Category: សង្គម និងសេដ្ឋកិច្ច

  • Facebook ប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​(AI) ដើម្បី​កែប្រែ​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D

    Facebook ប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​(AI) ដើម្បី​កែប្រែ​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D

    Facebook បាន​ឱ្យ​ដឹង​ថា អ្នក​លេង​​បណ្ដាញ​សង្គម​ដែល​ប្រើ​ស្មាត​ហ្វូន​កាមេរ៉ា​តែ​មួយ​គ្រាប់​ ក៏អាច​បង្ហោះ​រូប​ថត​ 3D នៅ​លើ​បណ្ដាញ​សង្គម​នេះ​បាន​ដែរ​។

    ក្រុម​ហ៊ុន Facebook បាន​បន្ថែម​មុខ​ងារ​ 3D Photo តាំង​ពី​ឆ្នាំ​2019 ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​ភ្លោះ ចែក​រំលែក​រូប​ថត​​ដែល​អាច​មើល​ឃើញ​​ជម្រៅ​បរិយា​កាស​ក្នុង​រូប​ថត​ ដោយ​យោង​ទៅ​លើ​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ ដែល​គេ​ហៅ​ថា AI។ កាល​ពី​ចុងខែ​កុម្ភៈ នៅ​លើ​ blog របស់​ខ្លួន​ Facebook បាន​អះអាង​ថា នឹង​អនុញ្ញាត​ឱ្យ​អ្នក​លេង​ Facebook ដែល​ប្រើ​ស្មាតហ្វូន​កាមេរ៉ា​តែ​មួយគ្រាប់ អាច​ប្រើ​ប្រាស់​កម្ម​វិធី​ 3D Photo នេះ​បាន​។

    ដោយ​ប្រើ​បច្ចេក​វិទ្យា​ Machine Learning និង​ AI ក្រុម​ហ៊ុន Facebook ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ម៉ាស៊ីន​របស់ខ្លួន​មាន​សមត្ថ​ភាព​បង្កើត​​រចនា​សម្ព័ន្ធ​​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D​ បាន​ដោយ​ងាយ​។

    “ការ​ពង្រីក​មុខ​ងារ​នេះ អនុញ្ញាត​​ឱ្យ​បច្ចេក​វិទ្យា​រូប​ភាព​ 3D ក្លាយ​ជា​មុខ​ងារពេញ​និយម​មួយដែល​មនុស្ស​រាប់​លាន​នាក់​​កំពុង​ប្រើ​ស្មាតហ្វូន​ និង​ថេប្លេត​កាមេរ៉ា​តែ​មួយ​គ្រាប់ អាច​ប្រើ​ប្រាស់​បាន​គ្រប់​គ្នា​។ វា​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ ទស្សនា​រូប​ភាព​ចាស់​ៗ កាល​ពី​ជំនាន់​ដើម ទៅ​តាម​របៀប​មើល​ថ្មី​” នេះ​ជា​ការ​លើក​ឡើង​របស់​ Facebook។

    កន្លង​មក ស្មាតហ្វូន​ Google Pixel ឬ​កម្ម​វិធី LucidPix (ត្រូវ​បង់​ថ្លៃ​សេវា​កម្ម) ក៏​អាច​ប្រែក្លាយ​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D បាន​ដែរ​។ ប៉ុន្តែ​ប្រការ​ដែល​ខុស​គ្នា​នោះ​គឺថា Facebook គឺជា​បណ្ដាញសង្គមមួយ​​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ចំនួន​ 2,7​ពាន់​លាន​នាក់​ ដូច្នេះ​ វា​មាន​ន័យថា បច្ចេក​វិទ្យា​ 3D Photo នេះ​ នឹង​មាន​គេ​ប្រើ​ច្រើន​ជាង​មុន​ ហើយ​មិន​បាច់​បង់​ថ្លៃ​ទៀត​ផង។

    ​ទោះ​ជា​មិន​ទាន់​បាន​ល្អ​ដូច​ចិត្ត ប៉ុន្តែ បើ​តាម​ Petapixel លទ្ធ​ផល​នៃ​ការ​ប្ដូរ​រូប​របស់​ 3D Photo នៅលើ​ Facebook គឺ “ពិត​ជា​គួរឱ្យ​ជឿ​ជាក់​ណាស់​”។ មុខ​ងារ​នេះ​នឹង​ត្រូវ​ Facebook ដាក់​ឱ្យ​ប្រើ​ប្រាស់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ សម្រាប់​អ្នក​ដែល​ប្រើ​ Facebook នៅ​លើ​ស្មាត​ហ្វូន​ iOS ចាប់​ពី​ iPhone 7 ឡើង​ទៅ​ ឬ​ស្មាតហ្វូន​ Android ចាប់​ពី​ប្រភេទ​មធ្យម​ឡើង​ទៅ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ហេតុផល​ដែល​ស្ត្រី​ភាគច្រើន​មិន​មាន​អារម្មណ៍​ចង់​រួមរ័ក​

    ហេតុផល​ដែល​ស្ត្រី​ភាគច្រើន​មិន​មាន​អារម្មណ៍​ចង់​រួមរ័ក​

    សព្វថ្ងៃ​នេះ​មាន​នារី​មិន​តិច​នាក់​នោះ​ទេ​ ដែល​កំពុង​ពិបាក​ចិត្ដ​ពិបាក​ហារ​មាត់​និយាយ​ពី​បញ្ហា​មួយ​នេះ​ ពីព្រោះ​ពួកគាត់​រក​មិនឃើញ​សោះ​នូវ​ “ភាព​សប្បាយ​ ឬតម្រេក​នៃ​តណ្ហា​” នៃ​ចំណង​មេត្រីភាព​រវាង​ប្ដី​ និង​ប្រពន្ធ​។ និយាយរួម​គឺ​ ជីវភាព​សិច​របស់​ពួកគាត់​ ត្រូវ​បាន​ជួប​នូវ​ភាព​រអាក់រអួល​ស្ទើរតែ​មិនដែល​ស្គាល់​ពាក្យ​ថា​ “ស្រណុក​សុខ​ស្រួល​” រហូត​បង្កើត​ឱ្យ​មាន​ភាព​សោះអង្គើយ​ជាមួយ​ដៃគូ​រួម​ជីវិត​របស់​ពួកគាត់​ថែមទៀត​ផង​។

    កម្រ​នឹង​មាន​នារី​ណា​ដែល​នៅ​ស្ងៀម​ៗស្រាប់​តែ​នឹកឃើញ​ដល់​តម្រូវការ​ផ្លូវភេទ​នោះ​ណាស់​ ជាពិសេស​ចំពោះ​អ្នក​ដែល​តែង​កើតមាន​បញ្ហា​បែប​សោះកក្រោះ​នៅពេល​រួមដំណេក​តែម្ដង​។ តាមធម្មតា​ស្ថានភាព​នៃ​ការ​គ្មាន​អារម្មណ៍​ស្រើបស្រាល​ក្នុង​រឿង​ស្នេហា​របស់​នារី​ តែង​កើតមាន​ក្រោយពេល​មានរឿង​តក់ស្លុត​ភ័យរន្ធត់​យ៉ាង​ខ្លាំង​ខាង​ចិត្ដ​សា​ស្ដ្រ ឬដោយសារ​ជំ​ងឺ​ផ្សេង​ៗ។ ទោះបីជា​ដោយសារ​មូលហេតុ​អ្វីក៏ដោយ​ ការ​គ្មាន​អារម្មណ៍​ក្នុង​ពេល​រួមរ័ក​ នឹង​បង្កើត​ជា​បញ្ហា​នៅក្នុង​ជីវិត​របស់​នា​រីៗ​ទាំងនោះ​ ជាពិសេស​គឺ​ក្នុង​ការរស់នៅ​ជា​ប្ដី​ប្រពន្ធ​ដ៏​យូរអង្វែង​តែម្ដង​។ ការ​គ្មាន​អារម្មណ៍​នឹង​ធ្វើ​ឱ្យ​បាត់បង់​ភាព​មាន​សម្រើប​ដល់​កំពូល​ក្នុង​ការ​រួមរ័ក​រវាង​ប្រុស​ និង​ស្រី​ បាន​សេចក្ដី​ថា​ ពុំ​ទាន់​ឈាន​ទៅដល់​សម្រើប​ដ៏កំពូល​ដែល​មនុស្ស​គ្រប់រូប​តែងតែ​ចង់បាន​ និង​ចង់ឱ្យ​កើតមាន​។ ទោះជា​ក្នុង​សម័យ​ណា​ក៏​ដោយ​ ជំងឺ​គ្មាន​អារម្មណ៍​របស់​នារី​ ហាក់​មាន​លក្ខណៈ​ស្រដៀងគ្នា​ ខុសគ្នា​បន្តិច​ត្រង់​ចំណុច​ថា​នារី​សម័យនេះ​ងាយ​នឹង​ “រអ៊ូរទាំ​” និង​មាន​លក្ខខណ្ឌ​ជាច្រើន​សម្រាប់​ “កែខៃ​” ជាង​សម័យ​បូរាណ​ដែល​នារី​ចូល​ចិត្ដ​លាក់​ទុក​ក្នុង​ចិត្ដ​។

