អ្នកស្រី Dolores Aveiro ដែលជាម្តាយបង្កើតរបស់កីឡាករបាល់ទាត់ដ៏ល្បី Christiano Ronaldo ត្រូវបានគេរាយការណ៍ថា ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Madeira ក្នុងប្រទេសព័រទុយហ្គាល់ ភ្លាមៗ បន្ទាប់ពីអ្នកស្រីមានអាការគាំងបេះដូងទាន់ហន់។
ក្រោយពីទៅដល់មន្ទីរពេទ្យ អ្នកស្រីត្រូវបានវេជ្ជបណ្ឌិតបន្ធូរស្ថានការណ៍មករកភាពប្រក្រតីវិញបានទាន់ពេលវេលា ដោយសារតែការប្រញាប់បញ្ជូនមកមន្ទីរពេទ្យបានលឿនហ្នឹងឯង។
គួរបញ្ជាក់ផងដែរថា អ្នកស្រី Dolores Aveiro ត្រូវបានលោកវេជ្ជបណ្ឌិតប្រាប់ថា ត្រូវទទួលការមើលថែទាំឱ្យបានដិតដល់បន្តិច ព្រោះអីអ្នកស្រីមានសភាពទន់ខ្សោយខាងផ្នែកបេះដូង និងរាងកាយខ្លាំង ដោយសារតែអ្នកស្រីធ្លាប់ឆ្លងកាត់ការវះកាត់ជំងឺមហារីកសុដន់ ដែលធ្វើឱ្យអ្នកស្រីមិនមានសុខភាពដូចមនុស្សធម្មតា៕
Category: សង្គម និងសេដ្ឋកិច្ច

ម្តាយរបស់ Ronaldo គាំងបេះដូង ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់

កីឡាករ Juventus រួមទាំង Ronaldo ផង ត្រូវគ្រូពេទ្យយកទៅធ្វើតេស្តរកមេរោគវីរុសកូរ៉ូណា
កាលពីម្សិលមិញនេះ ក្លិបបាល់ទាត់Juventus បានបញ្ចូនសមាជិករបស់ខ្លួនជាច្រើន ទៅធ្វើតេស្តពិនិត្យរកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដែលក្នុងនោះក៏មានកីឡាករជម្រើសជាតិព័រទុយហ្គាល់ព័រទុយហ្គាល់ Christiano Ronaldo ម្នាក់ដែរ។

សូមរំឭកថា សមាជិកក្រុម U23 របស់ Juventus ទាំងអស់ដែលបានលេងជាមួយក្រុម Pianese កាលពីពេលកន្លងទៅ ពេលនេះពួកគេត្រូវបានតម្រូវឱ្យសម្រាកនៅក្នុងផ្ទះ មិនឱ្យចាកចេញទៅណាឡើយ។ រហូតដល់សប្តាហ៍ក្រោយ ប្រសិនបើមិនមានអ្វីកើតឡើង ឬគ្មានបង្ហាញអាការរោគអ្វី ទើបអាចឱ្យចាកចេញទៅណាមកណាបាន។ហើយរហូតមកដល់ពេលនេះ គ្មានកីឡាករណាម្នាក់ក្នុងក្រុម Juventus ត្រូវបានរកឃើញថា មានរោគសញ្ញានៃវីរុស Covid-19 នោះទេ ប៉ុន្តែការហាមឃាត់នេះ នឹងត្រូវបន្តធ្វើ រហូតដល់មានការជូនដំណឹងជាថ្មី៕

ជំរុញដល់កសិករកម្ពុជា បង្កើនការដាំដំណាំសុវត្ថិភាព បំពេញទីផ្សារក្នុងស្រុក
ពីពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ2020 កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញដល់កសិករកម្ពុជា បង្កើនការផលិតបន្លែ គ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក កាត់បន្ថយការបន្លែគីមីនាំចូលពីបរទេស និងដើម្បីបម្រើដល់ភ្ញៀវទេសចរដែលមកស្នាក់នៅ និងកម្សាន្តនៅកម្ពុជា។
ការថ្លែងសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងដើម្បីក្រើនរំឭកដល់ក្រសួងកសិកម្មក្នុងការពង្រឹងសមត្ថភាពកសិករបង្កើនការដាំដុះដំណាំ និងចិញ្ចឹមបសុសត្វផ្សេងៗគ្នា ដើម្បី ឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល“យើងត្រូវតែលើកទឹកចិត្ត ប្រជាជនរបស់យើងឱ្យដាំដុះដំណាំ ដោយមិនប្រើសារធាតុគីមីនិងកាត់បន្ថយការនាំចូលពីក្រៅប្រទេស ដែលខ្លះមានផ្ទុកជាតិគីមី”។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ត្រូវបំផុសឱ្យប្រជាពលរដ្ឋរបស់យើង ដាំដុះនូវបន្លែបង្ការដែលគ្មានប្រើប្រាស់សារធាតុគីមី ហើយកាត់បន្ថយការនាំចូល ពីប្រទេសក្រៅដែលមានការប្រើប្រាស់ជាតិគីមី ជាវិធានការដែលយើងត្រូវប្រកាន់យក ជំរុញការដាំដុះក្នុងស្រុក ហើយជំរុញចូលទីផ្សារ ដែលទីផ្សាររបស់យើងមិនសំដៅតែនាំចេញទៅក្រៅទេ សព្វថ្ងៃនេះទេសចររបស់យើងប្រើប្រាស់ទំនិញមកពីខាងក្រៅ រាប់ទាំងបន្លែបង្ការ។ យើងត្រូវពង្រឹងសមត្ថភាពដាំដុះរបស់កសិករយើង ទាំងការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់តាមសណ្ឋាគារ ដែលនេះជាផ្នែកមួយនៃការនាំចេញនៅនឹងកន្លែង ដោយមិនចំណុះទៅលើទីផ្សារខាងក្រៅទេ”។
ពាក់ព័ន្ធវិស័យកសិកម្មបម្រើដល់វិស័យទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានតែសំបកទេសចរណ៍ ដោយសារតែផលិតផលដែលសម្រាប់ផ្គត់ផ្គង់ជូនភ្ញៀវទេសចរ កម្ពុជាត្រូវនាំចូលពីបរទេស ដូច្នេះធ្វើឱ្យកម្ពុជាខាតបង់តម្លៃយ៉ាងច្រើន។

ស្ពៃក្តោបរបស់កសិករខ្មែរដាក់លក់ក្នុងផ្សារទំនើប សូមជម្រាបថា អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃនេះ កម្ពុជាមានតម្រូវការបន្ថែមចំនួនប្រមាណ 573តោន ក្នុង1ថ្ងៃ ដែលចំនួននេះ កសិករកម្ពុជាអាចផលិតបានប្រមាណ 400តោន និងសល់ពីនេះនាំចូល 170តោន ពីប្រទេសវៀតណាម ថៃ និងចិន។
កាលពីឆ្នាំមុនប្រទេស កម្ពុជា បានប្រើប្រាស់បន្លែ 500តោន ក្នុង 1 ថ្ងៃ ដែលចំណាយប្រចាំថ្ងៃនៅចន្លោះពី 200 ,000ដុល្លារ ទៅ 300,000 ដុល្លារ។ កម្ពុជាក៏ត្រូវបានប៉ាន់ប្រមាណថា បាននាំចូលផ្លែឈើ និងបន្លែមានតម្លៃជាង 300 លានដុល្លារ ក្នុង1 ឆ្នាំផងដែរ ក្នុងអំឡុង2-3ឆ្នាំមុន។
ថ្មីៗនេះក្រសួងកសិកម្ម បានដាក់ឱ្យដំណើរការសាកល្បង “ផ្សារកសិកម្មកម្ពុជា” ជាកម្មវិធីចល័តមួយដែលតភ្ជាប់កសិករ ជាមួយអ្នកទិញដ៏មានសក្ដានុពល និងផ្ដល់ឱ្យពួកគេនូវលទ្ធភាពទទួលបានព័ត៌មានទីផ្សារកសិកម្មសំខាន់។
អ្នកស្រី តុងចាន់ធាង នាយិកាប្រតិបត្តិនៃអង្គការសេដាក បានមានប្រសាសន៍ថា“ក្នុងនាមអង្គការ ដែលធ្វើការនៅក្នុងវិស័យអភិវឌ្ឍន៍កសិកម្មនេះ គឺយើងសាទរវិធានការកាត់បន្ថយការនាំចូលអាហារ បន្លែដែលផ្ទុកសារធាតុគីមី។ ចំពោះវិធានការរបស់រាជរដ្ឋាភិបាលនេះ បើត្រូវបានអនុវត្តតាមអ្វីដូចសម្តេចលើកឡើងមែន ហើយខ្ញុំជឿជាក់ថា ប្រជាកសិករក្នុងស្រុកយើង ក៏ដូចជាអ្នកបរិភោគនៅក្នុងប្រទេសយើងក៏សាទរដូចគ្នា”។
បើតាមអ្នកស្រី តុង ចាន់ធាង បានឱ្យដឹងថាមកដល់បច្ចុប្បន្ននេះនិន្នការដាំដុះបន្លែ និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋក្នុងស្រុក មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសបន្ទាប់ពីមានគម្រោងគាំទ្រពីក្រសួងកសិកម្ម, គម្រោងពីដៃគូអភិវឌ្ឍន៍ និងពីបណ្តាអង្គការសង្គមស៊ីវិលនានា។
ក៏ប៉ុន្តែបញ្ហាក្នុងវិស័យកសិកម្មនៅតែកើតមាន ជាក់ស្តែងលោក ស៊ឿន សាំងទី ព្រមលក់ប៉េងប៉ោះរបស់ខ្លួនក្នុងតម្លៃ 300រៀលក្នុង1គីឡូក្រាមប៉ុន្តែតម្លៃនេះនៅតែគ្មានអ្នកបញ្ជាទិញទៀត រហូតដល់ប៉េងប៉ោះទាំងនោះ ត្រូវបានទុំរលួយចោលពេញចម្ការអស់ប្រមាណ 2តោន។

