នុង​ដើមទ្រូង​យ៉ាងធ្ងន់ធ្ងរ​ អាច​មាន​អាការ​បេះដូង​ដើរខុស​ចង្វាក់​ ឬឈប់​ដើរ​ ហើយ​បាត់បង់ជីវិត​ភ្លាម​មុននឹង​ដល់​មន្ទីរពេទ្យ​ទៀតផង​។

    5. រោគ​ឆ្អឹង​
    ឆ្អឹង​របស់​មនុស្សយើង​នឹង​ចាប់ផ្តើម​ចុះ​ខ្សោយ​ និង​ស្តើង​នៅពេល​យើង​មាន​អាយុ​ 45ឆ្នាំ​ឡើង​ទៅ​ ហើយ​មនុស្ស​ស្រី​នឹង​មាន​សភាព​បែបនេះ​ខ្លាំង​ជាង​បុរស​ ជាពិសេស​ស្ត្រី​ដែល​ស្ថិត​ក្នុង​វ័យ​អស់​រដូវ​។ មូលហេតុ​បណ្ដាល​មក​ពី​សារធាតុ​អំបិល​រ៉ែ​ដែល​មាន​កាល់ស្យូម​ និង​ផូស្វ័រ​ត្រូវ​បាន​បណ្តេញ​ចេញពី​រាងកាយ​។ អាការ​ដែល​អាច​ដឹង​បាន​នោះ​គឺ​ ពុក​ធ្មេញ​ ឈឺ​ឆ្អឹង​កម្ពស់​ធ្លាក់ចុះ​ ខ្នងកោង​ ជើង​កោង​។ល។ អ្នក​ជំងឺ​ដែល​មិនបាន​ទទួលការ​មើលថែ​ទាំ​ពី​គ្រូពេទ្យ​ នឹង​ប្រថុយប្រថាន​ក្នុង​ការ​បែកបាក់​ឆ្អឹង​ក្នុង​កន្លែង​ផ្សេង​ៗនៃ​រាងកាយ​ ជាពិសេស​ឆ្អឹងដៃ​ ក្នុង​ចន្លោះ​ពី​កែងដៃ​ដល់ក​ដៃ​។

    វិធី​មើលថែទាំ និង​ការពារ​ការកើត​ជំងឺ​លើ​មនុស្ស​ចាស់
    * គ្រប់គ្រង​អាហារ​ការហូបចុក​ឱ្យស័ក្តិ​សម​នឹង​រាងកាយ ចៀសវាង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់ រសជាតិ​ផ្អែម និង​ប្រៃ​ខ្លាំង ។
    * កាត់បន្ថយ លែង ឬ​ឈប់​សេព​វត្ថុ​គ្រោះថ្នាក់ ដូចជា បារី សុរា។ល។
    * ញ៉ាំ​ទឹកស្អាត​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ។
    * មនុស្ស​ចាស់​គួរ​ហាត់ប្រាណ​ក្នុង 1សប្តាហ៍​ពី 3 – 4ដង។
    * គ្រប់គ្រង​ទម្ងន់​ខ្លួន​ឱ្យ​ស្ថិតក្នុង​កម្រិត​សមរម្យ មិនឱ្យ​ធាត់​ជ្រុល​ពេក។
    * ធ្វើ​ចិត្ត​ឱ្យ​ស្រស់ថ្លា មិន​ធុញថប់​តឹងតែង សម្រាក​ឱ្យបាន​គ្រប់គ្រាន់។
    * ឧស្សាហ៍​សង្កេតមើល​អាការ​ខុស​ប្រក្រតី
    ផ្សេងៗរបស់​រាងកាយ បើ​មាន​អ្វី​ប្លែក​គួរ​ប្រញាប់​ទៅ​ប្រឹក្សា​គ្រូពេទ្យ។
    * ត្រួតពិនិត្យ​សុខភាព​ជាប្រចាំ រៀងរាល់ 6 -12ខែម្តង៕