    ជាមួយនឹង​ករណី​ឧបស័គ្គ​ក្នុង​ពេល​រួមរ័ក​នេះ​ លោក​វេជ្ជបណ្ឌិត​ឯកទេស​ខាង​រោគ​ស្ដ្រី​ (Gynecology​) ឈ្មោះ​ Joelle​ Bensimhon​ បាន​កត់សម្គាល់​ថា​ ក្នុង​មួយ​ថ្ងៃ​ៗកាន់តែ​មាន​ស្ត្រី​ច្រើន​ឡើង​ៗទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដោយសារ​មូលហេតុ​ខាងលើ​នេះ​ ហើយក៏​ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត​ណែនាំ​បន្ដ​ឱ្យទៅ​ជួប​ជាមួយ​អ្នកជំនាញ​ខាង​បញ្ហា​នេះ​(សម្ពន្ធភាព​សិច​)។ អ្នកជំងឺ​តែងតែ​និយាយប្រាប់​គ្រូពេទ្យ​ថា​ ​“ខ្លួនខ្ញុំ​ដូចជា​ធម្មតា​ ខ្ញុំ​មិន​ពេញ​ចិត្ដ​ក្នុង​ការ​រួមរ័ក​ជាមួយ​ប្ដី​ ខ្ញុំ​មាន​ឧបស័គ្គ​ក្នុង​ពេល​ស្នេហា​…។ យ៉ាងណា​ក៏ដោយ​តាមធម្មតា​ នារី​ក៏ដូចជា​បុរស​ដែរ​ គឺ​ចង់​បាន​ជីវិត​ប្ដី​ប្រពន្ធ​ប្រកបដោយ​សុភមង្គល​ និង​ជីវភាព​រួមរ័ក​ប្រកបដោយ​ភាពល្អ​រលូន​ និង​ផ្អែមល្ហែម​។ អ្នក​សិក្សា​ខាង​រឿង​សិច​បាន​យល់​ច្បាស់​អំពី​បញ្ហា​នេះ​។ ជាក់ស្ដែង​គឺ​គេ​ខំ​ស្រាវជ្រាវ​រក​ឱស​ថថ្មី​ៗសម្ដៅ​រំញោច​អារម្មណ៍​ស្រើបស្រាល​របស់​នារី​ ឬស្វែងរក​វិធាន​ការ​ផ្សេង​ៗ ដើម្បី​ស្ដារ​ឡើងវិញ​នូវ​សមត្ថភាព​ដែល​ទាក់ទិន​ដល់​ការ​បង្កើន​អារម្មណ៍​របស់​ស្រី​។ គេ​ពិបាក​នឹង​វាស់​ស្ទង់​បាន​កម្រិត​សម្រើប​ដល់​កំពូល​នៃ​ការ​រួមរ័ក​របស់​ស្ត្រី​ណាស់​។ ប្រសិនបើ​ជឿ​លើ​គំរូ​សម្ដែង​តាម​ខ្សែភាពយន្ដ​ គឺ​សម្រើប​កំពូល​ក្នុង​ពេល​រួមរ័ក​តែងតែ​គួបផ្សំ​ជាមួយ​សញ្ញា​ប្រែប្រួល​របស់​ទឹក​មុខ​ ឬសម្រែក​ថ្ងូរ​។ អាស្រ័យហេតុ​នេះ​នារី​ខ្លះ​ក៏​ភាន់ច្រឡំ​ថា​ ខ្លួន​មិនដែល​មាន​អារម្មណ៍​បាន​សុខ​ស្រួល​ ឬមិន​ធ្លាប់​មាន​សម្រើប​ដល់​កំពូល​ ពីព្រោះ​ពេល​ខ្លួន​មាន​សម្រើប​ គេ​មិនធ្លាប់​បាន​ស្រែកថ្ងូរ​អ្វី​សោះ​ដូច​ក្នុង​សាច់រឿង​នោះ​ឡើយ​។

    ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់​ច្បាស់​ថា​ នារី​ភាគច្រើន​មាន​ចំណុច​សម្រើប​ខ្លាំង​នៅ​ខាងលើ​បបូរមាត់​យោនី​ និង​ សិ​ (Clitoris​) ជាង​នៅ​តាម​ទ្វារមាស​ (Vaginal​) ។ សម្រើប​របស់​ទ្វារមាស​ច្រើនតែ​កើតមាន​នៅពេល​ក្រោយពេល​រួមរ័ក​ ជួនកាល​នៅពេល​វ័យ​ឈាន​ដល់​ខ្ទង់40ឆ្នាំ​ប្លាយ​ទើប​នារី​បានដឹង​ច្បាស់​ ខណៈ​ដែល​ពួកគេ​មិន​អាចប​កស្រាយ​ឱ្យ​ច្បាស់​ថា​បណ្តាល​មក​ពី​ហេតុអ្វី​នោះ​ទេ​។ អាស្រ័យ​ដោយ​ខ្វះ​ការយល់​ដឹង​ ទើប​គូ​ស្វាមីភរិយា​ខ្លះ​បាន​ខ្ជះខ្ជាយ​ពេលវេលា​នៅក្នុង​ជីវភាព​រួមរ័ក​ដោយ​អចេតនា​ ដែល​កាន់តែ​ធ្វើ​ឱ្យ​ជីវភាព​សិច​សោះអង្គើយ​ជា​រៀង​រហូត​ទៅ​។ បញ្ហា​សំខាន់​មិនមែន​របៀប​សម្ដែង​របស់​នារី​ដែល​មាន​សម្រើប​ដល់​កំពូល​នោះ​ទេ​ តែ​គឺជា​ការ​ពេញ​ចិត្ដ​ដែល​កើត​ចេញពី​សម្រើប​ឈាន​ដល់កម្រិត​កំ​ពូល​។ នៅពេល​ដែល​ទីតាំង​នៃ​សម្រើប​បាន​ឈាន​ដល់កម្រិត​កំពូល​ដែល​ស្ថិតនៅ​ក្នុង​ខួរក្បាល​ត្រូវ​ទទួល​ឥទ្ធិពល​ វា​នឹង​បញ្ចេញ​ជាតិ​ Endorphines​ ដែល​ជា​វត្ថុ​ពិសេស​បង្កើត​ឱ្យ​មាន​ភាព​សុខ​ក្សេមក្សាន្ដ​។

    ជំងឺ​គ្មាន​អារម្មណ៍​រួមរ័ក​អាច​កើតឡើង​ដោយ​មូលហេតុ​មួយចំនួន​ដូចជា​ អ្នកខ្លះ​ធ្លាប់​ជួបប្រទះ​នឹង​បញ្ហា​ ខណៈ​ពេល​ឈាន​ចូល​ដល់​ដំណាក់​កាល​យុវវ័យ​ក៏​ត្រូវ​បាត់បង់​អស់​សមត្ថភាព​រួមរ័ក​ ហើយ​គ្រប់ការ​ប៉ះពាល់​រាងកាយ​ក៏​មិនបាន​បង្កើត​ឱ្យ​មាន​អារម្មណ៍​ដែរ​។ ក្នុងករណី​នេះ​ រឿង​រួមរ័ក​ក៏​ត្រូវ​ចាត់ទុកថា​ជា​រឿង​ស្មោកគ្រោក​ និង​គួរ​ឱ្យ​មាក់ងាយ​។ ជួនកាល​ជំងឺ​គ្មាន​អារម្មណ៍​ ក៏​កើត​ចេញពី​ការ​ប៉ះពាល់​គ្នា​ជាលើកដំបូង​ ហើយ​ច្រើន​តែ​ត្រូវ​បកស្រាយ​ថា​ ដោយសារ​អ្នក​ទាំងពីរ​ខ្វះ​បទ​ពិសោធ​។ ពួ​កគេ​មិ​ទាន់​យល់​ពីសា​រៈសំ​ខាន់​របស់​ឥរិយាបថ​ក្នុង​ពេល​រួមរ័ក​ជាលើកដំបូង​នៅឡើយ​។ នារី​ខ្លះ​កើតមាន​ជំងឺ​គ្មាន​អារម្មណ៍​ប្រភេទ​នេះ​ក្រោយពេល​សម្រាលកូន​ (ដែល​អូស​បន្លាយ​ ​និង​ដោយសារ​មាន​ជំ​ងឺ​ផ្សេង​ៗ) និង​អាស្រ័យ​ដោយមាន​ការ​ប្រែ​ប្រួល​ភ្លាម​ៗនៅ​ម្ដុំ​ឆ្អឹងត្រគាក​ ប៉ុន្ដែ​ការ​គ្មាន​អារម្មណ៍​ក្រោយពេល​សម្រាលកូន​នេះ​វា​មិន​អាច​ស្ថិតស្ថេរ​យូរអង្វែង​ឡើយ​។ វេជ្ជ​បណ្ឌិត​ Bensimhon​ មាន​មតិ​ថា​ មុនដំបូង​គេ​ត្រូវ​គិតទៅ​ដល់​មូលហេតុ​ច្របូកច្របល់​របស់​រាង​កាយ​។ មូលហេតុ​ខ្លះ​ដោយសារ​អ័រម៉ូន​ (Hormone​) ឧទាហរណ៍​ដូចជា​ដំណាក់កាល​ក្រោយ​ពេល​អស់​រដូវ​ ដោយមាន​ការប្រែប្រួល​សរសៃ​ប្រសាទ​ ឬដោយ​ជំងឺ​ទឹកនោមផ្អែម​ ឬក៏​ការ​ប្រើប្រាស់​ឱសថ​ខុស​ ឬច្រើនពេក​ដូចជា​ ការប្រើ​ថ្នាំ​ខាង​សរសៃប្រសាទ​ជាដើម​។

    យ៉ាងណាក៏ដោយ​ ជា​ដំណោះស្រាយ​ ស្ត្រី​ដែល​បាន​ជួបនឹង​បញ្ហា​ខាងលើ​នេះ​ អាច​ព្យាយាម​ស្វែងយល់​បន្ថែម​ពី​ខ្លួនឯង​នូវ​ចំណុច​ ក៏ដូចជា​ទីតាំង​ណាមួយ​ជា​តំបន់​ផ្ដល់​រំញោច​ និង​សម្រើប​ដែល​ផ្ដល់​ផល​ល្អ​ក្នុង​ជីវិត​សិច​។ បន្ថែម​ពីនេះ​ ស្ត្រី​ទាំងអស់​ក៏​គួរតែ​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ដោយ​ត្រង់​ជាមួយ​ដៃគូ​ ក៏ដូចជា​ស្វែងរក​ការ​ប្រឹក្សា​សុំ​យោ​បល់​ល្អ​ៗពី​អ្នកជំនាញ​ ឬវេជ្ជ​បណ្ឌិត​ឯកទេស​ជា​ជំនួញ​៕

  • ទីផ្សារ​លំនៅឋាន​នៅតែមាន​ភាពល្អប្រសើរ ខណៈ​ការអភិវឌ្ឍ​គេហដ្ឋាន​តម្លៃ​សមរម្យ​កំពុង​អនុវត្ត

    ទីផ្សារ​លំនៅឋាន​នៅតែមាន​ភាពល្អប្រសើរ ខណៈ​ការអភិវឌ្ឍ​គេហដ្ឋាន​តម្លៃ​សមរម្យ​កំពុង​អនុវត្ត

    អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា វិស័យ​លំនៅឋាន​នៅតែមាន​ភាពល្អប្រសើរ ដោយសារតែ​តម្រូវការ​នៅតែ​បន្ត​កើនឡើង និង​កំណើនសេដ្ឋកិច្ច​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ស្ថិរភាព។ កំណើន​នៃ​ការសាងសង់ និង​អភិវឌ្ឍន៍​វិស័យ​លំនៅឋាន​បាន​កើតឡើង​ស្ទើរ​គ្រប់​តំបន់ ជាពិសេស​នៅតាម​តំបន់ជាយៗក្រុង ដោយ​គេ​កត់សម្គាល់​ឃើញថា មានការ​កើនឡើង​ខ្ពស់ ដែល​ស្របទៅនឹង​តម្រូវការ​នៃ​ការរស់នៅ​ជា​កម្មសិទ្ធិ ដែល​កំពុង​ស្ថិតនៅក្នុង​អត្រា​ខ្ពស់​នៅឡើយ។