ផ្លែប៉េងប៉ោះទើបប្រមូលផលបាន ចម្ការប៉េងប៉ោះ របស់លោក សឿន សាំងទី ស្ថិតនៅក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នអាចផ្គត់ផ្គង់ប៉េងប៉ោះឱ្យទីផ្សារបានពី 300 ទៅ 400គីឡូក្រាម ក្នុង1ថ្ងៃ ជាមួយតម្លៃចន្លោះពី300-500រៀល។ ថ្វីបើតម្លៃប៉េងប៉ោះនេះ ថោកជាងសព្វដងដែលមានតម្លៃពី700ទៅ1000រៀលក្នុង1គីឡូក្រាមក្តី ប៉ុន្តែនៅតែគ្មានឈ្មួញចុះមកទិញ។
ស្រដៀងគ្នានេះដែរ កសិករនៅខេត្តបាត់ដំបង ក៏បានត្អូញត្អែរពីចម្ការស្ពៃក្ដោបប្រមាណ 50តោន ដែលទទួលបានទិន្នផលដល់ពេលល្មមលក់ចេញ ប៉ុន្តែបែរជាគ្មានទីផ្សារលក់ទៅវិញ។ សូម្បីលក់ក្នុងតម្លៃដើមតែ 300-500 រៀល ក្នុង1គីឡូក្រាម ប៉ុន្តែនៅតែគ្មានទីផ្សារចេញដដែល។
លោកវ៉ាន់ អៀនប្រធានសហគមន៍ត្រសក់ផ្អែម សៀមរាបមានជ័យបានប្រាប់ឡារ៉ែនថា៖“មិនដឹងជាគាត់ស្ថិតក្នុងសហគមន៍ណាមួយ ឬគាត់ដាំជាបុគ្គល ហើយដំណាំនោះជាដំណាំសុវត្ថិភាព ឬទេ? ព្រោះថាបើជាសហគមន៍មិនភ័យរឿងទីផ្សារទេ ហើយដំណាំគឺពិតជាដំណាំសុវត្ថិភាព។ ខ្ញុំនឹងទាក់ទងជួយ តែខ្ញុំគិតថាអាចមានសហគមន៍ជិតក្បែរគាត់ជួយហើយ”។
សម្រាប់កសិករនៅខេត្តបាត់ដំបងត្រូវបានក្រុមហ៊ុន Natural Agriculture Village ជួយរកទីផ្សារឱ្យហើយ ដោយបានបញ្ជាក់ពីស្តង់ដាបន្លែសុវត្ថិភាពអនុវត្តកសិកម្មល្អរបស់ព្រះរាជាណាចក្រកម្ពុជាយើង មានការបញ្ជាក់គុណភាព (Certified) និង QR Code អាចស្គាល់ដល់អ្នកដាំនិងទីកន្លែងបានភ្លាមៗ (Logo មួយមានសុពលភាពតែ៧ថ្ងៃទេ)។ នេះបើតាមការផ្សព្វផ្សាយលើហ្វេសប៊ុករបស់ក្រុមហ៊ុន។
តាមរយៈក្រុមហ៊ុនបន្លែធម្មជាតិ Natural Agriculture Village បានប្រើប្រាស់ QR កូដលើផលិតផលដែលធ្វើឱ្យអតិថិជនអាចដឹងពីប្រភពផលិតផល ដើម្បីធានាសុវត្ថិភាពស្របនឹងគោលការណ៍រាជរដ្ឋាភិបាលក្នុងការផ្ដល់សុវត្ថិភាពស្បៀងអាហារដល់អតិថិជន។

កសិករដាំស្ពៃក្តោបរកទីផ្សារបានហើយ លោកស្រីមានប្រសាសន៍ថា៖ “អតិថិជនអាចកំណត់ប្រភពដើមនៃបន្លែ និងអ្នកដាំដុះ។ វានឹងបង្ហាញថា តើវាមានសុវត្ថិភាព ឬមិនមានសុវត្ថិភាព នៅពេលអតិថិជនស្កែន QR កូដអតិថិជនអាចទិញបន្លែសុវត្ថិភាពនៅតាមស្ដង់នៅក្នុងផ្សារ អុីអន ខណ្ឌសែនសុខ ដោយក្រុមហ៊ុនរបស់ខ្ញុំ បានផ្គត់ផ្គង់បន្លែជាមធ្យមចន្លោះពី 300 ទៅ400 តោនក្នុង1 ថ្ងៃលើទីផ្សារ”។
លោកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុន Natural Agriculture Village បានឱ្យដឹងថានៅពេលថ្មីៗនេះនាយកដ្ឋានកសិកម្ម បានចេញវិញ្ញាបនបត្រដល់កសិករ 42នាក់នៅក្នុងខេត្តមួយចំនួនដែលរួមមានខេត្តកណ្ដាល បាត់ដំបង សៀមរាប ត្បូងឃ្មុំ កំពង់ឆ្នាំង ព្រៃវែង និងបន្ទាយមានជ័យ។ លោកស្រីបញ្ជាក់ថា៖ “ក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងជាមួយកសិករទាំងនោះដែលសន្យាថា នឹងទិញបន្លែពីពួកគេក្នុងតម្លៃប្រហែល2,000 រៀល ក្នុង 1គីឡូក្រាម”។
ក្រុមហ៊ុននេះបានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា មានកសិករជាង400 នាក់បានចុះកិច្ចព្រមព្រៀងជាមួយ Green Gold ជាក្រុមហ៊ុនចែកចាយក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ការអនុវត្តកសិកម្មល្អដល់ផ្សារឡាក់គី ផ្សារ Makro ផ្សារអុីអន និងទីផ្សារក្នុងស្រុកមួយចំនួនទៀតដែលរួមមានផ្សារធំថ្មី ផ្សារដើមគ ផ្សារដេប៉ូ និងផ្សារទួលទំពូង។
លោកស្រី ប៊ុន សៀង និងជាសមាជិករបស់ក្រុមហ៊ុន Green Gold បានបង្ហាញប្រាប់ដែរថា កសិករដែលផលិតបន្លែសុវត្ថិភាពតាមរយៈការអនុវត្តកសិកម្មល្អ នឹងមាន QR កូដនៅលើផលិតផលពួកគេ ដែលផ្ដល់ដោយក្រុមហ៊ុន របស់លោកស្រី និងនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម៕