    លោក សន សៀ​ប ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Key Real Estateបាន ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា មិន​ថា​ស្ថិតក្នុង​កាលៈទេសៈ​ណា​នោះទេ តម្រូវការ​លំនៅ​ឋានស​ម្រា​ប់​ស្នាក់នៅ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅតែ​បន្ត​មាន​ជានិច្ច។

    លោក​បាន​បញ្ជាក់ថា៖“ចំពោះ​លំនៅឋាន​ដែល​ជាប់​ដី នៅមាន​ទីផ្សារ ភាគច្រើន​មាននៅ​តាម​តំបន់​ជាយក្រុង ហើយ​តម្លៃ​លក់ គឺ​ពី5 ទៅ 10ម៉ឺន​ដុល្លារ ដែលមាន​នៅលើ​ទីផ្សារ​ច្រើន ជា​គម្រោងថ្មីៗដែល​ត្រូវបាន​គេ​ប្រកា​សលក់។ ប៉ុន្តែ​នៅក្នុង​ហ្នឹង វា​មាន​ប្រភេទ​តម្លៃ​ថ្លៃ និង​តម្លៃថោក ទៅតាម​អ្វី​គេ​រៀបចំ​ឌី​ហ្សា​ញ​ឡើង ដែល​គេ​ឃើញថា នឹង​ទទួលបាន​ភាពជោគជ័យ”។

    លោក​អគ្គនាយក​បានបញ្ជាក់​ទៀតថា៖“ជាទូទៅ​តម្រូវការ​លំនៅឋាន​សម្រាប់​ស្នាក់នៅ ភាគច្រើន​ជា​ប្រភេទ​លំនៅឋាន​ដែលមាន​តម្លៃ​មធ្យម និង​ក្រោម​មធ្យម ដែល​អាចមាន​តម្លៃ​ត្រឹម 7ម៉ឺន​ដុល្លារ​ចុះក្រោម ដោយសារតែ​អត្រា​នៃ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​អាចមាន​លទ្ធភាព​ក្នុង​ការរក ចំណូល​បាន​កម្រិត​មធ្យម​ចាប់ពី400 ទៅ 800ដុល្លារ​ក្នុង 1ខែ ឬ​លើសពីនេះ​តិចតួច​ហាក់​មាន​កម្រិត​នៅឡើយ”។

    លោក​បាន​បន្តទៀតថា៖“និន្នាការ​ក្នុង​ការទិញ​លំនៅឋាន​សម្រាប់​ស្នាក់នៅ​ជា​កម្មសិទ្ធិ បច្ចុប្បន្ននេះ គឺ​ស្ថិតក្នុង​រូបភាព​ការទិញ​ដោយ​ការបង់​រំលស់​ប្រចាំខែ​ជាមួយ​ធនាគារ​ទៅលើ​លំនៅឋាន ដែលមាន​តម្លៃ​ត្រឹម 5ម៉ឺន​ដុល្លារ​ចុះក្រោម​ក្នុង​រយៈពេល​ជាង10 ទៅ 15ឆ្នាំ ហើយ​តម្លៃ​ថ្លៃ​ជាង​នេះ គឺអាច​លើសពី​លទ្ធភាព​របស់​ពួកគាត់ ប៉ុន្តែ​ចំពោះ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​វិញ នឹងមាន​តម្លៃ មិន​លើសពី 3ម៉ឺន​ដុល្លារ​ទេ”។

    លោក​ឧកញ៉ា តេង រិទ្ធី អគ្គនាយក​ក្រុមហ៊ុន R Investment Group ត្រូវបាន​គេ​ស្រង់​សម្តី​ថា តម្រូវការ​លំនៅឋាន​នៅ​កម្ពុជា​ពិតជា​មាន​កំណើន​ខ្ពស់​មែន ខណៈដែល​ការផ្គត់ផ្គង់​ហាក់​នៅមានកម្រិត។ លោក​បាន​មានប្រសាសន៍ថា លំនៅឋាន​ដែល​កំពុងមាន​ទីផ្សារ​ទូ​លាយ​នៅពេលនេះ គឺជា​លំនៅឋាន​កម្រិត​មធ្យម ដែលមាន​តម្លៃ​មិន​លើសពី 7ម៉ឺន​ដុល្លារ។

    លោក​ឧកញ៉ា បាន​មានប្រសាសន៍ថា៖“តម្លៃ​ផ្ទះ​ថ្លៃ ឬ​ថោក គឺ​អាស្រ័យ​ទៅតាម​ប្រភេទ​សំណង់ និង​ទីតាំង​អភិវឌ្ឍន៍ ហើយ​ភាគច្រើន ផ្ទះ​ដែលមាន​តម្លៃ​សមរម្យ និង​ក្រោម​មធ្យម ត្រូវបាន​អ្នក​អភិវឌ្ឍន៍​ធ្វើឡើង​តម្រូវ​ទៅតាម​តំបន់ ស្របទៅនឹង​កម្រិតជីវភាព​របស់​ប្រជាជន​ដែលមាន​តម្រូវការ”។

    លោក​ឧកញ៉ា​បន្តទៀតថា សម្រាប់​ផ្ទះ​ដែលមាន​តម្លៃ​ចាប់ពី​ជាង10 ម៉ឺន​ឡើងទៅ​រហូតដល់ 30ម៉ឺន​ដុល្លារ ក៏មាន​តម្រូវការ​ដូចគ្នា ប៉ុន្តែ​សម្រាប់​ប្រភេទ​អតិថិជន​ដែលមាន​ចំណូល​ខ្ពស់ និង​ស្ថិតនៅក្នុង​ទីតាំង​ល្អ នៅក្បែរ​ក្រុង និង​ជាទី​ប្រជុំជន ងាយ​អាស្រ័យ​ផល​ពី​ការធ្វើ​អាជីវកម្ម ហើយ​ផ្ទះ​ប្រភេទ​នេះ ច្រើន​ត្រូវបាន​គេ​សាងសង់​ជា​ប្រភេទ Shop House។ បច្ចុប្បន្ន សម្រាប់​លំនៅឋាន ដែលមាន​តម្លៃ​មធ្យម និង​ក្រោម​មធ្យម ត្រូវបាន​អ្នកវិនិយោគ សាងសង់​ឡើងជា​ប្រភេទ​វីឡា​ទោល ឬ​បែប​វីឡា​កូនកាត់ ខណៈដែល​លំនៅឋាន​ប្រភេទ​នេះ​កំពុងតែ​មានការ​ពេញនិយម។

    ដោយឡែក ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2020 បានប្រកាសថា ក្រោម​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅឋាន និង​គោលនយោបាយ​ស្តីពី​ការលើកទឹកចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់ឱកាស​ជូន​ប្រជាជន​ទូទាំងប្រទេស​ឱ្យមាន​លំនៅឋាន​សមរម្យ អាច​រស់​នៅបាន​ប្រកបដោយ​ផាសុកភាព សុវត្ថិភាព និង​សេចក្តីថ្លៃថ្នូរ ជាពិសេស​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប និង​ក្រុម​ជន​ងាយ​រងគ្រោះ តាមរយៈ​ការផ្តល់​ជា​កញ្ចប់​វិធានការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ ផ្នែក​វិនិយោគសាធារណៈ និង​ផ្នែក​និយតកម្ម ដើម្បី​ទាក់ទាញ​ការចូលរួម​ពី​វិស័យ​ឯកជន ក្នុងការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ។ ដើម្បី​ទទួលបាន​គោលនយោបាយ​លើកទឹកចិត្ត​ទាំងនេះ គម្រោង​នានា​ត្រូវមាន​លំនៅឋាន​ចំនួន 100ខ្នង​មានតម្លៃ​ទាប ចន្លោះ​ពី 15,000ដុល្លារ ទៅ 30,000ដុល្លារ ហើយ​គម្រោង​ទាំងអស់​ក៏ត្រូវ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ 20គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ និង​ត្រូវមាន​ទីធ្លា​បៃតង។

    គួរ​បញ្ជាក់ដែរថា គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​នេះ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយ​កំពុង​អភិវឌ្ឍ​លើ​គម្រោង​ចំនួន5 ដែល​គម្រោង​ទាំងនោះ​មាននៅ​រាជធានី​ភ្នំពេញ​ចំនួន 2គម្រោង ខេត្តកណ្តាលចំនួន 2គម្រោង និង​ខេត្តបន្ទាយមានជ័យ ចំនួន 1គម្រោង ដែល​អាច​សាងសង់​លំនៅឋាន​សរុប​បាន​ប្រមាណ​ជា 8,331ខ្នង។ លំនៅឋាន​ដែលជា​ចំណែក​ឯកជន នឹងត្រូវ​ដាក់លក់​ក្នុងតម្លៃ 30,000(បី​ម៉ឺន)ដុល្លារ​អាមេរិក​ចុះក្រោម។

    ឯកឧត្តម​ ជា សុផារ៉ា(កណ្តាល) រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់

    ឯកឧត្តម​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ពាក់កណ្ដាល​ខែកុម្ភៈ​នេះ បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃសមរម្យ​របស់​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដ ហូ​ម(World-Bridge Homes Co)ដែលជា​គម្រោង1 ក្នុងចំណោម​គម្រោង​ទាំង5 របស់​ក្រុមហ៊ុន​នេះ។

    សម្រាប់​គម្រោង​របស់​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដ ហូ​ម​ ដែល​ឯកឧត្ដម ជា សុផារ៉ា ចុះទៅពិនិត្យ​ខាងលើនេះ កំពុង​សាងសង់​លើ​ផ្ទៃដី​សរុប​ប្រមាណ 23ហិកតា មាន​លំនៅឋាន​ចំនួន 2,457ខ្នង ស្ថិតនៅ​ក្នុងភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ចម្ងាយ8គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ ដែលមាន​ទុនវិនិយោគ​ប្រមាណ 73លាន​ដុល្លារ​អាមេរិក។ ដោយសារតែ​នេះ​ជា​គម្រោង​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ​ដំបូង​គេ​នៅ​កម្ពុជា ក្រុមហ៊ុន​បានកំណត់​គុណភាព និង​ស្តង់ដា សម្រាប់​ឱ្យ​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​បន្តបន្ទាប់​អាច​យក​ធ្វើជា​គំរូ​បាន។