តើអ្នកប្រាកដចិត្តទេថាអ័រម៉ូនក្នុងរាងកាយអ្នកមានគ្រប់ធម្មតា?
អ័រម៉ូន គឺជាសារធាតុគីមីដែលផលិតចេញពីក្រពេញនានានៅក្នុងរាងកាយ វាធ្វើតួនាទីជាអ្នកនាំដំណឹងផ្សេងៗទៅប្រាប់កោសិកា ឬអវៈយាវៈផ្សេង ដែលកំពុងធ្វើការ។ ដូច្នេះហើយ បរិមាណអ័រម៉ូនក្នុងប្រភេទនីមួយៗ នឹងត្រូវបែងចែកខុសៗគ្នា ហើយផ្លាស់ប្ដូរបានដោយងាយដូចគ្នា៖
• សភាវរាងកាយដូចជា ការមករដូវប្រចាំខែ ឬការផ្លាស់ប្ដូររាងកាយ ចូលវ័យជំទង់។
• ឱសថ ឬអាហារបំប៉នផ្សេងៗ។
• រោគជំងឺផ្សេងៗ ដែលមានចំណែកនៃការផ្លាស់ប្ដូរអ័រម៉ូន ធ្វើឱ្យកើតឡើងនូវជំងឺ និងផ្ដល់ឱកាសឱ្យជំងឺខ្លះកាន់តែរីកធំ ឬរ៉ាំរ៉ៃឡើង។
1. រដូវមកមិនទៀងទាត់
វដ្តរដូវជាទូទៅគឺចាប់ពី 21 ទៅ 35ថ្ងៃដោយអាស្រ័យលើលក្ខណៈរាងកាយរបស់ស្រ្តីម្នាក់ៗ។ ក៏ប៉ុន្តែប្រសិនបើមានខែខ្លះ អ័រម៉ូនមិនគ្រប់ ធ្វើឱ្យរដូវមកមិនទៀងទាត់ នោះវដ្តរដូវក៏បាត់ពី1-2ខែដូចគ្នា។ វាអាចបណ្តាលមកពីអ័រម៉ូនភេទស្រី (អេស្ត្រូសែន និងប្រូសេស្តេរ៉ូន) ស្ថិតនៅក្នុងកម្រិតមិនធម្មតា ឬនៅក្នុងរយៈពេលមុនពេលអស់រដូវ (អាយុចាប់ពី 40ឆ្នាំឡើងទៅ) ក៏ប៉ុន្តែប្រសិនបើការមករដូវមិនត្រូវ ឬមិនទៀងទាត់ច្រើនខែជាប់ៗគ្នា វាអាចមកពីរោគសញ្ញានៃជំងឺ ឬអាចឈានដល់ការអស់រដូវឆាប់ពេក។
2. បញ្ហាដំណេក
មនុស្សជាច្រើនប្រហែលជាមិនបានដឹងទេថា អ័រម៉ូនភេទក៏ទាក់ទងនឹងដំណេកដែរ។ អាថ៌កំបាំងនៃប្រូសេស្តេរ៉ូនដែលទាបពេកនឹងធ្វើឱ្យពិបាកគេង។ កម្រិតអ័រម៉ូនអុីស្ត្រូសែនទាបអាចបណ្តាលឱ្យក្តៅត្រជាក់ ឬបែកញើសពេលយប់។ ដូច្នេះវាត្រូវបានគេសម្គាល់ឃើញថា នៅក្នុងវ័យស្ត្រីអស់រដូវ (អ័រម៉ូនភេទទាប) នឹងមានបញ្ហាដំណេក។
3. បញ្ហាមុនរ៉ាំរ៉ៃ
អំពីមេរោគមុនកើតឡើងក្នុងកំឡុងពេលមុន ឬខណៈមានរដូវ ហើយបាត់ទៅវិញ ដែលនេះជារឿងពេញវ័យធម្មតាសម្រាប់ស្ត្រីជាច្រើន។ ជាលទ្ធផលនៃកម្រិតអ័រម៉ូនភេទខ្ពស់ក្នុងអំឡុងពេលមានរដូវ ធ្វើឱ្យកើតមុន ក៏ប៉ុន្ដែគ្រាប់មុនខ្លះក៏មិនបាត់ទៅវិញដែរ។ សូម្បីតែបន្ទាប់ពីអំឡុងពេលមករដូវ អ័រម៉ូនអង់ដ្រូហ្សែន ក៏ទៅរំញោចក្រពេញខ្លាញ់នៅលើស្បែក និងឫសសក់ ធ្វើឱ្យមានការផលិតអ័រម៉ូនហួសកម្រិត ក៏អាចបណ្តាលឱ្យកើតមុននៅលើស្បែក និងស្បែកក្បាលបានផងដែរ។
4. បញ្ហានៃការចងចាំ
ទោះបីជាបញ្ហានេះមិនត្រូវបានបញ្ជាក់ដោយអ្នកជំនាញសុខភាព ប៉ុន្តែមានទ្រឹស្តីមួយដែលថា មុនពេលអស់រដូវ ហើយពេលអស់រដូវ កម្រិតអ័រម៉ូនភេទស្រីដែលធ្លាក់ចុះអាចបណ្តាលឱ្យមានបញ្ហាដល់ការចងចាំ។ ទាំងការចងចាំអនុស្សាវរីយ៍ជាដើមក៏កំពុងរលុបចេញពីខួរក្បាលដែរ។ ការចងចាំថ្មីៗក៏ពិបាកចាំផងដែរ គឺដោយសារតែអ័រម៉ូនភេទ ដែលជះឥទ្ធិពលដល់បដិបត្តិការណ៍របស់សារធាតុគីមីនៅក្នុងខួរក្បាល។ នៅពេលអ័រម៉ូនភេទថយចុះ សារធាតុគីមីទាំងនោះក៏នឹងកាត់បន្ថយបានដែរ ហើយក្រៅពីអ័រម៉ូនភេទ ក៏មានអ័រម៉ូនផ្សេងទៀតដូចជា អ័រម៉ូនទីរ៉ូអុីត ផងដែរ។
5. បញ្ហារំលាយអាហារ
ខណៈពេលដែលអ័រម៉ូនផ្លាស់ប្តូរ (មុនពេល អំឡុងពេល និងក្រោយពេលមករដូវ) អាចបណ្តាលឱ្យរាគ ហើមពោះ ឈឺពោះ ឬចង្អោរ និងក្អួត។ ដូច្នេះក្នុងករណីវ័យចំណាស់ ប្រព័ន្ធរំលាយអាហាររបស់អ្នកក៏ចាប់ផ្តើមដំណើរការមិនប្រក្រតីទៅៗ នោះនឹងធ្វើឱ្យអស់កម្លាំង និងឆាប់កើតមុនផងដែរ ហើយវាអាចទៅរួចដែលថា អ័រម៉ូនភេទលែងមានតទៅទៀត។
6. ហត់នឿយងាយអស់កម្លាំង
ប្រសិនបើអ្នកអស់កម្លាំងហត់នឿយជាញឹកញាប់ វាអាចទៅរួចដែលវាពាក់ព័ន្ធជាមួយកម្រិតអ័រម៉ូនថយមិនធម្មតា។ ដូចជាមានប្រូសេស្តេរ៉ូនច្រើនពេក ឬអ័រម៉ូនទីរ៉ូអុីតតិចតួចពេក។ ដោយសារតែអ័រម៉ូនទីរ៉ូអុីតទទួលខុសត្រូវក្នុងការបង្កើតថាមពល កង្វះអ័រម៉ូននេះនឹងបណ្តាលឱ្យរាងកាយចុះខ្សោយមានថាមពលតិចតួច។ បច្ចុប្បន្ននេះវាមានភាពងាយស្រួលក្នុងការពិនិត្យមើលអ័រម៉ូនទីរ៉ូអុីត និងមានគោលការណ៍ណែនាំច្បាស់លាស់ក្នុងការព្យាបាល។
7. ការផ្លាស់ប្តូរអារម្មណ៍ និងការធ្លាក់ទឹកចិត្ត
អ្នកស្រាវជ្រាវបានអះអាងថា ការថយចុះកម្រិតអ័រម៉ូនអុីស្ត្រូសែន ឬការផ្លាស់ប្តូរអ័រម៉ូនយ៉ាងឆាប់រហ័ស អាចបណ្តាលឱ្យប្រព័ន្ធបញ្ជូនសរសៃប្រសាទទទួលខុសត្រូវចំពោះការផ្លាស់ប្តូរអារម្មណ៍។ ដូច្នេះធ្វើឱ្យអារម្មណ៍ប្រែប្រួល មានសភាពផ្លាស់ប្ដូរអារម្មណ៍លឿនៗ ឆាប់ខឹង ឆាប់ឆេវឆាវ ឆាប់សប្បាយចិត្ត និងឆាប់អន់ចិត្តផងដែរ។
8. តមអាហារ និងឡើងទម្ងន់ញឹកញាប់
ស្ត្រីជាច្រើនតែងតែឃ្លាន ហើយនិយាយថា ខ្លួនមិនចង់ញ៉ាំប៉ុន្មានទេ។ ស្ត្រីខ្លះតមអាហារ តែជាក់ស្ដែងទម្ងន់ឡើងរហូត ជាពិសេសក្នុងអំឡុងពេលមានរដូវ។ មូលហេតុដែលអាចកើតមាន គឺការថយចុះកម្រិតអ័រម៉ូនអុីស្ត្រូសែននៅក្នុងខ្លួន។ ការដែលស្ត្រីមានអារម្មណ៍ឃ្លាន តែហាក់បីដូចជាឆ្អែត និងចំណង់អាហារខុសធម្មតា នោះក៏បណ្ដាលមកពីអាត្រាអ័រម៉ូនក្នុងខ្លួនថយចុះដូចគ្នា។
9. ឈឺក្បាល
ឈឺក្បាលក៏ជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដែលពាក់ព័ន្ធជាមួយការមករដូវមិនទៀងរបស់ស្ត្រីផងដែរ។ ដោយសារតែកម្រិតអ័រម៉ូនអុីស្ត្រូសែនទាប អាការឈឺក្បាលអាចមានមួយដង ឬច្រើនដងក្នុងមួយវដ្តរដូវ។
10. ទ្វារមាសស្ងួត
ដោយសារតែអ័រម៉ូនអុីស្ត្រូសែនទៅរំញោចកោសិកាក្នុងទ្វារមាសឱ្យផលិតសារធាតុគីមី ដែលផ្តល់សំណើមដល់ទ្វារមាសគ្រប់ពេល។ ក្នុងករណីដែលកម្រិតអ័រម៉ូនថយចុះ មានកម្រិតទាប វានឹងធ្វើឱ្យទ្វារមាសស្ងួត បណ្តាលឱ្យរមាស់ ឬឈឺចុកចាប់ជាដើម។
11. ការថយចុះផ្លូវភេទ
អ័រម៉ូនដែលទទួលខុសត្រូវចំពោះអារម្មណ៍ផ្លូវភេទគឺ តេស្តូស្តេរ៉ូន ដែលច្រើនតែមាននៅក្នុងរាងកាយបុរសប៉ុណ្ណោះ។ ប៉ុន្តែតាមពិតអ័រម៉ូនទាំងនេះក៏ត្រូវបានរកឃើញនៅក្នុងខ្លួនស្ត្រីដែរ ក៏ប៉ុន្តែក្នុងបរិមាណតិចជាង។ ក្នុងនោះវ័យអាយុកើនឡើង កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនចំពោះស្ត្រីក៏កាន់ការថយចុះ រហូតដល់បាត់បង់ចំណាប់អារម្មណ៍ក្នុងការរួមភេទតែម្ដង៕
សហរដ្ឋអាមេរិក៖ ស្លាប់25នាក់ និង156នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីរងការវាយប្រហារដោយព្យុះកំណាច (រូបភាព)
រដ្ឋ Tennessee របស់អាមេរិក បានទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារព្យុះកំណាច។ គ្រោះធម្មជាតិនេះ បានសម្លាប់មនុស្ស25នាក់ ព្រមទាំងបានកម្ទេចសាលារៀន និងផ្ទះសំបែងរាប់រយខ្នង។
សារព័ត៌មាន CNN បានឱ្យដឹងថា ព្យុះកំណាចនេះបានកើតឡើងនៅវេលាព្រឹកព្រលឹម ថ្ងៃទី3មីនា ក្នងរដ្ឋ Tennessee បណ្ដាលឱ្យរដ្ឋនេះ ទទួលរងការខូចខាតទ្រព្យសម្បតិ្ត និងជីវិតមនុស្សយ៉ាងច្រើន។
អភិបាលរដ្ឋ Tennessee លោក Bill Lee បានថ្លែងថា មនុស្ស 25នាក់បានបាត់បង់ជីវិត ហើយផ្ទះសំបែងជាច្រើនរយខ្នងត្រូវបានកម្ទេចដោយគ្រោះធម្មជាតិមួយនេះ។
យោងតាមស្ថិតិបឋម ព្យុះកំណាចនេះបានបោកបក់កម្ទេចផ្ទះចំនួន140ខ្នង ធ្វើឱ្យជនរងគ្រោះជាប់នៅក្រោមគំនរបាក់បែក។ មនុស្សមួយចំនួនបានបាត់បង់ជីវិត ទាំងដែលខ្លួនមិនទាន់ចុះពីលើគ្រែ។
ល្បឿនបោកបក់របស់ព្យុះនេះ គឺប្រមាណជា 200គីឡូម៉ែត្រក្នុងម៉ោង។ ព្យុះនេះក៏បានធ្វើឱ្យយន្តហោះមួយចំនួនត្រូវខូចខាតផងដែរ។ ព្យុះកំណាចនេះក៏បានបណ្ដាលឱ្យមនុស្សជាង 156នាក់ រងរបួស និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