    គម្រោង​នេះ​នឹង​រួមបញ្ចូល​ទាំង​ឧទ្យាន និង​សួនច្បារ ទីធ្លា​បៃតង ផ្សារ សាលារៀន មន្ទីរពេទ្យ និង​អាច​នឹងមាន​ស្ថានីយ​រថយន្តក្រុង​សាធារណៈ និង​មាន​បម្រុង​ដី​ទុក​សម្រាប់​ក្រុម​អាជីវកម្មតូចៗផងដែរ។ មកដល់ពេលនេះ ក្រុមហ៊ុន​បាន​លក់​ផ្ទះ​អស់​ចំនួន 1,088ខ្នង​ហើយ ដែល​ស្មើនឹង 44% នៃ​ចំនួន​ផ្ទះ​សរុប ក្នុងនោះ​អតិថិជន​ជា​មន្ត្រីរាជការ​មាន​ចំនួន​ជាង 23%។

    ក្រុមហ៊ុន​បានបញ្ចប់​ការសាងសង់​ផ្ទះ​ជា​ស្ថាពរ​ចំនួន 603ខ្នង ដោយ​គ្រោង​នឹង​ប្រគល់​ផ្ទះ​ជូន​អតិថិជន​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​គម្រោង​ទាំងមូល​នៅមុន​ដំណាច់ឆ្នាំ2020 នេះ។ នេះ​បើតាម​ការ​ឱ្យដឹងពី​បុគ្គលិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ខាងលើ៕

  • ផ្ទុះ​អាវុធ ចាប់​មនុស្ស​30នាក់​ជា​ចំណាប់​ខ្មាំង​ នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ហ្វីលីពីន

    ផ្ទុះ​អាវុធ ចាប់​មនុស្ស​30នាក់​ជា​ចំណាប់​ខ្មាំង​ នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ហ្វីលីពីន

    យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ចំនួន​30​នាក់ត្រូវ​បាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​វាយ​ប្រហារ​ទៅ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃទី​2មិនា​កន្លង​ទៅ។

    AFP បាន​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​វាយ​ប្រហារ និង​ចាប់​ចំណាប់​ខ្មាំង​​នេះ បាន​កើត​ឡើង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ Virra Mall ក្នុង​តំបន់ Greenhills ខណ្ឌ​ San Juan ទី​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។

    អាជ្ញា​ធរ​មូលដ្ឋាន​បាន​ឱ្យ​ដឹងថា នៅ​វេលា​ម៉ោង​ប្រហែល​10ព្រឹកថ្ងៃនេះ​ ស្នូរគ្រាប់​កាំភ្លើង​បាន​ផ្ទុះ​ឡើង​នៅ​ឯមជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ Virra Mall។ មនុស្ស​រាប់​​ពាន់​នាក់​បាន​នាំ​គ្នា​រត់់​ចេញ​ពី​តំបន់​ពាណិជ្ជ​កម្ម​នេះ​។

    អាភិបាល​ខណ្ឌ​ San Juan លោក Francis Zamora បាន​ឱ្យ​ដឹង​ថា ខ្មាន់​កាំភ្លើង​ត្រូវ​បាន​​គេ​អះអាង​ថា​ជា​បុគ្គលិក​សន្តិ​សុខ​ម្នាក់​របស់​​មជ្ឈ​មណ្ឌល​ពាណិជ្ជ​​កម្ម​​ដែលទើប​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ងារ​ថ្មី​ៗ​នេះ។ បុរស​នេះ​បាន​ត្រឡប់​មក​កាន់​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​នៅ​ព្រឹក​នេះ​ ហើយ​​បាន​ដាក់លក្ខខណ្ឌ​​មួយ​ចំនួន​ មុន​ពេល​ចាប់​មនុស្ស​ប្រហែល​30នាក់ ធ្វើ​ជា​ចំណាប់​ខ្មាំង​។ ក៏ប៉ុន្តែ អ្នក​នាំ​ពាក្យ​របស់​នគរ​បាល​ Christopher Jan Lagunilla បាន​ឱ្យ​ដឹង​ថា ចំណាប់​ខ្មាំង​មាន​តែ​20​នាក់​ប៉ុណ្ណោះ​ ក្នុង​នោះមាន​ទាំង​ភ្ញៀវ​​ និង​បុគ្គលិក​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ផងដែរ​។

    បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​ដឹង​ថា មាន​អ្នក​ស្លាប់​ ឬ​របួស​ប៉ុន្មាន​នាក់​នៅ​ឡើយ ប៉ុន្តែ AFP បាន​ចុះ​ផ្សាយ​ថា យ៉ាង​ហោច​មាន​មនុស្ស​ម្នាក់​បាន​រង​របួស​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង និង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។

    យោងតាម​លោក​អភិបាល Zamora ជន​សង្ស័យ​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដែល​ខ្លួន​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ងារ​។ ជន​សង្ស័យ​បាន​ស្នើ​ឱ្យ​មាន​កិច្ច​ប្រជុំ​មួយ​តាម​ទូរស័ព្ទ​ជាមួយ​បុគ្គលិក​សន្តិ​សុខផ្សេង​ៗ​របស់​​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ រួម​នឹង​បុគ្គលិក​​ផងដែរ​។

    លោក Zamora ថ្លែង​ថា​ “ជនសង្ស័យ​នេះ​បាន​បញ្ចុះ​បញ្ចូល​បុគ្គលិក​សន្តិ​សុខ​ដទៃ​ឱ្យ​ចូល​រួម​ជាមួយ​ខ្លួន​ដើម្បី​ “ផ្ដួល​រំលំ” គណៈ​គ្រប់​គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​”។ មន្ត្រី​រូប​នេះ​បន្ត​ថា ជន​សង្ស័យ​ហាក់​ដូច​ជា​បាន​យក​គ្រាប់​បែក​មក​តាម​ខ្លួន​ទៀត​ផង។

    ក្រោយ​មក​មិន​យូរ​ប៉ុន្មាន ជនសង្ស័យ​ដែល​ជា​អតីត​បុគ្គលិក​សន្តិ​សុខ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ខាង​លើ ក៏ត្រូវ​បាន​ចាប់​ខ្លួន​។ ចំណែក​ចំណាប់​ខ្មាំង​ទាំង​អស់​ក៏ត្រូវ​បាន​ដោះ​លែង​។

    ខ្មាន់​កាំភ្លើង​នេះ​បាន​ស្នើ​ឱ្យអាជ្ញា​ធរ​រៀប​ចំ​ឱ្យ​​ខ្លួន​ អាច​និយាយ​នៅ​ចំពោះ​មុខ​អតីត​មិត្ត​រួម​ការ​ងារ​ ក៏ដូច​ជា​អ្នក​យក​ព័ត៌មាន អំពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​ហេតុ​ការណ៍​នេះ។ ក្រុម​អ្នក​គ្រប់​គ្រង​ផ្នែក​សន្តិ​សុខ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ក៏បាន​សុំ​ទោស​ និង​បាន​លា​លែង​ពី​តំណែង​ទៅ​តាម​ការ​ស្នើ​របស់​ជន​សង្ស័យ​។

    ចំពោះ​មូល​ហេតុ​នៃ​អំពើ​ខុស​ច្បាប់​ខាង​លើនេះ ត្រូវ​បាន​គេ​ដឹង​ថា កើត​ឡើង​ដោយ​ជន​សង្ស័យ​មិន​សុខ​ចិត្ត​ បន្ទាប់​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ងារ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ត្រូវបំប៉នដី…មុននឹងឱ្យដីបំប៉នបន្លែ

    បេះដូងសំខាន់ក្នុងការដាំបន្លែឱ្យធំធាត់លូតលាស់ល្អ គឺត្រូវស្គាល់ពីដីនៅកន្លែងដែលត្រូវដាំដុះនោះ ឬស្គាល់ពីការត្រៀមដីឱ្យស័ក្តិសមជាមួយបន្លែប្រភេទនីមួយៗ ដោយដីដែលស័ក្តិសមចំពោះការដាំបន្លែ គឺដីដែលមានលក្ខណៈម៉ដ្ឋធូរ មិនហាប់ណែន បង្ហូរទឹកចែកចាយបានល្អ សម្បូរទៅដោយជីអតិសុខុមប្រាណ(ជីធម្មជាតិ) និងសារធាតុអាហារបន្លែ។

    ប្រភេទរបស់ដី និងការរៀបចំចាត់ការ
    ដីខ្សាច់ និងដីល្បាយខ្សាច់ : លក្ខណៈជាដីមានខ្សាច់លាយឡំច្រើន ចាប់មកពូតជាដុំៗបាននៅពេលត្រូវទឹក ចែកចាយបង្ហូរទឹកបានល្អ តែភាពឧត្តមសម្បូរជីជាតិ ហាក់ដូចជាមានតិច។ ការរៀបចំចាត់ការចំពោះដីបែបនេះ ចូរប្រើប្រាស់ជីធម្មជាតិគ្របពីលើ លាយច្របល់ឱ្យចូលគ្នា គួរទុកដាំចំពោះតែបន្លែដែលមានអាយុខ្លី និងប្រើសម្ភារគ្របលើដី ដូចជា ចំបើង ដើម្បីរក្សាសំណើមមុខដី។

    ដីម៉ដ្ឋធូរ : ម៉ដ្ឋធូរអាចពូតជាដុំ ជារូបរាងផ្សេងៗបានល្អ មានភាពស្អិតបន្តិចបន្តួច តែមានភាពឧត្តមសម្បូរខាងជីជាតិហាក់ដូចជាខ្ពស់។ ជាដីដែលស័ក្តិសមសម្រាប់ការដាំបន្លែស្រាប់ហើយ តែគួរប្រើជីអាចម៍គោ ជីធម្មជាតិ និងអង្កាមលាយច្របល់ចូលជាមួយផង នឹងជួយឱ្យគ្រោងសាងរបស់ដីរឹតតែល្អឡើង។

    ដីស្អិត(ដីឥដ្ឋ) : ស្អិតតតាត់ ទទឹកទឹកអាចពូតធ្វើជារូបរាងផ្សេងៗបាន នៅពេលស្ងួតនឹងក្លាយជាដុំរឹង  ចែកចាយ និងជ្រាបទឹកអាក្រក់បំផុត តែបៀមទឹកបានល្អ។ ការរៀបចំចាត់ការដីប្រភេទនេះ យើងគួរប្រើដីខ្សាច់ ផេះអង្កាម អង្កាម កំបោរ (បើដីមានជាតិអាស៊ីត) ជីធម្មជាតិ ជីអាចម៍គោ កម្ទេចចំបើងលាយច្របល់ឱ្យចូលគ្នាល្អ។ គួរធ្វើការលើកជារង ធ្វើចង្អូរបង្ហូរទឹកដើម្បីជួយក្នុងការចែកចាយទឹក។