ប្រភព៖ សារព័ត៌មានបរទេស

រឿងពិតពាក់ព័ន្ធនឹងស្រោមអនាម័យស្ត្រី ដែលបុរសមិនធ្លាប់ដឹងពីមុន
ស្រោមអនាម័យ មិនមែនមានសម្រាប់តែបុរសប៉ុណ្ណោះទេ តែនៅមានស្រោមអនាម័យសម្រាប់ស្ត្រីដូចគ្នាដែរ។ វាត្រូវបានប្រើប្រតិបត្តិការណ៍ដូចគ្នា គឺដើម្បីការពារការតាំងគ៌ភ និងជំងឺកាមរោមនិងអាចប្រើកាត់បន្ថយហានីភ័យខណៈរួមភេទ ក្នុងអំឡុងពេលនៃចង្វាក់រួមភេទតាមរន្ធគូថផងដែរ។ ទោះបីមិនសូវពេញនិយម ប៉ុន្តែវាជាជម្រើសមួយទៀតនៃការពន្យារកំណើតដែលអ្នកគួរតែស្គាល់។ តើមានបុរសប៉ុន្មាននាក់ដែលបានស្គាល់ពីស្រោមអនាម័យស្ត្រី?
អ្វីទៅជាស្រោមអនាម័យរបស់ស្ត្រី?
ស្រោមអនាម័យស្រី្ត ជាថង់តូចមួយ ផលិតឡើងពីប្លាស្ទិក សម្រាប់ដាក់ចូលក្នុងទ្វារមាស នឹងអាចគ្របផ្នែកខ្លះនៃមាត់ទ្វារមាសខាងក្រៅ ដើម្បីការពារកុំឱ្យមានការជ្រៀបសារធាតុរាវចូលក្នុងទ្វារមាស។ ស្រោមអនាម័យនេះ មានពីរផ្នែក គេដាក់ផ្នែកម្ខាងចូលក្នុងជិតដល់មាត់ស្បូន ហើយដាក់ម្ខាងទៀតនៅខាងក្រៅទ្វារមាស ដើម្បីការពារកុំឱ្យស្រោមរបូតចេញ។ ស្រោមអនាម័យស្រី្ត មានតួនាទីប្រមូលទឹកកាមដៃគូខាងប្រុស និងការពារកុំឱ្យទឹកកាមហូរចូលទៅក្នុងទ្វារមាសបាន។ បើអ្នកប្រើបានត្រឹមត្រូវ ស្រោមអនាម័យនេះ មានប្រសិទ្ធភាពខ្ពស់ ការពារកុំឱ្យមានកូន និងបង្ការជំងឺកាមរោគផ្សេងៗបាន។
គុណសម្បត្តិរបស់ស្រោមអនាម័យស្រី្ត
– ស្រោមអនាម័យស្រី្ត អាចគ្របពេញលេញលើប្រដាប់របស់ស្រី្ត កាត់បន្ថយអត្រាឆ្លងមេរោគ Herpes (មេរោគរើមលើប្រដាប់ភេទ) និងបង្ការពីជំងឺសិរមាន់។
– មានរាងតូច និងងាយស្រួលយកតាមខ្លួន
– អាចប្រើបានគ្រប់ស្រី្តទាំងអស់
– ពេលមករដូវ ក៏អាចប្រើវាបានដែរ
– រួមភេទតាមរន្ធគូទ ក៏អាចប្រើបានដូចគ្នា។គុណវិបត្តិពីស្រោមអនាម័យស្រី្ត
– លិង្គប្រុសៗ អាចភ្លាត់ចូលចន្លោះរវាងស្រោមអនាម័យ និងជញ្ជាំងទ្វារមាស
– ពេលរួមភេទ អាចមានសំឡេងរំខាន (ប៉ុន្តែបើប្រើទឹករំអិល បញ្ហានេះនឹងបាត់ទៅវិញដោយខ្លួនឯង)
– ស្រោមអនាម័យនេះអាចរហែក ឬរបូតពេលដកលិង្គចេញពីទ្វារមាស
– ស្រោមអនាម័យស្រី្ត មិនសូវសម្បូរលើទីផ្សារ ដូចស្រោមអនាម័យប្រុសៗនោះទេ។ ណាមួយ អាចមានតម្លៃថ្លៃទៀតផងដែរ គឺស្រោមមួយ តម្លៃប្រមាណជា 4ដុល្លារ ឯណោះ។
ប្រើទឹករំអិលជាមួយស្រោមអនាម័យមនុស្សស្រី
ជាទូទៅ នៅក្នុងស្រោមអនាម័យ គេមានដាក់ទឹករំអិលស្រាប់ទៅហើយ។ ប៉ុន្តែ អ្នកក៏អាចបន្ថែមទឹករំអិលបន្តិចថែមទៀត ដើម្បីការពារកុំឱ្យរហែកស្រោម។ ស្រោមអនាម័យស្រី្ត ធ្វើឡើងពីជាតិប៉ូលីអ៊ុយរ៉េតាន (Polyurethane) អាចប្រើបានជាមួយទឹករំអិលគ្រប់ប្រភេទ ខណៈបើស្រោមអនាម័យប្រុសៗប្រភេទឡាតិចវិញ អាចប្រើបានតែជាមួយទឹករំអិលប្រភេទខ្លាញ់ប៉ុណ្ណោះ៕
ប្រតិកម្មចាញ់ស្រោមអនាម័យ តើជារឿងពិត ឬជាលេសដោះសាររបស់បុរសមិនប្រើស្រោមការពារ?
ខណៈកំពុងមានអារម្មណ៍រោលរាលជាមួយដៃគូស្នេហា តែភាគីបុរសហាក់បីដូចជាតឹងទ្រូងមិនព្រមចង់ប្រើប្រាស់ស្រោមអនាម័យ នោះភាគីនារីក៏ចង់ដឹងភ្លាមៗថា តើអាការប្រតិកម្មចាញ់ “ស្រោមអនាម័យ” មានពិតមែនឬទេ ឬគ្រាន់តែជាលេសដោះសាររបស់បុរសតែប៉ុណ្ណោះ? នៅក្នុងថ្ងៃនេះ ទស្សនាវដ្ដី ឡារ៉ែន សូមធ្វើការពន្យល់ និងបកស្រាយនូវបញ្ហាមួយចំនួនសម្រាប់គូស្នេហ៍ និងសុខភាពផ្លូវភេទដែរអ្នកគួរយល់ដឹង។ ដើម្បីកុំឱ្យខាតពេលយូរ តោះយើងទៅស្វែងរកចម្លើយទាំងអស់គ្នា។
មនុស្សប្រុសមានអាការប្រតិកម្មចាញ់ស្រោមអនាម័យ កើតឡើងពិត ឬមិនពិត?
មនុស្សជាច្រើនកើតមន្ទិលសង្ស័យថា រោគប្រតិកម្មចាញ់ស្រោមអនាម័យ វាពិតជាមានមែនទេណ៎? យើងសូមឆ្លើយថា មានពិតមែន ក៏ប៉ុន្ដែភាគច្រើនមូលហេតុដែលបណ្ដាលឱ្យចាញ់ ឬអាលែកហ្ស៊ីនោះ វាអាចកើតឡើងពីស្រោមអនាម័យ ដែលមានផ្សិតម្យ៉ាងហៅថា “latex allergy” នៅក្នុងស្រោម ហើយខ្លះទៀតគឺ ផុតអាយុកំណត់នៃការប្រើប្រាស់។ អាការប្រតិកម្មចាញ់ស្រោមអនាម័យនេះ នឹងធ្វើឱ្យមានអាការរោល រមាស់ ឡើងផ្សិតក្រហមនៅលើស្បែក។ស្រោមអនាម័យដែលគួរឱ្យប្រុងប្រយ័ត្នបំផុតគឺប្រភេទដែលដាក់លក់នៅលើទីផ្សារ និងប្រភេទចែកប្រើហ្វ្រីនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ ដែលគ្មានការពិតនិត្យមើលត្រឹមត្រូវនូវថ្ងៃបរិច្ឆេតកំណត់។ មនុស្សដែលកើតមានអាការប្រតិកម្មចាញ់ស្រោមអនាម័យ មានលក្ខណៈរមាស់ឡើងកន្ទួលក្រហមនៅបរិវេណប្រដាប់ភេទ ដោយអាការកើតឡើងបន្ទាប់ពីបានរួមភេទហើយក្នុងរយៈពេល 48ម៉ោង។ ក៏ប៉ុន្ដែអាការនេះអាចនឹងបាត់ទៅវិញដោយឯកឯងផងដែរ។ សម្រាប់មនុស្សដែលកើតប្រតិកម្ម គ្រូពេទ្យជំនាញក៏បានណែនាំថា គួរតែផ្លាស់ប្ដូរប្រភេទស្រោមអនាម័យ ដែលមានបញ្ជាក់ការប្រើប្រាស់សារធាតុគីមី ផូលីយូរ៉េថេន (polyuretane) ដែលត្រូវបានផលិតឡើងអំពីផ្លាស្ទីក និងប្រភេទស្រោមដែលមិនផ្សំដោយសារធាតុគីមីសម្លាប់ទឹកអង្គជាតិបុរស(Spermicide) ព្រោះវាអាចប៉ះពាល់ដល់ប្រដាប់ភេទ ដែលនឹងធ្វើឱ្យកើតមានអាការចាញ់តែម្ដង។

កត្តាដែលបណ្ដាលឱ្យអាលែកហ្ស៊ី
អាលែកហ្ស៊ីស្រោមអនាម័យអាចបណ្តាលមកពីកត្តាពីរដូចខាងក្រោម៖
1. អាលែកហ្ស៊ីស្រោមអនាម័យប្រភេទផ្លាស្ទីកកៅស៊ូនៅក្នុងស្រោម៖ អ្នកអាចផ្លាស់ប្តូរការប្រើប្រាស់ទៅជាស្រោមប៉ូលីយូធ្យូន ដែលមិនមែនជាសារធាតុគីមីជ័រកៅស៊ូ។
2. អាលែកហ្ស៊ីទៅនឹងប្រេងរំអិល៖ ប្រសិនបើមានអាការប្រតិកម្ម អ្នកគួរផ្លាស់ប្តូរម៉ាកស្រោមអនាម័យជារឿយៗ ជាពិសេសប្តូរស្រោមអនាម័យណាដែលបណ្តាលឱ្យមានប្រតិកម្មអាលែកហ្ស៊ីចេញ ហើយកុំបារម្ភខ្លាំង ព្រោះអាការមួយចំនួនអាចនឹងបាត់ទៅវិញដោយឯកឯងទេ។អាការសម្រាប់អ្នកប្រតិម្មចាញ់ស្រោមអនាម័យ
មានអាការរមាស់ឈីបៗ និងមានអារម្មណ៍ក្រហាយ កើតផ្ទាំងកន្ទួលក្រហម ជាពិសេសគឺនៅម្ដុំបរិវេណស្បែកដែលបានប៉ះពាលជាមួយនឹងស្រោមអនាម័យ។ ប្រសិនបើអាការចាញ់ខ្លាំងក្នុងករណីអាក្រក់មួយចំនួនដែលគ្រូពេទ្យបានជួបប្រទះចំពោះអ្នកជំងឺ នោះនឹងមានអាការដូចជា ពិបាកដកដង្ហើម បណ្ដាលមកពីសារធាតុគីមីជម្រុញអារម្មណ៍ផ្លួវភេទខ្លាំង រហូតបណ្ដាលឱ្យអ្នកប្រើប្រាស់កើតខ្យល់ ឬវិលមុខ ឬកើតហឺតក៏មានដែរ។វិធីការពារយ៉ាងណា ប្រសិនបើអ្នកមិនបានប្រើស្រោមអនាម័យក្នុងពេលរួមភេទ?
ការបាញ់ទឹកកាមនៅខាងក្រៅ
ការបាញ់ទឹកកាមនៅខាងក្រៅ គឺជាវិធីការពារមិនឱ្យមានផ្ទៃពោះដ៏ល្អដែរ តែក៏ហុចឱកាសខ្ពស់ក្នុងការបរាជ័យ ហើយបណ្តាលឱ្យមានផ្ទៃពោះផងដែរ។ ដូច្នេះអ្នកគួរតែជ្រាបដឹងពីវិធីបញ្ចេញទឹកកាមឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យមកពីការរួមភេទ។ថ្នាំសម្លាប់មេជីវិតឈ្មោល
គឺជាប្រភេទថ្នាំពន្យារកំណើតបែបបណ្តោះអាសន្ន ដែលមានសណ្ឋានជាក្រែម ឬថ្នាំគ្រាប់។គេប្រើសម្រាប់បញ្ចូលទៅក្នុងទ្វារមាសរបស់ស្ត្រី។ជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតបន្ទាប់ពីបញ្ចូលថ្នាំរយៈពេល 10នាទី និងមិនទុកលើសពី 1ម៉ោង។ តែបន្ទាប់ពីប្រើប្រាស់ថ្នាំដាក់ចូលទ្វារមាសហើយនោះ អ្នកមិនគួរក្រោកពីដំណេកឡើយ ព្រោះវាអាចបណ្តាលឱ្យថ្នាំហូរចេញមកក្រៅ ដែលនាំឱ្យថ្នាំបាត់បង់ប្រសិទ្ធភាព។ យ៉ាងណាមិញ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ មុនពេលប្រើប្រាស់ថ្នាំ៕
សូមទាយសាកមើល តើរូបមួយណាជារូបពិត និងរូបមួយណាជារូបដែលបង្កើតឡើងដោយ AI?
ក្រុមអ្នកសិក្សាស្រាវជ្រាវនៅមហាវិទ្យាល័យ Washington បានបង្ហោះរូបជាច្រើនសន្លឹកដើម្បីឱ្យអ្នកមើលធ្វើការទស្សន៍ទាយ ថាតើមួយណាជារូបពិត និងមួយណាជារូបក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត។
Jevin West និង Carl Bergstrom ដែលជាម្ចាស់គេហទំព័រ Which Face Is Real បានប្រាប់ BuzzFeed ថា ពួកគេចង់ឱ្យអ្នករាល់គ្នាឃើញថា បច្ចេកវិទ្យាបង្កើតរូបភាពបានឈានដល់កម្រិតណាហើយ និងដើម្បីជួយឱ្យអ្នកគ្រប់គ្នាអាចស្វែងយល់អំពីវិធីពិនិត្យមើលឱ្យដឹងថា រូបណាជារូបក្លែងក្លាយ នៅពេលបានឃើញវានៅលើបណ្ដាញសង្គម។ កាលពីចុងខែវិច្ឆិកា ឆ្នាំ2019 ក្រុមហ៊ុន Facebook បានឱ្យដឹងថា ខ្លួនបានលុបចោលគណនីក្លែងក្លាយចំនួនដល់ទៅ5,4លានគណនីនៅលើបណ្ដាញសង្គមយក្សមួយនេះ។
មិនមានរូបមន្តរួមដើម្បីអាចឱ្យយើងគណនាដឹងថារូបណាមួយពិត ឬក្លែងក្លាយនោះទេ ប៉ុន្តែ លោកអ្នកគួរយកចិត្តទុកដាក់ទៅលើចំណុចដែលបញ្ញាសិប្បនិម្មិតពិបាកបង្កើតបាននៅលើរូបភាព ដូចជា វ៉ែនតា ក្រវិល ធ្មេញ និងទិដ្ឋភាពខាងក្រោយជាដើម។ ក៏ប៉ុន្តែ បើតាម West និង Bergstrom ឧបករណ៍បញ្ញាសិប្បនិម្មិតកាន់តែជឿនលឿន និងឆ្លាតវៃជាងមុន ហើយអាចបង្កើតរូបភាពបានល្អជាងមុន ស្ដែងជាងមុន ដូច្នេះ បទពិសោធនៃការសម្គាល់ថា រូបណាពិត ឬក្លែងក្លាយនាបច្ចុប្បន្ននឹងអាចហួសសម័យនាពេលដ៏ខ្លីខាងមុខ។
សូមពិនិត្យមើលរូបខាងក្រោម ហើយសាកទាយមើលថា តើមួយណាជារូបពិត រវាងរូបខាងស្ដាំ និងរូបខាងឆ្វេង៖









ចម្លើយដែលត្រឹមត្រូវ៖
រូបទី1-ឆ្វេង។ រូបទី2-ឆ្វេង។ រូបទី3-ស្ដាំ។ រូបទី4-ស្ដាំ។ រូបទី5-ស្ដាំ។ រូបទី6-ស្ដាំ។ រូបទី7-ស្ដាំ។ រូបទី8-ឆ្វេង។
រូបទី9-ស្ដាំ៕ប្រភព៖ សារព័ត៌មានបរទេស

ត្រៀមចំពាមទុកបាញ់ចាបយំល្វើយៗ ក្លាយជាប្រធានបទដ៏ពេញនិយមក្នុងបណ្តាញសង្គម
“ត្រៀមចំពាម ទុកបាញ់ចាបយំល្វើយៗនៅក្បែរផ្ទះ” ជាពាក្យដ៏ពេញនិយមមួយដែលត្រូវបានគេបង្ហោះបន្តគ្នានៅក្នុងបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។ ពាក្យ 1ឃ្លានេះ ត្រូវបានគេមើលឃើញថា ជាពាក្យរិះគន់ ឬពាក្យដែលបង្ហាញពីអារម្មណ៍ធុញទ្រាន់ក្នុងការរស់ដែលពោរពេញទៅដោយសំឡេងខារ៉ាអូខេ រំខានជារៀងរាល់ថ្ងៃ។
មានមនុស្សជាច្រើនបានរអ៊ូរទាំថា មួយរយៈពេលចុងក្រោយនេះ សំឡេងអ៊ូអរខ្លាំងពីការផឹកស៊ី ស្រែកច្រៀងពេលយប់នៅក្នុងសហគមន៍ ចាប់ផ្តើមមានការផុសផុលឡើងស្ទើរគ្រប់ទីកន្លែង។ បញ្ហានេះមានអ្នកខ្លះលើកឡើងថា មកពីប្រជាជនរកស៊ីមានបាន មានធនធាន ទើបមានពេលជុំគ្នាផឹកស៊ីច្រើន ខណៈអ្នកខ្លះទៀតលើកឡើងថា អ្នកផឹកស៊ីឡូឡាមួយចំនួននៅជិតផ្ទះរបស់គាត់បានលក់ផ្ទះបណ្តើរៗហើយដោយសារតែគ្មានលទ្ធភាពបង់រំលស់ផ្ទះបន្ត។