    រឿងដែលគួរដឹងពាក់ព័ន្ធនឹងគ្រាប់ពូជ
    នៅពេលសម្រេចចិត្តថា នឹងធ្វើចម្ការបន្លែគ្រួសារហើយ ដំណាក់កាលសំខាន់ដែលមិនគួរមើលរំលងនោះគឺ រឿងរបស់ការរៀបចំរកគ្រាប់ពូជ ដោយក្នុងពេលបច្ចុប្បន្ននេះ គ្រាប់ពូជបន្លែអាចចែកចេញជា 2ប្រភេទធំៗគឺ៖
    1.គ្រាប់ពូជបន្លែក្នុងស្រុកធម្មតា: ជាគ្រាប់ពូជមែនទែន ដែលមានការថែរក្សាទុកតៗគ្នាមក ជាគ្រាប់ពូជដែលល្អឥតខ្ចោះ ផ្តល់ផលបានល្អបំផុតក្នុងការដាំដុះក្នុងតំបន់នោះ ព្រោះមានភាពរឹងមាំ ធន់នឹងរោគ និងសត្វល្អិត ត្រូវនឹងសភាពដីធ្លីក្នុងតំបន់ សភាពអាកាស អាចសម្របសម្រួលខ្លួនចូលជាមួយសភាពបរិស្ថានបានល្អ ដោយគ្រាប់ពូជមែនទែនទាំងនេះ​ អាចប្រមូលបានពីដើមដែលដាំទុកជាមេពូជតទៅទៀតបានក្នុងជុំនៃការផលិត។ ធ្វើឱ្យអ្នកដាំដុះមិនចាំបាច់ត្រូវប្រើសារធាតុគីមី ឬជីថ្នាំគីមីក្នុងការផលិតច្រើន ដែលធ្វើឱ្យកើតមានសុវត្ថិភាពដល់អ្នកផលិត និងអ្នកបរិភោគ កឱ្យកើតភាពស្ថិតស្ថេរខាងអាហារ និងរក្សាភាពសម្បូរឥតខ្ចោះខាងសរីរាង្គ។ តែដោយ​សារក្នុងពេលបច្ចុប្បន្ន ការដាំដុះបន្លែនៅក្នុងផ្ទះ យើងមានការសង្កត់ធ្ងន់លើការដាំបែបឧស្សាហកម្ម ធ្វើឱ្យគ្រាប់ពូជខាងជំនួញមានច្រើនឡើង ទើបគ្រាប់ពូជបន្លែក្នុងស្រុកធម្មតាបាត់បង់អស់ជាបណ្តើរៗ។

    2.គ្រាប់ពូជបន្លែខាងជំនួញ : ចែកចេញជា 2ប្រភេទ
    2/ 1.គ្រាប់ពូជលាយផ្សំបើក ( Open-Polli Nated ) ពេលជ្រើសរើសទិញ ចូរសង្កេតមើលខាងៗកញ្ចប់ដែលមានសរសេរពាក្យកាត់ថា (OP) ជាពូជបន្លែបែបកេសរបើកចំហ៖ អត្រាការលូតលាស់មធ្យម ផលបានមកមធ្យម តែធន់នឹងសភាពបរិស្ថាន អាចថែរក្សាគ្រាប់ទុកដាំបន្តបាននៅរដូវកាលបន្ទាប់ទៀតបាន ដោយផ្តល់ផលផលិតដូចដើម។
    2/ 2.ពូជកូនកាត់ ( Hybrid Variety ) ឬដែលមានលេខកូដថា “F1” មានន័យថា គ្រាប់ពូជកូនកាត់ជួរទី1 របស់ពូជ 2 ពូជដែលមានលក្ខណៈខាងពូជអម្បូរផ្សេងពីគ្នា។ បច្ចុប្បន្នជាគ្រាប់ពូជបន្លែដែលប្រើប្រាស់ច្រើនបំផុតក្នុងការធ្វើឧស្សាហកម្មគ្រាប់ពូជ ព្រោះកូនកាត់ច្រើនតែមានផលផលិតខ្ពស់ និងគុណភាពល្អជាមេពូជ ដែលជាលក្ខណសម្បត្តិដែលហៅថា “ភាពលេចធ្លោរបស់កូនកាត់” តែកសិករអ្នកប្រើប្រាស់ ចាំបាច់ត្រូវតែទិញគ្រាប់ពូជកូនកាត់ថ្មីមកដាំគ្រប់រដូវកាលដាំដុះ(មិនអាចយកគ្រាប់ដែលបានមកពីការទុកផ្លែធ្វើពូជមកដាំបានទេ ព្រោះវានឹងមិនមានផ្លែឱ្យទេ)។

    (សូមរង់ចាំអានលេខបន្ត)

     

  • លីកអ៊ីតាលី មានកីឡាករផ្ទុកមេរោគវីរុសកូរ៉ូណា ច្រើនជាងចិនទៅទៀត

    លីកអ៊ីតាលី មានកីឡាករផ្ទុកមេរោគវីរុសកូរ៉ូណា ច្រើនជាងចិនទៅទៀត

    កីឡាករ King Udoh របស់ក្លិប US Pianese ត្រូវបានគេពិនិត្យឃើញថា មានលទ្ធផលវិជ្ជមាន (មានវីរ៉ុសកូរ៉ូណាប្រភេទថ្មី ឬCOVID-19) ក្រោយពេលដែលប្រកួតចប់ ជាមួយនឹងក្រុមបាល់ទាត់ Juventus U-23 ហើយមានអាការមិនស្រួលខ្លួន។

    ប៉ុន្មានថ្ងៃក្រោយមក ​ក៏មាន​កីឡាករ​ក្នុង​ក្រុម​ 3​នាក់​​ និងជំនួយ​ការ​គ្រូ​បង្វឹក​ម្នាក់​ទៀត ត្រូវ​បាន​ធ្វើ​តេស្ដ​រកឃើញវិជ្ជមាន​នូវ​មេរោគ Corona ​ហើយ​បច្ចុប្បន្ន​ ពួកគេកំពុងត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ​កីឡាករ​ទី​1 ​មាន​អាការក្ដៅ​ខ្លួន ​និង​ឈឺ​ក្បាល ​ខណៈ​ដែល​កីឡាករ​ទី​2 ​និង​ទី​3 ​មិន​ស្រួល​ខ្លួន​នៅ​ផ្ទះ ​ដោយ​មាន​អាការ​ស្រដៀង​គ្នា​នេះ​ដែរ។

    គួរបញ្ជាក់ដែរថា គិតមកទល់នឹងពេលនេះ លីកបាល់ទាត់អ៊ីតាលី ត្រូវបានគេរកឃើញថា មានកីឡាករបាល់ទាត់អាជីពចំនួន 3រូប រួមនឹងជំនួយការគ្រូបង្វឹកម្នាក់មានសញ្ញាវិជ្ជមាននៃវីរុស COVID-19 ។ នេះបើតាមលទ្ធផលតេស្តជាផ្លូវការ ក្រោយពេលដែលមានកីឡាករម្នាក់ដំបូងគេ ក្នុងក្រុមបានឆ្លងមេរោគនេះកាលពី​ 3ថ្ងៃមុន។ ចំនួននេះបើធៀបជាមួយនឹងប្រទេសចិន ដែលជាកន្លែងបង្កមេរោគនេះ គឺមិនមានកីឡាករម្នាក់កើតមេរោគនេះនៅឡើយទេ៕

  • សហព័ន្ធប្រកាសបង្កើនប្រាក់រង្វាន់ពានរង្វាន់សម្តេច ហ៊ុន សែន និងលីកកំពូលកម្ពុជា ចាប់ពីរដូវកាល2020 នេះតទៅ

    សហព័ន្ធប្រកាសបង្កើនប្រាក់រង្វាន់ពានរង្វាន់សម្តេច ហ៊ុន សែន និងលីកកំពូលកម្ពុជា ចាប់ពីរដូវកាល2020 នេះតទៅ

    កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានសម្រេចបង្កើនប្រាក់រង្វាន់ជយលាភីសម្រាប់ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត និងថ្នាក់ជាតិ ព្រមទាំងក្របខ័ណ្ឌ Metfone Cambodian League រដូវកាល2020 នេះតទៅ ដោយនឹងទទួលបានប្រាក់រង្វាន់ដូចខាងក្រោម៖

    សម្រាប់ជយលាភីការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គប្រកួតថ្នាក់ខេត្ត៖
    1/ ប្រាក់រង្វាន់ក្រុមជើងឯក (15លានរៀល)
    2/ ប្រាក់រង្វាន់ក្រុមរងជើងឯក (7លាន 5សែនរៀល)
    3/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ3 (5លានរៀល)
    4/ ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ (1លាន 5សែនរៀល)
    5/ ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ (1លាន 5សែនរៀល)
    6/ ប្រាក់រង្វាន់គ្រូបង្វឹកល្អជាងគេ (1លាន​​ 5សែនរៀល)

    សម្រាប់ជយលាភីការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គប្រកួតថ្នាក់ជាតិ៖
    1/ ប្រាក់រង្វាន់ក្រុមជើងឯក (100លានរៀល)
    2/ ប្រាក់រង្វាន់ក្រុមរងជើងឯក (60លានរៀល)
    3/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ3 (30លានរៀល)
    4/ ប្រាក់រង្វាន់ក្រុមអាជ្ញាកណ្តាលល្អ (5លានរៀល)
    5/ ប្រាក់រង្វាន់ក្រុមទទួលបានហ្វ៊ែរផ្លេយ៍ (8លានរៀល)
    6/ ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ (3លានរៀល)
    7/ ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ (3លានរៀល)
    8/ ប្រាក់រង្វាន់គ្រូបង្វឹកល្អជាងគេ (3លានរៀល)
    9/ ប្រាក់រង្វាន់កីឡាករល្អជាងគេ (3លានរៀល)

    សម្រាប់ជយលាភីការប្រកួតពានរង្វាន់មិត្តហ្វូន ខេមបូឌាន លីក៖
    1/ ប្រាក់រង្វាន់ក្រុមជើងឯក (150លានរៀល)
    2/ ប្រាក់រង្វាន់ក្រុមរងជើងឯក (60លានរៀល)
    3/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ3 (50លានរៀល)
    4/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ4 (40លានរៀល)
    5/ ប្រាក់រង្វាន់ក្រុមអាជ្ញាកណ្តាលល្អ (8លានរៀល)
    6/ ប្រាក់រង្វាន់ក្រុមទទួលបានហ្វ៊ែរផ្លេយ៍ (8លានរៀល)
    7/ ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ (3លានរៀល)
    8/ ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ (3លានរៀល)
    9/ ប្រាក់រង្វាន់គ្រូបង្វឹកល្អជាងគេ (3លានរៀល)
    10/ ប្រាក់រង្វាន់កីឡាករល្អជាងគេ (3លានរៀល)

  • Rayong FC រំលាយកិច្ចសន្យាអ្នកចាំទីថ្មីរបស់ខ្លូនភ្លាមៗ ក្រោយភ័យពេកក្នុងការប្រកួតបើកឆាក

    Rayong FC រំលាយកិច្ចសន្យាអ្នកចាំទីថ្មីរបស់ខ្លូនភ្លាមៗ ក្រោយភ័យពេកក្នុងការប្រកួតបើកឆាក

    ក្លិបបាល់ទាត់ Rayong FC នៅលីកកំពូលថៃ បានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករចាំទី Outthilath Nammakhoth សញ្ជាតិឡាវហើយ ក្រោយពីអ្នកចាំទីសញ្ជាតិឡាវនេះ បានបង្កកំហុសជាច្រើនដងលើទីលានសម្រាប់ការបង្ហាញវត្តមានជាលើកដំបូងនៅលីកកំពូលរបស់ថៃ។

    ដោយសារតែរដូវកាលដោះដូរកីឡាករនៅលីកកំពូលថៃត្រូវបានបិទ ដូច្នេះក្លិបដែលមានមូលដ្ឋាននៅខេត្តRayong នៅតែផ្តល់ឳកាសឱ្យកីឡាករវ័យ​ 23ឆ្នាំរូបនេះនៅហ្វឹកហាត់ជាមួយក្លិបជាធម្មតា និងផ្តល់ប្រាក់ខែរហូតដល់ចប់ជើងទី1 នៃលីកកំពូលថៃទើបបើកផ្លូវឱ្យចាកចេញ។
    ងាកមកសាច់រឿងខាងណេះវិញ នៅក្រោយការបរាជ័យ 3-0 ទល់នឹង Muangthong United ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃពុធកន្លងទៅនេះ អតីតអ្នកចាំទីរបស់ក្លិបជើងឯកឡាវ Lao Toyota FC រូបនេះត្រូវបានអ្នកគាំទ្របាល់ទាត់ថៃមួយចំនួនធំ រិះគន់យ៉ាងខ្លាំងរហូតដល់គេហទំព័រកីឡាមួយចំនួនក្នុងស្រុកថៃសន្និដ្ឋានថា អាចមកពីកីឡាកររូបនេះបាត់បង់ម្ចាស់ការខ្លួនឯង​ និងភ័យខ្លាំងពេក បានជាបង្កកំហុសម្តងហើយម្តងទៀតបែបនេះ៕

  • ផ្ដល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ដល់​សហគ្រាសធុន​តូច និង​មធ្យម គឺជា​កម្លាំង ចលករដល់ការជំរុញ​កំណើនសេដ្ឋកិច្ច

    ផ្ដល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ដល់​សហគ្រាសធុន​តូច និង​មធ្យម គឺជា​កម្លាំង ចលករដល់ការជំរុញ​កំណើនសេដ្ឋកិច្ច

    ស្របទៅនឹង​ការទទូច​ចង់បាន​ពី​វិស័យ​ឯកជន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបង្ហាញ​ពី​ការគាំទ្រ និង​ជំរុញ​យ៉ាង​ពេញទំហឹង ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បណ្តា​សហគ្រាស​ធុន​តូច និង​មធ្យម ឬ SME មានលទ្ធភាព​រឹងមាំ​នៅក្នុង​ដំណើរការ​អាជីវកម្ម ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់ នៃ​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​កម្ពុជា ។

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ក្នុងការ​ថ្លែង​សារ ពិសេស​ជូន​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី24 កុម្ភៈ​ថា វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​នៅមាន​សក្ដានុពល​សម្រាប់​ភាព​រីកចម្រើន ដែល​ត្រូវតែមាន​ការលើកទឹកចិត្ត និង​ជំរុញ​គាំទ្រ​យ៉ាង​ចិត្ត​ទុកដាក់។ រដ្ឋាភិបាល​មាន​គោលបំណង​បំប្លែង SME ធ្វើជា​កម្លាំង​ជំរុញ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ​កាន់តែច្រើន​សម្រាប់​ប្រជាជន​កម្ពុជា និង​ផលិត​ទំនិញ​កាន់តែច្រើន ដើម្បី​ជំនួស​តម្រូវការ​នាំចូល​ទំនិញ​សម្រេច។

    សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា៖“រាជរដ្ឋាភិបាលមានបំណង ចង់​ប្រែក្លាយ​សហគ្រាស​ធុន​តូច និង​មធ្យម ឱ្យទៅជា​កម្លាំងចលករ ជំរុញ​កំណើនសេដ្ឋកិច្ច ផ្តល់​ការងារ​កាន់តែច្រើន​ដល់​ពលករ​កម្ពុជា និង​មានលទ្ធភាព​ផលិត​នូវ​ទំនិញ​កាន់តែច្រើន​ជំនួស​ឱ្យ​ការនាំ​ចូល”។

    សម្ដេច​បាន​មានប្រសាសន៍​បន្តទៀតថា ក្នុង​គោលដៅ​នេះ រដ្ឋាភិបាល​ដាក់ចេញ​នូវ​វិធានការ ដូចជា រៀបចំ​បង្កើត​គណៈកម្មាធិកា​រ សកម្មភាព​គោលនយោបាយ ដើម្បី​ជំរុញ និង​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​សមាជិក​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធសំខាន់ៗ នៅក្រោម​ការដឹកនាំ​ផ្ទាល់​របស់​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ហើយនឹង​ដាក់ចេញ​នូវ​វិធានការ​ជាក់ស្ដែង ពាក់ព័ន្ធ​នឹង​ការជំរុញ និង​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម តាមដាន​អនុវត្ត និង​ស្នើ​ចេញ​នូវ​វិធានការ​កែសម្រួល​តាម​កា​រ​ចាំបាច់។

    ខណៈពេល​ការអំពាវនាវ ដើម្បី​ជំរុញ​ផលិតកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម SME របស់​រដ្ឋ​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំនេះ ដោយ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាមរយៈ​ធនាគារ ដល់​សហគ្រាស​ធុន​តូច និង មធ្យម ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ដោយ​ធនាគារ​នោះ​ត្រូវបាន​រៀបចំឡើង ដើម្បី​ជួយ​សម្រួល​ដល់​ប្រាក់កម្ចី​ដែលមាន​ការប្រាក់​ទា​បស​ម្រា​ប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងការ​កែច្នៃ​ផលិតផល​កសិកម្ម និង​កែច្នៃ​ម្ហូបអាហារ។

    សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ធនាគារពាណិជ្ជ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ផ្តល់ប្រាក់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​វិស័យ​ផលិតកម្ម និង​សិប្បកម្ម ព្រោះ​ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ដែល​សម្បូរ​ទៅដោយ​វត្ថុធាតុដើម​ពី​កសិកម្ម។ យើង​ត្រូវ​ជំរុញ​ផលិតកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​យើង​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​សម្រាប់​ការនាំចេញ។ យើង​មិន​ត្រឹមតែ​ផ្តោតលើ​ការនាំចេញ​ផលិតផល​កាត់ដេរ​ប៉ុណ្ណោះ​ទេ។ យើង​ក៏ត្រូវ​បង្កើន​ការនាំចេញ​ផលិតផល​កែច្នៃ​ពី​កសិផល​ផងដែរ។

    នៅក្នុង​កិច្ច​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម រាជរដ្ឋាភិបាល​បាន​ជំ​រុញឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដាក់ឱ្យ​ដំណើរការ​នូវ​ធនាគារ​សម្រាប់​សហ​គ្រាស​ធុន​តូច និង​មធ្យម ឱ្យបាន​ឆាប់​ជាមួយនឹង​ការរៀបចំ​ជា​កម្មវិធី​ហិរញ្ញប្បទាន ពិសេស​គឺមាន​ទឹកប្រាក់​រហូតដល់ 50លាន​ដុល្លារ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ផ្តល់​កម្ចី​មានការ​ប្រាក់​ទាប ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ-ឧស្សាហកម្ម និង​វិស័យ​ឧស្សាហកម្ម ដើម្បី​អនុញ្ញាតឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងនោះ​មានលទ្ធភាព​ពង្រីក និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ខ្សែចង្វាក់​ផលិតកម្ម​របស់ខ្លួន ក្នុង​គោលដៅ​បង្កើត​ការងារ​បន្ថែម និង​ពង្រឹង​ភាព-​ប្រកួតប្រជែង។

    យោងតាម​របាយការណ៍​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានឱ្យដឹងថា សហគ្រាស​ធុន​តូច​ និង​មធ្យម និង​សិប្ប​កម្មបាន​ចុះបញ្ជី​ជា​ផ្លូវការ​ស្មើនឹង 41%។ ទន្ទឹមនឹងនេះ​ក្រសួង​ក៏បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​បង្កើត​បណ្ដុំ​សហគ្រាស​ធុន​តូច និង​មធ្យម(SME Cluster Zone)ចំនួន2 ដើម្បី​ប្រមូលផ្ដុំ​នូវ​បណ្ដុំ​មូលដ្ឋាន​ផលិតកម្ម ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម សំដៅ​ជំរុញ​ការផ្ទេរ​បច្ចេកវិទ្យា ការធ្វើ​ពិពិធ​កម្ម​មុខទំនិញ ការបង្កើត​គំនិត​ច្នៃប្រឌិត និង​ការបង្កើត​ថ្មី ការកាត់បន្ថយ​ថ្លៃដើម ការផ្ដល់​តម្លៃបន្ថែម​ខ្ពស់ ព្រមទាំង​ផ្ដល់ឱកាស​ដល់​សហគ្រាស​ទាំងអស់នោះ ទទួលបាន​ការលើកទឹកចិត្ត ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។ ជាពិសេស​បណ្ដា​ផលិតកម្ម កែច្នៃ​កសិផល ផលិតកម្ម​ម្ហូបអាហារ និង​ឧស្សាហកម្ម​ផលិត ផលិតផល​ជំនួស​ការនាំ​ចូល​ជាដើម។