លោក ឡាយ ពិសិដ្ឋ ប្រជាពលរដ្ឋរស់នៅក្នុងបុរីមួយកន្លែងនៅជាយក្រុងភ្នំពេញបានលើកឡើងថា លោកទិញផ្ទះក្នុងបុរីឆ្ងាយពីក្រុងក្នុងគោលបំណងរស់នៅឱ្យបានស្ងប់ស្ងាត់ តែជាក់ស្តែងអ្វីដែលលោកខកចិត្ត គឺអ្នកជិតខាងជាច្រើនបានបង្កសំឡេងរំខានជារៀងរាល់សប្តាហ៍តាមរយៈការច្រៀងខារ៉ាអូខេ និងស្រែកហ៊ោកញ្ច្រៀវពេលផឹកស៊ីជួបជុំមិត្តភក្តិ។ ដំបូងឡើយលោកគិតថាប្រហែលជាមនុស្សក្នុងបុរីទើបតែចូលមកនៅថ្មីៗ គឺប្រាកដជាជួបជុំគ្នាខ្លះ ឬឮសំឡេងតន្រ្តីឡើងផ្ទះញឺកញាប់ជារឿងធម្មតា តែក្រោយពេលសង្កេតបានយូរបន្តិចឃើញថា អ្នកបង្កសំឡេងរំខាននោះ គឺជាគ្រួសារដដែលៗ ដែលមិនសូវយកចិត្តទុកដាក់ពីការរំខានដល់អ្នកជិតខាង។ លោកថាបញ្ហានេះបង្កផលប៉ះពាល់ខ្លាំងណាស់ដល់ការរស់នៅ ព្រោះបន្ទាប់ពីរវល់នៅកន្លែងធ្វើការងារពេញ 1ថ្ងៃ មនុស្សត្រូវការសម្រាកឱ្យបានស្រួល តែក្រោយពេលមកដល់ផ្ទះ ឮសំឡេងរំខាន ភាពមួម៉ៅ និងអារម្មណ៍មិនល្អ ក៏ចាប់ផ្តើមធ្វើឱ្យយើងកាន់តែមានអារម្មណ៍នឿយហត់។ បន្ថែមពីលើនេះ សម្រាប់អ្នករវល់ខ្លាំងដែលត្រូវយកការងារទៅបង្ហើយនៅផ្ទះ ទំនងជាមិនអាចធ្វើបាននោះទេ ព្រោះជាក់ស្តែងសម្រាប់លោក គឺត្រូវចំណាយលុយទៅហាងកាហ្វេដើម្បីស្វែងរកកន្លែងស្ងប់ស្ងាត់សម្រាប់បង្ហើយការងារ។លោក ឡាយ ពិសិដ្ឋ និយាយថា៖ «ការបង្កសំឡេងរំខាននេះ បានកើតឡើងក្នុងតំបន់ជាច្រើននៅក្នុងទីក្រុងនាពេលបច្ចុប្បន្ននេះ ព្រោះមិត្តភក្តិរបស់ខ្ញុំ និងមនុស្សជាច្រើនផ្សេងទៀតសុទ្ធតែរអ៊ូរទាំដូចៗគ្នាថា គាត់រស់នៅមិនបានសុខ ដោយសារតែធុញទ្រាន់នឹងការរំខានពីអ្នកផឹកស៊ីជិតផ្ទះ។ រឿងដែលគួរឱ្យធុញទ្រាន់ខ្លាំងជាងគេបំផុតនោះ គឺថ្ងៃចុងសប្តាហ៍ ដែលគួរតែជាថ្ងៃសម្រាកយ៉ាងល្អជាមួយគ្រួសារ ឬគិតគូរការងារសំខាន់ តែបែរជាត្រូវរំខានកាន់តែខ្លាំងទៅវិញ»។
លោក ពិសិដ្ឋ បានបន្ថែមថា ពេលខ្លះនៅពេលគិតដល់រឿងរំខាននេះម្តងៗ ចេះតែមានអារម្មណ៍មិនល្អ ព្រោះអ្វីដែលគួរឱ្យសង្វេគសម្រាប់ខ្លួនឯង គឺមានផ្ទះហើយ បែរជានៅមិនសុខ។ ពេលមានការរវល់ម្តងៗ ត្រូវចេញពីផ្ទះ គេចពីសំឡេងរំខាននោះទៅវិញ។

លោក សុខ សុធា អ្នកធ្វើការងារក្រុមហ៊ុនឯកជនមួយបានលើកឡើងថា ដោយសារតែបច្ចុប្បន្ននេះ ឧបករណ៍បំពងសំឡេងកាន់តែទំនើប អាចភ្ជាប់ជាមួយទូរស័ព្ទដៃបាន និងមានតម្លៃធូរថ្លៃផងនោះ មនុស្សកាន់តែច្រើនឡើងមានលទ្ធភាពទិញប្រើប្រាស់។ ហេតុនេះហើយទើប ជានិច្ចកាល នៅពេលលោកបើកបរតាមដងផ្លូវ ឬទៅលេងផ្ទះមិត្តភក្តិរបស់លោកនៅថ្ងៃសម្រាក ភាគច្រើន គឺឃើញគេជួបជុំគ្នាផឹកគ្រឿងស្រវឹងដាក់ធុងបាស់មុខផ្ទះច្រៀងយ៉ាងកងរំពង។ មានតំបន់ខ្លះ មិនថាថ្ងៃសីល ថ្ងៃឈប់សម្រាក បុណ្យជាតិ ឬថ្ងៃធម្មតានោះទេ ពួកគេតែងតែជួបជុំគ្នារៀបចំកម្មវិធីដោយប្រើប្រាស់ធុងបាស់រំខាននៅមុខផ្ទះតែម្តង។ ប្រសិនបើយើងរស់នៅក្នុងតំបន់ដែលមានអ្នកជិតខាងមិនចេះក្រែងចិត្តបែបនេះ ច្បាស់ណាស់ថា យើងនឹងជួបការលំបាក ព្រោះមែនទែនទៅ កម្ពុជាមានច្បាប់ហាមឃាត់ ឬមានអាជ្ញាធរគ្រប់គ្រងដែរ តែយើងម្នាក់ៗមិនមែនចេះតែប្តឹងនោះទេ ព្រោះបើមានការប្តឹងផ្តល់អាចនឹងមើលមុខគ្នាមិនត្រង់ ឬអាចមានបញ្ហាយូរអង្វែងជាមួយគ្នាទៀតផង។លោក សុធា បាននិយាយថា៖ «អាជ្ញាធរគួរចាត់វិធានការអប់រំ ឬរឹតបន្តឹងបញ្ហាបង្កការរំខានដោយធុងបាស់នេះឱ្យដូចជាជាការរឹតបន្តឹងច្បាប់ចរាចរណ៍ដែរ ដើម្បីព្យាបាលបញ្ហាសង្គមមួយនេះឱ្យបានទាន់ពេលវេលា»។
លោកបានបន្តថា ប្រសិនបើបញ្ហារំខានមួយនេះមិនត្រូវបានយកចិត្តទុកដាក់ទេនោះ យើងនឹងខាតបង់ច្រើនណាស់សម្រាប់ការរស់នៅ។ ភាពអនាធិបតេយ្យនេះ នឹងរីករាលដាលកាន់តែលឿន តាមរយៈគំរូអាក្រក់ដល់កុមារដែលរីកលូតលាស់យ៉ាងឆាប់រហ័ស។ បន្ថែមពីលើនេះទៀត សកម្មភាពហិង្សា ជម្លោះក្នុងការរស់នៅ មនុស្សក្នុងសហគមន៍មើលមុខគ្នាមិនចំ ខណៈពេលដែលសមត្ថកិច្ចត្រូវដោះស្រាយរឿងដដែលៗនេះមិនចេះចប់មិនចេះហើយ។ ហេតុនេះលោកស្នើសុំឱ្យអាជ្ញាធរព្យាយាមផ្សព្វផ្សាយ និងចាត់វិធានការឱ្យបានឆាប់រហ័ស និងជាទូទៅសម្រាប់គ្រប់តំបន់ដែលខ្លួនគ្រប់គ្រង ដើម្បីរក្សាឱ្យបាននូវតម្លៃ និងភាពថ្លៃថ្នូររបស់ប្រជាជនយើង។