    ផ្អែក​តាម​ទិន្នន័យ​ស្ថិតិ បាន​បែងចែក​សហគ្រាស​កម្មន្តសាល​ទៅតាម​ទំហំ ដោយ​យក​ចំនួន កម្លាំង​ពលកម្ម​ជា​មូលដ្ឋាន បានបង្ហាញ​ពី​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​មា​នល​ក្ខ​ណៈ​ចន្លោះប្រហោង ពុំមាន​ភាពរឹងមាំ ដូចជា​សហគ្រាស​ធុន​តូច ដែលមាន​ចំនួន​ច្រើន​លើសលប់ និង​សហគ្រាស​ធុន​មធ្យម​មាន​ចំនួន​តិចតួច ដែល​បង្ហាញ​ភាពទន់ខ្សោយ​ក្នុងការ​គាំទ្រ​ដល់​សហគ្រាស​ធុន​ធំ និង​មាន​លក្ខណៈ​ផុយស្រួយ។

    ការពឹង​អាស្រ័យ​ស្ទើរតែ​ទាំងស្រុង​លើ​សហគ្រាស​ខ្នាត​ធំ មិនមាន​ស្ថិរភាព 100%ទេ ឧទាហរណ៍​ក្នុងករណី​មានការ​បាត់បង់​រោងចក្រ​ធុន​ធំ​ចំនួន1 ឬ 2 នោះ គឺអាច​នឹង​ប៉ះពាល់​ដោយផ្ទាល់​ដល់​ស្ថានភាព​ទីផ្សារការងារ និង​កំណើនសេដ្ឋកិច្ច ព្រមទាំង​ងាយ​នឹង​បាត់បង់​ភាព​ប្រកួតប្រជែង​ទៀតផង។

    យោងតាម​ស្ថិតិ​បែងចែក​ទំហំ​សហគ្រាស​កម្មន្តសាល​តាម​ចំនួន​កម្លាំង​ពលកម្ម បាន​បង្ហាញថា៖ សិប្បកម្ម​ធុន​តូច ឬ​សហគ្រាស​ធុន​មីក្រូ(កម្លាំង​ពលកម្ម​ពី 1-10នាក់)ស្មើនឹង 97.3 % សហគ្រាស​ធុន​តូច(11-50នាក់) និង​ធុន​មធ្យម(51-100នាក់)ស្មើនឹង 2.2% និង​សហគ្រាស​ធុន​ធំ​ដែលមាន​កម្លាំង​ពលកម្ម​ចាប់ពី 101នាក់​ឡើងទៅ​ស្មើ 0.6%។ ក្នុងនោះ​សហគ្រាស​កម្មន្តសាល មាន​ដល់​ទៅ 91.7%។

    បើ​គិត​ជា​កម្លាំង​ពលកម្ម​វិញ ឧស្សាហកម្ម​ធុន​ធំ​បាន​ស្រូបយក​ដល់​ទៅ 63.3% ធុន​មីក្រូ(តូច​បំផុត)ស្រូបយក 29.3% និង​សហគ្រាស​ធុន​តូច និង​មធ្យម​សូម​ស្រូបយក 7.4%។ ប៉ុន្តែ បើ​គិតពី​ផលរបរ​វិញ សហគ្រាស​ធុន​ធំ​បង្កើតបាន​រហូតដល់​ទៅ 76% ចំណែក​សហគ្រាស​ធុន​មីក្រូ បង្កើត​បានតែ 12%ប៉ុណ្ណោះ គឺ​ស្មើនឹង​សហគ្រាស​ធុន​តូច និង​មធ្យម។ ចំពោះ​សហគ្រាស​ក្រៅផ្លូវការ សហគ្រាស​ធុន​មីក្រូ​ទាំងអស់​មាន 98.64% សហគ្រាស​ធុន​តូច​មាន 62.83% សហគ្រាស​ធុន​មធ្យម​មាន 28.57% និង​សហគ្រាស​ធុន​ធំ​មាន 7.04% មិនបាន​ចុះបញ្ជី​ផ្លូវការ។

    អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​សម្ដែង​ការ​សាទរ​ទៅនឹង​គោលនយោបាយ​គាំទ្រ​របស់​រដ្ឋាភិបាល មកលើ​វិស័យ​ឯកជន​ដែល​កំពុង​តែមាន​ភាព​ប្រឈម។

    លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា៖“ការជួយ​សម្របសម្រួល​ពី​សំណាក់​រដ្ឋាភិបាល ជាពិសេស​ការផ្ដល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប គឺ​សុទ្ធតែជា​ចំណុច​សំខាន់ ដែល​វិស័យ​ឯកជន​ចង់បាន”។

    លោក​ឧកញ៉ា​បន្តថា៖“គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល ដែល​បាន​ដាក់ចេញ​ខាងលើនេះ គឺជា​ក្ដី​ប្រាថ្នា​របស់​វិស័យ​ឯកជន​ជា​យូរណាស់​មកហើយ ដែល​នេះ​ជាការ​លើកទឹកចិត្ត​យ៉ាងខ្លាំង ក្នុង​ការជំរុញឱ្យ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​មានឱកាស ក្នុងការ​បង្កើន​ផលិតភាព​របស់ខ្លួន ដើម្បី អាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ”។

    បន្ថែម​ពីនេះ​ទៀត មាន​បណ្តា​សហគ្រិន​ជាច្រើនចង់បាន​ច្បាប់​សម្របសម្រួល​បន្ថែម ទៅលើ​គោលនយោបាយ SME ប្រមូលផ្តុំ ដូចជា​ការលើកលែង​ពន្ធការកាត់បន្ថយ​តម្លៃ​អគ្គិសនី ក៏ដូចជា​ការជួយ​សម្រួល​ទៅលើ​កិច្ចដំណើរការ​ឯកសារផ្សេងៗ ដូចគ្នា​ទៅនឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​ផងដែរ។ ទាំងអស់នេះ​សុទ្ធតែជា​ចំណុច​សំខាន់​សម្រាប់​វិស័យ​ឯកជន ក៏ដូចជា​សហគ្រាស​ធុន​តូច និង​មធ្យម។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧកញ៉ា​លឹម ហេង។

    នៅក្នុង​សេចក្តីប្រកាស​មួយ ក្រសួង​បាន​និយាយថា អត្ថប្រយោជន៍​នឹងត្រូវ​ផ្តល់​ដល់​អ្នក​ដែល​ស្ថិតក្នុង​វិស័យ​អាទិភាព​ចំនួន6 គឺ​កសិកម្ម និង​ផលិតកម្ម​ កសិកម្ម, ផលិតកម្ម និង​ការកែច្នៃ​អាហារ, ផលិតកម្ម នៃ​ផលិតផល​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក, កែច្នៃ​សំរាម និង​ផលិតផល​សម្រាប់​ទេសច​រណ៍, ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ព័ត៌មាន​បច្ចេកវិទ្យា។

    អត្ថប្រយោជន៍ គឺ​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រហូតដល់ 5ឆ្នាំ ការលើកលែង​ការ​កាត់​ពន្ធ​រហូតដល់ 5ឆ្នាំ និង​ការលើកទឹកចិត្ត​លើ​ការចំណាយ​កាត់​ពន្ធ។ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ចំណូល​ពន្ធ សហគ្រាស​ធុន​តូច និង​មធ្យម​ថ្មី ត្រូវ​ចុះឈ្មោះ​នៅ​រដ្ឋបាល​សារពើពន្ធ ហើយ​សហគ្រាស ធុន​តូច និង​មធ្យម​ដែល​បាន​ចុះបញ្ជី ត្រូវបាន​ស្នើសុំ​ឱ្យធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អាជីវកម្ម​របស់​ពួកគេ។

    ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាននិងកំពុង​ធ្វើការ​លើកទឹកចិត្ត ដល់​អ្នក​ដែល​ដំណើរការ​សហគ្រាស​ធុន​តូច និង​មធ្យម ក្រៅផ្លូវការ ឱ្យមក​ចុះឈ្មោះ និង​ចូល​ជា​ផ្លូវការ។ ទាំងអស់នេះ​នឹង​អនុញ្ញាតឱ្យ​អាជីវកម្ម​ទាំងនោះ​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​គាំទ្រ​របស់​រដ្ឋាភិបាល និង​ជួយ​សហគ្រាស​ធុន​តូច និង​មធ្យម​តាមរយៈ​សេវាកម្ម​ហិរញ្ញវត្ថុ​ទៀតផង៕

  • ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ

    ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ

    រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​គម្រោង Financial Management Information Systems ហៅ​កាត់​ថា FMIS ឬ​គម្រោង​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ជា​ផ្លូវការ​នៅ​ក្រសួង-ស្ថាប័ន​ចំនួន17 និង​អង្គភាព​
    ថវិកា​ដែលជា​ឤ​ណា​ប័ក ផ្ទេរសិទ្ធិ​ពេញលេញ​ចំនួន13 កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ2020 នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន ឱ្យដឹងថា ការដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ FMIS ដល់​ក្រសួងស្ថាប័ន​ទាំង17 គឺជា​ប្រវត្តិសាស្រ្តថ្មី នៅក្នុង ដំណើរការ​អនុវត្តន៍​គម្រោង FMIS ដែល​ក្រសួង-ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​ប្រព័ន្ធ​មួយ​នេះ​ប្រកបដោយ​ភាពជឿ​ទុកចិត្ត និង​មាន​គុណភាព​ខ្ពស់​ក្នុងការ​គ្រប់គ្រង​ការអនុវត្ត​ចំណូល-ចំណាយ​ថវិកាជាតិ និង​ឤ​ច​ឈានទៅ​ក្តាប់​យក​កាលានុវត្តភាព​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី4 និង​សក្តានុពល​នៃ​សេដ្ឋកិច្ច​ឌីជីថល​ទៀតផង។

    ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​រដ្ឋលេខាធិការ បាន​មានប្រសាសន៍​ឱ្យដឹងថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ដើរតួ​ជា​ស្ថាប័ន​នាំមុខ និង​ដំបូង​គេ​ក្នុងការ​អនុវត្ត​នីតិវិធី​តម្រង់ទិស​ថ្មី​តាម​ប្រព័ន្ធ FMIS ទាំងស្រុង​នៅក្នុង​ឆ្នាំ2020 នេះ។ ដោយ​ចាប់ផ្ដើម​ពី​នីតិវិធី​ទូទាត់​ចំណាយ​បៀវត្សរ៍​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​ការទូទាត់​ត្រង់​ទៅកាន់​នីតិវិធី​អនុវត្តន៍​ការងារផ្សេងៗទៀត ដែល​ផ្សារភ្ជាប់​នឹង​ការប្រើប្រាស់​ប្រព័ន្ធ FMIS រួម​ជាមួយនឹង​ការគិតគូរ កាត់​សម្រួល​លើ​ឯកសារ​ភ្ជាប់​ជា​ក្រដាស (Hard Copy) និង​បន្ត​ពង្រីក​ទៅកាន់​ក្រសួង-ស្ថាប័ន​ជា​បន្តបន្ទាប់។

    ឯកឧត្តម​បាន​បន្តថា ម្យ៉ាងទៀត​ការប្រមូល​ធាតុ​ចូល​គន្លឹះ​បន្ថែម​ពី​ក្រសួង-ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍន៍​លើ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​តម្រង់ទិស​នីតិវិធី​អនុវត្តន៍​ការងារ​ឆ្នាំ2020-2025 ឱ្យ​កាន់តែ​ល្អ និង​គ្រប់​ជ្រុងជ្រោយ និង​បន្ស៊ី​គ្នា​ជាមួយនឹង​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការផ្លាស់ប្តូរ​ប្រកបដោយ​ភាព​ប្រទាក់ក្រឡា​គ្នា មុននឹង​អនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ឆ្នាំ2020 ដែល​នេះ​ជា​ជំហាន​មួយ​ថ្មី​ទៀត រួមចំណែក​ដល់​ការសម្រេចបាន​គោលដៅ​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋ​កិច្ច​ឌីជីថល និង​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី4 ដែល​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី4។

    ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​បាន​គូសបញ្ជាក់​ពី​តួនាទី​សំខាន់​របស់​ប្រព័ន្ធ FMIS ក្នុង​ការជួយ​ពង្រឹង​ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និង​គាំទ្រ​ដល់​ការគ្រប់គ្រង និង​តាមដាន​ការអនុវត្ត​ថវិកា និង​ហិរញ្ញវត្ថុ  ស្រប​ពេលដែល​គ្រប់​ក្រសួង-ស្ថាប័ន​ទាំងអស់ ត្រូវបាន​ដាក់ឱ្យអនុវត្ត​ថវិកា​កម្មវិធី និង​ការបង្កើត​អង្គភាព​ថវិកា ជាពិសេស​គាំទ្រ​ដល់​ដំណើរ​ឆ្ពោះទៅ​ដំណាក់កាល​ទី4 នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​គឺ គណនេយ្យភាព សមិទ្ធកម្ម​នៅ​ឆ្នាំ2021 ខាងមុខនេះ។

    ឯកឧត្តម​បានបញ្ជាក់​ទៀតថា ប្រព័ន្ធ FMIS នេះគាំទ្រ​ដល់​ការទូទាត់​ថវិកា​តាម​អេ​ឡិ​ច​ត្រូ​និក ការធ្វើ​សន្ធានកម្ម​ក្នុងការ​ផ្លាស់ប្តូរ​ទិន្នន័យ​ពី​ប្រព័ន្ធ​ខាងក្រៅ​ដោយ​ស្វ័យប្រវត្តិ ការលើកកម្ពស់​គុណភាព​នៃ​ការផលិត​របាយការណ៍ និង​ការទាញយក​របាយការណ៍​តាម​តម្រូវការ​ចាំបាច់​របស់​ក្រសួងសាមីនីមួយៗ និង​ធ្វើឱ្យ​ការប្រើប្រាស់​ប្រព័ន្ធ FMIS ក្លាយជា​ប្រព័ន្ធ​តែមួយគត់​ដែល​គាំទ្រ​ដោយផ្ទាល់​ទៅលើ​ការអនុវត្ត​កម្មវិធី​គន្លឹះ​នានា​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ហើយ​និង​រួមចំណែក​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ប្រែ​ក្លាយទៅជា​រដ្ឋាភិបាល​ឌីជីថល ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​បរិការណ៍​បដិវត្តន៍​ឧស្សាហកម្ម​ទី4។

    សូមបញ្ជាក់ថា ប្រព័ន្ធ FMIS បានធ្វើ​សន្ធានកម្ម​ផ្លាស់ប្តូរ​ទិន្នន័យ​ជាមួយ​ប្រព័ន្ធ​ចំណូល​ពន្ធគយ និង​រដ្ឋាករ​កាលពី​ឆ្នាំ2016។ រហូតមកទល់​បច្ចុប្បន្ន ប្រព័ន្ធ​នេះ​ក៏បាន​ធ្វើ​សន្ធានកម្ម​ផ្លាស់ប្តូរ​ទិន្នន័យ​ដោយ​ស្វ័យប្រវត្តិ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា រួមទាំង​ធនាគារពាណិជ្ជ​ចំនួន5 ដែលជា​ដៃគូ​របស់​អង្គភាព​នៃ​រាជរដ្ឋាភិបាល ក្នុងការ​ចូលរួមចំណែក​ផ្តល់​សេវាសាធារណៈ ផ្តល់​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​បង់ពន្ធ ជូន​រាជរដ្ឋាភិបាល​បាន​ទាន់ពេលវេលា និង​សម្បូរបែប។

    ការធ្វើ​សន្ធានកម្ម​ជាមួយ​ធនាគារពាណិជ្ជ​ដៃគូ​ទាំងនេះ គឺ​ដើម្បី​ទទួលបាន​នូវ​ទិន្នន័យ​របាយការណ៍ ធនាគារ​ដោយ​ស្វ័យប្រវត្តិ ដែល​បាន​ជួយ​សម្រួល​ក្នុងការ​កាត់បន្ថយ នូវ​ការងារ​កត់ត្រា​របស់​ម​ន្ត្រី​រាជការ និង​បង្កើនបាន​នូវ​ស្វ័យប្រវត្តិកម្ម ភាព​សុក្រឹត និងភាព​ទាន់ពេលវេលា​នៃ​ទិន្នន័យ​ហិរញ្ញវត្ថុ​សាធារណៈ​ផងដែរ នៅក្នុង​ប្រព័ន្ធ FMIS។

    ជាមួយគ្នានេះ នៅពេល​ខាងមុខ ប្រព័ន្ធ​នឹងធ្វើ​សន្ធានកម្ម​ផ្លាស់ប្តូរ​ទិន្នន័យ​បន្ថែមទៀត ជាមួយ​ប្រព័ន្ធ​ពន្ធដារ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ និង​ប្រព័ន្ធគ្រប់គ្រង​បៀវត្សរ៍​មន្ត្រីរាជការ​ស៊ីវិល​របស់​ក្រសួង​មុខងារសាធារណៈ។

    ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​បានផ្តល់​ការលើកទឹកចិត្ត និង​គូសបញ្ជាក់​អំពី​ចំណុចសំខាន់ៗមួយចំនួន​ដល់​អ្នកចូលរួម​មកពី​ក្រសួង-ស្ថាប័ន ក្នុង​ការបន្ត​កិច្ចសហការ​អនុវត្ត​គម្រោង FMIS ក្នុង នោះ​រួមមាន៖

    1- អគ្គនាយកដ្ឋានគន្លឹះៗនៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​បន្ត​ចូលរួម​ប្រកបដោយ​បុ​រេ សកម្ម​ក្នុង​ការជួយ​តម្រង់ទិស និង​គាំទ្រ​ដល់​អ្នកប្រើប្រាស់ថ្មីៗក្នុង​ប្រព័ន្ធ​FMIS ជួយ​ផ្សព្វផ្សាយ និង​ផ្តល់​ការណែនាំ​ឱ្យបាន​ទូលំទូលាយ អំពី​ការផ្សារភ្ជាប់​រវាង​ការអនុវត្ត​ថវិកា និង​ការប្រើប្រាស់​ប្រព័ន្ធ​ព្រមទាំង​នីតិវីធី​អនុវត្ត​ថវិកា និង​ការពង្រឹង​គណនេយ្យភាព​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅក្នុង​ប្រព័ន្ធ FMIS។

    2- ក្រសួង-ស្ថាប័ន​ដែល​ប្រើប្រាស់​ប្រព័ន្ធ FMIS ត្រូវ​បន្ត​បង្កើន​សមត្ថភាព​ជំនាញ ទាំង​ជំនាញ​ហិរញ្ញវត្ថុ​សាធារណៈ និង​ជំនាញ​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ FMIS ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​ភាពជា​ម្ចាស់​ក្នុងការ​គ្រប់គ្រង​ថវិកា និង​ហិរញ្ញវត្ថុ​របស់ខ្លួន តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ FMIS។

    3- ក្រសួង-ស្ថាប័ន និង​អង្គភាព​ទាំងអស់​ដែល​ប្រើប្រាស់​ប្រព័ន្ធ FMIS ត្រូវធ្វើ​ការត្រួតពិនិត្យ មុខងារ និង​តួនាទី​របស់​មន្ត្រីម្នាក់ៗ រចនាសម្ព័ន្ធ​ការងារ​ផ្ទៃក្នុង និង​កំណត់​នូវ​កម្រិត​ហានិភ័យ​នៃ​ប្រភេទ​ប្រតិបត្តិការ​អនុវត្តន៍​ថវិកា និង​ហិរញ្ញវត្ថុ​ជាបណ្តើរៗដើម្បី​ត្រៀមខ្លួន​សហការ​ជាមួយ​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS ក្នុង​ការរៀបចំ​នីតិវិធី​តម្រង់ទិស​ថ្មី ស្របតាម​ផែនការ​តម្រង់ទិស​នីតិវិធី​អនុវត្តន៍​ការងារ (Business Processes Streamlining)។

    4- អ្នកប្រើប្រាស់​ប្រព័ន្ធ​FMIS ទាំងអស់ ត្រូវ​ចូលរួម​ពង្រឹង​គណនេយ្យភាព​នៃ​ការប្រើប្រាស់ ប្រព័ន្ធ FMIS ដោយ​ធ្វើការ​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​លើ​ទិន្នន័យដែល​បាន​កត់ត្រា​ចូលក្នុង​ប្រព័ន្ធ FMIS និង​ប្រើប្រាស់​ព័ត៌មាន​ពី​ប្រព័ន្ធ FMIS ជា​គោល សម្រាប់​ការគ្រប់គ្រង និង​អនុវត្តន៍​ថវិកា តាមរយៈ​ការវិភាគ តាមដាន ត្រួតពិនិត្យ និង​ការរៀបចំ​របាយការណ៍​នានា​ស្តីអំពី​ឥណទាន ថវិកា និង​ការអនុវត្ត​ថវិកា។

    សូមបញ្ជាក់ថា គោលបំណង​សំខាន់​នៃ​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ(FMIS) គឺ​ដើម្បី​ដាក់ជូន​ក្រសួង-ស្ថាប័ន​ជា​ផ្លូវការ និង​ការចែករំលែក​បទពិសោធ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុង​ប្រព័ន្ធ FMIS៕