គួរបញ្ជាក់ផងដែរថា កន្លងមក តាមរយៈ Facebook page របស់អគ្គស្នងការនគរបាលជាតិក៏បានបញ្ជាក់ផងដែរថា អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលបង្កការរំខានដោយចាស់ធុងបាស់ឮៗ នៅក្នុងភូមិសាស្ត្រដែលខ្លួនរស់នៅ។ ក្នុងនោះក៏មានករណីជាក់ស្តែងដែលអាជ្ញាធរបានឆ្លើយតបយ៉ាងល្អជាមួយប្រជាជនដោយការផ្តល់ទទួលយកសំណើរបស់ប្រជាជនដែលបានផ្ញើមកក្នុងប្រអប់សាររបស់ស្ថាប័នដ៏សំខាន់នេះ បន្ទាប់មកបញ្ជូនព័ត៌មាននេះទៅមន្ត្រីមូលដ្ឋានវិធីដើម្បីចាត់វិធានការភ្លាមៗ។ ហេតុនេះប្រសិនបើប្រជាពលរដ្ឋធុញទ្រាន់ជាមួយនឹងសំឡេងរំខានគួរកុំប្រើចំពាមបាញ់ចាបទៅបាញ់អ្នកផឹកស៊ី ឬប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហាអី អ្វីដែលគួរធ្វើ គឺរាយការណ៍ជាសម្ងាត់ទៅកាន់សមត្ថកិច្ចដើម្បីឱ្យសមត្ថកិច្ចមូលដ្ឋានចុះធ្វើការអប់រំ និងដោះស្រាយតាមផ្លូវច្បាប់។ ប្រសិនបើយើងចូលរួមទាំងអស់គ្នា នោះ បញ្ហាសង្គមមួយនេះអាចនឹងត្រូវដោះស្រាយបានយ៉ាងរលូន និងសន្តិវិធី៕
អាណាព្យាបាលគួរកុំកំណត់ស្តង់ដាក្មេងថា ពូកែ ឬមិនពូកែដោយផ្អែកតែលើពិន្ទុក្នុងសាលា
អាណាព្យាបាល និងមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះតែងតែយល់ថា ចំណាត់ថ្នាក់ក្នុងសាលា ឬពិន្ទុដែលបានមកពីការប្រឡងនៅក្នុងសាលាជាចំណុចកំណត់សមត្ថភាពជាក់ស្តែងរបស់មនុស្សថា ពូកែ ឬខ្សោយ។ ជាធម្មតា គេតែងតែកំណត់ស្តង់ដាបែបនេះ ដើម្បីបញ្ជាក់ ឬប្រមើលមើលលើវាសនារបស់មនុស្ស ឬសិស្ស ដែលតាមពិតទៅវាមិនមែនជារឿងត្រឹមត្រូវទាំងស្រុងនោះទេ។
ពិតជាក់ស្តែងណាស់ថា សិស្សដែលពូកែនៅក្នុងសាលាភាគច្រើនជាមនុស្សដែលមានសមត្ថភាពសិក្សាខ្ពស់ តែស្ថានភាពជាក់ស្តែងសិស្សដែលមិនបានទទួលពិន្ទុ ឬលេខល្អក៏មិនប្រាកដថាអន់ដែរ ព្រោះមនុស្សម្នាក់ៗមានសមត្ថភាព និងភាពប៉ិនប្រសប់ខុសៗគ្នា។ ជាក់ស្តែងដូចយើងបានឃើញហើយថា មនុស្សដែលបានពិន្ទុល្អៗនៅក្នុងសាលាខ្លះ មិនទទួលបានជោគជ័យក្នុងការរស់នៅនោះទេ ខណៈអ្នកល្មមៗមួយចំនួន បែរជាអាចទទួលបានការអភិវឌ្ឍជីវិតយ៉ាងឆាប់រហ័ស។ បញ្ហានេះ បញ្ជាក់ឱ្យឃើញថា ភាពរីកចម្រើនក្នុងការធ្វើការងារ ឬការរស់នៅវាមិនអាស្រ័យលើការដណ្តើមយកពិន្ទុនោះទេ តែវាអាស្រ័យការអភិវឌ្ឍទេពកោសល្យ និងសក្តានុពលផ្ទាល់ខ្លួនសម្រាប់ខ្លួនឯងទៅវិញទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Haward Gardner ដែលមនុស្សជាច្រើនស្គាល់ថា ជាអ្នកចិត្តសាស្ត្រដែលបង្កើតទ្រឹស្តីពហុបញ្ញា បានលើកឡើងថា មនុស្សម្នាក់ៗមានសមត្ថភាពមិនដូចគ្នាទេ ហើយយើងក៏មិនអាចកំណត់ថា មនុស្សណាម្នាក់ដែលបានពិន្ទុខ្ពស់ផ្នែកគណិតវិទ្យា ឬអក្សរសាស្ត្រជាមនុស្សពូកែគ្រប់រឿងបានដែរ។ តាមពិតទៅ លើពិភពលោកយើងនេះមានអាជីពច្រើនណាស់ ដែលមិនមែនត្រូវការតែមុខវិជ្ជាប៉ុន្មានមុខក្នុងកម្មវិធីសិក្សាជារួមនោះទេ ហេតុនេះការរកឱ្យឃើញនូវទេពកោសល្យពិតប្រាកដ ហើយអភិវឌ្ឍវាទើបជាចំណុចសំខាន់ដែលអាចធ្វើឱ្យយើងអាចដុសខាត់សមត្ថ-ភាពបានយ៉ាងល្អប្រសើរ។
តាមទ្រឹស្តីពហុបញ្ញា (Multiple Intelligence) បានបញ្ជាក់ថា មនុស្សទាំងអស់លើពិភពលោកមានភាពខ្លាំង 8ប្រភេទ គឺទី1មនុស្សមានទេពកោសល្យផ្នែកភាសា ទី2 មនុស្សពូកែផ្នែកតក្កវិទ្យា និងគណិតវិទ្យា ទី3 មនុស្សពូកែផ្នែកតន្ត្រី ទី4 មនុស្សពូកែផ្នែកចលនារាងកាយ ទី5 មនុស្សពូកែប្រមើលមើលពីលម្ហ ឬស្មានពីទ្រង់ទ្រាយក្នុងលម្ហ ទី6 មនុស្សពូកែទំនាក់ទំនង និងស្គាល់ពីមនុស្សដទៃ ទី7 មនុស្សពូកែពិចារណាពីខ្លួនឯង និងទី8 គឺមនុស្សពូកែផ្នែកធម្មជាតិ។ ហេតុនេះបើយោងតាមទ្រឹស្តីពហុបញ្ញានេះ មនុស្សម្នាក់ៗអាចមានសមត្ថភាពផ្ទាល់ៗខ្លួន និងល្អដូចៗគ្នាទៅតាមអាជីព និងលក្ខខណ្ឌនៃការរស់នៅ។ ជាក់ស្តែងប្រសិនបើមនុស្សម្នាក់គាត់ពូកែផ្នែកគណិតវិទ្យា គាត់អាចនឹងក្លាយជាវិស្វករ គណនេយ្យករ ឬអ្នកធ្វើការងារដែលត្រូវការគិតលេខ តែប្រសិនបើឱ្យគាត់ទៅលេងតន្ត្រី គាត់មិនប្រាកដថាធ្វើបានល្អនោះទេ តែផ្ទុយមកវិញ មានមនុស្សម្នាក់មិនពូកែផ្នែកគណិតវិទ្យា ឬមិនពូកែផ្នែកប្រវត្តិសាស្រ្តនោះទេ តែគាត់អាចលេងតន្ត្រីបានយ៉ាងប៉ិនប្រសប់។ សម្រាប់អាជីពនៅថ្ងៃអនាគត គាត់អាចនឹងក្លាយជាតន្ត្រីករ ឬអ្នកនិពន្ធបទភ្លេងដ៏ល្បីល្បាញក៏អាចថាបានដែរ។ ហេតុនេះប្រសិនបើយោងលើពិន្ទុនៅក្នុងសាលាទាំងស្រុង នោះយើងនឹងមិនអាចវាយតម្លៃលើមនុស្សណាម្នាក់បានទេ។

រូបភាពបង្ហាញពីការបែងចែកភាពឆ្លាតវៃរបស់មនុស្ស ចំណុចនេះជាចំណុចដ៏សំខាន់មួយដែលអាណាព្យាបាលនានា ជាពិសេសនៅក្នុងសង្គមកម្ពុជាគួរតែយកចិត្តទុកដាក់ក្នុងការស្វែងយល់ ព្រោះប្រសិនបើគាត់មិនយល់ពីចំណុចនេះទេ គាត់អាចនឹងស្តាយក្រោយ។ កន្លងមកមានអាណាព្យាបាលជាច្រើនបានដាក់សម្ពាធឱ្យកូន ឬអស់សង្ឃឹមដោយយល់ថា កូនរបស់គាត់នឹងមិនមានអនាគតល្អទេ ព្រោះកូនរបស់គាត់រៀនមិនបានចំណាត់ថ្នាក់ល្អនៅក្នុងសាលា។
ការបារម្ភនេះ មិនប្រាកដថាខុសទេ តែជាដំណោះស្រាយ គាត់គួរស្វែងយល់ពីកូនៗឱ្យបានច្បាស់ជាមុនសិន ថាតើកូនរបស់គាត់ជាមនុស្សពូកែផ្នែកអ្វីខ្លះ ដើម្បីឱ្យគាត់ងាយតម្រង់ទិសដៅ និងជួយគាត់ឱ្យសម្រេចក្តីស្រមៃទៅតាមទេពកោសល្យពីធម្មជាតិ។
កាលណាមនុស្សអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដុសខាត់សមត្ថភាពពីធម្មជាតិ គាត់អាចនឹងក្លាយជាមនុស្សម្នាក់ដែលមានថាមពលនៃការផ្តោតខ្ពស់ ព្រោះគាត់អាចធ្វើការសិក្សា ធ្វើការងារ និងរស់នៅជាមួយអ្វីដែលគាត់ស្រឡាញ់។ ហេតុនេះរាល់ពេលជួបឧបសគ្គនានា គាត់តែងតែមានភាពឆ្លាតវៃក្នុងការដោះស្រាយ និងអភិវឌ្ឍជំនាញនោះរហូតក្លាយជាអ្នកជំនាញដែលមនុស្សទូទៅទទួលស្គាល់។ ហេតុនេះជាជាងការវាយតម្លៃជារួមលើពិន្ទុក្នុងសាលា មនុស្សគួរចាប់ផ្តើមងាកមកផ្តល់តម្លៃលើភាពល្អប្លែកគេ (Unique) របស់មនុស្សវិញ ទើបអាចទាញយកប្រយោជន៍ ឬជំរុញឱ្យមានការអភិវឌ្ឍធនធានមនុស្សជាវិជ្ជមានបាន៕